Category: សង្គម និងសេដ្ឋកិច្ច

  • ឈឺ​ថ្កាត់​ពេល​មានគភ៌ ត្រូវ​ទប់ទល់​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន?

    ឈឺ​ថ្កាត់​ពេល​មានគភ៌ ត្រូវ​ទប់ទល់​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន?

    អា​ការឈឺ​ថ្កាត់​បន្តិចបន្តួច​សម្រាប់នារីៗទូទៅ​ជា​រឿង​ដែល​មិនមាន​គ្រោះថ្នាក់ ឬ​គួរឱ្យខ្លាច​អ្វី​នោះទេ គឺអាច​មើលថែទាំ​ខ្លួនឯង​ឱ្យ​ជា​ឡើងវិញ​បាន​ដោយ​ការ​ញ៉ាំ​ថ្នាំ​បែប​មិនចាំបាច់​ពឹង​គ្រូពេទ្យ​ក៏បានតែបើ​ជានា​រី​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​តាំង​គភ៌ ហើយ​កើតមាន​អា​ការឈឺ​ថ្កាត់​ឡើង​នោះ ការមើល​ថែទាំ​ខ្លួន​នឹងត្រូវ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ខ្លាំង​ជាង​មនុស្ស​ទូទៅ​ច្រើនណាស់។

    ព្រោះ​កូនតូច​នៅក្នុង​គភ៌​កំពុងស្ថិត​ក្នុងអំឡុងពេល​ដែល​ប្រព័ន្ធ​ការពារ​ជំងឺ​មិនទាន់​ជា​រឹងមាំ​ប៉ុន្មាន​ឡើយ ខ្លាចក្រែង​ថា ទារក​ក្នុង​ផ្ទៃ​នឹងមិន​ពេញលក្ខណៈ មាន​វិវឌ្ឍនាការ​ចម្រើន​ធំធាត់​មិនបាន​ល្អ ដោយសារតែ​ស្ត្រី​មានគភ៌​មានឱកាស​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ។

    អា​ការឈឺ​ថ្កាត់ ឬ​គ្រុនក្ដៅផ្សេងៗដែល​កើតឡើង មិនគួរ​ទិញ​ថ្នាំ​យកមក​ញ៉ាំ​ដោយ​ខ្លួនឯង​នោះទេ តែ​គួរតែ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​អាការ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​កូនតូច​មានសុវត្ថិភាព និង​ព្យាបាល​អាការ​ជំងឺ​បាន​យ៉ាង​ចំ​ចំណុច​បំផុត។

    ការមើល​ថែទាំ​ខ្លួន​ពេល​ស្ត្រី​មានគភ៌​កើត​ជំងឺ​គ្រុនក្ដៅ

    កម្រិត​នៃ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុងអំឡុងពេល​តាំង​គភ៌​ធ្លាក់ចុះ​ទាប រហូត​ធ្វើឱ្យ​កើត​អាការ​ងាយ​នឹង​ឈឺ​ថ្កាត់។ មេរោគ​បាក់តេរី​នៅក្នុង​ខ្យល់អាកាស​ដែល​មើលមិនឃើញ​ចូលមក​ប៉ះពាល់​រាងកាយ​រហូត​ធ្វើឱ្យ​កើត​អា​ការមិន​ស្រួលខ្លួន និង​ក្លាយជា​ជំងឺ​គ្រុនក្ដៅ​នៅ​ទីបំផុត។ នៅពេល​ឈឺ​ថ្កាត់​ហើយ អាការ​នឹង​ធ្ងន់ធ្ងរ និង​ប្រើ​រយៈពេល​យូរ​ក្នុងការ​ព្យាបាល​ច្រើនជាង​ប្រក្រតី។ ការព្យាបាល​ដោយ​ថ្នាំ​ដែល​ទិញ​ដោយ​ខ្លួនឯង តែ Baby and Mom សូម​ណែនាំ​ថា ស្ត្រី​មានគភ៌​គួរ​ចៀសវាង​យ៉ាង​ដាច់ខាត ព្រោះ​អាច​ប្រថុយប្រថាន​នឹង​ផល​បន្ទាប់បន្សំ​ពី​ថ្នាំ​ដែល​អាច​នឹង​ចូលទៅ​ប៉ះពាល់​ដល់​កូនតូច​នៅក្នុង​គភ៌។

    បើ​ស្ត្រី​មានគភ៌​គ្រុន​ក្ដៅខ្លួន​ខ្លាំង​អាច​នឹងត្រូវ​រកឃើញ​ទៀតថា មាន​ផលប៉ះពាល់​ធ្វើឱ្យ​បេះដូង​របស់​ទារក​ក្នុង​គភ៌​លោត​ញាប់​ខ្លាំង​ឡើង ហុច​ផលប៉ះពាល់​ដល់​កម្មវិធី​នៃ​ការ​ចម្រើន​ធំធាត់​របស់​ទារក បើ​មិន​ប្រញាប់​ធ្វើការ​រក្សា​ព្យាបាល​យ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ទេនោះ។

    ការព្យាបាល​អាការ​គ្រុនក្ដៅ​ខ្លួន ស្ត្រី​មាន​ផ្ទៃពោះ​គួរ​មើលថែទាំ​ខ្លួនឯង បញ្ចុះ​កម្ដៅ​មិនឱ្យ​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​ដោយ​ការ​ជូត​ខ្លួន​ដោយ​ជ្រើសរើស​ប្រើ​ទឹក​ក្នុង​សីតុណ្ហភាព​ធម្មតាដោយ​ធ្វើការ​ជូត​បញ្ច្រាស​រន្ធ​រោម​ឡើង​មកលើ​ដើម្បីឱ្យ​រាងកាយ​បន្ថយកម្ដៅ​បាន​ច្រើន​បំផុត។ ចំណែក​ការ​លេបថ្នាំ​វិញ ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែល​ស្ត្រី​មានគភ៌​ទៅពិនិត្យ​ផ្ទៃពោះ​នោះឱ្យ​ច្បាស់​ជាមុនសិន។

    ការមើល​ថែទាំ​ខ្លួន ពេល​ស្ត្រី​មាន​ផ្ទៃពោះ​កើត​អាការ​រាករូស

    អាការ​រាករូស​ដែល​ប្រទះឃើញ​ញឹកញាប់​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ អាចបែងចែក​ជា 2 ក្រុម​ធំ​គឺ រាករូស​ដែល​បណ្ដាលមកពី​មេរោគ​បាក់តេរី​និង​មិនបាន​បណ្ដាលមកពី​ការឆ្លង​មេរោគ។ ការរក្សា​ព្យាបាល​គួរ​ការពារ​រាងកាយ​កុំឱ្យ​កើត​សភាវ​ខ្វះ​ជាតិ​ទឹក។ គោលការណ៍​គឺ រឹតតែ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ច្រើន​ប៉ុន្មាន ចូរ​បន្ថែម​ជំនួស​ដោយ​ជាតិ​ទឹក​ច្រើនឡើង​ប៉ុន​នោះដែរ អាច​នឹងតាមរយៈ​ការ​ញ៉ាំ​ទឹកអំបិល​រ៉ែ ឬ​ទឹកស្អាត​ធម្មតា ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ។ ក្នុង​សភាវ​រាករូស ពោះវៀន​ថែមទាំង​មាន​អាការ​ហើម​ទៀតផង ដូច្នេះ​គួរ​ថែទាំ​ខ្លួនឯង​ដោយ​ការជ្រើសរើស​ញ៉ាំ​អាហារ​ណា​ដែល​ងាយស្រួល​រំលាយ និង​មាន​ប្រយោជន៍ ដូចជា បបរស បបរ​សាច់​ត្រី និង​សង្កត់ធ្ងន់​លើ​អាហារ​ប្រភេទ​ស្ងោរ ចំហុយ​ដែល​រសជាតិ​មិន​ប្រៃ​ខ្លាំង ហឹរ​ខ្លាំង ឬ​ផ្អែម​ខ្លាំងយកបែបសាបៗជា​ចម្បង ដើម្បីឱ្យ​រាងកាយ​បាន​សម្របសម្រួល​ខ្លួនសន្សឹមៗ កូន​ក្នុង​ផ្ទៃ​នឹងមាន​សុវត្ថិភាព ថែមទាំង​បានទទួល​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​យ៉ាង​ពេញលេញ​ទៀតផង។

    ក្រៅពីនេះ នៅមាន​អាការរោគផ្សេងៗទៀត​ដែល​ប្រទះឃើញ​នៅលើ​ស្ត្រី​មានគភ៌ ច្រើនតែ​ជា​អា​ការដែល​ជួបប្រទះ​ទូទៅ ដោយសារតែ​ប្រព័ន្ធ​ប្រែប្រួល​របស់​រាងកាយ​ដែល​ខុសពី​ប្រក្រតី។

    ការទទួល​ទាន​អាហារ​ដែលមាន​ប្រយោជន៍ ឧស្សាហ៍​មើលថែទាំ​សុខភាព​ខ្លួនឯង​មិនឱ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ថ្នាំ​នឹង​ហុច​ផល​ឱ្យ​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​គភ៌​រឹងប៉ឹងធំធាត់​ឡើង​តាម​ប្រក្រតី៕

  • កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ជនបរទេស​បោះទុន វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

    កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ជនបរទេស​បោះទុន វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​កាន់តែខ្លាំងឡើងៗ ដោយសារ​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​បរទេស​ដែល​បាន​ចូលមក​បណ្តាក់ទុន​លើ​វិស័យនេះ​កាន់តែច្រើនឡើងៗនា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC មានប្រសាសន៍ថា កត្តា​ដែល​ធ្វើឱ្យ​បរទេស​ចូលមក​វិនិយោគទុន​លើ​វិស័យ​សំណង់​កាន់តែច្រើន​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារតែ​គោលនយោបាយ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​សិទ្ធិ​ឱ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី2ឡើងទៅ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៀត គឺថា តម្លៃ​ដី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ​ទាប​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់ ដូចជា​ប្រទេស​ម៉ាឡេស៊ី ថៃ និង​វៀតណាម​ជាដើម ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​មានឱកាសរ​ក​ប្រាក់ចំណេញ​បាន​ច្រើនជាង។

    លោក​បាន​មានប្រសាសន៍ថា ការ​ចូលមក​វិនិយោគ​លើ​វិស័យ​សំណង់​នេះ ភាគច្រើន​មិន​ប៉ះពាល់​ដល់​វិនិយោគិន​ក្នុងស្រុក​នោះទេ​ដោយបាន​ចែកដាច់​គ្នា​ជា​ពីរ​ដែល​ភាគច្រើន​វិនិយោគិន​ក្នុងស្រុក​វិនិយោគ​ទៅលើ​សំណង់​ផ្ទះល្វែង​នៅតាម​បុរី ឬ​ខុន​ដូ​លក្ខណៈ​ជា​ផ្ទះ​ដាច់ពីគ្នា(Single house)ដើម្បី​លក់​ជូន​អតិថិជន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ។ ចំណែក​វិនិយោគិន​បរទេសភាគច្រើន​វិនិយោគ​លើ​សំណង់​អគារ​ខុន​ដូខ្ពស់ៗមាន​កម្ពស់​ច្រើន​ជាន់ ដោយ​ភាគច្រើន​សំដៅ​ដល់​អតិថិជន​នៅក្រៅ​ស្រុក​ទិញ​ទុក​លក់​បន្ត​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​នៅពេល​ក្រោយ។

    ទោះយ៉ាងណា លោក​បាន​ថ្លែងប្រាប់​ពី​ក្តីបារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​បើសិនជា​សំណង់​អគារខ្ពស់ៗរបស់​បរទេស​ដែល​បានដាក់​ទិញ-លក់​ដើម្បី​រកប្រាក់​ចំណេញ​បន្ត​គ្នា​នោះ អាច​នឹង​ជួប​វិបត្តិ(មានតែ​បន្ទប់​អគារ​តែ​មិនមាន​មនុស្ស​ស្នាក់នៅ) យក​ល្អ​គួរ​វិនិយោគ​ទៅជា​ផ្សារ​ទំនើប លក់ដូរ​ទំនិញផ្សេងៗវិញ​ប្រសើរ​ជាង។ សម្រាប់​ការសង់​អគារខ្ពស់ៗនេះ​ក៏​អាច​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នាំឱ្យមាន​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ផងដែរ “ជាធម្មតា​មិនថាតែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ នៅពេល​ដែលមាន​អគារខ្ពស់ៗរីកលូតលាស់​ច្រើន​ដូច្នេះ វា​តែង​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​នៅលើ​ដងផ្លូវ​ដោយ​នឹង​ជួប​ការកកស្ទះ​ជាអន្លើៗដោយ​ចៀស​មិន​ផុត​នោះទេ ប៉ុន្តែ​យ៉ាងណា​រដ្ឋាភិបាល​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ តាមរយៈ​ការសាងសង់​ស្ពាន​អាកាស​នានា និង​ការធ្វើ​ផ្លូវ​ក្រវាត់ក្រុង ការពង្រឹង​ផ្លូវ​មួយចំនួនទៀត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាដើម។

    ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ឡៅ ទិព្វ​សីហា ប្រធាន​នាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មានប្រសាសន៍ថា ការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​របស់​ជនបរទេស​លើ​វិស័យ​សំណង់​នេះ ដោយសារ​កម្ពុ​ជាមាន​ប្រព័ន្ធ​ច្បាប់​រឹងមាំ មាន​ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ 7%ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ។ វិស័យ​សំណង់​ភាគច្រើន​ដែល​បរទេស​ចូលមក​បណ្តាក់ទុន គឺ​ការសាងសង់​សំណង់​អគារខ្ពស់ៗ ខុន​ដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម សំណង់​សណ្ឋាគារ និង​រោងចក្រ​ជាដើម ហើយ​ក្នុងចំណោម​ជនបរទេស​ទាំងនោះ វិនិយោគិន​ចិន​មាន​ចំនួន​ច្រើនជាងគេ​ដែល​អាច​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​ភ្នំពេញ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ឡើង។

    ឯកឧត្តម​បានលើកឡើង​ថា គិត​ចាប់តាំងពី​ឆ្នាំ 2000 ដល់​ឆ្នាំ2017កន្លងទៅ វិនិយោគិន​បរទេស​បាន​ចូលមក​បណ្តាក់ទុន នាំមុខគេ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា គឺជា​ជាតិចិន​ដែល​បោះទុន​វិនិយោគ​សរុប​មាន​ចំនួន 2,086លាន​ដុល្លារ លើ 128គម្រោង​ដែលមាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន​ជាង 7លាន​ម៉ែត្រការ៉េ។ ចំណែក​វិនិយោគិន​នាំមុខ​ទី2 គឺ​កូរ៉េ​ដែល​បាន​បោះទុន​វិនិយោគ​សរុប​ចំនួន 1,640លាន​ដុល្លារ លើ 49គម្រោង ដែលមាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន 3លាន7សែន​ម៉ែត្រការ៉េ។

    ទី3 គឺ​វិនិយោគិន​ជនជាតិ​ជប៉ុន មាន 38គម្រោង លើ​ផ្ទៃដី​សាងសង់​ជាង7 សែន​ម៉ែត្រការ៉េ ទុនវិនិយោគ​សរុប​ចំនួន 246លាន​ដុល្លារ។ ទី4 គឺ​វិនិយោគិន​ថៃ​បោះទុន169លាន​ដុល្លារ សាងសង់​សំណង់​ចំនួន 28គម្រោង នៅលើ​ផ្ទៃដី​សរុប​ជាង 4សែន​ម៉ែត្រការ៉េ។ និង​ទី5 គឺ​វិនិយោគិន​សិង្ហ​បុរី​បោះទុន​សរុប​ចំនួន 158លាន​ដុល្លារ សាងសង់​សំណង់​ចំនួន 10គម្រោង នៅលើ​ផ្ទៃដី​សរុប​ចំនួន 4សែន​ម៉ែត្រការ៉េ។

    ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា វិស័យ​សំណង់​គឺជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​ក្នុងចំណោម​វិស័យ 3ផ្សេងទៀត មានដូចជា​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍៕

  • បណ្ឌិត តាន់ មុនី​វណ្ណ៖ ជោគជ័យ​របស់​មនុស្ស​មិនមែន​បានមក​ដោយ​ភាព​ចៃដន្យ

    បណ្ឌិត តាន់ មុនី​វណ្ណ៖ ជោគជ័យ​របស់​មនុស្ស​មិនមែន​បានមក​ដោយ​ភាព​ចៃដន្យ

    មនុស្សម្នាក់ៗតែងតែមាន​ក្តី​ប្រាថ្នា​ចង់​ក្លាយទៅជា​អ្នកមានដូចៗគ្នា ទោះជា​កើត​ក្នុង​ត្រកូល​វណ្ណៈ​ណាក៏ដោយ តែង​ប្រាថ្នា​ចង់​មាន​ធនធាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែ​ធនធាន​ទាំងនោះ​មិនមែន​កើតឡើង​ដោយ​ភាព​ចៃដន្យ​នោះទេ ឧ​ទារ​ហណ៍​ដូចជា​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ជា​ក្មេង​ឆ្លងកាត់​សង្គ្រាម និង​គ្រួសារ​គ្មាន​បន្សល់​អ្វី​ទុកឱ្យ​ក្រៅពី​បាតដៃ​ទាំងពីរ​នោះទេ ប៉ុន្តែ​ដោយ​ភាព​តស៊ូ និង​ចេះ​ឆក់​ឱកាស លោក​បាន​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​ជាច្រើន។

    ក្រឡេកមើល​បច្ចុប្បន្នកាល លោក តាន់ មុនី​វណ្ណ ត្រូវបាន​គេ​ស្គាល់គ្រប់ៗគ្នា​ថា​ជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​លេចធ្លោ​ម្នាក់។ នេះ​គ្រាន់តែជា​ការងារ​មួយចំណែក​នៃ​ជីវិត​របស់លោក​តែប៉ុណ្ណោះ បើ​និយាយ​ពី ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប​តែមួយ​គឺមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង 10ទៅហើយ ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក ចិញ្ចឹមសត្វ ក្រុមហ៊ុន​កំពង់ផែ​ឯកជន ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត ក្រុមហ៊ុន​នាំចូល​សម្ភារ​គ្រឿងចក្រ​ជាដើម។

    ក្រៅពី​ក្រុមហ៊ុន​ដែល​ទទួល​គ្រប់គ្រង​ជួយ​ឪពុកក្មេក (លោក ឧកញ៉ា ម៉ុង ឬ​ទ្ធី) លោក​បណ្ឌិត តាន់ មុនី​វណ្ណ ក៏មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជិត 10ផ្សេងទៀត​ដែរ មានដូចជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធុរកិច្ច ក្រុមហ៊ុន​មេធាវី​ប្រឹក្សា​ផ្នែក​ច្បាប់ ក្រុមហ៊ុននាំចេញ-នាំចូល ក្រុមហ៊ុន​រើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន​បកប្រែ​ភាសា​ជាដើម ដែល​ភាគច្រើន​មាន​ដៃគូ​ជាមួយ​អ្នកជំនួញ​បរទេស​ច្រើនជាង​ដៃគូ​ក្នុងស្រុក។ ថ្មីៗនេះ​លោក​បាន​សហការ​ជាមួយ​អ្នកជំនួញ​បរទេស​ម្នាក់ បង្កើត​ផ្សារ One dollar ចែកចាយ​សម្ភារ​ប្រើប្រាស់ អាហារ និង​ភេសជ្ជៈ​នៅលើ​ទីផ្សារ​កម្ពុជា​ទៀតផង។

    លោកបណ្ឌិត តាន់ មុនីវណ្ណ ចូលរួមក្នុងកម្មវិធីពិគ្រោះយោបល់អំពី ការកសាងទំនាក់ទំនងសេដ្ធកិច្ចអាស៊ានឥណ្ឌានៅប្រទេសឥណ្ឌា។

    ចំណែក​ការងារ​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​វិញ លោក​ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ(Thai Cambodia Business council) សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន (China Asean Business council)  សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍ (Association of South East Asia Business Council) និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា (Asean-Indian Business Council) ផងដែរ។ ក្នុង​ទស្សនវិស័យ​វែងឆ្ងាយ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្នុងនាម​ជា​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ត្រូវបានចាត់តាំង​ឱ្យទទួល​បន្ទុក​ផ្នែក​ច្បាប់ ដើម្បី​បង្កើត​ការិយាល័យ​សភាពាណិជ្ជកម្ម​ក្រៅប្រទេស ក្នុង​គោលដៅ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្រៅប្រទេសឱ្យបាន​កាន់តែច្រើន​ថែមទៀត។

    ការិយាល័យ​នេះ​នឹង​បង្កើត​ក្នុងប្រទេស ឬ​រដ្ឋ​ទាំងឡាយណា ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន ដោយ​បច្ចុប្បន្ន​លោក​បាន​សរសេរ​ច្បាប់ និង​អនុក្រឹត្យ រួចរាល់​ហើយ នៅ​រង់ចាំតែ​ពេលវេលា​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​ក្រៅ ប្រទេស​មកដល់​តែប៉ុណ្ណោះ។

    លោកបណ្ឌិត តាន់ មុនីវណ្ណ ថតរូបជាមួយភរិយា
    ក្នុងកម្មវិធីបុណ្យនៃក្តីស្រឡាញ់ឆ្នាំ2018

    បន្ថែម​ពីលើ​នេះ​ទៀត​លោក​ក៏​ជា​សមាជិកសមាគម​អ្នក​សាងសង់​អាស៊ាន ជាទី​ប្រឹក្សា​ជាន់ខ្ពស់ (Senior Adviser) នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន ជា​អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា ជាទី​ប្រឹក្សា​ភិ​បាល​សមាគម​ស្ត្រី​កម្ពុជា និង​ជា​ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ថ្នាក់ជាតិ (National Training Board) របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ។

    ប្រវត្តិ​ពី​កុមារភាព និង​ផល​លំបាក​ក្នុងសម័យ​សង្គ្រាម​ទោះបី​បច្ចុប្បន្ន លោក​មាន​ភាពជោគជ័យ​ក្នុង​ជីវិត​ដូច្នេះ​ក៏ដោយ បើ​ក្រឡេកមើល​អតីតកាល លោក​គឺជា​កុមារកំព្រា​ម្នាក់ ដែល​ម្តាយ​ស្លាប់ចោល​ក្នុងសម័យ​ប៉ុលពត មានជីវិត​លំបាក​ស្ទើរ​បរិយាយ​មិនកើត ចុះ​ហេតុអ្វី​បានជា​លោក​មានជីវិត​ជោគជ័យ​ដូច្នេះ?កុមារា តាន់ មុនី​វណ្ណ ចាប់កំណើត​នៅក្នុង​ក្រុងភ្នំពេញ អំឡុង​ឆ្នាំ1973 ដោយមាន​ឪពុក​ជា​ខ្មែរ​កាត់​ចិន និង​មាន​ម្តាយ​ជា​បារាំង​កាត់​វៀតណាម ប៉ុន្តែ​ក្រោយពី​ចាប់កំណើត​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង វិនាស​កម្មបាន​ចូលមក​ដល់ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ពួកខ្មែរក្រហម​ចូលកាន់​កាប់ លោក​ត្រូវបាន​ពួកវា​ជម្លៀស​ទៅ​រស់នៅ ភូមិ​ផ្ទះ​វាល  ឃុំ​ព្រៃ​ដំបូក  ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

    ដោយសារ​គោលនយោបាយ​សម្លាប់​អ្នកចេះដឹង ក្រុម​កម្មាភិបាល​ខ្មែរក្រហម បានប្រកាស​រក​អ្នកចេះដឹង ម្តាយ​លោក​ក៏​ចូលធ្វើការ​ជា​អ្នកបកប្រែ បាន​ប្រហែល3ទៅ4ខែ ម្តាយ​លោកត្រូវគេ​យកទៅ​សម្លាប់ចោល។ ជីវិត​ជា​កូនកំព្រា​រស់នៅ​ជួប​ការលំបាក​ស្ទើរ​ធ្លាក់​ដល់​ចំណុចសូន្យ ចាប់ពីពេលនោះ​មក​គ្រួសារ​មិនដែល​ស្គាល់​ឡើយ ថា​បាន​បាយ​ឆ្អែត​មួយពេល គឺ​ហូប​តែ​បបរ និង​បាយ​លាយ​ក្តួច​ឬ​បាយ​លាយ​ពោត​ប៉ុណ្ណោះ។

    និយាយ​ទាំង​ក្តុកក្តួល​អួលដើមក លោក មុនី​វណ្ណ បាន​រំឭកថា​ទោះជា​កាលណោះ​លោក​នៅ​តូច​ក៏ដោយ​តែ​នៅ​ចាំបានខ្លះៗថា កាល​គ្រាមួយ​នោះ​គ្រួសារ​គ្មានអ្វី​ហូប​ក៏​ប្រមែប្រមូល​អង្ករ​បាន​កន្លះ​កំប៉ុង ដាំបាយ​ឱ្យ​យាយទួត​ហូប ដើម្បីឱ្យ​គាត់​បាន​ឆ្អែត​ដោយ​គិតថា​គាត់​ចាស់​ហើយ ហើយ​នៅពេល​យាយ​ហូបបាយ​ជ្រុះ​មួយ​គ្រាប់ លោក​ក៏​រើស​មក​ហូប​វិញ​ស្គា​ល់បាយ​ជាតិ​ព្រះ​មេ គឺមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពេញ​ក្នុង​មាត់។

    ជីវ​វិត​ជួប​ការលំបាក លំបាក​ស្ទើរ​រៀបរាប់​មិន​ចេញ​មិន​ដូច​សម័យនេះ​ទេ យុវជន​សម័យនេះ​លំបាក​ត្រឹម​គ្មាន​ម៉ូតូ​ជិះ​ទៅ​រៀន ពិបាក​រក​ការងារ​ធ្វើ ពិបាក​រក​ការងារ​ដែលមាន​ប្រាក់ខែ​ច្រើន ពិបាក​គ្មានលុយ​ទិញ​ឡានថ្លៃៗ ឬ​ពិបាក​មិនបាន​ប្រើ​ទូរស័ព្ទ​ទំនើប ប៉ុន្តែ​សម្រាប់​រូបលោក​គឺ​ខុសគ្នា និយាយ​សឹងតែ​ស្រក់​ទឹកភ្នែក ពិបាក​ក្នុង​សង្គ្រាម ពិបាក​រក​អ្វី​មក​ប្រដូច​មិនបាន គឺ​ពិបាក​គ្មាន​អី​ហូប​តែម្តង បើ​យក​រឿងនេះ​មក​ថតកុន​ជា​សាច់រឿង​វិញ​អ្នកណា​មើល​ក៏​យំ​ដែរ។

    ជីវិត​តស៊ូ​ក្រោយ​សម័យ​ប៉ុល ពត និង​ការសិក្សា​កាល​ខ្ញុំ​នៅ​តូច​អាយុ​ប្រហែល10ឆ្នាំ​ខ្ញុំ​រើស​សម្បក​ដប​លក់​មួយ​ថ្ងៃ​រកបាន​ពី 3ទៅ5រៀល បន្ទាប់មក​ឪពុក​រត់​កាណូត​ដ​ខ្ញុំ​ក៏​ទិញ​ស្ករ​គ្រាប់​ពី​ផ្សារ​ចាស់​ទៅ​លក់​នៅឯ​ស្រុក បាន​ចំណេញ​ច្រើន​មួយ​ស្បោង3រៀល (ប្រហែល3ដុល្លារ​បច្ចុប្បន្ន) ហើយ​ទិញ10ស្បោង​យកទៅលក់ មួយថ្ងៃ​លក់​អស់​ប្រហែល30% បាន​លុយ​វិញ90រៀល គិត​ទៅ​ស្ករគ្រាប់​ចំណេញ​ច្រើនណាស់​គុណ​នឹង10ឯណោះ។ ខ្ញុំ​ចាំ​ថា​អ្នកស្រុក​ខ្ញុំ​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់ ខ្ញុំ​ឈ្មោះ ខួច ដោយសារ​ថ្ពាល់ខួច កាលណោះ​ខ្ញុំ​ដើរ​រើសដើម​ឆៃថាវ​ដែល​គេ​បោះចោល​យកទៅ​ជ្រក់ ដើរ​លក់បាន​លុយ​មួយចំណែក​ទៀត ហើយ​ធ្វើការ​រែក​ទឹក​មួយថ្ងៃ40អ​ម្រែ​ក​ក៏មាន។

    ពេល​រៀន​ចប់​ថ្នាក់​ទី3 មកដល់​ភ្នំពេញ​ខ្ញុំ​ក៏​លំបាក​ដែរ តែ​គ្រាន់តែ​ថា​ខ្ញុំ​មានគំនិត​ជា​អ្នករកស៊ី​តាំងពីក្មេង ខ្ញុំ​ឆ្ងល់​ខ្លួនឯង​ដែរ កាលណោះ​ខ្ញុំ​គ្មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​អ្វី​ទេ តែ​ចេះ​រកស៊ី​តាំងពី​តូច។ ពេលមកដល់​ភ្នំពេញ​ដំបូង​ឡើយ​ខ្ញុំ​មក​នៅ​ជាមួយ​ម្តាយមីង​នៅ​អូរ​ឬ​ស្សី​ជួយ​លក់​ស្បែកជើង ដើរ​លក់​ឆ្នោត​ផង លក់​កាសែត​ផង គ្មាន​លុយកាក់​ទេ​គ្រាន់តែ​ខោរ​ហែក​គូទ យកទៅឱ្យ​ជាងដេរសាប់ៗរហូត​ជាង​លែង​សាប់​ឱ្យ​ដោយសារ​រហែក​ច្រើនពេក ពេលខ្លះ​ខ្ញុំ​អង្គុយ​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​អាណិត​ខ្លួន ព្រោះ​គ្រាន់តែ​ខោ​ស្លៀក​ទៅ​រៀន​ក៏​គ្មាន។

    ដល់ពេល​ខ្ញុំ​អាយុ​ជិត20ឆ្នាំ​ខ្ញុំ​ធ្វើជា​អ្នក​កួកជេ​ម៉ូតូ ឡាន កួកជេ​ដី ធ្វើ​ត្បូង​ជាដើម រហូតដល់​អាយុ20ជាង ខ្ញុំ​សល់​លុយ​ជាង10ម៉ឺន​ដុល្លារ​ស្មើនឹង​ជាង10លាន​ដុល្លារ​ធៀប​សម័យ​បច្ចុប្បន្ន។ ដូច្នេះ​មុន​ខ្ញុំ​ការ​ជាមួយ​កូនលោក​ឧកញ៉ា​ខ្ញុំ​សល់​លុយ​រាប់សែន​ដុល្លារ​រួចទៅហើយ មាន​លុយ​ទិញ​ឡាន ទិញ​ផ្ទះ ទាំងនេះ​មិនមែន​ជាការ​ចៃដន្យ​ទេ​តែ​ជាការ​ប្រឹងប្រែង​របស់ខ្ញុំ។

    គួររំឭកថា ពេលមកដល់​ភ្នំពេញ លោក​ចូលរៀន​នៅ​សាលា​ចតុមុខ បន្ត​មក​សាលា​ស៊ីសុវត្ថិ ហើយ​បាន​ចូល​បន្ត​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បន្ទាប់មក​ចូលទៅ​ថ្នាក់ MBM, MBA, ថ្នាក់​MASTER ចូលដល់ PHD ច្បាប់ និង​បន្ត DBA ចុងក្រោយ​ចូលទៅ DPA ហើយ​បន្ទាប់មក ចូលធ្វើ​ការងារ​មកទល់​សព្វថ្ងៃនេះ ដែល​សព្វថ្ងៃ​លោក​ក៏​ជា​មេធាវី សមាជិក​នៃ​គណៈមេធាវី​កម្ពុជា និង​បង្កើត​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ​ផងដែរ។ ក្រោយពី​រៀបការ​រួច​លោក​ក៏​ប្តូរ​អាជីព​ពី​អ្នកច្បាប់​មកជា​អ្នកជំនួញ​វិញ យ៉ាងណា​លោក​សប្បាយចិត្ត​ក្នុង​ការចូល​រូ​ម​ពិភាក្សាផ្នែក​ច្បាប់ផ្សេងៗ និង​ចូលរួម​ធ្វើជា​សហប្រធាន​ក្រុមការងារផ្សេងៗក្នុងនាម​តំណាងឱ្យ​សមាគម​នានា។

    ទោះជា​លោក​រៀបការ​រួចហើយ​ក៏ដោយ ក៏​លោក​នៅតែ​ទៅ​រៀន​បន្ត និង​មិនសូវ​បាន​ជុំ​គ្រួសារ​ទេ​ទោះ​សៅរ៍-អាទិត្យ​ក្តី​តែ​លោក​បាន​បំពេញភារកិច្ច​ជា​ស្វាមី ជា​ឪពុក​ដ៏​ល្អ​ឱ្យ​គ្រួសារ​រស់នៅ​បាន​សុខដុមរមនា។ ចំណុច​នេះ​លោក​ក៏បាន​អរគុណ​ទៅដល់​ឧ​ត្ត​ម​ភរិយា ដែល​បានអនុញ្ញាត​ផ្តល់​ពេលវេលា​ឱ្យ​លោក​បានធ្វើការ បាន​រៀនសូត្រ បាន​ជួយ​ដល់​សង្គម​មកទល់​សព្វថ្ងៃ។

    ការចូលរួម​ជួយ​លើកកម្ពស់​ការងារ​សង្គម​ទោះ​ជាមាន​ការងារ​ច្រើន​រាប់មិនអស់​ក៏ដោយ ក៏​លោក​តែងតែបាន​ចូលរួម​ក្នុង​សកម្មភាព​សង្គមជារឿយៗ ដូចជា​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​ជាច្រើន ដែល​លោក​តែង​ផ្តល់​អនុសាសន៍ ក្នុងការ​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព ជួយ​ដល់​សហគ្រិន​ក្នុងស្រុក​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង ឱ្យ​ពួកគេ​យល់ច្បាស់​ពី​របៀប​ធ្វើ​ពាណិជ្ជកម្ម ឬ​ស្វែងរក​គ្រូពូកែៗមកជួយ​ពួកគេ​សម្រាប់​បណ្តុះបណ្តាល​បន្ថែម​លើ​កិច្ចការជំនួញ។

    ក្រៅពីនេះ លោក​ក៏​តែងតែ​បានផ្តល់​អនុសាសន៍ល្អៗដល់​យុវជន​ជា​និស្សិត​ជំនាន់​ក្រោយ ឱ្យ​ចេះ​តស៊ូ​ក្នុងការ​រៀនសូត្រ ចេះ​បង្កើត​ឱកាស​ការងារ បណ្តុះ​គំនិត​លើ​កិច្ចការជំនួញ​ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។

    តាមរយៈ​វោ​ហោរ​ស័ព្ទ​ដ៏​ទាក់ទាញ​នៅក្នុង​វេទិកាសាធារណៈ​នានា បានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​លោក​កាន់តែ​ល្បី​សុសសាយ​ឡើង “ខ្ញុំ​ឡើង​ធ្វើជា​វាគ្មិនម្តងៗខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​បាន​ចែករំលែក​ចំណេះដឹង​បន្ត​តទៅទៀត។ ដូច្នេះ​យុវជន ឬ​និស្សិត​គួរតែ​ចូលរួម​ស្តាប់​វាគ្មិនពូកែៗឱ្យបាន​ច្រើន។

    របៀប​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​សំនួរ​សួរថា លោក​មាន​ក្រុមហ៊ុន​ច្រើន ហើយ​ក៏បាន​ចំណាយពេល​ជាមួយ​ការងារ​សង្គម​ច្រើន​រាប់មិនអស់​ដូចនេះ តើ​លោក​អាច​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ឱ្យ​ដំណើរ​ការល្អ​ដូច​ម្តេចទៅ? ត្រង់នេះ​លោក​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​ថា ការគ្រប់គ្រង​ក្រុមហ៊ុន​ដោយ​ជោគជ័យ គឺ​ត្រូវមាន​ធនធានមនុស្សពូកែៗ មាន​អ្នក​ទុកចិត្ត មាន​ក្រុមប្រឹក្សាផ្សេងៗគ្នា​ទៅតាម​ក្រុមហ៊ុននីមួយៗ ដែលមាន​ការបែងចែក​ការទទួលខុសត្រូវផ្សេងៗគ្នា ទាំង​ការសម្រេចចិត្ត​ការងារ សម្រេចចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ ការរក​ធន​ឧបត្ថម្ភ​ជាដើម។ ចំណែក​រូបលោក​មិនមែនជា​អ្នកដឹកនាំ​ដោយផ្ទាល់​នោះទេ លោក​គ្រាន់​ជា​អ្នកបង្កើត​ក្រុមហ៊ុន​មួយ​ឡើង​ហើយ​ជ្រើសរើស​អ្នកពូកែៗមក​ធ្វើ​ការងារ មក​ដឹកនាំ​ជំនួស​ជាការ​ស្រេច។

    លោក​បញ្ជាក់​ដូច្នេះ​ថា “ជាធម្មតា​មាន​ក្រុមហ៊ុន​ច្រើន​វា​ពិបាក​ជាង​ក្រុមហ៊ុន​តែមួយ ប៉ុន្តែ​ពេល​មាន​ក្រុមហ៊ុន​ច្រើន​វា​ជួយ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​សម្រាប់​មនុស្សម្នា​ក់មាន​ក្រុមហ៊ុន​តែមួយ​ក៏បាន​ដែរ ឱ្យតែ​គាត់​យល់ថា​ចំណូល​ប៉ុណ្ណឹង​វា​គ្រប់គ្រាន់។ បើ​យើង​យល់ថា ការបង្កើត​អ្វីមួយ​ដែល​ខ្លួនឯង​គ្រប់គ្រង​មិនបាន យើង​មិនគួរ​បង្កើត​វា​ទេ។

    ក្រុមហ៊ុន​ខ្លះ បើសិនជា​មានលទ្ធភាព​ទាំង​ដើមទុន ទាំង​ធនធានមនុស្ស មាន​ទំនាក់ទំនង និង​មាន​ដៃគូ​ល្អ​ច្រើន កាន់តែ​ប្រសើរ។ ឧទាហរណ៍​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី មាន​ដៃគូ​ជា​ជនជាតិ​ថៃ ជនជាតិ​ថៃ​នោះ​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជាង200ក្រុមហ៊ុន​ផ្សេង​ទៀតហើយ​សួរថា​តួអង្គ​គាត់​តែ​ម្នាក់​ធ្វើកើត​ដែរឬទេ? ចម្លើយ​គឺ បើ​ក្រឡេកមើល​លោក Jack Ma ជា​ប្រធាន​ក្រុមហ៊ុន Alibaba គ្រុប​មាន​ក្រុមហ៊ុន​រាប់មិនអស់ ដូចគ្នា​អ៊ីចឹង​ដែរ ព្រោះ​សម័យនេះ ភាគច្រើន​គេ​ធ្វើការ​តាម​ប្រព័ន្ធ (System) យើង​ធ្វើ​ទៅតាម​ប្រព័ន្ធ​ការងារ​បែប​សម័យ​ទំនើប ដូច្នេះ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​យើង​ហ៊ាន​ជ្រើសរើស​ធនធានមនុស្ស រើស​អ្នក​ពូកែ អ្នក​ទុកចិត្ត​មក​ធ្វើ​ការជំនួស​យើង ឬ​យ៉ាងណា?

    ត្រង់នេះ​លោក​បញ្ជាក់ថា បើសិន​ក្រុមហ៊ុន​មួយ​យើង​ជា​អ្នកអនុវត្ត​ផ្ទាល់ ធ្វើការ​ដោយ​ខ្លួនឯង គ្រប់គ្រង​ក្រុមហ៊ុន​តែមួយ​សឹង​មិនបាន​ផង បើ​ក្រុមហ៊ុន​នោះ​តូច​មិនសូវមាន​បញ្ហា​ទេ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ធំ​វិញ​គឺ​ធ្វើ​មិនបាន​តែម្តង។ បើ​ក្រុមហ៊ុន​ធំ​គឺ​យើង​ត្រូវតែ​ទុកចិត្ត​ទៅលើ​ធនធានមនុស្ស រើស​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​មក​គ្រប់គ្រង​ជំនួស​យើង ដោយ​យើង​គ្រាន់តែ​ជា​អ្នកឃ្លាំមើល ចាំ​តាមដាន​ដាក់​កម្មវិធី​ប៉ុណ្ណោះ​មិនចាំបាច់​ធ្វើខ្លួន​ឯង​ទេ។ ជួល​មនុស្ស​តែ​ម្នាក់​មក​ធ្វើ​ប្រតិបត្តិការ ហើយ​ជួល​មនុស្ស​មួយក្រុម​មក​តាមដាន​ប្រតិបត្តិការ​គឺជា​ការប្រសើរ​ហើយ។ ដូច្នេះ​ខ្លួនឯង​គ្រាន់តែ​អង្គុយចាំ​ស្តាប់ និង​ពិនិត្យ​របាយការណ៍​លទ្ធ​ផល និង​កែលម្អ​តែប៉ុណ្ណោះ។

    ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅក្នុង​ការងារ​ផ្ទាល់ខ្លួន យើង​មិនត្រូវ​ដើរចោល​នោះទេ ទោះបី​យើង​ចំណាយ​ពេលវេលា​ខាងក្រៅ​ច្រើន​ក៏ដោយ ជាដំបូង​យើង​ត្រូវ​រៀបចំ​ស្ថាប័ន​របស់​យើង​ឱ្យបាន​រៀបរយ​ជាមុន​សិន បណ្តុះបណ្តាល​បុគ្គលិក​ផ្ទៃក្នុង​របស់​យើង​ឱ្យមាន​ចំណេះដឹង មាន​សមត្ថភាព​គ្រប់គ្រាន់ ឱ្យ​ពួកគាត់​ធ្វើការ​បានល្អ​ប្រសើរ​ជំនួស​យើង។

    លោក​ថា អ្នកខ្លះ​បើក​ក្រុមហ៊ុន​មួយ​អត់​ហ៊ាន​ជួល​គេ​មក​ធ្វើ ពោលគឺ​ធ្វើ​ដោយ​ខ្លួនឯង វា​ពិតជា​លំបាក​ជាង​បើក​ក្រុមហ៊ុន10ទៅទៀត។ គេ​មាន​ក្រុមហ៊ុន10 ជួនកាល​គេ​មិន​លំបាក​ទេ បើ​គេ​ហ៊ាន​ជួល​មនុ​ស្សមក​ប្រើ ហើយ​បើសិន​គេ​មាន​ដៃគូ​ល្អ​ថែមទៀត​កាន់តែ​ប្រសើរ។ ដៃគូ​មិនមែន​សំដៅ​តែ​អ្នកមាន​លុយ​ទេ អ្នកជំនួញ​ដែល​ឆ្លាត​គឺ​គេ​រក​ដៃគូ​ដែលមាន​ពេលវេលា​ធ្វើការ​ជាមួយគ្នា មាន​ជំនាញ​ចំណេះដឹង និង​ស្មោះត្រង់​ចំពោះ​គ្នា ដូច្នេះ​ទោះ​មាន​ក្រុមហ៊ុន10-20 ឬ​មាន​ដល់50ក្រុមហ៊ុន​ក៏​យើង​មិន​ខ្វល់​ដែរ “ខ្ញុំ​ឧទាហរណ៍​ផ្សារ One Dollar ខ្ញុំ​មិនបាច់​ហត់​ទេ​ខ្ញុំ​មាន​ដៃគូ​បរទេស គេ​ជា​អ្នកធ្វើខ្ញុំ​ទុកពេល​តាមដាន​របាយការណ៍​គឺ​គ្រប់គ្រាន់​ហើយ​ព្រោះថា​លំហូរ​សាច់ប្រាក់ផ្សេងៗគ្រប់គ្រង​ដោយ​ប្រព័ន្ធ (System) មិនអាច​បាត់​សាច់ប្រាក់​នោះទេ ដូច្នេះ​ពេលខ្លះ​យើង​ធ្វើការ​តាម​អន​ឡាញ​ក៏បាន។ ទោះយ៉ាងណា​ឧបសគ្គ​មិនមែន​ថា​អត់​ទេ វា​តែងតែ​កើតមានជារឿយៗ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​យើង​មាន​គោលការណ៍​ច្បាស់លាស់ យើង​ហ៊ាន​ធ្វើ យើង​នឹងមិន​ខ្លាច​បញ្ហា​នោះ​ទ។

    មហិច្ឆតា និង​ទស្សនវិស័យ​ទោះ​មាន​ការងារ​ច្រើន​ដូច្នេះ​ក្តី ក៏​លោក​នៅតែមាន​មហិច្ឆតា​បង្កើត​ក្រុមហ៊ុនផ្សេងៗទៀ​តទៅ​ថ្ងៃ​អនាគត។ សម្រាប់​ទស្សនវិស័យ​នៅពេល​ខាងមុខ​បើលោក​មាន​ទុន​ហើយ​រកបាន​ដៃគូ​ល្អ លោក​នៅតែ​បើក​ក្រុមហ៊ុន​បន្តទៀត ចំណែក​ដើមទុន​និយាយឱ្យចំ​ទៅ អ្នក​ដែល​មិន​ខ្វះ​ទុន​គឺជា​អ្នក​ដែល​មិន​រកស៊ី សម្រាប់​អ្នករកស៊ីធំៗទុន​នោះ​មិនចេះ​គ្រប់​ទាល់តែសោះ អ្នករកស៊ី​កាន់តែ​ធំ​ខ្ចីលុយ​គេ​កាន់តែច្រើន។

    ពេលខ្លះ​យើង​ខ្វះ​ទុន​យើង​អត់​អាចធ្វើ​ការ​បានទេ ប៉ុន្តែ​បើ​យើង​ធ្វើឱ្យ​ក្រុមហ៊ុន​មានកេរ្តិ៍ឈ្មោះ​ល្បី យើង​ធ្វើឱ្យ​ក្រុមហ៊ុន​ជោគជ័យ ក្រុមហ៊ុន​ដែលមាន​គុណធម៌ សុជីវធម៌​ត្រឹមត្រូវ​ជួយ​ដល់​សង្គម​បានច្រើន​នោះ គឺ​ទុន​ខ្លះ​មិនចាំបាច់​ចេញ​ក៏មានដែរ ហើយ​បើ​មាន​ផែនការអាជីវកម្ម​ត្រឹមត្រូវ ធនាគារ​ចាំ​ជួយផ្តល់​ទុន​ទៀតផង មិនចាំបាច់​យក​ប្លង់ដី​ទៅ​ដាក់​ទេ។ ឧ​ទា​ហរ​ណ៏ ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​របស់លោក មាន​ធនាគារ​ឱ្យ​ខ្ចីលុយ​រួចទៅហើយ​មិនបាច់​ប្រើ​ទុន​បង្វិល​ផ្ទាល់ខ្លួន​នោះទេ គ្រាន់តែ​ចំណាយ​តិចតួច​សម្រាប់ធ្វើ​ប្រតិបត្តិការ​ប៉ុណ្ណោះ។

    លោក មុនី​វណ្ណ គឺជា​មនុស្ស​ម្នាក់ ដែល​មិន​ឱ្យមាន​ពេលទំនេរ​ដល់​ទៅមួយ​ម៉ោង​នោះទេ ទោះជា​ធ្វើ​កិច្ចការជំនួញ ហាត់​កីឡា រៀនសូត្រ ឬ​ធ្វើ​កិច្ចការ​សង្គមផ្សេងៗលោក​មិនឱ្យ​ខ្លួនឯង​ទំនេរ​ដាច់ខាត។ លោក​អំពាវនាវ​ទៅដល់​យុវជន​ត្រូវ​ខំប្រឹង​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ក្លាយជា​មនុស្ស​ពូកែ​នៅក្នុង​គ្រួសារ ជួយ​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល ដើម្បី​រួមគ្នា​ឱ្យ​សង្គមជាតិ​យើង​បាន​រីកចម្រើន​ទៅមុខ។

    ជាមួយគ្នានេះ លោក​ក៏​សុំ​អំពាវនាវ ឱ្យ​អ្នកមាន​លុយ​មានចំណេះដឹង ជួយ​បរិច្ចាគ​ដល់​សង្គម ទោះជា​បរិច្ចាគ​ជា​ធនធាន​ចំណេះដឹង​ក៏ដោយ។ ការកសាង​សង្គម​មួយ មនុស្ស​ម្នាក់​មិនអាច​ធ្វើបាន​នោះទេ លុះត្រាតែ​យើង​រួមគ្នា​ធ្វើ ទើប​សង្គម​យើង​បាន​សម្បូរ​សប្បាយ និង​រីកចម្រើន​ដូច​អរិយ​ប្រទេស៕

    លោកបណ្ឌិត តាន់ មុនីវណ្ណទទួលគ្រឿង ឥស្សរិយសថ្នាក់មហាសិរីវឌ្ឍន៍
    លោកបណ្ឌិត តាន់ មុនីវណ្ណ ឡើងថ្លែងសន្ទរកថា ក្នុងកម្មវិធីភាពជាអ្នកដឹកនាំនៅតាមមហាវិទ្យាល័យ
    លោកបណ្ឌិត តាន់ មុនីវណ្ណអញ្ជើញទៅចូលរួមកម្មវិធីកិច្ចប្រជុំអាស៊ាន ឥណ្ឌា ជាមួយគណៈប្រតិភូកម្ពុជា2018នៅប្រទេសឥណ្ឌា
    លោកបណ្ឌិត តាន់ មុនីវណ្ណទទួលមេដាយ ពីតំណាងអភិបាលទីក្រុងអុកស្វើត
  • ភ្ញាក់ផ្អើល ! ជនជាតិកូរ៉េច្រៀងចម្រៀងរាំវង់ខ្មែរ និងបង្ហាញក្បាច់រាំល្វត់ល្វន់

    ភ្ញាក់ផ្អើល ! ជនជាតិកូរ៉េច្រៀងចម្រៀងរាំវង់ខ្មែរ និងបង្ហាញក្បាច់រាំល្វត់ល្វន់

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ កំពុងមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានឃើញក្រុមចម្រៀងជាពួករបស់ប្រទេសកូរ៉េ បានលើកបទចម្រៀងខ្មែរយកមកច្រៀង និងរាំយ៉ាងសប្បាយរីករាយ។ ពួកគេបានច្រៀងបទចម្រៀងមានចំណងជើងថា « គន់មើលកង្ហារត្រូវខ្យល់ » ដែលជាប្រភេទបទចង្វាក់រាំវង់។ បើទោះបីជាការបកស្រាយមានសំនៀងមិនសូវច្បាស់ តាមបែបសំនៀងកូរ៉េ តែយ៉ាងណាមិញ ក៏ស្ដែងឱ្យឃើញពីសមត្ថិភាពទេពកោសល្យ និងការច្នៃប្រឌិតនូវអារម្មណ៍ប្លែកម៉្យាងនៃការរួមចំណែកការគាំទ្រចម្រៀងខ្មែរផងដែរ។

    អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់បានបង្ហើបឱ្យដឹងថា វីដេអូ ជាវីដេអូនៅក្នុងព្រឹត្តិការណ៍​រឹត​ចំណង​សាម​គ្គី​ភាពរវាង​­កម្ពុជា​-កូរ៉េ​កាល​ពី​ឆ្នាំ2011 ​របស់​មជ្ឍមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​ក­ម្ពុជា-កូរ៉េ “CKCC” ដើម្បីស្វាគមន៍ចំណងមិត្តភាពខ្មែរនិងកូរ៉េ ចំពោះការគោរពនឺងផ្តល់កិតិ្តយសឱ្យគ្នាកាន់តែស្អិតរមួត។ ចង់ដឹងថា ការបកស្រាយចម្រៀង « គន់មើលកង្ហារត្រូវខ្យល់ » ដោយជនជាតិកូរ៉េ ពីរោះរណ្ដំដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • សាកល្បងទាយមើលថា រូបថតរបស់កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា?

    សាកល្បងទាយមើលថា រូបថតរបស់កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា?

    ប៉ុន្មានម៉ោងមុននេះបន្ដិច កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសគឺលោក ព្រាប​ សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹកក្នុងឯកសណ្ឋានសម្លៀកបំពាក់បុរាណខ្មែរ ដែលលោកចង់ឱ្យអ្នកគាំទ្ររបស់លោកសាកល្បងធ្វើការទស្សទាយ ថាតើ សម្លៀកបំណាក់មួយឈុតនេះ ស្ថិតនៅក្នុងសម័យកាលណាមួយ?

    ជាការពិតណាស់ គ្រាន់តែបានឃើញការផ្លាស់ប្ដូរស្ទាយ៍បែបនេះ ក៏អាចមើលដឹងថាស្ថិតនៅក្នុងសម័យកាលណាដែរ ជាមួយគ្នានោះ អ្នកគាំទ្របានបញ្ចេញមតិថា « សម័យអណានិគមនិយមបារាំង » តែចម្លែកចិត្តបំផុតគឺ នាសម័យកាលនោះមានទូរសព្ទដៃ ViVo V9។ អ្នកខ្លះទៀតបាន Comment បែបកំប្លែងលេងសើចថា « បើមិនខុសទេបានស្លៀកក្នុងខែ កុម្ភៈ ឬ មិនា ឆ្នាំ 2018 ព្រោះបងឯងកើតក្រោយសម័យដែលនាំគ្នាគេ comment ផង អីចឹងចាំបាច់សួរហាហាហា …..ព្រាបសុវត្តិ style 2018 » ។ ខ្លះទៀតថា « dol ស្លៀកពាក់បែបណាស្ទាយបែប ណាគឺសមទាំងអស់ស្រលាញ់ណាស់ តារាក្នុងដួងចិត្តគាំទ្រ!លុះក្ស័យ »។

    ចុះចំពោះប្រិយមិត្តរបស់គេហទំព័រ ឡារ៉ែន វិញ យល់ឃើញយ៉ាងណាដែរ តើដឹងទេថា សម្លៀកបំពាក់របស់លោក ព្រាប​ សុវត្ថិ ស្ថិតក្នុងសម័យណា? ( តែសូមខ្សិបប្រាប់ថា ស្រដៀងនឹងលោកម្ចាស់សម័យបារាំង ​…ហាហា ) ។ សូមទស្សនារូបខាងក្រោមនេះ៖

  • អ្នកនាង ចោម ចាន់ បង្ហាញសកម្មភាពសប្បុរធម៌គួរឱ្យសរសើរ

    អ្នកនាង ចោម ចាន់ បង្ហាញសកម្មភាពសប្បុរធម៌គួរឱ្យសរសើរ

    កន្លងមកតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់ គឺអ្នកនាង ចោម ចាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យដឹងថា អ្នកនាង និងក្រុមគ្រួសារបានត្រៀមយកអំណោយបន្ដិចបន្ដួចដែលមានរួម អង្ករ ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និងប៊ីចេង ទៅចែកជូនបងប្អូនជនពិកា ក្មេងកំព្រា និងចាស់ជរាមានជីវភាពខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលទឹកចិត្តសប្បុរសធម៌នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រអ្នកនាង ស្ងើចសរសើរយ៉ាងខ្លាំង។

    ស្របគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះអ្នកនាង ចោម ចាន់ បានបង្ហាញសកម្មភាពសប្បុធម៌ពិតៗ និងបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « ថ្ងៃនេះបាននាំជំនួយជូនចាស់ៗនិងជនពិកា និងក្មេងកំព្រា និងអ្នកទីទាល់ក្រ ចំនួន30គ្រួសារ ជាថិវិកានាងខ្ញុំផ្ទាល់ ចែកបុណ្យដល់ណប់ចិត្តផង ភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អរគុណសំរាប់ប្អូន ឆាយលៀង បានចូលរួម ។ 20 .3. 2018 (រួមគ្នាសាងអំពើល្អ ) »។

    គួរបញ្ជាក់ផងដែរថា បើទោះបីជាអ្នកនាង ចោម ចាន់ និយមបង្ហាញរូបភាពសិចស៊ីរោលរាលនៅលើហ្វេសប៊ុករបស់ខ្លួនក្ដី ក៏ប៉ុន្ដែ ក៏មានមហាជនជាច្រើននាក់សរសើរពីទឹកចិត្តសប្បុរធម៌របស់អ្នកនាង និងមានក្ដីសង្ឃឹមថា អ្នកនាងនៅតែបន្ដបង្ហាញសកម្មភាពល្អជួយសង្គមជាតិបែបនេះជារៀងរហូត៕

  • អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់មកហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ និងបានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

    នៅក្នុងនោះដែរ តារាសម្ដែង និងច្រៀង លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារអំពាវនាវឱ្យបងប្អូនប្រជាពលខ្មែរ ជាពិសេសគឺយុវជនទាំងអស់ រួមគ្នាដើម្បីថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលសង្កេតឃើញថា បច្ចុប្បន្នយុវជនមិនសូវនិយមលេងដូចមុនទៀតហើយ។ នៅក្នុងសាររបស់លោក បានសរសេររៀបរាប់ថា « Shareមួយផងកូនខ្មែរ  ល្បែងប្រជាប្រិយខ្មែរនិងត្រូវបាត់បង់បើកូនខ្មែរមិនចូលរួមជួយថែរក្សា។ នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យជាច្រើនមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរទេ បែជាចូលចិត្តយកវប្បធម៌គេមកលេងពេលចូលឆ្នាំខ្មែរដូចជាជះទឹក និងប៉ាតម្សៅទៅវិញ ។

    បើយើងក្រឡេកមកមើលល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ់ លាក់កន្សែង លាក់កូនខ្លែង វ៉ៃក្អម ដណ្តើមស្លឹកឈើ លោតប៉ាវ .ល. មិនត្រូវបានគេយកមកថតតាមកម្មវិធីទូរទស្សន៍នានាឡើយ គឺមានតែទូរទស្សន៍មួយចំនួនតូចតែប៉ុណ្ណោះដែលថតមកផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីនោះឃើញថតតែរាំនិងច្រៀង បើមើលទៅវាហាក់បីដូចជាកំពុងត្រូវបានគេមិនគាំទ្រ ឬបាត់បង់បន្តិចម្តងហើយ ។

    ខ្ញុំសូមសំណូមពរដល់យុវវ័យខ្មែរមួយចំនួនជួយថែរក្សាល្បែងប្រជាប្រិយខ្មែរយើងផង កុំឱ្យទាល់តែគេលួចអស់ គេស្នើដាក់ជាសម្បត្តិបេតិកភណ្ឌជាតិគេ បាននាំគ្នាមកធ្វើផ្អើលឈូឆរនោះគឺជាការដែលខុសឆ្គងបំផុត ដូចពាក្យខ្មែរតែងតែនិយាយថា កុំចាំគោបាត់ទើបធ្វើរបង ឬកុំធ្វើអ្វីក្រោយព្រឹត្តិការណ៍កើតឡើងអោយសោះ។

    តែកន្លងមកយើងក៏ឃើញការរៀបចំដ៏ល្អបំផុតរបស់ ស.ស.យ.ក ដែលបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលបំផុសស្មារតីយុវវជនអោយចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងនោះក៏មានការរៀបចំអោយមានការលេងល្បែងប្រជាប្រិយជាច្រើននៅខាងមុខប្រាសាទអង្គរតូច និងល្បែងរបាំដែលជាវប្បធម៌ឍប្រពៃណីខ្មែរ ជាច្រើនទៀតនៅតាមប្រាសាទនានាជាច្រើននៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិលើពិភពលោក អោយបានឃើញអោយបានស្គាល់ថាអ្វីដែលជារបស់ខ្មែរពិតប្រាកដ តួយ៉ាងក្នុងឆ្នាំនះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតដែរ ក្រោមការដឹកនាំដោយបងប្រុស ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នេះគឺជាគំរូដ៏ល្អបំផុតរបស់កូនខ្មែរជំនាន់ក្រោយ»៕

  • ឯកឧត្តម គង់ វិបុល៖ អ្នក​ប្រកាស​ពន្ធ 99% ប្រើ​វិក្កយបត្រ​មិន​ត្រឹមត្រូវ

    ឯកឧត្តម គង់ វិបុល៖ អ្នក​ប្រកាស​ពន្ធ 99% ប្រើ​វិក្កយបត្រ​មិន​ត្រឹមត្រូវ

    អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា អ្នក​ជាប់ពន្ធ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​ច្រើន​រៀបចំ​វិក្កយបត្រ​បង់ពន្ធ​មិនបាន​ត្រឹមត្រូវ​តាម​ផលរបរ​ដែល​ខ្លួន​ប្រកប​អាជីវកម្ម។

    ការ​ថ្លែង​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ​បាន​ធ្វើឡើង​ក្នុង​សិក្ខា-សាលា​ប្រចាំឆ្នាំ​ស្តីពី កាតព្វកិច្ច និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ព្រមទាំង​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិថ្មីៗស្តីពី​ពន្ធដារ ដែលមាន​អ្នកចូលរួម​ជាង1,000នាក់ ដោយ​ភាគច្រើន​ជា​គណនេយ្យករ​មកពី​បណ្តា​ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ក្នុងស្រុក។

    ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់ថា នៅក្នុង​ដំណើរការ​ទូទាត់​សាច់ប្រាក់​ក្នុង​វិក្កយបត្រ ម្ចាស់​អាជីវកម្ម​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រភេទ​ពន្ធអាករ​ដែលមាន​នៅក្នុង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​ប្រភេទ​ពន្ធ​ត្រូវ​បង់​នោះទេ​ដោយ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​បានដាក់​ត្រឹមតែ​ពន្ធអាករ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​នោះ​មាន​អាករ​ពិសេសផ្សេងៗទៀត​ជាច្រើន ដែល​មិន​ត្រូវបាន​បញ្ចូល​ក្នុង​វិក្កយបត្រ ដើម្បី​ធានា​នូវ​តម្លាភាព​ឱ្យបាន​ច្បាស់លាស់។

    ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល បាន​លើក​ឧទាហរណ៍​ថា ការលក់​ម្ហូបអាហារ​ក្នុង​ភោជនីយដ្ឋាន មិន​ជាប់​អាករ​បំភ្លឺ​សាធារណៈ​នោះទេ ប៉ុន្តែ​ការលក់​បារី សូម្បីតែ​មួយកញ្ចប់ក៏ត្រូវ​ជាប់​អាករ​ពិសេស​ផ្សេងទៀត​ដែរ ហើយ​បើ​មាន​បម្រើ​សេវាកម្ម​កម្សាន្ត​មាន​ភ្លេង​ជាដើម គឺ​ត្រូវ​ជាប់​អាករ​ពិសេស​មួយទៀត គឺ​អាករ​កម្សាន្ត (Entertainment Tax) តែ​ដល់ពេលប្រកាស គ្មានទេ​ពន្ធអាករ​ទាំង​អស់នេះ ដោយមាន​ចេតនា​គេច​ពី​ពន្ធ​ពិសេស​ទាំងអស់នេះ តាមរយៈ​ការកែច្នៃ​របៀប​នៃ​ការប្រកាស​ពន្ធ។

    ឯកឧត្តម គង់ វិបុល បញ្ជាក់ថា៖ “នៅក្នុង​ការរៀបចំ​វិក្កយបត្រ ខ្ញុំ​សង្កេតឃើញថា វិក្កយបត្រ​ស្ទើរតែ 99% នៃ​វិក្កយបត្រ​ដែលមាន​សព្វថ្ងៃ​នេះ មិនបាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​នោះទេ។

    ឯកឧត្តម គង់ វិបុល ក៏បាន​លើកឡើង​ដែរ​ថា ដើម្បីឱ្យ​ស្របគ្នា​ចំពោះ​ការប្រកាស​ពន្ធ​ទាំងនោះ ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​បន្ថយ​ផលរបរ​របស់ខ្លួន។ ពេល​បន្ថយ​ផលរបរ ពន្ធអាករ​ត្រូវ​បង់​ក៏ត្រូវ​តិច​តាម​នោះ ហើយអ្វីផ្សេងៗទៀត ក៏ត្រូវ​តែ​តិច ឬ​បន្ថយ​តាម​នោះដែរ។

    ដើម្បី​ធានា​នូវ​តម្លាភាព​ក្នុងការ​ប្រកាស​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ការប្រកាស​ព​ន្ធ​តាម​អន​ឡាញ ដែល​ពេលនោះ​ហើយ តម្លាភាព​ក៏ត្រូវ​បាន​ធានា​កាន់តែ​ប្រសើរ ជាងពេលបច្ចុប្បន្ន​នេះដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម គង់ វិបុល។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោយ​ការអនុវត្ត​មធ្យោបាយ​ប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ឆ្នាំ2016មក ឃើញថា​ចំណូល​នៅក្នុង​វិស័យ​ពន្ធដារ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយមាន​ប្រមាណ 1,800លាន​ដុល្លារ នៅក្នុង​ឆ្នាំ2016 និង​ប្រមាណ 1,900លាន​ដុល្លារ​នៅ​ឆ្នាំ2017កន្លងទៅ ព្រមទាំង​ការរំពឹងទុក​ប្រមាណ 2,000លាន​ដុល្លារ​ក្នុង​ឆ្នាំ2018នេះ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្តាស់​ប្តូរ​របៀប​កំណត់​ការប្រមូល​ពន្ធ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ2015 កន្លងមក ដោយ​ប្តូរ​ពី​ការបង់ពន្ធ​តាម​របប​ម៉ៅការ​មកជា​ការបង់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ឬ​របប​ពិត​វិញ។ ក្នុង​ប្រកាស​កាលពី​ឆ្នាំ2015នោះ បានកំណត់​អ្នក​ជាប់ពន្ធ​តាម​ប្រភេទ​អ្នក​ជាប់ពន្ធ​តូច មធ្យម និង​ធំ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បានចេញ​សេចក្ដីប្រកាស​ចុងក្រោយ ចុះ​ថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ ដោយបាន​កំណត់​ជាថ្មី​ចំពោះ​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា 3ប្រភេទ គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង អ្នក​ជាប់ពន្ធ​ធំ។

    សម្រាប់​អ្នក​ជាប់ពន្ធ​តូច គឺកំណត់​នៅ​ដដែល​ធៀប​នឹង​សេចក្ដីប្រកាស​ដែល​ចេញ​កាលពី​ចុងឆ្នាំ2015 ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល  ដល់700លាន​រៀល។  ដោយឡែក​អ្នក​ជាប់ពន្ធ​មធ្យម ត្រូវបាន​ដំឡើង​ចំនួន​ទឹកប្រាក់​អតិបរមា​ពី 2,000លាន​រៀល​រហូតដល់4,000លាន​រៀល។

    សេចក្ដីប្រកាស​ចុងក្រោយ​នោះបាន​បង្ហាញថា អ្នក​ជាប់ពន្ធ​មធ្យម​ត្រូវបាន​កំណត់ថា សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល​ដល់ 4,000លាន​រៀល ខណៈដែល​ប្រកាស​កាលពី​ចុងឆ្នាំ2015 បាន​កំណត់ថា អ្នក​ជាប់ពន្ធ​មធ្យម ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី700លាន​រៀល ដល់2,000លាន​រៀល និង​ជា​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​គឺជា​អ្នក​ជាប់ពន្ធ​មធ្យម។

    ប្រកាស​នោះបាន​កំណត់​ផងដែរ​ថា អ្នក​ជាប់ពន្ធ​ធំ​ត្រូវបាន​កំណត់​ដំឡើង​ទឹកប្រាក់​អតិបរមា​រហូតដល់4,000លាន​រៀល។ សេចក្ដីប្រកាស​នោះ​ក៏បាន​បង្ហាញថា អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់៕

  • មកស្ដាប់បទល្បីរបស់តារាស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី

    មកស្ដាប់បទល្បីរបស់តារាស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី

    បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាចម្រៀងស្រីរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី បានធ្វើឱ្យមហាជនមានសេចក្ដីសោកសង្រេង និងទុក្ខសោកជាខ្លាំង ដែលបានបាត់បង់អ្នកមានទេពកោសល្យកម្រ ហើយបានសាងកេរ្ថិ៍ឈ្មោះល្បីរន្ធឺពេញសាកលលោក។

    នៅក្នុងនោះលោក អាចារ្យធំ នគររាជ បានក៏ចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំចំពោះតារាស្រីរូបនេះថា « បើនាងចង់ងាប់ម្ដេចមិនងាប់តែឯងទៅ នាងមកផ្ដាច់ជីវិតបងស្រី ចន្ធី ធ្វើអី្វ???) ខ្ញុំពិតជាសោកស្ដាយណាស់បងអើយ បងជាអ្នកសិល្បៈដ៏មានទេពកោសល! មានបេះដូងមនុស្សធម៌! បងត្រូវចិញ្ចឹមមួយគ្រួសារ #Channthy Cha Cha #នាងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ (សំដៅលើជនបង្កហេតុ ) »។

    នៅក្នុងនោះដែរ លោក អាចារ្យធំ បានបង្ហាញបទចម្រៀងដែលច្រៀងដោយ អ្នកនាង តាក់ ចន្ធី ដែលមានចំណងជើងថា « Have Visa No Have Rice » ដែលជាបទល្បីរន្ធឺនៅឯបរទេស។ ចង់ដឹងថា មួយបទនេះរណ្ដំចិត្តកម្រិតណានោះ សូមស្ដាប់ទាំងអស់គ្នា៖

  • ប៉ុប ពី ត្អូញត្អែពីជីវិតរងការមើលងាយមើលថោក និងរិះគន់សព្វគ្រប់

    ប៉ុប ពី ត្អូញត្អែពីជីវិតរងការមើលងាយមើលថោក និងរិះគន់សព្វគ្រប់

    នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងនារីភេទទី 3 នាង ប៉ុប ពី បានបង្ហោះរូបភាពកាលពីវ័យកុមារភាព និងបង្ហាញអារម្មណ៍រងគ្រោះដោយសារការមើលងាយមើលថោក រិះគន់សព្វគ្រប់បែបយ៉ាងមកលើរូបនាង តាមរយៈសារប៉ុន្មានឃ្លាដ៏សែនក្ដុកក្ដួលនៅក្នុងអារម្មណ៍។

    តារាស្រីភេទទី 3 ដែលនិយមបង្ហាញដើមទ្រូងមូលក្លំនៅលើហ្វេសប៊ុករបស់ខ្លួន បានលើកឡើងពីអារម្មណ៍រងការប្រមាថមកលើរូបខ្លួននិងដិតដាមក្នុងចិត្តជាច្រើនឆ្នាំមកហើយថា « ពីក្មេងប្រុសម្នាក់ដែលមនុស្សភាគច្រើនគេមើលងាយ មិនឱ្យតម្លៃរើសអើង មានវិប្បត្តិក្នុងជិវិត លួចយំម្នាក់ឯង តូចចិត្តនឹងសម្តីគេមើលងាយមើលថោក ថាជាខ្ទើយ »

    ជាការពិតណាស់ ដូចដែល ប៉ុប ពី ធ្លាប់បានលើកឡើងដែរថា បំណងប្រាថ្នារបស់នាង គឺចង់ធ្វើជាមនុស្សស្រីពេញលក្ខណៈ ដូច្នេះមានតែខិតខំតស៊ូ ដើម្បីបំពេញបំណងរបស់ខ្លួន ដោយប្រើវិធីសាស្រ្ត កែសម្ផស្ស និងអាចទ្រាំបានការឈឺចាប់ទាំងអស់ តាមរយៈការប្ដូរភេទ ខណៈនាងត្រឹមជាភេទទី៣ ដែលគ្រប់គ្នាហៅថា ខ្ទើយក្តី ប៉ុន្តែនៅតែមានទស្សនិកជនគាំទ្រច្រើន ជាងអ្នកមើលងាយ។

    គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រជាច្រើនបានអានសាររបស់នាង  ប៉ុប ពី ហើយចាក់ដោតនៅក្នុងអារម្មណ៍ខ្លាំងរហូតដល់ស្រស់ទឹកភ្នែកនោះ បានពោលពាក្យសរសើរជារួមថា « ការតស៊ូរបស់បងស្រីនៅក្នុងជីវិត បាននាំមកនូវសេចក្ដីសុខ និងរីកចម្រើន។ កុំឱ្យសម្តីអ្នកដទៃមកគ្រប់គ្រងលើជីវិតបង ព្រោះអ្នកទាំងនោះពុំមែនជាអាណាព្យាបាលបងនោះទេ ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ធ្វើទង្វើល្អៗតាមដែលអាចធ្វើបាន ពេញចិត្តនូវអ្វីដែលខ្លួនអ្នកមានពេលនេះ ធ្វើចិត្តឲ្យសប្បាយៗ» ៕