Category: សង្គម និងសេដ្ឋកិច្ច

  • អ៊ី វ៉ា បង្ហាញសកម្មភាពការងារនៅសាន់ដេ បើទោះមានដំណឹងចេញទៅថោន

    អ៊ី វ៉ា បង្ហាញសកម្មភាពការងារនៅសាន់ដេ បើទោះមានដំណឹងចេញទៅថោន

    មួយរយៈចុងក្រោយនេះ រមែងមានលេចឮព័ត៌មានខ្សឹបខ្សៀវតៗគ្នានៅតែមិនចេះចប់មិនចេះហើយមកថា តារាចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនាង អ៊ី វ៉ា នៅតែមានការសង្ស័យថា បានស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ផលិតកម្មថោនបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ខណៈកន្លងមកទៀតធ្លាប់ធ្លាយដំណឹងតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំពីរចាប់អារម្មណ៍ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។

    យ៉ាងណាមិញ ក៏មានការបកស្រាយបញ្ចប់ចម្ងល់ពីតារាស្រីរូបនេះដូចគ្នា ក៏ប៉ុន្ដែមហាបែរជាគិតថា ការបកស្រាយរបស់ អ៊ី វ៉ា មិននិយាយ​ឱ្យចំៗនេះឡើយ ពោលគឺនាងនៅតែពង្វៀងដានមហាជនអ្នកគាំទ្រ។ ពេលថ្មីៗនេះ តារាស្រី អ៊ីវ៉ា បានបង្ហោះពីសកម្មភាពកំពុងថតបទចម្រៀងត្រៀមអបអរចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយតារាចម្រៀងរៀមច្បងមួយចំនួន ដូចជាកញ្ញា សុខ ពិសី, ឆាយ វីរៈយុទ្ធ, មាស សាលី និង សុខ រក្សា ជាដើម។ គោលបំណងរបស់តារាស្រីរូបនេះ នៅតែចង់បង្ហាញថា នាងនិងមិនចាកចេញពីសាន់ដេ ទេ។

    សូមជម្រាបបន្ថែមថា សារចុងក្រោយនៅលើហ្វេសប៊ុករបស់នាង បានសរសេរថា « ច្បាស់ជាងខ្លួនខ្ញុំទៀតណ៎..អ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ ទៅមុខត្រឡប់ក្រោយ ត្រឡប់ក្រោយទៅមុខ ទិសដៅក្រឡាប់ចាក់ អាចនិងឆ្ងល់ តែនិងយល់ ពេលដឹងពីអត្ថន័យ »។ តើការពោលបែបនេះ អាចបញ្ជាក់បានទេថា អ៊ី វ៉ា នៅក្រាញននៀលនៅសាន់ដេឬយ៉ាងណា? ការពិតនៅតែជាការពិត មានតែប្រិយមិត្តទាំងអស់បន្ដតាមដានព័ត៌មាននេះជាបន្ដបន្ទាប់ទៀត៕

  • Xabi Alonso ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល 5ឆ្នាំ ជុំវិញ​ករណី​មិន​បង់ពន្ធ

    Xabi Alonso ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល 5ឆ្នាំ ជុំវិញ​ករណី​មិន​បង់ពន្ធ

    ក្រុមរដ្ឋអាជ្ញាប្រទេសអេស្ប៉ា កំពុងតែទាមទារឱ្យមានការកាត់ទោសដាក់គុករយៈពេល 5ឆ្នាំទៅលើ Xabi Alonso តាមរយៈការចោទប្រកាន់អតីតខ្សែបម្រើអន្តរជាតិអេស្ប៉ា និងក្លិប Real Madrid រូបនេះ ដែលបានធ្វើការបន្លំការបង់ពន្ធចំនួន 3ករណី។

    Alonso វ័យ 36ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធដល់អាជ្ញាធរ ក្នុងទឹកប្រាក់ 2លានអឺរ៉ូ (ស្មើនឹង 2.5លានដុល្លារអាមេរិក) តាមរយៈការផ្តល់ឯកបង់ពន្ធមិនត្រឹមត្រូវកាលពីឆ្នាំ2010-2011 និងឆ្នាំ2012 Alonso ដែលបានចូលនិវត្តន៍កាលពីឆ្នាំមុន ក្រោយពីចំណាយពេល 3រដូវកាលជាមួយនឹងក្លិប Bayern Munich នោះ បានលេងឱ្យក្លិប Real Madrid ពីឆ្នាំ2009 រហូតដល់2014

    ជាមួយនឹងការប្រឈមមុខនឹងការជាប់គុករយៈពេល 5ឆ្នាំ ការពិន័យជាទឹកប្រាក់ចំនួន 4លានអឺរ៉ូ ក៏នឹងត្រូវធ្វើឡើងប្រឆាំងនឹង Alonso ដែរ លោក Ivan Zalduaទីប្រឹក្សាផ្នែកពន្ធដាររបស់គេ និងម្ចាស់ក្រុមហ៊ុនព័រទុយហ្គាល់លោក IgnasiMaestre ផងដែរ។ ក្រុមរដ្ឋអាជ្ញាក៏ទាមទារឱ្យប្រគល់ទឹកប្រាក់ដែលមិនបានបង់ឱ្យការិយាល័យពន្ធដាររបស់អេស្ប៉ា បូករួមទាំងអត្រាការប្រាក់ផងដែរ។ រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានបដិសេធ។

    ករណីប្រឆាំងនឹង Alonso ដំបូងឡើងត្រូវបានលុបចោលរួចស្រេចទៅហើយ ប៉ុន្តែ ត្រូវបានបើកសើរើឡើងវិញកាលពីដើមឆ្នាំនេះ។ Alonso បានលក់សិទ្ធិផ្សាយលើរូបភាពក្នុងឆ្នាំ2012 ក្នុងតម្លៃ 5លានអឺរ៉ូ ទៅឱ្យក្រុមហ៊ុន KardzaliComercioServicos de Consultoria e Investimentos ដែលមានមូលដ្ឋាននៅលើកោះ Madeira របស់ព័រទុយហ្គាល់៕

    ប្រភពពី៖ ESPN

  • តើ​សាកលវិទ្យាល័យ​ណាខ្លះ​ដែល​ល្អ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប?

    តើ​សាកលវិទ្យាល័យ​ណាខ្លះ​ដែល​ល្អ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប?

    ក្នុងចំណោម​សាកលវិទ្យាល័យល្បីៗជាច្រើន​នៅលើ​ពិភពលោក ចក្រភព​អង់គ្លេស​ជា​ប្រទេសមួយ​ដែលមាន​ភាពល្បីល្បាញ និង​អាច​គ្រង​តំណែង​ជា “សាកលវិទ្យាល័យ​ល្អ​បំផុត” នៅ​អឺរ៉ុប។ យោងតាម​ស្ថាប័ន​វាយតម្លៃ​កម្រិត​សាកលវិទ្យាល័យ​ល្បី​បំផុត​លើ​ពិភពលោក Times Higher Education World University Ranking បាន​បង្ហាញថា ក្នុងចំណោម​សាកលវិទ្យាល័យល្អៗបំផុត​ចំនួន 10 ក្នុងនោះ​មាន 7សាកលវិទ្យាល័យ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់សំខាន់។

    ក្នុងចំណោម​ការប្រកួត​ប្រជែង​នេះ ប្រទេស​ស្វ៊ី​ស (Switzerland) ក៏​ដណ្តើមបាន​តំណែង​សំខាន់​ផងដែរ ដោយ​ក្នុងនោះ​មាន​សាកលវិទ្យាល័យ​ចំនួន2 ដែល​ស្ថិតក្នុង​តារាង​គឺ Swiss Institute of Technology និង ÉcolePolytechniqueFédérale de Lausanne ។

    ខាងក្រោម​នេះ​គឺជា​សាកលវិទ្យាល័យ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន 10 នៅ​អឺរ៉ុប៖

    1/ សាកលវិទ្យាល័យ Oxford (ចក្រភព​អង់គ្លេស)

    2/ សាកលវិទ្យាល័យ Cambridge (ចក្រភព​អង់គ្លេស)

    3/ សាកលវិទ្យាល័យ Imperial College London (ចក្រភព​អង់គ្លេស)

    4/ សាកលវិទ្យាល័យ ETH Zurich (ប្រទេស​ស្វ៊ី​ស)

    5/ សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស)

    6/ សាកលវិទ្យាល័យ London School of Economics and Political Science (ចក្រភព​អង់គ្លេស)

    7/ សាកលវិទ្យាល័យ Edinburgh (ចក្រភព​អស់​គ្លេ​ស)

    8/ សាកលវិទ្យាល័យ LMU Munich (ប្រទេស​អាល្លឺម៉ង់)

    9/ សាកលវិទ្យាល័យ King’s College London (ចក្រភព​អង់គ្លេស)

    10/ សាកលវិទ្យាល័យ ÉcolePolytechniqueFédérale de Lausanne៕

  • ផ្ទុះការិះគន់ឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសព ក្នុងរឿង «បិសាចគួរឱ្យស្រឡាញ់​»

    ផ្ទុះការិះគន់ឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសព ក្នុងរឿង «បិសាចគួរឱ្យស្រឡាញ់​»

    ទន្ទឹមនឹងការដាក់បញ្ជាំងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក៏ទទួលបានអ្នកគាំទ្រជាច្រើនលាន់មាត់ពោលសរសើរថា ពិតជាល្អមើល ដោយរឿងនេះ លាយឈុតឆាកជាច្រើន ទាំងមានខ្មោច និងឈុតកំប្លែងជាដើម។ រឿងភាគថ្មីនោះគឺរឿង «បិសាចគួរឱ្យស្រឡាញ់​» ដែលចូលរួមដោយកំពូលតារាចម្រៀងល្បីជាច្រើនរូប ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា ហ្សាណា លោក Step អ្នកនាង ខាត់ សុឃីម និង តារាសម្តែងល្បីៗជាច្រើនដួងទៀត។

    យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់ផ្ទុះមតិ រិះគន់ លើឈុតសំលៀកបំពាក់ក្នុងពិធីបុណ្យសពនៅក្នុងប្លង់មួយ នៃសាច់រឿងនោះ។ ជាក់ស្ដែងតាមរយះគណនី Facebook របស់បុរសម្នាក់បាន Post រូបភាពមួយសន្លឹក ដែលតួអង្គក្នុងសាច់រឿងស្លៀកជាឈុតសំលៀកបំពាក់ពណ៍ខ្មៅ ដើម្បីកាន់ទុក្ខ ក្នុងពិធីបុណ្យសព ដោយលើកឡើងថា “បើតាមខ្ញុំដឹង និងជីដូនរបស់ខ្ញុំបានប្រាប់ថា សម្លៀកបំពាក់ដែលត្រូវស្លៀក ក្នុងពិធីបុណ្យសព ប្រពៃណីជាតិខ្មែរ គឺអាវព៌ណស និងខោឬសំពត់ព៌ណខ្មៅ។ ចំនែកសម្លៀកឈុតព៌ណខ្មៅទាំងអាវនិងខោឬសំពត់នេះ ជាសម្លៀកបំពាក់ប្រពៃណីរបស់ថៃទេ។ ភាពយន្តមួយៗតែងបង្ហាញនូវវប្បធ៌មមួយ ដល់ពិភពលោក ឱ្យគេស្គាល់ ថាខ្លួនជាអ្នកណា”។

    គួរបញ្ជាក់ផងដែរថា ស្របគ្នានេះដែរ អ្នកលេងហ្វេសប៊ុកជាច្រើននាក់បានបង្ហាញភ័ស្ដុតាង និងលើកអំណះអំណាងលើគំនូរបុរាណខ្មែរដែលមាននៅក្នុងព្រះវិហារ ដែលបង្ហាញឱ្យឃើញថា ខ្មែរមានប្រពៃណីស្លៀកឈុត ស ក្នុងការធ្វើបុណ្យសព និងកាន់ទុក្ខផងដែរ៕

  • ចក្រភព​អង់គ្លេស​អំពាវនាវ​ឱ្យមាន​ការធានា​អំពី​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​ក្នុង World Cup

    ចក្រភព​អង់គ្លេស​អំពាវនាវ​ឱ្យមាន​ការធានា​អំពី​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​ក្នុង World Cup

    លោក Boris Johnson រដ្ឋលេខាធិការ​ក្រសួងការបរទេស​រប​ស់​ចក្រភព​អង់គ្លេស បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា លោក​ចង់ឱ្យមាន​ការធានា​របស់​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​កីឡាបាល់ទាត់​របស់​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំនេះ ស្របពេល​មាន​ជម្លោះ​ការទូត​ទៅលើ​ការវាយប្រហារ​ចារកម្ម​មួយ។

    ទំនាក់ទំនង​រវាង​ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ម៉ូស្គូ កំពុងតែ​ធ្លាក់​ចូលក្នុង​វិបត្តិ ជុំវិញ​ការវាយប្រហារ​ដោយ​ភ្នាក់ងារ Mar 4 ទៅលើ​អតីត​ចារបុរស​អង់គ្លេស​ម្នាក់​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​ចក្រភព​អង់គ្លេស កំពុងតែ​ទម្លាក់កំហុស​ទៅលើ​វិមាន Kremlin។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Johnson បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស មិនមាន​គម្រោង​ក្នុងការ​រារាំង​មិនឱ្យ​ក្រុម​អង់គ្លេស​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ព្រឹត្តិការណ៍ World Cup នោះឡើយ ដោយបាន​បញ្ជាក់​ប្រាប់ថា៖ «ដើម្បី​ធ្វើឱ្យមាន​តុល្យភាព វា​នឹង​ក្លាយជា​រឿង​អយុត្តិធម៌​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស»។

    ចក្រភព​អង់គ្លេស បាន​បណ្តេញ​មន្ត្រី​ទូត​របស់​រុស្ស៊ី 23នាក់​ចេញពី​ប្រទេស​របស់ខ្លួន ហើយ​ទីក្រុង​ម៉ូស្គូ​ក៏បាន​ឆ្លើយតប​វិញ​ក្នុង​ទង្វើ​ដូចគ្នានេះដែរ ប៉ុន្តែ​លោក Johnson បាន​បញ្ជាក់ថា ពួកគេ​បាន​បណ្តេញ​មន្ត្រី​ចក្រភព​អង់គ្លេស​ដែល​ត្រូវមាន​ការងារ​ការពារ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​បាល់ទាត់»។ លោក Johnson បានឱ្យដឹងថា៖ «អ្នក​មិនអាច​គិតពី​ការចាត់វិធានការ​បន្ថែម​ទៀតឡើយ​ចំពោះ​សមត្ថភាព​ចក្រភព​អង់គ្លេស​ក្នុង​ការជួយ​អ្នកគាំទ្រ​នៅ​រុស្ស៊ី ហេតុនេះ វា​នៅតែ​ជា​បញ្ហា​មួយ។ វា​នៅតែ​ត្រូវមាន​ការពិភាក្សា​មួយ»៕

    ប្រភពពី៖ The Daily Star

  • មិន​ធ្លាប់​ដឹង​សោះ! មាក់ប្រាង1ដើម​ប្រមូល​ផល​បាន​ជាង 1,000ដុល្លារ​ក្នុង 1ឆ្នាំ

    មិន​ធ្លាប់​ដឹង​សោះ! មាក់ប្រាង1ដើម​ប្រមូល​ផល​បាន​ជាង 1,000ដុល្លារ​ក្នុង 1ឆ្នាំ

    មាក់ប្រាង គឺជា​ដំណាំ​ហូប​ផ្លែ​ដែលមាន​សម្បុរ​ពណ៌​លឿង ផ្លែ​ទ្រវែង​រាង​ដូច​ពងមាន់ និង​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ជាប់មាត់ ទទួលទាន​ម្តង​ហើយ​គួរឱ្យ​ចង់​ទទួលទាន​ម្តងទៀត ពិសេស​ជា​ផ្លែឈើ​ដែលស្ត្រីៗចូលចិត្ត​ញ៉ាំ​លេង នៅពេល​សម្រាក​ពី​ការងារ​នៅពេល​រសៀល។

    អ្នកស្រី សែន រ័​ត​ធី ម្ចាស់​ចម្ការ​មាក់ប្រាង និង​ជា​ឈ្មួញ​ទិញ​ផ្លែឈើ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានផ្តល់​បទ​សម្ភាស​ថា មាក់ប្រាង​ផ្តល់​ផល​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ រហូតដល់​ចុងខែ​មិនា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​ផល​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ ទោះ​វា​មិនសូវ​ផ្តល់​ផល​ច្រើនដង​ដូច​ដំណាំ​មួយចំនួនទៀត​មែន ប៉ុន្តែ​នៅពេល​វា​ឱ្យ​ផលម្តងៗគេ​អាច​បេះ​ផ្លែ​វា​បាន​ទម្ងន់​ចន្លោះ​ពី​ជាង 100គីឡូក្រាម ទៅជា1000គីឡូក្រាម​ក្នុង​មួយ​ដើម ហើយ​បើ​គេ​លក់​ចេញ​ឱ្យ​ម៉ូយ​ដុំ​នៅលើ​ទីផ្សារ​ត្រឹមតែ1ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នោះ មានន័យថា កសិករ​អាច​រកប្រាក់​បាន​ជាង100ដុល្លារ​ទៅជា​ង1,000ដុល្លារ​ក្នុង​មាក់ប្រាង1ដើម។

    ប៉ុន្តែ​ជា​ទោះជា​យ៉ាងណា ឈ្មួញ​អាច​យកមក​លក់រាយ​បន្ត​នៅលើ​ទីផ្សារ​បាន​ថ្លៃ​លើសពីនេះ ដោយ​អាច​លក់​ចន្លោះ​ពី 8,000រៀល​ទៅ​ជាង10,000រៀល​ក្នុង​មួយ​គីឡូក្រាម​តាម​ទីតាំង​លក់រាយ​នីមួយ។ ឈ្មួញ​ខាងលើ​បន្តទៀតថា មាក់ប្រាង​គឺជា​ផ្លែឈើ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​នោះទេ​ដោយសារ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​កម្រ​ព្រោះ​មួយឆ្នាំ​ទើប​វា​ផ្តល់​ផល​ម្តង​ហើយ​ផ្តល់​ផល​ក្នុង​រយៈពេល​ខ្លី​ត្រឹម1ខែ​កន្លះ ទៅ2ខែ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។

    ដោយសារតែ​ជា​ផ្លែឈើ​កម្រ​បែបនេះហើយ ទើប​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​អតិថិជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង។ ទោះ​វា​បាន​ផល​ច្រើន​ដូច្នេះ​ក្តី ប៉ុន្តែ​ការដាំ​មាក់ប្រាង​ត្រូវ​ចំណាយពេល​យូរណាស់ គឺ​ចន្លោះ​ពី 8ឆ្នាំ រហូតដល់​ទៅ10ឆ្នាំ​ឯណោះ​ទើប​វា​ផ្តល់​ផល តែ​អាច​ប្រមូល​ផល​បានយូរ​រហូតដល់ 70 ទៅ100ឆ្នាំ​ក៏មាន។ ប៉ុន្តែ​សម្រាប់​បច្ចេកទេស​កសិក​ម្ម​ថ្មី​វិញ គេ​អាច​បំបៅ​មែក​យកមក​ដាំ ធ្វើឱ្យ​ឆាប់​ទទួលបាន​ផល​ជាង​យក​កូន​មក​ដាំ។

    ការដាំ​មាក់ប្រាង​មិន​លំបាក​ក្នុងការ​ថែទាំ​នោះទេ ដោយ​គ្រាន់តែ​ធ្វើ​របង​ការពារ​សត្វពាហនៈ ដូចជា​គោក្របី​ជាដើម​កុំ​ឱ្យមក​ស៊ី​តែ និង​ស្រោច​ទឹកយូរៗម្តង​នៅពេល​ដាំ​ដំបូង​ឱ្យ​កូន​មាក់ប្រាង​ធំ​ខ្ពស់​ផុតពី​សត្វពាហនៈ​ហើយ គេ​មិនបាច់​ថែទាំ​អ្វី​ទៀត​ទេ ដោយ​គ្រាន់តែ​ទុក​វា​ចោល​រហូតដល់​បាន​ផល​បេះ​ផ្លែ​លក់​តែម្តង។

    អ្នកស្រី​បញ្ជាក់ថា នៅក្នុង​ស្រុក​មេមត់ ដើម​មាក់ប្រាង​ត្រូវគេ​ដាំ​ជា​លក្ខណៈ​គ្រួសារ នៅតាម​ផ្ទះនីមួយៗ គ្រួសារ​ខ្លះ​មាន 10ដើម គ្រួសារ​ខ្លះ​មាន​ដល់ 20ដើម មិនមែនជា​ដំណាំ​ក​សិ-ឧស្សាហកម្មដូច​ដំណាំ​ម្រេច ឬ​ដំណាំផ្សេងៗទៀតឡើយ។ តែ​យ៉ាងណា ការដាំ​មាក់ប្រាង​នៅតាម​ផ្ទះ​វា​អាច​ផ្តល់​ផល​បានល្អ​ជាង​ដើម​រុក្ខជាតិ​ដទៃ​មួយចំនួនទៀត ក្រៅពី​ទាញយក​អាកាសធាតុ​ត្រជាក់ ផ្ដល់នូវ​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ​ដល់​ក្រុមគ្រួសារ​ហើយ​នោះ គេ​នៅ​អាច​បេះ​ផ្លែ​វា​លក់​បានជា​រៀងរាល់ឆ្នាំ និង​បាន​ចំណូល​ច្រើន​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ទៀតផង។

    ឈ្មួញ​ខាងលើ​បន្តថា ស្រុក​មេ​មេ​ត់​ជា​ស្រុក​មួយ​ដែល​សម្បូរ​ផ្លែឈើ​ហូប​ផ្លែ​ជាង​ស្រុក​ផ្សេងទៀត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ (អតីត​ស្រុក​មួយ​របស់​ខេត្តកំពង់ចាម) ហើយ​ផ្លែឈើ​ទាំងនោះ​ជា​ផ្លែឈើ​ធម្មជាតិ 100% ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព។ ករណីនេះ​អ្នកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យជួយ​គាំទ្រ​ផលិតផល​ផ្លែឈើ​ក្នុងស្រុក​ជាជាង​គាំទ្រ​ផ្លែឈើ​នាំចូល​ពី​ក្រៅប្រទេស​ដែល​ក្រៅតែពី​ការផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ក្រុមគ្រួសារ​ហើយ​នោះ វា​នៅ​អាចជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ខ្មែរ​យើង​បាន​មួយចំណែក​ទៀត​ដែរ៕

  • នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    នាយ ចឺម សម្រេចក្ដីប្រាថ្នាសង់វីឡាជូនឪពុកម្ដាយ បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារអាម៉េរិក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី22 ខែមីនា ឆ្នាំ 2018នេះ នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួន ដែលស្ដែងឱ្យដឹងថា លោក និងក្រុមគ្រួសារកំពុងរៀបចំពីធីសូត្រមន្ដ ក្រុងពាលីបុកគ្រិះសង់វីឡាថ្មី ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

    ជាការពិតណាស់ កន្លងមកតារាប្រុសរូបនេះធ្លាប់បានលើកឡើងថា « ក្តីប្រាថ្នាធំមួយ ក្នុងជីវិតនៅលីវរបស់ខ្ញុំ គឺសង់ផ្ទះអោយឪពុកម្តាយនៅស្រុកកំណើត ឱ្យបានស្អាត ឱ្យពួកគាត់រស់នៅ នោះទើបខ្ញុំចាប់ផ្តើមគិតរឿងជីវិតបន្តទៀត »។ យ៉ាងណាមិញ គេសង្កេតឃើញថា លោកតែនៅមិនទាន់បានបង្ហាញតម្រុយជីវិតខ្លួននោះយ៉ាងណាទេ ក្រៅពីបង្ហាញការបរិយាយលើរូបភាពដំបូងនៃការដំណើរការសាងសង់វីឡាថា « វីឡាដែលធ្វើនេះជាប្រភេ​ទ​វិឡាកូនកាត់ ពីរសន្លឹក ដោយជាងម៉ៅការក្នុងទំហំទឹកប្រាក់ 14 ម៉ឺនដុល្លារអាម៉េរិក ។ ដោយផ្ទះបុកគ្រឹះក្រុងពាលី នៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ខ្ញុំ »។

    គួរបញ្ជាក់ផងដែរថា ការបង្ហើបប្រាប់ពីតម្លៃខាងលើនេះ គឺត្រឹមតែជាងម៉ៅការធ្វើនោះទេ ខ្ទង់ចំណាយសរុបអស់ប៉ុន្មានបន្ថែមទៀតនោះ លោកនៅអាចបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយបានទេ ដូច្នោះហើយមានតែរងចាំមើលតាមដានស្ថានភាពជាក់ស្ដែងជាបន្ដទៀត ចំពោះព័ត៌មានបន្ថែម គេហទំព័រឡារ៉ែន ធ្វើបន្ដជម្រាបជូនប្រិយមិត្តជាបន្ដទៀត៕

  • Firmino៖ ខ្សែប្រយុទ្ធ Liverpool មិនមាន​សម្ពាធ​ដើម្បី​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Salah ឡើយ

    Firmino៖ ខ្សែប្រយុទ្ធ Liverpool មិនមាន​សម្ពាធ​ដើម្បី​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Salah ឡើយ

    ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool កំពុងតែ​ផ្តោតទៅលើ​ការ​អភិ​ឌ្ឍ​របស់​ក្លិប និង​មិន​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​នៃ​ការរក​គ្រាប់​បាល់​របស់​តារា​ឆ្នើម Mohamed Salah នៅ​រដូវ​កាល​នេះឡើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ខ្សែប្រយុទ្ធ Roberto Firmino។

    តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah កំពុងតែ​នាំមុខគេ​ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស​ប្រចាំ​ទ្វីបអឺរ៉ុប ដោយ​នាំមុខ​ពីលើ​ខ្សែប្រយុទ្ធ Lionel Messi របស់​ក្លិប Barcelona ក្រោយពី​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ 36គ្រាប់ និង​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន 12គ្រាប់​ផ្សេងទៀត ក្នុងការ​បង្ហាញខ្លួន 41លើក រាល់​យុទ្ធនាការ​ទាំងអស់ ក្នុង​រដូវ​កាល​ទី1របស់គេ​នៅឯ​ក្លិប Liverpool។

    នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​រូបគេ​មាន​អារម្មណ៍​រង​នូវ​សម្ពាធ​ទៅលើ​ការរំពឹងទុកផ្សេងៗដើម្បី​តាម​ស្មើ​ចំនួន​គ្រាប់​បាល់​របស់​មិត្ត​រួម​ក្រុម​របស់ខ្លួន ឬ​យ៉ាងណា​នោះ។ តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានឱ្យដឹងថា៖ «មិនអាច​ឡើយ។ មនុស្ស​ជាច្រើន​និយាយ​ពី​ភាពខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​យើង ដែល​ក៏មាន SadioMane ផងដែរ ប៉ុន្តែ យើង​មាន​ក្រុម​មួយ​ដែលមាន​គុណភាព​ពេញលេញ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ប្រយុទ្ធ។

    យើង​ត្រូវតែ​គិត​ជា​លក្ខណៈ​ក្រុម។ កីឡាករ​កាន់តែ​រកបាន​គ្រាប់​បាល់​ច្រើន នោះ​ក្រុម​យើង​ក៏​កាន់តែខ្លាំង​ដែរ។ Liverpool គឺជា​ក្រុម​មួយ​ដែល​ឈ្នះ​ក្នុងស្ថានភាព​នេះ»។ Firmino បាន​ស៊ុត​បាល់​បញ្ចូល​ទី 23គ្រាប់ នៅ​រដូវ​កាល​នេះ ស្រប​ពេលដែល Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី 14គ្រាប់ ខណៈដែល Liverpool កំពុងតែ​នាំមុខ​លើ​តារាង​នៃ​ការ​គ្រាប់​បាល់​នៃ​ក្របខ័ណ្ឌ Champions League តាមរយៈ​ការរកបាន 28គ្រាប់​មកទល់ពេលនេះ៕

    ប្រភពពី៖ Channel News Asia

  • រដ្ឋមន្ត្រីក្រសួង​អប់រំ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

    រដ្ឋមន្ត្រីក្រសួង​អប់រំ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

    គុណភាព និង​ចំណេះដឹង​របស់​ប្រជាជន ជា​ឆ្អឹងខ្នង​របស់​ប្រទេស​ដែល​ការអប់រំ ជា​ធាតុ​សំខាន់បំផុត​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សង្គម​មួយ​ប្រកបដោយ​ភាពរឹងមាំ និង​សក្តានុពល។

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា​បាន​ព្យាយាម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាពសំខាន់ៗដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើយ៉ាងណា​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​ក្លាយជា​កម្លាំង​ពលកម្ម​ស្នូល​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ទីផ្សារការងារ។ ទោះបីជា​យ៉ាងនេះ​ក្តី កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​បង្កើត​ដំណោះស្រាយ​ពី​គ្រប់​សមាសភាព​សង្គម។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដូចជា​បញ្ហា​គុណភាព​អប់រំ ការអនុវត្ត​ស្តង់ដារ​អប់រំ គុណភាព​គ្រូ​នៅមានកម្រិត វិសមភាព​នៃ​ធនធានមនុស្ស​ដែល​ចេញពី​សាលា និង​ទីផ្សារការងារ​ជាក់ស្តែង បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ទីជនបទ សម្ភារ​បរិក្ខារ​ពិសោធ និង​បញ្ហា​មួយចំនួន​ផ្សេងទៀត។ ឯកឧត្តម បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រសួង​បានធ្វើការ​លើកកម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ពិនិត្យ និង​កែលម្អ​សៀវភៅ​សិក្សា​ឡើងវិញ​ឱ្យ​ស្របតាម​កម្មវិធីសិក្សា​ថ្មី ផ្តល់​សម្ភារ​សិក្សា​បច្ចេកទេស​ដើម្បី​រៀន និង​បង្រៀន​ឱ្យបាន​កាន់តែច្រើន និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​តម្រង់ទិស​វិជ្ជាជីវៈ​នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «យើង​ក៏បាន​ជំរុញឱ្យមាន​ការសិក្សា​មុខវិជ្ជា​ស្ទែ​ម (STEM) និង​ការស្រាវជ្រាវ​នៅតាម​គ្រឹះស្ថានសិក្សា និង​ជំរុញឱ្យមាន​ការត្រួតពិនិត្យ​លើ​ការគ្រប់គ្រង​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស»។

    គួរ​រំឭក​ផងដែរ​ថា ក្រសួង​អប់រំ​បានធ្វើ​ការសហកា​រ​ជាមួយនឹង​ស្ថាប័ន​ជាច្រើន ដើម្បី​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ដល់​សិស្ស​ឱ្យមាន​ភាពស្មើគ្នា​លើ​ការអប់រំ ដោយ​ការបណ្តុះបណ្តាល​គ្រូ​ឱ្យមាន​ចំនួន​កាន់តែច្រើន រួមទាំង​ជំរុញ​ឱ្យ​អគារ​អប់រំ ធនធាន និង​សាលា​គំរូ​ជាច្រើន​នៅ​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​ស្វែងយល់​ពី​គំហើញថ្មីៗដោយមាន​ការពិសោធ​ជាក់ស្តែង​តែម្តង៕

  • Ronaldo បញ្ជាក់ថា ការជឿជាក់​លើ​ខ្លួនឯង គឺជា​គន្លឹះ​នាំទៅរក​ជ័យជម្នះ

    Ronaldo បញ្ជាក់ថា ការជឿជាក់​លើ​ខ្លួនឯង គឺជា​គន្លឹះ​នាំទៅរក​ជ័យជម្នះ

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​បញ្ជាក់ថា កូនសោ​ក្នុងការ​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​របស់គេ គឺជា​ការមិន​ជឿជាក់​លើ​នរណា​ទាំងអស់​ក្រៅពី​ខ្លួនឯង ហើយ​រូបគេ​បាន​ណែនាំ​ឱ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គេ​គួរ​ប្រកាន់យក​ឥរិយាបថ​ដូចគ្នានេះ។

    តារា​ឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បាន​បញ្ចេញមតិ​របស់​ខ្លួន​នៅពេលដែល​រូបគេ​បានទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ទីក្រុង Lisbon។ Ronaldo ដែល​បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន Euro ឆ្នាំ2016 ហើយ​បច្ចុប្បន្ន​កំពុងតែ​ផ្តោតអារម្មណ៍​ទៅលើ​ការ​ប្រជែង​ពាន World Cup ឆ្នាំ2018នោះ បានឱ្យដឹងថា៖ «យើង​គួរតែ​ជឿជាក់ថា យើង​ជា​ក្រុម​ខ្លាំង​បំផុត»។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្នក​ត្រូវតែ​គិត​ឱ្យបាន​ខ្ពស់។ ខ្ញុំ​តែងតែ​ជឿជាក់ថា គ្មាន​នរណាម្នាក់​ល្អប្រសើរ​ជាង​ខ្លួន​ខ្ញុំ​ឡើយ ក្នុងពេល​ស្ថិតនៅលើ​ទីលាន​ប្រកួត»។

    Ronaldo បាន​បន្ថែមទៀតថា៖ «ក្នុង​កម្រិត​បុគ្គលិក និង​ជា​ក្រុម ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​បានឈ្នះ​ពាន5 (ដែល​រួមមាន Champions League, UEFA Supercup, World Club Cup, La Liga និង ពាន Supercup របស់​អេ​ស្ប៉ា​ញ) ក៏ដូចជា​ពាន Ballon D’Or និង FIFA ‘Best»។

    Ronaldo ដែល​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក Ballon D’Or 5សម័យ​កាលនោះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅក្នុង​ទីក្រុង Lisbon ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​សុក្រ​នេះ និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្នុង​រយៈពេល 3ថ្ងៃ​ក្រោយមក៕

    ប្រភពពី៖ Channel News Asia