Category: សង្គម និងសេដ្ឋកិច្ច

  • វ៉ាន់ នីឡា ចេញមុខនិយាយពីរឿងប្រព័ន្ធតុលាការស្រុកខ្មែរ ក្រោយអតីតគូស្នេហ៍ទម្លាយរូបថតជិតចូលរោងការ

    វ៉ាន់ នីឡា ចេញមុខនិយាយពីរឿងប្រព័ន្ធតុលាការស្រុកខ្មែរ ក្រោយអតីតគូស្នេហ៍ទម្លាយរូបថតជិតចូលរោងការ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី វ៉ាន់​ នីឡា ឬមានឈ្មោះពិត សុខ ចិន្តា នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2018 នេះ បានបង្ហោះសារអមដោយជាមួយរូបភាពជាច្រើនសន្លឹក ដែលស្ដែងពីអារម្មណ៍មិនពេញចិត្តចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ខណៈក្រោយពេលអតីតគូស្នេហ៍បានបង្ហោះរូបភាពថត Pre-wedding និងជិតដល់ពេលចូលរោងការនោះ បានបណ្ដាលឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដែលរូបនាងផ្ទាល់បានអះអាងថា នាងនៅមិនទាន់បានទទួលភាពយុត្តិធម៌នៅឡើយទេ។

    កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារប្រកបដោយភាពឈឺចាប់ថា « ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសារព័ត៌មានកុំយល់ច្រលំ ភាពយុត្តិធម៌សម្រាប់ខ្ញុំមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្ណោះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនិងរកដំណោះស្រាយឱ្យខ្ញុំចេញជារូបជារាងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ »។

    សេចក្ដីឈឺចាប់ និងការទទូចទាមទាររកយុត្តិធម៌ បានបណ្ដាលនារីម្នាក់នេះ ហ៊ានបញ្ជាក់យ៉ាងដូច្នោះ « ខ្ញុំសូមជម្រាបថា ខ្ញុំអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញុំឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយ មិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់។ ស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ គ្នាគេ ឱ្យចាំ »។ ការទទូចរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនខ្មែរសង្រេងចិត្តជាខ្លាំង និងអាណិតដល់នាងជាអ្នករងគ្រោះ៕

  • ភ្ញាក់ផ្អើលពេញបណ្ដាញសង្កម ខណៈអតីតគូស្នេហ៍ វ៉ាន់ នីឡា ទម្លាយរូបថតជិតចូលរោងការ

    ភ្ញាក់ផ្អើលពេញបណ្ដាញសង្កម ខណៈអតីតគូស្នេហ៍ វ៉ាន់ នីឡា ទម្លាយរូបថតជិតចូលរោងការ

    ជុំវិញរឿងរ៉ាវបណ្ដឹង ឡើងតុលាការ ពាក់ព័ន្ធនឹងករណីទម្លាយរូបអាក្រាត និងប្រើហិង្សា របស់អតីតគូដណ្ដឹងលោក គុយ សិទ្ធសក្ដិ ជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា នៅតែមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយ ខណៈដែលតុលាការបានចេញសាលដីកា ឲ្យចាប់ឃាត់ខ្លួន ជនចាប់ចោទទៅហើយ កាលពីពេលថ្មីៗកន្លងមក ប៉ុន្តែគេនៅតែឃើញជនចាប់ចោទ ដើរហើរមានសេរីភាព ដូចជាជនសមញ្ញធម្មតា ពោលគឺចំណាត់ការរបស់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ គ្មានប្រសិទ្ធភាព ទាល់តែសោះ។

    ស្រាប់តែនៅពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលមែនទែន ខណៈដែលនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានទម្លាយរូប​ប​ថត Pre wedding ជាច្រើនសន្លឹក​ត្រូវ​បាន​លោក​គុយ សិទ្ធិ​សក្តិ ដែលស្ដែងឱ្យដឹងថា លោកគ្រោងនឹងចូលរោងការនាពេលខាងមុខឆាប់ៗនេះ បាននាំអនាគតភរិយាមកថត​ Pre wedding នៅបរិវេណនៃ​ប្រាសាទអង្គរវត្ត អមដោយសារនៅលើហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំរឹងមាំជាងម្សិលមិញ» នាពេល​ដែល​សាលដីកា​របស់​តុលាការ​មិនដឹង​អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ ។

    សូមរំឭកផងដែរថា កន្លងទៅ លោក សុខ ជំនោរ ធ្លាប់បានបង្ហាញពីការកើតទុក្ខមិនសុខចិត្ត នឹងចំណាត់ការរបស់តុលាការនេះ និងក្នុងនាមជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា ធ្លាប់បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «កុំនិយាយពីច្បាប់ និងតុលាការទៀតអី ខ្ញុំនិងគ្រួសារ ឆ្អែត និងយល់ច្បាស់ ពីអំណាច និងអ្នកមានលុយនៅស្រុកខ្មែរហើយ។ ពេលនេះ យើងចាញ់ ជនល្មើស!!!»។

    ជាការពីតណាស់ ពាក់ព័ន្ធបញ្ហានេះ ក៏មានអ្នកលេងបណ្ដាញសង្គមម្នាក់បាន​បង្ហោះ​លិខិត ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​វ៉ា​ន់ នី​ឡា ដោយ​ភ្ជាប់​រូបថត​លោក​ គុយ សិទ្ធ​សក្តិ ជាមួយ​សារ​ថា «​បើ​ជនល្មើស​ជា​មនុស្ស​ក្រក្រី គា្ម​ន​​បុណ្យ​​ស​កិ្ត ខ្ញុំ​ជឿ​100 % ចាប់ខ្លួន​មិន​បាន​10 ​នាទី​ទេ ប៉ុ​នែ្ត​បើ​ជនល្មើស​ជា​កូន​អ្នកមាន ឬ​បុណ្យ​ស​កិ្ត​10 ឆាំ្ន​ទៀត​ក៏​ចាប់​មិន​បាន​ដែរ ។ ជន​រង​គ្រោះរ​ស់ទាំង​ភ័យ​ខា្ល​ច តែ​បែរជា​ជនល្មើស​មាន​សេរីភាព​ទៅ​វិញ ថា​ខ្ញុំ​សាំ​ក៏​បាន ព្រោះ​ខ្ញុំ​សាំ​មែន តែ​មិនដឹង​អ្នក​ណា​សាំ​ជាង​ខ្ងុំ​ទៅ​ទៀត អង្គុយ​លើ​ច្បាប់ ស្រស់​ៗ »៕

  • ហូ​ឡង់ ជួយ​ឱ្យ​លោក Koeman ឈ្នះ​ជា​លើក​ទី1 តាមរយៈ​ការ​ផ្តួល​ព័រ​ទុយ​ហ្គា​ល់​ដោយ​ងាយ

    ហូ​ឡង់ ជួយ​ឱ្យ​លោក Koeman ឈ្នះ​ជា​លើក​ទី1 តាមរយៈ​ការ​ផ្តួល​ព័រ​ទុយ​ហ្គា​ល់​ដោយ​ងាយ

    លោក Ronald Koeman បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី1របស់ខ្លួន​ក្នុងនាម​ជា​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ខណៈដែល​ក្រុម​របស់លោក​ដណ្តើមបាន​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ទីក្រុង Geneva កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​ម្ចាស់​ជើងឯក​រង​នៃ​យុទ្ធនាការ World Cup 3សម័យកាល​មួយ​នេះ បាន​ខកខាន​ក្នុងការ​ឈ្នះ​កៅអី​របស់​ពួកគេ​សម្រាប់​យុទ្ធនាការ​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំនេះ​ក្នុងប្រទេស​រុស្ស៊ី ប៉ុន្តែ ការប្រកួត​ជា​លើក​ទី2 របស់លោក Koeman ក្នុងនាម​ជា​គ្រូបង្វឹក បានបញ្ចប់​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​គួរឱ្យ​ជឿជាក់​មួយ ក្រោយពី​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Memphis Depay, Ryan Babel និង Virgil van Dijk។

    វា​បាន​ក្លាយជា​រាត្រី​ដ៏​ខកចិត្ត​មួយ​សម្រាប់​ក្រុម​ម្ចាស់​ជើង​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់ នៅ​មុនពេល​យុទ្ធនាការ World Cup ខណៈដែល​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​សម្រាក​ត្រឹមតែ 3ថ្ងៃ​គត់ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​របស់គេ​ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 2-1 លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប។ លោក Fernando Santos គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បានឱ្យដឹងថា៖ «ពួកគេ​បាន​បង្កើត​ឱកាស 4លើក និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន 3គ្រាប់ ពួកគេ​ពិតជា​ស័ក្តិសម​ក្នុងការ​ទទួលបាន​ជ័យជម្នះ»។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ដែល​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស 1-០ ក្នុង​ទីក្រុង Amsterdam កាលពី​ថ្ងៃ​សុក្រ​នោះ បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី11 តាមរយៈ​គ្រាប់​បាល់​របស់ Depay នៅមុន​ពេល Babel និង Van Dijkបាន​បន្ថែម 2គ្រាប់​ទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​របស់លោក Koeman៕

    ប្រភពពី៖ Channel News Asia

  • លោក Southgate៖ កីឡាករ​ជម្រើសជាតិ​អង់គ្លេស នៅតែមាន​កៅអី​ក្នុងការ​ទៅ​ដណ្តើមពាន World Cup

    លោក Southgate៖ កីឡាករ​ជម្រើសជាតិ​អង់គ្លេស នៅតែមាន​កៅអី​ក្នុងការ​ទៅ​ដណ្តើមពាន World Cup

    លោក Gareth Southgateបាន​ថ្លែងប្រាប់​ពី​សេចក្តីសង្ឃឹម​ក្នុង​យុទ្ធនាការ World Cup របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថា វា​នៅតែមាន​កៅអី​ជាច្រើន​ក្នុងការ​ដណ្តើមយក ខណៈដែល​គ្រូបង្វឹក​រូបនេះ​ត្រៀម​ជ្រើស​រើសយក​ក្រុម​ចុងក្រោយ​របស់លោក​ស​ម្រា​ប់​យុទ្ធនាការ​នៅក្នុង​ប្រទេស​រុស្ស៊ី នាពេល​ខាងមុខនេះ។

    លោក Southgate ត្រូវតែ​បញ្ជូន​ឈ្មោះ​កីឡាករ​ទាំង 23នាក់​របស់លោក​សម្រាប់​យុទ្ធនាការ World Cup មិនឱ្យ​យឺត​ជាង​ថ្ងៃទី4 ខែមិថុនា​ឡើយ ប៉ុន្តែ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ចង់​បំពេញ​ការជ្រើសរើស​រប​ស់លោក​នៅមុន​ពេល​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ថ្ងៃទី2 ខែមិថុនា។

    លោក Southgate ចង់បាន​ក្រុម​ចុងក្រោយ​ដែល​ល្អ​បំផុត​របស់លោក​សម្រាប់​យុទ្ធនាការ World Cup មក​ធ្វើការ​កម្តៅ​សាច់ដុំ​រួមគ្នា​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា និង​កូ​ស្តា​រី​កា ដែល​មានន័យថា ការប្រកួត​នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី នា​កីឡដ្ឋាន Wembley នឹង​បង្ហាញ​ពី​ឱកាស​ដ៏​សំខាន់​ក្នុងការ​ប្រជែង​យក​កៅអី​មួយ​ទៅកាន់​ប្រទេស​រុស្ស៊ី​របស់​កីឡាករ​ជម្រើសជាតិ​អង់គ្លេស។

    ក្រោយពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ លើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ កាលពី​ថ្ងៃ​សុក្រ លោក Southgate កំពុង​តែមាន​ផែនការ​ក្នុងការ​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​នៅពេល​ប្រកួត​ជាមួយនឹង​អ៊ីតាលី ដើម្បី​ផ្តល់ឱកាស​ចុងក្រោយ​ដល់​កីឡាករម្នាក់ៗ ក្នុងការ​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ។ លោក Southgate បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ​ថា៖ «វា​មិនទាន់​យឺត​ពេល​ទេ​សម្រាប់​គ្រប់​កីឡាករ​ទាំងអស់។ យើង​នឹង​នៅតែ​ពិនិត្យមើលគ្រប់ៗគ្នា​រហូតដល់​ចុងរដូវ​កាល​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1រំលងអធ្រាត្រ៕

    ប្រភពពី៖ Channel News Asia

  • សុគន្ធ នីសា និយាយពីរឿងវប្បធម៌ខ្មែរ

    សុគន្ធ នីសា និយាយពីរឿងវប្បធម៌ខ្មែរ

    តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុកនៅពេលថ្មីៗនេះ​គេមើលឃើញថា តារាចម្រៀងខ្មែរជាច្រើនដួងបានបំផុតគំនិតយុវជនយុវតីខ្មែរឱ្យស្រឡាញ់វប្បធម៌ ប្រពៃណីខ្មែរ ដែលជាដួងព្រលឹងអត្តសញ្ញាណជាតិ និងអភិរក្សអ្វីដែលខ្មែរមានពីបុរាណកាល។ ក៏ដូចគ្នានោះ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សុគន្ធ នីសា ក៏បានចូលរួមជាមួយការជំរុញទឹកចិត្តឱ្យស្រឡាញ់ពីវប្បធម៌ខ្មែរផងដែរ។

    មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញប្អូនយុវវ័យជំនាន់ក្រោយពុំសូវជាអើពើចំពោះវិស័យសិល្បៈសម័យបុរាណខ្មែរ ដែលកំពុងតែវិវឌ្ឍន៍ទៅរកការបំភ្លេចម្ដងបន្ដិចៗ ខណៈទីផ្សារចម្រៀងនិងវប្បធម៌បរទេសមួយចំនួន កំពុងបញ្ជ្រៀតចូលវាយលុកលើសង្គមខ្មែរនាពេលបច្ចុប្បន្ន។ ជាហេតុមួយនាំឱ្យកូនខ្មែរ ជាអ្នកស្នេហាវប្បធម៌ ជាតិសាសន៍របស់ខ្លួន បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង។

    ជាការពិតណាស់ ថ្មីនេះមានការកំផុសស្មារតីតារាចម្រៀងហង្សមាស អ្នកនាង សុគន្ធ និសា នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាង បានបង្ហោះភ្ជាបរូបភាពជាច្រើន សន្លឹក ព្រមជាមួយការសរសេរបង្ហាញ ពីគំនិតរបស់ខ្លួន ដែលតែងតែនៅជិត និងបារម្ភជានិច្ច ចំពោះតម្លៃវប្បធម៌ជាតិខ្មែរ។ ពិសេស នាងក៏បានអំពាវនាវ ឲ្យមានការចូលរួមគាំទ្រ និងអភិរក្សផងដែរ។

    អ្នកនាង សុគន្ធ និសា បានបញ្ជាក់ថា «ដើម្បីវប្បធម៌ ក៏ដើម្បីខ្លួនខ្ញុំ វប្បធម៌នៅរស់ខ្ញុំក៏រស់ ព្រោះវប្បធម៌ គឺជាព្រលឹងខ្ញុំ និងជាព្រលឹងខ្មែរដូចគ្នា ខ្ញុំជួយថែខ្លួន ខ្ញុំដោយការសម្តែង អ្នកក៏ត្រូវថែខ្លួនអ្នកដោយការគាំទ្រផងដែរ។ សូមជួយគាំទ្រទាំងអស់គ្នា សិល្បៈវប្បធម៌ ល្ខោនបាសាក់ របស់ជាតិយើងគាំទ្រ ទាំងអស់គ្នាណា!»៕

  • ពាណិជ្ជករ និង​កសិករ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ទទួលបាន​ការសម្រួល​ថ្មី ផ្នែក​ពាណិជ្ជកម្ម

    ពាណិជ្ជករ និង​កសិករ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ទទួលបាន​ការសម្រួល​ថ្មី ផ្នែក​ពាណិជ្ជកម្ម

    ក្រោយពី​ការ​ត្អួ​ញ​ត្អែ​រ​អំពី​ភាពលំបាក​ស្មុគស្មាញ​ក្នុង​ការទទួល​បានការ​អនុញ្ញាតឱ្យ​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​បរទេស​អស់​រយៈពេល​ដ៏​យូរ​មក ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​ដល់​មន្ទីរ​ពាណិជ្ជ​កម្ម​ចំនួន4ខេត្ត ដែល​ស្ថិត​នៅជាប់​ព្រំដែន​ថៃ​ឱ្យ​អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​បាន។

    យោងតាម​ក្រសួងពាណិជ្ជកម្ម ខេត្ត​ចំនួន4 ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃឡង់​ដ៍ នឹង​ទទួលបាន​សិទ្ធិ​ចេញ “វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ” ទម្រង់​D សម្រាប់​ការនាំចេញ​កសិផល ដែល​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អះអាងថា វា​ជា​ផ្នែក​មួយ​ដែល​សម្រួល​ដល់​ការនាំចេញ​កសិផល​ជូន​ពាណិជ្ជករ និង​ប្រជាកសិករ​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា-ថៃឡង់​ដ៏។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានចាត់ទុក​ការធ្វើប្រតិភូកម្ម​នេះ​ជា​ភ័ស្តុតាង​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយកំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​លើកស្ទួយ និង​ការសម្រួល​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស។

    ខេត្ត​ចំនួន4 ដែល​ទទួលបាន​ការធ្វើ​ប្រតិភូកម្ម​អំណាច​ក្នុងពេលថ្មីៗនេះ រួមមានៈ ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ។ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់ថា៖“ ការធ្វើ​ប្រតិភូ​កម្មនេះ​មិន​ត្រឹមតែ​ជាការ​ផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជាការ​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ចៀសវាងនូវ​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល ជាយថាហេតុ។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀតថា ក្រសួង​នឹង​បន្តធ្វើ​ប្រតិភូកម្ម​សេវាសាធារណៈ​នេះ ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែនផ្សេងៗទៀត​នាពេល​អនាគត ទន្ទឹមគ្នា​នឹង​ការបណ្តុះ​ប​ណា្ត​ល​មន្ត្រីរាជការ​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​ទាក់ទង​វិធាន​ប្រភពដើម​ទំនិញ ក៏​ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចេញ CO ផងដែរ។

    យោងតាម​ការបញ្ជាក់រ​បស់ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែលជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត4 ដែល​ទើប​ទទួលបាន​ប្រតិភូកម្ម​អំណាច​ក្នុង​ការចេញលិខិត​ប្រភពដើម​ទំនិញ​បានឱ្យដឹងថា ប្រជាជន​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​ច្រើន​លើសលប់ ដែលមាន​បរិមាណ​រហូត​ដល់ 2លាន​តោន​ក្នុង 1ឆ្នាំៗ ហើយ​ទីផ្សារ​សម្រាប់​ដំឡូង​មី​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​ថៃ​ប៉ុណ្ណោះ។

    ក្រសួងពាណិជ្ជកម្ម​បាន​ផ្សព្វផ្សាយ​ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ការខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានាឱ្យមាន​ការអភិវឌ្ឍ​ដ៏​ទូលំទូលាយ ប្រកបដោយ​និរន្តរភាព ព្រមទាំង​ដើម្បី​ពង្រឹង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត និង​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ចាប់តាំងពី​ឆ្នាំ2005។

    បើតាម​ទិន្ន័យ​របស់​នាយកដ្ឋាន​នាំចេញ-នាំចូល​បានឱ្យដឹងថា ការនាំចេញ​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​បាន​កើនឡើង​រហូតដល់ 11,153លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 ពោលគឺ​ស្មើនឹង​ជាង18% បើ​ប្រៀបធៀប​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 9,421លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    ដោយឡែក​ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង 66% គឺ​ពី​ទឹកប្រាក់ 728លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 រហូតដល់​ទឹកប្រាក់ 1,214លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ2017៕

  • លោកជំទាវ អ៊ុក ម៉ាលី៖ ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលផល​ចំណេញ

    លោកជំទាវ អ៊ុក ម៉ាលី៖ ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលផល​ចំណេញ

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា ប្រាក់​ដុល្លារ​អាមេរិក​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​យ៉ាង​ទូលំទូលាយ ដែល​ប្រើប្រាស់​ដោយ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​រួមទាំង​ជនបរទេស​ផងដែរ​តាមរយៈ​ជំនួយ ការបណ្តាក់ទុន និង​ទេសចរណ៍​ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​មិនទាន់​បានដឹងថា តើ​ប្រាក់​ដុល្លារ​នេះ​ចាប់ផ្តើម​ចរាចរ​ចូលមក​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ពេលណា​មក ហើយ​ប៉ះពាល់​ដល់​រូបិយវត្ថុ​ជាតិ(ប្រាក់រៀល)យ៉ាងដូចម្តេច​នោះទេ?។

    លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឱ្យដឹង​ក្នុង​ទិវា​ប្រាក់រៀល និង​អបអរសាទរ​ខួប​លើក​ទី38 នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​កាលពី​សប្តាហ៍​មុន​ថា កម្ពុជា​បានចាប់ផ្តើម​មាន​រូបិយ​វត្ថុ​ដែល​រួមចំណែក​តំណាងឱ្យ​និមិត្តរូប  និង​អធិបតេយ្យភាព​ជាតិ និង​បម្រើ​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម។ ជាការ​ពិតណាស់ នៅ​រយៈកាល​ដំបូងនៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ កម្ពុជា​ជួបនឹង​ឧបសគ្គធំៗជាច្រើន ដោយសារ​ប្រជាជន​មិនសូវមាន​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​របស់​ជាតិ ហើយ​សេដ្ឋកិច្ច​កំពុងស្ថិត​ក្នុង​ភាព​ខ្សត់ខ្សោយ និង​ប្រជាជន​នៅមាន​ការភ័យខ្លាច​ពី​សង្គ្រាមស៊ីវិល​នៅឡើយ។

    នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ1980 ប្រជាពលរដ្ឋ​នៅតែ​ធ្វើការ​ដោះដូរ​ទំនិញ​ជាមួយនឹង​វត្ថុផ្សេងៗដូចជា​មាស ប្រាក់ អង្ករ និង​របស់របរ​ប្រើប្រាស់​មានតម្លៃ​មួយចំនួនទៀត បើទោះបីជា​ប្រាក់រៀល​មាន​វត្តមានហើយក៏​ដោយ។

    នៅពេលនោះ រដ្ឋាភិបាល​បាន​ខិតខំ​បញ្ចូល​ការប្រើប្រាស់​ប្រាក់រៀល​ទៅក្នុង​សេដ្ឋកិច្ចជាតិ​ជា​លំដាប់​តាមរយៈ​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​រដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ និង​ការចំណាយ​របស់​រដ្ឋ ជាពិសេស​លើ​ការទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ និង​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​រដ្ឋ និង​ប្រជាជន​ដើម្បី​ស្តារ​ផលិតកម្ម​ក្នុងស្រុក ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​ឡើងវិញ។

    ទោះ​យ៉ាងណា ស្ថិតក្នុង​ស្ថានភាព​អូសបន្លាយ​នៃ​សង្គ្រាមស៊ីវិល​គួបផ្សំ​នឹង​ការហូរចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ1992-1993ដែល​នាំមក​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា(UNTAC)បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ដែល​កំពុងមាន​ជំនឿ​ចិត្តទន់​ខ្សោយ​មកលើ​ប្រាក់រៀល​ស្រាប់​ផង​នោះ ក៏​ទទួលយក​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ1990នោះមក​តែម្ដង។

    ស្រប​ពេលដែល​ប្រាក់​ដុល្លារ​ធ្វើ​ចរាចរណ៍​កាន់តែច្រើនឡើងៗនោះ បានធ្វើឱ្យ​ប្រាក់រៀល​ទទួល​រង​នូវ​បញ្ហា​ប្រឈម​ដ៏​ធំថ្មី​មួយទៀត​គឺ បញ្ហា​ដុល្លា​រូបនីយកម្ម​ខ្ពស់​ដែល​តាម​បទពិសោធ​អន្តរជាតិ​បានបង្ហាញថា កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​យូរ និង​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើន​តទៅទៀត​ទាំងពី​សំណាក់​អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​កម្រិត​ដុល្លា​រូបនីយកម្ម​ពី​សេដ្ឋកិច្ច​របស់ខ្លួន។

    ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​បន្ត​ហូរ​ចូលមក​កម្ពុជា​តាមរយៈ​ជំនួយ ការវិនិយោគ និង​ចំណូល​ពី​ការនាំចេញ និង​ទេសចរណ៍ ខណៈពេលដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​បើកទូលាយ​ទៅកាន់​ពិភពលោក។ លំហូរ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ទាំងនេះ​បានធ្វើឱ្យ​កម្រិត​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​រហូតដល់83% (ដែល​វាស់វែង​ដោយ​ផលធៀប​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយវត្ថុ​ទូទៅ – FCD/M2)។

    ទោះយ៉ាងណា កម្ពុជា​ក៏​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រាក់​ដុល្លារ​អាមេរិក នា​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​ទន់ខ្សោយ រួម​នឹង​ជំនឿ​ទុកចិត្ត​ដ៏​តិចតួច​លើ​រូបិយវត្ថុ​ជាតិ​ផងដែរ​នោះ។ ក៏ប៉ុន្តែ​នៅពេលដែល​ទំហំ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកធំឡើង ដុល្លា​រូបនីយកម្ម​បាន​បង្កើន​ការចំណាយ និង​ភាព​ងាយ​រងគ្រោះ​មកលើ​សេដ្ឋកិច្ចកម្ពុជា ដោយសារតែ​ដុល្លា​រូបនីយកម្ម​បានដាក់​កំហិត​លើ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​កំណត់​កម្រិត​អត្រា​ការប្រាក់​សមស្រប​ដើម្បី​គាំទ្រ​ការវិនិយោគ​ក៏ដូចជា​កំណើនសេដ្ឋកិច្ច។

    លោកជំទាវ​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលបាន​ផលចំណេញចម្បងៗទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដូចជា៖

    1.ពង្រឹង​អត្តសញ្ញាណ​ជាតិ ដោយសារ​ប្រាក់រៀល​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ផងដែរ។

    2.បង្កើន​ទុនបម្រុង​ជាតិ​របស់​កម្ពុជា​ដែល​ពង្រឹង​ភាព​ធន់​មាំ​នៃ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ។

    3.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    4.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​អត្រា​ប្តូរប្រាក់​ដែល​នឹង​រួមចំណែក​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​រួមចំណែក​ជួយ​សេដ្ឋកិច្ច​នៅពេល​មានការ​ប៉ះទង្គិច​ជាយថាហេតុ​ណាមួយ។

    5.បង្កើន​ចំណូល​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ដែល​នឹង​រួមចំណែក​បង្កើន​ចំណូល​ជូន​រាជរដ្ឋាភិបាល​ដើម្បី​យកទៅ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការចំណាយ​សាធារណៈ​ជាដើម។

    និង6.ពង្រឹង​អធិបតេយ្យភាព​រូបិយវត្ថុ ដោយ​កាត់បន្ថយ​ភាព​ងាយ​រង​ឥទ្ធិពល​ពី​ការប្រែប្រួល​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ។

    គួរ​បញ្ជាក់ថា ក្នុង​រយៈពេល 20ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​ក្នុង​អត្រា​មធ្យម​ប្រមាណ 7% ជាមួយ​អតិផរណា​ទាប​ប្រមាណ3%។ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​អត្រា​មធ្យម​ប្រមាណ4,025 រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ហើយ​ទុនបម្រុង​ជាតិ​បាន​កើន​ដល់​កម្រិត​ខ្ពស់ និង​អាច​ទូទាត់​ការនាំ​ចូល​ទំនិញ និង​សេវា​បាន 6ខែ ដែល​ខ្ពស់ជាង​កម្រិត​គួរ​មាន​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍(3ខែ)។

    កត្តា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទាំងនេះ គឺជា​មូលដ្ឋានគ្រឹះ និង​ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​រឹងមាំ​មួយ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ។ ជាក់ស្តែង​រូបិយវត្ថុ​ក្នុង​ច​រាចរណ៍ និង​ប្រាក់​បញ្ញើ​ជា​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើងជា​មធ្យម16% និង 19% រៀង​គ្នា។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រាក់រៀល​នាពេល​បច្ចុប្បន្ន​នៅតែមាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ៕

  • កាន់តែកក្រើក !! « មាន់ស្រែបន្លែស្រស់ » ទាក់ទាញអារម្មណ៍ខ្លាំងព្រោះមានឈុតសម្លៀកបំពាក់បុរាណ

    កាន់តែកក្រើក !! « មាន់ស្រែបន្លែស្រស់ » ទាក់ទាញអារម្មណ៍ខ្លាំងព្រោះមានឈុតសម្លៀកបំពាក់បុរាណ

    កាន់តែប្លែកអារម្មណ៍ទៀតហើយ ជាមួយការសម្ដែងរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ ដែលបានបង្ហាញបទថ្មីស្ទាយប្លែកចង្វាក់កន្ទ្រាក់អារម្មណ៍មានចំណងជើងថា « មាន់ស្រែបន្លែស្រស់ » ព្រមទាំងបានរំលេចពាក្យពេចន៍ទាក់ទាញទន្ទេញជាប់មាត់នោះគឺ «ត្រៀមខ្លួនហើយនៅ? បាចស្រូវបាចអង្ក! »។ បទចម្រៀងថ្មីនេះ ក៏មានការតុងតែងខ្លួនបែបសម័យបារាំង ធ្វើឱ្យមហាជនលោកចាប់អារម្មណ៍ខ្លាំងបំផុត និងជាពិសេសមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា ស្រីស្អាត ប៉ាច គីមមួយ នាយក្រឹម ស្រីលាភ យាយអឿន និងតារាកិត្តិយសជាច្រើនដួងទៀត។

    សូមជម្រាបជូនបន្ថែមថា កាលពីឆ្នាំកន្លងទៅកំពូលតារាចម្រៀងរូបនេះ មានទទួលបានប្រជាប្រិយភាពខ្លាំងចំពោះបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង សង្កេតឃើញមានផ្ទុះខ្លាំងជាមួយបទ«រាំអីចេះ» ដែលនៅគ្រប់​ទីវត្តអារ៉ាម​ទាំង​អស់ត្រូវបានចាក់បន្លឺឡើងគ្រប់ទិសគ្រប់ទី និងបទមានសន្ទុះបន្ទាប់គឺបទ« រាំកូរណាស់ចែរ»។ តែដោយឡែកសម្រាប់​ឆ្នាំ2018 នេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ អាចវ៉ាបទតារា​ចម្រៀង​ប្រុសៗទាំងឡាយបានទៀតឬយ៉ាងណា ប៉ុន្ដែគេចាប់អារម្មណ៏ថាបទ« មាន់ស្រែបន្លែស្រស់» នេះ នៅទើបចេញជា Audio នោះ ក៏មានការចាប់អារម្មណ៏ច្រើនបាត់ទៅហើយ។

    ចង់ដឹងថា តើបទចម្រៀង « មាន់ស្រែបន្លែស្រស់ » ទាក់ទាញដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ធនាគារពិភពលោក៖ សេវា​ថាមពល​កើនឡើង ប៉ុន្តែ​គុណភាព​ត្រូវតែ​កែលម្អ

    ធនាគារពិភពលោក៖ សេវា​ថាមពល​កើនឡើង ប៉ុន្តែ​គុណភាព​ត្រូវតែ​កែលម្អ

    របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បាន​រកឃើញថា កម្ពុជា​ទទួលបាន​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​កាន់​តែ​ធំ​ទូលាយ​រហូតដល់ 71.5ភាគរយ​នៃ​គ្រួសារ​នៅ​ទូទាំងប្រទេស  ប៉ុន្តែ​សេវាកម្ម​ផ្គត់ផ្គង់​ត្រូវតែ​កែសម្រួល​ឱ្យ​ប្រសើរ​ជាង​នេះ ដោយសារ​ប្រជាជន​រហូត 33ភាគរយ នៅតែ​ត្អួ​ញ​ត្អែ​រ​ពី​ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី។

    របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រោម​ចំណងជើង​ថា កម្ពុជា​លើសពី​ការតភ្ជាប់​បណ្តាញ៖ ការវិនិច្ឆ័យ​តាម​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​លើ​លទ្ធភាព​ទទួលបាន​ថាមពល​បាន​រកឃើញថា នៅ​ទូទាំងប្រទេស គ្រួសារ​ជនកម្ពុជា​ចំនួន​ជិត 90ភាគរយ​មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងហោចណាស់​រយៈពេល 4ម៉ោង​ក្នុង1ថ្ងៃ។

    របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដដែល​បានឱ្យដឹងថា នៅ​តំបន់​ជនបទ​បច្ចុប្បន្ន​មានគ្រួសារ​ចំនួន 30ភាគរយ​ដែល​ពឹង​ផ្អែកលើ​ប្រភព​ថាមពល​អគ្គិសនី​មិនមែនបណ្តាញ​ចែកចាយ​រដ្ឋ​ដើម្បី​ទទួលបាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ក្នុងនោះ​មាន​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​លំនៅឋាន ចង្កៀងគោម​ប្រើ​ថាមពលព្រះអាទិត្យ និង​អាគុយ​សាក​ភ្លើង។

    ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ និង​ចែកចាយ​ចរន្ត  ឱ្យបាន​កាន់តែ​ល្អ ក៏ដូចជា​ការលើកកម្ពស់​ពង្រីក​ការតភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​រដ្ឋ និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យតាម​លំនៅឋាន និង​នាំឱ្យ​កម្ពុជា​ពង្រឹង​បាន​កាន់តែ​រឹងមាំ​នូវ​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់ខ្លួន។

    បើទោះបីជា​កំណើន​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​ភាពប្រសើរឡើង​យ៉ាងណាក៏ដោយ ប៉ុន្តែ​គុណភាព​របស់​សេវាកម្ម​នៅ​អន់ថយ​នៅឡើយ ដែល​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការរស់នៅ និង ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ។

    របាយការណ៍​នោះបាន​ឱ្យដឹងថា បញ្ហា​ប្រឈម​ធំជាងគេ​គឺ ភាព​ទុកចិត្តបាន (ការ​ដាច់​ចរន្ត​ញឹកញាប់)និង​គុណភាព (បញ្ហា​តង់ស្យុង​ឡើង​ចុះ)នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ ដោយសារ​ជាង​ពាក់កណ្តាល​នៃ​លំនៅឋាន​ដែល​ភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​បាន​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជាង 14លើក​ក្នុង​មួយ​សប្តាហ៍ (ជា​មធ្យម​ប្រហែល 6នាទី​ក្នុង​មួយ​លើក)។ 33ភាគរយ​នៃ​អ្នកប្រើប្រាស់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ​និយាយថា ពួកគេ​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​តង់ស្យុង​អគ្គិសនី​ឡើង​ចុះ​ខ្លាំងណាស់។

    លោកស្រី អុ​ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ថាមពល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាសាធារណៈ​ដែល​ពង្រីក​ឱកាស​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​ផាសុកភាព និង​គុណភាព​កាន់តែ​ល្អ​ជាង​មុន។

    លោកស្រី​ថែមទាំង​បាន​បញ្ជាក់ថា៖ “កម្ពុជា​ជា​ប្រទេស​ទី1នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​ត្រូវបានធ្វើ​ការអង្កេត​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​នេះ​ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តីពី​លទ្ធភាព​ទទួលបាន​ថាមពល​អគ្គិសនី​តាម​គ្រួសារ សម្រាប់​យកទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល​នេះ។

    ឯកឧត្តម ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទទួលស្គាល់ថា  គុណភាព​របស់​សេវាកម្ម​អគ្គិសនី​ពិតជា​នៅ​ខ្សោយ​មែន ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែមទៀត​សម្រាប់​ធានា​ដល់​ការរីកចម្រើន​នៃ​អាជីវកម្ម ដែលជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង។ ឯកឧត្តម ទី នរិន្ទ បាន​បញ្ជាក់ថា៖ “កម្ពុជា​សម្រេចបាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​ចរន្តអគ្គិសនី​ទៅដល់​បណ្តា​ភូមិ​នានា និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ក៏​ទទួលបាន​នៅក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ។ អាស្រ័យហេតុនេះ ពេលនេះ​ជា​ពេលដែល​យើង​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់​យើង​ទៅ​ពង្រឹង​ភាព​គួរ​ទុកចិត្តបាន និង​គុណភាព​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ និង​ធុរកិច្ច​លួត​លាស់​បានល្អ។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់បាន​អះអាង​កាលពីពេល​កន្លងមក​ថា ដំណើរការ​ទំនប់​សេ​សាន្ត​ក្រោម2 នឹងធ្វើ​ឱ្យ​វិស័យ​ថាមពល​នៅ​កម្ពុជា​កាន់​តែមាន​ស្ថេរភាព ដោយ​កម្ពុជា​នឹង​កាត់បន្ថយ​ការខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ការផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន​ដែលមាន​កំណើន​ក្នុង​រង្វង់​ជិត 20ភាគរយ​ប្រចាំឆ្នាំ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម2 ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម។

    ឯកឧត្តម ស៊ុយ សែម បាន​អះអាងថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម2 ដែល​សាងសង់ឡើង​នៅ​ខេត្តស្ទឹងត្រែង​នឹងមាន​កម្លាំង​ផលិត​ថាមពល​សរុប 400មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ម៉ោង ខណៈដែល​ការផលិត​ថាមពល​នឹងធ្វើ​ឡើង​នៅ​ចុង​ខែតុលា​សម្រាប់​តួប៊ីន​ទី1 រីឯ​តួប៊ីន7ផ្សេងទៀត​នឹងត្រូវ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ2018នេះ។

    របាយការណ៍​របស់​អា​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ2016 ការតភ្ជាប់​បណ្តាញ​បាន​ចំនួន 100,589ភូមិ​នៅ​ទូទាំងប្រទេស​ដែល​ស្មើនឹង74.74%នៃ​ភូមិ​សរុប​នៅ​ទូទាំងប្រទេស ហើយភ្ជាប់​ចរន្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន 191ម៉ឺន​ខ្នង​ផ្ទះ ត្រូវជា 58%នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប។

    របាយការណ៍​ដដែល​បាន​បន្ថែមថា ចំពោះ​កា​រត​ភ្ចា​ប់​បណ្តាញ​អគ្គិសនី​ជាតិ បច្ចុប្បន្ននេះ​មាន​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់ 115គីឡូវ៉ុល និង 230គីឡូវ៉ុល​ប្រវែង 1,525គីឡូម៉ែត្រ និង​មាន​អនុ​ស្ថានីយ​ចំនួន25កន្លែង​ដែល​គ្របដណ្តប់​លើ​ខេត្ត​ក្រុង​ចំនួន14រួចហើយ និង​ភ្ជាប់​បន្ថែម​នៅ​ខេត្ត​ចំនួន 9ផ្សេងទៀត​នៅ​ឆ្នាំ2018 ហើយ​ខេត្ត​ពីរ​ចុងក្រោយ​គឺ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងត្រូវ​ភ្ជាប់​នៅ​ដើមឆ្នាំ2020៕

  • មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សរសើរ​ពី​សេដ្ឋកិច្ចកម្ពុជា

    មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សរសើរ​ពី​សេដ្ឋកិច្ចកម្ពុជា

    បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រយៈពេល10ថ្ងៃ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដោយ​លើកសរសើរ​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។

    លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត បានលើកឡើង​នៅក្នុង​របាយការណ៍​នោះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​បានផ្តល់​ធនធាន​សម្រាប់​ការលើកកម្ពស់​កិច្ចការពារ​សង្គម និង​ការទទួលបាន​ការអប់រំ ការងារ និង​កិច្ច​គាំពារ​សុខភាព​សមរម្យ «ខ្ញុំ​រីករាយ​ចំពោះ​ផែនការអភិវឌ្ឍន៍ សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​សុខភាព និង​ធ្វើការ​ឈានទៅរក​លទ្ធភាព​ទទួលបាន​កិច្ច​គាំពារ​សុខភាព​ជាស​កល»។

    ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ លោក​ថា កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 ដោយ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជា​សារ​វ័​ន្ត នៃ​ការកែទម្រង់សំខាន់ៗ និង​ជា​បន្តបន្ទាប់។

    ផ្អែកលើ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​ធានាបាន​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស​ធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន។ ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស. តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ អាមេរិក​ក្នុង​ឆ្នាំ2013 ដល់89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ អាមេរិក​នៅ​ឆ្នាំ2018៕