Category: សង្គម និងសេដ្ឋកិច្ច

  • « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ រងការរិះគន់ខ្លាំងថា ចម្លងស្ទាយគេ

    « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ រងការរិះគន់ខ្លាំងថា ចម្លងស្ទាយគេ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មី!នេះ គេមើលឃើញថា ក្រោយពីចេញបទ « ក្បាច់កង្កែប» របស់កូនប្រុសទាំងបីរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលកំពុងតែទាញបានប្រជាប្រិយភាពផងនោះ ស្រាប់តែថ្មីនេះទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ថាបទថ្មី របស់លោក សុវត្ថិ មុនីវណ្ណ លួចចម្លងស្ទាយពីគេមក។ ទន្ទឹមជាមួយបទចម្រៀងដែលកំពុងពេញនិយមខ្លាំងជាពិសេសស្រទាប់យុវវ័យបទ « ស្រលាញ់អូន​ស្លៀកខោរហែក» ស្រាប់តែតារាពន្លកថ្មី សុវត្ថិ មុនីវណ្ណបានចេញបទស្រដៀងហ្នឹងដែរបទ « ស្រលាញ់អូន​ស្លៀកខោរឹប» ធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃថាកាឡៃពីគេ នេះជាលើកទីពីរហើយដែល​កូន​ប្រុសច្បងលោកព្រាប សុវត្ថិភាពរងការរិះគន់។

    ជាមួយនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមបានរិះគ​ន់ចំពោះបទ « ស្រលាញ់អូន​ស្លៀកខោរឹប» របស់លោក សុវត្ថិ មុនីវណ្ណ ថា « ចំណងជើង​ស្រដៀង​ បទ​ភ្លេង​ក៏ស្រដៀងទៀត​មិនចេះនិពន្ធ​ឲ្យ​ប្លែក​សោះ? គេល្បីតាមគេកប់ »។ ខ្លះទៀតថា « ចម្លងភ្លេងសឹងតែទាំងអស់តែបានកាឡៃយោង​ ហើយច្រៀងស្រដៀងគ្នាទៀត​ ឥឡូវមិនដឹងគិតយ៉ាងម៉េចទេ​ កូនខ្មែរចម្លងបទគ្នាឯងប្រៀបដូច​ ខ្មែរសម្លាប់គ្នាឯងអីចឹង »។ ចំពោះការប្រតិកម្មខាងលើនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយចេញពីផលិតកម្មរស្មីហង្សមាស និងលោក សុវត្ថិ មុនីវណ្ណ នៅឡើយទេ។

    តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណារវាងបទទាំងពីរខាងលើនេះ មានភាពស្រដៀង និងប្រហាក់ប្រហែលគ្នាយ៉ាងនោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=fAq4vmLRGVg

  • ចាប សក្កណា និង លីន សោម៉ា សម្រក់ទឹកភ្នែកដើរចេញពីកម្មវិធី Cambodian Idol

    ចាប សក្កណា និង លីន សោម៉ា សម្រក់ទឹកភ្នែកដើរចេញពីកម្មវិធី Cambodian Idol

    កាលពីរាត្រីយប់មិញនេះ មហាជនអ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបេក្ខជន ចាប សក្កណា និងបេក្ខនារី លីន សោម៉ា ដែលធ្លាប់ជាបេក្ខភាពមានសំឡេងល្អ និងអាចប្រើប្រាស់សំឡេងរហូតដល់តុងខ្ពស់ ហើយលេចធ្លោជាងគេនោះ បានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 3 ទាំងសម្រក់ទឹកភ្នែក។

    ជាក់ស្ដែងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Live Show បានឈានដល់សប្ដាហ៍ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅក្នុងនោះតម្រូវឱ្យមានត្រឹមបេក្ខភាពចំនួន 4 រូបប៉ុណ្ណោះដែលអាចបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រាត់បាន។ ជាមួយគ្នានោះដែរ ក្នុងសប្តាហ៍នេះនៅមានបេក្ខជនទាំងអស់ 6រូប ដែលបានប្រកួតប្រជែងដោយបកស្រាយបទចម្រៀងលើវិញ្ញាសារ « ចម្រៀងធ្លាប់ស្ដាប់ តែមិនធ្លាបើច្រៀងពីមុនមក »។

    សូមជម្រាបដែរថា ជាលទ្ធផលយ៉ាងសុគ្រិតពីការបោះឆ្នោតផ្ញើសារគាំទ្រពីសំណាក់មហាជន បេក្ខភាព លីន សោម៉ា និង ចាប សក្ខណា ទទួលបានសារតិចជាងគេ ហើយត្រូវបានចាកចេញពីកម្មវិធីមិនអាចបន្តទៅដណ្តើមពាន Cambodian Idol នៅសប្តាហ៍ក្រោយបានឡើយ។ យ៉ាងណាមិញបេក្ខជនចំនួន4 រូបដែលនឹងត្រូវប្រកួតប្រជែង នៅវគ្គផ្តាច់ព្រ័ត្រមាន លោក សៀក ញញឹម, កញ្ញា ឈៀង សុវណ្ណារី, លោក គ្រី ថៃពៅ និងកញ្ញា ចែម ស្រីល័ក្ខ៕

  • ចំនួន​អ្នក​ប្រើ​កម្មវិធី Telegram បាន​កើន​ឡើងដល់ 200លាន​នាក់

    ចំនួន​អ្នក​ប្រើ​កម្មវិធី Telegram បាន​កើន​ឡើងដល់ 200លាន​នាក់

    Telegram ដែលជា​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ដ៏​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា នៅពេលនេះ បានប្រកាស​ឱ្យដឹងថា ចំនួន​អ្នក​ប្រើ-ប្រាស់​របស់ខ្លួន​បាន​កើនឡើង​ដល់ 200លាន​នាក់ ហើយនឹង​កើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ2018 នេះ។

    លោក Pavel Durov សហ​ស្ថាបនិក​កម្មវិធី Telegram បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា លោក​ពិតជា​សប្បាយរីករាយ​បំផុត​ដែល​កម្មវិធី​មួយ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់ ហើយ​លោក​ជឿថា វា​នឹង​បន្ត​កើនឡើង​ទៅមុខទៀត​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឆ្នាំ2018 នេះ។

    ជាមួយគ្នានេះ​ផងដែរ លោក Pavel Durov ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រទេស​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី Telegram នេះ​ច្រើនជាងគេ គឺ​នៅ​តំបន់​អាស៊ី ហើយ​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ដែល​ប្រើ​ច្រើនជាងគេ​គឺ iOS។

    តែ​ក្រុមអ្នកតាមដាន​ពី​ភាព​ពេញនិយម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងឡាយ​បាន​និយាយថា បើទោះបីជា​ចំនួន​អ្នក​ប្រើ Telegram បាន​កើនឡើង​រហូតដល់ 200លាន​នាក់​ក្ដី ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង WhatsApp ឃើញថា នៅ​តិច​ខ្លាំង​បំផុត ព្រោះ​គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ2018 WhatsApp មាន​ចំនួន​អ្នក​ប្រើ​រហូតដល់ 1.3ពាន់​លាន​នាក់​ឯណោះ រីឯ LINE វិញ​មាន​ចំនួន​អ្នក​ប្រើ​រហូតដល់​ទៅ 700លាន​នាក់។

    គួរបញ្ជាក់​ផងដែរ​ថា Telegram ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ2013 ដោយ​បងប្អូន​ប្រុស​ជនជាតិ​រុស្ស៊ី Nikolai និង Pavel Durov ក្នុង​គោលដៅ មិន​រកប្រាក់​ចំណូល៕

  • សម្ដីចុងក្រោយលោកតា វីតាមីនសេ ផ្ដាំទៅកូនចៅ

    សម្ដីចុងក្រោយលោកតា វីតាមីនសេ ផ្ដាំទៅកូនចៅ

    តារាកំប្លែងជើងចាស់ លោក មាស សាមឿន ហៅលោកតា វីតាមីនសេ បានទទួលមរណភាព ក្នុងអាយុ 69ឆ្នាំ ដោយរោគាពាធ នាអាធ្រាត្យថ្ងៃទី 29 ឈានចូល 30 ខែមីនា ឆ្នាំ 2018 នេះ ដែលដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររូបលោកតា កើតក្ដីសោកសង្រេង និងទុក្ខសោកយ៉ាងគ្រៀមក្រំ ខណៈបាត់បង់វិរៈសិល្បករកំប្លែងរូបនេះជារៀងរហូត។

    សូមជម្រាបផងដែរថា អ្នកនាងប៉េងប៉ោង បានប្រាប់ពីស្ថានភាពលោកតាមុនពេលមរណៈថា ក្រុមគ្រូពេទ្យមិនហ៊ានបញ្ជាក់លទ្ធផលពីអាការៈជំងឺរបស់ឪពុករបស់នាងទេ តែបានឱ្យក្រុមគ្រួសារត្រៀមចិត្តទុកជាមុន ព្រោះជំងឺឪពុកនាងបានវិវត្តកាន់តែធ្ងន់ធ្ងរ ។ កូនស្រីរបស់លោក គឺអ្នកនាង ប៉េង ប៉ោង បានអះអាងទាំងទឹកភ្នែកថា លោកវីតាមីនសេ បានធ្លាក់ក្នុងដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ បន្ទាប់ពីលោកមិនអាចទទួលទានអ្វីបាន និងមិនដឹងខ្លួន ដែលតម្រូវឲ្យគ្រូពេទ្យដាក់អុកស៊ីហ្សែន ។ ក្រោយពីគ្រូពេទ្យ បានជួយអស់លទ្ធិភាពហើយនោះ កាលពីវេលាម៉ោង5 ល្ងាចថ្ងៃទី29ខែមីនា នេះដែរនាយ វីតាមីនសេ ត្រូវបានក្រុមគ្រូពេទ្យកាល់ម៉ែត្របានអនុញ្ញាត្តិឲ្យក្រុមគ្រួសារដឹកមកផ្ទះវិញ និមន្ដព្រះសង្ឃបាំងត្រកូលនិងសង្ឈទាន លុះដល់កណ្ដាលអាធ្រាត្យលោកតាក៏បានលាចាកលោកទៅហើយ។

    គួរបញ្ជាក់ផងដែរថា បណ្តាំចុងក្រោយ​ដែល នាយវីតាមីនសេ បាននិយាយប្រាប់កូនៗ មុនលោកចែកឋាននោះ លោកបាននិយាយថា «ចង់ឲ្យកូនៗ​ក្លាយជាមនុស្សល្អ» ។ យ៉ាងណាមិញ មកទល់ពេលនេះម៉ោងនេះ គេសង្កេតឃើញថា មានសិល្បករ សិល្បការិនី ជាច្រើនរូបបានចូលរួមពិធីបុណ្យសព្វរបស់លោកតា វីតាមីនសេ និងរំលែកទុក្ខចំពោះគ្រួសារសពផងដែរ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក បានអញ្ចើញទៅកាន់សុខគតិភព៕

  • លោក Conte កំពុង​អន្ទះសា​លើ​កីឡាករ 2នាក់​របស់ Chelsea នៅមុន​ពេល​ប៉ះ Spurs

    លោក Conte កំពុង​អន្ទះសា​លើ​កីឡាករ 2នាក់​របស់ Chelsea នៅមុន​ពេល​ប៉ះ Spurs

    លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Chelsea កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​ទៅលើ​ភាពរឹងមាំ​របស់​ខ្សែការពារ Andreas Christensen និង​អ្នកចាំទី Thibaut Courtois នៅ​មុនពេល​ការប្រកួត​ដ៏​សំខាន់​ជាមួយនឹង​ក្រុម Tottenhamនៅ​ថ្ងៃអាទិត្យ​នេះ។

    អ្នកចាំទី Thibaut Courtois

    Courtois មិនបាន​ចូល​លេង​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក​ឡើយ អំឡុងពេល​បំពេញ​កាត​ព្វ​អន្តរជាតិ ដោយសារតែ​បញ្ហា​របួស​សរសៃពួរ​គ​ន្លា​ក់ជើង ស្រប​ពេលដែល​ខ្សែការពារ Christensen ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ ដោយ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ក្រោយពី​មាន​បញ្ហា​ទៅលើ​សាច់ដុំ។

    កីឡាករ​ទាំង2 សុទ្ធសឹង​ស្ថិតក្នុង​ភាពស្រពេចស្រពិល​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នា​កីឡដ្ឋាន Stamford Bridge ខណៈដែល​ការបរាជ័យ​អាច​នឹង​បញ្ចប់​ក្តីសង្ឃឹម​របស់​ក្រុម Chelsea ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League។ លោក Conte បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​មាន​បញ្ហា​ធំ2 ពោលគឺ​ទៅលើ Courtois និង Christensen ហើយ​យើង​ត្រូវតែ​ត្រួតពិនិត្យ​ទៅលើ​ភាពជាក់លាក់​ក្នុង​ការលេង ហើយ​បន្ទាប់មក​ត្រូវតែ​លេង​ឱ្យបាន​ល្អ»។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «រឿង​ដ៏​សំខាន់បំផុត​គឺ​ការចូល​លេង​ឱ្យបាន ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ ក៏ត្រូវ​តែមាន​លក្ខខណ្ឌ​នៃ​ភាពរឹងមាំ​ល្អ ក្នុង​ការលេង​ការប្រកួត​ដ៏​ល្អ​មួយ​ដែរ។ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ផ្សេងគ្នា​មួយទៀត។ នៅពេលនេះ សម្រាប់​ខ្ញុំ វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ប្រាប់​អ្នក​ឱ្យបាន​ជាក់លាក់​ទៅលើ​ជម្រើស​របស់ខ្ញុំ​សម្រាប់​ថ្ងៃអាទិត្យ​នេះ ដោយសារតែ​យើង​ត្រូវតែ​ត្រួតពិនិត្យ​លើ​ស្ថានភាព​ទាំង2 នេះ​សិន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 10យប់៕

    ​ខ្សែការពារ Andreas Christensen

    ប្រភពពី៖ worldsoccertalk

  • Messi នៅ​ស្រពេចស្រពិល ពេល Barca ប៉ះ Sevilla ចុង​សប្តាហ៍​នេះ

    Messi នៅ​ស្រពេចស្រពិល ពេល Barca ប៉ះ Sevilla ចុង​សប្តាហ៍​នេះ

    ក្រុម Barcelona ត្រូវតែ​សម្រេចចិត្តថា តើ​ត្រូវ​ប្រើប្រាស់​តារា​ឆ្នើម Lionel Messi ឬ​យ៉ាងណា ខណៈដែល​ពួកគេ​នឹងត្រូវ​ចាប់ផ្តើម​ការ​ប្រជែង​ជាថ្មី សម្រាប់​ពានរង្វាន់ La Liga ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Sevilla នៅ​ថ្ងៃ​សោ​រ៍​នេះ ស្រប​ពេលដែល​កំពុងតែ​មាន​ភាពស្រពេចស្រពិល​ទៅលើ​ភាពរឹងមាំ​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ចំពេល​ដែល Barcaចាប់ផ្តើម​ដំណាក់កាល​នៃ​ការប្រកួត 7លើក​ក្នុង​រយៈពេល 22ថ្ងៃ។

    Messi បាន​អវត្តមាន​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ដោយសារតែ​បញ្ហា​សាច់ដុំ ដែល​រូបគេ​បាន​ប្រឈម​នៅក្នុង​ការប្រកួត​ចុងក្រោយ​របស់ Barcelona ជាមួយនឹង​ក្រុម Athletic Bilbao និង​ត្រឹមតែ​អាច​ចូល​ហ្វឹកហាត់​បាន​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    រូបគេ​គឺជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ La Liga ដោយ​រកបាន 25គ្រាប់ និង​បាន​អវត្តមាន​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ​លី​ករ​បស់ Barcelona ត្រឹមតែ 1លើក​គត់​នៅ​រដូវ​កាល​នេះ ពោលគឺ​អវត្តមាន​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Malaga ក្រោយពី​ការចាប់​កំណើត​កូនប្រុស​ទី3របស់គេ។

    ការធ្វើដំណើរ​ទៅ​ជួប​ក្រុម Sevilla អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មួយ​របស់​ក្រុម Sevillaនៅ​រដូវ​កាល​នេះ បើទោះបី​ការនាំ​មុខ11ពិន្ទុ​ដាច់​លើ​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​ក៏ដោយ។  Atletico Madrid ធ្វើឱ្យ​លោកគ្រូ​បង្វឹក Ernesto Valverde មានការ​ជឿជាក់​ខ្ពស់​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​នេះ។

    Barcelona ត្រូវធ្វើ​ការប្រកួត​ជើង​ទី1 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ ជាមួយនឹង​ក្រុម AS Roma នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ និង​ត្រូវធ្វើ​ការប្រកួត 5លើក​ទៀត ខណៈដែល​ពួកគេ​ក៏ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Sevilla ក្នុងការ​ប្រកួត​ពាន Copa del Rey ផងដែរ នា​ថ្ងៃទី12 ខែមេសា នៅ​មុនពេល​សម្រាក​រយៈ​ពេល 7ថ្ងៃ មុន​ការប្រកួត​ក្នុង​លី​ក​បន្ទាប់​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45 ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​គួរ​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​សាធារណៈ

    មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​គួរ​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​សាធារណៈ

    នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ដែល​ប្រជាជនមាន​កម្រិត​នៃ​ការយល់ដឹង​ខ្ពស់ ពួកគេ​ភាគច្រើន​តែងតែ​ជ្រើសរើស​ប្រធានបទសំខាន់ៗនៅ​កន្លែង​ជួបជុំ​ក្នុង​សហគមន៍ ឬ​គ្រឹះស្ថាន​អប់រំ ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​ដែលមាន​ជំនាញសំខាន់ៗធ្វើការ​បកស្រាយ និង​ចែករំលែក​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក្នុងសង្គម។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជា សុខ​ហ៊ី សហ-ស្ថាបនិក​នៃ​កម្មវិធី Ignite Phnom Penh បាន​លើកឡើងថា ការបញ្ចេញមតិ និង​ការចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក គឺជា​រឿង​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងសង្គម ព្រោះថា​មនុស្សម្នាក់ៗតែងតែមាន​គំនិត និង​ការយល់ឃើញ​របស់គេរៀងៗខ្លួន ដែល​គន្លឹះ​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ចំណុច​ដែល​អាចធ្វើឱ្យ​អ្នកដទៃ​មានការ​អភិវឌ្ឍ។ ហេតុនេះហើយ ការបង្ហាញ​នូវ​ប្រភព​ចំណេះដឹង និង​គន្លឹះសំខាន់ៗទាំងអស់នោះ អាច​ក្លាយជា​សិល្បៈ​នៃ​ការចែករំលែក​ប្រកបដោយ​គុណ​តម្លៃ។

    លោក ជា សុខ​ហ៊ី បាន​និយាយថា៖ “ខ្ញុំ​ចង់ឃើញ​ប្រជាជន​គ្រប់រូប និស្សិត និង​កូន​ខ្មែរ​ទាំងអស់​អាច​ពង្រឹង​សមត្ថភាព​ក្នុងការ​និយាយ​ជា​សាធារណៈ​ដើម្បី​លើកឡើង​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ក្នុង​គោលបំណង អប់រំ លើកទឹកចិត្ត​ចែករំលែក​ភាពជោគជ័យ បង្ហាញ​ពី​ក្តី​ស្រមៃ​ប្រកបដោយ​ភាព​វិជ្ជមាន និង​គោលដៅ​របស់ខ្លួន។

    ស្ថាបនិក​កម្មវិធី​និយាយ​ជា​សាធារណៈ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការនិយាយ​ជា​សាធារណៈ​នៅ​ស្រុក​យើង លោក​ឃើញថា​វាគ្មិនម្នាក់ៗនិយាយ​ច្រើន​ម៉ោង ដែល​អាចធ្វើឱ្យ​អ្នកចូលរួម​មានការ​លំបាក​ក្នុងការ​ចាប់យក​អត្ថន័យ​សំខាន់។

    តាមពិតទៅ ការនិយាយ​សាធារណៈ​ក៏​អាច​ធ្វើបាន​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​បំផុត តែ​បញ្ចេញ​មកវិញ​នូវ​ខ្លឹមសារ​ខ្លី តែ​ប្រកបដោយ​អត្ថន័យសំខាន់ៗដែល​មិន​ធ្លាប់​ជួប​ពីមុនមក។ ម្យ៉ាងវិញទៀត ការនិយាយ​ពី​ជីវិត​ជាក់ស្តែង​របស់​មនុស្សម្នាក់ៗ ជា​មេរៀន​ដែល​មិនមែន​មានតែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចនិយាយបាន ហើយ​ត្រូវ​បានបង្ហាញដូចៗគ្នា​នៅ​គ្រប់​វេទិកា​នោះទេ មានតែ​ម្ចាស់ខ្លួន​តែប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់ ហេតុនេះ​ចំណេះដឹង​ពី​ក្នុង​ខ្លួន​ទាំងអស់នោះ អាចជា​រឿង​ដែល​ថ្មី​បំផុត​សម្រាប់​អ្នកចូលរួម។

    លោក កូវ ពុទ្ធារ័ត្នន៍ សាស្ត្រាចារ្យ​គណិតវិទ្យា​បាន​លើកឡើងថា ការនិយាយ​ដើម្បី​បង្ហាញ​ពី​ចំណេះដឹង​ជា​រឿង​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ ព្រោះថា នៅពេលដែល​ការអប់រំ និង​ទម្លាប់​ក្នុង​ការអាន​របស់​យើង​នៅមានកម្រិត យើង​មិន​អាចធ្វើ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​ដែល​គ្រាន់តែ​បង្ហាញ​ពី​ប្រធានបទ គេ​អាច​ទៅ​ស្រាវជ្រាវ​នៅក្នុង​បណ្ណាល័យ​ដែលមាន​សៀវភៅ​រាប់រយ​ក្បាល​ដោយ​ខ្លួនឯង។

    សម្រាប់​នៅ​កម្ពុជា​គឺ ខុសគ្នា ប្រជាជន​យើង​ចូលចិត្ត​ស្តាប់​ច្រើនជាង​ចូលចិត្ត​អាន ហេតុនេះ​ប្រសិនបើ​ជំរុញ​ឱ្យ​គាត់​ស្វែងរក​អ្វីដែល​ថ្មី​ដោយ​ខ្លួនឯង​តាមរយៈ​ការអាន​អាចមាន​ការលំបាក​បន្តិច​សម្រាប់​ពួកគេ តែ​ប្រសិនបើ​យើង​ស្រាវជ្រាវ​ហើយ​និយាយ​ឱ្យ​គាត់​ស្តាប់​គឺជា​រឿង​ល្អ​មួយ​ដែល​អាចធ្វើឱ្យ​គាត់​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ជាច្រើន​ដែលជា​ប្រយោជន៍​សម្រាប់​ពួកគាត់។

    លោក កូវ ពុទ្ធារ័ត្នន៍ បាន​និយាយថា៖ “នៅ​អាមេរិក យើង​គ្រាន់តែ​បង្ហាញ​ពី​រឿង​មួយ គាត់​នឹង​អាច​ចូល​បណ្ណាល័យ​ហើយ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង តែ​នៅ​ស្រុក​យើង ដោយសារតែ​យើង​នៅមានកម្រិត​ក្នុង​ទម្លាប់​នៃ​ការអាន និង​ការស្រាវជ្រាវ ការនិយាយ និង​ការជជែក​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​បង្កើត​ចម្ងល់ ហើយ​បំផុស​ឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អ្វីដែល​ថ្មី​បន្ថែមទៀត។

    លោក កូវ ពុទ្ធារ័ត្នន៍ បានបង្ហាញ​ផងដែរ​ថា ម្យ៉ាងវិញទៀត ដោយសារតែ​ប្រជាជន​យើង​មិនសូវ​ចូលចិត្ត​អាន​ផង ហើយ​ពិភពលោក​បាន​អភិវឌ្ឍ​នូវ​វិធី​នៃ​ការ​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​ឱ្យ​កាន់តែ​ងាយស្រួល​ផង មនុស្ស​អាច​នឹង​កាន់តែ​ឆ្ងាយ​ពី​ការអាន។

    ជា​ឧទាហរណ៍ Facebook បាន​បង្កើត Newsfeed ដែល Feed មានន័យថា បញ្ចុក ព្រោះ​ព័ត៌មាន​ទាំងអស់​នឹង​ទៅដល់​យុវជន​សម័យថ្មី​ដោយ​មិនបាច់​ទៅរក គឺ​គ្រាន់តែ​អង្គុយតែ​មួយកន្លែង​ក៏មាន​ព័ត៌មាន​ទៅដល់​ដែរ ហេតុនេះ​ការចែករំលែក​នូវ​ចំណេះដឹងថ្មីៗតាមរយៈ​ការនិយាយ​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​គាត់​ទទួលយកបាន​ដោយ​ងាយ ហើយក៏​ជា​វិធី​មួយ​ក្នុងការ​អប់រំ​ដ៏​ល្អ​ផងដែរ។

    ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ​លោក ថៃ វណ្ណ​ថា អ្នកជំនាញ​ថតរូប និង​ជា​គ្រូបង្រៀន​នៅ Canon Imaging Academy (CIA) បានលើកឡើង​ផងដែរ​ថា ក្រៅពី​ផលប្រយោជន៍​សម្រាប់​មនុ​ស្សទូ​ទៅក្នុង​សង្គម ការនិយាយ​សាធារណៈ​ក៏​ជា​វិធីសាស្ត្រ​សំខាន់​មួយ​ដើម្បី​ជួយ​ឱ្យ​ការគិត​របស់​យើង​ខ្លួនឯង​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “ការនិយាយ​ចេញទៅ​ជា​សាធារណៈ អាចជួយ​ឱ្យ​គំនិត​របស់​យើង​ដែល​បាន​ស្តែងចេញ​ទៅនោះ ត្រូវបាន​វាស់វែង​ដោយ​មនុស្ស​ជាច្រើន ព្រោះថា យើង​នឹង​មិនអាច​ដឹងថា​គំនិត​នោះ​ត្រូវ ឬ​ខុស​កម្រិតណា​នោះទេ​ប្រសិនបើ​គ្មាន​ប្រតិកម្ម និង​ការវាស់វែង​ត្រឹមត្រូវ​ពី​មនុស្ស​ជាច្រើន​ផ្សេងទៀត​នោះ។

    លោក វណ្ណ​ថា បាន​បន្ថែមថា យើង​ម្នាក់​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​ច្រើន​នាក់​បាន​នោះទេ ហើយ​យើងម្នាក់ៗក៏​មិន​ប្រាកដថា​គំនិត​យើង​ប្រើប្រាស់​បាន​ទាំងស្រុង​នោះដែរ តែ​យើង​អាច​ប្រើប្រាស់​គំនិត​ដែល​យើង​ធ្លាប់​អនុវត្ត​ជាក់ស្តែង​ដោយ​ខ្លួនឯង ដើម្បី​ទុកជា​គំរូ​សម្រាប់​អ្នកដទៃ​ជ្រើសរើស និង​សម្រាប់​បន្ត​សិក្សា​សម្រាប់​ខ្លួនឯង​ផងដែរ។ សម្រាប់​រឿង​មួយ​ក្នុងស្ថានភាព​ជីវិត​របស់​យើង យើង​បាន​ជួប​ករណី​ជាក់ស្តែង​ហើយ​យើង​ប្រើ​វិធី​របស់​យើង​សម្រាប់​ដោះស្រាយ តែ​សម្រាប់​មនុស្ស​ដទៃទៀត​គេ​អាច​នឹង​ជួប​រឿង​ផ្សេងទៀត​ដែល​ពេលខ្លះ​វា​អាច​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញ​ពី​លទ្ធផល​នៃ​គំនិត​ថ្មី​បន្ថែមទៀត​ដែល​វា​កាន់តែ​សុក្រឹត​នៅពេលដែល​យើង​ប្រើ​គំនិត​របស់​យើង​ទៅ​ជួយ​បុគ្គល​ដទៃ៕

  • ទស្សនាឈុតសកម្មភាពក្រៅឆាកថតបទ « មាន់ស្រែបន្លែស្រស់ »​ អ្នកនឹងរឿងពិសេសមួយ…

    ទស្សនាឈុតសកម្មភាពក្រៅឆាកថតបទ « មាន់ស្រែបន្លែស្រស់ »​ អ្នកនឹងរឿងពិសេសមួយ…

    ថ្មីៗនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្កមហ្វេសប៊ុករបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះវីដេអូស្ដែងពីសកម្មភាពក្រៅឆាកនៃការថតវីដេអូចម្រៀង « មាន់ស្រែបន្លែស្រស់ »​ កំពុងតែទាក់ទាញក្រសែភ្នែកមហាជនខ្លាំងមែនទែន ជាឈុតពិសេសឈុតមួយដែលកំពូលតារាចម្រៀងបន្លំថើបកញ្ញា ប៉ាច គីមមួយ។

    បទចម្រៀងថ្មីនេះ ក៏មានការតុងតែងខ្លួនបែបសម័យបារាំង ធ្វើឱ្យមហាជនលោកចាប់អារម្មណ៍ខ្លាំងបំផុត និងជាពិសេសមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា ស្រីស្អាត ប៉ាច គីមមួយ នាយក្រឹម នាងព្រលឹត យាយអឿន និងតារាកិត្តិយសជាច្រើនដួង។ កាន់តែពិសេសជាងនេះទៅទៀត អ្នកគាំទ្រទាំងអស់បានលាន់មាត់ថា លោក ព្រាប សុវត្ថិ បានបន្លំថើបស្រីស្អាតកញ្ញា ប៉ាច គីមមួយ ជាច្រើនដង ទម្រាំតែថតត្រូវ រហូតដល់អ្នកនៅជុំវិញបរិវេណថតនោះ ស្រែកហូរកញ្ច្រៀវតែម្ដង។

    គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅកំពូលតារាចម្រៀងរូបនេះ មានទទួលបានប្រជាប្រិយភាពខ្លាំងចំពោះបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង សង្កេតឃើញមានផ្ទុះខ្លាំងជាមួយបទ«រាំអីចេះ» ដែលនៅគ្រប់​ទីវត្តអារ៉ាម​ទាំង​អស់ត្រូវបានចាក់បន្លឺឡើងគ្រប់ទិសគ្រប់ទី និងបទមានសន្ទុះបន្ទាប់គឺបទ« រាំកូរណាស់ចែរ»។ តែដោយឡែកសម្រាប់​ឆ្នាំ2018 នេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេថា បទចម្រៀងរបស់លោកព្រាប សុវត្ថិ អាចវ៉ាបទតារា​ចម្រៀង​ប្រុសៗទាំងឡាយបានទៀតឬយ៉ាងណា ប៉ុន្ដែគេចាប់អារម្មណ៏ថាបទ« មាន់ស្រែបន្លែស្រស់» នេះ នៅទើបចេញជា Audio នោះ ក៏មានការចាប់អារម្មណ៏ច្រើនបាត់ទៅហើយ។

    ចង់ដឹងថា សកម្មភាពថត MV « មាន់ស្រែបន្លែស្រស់ » លោក ព្រាប សុវត្ថិ បន្លំថើប ប៉ាច គីមមួយ ប៉ុន្មានដងនោះ សូមទស្សនាវីដេអូខាងក្រោម៖

  • តិច​ណូ​ឡូ​ជី AI នឹង​កាត់បន្ថយ ការងារ​មនុស្ស​នាពេល​អនាគត

    តិច​ណូ​ឡូ​ជី AI នឹង​កាត់បន្ថយ ការងារ​មនុស្ស​នាពេល​អនាគត

    នៅក្នុង​យុគសម័យ​បច្ចុប្បន្ននេះ ចង្វាក់​ផលិតកម្ម​នានា​ដែល​ប្រើប្រាស់​កម្លាំង​មនុស្ស រួមទាំង​ការងារ​ផ្នែក​បញ្ជីស្នាម​ផង​នោះ ត្រូវបាន​ជំនួស​ដោយ​កម្លាំង​ម៉ាស៊ីន កម្មវិធី​កុំព្យូទ័រ និង​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (Artificial Intelligence = AI)។ ស្របតាម​បរិបទ​មួយ​នេះ មនុស្ស​ចាំបាច់​ត្រូវតែ​រត់​ឱ្យទាន់​របត់​ថ្មី​នៃ​បច្ចេកវិទ្យា ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​ក្នុងការ​រស់នៅ ការធ្វើការងារ និង​ជាពិសេស​គឺ​ការស្វែងរក​ចំណូល​នៅ​ថ្ងៃ​អនាគត។

    យោងតាម​ការស្រាវជ្រាវថ្មីៗនេះ​ដោយ​សាកលវិទ្យាល័យ Oxford និង​សាកលវិទ្យាល័យ Yale បានឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ប្រព័ន្ធ​ម៉ាស៊ីន​ឆ្លាត​វៃ ឬ​មនុស្ស​យន្ត​នឹង​ចាប់ផ្តើម​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស។ ការស្រាវជ្រាវ​ក៏បាន​រកឃើញ​ផងដែរ​ថា រយៈពេល​ប្រមាណ​ជាជាង 50ឆ្នាំ​ទៀត មនុស្ស​យន្ត​នឹង​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​នេះ ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីព​ជាច្រើន។

    តាមរយៈ​ការស្ទង់មតិ​លើ​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (AI) ឬ​ភាព​វៃឆ្លាត​នៃ​គ្រឿង​ម៉ាស៊ីន ចំនួន352នាក់ បានបង្ហាញ​ពី​ការយល់ឃើញថា នៅ​ថ្ងៃ​អនាគត​គ្រឿង​ម៉ាស៊ីន​ពិតជា​នឹង​អាច​ជំនួស​មនុស្ស​លើ​មុខជំនាញ​មួយចំនួន។ ស្របពេល​ជាមួយគ្នានេះដែរ អ្នកដឹកនាំ​ការស្រាវជ្រាវ​ម្នាក់​ឈ្មោះ Katja Grace និង​សហការី​របស់គាត់​បាន​រកឃើញថា រយៈពេល 10ឆ្នាំ​ទៀត​ការងារ​ភាគច្រើន​ជាង 50ភាគរយ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​នឹងត្រូវ​កែសម្រួល​ទៅជា​ការធ្វើការងារ​ដោយ​ម៉ាស៊ីន។

    ការងារ​បកប្រែ​គ្រប់​ភាសា​នឹងមិន​បាច់​ប្រើប្រាស់​មនុស្ស​ទៀត​ទេ​នៅ​ឆ្នាំ2024 ហើយ​ប្រហែលជា​មនុស្ស​យន្ត​អាច​សរសេរ​អត្ថបទ​ក្នុង​កម្រិត​វិទ្យាល័យ​បានល្អ​ជាង​មនុស្ស​នៅក្នុង​ឆ្នាំ2026។ លើសពីនេះទៅទៀត ការងារ​ដែល​មនុស្ស​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​នឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ទាំងស្រុង​នៅក្នុង​ឆ្នាំ2136 ហើយនឹង​កើតមាន​ការងារថ្មីៗបន្ថែម​ផ្សេងទៀត​ដែល​មនុស្ស​ត្រូវធ្វើ។

    របាយការណ៍​មួយ​ថ្មី​ទៀត​បានសរសេរថា​កម្រិត​ភាព​ឆ្លាត​វៃ​របស់​គ្រឿង​ម៉ាស៊ីន កាន់តែ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ដែល​វា​អាច​នឹង​ជំរុញ​ការរស់នៅ​របស់​មនុស្ស​ក្នុងសម័យ​ទំនើប​នេះ​ឱ្យ​កាន់តែ​ប្រើប្រាស់​ម៉ាស៊ីនច្រើនឡើងៗ ដូចជា វិស័យ​ដឹកជញ្ជូន វិស័យ​សុខាភិបាល វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​យោធា​ជាដើម៕

  • ពុទ្ធោ! វិរៈសិល្បៈករកំប្លែង នាយ វីតាមីនសេ ទទួលមរណភាពហើយ

    ពុទ្ធោ! វិរៈសិល្បៈករកំប្លែង នាយ វីតាមីនសេ ទទួលមរណភាពហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សារព័ត៌មាន ឡារ៉ែន​ ទទួលបានដំណឹងថា វិរៈសិល្បៈករកំប្លែង លោក ម៉ៅ សាមឿន ហៅ នាយវីតាមីនសេ បានទទួលមរណភាពហើយ នៅវេលាម៉ោងជាង 12 យប់ ឈានចូលថ្ងៃទី30 ខែមីនា ឆ្នាំ2018 នេះបើតាមសម្ដីអ្នកនាង ប៉េង ប៉ោង បានអះអាងប្រាប់។

    យ៉ាងណាមិញនៅមុននេះបន្តិចកូនប្រុសរបស់ នាយវីតាមីនសេ បានប្រកាសពីរឿងគួរឲ្យរន្ធត់ និងសោកស្តាយបំផុតដោយ តារាកំប្លែងជើងចាស់ វីតាមីនសេ ទទួលមរណភាពនៅអាធ្រាត្យថ្ងៃទី29 ខែមីនា។ ដោយកូនប្រុសរបស់លោក វីតាមីនសេ បានសរសេរសារទាំងទុក្ខសោកថា«លោកប៉ាទៅចោលកូនៗហើយ កូនស្រលាញ់លោកប៉ាស្នាមញញឹមដែលលោកប៉ាធ្លាប់មានអោយកូន កូនលែងបានឃើញទៀតហើយ»។

    គួរបញ្ជាក់ផងដែរថាក្រោយពី ​ វីតាមីនសេ មានជំងឺលើសឈាម និងទឹកនោមផ្អែម ស្ថានភាពជម្ងឺហាក់មិនធូរស្រាលឡើយ គឺកាន់តែធ្វើទុក្ខខ្លាំង ដោយនៅមុនពេលដែលទទួលមរណភាព ក្រុមគ្រួសារបានបញ្ជូនចេញពីមន្ទីរពេទ្យ និងធ្វើពិធីទទួលព្រះធម៌ ព្រោះក្រុមគ្រូពេទ្យមិនអាចបង្ហាញនូវលទ្ធផល និងមានតែប្រាប់ឲ្យក្រុមគ្រួសារត្រៀមចិត្ត។ ជំនួសមុខជូនក្រុមការងារសារព័ត៌មាន ឡារ៉ែន សូមចូលរួមរំលែកទុក្ខយ៉ាងគ្រៀមក្រំដល់ក្រុមគ្រួសារលោកពូ វីតាមីនសេ ផងដែរ៕