Category: សង្គម និងសេដ្ឋកិច្ច

  • ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    ឆុំ វត្តី ត្រូវគូស្នេហ៍ពញ្ញាក់អារម្មណ៍នៅថ្ងៃខួបកំណើតដល់ទៅ 2 ដង

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វត្តី នៅពេលថ្មីៗនេះ បានឱ្យដឹងថា បុរសជាគូស្នេហ៍របស់នាង បានបង្កភាពភ្ញាក់ផ្អើលយ៉ាងផ្អែមល្ហែមចំពោះរូបនាង នាឱកាសថ្ងៃខួបកំណើតដល់ទៅពីរដងឯណោះ ដែលធ្វើឱ្យនាងរំភើប និយាយលែងចេញ។

    មួយរយៈកាលចុងក្រោយនេះ តារាសម្ដែងស្រី ឆុំ វត្តី កំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងៗតាមរយៈការសម្ដែងរឿងភាគតាមបណ្ដាស្ថានីយទូរទស្សន៍នានា តែកន្លងមកនាងមិនបានបង្ហាញ ឬបង្ហើបពីដំណឹងបុរសជាគូស្នេហ៍របស់នាងឡើយ បើទោះបីជាបង្ហោះរូបនៅលើហ្វេសប៊ុក ក៏បាននូវការបិទបាំងផងដែរ។ តែដោយឡែក ការបើកចំហគូស្នេហ៍របស់តារាល្បីៗជាច្រើនបានចូលរោងការ និងប្រកាសឱ្យមហាជនបានដឹងនោះ បានជំរុញចិត្តឱ្យតារាស្រីធ្លាប់សម្ដែងរឿង « ហ្លួងព្រះស្ដេចកន » រូបនេះ បង្ហាញមុខគូស្នេហ៍ ដោយមិនភ័យខ្លាចធ្លាក់ប្រជាប្រិយភាព។

    ការបង្កភាពភ្ញាក់ផ្អើលនៅក្នុងថ្ងៃខួបកំណើតនាង ថ្ងៃម្សិលមិញនេះ បុរសជាគូស្នេហ៍បានជូនកាដូជាគ្រឿងអលង្ការមាស ជាខ្សែជើង ធ្វើឱ្យនាងរំភើបហើយនិយាយមិនចេញ ញាប់ញ័របេះដូង ។ បុរសជាគូស្នេហ៍ក៏កាន់តែបង្ហាញពីភក្ដីភាព និងក្ដីស្រឡាញ់ស្មោះស្ម័គ្រ ដោយព្រមបំពាក់ខ្សែជើងឱ្យរូបនាង មើលទៅគួរឱ្យរំភើបជំនួស។ ដើម្បីបានឃើញពីសកម្មភាពផ្អែមល្ហែមរវាង តារាសម្ដែងស្រី ឆុំ វត្តី និងគូស្នេហ៍ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ទំហំ​វិនិយោគ​កម្ពុជា​ចិន​កើនឡើង 27%ក្នុង​ឆ្នាំ2017

    ទំហំ​វិនិយោគ​កម្ពុជា​ចិន​កើនឡើង 27%ក្នុង​ឆ្នាំ2017

    ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា ទំហំ​វិនិយោគ​កម្ពុជា​ចិន​នៅក្នុង​ឆ្នាំ2017កន្លងទៅនេះ​មានការ​កើនឡើង​ចំនួន 27% បើ​ធៀប​រយៈពេល​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ2016។

    នាឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ចិន​នៅ​សាលសន្និសីទ​កោះ​ពេជ្រ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បញ្ជាក់ថា ប្រទេស​ចិន​បាន​ឈរ​លំដាប់​លេខ​រៀង​ទី1 នៅ​កម្ពុជា​កាលពី​ឆ្នាំ2017 ជាមួយ​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជិត 15ប៊ី​លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម​បាន​បន្ថែមទៀតថា ទំហំ​វិនិយោគ​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ2017 មាន​ចំនួន 14,3ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ27% នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប​ដែល​ចំនួន​នេះ បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 748លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    ក្រៅពី​កំណើន​ទឹកប្រាក់​វិនិយោគ​ហើយ ស្ថានភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា នៅក្នុង​ឆ្នាំ2017 ក៏មាន​វឌ្ឍនភាព​ល្អប្រសើ​រ​ផងដែរ។ បើតាម​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​សម្រេចបាន​ដល់ 5,790លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង21.7% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរ​ចិន​ដែល​បាន​ចូលមក​កម្ពុជា​កាលពី​ឆ្នាំ2017 មាន​ចំនួន 1,210,000នាក់ គឺ​បាន​កើនឡើង​ជិត 46% បើ​ធៀប​នឹង​ឆ្នាំ2016ដូចគ្នា។

    គួរ​បញ្ជាក់ថា គម្រោង​ភាគច្រើន​ដែល​ចិន​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ភាគច្រើន​លើ​វិស័យ​សំណង់ កសិកម្ម ថាមពល ឧស្សាហកម្ម​កាត់ដេរ ធនាគារ និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទេសចរណ៍​ជាដើម៕

  • លោក Pardew ចាក​ចេញពី West Brom ក្រោយពី​ក្លិប​កាន់តែ​លិចលង់​ដល់​បាត​តារាង

    លោក Pardew ចាក​ចេញពី West Brom ក្រោយពី​ក្លិប​កាន់តែ​លិចលង់​ដល់​បាត​តារាង

    លោក Alan Pardew បានទទួល​លទ្ធផល​ត​ប​មកវិញ​សម្រាប់​ការរង​បរាជ័យ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League ចំនួន 8លើកជាប់ៗគ្នា​តាមរយៈ​ការចាកចេញ​ពី​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប West Bromwich Albion ដោយ​ការ​ព្រមព្រៀងគ្នា​ទាំងសងខាង កាលពី​ថ្ងៃ​ចន្ទ។

    គ្រូបង្វឹក​វ័យ 56ឆ្នាំ​រូបនេះ​បាន​កាន់តំណែង​ក្នុង​ក្លិប​នេះ​ត្រឹមតែ​រយៈពេល 4ខែ​គត់ ក្រោយពី​បាន​ជំនួស​កន្លែង​របស់លោក Tony Pulis ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​ជោគវាសនា​របស់​ក្លិប​បានឡើយ ហើយ​លោក​បានធ្វើឱ្យ​ពួកគេ​ស្ថិតនៅ​បាត​តារាង ដោយ​ដេញតាម​ពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​ដល់​ទៅ 10ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ 6លើក​ទៀត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។

    ខណៈដែល​គ្រូបង្វឹក​ជំនួយ John Carver ក៏​នឹង​ចាកចេញ​ដែរនោះ ក្លិប West Bromបានឱ្យដឹង​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «West Bromwich Albion និង​លោក Alan Pardew បាន​យល់ព្រម​ចែកផ្លូវ​គ្នា ក្រោយពី​ការពិភាក្សាផ្សេងៗរវាង​ភាគី​ទាំង 2រួចរាល់​ហើយ»។ West Bromបាន​បន្ថែមទៀតថា៖ «ក្លិប​សូម​ថ្លែងអំណរគុណ​ដល់​លោក Alan និង​លោក John សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ និង​សូម​ជូនពរ​ឱ្យ​អ្នក​ទាំងពីរ​ជួបតែ​សំណាងល្អ​នៅ​ថ្ងៃ​អនាគត»។ លោក Darren Moore គ្រូបង្វឹក​នៃ​ក្រុម​ឈុត​ធំ នឹង​កាន់តំណែង​បន្ត​រហូត​ទាល់តែ​មានការ​ប្រកាស​ជាថ្មី​ណាមួយ​ទៀត។

    លោក Pardew អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Reading, Charlton Athletic, West Ham, Southampton, Newcastle United និង Crystal Palace ចូលកាន់​តំណែង​ជំនួស​លោក Pulis បានត្រឹមតែ 4ខែ​ប៉ុណ្ណោះ៕

    ប្រភពព័ត៌មាន៖ The Straits Times

  • ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    នៅពេលថ្មីៗនេះ មហាជនជាច្រើនបានទន្ទឹងចាំផ្លូវចំពោះការចេញបទចម្រៀងចូលឆ្នាំរបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហាក់បីដូចជាស្ងប់ស្ងាត់ និងមិនមានចេញបទភ្លូកទឹកភ្លូកដីដូចតារាចម្រៀងដទៃរួមផលិតកម្ម។

    តែដោយឡែក ស្រាប់តែនៅថ្ងៃទី 3 ខែមេសា នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានទម្លាយរូបតារាស្រី ស៊ុន ស្រីពេជ្រ ដែលគេមើលឃើញថាកំពុងលួចបង្កាត់ភ្លើងស្នេហាជាមួយនឹងបុរសម្នាក់ ដែលកញ្ញាមិនធ្លាប់បង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ពីមុនឡើយ បើទោះបីវ័យកាន់តែជ្រេហើយក៏ដោយ តែស្រី ពេជ្រ កំពុងស្និទ្ធស្នាលជាមួយកំឡោះគូស្នេហ៍នេះ មានសម្រស់នៅក្មេងស្រស់សង្ហា មិនចាញ់តារាសម្ដែងនោះទេ។

    ពិតជាភ្ញាក់ផ្អើលបំផុតបង្ហោះរូបភាពស្និតស្នាលក្នុងដំណើរកម្សាន្ដនៅឯក្រៅប្រទេស និងក្នុងស្រុកជាមួយនឹងបុរសម្នាក់ដែលមានរូបរាងសង្ហា រាងខ្ពស់ស្រលះ ទម្រង់មុខកូនកាត់ចិន ស្បែកសថ្លា បានធ្វើមហាជនជាច្រើនបានសរសើរថា កញ្ញា ស៊ុន ស្រីពេជ្រ មិនត្រឹមតែពូកែច្រៀងទេ ថែមទាំងពូកែរើសដៃគូស្នេហាទៀតផង មើលចុះសង្ហាណាស់។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖

  • ដាំ​មមាញ​លើដី​ជាង 30អា មួយថ្ងៃ​រកប្រាក់​បាន​ពី 20 ទៅ30ម៉ឺន​រៀល

    ដាំ​មមាញ​លើដី​ជាង 30អា មួយថ្ងៃ​រកប្រាក់​បាន​ពី 20 ទៅ30ម៉ឺន​រៀល

    មមាញ គឺជា​រុក្ខជាតិ​អាហារ​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​និយម​បេះយក​ដើមខ្ចីៗយកទៅ​ធ្វើជា​បន្លែ​ជ្រក់ លាយ​ជាមួយ​សណ្តែកបណ្តុះ​មាន​រសជាតិ​ឆ្ងាញ់​ពិសា ពិសេស​ញ៉ាំ​ផ្ទាប់​ជាមួយ​ត្រីអាំង (ជា​ម្ហូប​ខ្មែរ​សុទ្ធ) ពិតជា​មានឱជារស​គួរឱ្យ​ចង់​ទទួលទាន​ខ្លាំងណាស់។

    កសិករ​ដែល​ដាំ​ដើម​មមាញ​នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ខេត្តកណ្តាល គឺ​អ្នកស្រី​ឯក សៀក​គីម បានឱ្យដឹងថា គ្រួសារ​គាត់​បាន​ប្រកប​របរ​ដាំ​ដើម​មមាញ​លក់ អស់​រយៈពេល 3ឆ្នាំ​មកហើយ​នៅលើ​ផ្ទៃដី 50 គុណ​នឹង70ម៉ែត្រ។ ក្នុង​មួយថ្ងៃ​អាច​កាត់​លក់បាន​ចន្លោះ​ពី20ម៉ឺន​រៀល ទៅ30ម៉ឺន​រៀល និង​ងាយស្រួល​ថែទាំ​ជាង​ដំណាំ​ដទៃទៀត ហើយ​ថែមទាំង​ឆាប់​ទទួលបាន​ផល​ទៀតផង។

    អ្នកស្រី​បញ្ជាក់ថា ដាំ​ដើម​មមាញ​មិនសូវ​ជាមាន​សត្វល្អិត​មក​យាយី​នោះទេ គ្រាន់តែ​ប្រើ​ជី​អាច​ម៌​គោ​រោយ​លើ​ថ្នាល​ពេល​ដាំ​ដំបូង ហើយ​ស្រោច​ទឹក​ឱ្យបាន​ជាប់​ជាប្រចាំ ត្រឹមតែ​រយៈពេល1ខែ​ប៉ុណ្ណោះ ដើម​មមាញ​នឹង​ផ្តល់​ផល​អាច​ច្រូត​បាន មាន​ម៉ូ​យមក​ទទួល​ទិញ​ដល់​ចម្ការ ឬ​យកទៅ​បោះ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស​ក្នុង​ក្រុងភ្នំពេញ​ក៏បាន។

    ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ មុនដំបូង​គេ​គ្រាន់តែ​ភ្ជួរ​ដី​ហាល​ចោល​មួយ​សប្តាហ៍ ដើម្បីឱ្យ​ដី​បាន​ឆ្អិន​ល្អ សម្លាប់​មេរោគ និង​កុំឱ្យ​ស្មៅ​ដុះ​ច្រើន រួចហើយ​គេ​លើក​ជា​ថ្នាល ចន្លោះ​មួយ​ម៉ែត្រ​ពី​រង​មួយ​ទៅ​រង​មួយទៀត បន្ទាប់មក​ទើប​យក​ចំបើង​ទៅ​ក្រាល​ពីលើស្តើងៗដើម្បី​ការពារ​ឱ្យ​ដី​រក្សា​សំណើម​បានយូរ រួច​ទើប​យក​គ្រាប់​មមាញ​ទៅ​រោយ​ពីលើ​ថ្នាល ហើយ​ស្រោច​ទឹក​ព្រឹក-ល្ងាច។ រយៈពេល 3ថ្ងៃ​គ្រាប់​មមាញ​នឹង​ដុះ​ពន្លក​ចេញ​ស្លឹក​ពីរ បន្ទាប់ពីនោះ​មិនបាច់​ស្រោច​ទឹកជា​ប្រចាំ​ទេ ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​រំលង​មួយថ្ងៃ ដោយ​មិនបាច់​ថែទាំ​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​នោះទេ ព្រោះ​ដើម​មមាញ​មិនមាន​ពពួក​ដង្កូវ ឬ​សត្វល្អិតផ្សេងៗមក​យាយី​ច្រើន​ទេ ហើយ​ត្រឹមតែ​មួយខែ​ដើម​មមាញ​ក៏​នឹង​លូតលាស់​ធំ​ឡើង និង​អាច​កាត់​យកទៅ​លក់បាន​ហើយ។

    អ្នកស្រី​បន្ថែមថា ក្នុង​ទំហំ​ដី 50ម៉ែត្រ​គុណ​នឹង 70ម៉ែត្រ គ្រួសារ​គាត់​អាច​ច្រូត​លក់បាន​ចន្លោះ​ពី200គីឡូក្រាម ទៅ300គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​លក់​ក្នុងតម្លៃ1,000រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម ទៅតាម​ការ​កុម្ម៉ង​ទិញ​របស់​ម៉ូយ។ ដើម​មមាញ​មិនមែន​ច្រូត​លក់​តែមួយ​ដង​ហើយ​អស់​នោះទេ ពេល​ច្រូត​ម្តង​រួចហើយ ត្រូវ​ស្រោច​ទឹក​ថែទាំ​ដាក់​ជី​ឡើងវិញ​ម្តងទៀត ពេលនោះ​ដើម​មមាញ​នឹង​បែកមែក​លូតលាស់​សាជាថ្មី និង​អាច​កាត់​លក់បាន​ទៀត។

    ពោលគឺ​កាត់​វិលជុំ​នៅលើ​ផ្ទៃដី​ទំហំ 50គុណ​នឹង70ម៉ែត្រ​នេះ គេ​អាច​កាត់​មួយថ្ងៃ​ខាន​មួយថ្ងៃ​បាន ប៉ុន្តែ​ទោះយ៉ាងណា​វា​មាន​អាយុកាល​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ ព្រោះ​ពេលនោះ​ដើម​មមាញ​នឹង​ចាស់ លែងឱ្យ​ផល តែ​គេ​អាច​ទុកឱ្យ​វា​ចេញ​ផ្លែ​ទុក​ធ្វើ​ពូជ​បន្ត ឬ​យក​គ្រាប់​លក់​បន្តបាន ដែលជា​ទូទៅ​គ្រាប់​មមាញ​មួយ​គីឡូក្រាម មានតម្លៃ​ពី 6ទៅ7ម៉ឺន​រៀល។

    ទោះយ៉ាងណា ក្រោយពី​មមាញ​ចាស់​ដើម គេ​អាច​ភ្ជួរ​ដី​ហាល​ចោល​សាជាថ្មី ដើម្បី​ដាំ​វា​ឡើងវិញ​ម្ដងទៀត ដោយ​ប្រើ​រយៈពេល​ត្រឹមតែ1ខែ​ដូច​មុន ដើម​មមាញ​ថ្មី​នឹង​ឱ្យ​ហុច​ផល​អាច​កាត់​លក់បាន​ប​ន្ត​ទៀតហើយ ឯ​តម្លៃ​ទៀតសោត​ក៏​នៅ​នឹង​មិនសូវ​ប្រែប្រួល​ទេ ពោលគឺ​នៅត្រឹម1,000រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម​រហូត ដោយសារតែ​មិនសូវមាន​អ្នក​ដាំ​ច្រើន៕

  • ឥណ្ឌូណេស៊ី គំរាម​បិទ Facebook បើសិន​ព័ត៌មាន​អ្នកប្រើប្រាស់​ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ

    ឥណ្ឌូណេស៊ី គំរាម​បិទ Facebook បើសិន​ព័ត៌មាន​អ្នកប្រើប្រាស់​ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ

    ហ្សា​ការ​តា៖ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី លោក Rudiantara បាន​គំរាម​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook ចោល បើសិន​ទិន្នន័យ ឬ​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី03 ខែមេសា ឆ្នាំ2018។

    នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ Bloomberg លោក Rudiantara បាន​និយាយថា «ប្រសិនបើ​ខ្ញុំ​តម្រូវឱ្យ​បិទ (Facebook) នោះ​ខ្ញុំ​នឹងធ្វើ​វា»។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា «ខ្ញុំ​បាន​បិត​កម្មវិធី Telegram ដូច្នេះ​ខ្ញុំ​គ្មានអ្វី​ស្ទាក់ស្ទើ​ក្នុង​ការបិទ (Facebook) នោះទេ»។

    រដ្ឋមន្ត្រី​ជាន់ខ្ពស់​រូប​នេះ បានឱ្យដឹង​ទៀតថា ប្រសិនបើ​ខ្លួន​ទទួលបាន​ព័ត៌មាន​ថា ទិន្នន័យ​នៃ​អ្នកប្រើប្រាស់ Facebook នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​រំលោភបំពាន នោះ​លោក​នឹ​សម្រេចចិត្ត​បិទ Facebook។

    គួរ​បញ្ជាក់ថា ថ្មីៗនេះ Facebook បាន​ទទួលរង​ការចោទប្រកាន់ ថា​បាន​អនុញ្ញាតឱ្យ​មានការ​លូកដៃ​ចូល​យក​ព័ត៌មាន​សម្ងាត់​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជាង ៥០លាន​នាក់ ដែល​ទើប​ត្រូវបាន​បែកធ្លាយ​កាលពី​ខែ​មុននេះ ជាពិសេស លោក Mark Zuckerberg សហ​បិតា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ ក៏​កំពុង​ប្រឈមមុខ​នឹង​ការឡើង​ស្រាយ​បំភ្លឺ មុខ​សភា​អាមេរិក និង​អង់គ្លេស ព្រមទាំង​បាន​សុំទោស​ដល់​ពិភពលោក​ទាំងមូល​ថែមទៀត ហើយ​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ បានធ្វើឱ្យ Facebook ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុងតម្លៃ​ជា​ភាគហ៊ុន៕

  • ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    ព្រះសង្ឃមួយអង្គពន្លះបទចម្រៀង ពេជ្រ សោភា « បីឆ្កែចូលរាំ » ថាជាមនុស្សឆ្កួត

    នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2018 នេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូ និងរូបភាពដែលស្ដែងឱ្យគេឃើញពីព្រះសង្ឃមួយអង្គ មិនបានបញ្ចេញព្រះនាមច្បាស់ បានពន្លះតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលបានចេញបទចម្រៀង « បីឆ្កែចូលរាំ » នោះជាមនុស្សឆ្កួត ដោយព្រះសង្ឃអង្គនេះ បានអះអាងពីរឿងទាល់តែស្ត្រីមានអត្តចរឹតវិកលមិនគ្រប់ទឹក ទើបបានជាបីឆ្កែចូលទៅរាំអីចឹង។

    ខណៈកំពុងទេសនានៅក្នុងគេហដ្ឋានពុទ្ធបរិស័ទមួយកន្លែង ព្រះសង្ឃអង្គនោះ បានមានពុទ្ធដិកាសង្កត់ធ្ងន់ៗចំៗថា​« បើគេកំពុងតែរាំសប្បាយគ្រប់គ្នា ហើយឯងបីឆ្កែចូលរាំ តើជាមនុស្សជាដែរឬអត់? មានតែមនុស្សឆ្កួត បានធ្វើបែបហ្នឹង គិតពិចារណាមើលផង » ។ មិនតែបានរិះគន់អំពីបទ « បីឆ្កែចូលរាំ » នោះទេ កាលពីឆ្នាំមុន តារាស្រី ពេជ្រ សោភា ក៏បានចេញបទចម្រៀង « ឆ្កែរត់បុកប៉ោត » ក៏ត្រូវព្រះសង្ឃមួយអង្គនេះ ពន្លះថា ជាមនុស្សឆ្កួតដូចគ្នាផងដែរ។

    ស្របគ្នានោះដែរ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិប្រតិកម្មតបតទៅកាន់ព្រះសង្ឃអង្គនោះថា « ព្រះពុទ្ធសាសនាឥលូវ ភ្លាវអស់ហើយ ដោយសារបុគ្គលសង្ឃមួយចំនួនប្រព្រឹត្តខុសធម៌វិន័យ ដ៏អីចឹងប្រជាពលរដ្ឋខ្មែរលែងមានជំនឿហើយនិងប៉ះពាល់ដល់សង្ឃដែលល្អៗទៀត តេជគុណចង់ល្បីទេសនាប្លែក មិនទេសនាពីគុណឳពុកម្តាយ ទៅចេះវែកញែករឿងបីឆ្កែចូលរាំអីណា»។ ខ្លះទៀតបានលើកឡើងថា « មិនមែនលោកសង្ឃទេ មើលឫកវា យីគេនិមន្តឱ្យទៅសូត្រធម៌បែរជាទៅរិះគន់រឿងគេច្រៀង ច្រណែននិងឆ្កែមែន អាត្រងោលនេះធ្វើខូចសង្ឃគេអស់ហើយ គេបទឆ្កែព្រោះឆ្នាំច ហើយគេបីឆ្កែថាគេឆ្កួត អីចឹងអ្នកចិញ្ចឹមឆ្កែសុទ្ធតែឆ្កួត ហើយអ្នកលោកដែលយកឆ្កែមកនិយាយក៏វាឆ្កួតជាង ឆ្កែទៀត យីអាត្រងោល ហើយបងប្អូនជួយស្តាប់សម្តីលោកនេះ ស្រែកលឺៗដូចយូគោមបាតវត្ត យីអាត្រងោល ជួយshareអោយវាឃើញផង »៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • សម្ពាធ​កំពុង​កើតមាន​លើ Real និង​លោក Zidane ពេល​ប៉ះ Juventus រាត្រី​នេះ

    សម្ពាធ​កំពុង​កើតមាន​លើ Real និង​លោក Zidane ពេល​ប៉ះ Juventus រាត្រី​នេះ

    សម្ពាធផ្សេងៗ នឹងត្រូវ​កើតមានឡើង​ចំពោះ​លោក Zinedine Zidane ម្តងទៀត នៅពេលដែល​ក្រុម Real Madrid របស់លោក​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Turin ក្នុងការ​ប្រកួត​ដ៏​សំខាន់​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ។ លោក Zidane បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​ចង់​បន្ត​ដឹកនាំ​ក្លិប Real ប៉ុន្តែ បច្ចុប្បន្ន​បំណង​របស់លោក​នឹងត្រូវ​អាស្រ័យទៅលើ​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម​ដ៏​ធំ​មួយ​នេះ ជាមួយនឹង​ក្រុម Juventus។

    Real នឹងត្រូវ​ប៉ះ​ជាមួយ​អតីត​ក្លិប​របស់លោក Zidane ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ​នា​រាត្រី​នេះ ដោយ​ដឹងថា រដូវ​កាល​របស់​ពួកគេ និង​អនាគត​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ នឹង​ស្ថិត​លើ​ការឈាន​ទៅដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ឬក៏​អត់។ ការ​មានឱកាស​យ៉ាង​ស្តួចស្តើង​ក្នុងការ​ការពារ​ពាន​ក្របខ័ណ្ឌ La Liga រួមទាំង​ការធ្លាក់​ចេញពី​ពាន Copa del Rey មានន័យថា បច្ចុប្បន្ន ពួកគេ​នៅសល់​ត្រឹមតែ 1យុទ្ធនាការ​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ប្រជែង​ដណ្តើមពាន​នៅ​រដូវ​កាល​នេះ។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Real កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​នាពេលថ្មីៗនេះ។ Real ដណ្តើមបាន​ជ័យជម្នះ 10លើក ក្នុងចំណោម​ការប្រកួត 11លើកចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើ​ក្រុម PSG ផងដែរ។ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី 36គ្រាប់​ក្នុងការ​ប្រកួត​ទាំង 11លើក​នោះ ដែល​មានន័យថា ជា​មធ្យម​ពួកគេ​រកបាន 3គ្រាប់​ក្នុង​មួយ​ប្រកួត។ ខ្សែប្រយុទ្ធ Lucas Vazquez បានឱ្យដឹងថា៖ «ការប្រកួត​នេះ​កើត​ចំពេល​ដ៏​ល្អ​សម្រាប់​យើង។

    យើង​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​យើង​បាន​លេង​កាន់តែ​ល្អ រកបាន​គ្រាប់​បាល់​កាន់តែច្រើន។ វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ ហើយ​បច្ចុប្បន្ន យើង​ត្រូវតែ​ដណ្តើមយក​ប្រៀប​ក្នុងការ​ប្រកួត​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • មុន​ចូលឆ្នាំ​ខ្មែរ​អ្នក​ភ្នំពេញ​នឹង​បានធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ហើយ

    មុន​ចូលឆ្នាំ​ខ្មែរ​អ្នក​ភ្នំពេញ​នឹង​បានធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ហើយ

    ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ការចំណាយ​ពេល​វេលា​យូរ​ក្នុងការ​ធ្វើដំណើរ​ក្នុង​ទីក្រុង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុង​តាមផ្លូវ​ទឹក​នៅមុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះហើយ។

    តាម​ការប្រកាស​របស់​ក្រសួង​កាលពី​សប្តាហ៍​មុន បានឱ្យដឹងថា នាវា​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរការ​នាពេលឆាប់ៗនេះ​បានសម្រេច 95%ហើយ គិត​ត្រឹម​ចុង​សប្តាហ៍​មុននេះ។

    លោក ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​គូសបញ្ជាក់​ប្រាប់ឱ្យដឹង​នាថ្មីៗនេះ​ថា ក្រុមការងារ​កំពុងតែ​សាងសង់​ចំណត​កំពង់ផែ​ទាំង 5ទីតាំងដំណាលៗគ្នា​ដើម្បីឱ្យ​សម្រេចបាន​ទៅតាម​ផែនការ​នៃ​ការគ្រោងទុក​ដែល​បាន​កំណត់ថា​នឹង​ដាក់ឱ្យ​ដំណើរការ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មកដល់។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ដាក់ឱ្យ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​ទៅមក​ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ នៅ​ថ្ងៃទី6 ខែមេសា ខាងមុខនេះ ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង របស់​កម្ពុជា​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​គោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកធ្វើដំណើ​រ​ចូល-ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ។

    លោក​បន្តថា ការដាក់ឱ្យ​ដំណើរការ​លើកដំបូង​នៅ​ថ្ងៃទី6 ខែមេសា ឆ្នាំ2018 ខាងមុខនេះ នឹងមាន​កាណូត​ដឹក​អ្នកដំណើរ​ចំនួន 3គ្រឿង ក្នុងនោះ 2គ្រឿង​ជា​កាណូត​របស់​ក្រុមហ៊ុន Royal Express Boat ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន 60នាក់ និង3គ្រឿង​ទៀត​ជា​កាណូត​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​កំពុង​សាងសង់​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន 54នាក់ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព។

    ជាមួយ​កាណូត 3គ្រឿង​ជា​ជំហាន​ដំបូង​នេះ​នឹងធ្វើ​ចរាចរ​ផ្តល់​សេវា​ដឹក​អ្នកដំណើរ​ដោយ​ចេញដំណើរ​ពី​ព្រែក​ព្នៅ​ឆ្ពោះទៅ​ក្រុង​តាខ្មៅ​ដែលមាន​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ 25គីឡូម៉ែត្រ និង​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ជា​មធ្យម 34នាទី មាន​ចំណត​ផែ​ចំនួន5 រួមមាន​ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ។

    ឯកឧត្តម​សង្ឃឹមថា ការដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ទីក្រុង​តាមផ្លូវ​ទឹក​នេះ​នឹង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណោះស្រាយ​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើឱ្យ​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀតផង៕

  • កញ្ញា ម៉ុក អានីត និងលោក ខេវិន ចេញវីដេអូបកស្រាយផ្ទាល់ពីករណីប្រធានសមាគមខ្មែរនៅកាណាដា

    កញ្ញា ម៉ុក អានីត និងលោក ខេវិន ចេញវីដេអូបកស្រាយផ្ទាល់ពីករណីប្រធានសមាគមខ្មែរនៅកាណាដា

    ក្រោយពីកញ្ញា ម៉ុក អានីត និងលោក​ ខេវិន ទទួលបានការអនុញ្ញាតិពីព្រះរាជអាជ្ញានិងយោបល់មេធារីដើម្បីចេញមុខបកស្រាយជុំវិញរឿងបទបរិហារកេរ្ត៏នឹងបង្ខូចកេរ្ត៏ឈ្មោះ ថ្មីនេះៗ តារាចម្រៀងទាំងពីរដួងនេះ បានចេញវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស លាតត្រដាងការពិតពីបុរសជាប្រធានសមាគមខ្មែរនៅកាណាដាលោក ឃុន ដេវិត ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបដឹងពីដំណើរហេតុដែលបានកើតឡើង ។

    ក្រោយពេលផ្ទុះរឿងបរិហាកេរ្ដិ៍ខ្មាសរបស់កញ្ញា ម៉ុក អានីត ដែលត្រូវបានលោក ឃុន ដេវិត ឬមានឈ្មោះ ទន់ ពូន បានបង្ហោះនៅលើបណ្ដាញហ្វេសប៊ុករួចមក តារាស្រីរូបនេះ បានដាក់ពាក្យបណ្ដឹងនៅកាន់សមត្ថិកិច្ច និងផ្ដល់សិទ្ធិជូនមេធាវីដើម្បីដោះស្រាយរឿងនោះទៅតាមនិតិវិធីច្បាប់។ យ៉ាងណាមិញ លោក ខេវិន បានសង្កត់ធ្ងន់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា​ « នេះឬលោកប្រធានសមាគមល្បីក្នុងFacebook? សរសេលើអត្ថបទ Account របស់ខ្លួនឯងអសិលធម៌បែបនឹង អត្តអន់ជាងសត្វឆ្កែតិឆ្ឆានទៅទៀត ហើយអួតលើកតម្កើនខ្លួនឯងខ្ពស់ពេកហើយនេះទទួលយកអត់បានទេ តើឪពុកម្ដាយលោកឯងបានប្រដៅលោកឯងអត់???បានជាមើលងាយមនុស្សីដល់ថ្នាក់និង។ នេះសរបញ្ចក់ឱ្យឃើញពីចរិកដ៏ថោកទាបបំផុតខ្វះសុជិវៈធម៌គ្មានការអប់រំគ្មានម៉ែឪប្រដៅ ចាស់ហើយនៅភ្លីភ្លើទៀត ក្រែងតាកណ្ដុលធ្លាក់ឯងកើតពីមនុស្សស្រីដែរ ឬក៏កើតដូចស៊ិនអូខុង អត់មានម៉ែមានឪនឹងគេ បានជាហ៊ានប្រមាថមនុស្សីដល់ថ្នាក់នឹង កុំលាបពណ៏គេយកឈ្មោះប្រធានសមាគមន៏គេល្អពិតប្រកដជួយសង្គមទៅជាន់ឈ្លីធ្វើឱ្យមហាជនគេច្រឡំព្រោះតាកណ្ដុលធ្លាក់ទឹកឯងសោះ »។

    លោក បន្ដបញ្ជាក់បន្ថែមទៀតថា « ប្រធានសមាគមល្អពិតប្រាកដ គេបើកសមាគមដើម្បីជួយខ្មែរលើកតម្កើនជាតិនឹងពូជសាសន៍ខ្លួនឯង មិនមែនដូចតាឯងបោះឆ្នោតមា្នក់ឯង ជាប់ម្នាក់ឯង ចាត់តាំងខ្លួនឯង ស៊ីញ៉េម្នាក់ ហើយសម្មត់ថាខ្លួនជាប្រធានសង្គមខ្មែរកាដាណា ជាឈ្លើងជាចៃសង្គមទើបត្រឹមត្រូវជាង ត្រៀមខ្លួនឱ្យហើយទៅ ឈប់អោយគេអង្វរអោយពួកខ្ញុំដកពាក្យបណ្ដឹងទៀតទៅ No way No way
    ចាស់ចំណាស់ហ្នឹងហ៊ាន Selfie ខ្លួនឯងហើយសរសេរពាក្យភាសាបាតផ្សារ posted ឱ្យគេមើលខ្លាចគេគិតថាខ្លួនឯងមិនមែនឆ្កែ ជួយ Share ឱ្យតានឹងល្បីនឹងពីភពលោកបានឃើញទង្វើដ៏លាមកថោបទាបបំផុតរបស់តាហ្នឹង(The Guy very crook man) »។

    ខាងក្រោមនេះ គឺជាវីដេអូបកស្រាយផ្ទាល់របស់កញ្ញា ម៉ុក អានីត និងលោក ខេវិន ដែលបានលាតត្រដាងរឿងពិតជូនមហាជនបានជ្រាបដឹង ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖