Category: សង្គម និងសេដ្ឋកិច្ច

  • វិធីបោកសម្អាតខ្នើយ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    វិធីបោកសម្អាតខ្នើយ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    ខ្នើយកើយ គឺជា​វត្ថុ​មួយ​ដែលបងៗស្ត្រី​មេផ្ទះ និង​សមាជិក​ក្នុង​គ្រួសារ​ត្រូវតែ​ប្រើប្រាស់​រៀងរាល់ថ្ងៃ ហើយ​អ្វីដែល​សំខាន់​នោះ ​គឺ​ខ្នើយ​ត្រូវ​ប៉ះ​នឹង​ផ្ទៃមុខ​របស់​អ្នក​គ្រប់​ពេលដែល​អ្នក​គេងសម្រាក ដូច្នេះហើយ​ទើប​អ្នក​ចាំបាច់​ខ្លាំងណាស់​ត្រូវតែ​ឧស្សាហ៍​បោកគក់​សម្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​វត្ថុ​កខ្វក់ផ្សេងៗទាំងនោះ​មិនឱ្យ​មក​ប៉ះ​ដល់​រាងកាយ​របស់​អ្នក​បាន។

    ការបោក​សម្អាត​ខ្នើយកើយ និង​ខ្នើយ​គង ​គឺជា​រឿង​សំខាន់​មួយ តែ​សម្រាប់​វិធី​ការថែទាំ​ក៏មាន​ភាព​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។ ខាងក្រោម​នេះ ​គឺជា​វិធី​បោក​សម្អាត​ខ្នើយ​តាមបែប​ផ្សេង ​ដែលបងៗស្ត្រី​មេផ្ទះ​គួរតែ​យល់ដឹង​ ដើម្បី​ភាព​ស្អាតមាន​អនាម័យ និង​សុខភាព​ល្អ​របស់សមាជិកក្នុងគ្រួសារ និង​ខ្លួនឯង​ផ្ទាល់។

    ការបោក​សម្អាត​ខ្នើយ​ថ្មី
    សម្រាប់​ខ្នើយ​ដែល​ទើបតែ​ទិញ​មកថ្មីៗ ចាំបាច់​ណាស់​ត្រូវតែ​បោក​សម្អាត​ជាមុនសិន មុននឹង​យកមកប្រើ ដោយ​វិធី​ការបោក​គក់​ក៏​អាចធ្វើ​ឡើង​ដោយ​ការប្រើ​ម៉ាស៊ីន​បោកគក់​បានដែរ។ ដោយ​មុនដំបូង​ចូរ​យក​ម្សៅ​សាប៊ូប្រមាណ​ជា 1កូន​ពែង លាយ​ជាមួយ​ទឹក​ថ្នាំ​ដាក់ឱ្យ​ស 1/2កូនពែង និង​ម្សៅ​បេ​ក​គីង​សូ​ដា 1/2កូន​ពែង ដាក់​
    ត្រាំ​នៅក្នុង​ទឹក​ក្ដៅ​រយៈពេល20នាទី រួចហើយ​សឹម​យកទៅដាក់​ចូលក្នុង​ម៉ាស៊ីន​បោកគក់​ ដើម្បី​បោក​តាម​ធម្មតា រួចហើយ​ទើប​យកទៅដាក់​ហាល​ឱ្យ​ស្ងួត។

    ការបោក​សម្អាត​ខ្នើយ​ធ្វើ​ពី​អេ​ប៉ុង
    គឺជា​ខ្នើយ​ដែល​មនុស្ស​ជាច្រើន​ជ្រើសរើស​ប្រើ តែ​រឿង​ដែល​សំខាន់​នោះ​គឺ ដោយសារតែ​វា​មិនអាច​បោក​សម្អាត​ដោយ​ម៉ាស៊ីន​បោកគក់​បាន ដូច្នេះហើយ​ទើបត្រូវ​បោក​សម្អាត​ដោយការ​ដោះ​ស្រោម​ចេញមក​បោក​ដោយឡែក និង​សម្រាប់​អេ​ប៉ុង​វិញ​អាចធ្វើ​ការសម្អាត​ដោយ​ការប្រើ​ម៉ាស៊ីន​បូម​ធូលី​ចេញ ហើយបន្ទាប់ពីនោះ​អាច​ប្រើ​ផលិតផល​កម្ចាត់​ស្នាម​ប្រឡាក់ វែ​នី​ស ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ផ្សេងៗ ហើយ​សឹម​លាង​ចេញ​ដោយ​ទឹកស្អាត និង​ជូត​ផ្ដិត​ដោយ​កន្សែងពោះគោ រួចហើយ​ទើប​យកទៅដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត។

    ការបោក​សម្អាត​ខ្នើយ​ដែល​ប្រឡាក់​ញើស​ឡើង​ពណ៌​លឿង
    សម្រាប់​ខ្នើយ​ដែល​ប្រឡាក់​ឡើង​ពណ៌​លឿង​នេះ​គឺជា​រឿង​ធំ​ណាស់ តែ​ក៏​អាច​ចាត់ការ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ដែរ ដោយ​ការយក​ខ្នើយ​នោះ​ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្ដៅ រួមទាំង​ដាក់​ម្សៅ​សាប៊ូ 1ពែង ទឹកសាប៊ូ​លាងចាន​មួយ​ពែង ម្សៅ​បូ​រែក​ស៍(អា​ចរក​ទិញ​បាន​នៅ​ក្នុង​ហាង និងផ្សារ​ទំនើប) 1/2ពែង ត្រាំ​ទុកចោលរយៈពេល30នាទី រួច
    ហើយ​ទើប​បោកគក់​នឹង​ដៃ​តាម​ធម្មតា ឬ​ដាក់​បោក​ក្នុង​ម៉ាស៊ីន​​រហូតដល់​ស្នាមលឿងៗទាំងនោះ​រលាយបាត់​អស់។

    ការបោក​សម្អាត​ខ្នើយ​ដែល​ដុះ​ផ្សិត
    ខ្នើយ​ដែល​កខ្វក់​ឡើង​ដុះ​ផ្សិត គឺជា​រឿង​ធំ​មួយទៀត​ដែល​ចាំបាច់​យ៉ាងខ្លាំង​ត្រូវតែ​យកចិត្តទុកដាក់ តែ​ក៏​អាចធ្វើ​ការបោក​សម្អាត​បា​ន​ដោយ​ងាយ​ដែរ ដោយ​ចាប់ផ្ដើម​ពី​ការយក​ខ្នើយ​នោះមក​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្ដៅ ហើយ​បន្ថែម​ទឹក​ថ្នាំហាយ​ដ្រូ​ជេន ភើ​រ៍​អុក​សាយ​ដ៍(Hydrogen Peroxide) 1ពែង បន្ទាប់មក​ដាក់​ទឹក​សាជូរ​ចូលទៅ 1/2ពែង រួច​ត្រាំ​ទុកចោល។ បន្ទាប់ពី​នោះមក​ទើប​បន្ថែម​ម្សៅ​បេ​ក​គីង​សូ​ដា និង​បន្ថែម​ទឹក​សាជូរ​ចូលទៅ​ទៀត រួចហើយ​សឹម​បន្តក់​ទឹក​ប្រេង​ក្រអូប​ចូលទៅ​បន្តិច។ បន្ទាប់ពី​កម្ចាត់​មេរោគ​ផ្សិត​រួចហើយ ទើប​យកទៅ​បោក​សម្អាត​តាម​ប្រក្រតី។

    ចំណេះដឹង​បន្ថែម
    បងៗស្រី​មេផ្ទះ​ជាច្រើន​តែង​នឹក​ឆ្ងល់​ថា ក្នុង​ការបោក​សម្អាត​ក្រណាត់ផ្សេងៗ ហេតុអ្វី​ចាំបាច់​ត្រូវ​កំណត់​សីតុណ្ហភាព​ទឹក(ទឹក​ក្ដៅ)? ព្រោះថា ការបោក​គក់ខោអាវ ឬ​ក្រណាត់ផ្សេងៗដោយ​ប្រើ​ទឹក​ដែលមាន​សីតុណ្ហភាព 40 អង្សា​នោះ​គឺ ដោយសារតែ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគផ្សេងៗ រួមទាំង​អាច​កម្ចាត់​ស្នាម​ប្រឡាក់ផ្សេងៗបាន​យ៉ាង​ល្អ ដែល​នឹង​ធ្វើឱ្យ​យើង​កាន់តែ​ងាយ​បោកគក់​សម្អាត​បាន​កាន់​តែ​ស្អាត​ឡើង​៕

  • បើ​គ្មានអ្វី​ប្រែប្រួល ធនាគារ SMEs នឹង​កើត​នៅ​ឆ្នាំ2019

    បើ​គ្មានអ្វី​ប្រែប្រួល ធនាគារ SMEs នឹង​កើត​នៅ​ឆ្នាំ2019

    ភាពបរាជ័យ​លើ​ការដោះស្រាយ​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ម្ចាស់​សហគ្រាស​ក្នុងស្រុក​បាន​ត្អូញត្អែរ​ឥត​ល្ហែ​អំពី​ការខ្វះ​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ទំនងជា​អាច​នឹង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​ជា​ផ្លូវការ​នៅ​ឆ្នាំ2019។ “ដំណើរ​ការកសាង​នីតិវិធី​កំពុង​ត្រូវបាន​រៀបចំ…” នេះ​តាម​ការអះអាង​របស់ ឯកឧត្តម​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ការបង្ហាញ​ពី​ជំហរ​បង្កើត​ធនាគារ SMEs នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អះអាងថា បន្ទាប់ពី​មើលឃើញ​ពី​គម្លាត​ខ្លាំង​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខ្វះ​ការផ្សារភ្ជាប់​រវាង​សហគ្រាស​តូច និង​សហគ្រាស​ធំ​នោះ។ ការបង្ហាញ​ពី​ដំណើរការ​បង្កើត​ធនាគារ​នេះ បាន​ធ្វើឡើង​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ជា​សាធារណៈ​លើកដំបូង​កាលពី​ចុងឆ្នាំ2017។

    ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែងថា រដ្ឋ​មិន​ចង់​លួ​កដៃ​ចូលក្នុង​ការបង្កើត​ធនាគារ​មួយ​នេះ​ទេ ប៉ុន្តែ​ក្នុង​ល្បឿន​នៃ​ការអភិវឌ្ឍ​សង្គម​រយៈពេល​ប្រមាណ 20ឆ្នាំ​កន្លងមកនេះ វិស័យ​ឯកជន និង​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​មិនបាន​បំពេញ​គម្លាត​នៃ​ការអភិវឌ្ឍ​នេះ​ទេ ដែល​បណ្តាលឱ្យមាន​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត​ច្រើន និង​សហគ្រាសធំៗក៏មាន​ច្រើន​ដែរ។

    ឯកឧត្តម វ​ង្សី វិស្សុត បាន​បញ្ជាក់ថា៖ “ប្រព័ន្ធ​ធនាគារ​យើង​សព្វថ្ងៃនេះ មានតែ​ធំ​បំផុត និង​តូច​បំផុត ប៉ុន្តែ​ធនាគារ​ថ្នាក់កណ្តាល​បែ​ជា​អត់​មាន ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក៏​បែប​ហ្នឹង ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏​បែប​ហ្នឹង។

    បើតាម​ប្រសាសន៍ ឯកឧត្តម វ​ង្សី វិស្សុត ធនាគារ SMEs នឹងត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ2019 បើសិន​គ្មានអ្វី​ប្រែប្រួល​ទេនោះ ហើយ​ធនាគារ​នេះ​នឹង​នាំមុខ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​ផ្នែក​ហិរញ្ញវត្ថុ​ឯកជន។ “អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ត្រូវតែ​ពិសេស​ជាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​នាពេល​បច្ចុប្បន្ន។

    កាលពី​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 សម្តេច ហ៊ុន សែន​ធ្លាប់បាន​ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឈានទៅ​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចាប់ផ្តើម​ពី​ដើមទុន 100លាន​ដុ​លា្ល​រ​អាមេរិក។

    ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​នៅពេលនោះ​ថា គម្រោង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​នេះ គឺ​ដើម្បី​បង្កើន​ការផលិត​ក្នុងស្រុក បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការនាំចេញ ព្រមទាំង​បង្កើន​ឱកាស​ការងារ​កាន់តែច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ។

    យោងតាម​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហគ្រាស​ធុន​តូច គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 10នាក់​រហូតដល់ 49នាក់ ជាមួយ​ដើមទុន​ចាប់ពី 1ម៉ឺន​ដុល្លារ​រហូតដល់ 19.9ម៉ឺន​ដុល្លារ រីឯ​សហគ្រាស​ធុន​មធ្យម គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 50នាក់​រហូត 199នាក់ ជាមួយ​ដើមទុន​ចាប់ពី 20ម៉ឺន​ដុល្លារ រហូតដល់​ជិត 1លាន​ដុល្លារ។

    យោង​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ការផ្តល់​កម្ចី​ដល់​ផ្នែក​សិប្បកម្ម ឬ​ឧស្សាហកម្ម​កែច្នៃ (កម្មន្តសាល) មាន​ត្រឹមតែ 6.3%ប៉ុណ្ណោះ​នៃ​កម្ចី​ឥណទាន​សរុប​ដែល​បានផ្តល់​ដល់​ផ្នែក​ជាច្រើន​ដូចជា ការជួញដូរ​រាយ​ស្មើ​ការជួញដូរ​ដុំ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សំណង់ ការទិញ​ផ្ទះ​ផ្ទាល់ខ្លួន ការជួញដូរ​អចលនទ្រព្យ សណ្ឋាគារ និង​ភោជនីយដ្ឋាន និង វិស័យ​លម្អិត​ជាច្រើន​ទៀត៕

  • អ្នកវិទ្យាសាស្ត្រ​ទទួលស្គាល់ថា ភាព​ឯកា​អាច​ជះ​ផល​អាក្រក់​ដល់​សុខភាព

    អ្នកវិទ្យាសាស្ត្រ​ទទួលស្គាល់ថា ភាព​ឯកា​អាច​ជះ​ផល​អាក្រក់​ដល់​សុខភាព

    ដោយសារតែ​ការវិវឌ្ឍ​របស់​ពិភពលោក មនុស្សម្នាក់ៗបានចាប់ផ្តើម​មានការ​រវល់​ខ្លាំង​ជាមួយនឹង​ការងារ ការសិក្សា អាជីវកម្ម និង​បច្ចេកវិទ្យា ធ្វើឱ្យ​ពួកគេ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​មនុស្ស​ដទៃ ខណៈ​គ្រួសារ​ខ្លះទៀត​មានការ​ជួបជុំគ្នា​តិច​បំផុត។

    Share of adults reporting they felt lonely some/all of the time in the United Kingdom (UK) in November 2014, by age group

    ជា​ឧទាហរណ៍​ជាក់ស្តែង អ្នកស្រាវជ្រាវ​បាន​នាំ​អ្នក​ទាំងអស់គ្នា​ឱ្យមើល​ទៅលើ​ជីវិត​ស្ត្រី​ម្នាក់​ដែលមាន​អាយុ 60ឆ្នាំ​ដែល​កំពុងមាន​បញ្ហា​ផ្នែក​ផ្លូវកាយ ហើយ​ធ្លាក់ចុះ​ទ្រុឌទ្រោម​យ៉ាង​ឆាប់រហ័ស។ គាត់​ប្រហែលជា​អាច​ចាប់ផ្តើម​ពី​អា​ការឈឺ​ឆ្អឹងខ្នង បន្ទាប់មក​ឈឺក្បាល​ម្តងម្កាល ហើយ​មាន​អារម្មណ៍​ថា សុខភាព​រាងកាយ​ចុះ​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់។ ពេលខ្លះ​គាត់​បាន​ទៅធ្វើ​តេស្ត​សុខភាព ហើយ​វេជ្ជបណ្ឌិត​បែរជា​រក​មិនឃើញ​អា​ការដែល​ខុសប្លែក ឬ​បញ្ហា​ផ្នែក​សុខភាព​រាងកាយ​នោះទេ តែ​គាត់​នៅតែមាន​បញ្ហា​សុខភាព។

    បញ្ហា​ទាំងអស់នេះ​ប្រហែលជា​អាច​កើតមានឡើង​ចំពោះ​ប្រជាជន​ខ្មែរ​យើង​មួយចំនួន​ដូចគ្នា ដែលមាន​អាការ​មិន​ស្រួល ឬ​មិន​ស្រណុក​ក្នុង​ខ្លួន តែ​ពេលទៅដល់​មន្ទីរពេទ្យ បែរជា​រក​មិនឃើញ​មាន​រោគសញ្ញា​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ។

    បន្ទាប់ពី​គេ​បាន​ស្រាវជ្រាវ​លម្អិត​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​រួចមក គេ​បាន​រកឃើញថា គាត់​ធ្លាប់ជា​មនុស្ស​ដែល​បាន​បាត់បង់​ប្តី​កាលពី 5ឆ្នាំមុន ហើយ​រស់នៅ​តែម្នាក់ឯង​តាំងពី​ពេលនោះ​រហូតមក ខណៈដែល​កូន​របស់គាត់​ចំនួន 3នាក់​សុទ្ធតែ​ទៅ​រស់នៅ​ឆ្ងាយ​ពី​គាត់​ទាំងអស់។ អ្នកជំងឺ​បាន​ជួបនឹង​កូនចៅ​របស់គាត់​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​សម្រាប់​មិត្ត​ភ័ក្តិ​របសគាត់​វិញ គឺ​បាន​ជួបគ្នា​តែ​ក្នុងឱកាសពិសេសៗម្ដងម្កាល​តែប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ចំណាយពេល​នៅផ្ទះ​តែម្នាក់ឯង​ច្រើនជាង​ជួប​មនុស្ស​ដទៃ។

    ជាការ​សន្និដ្ឋាន​ក្នុង​រឿងនេះ និង​លទ្ធផល​នៃ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​ផ្សេងទៀត គេ​សង្កេតឃើញថា បញ្ហា​ចុះ​ទ្រុឌទ្រោម​ខាង​ផ្លូវចិត្ត និង​សុខភាព​រាងកាយ​ទាំងអស់នេះ បណ្តាលមកពី​ការបាត់បង់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដទៃ និង​មាន​ភាព​តានតឹង​ធុញទ្រាន់​ក្នុង​អារម្មណ៍ (strees & boredom)។ ដោយ​ក្នុងការ​ស្រាវជ្រាវ​នោះបាន​បង្ហាញ​យ៉ាងច្បាស់​ថា អ្នក​ដែលមាន​ភាព​ឯកា ច្រើន​មាន​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​កាយ និង​ចិត្ត​ខ្ពស់ជាង​មនុស្ស​ធម្មតា ហើយ​ឆាប់​ចុះ​ទ្រុឌទ្រោម​មុន​អាយុ។

    តាមរយៈ​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Brigham Young University ដែល​ផ្តោត​ការសិក្សា​លើ​មនុស្ស​ជាច្រើន​នាក់ផ្សេងៗគ្នា​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​ឯកា និង​រស់នៅ​ដាច់​ពី​គេ​នោះ បានបង្ហាញ​ឱ្យឃើញថា 50%នៃ​ពួកគេ​បាន​ស្លាប់​មុន​អាយុ​កំណត់។ ភាព​ឯកា និង​ការរស់នៅ​ឆ្ងាយ​ពី​សង្គម ក៏មាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​លើសឈាម ឡើង​ជាតិ​កូ​លេ​ស្តេ​រ៉ូ​ល និង​ជំងឺ​តានតឹង​ធុញថប់​អារម្មណ៍​ដែរ ប្រសិនបើ​ពួកគេ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់ ដែល​ងាយ​នឹង​ធ្វើឱ្យ​សុខភាព​ធ្លាក់​ដុនដាប​យ៉ាង​ឆាប់រហ័ស​ជាង​មនុស្ស​ដែលមាន​កម្លាំង​ចិត្តរឹង​មាំ​ទៅទៀត៕

  • ម៉ៃ សុគន្ធ រិះគន់បទចម្រៀងរបស់ក្មេងខ្មែរ

    ម៉ៃ សុគន្ធ រិះគន់បទចម្រៀងរបស់ក្មេងខ្មែរ

    ក្រោយពេលដែលក្មេងខ្មែរបានបង្ហោះចម្រៀងសម្រាប់ស្វាគមន៍កម្មវិធីបុណ្យភូមិ ដែលមានចំណងជើងថា « កំឡោះទាំងបី » ក៏ទទួលបានការគាំទ្រស្នាដៃយ៉ាងភ្លូកទឹកភ្លូកដី ដោយពោលសរសើរថា ទាំងពីរោះ និងមានអត្ថន័យ ។ ក៏ប៉ុន្ដែ ដោយឡែក ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានបង្ហោះរូប និងសាររិះគន់ MV ចម្រៀងខាងលើនេះយ៉ាងចាស់ដៃទៅវិញ។

    នៅក្នុងសារ និងរូបភាពមានគូររង្វង់ក្រហម បានបញ្ជាក់ថា​« មិនដឹងថា ក្មេងទាំង2នាក់ហ្នឹង បទគាត់ចង្វាក់អីអោយប្រាកដវៃ hip hop មិនចំម hip hop តែបើថា សារ៉ាវ៉ាន់ មិនចំមសារ៉ាវ៉ាន់ រាំវង់ក៏មិនចំ ថាម៉ាឌីហ្សុនក៏មិនត្រូវ ចង្វាក់អីទៅណ៎ ប្រាប់ផងអ្នកដឹង Original Song សម័យនេះ ខ្មែរអើយខ្មែរ អូភ្លេច បើកបរអត់ពាក់មួកសុវត្តិភាពជិះគ្នាបីនាក់ទៀត »៕

  • សុខ សុម៉ាវត្តី និយាយរឿងឈុតរបស់សិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ

    សុខ សុម៉ាវត្តី និយាយរឿងឈុតរបស់សិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ

    បន្ទាប់ពីមហាជនអ្នកលេងហ្វេសប៊ុក បាននាំគ្នារិះគន់ចំពោះសិស្សនុសិស្សនៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ នាំគ្នាស្លៀកសម្លៀកបំពាក់ឈុតបុរាណថៃ ហើយអះអាងថាខ្លួនស្លៀកឈុតបុរាណខ្មែរសម័យលង្វែកនោះ បានធ្វើឱ្យភ្ញាក់ផ្អើអស់បណ្ដាញសង្គមហ្វេសប៊ុក។ មតិភាគច្រើនបានលើកឡើងថា ខ្មែរមួយចំនួនតូចនេះប្រហែលជាឈ្លក់វង្វេងមើលរឿងថៃពេកទេដឹង បានជាមិនស្គាល់សំលៀកបំពាក់សៀម ហើយពោលថាជារបស់ខ្មែរទៅវិញ។

    យ៉ាងណាមិញតារាស្រី សុខ សុម៉ាវត្តី បានស្ដែងចំណាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខុសខ្លះត្រូវខ្លះលើកលែងគ្នាទៅហើយប្រាប់ទៅថាវាខុសកន្លែងណាត្រូវខុសកន្លែងណា សំខាន់កុំបំបាក់ទឹកចិត្តក្មេងទោះយ៉ាងណាក៏គ្នាលើកយករបស់សំខាន់ដែលបំភ្លេចត្រលប់មកវិញដែរ មិនដូចអ្នកខ្លះបានតែរិះគន់ហៃអើតែមិនបានជួយអី មិននិយាយច្រើនសុំនិយាយតែមួយម៉ាត់ « ខ្មែរលួចបច្ចុប្បន្ន សៀមប្លន់អតីតកាល » សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយខំការពារអតីតកាលយើងត្រលប់មកវិញ» ៕

  • តែមួយ​យប់ អាជ្ញាធរ​ចិន​ចាប់​ទូរស័ព្ទ iPhone រត់ពន្ធ​សរុប 80លាន​ដុល្លារ

    តែមួយ​យប់ អាជ្ញាធរ​ចិន​ចាប់​ទូរស័ព្ទ iPhone រត់ពន្ធ​សរុប 80លាន​ដុល្លារ

    ចិន៖ ថ្មីៗនេះ អាជ្ញាធរ​ចិន​បាន​បង្ក្រាប​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចំនួន​ដ៏​ច្រើនសន្ធឹក​មួយ ពី​ទីក្រុង​ហុងកុង​ចូលទៅ​កាន់​តំបន់ផ្សេងៗនៅក្នុង​ប្រទេស​ចិន ដែល​សរុប​ជា​ទឹកប្រាក់​មាន​រហូតដល់ 80លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ។

    យោងតាម​ការចេញផ្សាយ​របស់​ស៊ិន​ហួ បានឱ្យដឹងថា នេះ​ជា​ករណី​បង្ក្រាប​ការរត់ពន្ធ​ទូរស័ព្ទ iPhoneក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន ពីមុនមក​ឡើយ​សម្រាប់​ប្រទេស​ចិន ដែល​នៅក្នុង នោះ​មាន​មនុស្ស 26នាក់​ត្រូវបាន​ឃាត់ខ្លួន។ ក្រុម​អ្នករត់ពន្ធ​ទូរស័ព្ទ iPhone បាន​ប្រើប្រាស់​យន្តហោះ Drone ដឹក​ទូរស័ព្ទ iPhone ឆ្លងកាត់​ព្រំដែន​ហុងកុង-ចិន ដោយ​សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​នៅវេលា​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដោយ​ក្នុងនោះ​មាន​ទូរស័ព្ទ iPhone ប្រមាណ​ជា 15,000គ្រឿង ត្រូវបាន​រត់ពន្ធ​ក្នុង​រយៈពេល​តែមួយ​យប់​ប៉ុណ្ណោះ។

    គួរបញ្ជាក់​ផងដែរ​ថា ហុងកុង​គឺ ជាទី​ផ្សារ​ដ៏​ធំ​បំផុត​មួយ​ដែលមាន​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចូល​ទីផ្សារ​ប្រទេស ចិន​ច្រើនជាងគេ ដោយ​កាលពី​ឆ្នាំ2015 មាន​បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​រត់ពន្ធ​ទូរស័ព្ទ iPhone នេះដែរ ដោយ​នៅពេលនោះ ក្រោយពី​ធ្វើការ​ឆែកឆេរ​លើ​ខ្លួនគេ​រួចមក អាជ្ញាធរ​បាន​រកឃើញ​ទូរស័ព្ទ iPhone ចំនួន​ដល់​ទៅ 94គ្រឿង ឯណោះ៕

  • សាន ផា​និត ប្រដៅជនជាប់ចោទ ឡាយ វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក

    សាន ផា​និត ប្រដៅជនជាប់ចោទ ឡាយ វណ្ណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក

    កាលពីម្សិលមិញ អតីតតារាចម្រៀងដែលធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីកាលពីទសវត្សរ៍ឆ្នាំ 90 លោក សាន ផានិត បានបង្ហោះរូប ព្រមទាំងសារនិយាយស្ដីថាឱ្យ លោក ឡាយ វណ្ណៈ ក្រោយមានការឃុំខ្លួន ដោយមិនប្រណីមាត់ថា «ពេលដែលអ្នកនៅមានជីវិតល្អ ជាបុគ្គលសាធារណៈ នៅមានពេលវេលាច្រើនធ្វើរឿងដែលត្រឹមត្រូវ កុំពុលនឹងលុយ នឹងអំណាច ចំណាយសប្បាយតែលើស្រីស្អាត និងនៅឆ្ងាយពីអ្នកក្រ និងគ្រួសារខ្លាំងពេក យើងមិនដឹងថា តើនឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកសម្រាប់យើងឡើយ យ៉ាងហោចណាស់ក៏អ្នកនៅសល់រូបថតល្អៗ ទុកផូស្តក្នុងហ្វេសប៊ុក ទុកជាទ្រព្យដល់កូនៗ និងសង្គមជាតិផង ឥឡូវឃើញទេ? ថ្ងៃនេះអ្នកមានបញ្ហារឿងស្រី អ្នកផ្សេងទៀតដែលអ្នកធ្លាប់ឱ្យលុយ និងបក្ខពួកបូសក្លៀកគេនៅណា៎? ទីបំផុតមានតែប្រពន្ធកូន និងម្តាយឪពុក ដែលអ្នកតែងតែកុហកគាត់រហូតមកប៉ុណ្ណោះ ដែលកំពុងគិតដល់អ្នក ហើយមិនបោះបង់ អូ! នៅមានទៀត គីពលរដ្ផរបស់អ្នក បើអ្នកជាមេខេត្តដ៏ល្អកន្លងមក»៕

     

  • Ronaldo រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ ខណៈ Thiago សង្គ្រោះ Bayern

    Ronaldo រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ ខណៈ Thiago សង្គ្រោះ Bayern

    តារា​ឆ្នើម Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រាប់​បាល់​ដ៏​ល្អ​តាមរយៈ​ការ​ស៊ុត​បក​រំលង​ក្បាល​មួយ​គ្រាប់​ផងដែរ ខណៈដែល​ក្រុម Real Madrid បាន​បោះជំហាន​យ៉ាង​កៀក​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Juventus 3-0 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Bayern Munich ក៏បាន​បោះជំហាន​ឆ្ពោះទៅកាន់​វគ្គ 4ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions Leagueផងដែរ ខណៈដែល​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​របស់​ខ្សែបម្រើ Thiago Alcantara បាន​ជួយ​ឱ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Sevilla កាលពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម​អេ​ស្ប៉ា​ញ។

    Ronaldo បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Turin ក្រោយពី​លេង​បានត្រឹមតែ 3នាទី និង​បាន​បន្ថែម​គ្រាប់​បាល់​ទី2 នៅ​នាទី​ទី64តាមរយៈ​ការ​ស៊ុត​បាល់​បក​រំលង​ក្បាល​យ៉ាង​ល្អ ដើម្បី​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី 10ប្រកួតជាប់ៗគ្នា​នៃ​ក្របខ័ណ្ឌ Champions League និង​ដើម្បី​ជួយ​ឱ្យ​រូបគេ​រកបាន​គ្រាប់​បាល់​សរុប 14គ្រាប់​ក្នុង​យុទ្ធនាការ​នៅ​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បាន​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី66 នៅមុន​ពេល Ronaldo បាន​ជួយ​ឱ្យ Marcelo បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន និង​ជួយ​ឱ្យ Real ស្ថិតក្នុង​ការគ្រប់គ្រង​ទាំងស្រុង មុននឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ៕

    ប្រភពពី៖ Sky Sports

  • « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    នៅពេលថ្មីៗនេះ តារាចម្រៀង Original Song កញ្ញា អេដា រួមគ្នាជាមួយលោក សួន ពិសិដ្ឋ បានផលិត និងសម្រិតសម្រាំងស្នាដៃនិពន្ធបទភ្លេងថ្មី ដែលមានចំណងជើងថា « នាំប្រពន្ធដើរលេង » ដែលបានស្ដែងឱ្យអ្នកគាំទ្របានឃើញពីការច្នៃប្រឌិតឧបករណ៍ភ្លេងបុរាណខ្មែរ និងភ្លេងសម័យរួមបញ្ចូលគ្នា ។ ទន្ទឹមនឹងការសាទរអំណរទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 តារាចម្រៀងទាំងពីរដួងនេះ បានរំពឹងទុកថា ចម្រៀងចង្វាក់ប្រជាប្រិយប្រពៃណីខ្មែរមួយនេះ និងអង្រួនដួងចិត្តមហាជនគ្រប់ស្រទាប់វណ្ណៈ បានរាំចម្រៀងលេងសប្បាយទៅតាមគ្រប់ខេត្តក្រុង។

    លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេងក៏បានលើកឡើងថា « ឆ្នាំនេះនាំប្រពន្ធដើរលេងសិនបានៗ! សាងគុណសម្បត្តិឱ្យច្រើនវិញទើបបានខ្លាចប្រពន្ធទារលែង! ។ បទថ្មីរបស់ខ្ញុំជាមួយកញ្ញាអេដា (ADDA ANGEL MUSIC ) សម្រាប់ចូលរួមឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី2018យើងនេះ! សាច់រឿងទំនុកច្រៀងកញ្ញាអេដានិងខ្ញុំតាក់តែងឡើងរួមគ្នា ចំពោះបទភ្លេងលក្ខណៈប្រពៃណីខ្មែរយើង ខ្ញុំតែងនិពន្ធជាចង្វាក់ សារ៉ាវ៉ាន់ តាលុង ម៉ាឌីស្សុន ល្បាយលាយជាមួយ ចាប៉ីដងវែង ទ្រ ខ្លុយ ស្គដៃ ស្គយីកេ និងឆៃយ៉ាំទម្រង់ខ្មែរ។ អរគុណបងប្អូនសម្រាប់ការគាំទ្រខ្ញុំទាំងពីរនាក់និងប្រពៃណីវប្បធម៌ខ្មែរយើង»។

    ជាមួយគ្នានោះដែរ កញ្ញា អេដា ក៏បានបន្ថែមថា « បទថ្មីពី នាងខ្ញុំ និង បងសួន ពិសិដ្ឋ សហការគ្នាជាលើកដំបូង តោះរាំចង្វាក់ តាលុង ទាំងអស់គ្នា អរគុណសំរាប់ការគាំទ្រ ចា! »។ ចង់ដឹងថា ​បទ « នាំប្រពន្ធដើរលេង » ជាចង្វាក់តាលុងឆ្នាំ 2018 នេះ រណ្ដំចិត្តប៉ុនណានោះ សូមទស្សនា និងរាំកម្សាន្ដជាមួយវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=w2eYhgcvtv8&feature=share