Category: សង្គម និងសេដ្ឋកិច្ច

  • នាវាមុជទឹក​អគ្គិសនី​ដែល​អាចធ្វើ​ដំណើរ​បាន​ជិត​មួយ​ពាន់​គីឡូម៉ែត្រ

    នាវាមុជទឹក​អគ្គិសនី​ដែល​អាចធ្វើ​ដំណើរ​បាន​ជិត​មួយ​ពាន់​គីឡូម៉ែត្រ

    (អេ​មី​រ៉ា​ត​អារ៉ាប់​រួម) – នាវាមុជទឹក​ខ្នាតតូច​ដែលមាន​រូបរាង​ដូច​ទៅនឹង​យន្តហោះ​អវកាស ឬ​យានអវកាស​ក្នុង​ភាពយន្ត មាន​ល្បឿន​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង​នាវា​ផ្លាស់​ទី​ក្រោម​ទឹក​នាបច្ចុប្បន្ន។

    នាវាមុជទឹក​គំរូ ឈ្មោះ Kronos ធ្លាប់​ត្រូវ​បានដាក់​បង្ហាញ​នៅ​កំពង់​នាវា​ទេសចរណ៍​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ពិព័រណ៍ Abu Dhabi របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) នេះ​បើតាម Popular Science ចុះផ្សាយ​កាលពី​ថ្ងៃទី 06 មីនា។ ដោយមាន​ស្លាប​នៅក្រោម​ផ្ទៃ​ទឹក និង​កាប៊ីន​សម្រាប់​អ្នកបើកបរ​មាន​រាង​ដូច​ដំបូល​មូល Kronos ស្រដៀង​ទៅនឹង​យាន​ហោះ​អវកាស។

    Kronos ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Desert Power Design និង Highland System នៅ UAE។ នាវាមុជទឹក​នេះ​សមស្រប​សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​សម្ងាត់​ផ្នែក​យោធា សង្គ្រោះ និង​បច្ចេកទេស​ក្រោម​ទឹក។ យោងតាម​ក្រុមហ៊ុន នាវាមុជទឹក​គំរូ​នេះ​មាន​បណ្ដោយ 9.1 ម៉ែត្រ និង​ទទឹង 7.4 ម៉ែត្រ អាច​បំពាក់​មី​ស៊ី​ល​ក្រោម​ទឹក Black Scorpion ផលិត​ដោយ​អ៊ីតាលី ចំនួន 6 គ្រាប់។ Kronos ត្រូវការ​អ្នកបើកបរ​ម្នាក់ និង​អាច​ដឹក​មនុ​ស្សបាន 10 នាក់។

    ដោយមាន​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង​ពេល​បរ​ក្រោម​ទឹក និង 80 គីឡូម៉ែត្រ/ម៉ោង​ពេល​បរ​លើទឹក Kronos អាច​ប្រៀបផ្ទឹម​បាន​ទៅនឹង​នាវាមុជទឹក​នុយ​ក្លេ​អែរ​សម្រាប់​ប្រើប្រាស់​ក្នុងការ​វាយប្រហារ និង​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​នាវា​ដឹកជញ្ជូន​ក្រោម​ទឹក​សម្រាប់​កងកម្លាំង​ពិសេស​នាបច្ចុប្បន្ន។

    Kronos ដំណើរការ​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​បរបាន 18 ម៉ោង។ នាវា​នេះ​ក៏មាន​បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដូច្នេះ​អាច​ដំណើរការ​ដោយ​ប្រភព​អគ្គិសនី​ពី​ម៉ា​ស៊ូ​ត និង​អគ្គិសនី​ពី​ថ្ម​ក្នុង​រយៈពេល​ជាង 50 ម៉ោង៕

  • CR7 បន្ត​ទទួលបាន​កិត្តិនាម​​ដ៏​គួរ​ឱ្យមាន​មោទកភាព​នៅ​អាស៊ីខាងលិច

    CR7 បន្ត​ទទួលបាន​កិត្តិនាម​​ដ៏​គួរ​ឱ្យមាន​មោទកភាព​នៅ​អាស៊ីខាងលិច

    Cristiano Ronaldo កំពុង​រកបាន​សេចក្ដីសុខ​នៅឯ​ក្លឹប Al Nassr របស់​អារ៉ាប៊ីសាអូឌីត នៅពេល​បន្ត​ដណ្ដើមបាន​តំណែង​ប្រកបដោយ​កិត្តិយស​គួរឱ្យ​ចាប់អារម្មណ៍។

    កាលពី​ថ្ងៃទី 06 មីនា សហព័ន្ធ​កីឡាបាលទាត់​អាស៊ី (AFC) បានប្រកាស​ជា​ផ្លូវការ​ថា កីឡាក​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្លឹប Al Nassr ដណ្ដើមបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​នៅ​អាស៊ី​ខាងលិច​ប្រចាំខែ​កុម្ភៈ ដែល​បោះឆ្នោត​ជ្រើស​រើស​​ដោយ​អ្នកគាំទ្រ។ កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់​នេះ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 73,957 សំឡេង ស្មើនឹង 48%។

    ឈរ​លំដាប់​ទី​ពីរ​សម្រាប់​ពានរង្វាន់​ខាងលើ ​គឺ Aso Rostam របស់​ក្លឹប Al Shorta (អ៊ីរ៉ាក់) ដោយ​ទទួលបាន​សំឡេងគាំទ្រ 45%។ ចំណែក Odion Ighalo អតីត​កីឡាករ​របស់ Manchester United ដែល​បច្ចុប្បន្នកំពុង​ប្រកួត​ឱ្យ Al Hilal នៅ Saudi Pro League ដូច Ronaldo ដែរនោះ ជាប់​ចំណាត់ថ្នាក់​លេខ​បី ដោយមាន​សំឡេងគាំទ្រ 4%។

    រីឯ​កីឡាករ​មួយរូប​ផ្សេងទៀត​ដែល​ប្រកួត​នៅ​ពានរង្វាន់​ជើងឯក​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ខ្សែប្រយុទ្ធ Omar Al Somah (ក្លឹប Al Arabi) ទទួលបាន 3% ក្នុងចំណោម​សំឡេងគាំទ្រ​សរុប និង​ត្រូវ​ជាប់​លេខ​បួន។ យោងតាម​ស្ថិតិ ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​ឆ្នើម​នៅ​អាស៊ី​ខាងលិច​ប្រចាំ​ខែកុម្ភៈ មាន​អ្នកគាំទ្រ​ប្រមាណ 157,000 នាក់​ចូលរួម​បោះឆ្នោត។

    AFC ឱ្យដឹងថា ពានរង្វាន់​នេះ​ត្រូវបាន​រៀប​ចំ​ឡើង​ដើម្បីឱ្យ​អ្នកគាំទ្រ​ជ្រើសរើស​កីឡាករ​ដែល​លេង​បានល្អ​បំផុត​នៅ​តំបន់​អាស៊ី​ខាងលិច ដោយ​យោងទៅលើ​លក្ខខណ្ឌ​មួយចំនួន​មានដូចជា ចំនួន​គ្រាប់​បាល់​ដែល​រកបាន ឬ​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បានសម្រេច ចំណាត់ថ្នាក់​របស់​ក្លឹប​នៅក្នុង​ស្រុក និង​ស្ថានភាព​នៃ​​ការ​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិជា​ដើម។

    Ronaldo បានមក​ទាត់​ឱ្យ Al Nassr ចាប់​​ពី​ចុងឆ្នាំ 2022 ក្រោយពី​ត្រូវ Man Utd បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់។ នៅទីនេះ ម្ចាស់​ពានរង្វាន់​បាល់​មាស​ចំនួន 5 រូបនេះ​ ​ទទួលបាន​ប្រាក់បៀវត្សរ៍​ឡើងដល់ 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ៕

  • ខ្សែភាពយន្ត​ «Creed 3» រកចំណូលបាន 100 លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

    ខ្សែភាពយន្ត​ «Creed 3» រកចំណូលបាន 100 លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

    វគ្គ​ទី​បី​របស់ «Creed» ដែល​តួអង្គ​សំខាន់​សម្ដែង និង​ដឹកនាំ​រឿង​ដោយ «បុរស​ទាក់ទាញ​បំផុត​ប្រចាំឆ្នាំ 2020» Michael B. Jordan កំពុង​នាំមុខគេ​នៅ​បញ្ជរ​លក់​សំបុត្រ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការចាក់​បញ្ចាំង​ឯ​រោងកុន។

    កំពូល​ខ្សែភាពយន្ត​ខាងលើ​រកចំណូលបាន 58.7 លាន​ដុល្លារ​នៅ​អាម៉េរិក​ខាងជើង ខ្ពស់ជាង Ant-Man and the Wasp: Quantumania និង​ក្លាយជា​ភាពយន្ត​មាន​ទស្សនិកជន​ច្រើនជាងគេ​នៅក្នុង​រោង​កុនកាលពី​សប្ដាហ៍​កន្លង។ «Creed 3» ក៏​រកបាន 41.8 លាន​ដុល្លារ​នៅលើ​ទីផ្សារ​អន្តរជាតិ ជួយ​ឱ្យ​ប្រាក់​ចំណូល​សរុប​ទូទាំង​សកលលោក​របស់​ភាព​យន្ត​នេះ​ ​កើនឡើង​ដល់ 100.4 លាន​ដុល្លារ។

    តួលេខ​ខាងលើ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការរំពឹងទុក​ពី​ក្រុម​អ្នកជំនាញ។ ពីរ​វគ្គ​ដំបូង​របស់ «Creed» រកចំណូលបាន 29.6 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2015 និង 35.5 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2018។ តម្លៃ​សំបុត្រ​កើនឡើង​ខ្ពស់​នៅឯ​បន្ទប់​បញ្ចាំង​ភាពយន្ត​ Imax ក៏​ជា​មូលហេតុ​​ជួយ​ឱ្យ​វគ្គ​បី​របស់​ខ្សែភាពយន្ត​នេះ​រកប្រាក់​បាន​ច្រើន។

    ឈុតខ្លីៗ សំខាន់ៗ​របស់ Creed 3

    វគ្គ​បី​និយាយ​អំពី​ជីវភាព​របស់​អ្នក​ប្រដាល់​ល្បីឈ្មោះ Adonis Creed។ ពេលនេះ​គាត់​បាន​ក្លាយជា​តារា និង​ទទួលបាន​ការគាំទ្រ​ច្រើន។ ចៃដន្យ ថ្ងៃមួយ​តួអង្គ​ឯក​បាន​ជួប​មិត្ត​ចាស់ Anderson Dame (សម្ដែង​ដោយ Jonathan Majors) ដែល​ទើបតែ​ចេញពី​ពន្ធនាគារ។ Adonis រក​វិធី​ដើម្បី​ជួយ​ស្ដារ​ជីវភាព​របស់ Anderson ឡើងវិញ។ ប៉ុន្តែ អ្វីដែល Anderson ចង់បាន ​គឺ​ជីវភាព​​ពេញ​ដោយ​ភាពជោគជ័យ​របស់ Adonis ជា​រឿង​ដែល Anderson គិតថា ដើមឡើយ​វាយ​ជា​របស់ខ្លួន បើសិន​មិន​ប្រថុយ​ជួយ​ដល់ Adonis កាលពី​ប៉ុន្មាន​ឆ្នាំមុន។

    Creed គឺជា​វគ្គ​ចុងក្រោយ​របស់​យីហោ Rocky របស់ Sylvester Stallone។ តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​នេះ​គឺជា​កំពូល​អ្នក​ប្រដាល់ Adonis Creed កូនប្រុស​របស់​ម្ចាស់​ជើងឯក Apollo Creed។ វគ្គ​មួយ​របស់​ខ្សែភាពយន្ត​ដែល​ចាប់​បញ្ចាំង​កាលពី​ឆ្នាំ 2015 បានទទួល​ជោគជ័យ និង​ទទួលបាន​បេក្ខភាព Oscar។ Michael B. Jordan មានឈ្មោះ​ល្បី​បន្ទាប់ពី​សម្ដែង​ជា​តួអង្គ​ឯកក្នុង​រឿង Creed។ ខ្សែភាពយន្ត​នេះ​ក៏​ជួយ​ឱ្យ Jordan ទទួលបាន​ការចាប់អារម្មណ៍​ពី Marvel និង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​សម្ដែង​ក្នុង​រឿង Black Panther៕

  • កម្ពុជា​លក់​លេខ​យានយន្ត​ពិសេស​បាន​ជាង 50 លាន​ដុល្លារ​ក្នុង​បី​ឆ្នាំ​កន្លង

    កម្ពុជា​លក់​លេខ​យានយន្ត​ពិសេស​បាន​ជាង 50 លាន​ដុល្លារ​ក្នុង​បី​ឆ្នាំ​កន្លង

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នា​ថ្ងៃទី 07 មីនា 2023 នេះ បាន​ថ្លែងថា កម្ពុជា​លក់​លេខ​យានយន្ត​ពិសេស​បាន​ប្រមាណ 52 លាន​ដុល្លារ​អាម៉េរិក ក្រោយពី​ដាក់លក់​បាន​បី​ឆ្នាំ។

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី 07 មីនា 2023 បាន​សម្ពោធ​បើក​កម្មវិធី «អបអរសាទរ​ខួប​បី​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» អម​ជាមួយនឹង ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​នៅ​សួន​វត្ត​បទុម ក្រោម​អធិបតី​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថវិកា​ដែល​បាន​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ មួយផ្នែក​នឹងត្រូវ​បាន​យកទៅ​ជួន​មូលនិធិ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ។

    ទាក់ទង​ទៅនឹង​ការវិវត្ត​នៃ​ការលក់​លេខ​ពិសេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ ក្រសួង​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន 16,000 លេខ រកចំណូលបាន​ប្រមាណ 28 លាន​ដុល្លារ​អាម៉េរិក ខណៈ​លេខ​ពិសេស​ខេត្ត​ក្រុង​លក់បាន 101,000 លេខ រកចំណូលបាន​ជាង 24 លាន​ដុល្លារ។ ដូច្នេះ ក្នុង​បី​ឆ្នាំ​កន្លង កម្ពុជា​លក់​លេខ​ពិសេស​បាន​ប្រមាណ​ជាង 52 លាន​ដុល្លារ​អាម៉េរិក។

    នៅក្នុង​ឆ្នាំ 2022 កម្ពុជា​លក់​លេខ​ពិសេស​បាន 25 លាន​ដុល្លារ កើន 22% បើ​ធៀប​នឹង​ឆ្នាំ 2021។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រំពឹងថា ការលក់​លេខ​ពិសេស​ក្នុងឆ្នាំនេះ​នឹង​កើត 5% ធៀប​នឹង​ឆ្លាំ​កន្លង៕

  • Piers Morgan ថា «Man United ទទួលផលកម្មព្រោះតែធ្វើអាក្រក់ដាក់ Ronaldo»

    Piers Morgan ថា «Man United ទទួលផលកម្មព្រោះតែធ្វើអាក្រក់ដាក់ Ronaldo»

    Piers Morgan ដែល​ជា​អ្នកធ្វើ​បទ​សម្ភាស​ជាមួយ Cristiano Ronaldo នាំឱ្យ CR7 ត្រូវ​ក្លឹប​បញ្ចប់​កិច្ចសន្យា​នាពេល​កន្លង បង្ហាញ​ពី​ការសប្បាយ​ចិត្ត​នៅពេល Manchester United ចាញ់ Liverpool 0-7 នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League)។

    «Ten Hag លាលែង​ពី​តំណែង​ហើយ​នៅ? ធ្វើយ៉ាងណា​ទើប​គ្រូបង្វឹក​របស់ Man Utd អាច​រក្សាបាន​តំណែង បន្ទាប់ពី​ការប្រកួត​ទទួលបាន​លទ្ធផល​អាក្រក់​បែប​នេះ» Morgan សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ អម​ជាមួយ​រូបថត Erik ten Hag ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សម្ភាស ក្រោយពី​ការប្រកួត​រវាង Manchester United និង Liverpool នៅ Anfield។

    Morgan ធ្លាប់បាន​លើក​ជា​សំណួរ​ដើម្បីឱ្យ Ronaldo បង្ហើប​អាថ៌កំបាំង​ផ្ទៃក្នុង​របស់ Man Utd ក៏ដូចជា​ចោទប្រកាន់​ក្លឹប​នេះ​ថា​ក្បត់​រូបគាត់ កាលពីដើម​ខែវិច្ឆិកា 2022។ កិច្ច​សម្ភាស​នោះ​បាន​នាំឱ្យ Man Utd សម្រេចចិត្ត​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ជាមួយ CR7 ធ្វើឱ្យ​កំពូល​កីឡាករ​ជនជាតិ​ព័រទុយហ្កាល់​ត្រូវ​ទៅ​ទាត់​ឱ្យ​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

    Piers Morgan, Ronaldo និងសាររបស់ Piers Morgan ចំអកឱ្យ Man Utd

    ចាប់ពីពេលនោះ​មក ពិធីករ​ផ្នែក​​កីឡា Morgan ក៏​ផ្ដើម​បញ្ចេញមតិ​កាន់ជើង Ronaldo និង​រិះគន់ Man Utd ជា​ញឹកញាប់។ កាលពី​ថ្ងៃទី 06 មីនា 2023 បន្ទាប់ពី​បាន​ទស្សនាការ​ប្រកួត​ដែល​ក្រុម​របស់​គ្រូបង្វឹក Ten Hag ចាញ់ Liverpool 0-7 លោក Morgan បាន​បង្ហោះ​អត្ថបទ​ចំនួន 4 ជា​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ដើម្បី​ចំអក​ឱ្យ Man Utd។

    «ពិតជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​អស់សំណើច ប៉ុន្តែ​នេះ​ប្រាកដជា​កម្ម​ពារ ជា​ផលកម្ម» ពិធីករ​ជនជាតិ​អង់គ្លេស Morgan សរសេរ និង​បង្ហោះ​អម​ជា​មួយរូប​ដែលលោក​បាន​​ថត​ជាមួយ Ronaldo ពេលធ្វើ​បទ​សម្ភាស​ដែលនាំឱ្យ Man Utd មិន​សប្បាយចិត្ត​នាពេល​កន្លង។

    បន្ទាប់មក ពិធីករ​វ័យ 57 ឆ្នាំ​ខាងលើ​ក៏បាន​ថត​អត្ថបទ​សម្ភាស Ten Hag នៅលើ​ទំព័រ​កាសែត​មួយ ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ក្នុង​អត្ថបទ​សម្ភាស​នេះ គ្រូបង្វឹក​របស់ Man Utd និយាយថា គាត់​ដេកលក់​ស្រួល​បន្ទាប់ពី​បាន​លុបបំបាត់ Ronaldo ចេញពី​ក្រុម។ Morgan សរសេរថា «ជូនពរ​សំណាងល្អ​ក្នុង​​ដំណេក​នៅ​យប់​នេះ​ណា៎ អ្នកមាន​ទេពកោសល្យ»។

    https://www.youtube.com/watch?v=FP9MCTFVutw

    Man Utd ចាញ់ Liverpool 0-7

    ការ​ចាញ់ Liverpool 0-7 គឺជា​បរាជ័យ​អាក្រក់​បំផុត​របស់ Man Utd នៅក្នុង​ប្រវត្តិ​សាស្ត្រ​​លិ​គ​កំពូល​អង់គ្លេស។ លទ្ធផល​នេះ​បានធ្វើឱ្យ​មានការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់ «បី​សាច​ក្រហម» បន្ទាប់ពី​សម័យកាល​ត្រចះ​ត្រចង់​ ដែល​មួយផ្នែកធំ​គឺ​ដោយសារ Ronaldo។

    Ronaldo មិនបាន​បញ្ចេញមតិ​ទាក់ទង​នឹង​បរាជ័យ​របស់ Man Utd ខាងលើ​នោះ​ទេ។ CR7 ក៏​ទើបតែ​បានរួម​ដៃ​ជាមួយ Al Nassr យកឈ្នះ Al Batin 3-1 នៅ​ពានរង្វាន់​អា​រ៉ា​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃទី 04 មីនា។ ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Al Nassr រក្សាបាន​តំណែង​កំពូល​តារាង ដោយមាន​ពិន្ទុ​ច្រើនជាង Al Ittihad ចំនួន​ពីរ​ពន្ទុ៕

  • ក្រុម​តារា​ម៉ូ​ដែល​យកដៃ​បិទបាំង​ដើមទ្រូង​ដែល​គ្មាន​អាវ​ពេល​កំពុង​បង្ហាញ​ម៉ូដ

    ក្រុម​តារា​ម៉ូ​ដែល​យកដៃ​បិទបាំង​ដើមទ្រូង​ដែល​គ្មាន​អាវ​ពេល​កំពុង​បង្ហាញ​ម៉ូដ

    (បារាំង) – ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​នៅពេល​ក្រុម​តារា​ម៉ូ​ដែល​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដោយ​មិនមាន​អាវទ្រនាប់ នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​របស់ Ann Demeulemeester។

    វគ្គ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​រដូវ​ស្លឹកឈើ​ជ្រុះ-រដូវរងា 2023 របស់ Ann Demeulemeester បើកសម្ពោធ​កាលពី​ថ្ងៃទី 05 មីនា​នៅក្នុង​ព្រឹត្តិការណ៍ Paris Fashion Week (27 កុម្ភៈ ដល់ 07 មីនា)។ ពិធី​បង្ហាញ​ម៉ូដ​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅពេល​ក្រុម​តារា​ម៉ូ​ដែល​ដើរ​លើ​ឆាក​ដោយ​ស្លៀក​ជើង​រ៉ូ​ប និង​ទុក​ល្វែងលើ​ឱ្យនៅ​ទទេ។ ក៏ប៉ុន្តែ ស្រី​ស្អាត​ទាំងនេះ​យកដៃ​ទាំងពីរ​របស់​ពួកគេ​បិទបាំង​ដើមទ្រូង​ដែល​មិនមាន​អាវទ្រនាប់។

    អ្នកស្រី Ann Demeulemeester បាន​បកស្រាយ​នៅលើ Vogue អំពី​គំនិត​នេះ​ថា «នោះ​គឺជា​កាយវិការ​ទន់ភ្លន់ បាទដៃ​ដូច​ទៅនឹង​ស្លាប​សត្វ​ព្រាប»។

    អ្នកស្រី Ann Demeulemeester

    ចំពោះ Ann Demeulemeester ស្លាប​សត្វ និង​រោមសត្វ​គឺជា​ចំណុច​ដែល​អ្នក​ស្រី​​​ចូលចិត្ត​យកមក​រចនា​ម៉ូដ​សម្លៀកបំពាក់ ដើម្បី​បង្ហាញ​ពី​ភាព​ក្មេង​វ័យ។

    Ann Demeulemeester កើត​នៅ​ប្រទេស​បែលហ្ស៊ិក និង​ស្ថិតក្នុង Antwerp Six ជា​ក្រុម​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ល្បីឈ្មោះ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ម៉ូ​ដែល​នៅ​វិទ្យាស្ថាន Antwerp ក្នុង​ឆ្នាំ 1980, 1981 និង 1982៕

  • ការផលិត​រថយន្ត​អគ្គិសនី​គ្រឿង​ទី «បួន​លាន» ជួយ​ឱ្យ Tesla នាំមុខគេ​យ៉ាង​ឆ្ងាយ

    ការផលិត​រថយន្ត​អគ្គិសនី​គ្រឿង​ទី «បួន​លាន» ជួយ​ឱ្យ Tesla នាំមុខគេ​យ៉ាង​ឆ្ងាយ

    ក្នុង​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023» របស់ Tesla សម្រាប់​ភាគ​ហ៊ុ​និក ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី 01 មីនា 2023 ក្រុមហ៊ុន Tesla បានឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​ផលិត​របស់​ពួកគេ សម្រេចបាន​បួន​លាន​គ្រឿង។

    រថយន្ត​ទី​បួន​លាន​របស់ Tesla គឺ Model Y ផលិត​នៅ​រោងចក្រ Giga Texas ជាទី​ដែល​ប្រារព្ធ​ព្រឹត្តិការណ៍ «អ្នកវិនិយោគ​ឆ្នាំ 2023»។ Tesla ក៏បាន​ចុះផ្សាយ​វីដេអូ​ខ្លី​មួយ ក្នុង​នោះគេ​ឃើញ​មាន​បុគ្គលិក​ទាំងឡាយ​នាំគ្នា​ជប់លៀង​អបអរ​ជោគជ័យ​ដែល​ពួកគេ​សម្រេចបាន។

    យោងតាម Tesla ក្រុមហ៊ុន​នេះ​ត្រូវ​ចំណាយពេល​រហូតដល់ 12 ឆ្នាំ ទើប​ផលិត​បាន​រថយន្ត​អគ្គិសនី​មួយគ្រឿង​ដំបូង។ រថយន្ត​អគ្គិសនី Tesla ទីមួយ​លាន​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 2020។ មុន​នោះ​យ៉ាងយូរ រថយន្ត​ដំបូង​របស់ Tesla គឺ Tesla Roadster ជំនាន់​ដំបូង​ត្រូវបាន​ផលិត និង​លក់​ក្នុង​ឆ្នាំ 2008។

    ចាប់តាំងពី​ឆ្នាំ 2008 Tesla ក៏បាន​បង្កើន​ការផលិត និង​ការលក់​ចេញ​ជា​បន្តបន្ទាប់។ គិត​ត្រឹម​ចុងឆ្នាំ 2022 Tesla ផលិត​បាន​ជាង 3.7 លាន​គ្រឿង។

    រាប់​ចាប់ពី​ចំណុច​បី​លាន​គ្រឿង​ដល់​បួន​លាន​គ្រឿង Tesla ប្រើពេល 7 ខែ។ តួលេខ និង​ពេលវេលា​នេះ​បង្ហាញថា បច្ចុប្បន្ន Tesla អាច​ផលិត​បាន​ជាង 1.7 លាន​គ្រឿង/ឆ្នាំ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តួលេខ​ជិត 1.3 លាន​គ្រឿង​កាលពី​ឆ្នាំ 2022។ ឆ្នាំនេះ Tesla អាច​ផលិត​បាន 1.8 លាន​គ្រឿង ប៉ុន្តែ​អ្នកខ្លះ​ជឿថា អាច​ឡើងដល់ 2 លាន​គ្រឿង។

    ជាក់ស្ដែង ល្បឿន​នៃ​ការផលិត​របស់ Tesla គ្រោង​នឹង​កើនឡើង​ដល់ 20 លាន​គ្រឿង/ឆ្នាំ ជិត​ស្មើនឹង​ទ្វេដង​នៃ​ចំនួន​រថយន្ត​ដែល​បណ្ដា​ក្រុមហ៊ុនធំៗសម្រេចបាន៕

  • រៀងរាល់​មួយ​នាទី តើ Ronaldo រកប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី​ក្លឹប Al-Nassr?

    រៀងរាល់​មួយ​នាទី តើ Ronaldo រកប្រាក់​បាន​ប៉ុន្មាន​ដុល្លារ​ពី​ក្លឹប Al-Nassr?

    ការចាកចេញ​ពី​ពិភព​បាល់ទាត់​លំដាប់​កំពូល​ក្នុង​វ័យ 38 ឆ្នាំ ប្រហែលជា​ជម្រើស​ដ៏​សមស្រប​សម្រាប់ Cristiano Ronaldo ប៉ុន្តែ ប្រការ​​នេះ​​ជួយ​ឱ្យ CR7 ក្លាយជា​កីឡាករ​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​លើ​ពិភពលោក។

    ក្រោយ​ការសម្ភាស​ប្រកបដោយ​ភាពចម្រូងចម្រាស​នៅលើ​ទូរទស្សន៍ មិនយូរប៉ុន្មាន Ronaldo ក៏ត្រូវ​បាន Man United បញ្ចប់​កិច្ចសន្យា ហើយ CR7 ក៏បាន​ទៅលេង​ឱ្យ​ក្លឹប Al-Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត។ ថ្វីបើ​មកលេង​ឱ្យ​ក្លឹប​ដែល​មិនល្បី​ឈ្មោះ ប៉ុន្តែ CR7 នៅតែមាន​ឥទ្ធិពល​ខ្លាំង។

    ប្រការ​ខាងលើ​នេះហើយ​បានជា​កំពូល​កីឡាករ​របស់​ព័រទុយហ្កាល់ ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ពី Al-Nassr។ យោងតាម​ទំព័រ Marca កីឡាករ Ronaldo ទទួលបាន 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ពី​ក្លឹប Al-Nassr។ បើសិនជា​ចែក​ខ្ទង់​ប្រាក់​នេះជា​ចំណែក​តូច​ៗ គេ​ឃើញថា CR7 រកបាន 16.6 លាន​ដុល្លារ/ខែ, 548,000 ដុល្លារ/សប្ដាហ៍ និង​ជាង 21,000 ដុល្លារ/ម៉ោង។

    នៅពេល​​គិត​ក្នុង​មួយ​នាទី​វិញ គេ​ឃើញថា Ronaldo រកបាន​ជិត 400 ដុល្លារ​ឯណោះ។ ស្ដាប់ទៅ​​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់។ ក៏ប៉ុន្តែ គ្មានអ្វី​ចម្លែក​ឡើយ ព្រោះថា CR7 គឺ​ជា​តារាបាល់ទាត់​មួយរូប​ក្នុងចំណោម​កំពូល​កីឡាករ​ពីររូប​ដែលមាន​ឈ្មោះ​ល្បី​ខ្លាំង​នាបច្ចុប្បន្ន។

    នៅឯក្លឹប​ Al-Nassr Ronaldo គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​របប​នៃ​ការរស់នៅ និង​ការហ្វឹកហាត់ ហើយ​ជា​លទ្ធផល គាត់​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នៅ Saudi Pro League រហូតដល់​ពេលនេះ៕

  • យន្តហោះ​អ៊ីដ្រូសែន​ធំជាងគេ​លើ​ពិភពលោក ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ

    យន្តហោះ​អ៊ីដ្រូសែន​ធំជាងគេ​លើ​ពិភពលោក ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​គំរូ ATR72 មាន​កៅអី 40 ហោះហើរ​ដោយ​ប្រើ​ថាមពល​អ៊ីដ្រូសែន​ក្នុង​រយៈពេល 15 នាទី អាច​ហោះ​ឡើងដល់​កម្ពស់ 1,000 ម៉ែត្រ។

    យន្តហោះ​ដឹក​អ្នកដំណើរ 40 កៅអី ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន ដែល​បាន​ហោះហើរ​សាកល្បង លើកដំបូង​បាន​ជោគជ័យ ត្រូវបាន​ធ្វើឡើង​ដោយ Universal Hydrogen។ ក្រុមហ៊ុន​នេះ​ឱ្យដឹងថា យន្តហោះ​បាន​ហោះ​ឡើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខណ្ឌ Grant នៅ​វ៉ា​ស៊ី​ង​តោន និង​ហោះ​ឡើងដល់​កម្ពស់ 1,066 ម៉ែត្រ​ដោយ​ប្រើពេល​តែ 15 នាទី។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 03 មីនា 2023។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Los Angeles នេះ ​បាន​ប្ដូរ​ប្រព័ន្ធ​បញ្ជូន​កម្លាំង​របស់​យន្ត​ហោះ​ដោយ​ការផ្លាស់​មួយ​ក្នុង​ចំ​ណោ​យ​ទួ​រ​ប៊ី​ន​ម៉ូ​ទ័​រ​ចំនួន​ពីររបស់​យន្តហោះ​ និង​ជំនួស​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។ ជា​លទ្ធផល អ្នកបើកបរ​អាច​កាត់​បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីន​ធម្មតា​ក្នុងពេល​ហោះហើរ។

    កញ្ចប់​ប្ដូរផ្លាស់​ម៉ាស៊ីន​របស់ Universal Hydrogen បាន​លុបបំបាត់​តម្រូវការ​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​ថ្មី​ទាំងស្រុង។ ក្រុមហ៊ុន​នេះ​បានធ្វើ​ការហោះហើរ​សាកល្បង​ដោយមាន​កិច្ចសហការ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Connect និង Amelia ដើម្បី​សុំ​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក។

    យោងតាម Universal Hydrogen នេះ​គឺជា​ការសាកល្បង​ដំបូង​នៅក្នុង​គម្រោង​សាកល្បង​ពីរ​ឆ្នាំ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025។ ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​​ការបញ្ជាទិញ​សេវាកម្ម​ប្ដូរផ្លាស់​ម៉ាស៊ីន​​របស់​យន្តហោះ​ចំនួន 247 គ្រឿង​ពី​អតិថិជន 16 ស្ថាប័ន​មកពី​ជុំវិញ​ពិភពលោក ក្នុងតម្លៃ​សរុប​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • គម្រោង​បញ្ចុះ​កម្ដៅ​ផែនដី​ដោយ​ប្រើប្រាស់​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស

    គម្រោង​បញ្ចុះ​កម្ដៅ​ផែនដី​ដោយ​ប្រើប្រាស់​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស

    អង្គការសហប្រជាជាតិ​កំពុង​ពិចារណា​លើ​សំណើ​ពង្រាយ​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស​ដើម្បី​បញ្ចៀស​គ្រប់គ្រង​ពន្លឺព្រះអាទិត្យ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កម្ដៅ​ផែនដី​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​សកលលោក។

    របាយការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​ស្ដីពី​អាកាសធាតុ មនុស្សលោក​អាច​ត្រូវការ​ដំឡើង​ផ្ទាំង​កញ្ចក់​ដ៏​ធំ​ដើម្បី​បង្វែរ​ពន្លឺព្រះអាទិត្យ​ទៅកាន់​ទី​អវកាស។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 02 មីនា។

    «ក្នុងចំណោម​គំនិត​ដែល​ត្រូវបាន​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​លើកឡើង​ដើម្បី​ទប់ស្កាត់​បញ្ហា​បន្ទាន់​ស្ដីពី​អាកាសធាតុ ​គឺ​ការកែប្រែ​វិទ្យុសកម្ម​ព្រះអាទិត្យ (SRM)។ SRM គឺជា​វិធី​តែមួយគត់​ដែល​គេ​ស្គាល់​ថា អាច​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ» របាយការណ៍​ខាងលើ​បានឱ្យដឹង​ដូច្នេះ។ ការពិសោធ​នានា​ទាក់ទង​នឹង​អាកាសធាតុ​សុទ្ធតែ​បង្ហាញថា SRM អាច​គ្រប់គ្រង​ផលប៉ះពាល់​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​កម្ដៅ​ផែនដីកើន​ឡើង។

    ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​សង្កត់ធ្ងន់ថា គេ​ត្រូវការ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ដើម្បី​យល់ច្បាស់​នូវ​ផលវិបាក​ដែល​អាច​នឹងកើត​​ឡើង​នៅ​ពេល​​ប្រើប្រាស់​​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ផែនដី៕