Category: សង្គម និងសេដ្ឋកិច្ច

  • សំណង់​លំនៅឋាន​កើនឡើង​ខ្លាំង​កាលពី​ឆ្នាំ 2017

    សំណង់​លំនៅឋាន​កើនឡើង​ខ្លាំង​កាលពី​ឆ្នាំ 2017

    ទោះបីជា​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង 10ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ក៏​គេ​មើលឃើញថា វិស័យនេះ​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​តទៅទៀត​ដោយសារ​តម្រូវការ​រប​ស់​ប្រជាជន​ក្នុងស្រុក​នៅមាន​ច្រើន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ2017កន្លងទៅនេះ​កម្ពុ​ជាមាន​លំនៅឋានសំណង់ផ្ទះ​ល្វែង​នៅតាម​បុរី​នានា​ប្រមាណ​ជាង 52ម៉ឺន​ខ្នង កើនឡើង​រហូតដល់1637% បើ​ធៀប​នឹង​ឆ្នាំ2016ដែលមាន​ចំនួន​ត្រឹមតែ​ជាង3ម៉ឺន​លំនៅឋាន​តែប៉ុណ្ណោះ។

    ឯកឧត្តម​មានប្រសាសន៍​ថា ដោយ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ថេរ7% ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ និង​ដោយ​ចំណូល​ប្រចាំឆ្នាំ (GDP)របស់​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់​បានធ្វើឱ្យ​តម្រូវការ​នៃ​ការទិញ​លំនៅឋាន​នៅតែ​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត។

    យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា  ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស.តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2013 ដល់ 89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ នៅ​ឆ្នាំ 2018។

    ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង ផ.ស.ស. បាន​កើនឡើង​ពី 1,042ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2013 ដល់​ប្រមាណ 1,435 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2017 ហើយនឹង​បន្ត​ឡើងដល់​ប្រមាណ 1,568 ដុល្លារ​អាមេរិក​នៅ​ឆ្នាំ 2018នេះ ខណៈដែល​អត្រា​ប្តូរប្រាក់​ស្ថិតក្នុង​រង្វង់ 4,050រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក។

    ប្រការនេះ​ជា​កត្តា​ដែល​ធ្វើឱ្យ​សំណង់ផ្ទះ​ល្វែង​នៅតែ​បន្ត​កើនឡើង​ដែល​បើ​គិត​ត្រឹម 2030 ខាងមុខ ត្រូវបាន​គេ​ព្យាករ​ឃើញថា កម្ពុជា​នៅ​ត្រូវការ​លំនៅឋាន​ប្រមាណ 80ម៉ឺន​ខ្នង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម។

    ជាមួយគ្នានេះ លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust បាន​មានប្រសាសន៍ថា ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំងជាងគេ គឺ​ខេត្តកណ្តាល​ដែលជា​ខេត្ត​នៅជាប់​នឹង​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​រហូតដល់ 8,900ខ្នង​ក្នុង​ឆ្នាំ2017។

    ទី2.គឺ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មានការ​កើនឡើង​រហូត​ដល់ 5,400ខ្នង។
    ទី3.បាត់ដំបង មាន3,800ខ្នង។
    ទី4.សៀមរាប​មាន 3,500ខ្នង ដែល​ភាគច្រើន​ស្ថិតនៅ​ក្នុងអំឡុង​ការសាងសង់។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​សំណង់​លំនៅឋាន​មានការ​កើនឡើង​ខ្លាំង​នោះ គឺ​ដោយសារ​តម្រូវ​ការរស់នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ពី​បណ្តា​ខេត្ត​មក​រស់នៅ​បំពេញការងារ និង​រកស៊ី​ប្រក​បរបរផ្សេងៗនៅក្នុង​ក្រុងភ្នំពេញ ហើយ​និង​កំណើន​កើនឡើង​នៃ​គូស្រករ​វ័យក្មេង។

    តាម​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញថា ក្នុង​ឆ្នាំ2018នេះ អគារ​សំណង់​ផ្ទះល្វែង​នៅតែមាន​សញ្ញា​នៃ​ការរីកចម្រើន បើទោះបីជា​ឆ្នាំ​ដែលមាន​ការបោះឆ្នោត​អាណត្តិ​ថ្មី​ចូល​មកដល់​ក៏ដោយ៕

  • ភ្ញាក់ផ្អើល !! កំពូលតារាចម្រៀងនិងសម្ដែងឥណ្ឌា លោក Salman Khan ជាប់ទោសពីបទសម្លាប់សត្វព្រៃ

    ភ្ញាក់ផ្អើល !! កំពូលតារាចម្រៀងនិងសម្ដែងឥណ្ឌា លោក Salman Khan ជាប់ទោសពីបទសម្លាប់សត្វព្រៃ

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី 5 ខែមេសា​ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តុលាការដំបូងនៃប្រទេសឥណ្ឌា បានសម្រេចកាត់ទោសកំពូលតារាសម្ដែង និងច្រៀងឥណ្ឌា លោក Salman Khan ពីបទរំលោភបំពានសម្លាប់សត្វព្រៃដ៏កម្រមួយប្រភេទ នៅអំឡុងឆ្នាំ 1998។

    លោក Khan បានសម្លាប់សត្វព្រៃកម្រមួយប្រភេទដែលសណ្ឋានស្រដៀងសត្វក្ដាន់ ដែលឱ្យឈ្មោះថា Blackbuck ចំនួន 2 ក្បាលនៅក្នុងរដ្ឋ Rajasthan ខណៈពេលដែលលោក បានទៅថតខ្សែភាពយន្ដនៅទីនោះ។ ក៏មានតារាសម្តែង 4នាក់ផ្សេងទៀត ដែលបានចូលរួមសម្ដែងខ្សែភាពយន្តជាមួយលោក ត្រូវបានចោទប្រកាន់ពីបទល្មើសនេះដូចគ្នា និងត្រូវកាត់ទោសនៅក្នុងសាលាក្ដី Jodhpur ។

    សូមជម្រាបថា លោក Khan ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារពី 1 ឆ្នាំ និង 6 ឆ្នាំ ដោយលោកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមបានផងដែរ។ គួររំឭកបន្ថែមផងដែរថា កាលពីឆ្នាំ 2015 កំពូលតារាប្រុសរូបនេះ បានជាប់ពាក់ព័ន្ធរឿងក្ដី បង្កស្នាមរបួស និងសម្លាប់បុរសអណាថាម្នាក់ ព្រមទាំងមានទោសពីបទរំលោភបំពានច្បាប់ផ្សេងៗទៀតនៅឆ្នាំ 2016 ផងដែរ៕

     

  • អ៊ីចឹងតើ… បានជា ឱក សុគន្ធកញ្ញា មានលុយច្រើនម៉េស

    អ៊ីចឹងតើ… បានជា ឱក សុគន្ធកញ្ញា មានលុយច្រើនម៉េស

    ជាទូទៅ​មនុស្ស​ភាគច្រើន មិន​ថា​នៅក្នុង​ប្រទេស ឬក៏​នៅក្រៅ​ប្រទេស​នោះទេ សម្រាប់ ឱក សុគន្ធ​កញ្ញា ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ណាស់​ថា ជា​កំពូល​តារាចម្រៀង​ស្រី​ម្នាក់​ដែលមាន​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ​ប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ធ្លាប់​ចេញទៅ​សម្ដែង​នៅបរទេស​ជាច្រើន​ប្រទេស​ផងដែរ ហើយ​បើ​គិត​ជា​អា-យុ​កាលដែល​ឈរជើង​នៅលើ​វិថី​សិល្បៈ​ក្នុងនាម​ជា​តារាចម្រៀង​មិនតិចជាង10ឆ្នាំ​នោះទេ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ជីវភាព​របស់​នាង​ហាក់​មាន​ភាព​ធូរធា​លេចធ្លោ​ជាង​មិត្ត​រួម​ជំនាន់ និង​រួម​ដំបូល​ជាមួយគ្នា ខណៈដែល ពេជ្រ សោភា មាន​ត្រឹម​រថយន្ត​ស៊េរី​ចាស់​ម៉ាក Range Rover ពណ៌​ខ្មៅ​ស្រអាប់​នោះ ដោយឡែក ឱក សុគន្ធ​កញ្ញា ប្ដូរ​រថយន្ត​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ននេះ នាង​បាន​ប្ដូរ​មក​ជិះ​រថយន្ត​ស៊េរី​ថ្មី​ទំនើប ពណ៌​ខ្មៅ​រលើប​ដែលមាន​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ។

    មួយរយៈ​ចុងក្រោយ​នេះ សម្រាប់​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ត្រូវបាន​គេ​មើលឃើញថា បាននិង​កំពុងតែ​សម្ញែង​នូវ​ភាព​ហ៊ឺហារ​ឡូយឆាយ​របស់ខ្លួន​ជាខ្លាំង មិនថាតែ​ការឡើង​សម្ដែងច្រៀង​នៅលើ​ឆាក ឬ​នៅក្រៅ​ឆាក​ក្នុងនាម​ជាជីវិត​ឯកជន​នោះទេ ជាពិសេស ចាប់តាំងពី​នាង​បាន​ភ្ជាប់ពាក្យ​ដោយ​សម្ងាត់​ជាមួយ​កូនប្រុស​ច្បង​របស់​ថៅកែ​ក្រុមហ៊ុន​ហង្ស​មាស​តែម្ដង។ ការកត់សម្គាល់​ទាំងនេះ​គឺត្រូវធ្វើ​ឡើង​តាមរយៈ​ភាពជាក់ស្ដែង​ដែល​ទ​ស្សនិ​ក​ជន​បានឃើញ​ជាក់ច្បាស់​នឹង​ភ្នែក​តែម្ដង ដូចជា ការប្រើ​សម្ភារ​និយម ការផ្លាស់ប្ដូរ​រថយន្តទំនើបៗជា​ញឹកញាប់ ការប្រើ​គ្រឿងអលង្ការ ដែលមាន​តម្លៃ​ថ្លៃ ជាពិសេសសូម្បីតែ​ម៉ូដ​សម្លៀកបំពាក់​ក៏​នាង​ជួល​ជាង​ជំនាញ​សម្រាប់​កាត់ដេរ​ផ្ទាល់ខ្លួន​ដែរ ខុសប្លែក​ពី​តារា​ស្រី​រួម​ជំនាន់ និង​កំពុង​ស្ថិតនៅក្នុង​ទ្រនំ​ជាមួយគ្នា ដែលមាន​ប្រើតែ​សម្ភារ​បែបដដែលៗជិះ​រថយន្ត​ចាស់​ស្ទើរតែ​ចូល​ជួសជុល​រាល់​ខែ​ទៅហើយនោះ។

    យ៉ាងណាក៏ដោយ បើទោះជា​ការសង្កេត​ដោយ​ផ្តោតទៅលើ​ភាព​ឡូយឆាយ និង​ការ​ចំណាយលុយ​ទាំង​ខ្ទា​ស់​សម្រាប់ផ្ទាល់ខ្លួន​របស់​កំពូល​តា​រា​ចម្រៀង​ល្បីឈ្មោះ​ជាង10ឆ្នាំ​រូបនេះក៏​ហាក់​គ្មាន​សំឡេង​រិះគន់ ឬ​ភាព​ងឿងឆ្ងល់​នោះឡើយ ខណៈដែល​គេ​ក៏បាន​ដឹងផង​ដែរ​ថា ចំណូល​របស់​នាង​ដែល​ទទួលបាន​ពី​ការងារ​អាជីពក៏ដូចជា​ការថត​ស្ប៉ត​ប្រចាំផលិតផល ឬ​ជា​អ្នកតំណាង​ផលិតផល​នានា ក៏​ទទួលបាន​តម្លៃ​ថ្លៃ​កប់​ពពក។ ជាក់ស្ដែង​គ្រាន់តែ​នាង​ចេញ​ច្រៀង
    សម្ដែង​នៅតាម​ការប្រគំ​តន្ត្រីម្ដងៗគឺមាន​តម្លៃ​ខ្លួន​រាប់ពាន់​ដុល្លារ​ក្នុង​មួយ Show ដែល​យ៉ាង​ណាក៏មាន​តម្លៃ3,000-3,500ដុល្លារ សម្រាប់​នៅ​តំបន់​ក្នុង​ក្រុង ឬ​ជាយក្រុង។ ដោយឡែក​បើ​ចំពោះ​ការចេញ​តាម​បណ្តាខេត្ត/ក្រុងឆ្ងាយៗវិញ គឺអាច​មានតម្លៃ​ចាប់ពី3,500-4,500 ដុល្លារឬ​អាច​លើសពីនេះ ដែល​វា​អាស្រ័យ​ទៅតាម​ការ
    ចរចា ឬ​ការចុះ​កុងត្រា​ក្នុង​រយៈពេល​វែង ឬ​ខ្លី។

    សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​តម្លៃ​ខ្លួន​នៃ​ការចេញ​ច្រៀង និង​សម្ដែង​នៅតាម​បណ្តា​ខេត្ត/ក្រុង​នានា ក្រៅពី ឱក សុគន្ធ​កញ្ញា, ពេជ្រ សោភា និង​នាង មាស សុខ​សោភា ដែលជា​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោ​ន គឺ​ភាគច្រើន​តារាចម្រៀង​ស្រី​អាច​ទទួលបាន​មិនលើសពី2,000ដុល្លារ ឬ​តិចជាង​នេះ​ក៏មានដែរ៕

  • អតីតតួប្រុសក្នុងរឿង « កូនពស់កេងកង » បច្ចុប្បន្នធ្លាក់ខ្លួនមានសភាពបែបនេះ

    អតីតតួប្រុសក្នុងរឿង « កូនពស់កេងកង » បច្ចុប្បន្នធ្លាក់ខ្លួនមានសភាពបែបនេះ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងកន្ត្រឹមប្រចាំផលិតកម្មរស្មីហង្សមាស​ អ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពអតីតតារាសម្ដែង លោកពូ ចៅ ចាន់ណារី ធ្លាប់បានសម្ដែងរឿង « កូនពស់កេងកង » ដើរតួជាប្ដីនាងនី ដែលសម្ដែងដោយអ្នកនាង អម្ពរ ទេវី ។

    ដោយឡែករូ​បភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យមើលឃើញថា បច្ចុប្បន្នលោកពូមានជីវភាពទល់លំបាក ក្រោយពីរស់នៅឆ្ងាយពីសិល្បៈ ដូច្នោះហើយបានជាអ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា « ពូ ចៅចាន់ណារី ((តួកុន)) តើពេលណាទើបមាន គាំពាសិល្បៈខ្មែរ ? បងកុយជួបគាត់នៅ ស្នួលក្រចេះ »។

    សូមជម្រាបន្ថែមថា អតីតតារាភាពយន្តជើងចាស់លោកចៅ ចាន់ណារី មានវ័យ 61 ឆ្នាំហើយ ជាតារាសម្ដែងនៅអំឡុងទស្សវត្សទី80-90 ជំនាន់ លោក សម វិទ្យា ,លោក សម តារា ,លោក កេត សូបូរិទ្ធ ,លោក យស បូវណ្ណៈ ,លោក ខៃ ប្រសិទ្ធ ,លោក ខៃ ប្រសើរ ,លោក ខ្លូត រតនា ជាដើម។ បច្ចុប្បន្នភាពមានជំងឺប្រចាំកាយ និងបង្ហាញខ្លួនជាថ្មីតាមការចូលរួមសម្ដែងរឿង « កូនពស់កេងកង » នៅឆ្នាំ 2000 ដែលនឹកនាំសម្ដែងរឿងដោយលោក ហ្វៃ សំអាង៕

  • ស្អែក​នេះ អ្នក​ភ្នំពេញ​អាច​ជិះ​កាណូត-ដ ព្រែក​ព្នៅ-តាខ្មៅ​បាន​ហើយ!

    ស្អែក​នេះ អ្នក​ភ្នំពេញ​អាច​ជិះ​កាណូត-ដ ព្រែក​ព្នៅ-តាខ្មៅ​បាន​ហើយ!

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី5 ខែមេសា ឆ្នាំ2018នេះ​ថា ស្អែក​នេះ(ថ្ងៃទី6)ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​អាច​ជិះ​កាណូត​ដ​ពី​ព្រែក​ព្នៅ ឆ្លងកាត់​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ ដែលជា​ការដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​នៅមុន​ពេល​ចូល​ឆ្នាំ្ម​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​បាន​ហើយ។

    ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នេះ គឺធ្វើឡើង​តាម​ការសន្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ធ្លាប់បាន​អះអាងថា នឹង​បើក​ដំណើរការ​កាណូត​ដ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ ទៅ​តាខ្មៅ​ឱ្យបាន​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​ពី​ជាយក្រុង​មក​ក្នុង​ទីក្រុង ឬ​ពី​តំបន់​ជាយក្រុង​ម្ខាង ទៅ​ជាយក្រុង​ម្ខាង​ទៀត បន្ថែម​ពីលើ​សេវា​រថយន្តក្រុង​ដែល​កំពុងដំណើរការ​ស្រាប់​ហើយ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​សម្រាប់​អ្នករស់នៅ​រាជធានី​ភ្នំពេញ ព្រែក​ព្នៅ និង​ក្រុង​តាខ្មៅ​ផងដែរ។

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ចា​ក់ថា កាណូត​ដ​ដឹក​អ្នកដំណើរ​នេះ​មាន​កំពង់ផែ(ចំណត​ដ)ចំនួន 15កន្លែង​គឺៈ

    រាជធានី​ភ្នំពេញៈ
    – ទី1: គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (កំពុង​ពិចារណា)
    – ទី2: គីឡូម៉ែត្រ​លេខ៦
    – ទី3: ខាងមុខ​ឃ្លាំង​សាំង​ឬ​ស្សី​កែវ​ជាប់​នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី
    – ទី4: ផែបណ្ដែត​ទឹកមុខ​ផ្សារ​រាត្រី
    – ទី5: កំពង់ចម្លង​កោះ​ពេជ្រ-អរិយ​ក្សត្រ
    – ទី6: ភូមិ​ដើម​ចាន់ ឬ​គល់ស្ពាន​ក្បាលថ្នល់​ខាងកើត
    – ទី7: ចំណតរថយន្ត​ចាក់អង្រែ​ក្រោម
    – ទី8: បាក់​ខែង ត្រង់​ផ្លូវបំបែក​លី យ៉ុង​ផាត់
    – ទី9: ទល់មុខ​ផ្សារ​ព្រែកលៀប (កំពង់ចម្លង​ព្រែកលៀប)
    – ទី10: ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ
    – ទី11: ភូមិ​កោះនរា
    – ទី12: កំពង់ចម្លង​ក្តី​តា​កុយ
    – ទី13: កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ

    ខេត្តកណ្តាលៈ    
    – ទី1: មុខ​វត្ត​ព្រែក​សំរោង​ក្រុង​តាខ្មៅ (កំពុង​ពិចារណា)
    – ទី2: កំពង់ចម្លង​រោងចក្រ​ក្តា​បន្ទះ​ផ្លូវ​ត្រី៕

  • Salah រងរបួស ខណៈ Liverpool លត់​ក្រុម Man City ចាស់ដៃ

    Salah រងរបួស ខណៈ Liverpool លត់​ក្រុម Man City ចាស់ដៃ

    Liverpool នឹងធ្វើ​ការត្រួតពិនិត្យ​ទៅលើ Mohamed Salah ក្រោយពី​រូបគេ​ត្រូវបាន​បង្ខំចិត្ត​ប្តូរ​ចេញ​នៅ​ដើមតង់​ទី2 ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-0 លើ​ក្រុម Manchester City ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បា​នរក​គ្រាប់​បាល់​បើកឆាក ក្នុងពេល​ក្រុម Liverpool បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នា​កីឡដ្ឋាន Anfield ប៉ុន្តែ ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ទី52 ដោយ​ខ្សែបម្រើ Georginio Wijnaldum និង​បាន​ដើរទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយនឹង​ក្រុមគ្រូពេទ្យ។ លោក Jurgen Klopp ដែលជា​អ្នកចាត់ការ​ទូទៅ បាន​បញ្ជាក់ថា Salah មានការ​ជឿជាក់​លើ​ខ្លួនឯង​ថា រូបគេ​មិនមាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​តារា​ឆ្នើម​កំពុងតែ​ឡើង​ទម្រង់​លេង​រូបនេះ​អាច​នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ​គឺ Everton នៅ​ថ្ងៃ​សៅរ៍​នេះ។

    លោក Klopp បានឱ្យដឹងថា៖ «ទាក់ទង​នឹង Mo ខ្ញុំ​មិនដឹង​ឡើយ។ រូបគេ​អាច​នឹង​អវត្តមាន ប៉ុន្តែ​រូបគេ​បាន​ប្រាប់​ខ្ញុំ​ថា រូបគេ​មិន​អី​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ពិនិត្យមើល​ជាមុនសិន»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Liverpool កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ការប្រកួត​នេះ ហើយ​ពួកគេ​នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន Etihad នៅ​សប្តាហ៍​ក្រោយ​ទាំង​ការជឿជាក់។ ក្រុម​ម្ចាស់ផ្ទះ បានចាប់ផ្តើម​យ៉ាង​ល្អ និង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ 19នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី1៕

    ប្រភពពី៖ Sky Sports

  • ទើបកើតសោះ ! បុត្រភ្លោះស្រី លាភ មានទីផ្សារសិល្បៈបាត់

    ទើបកើតសោះ ! បុត្រភ្លោះស្រី លាភ មានទីផ្សារសិល្បៈបាត់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឱ្យមើលឃើញថា បុត្រភ្លោះរបស់តារាកំប្លែងស្រី លាភ ទើបតែប្រសូតបានប៉ុន្មានខែសោះ ស្រាប់តែធ្លាបដំណឹងថា មានទីផ្សារក្នុងសិល្បៈបាត់ទៅហើយ ខណៈដែលអ្នកម្ដាយផ្ទាល់កំពុងតែវិលចូលមកកាន់សិល្បៈវិញ និងមានការងារយ៉ាងមមាញឹកកំពុងធ្វើ។

    ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែងស្រីរូបនេះ ក៏បង្ហោះរូបភាព នាងជាមួយកូនភ្លោះស្រីសំណព្វចិត្តទាំង2លើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យទស្សនិកជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយស្ទីល យ៉ាងពិសេសប្លែកភ្នែក បែបលក្ខណៈគ្រួសារសម័យថ្មី មើលទៅមិនចាញ់តារាបរទេសឡើយ ។

    សូមជម្រាបបន្ថែមថា ហេតុតែមានឈាមជ័រជាអ្នកសិល្បៈទាំងឪពុកនិងម្ដាយ ទើបបានជាបុត្រភ្លោះរបស់តារាស្រីរូបនេះ មានទីផ្សារថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយបាត់ទៅហើយ។ បើតាមការបង្ហើបនៅលើបណ្ដាញសង្គម គេមើលឃើញ ស្រី លាភ និងបុត្រភ្លោះបានថតស្ពតឲ្យ studio ថតរូបមួយគឺ Photocity Kid and Family ជាមួយនឹងម្តាយ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរចំពោះភាពគួរឲ្យស្រលាញ់ របស់បុត្រភ្លោះ ស្រី លាភ និងសង្ឃឹមថាក្មេងពេលធំឡើងនឹងមានដុងផ្នែកសិល្បៈ ដូចឪពុកម្តាយផងដែរ៕

  • ឃើញរូបភាពអ្នកនាង គង់ ចាន់ស្រីមុំ កាលពី 10 ឆ្នាំហើយ មើលស្គាល់អត់?

    ឃើញរូបភាពអ្នកនាង គង់ ចាន់ស្រីមុំ កាលពី 10 ឆ្នាំហើយ មើលស្គាល់អត់?

    ភាគច្រើនទស្សនិកជនមួយចំនួន ពិតជាបានស្គាល់តារាសម្ដែងដែលមានសម្រស់ស្រស់ស្អាតគឺ អ្នកនាង គង់ ចាន់ស្រីមុំ រួចមកហើយ ដែលបានសាងភាពល្បីល្បាញខ្លាំងតាមរយៈការសម្ដែងខារ៉ាអូខេ និងភាពយ​ន្ដកន្លងមក។ ជាករពិតណាស់ តារាស្រី គង់ ចាន់ស្រីមុំ នៅតែមានអ្នកគាំទ្រជាច្រើនបានស្រលាញ់នាង ក៏ដោយសារតែតារាស្រីរូបនេះ អាចរក្សាសម្រស់បានស្អាត និងមើលទៅក្មេងជាងវ័យ បើទោះបីជាពេលនេះអ្នកនាងមានសា្វមី និងកំពុងមានបុត្រជិតដល់ពេលប្រសូតហើយក្ដី

    ដោយជាក់ស្ដែងក្នុងពេលនេះ ក៏សូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រសារព័ត៌មាន ឡារ៉ែន ទាំងអស់ មកទស្សនារូបភាពរបស់អ្នកកាលពីរយៈកាល 10 ឆ្នាំមុន ដែលអ្នកនាងបានចូលរួមបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យទស្សនាវដ្តីឡារ៉ែន តើរូបរាងនិងមុខមាត់របស់នាង មានការវិវត្តខុសគ្នាបែបណាខ្លះ កាលពីអំឡុងឆ្នាំ 2008 និងបច្ចុប្បន្ននេះ? ចង់ដឹងថា មានសភាពបែបណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ហានិភ័យ​នៃ​ការដាក់​ប្រាក់​បញ្ញើ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន

    ហានិភ័យ​នៃ​ការដាក់​ប្រាក់​បញ្ញើ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន

    កន្លងមក​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​បាន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់​វិញ ដែល​ធ្វើឱ្យមាន​ភាព​ឥត​សណ្ដាប់ធ្នាប់ និង​ធនាគារជាតិ​មានការ​ពិបាក​គ្រប់គ្រង ដូច្នេះ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​អំពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ និង​ចៀសវាង​ការភាន់ច្រឡំ ធនាគារជាតិ​នៃ​កម្ពុជាបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បង្ហាញថា​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ជាង 50ស្ថាប័ន​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថាប័ន​ចំនួន​តែ 7ប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ។

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង 7នោះ​រួមមាន៖

    1.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់(PRASAC)

    2.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​ស៊ិន​ហ្វា​ន់(ខេ​ម​បូ​ឌា)(VISIONFUND (CAMBODIA) LTD)

    3.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លី​មី​ធី​ត (HATTHA KAKSEKAR LIMITED)

    4.គ្រឹះស្ថាន​ហិរញ្ញវត្ថុ អេ អឹម ខេ (AMK PLC.)

    5.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ភីអិលស៊ី (KREDIT PLC)

    6.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ខូ អិ​ល ធី ឌី

    7.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  អិ​ល​អូ​អិ​ល​ស៊ី(ខេ​ម​បូ​ឌា)ភីអិលស៊ី (LOLC (CAMBODIA) PLC)។

    ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ធ្វើឡើង​ក្នុង​គោលបំណង​ជូនដំណឹង​ទៅដល់​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យបាន​ដឹងថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ព័ត៌មាន​មួយចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច​ដែល​បាន​ក្លាយខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាននិង​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន ក្រោមរូបភាព “កិច្ចសន្យា​ខ្ចីប្រាក់” និង​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​ព្រមទាំង​ការផ្តល់​ប្រាក់កម្ចី​ក្រៅច្បាប់។ ដូច្នេះ​ក្រៅពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង7ខាងលើ មិនមាន​គ្រឹះស្ថាន​ផ្សេង​ណា​ទៀត​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ។

    ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លី​មី​ធី​ត មានប្រសាសន៍ថា កន្លងមក​ពិតជា​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់មកវិញ​ដូច្នេះ​មែន ហើយ​ដោយសារ​មើលឃើញ​ពី​ភាព​អសកម្ម​ទាំងនេះ ទើប​ធនាគារជាតិ​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត​ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ​កុំឱ្យ​ជឿ​តាម​ការផ្សព្វផ្សាយរបស់គេ ចៀសវាង​កើតមាន​បញ្ហា​ហានិភ័យ​ណាមួយ​ដែលនាំឱ្យ​ខាតបង់​ប្រាក់។

    ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ឈានមុខ​មួយ លោក​ឧកញ៉ា​សូម​អំពាវនាវ​ទៅដល់​សាធារណជន ពិសេស​ពលរដ្ឋ​នៅតាម​ជនបទ​កុំឱ្យ​ចាញ់បោក​គេ និង​មុននឹង​សម្រេចចិត្ត​ដាក់​ប្រាក់​បញ្ញើ គឺ​ត្រូវ​រក​ស្ថាប័ន​ណា​ដែលមាន​ទំនុកចិត្ត ពិសេស​មានតែ​ស្ថាប័ន​ទាំង7 ខាងលើ​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​ពលរដ្ឋ។

    លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា គ្រឹះស្ថាន​របស់លោក​ក៏​ជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម គ្រឹះស្ថាន​ទាំង7 ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​សាធារណជន ដែល​មកទល់​បច្ចុប្បន្ន មាន​អតិថិជន​ដាក់​ប្រាក់​ប្រមាណ​ជាង 2ម៉ឺន​នាក់​ដែលមាន​ប្រាក់​បញ្ញើ​សរុប​ចំនួន​ជាង370លាន​ដុល្លារ។

    ជាមួយគ្នានេះដែរ​លោក សាយ សូ​នី ប្រធាន​នាយក​ប្រតិបត្តិការ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​មានប្រសាសន៍ថា ប្រកាស​នេះ​គឺជា​ការ​រំឭក​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ស្គាល់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ឱ្យ​ច្បាស់​មុននឹង​ដាក់​ប្រាក់​បញ្ញើ ដើម្បី​ចៀសវាង​ការកើតមាន​ហានិភ័យ​នាំឱ្យ​ខាតបង់​ប្រាក់​របស់ខ្លួន​នៅពេល​ក្រោយ ដែល​ករណីនេះ​កន្លងមក​ធ្លាប់​កើតមាន​នៅ​ជនបទ​ដាច់ស្រយាល​រួចមកហើយ ប៉ុន្តែ​មិនទាន់​កើតមាន​នៅក្នុង​ទីក្រុង​ឬ​ទីប្រជុំជន​ធំ​នៅឡើយ ដោយសារតែ​ពលរដ្ឋ​នៅ​ទីក្រុង​មានការ​យល់ដឹង​ច្បាស់​ពី​ការដាក់​ប្រាក់​បញ្ញើ​នេះ។

    លោក​ថា កន្លងមក​លោក​ក៏​ធ្លាប់​បានឮ​ព័ត៌មាន​អំពី​ភ្នាក់ងារឥណទាន​ជនបទ​ដើរ​បំផុស​ឱ្យ​ពលរដ្ឋ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន ដោយ​សន្យាថា​នឹង​ផ្តល់​ការប្រាក់​ខ្ពស់​ត្រឡប់​ទៅវិញ​ដែរ។ ប៉ុន្តែ​ក្រោយពី​កើតមាន​បញ្ហា​មិន​សម​ទំនង​នេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បញ្ឈប់​បញ្ហា​អសកម្ម​នេះ ហើយ​ឃើញថា​ទទួលបាន​ចំណុច​វិជ្ជមាន​ស្ទើរ​ទាំងស្រុង​ដោយ​មកទល់​បច្ចុប្បន្ន​នៅមាន​ភ្នាក់ងារឥណទាន​ជនបទ​តិចតួច​បំផុត​ដែល​នៅតែ​ធ្វើ​សកម្មភាព​បែបនេះ។

    លោក​បាន​បន្តថា មកទល់​ពេលបច្ចុប្បន្ន ស្ថាប័ន​របស់លោក​ទទួល​បានការ​ទុកចិត្ត​ពី​អតិថិជន​ជាច្រើន ដែល​ដាក់​ប្រាក់​បញ្ញើ​ដល់​ទៅ 55,000នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប​ដល់​ទៅ 978លានដុល្លារ​សហរដ្ឋអាមេរិក៕

  • អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    នៅពេលថ្មីៗនេះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកំពុងតែមានភាពកក្រើក និងភ្ញាក់ផ្អើលបំផុត ដែលអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Alex CoNan Real បានធ្វើការ Live វីដេអូជេរដោយសម្ដីចម្អេះចម្អះ រហូតដល់មានកូនខ្មែររាប់សិបពាន់នាក់ចូលទៅទស្សនាការ Live ផ្ទាល់នេះ ។

    ទន្ទឹមនឹងការហួសចិត្ត អ្នកស្នេហា និងអភិរក្សសិល្បៈបុរាណខ្មែរ អាចារ្យធំ នគររាជ បានសម្ដែងការហួសចិត្ត និងពន្លះចំៗនៅលើគណនីផ្ទាល់របស់លោកថា « ច្បាស់ហើយថា សង្គមនេះរើមិនរួចពី លិច និង លង់ ឯវំ៚
    រឿងជាតិគ្មានអ្នកខ្វល់ទេ តែបើរឿងជេរចំតិតអ៊ុត។ អញចេះជេរដែរ តែអញជេរពួកអាភ្លេចជាតិ! ភ្លេចវប្បធម៌! .. »។

    គួរបញ្ជាក់ផងដែរ មានការអាក់អន់ស្រពន់ចិត្តសោកស្ដាយយ៉ាងខ្លាំង ខណៈដែលមាន Page មួយចំនួនបានធ្វើការ Live វិដេអូផ្សព្វផ្សាយពីវប្បធម៌ខ្មែរ បែរជាគ្មានអ្នកចូលមើលទាល់តែសោះ ហើយងាកមកពេញនិយមរឿងដែលមានមិនប្រយោជន៍ចំពោះសង្គមជាតិវិញ។ នេះបើតាមសម្ដីការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិខាងក្រោមរូបភាពរបស់ លោក អាចារ្យធំ។

    តើចំពោះប្រិយមិត្តទាំងឡាយគ្នាយល់យ៉ាងណាដែរចំពោះករណីខាងលើនេះ ?