Category: សង្គម និងសេដ្ឋកិច្ច

  • Feliz សណ្ឋាគារ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍

    Feliz សណ្ឋាគារ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍

    សណ្ឋាគារ Feliz (Feliz Urban Hotel) ដែល​មានន័យថា “រីករាយ” (តាម​ភាសា​អេ​ស្ប៉ា​ញ) គឺជា​សណ្ឋាគារ​បែប​ខ្មែរ 100% ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ និង​បុគ្គលិក​បម្រើការ​ងារ​ទាំង​អស់​ជា​ជនជាតិខ្មែរ ហើយ​ឈ្មោះ​របស់​សណ្ឋាគារ​នេះ​គឺ​ផ្តល់នូវ​ភាពកក់ក្តៅ និង​អារម្មណ៍​ប្រៀបដូចជា​ផ្ទះ​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ Feliz។ សូម​តាមដាន​ជា​បន្ត​ជាមួយនឹង​អត្ថបទ​លម្អិត​ពី​សណ្ឋាគារ​បែប​ខ្មែរ-អា​សី​ុ ដែល​ទើបតែ​បើក​ដំណើរការ​កាលពី​ពាក់​កណ្តាលខែ8 ឆ្នាំ2017នេះ​ដូចតទៅ។

    សណ្ឋាគារ Feliz មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ 3 ផ្លូវ​លេខ288 សង្កាត់​បឹង​កេងកង1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ បើតាម​កិច្ច​សម្ភាសន៍​ជាមួយនឹង​លោក រាំង អា​រុណ ដែលជា​នាយក​គ្រប់គ្រង​នៃ​សណ្ឋាគារ Feliz បានឱ្យដឹងថា សណ្ឋាគារ Feliz ទើបតែ​បើក​ដំណើរការ​សាខា​ទី2របស់ខ្លួន​មិនទាន់បាន1ឆ្នាំ​ផង តែ​សណ្ឋាគារ Feliz បានទទួល​នូវ​ការគាំទ្រ និង​ការ​មក​សា្ន​ក់នៅ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ដោយ​រាប់បញ្ចូល​ទាំង​ភ្ញៀវ​ជនជាតិខ្មែរ (អ្នកជំនួញ) ភ្ញៀវ​ជនជាតិ​អា​ស៊ី (ជនជាតិ​ជប៉ុន និង​ជនជាតិ​កូរ៉េ​ជាដើម) និង​ភ្ញៀវទេសចរ​មកពី​ប៉ែក​បស្ចិមប្រទេស (ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​កាណាដា​ជាដើម) ចំណែកឯ​សាខា​ទីមួយ ដែលមាន​ឈ្មោះថា Feliz Hotel Café & Bar គឺជា​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​មាន​កន្លែង​ស្នាក់​បែប​អន្តេវាសិកដ្ឋាន ដែលចែកចេញជា3ប្រភេទ គឺ​អន្តេវាសិកដ្ឋាន​សម្រាប់នារីៗ អន្តេវាសិកដ្ឋាន​សម្រាប់បុរសៗ និង​អន្តេវាសិកដ្ឋាន​រួម ដែលមាន​ទីតាំងនៅ​ម្តុំ​បឹង​កេងកង1 ជិត​នឹង​សាខា​ទី2ដែរ។

    លោក អា​រុណ បាន​បន្ថែមទៀតថា សណ្ឋាគារមាន​បន្ទប់​សរុប​ទាំងអស់36បន្ទប់ ដែល​ចែកចេញជា6ប្រភេទ​ផ្សេងគ្នា ដើម្បី​ផ្តល់​ជា​ជម្រើស​ដ៏​សម្បូរបែប​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់លំដាប់​ថ្នាក់ ក្នុងនោះ​មាន​ប្រភេទ​បន្ទប់​ដូចជា Superior King, Superior Queen, Deluxe King, Deluxe Queen, Connected Family សម្រាប់​ការ​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ និង​បែប​បន្ទប់Suite សម្រាប់​អ្នកជំនួញដែល​ត្រូវការ​បន្ទប់ធ្វើកា​រ និងបន្ទប់ទទួលភ្ញៀវ​ដាច់ដោយឡែក​ពី​បន្ទប់​គេង។ លើសពីនោះ​ទៀត លោកអ្នក​ក៏​អាចមាន​ជម្រើស​ជាមួយនឹង​តម្លៃ​បន្ទប់ ដែលមាន​ផ្តល់ជូន​អាហារ​ពេលព្រឹក និង​តម្លៃ​បន្ទប់​មិនមាន​បូករួម​ជាមួយនឹង​អាហារ​ពេលព្រឹក ដែលជា​ការផ្តល់ជូន​នូវ​ជម្រើស​កាន់តែ​ល្អប្រសើរ​ដល់​ភ្ញៀវ​ដែល​មក​សា្ន​ក់នៅ​ក្នុង​សណ្ឋាគារ Feliz។ ភ្ញៀវ​ដែល​មក​ស្នាក់នៅ​សណ្ឋាគារ Feliz 99% គឺជា​អ្នកទេសចរ ដែល​មក​ស្នាក់នៅ​យ៉ាងតិច​ក៏​ចំនួន2យប់​ដែរដោយសារតែ​នៅ​ម្តុំ​បឹង​កេងកង គឺជា​ទីប្រជុំជនដែលអំណោយផល​ដល់​ការ​ស្នាក់នៅ (ស្ងប់ស្ងាត់) និង​នៅ​ចំ​កណ្តាល​ទីក្រុង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទៅកាន់​ទី​រមណីយដ្ឋាន​នានា ហើយ​ភ្ញៀវ​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ Feliz ក៏​អាច​ទទួលបាន​សេវាកម្ម​ដឹក​អ្នកដំណើរ​ពី​ព្រលានយន្តហោះ​មក​សណ្ឋាគារ ពី​សណ្ឋាគារ​ទៅ​ព្រលានយន្តហោះ និង​ការជូន​ដើរ​ទស្សនា​នៅតាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នៅក្នុង​រាជធានី និង​នៅតាម​បណ្តា​ខេត្ត​នានា ជាមួយនឹង​រថយន្ត ឬក៏​តុ​ក​តុ​ក ដែលជា​ដៃគូ​យ៉ាង​ជិតស្និត​របស់​សណ្ឋាគារ ដោយ​ភ្ញៀវ​អាចមាន​ទំនុកចិត្ត​ក្នុងការ​ធ្វើដំណើរ​ដោយ​មិនមាន​ការតំឡើង​តម្លៃលើស​តម្លៃ​ទីផ្សារ និង​អាច​ផ្តល់​ការងារ​ដល់​អ្នកបើក​តុ​ក​តុ​ក និង​អ្នកបើករថយន្ត​តាក់​ស៊ី ដែលជា​ជនជាតិខ្មែរ​ផងដែរ។

    ភ្ញៀវ​ដែល​មក​ស្នាក់នៅ​សណ្ឋាគារ Feliz ក៏​អាច​រីករាយ​ជាមួយនឹង​សេវា​ម្ហូបអាហារ​នៅ​ភោជនីយដ្ឋាន Amigo ដែលជា​ភោជនីយដ្ឋាន​បែប​ខ្មែរ-អា​ស៊ី និង​បែប​អាហារ​អឺរ៉ុប ស្ថិ​ត​នៅក្នុង​សណ្ឋាគារ Feliz ផងដែរ ហើយ​ភ្ញៀវ​ទាំងអស់​ក៏​អាច​ឡើងទៅ​ហែល​ទឹក​លេង​នៅ​អាង​ហែល​ទឹក​ដ៏​ស្រស់ស្អាត​នៅ​ជាន់​ខាងលើ អាច​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អាហារ​នៅ​ជាន់​ស្កា​យបារ ដែល​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​រាជធានី​ភ្នំពេញ ជាពិសេស​គឺអាច​មើល​ទេសភាព​ពេល​ថ្ងៃ​រៀប​អស្ត​ង្គ​ត់ គឺ​ស្រស់ស្អាត​ខ្លាំងណាស់។ លើសពីនេះ​ទៀត ភ្ញៀវ​ទាំងអស់​ក៏​អាច​ប្រើប្រាស់​កន្លែង​ហាត់ប្រាណ និង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​ល្បឿន​លឿន រហូតដល់​អាច Live វីដេអូ​បាន​ដោយ​រលូនមិនមាន​ទាក់ ឬ​រអាក់រអួល​ឡើយ ហើយ​លោកអ្នក​ក៏​អាច​ចុះមក​ជាន់​ក្រោម​ផ្ទាល់​ដី ដើម្បី​ប្រើប្រាស់​កុំព្យូទ័រ សម្រាប់​ទំនាក់ទំនង​គ្នា ឬ​ធ្វើ​ការងារ​របស់លោក​អ្នក​បាន​ដោយ​សេរី និង​គ្រប់ពេលវេលា​ទៀតផង។

    ភោជនីយដ្ឋាន Amigo ដែលមាន​ន័យ​ជា​ភាសា​អេ​ស្ប៉ា​ញ​ថា “មិត្តសម្លាញ់” ជា​ភោជនីយដ្ឋាន​បម្រើ​អាហារ​បែប​ខ្មែរ បែប​អាហារ​អា​ស៊ី និង​បែប​អាហារ​អឺរ៉ុប​ស្ថិតនៅក្នុង​សណ្ឋាគារ Feliz បើក​បម្រើ​អាហារ​ទាំង3ពេល ពីម៉ោង6:30នាទី​ព្រឹក​ដល់​ម៉ោង11យប់ ព្រមទាំង​មានប​ម្រើ​ស្រា​ក្រឡុក និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត ដើ​ម្បី​បម្រើ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ។ ក្រៅពី​បើក​បម្រើ​អាហារ​ទាំង3ពេល ភោជនីយដ្ឋាន Amigo ក៏មាន​ទទួល​រៀបចំ​កម្មវិធី​តូចធំ ដូចជា កម្មវិធី​ខួបកំណើត កម្មវិធី​ជប់លៀង កម្មវិធី​ជួបជុំផ្សេងៗផងដែរ គឺអាច​ទទួលភ្ញៀវ​បាន​រហូតដល់70-80នាក់ ដែល​អាច​រៀបចំ​នៅក្នុង​ភោជនីយដ្ឋាន Amigo ផ្នែក​ខាងក្នុង និង​នៅ​ស្កា​យ​បារ​ខាងលើ​ដំបូល​ក៏បាន៕

  • តើ​កសិកម្ម​កម្ពុជា​ផ្តោតលើ​ប្រភេទ​បន្លែ និង​ដំណាំ​អ្វីខ្លះ?

    តើ​កសិកម្ម​កម្ពុជា​ផ្តោតលើ​ប្រភេទ​បន្លែ និង​ដំណាំ​អ្វីខ្លះ?

    តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញថា ក្នុង​មួយថ្ងៃ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ​ជា 400តោន និង​ត្រូវការ​ជាង 1សែន​តោន​ក្នុង1ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​របស់ខ្លួន ក្នុងនោះ​មាន 55%ជា​បន្លែ​នាំចូល​ពី​ក្រៅប្រទេស ដូច្នេះ​សួរថា តើ​បច្ចុប្បន្ន​កម្ពុ​ជាមាន​សក្តា​នុព​ល​ដាំ​ដុះ​បន្លែ​អ្វីខ្លះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក?

    លោក នាង ថៃ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ចម្ការ​សរីរាង្គ​ពិ​កនិក មានប្រសាសន៍ថា បច្ចុប្បន្ន​កសិដ្ឋាន​រប​ស់លោក​មាន​ទីតាំង​ពីរធំៗដែល​ដាំ​ដុះ​បន្លែ​សរីរាង្គ​សម្រាប់​ផ្គត់​ផ្គត់​នៅលើ​ទីផ្សារ ដែល​ទី1.ស្ថិតនៅ​រមណីយដ្ឋាន​ពិ​កនិក​ផ្ទាល់ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​ជិត 6ហិកតា​ដែល​ភាគច្រើន​ដាំ​បន្លែ​ស្លឹក ដូចជា​ស្ពៃ សាលាដ ខាត់ណា ត្រកួន ស្លឹកគ្រៃ​ជាដើម ដែលមាន​ចំនួន​សរុប 12ប្រភេទ និង​ប្រភេទ​បន្លែ​យក​ផ្លែ មានដូចជា​ត្រសក់ ត្រឡាច ល្ពៅ ននោង​ម្នាស់ រួមទាំង​បន្លែផ្សេងៗទៀត​រហូតដល់ 20ប្រភេទ។

    និង​ទី2.ក្រៅពី​តំបន់​ពិ​កនិក កសិដ្ឋាន​ខាងលើ​ក៏បាន​ពង្រីក​ការដាំដុះ​ទៅដល់​តំបន់​ស្រែអំបិល​នៅលើ​ផ្ទៃ​ប្រមាណ​ជា 40ហិកតាផ្សេងៗទៀត ដែលមាន​ដាំ​ប្រភេទ​បន្លែ-ផ្លែឈើផ្សេងៗ ដូចជា ត្រប់ប៉េងប៉ោះ ប្រពាយ ឃ្លោក-ត្រឡាច និង​ននោង​ជាដើម និង​បន្លែ​យក​មើម​ដូចជា ឆៃថាវ ដំឡូងជ្វា ដំឡូង​មី រំដេង ខ្ញី រមៀត ហើយ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​កំពុង​សហការ​ជាមួយ​កសិករ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ដើម្បី​ដាំ​បន្លែ​ផ្សេងទៀត​ដូចជា​ការ៉ុត និង​ឆៃថាវ​ជាដើម ដោយសារ​នៅ​ទីតាំង​នោះ​ដី​មាន​នីវ៉ូទឹក​ខ្ពស់ មាន​ខ្យល់​ត្រជាក់ អំណោយផល​ខាង​ផ្នែក​ដំណាំ​ហូប​មើម ដូចជា​ការ៉ុត និង​ឆៃថាវ ដោយ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង។

    ជាមួយគ្នានេះ​កសិដ្ឋាន​ក៏បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត​ដែរ ដូចជា ពុទ្រា ខ្នុរ ផ្លែ Passion ចេក ត្របែក ជម្ពូ ស្ពឺ ម្កាក់ ស្វាយ និង​ម្នាស់​សម្រាប់​ផ្គត់ផ្គង់​នៅ​តំបន់​ទេសចរណ៍​ពិ​កនិក​ផ្ទាល់​និង​មួយចំនួនទៀត​យកមក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សរីរាង្គ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ ផ្សារ​ឡាក់​គី និង Star Mart មួយចំនួនទៀត។ លោក​ថា ទោះបី​បន្លែ​សរីរាង្គ​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែលមាន​ជីវភាព​ក្រោម​មធ្យម​មិនសូវមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នៅឡើយ ហើយ​តែង​និយាយថា បន្លែ​នេះ​ថ្លៃ​ជាង​បន្លែ​នៅលើ​ទីផ្សារ ដែល​ភាគច្រើន​នៃ​បន្លែ​ទាំងនោះ គឺ​នាំចូល​ពី​ក្រៅប្រទេស។

    លោក​បញ្ជាក់ថា “ពលរដ្ឋ​ដែលមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លើ​មធ្យម ដោយ​ពួកគាត់​គិតថា បន្លែ​សរីរាង្គ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ចំណែក​ពលរដ្ឋ​មាន​ជីវភាព​ទាប​ក្រោម​មធ្យម មិនសូវ​គិតគូរ​ពី​អត្ថប្រយោជន៍​បន្លែ​សរីរាង្គ និង​មិនសូវ​គិតពី​រឿង​សុខភាព​ប៉ុន្មាន​ឡើយ ហើយ​ចូលចិត្ត​ទិញ​បន្លែ​នៅតាម​ផ្សារ​ដែលមាន​តម្លៃ​ទាប​ជាង​បន្លែ​សរីរាង្គ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​នឹង​សុខភាព នៅ​ថ្ងៃ​អនាគត។

    ចំណែក​លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​មានប​ន្លែ​នាំចូល​គ្រប់​ប្រភេទ​ពី​ប្រទេសជិតខាង​រាប់មិនអស់​ទេ ច្រើន​មុខ​ណាស់ ពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែលមាន​ចំនួន​ជាង 55% បើ​ធៀប​ជាមួយ​បន្លែ​ផលិត​ក្នុងស្រុក ដោយសារ​កសិករ​កម្ពុ​ជា​មិនសូវមាន​បច្ចេកទេស​ដាំ​ដុះ​បាន​ផល​ល្អ​ដូចប្រទេសជិតខាង​ទាំងនោះ ពិសេស​ថ្លៃដើម​នៃ​ការផលិត​ក៏មាន​តម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​ដែរ ដូចជា​ជី និង​ប្រេងសាំង​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​របរ​កសិកម្ម​រប​ស់​កសិករ​មិនសូវ​ទទួលបាន​ផលចំណេញ និង​មិនអាច​ប្រកួតប្រជែង​តម្លៃ ជាមួយ​បន្លែ​នាំចូល​បាន។

    ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក​ក៏​ដួច​ជា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពលផ្សេងៗ ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់​បច្ចេកទេស​ជូន​ពួកគាត់​ឱ្យដាំ​បន្លែ​សរីរាង្គ និង​ចិញ្ចឹមសត្វ​តាម​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​សរី​រា​ង្គ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង។

    នៅ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង មាន​សក្តានុពល​ក្នុង​ការដាំ​បន្លែ​យក​ស្លឹក ដូចជា ស្ពៃ ខាត់ណា សាឡាដ ត្រកួន ជាដើម ចំណែក​ខេត្តកោះកុង មណ្ឌលគិរី រតនគិរី មាន​សក្តានុពល​ក្នុង​ការដាំ​ដើមឈើ​ហូប​ផ្លែ​មានដូចជា ល្ហុង ទៀបបារាំង ប៊័រ និង​ផ្លែ Passion ជាដើម។ ឯ​ខេត្តព្រៃវែង ប៉ៃលិន បាត់ដំបង មាន​សក្តានុពល​ផ្នែក​បន្លែ​ពពួក​គ្រឿងទេស ដូចជា រំដេង រមៀត ខ្ជាយ ហើយ​ខេត្តកំពង់ចាម តាកែវ សម្បូរ​កសិករ​ចិញ្ចឹមសត្វ​យក​សាច់​ដូចជា ជ្រូក មាន់ ទា ការផលិត​ត្រីងៀត ត្រីឆ្អើរ សាច់ក្រក និង​ខេត្ត​ដែល​សម្បូរ​ស្រូវ​ជាងគេ មាន​បាត់ដំបង តាកែវ កំពង់ស្ពឺ កំពត និង​ព្រៃវែង ដោយ​បច្ចុប្បន្ន​បាន​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​បាន​នាំ​ចេញទៅ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប ហុងកុង និង​វៀតណាម​ជាដើម។

    មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ​បង្កើតជា​សហគមន៍​ផលិតកម្ម​ប្រមាណ​ជាង 100សហគមន៍​នៅតាម​បណ្តា​ខេត្តផ្សេងៗដែលមាន​ប្រជាជន​សរុប 2,500នាក់​ដើម្បី​ដាំ​ដុះ​បន្លែ​សរីរាង្គ សម្រាប់​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​ដែល​គេ​គិតថា មិនមាន​សុវត្ថិភាព​សម្រាប់​សុខភាព។ លោក​ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​បាន កសិករ​មានតែ​ដាំ​បន្លែ​សរីរាង្គ​ប៉ុណ្ណោះ ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​ព្រោះថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ក៏​ចូលចិត្ត​ទទួលទាន​បន្លែ​សរីរាង្គ​ច្រើន​ណាស់ដែរ៕

  • អីយ៉ា !! អ៊ឺម ជីវ៉ា ប្រកាសសម្រេចចិត្តទៅកែសម្ផស្សយកមាត់រូបបេះដូង

    អីយ៉ា !! អ៊ឺម ជីវ៉ា ប្រកាសសម្រេចចិត្តទៅកែសម្ផស្សយកមាត់រូបបេះដូង

    បន្ទាប់ពីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានភាពភ្ញាក់ផ្អើលចំពោះករណី នារីវ័យក្មេងម្នាក់ ព្រោះតែចង់បានបបូរមាត់រាងបេះដូង ក៏សម្រេចចិត្តទៅកែបបូរមាត់នៅហាងកែសម្ជស្សមួយកន្លែង ស្រាប់តែលទ្ធផលចេញមកមិនចេញរាងបេះដូង បែរជាខើចបបូរមាត់ មិនសមបំណង ក៏ដាច់ចិត្តគិតខ្លីព្យាយាមចងសម្លាប់ខ្លួននៅផ្ទះ តែត្រូវប្តីជួយទាន់ ទើបរត់ចេញមកទិញថ្នាំលេបសម្លាប់ខ្លួនវិញម្តង។

    ទន្ទឹមនឹងនោះតារាសម្ដែង អ៊ឺម ជីវ៉ា ក៏ស្រាប់តែបង្កភាពភ្ញាក់ផ្អើលដូចគ្នាផងដែរថា « ព្រឹកនេះខ្ញុំសម្រេចចិត្តទៅកែសម្ផស្សយកមាត់រូបបេះដូងដែរហើយ ព្រោះមាត់ធម្មជាតិមិនសូវស្អាតសោះ ចង់កែមាត់ម្តង បើកែមាត់ហើយខ្លាចតែសាពត៌មានហៅសម្ភាស៍ទេខ្ញុំ »។ លោកថា នាពេលបច្ចប្បន្នការវះកាត់ការសម្ភស្សគឺ ជាការពេញនិយមរបស់យុវវ័យនិងមនុស្សវ័យកណ្តាល ហើយការកែសម្ភស្សគឺមានច្រើនសណ្ឋាន និងកន្លែងមិនថានៅក្នុង ឬក្រៅប្រទេសឡើយទៅតាមចង់ចំនូលចិត្តនិងលទ្ធភាពរបស់មនុស្សម្នាក់ៗ មុននិងសម្រេចចិត្តធ្វើអីមួយត្រូវជឿជាក់ខ្លួនឯងថាពេលធ្វើហើយហ៊ានទទួលស្គាល់ការពិតអត់ ? មិនថាតែនៅក្នុងឬក្រៅស្រុកនោះទេ ការកែសម្ភស្សមិនមែនបានន័យថាជោគជ័យទាំងអស់នោះទេ អ្នកខ្លះក៏ទទួលការបរាជ័យក្នុងការកែសម្ផស្សដែរ នេះបើតាមប្រសាសន៍របស់គ្រូពេទ្យផ្នែកកែសម្ភស្សនៅប្រទេសថៃ ។

    លោកបានបន្ដបញ្ជាក់ថា « បើមនុស្សដែលគេស្រលាញ់យើងស្មោះគេមិនដែលគិតពីរូបសម្បត្តិឡើយ ហើយបើមានគ្រួសារហើយក៏គួកុំទៅកែសម្ផស្សដែរ ព្រោះសុភមង្គលមិនមែនកើតឡើងដោយសារការកែសម្ផស្សឡើយ ទទួលស្គាល់ថាមនុស្សខ្លះចង់កែសម្ភស្សចង់ស្អាត តែក៏មើលមកខ្លួនឯងដែរថាវាអាចទៅរួចបានកំរិតណា ។ សរុបសេចក្តីមកមុននឹងធ្វើអ្វីមួយត្រូវពិភាក្សាជាមួយគ្រួសារ និងសម្រេចចិត្តឱ្យជាក់លាក់មុននិងកែសម្ភស្សចៀសវាងមានវាវិប្បដិសារីនាថ្ងៃអនាគត»៕

  • កង្វះ​ឯកសារ​ស្រាវជ្រាវ ជា​បញ្ហា​រាំងស្ទះ​ដល់​ដំណើរ​ការបង្កើត​ស្នាដៃថ្មីៗ

    កង្វះ​ឯកសារ​ស្រាវជ្រាវ ជា​បញ្ហា​រាំងស្ទះ​ដល់​ដំណើរ​ការបង្កើត​ស្នាដៃថ្មីៗ

    អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា រួមទាំង​និស្សិត​មួយចំនួន​ផង បានលើកឡើង​នូវ​បញ្ហា​រួមមួយ គឺ​កង្វះ​ឯកសារ​សម្រាប់​ស្រាវជ្រាវ ហើយ​កត្តា​ទាំងអស់នេះ​បាន​រាំងស្ទះ​ដល់​ដំណើរ​នៃ​ការបង្កើត​ស្នាដៃថ្មីៗរួមទាំង​ការបង្កើត​នូវ​គំហើញ​មួយចំនួន​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត។

    សហ​ស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ បាន​លើកឡើងថា អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា​ពិត​ជាមាន​បញ្ហាលំបាក ហើយ​ផ្នែក​ដែលកំពុងមាន​បញ្ហា​ប្រឈម​ច្រើន​នោះ​គឺ​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។ ផ្នែក​មួយទៀត​ដែល​កំពុងមាន​បញ្ហា​ប្រឈម​ដែរនោះ គឺពាក់ព័ន្ធ​នឹង​ជំនាញ​ភាសា​ខ្មែរ។ ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា​ទាំងអស់នេះ លោក​បានផ្តល់​យោបល់​ថា គួរតែ​ធ្វើយ៉ាងណា​ឱ្យ​បណ្ណាល័យ​ដំណើរការ​បានល្អ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ឯកសារ ប្រឹក្សា​យោបល់​លើ​ឯកសារ ព្រមទាំង​អាច​ផ្តល់​សេវាកម្ម​បណ្ណាល័យ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​ធនធានមនុស្ស។ លើសពីនេះទៅទៀត ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​ចូលរួម​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃ​របស់​បណ្ណាល័យ។

    លោក សុខ ឡាក់ និយាយថា៖ “នៅ​កម្ពុ​ជាមាន​ចំនួន​បណ្ណាល័យ​ច្រើនណាស់ តែមាន​បណ្ណាល័យ​ខ្លះ​មានតែ​ឈ្មោះ ហើយ​មិនបាន​បើក​ឱ្យ​ដំណើរការ​នោះទេ ចំណែកឯ​បណ្ណាល័យ មួយចំនួនទៀត មាន​ឯកសារ​ច្រើនតែ​មិនបាន​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​សេវាកម្ម​បណ្ណាល័យ​ដែល​កត្តា​នេះ​ធ្វើឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​នៅតែមាន​ការលំបាក​ក្នុងការ​ស្វែងរក​ឯកសា​រដដែល។

    បើតាម​លោក​សុខ ឡាក់ បណ្ណាល័យ​ជា​ប្រភព​នៃ​ឯកសារ​ទាំងអស់ និង​ជា​កន្លែង​ដែល​សំខាន់បំផុត​សម្រាប់​អ្នកស្រាវជ្រាវ ទាំង​ការស្វែងរក​ឯកសារ​ស្រាវជ្រាវ និង​ការបញ្ចេញ​នូវ​ឯកសារ​របស់ខ្លួន​ជា​សាធារណៈ។ ប្រសិនបើ​បណ្ណាល័យ​ត្រូវបាន​យកចិត្តទុកដាក់ ហើយ​ត្រូវបាន​គេ​ផ្តល់​តម្លៃ​គ្រប់គ្រាន់ អ្នកស្រាវជ្រាវ​ជាច្រើន​នឹងមាន​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ស្រាវជ្រាវ ហើយ​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​របស់ខ្លួន​នៅតាម​បណ្ណាល័យ ដែល​ចរន្ត​នេះ​ធ្វើឱ្យ​ឯកសារ​កាន់តែ​សម្បូរបែប​ឡើង ហើយ​អ្នកស្រាវជ្រាវ​ជំនាន់ក្រោយៗទៀត​កាន់​តែមាន​ភាពងាយស្រួល។

    អ្នកនិពន្ធ និង​ជា​អ្នក​បោះពុម្ពផ្សាយ​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​នៅ​កម្ពុជា លោក ឈិន សីហា​បាន​លើកឡើងថា អ្នកស្រាវជ្រាវ​នាពេល​បច្ចុប្បន្ន​នេះ​មានការ​លំបាក​គួរសម ហើយ​បញ្ហា​ទាំងអស់នេះគឺ​មកពី​ខ្វះ​អ្នកស្រាវជ្រាវ និង​អ្នកសរសេរ​លើ​ប្រធានបទសំខាន់ៗជាច្រើន​ដែលជា​តម្រូវការ​របស់​ប្រជាជន​នៅក្នុង​ប្រទេស។ មាន​ឯកសារ​ខ្លះ​ត្រូវ​ស្វែងរក​ពី​ឯកសារ​បរទេស​មកវិញ ហើយ​ឯកសារ​ខ្លះទៀត​បាន​បាត់បង់​ដោយសារតែ​អ្នកស្រាវជ្រាវ ជំនាន់មុនៗបានត្រឹមតែ​ចងក្រង​មើល​សម្រាប់​ខ្លួនឯង​ដោយ​មិនបាន​បោះពុម្ពផ្សាយ​ជា​សាធារណៈ​ជាដើម។

    លោក ឈិន សីហា បាន​និយាយថា៖ “ជា​ដំណោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ឯកសារ​សម្បូរបែប​ឡើងវិញ​នៅក្នុង​ប្រទេស​របស់​យើង គឺ​យើង​គួរ​បង្កើន​គុណភាព​អប់រំ​ដោយ​បណ្តុះបណ្តាលអ្នកសរសេរ បង្កើត​មូលនិធិ​ជួយ​អ្នកសរសេរ និង​បោះពុម្ពផ្សាយ។

    លោក ឈិន សីហា បានលើកឡើង​បន្តទៀតថា ការធ្វើ​បែបនេះ​គឺជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​លើកទឹកចិត្ត​ឱ្យបាន​ច្រើន​ដល់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចងក្រង​ឯកសារថ្មី។ ក្រៅពីនេះ​អ្នក​ដែលមាន​ស្នាដៃ​កន្លងមក​គួរ​បង្កើត​ក្រុមប្រឹក្សា​អ្នកនិពន្ធ និង​ស្រាវជ្រាវ ដើម្បី​ផ្តល់​កិត្តិយស​ថ្នាក់ជាតិ​ជូន​ដល់​អ្នកនិពន្ធ អ្នកស្រាវជ្រាវ និង​អ្នក​រៀបរៀង​ជាដើម​ឱ្យមាន​ទឹកចិត្ត​កាន់តែខ្លាំង​ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃថ្មីៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម៕

  • ស្ងាត់ៗ!! ចំរើន សុភា ចេញមួយបទស្ដាប់ហើយព្រឺសម្បុរខ្ញាកៗ

    ស្ងាត់ៗ!! ចំរើន សុភា ចេញមួយបទស្ដាប់ហើយព្រឺសម្បុរខ្ញាកៗ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 6 ខែមេសា ឆ្នាំ 2018 នេះ បានឱ្យឃើញ​ថា តារាចម្រៀងស្រី និងជាអ្នករបាំបុរាណកញ្ញា ចំរើន សុភា បានបញ្ចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា « ប្រសាទពរ» គឺជាស្នាដៃថ្មី និពន្ធឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបរាប់ពីធម្មជាតិ និងការសុំពរជ័យក្នុងឆ្នាំថ្មីជូនដល់ប្រជាជន និងព្រះរាជាអាណាចក្រកម្ពុជា ។

    មិនត្រឹមតែចំណងជើងមានភាពទាក់ទាញ និងបង្កប់ប្រស្នានោះទេ ខណៈដែលប្រិយមិត្តទាំងអស់គ្នាបានស្ដាប់ពីអត្ថន័យនៃបទចម្រៀងមួយនេះហើយ អាចនិយាយថា ហាក់បីដូចជាកំពុងតែដាស់អារម្មណ៍កូនខ្មែរឱ្យស្គាល់ ជ្រាបដឹងពីភាពមហោសច្ចារ្យនៃទឹកដីសុវណ្ណភូមិដែលយើងកំពុងតែរស់នៅ មានទេវតា អ្នកតាម្ចាស់ស្រុក តាមថែរក្សាគ្រប់ពេលវេលា។ ការច្នៃប្រឌិតភ្លេងថ្មីដែលបូកបញ្ចូលភ្លេងសម័យ និងភ្លេងបុរាណខ្មែរ បានធ្វើឱ្យតារាចម្រៀងស្រី ចំរើន សុភា ប្រើប្រាស់សំឡេងក្រអួនក្រអៅ បកស្រាយបានយ៉ាងពីរោះរណ្ដំបេះដូងតែម្ដង រហូតដល់ប្រិយមិត្តបានស្ដាប់ហើយព្រឺសម្បុរខ្ញាកៗ ខ្លះទៀតមានហូរទឹកភ្នែកក៏មានដែរ។

    ចង់ដឹងថា បទ «ប្រសាទពរ» អន្ទងដួងចិត្តមិត្តអ្នកស្ដាប់យ៉ាងនោះ សូមទស្សនានិងស្ដាប់ខាងក្រោមនេះ៖

  • ឌី សូនីតា ទទួលបានឱកាសជាតារាស្រីកម្ពុជាតែម្នាក់គត់ចូលរួមសម្តែងក្នុងរឿង The Prey

    ឌី សូនីតា ទទួលបានឱកាសជាតារាស្រីកម្ពុជាតែម្នាក់គត់ចូលរួមសម្តែងក្នុងរឿង The Prey

    The Prey គឺជាចំណងជើងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលត្រូវបានផលិតឡើងដោយផលិតកម្មកងចក្រភាពយន្ត ដែលធ្លាប់ទទួលបានជោគជ័យលើការផលិតរឿង JAILBREAK ទទួលបានពានរង្វាន់ចំនួន5។ ដោយឡែកសម្រាប់ខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ The Prey នាពេលនេះ ផលិតករបានជ្រើសរើសយក កញ្ញា ឌី សូនីតា ដែលជាតារាស្រីកម្ពុជាតែម្នាក់គត់ឱ្យចូលរួមសម្ដែងរួមគ្នាជាមួយកំពូលតារាល្បីៗចំនួន3ប្រទេស រួមមាន ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសចិន ជាមួយតំណែងជាតួឯកស្រីនៅក្នុងសាច់រឿង។

    កញ្ញា ឌី សូនីតា ត្រូវបានក្លាយជាតារាស្រីដ៏សំខាន់នៅក្នុងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលមានចំណងជើងថា “The Prey” ដែលជាខ្សែភាពយន្តបែបស៊ើបអង្កេត វាយប្រហារគ្នាយ៉ាងគក្រើកតាំងពីដើមរហូតដល់ចប់ រវាងក្រុមឧក្រិដ្ឋជនអ្នកទោស និងប៉ូលីស។ នៅក្នុងខ្សែភាពយន្តដ៏អស្ចារ្យនេះផងដែរ កញ្ញា ឌី សូនីតា ត្រូវបានទទួលតំណែងជាតួអង្គស្រីតាមជួយរំដោះប៉ូលីសជនជាតិចិន ដែលសម្ដែងដោយលោក Gu Shang Wei ដែលជាអ្នកប្រដាល់ថ្នាក់ជាតិនៅប្រទេសចិនជាច្រើនឆ្នាំ និងជាតួឯកដ៏ល្បីឈ្មោះនៅក្នុងខ្សែភាពយន្ត BLOOD DESTINY ដែលក្លាយជាអ្នកទោសជាប់គុកនៅប្រទេសថៃ។

    ស្រីស្រស់សម្បុរស្រអែម កញ្ញា ឌី សូនីតា បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងដូច្នេះថា “ខ្ញុំពិតជារំភើបមែនទែន ដែលបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តលំដាប់អន្តរជាតិ ដែលនេះវាជាបទពិសោធថ្មីរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមសម្ដែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន”។ កញ្ញាបានបន្តទៀតថា “ខ្ញុំជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីបងប្អូនទស្សនិកជន ព្រោះបើតាមសាច់រឿងដែលខ្ញុំបានមើលគឺពិតជាល្អបំផុត ហើយម្យ៉ាងទៀតទាំងអ្នកដឹកនាំសម្ដែងអ្នកកាន់ម៉ាស៊ីនថត សុទ្ធតែជាអ្នកជំនាញធ្លាប់ទទួលបានពានរង្វាន់ទាំងអស់”។

    លោក Jimmy Henderson ដែលជាអ្នកដឹកនាំរឿង បានឱ្យដឹងថា ឈុតដំបូងដែលត្រូវចេញថតគឺត្រូវនៅក្នុងខេត្តកោះកុង ដែលជាតំបន់ព្រៃភ្នំ និងមានទឹកជ្រោះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា រឿង The Prey នឹងទទួលបានជោគជ័យ ព្រោះផ្អែកតាមបទពិសោធកាលពីពេលកន្លងទៅ ជាពិសេសការទទួលបានជោគជ័យលើការបញ្ចាំងរឿង រឿង JAILBREAK ដែលបានបង្ហាញខ្លួននៅក្នុងសាលមហោស្រពអន្តរជាតិជាង20 រួមជាមួយនឹងការទទួលបានពានរង្វាន់ឆ្នើមចំនួន5។ ដូច្នេះសម្រាប់រឿង The Prey គឺមិនពិបាកក្នុងការគៀងគរប្រជាប្រិយភាពនោះទេ៕

  • UNDP និង​ក្រុមហ៊ុន Green Leader ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ដំឡូង​មី​នៅ​កម្ពុជា

    UNDP និង​ក្រុមហ៊ុន Green Leader ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ដំឡូង​មី​នៅ​កម្ពុជា

    លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក Tse Michael Nam នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន ​Green Leader Holdings GroupLimited ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​កសិករ​ប្រកបដោយ​និរន្តរភាព។

    ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើនេះ ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​កាលពីដើម​សប្តាហ៍​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូល​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នាក់។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​បង្ហាញ​ពី​ការ​ខឹ​ត​ខំប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាកសិករ​តាមរយៈ​កា​រប​ណ្កុះ​បណ្តាល​បច្ចេកទេស និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារថ្មីៗសម្រាប់​វិស័យ​កសិកម្ម​កម្ពុជា។

    រោងចក្រ Green Leader ទីមួយ​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​កាលពី​ចុង​សប្តាហ៍​មុន នៅ​ស្រុក​ស្នួល (ខេត្តក្រចេះ) ដែល​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញា​យ៉ាងរឹងមាំ​របស់​ក្រុមហ៊ុន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ដំឡូង​មី។ ហើយ​អនុស្សរណៈ​យោគយល់​រវាង UNDP និង​រោងចក្រ Green Leader នឹង​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​ដំឡូង​មី​របស់​កម្ពុជា ព្រមទាំង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​ទៀតផង។

    សូមបញ្ជាក់ថា អនុស្សរណៈ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ គឺជា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​អង្គការ UNDP និង​វិស័យ​ឯកជន​ដើម្បី​ធានាបាន​និរន្តរភាព​នៃ​ការអភិវឌ្ឍ​នៅក្នុង​ឆ្នាំ 2030។ អនុស្សរណៈ​នេះ​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន​បី រួមមាន៖
    1.បង្កើន​ផលិតភាព​របស់​កសិក​រ​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការផ្ទេរ​សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យមាន​ប្រព័ន្ធ​ផលិតកម្ម​ជា​និរន្តរភាព។

    2.ធ្វើឱ្យ​គុណភាព​កាន់តែ​ល្អប្រសើរ និង​បង្កើន​ទំនុកចិត្ត​លើ​ការផ្គត់ផ្គង់​តាមរយៈ​ការពង្រឹង​សមាគម​កសិករ​ដំឡូង​មី និង​សមត្ថភាព​លើ​កិច្ចសហប្រតិបត្តិការ​ដោយ​ការជំរុញ​ឱ្យមាន​គំរូ​កសិកម្ម​កិច្ចសន្យា។

    និង3. ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​លើ​អេតាណុល (bio-ethanol) និង​ទស្សនៈ​ដើម្បី​ជំរុញ​គោលនយោបាយ​ជាតិ​ឥន្ធនៈ (bio-fuel)៕

  • ក្ដៅៗ!!! ទើបតែចេញបទ « រាំវង់អង្គរ » ភ្លាម អ្នកលេងបណ្ដាញសង្គមម្នាក់ហ៊ាននិយាយបែបនេះ…..

    ក្ដៅៗ!!! ទើបតែចេញបទ « រាំវង់អង្គរ » ភ្លាម អ្នកលេងបណ្ដាញសង្គមម្នាក់ហ៊ាននិយាយបែបនេះ…..

    នៅល្ងាចថ្ងៃម្សិលមិញនេះ គណនីយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូចម្រៀងថ្មីមួយដែលបង្កភាពភ្ញាក់ផ្អើលដល់អស់មជ្ឈដ្ឋានមហាជន ដែលបទនោះមានចំណងជើងថា « រាំវង់អង្គរ » ជាការបកស្រាយដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ និងកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីជាការអបអរ និងរាំលេងកម្សាន្ដនាឱកាស ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 ។

    ទន្ទឹមនឹងការបញ្ចេញវិដេអូមិនទាន់បានក្ដៅៗហុយៗផង ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមម្នាក់បានពោលឡើងថា « ខ្ញុំពិតជារំភើបណាស់ ព្រោះខ្ញុំបានចាំពួកគាត់ទាំងពីរមកជួបគ្នា និងបកស្រាយចម្រៀងជាមួយគ្នាវិញអស់រយៈពេលជាង 10 ឆ្នាំមកហើយ ចាប់តាំងពីពួកគាត់បានបែកគ្នានៅ U2 ។ គាត់​បានជួប​គ្នា​ហើយ​ដៃ​គូចាស់​ ច្រៀង​បានពីរោះ​ណាស់ ​ហើយសម្លៀកបំពាក់​វិញក៏​ស្រស់​ស្អាតទៀត ពេញចិត្ត​ណាស់​បាទ»។

    ក្ដីរំភើបឥតឧប្បមារបស់អ្នកគាំទ្របានឡើងដូចពោលខាងលើ ចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ។ ដើម្បីកុំខាតពេល តោះមកស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

  • Arsenal លត់ CSKA Moscow ចាស់ដៃ ដើម្បី​ខិត​កាន់តែ​កៀក​ទៅ​វគ្គ 14ក្រុម​ចុងក្រោយ

    Arsenal លត់ CSKA Moscow ចាស់ដៃ ដើម្បី​ខិត​កាន់តែ​កៀក​ទៅ​វគ្គ 14ក្រុម​ចុងក្រោយ

    ក្រុម Arsenal បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 4គ្រាប់​ក្នុងពេល​ផ្តួល​ក្រុម​ជើង​ខ្លាំង​រុស្ស៊ី CSKA Moscow ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​ក្របខ័ណ្ឌ Europa League វគ្គ 8ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ក្រុម Arsenal បានបញ្ចប់​ភាពស្រពេចស្រពិល​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ប្រកួត​នៅលើ​ទីលាន ខណៈដែល Ramsey និង Alexandre Lacazette សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ដូចគ្នា​ក្នុង​តង់​ទី1 ដើម្បី​បញ្ចប់​ក្តីសង្ឃឹម​របស់ CSKA ក្នុងការ​ប្រកួត​នេះ។

    លទ្ធផល​នេះ​មានន័យថា ក្រុម Arsenal នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នៅលើ​ទឹកដី​របស់​ក្រុម CSKA នៅ​សប្តាហ៍​ក្រោយ ប្រកបដោយ​ភាពជឿជាក់ ខណៈដែល​ពួកគេ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ទៅ​វគ្គ 4ក្រុម​ចុងក្រោយ។ ស្របពេល​ដែល​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង4 នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ស្ថិតក្នុង​ភាព​ស្តួចស្តើង ហេតុនេះ​ការ​ឈ្នះ​ពាន Europa League គឺជា​ផ្លូវ​តែមួយគត់​សម្រាប់​ពួកគេ​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ។

    លោក Arsene Wengerគ្រូបង្វឹក​របស់​ក្រុម Arsenal បានឱ្យដឹងថា៖ «វា​ពិតជា​ការប្រកួត​តង់​ទី1 ដ៏​ពិ​សេសមួយ​ដែល​ត្រូវបាន​លេង​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ប៉ុន្តែ​មិនមែនជា​ការប្រកួត​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ខ្ញុំ​ឡើយ ពីព្រោះ​ពួកគេ​ហាក់​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​មាន​គ្រោះថ្នាក់»៕

    ប្រភពពី៖ The Sun

  • តារាកំប្លែងស្រី នីឡា ក្ដៅស្លឹកត្រចៀកនៅពេលគេរិះគន់ថា ល្បីដោយសារឪពុកលើកស្ទួយ

    តារាកំប្លែងស្រី នីឡា ក្ដៅស្លឹកត្រចៀកនៅពេលគេរិះគន់ថា ល្បីដោយសារឪពុកលើកស្ទួយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រី វ៉ាន់ នីឡា នៅពេលថ្មីៗ បានឱ្យដឹងថា មាននារីលេងបណ្ដាញសង្គមម្នាក់បានធ្វើការរិះគន់ចំៗចំពោះតារាកំប្លែងស្រីរូបនេះ ដោយបានប្រើពាក្យសម្ដីរិះគន់ថា « នាងល្បីដោយសារឪពុកជាអ្នកលើស្ទួយឱ្យល្បី តែគ្មានសមត្ថភាពសម្ដែងអ្វីនោះទេ សម្ដែងនៅស្ទើរ » ទើបជាហេតុបណ្ដាលឱ្យតារាកំប្លែងសាច់សខ្ចីចេញមុខធ្វើការ Live វីដេអូផ្ទាល់ និយាយទាំងក្ដៅស្លឹកត្រចៀកតែម្ដង។

    តាមរយៈវីដេអូនោះ កញ្ញា វ៉ាន់ នីឡា បានតបតទៅកាន់នារីអ្នកលេងបណ្ដាញសង្គមនោះដោយមិនបញ្ចេញឈ្មោះចំថា « នាងខ្ញុំនៅពេលបានឮសម្ដីបែបនោះហើយ នាងខ្ញុំគ្មានអារម្មណ៍នៅក្នុងការថតទាល់តែសោះ ទើបនាងខ្ញុំធ្វើការ Live វីដេអូនិយាយរឿងនេះតែម្ដង ។…នាងខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមាន នូវអ្វីដែលម៉ាក់ប៉ាខ្ញុំបានបង្រៀន និងផ្ដល់ឱ្យ។….យី! អាគេល្បីដោយសារម៉ែឪគេក៏មិនត្រូវចិត្ត អាគេល្បីដោយសារប្រុសក៏មិនត្រូវចិត្ត អាគេល្បីដោយសារអស់ខ្លួនជាមួយគេក៏មិនត្រូវ ( ហួសចិត្ត … ) »។​

    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការ Live វីដេអូរបស់តារាស្រី នីឡា នៅក្នុងនោះ អ្នកនាង ខ្ញុង ក៏បានចេញមុខមកបញ្ចាក់ប្រាប់មហាជនអ្នកគាំទ្រឱ្យបានជ្រាបពីអារម្មណ៍ពិតរបស់អ្នកនាងនៅក្នុងវីដេអូនោះដែរថា « នាងខ្ញុំចង់ជម្រាបដល់បងប្អូនថា ពួកយើងខ្ញុំរាល់ថ្ងៃនេះ មានថ្ងៃខ្លះក៏សម្ដែងលេងកំប្លែងបែបអប់រំទៅ ខ្លះក៏កំប្លែងទៅ បើមានការភ្លាត់ស្នៀតតិចតួចទៅ គឺមិនអាចផ្គាប់ចិត្តបងប្អូនអស់ទេ ពោលគឺថា មនុស្សម្នាក់ចិត្តតែមួយ អីចឹង មិនអាចផ្គាប់ចិត្តបានទាំងអស់នោះទេ។ មានតួខ្លះ មិនមែនគាត់មិនមានសមត្ថភាពទេ តែដើម្បីបង្គ្រប់សាច់រឿង គឺត្រូវញ៉ុកតួទាំងអស់ មិនមែនបានន័យថាគ្មានសមត្ថភាពលេងនោះទេ គឺទៅតាមសាច់រឿង»។ ការបញ្ជាក់បែបនេះ គឺក្នុងគោលបំណងឱ្យអ្នកដែលបានរិះគន់ អាចពិចារណានូវសម្ដីពិតនេះឡើងវិញ។

    ដើម្បីឱ្យកាន់តែចាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖