Category: សង្គម និងសេដ្ឋកិច្ច

  • លោក Conte រិះគន់​តារាឆ្នើមៗ Chelsea ខណៈ​ឱកាស​បញ្ចប់​ត្រឹម​លេខ4កាន់តែ​ស្តួចស្តើង

    លោក Conte រិះគន់​តារាឆ្នើមៗ Chelsea ខណៈ​ឱកាស​បញ្ចប់​ត្រឹម​លេខ4កាន់តែ​ស្តួចស្តើង

    លោក Antonio Conte បានធ្វើការ​រិះគន់​ទៅលើ​តារាឆ្នើមៗរបស់​ក្រុម Chelsea ខណៈដែល​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ4 របស់​ពួកគេ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League បាន​ជួបនឹង​ការខកចិត្ត​មួយ​ផ្សេងទៀត នៅពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ។

    ក្រុម​របស់លោក Antonio Conte បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែការពារ Cesar Azpilicueta នៅ​តង់​ទី1 នា​កីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ ក្រុម Chelsea បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើនលើក​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ និង​បាន​ជួប​ការខកចិត្ត​នៅពេលដែល​ខ្សែប្រយុទ្ធ Javier Hernandez បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ហើយ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ​នៅ​រយៈពេល 17នាទីចុងក្រោយ។

    ស្រប​ពេលដែល​ក្រុម​ឈរ​លេខ5 Chelsea ដេញតាម​ពីក្រោយ​ក្រុម​ឈរ​លេខ4 Tottenham ដល់​ទៅ 10ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ 6លើក​ទៀត ហើយ​លទ្ធផល​ដ៏​សែន​ខកចិត្ត​នេះ ប្រហែលជា​នឹង​បញ្ចប់​ការ​ប្រជែង​របស់​ពួកគេ​ដើម្បី​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នេះហើយ។ Chelsea បាន​រង​នូវ​ការស្រែក​ចំអក​ឱ្យ​ក្នុងពេល​បញ្ចប់​ការប្រកួត ហើយ​នៅពេល​ត្រូវបាន​ចោទសួរ​ថា តើ​ពួកគេ​នៅតែ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4 ឬ​យ៉ាងណា​នោះ លោក Conte បានឱ្យដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ តែ​យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​រប​ស់​យើង ខ្ញុំ​មិនដឹង​ពីអ្វី​ដែល​យើង​អាច​ផ្លាស់ប្តូរ​បាន​នោះឡើយ»។

    ទាក់ទង​នឹង​កំហឹង​របស់លោក​ចំពោះ​ការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​របស់ ក្រុម Chelsea លោក Conte បាន​និយាយថា៖ «យើង​ប្រាកដជា​ខកចិត្ត​មិន​ខាន យើង​កំពុង​ស្ថិតក្នុង​ទីតាំង​នេះ ពីព្រោះ​យើង​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុងការ​ដណ្តើម​ឱ្យបាន 3ពិន្ទុ។ យើង​មិនមាន​ភាព​មុត​ស្រួច​សោះ។ វា​ពិតជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ ពីព្រោះ​យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​ស្ទើរតែ​ទាំងស្រុង»៕

  • គឹម ស្រីកែវ តំណាងកម្ពុជាទៅប្រឡងបវរកញ្ញាទេសចរណ៍សម្រស់នៃអាស៊ីឆ្នាំ2018

    គឹម ស្រីកែវ តំណាងកម្ពុជាទៅប្រឡងបវរកញ្ញាទេសចរណ៍សម្រស់នៃអាស៊ីឆ្នាំ2018

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី9 ខែមេសា ឆ្នាំ2018នេះបានឱ្យដឹងថា កញ្ញា គឹម ស្រីកែវ កំពុងតែស្ថិតនៅក្នុងប្រទេសហ្វីលីពីន ដើម្បីចូលរួមកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍សម្រស់នៃអាស៊ី ឬMiss Tourism Beauty of Asia ឆ្នាំ2018នេះ​ជាលើកដំបូងដែលប្រព្រឹត្តទៅនៅពីថ្ងៃទី9 នេះរហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រទី29 ខែមេសា ខាងមុខនេះ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ហើយអ្វីដែលពិសេសនោះគឺ បេក្ខនារីតំណាងប្រទេសកម្ពុជាយើងរូបនេះមានគម្រោងបង្ហាញឈុតតំណាងជាតិដែលបានរចនាម៉ូដយ៉ាងសម្រិតសម្រាំង និងផ្ចិតផ្ចង់ជាទីបំផុត។

    មិនត្រឹមតែមានរូបឆោមលោមពណ៌ស្រស់ស្អាតប៉ុណ្ណោះទេ តែនាងនៅមានសមត្ថភាពដ៏អស្ចារ្យដែលធ្លាប់បានបង្ហាញនៅលើឆាកប្រកួតបវរកញ្ញាជាច្រើនលើករួចមកហើយ។ បវរកញ្ញារូបនេះធ្លាប់មានការប្ដេជ្ញាចិត្តកន្លងមកថា «ដោយសារតែនាងខ្ញុំជាបវរកញ្ញាទេសចរណ៍ នាងខ្ញុំនឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសគឺប្រាសាទអង្គរវត្តទៅកាន់ពិភពលោកឱ្យបានស្គាល់»។ នាងបន្ដថា រូបនាងផ្ទាល់មិនសូវមានក្ដីរំពឹងទុកខ្ពស់ក្នុងការប្រកួតនោះទេ ព្រោះនេះជាបទពិសោធលើកទីមួយដែលទៅប្រកួតលើឆាកអន្ដរជាតិ ក៏ប៉ុន្ដែអ្វីដែលនាងបានព្យាយាមប្ដេជ្ញាចិត្តនោះគឺ នាងសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់នាងដើម្បីដណ្ដើមយកជយលាភីឱ្យទាល់តែបាន»។

    ចង់ដឹងថា តើរូបសម្រស់ និងការប្ដេជ្ញាចិត្តរបស់កញ្ញា គឹម ស្រីកែវ នៅលើឆាកបវរកញ្ញាទេសចរណ៍ Miss Tourism Beauty of Asia ឆ្នាំ 2018នេះយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ និងកុំភ្លេចរង់ចាំជួយបោះឆ្នោតគាំទ្ររូបនាងទាំងអស់គ្នាផងណា៎…។

  • ផ្ទុះការមិនពេញចិត្ត និងរិះគន់ពីសមត្ថភាពលោក គ្រី ថៃពៅ ថា មិនសមកាន់ពាន

    ផ្ទុះការមិនពេញចិត្ត និងរិះគន់ពីសមត្ថភាពលោក គ្រី ថៃពៅ ថា មិនសមកាន់ពាន

    កាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 ដែលបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស បានរកឃើញម្ចាស់ជយលាភីលេខ1 និងជាម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើបេក្ខជន គ្រី ថៃពៅ ដែលទទួលបានសំឡេងសារបោះឆ្នោតគាំទ្រច្រើនជាងគេ។ ដូចដែលយើងបានដឹងហើយថា បេក្ខភាពចំនួន 4 រូបចុងក្រោយដែលមានសមត្ថភាពអាចបន្ដមកដល់វគ្គចុងក្រោយនេះរួមមាន កញ្ញា ឈាង​ សុវណ្ណាវី កញ្ញា ចែម ស្រីល័ក្ខ លោក សៀក ញញឹម និងលោក គ្រី ថៃពៅ ។

    ការបង្ហាញសមត្ថភាពរបស់លោក គ្រី ថៃពៅ នាយប់ម្សិលមិញនេះ បានសម្ដែងឱ្យឃើញពីកម្លាំង និងតិចនិកនៃការប្រើសំឡេងដែលអាចធ្វើបានទៅតាមវិញ្ញាសារបស់កម្មវិធី ព្រមទាំងទាក់ទាញចិត្តមហាជនអ្នកបោះឆ្នោតឱ្យងាកមកគាំទ្ររូបគេបានយ៉ាងច្រើនទៀតផង។ តែដោយឡែក ការមិនពេញចិត្តក៏នៅតែមានដែរ ព្រោះថា កាលពីសប្ដាហ៍ទី 7 បេក្ខភាពរូបនេះ បានបង្ហាញឱ្យឃើញពីភាពភ្លាត់ស្នៀត និងមានភាពថ្លោះធ្លោយចំពោះការច្រៀង។ ជាការពិតណាស់ តាមសភាពជាក់ស្ដែង បេក្ខជន គ្រី ថៃពៅ បានភ្លេចទំនុកច្រៀង (ប៉ារ៉ូល) សឹងតែទាំងស្រុង ព្រមទាំងធ្វើឱ្យមហាជនមានការស្រងាកចិត្ត និងបង្កឱ្យមានការរិះគន់កើតឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់ ដោយសារតែលោក នៅតែអាចបន្ដជាប់ទៅវគ្គបន្ដទៀតបាន។

    ក្រោយពេលលើកពាននេះហើយ មហាជនមួយចំនួនបានចូលទៅបញ្ចេញមតិនៅពីក្រោមរូបភាពរបស់លោក គ្រី ថៃពៅ ថា «គាត់ច្រៀងខុសប៉ារ៉ូលកាលសប្ដាហ៍ទី7ពិតមែន តែកុំនិយាយច្រើនអី សំខាន់គឺគាត់បានពានហើយ ទើសក៏គ្មានន័យដែរ។»។ ខ្លះទៀតនិយាយថា «គ្មានអីគួរឱ្យទាក់ទាញបន្ដិចផង ប្រជាប្រិយភាពចាញ់ សោម៉ា ដាច់ បើតាមមើលទៅ ញញឹម ច្រៀងពិរោះជាង គ្រាន់តែថា ហង្សមាសឱ្យតែអ្នកខ្ពស់ស្អាតដឹងតែជាប់ហើយ។ សមតែធ្លាក់តាំងពីច្រៀងភ្លេចប៉ារ៉ូលមកម្លេះ ឱ្យតែស្អាត ច្រៀងមិនពីរោះក៏ហង្សមាសយកដែរ ព្រោះត្រូវប្លង់ថតរឿងផង»។ កាន់តែខ្លាំងជាងនេះទៀតនោះ អ្នករិះគន់បានលើកឡើងទៀតថា «លើកក្រោយមិនបាច់បោះឆ្នោតនាំតែខាតលុយទេ ព្រោះអីគេរៀបចំអស់ហើយ»។

    គួរបញ្ជាក់ផងដែរថា ការមិនពេញចិត្តចំពោះការភ្លាត់ស្នៀតច្រៀងខុសប៉ារ៉ូលនេះ បានធ្វើឱ្យមហាជននៅតែបន្ដងឿងឆ្ងល់ថា តើកម្មវិធីមានការរៀបចំពិតមែនឬទេ? រហូតដល់ថ្នាក់ចង់ឱ្យកម្មវិធីបង្ហាញសារជាក់ស្ដែង។ តើប្រិយមិត្តទាំងអស់គិតបែបណាវិញចំពោះករណីរិះគន់បែបនេះ តែសម្រាប់អ្វីដែលជាការពិតនាពេលបច្ចុប្បន្ននេះគឺ គ្រី ថៃពៅ មានសមត្ថភាពលើកពាន និងក្លាយជាម្ចាស់ជយលាភីបាត់ទៅហើយ៕

  • ចាប់ផ្តើម​ពី​ការងារតូចៗ អនាគត​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ពូកែ

    ចាប់ផ្តើម​ពី​ការងារតូចៗ អនាគត​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ពូកែ

    បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការងារ​ជា​អ្នកគ្រប់គ្រង​កំពុង​តែមាន​តម្រូវការ​ខ្លាំង ខណៈ​ក្រុមហ៊ុន​ជាច្រើន​បានកើត និង​រីកដុះដាល​ឡើង​ដូច​ផ្សិត​ក្នុងអំឡុង4-5ឆ្នាំ​ចុង​ក្រោយនេះ។  អ្នកគ្រប់គ្រង​ពូកែ គឺ​ទាមទារ​ឱ្យមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​បទពិសោធ​ច្រើន​លើ​ផ្នែក​គ្រប់គ្រង ជាពិសេស​គឺ​ត្រូវមាន​ចិត្តសាស្ត្រ​ក្នុង​ការចរចា និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ។

    លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា សម្រាប់​វិស័យ​ទេសចរណ៍ និស្សិត​ឬ​អ្នក​ដែល​មិន​ប្រកាន់ខ្លួន ហើយ​ចាប់​ផ្តើមធ្វើ​ពី​ការងារតូចៗនៅពេលដែល​ខ្លួន​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ភាគច្រើន​ជា​អ្នក​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន​ជាង​អ្នក​ដែល​ចប់​ភ្លាម​ស្វែងរក​ការងារ​ធ្វើ​ភ្លាម។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នក​ដែល​ធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​ទី1 ឬ​ឆ្នាំ​ទី2ឡើងទៅ ភាគច្រើន​ចាប់ផ្តើម​អាជីព​ជា​អ្នកបម្រើ​សេវាកម្មតូចៗ (waiter, waitress) តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​នឹង​អាច​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ល្អឡើងៗក្រោយ​ពេលដែល​គាត់​មាន​បទពិសោធ​ច្រើន​ពី​កន្លែងធ្វើការ​ងារ​នោះ។

    លោក ជួប រតនា បាន​និយាយថា ៖ «យើង​អាច​សាកល្បង​សួរ​ទៅ​អ្នកគ្រប់គ្រងសំខាន់ៗក្នុង​ស្ថាប័ន ឬ​អាច​សួរ​អ្នក​ដែលមាន​តួនាទីសំខាន់ៗនៅក្នុង​វិស័យ​ទេសចរណ៍ ឬ​បដិសណ្ឋារកិច្ច យើងនឹង​ឃើញថា អ្នក​ទាំងអស់នោះ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការងារ​ជា Waiter, Waitress ដូចគ្នា»។

    អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា​ប្រសិនបើ​យើង​មិន​ប្រកាន់​ការងារតូចៗ ហើយ​ចាប់​ផ្តើមធ្វើ​វា យើង​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​ម្នា​ក់នៅ​ថ្ងៃ​អនាគត ព្រោះ​យើង​បាន​ស្គាល់ និងដឹង​ពី​រសជាតិ​គ្រប់សព្វ​បែបយ៉ាង​នៃ​ការងារ​តូចតាច​ទាំងនោះ។ នៅពេលដែល​យើង​ធ្លាប់ធ្វើ​ការងារតូចៗយើង​នឹង​អាច​ដឹង​ពី​អារម្មណ៍​ហើយ​ស្គា​ល់ពី​ទុក្ខលំបាក​របស់​បុគ្គលិក​ទាំងអស់​ក្នុង​ស្ថាប័ន ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​អ្នកគ្រប់គ្រង​ដែល​អាច​ទទួល​បានការ​គោរព​កោតខ្លាច​ពី​បុគ្គលិក​ព្រោះ​យើង​បាន​បំពេញ​នូវ​តម្រូវការសំខាន់ៗមួយចំនួន​ដែល​ពួកគេ​ចង់បាន។ លោក​បាន​បន្ថែម​ផងដែរ​ថា ការធ្វើការងារ​គឺ​ត្រូវមាន​ការតាំង​ចិត្ត ឬ​ដាក់​គោលដៅ​ឱ្យបាន​ច្បាស់លាស់ សូម​ចាប់ផ្តើម​ពី​ចំណុចតូចៗ តែ​ត្រូវ​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​ភាព​ថ្កុំថ្កើង​នៃ​អាជីព​នៅ​ថ្ងៃ​អនាគត។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នករៀបចំ​ព្រឹត្តិការណ៍ (Event) សំខាន់ៗដែលមាន​ឈ្មោះថា Daily Plus លោក ពេជ្រ ពិសាល បាន​លើកឡើងថា អ្នកណា​ក៏​ចង់​ធ្វើ​ការងារសំខាន់ៗដែរ ហើយ​មនុស្ស​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ គឺ​ដើម្បី​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ស្ថាប័ន តែ​អ្វីដែល​ធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព និង​តួនាទី​ខុសគ្នា​នោះ គឺ​វិធី​ដើម្បី​សម្រេច​គោលដៅ​ទាំងអស់នោះ។ ដើម្បី​សម្រេច​ជោគជ័យ​លើ​ដំណើរ​ឆ្ពោះទៅរក​ភាពខ្លាំង​នៃ​អាជីព​បាន គឺ​មិនអាច​មើលរំលង​ការចាប់ផ្តើម​ដ៏​សាមញ្ញ​បាន​នោះទេ។

    លោក ពេជ្រ ពិសាល បាន​និយាយថា ៖ មនុស្សម្នាក់ៗមិនអាច​ធ្វើការ​ងារ​បា​ន​ល្អ​ដោយ​គ្មាន​ការរៀនសូត្រ​នោះទេ ហេតុនេះ​ការចាប់ផ្តើម​ធ្វើការ​ងារតូចៗដែលមាន​ប្រាក់ខែតិចៗ អាចជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រៀនសូត្រ​ធ្វើការ ហើយ​ថែមទាំង​មាន​ចំណូល​ទៀតផង។

    លោក​ពិសាល បានលើកឡើង​ទៀតថា ការចាប់ផ្តើម​ការងារ​ដំបូង មិនគួរ​មើល​តែ​លើ​ប្រាក់ខែ ឬ​ប្រាក់ចំណូល​ខ្លាំងពេក​នោះទេ តែ​អ្វីដែល​យើង​ត្រូវ​មើល​គឺ តើ​ឱកាស​ដែល​យើង​កំពុងមាន​នោះ អាចជួយ​យើង​ឱ្យ​សម្រេច​គោលដៅ​បាន​ច្រើន​ប៉ុនណា​នៅ​ថ្ងៃ​ខាងមុខ។ ក្រៅពីនេះ ការធ្វើការងារ​ដោយ​ចាប់ផ្តើម​ពី​បុគ្គល​មិនសូវ​សំខាន់ ហើយ​អាច​អភិវឌ្ឍ​ខ្លួន​ជាប់​រហូត​នោះ គឺជា​ចំណុច​ពិសេស​មួយ​ដែល​បង្ហាញ​ពី​ការដាក់​ចិត្ត ដាក់​កាយ​រៀនសូត្រ​ពី​ការងារ​ដោយ​មិន​ប្រកាន់ខ្លួន ហើយ​វា​ក៏​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​ប្រកបដោយ​គុណប្រយោជន៍ គុណធម៌ និង​គុណ​តម្លៃ​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

  • ពៅ លីដា ហ៊ឺហារជាមួយ រថយន្តតម្លៃជិត24ម៉ឺនដុល្លារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    ពៅ លីដា ហ៊ឺហារជាមួយ រថយន្តតម្លៃជិត24ម៉ឺនដុល្លារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    ទើបតែបានចំណាយលុយយ៉ាងច្រើនទិញមាសរាប់តម្លឹង ដែលជាគ្រឿងអលង្ការឈុតជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រីស្រស់សម្បុរស្រអែម កញ្ញា ពៅ លីដា បានបង្ហាញពីភាពហ៊ឺហារនឹកស្មានមិនដល់មួយទៀតដោយកុម្ម៉ងទិញរថយន្តទំនើបម៉ាក Lexus ស៊េរីថ្មី ឆ្នាំ2018 ពណ៌សដ៏រលើបរលោងមួយទៀតជាមួយនឹងតម្លៃជិត24ម៉ឺនដុល្លារ។ ជាមួយនឹងការបង្ហាញពីភាពឡូយឆាយក្លាយជាម្ចាស់រថយន្តទំនើបមួយនេះ ពៅ លីដាបានលើកឡើងថា មិនមែនទិញដើម្បីបង្អួតភ្នែកញាតិនោះទេ ប៉ុន្តែវាជាការបំពេញក្ដីស្រមៃ និងសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ជាការពិតណាស់ សម្រាប់កញ្ញា ពៅ លីដា ត្រូវបានមហាជនទូទៅ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស បានទទួលស្គាល់ថា កញ្ញាគឺជាតារាសម្ដែងស្រីមួយដួងដែលមានប្រជាប្រិយភាពខ្ពស់ ដែលសូម្បីតែអត្តចរិតក៏សុភាពរាបសាររួសរាយរាក់ទាក់ ផ្ទៃមុខពោរពេញទៅដោយស្នាមញញឹមពព្រាយ ដែលទាំងអស់នេះហើយ ជាដើមចមធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញាមានភាពលេចធ្លោររហូតទទួលបានការសាទរពីសំណាក់បងប្អូនប្រជាជនខ្មែរដែលកំពុងរស់នៅតាមបណ្តាប្រទេសនានាអញ្ជើញរូបនាងទៅសម្ដែងនៅក្នុងឱកាសដ៏រីករាយជាច្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីពេលកន្លងទៅ ខណៈដែលការងារសម្ដែងខ្សែភាពយន្តភាគខ្មែរសម្រាប់ត្រៀមចាក់បញ្ចាំងនៅតាមបណ្តាស្ថានីយទូរទស្សន៍ ក៏ដូចជាខ្សែភាពយន្តខ្នាតធំផងដែរនោះ ពៅ លីដា ត្រូវបានកាត់បន្ថយពេលវេលាដ៏មមាញឹក ចាកចេញទៅសម្ដែងនៅឯសហរដ្ឋអាមេរិករយៈពេល3ខែប្រកបដោយភាពជោគជ័យគួរជាទីមោទនៈបំផុត។

    កញ្ញា ពៅ លីដា បានលើកឡើងថា “ភាពជោគជ័យដែលខ្ញុំទទួលបានពីការចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកលើកដំបូងក្នុងឆាកជីវិត កាលពីពេលកន្លងទៅនោះ ខ្ញុំពិតជារីករាយខ្លាំងស្ទើរមិនគួរឱ្យជឿ ព្រោះពួកគាត់ពិតជាបានផ្តល់នូវការរាក់ទាក់យ៉ាងកក់ក្ដៅជាពិសេស ឱ្យតម្លៃអ្នកសិល្បៈខ្មែរដែលចូលចិត្តនិយមសម្លៀកបំពាក់បែបប្រពៃណីខ្មែរតែម្ដង”។

    ដោយឡែកពេលនេះ សូមងាកមកចាប់អារម្មណ៍ជាថ្មីម្ដងទៀតទៅលើកម្រិតជីវភាពក្រៅឆាក និងការប្រើប្រាស់សម្ភារនិយមរបស់ ពៅ លីដា វិញម្ដង ជឿថា ម្នាក់ៗសុទ្ធតែនាំគ្នាភ្ញាក់ផ្អើលមិនខាន ដែលក្រៅពីការទិញផ្ទះវីឡាថ្មី បើកមុខជំនួញផ្ទាល់ខ្លួននោះ ពៅ លីដា បានបង្ហាញរថយន្តថ្មីទំនើបថ្មីសន្លាងមួយគ្រឿងទៀតម៉ាក Lexus 570 ពណ៌ស ស៊េរីឆ្នាំ2018 ជាមួយនឹងតម្លៃប្រមាណជាង238,000ដុល្លារ។ យ៉ាងណាក៏ដោយ ចំពោះវត្តមានរថយន្តថ្មីនេះ ពៅ លីដា បានបញ្ជាក់ថា វាមិនមែនបានមកពីការជួយរបស់អ្នកមានណាម្នាក់នោះទេ ក្រៅតែពីការជួយលុយពីឪពុកម្តាយ បូកផ្សំនឹងលុយលក់រថយន្តចាស់ ជាមួយនឹងលុយដែលសន្សំបានពីការចេញច្រៀង និងសម្ដែងនៅក្រៅប្រទេសកាលពីពេលកន្លងទៅនោះ។ ពៅ លីដា ក៏បានបង្ហាញពីគម្រោងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះថា ក្រៅពីទៅវត្តប្រគេនបង្ហាន់ដល់ព្រះសង្ឃនៅវត្ត និងជូនសម្ភារប្រើប្រាស់ជូនដល់ដូនជី តាជីនោះ នាងរួមជាមួយនឹងគ្រួសារក៏មានគម្រោងចេញដើរកម្សាន្តនៅតាមមណ្ឌលកម្សាន្តមួយចំនួនទៀតផង ដោយប្រើរថយន្តថ្មីដែលទើបនឹងទិញនេះធ្វើជាយានជំនិះ៕

  • អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ប្រមាថតារាស្រី ពេជ្រ សាភា ចំៗថា ៖ « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ »

    អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ប្រមាថតារាស្រី ពេជ្រ សាភា ចំៗថា ៖ « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ »

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រាប់តែមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបុរសជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ដែលមានគណនីឈ្មោះ Ton Ton Sen Sen​ បានបង្ហោះសាររិះគន់ និងប្រើពាក្យសម្ដីប្រមាថដល់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងបង្ហោះរូបនាងនៅលើហ្វេសប៊ុកចំៗ។

    បុរសខាងលើនេះបានសរសេរដូច្នោះថា « ឆ្នាំក្រោយនាងច្រៀងបទចុយឆ្កែចូលរាំ ហើយគាត់សម្ដែងរួមភេទជាមួយឆ្កែជាក់ស្ដែងតែម្ដង។ ចាំមើលទៅពិតជាល្បីខ្លាំង ពួកមួយចំនួនចាំរាំផង »។ ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រសារស្រី ពេជ្រ និងមហាជនមានភាពភ្ញាក់ផ្អើលបំផុត ខណៈដែលខ្លួនជាបុរស តែហ៊ានប្រើពាក្យសម្ដីអសុរោះមាក់ងាយដូច្នោះទៅវិញ។ ជាការពិត ចាប់តាំងពីអ្នកនាង ពេជ្រ សោភា បានចេញបទ « បីឆ្កែចូលរាំ» កន្លងមក ក៏ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែទន្ទឹងនឹងនោះ ក៏មានការរិះគន់ពីអ្នកលេងហ្វេសប៊ុកមួយចំនួនតូច រួមទាំងឃើញមានព្រះសង្ឃមួយអង្គផងដែរ។

    តែយ៉ាងណាក្ដី បុរសដែលបានពោលខាងលើនេះ បានបង្ហោះសារថ្មីបញ្ជាក់មួយទៀត ដែលបានប្រាប់ពីគោលបំណងរបស់លោកទៅកាន់មហាជន និងតារាស្រី ពេជ្រ សាភា ថា «មុនអានអត្ថបទខ្ញុំសូមឱ្យបងប្អូនជួយស៊ែរផងបាទ! ខ្ញុំសុំទោសរាល់ការប្រើពាក្យអសីលធម៌មួយនេះ។ ប៉ុន្តែរាល់អត្ថបទផ្សេងដែលទាក់ទងទៅនិងប្រទេសជាតិដែលរូបខ្ញុំបាទបានផុស សួរថា តើមានបងប្អូនប៉ុន្មាននាក់ដែលជួយស៊ែរនិងខមិន ( Comment ) ឬឡាច ( Like ) ? បងប្អូនយកចិត្តទុកដាក់និងពួកតារាឬអ្នកនិពន្ធស្រុកខ្មែរណាស់មែនទេ? តើពួកអស់ទាំងនោះរាល់ថ្ងៃចូលរួមបំផ្លាញសង្គម ឬបំពុលសង្គម? ឯណាទៅបទរាំវង្សខ្មែរបទប្រពៃណីខ្មែរបាត់អស់រលីងមានតែបទបែកស្លុយនិងបទឆ្កួតៗ​ ចំនែកថៃវិញគេខំថែរក្សានិងលួចប្រពៃណីខ្មែរ តើយើងមានបេះដូងជាខ្មែរដែឬទេ? អស់លោកសប្បាយចិត្តណាស់មែនទេពេលឃើញកូនចៅឬបងប្អូនរបស់ខ្លួនក្លាយជាមនុស្សបែកស្លុយ (មនុស្សឆ្កួត) សប្បាយចិត្តណាស់មែនទេពេលឃើញប្រពៃណីខ្លួនត្រូវរលាយបាត់បង់? ខ្ញុំចង់សួរថា តើមានកូនខ្មែរប៉ុន្មាននាក់សម័យឥឡូវនេះចេះរាំបទបុរាណខ្មែរ? »៕

  • ឆុំ វត្តី កាន់តែបង្ហាញភាពផ្អែមល្ហែមស្អិតរមួតជាមួយគូស្នេហ៍ហើយ

    ឆុំ វត្តី កាន់តែបង្ហាញភាពផ្អែមល្ហែមស្អិតរមួតជាមួយគូស្នេហ៍ហើយ

    ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំងគឺកញ្ញា ឆុំ វត្តី បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ ដែលគេមើលឃើញថា នាងកាន់តែបង្ហាញពីភាពស្និទស្នាលនិងផ្អែមល្ហែមជាងស្ករតាំម៉ែជាមួយគូស្នេហ៍ហើយលើនេះ បើចាប់តាំងពីថ្ងៃខួបកំណើតរបស់នាងមកម្លេះ។

    តារាស្រីរូបនេះ បានបង្ហាញរូបបុរសជាគូសេ្នហ៍ បំពាក់ខ្សែជើងឱ្យរូបនាង ហើយថែមទាំងរៀបរាប់ថា «ស្រីៗគឺយ៉ាងនេះហើយ.. ពេលខ្លះធ្វើមុខខឹងគេព្រោះចង់ឲ្យគេលួង- ប្រកែកនឹងគេ ព្រោះចង់ឲ្យគេចេះធ្វើចាញ់ទើបសុខចិត្ត
    -មិនចង់ឲ្យសួរច្រើន ចង់ឲ្យគេរៀនឈ្វេងយល់ដោយខ្លួនឯង – មិនចូលចិត្តនិយាយត្រង់ៗ តែចូលចិត្តប្រើទឹកមុខ – ឆាប់ខឹង ហើយក៏ឆាប់បាត់ (ស្រួលលួងណាស់) – ធ្វើអីក៏ចង់បានឲ្យគេសរសើរដែរ តែបើបង្អាប់ក៏មិនអី គ្រាន់តែអន់ចិត្ត – មិនចូលចិត្តឲ្យគេសួរ តែចូលចិត្តសួរគេ ហើយពេលគេធុញក៏តាំងអន់ចិត្ត – គិតច្រើនណាស់ ពេលខ្លះរឿងតូចមួយសោះ គិតបែកអូរហូរស្ទឹង ហើយមានពេលខ្លះ គេមិនរវល់ក៏លួចអន់ចិត្ត..យំ »។

    មិនតែប៉ុនណោះ តួស្រីនៅក្នុងរឿង « ភូមគ្រិះ 100 ល្បិច » រូបនេះ បានបន្ថែមទៀតថា « ត្រូវទេស្រីៗ? ពេលស្រីៗធ្វើដូចកូនក្មេងគឺពិតជាគួរឲ្យស្រលាញ់ ងង៉ក់ច្រើន យំច្រើន សើចច្រើន ឆាប់ខឹង ឆាប់បាត់ ខ្លួនឯងខុសហើយចង់ឲ្យគេនិយាយសុំទោសទៀត តែយ៉ាងណាក៏នៅតែគួរឲ្យស្រលាញ់ដដែល។ បើគ្មានស្រីៗ ក៏ប្រហែលគ្មានប្រុសចេះប្រចណ្ឌដែរ »។ វ៉ាវ!! កាន់តែផ្អែមជាងទឹកឃ្មុំទៅហើយ តើអ្នកគាំទ្រណាមួយមិនរំភើប និងត្រេកអរជំនួសគូស្នេហ៍នាងនោះ៕

  • Uber ផ្ញើ​សារ​ឱ្យ​អតិថិជន​ថា នឹង​ប​ញ្ឍ​ប់​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ

    Uber ផ្ញើ​សារ​ឱ្យ​អតិថិជន​ថា នឹង​ប​ញ្ឍ​ប់​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ

    ភ្នំពេញ៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ជំរុញ​ឱ្យ​វិស័យ​ជាច្រើន​លើ​ពិភពលោក មានការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរឡើង ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ក៏បាន​វិ​វដ្ត​យ៉ាង​លឿន​ផងដែរ។ ការហៅ​តាក់ស៊ី​តាម​បច្ចេកវិទ្យា​បាន​រីក​សាយភាយ​លើ​ពិភពលោក​យ៉ាង​ឆាប់រហ័ស ដោយ​កម្ពុជា​ក៏​កំពុងមាន​ការប្រកួតប្រជែង​លើ​អាជីវកម្ម​មួយ​នេះ​ផងដែរ។

    ថ្មីៗនេះ បណ្តាញ​បច្ចេកវិទ្យា​ប្រទេសមួយ​ចំនួន​ដែល​ធ្លាប់​អនុវត្តបាន​ជោគជ័យ​នៅ​ទ្វីបអឺរ៉ុប បាន​ហូរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍។

    Uber ជា​បណ្តាញ​ដែល​លេចធ្លោ​មួយ​ដែល​ទើបនឹង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​បាន​ប្រមាណ​ជិត 2 ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា​បាន​អភិវឌ្ឍ​យ៉ាង​លឿន តាមរយៈ​ការផ្សព្វផ្សាយ និង​ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ តែ​អ្វីដែល​ឱ្យ​គួរឱ្យ​ចាប់អារម្មណ៍ បណ្តាញ​យ៉ាង​មាន​ប្រជាប្រិយភាព​មួយ​នេះ បានប្រកាស​ដល់​អតិថិ​ជន​ពី​ការបញ្ឈប់​ដំណើរការ​របស់ខ្លួន​ទៅវិញ​នៅ​ថ្ងៃទី 08 ខែមេសា ឆ្នាំ2018 ស្អែក​នេះ។ អតិថិជន​ដែល​បាន​ប្រើប្រាស់ Mobile Apps របស់ Uber ទាំងអស់​អាច​នឹង​ឃើញ​សារ​នៅក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​ពី​ព័ត៌មាន​នេះ។

    ប្រហែលជា 2សប្ដាហ៍​កន្លងទៅនេះ ក្រុមហ៊ុន​តាក់ស៊ី Uber បាន​លក់​ចំណែក​ទីផ្សារ​របស់ខ្លួន​ទាំងអស់​នៅ​តំបន់​អាស៊ី អាគ្នេយ៍ រួមមាន​កម្ពុជា​ផងដែរ​នោះ ឱ្យ​គូប្រជែង គឺ​ក្រុមហ៊ុន Grab ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ការទិញ-លក់​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ បានធ្វើឱ្យ​គណៈកម្មការ​ប្រកួតប្រជែង​របស់​សិង្ហ​បុរី ដាក់​ការសង្ស័យ និង​កំពុង​ស៊ើបអង្កេត ព្រោះ​អាចមាន​ករណី​រំលោភ​លើ​ច្បាប់​ទិញ-លក់៕

  • គាំទ្រ !! ទូច ស្រីល័ក្ខ សំណូមពរឱ្យបញ្ឈប់ប្រើពាក្យ «បទ Original Song»

    គាំទ្រ !! ទូច ស្រីល័ក្ខ សំណូមពរឱ្យបញ្ឈប់ប្រើពាក្យ «បទ Original Song»

    ដោយមើលឃើញថា កូនខ្មែរជំនាន់ថ្មីនេះមានសមត្ថិភាពផលិត និងពន្ធបទចម្រៀងស្នាដៃនិពន្ធថ្មីបានល្អប្រណីតច្រើនឡើង នៅក្នុងនោះតារាសម្ដែងស្រី ទូច ស្រីល័ក្ខ បានចេញសារនៅលើហ្វេសប៊ុកដោយឱ្យកូនខ្មែរគ្រប់រូប ជាសំណូមពរឱ្យបញ្ឈប់និយាយពាក្យថា «បទ Original Song» និងងាកមកប្រើពាក្យថា «បទចម្រៀងស្នាដៃកូនខ្មែរដែរនិពន្ធភ្លេងថ្មី» ក្នុងគោលបំណងអភិរក្សពាក្យខ្មែរ ជាជាងនិយមពាក្យកំចីពីបរទេស។

    អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារដូច្នោះថា «អាចទេបើបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់និយាយពាក្យថាបទ original? ហើយយើងងាយនិយាយ ជាភាសារខ្មែររបស់ជាតិយើងវិញថា បទចម្រៀងស្នាដៃកូនខ្មែរដែរ និពន្ធភ្លេងថ្មីដោយខ្លួនឯង ព្រោះបើយើងមានបទចម្រៀងផ្ទាល់ខ្លួន ហើយបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់ប្រើពាក្យថា Original ជាភាសារជាតិគេទៀតបានទេ?»។

    ម្ចាស់បទនិពន្ធថ្មី « សុភមង្គលមិនឋិតលើលុយតែមួយមុខ » បានបញ្ជាក់បន្ដថា «ផ្តើមចេញពីបងប្អូនយើងទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យសិល្បៈ ដើម្បីឲ្យកាន់តែមានភាពរីកចម្រើន និងទាន់សម័យទំនើបបែបខ្មែររបស់យើង បើយើងទាំងអស់គ្នា ជួយថែរក្សាអត្តញ្ញាណខ្មែររបស់យើង និងវប្បធម៌សិល្បៈរបស់យើងទាំងអស់គ្នា ពិតជាល្អណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ថា វប្បធម៌ខ្មែររបស់យើងពិតជាល្អផូរផង់ណាស់»៕

  • អីយ៉ា !! សន ផល្លីកា បង្ហាញសាក់នៅលើសាច់ខ្នងឡើងញាក់សាច់

    អីយ៉ា !! សន ផល្លីកា បង្ហាញសាក់នៅលើសាច់ខ្នងឡើងញាក់សាច់

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីនេះគេមើលឃើញថា តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សន ផល្លីកា បានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមខណៈដែលនាងបានធ្វើដំណើរកម្សាន្ដទៅកាន់ខេត្ត ព្រះសីហនុ ហើយជាពិសេសនោះ នាងបានបង្ហាញសាក់នៅលើស្បែកខ្នង ឱ្យមហាជនបានឃើញចំៗតែម្ដង កាន់តែរំជួលអារម្មណ៍ទៀតនោះគឺចំពោះបុរសៗតែម្ដង។ តារាស្រីរូបនេះ ទើបតែបង្ហាញមុខវិញនៅក្នុងពិភពសិល្បៈចម្រៀងទេ បន្ទាប់ពីបាត់មុខអស់រយៈយូរ រួមទាំងធ្វើឱ្យអ្នកគាំទ្រទទូចឱ្យផលិតកម្ម ចេញបទចម្រៀងឱ្យនាងវិញផងដែរ។

    យ៉ាងណាមិញ កៀកជិតមកដល់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ មហាសង្ត្រាន្ដឆ្នាំ ច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018នេះ គេសង្កេតឃើញមានតារារួមទ្រនំជាមួយតារាស្រីរូបនេះ ចេញបទចម្រៀងចូលឆ្នាំជាច្រើនហូរហែ តែដោយឡែកតែរូបនាងទេ ដែលមិនទាន់ឃើញលេចចេញនៅបទចម្រៀងដូចតារាដទៃ ។ តែបើតាមការបង្ហើបរបស់បុគ្គលិកនៅក្នុងផលិតកម្មរស្មីហង្សមាស ក៏បានប្រាប់ឱ្យដឹងដែរថា ខាងផលិតកម្មនៅត្រៀមបទចម្រៀងជាចង្វាក់ប្រពៃណីខ្មែរជាច្រើនបទថែមទៀតផងដែរ ពោលគឺ ការបញ្ចេញបទចម្រៀងនៅមិនទាន់អស់នៅឡើយទេ ហើយក៏រំពឹងទុកថា ពុកម៉ែបងប្អូននិងនៅតែបន្ដគាំទ្រថែមទៀត។ យ៉ាងណាក្ដី អ្នកគាំទ្របានរំពឹងទុកថា កញ្ញា សន ផល្លីកា អាចនិងមានបទចម្រៀងចូលឆ្នាំនឹងគេផងដែរចុះ៕