Category: សង្គម និងសេដ្ឋកិច្ច

  • ចុំ!? គ្រាប់ពេជ្រថ្មីៗរបស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមានឈ្មោះ «ថៃ»

    ចុំ!? គ្រាប់ពេជ្រថ្មីៗរបស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមានឈ្មោះ «ថៃ»

    តើជារឿងចៃដន្យ ឬយ៉ាងណាដែរ ដែលតារាថ្មីៗខ្លាំងៗរបស់ផលិតកម្មរស្មីហង្សមាស នាពេលបច្ចុប្បន្ននេះសុទ្ធតែមានឈ្មោះ «ថៃ» ដល់ទៅ 3ដួង ហើយសុទ្ធតែប្រុសទាំងអស់ទៀត រួមមាន លោក ថែល ថៃ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2។ កុមារា ពេជ្រ ថៃ ជាម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia ដំបូងគេបង្អស់ និងក្រោយគេគឺលោក គ្រី ថៃពៅ ដែលទើបតែក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី Cambodia Idol រដូវកាលទី 3 ថ្មីៗនេះ។

    1- លោក ថែល ថៃ

    បេក្ខជន ថែល ថៃ បានលើកពាន The Voice Cambodia នៅរដូវកាលនោះ បន្ទាប់ពីលោកបានបកស្រាយបទចម្រៀងក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវបានទស្សនិកជនបោះឆ្នោតឱ្យដោយសំឡេងច្រើននាំមុខគេ។ លោកទទួលបានទឹកប្រាក់ រង្វាន់ 100លានរៀល និង2ពាន់ដុល្លារផ្សេងទៀត ព្រមជាមួយកុងត្រាពេញសិទ្ធិនៅក្នុងផលិតកម្មហង្សមាសមួយទៀត។ លោកគឺជាអតីតអ្នកចម្រៀងប្រចាំក្លិបកម្សន្ដមួយ មុនពេលទទួលបានពាននេះ។

    2-កុមារា ពេជ្រ ថៃ

    ក្រៅពីការទទួលបានពានរង្វាន់ The Voice Cambodia រដូវកាលទី2ហើយ ​កុមារា ពេជ្រ ថៃ ​នៅបានទទួលទឹកប្រាក់100លានរៀលដែលជាកញ្ចប់​ប្រាក់​​​អាហារូបករណ៍លើការសិក្សា និងសម្រាប់ទស្សនកិច្ចនៅប្រទេស​​ជប៉ុន អមដោយ​​​​​​ថវិកាជាសាច់ប្រាក់សុទ្ធ​ចំនួន ​​10លានរៀលពីម្ចាស់ឧបត្ថម្ភកម្មវិធី ទឹកប្រាក់ 3ពាន់ដុល្លារ​ពីសម្ដេច​នាយករដ្ឋមន្ត្រី និង ទទួលបានរង្វាន់ជា​​ទឹក​​ប្រាក់​​ជាច្រើន​​ផ្សេងទៀត។

    3-លោក គ្រី ថៃពៅ

    លោក គ្រី ថៃពៅ ទទួលបានប្រាក់រង្វាន់ចំនួន 150លានរៀល ប្រហែលជាជាង 30,000ដុល្លារ ព្រមជាមួយកិត្តិយសក្នុងនាមជាម្ចាស់ពាន Cambodian Idol ក្នុងរដូវកាលទី3។ ក្រៅពីនោះ លោកក៏ត្រូវបានកំណត់ឱ្យក្លាយជាតារាចម្រៀងជាប់កុងត្រាប្រចាំផលិតកម្មរស្មីហង្សមាសពេញរយៈពេល1ឆ្នាំ ក្នុងនាមជាតារាចម្រៀងពេញសិទ្ធិទៀតផង៕

  • ធនាគារ PPCBank និង Wing បង្កើត​សេវា​ផ្ទេរប្រាក់​ពី​កូរ៉េ​ទៅដល់​ទីជនបទ

    ធនាគារ PPCBank និង Wing បង្កើត​សេវា​ផ្ទេរប្រាក់​ពី​កូរ៉េ​ទៅដល់​ទីជនបទ

    ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេលថ្មីៗនេះ ដោយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​សំខាន់​ទាំងពីរ​នេះ​បាន​ចាត់ទុកថា វា​នឹង​រួមចំណែក​ផ្តល់នូវ​ជម្រើស​ថ្មី​មួយ​សម្រាប់​ការផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​នូវ​សេរីភាព​ហិរញ្ញវត្ថុ និង​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ពលករ និង​ជនអន្តោប្រវេសន៍​កម្ពុជា​ជាង 4ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

    លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​និយាយថា ជាមួយ​កិច្ចសហការ​ថ្មី​នេះ អតិថិជន​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ឡើង សម្រាប់​ការសម្រេចចិត្ត​ផ្ទេរប្រាក់​ទៅឱ្យ​សាច់ញាតិ​របស់ខ្លួន​ដែល​នៅ​ទីជនបទ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ តែងតែ​ផ្ទេរប្រាក់​យ៉ាងច្រើន​មកឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន។

    លោក​និយាយថា៖ “ភាពជា​ដៃគូ​នេះ​បាន​ផ្តល់ឱ្យ​យើង​នូវ​ឱកាស​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ភាពងាយស្រួល​ក្នុង​ការផ្ញើ​ប្រាក់​ចាប់ពី​ថ្ងៃទី2 ខែមេសា​នេះ​តទៅ ទៅឱ្យ​មនុស្ស​ជាទី​ស្រឡាញ់របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា។

    លោក Ruan Swanepoel នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ធនាគារ​ឯកទេស Wing បាន​លើកឡើងថា ថ្នាក់ដឹកនាំ​របស់​ធនា​គារ​ឯកទេស​វី​ង​តែងតែ​ស្វែងរក​វិធី​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​លំហូរ​មូលនិធិ​សម្រាប់​អតិថិជន​របស់ខ្លួន និង​តែងតែ​រិះរក និង​ផ្តល់​ដំណោះស្រាយ​ទូទាត់ថ្មីៗជានិច្ច។

    យោងតាម​ការផ្សព្វផ្សាយ​របស់​ធនាគារ​ទាំងពី​រ​ប្រជាជន​កម្ពុជា​នៅ​កូរ៉េខាងត្បូង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ដោយ​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​របស់​ធនាគារ PPCBank បានភ្លាមៗ ដោយ​នេះ​ជា​មធ្យោបាយ​ផ្ទេរប្រាក់​យ៉ាង​លឿន​រវាង​ប្រទេស​ទាំងពីរ ហើយ​អ្នកទទួល អាច​ទទួលបាន​សាច់ប្រាក់​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​វេរ​លុយ ឬ​តាម​បណ្តាញ​របស់​វី​ង​ចំនួន 5ពាន់​កន្លែង​នៅ​ទូទាំងប្រទេស។

    អតិថិជន​ក៏​អាច​ផ្ទេរប្រាក់​ពី​គណនី ធនាគារ PPCBank របស់​ពួកគេ​ទៅ​គណនី​វី​ង​បានដែរ។ នេះ​ជាការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​រួម​សម្រាប់​ប្រជាពលរដ្ឋ ដែលជា​គោលបំណង​រួម​គា្ន​ទៅវិញទៅមក​របស់​ធនាគារ PPCBank និង​វី​ង។ ភាពជា​ដៃគូ​នេះ​មាន​ចំណុចសំខាន់ៗ ដូចជា​ឆាប់រហ័ស និង​មាន​សុវត្ថិភាព ងាយស្រួល និង​មានតម្លៃ​សមរម្យ។ សាច់ប្រាក់​អាច​ផ្ទេរ​ដោយផ្ទាល់​ទៅ​គណនី​វី​ង ឬ​ប្រមូល​នៅ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង 5ពាន់​កន្លែង​នៅ​ទូទាំងប្រទេស​តាមរយៈ​លេខ​កូដ​សម្ងាត់ 8ខ្ទង់។

    ទិន្នន័យ​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េ​តាមរយៈ​ធនាគារ​អេស៊ីលីដា បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េខាងត្បូង មាន​ចំនួន​ជិត 235លាន​ដុល្លារ​ដោយមាន​កំណើន​ប្រមាណ13% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន​ទឹកប្រាក់​ជិត 208លាន​ដុល្លារ។

    ទិន្នន័យ​ដដែល​នេះ​បង្ហាញថា តាមរយៈ​ចំនួន​ទឹកប្រាក់​ខាងលើនេះ ចំនួន​នៃ​ការផ្ទេរ​ប្រាក់​បាន​កើនឡើង​ប្រមាណ15% រហូតដល់​ចំនួន 84,057ដង​ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ2016 ដែល​ចំនួន​នៃ​ការផ្ញើ​ប្រាក់​មាន​ចំនួន 73,146ដង។

    ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​មាន​ជាង 4ម៉ឺន​នាក់ ដោយ​ផ្ទេរប្រាក់​មក​ប្រទេស​កម្ពុជា​វិញ ប្រមាណ 300លាន​ដុល្លារ ក្នុង1ឆ្នាំ។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៕

  • វេទិកា​សេដ្ឋកិច្ចពិភពលោក​បង្ហា​ញ​ពី​ប្រទេស​ដែលមាន​បណ្ឌិត (PhD) ច្រើនជាងគេ​បំផុត

    វេទិកា​សេដ្ឋកិច្ចពិភពលោក​បង្ហា​ញ​ពី​ប្រទេស​ដែលមាន​បណ្ឌិត (PhD) ច្រើនជាងគេ​បំផុត

    ការអប់រំ ជា​កូនសោ​មិនអាច​ខ្វះ​បាន​ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​នៅលើ​ពិភពលោក។ គ្រប់​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស ព្រោះ​ធនធានមនុស្ស​ជា​បេះដូង​នៃ​របកគំហើញថ្មីៗទាំងអស់ ដែល​ពួកគេ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម និង​អភិវឌ្ឍន៍​ប្រទេស។

    ក្រាហ្វិករបាយការណ៍របស់ OECD

    ដោយ​មើលឃើញ​ពី​ចរន្ត​នេះ ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានចាប់ផ្តើម​វិនិយោគ​លើ​ការអប់រំ​កម្រិត​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម ហើយ​ប្រទេស​មួយចំនួន​ក៏​ជំ​រុញឱ្យ​ប្រជាជន​របស់ខ្លួន​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​បញ្ចប់​ថ្នាក់បណ្ឌិត​ផងដែរ។ ខាងក្រោម​នេះ​ជា​ទិន្នន័យ​ចុងក្រោយ បំផុត​ទាក់ទង​នឹង​ចំនួន​បណ្ឌិត (PhD) ក្នុងប្រទេស​ដែលមាន​អ្នក​បញ្ចប់​ថ្នាក់បណ្ឌិត​ច្រើន​បំផុត​លើ​ពិភពលោក។

    យោងតាម​របាយការណ៍​របស់ OECD បាន​សហរដ្ឋអាមេរិក​ជា​អ្នក​នាំមុខគេ​ដែលមាន​ប្រជាជន​បញ្ចប់​ថ្នាក់ PhD ដល់​ទៅ 67,449នាក់​នៅក្នុង​ឆ្នាំ2014។ បន្ទាប់មក​គឺ​ប្រទេស​អាល្លឺម៉ង់ ដែលមាន​អ្នក​ចប់ PhD ចំនួន 28,147 និង​បន្ទាប់មកទៀត​គឺ​ប្រទេស​អង់គ្លេស​ដែល​ល្បីល្បាញ​ខាង​ផ្នែក​អប់រំ​លើ​ពិភពលោក និង​មាន​អ្នក​ចប់ PhD ប្រមាណ 25,020នាក់។

    ងាក​មក​បណ្ដា​ប្រទេស​នៅក្នុង​អាស៊ី​វិញ ឥណ្ឌា បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ដែលមាន​ប្រជាជន​ជាប់ PhD ចំនួន 24,300នាក់។ ចំនួន​នេះ គឺ​តាម​ពីក្រោយ​ដោយ​ប្រទេស​ល្បីល្បាញ​ផ្នែក​បច្ចេកវិទ្យា​គឺ ជប៉ុន ខណៈ​ប្រទេស​នេះ​មាន​អ្នក​ជាប់ PhD ចំនួន 16,039នាក់។

    យោងតាម​របាយការណ៍​របស់ OECD ក៏បាន​បង្ហាញ​ផងដែរ​ពី​ចំនួន​បណ្ឌិត​ដែល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅលើ​ពិភពលោក​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅក្នុង​ពិភពលោកដែល​ពោរពេញ​ដោយ​លំហូរ​នៃ​សេដ្ឋកិច្ច​យ៉ាង​លឿន​នេះ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង។ ក្នុងនោះ​ចំនួន 40% នៃ​បណ្ឌិត​ដែល​បានបញ្ចប់​ការសិក្សា​គឺ​ជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ចំណែកឯ​ជំនាញ​ទាក់ទង​នឹង​សុខភាព និង​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​គឺ 58%៕

  • Facebook សារភាពថា បាន​ឆែក និង​មើល​រាល់​សារ​របស់​អ្នកប្រើប្រាស់​ទាំងអស់

    Facebook សារភាពថា បាន​ឆែក និង​មើល​រាល់​សារ​របស់​អ្នកប្រើប្រាស់​ទាំងអស់

    បណ្ដាញ​ទំនាក់ទំនង​សង្គម​ធំ​បំផុត​របស់​ពិភពលោក Facebook បាន​សារភាពថា ខ្លួន​ពិតជា​បាន​បំពាន​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​មែន ប៉ុន្តែ​ការបំពាន​នោះ​គឺធ្វើឡើង​ក្នុងគោលបំណង​ល្អ ដែល​ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail។

    បើតាម​សម្តី​របស់ លោក Mike Schroepfer ដែលជា​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) របស់ Facebook បានឱ្យដឹងថា Facebook បានធ្វើការ​ស្គែ​ន​ទៅលើ​សារ រូបភាព និង Link ដែល​អ្នកប្រើប្រាស់​បាន​ផ្ញើឱ្យ​គ្នា​ទៅវិញទៅមក​តាមរយៈ Facebook Messenger ប៉ុន្តែ​ការដែល​ខ្លួន​ធ្វើបែបនេះ​គឺ​ទី1 ត្រួតពិនិត្យ​ទៅលើ​រូបភាព​ដែល​បាន​ផ្ញើ​នោះ តើ​វា​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែរឬទេ? និង​មួយទៀត​ខ្លាច​រូបភាព​ដែល​ផ្ញើ​នោះ​ប៉ះពាល់​ដល់​ក្មេង និង​ជាពិសេស​គឺ Link ដែល​បាន​ផ្ញើ​ខ្លាច​មាន​មេរោគ​បង្កប់​ទៅជា​មួយ ព្រោះថា មួយរយៈ​មុននេះ​មាន​មេរោគ​ជាច្រើន​បាន​ឆ្លង​តាមរយៈ​ការផ្ញើ Link។

    លោក Mike Schroepfer ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា មាន​ភាគី​ទី3 ទំនងជា​បាន​កេងចំណេញ និង​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ តាមរយៈ​ការប្រើ​ឧបករណ៍​ស្វែងរក (Search Tool) ក្លែងក្លាយក្នុងការ​ប្រមែប្រមូល​ទិន្នន័យ​ផ្ទាល់​ឯកជន​របស់​អ្នកប្រើប្រាស់ Facebook នៅ​ជុំវិញ​ពិភពលោក​ប៉ុន្តែ​ករណីនេះ Facebook កំពុងធ្វើការ​ស៊ើបអង្កេត។

    នាពេលថ្មីៗនេះ​ផងដែរ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ទំនាក់ទំនង​ឥណ្ឌូនេស៊ី លោក Rudiantara បាន​គំរាម​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook នេះ​ចោល បើសិន​ទិន្នន័យ ឬ​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ។

    គួរបញ្ជាក់​ផងដែរ​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Facebook នឹង​ចូល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​សហរដ្ឋអាមេរិក នា​ថ្ងៃទី11 ខែមេសា ខាងមុខនេះ ជុំវិញ​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នេះ៕

  • ជឿទៅ… ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីនេះ បទចម្រៀង “មាន់ស្រែ” របស់ រ៉ាប៊ី ល្បីកប់

    ជឿទៅ… ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរថ្មីនេះ បទចម្រៀង “មាន់ស្រែ” របស់ រ៉ាប៊ី ល្បីកប់

    ទើបតែបានបញ្ចេញផ្សាយនៅលើបណ្តាញ Youtube មិនទាន់បានប៉ុន្មានផងនោះ បទចម្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងត្រៀមចេញ ដើម្បីអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរបស់កំពូលតារាចម្រៀងស្រីវ័យក្មេងសាច់ម៉ដ្ឋស កញ្ញា រ៉ាប៊ី ត្រូវបានសាទរយ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ រហូតធ្លាយចេញទៅដល់បណ្តាប្រទេសមួយចំនួនទៀត ចម្លងយកទៅផ្សព្វផ្សាយបន្តគួរជាទីមោទន ក្នុងនោះសម្រាប់អ្នករស់នៅប្រទេសថៃគាំទ្រច្រើនជាងគេ។

    ត្រឹមរយៈពេលមិនដល់2សប្ដាហ៍ផង សម្រាប់ការបង្ហោះបទចម្រៀង Original Song លក្ខណៈសំឡេង Audio “មាន់ស្រែ” របស់ស្រីស្រស់ រ៉ាប៊ីនៅលើបណ្តាញសង្គម YouTube មានអ្នកគាំទ្រចុចចូលស្តាប់យ៉ាងច្រើនកុះករស្ទើរមិនគួរឱ្យជឿរហូតដល់ជាង1លានកន្លះនាក់រួចបាត់ទៅហើយ។ ជាមួយនឹងការចុចចូលស្តាប់បទចម្រៀងថ្មីចង្វាក់ញាក់រាំបែកស្លុយ បែបសប្បាយៗប្រចាំឆ្នាំ2018របស់កំពូលតារាចម្រៀងស្រីវ័យក្មេងប្រចាំនៅក្នុងផលិតថោន ដែលធ្លាប់រងពាក្យចចាមអារ៉ាមថាមានសម្ពន្ធស្នេហាជាមួយតារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ ម្នាក់នេះក៏មានមនុស្សជាច្រើននាក់នាំគ្នាសរសេរ Comment ជាហូរហែថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរាំលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ ជាថ្មីម្ដងទៀត កាលពីសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងការចង់បាន និងក្ដីទន្ទឹងរបស់ប្រិយមិត្តស្នេហាវិស័យចម្រៀងក៏ដូចជាអ្នកគាំទ្ររបស់ខ្លួននោះ MV របស់បទចម្រៀង “មាន់ស្រែ” ដែលកំពុងទទួលបានការគាំទ្រខាងលើ រឹតតែធ្វើឱ្យបណ្តាញសង្គម YouTube មានភាពកក្រើករហូតគាំងម្ដងៗ ដោយសារតែមានអ្នកចូលមើលសកម្មភាព និងកាយវិការរាំដ៏រស់រវើករបស់កញ្ញា រ៉ាប៊ី រួមជាមួយក្រុមរាំប្រុសស្រីដ៏ស្រស់ស្អាតជាច្រើននាក់នៅតាមទីតាំងផ្សេងៗគ្នា ស្អាតៗ ប្លែកភ្នែកគួរឱ្យទាក់ទាញជាទីបំផុត។

    ជាការសម្ដែងពីកិច្ចដឹងគុណចំពោះការគាំទ្រពីសំណាក់មហាជនខាងលើនេះ កញ្ញា រ៉ាប៊ី ក៏បានបង្ហាញពីក្ដីរំភើប និងរីករាយជាទីបំផុត រួមជាមួយនឹងការសន្យាព្យាយាមបង្កើតបទចម្រៀងថ្មីៗ ពីរោះៗ ប្រកបដោយភាពទាក់ទាញ ដើម្បីធ្វើយ៉ាងណាបម្រើអារម្មណ៍អ្នកគាំទ្រទាំងអស់ឱ្យមានក្ដីរីករាយជាមួយបទចម្រៀងរបស់ខ្លួនរហូតទៅ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រៅពីបទចម្រៀងដែលកំពុងទទួលបានការគាំទ្រ “មាន់ស្រែ” កញ្ញា រ៉ាប៊ី ក៏មានចម្រៀងពីរោះៗជាច្រើនបទទៀត ដែលក្នុងនោះមានបទខ្លះច្រៀងតែម្នាក់ឯង និងមួយចំនួនទៀតច្រៀងឆ្លើយឆ្លងគ្នា ជាក់ស្ដែងដូចជាបទ “ស្នេហ៍អើយស្នេហ៍” និងបទ “អ្នកបម្រើ007” ច្រៀងឆ្លើយឆ្លងជាមួយនាយ ពាក់មី និងបទ “ខ្ញុំមានបង្ខំឱ្យរាំណា” និងបទ “និយាយពីអី” ច្រៀងម្នាក់ឯង(មានអ្នករ៉េប) ជាដើម៕

    សូមរីករាយទស្សនាវីដេអូខាងក្រោម៖

  • ស្អែក​នេះ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​បាន​ហើយ

    ស្អែក​នេះ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​បាន​ហើយ

    បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​រួចមក នៅ​ព្រឹកស្អែក​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ដែរ​ហើយ។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ស៊ុន ចាន់ថុល នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​រថ​ភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី10 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង06:30នាទី​ព្រឹក​នៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ។

    សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​ក្បួន​រថភ្លើង​នេះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី10 ខែមេសា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018។

    រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​នឹង​ចំណាយពេល​ប្រមាណ30នាទី​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ100នាក់(រួមទាំង​អ្នក​អង្គុយ និង​អ្នក​ឈរ)៕

  • សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ជាង 5%

    សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ជាង 5%

    តាម​ការវាយតម្លៃ​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា​ការិយាល័យ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន+3 បានឱ្យដឹងថា នៅ​ឆ្នាំ2018 សេដ្ឋកិច្ច​អាស៊ាន​នឹង​បន្ត​រក្សាបាន​កំណើន​រឹងមាំ​ប្រមាណ5,2% ដែល​គាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃ​សេដ្ឋកិច្ចពិភពលោក និង​កំណើន​តម្រូវការ​ក្នុងស្រុក ក្រោម​បរិការណ៍​ដែល​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មាន​ភាព​សមាហរណកម្ម​កាន់តែ​កើនឡើង។

    ការ​ព្យាករ​ក៏ដូចជា​ការវាយតម្លៃ​ខាងលើ​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ2018នេះ។ ក្នុងនោះ​ប្រទេស​សិង្ហបូរី​បាន​បន្ត​កំណត់​គោលដៅ​ជា​អាទិភាព​សម្រាប់​តំបន់​ចំនួន2 គឺ​ការពង្រឹង​ភាព​ធន់ (resilience) និង​លើកកម្ពស់​នវានុវត្តន៍ (Innovation)។

    ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​គាំទ្រ​ការកំណត់​អាទិភាព​សម្រាប់​ឆ្នាំ2018 របស់​ប្រទេស​សិង្ហ​បុរី ដោយសារ​ក្នុងស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន ការពង្រឹង​ភាព​ធន់ និង​លើកកម្ពស់​នវានុវត្តន៍​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​ប្រទេស​នានា​រក្សាបាន​នូវ​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទាញយក​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​បច្ចេកវិទ្យា និង​បង្កើត​ផលិតផល​ហិរញ្ញវត្ថុថ្មីៗស្របតាម​តម្រូវការ​ទីផ្សារ និង​សម្រាប់​ប្រជាជន​ក្រីក្រ សំដៅ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​រក្សា​ចីរភាព​កំណើន។

    ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ការងារ​នានា​របស់​អាស៊ាន ដែល​ទទួលបាន​ក្នុង​ឆ្នាំ2017 កន្លងទៅ និង​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​តាម​គោលដៅ​នានា ដែល​បានដាក់​ក្នុង​ផែនការ 2016-2025។ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ចូល​រួមជាមួយ​គណៈកម្មាធិកា​រ​ការងារ​នានា​អាស៊ាន​ដើម្បី​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​នានា ដែល​ជួយ​ពង្រឹង​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន។

    គួរ​បញ្ជាក់ថា តាម​ការវាយតម្លៃ​រប​ស់​ស្ថាប័ន​អន្តរជាតិ​នានា រួម​នឹង​ក្រសួង​សេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា កម្ពុជា​នៅតែ​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់ 6.9% ឬ7.0% ដែលជា​កំណើន​មាន​ស្ថិរភាព​អូសបន្លាយ​ប្រមាណ​ជាង 2ទសវត្សរ៍​មកហើយ៕

  • ឆ្នាំនេះ​ខេត្តតាកែវ​សល់​ស្រូវ​ជិត 80ម៉ឺន​តោន

    ឆ្នាំនេះ​ខេត្តតាកែវ​សល់​ស្រូវ​ជិត 80ម៉ឺន​តោន

    កសិកម្ម​ជា​វិស័យ​មួយ​យ៉ាងសំខាន់​នៅ​ប្រទេស​កម្ពុជា ហើយ​ពេលថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ដល់​កសិករ​ឱ្យ​ផលិត​ស្រូវ​ដើម្បី​នាំចេញ​ឱ្យបាន 1លាន​តោន​ក្នុង​មួយឆ្នាំ។

    ខេត្ត តាកែវ ត្រូវបាន​គេ​មើលឃើញថា ជា​ខេត្ត​ដែលមាន​សក្តានុពល​មួយ​ក្នុងចំណោម​ខេត្តសំខាន់ៗដូចជា​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​កំពង់ធំ​ជាដើម។

    នៅ​ឆ្នាំនេះ បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ញ៉ិ​ប ស្រ៊ន បាន​លើកឡើងថា ការបង្កើត​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ 2017-2018នេះ កសិករ​នៅ​ខេត្ត តាកែវ​បាន​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​ចំនួន 198,438 ហិកតា ស្មើនឹង 116.72 ភាគរយ​នៃ​ផែនការ ក្នុង​ទិន្នផល​មធ្យម​ជាង 3តោន​ក្នុង​មួយ​ហិកតា ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 662,778តោន។

    ងាក​មក​ទិន្នផល​ស្រូវប្រាំង​វិញ​ប្រជាជន​ខេត្តតាកែវ​អនុវត្តបាន 98,580ហិកតា ស្មើនឹង 131.44ភាគរយ​នៃ​ផែនការ​ក្នុង​ទិន្នផល​មធ្យម​ប្រមាណ​ជិត 5តោន​ក្នុង​មួយ​ហិកតា ដែល​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន 484,062តោន។

    សម្រាប់​ឆ្នាំ2018នេះ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​មាន​ចំនួន 1,003,927នាក់ ខណៈម្នាក់ៗមាន​តម្រូវការ​ស្បៀង​ប្រមាណ 143គីឡូក្រាម​ក្នុង​មួយឆ្នាំ ហេតុនេះ​ប្រជាជន​ទូទាំង​ខេត្ត​អាច​នឹង​ត្រូវការ​ស្បៀង​ប្រមាណ 143,562តោន​ក្នុង​មួយឆ្នាំ។

    តាម​ការប៉ាន់ប្រមាណ​លើ​តុល្យភាព​ស្បៀង ដោយ​ដកចេញ​ស្រូវ​សម្រាប់​ការហូបចុក​ក្នុង​មួយឆ្នាំ ការ​ទុក​ពូជ ទុកជា​ចំណី​សត្វ និង​ការបាត់បង់​ស្រូវ​ខ្លះ​ពេល​ប្រមូល​ផល យើង​ឃើញថា នៅ​ទូទាំង​ខេត្តតាកែវ អាច​នៅសល់​ស្រូវ​ប្រមាណ 773,436តោន និង​គិត​ជា​អង្ករ​ប្រមាណ 494,999តោន សម្រាប់ធ្វើ​ការនាំ​ចេញទៅ​បណ្តា​ខេត្ត​នានា និង​ក្រៅប្រទេស៕

  • Bayern វាយបក​ផ្តួល Augsburg ដើម្បី​លើក​ពាន Bundesliga ជា​លើក​ទី6 ជាប់ៗគ្នា

    Bayern វាយបក​ផ្តួល Augsburg ដើម្បី​លើក​ពាន Bundesliga ជា​លើក​ទី6 ជាប់ៗគ្នា

    ក្រុម Bayern Munich បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga សម្រាប់​រយៈពេល 6រដូវ​កាលជាប់ៗគ្នា ក្រោយពី​បាន​វាយបក​ដើម្បី​ផ្តួល​ក្រុម Augsburg ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សៅរ៍។ លោក JuppHeynckes ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែតុលា ក្រោយពី​លោក Carlo Ancelotti ត្រូវបាន​បណ្តេញចេញ​នោះ បាន​ដឹក​នាំឱ្យ​ក្រុម​របស់លោក ជួប​លទ្ធផល​ដ៏​ជឿជាក់​មួយ ដោយ​ចាញ់​ត្រឹមតែ 2លើក​គត់​ក្នុងចំណោម​ការប្រកួត​ទាំង 31លើក​របស់លោក។

    Bayern បាន​របូត​ឱ្យមាន​គ្រាប់​បាល់ 1គ្រាប់​នាំមុខ​នៅលើ​ទឹកដី​ក្រុម Augsburg ក្រោយពី​ខ្សែការពារ NicklasSule បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង នៅ​មុនពេល​កីឡាករ CorentinTolisso, James Rodriguez និង Arjen Robben រកបាន​គ្រាប់​បាល់​មកវិញ​ដើម្បី​ជួយ​ឱ្យ​ក្រុម Bayern ឈ្នះ​ពាន​មួយ​នេះ​តែម្តង។

    ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Sandro Wagner បា​នរក​គ្រាប់​បាល់​ទី4នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​ក្រុម Bayern Munich ដែល​ក៏​កំពុងតែ​ស្ថិតក្នុង​ទីតាំង​ដ៏​ល្អ​នៃ​ការប្រកួត​ជាមួយនឹង​ក្រុម Sevilla ក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ។ ការ​ឈ្នះ​ពាន 6លើកជាប់ៗគ្នា គឺជា​ការគ្រប់គ្រង​ដ៏​យូរអង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រកបដោយ​ផ្លែផ្កា​របស់​ក្លិប​នេះ។ បច្ចុប្បន្ន Bayern បានឈ្នះ​ពាន​ក្របខ័ណ្ឌ​អាល្លឺម៉ង់​សរុប​ចំនួន 28លើក។

    លទ្ធផល​នេះ ធ្វើឱ្យ​ក្រុម Bayern នាំមុខ 20ពិន្ទុ​ដាច់ ខណៈដែល​នៅសល់​ការប្រកួត​លី​ក 5លើក​ទៀត​នៅ​រដូវ​កាល​នេះ និង​បានបង្ហាញ​ពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​ក្របខ័ណ្ឌ Bundesliga ទាំងស្រុង។ តារា​ជើងចាស់ Robben ដែល​បច្ចុប្បន្ន បានឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga 7លើក ចាប់តាំងពី​ចូលរួម​ជាមួយនឹង​ក្លិប Bayern ក្នុង​ឆ្នាំ2009នោះ បានឱ្យដឹងថា៖ «វា​តែងតែ​ជា​រឿង​ដ៏​ល្អ​ក្នុងការ​ឈ្នះ​ពាន​មួយ។ យើង​បានដឹងថា វា​នឹង​កើតឡើង ប៉ុន្តែ យើង​នៅតែ​ត្រូវ​ឈ្នះ​ជា​ផ្លូវការ។ គ្មាន​អ្វីដែល​កើតឡើង​ដោយងាយៗឡើយ​នៅក្នុង Bundesliga»៕

    ប្រភពពី៖ The Sun

  • G Mekong សណ្ឋាគារ​ ដ៏​ប្រណីត បង្ហាញ​ពី​បែបបទ​រស់នៅ​ នៃ​ប្រជាជន​ខ្មែរ​តាម​ដង​ទន្លេមេគង្គ

    G Mekong សណ្ឋាគារ​ ដ៏​ប្រណីត បង្ហាញ​ពី​បែបបទ​រស់នៅ​ នៃ​ប្រជាជន​ខ្មែរ​តាម​ដង​ទន្លេមេគង្គ

    វិស័យ​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ គឺមាន​ភាព​រីកចម្រើន និង​រីកដុះដាល​ដូច​ផ្សិតដោយសារតែ​តម្រូវការ​ការ​ស្នាក់​នៅមាន​ការកើនឡើង ហើយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផងដែរ។ ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា សណ្ឋាគារ G Mekong ដែលជា​បុត្រ​សម្ពន្ធ​នៃ G Group Investmentត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី5 ខែមករា ឆ្នាំ2017 ដោយ​ផ្តល់នូវ​សេវាកម្ម​ដូចជា កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន​ជាដើម។

    សណ្ឋាគារ G Mekong ​កំពុង​បង្ហាញ​ដល់​ពិភពលោក​ទាំងមូល​នូវ​អត្តសញ្ញាណ​ខ្មែរ វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​យើងដោយ​គ្រប់ការ​រចនា និងការ​តុបតែង​លម្អ​នៅក្នុង​សណ្ឋាគារ​នេះ គឺ​សុទ្ធតែជា​របស់​ខ្មែរ​ ច្នៃ​ឡើង​ដោយ​ដៃ​ដូចជា ឧបករណ៍​នេសាទ​បែប​ប្រពៃណី​ខ្មែរ ទូក​ចែវ រូបគំនូរ និង​រូបសំណាក់​របស់​ខ្មែរ​ជាច្រើន​ទៀត។ អ្វីដែល​កាន់តែ​ពិសេស​ទៅ​ទៀត​​នោះនៅក្នុង​សណ្ឋាគារ G Mekong ក៏មាន​សាល​តាំង​ពិ​ព័រ​ណ៌​រូបគំនូរ​របស់​ខ្មែរ ព្រមទាំង​រូបចម្លាក់​ដ៏​ប្រណីត ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរពិតៗ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ដែល​បានមក​ស្នាក់​នៅក្នុង​សណ្ឋាគារ​ឱ្យបាន​ស្គាល់និង​បានឃើញ​ពី​វប្បធម៌ និង​អា​រិ​យ​ធម៌​របស់​ខ្មែរ​យើង​ដោយផ្ទាល់​ភ្នែក។ សណ្ឋាគារ G Mekong គឺ​ពិតជា​ស្រស់ស្អាត និង​ប្លែក​ទាក់ភ្នែក​ណាស់ហើយ​បើ​ពិនិត្យ​មើល​ពី​វិសាលភាព​នៃសណ្ឋាគារ​វិញ​គឺ​នឹកស្មាន​មិន​ដល់នោះទេ ពីព្រោះ​នៅ​ខាងក្រៅ​មើលទៅ​ដូច​ជាមាន​លក្ខណៈ​តូច ​តែ​ពេល​ចូល​មកដល់​ខាងក្នុង​គឺ​ធំ​ទូលាយ​ខ្លាំងណាស់ជាមួយនឹង​វិសាលភាព​នៃ​អគារ​ចំនួន2បញ្ចូល​គ្នា និង​មាន​រហូតដល់9ជាន់ ព្រមទាំង​មាន​បន្ទប់​រហូតដល់91បន្ទប់ ដែលមាន​ជម្រើស5ប្រភេទ​បន្ទប់ផ្សេងៗគ្នា​ជូន​ដល់​ភ្ញៀវទេសចរ និង​អ្នកជំនួញដែល​មក​សា្ន​ក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ4នេះ។

    ងាក​មក​ចាប់អារម្មណ៍​ផ្នែក​ភោជនីយដ្ឋានដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​វិញម្តង ភោជនីយដ្ឋាន G Star ដែលជា​សាខា​ទី2បន្ទាប់ពី​សាខា​ទី1ដែល​ស្ថិតនៅក្នុង​បរិវេណ​កោះ​ពេ​ជ្រ គឺ​បើក​បម្រើ​ជូន​អាហារ​ទាំង3ពេល ដោយ​អាហារ​ពេលព្រឹក​ចាប់​បើក​ពី​ម៉ោង6​ព្រឹក​​ ដល់​ម៉ោង10ព្រឹកអាហារ​ពេល​ថ្ងៃត្រង់​ចាប់​បើក​ពី​ម៉ោង11ព្រឹក​ដល់​ម៉ោង2រសៀល និង​អាហារ​ពេល​ល្ងាច​ពី​ម៉ោង6ល្ងាច​ ដល់​ម៉ោង10យប់ ដែល​បម្រើ​ជូន​អាហារបែប​ខ្មែរ បែប​អឺរ៉ុប និង​បែប​ចិន។ អាហារ​ដែល​ទទួលបាន​ការពេញនិយម​ជាងគេ​ប្រចាំ​ភោជនីយដ្ឋាន G Star មានដូចជា ឡុកឡាក់​សាច់គោ អា​ម៉ុក​ត្រី​ខ្ចប់​ស្លឹកចេក សម្លការី​ខៀវ សម្លការី​ក្រហម​បែប​ខ្មែរ ស្តេ​ក​សាច់គោ ស្តេ​កសាច់​ចៀម ស្តេ​ក​សាច់ជ្រូក និង​ស្តេ​កសាច់​ត្រី​សាល់​ម៉ុ​ន និង​មីឆា​ឆាវ​ហ្វា​ន់​សាច់គោ។ ក្រៅពី​អាហារនៅ​ភោជនីយដ្ឋាន G Star ក៏មាន​ជា​ប្រភេទ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ហើយនឹង​ភេសជ្ជៈមិនមាន​ជាតិ​អាល់កុល​ជាច្រើន​ជម្រើស​ទៀត ដែល​ភ្ញៀវ​ទាំងអស់​អា​ច​ជ្រើសរើស​ទទួលទាន​ផ្ទាល់​នៅក្នុង​ភោជនីយដ្ឋានដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​សណ្ឋាគារ ឬ​អាច​ឡើង​ទៅជា​ន់ទី7 ទទួលទាន​បណ្តើរហែល​ទឹក​លេង​បណ្តើរនៅឯ Pool Bar ក៏​បាន។ ភេសជ្ជៈ​ដេ​ល​ទទួលបាន​ការពេញនិយម​ជាង
    គេ​នៅ​ភោជនីយដ្ឋាន G Star មានដូចជា ស្រា​ក្រឡុកដែលជា​រូបមន្ត​ក្រឡុក​យ៉ាង​ពិសេស​ប្រចាំ​ភោជនីយដ្ឋានគឺ ស្រា​ក្រឡុក G Star Blue Sky និង​ស្រា​ក្រឡុក Passion Corona៕