Category: សង្គម និងសេដ្ឋកិច្ច

  • ទំពាំង​ផ្អែម ងាយស្រួល​ដាំ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ទំពាំង​ផ្អែម ងាយស្រួល​ដាំ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ឫស្សី​ទំពាំង​ផ្អែម​ជា​រុក្ខជាតិ​ដំណាំ​បន្លែ​ប្រភេទ​ថ្មី​មួយទៀត​ដែល​ទើបតែ​នាំ​ចូលមក​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ដោយសារតែ​រសជាតិ​ឆ្ងាញ់​របស់​វា បានធ្វើឱ្យ​ទំពាំង​ផ្អែម​ក្លាយជា​អាហារ​ដ៏​ពេញនិយម និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង។

    លោក សុខ វិជ្ជា អ្នកបច្ចេកទេស និង​ជា​ម្ចាស់​កសិដ្ឋាន “សួន​កសិកម្ម​បន្ទាយស្រី” មាន​ទីតាំងនៅ​ភូមិ​ឃុន​រាប ឃុំ​ឃុន​រាប ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា លោក​បាន​នាំចូល​ពូជ​ឫស្សី​ទំពាំង​ផ្អែម​នេះ​មកពី​ប្រទេស​ថៃ យកមក​ដាំ​នៅក្នុង​កសិដ្ឋាន​របស់លោក អស់​រយៈពេល 3ឆ្នាំ​មកហើយ ហើយ​ដោយសារតែ​រសជាតិ​របស់​វា​ឆ្ងាញ់ មិន​ហាង​ខ្លាំង​ដូច​ទំពាំង​ឫស្សី​ក្នុងស្រុក​យើង បានធ្វើឱ្យ​ទំពាំង​ផ្អែម​នេះ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​លក់​សម្រាប់តែ​ម៉ូយ​ដុំ​នៅ​ភ្នំពេញ និង​ក្នុង​ខេត្តសៀមរាប​តែប៉ុណ្ណោះ មិនមាន​សល់​សម្រាប់

    លក់រាយ​នោះទេ ហើយ​បច្ចុប្បន្ន​ក៏មាន​ឈ្មួញ​ជនជាតិ​ថៃ​មក​ចរចា​រក​ទិញ​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ប្រទេសក្រៅ​ផងដែរ​ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​ផ្គត់ផ្គង់​ឱ្យនៅ​ឡើយ។

    ឫស្សី​ទំពាំង​ផ្អែម​នេះ​វា​ផ្តល់​ផល​អាចឱ្យ​យើង​កាត់​ទំពាំង​លក់បាន​ជាប្រចាំ ដោយ 3ថ្ងៃ​អាច​ជីក​កាត់​លក់​ឱ្យ​ម៉ូយ​បាន​ម្តង ហើយ​នៅលើ​ផ្ទៃដី 3ហិកតា​គេ​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី 200គីឡូក្រាម ទៅ300គីឡូក្រាម​ក្នុង​មួយលើកៗ ហើយ​តម្លៃ​បោះ​ដុំ​នៅ​រដូវប្រាំង អាច​បាន​ថ្លៃ​ចន្លោះ​ពី 6,000ទៅ8,000រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​រដូវវស្សា​វិញ​លក់បាន​ថ្លៃ​ទាប​ជាង​ខែប្រាំង បាន​ប្រហែល​តែ​ពី 2,000ទៅ3,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន ដី​ធូរ​ទំពាំង​ដុះ​ច្រើន កសិករ​មិនសូវ​ជួប​ការលំបាក និង​មិន​ចំណាយ​កម្លាំង​ពលកម្ម​ក្នុងការ​ស្រោច​ទឹក​ច្រើន ដូច​នៅ​រដូវប្រាំង​ឡើយ។

    លោក​ក៏បាន​ប្រាប់​ពី​បច្ចេកទេស​ដាំ​ដុះ​ដែរ​ថា ឫស្សី​នេះ​មិន​រើស​ដី​ដូច​ដំណាំ​ផ្សេង​នោះទេ ពោលគឺ​អាច​ដាំ​បាន​គ្រប់​សណ្ឋាន​ដី ប៉ុន្តែ​អាច​ដាំ​បានតែ​នៅក្នុង​ទីតាំង​ណា​ដែលមាន​ប្រភពទឹក ដែល​ងាយស្រួល​ក្នុងការ​ស្រោចស្រព និង​ចៀសវាង​ដាំ​នៅលើ​ដី​ណា​ដែល​លិច​ទឹក​យូរ ព្រោះ​ទោះជា​ការ​លិច​ទឹក​មិន​ធ្វើឱ្យ​ដើម​ឫស្សី​ងាប់​មែន ប៉ុន្តែ​អាចធ្វើឱ្យ​ទំពាំង​រលួយ។ ពេលរ​កដី​សម្រាប់​ដាំ​បាន​ហើយ គេ​ត្រូវ​ភ្ជួរ​ដី និង​ជីករណ្តៅ​ទំហំ4តឹក4ជ្រុង ជម្រៅ4តឹក និង​មាន​គម្លាត​ពីគ្នា​ប្រវែង 3ម៉ែត្រ​មួយ​ក្នុង​មួយ​រណ្ដៅ។

    ពេល​ជីក​រួច គេ​ត្រូវ​ហាល​ដី​ចោល​មួយ​សប្តាហ៍ ទៅ​ពីរ​សប្តាហ៍​ដើម្បី​សម្លាប់​មេរោគ និង​កុំឱ្យ​ស្មៅ​ដុះ​ច្រើន​ក្នុងដំណាក់កាល​ដាក់​ដាំ​ដំបូង។ បន្ទាប់មក​ត្រូវយក​កូន​ឫស្សី​ដែល​គេ​បង្កាត់​ពូជ​នៅក្នុង​ថង់​មក​ដាក់​ដាំ ដោយ​គ្រាន់តែ​កាត់​ថង់​ចេញ និង​កប់​កូន​ឬ​ស្សី​ត្រឹម​ដី​ក្នុង​ថង់​នោះ រួច​ស្រោច​ទឹក​វា​រៀងរាល់ថ្ងៃ ឬ2ថ្ងៃ​ម្តង​ទៅតាម​សំណើម​របស់​ដី កូន​ឫស្សី​នឹង​លូតលាស់​បានល្អ​ឡើង​មិន​ខាន។

    ក្រោយពី​ដាក់​ដាំ​បាន​មួយខែ កូន​ឫស្សី​ចាប់ផ្តើម​លូតលាស់ ពេល​នោះគេ​ត្រូវយក​ជី​អាចម៍មាន់ ឬ​ជី​អាចម៍គោ​ច្រក​មួយ 1កា​រ៉ុង ទម្ងន់​ប្រមាណ​ជា 10គីឡូក្រាម​ទៅ​ដាក់​ក្បែរ​គល់​ឫស្សីនីមួយៗ ហើយ​យក​កូនកាំបិត​ឆូត​ទម្លាយ​កា​រ៉ុង​ក្នុង​ប្រវែង​តូច​ល្មម​ដើម្បីឱ្យ​ជី​លាមក​សត្វ​ក្នុងនោះ​ហូរ​ចេញ​បន្តិចម្តងៗនៅពេល​យើង​បាញ់​ទឹក​ស្រោច។ លោក​ថា គេ​អាចដាក់​ជី​នៅ​លើដី​ជាប់​នឹង​គុម្ព​ឬ​ស្សី​ដោយផ្ទាល់​ក៏បាន​ដែរ ប៉ុន្តែ​វិធីសាស្ត្រ​ដាក់​ក្នុងកា​រ៉ុង​នេះ​គឺ​ដើម្បី​ប្រើប្រាស់​ជី​ឱ្យ​បានយូរ​ចៀសវាង​កុំឱ្យ​អស់​ជី​ច្រើនពេក។

    លោក​បន្តទៀតថា នៅ​រដូវវស្សា​គេ​ពុំ​បាច់​ស្រោច​ទឹក​ទេ តែបើ​រដូវប្រាំង​គេ​ត្រូវ​ស្រោច​ទឹក 2ថ្ងៃ​ម្តង ឬ3ថ្ងៃ​ម្តង អាស្រ័យ​លើ​សំណើម​ដី។ ឫស្សី​មិនមាន​សត្វល្អិត​មក​យាយី​បំផ្លាញ​ឡើយ គេ​គ្រាន់តែ​ជ្រំដី ដាក់​ជី ថែ​ស្មៅ(កុំ​ប្រើ​ជី​បាញ់សម្លាប់​ស្មៅ​នាំឱ្យ​ដើម​ឫស្សី​រួញ) និង​ស្រោច​ទឹកជា​ប្រចាំ វា​នឹង​លូតលាស់​បានល្អ។ ដាំ​ត្រឹម​រយៈពេល3ខែ វា​នឹង​ចាប់ផ្តើម​ចេញ​ទំពាំង​លើកដំបូង។

    ដំណាក់កាល​ចេញ​ទំពាំង​លើកដំបូង​នេះ គេ​មិន​កាត់​វា​ទេ គេ​ទុកឱ្យ​វា​លូតលាស់​ទៅជា​ដើម​ឫស្សី​បាន​ចំនួន 5 ទៅ6ដើម​សិន និង​ទុក​ឱ្យមាន​អាយុ​ប្រហែល​មួយឆ្នាំ​ពីរ​ខែ​សិន ទើប​គេ​ជីក​កាត់​យក​ទំពាំង​មក​លក់បាន ហើយ​នៅពេល​ឫស្សី​ធំ​ពេញរូបពេញរាង គេ​អាច​ប្រមូល​ទំពាំង​បានម្តងៗ ពី 1ទៅ2ទំពាំង ដែលមាន​ទម្ងន់​ពី4 ទៅ6គីឡូក្រាម ហើយ​មួយ​ហិកតា​បាន​ប្រហែល 100គីឡូក្រាម​ក្នុង​មួយ​លើក ដោយ3ថ្ងៃ​ត្រូវ​ប្រមូល​ផល​ម្តង ហើយ​រហូតដល់ 20 ទើប​ដើម​ឫស្សី​ចាស់​លែង​ផ្តល់​ផល ពេល​នោះគេ​អាច​កាប់​យក​ដើម​ឫស្សី​ទៅធ្វើ​ឈើចាក់ធ្មេញ ឬ​ចង្កឹះ និង​ប្រើប្រាស់​ធ្វើជា​របស់​មាន​ប្រយោជន៍ផ្សេងៗបាន។

    ទំពាំង​ផ្អែម​នេះ​មាន​លក្ខណៈពិសេស​ម្យ៉ាង គឺ​មិនសូវ​ហាង ឬ​មិនមាន​ជាតិ​អាស៊ីត ដូច​ទំពាំង​ធម្មតា​ឬ​ទំពាំង​ក្នុងស្រុក​យើង​នោះទេ។ បងៗស្រី្ត​មេផ្ទះ​អាច​យក​ទំពាំង​ផ្អែម​នេះ​ទៅ​ស្រុស​បន្តិច ឬ​មិនបាច់​ស្រុស​ក៏បាន មុននឹង​យក​ធ្វើជា​ម្ហូបផ្សេងៗ ជាពិសេស​ស្ងោរ​ជាមួយ​មាន់​ស្រែ មាន​រសជាតិ​ឆ្ងាញ់ រហូត​ញ៉ាំ​ភ្លេច​ឆ្អែត​មិន​ខាន និង​លើសពីនេះ​ទៀត​គេ​អាច​ច្នៃ​ធ្វើជា​ទំពាំង​ក្រៀម ទំពាំង​ជ្រក់ ឬ​ទំពាំង​កំប៉ុង​ទុក​ពិសា​បានយូរ​ទៀតផង៕

  • ឯកឧត្ដម ថោង ខុន៖ Lion Air នឹង​ហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ក្រោយ​ចូលឆ្នាំ​ខ្មែរ

    ឯកឧត្ដម ថោង ខុន៖ Lion Air នឹង​ហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ក្រោយ​ចូលឆ្នាំ​ខ្មែរ

    កម្ពុជា​នឹង​ទទួលបាន​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ថ្មី​មួយទៀត ពី​ប្រទេស​ធំ​បំផុត​របស់​អាស៊ាន នៅក្រោយពេល​ចូលឆ្នាំ​ខ្មែរ ដែល​បង្ហាញឱ្យឃើញថា កម្ពុជា​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ជិត​គ្រប់​អស់ហើយ នៅសល់តែ​ប្រទេស​ប្រ៊ុយណេ​មួយទៀត​ប៉ុណ្ណោះ។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​អះអាង​យ៉ាង​ច្បាស់លាស់​ថា ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​អ៊ិ​ស្លាម​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ាន និង​ក្នុង​ពិភពលោក​បានសម្រេច​ចិត្ត​ភ្ជាប់​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​ដោយ​ជើងហោះហើរ​ត្រង់​តែម្ដង នៅក្រោយពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រួច។

    ជាមួយគ្នានេះ​ឯកឧត្តម បាន​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ខឹ​ត​ខំ​ពង្រឹងគុណភាព​សេវាកម្ម ដើម្បី​ត្រៀម​ទទួល​ទេសចរ​មកពី​ប្រទេសថ្មីៗទៀត ដែល​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត និង​ល្អូកល្អិន​កាលពីមុន​ឆ្នាំ1970។

    ឯកឧត្តម ថោង ខុន បញ្ជាក់ថា៖ «នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​យើង​នេះ Lion Air នឹង​ហោះ​ភ្ជាប់​ឥណ្ឌូនេស៊ី​មក​កម្ពុជា។ នេះ​ជា​ដំណឹង​ថ្មី​មួយទៀត និង​ជា​ដំណឹង​ល្អ​សម្រាប់​យើង។ យើង​ត្រូវខិតខំ​ប្រឹង​បន្ថែមទៀត»។

    ឯកឧត្តម បាន​អះអាងថា កម្ពុជា​ត្រូវតែ​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​របស់​អាស៊ាន ដោយ​មិនត្រូវ​ឈរ​នៅតែ​ម្នាក់ឯង​នោះទេ។ នៅក្នុង​តំបន់​អាស៊ាន ប្រទេស​ថៃ​បាន​ឈរ​នៅ​ខ្ពស់​ជាងគេ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​មកពី​គ្រប់​តំបន់។

    លោក ស៊ិន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​អះអាងថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​សម្រួល​កិច្ចការ​អស់ហើយ​សម្រាប់​បើក​ការហោះហើរ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​នេះ ប៉ុន្តែ​អាកាសចរណ៍​ស៊ីវិល​មិនទាន់​ទទួលបាន​លិខិតផ្លូវការ​សម្រាប់​ការហោះហើរ​នោះ​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ។

    លោក ស៊ិន ចាន់​សិរី​វុត្ថា មានប្រសាសន៍ថា៖ «កិច្ចការងារ​រដ្ឋបាល​សម្រាប់​ការបើក​ការហោះហើរ​នេះ គឺ​យើង​បានធ្វើ​ចប់សព្វគ្រប់​អស់ហើយ ដោយ​រង់ចាំតែ​កិច្ចការ​បច្ចេកទេស​ដាក់​លិខិត​ជា​ផ្លូវការ ថា​ពេលណា​គាត់​ហោះ​តែប៉ុណ្ណោះ»។

    លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមការងារ​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូនេស៊ី បានមក​ជួបពិភាក្សា​ប៉ុន្មាន​លើក​រួច​មួយ​មកហើយ​ជាមួយ​មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ហើយ​បានបង្ហាញ​ពី​បំណង​ភ្ជាប់​ការហោះហើរ​រវាង​ប្រទេស​ទាំងពីរ។

    លោក បន្ថែមថា ក្រុមការងារ​ក៏​នឹង​ជួបពិភាក្សា​បន្ថែមទៀត​នៅក្រោយពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដែល​ព័ត៌មាន​ផ្លូវការ​ស្តីពី​កាលបរិច្ឆេទ​ហោះហើរ អាច​នឹងត្រូវ​បានដឹង​ច្បាស់​តាមរយៈ​កិច្ចប្រជុំ​នោះ។

    លោក ស៊ិន ចាន់​សិរី​វុត្ថា បញ្ជាក់ថា៖ «មុន​ការហោះហើរ ក្រុមហ៊ុន Lion Air គ្រាន់តែ​ធ្វើលិខិត​ទៅ​អាជ្ញាធរ​គាត់​ថា គាត់​នឹង​ហោះ​មក​កម្ពុជា គឺ​ចប់ ហើយ​យើង​គ្រាន់តែ​ពិនិត្យ អនុម័ត​យល់ព្រម គឺ​ចប់សព្វគ្រប់»។

    បើទោះបីជា​ព័ត៌មាន​នៃ​ការហោះហើរ​ត្រង់​ហាក់​ឈានទៅរក​ការពិត​ក៏ដោយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា តើ​ក្រុមហ៊ុន Lion Air នឹងត្រូវ​ហោះហើរ​ចេញពី​ផ្នែក​ណា ឬ​កោះ​ណាមួយ​របស់​ឥណ្ឌូនេស៊ី ឬក៏​ពី​ទីក្រុង​ហ្សា​ការ​តា មកកាន់​កម្ពុជា និង​ហោះហើរ​ប្រចាំថ្ងៃ ឬក៏​ប្រចាំ​សប្តាហ៍​យ៉ាងណា​នៅឡើយ​ទេ។

    យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​វិញ ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី ប្រមាណ 5ម៉ឺន​នាក់ បាន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ2017 ដោយមាន​កំណើន​ជាង2,3% ធៀប​នឹង​ឆ្នាំ2016៕

  • ឆ្នាំនេះ ហេតុអីបាន ស៊ុន ស្រីពេជ្រ គ្មានបទចម្រៀងចូលឆ្នាំខ្មែរនឹងគេ?

    ឆ្នាំនេះ ហេតុអីបាន ស៊ុន ស្រីពេជ្រ គ្មានបទចម្រៀងចូលឆ្នាំខ្មែរនឹងគេ?

    គួរឱ្យចម្លែកមែនទែន និងមិនដូចឆ្នាំកន្លងៗទៅឡើយ ព្រោះឆ្នាំនេះមហាជនជាច្រើនបានទន្ទឹងចាំមើលផ្លូវ ចំពោះការចេញបទចម្រៀងថ្មីៗចូលរួមរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែររបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហើយថែមទាំងស្ងប់ស្ងាត់ មិនឃើញមានចេញបទចម្រៀងថ្មីដូចតារាចម្រៀងរួមផលិតកម្ម។

    ឆ្នាំកន្លងទៅ តារាចម្រៀងស្រីរូបនេះ បានរក្សាតំណែងជាតារាចម្រៀងប្រជាប្រិយបានយ៉ាងល្អ ដោយសារតែនាងបានផ្លាស់ប្ដូរទ្រនំពីរស្មីហង្សមាស មកនៅផលិតកម្មថោន ហើយបានចេញចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀងល្បីៗ និងមានចង្វាក់បែបប្រជាប្រិយខ្មែរ ដូចជាបទមានចំណងជើងថា «ជូនអូនទៅម៉ែ» ដែលជាចង្វាក់សារ៉ាវ៉ាន់ជាដើម។

    តាមរយៈការបកស្រាយបញ្ជាក់ពីខាងអ្នកគ្រប់គ្រងផលិតកម្មថោន បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន ថា «ខាងផលិតកម្មថោន បានរៀបចំបទចម្រៀងឱ្យតារាស្រីរូបនេះរួចហើយ ក៏ប៉ុន្ដែដោយសារនាងមានបញ្ហាគ្រួសារ និងត្រូវមើលថែទាំលោកឪពុកដែលកំពុងសម្រាកព្យាបាល ទើបជាហេតុបណ្ដាលឱ្យនាងខកខានមិនមានពេលវេលាមកថតសំឡេង ។ តែយ៉ាងណាក៏ដោយ ខាងផលិតកម្មរំពឹងទុកថា មហាជននៅតែបន្ដគាំទ្ររូបនាងតាមរយៈបទចម្រៀងកាលពីឆ្នាំមុនដដែល»។

    សូមជម្រាបបន្ថែមថា មជ្ឈដ្ឋានមហាជននៅតែបន្ដរង់ចាំការចេញបទចម្រៀងថ្មីៗរបស់តារាស្រី ស៊ុន ស្រីពេជ្រ ដដែល និងរំពឹងថា នាងនឹងមិនបាត់មុខពីពិភពសិល្បៈយូរឡើយ៕

  • កញ្ញា ចាន់ នី​កា មាន​ទីផ្សារ​ខ្លាំង ​ជាមួយ​តំណែង​តារា​ទឹកភ្នែក

    កញ្ញា ចាន់ នី​កា មាន​ទីផ្សារ​ខ្លាំង ​ជាមួយ​តំណែង​តារា​ទឹកភ្នែក

    មុននេះ សម្រាប់​តំណែង​តារា​សម្ដែង​ស្រី​ដែលល្បី​ឈ្មោះថា​មាន​ជំនាញ​ផ្នែក​ខាង​សម្រក់​ទឹកភ្នែករហូត​ជាប់​រហស្សនាម​ថា​ជាតា​រាជ​ន់​ជោរ​ដោយ​​ទឹក​ភ្នែក​ គឺ​ត្រូវ​ធ្លាក់​ទៅ​កញ្ញា នី មុន្នីនាថ ប៉ុន្តែ​ពេលនេះ វា​អាច​ដូច​ទៅនឹង​ពាក្យចាស់​បុរាណ​ដែល​បាន​ពោលថា រលក​ក្រោយ​ច្រាន​រលក​មុខ ហើយ​​រុញ​ផ្ទប់​ទៅនឹង​ច្រាំង​នោះ​ហើយ​ ដ្បិតអី​ពេលនេះ តារា​ស្រី​ដែលមាន​ជំនាញ​ផ្នែក​សម្រក់​ទឹកភ្នែក​នៅក្នុង​ការសម្ដែង​ត្រូវបាន​ធ្លាក់​ទៅលើ​តារា​សម្ដែង​​ស្រី​វ័យ​ក្មេងជំនាន់ក្រោយ គឺ​កញ្ញា ចាន់ នី​កា វិញ​ម្ដង។

    តាមរយៈ​ការខិតខំ និង​ព្យាយាម​បង្ហាញ​ពី​សមត្ថភាព​ក្នុងនាម​ជា​អ្នក​អាជីព​សិល្បៈ​នៅត្រឹម​រយៈពេល​ប្រមាណ​ជា2ឆ្នាំ​ចុង​ក្រោយនេះ កញ្ញាចាន់ នី​កា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ទូទៅ​ជាច្រើន ជាពិសេស​អ្នកដឹកនាំ​សម្ដែង​ខ្សែភាពយន្ត​ផ្ទាល់​តែម្ដង​ ទៅលើ​ភាព​ប៉ិន​ប្រសប់​​នៃ​ការ​សម្រក់​ទឹកភ្នែក​ក្នុងនាម​ជា​តារា​សម្ដែង​ស្រី​ដែល​និយម​ភាព​ស្រគត់ស្រគំលំនាំ​តារា​សម្ដែង​ជំនាន់មុន គឺ​កញ្ញា នី មុន្នីនាថ។ ជាក់ស្ដែង នាងមានស្នាដៃ​ដូចជា​នៅក្នុង​ការសម្ដែង MV នៃ​បទ​ចម្រៀង “បទ​មានន័យ​អី?” របស់​ផលិតកម្ម អឹម (M Production), ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ ប៉ុស្ដិ៍​លេខ5 ដែលមាន​ចំណងជើង​ថា “វេទមន្ត​ស្នេហ៍” និង​រឿង “ក្រមុំ​ឆ្នាស់​ប៉ះ​មេស្រុក​ឆ្នើម” ដែល​កំពុង​
    ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​របស់​ស្ថានីយ៍ទូរទស្សន៍ PNN នាពេល​បច្ចុប្បន្ននេះ។

    ថ្លែងប្រាប់​អ្នកយកព័ត៌មាន​របស់​ទស្សនាវដ្ដី ឡា​រ៉ែ​ន កាលពីពេល​កន្លងទៅនេះ កញ្ញា ចាន់នី​កា បានលើកឡើង​ឱ្យដឹងថា ចំពោះ​ការសម្ដែង​មិន​​ថា​ស្ថិតនៅក្នុង​តំណែង​ជា​តួអង្គ​យ៉ាងណា​នោះទេ ពោល​មិន​ថា​តួ​ស្លូត កាច​ឆ្នាស់ តួ​ឈ្នានីស ឬ​តួអង្គ​បែប​សុភាព​ស្រគត់ស្រគំ​នោះទេ គឺ​កញ្ញា​អាច​មានលទ្ធភាព​សម្ដែង​បាន​ទាំងអស់ ក៏ប៉ុន្តែ​អ្វី​ដែលជា​ចំណូលចិត្ត និង​មាន​ជំនាញ​ខ្ពស់​ជាងគេ​នោះ គឺ​ការ​សម្រក់​ទឹកភ្នែក ដ្បិត​កញ្ញា​បានដឹង​ច្បាស់​ថា តួ​អង្គ​ប្រភេទ​នេះ ហាក់​មាន​ភាព​ស័ក្ដិសម​ទៅនឹង​សមត្ថភាព​ពី​ធម្មជាតិ​របស់ខ្លួន។

    ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​អារម្មណ៍​ពិត​
    របស់ខ្លួន​ទៅលើ​ចំណូលចិត្ត និង​ជំនាញ​នៃ​ការសម្ដែង​ខាងលើនេះ ស្រី​ស្រស់​សា​ច់ស មុខ​កូនកាត់​ចិន​​រូបនេះ​ក៏បាន​បញ្ជាក់ប្រាប់​ពី​ការងារ​ដែលខ្លួន​កំពុង​តែមាន​នៅក្នុង​ដៃ​ផងដែរថា “សព្វថ្ងៃនេះ ការងារ​អី​ក៏​ខ្ញុំ​ទទួល​ដែរ មិន​ថា​ការងារ​ជាតា​រា​បង្ហាញ​ម៉ូដ ពិធី​ការិនី​សម្រាប់​កម្មវិធី​របស់​ក្រុមហ៊ុន​នានា​ជា​លក្ខណៈ​ឯកជន ឬ​ជា​ការងារ​ផ្នែក​សម្ដែង​នោះទេ គឺ​ខ្ញុំ​ទទួលយក​ទាំងអស់ កុំ​ឱ្យតែ​ប៉ះពាល់​ការងារមុនៗដែល​ខ្ញុំ​បានទទួល​ធ្វើ​កុងត្រា​រួចរាល់ ដូចជា​ ប៉ះ​ម៉ោង​ថត​រឿង​ភាគ​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅ TV5 រឿង “ផ្កា​ព្រៃ​ស្រទាប់​មាស” និង​នៅ​ស្ថានីយ៍​ទូរទស្សន៍ PNN គឺ​រឿង “ដួង​ចន្ទ​ដួងចិត្ត”។

    គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការងារ​សិល្បៈដែល​កញ្ញា ចាន់ នី​កា ធ្លាប់បាន​បង្ហាញ​សមត្ថភាពក្រៅពី​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ គឺ​នៅមាន​ដូចជា​ ការថត MV ការថត​ស្ប៉​ត​ឱ្យ​ផ​លិ​ផល​នានា​ដូចជា ស្ប៉ត​ទឹកបរិសុទ្ធ​វី​តា​ល់ ស្ប៉​ត​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG ស្ប៉​ត​ទឹក​ត្រចៀកកាំ និង​ស្ប៉​ត​​ស្រា​អា​ឡិច​ហ្ស​ង់​វី​ស្គីជាដើម។ ដោយឡែក​សម្រាប់​ការងារ​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ ក្រៅពី​ការងារ​ផ្នែក​សម្ដែង​ឱ្យ​ខាង​ផលិតកម្ម “ចក្រ​វា​ឡ​ពេជ្រ” សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍​​ខាងលើនេះ គឺ​នៅមាន​ការងារ​ជា​ពិធីការិនី​ប្រចាំ​កម្មវិធី​កម្សាន្ត​ប្រចាំ​សប្ដាហ៍​របស់ TV Online ប្រចាំ​អង្គភាព​ព័ត៌មាន​រហ័ស Fresh News មួយទៀត​គឺ​កម្មវិធី “ចង់ដឹង​ពី​តារា​ក្រៅ​ការងារ​សិល្បៈ” ជាដើម៕

  • Torres នឹង​ចាក​ចេញពី Atletico Madrid នៅ​ចុងរដូវ​កាល​នេះ

    Torres នឹង​ចាក​ចេញពី Atletico Madrid នៅ​ចុងរដូវ​កាល​នេះ

    ខ្សែប្រយុទ្ធ Fernando Torres របស់ Atletico Madrid គ្រោង​នឹង​ចាក​ចេញពី​ក្លិប​នេះ នៅពេលដែល​កិច្ចសន្យា​របស់គេ​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ ដើម្បី​ស្វែងរក​កន្លែង​ដែល​រូបគេ​អាចមាន​ឱកាស​លេង​បាន​ច្រើនជាង​នេះ។

    Torres វ័យ 34ឆ្នាំ បាន​ចូល​លេង​ក្នុង​ជម្រើស 11នាក់​ដំបូង​នៃ​ក្របខ័ណ្ឌ La Liga ត្រឹមតែ 3ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ និង​បាន​បង្ហាញខ្លួន 17លើក​ក្នុងនាម​ជា​កីឡាករ​បម្រុង ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់។ Torres បានឱ្យដឹង​នៅក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​ចង់​ឆក់យក​ឱកាស​នេះ​ដើម្បី​និយាយថា នៅទីនេះ​នឹង​ក្លាយជា​រដូវ​កាល​ចុងក្រោយ​របស់ខ្ញុំ​ជាមួយនឹង​ក្លិប​នេះ»។

    ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «វា​មិនមែនជា​ការសម្រេចចិត្ត​ដែល​ងាយស្រួល​ឡើយ តែ​ការស្វែងរក​ភាពជាក់លាក់ និង​ស្ថានភាព​មួយ​ផ្សេងទៀត ប្រហែលជា​រឿង​ដ៏​ល្អ​បំផុត។ ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​មិនសូវមាន​តួនាទី​ច្រើន​ឡើយ ដូច្នេះ​ឥឡូវនេះ​គឺ ដល់ពេល​វេលា​ក្នុងការ​ចាកចេញ​ហើយ»។

    ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ កំពុងតែ​ស្ថិតក្នុង​ពេលវេលា​ទី2 របស់គេ​នៅក្នុង​ក្លិប​នេះ ដែល​រូបគេ​បាន​ចាកចេញ​កាលពី​ឆ្នាំ2007ដើម្បី​ផ្ទេរ​ទៅកាន់​ក្លិប Liverpool ហើយ​រូបគេ​ក៏​ធ្លាប់បាន​ចំណាយពេល​នៅ​ជាមួយនឹង​ក្លិប Chelsea និង AC Milan ផងដែរ នៅមុន​ពេល​វិល​ទៅកាន់​អេ​ស្ប៉ា​ញ​វិញ​នៅ​ឆ្នាំ2015។ Torres បាន​បន្ថែមទៀតថា៖ «វា​ពិតជា​លំបាក​ណាស់​ក្នុងការ​និយាយថា លា​ហើយ​ជា​លើក​ទី2 ពីព្រោះ​ខ្ញុំ​ចង់​លេង​នៅទីនេះ​រហូតដល់​ចូលនិវត្តន៍ ប៉ុន្តែ អ្វីៗមិនមែន​ដំណើរការ​ទៅ​ដូច​អ្វីដែល​អ្នក​ចង់បាន​នោះឡើយ»៕

    ប្រភពពី៖ Channel News Asia

  • លោក Francesco ជំរុញ​ឱ្យ Roma បង្កើត​អភិនីហារ ពេល​ប៉ះ Barcelona រាត្រី​នេះ

    លោក Francesco ជំរុញ​ឱ្យ Roma បង្កើត​អភិនីហារ ពេល​ប៉ះ Barcelona រាត្រី​នេះ

    លោក Eusebio Di Francesco គ្រូបង្វឹក​របស់​ក្រុម Roma បាន​ជំរុញ​ឱ្យ​ក្រុម​របស់លោក​ជឿជាក់​ទៅលើ «អភិនីហារ» មួយ​ក្នុង​ការលុបចោល​លទ្ធផល​ដេញតាម​ពីក្រោយ 4-1 នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Barcelona និង​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ។ លោក Di Francesco បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មុនពេល​ការប្រកួត​ថា៖ «យើង​ត្រូវតែ​ជឿជាក់​លើ​ចំណុច​សំខាន់ផ្សេងៗ និង​ការ​ប្រជែង​ដោយ​ការស្រេកឃ្លាន​ដ៏​អស្ចារ្យ។

    ពួកគេ​នឹង​លេង​ក្នុង​ទម្រង់​ដ៏​ល្អ​បំផុត​មួយ​របស់​ពួកគេ​ដើម្បី​យក​លទ្ធផល ប៉ុន្តែ​យើង​ក៏​អាចបង្កើត​ឱ្យមាន​អភិនីហារ​មួយ​ដែរ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ពិតជា​លំបាក ប៉ុន្តែ​យើង​ត្រូវតែ​ជឿជាក់។ យើង​បានធ្វើ​ការរារាំង Lionel Messi កាលពី​ជើង​ទី1 ហើយ​យើង​ត្រូវតែ​ព្យាយាម​ធ្វើឱ្យបាន​ម្តងទៀត​នៅ​រាត្រី​នេះ»។

    ខ្សែប្រយុទ្ធ EdinDzeko បា​នរក​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​សំខាន់​មួយគ្រា​ប់ ក្រោយពី​ការធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់ Daniele De Rossi និង Kostas Manolas នា​កីឡដ្ឋាន Camp Nou ប៉ុន្តែ ក្រុម​របស់​អ៊ីតាលី ចាំបាច់​ត្រូវតែ​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយនា​កីឡដ្ឋាន StadioOlimpico ដើម្បី​ឈានទៅ​វគ្គ 4ក្រុម​ចុងក្រោយ​ជា​លើក​ទី1 ចាប់តាំងពី​ឆ្នាំ1989។

    ស្របពេល​ជាមួយគ្នានេះ លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​ថា លោក​រំពឹងទុក​ថា នឹងមាន​ការ​វាយ​សម្រុក​ខ្លាំងក្លា​ពី​ក្រុម Roma ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី2 របស់​ពួកគេ​នៅ​កីឡដ្ឋាន StadioOlimpico នា​រាត្រី​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • តោះ! ទៅ​ស្វែងយល់​ពីប្រវត្តិ​សង្ខេប នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ទាំង​អ្នក​គ្នា…

    តោះ! ទៅ​ស្វែងយល់​ពីប្រវត្តិ​សង្ខេប នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ទាំង​អ្នក​គ្នា…

    ហេតុអ្វី​ចាំបាច់​មាន​ពិធីបុណ្យ​ចូលឆ្នាំថ្មី? ហើយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មានកំ​ណើ​រ​ពី​ណា ពេលណា មាន​អ្វីខ្លះ និង​ដើម្បី​អ្វី? ក្នុងនាម​ជា​កុលបុត្រ​ខ្មែរ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ចំពោះ​ពិធី​ចូលឆ្នាំ​ខ្មែរ​នេះ?

    ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៖ ជាតិ​សាសន៍​ណាក៏ដោយ តែងមាន​ប្រវត្តិ និង​ប្រពៃណី​របស់​ប្រទេសជាតិ​ខ្លួននីមួយៗ ទៅតាម​ជាតិ​សាសន៍ និង​តំបន់ ពិសេស​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ហើយ​ពួកគេ​តែងតែ​ប្រារព្ធ​ធ្វើឡើង​ទៅតាម​តំបន់​ទឹកដី និង​ជំនឿ​សាសនា​របស់គេ​ប៉ុណ្ណោះ។ សម្រាប់​ប្រជាជាតិ​ខ្មែរ​វិញ ប្រវត្តិ​នៃ​ធ្វើបុណ្យ​ចូលឆ្នាំថ្មី មាន​តាំងពី​បុរាណកាល​មក ហើយ​ប្រជាព​រដ្ឋ​ខ្មែរ ក៏បាន​រៀបចំ​កម្មវិធី​ចូលឆ្នាំ​នេះ​ជា​រៀងរហូត​មកដល់​បច្ចុប្បន្ន។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ធំ​មួយ​របស់​ខ្មែរ ហើយ​មាន​ម្តងគត់ ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ។

    ប្រវត្តិ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៖ នៅ​ដើម​នៃ​ភទ្ទកប្ប​មាន​សេដ្ឋី​ម្នាក់ មាន​បុត្រា​ឈ្មោះ​ធម្មបាល​កុមារ​ម្នាក់ អាយុ​ទើបតែ​ប្រាំពីរ​ឆ្នាំ តែមាន​ចំណេះវិជ្ជា​ដ៏​វិសេស និង​ចេះ​ចាំ​ចប់​នូវ​គម្ពីរ​ត្រី​វេទ។ ធម្មបាល​កុមារ ត្រូវបាន​សេដ្ឋី​ជា​បី​តា​របស់ខ្លួន សង់​ប្រាសាទ​មួយនា​មាត់ទន្លេរ ក្រោម​ដើម​ជ្រៃ​មួយ​ដ៏​ធំ ដែលជា​ទីស្នាក់អាស្រ័យ​នៃ​បក្សី​ទាំងឡាយ។ ធម្មបាល​កុមារ ក្រៅពី​វិជ្ជា​ដ៏​ពិសេស​ខាងលើ​ហើយ មាន​ជំនាញ​ជាច្រើន​ទៀត​ដូចជា អាច​និយាយ និង​ស្តាប់​គ្រប់​ភាសាសត្វ និង​អាច​ធ្វើជា​អាចារ្យ​សម្ដែង​មង្គលផ្សេងៗ ដល់​មនុស្ស​គ្រប់រូប​ផង។

    កាល​គ្រានោះ មនុស្សលោក​រមែង​រាប់អាន​មហាព្រហ្ម និង កបិល​មហាព្រហ្ម មួយអង្គ​ទៀត ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ហើយ​កបិល​មហាព្រហ្ម បាន​ជ្រាប​ព័ត៌មាន ពី​ធម្មបាល​កុមារ ក៏​ចុះមក​សួរ​បញ្ហា​នូវ​ចំណោទ​បី​ប្រការ ដល់​ធម្មបាល​កុមារ ហើយ​បានដាក់​ការ​សន្យាថា ប្រសិនបើ​ធម្មបាល​កុមារ អាច​ដោះប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះ​សិរសា​ទ្រង់ បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើសិន​ធម្មបាល​កុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះ​រួច​ទេ កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ចំពោះ​ប្រស្នា​នេះ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ប្រាំ​ពីថ្ងៃ​ដើម្បី​រក​ចម្លើយ។

    លុះ​កន្លងទៅ​ប្រាំមួយ​ថ្ងៃ​ហើយ ធម្មបាល​កុមារ​នៅតែ​រក​ចម្លើយ​មិនឃើញ និង​បានដឹងខ្លួន​ថា ព្រឹកស្អែក​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា កុ​បិ​ល​មហាព្រហ្ម​ជា​ប្រាកដ ដូច្នោះ​ហើយ​ធម្មបាល​កុមារ​បានសម្រេច​ចិត្តរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា។ ធម្មបាល​កុមារ បានរ​ត់ទៅ​ឆ្ងាយ​ពី​ភូមិ ហើយ​អស់កម្លាំង និង​ដល់ពេល​ល្ងាច​ល្មម​ត្រូវ​ឈប់សំរាក​ផង ក៏បាន​ចូលទៅ​សម្រាក​នៅក្រោម​ដើមត្នោត​មួយគូ​ដែលជា​សម្បុក​របស់​សត្វ​ឥន្ទ្រី​ញី ឈ្មោល​មួយគូ។

    នា​វេលា​យប់នោះ​សត្វ​ឥន្ទ្រី​ញី បាន​សួរ​ទៅ​ឥន្ទ្រី​ឈ្មោល​ថា «តើ​ព្រឹកស្អែក​នេះ យើង​នឹង​បាន​អាហារ​ពី​ណា​ស៊ី?» ឥន្ទ្រី ឈ្មោល​បាន​ឆ្លើយថា «យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ» ដែល​នឹងត្រូវ​កុ​បិ​ល​មហាព្រហ្ម​សម្លាប់​ពីព្រោះ​ដោះប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​បាន​សួរ​បន្តថា «ប្រស្នា​នោះ​ដូចម្តេច​ខ្លះទៅ?»។ ឥន្ទ្រី​ឈ្មោល បាន​និយាយ​រៀបរាប់ថា ប្រស្នា​ទីមួយ​នៅវេលា​ព្រឹក តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា? ត្រូវ​ឆ្លើយថា «ស្ថិតនៅត្រង់​មុខ»  ព្រោះ​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ​នៅពេល​ភ្ញាក់​ពី​ដំណេក​នា​ព្រឹក​ព្រលឹម។ ប្រស្នា​ទី​ពីរ សួរថា «នៅវេលា​ថ្ងៃត្រង់ តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា?» ត្រូវ​ឆ្លើយថា «ស្ថិតនៅត្រង់​ដើមទ្រូង» ព្រោះ​មនុស្ស​ត្រូវយក​ទឹក​មក​លប់លាង​ដើមទ្រូង​នា​វេលា​ថ្ងៃត្រង់ ដែល​អាកាសធាតុ​កំពុង​ក្តៅ។ ប្រស្នា​ទី​បី​សួរថា «នៅវេលា​យប់ តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា?» ។ ត្រូវ​ឆ្លើយថា «នៅត្រង់​ជើង» ព្រោះ​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​សំអាត​ជើង​មុនពេល ចូល​សម្រាក​និ​ន្ទ្រា​នា​រាត្រីកាល (ពេលយប់)។

    ធម្មបាល​កុមារ​បានឮ​ដូច្នោះ​ហើយ​មានចិត្ត​ត្រេកអ​រណាស់ ហើយក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ លុះ​ព្រឹក​ឡើង​កុ​បិ​ល​មហាព្រហ្ម​ក៏បាន​មក​សួរ​ប្រស្នា  ធម្មបាល​កុមារ​បាន​ឆ្លើយ​ដោះស្រាយ​តាម​ពាក្យ​ដែល​សត្វ​ឥន្ទ្រី​បាន​ឆ្លើយឆ្លង​គ្នា។ មុន​កាត់​ព្រះ​កេស កុ​បិ​ល​មហាព្រហ្ម បាន​ហៅ​ទេពធីតា​ទាំង​ប្រាំពីរ​អង្គ ដែលជា​បុត្រី​មក​ប្រាប់ថា «ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល បូជា​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិនបើ​ដាក់​ក្បាល​នោះ​នៅលើ​ផែនដី​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ។  បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ ទឹកនឹង​រីងស្ងួត​ហួត​អស់។ ដូច្នេះ​ចូរ​កូន​ទាំង​ប្រាំពីរ​អង្គ យកពាន​មក​ទទួល​ក្បាល»។ និយាយ​ចប់  កុ​បិ​ល​មហាព្រហ្ម​ក៏​កាត់​ក្បាល​របស់ខ្លួន​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុ​ង្សា​ទេវី ជា​បុត្រ​ច្បង។ ព្រះ​នាង ទុ​ង្សា​ទេវី បាន​យកពាន​ទៅ​ទទួល​ព្រះ​កេស​បិតា ដើរ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ  និង ទៅ​ប្រតិ​ស្ថាន​ទុក​ក្នុង​គុហា​គន្ធ​មាលី​ភ្នំ​កៃលាស ដោយ​បូជា​គ្រឿង​ទិព្វផ្សេង។

    ព្រះ​វិស្សកម្ម​ទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វ​ដោយ​កែវ​ប្រាំពីរ​ប្រការ ឈ្មោះថា «ភគវតី​សភា» ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​លុះដល់​គម្រប់​មួយឆ្នាំ ជា​សង្ក្រាន្ត ហើយ​ព្រះ​នាង​ទេព​ធិ​តា​ទាំង​ប្រាំពីរ​អង្គ ត្រូវ​ផ្លាស់​វេន​គ្នា​មក​អញ្ជើញ​ព្រះ​កេស​កុ​បិ​ល​មហាព្រហ្ម ចេញ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ រៀងរាល់ឆ្នាំ ទើប​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។ ព្រះ​នាង​ទាំង​ប្រាំពីរ​នោះ​ត្រូវ​ផ្តើមចេញពី​ព្រះ​នាង​ច្បង និង​បន្តបន្ទាប់​រហូតដល់​ព្រះ​នាង​ពៅ ដោយ​កំណត់​យក ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃអាទិត្យ គឺ​វេន​នាង​ច្បង​ទ​ស្សា​ទេវី សៀតផ្កា​ទទឹម បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ គឺ វេន​នាង​គោ​រាគៈ​ទេវី សៀតផ្កា​អង្គា​បុស្ស បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​អង្គារ គឺ វេន​នាង​រា​ក្យ​សា​ទេវី សៀតផ្កា​ឈូក បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ពុធ គឺ វេន​នាង​ម​ណ្ឌា​ទេវី សៀតផ្កា​ចម្ប៉ា បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ គឺ វេន​នាង​កិ​រិ​ណី​ទេវី សៀតផ្កា​ម​ណ្ឌា បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​សុក្រ គឺ វេន​នាង​កិ​មិ​រា​ទេវី សៀតផ្កា​ចង្កុលនី បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ គី វេន​នាង​ម​ហោ​ទរា​ទេវី សៀតផ្កា​ត្រកៀត ។ វេន​នេះ គឺ ព្រះ​នាង​ទាំង​ប្រាំពីរ​ត្រូវ​ហែរ​ព្រះ​កេស​បិតា ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ  ហើយ​ទៅ​ប្រតិ​ស្ថាន​ទុក​ក្នុង​គុហា​គន្ធ​មាលី​ភ្នំ​កៃលាស។

    ពេលវេលា​ចូលឆ្នាំ​ខ្មែរ ៖ ដើមឡើយ​ប្រជាពលរដ្ឋ​ខ្មែរ យើង​ប្រារឰ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ ក្នុង​ខែ «មិគសិរ» ព្រោះ​ដូនតា​បានកំណត់​យក​ខែ​នេះ​ជា​ខែ​ដើមឆ្នាំ។ សម័យ​ព្រេងនាយ ឆ្នាំនីមួយៗ បាន​ចែកចេញជា​បី​រដូវ «ហេមន្ដរដូវ គិម្ហ​រដូវ និង​វស្សានរដូវ»។ បុរាណ​ចា​រ្យ​លោក​គិតថា ហេមន្ដរដូវ ជា​រដូវ​ត្រជាក់​ត្រូវ​ចាត់ទុកជា​ដើមឆ្នាំ ប្រៀបបាន​នឹង​ពេលព្រឹក​ព្រលឹម គឺ ជាដើម​ថ្ងៃ។ គិម្ហ​រដូវ ជា​រដូវក្ដៅ ត្រូវ​ចាត់ទុកជា កណ្ដាល​ឆ្នាំ​ប្រៀបដូចជា​ពេល​ពេល​ថ្ងៃត្រង់។ ចំណែកឯ វស្សានរដូវ ជា​រដូវ​ដែល​មេឃមីរ​ងងឹត​មាន​ភ្លៀង​ផ្គរ ត្រូវ​ចាត់ទុកជា​ចុងឆ្នាំ ប្រៀបបាន​នឹង​ពេលយប់។ លុះ​ចំណេរ​កាល​ក្រោយមក គ្រា​ដែល​បុព្វបុរស​ខ្មែរ យើង​អនុលោម​ប្រើ ចុល្លសករាជ ជាសំខាន់​នោះ ទើប​ការ​ចូលឆ្នាំថ្មី​មានការ​ប្រែប្រួល ហើយ​កំណត់​យក​ខែចេត្រ​ជាដើម​ឆ្នាំ​វិញ។ តាម​ទំនៀម​ពិធី​ចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន​បី​ថ្ងៃ ហើយ​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​កណ្តាល ជា​ថ្ងៃ​វារៈ​វ័ន​បត និង​ថ្ងៃ​ចុងក្រោយ ជា​ថ្ងៃ​ឡើងស័ក។

    «ថ្ងៃ​មហាសង្ក្រាន្ត» ជា​ថ្ងៃ​ទីមួយ  ឬ​ជា​ថ្ងៃ​ចូលឆ្នាំ​ដំបូង គេ​សង្កេតឃើញ នៅតាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរនីមួយៗ មាន​សមាជិក​ស្លៀកពាក់​ស្អាតបាត មក​អង្គុយ​ជួបជុំគ្នា​នៅមុខ​អាសនៈ ដោយមាន​រៀប​ពលីកា រង់ចាំ​ស្ដាប់​សំឡេង​ស្គរ​ពី​វត្ត ឯនាយ​ឲ្យ​សញ្ញា​ថា ឆ្នាំ​ថ្មី​នឹង​មកដល់​បន្តិចទៀតនេះ។ កាល​ឮសូរ​សំឡេង​ស្គរ​រោទ៍​រណ្ដំ​ហើយ ពិធី​ក៏​ចាប់ផ្ដើម​ប្រព្រឹត្តទៅ ដោយមាន ទាន ធូប ត្រូវបាន​ដុត​ឡើង ដោយ​គារវៈ​ក្រាបថ្វាយបង្គំ​ព្រះពុទ្ធ​បដិមា​បី​ដង និង​នាំគ្នា​ចាប់ផ្ដើម​សមស្សការ​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ បន្ទាប់មក​នាំគ្នា​សូម​ស្វា​គម​វត្តមាន​ទេវតា​ឆ្នាំ​ថ្មី។

    «ថ្ងៃ​វារៈ​វ័ន​បត» ជា​ថ្ងៃទី​ពីរ ឬ​ថ្ងៃ​កណ្តាល​នៃ​ថ្ងៃ​ចូលឆ្នាំ  គឺជា​ថ្ងៃ​សម្រាប់​បូជា និង​ដាក់​ទាន ហើយក៏​ជា​ថ្ងៃ​ដែល​មនុស្សម្នាក់ៗភ្ញាក់​ពី​ព្រលឹម​ខុសពី​ធម្មតា​ដែរ ព្រោះ​ត្រូវ​រៀបចំ​វត្ថុ​ជាច្រើន​មុខ យ៉ាង​សមរម្យ មាន​សម្លៀកបំពាក់​ថ្មី និង ចំណីអាហារ​យកទៅ​ជូន​ដល់​មាតាបិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ​ជ​ដើម ដើម្បី​ជាការ​រំលឹក​នូវ​ការគោរព ការដឹងគុណរ ចំពោះ​អ្នកមានគុណ​ទាំងឡាយ ហើយ​គ្រួសារ​បរិច្ចាគ​លុយកាក់​ដាក់​ទាន​ដល់​ជនក្រីក្រ ដល់​អ្នកបម្រើ និង​គ្រួសារ​ទុគ៌ត​ទាំងឡាយ និង​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​បុព្វការី​ជន​ផង និង​ពូន​ភ្នំ​ធំ​ខ្សាច់ ដែលមាន​ពំនូក​ខ្សាច់កណ្តាល​មួយ​ធំ និង​ពំនូក​ភ្នំខ្សាច់តូចៗបួន​អម​សង្ខាង ធ្វើ​រាជវ័តិ​ព័ទ្ធជុំវិញ ដោយមាន​ទ្វារ​ចេញចូល​បួន​ទិស។

    «ថ្ងៃ​វារៈ​ឡើងស័ក្ក» ជា​ថ្ងៃ រៀបចំ​នូវ​ពិធី​និមន្ត​ព្រះសង្ឃ ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប​នៅវេលា​រសៀល ហើយក៏​មានកម្ម​វិធី​មួយ​ផ្សេងទៀត គឺ ការ​និមន្ត​ព្រះសង្ឃ​ធ្វើ​កិច្ច​ឆ្លង​ភ្នំខ្សាច់។

    ថ្ងៃខែ​ចូលឆ្នាំ​ខ្មែរ​ត្រូវបាន​កំណត់​យក និង​តែ​ប្រ​ព្រឹ​ត្ដ​ឡើង ក្នុង​ខែចេត្រ មិន​យក​ខែ​មិគសិរ​ទេ ព្រោះ​បុព្វបុរស​ខ្មែរ​យល់ថា នៅក្នុង​ខែ​មិគសិរ​នេះ ប្រជាកសិករ​ខ្មែរ មានភាពវ​ល់ និង​មមាញឹក​ច្រើន ក្នុង​របរ​កសិកម្ម និង​ការងារ​ស្រែចម្ការ​ជាដើម។ ហេតុនេះ​បុព្វបុរស​ខ្មែរ បាន​កំណត់ពេល​ចូលឆ្នាំ មក​ធ្វើ​ក្នុង​ខែចេត្រ ព្រោះ​ខែ​នេះ ប្រជាកសិករ បាន​ច្រូតកាត់ បោក​បែន​ចប់សព្វគ្រប់ ហើយ​ពលរដ្ឋ​ក៏មាន​ពេលទំនេរ និង​ឱកាស​ធ្វើ​បុណ្យទាន​កម្សាន្ដ​សប្បាយ​តាម​ប្រាថ្នា។ តាម​ជំនឿ​នេះ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ប្រ​ព្រឹ​ត្ដទៅ​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ12 13 14 រោច​ខែចេត្រ​ត្រូវ​នឹង​ថ្ងៃទី13 14 15 ឬ​ថ្ងៃទី14 15 16 ខែមេសា។

    ល្បែង​ប្រជាប្រិយ ៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ នៅ​ភូមិដ្ឋាននីមួយៗ ពិសេស​វត្ត​អារាម បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​លេងល្បែង​ប្រជាប្រិយ ដែល​បន្សល់ទុក​ពី​ដូច​តា​មក ដែលជា​ការឆ្លុះបញ្ចាំង​នូវ​មរតក​វប្បធម៌​ដ៏​ល្អ​ផូរផង់ ដែល​បាន​ចាក់​ឬ​ស​ចូលក្នុង​ផ្នត់គំនិត ពលរដ្ឋ​ខ្មែរគ្រប់ៗរូប។ ល្បែង​ប្រជាប្រិយ​សម្រាប់​លេង​កំសាន្ត​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​រួមមាន​ដូចជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ដណ្តើម​ស្លឹកឈើ វាយក្អម ឡើង​សរសរ​ខ្លាញ់​ជាដើម។ ក្រៅពី​ល្បែង​កម្សាន្ត​នេះ នៅមាន​ពិធី​រាំ​សប្បាយរីករាយ​ឆ្នាំ​ថ្មី​ទៀត​ដូចជា រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ជាដើម។ កេរដំណែល​ពី​ដូច​តា​ទាំងនេះ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា៕

  • អស្ចារ្យមែន!! កូនខ្មែរច្នៃសម្បកកង់ឡាន ធ្វើជាប្រាសាទអង្គរវត្ត រង់ចាំស្វាគមន៍ភ្ញៀវមកលេងមហាសង្ក្រាន្ដនៅបាត់ដំបង

    អស្ចារ្យមែន!! កូនខ្មែរច្នៃសម្បកកង់ឡាន ធ្វើជាប្រាសាទអង្គរវត្ត រង់ចាំស្វាគមន៍ភ្ញៀវមកលេងមហាសង្ក្រាន្ដនៅបាត់ដំបង

    មុននេះបន្ដិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីមួយបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា យុវជនខ្មែរយើងបានព្យាយាមច្នៃប្រឌិតសម្បកកង់រថយន្ដចាស់ៗឱ្យកា្លយជាប្រាង្គប្រាសាទអង្គរវត្តយ៉ាងល្អប្រណីតដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលនឹងមកលេងកម្សាន្ដនៅទឹកដីខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យមហាសង្ក្រាន្ដឆ្នាំថ្មីនេះ។

    បើតាមការបញ្ជាក់របស់លោក Fang Fang Chiness បានឱ្យដឹងថា ប្រាង្គប្រាសាទដែលបានសាងពីសម្បកកង់រថយន្ដចាស់ៗនេះ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសុភមង្គល តាមផ្លូវវាងក្រុងបាត់ដំបង។ លោកបានប្រាប់បន្ថែមថា ប្រាង្គប្រាសាទអង្គរវត្តសិប្បនិម្មិតដ៏ល្អឯកមួយនេះ គឺជាស្នាដៃរបស់កូនខ្មែរដែលមានគំនិតច្នៃប្រឌិត ចេះប្រមូលផ្ដុំសម្បកកង់ និងពោះវៀនកង់ឡាន យកមកកាត់ហើយផ្គុំតម្រៀបគ្នាចេញជារូបប្រាសាទអង្គរវត្តដ៏ល្អស្អាត។ ប្រសិនបើប្រិយមិត្តទាំងអស់បានឃើញហើយ សូមកុំភ្លេចធ្វើដំណើរទៅខេត្តបាត់ដំបង ដើម្បីទៅចូលលេងកម្សាន្ដ និងទស្សនាទាំងអស់គ្នា។

    គួរបញ្ជាក់ផងដែរថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ នៅលើទឹកដីខេត្តបាត់ដំបងមានរៀបចំកម្មវីធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស 2562 គ.ស 2018 នៅតាមបណ្ដាទីរមណីយដ្ឋានធំៗ និងមានការតាំងបង្ហាញនូវរូបផ្លែម្នាស់យក្ស ដែលបង្ហាញពីសក្ដានុពលកសិកម្ម និងភោគផលដំណាំ រួមទាំងផ្លែពោតយក្ស និងផលិតផលភូមិមួយ ផលិតផលមួយទៀតផង និងកាន់តែពិសេសទៅទៀតនោះ នៅមានការរាំលេងកម្សាន្តតាមចង្វាក់តន្រ្តីប្រជាប្រិយប្រពៃណីខ្មែរគ្រប់ទម្រង់ទាំងអស់ ដើម្បីលើកស្ទួយកេរមរតកដូនតាខ្មែរយើងទៀតផង៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ៖

  • ស្តាប់​ប្រវត្តិ​របស់​អគ្គនាយក​ក្រុមហ៊ុន Forte Insurance និង​ដំណើរ​ការបង្កើត​ក្រុមហ៊ុន​ដំបូង

    ស្តាប់​ប្រវត្តិ​របស់​អគ្គនាយក​ក្រុមហ៊ុន Forte Insurance និង​ដំណើរ​ការបង្កើត​ក្រុមហ៊ុន​ដំបូង

    ជា​បុរស​សញ្ជាតិ​ខ្មែរ​ម្នាក់​ដែលមាន​បទពិសោធ​ច្រើន​លើ​វិស័យ​ធានារ៉ាប់រង ព្រោះ​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នៅក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​ដ៏​ធំ​មួយ ដែលអាចនិយាយបាន​ថា​លោក​ធ្លាប់​ប្រឡូក​ក្នុង​វិស័យនេះ​យ៉ាង​ឆ្អិន និង​ស្គាល់​យ៉ាងច្បាស់​អំពី​ធុរកិច្ច​លើ​វិស័យ​ធានារ៉ាប់រង​នេះ។ បុរស​ម្នាក់​នោះ​គឺ លោក យក់ ចំរើន​ឫទ្ធិ ដែល​សព្វ​ថ្ងៃជា​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។

    បន្ត​ទៅនេះ សារព័ត៌មាន ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​មក​ស្គាល់​រូបលោក​ជាមួយនឹង​ជីវប្រវត្តិ​ការសិក្សា ការតស៊ូ បទពិសោធ​ទាក់ទង​នឹង​ជីវិត និង​ធុរកិច្ច​ក្នុង​វិស័យ​ធានារ៉ាប់រង​ដូចខាងក្រោម។

    លោក យក់ ចំរើន​ឫទ្ធិ កើត​នៅ​អំឡុង​ឆ្នាំ1966 ក្នុងភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ព្រៃវែង ខេត្តព្រៃវែង។ ក្នុងចំណោម​បងប្អូន4នាក់។ លោក​គឺជា​កូន​ទី2 ដែលមាន​ឪពុក​ជា​គ្រូបង្រៀន និង​មាន​ម្តាយ​ជា​អាជីវករ​ដែលមាន​ជីវភាព​ធូរធារ​នៅក្នុង​ភូមិ។ ក្រោយពី​ចាប់កំណើត​មិនទាន់​ដឹងក្តី​ស្រួលបួល​ផង នៅ​ឆ្នាំ1970 រដ្ឋប្រហារ លន់ នល់ បាន​កើតឡើង​ធ្វើឱ្យ​កុមារ​ទាំងឡាយ​នៅក្នុង​ភូមិ​រួមទាំង​រូបលោកមិនបាន​ចូលរៀន ព្រោះ​ពេលនោះ​ប្រទេសជាតិ​ត្រូវ​ស្ថិតក្រោម​ភ្លើងសង្គ្រាម ហើយ​ឪពុក​របស់លោក​ត្រូវ​បែក​ចេញពី​គ្រួសារ​ដោយសារ​ត្រូវ​ខាង​រដ្ឋការ​ផ្លាស់​ឱ្យមក​បង្រៀន​នៅ​ទីក្រុង​ភ្នំពេញ​ធ្វើឱ្យគ្រួសារ​របស់លោក​ជួប​ការលំបាក​យ៉ាងខ្លាំង។

    លោក​រៀបរាប់ថា កាល​នៅ​ក្មេង លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ឪពុក​ច្រើនជាង​ម្តាយ ឪពុក​របស់លោក​តែង​បង្ហាត់បង្រៀន​លោក​ក្រោយ​ទំនេរ​ពី​ការងារ ដូច្នេះ​ពេល​លោក​បែក​ពី​ឪពុក លោក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត និង​ពិបាកចិត្ត។ រៀងរាល់​ល្ងាច ពេល​សម្លឹង​ឃើញ​ស្លឹកឈើ​ត្រូវ​ខ្យល់​បក់រវិចៗ លោក​មាន​អារម្មណ៍​ថា ហាក់បីដូចជា​ឪពុក​កំពុង​បក់ដៃ​ហៅ ពេលខ្លះ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹងខ្លួន​ដោយសារ​នឹក​ឪពុក​ពេក និង​នៅពេលនោះ​ហើយ​ដែល​ម្ដាយ​របស់លោក​បានសម្រេច​ចិត្ត​នាំ​កូនចៅ​ចាក​ចេញពី​ស្រុកកំណើត​ទាំង​ប្រថុយប្រថាន​ជីវិត ដើម្បី​មក​ភ្នំពេញ​ស្វែងរក​ឪពុក។

    «ពេលធ្វើ​ដំណើរ​មក​ភ្នំពេញ​នោះ គ្រួសារ​ខ្ញុំ​បាន​ជួល​កង់​គេ​ជិះ ហើយ​ត្រូវ​ទាហាន​អាមេរិកកាំង​ឃើញ​ពួកគេ​ក៏​ទម្លាក់​គ្រាប់បែក​កាត់មុខ​ដំណើរ​របស់​យើង ធ្វើឱ្យ​ឆេះ​សម្ពាយ​ទ្រព្យសម្បត្តិ និង​ខោអាវអស់រលីង និង​ត្រូវគេ​ចាប់បាន​ទៀត។ ពួកគេ​ប្រុង​យក​ពួកយើង​ទៅ​សម្លាប់ចោល តែ​សំណាងល្អ​ណាស់​ដែល​នៅពេលនោះ​ម្តាយ​ខ្ញុំ​គាត់​បានដាក់​លុយ​តាម​ខ្លួន​ខ្លះ​ដែរ នៅពេល​គេ​ឆែក​ឃើញ​លុយ យើង​បានឱ្យ​លុយ​នោះ​ទៅ​គេ​ទាំងអស់ ហើយ​អង្វរ​សុំ​តែ​រស់​ជីវិត ទើប​គេ​ព្រម​ដោះលែង​មកវិញ កុំ​អី​ពេលនោះ​ពួកយើង​ស្លាប់​បាត់ទៅហើយ»។

    បន្ទាប់ពី​មកដល់​ទីក្រុង​ភ្នំពេញ លោក និង​គ្រួសារ​ក៏បាន​ជួប​ឪពុក​វិញ​ក្នុងអំឡុង​ឆ្នាំ1972 ហើយ​បន្ទាប់ពី​នោះមក លោក​ក៏បាន​ចូលរៀន​ថ្នាក់​ទី10 (ស្មើនឹង​ថ្នាក់​ទី3បច្ចុប្បន្ន)ដោយសារតែ​ចេះ​អាន​អក្សរ​តាំងពី​តូច​មក​តាមរយៈ​ឪពុក​បង្រៀនខ្លះៗហើយ​ហ្នឹងឯង។ តែ​ក្រោយពី​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ចៅ​ពញាយ៉ាត​នៅ​ម្តុំ​ផ្សារ​តូច (ទួល​សង្កែ)បានត្រឹមតែ4ខែ ស្រាប់តែ​ត្រូវ​ពួក​ទាហាន​ខ្មែរក្រហម​វាយឆ្មក់​រំខាន​នៅ​តំបន់​នោះ ធ្វើឱ្យ​ក្រុមគ្រួសារ​លោក​ត្រូវ​ផ្លាស់​ទីលំនៅ​ពី​ផ្សារ​តូច​មក​នៅ​ជិត​ផ្សារ​ដើម​គរ​វិញ​ម្ដង ហើយ​រូបលោក​ក៏បាន​ផ្ទេរ​មក​រៀន​នៅសាលាបឋមសិក្សា​ឃ្លាំង​រំសេវ (ទល់មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​បច្ចុប្បន្ន)វិញ​ម្ដង។

    ក្រោយពី​រៀន​បាន​មួយឆ្នាំ ឪពុក​លោក​ក៏​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​ខេត្តបាត់ដំបង ពេលនោះ​លោក​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​គោក​ឃ្មុំ តែ​ក្រោយពី​រៀន​បានត្រឹមតែ​មួយឆ្នាំ​ក៏ត្រូវ​ផ្អាក​រហូត ដោយសារតែ​ពួក​ខ្មែរក្រហម​បានឈ្នះ​សង្គ្រាម និង​ចូល​កាន់កាប់​ទូទាំងប្រទេស​កម្ពុជា​នៅ​ឆ្នាំ1975។

    ក្នុងសម័យ​ប៉ុលពត លោក​ត្រូវបាន​គេ​ចាត់​ឱ្យ​ចូលទៅ​នៅក្នុង​កងចល័ត​កុមារ នៅ​ភូមិ​គ្រួស ឃុំ​គោក​ឃ្មុំ និង​បាន​ចូលរួម​លើក​ទំនប់​អាងទឹក​បាន​ពីរ គឺ​អាង​ក្នុងភូមិ​គ្រួស និង​អាងទឹក​កំពីងពួយ។

    ជំនាន់​នោះ បើ​និយាយ​ពី​រឿង​លំបាក​វិញ គឺ​លំបាក​ណាស់​ក្នុងនាម​ជា​យុវជន 3ទៅ4ខែ​ទើបបាន​ជួប​ក្រុមគ្រួសារ​ម្តង ហើយ​ត្រូវគេ​បង្ខំ​ឱ្យធ្វើ​ការ 17 ទៅ18ម៉ោង​ក្នុង​មួយថ្ងៃ ពេលខ្លះ​អស់កម្លាំង​ខ្លាំងសូម្បីតែ​ពេល​ដើរ​ក៏​ស្ទើរតែ​ដេកលក់​ដែរ ហើយ10ថ្ងៃ​ទើបបាន​ងូតទឹក​ម្តង ដោយសារតែ​បាន​ជិះរទេះ​ដឹក​ទឹក​ទៅ​ជួយ​ដងទឹក​គេ ទើបបាន​ងូតទឹក​តែម្តងទៅ។ សម័យ​នោះ​ហូប​តែ​សម្ល​ដើម​ចេក​ដែល​គេតែង​ហៅថា (សម្ល​អំពូល​ម៉ែត្រ) ហើយ​សម្ល​នោះ​ទៀតសោត ជួន​ក៏មាន​អំ​បឹ​ល​ដាក់ ជួន​ក៏​អត់​មាន​ទៅទៀត។ ជួន​គេ​ចែក​ត្រី​ឱ្យ​តិចតួច ជួន​អត់​មាន ហូប​តែ​ដើម​ចេក និង​ទឹក ឯ​បបរ​វិញ គេ​ដួស​ឱ្យតែ2-3វែក​ប៉ុណ្ណោះ ហើយ​រា​វក​ក្លូ​កទៀត។ សរុបទៅ​ការរស់នៅ​ពេលនោះ​ពិបាក​វេទនា​ខ្លាំងណាស់។

    ធ្មេចបើកៗរហូតដល់​ឆ្នាំ1979 របប​ខ្មែ​ក្រហម​បាន​ដួល​រំលំ​រលាយ គ្រួសារ​ជាច្រើន​គេ​នាំគ្នារ​ត់ទៅ​ជំរំ តែ​គ្រួសារ​របស់លោក​ត្រឡប់មក​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​វិញ។ ដល់​ឆ្នាំ1980 លោក​ក៏បាន​ចូលរៀន​ថ្នាក់​ទី4 នៅ​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង ហើយ​ពេល​រៀន​ចប់​ថ្នាក់​ទី5 មួយឆ្នាំ​បន្ទាប់មក លោក​ក៏​ឡើងមក​នៅ​ភ្នំពេញ​រៀន​នៅ​សាលា​បឹងត្របែក ដោយបាន​ទិញ​ផ្ទះ​តូច​មួយ​នៅ​ជាន់​លើតម្លៃ 3ជី​មាស ស្នាក់នៅ​តែម្នាក់ឯង​ដែលអ្វីៗត្រូវ​តស៊ូ​ដោយ​ខ្លួនឯង។ ក្នុង​មួយខែ​ម្តាយ​ផ្ញើ​ប្រាក់ 150រៀល និង​អង្ករ 15គីឡូក្រាម​មកឱ្យ។ សម័យ​នោះ ញ៉ាំ​បាយ​ស្រូប​មួយ​ចាន​តម្លៃ 5រៀល ដូច្នេះ​អត់​ហ៊ាន​ញ៉ាំ​បាយ​ស្រូប​ទេ គឺ​ដាំបាយ​ទុក​ហូប​ពី​ព្រឹក​ដល់​ល្ងាច​តែម្ដង និង​ឆ្លៀតពេល​បង្រៀន​គេ​បន្ថែម ក្នុង​មួយខែ​រកបាន100 – 200រៀល​បន្ថែមទៀត។ រហូតដល់​ឆ្នាំ1986ប្រឡង​ជាប់​បាក់​ឌុប ក៏បាន​ចូលរៀន​បន្ត​ផ្នែក​សេដ្ឋកិច្ច​ផែនការ​នៅ​វិទ្យាស្ថាន​ជាតិ​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន​ជា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM)។

    លុះ​ឆ្នាំ1991 លោក​ក៏បាន​ចូលធ្វើការ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅពេលនោះ ប្រទេស​បាន​ផ្លាស់ប្តូរ​ទម្រង់​ពី​សេដ្ឋកិច្ច​ផែនការ​មកជា​សេដ្ឋកិច្ច​ទីផ្សារសេរី ដែលមាន​ភាពខុសគ្នា​ដាច់​រវាង​ចំណេះដឹង និង​ការងារ ដូច្នេះ​លោក​ចាំបាច់​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​បន្ថែម​ពី​ការងារ​បន្តទៀត។ សម្រាប់​ការងារ​នៅក្នុង​ក្រសួង​លោក​ទទួលបន្ទុក​នៅក្នុង​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង ហើយ​ជាម​នុស្ស​ទី1 ដែល​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន​នានា​នៅ​សម័យ​នោះ។ ក្នុង​ឆ្នាំ1991នោះដែរ លោក យក់ ចំរើន​ឬ​ទ្ឋិ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ឈ្មោះ អុំ សុគ​ន្ឋា ជា​កូនក្រមុំ​អ្នក​ខេត្តព្រៃវែង​ដូចគ្នា ហើយ​បច្ចុប្បន្ន​លោក​មានកូន 3នាក់ កូនច្បង​រៀបចំ​រកស៊ី​ដោយ​ខ្លួនឯង កូន​ទី2កំពុង​រៀន​នៅ​មហាវិទ្យាល័យ និង​កូនស្រី​ពៅ​កំពុង​រៀន​អនុវិទ្យាល័យ​នៅឡើយ។

    រហូតដល់​ឆ្នាំ1996 លោក​បាន​សុំ​ឈប់​ធ្វើការ​ពី​ក្រសួង​សេដ្ឋកិច្ច ដោយ​ងាក​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាស៊ី (Asia Insurance) ក្នុងតួនាទី​ជា​អ្នកកាន់ការ​ងារ​ប្រតិបត្តិការ​ទូទៅ​រហូតដល់​ឆ្នាំ 1999 ទើប​លោក​ផ្លាស់​មក​ចូលរួម​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ក្នុងតួនាទី​ជា​អ្នកចាត់ការ​ទូទៅ ដែល​ពេលនោះ​ក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ទើប​តែមាន​បុគ្គលិក 4នាក់​ដំបូង​ប៉ុណ្ណោះ។

    លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូ​ស្រា្ត​លី និង​បច្ចុប្បន្ន​លោក​នៅតែ​រៀន​បន្តទៀត​នៅឡើយ​ដោយនៅ​ពេលខាងមុខឆាប់ៗនេះ លោក​នឹង​ទៅប្រឡង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បញ្ចប់​យក​សញ្ញាបត្រ Fellowship ផ្នែក​ធានារ៉ាប់រង ដែល​ស្មើនឹង​ថ្នាក់បណ្ឌិត ហើយ​សញ្ញាបត្រ​នេះ​ទំនង​ជាមាន​តែមួយ​ប៉ុណ្ណោះ​នៅ​កម្ពុជា​យើង។

    ដំណើរ​ការបង្កើត​ក្រុមហ៊ុន Forte Insurance ដំបូង និង​ការរីកចម្រើន “ការផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន គឺជា​កត្តា​សំខាន់បំផុត​សម្រាប់​ក្រុមហ៊ុននីមួយៗដើម្បី​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​របស់​ក្រុមហ៊ុន” នេះ​ជាការ​លើកឡើង​របស់លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។

    ដើម្បី​ដឹងថា តើ​ការផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន​ជួយ​ឱ្យ​ក្រុមហ៊ុន​ជោគជ័យ​នៅលើ​ទីផ្សារ​យ៉ាងណាខ្លះ​នោះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកយកព័ត៌មាន​កាសែត​ឡា​រ៉ែ​ន​ជាមួយ​លោក យក់ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី ដែលមាន​សំណួរ-ចម្លើយ​ដូចខាងក្រោម៖

    1.សំណួរ​ជាដំបូង​ខ្ញុំ​សូម​អនុញ្ញាត​សួរថា តើ​ក្រុមហ៊ុន Forte Insurance ចាប់ផ្តើម​ដំណើរការ​នៅលើ​ទីផ្សារ​កម្ពុជា​ចាប់ពី​ពេលណា​មក? និយាយ​ពី​ប្រវត្តិ​ក្រុមហ៊ុន Forte Insurance គឺយើង​ចាប់ផ្តើម​នៅ​ថ្ងៃទី26 ខែកក្កដា ឆ្នាំ1997 គឺជា​ថ្ងៃ​ដែល​យើង​បាន​ចុះបញ្ជី ប៉ុន្តែ​កាលៈទេសៈ​នោះ កម្ពុជា​នៅ​មិនទាន់មាន​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុនធានារ៉ាប់រង​ពេញសិទ្ធិ​នៅឡើយ​ទេ គឺ​គ្រាន់តែ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ធ្វើ​អាជីវកម្ម​ក្រោម​ស្លាក​របស់​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា Caminco កា​មិន​កូ។ ដំណាក់​កាលនោះ ជា​ដំណាក់​កាលដែល​យើង​គ្រាន់តែ​រៀបចំ​ការងារ​ប៉ុណ្ណោះ រហូតដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2003 ទើប​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ។

    2.តើ​យើង​ត្រូវធ្វើ​ដូចម្តេចខ្លះ​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ដូច្នេះ? កាលណោះ​ក្រុមហ៊ុន​ក៏មាន​ភាព​ប្រទាំង​ប្រទើស​ផងដែរ ដោយសារ​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះ​នៅ​ប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅឡើយ​ទេ ដូច្នេះហើយ​បានជា​យើង​ត្រូវ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ជាតិ​ជាមុនសិន រង់ចាំ​ការផ្តល់ឱ្យ​ពី​រដ្ឋាភិបាល​ចេញ​តាម​ក្រោយ ព្រោះថា វិជ្ជាជីវៈ ឬ​មុខរបរ​ធានារ៉ាប់រង​នេះ វា​ជា​មុខរបរ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ដូច​ធនាគារ​ដែរ បើ​យើង​ធ្វើ​មិនបាន​ច្បាស់លាស់​ទេ វា​នឹង​បង្ក​ការលំបាក ដូចជា​ក្រុមហ៊ុន​មួយចំនួន​បើក​ដំណើរការ​មួយរយៈ​ហើយ​ដួលរលំ​ទៅវិញ​ដែល​ដូចជា​ការបង្ក​ជា​ហានិភ័យ​ទៅដល់​អតិថិជន​ដូច្នោះ​ដែរ។

    3. រហូត​ពេល​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​តើ​មាន​អតិថិជន​ទទួលយក​សេវា​ពី Forte Insurance ដែរឬទេ? បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ2003រួចមក ក្រុមហ៊ុន​បាន​ចំណាយពេល​ពេញ​មួយឆ្នាំ​ទៀត គឺ​ឆ្នាំ2004 ទើប​ក្រុមហ៊ុន​បាន​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នាំមុខគេ​នៅលើ​ទីផ្សារ​កម្ពុជា​រហូតដល់​ពេលបច្ចុប្បន្ន។ នៅពេលនោះ​ក្រុមហ៊ុន​នៅ​មិនទាន់មាន​បុព្វលាភ​ធានារ៉ាប់រង​ច្រើន​នៅឡើយ​ទេ មាន​ប្រហែល​តែ​ជាង 2លាន​ដុល្លារ​ប៉ុណ្ណោះ តែ​រហូតមកដល់​ឆ្នាំ2017នេះ ទើប​ក្រុមហ៊ុន​បាន​ពង្រីក​បុព្វលាភ​រហូតដល់36លាន​ដុល្លារ។

    4. តើ​កាលណោះ​ក្រុមហ៊ុន​មាន​ផលិតផល​អ្វីខ្លះ​សម្រាប់​លក់​នៅលើ​ទីផ្សារ? មុន​ចូលដល់​សំណួរ​នេះ​ខ្ញុំ​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អាជ្ញាប័ណ្ណ​ធានារ៉ាប់រង 4ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មាន៖

    • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ទូទៅ មានដូចជា​ធានា​ទៅលើ​យានយន្ត ទ្រព្យ​សម្ភារ សំណង់ និង​សុខភាព​ជាដើម
    • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​អាយុជីវិត ដែល​ធានា​ទៅលើ​អាយុជីវិត​មនុស្ស ដូចជា​ការស្លាប់​ជាដើម។
    • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​បន្ត (Re Insurance) ជា​ក្រុមហ៊ុន​ដែល​មិនមាន​ផលិតផល​ធានារ៉ាប់រង​ខ្លួនឯង​ទេ។ ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​នេះ​បាន​ផ្ទេរ​ហានិភ័យ​បន្ត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​ផ្សេង។
    • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ខ្នាតតូច Micro Insurance។

    ងាក​មក​សំណួរ​ខាងលើ​វិញ Forte Insurance មាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ2003 គឺ​អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ទូទៅ​ដែល​ផ្តោត​សំខាន់​ទៅលើ​ធានារ៉ាប់រង​យានយន្ត ធានារ៉ាប់រង​ទ្រព្យ​សម្ភារ ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​ផ្សេង។ នៅ​សម័យ​នោះ​ក្រុមហ៊ុន​ផ្តោត​ខ្លាំង​ទៅលើ​ទ្រព្យ​សម្ភារ ដោយសារតែ​កាលនោះ​យើង​មានតែ​ក្រុមហ៊ុន​បរទេស​ទេ​ដែល​គាត់​យល់​ពី​សារៈប្រយោជន៍​នៃ​ការធ្វើ​ធានារ៉ាប់រង​ទទួលយក​សេវា​ពី​ក្រុមហ៊ុន​ទៅ​ធានា​លើ​ទ្រព្យ​សម្ភារ និង​ការដ្ឋាន​សំណង់​ពួកគេ។

    5.នៅ​សម័យ​នោះ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​យល់​អំពី​សារៈសំខាន់​នៃ​វិស័យ​ធានារ៉ាប់រង​នៅឡើយ​ទេ ដូច្នេះ​ការលក់​ផលិតផល​នៅលើ​ទីផ្សារ​មាន​ជួប​ការលំបាក​ដែរឬទេ? ការលំបាក​មាន​ច្រើនណាស់ និង​មាន​លក្ខណៈពិសេស និង​ដាច់ដោយឡែក​ពីគ្នា។ ការលំបាក​ទី1 គឺ​អតិថិជន​ដែលជា​ពលរដ្ឋ​ខ្មែរ​នៅ​មិនទាន់​យល់ថា តើ​អ្វី​ទៅជា​ការធានារ៉ាប់រង? ព្រោះថា​វិស័យធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​បាន​បាត់បង់​តាំងពី​ឆ្នាំ1975 រហូតមកដល់​ឆ្នាំ2003 គឺ​បាត់​មនុស្ស​អស់​មួយ​ជំនាន់​ទៅហើយ ដែលជា​ការលំបាក​សម្រាប់​ធ្វើឱ្យ​ពលរដ្ឋ​យល់​ពី​វិស័យ​ធានារ៉ាប់រង​នេះ​ឡើងវិញ ម្យ៉ាងទៀត​កាលណោះ​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​គឺមាន​ចំណូល​ត្រឹមតែ​គ្រប់គ្រាន់​ហូបចុក​ស្លៀកពាក់ ប​ញ្ជួ​ន​កូន​ទៅ​សាលារៀន និង​រស់នៅ​សមរម្យ​ប៉ុណ្ណោះ មិនមាន​នៅសល់​សម្រាប់​ទិញ​ធានារ៉ាប់រង​នោះទេ។ ការលំបាក​មួយទៀត គឺ​ហេដ្ឋារចនាសម្ព័ន្ធ កាលណោះ​នៅ​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ ព្រោះថា ធានារ៉ាប់រង​ធ្វើ​ឡើងទៅ​តាមតែ​កិច្ចសន្យា​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​គឺ​មិនទាន់​យល់ ហើយ​តុលាការ​ក៏​នៅ​មិនទាន់​យល់​ដែរ​ដូច្នេះ​ពេល​មាន​បញ្ហា​រវាង​អ្នកធានា និង​អ្នកទិញ​សេវា និង​ពេល​ប្តឹង​ឡើង​តុលាការ គេ​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​នោះទេ ដែល​នេះ​គឺជា​ការលំបាក​ធំ។

    6.បើ​លំបាក​ដូច្នេះ តើ​ក្រុមហ៊ុន​ត្រូវធ្វើ​ដូចម្តេច​ទើប​ទទួលជោគជ័យ​នៅលើ​ទីផ្សារ​នេះ? កសាង​ទំនុកចិត្ត​ជូន​អតិថិជន គឺជា​រឿង​សំខាន់​ជាងគេ​បំផុត នៅពេលដែល​យើង​ចាប់ផ្តើម​នៅ​ឆ្នាំ 1996 ក្រុមហ៊ុន​រកស៊ី​ផ្តោតទៅលើ​ការផ្តល់​សំណង​ឱ្យបាន​សមរម្យ សម​ហេតុ​សម​ផល ធ្វើយ៉ាងណា​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន ហើយ​ពេល​គាត់​ទិញ​ធានារ៉ាប់រង គាត់​សង្ឃឹមថា នឹង​បាន​បុព្វលាភ​ត្រឡប់​ទៅវិញ ពេល​គាត់​ជួប​ហេតុការណ៍​ចៃដន្យ​ណាមួយ យើង​នឹង​ផ្តល់​សំណង​ទៅតាម​ការសន្យា​ពិតប្រាកដ ដោយ​មិន​លេងល្បិច​ជាមួយ​អតិថិជន​នោះទេ គឺ​យើង​កសាង​ទំនុកចិត្ត​ទាំង​វិនិយោគិន​បរទេស ទាំង​វិនិយោគិន​ក្នុងស្រុក និង​ទាំង​ប្រជាជន​ទូទៅ​ដែល​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​ធ្វើឱ្យ​អតិថិជន​យល់ថា យើង​ជា​ក្រុមហ៊ុន​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ ព្រោះ​សម័យ​នោះ​ក្រុមហ៊ុន​ខ្លះ​បើក​បាន2 ឬ3ឆ្នាំ​ក៏​បិទ​ទៅវិញ ដែល​ធ្វើឱ្យ​អតិថិជន​មិន​យល់ថា តើ​ពេល​បង់លុយ​ហើយ មិនដឹងថា ក្រុមហ៊ុន​នឹង​សង​ត្រឡប់​វិញ​មែន ឬ​អត់?។ ការកសាង​ទំនុកចិត្ត​នេះ គឺ​ក្រុមហ៊ុន​យើង​តែង​ប្រកាន់ខ្ជាប់​រហូតមកទល់​បច្ចុប្បន្ន។

    7.តើ​អតិថិជន​ដំបូង​ជា​ប្រជាជន​ខ្មែរ ឬ​ជនបរទេស? អតិថិជន​ដំបូង​ដែល​យើង​ទទួលបាន​គឺ 95% ជា​ជនបរទេស និង​មានតែ5% ប៉ុណ្ណោះ​ជា​ជនជាតិខ្មែរ ដោយសារតែ​ពួកគាត់​ធ្វើការ​ជាមួយ​ជនបរទេស ហើយ​ក្រុមហ៊ុន​បរទេស​នោះ​ជា​អ្នកទិញ​ធានារ៉ាប់រង​ឱ្យ​គាត់​ប្រើ។ រហូតដល់ 5ឆ្នាំ​ចុង​ក្រោយនេះ​ទើប​ប្រជាពលរដ្ឋ​យល់​ជ្រួតជ្រាប​បាន​ច្រើន ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុងធំៗ ដោយសារ​មាន​វត្តមាន​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិធំៗចូលមកក្នុង​ទីផ្សារ​កម្ពុជា ហើយ​និង​ការផ្សព្វផ្សាយ​ដែលមាន​ច្រើនទៅៗ ទើប​ធ្វើឱ្យ​ពលរដ្ឋ​បាន​យល់ដឹង។ ខ្ញុំ​ចង់​បញ្ជាក់ថា ល្បឿន​នៃ​ការយល់ដឹង​នេះ​មិនមែន​លឿន​ពេក​ទេ យើង​អាច​បង្កើនល្បឿន​ឱ្យ​លឿន​ជាង​នេះ​បាន​ប៉ុន្តែ​ល្បឿន​នេះ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កត្តានយោបាយ សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ។

    8.មកទល់​បច្ចុប្បន្ន តើ​ក្រុមហ៊ុន​មាន​អតិថិជន​ប៉ុន្មាន​ហើយ និង​មាន​ខ្មែរ​ប៉ុន្មាន​ភាគរយ? សម្រាប់​អតិថិជន​យើង​មិនអាច​រាប់​បានទេ ដោយសារ​អតិថិជន​ខ្លះ​ធានា​ជា​ឯកជន ខ្លះ​ធានា​ជា​ក្រុម ប៉ុន្តែ​គ្រាន់តែ​ដឹងថា ក្រុមហ៊ុន​ទទួលបាន​ចំណែក​ទីផ្សារ​ប្រមាណ​ជា46.7% ក្នុងចំណោម11 ក្រុមហ៊ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា។ នៅពេល​ចាប់ផ្តើម យើង​មាន​អតិថិជន​ខ្មែរ​តែ5% ប៉ុន្តែ​បច្ចុប្បន្នអតិថិជន​ខ្មែរ​កើន​ដល់30% ហើយ​កំណើន​នេះ​អាច​កើនឡើង​កាន់តែច្រើន​ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​អតិថិជនធំៗមាននៅ​ភ្នំពេញ ខេត្តកណ្តាល​សៀមរាប​ដែលជា​ខេត្ត​ទេសចរណ៍ និង​អតិថិជន​នៅ​ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និង​កំពង់ចាម​ផងដែរ។

    9.តើ​អតិថិជន​ដែល​ទទួលយក​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​សុទ្ធតែជា​អ្នកមាន​ជីវភាព​ល្អប្រសើរ​ឬ​យ៉ាងណាដែរ? មិនមែន​ដូច្នោះ​ទេ អតិថិជន​ខ្លះ​ក៏មាន​ចំណូល​ទាប​ដែរ ហើយ​ពួកគាត់​ភាគច្រើន​ប្រើ​ធានារ៉ាប់រង​ខ្នាតតូច ដូច្នេះ​មនុស្ស​ទូទៅ​គាត់​ត្រូវការ​ការធានារ៉ាប់រងគ្រប់ៗគ្នា​សម្រាប់​សុវត្ថិភាព​ហិរញ្ញវត្ថុ ឬ​សម្រាប់​ធានា​លើ​សុខភាព​របស់​ពួកគាត់ ដូច្នេះ​យើង​អាច​ច្នៃ​ផលិតផល​របស់​យើង​ទៅតាម​តម្រូវការ​អតិថិជន។ បើ​និយាយ​ពី​ធានារ៉ាប់រង​ទូទៅ​វិញ ភាគច្រើន​ពួកគាត់​មាន​ចំណូល​មធ្យម​ឡើងទៅ តែ​ធានារ៉ាប់រង​ខ្នាតតូច​គឺ​សម្រាប់​ពលរដ្ឋ​ជនបទ។ ហើយ​Forte Insurance មាន​ផលិតផល​ធានារ៉ាប់រង​ទូទៅ​ចំនួន​ដល់​ទៅ 200ប្រភេទ  ហើយ​ផលិតផល​ពេញនិយម គឺ​ទ្រព្យ​សម្ភារ សុខភាព យានយន្ត និង​ធានារ៉ាប់រង​ការដ្ឋាន​សំណង់។

    10. តើ​បច្ចុប្បន្ន​ក្រុមហ៊ុន Forte Insurance មាន​បុគ្គលិក​សរុប​ទាំងអស់​ចំនួន​ប៉ុន្មាន​ដែរ? បើ​រាប់​ទូទាំងប្រទេស​មាន​ចំនួន​ប្រហែល 170នាក់ នៅ​ប្រទេស​ឡាវ​មាន​បុគ្គលិក 35នាក់ ព្រោះ​ប្រទេស​ឡាវ​ស្ថិតក្នុង​ដំណាក់កាល​ក្រោយ​យើង។ កាល​បើក​ដំបូង​យើង​មាន​បុគ្គលិក​តែ 4នាក់​ប៉ុណ្ណោះ​ក្នុងដំណាក់កាល​នោះ​ខ្ញុំ​ចំណាយពេល​ច្រើនណាស់ ធ្វើការ 15ម៉ោង​ក្នុង​មួយថ្ងៃ និង​ធ្វើការ 6ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ថ្ងៃ​សៅរ៍-អាទិត្យ​ឆ្លៀត​ទៅ​រៀន​ទៀត។ ធ្វើការ​ពេលខ្លះ​ជាន់គ្នា​ជាមួយ​ការរៀនសូត្រ ជា​មធ្យម​សរុបទៅ ខ្ញុំ​ធ្វើការ​ប្រហែល 90ម៉ោង​ក្នុង1សប្តាហ៍។

    11.កត្តា​អ្វីដែល​ធ្វើឱ្យ​លោក​ធ្វើការ​ច្រើន​រហូតដល់ 90ម៉ោង​ក្នុង​មួយ​សប្តាហ៍? ការបើក​ក្រុមហ៊ុន​ដំបូង​ទាមទារ​ឱ្យ​មានការ​ខំប្រឹងប្រែង ទាំង​ការបណ្តុះបណ្តាល​បុគ្គលិក និង​ពិនិត្យ​ការងារ​កុំឱ្យ​មាន​ខ្វះចន្លោះផ្សេងៗ ពិសេស​មើល​អំពី​ការប្រកួតប្រជែង​ថា តើ​ដំណើរការ​ដល់​កម្រិតណា​ដែរ ហើយ​ធានារ៉ាប់រង​ត្រូវតែមាន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ ធ្វើ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុនធំៗទាំង​ក្នុង​តំបន់ និង​នៅ​អឺរ៉ុប។ ដំបូង​យើង​ប្រឹងប្រែង​ធ្វើ​ការរកចំណូល បន្ទាប់មក ក្រោយពី​បណ្តុះបណ្តាល​បុគ្គលិក​ហើយ ត្រូវ​ត្រួត​ពិនិត្យមើល​ការងារ​ប្រចាំថ្ងៃ។ ដូចនេះ​ការចាប់​ផ្តើមដំបូង គឺជា​ការលះបង់ពេលវេលា​សម្រាប់​ការងារ​របស់​យើង។

    12.ក្រុមហ៊ុន​Forte Insurance នេះ តើ​លោក​ជា​ស្ថាបនិក​តែម្តង ឬ​បរទេស​ជា​អ្នកបង្កើត? តាមពិតទៅ​ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន​ជាមួយ​បរទេស ប៉ុន្តែ​ខ្ញុំ​ដើរតួ​ជា​អ្នកបង្កើត ដោយសារ​ខ្ញុំ​ជាអ្នកធ្វើការងារ​ហ្នឹង​ផ្ទាល់ ហើយ​ខ្ញុំ​ជា​អ្នក​រត់ការ​ឯកសារ​ច្បាប់ ចុះបញ្ជីផ្សេងៗ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​តែម្តង។ ម្ចាស់​ភាគហ៊ុន​គេ​ដាក់​គោលដៅ​ឱ្យ​ខ្ញុំ ដោយ​ចែក​ភាគហ៊ុន​ឱ្យទៅ​តាម Target ដែល​ខ្ញុំ​សម្រេចបាន។ ដូច្នេះ​រហូតមក​ដល់ពេលនេះ អ្វីដែល​ខ្ញុំ​ទទួល​បានជា​ញើស​ឈាម​របស់ខ្ញុំ​ផ្ទាល់​តែម្តង។

    13. សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​ខាងមុខ តើ​ក្រុមហ៊ុន​គិត​នឹង​ពង្រីក​ទីផ្សារ​បន្ថែមទៀត​ដូចម្តេច? ទីផ្សារ គឺ​វិ​វ​ឌ្ឍ​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច មានន័យថា ពេល​ប្រជាពលរដ្ឋ​ធូរធារ​គាត់​នឹង​ប្រើប្រាស់សេវា​ផលិតផល​របស់​យើង​កាន់តែ​ច្រើនឡើង។ យើង​ឃើញថា ចំណូល​ផ្នែក​ខាង​ធានារ៉ាប់រង​នៅ​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុ​ជាមាន​ចំនួន​ប្រហែល 0.5% នៃ​GDP ចំណែក​ប្រទេសជិតខាង ដូចជា​វៀតណាម​ឡើងដល់ 2% និង​ប្រទេស​ថៃ​កើនឡើង 3-4% នៃ​GDPរបស់គេ ដូច្នេះ​ខ្ញុំ​គិតថា ទីផ្សារ​កម្ពុជា​នៅតែមាន​សក្តានុពល​ទៅមុខ។ និរន្តរភាព​នៃ​ក្រុមហ៊ុន គឺ​ទីផ្សារ​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ពង្រីក​ក្នុង​តំបន់​បន្ថែមទៀត ដែល​កាលពីខែកុម្ភៈ 2017 កន្លងមក យើង​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ក្នុងការ​ប្រតិបត្តិការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ យើង​កំពុងតែ​មើល​ទីផ្សារ​ថ្មី​ថែមទៀត ដូចជា​មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ​ជាដើម។ ហើយ​យើង​ជឿជាក់​ទៅលើ​ផលិតផល​របស់​យើង​ថា​មាន​ចំណុច​ពិសេស​ដែលមាន​សក្តានុពល​ក្នុងការ​ជ្រៀតចូល​ទៅក្នុង​ប្រទេសជិតខាង។ ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​ផ្សេង​មិន​ហ៊ាន​ធានារ៉ាប់រង​មនុស្ស​ឈឺ ឬ​មនុស្ស​ចាស់ជរា ជាដើម តែ​យើង​ហ៊ាន! ដូច្នេះ​មានតែ​យើង​ទេ​ដែលមាន​ផលិតផល​សុខភាព​នេះ ជួនកាល​នៅលើ​ពិភពលោក​មិនទាន់មាន​ផង ព្រោះ​គេ​គិតថា វា​ដូច​លេង​អាប៉ោង​បើកគ្រប​ហើយ​ទើប​ចាក់​អ៊ីចឹង ប៉ុន្តែ​យើង​មាន!។ ហើយ​ផលិតផល​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ទៀតផង។

    14.សម្រាប់​ផលិតផល​សុខភាព​ធានា​ទៅលើ​មនុស្ស​ចាស់ ឬ​អ្នកជំងឺ​ឈឺ​ស្រាប់ ដូច​ជាមាន​ហានិភ័យ​ច្រើន ហេតុ​អី​ក្រុមហ៊ុន​ហ៊ាន​ទទួលយក? អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​លក្ខណៈពិសេស​ផលិតផល​នេះ​មិន​សំដៅ​មនុស្ស​ម្នាក់​ទេ តែ​យើង​ធ្វើ​សម្រាប់​គ្រួសារ​គាត់​ទាំងមូល ទោះជា2នាក់ 4នាក់ ឬ6នាក់​ក៏ ដោយ​យើង​មិន​គិតថា​ឈឺ​ឬ​មិន​ឈឺ​ទេ។

    15.ក្រុមហ៊ុន​មាន​បុគ្គលិក​តាំងពី 4នាក់ រហូតមកដល់​បច្ចុប្បន្ន​មាន​ដល់ 170នាក់ តើ​ក្រុមហ៊ុន​មាន​វិធីសាស្ត្រ​គ្រប់គ្រង​បុគ្គលិក​បែបណា​ដែរ? ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា ការរីកចម្រើន​របស់​ក្រុមហ៊ុន គឺ​មិនអាច​កាត់ផ្តាច់​ពី​ធនធានមនុស្ស​បានទេ។ ធនធានមនុស្ស​ជា​កត្តា​សំខាន់បំផុត ខ្ញុំ​តែង​ឱ្យ​តម្លៃ​ទៅលើ​ធនធានមនុស្ស ខ្ពស់ជាង​ធនធាន​ទ្រព្យសម្បត្តិ​ប្រាក់​កាក់។ ការឱ្យ​តម្លៃ​លើ​ធនធានមនុស្ស គឺ​យើង​ចំណាយពេល​ច្រើនណាស់​សម្រាប់​បណ្តុះបណ្តាល ទាំង​ជំនាញ និង​អត្តចរិត យើង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​របស់គាត់ កុំឱ្យ​គាត់​គិតថា​ជា​របស់​ថៅកែ។ ហើយ​ក្រុមហ៊ុន​យើង​ក៏​កំពុង​រៀបចំ​ការបែងចែក​ភាគហ៊ុន​ទៅដល់​បុគ្គលិក​ទៀតផង។ បុគ្គលិកចាស់ៗដែល​នៅ​ជាមួយ​យើង ខ្លះ​ធ្វើការ​រយៈពេល 20ឆ្នាំ​មកហើយ ហើយ​យើង​ក៏មាន​ជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នកធ្វើការ​លើសពី10ឆ្នាំ​ឡើងទៅ​ដែរ ដូចជា​ការផ្តល់​កាដូ​ប្រចាំឆ្នាំ ដូចជា​កាក់​មាស​ជាដើម។

    16. ជា​ចុងក្រោយ តើ​លោក​មាន​អនុសាសន៍​អ្វី ដើម្បី​ជាការ​ផ្តល់ជូន ក៏ដូចជា​ការចែករំលែក​ដល់ អ្នកអាន​របស់​ឡា​រ៉ែ​ន​ដែរ​ទេ? ខ្ញុំ​យល់ថា ជិវិត​សម័យ​នោះ​ចាប់​អ្វី​ចេះតែ​ខុស​កើត​ខុស​ជំនាន់ កើត​ខុស​កាលៈទេសៈ ដល់​អាយុ​ចូលរៀន អត់​បាន​រៀន ជួបតែ​សង្គ្រាម លុះ​ខំរៀន​ចប់ ប្រទេសជាតិ​ប្តូរ​របប​សេដ្ឋកិច្ច​ទៀត ពី​សេដ្ឋកិច្ច​ផែនការ មក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​យើង​មិន​បន្ទោស​ព្រហ្ម​លិខិត ឬ​សង្គម​ទេ ជាទូទៅ​ខ្ញុំ​មិន​បន្ទោស​អ្នកណា​ទេ ខ្ញុំ​នៅតែ​ខំប្រឹង​បន្តទៀត។ ត្រង់នេះ​ខ្ញុំ​សូមឱ្យ​យុវជន​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ តស៊ូ​ក្នុង​ការងារ​ដើម្បី​ចាប់យក​ឱកាសថ្មីៗ ជាពិសេស​ត្រូវ​ចេះ​តាមដាន​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោក ការវិវឌ្ឍ​របស់​សង្គម ព្រោះ​វា​អាច​នឹង​ជួយ​ឱ្យ​យើង​បត់បែន​បាន​ទាន់ពេល និង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ហើយ​កុំ​បន្ទោស​សង្គម គឺ​ត្រូវ​ខំប្រឹងប្រែង​ដោយ​ខ្លួនឯង​សម្រាប់​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ និង​សង្គម​របស់​យើង៕

    លោកយក់ ចំរើនឫទ្ធិ និងក្រុមគ្រួសារ
  • លោក ចៅ  ចាន់ណារី ទម្លាយមូលហេតុពិតដែលធ្វើឱ្យបាត់មុខពីសិល្បៈ និងមិនចង់ត្រឡប់មកវិញ

    លោក ចៅ  ចាន់ណារី ទម្លាយមូលហេតុពិតដែលធ្វើឱ្យបាត់មុខពីសិល្បៈ និងមិនចង់ត្រឡប់មកវិញ

    បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយពីដំណឹងរបស់អតីតតួប្រុសនៅក្នុងខ្សែភាពយន្តរឿង «កូនពស់កេងកង» លោក ចៅ  ចាន់ណារី ​យ៉ាងកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក តារាសម្ដែងប្រុសជើងចាស់រូបនេះ ត្រូវបានសិល្បករ សិល្បការិនី និងសមាគមសិល្បៈ ព្រមទាំងអ្នកមានមុខនៅក្នុងជួរមន្ដ្រីធំៗ បានជួយជ្រោមជ្រែង ឧបត្ថម្ភជាថវិកាមួយចំនួនដើម្បីជួយសម្រាលជីវភាពដ៏កម្សត់របស់លោក និងជួយសម្រាលថ្លៃព្យាបាលជំងឺប្រចាំកាយរបស់លោកទៀតផង។

    ប្រវត្តិដ៏ជូរជត់ និងការតស៊ូនៅលើវិថីសិល្បៈរបស់តារាប្រុសវ័យចំណាស់រូបនេះត្រូវបានទម្លាយឱ្យដឹងតាមរយៈការផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ហើយនៅក្នុងនោះ ក៏មានការស្វះស្វែងរកដំណឹងរបស់តារាសម្ដែងរូបនេះ ព្រមទាំងបាននាំរូបលោកមកឱ្យមហាជនពុកម៉ែបងប្អូនបានស្គាល់ពីទេពកោសល្យដ៏ឆ្នើមរបស់លោកតាមរយៈកំពូលតារាកំប្លែង នាយ កុយផងដែរ ។

    ជាការពិតណាស់ លោក ចៅ ចាន់ណារី បានទម្លាយពីមូលហេតុពិតដែលធ្វើឱ្យលោកឃ្លាតចាកពីពិភពសិល្បៈខ្មែរអស់រយៈកាលយូរអង្វែងនោះ គឺដោយសារតែលោកនឹកឃើញ និងប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «ខ្មាសគេ» ព្រោះតែធ្លាក់ខ្លួនក្រ មិនមានមុខមាត់អីទៅជួបគេ គ្មានអ្នកណាគេហៅសម្ដែងដូចមុន។

    លោកបានរៀបរាប់ប្រាប់ថា លោកមានការស្រណោះខ្លួនឯងជាទីបំផុត គឺកាលពីកន្លះឆ្នាំមុននៅពេលដែលលោកបានជួបនាយ ចាប ចៀន ហើយនាយចាបចៀនបានឱ្យលុយចំនួន 2 ម៉ឺនរៀលទៅកូនរបស់លោក ដែលមានន័យថា ឱ្យលុយទៅកូនលោក ក៏ដូចជាឱ្យមកលោកដូច្នោះដែរ បើទោះជាលោកបដិសេធមិនទទួលយកទឹកចិត្តនោះក៏ដោយ។ លោកបានបន្ដរៀបរាប់ទាំងអួលដើមកថា «គ្រាមួយខ្ញុំបានជួបនឹងនាយ ចាប ចៀន ពេលទៅប្រគំតន្ត្រីនៅខេត្តមួយ ហើយពួកយើងបានជជែកគ្នាលេង ក្រោយមកគាត់ដកលុយឱ្យកូនខ្ញុំ 2ម៉ឺនរៀល តែយ៉ាងណា ខ្ញុំបានលុយ 2ម៉ឺននោះឯង ជាសោហ៊ុយ​ចាក់សាំងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ បើតាមចិត្តខ្ញុំ ខ្ញុំមិនឱ្យកូនយកទេ ប៉ុន្តែពេលបានមក ក៏ធូរមួយគ្រាដែរ»។ មូលហេតុនេះហើយ ដែលធ្វើឱ្យអតីតតារាសម្ដែងវ័យចំណាស់ម្នាក់នេះ សម្ងំលាក់មុខនៅក្នុងស្ថានភាពជីវិតក្រីក្រលំបាកត្រដររស់ទៅតាមព្រេងវាសនាដែលខ្លួនមាននោះ​។

    គួរបញ្ជាក់ផងដែរថា អតីតតារាភាពយន្តជើងចាស់លោកចៅ ចាន់ណារី បច្ចុប្បន្នមានវ័យ 61ឆ្នាំហើយ ជាតារាសម្ដែងក្នុងអំឡុងទសវត្សរ៍ទី80-90 ជំនាន់ លោក សម វិទ្យា លោក សម តារា លោក កេត សូបូរិទ្ធ លោក យស បូវណ្ណៈ លោក ខៃ ប្រសិទ្ធ លោក ខៃ ប្រសើរ និងលោក ខ្លូត រតនា ជាដើម។ បច្ចុប្បន្នលោកមានជំងឺប្រចាំកាយ និងបង្ហាញខ្លួនជាថ្មីតាមការចូលរួមសម្ដែងក្នុងរឿង «កូនពស់កេងកង» កាលពីឆ្នាំ 2000 ដែលដឹកនាំសម្ដែងរឿងដោយលោក ហ្វៃ សំអាង៕