Category: សង្គម និងសេដ្ឋកិច្ច

  • ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ

    ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ

    អ្នក​ធាត់​ចង់​ស្គម អ្នក​ស្គម​ចង់​ធាត់! អ្នកណាៗក៏​គិត​ដែរ​ថា​ភាពធាត់​ធ្វើឱ្យ​រាងកាយ​របស់​យើង​មិនសូវ​ស្អាត ប៉ុន្តែ​បើ​ស្គម​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​ក៏​មិន​ស្អាត​ដូចគ្នា​ដែរ។ យើង​សង្កេតឃើញថា​បច្ចុប្បន្ននេះ​ការផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​ធ្វើឱ្យ​ទម្ងន់​ស្រក​ចុះ​មាន​ច្រើនណាស់ រហូត​ធ្វើឱ្យ​សុភាពបុរស​សុភាពនារី​មួយចំនួន​ដែលមាន​រូបរាង​ស្គមស្គាំង​មានការ​ពិបាក​បន្តិច​ក្នុងការ​ស្វែងរក​វិធី​ដែល​អាចជួយ​ឱ្យ​ខ្លួនឯង​មាន​សាច់មាន​ឈាម​ជាង​មុន។ មែនហើយ​អ្នក​អាច​នឹង​គិតថា​ដំណោះស្រាយ​នៃ​ការធ្វើឱ្យ​ធាត់​គឺ​ងាយ​បំផុត ព្រោះ​វា​គ្មានអ្វី​ក្រៅពី​ការដែល​ខំ​ទទួលទាន​ឱ្យបាន​ច្រើន​នោះទេ ប៉ុន្តែ​ទន្ទឹមនឹង​ការទទួល​ទាន​ឱ្យ​ច្រើន​នេះ លោកអ្នក​ក៏ត្រូវ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ហើយ​សម្រាប់​អាហារ​ដែល​ទទួលទាន​ហើយ​អាចធ្វើឱ្យ​អ្នក​ឡើង​គីឡូ ព្រមទាំង​ប្រកបដោយ​សុខភាព​ល្អ​ទៀត​នោះ​មានដូចជា៖

    សាច់​ក្រហម :  សាច់​ក្រហម​ជា​ប្រភេទ​សាច់​ដែលមាន​ប្រូតេអ៊ីន ជាតិ​ដែក និង​កូ​ឡេ​ស្តូ​រ៉ូ​ល​ខ្ពស់​ដែល​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​កើនឡើង​យ៉ាង​ងាយ។ សូមកុំ​ព្យាយាម​ចម្អិន​សាច់​ក្រហម​ជាមួយនឹង​ប្រេង​ឬ​ខ្លាញ់​មួយចំនួន​ដែល​អាច​នាំឱ្យ​ជាតិ​ខ្លាញ់​មិនល្អ​កើនឡើង ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​ជំនួស​វិញ។

    ប៊័រ​សណ្តែកដី : សណ្តែកដី​បាន​ភ្ជាប់​មកជា​ស្រេច​នូវ​ជាតិ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ហ្វូ​លិ​ក​អាស៊ីត វីតាមីន B, E និង​ខ្លាញ់ ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ។ ប៊័រ​ដែល​ផលិត​ចេញពី​សណ្តែកដី​មួយ​ស្លាបព្រា​មាន​កាឡូរី​រហូតដល់100កាឡូរី។

    ទឹកដោះគោ​សុទ្ធ :  ដំណោះស្រាយធម្មតាៗមួយទៀត​សម្រាប់​អ្នក​ចង់​ឡើង​ទង្ង​ន់​គឺ​ទទួលទាន​ទឹកដោះគោ​ដែល​ទឹកដោះគោ​នោះ​គឺជា​ទឹកដោះគោ​សុទ្ធ មិនមែនជា​ទឹកដោះគោ​ដែល​គេ​ចម្រាញ់​យកជាតិ​ក្រែ​ម​ចេញរួច​នោះទេ។ ទឹកដោះគោ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុចិញ្ចឹម ដូច្នេះ​មិន​ថា​អ្នក​ទទួលទាន​វា​ច្រើន​ប៉ុណ្ណា​ទេ គឺ​វា​នៅតែ​ល្អ​សម្រាប់​សុខភាព​របស់​អ្នកជា​និច្ច។

    ផ្លែ​ប៊័រ : ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​បំផុត​ក្នុង​ការបន្ថែម​ជាតិ​ខ្លាញ់​ល្អ​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក។ ផ្លែ​ប៊័រ​ត្រឹម​តែមួយ​ចំហៀង​ផ្លែ​មាន​កាឡូរី​ដល់​ទៅ140កាឡូរី ហើយ​វា​ក៏​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ហ្វូ​លិ​ក​អាស៊ីត និង​ប៉ូ​តា​ស្យូ​ម​ផងដែរ។

    ផ្លែឈើ :  ជាពិសេស​ផ្លែឈើ​នៃ​តំបន់​ត្រូពិច គឺ​ពិតជា​អាចជួយ​អ្នក​ក្នុង​ការឡើង​ទម្ងន់​បាន ដូចជា ផ្លែស្វាយ ចេក ល្ហុង និង​ផ្លែ​ម្នាស់ ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​យ៉ាង​ល្អ ដែល​ជួយ​ឱ្យ​ឡើង​ទម្ងន់​បាន​ដោយ​មិនចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​នោះទេ។អាហារ​ទាំងនេះ​ជា​ប្រភព​នៃ​ថាមពល​ចំពោះ​រាងកាយ​របស់​អ្នក។ផ្លែឈើ​ទាំងនេះ​ជា​បង្អែម​ធម្មជាតិ​ដោយ​មិនចាំបាច់​ត្រូវ​បន្ថែម​ស្ករ​ឬ​ជាតិ​ផ្អែម​ណា​ទៀត​នោះទេ។

    ធញ្ញជាតិ :  សណ្តែកដី កៅឡាក់ ស្វាយចន្ទី និង​គ្រាប់​ធញ្ញជាតិផ្សេងៗទៀត សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ សារធាតុចិញ្ចឹម និង​ជាតិ​សរសៃ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ទទួលទាន​លេង​កម្សាន្ត​មាត់​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ប្រកបដោយ​សុវត្ថិភាព។

    ជាការ​ពិតណាស់​ដែលថា ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម ការទទួល​ទាន​អាហារ​ប្រភេទ Fast Food  អាហារ​បំពង​ជាដើម អាចជួយ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​សូម​ចាំ​ថា​វា​មិនមែនជា​មធ្យោបាយ​ល្អ​ចំពោះ​សុខភាព​នោះទេ។ សូម​ចាំ​ថា​វិធី​ល្អ​បំផុត​គឺ​ត្រូវតែ​ឡើង​ទាំង​ទម្ងន់ ល្អ​ទាំង​សុខភាព​របស់​អ្នកផង ទើប​ត្រឹមត្រូវ៕

  • ស្អែក​នេះ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ហើយ

    ស្អែក​នេះ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ហើយ

    ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី ក៏ដូចជា​ក្នុង​ក្រុងភ្នំពេញ​ដែរនោះ ព្រឹកស្អែក​នេះ (12 មេសា) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​សាកល្បង​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ចាប់ពី​ម៉ោង8ព្រឹក​តទៅ​បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល​ប្រហែល 2ឆ្នាំ​រួចមក។

    ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ស​ម្រា​ប់​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈានចូល​មកដល់។ក្រោយពី​ការសាងសង់​ចប់​រួចរាល់ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ក៏ដូចជា​ការកកស្ទះ​ចរាចរណ៍​នៅលើ​មហាវិថី​សហព័ន្ធ​រុស្សី​ផងដែរ។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​សាកល្បង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ។ ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី12 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង6 និង30នាទី​ព្រឹក​ស្ថិតនៅ​ចំណុច​ខាងជើង​គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ៕

  • ហោរាសាស្រ្តប្រចាំខែមេសា​ ឆ្នាំ2018

    ហោរាសាស្រ្តប្រចាំខែមេសា​ ឆ្នាំ2018

    ឆ្នាំជូត ​(ពងទេវតាប្រុស ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានគ្រប់ជ្រុងជ្រោយនោះផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រី ចូរកុំមាត់ឥតគម្រប ឬនិយាយមិនកោតក្រែងចំពោះគ្នា ព្រោះនោះនាំតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕

    ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម៉្លោះហើយបើចង់ធ្វើអ្វីតោងតែសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាសោកស្តាយទៅរួច។ ក្រៅពីនេះបើមានការចេញរថយន្តធ្វើដំណើរ ឬធ្វើកិច្ចសន្យាអ្វីមួយក៏គប្បីពិនិត្យឱ្យបានលម្អិតផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទ្បើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

    ឆ្នាំខាល (ពង្សយក្ខិនី ធាតុឈើ)៖ រាសីល្អជាមធ្យម។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែន ប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេ គប្បីមានការប្រយ័ត្នប្រយែង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេ ពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះ ប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕

    ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿន និងសម្រេចជោគជ័យត្រឡប់មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកកម្រៃបន្តិចហើយ ទាល់តែខិតខំខ្លាំងទើបរកផលកម្រៃគ្រប់គ្រាន់ចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ពន្ធស្នេហាប្រុសស្រីមានដំណើរលូតលាស់និងមានការយល់ចិត្តគ្នាច្រើនឡើងវិញ៕

    ឆ្នាំរោង (ពង្សទេវតាប្រុស ធាតុមាស)៖ រាសីល្អជាមធ្យម។ ឈានដល់ខែនេះដំណើរជីវិតរបស់លោកអ្នកនឹងល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខសន្សឹមៗ ផងដែរ។ ដោយឡែកចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទាំងការជួញទីជិត ឬទីឆ្ងាយការរកផលចំណូលទោះមិនជួបការលំបាកដូចសព្វមួយដងពិតមែនក្តី តែចូរប្រយ័ត្នមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាដោយប្រការណាមួយ។ រីឯសម្ពន្ធស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នាណាស់ដែរ៕

    ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំម្សាញ់ក្នុងខែនេះល្អប្រសើរ ឡើងវិញបន្តិចហើយ។ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងខែនេះវិញមានការជឿនលឿនទៅមុខយឺតម៉្លោះហើយបើចង់បណ្តាក់ទុនអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយត្រូវអស់ប្រាក់កាសនៅពេលក្រោយ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នា និងកើតភាពប្រទាំងប្រទើសច្រើន៕

    ឆ្នាំមមី (ពង្សទេវតាស្រី ធាតុភ្លើង)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អក្នុងការសម្រេចចិត្ត ឬទំនាក់ទំនងចរចាការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់ផលមកវិញច្រើនផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងត្រឡប់មកវិញ។ រីឯសម្ពន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃណាស់៕

    ឆ្នាំមមែ (ពង្សទេវតាស្រី ធាតុមាស)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដោយសារដួងរាសីស្រុតចុះ ម៉្លោះហើយមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងឆ្លើយតបច្រើនជាងល្អជានិច្ច។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយហើយទម្លាក់កំហុសទុកឱ្យ ដែលត្រូវប្រឈមមុខជំនួសគេ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕

    ឆ្នាំវក (ពង្សយក្សប្រុស ធាុតដែក)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំស្វាឆ្លងមកដល់ខែនេះល្អប្រសើរមួយកម្រិតឡើងវិញ។ សម្រាប់ខែនេះដែរលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលនាំពិបាកក្នុងការទប់ទល់។ ចំណែកបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅក្នុងខែនេះវិញកើតមានការប្រឆាំង​ និងមានរឿងរ៉ាវមិនល្អនោះក៏យាយីច្រើនដែរ៕

    ឆ្នាំរកា (ពង្សមនុស្សប្រុស ធាតុដែក)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះអ្នកកើតឆ្នាំមាន់ដំណើរជីវិតមិនល្អប្រសើរទេ ម៉្លោះហើយការចរចា ឬទំនាក់ទំនងការងារសំខាន់អ្វីមួយក៏តែងមិនសូវឆ្លើយតបដូចជាទីពេញចិត្តនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកជួបប្រទះនូវចំណូលតិច តែការចំណាយវិញច្រើនធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានរាប់សិបជំពូក។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើស និងបញ្ហាច្រើនយាយី។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ ព្រោះតែការគិតប្រចែប្រចណ្ឌច្រើនម្នាក់ឯង៕

    ឆ្នាំច (ពង្សយក្ខិនី ធាតុដី)៖ រាសីល្អជាមធ្យម។ ខែនេះលោកអ្នកត្រូវរែកពន់ផលលំបាក និងស្មុគស្មាញច្រើន តែបើលោកអ្នកអត់ធ្មត់តស៊ូរើមានៈនោះក៏តែងទទួលជោគជ័យដែរ។ អ្នកប្រកបរបររកស៊ីជួញដូរ មិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

    ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះអារម្មណ៍ភ្លឺថ្លាហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខផងដែរ។ ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរ៉ាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់។ រីឯបញ្ហាសម្ពន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ និងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយ ព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕

  • ការទូទាត់​ប្រាក់​តាម​អន​ឡាញ​កើនឡើង តើ​អាច​ប៉ះពាល់​ដល់​ធនាគារ​ដែរ​ឬទេ?

    ការទូទាត់​ប្រាក់​តាម​អន​ឡាញ​កើនឡើង តើ​អាច​ប៉ះពាល់​ដល់​ធនាគារ​ដែរ​ឬទេ?

    ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់។

    ដូច្នេះ​គេ​សួរថា តើ​ប្រព័ន្ធ​ទូទាត់​បែបនេះ អាច​បង្ក​ហានិភ័យ​ដល់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរឬទេ?

    លោក ជា សេរី​វ​ឌ្ឍ ជា​អតីត​ប្រធាន​ផ្នែក Business Process Automation នៃ​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា ឆ្លងកាត់​បទពិសោធរ​បស់​ក្រុមហ៊ុន Alipay ដែលជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នោះ ធ្លាប់បាន​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​ចិន​ដោយសារតែ​ប្រព័ន្ធ​ថ្មី​នេះ​បានផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ឱ្យ​អាច​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ចិន ដោយ​មិនចាំបាច់​យក​សាច់​ប្រាក់សុទ្ធ​ទៅតាម​ខ្លួន​ឡើយ។

    លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ នេះ​ផ្តល់​ភាពងាយស្រួល​បំផុត ដោយ​គ្រាន់តែ​អតិថិជន​យកប្រាក់​ទៅ​ដាក់​ក្នុង​បញ្ជរ​ដាក់​ប្រាក់​របស់​ក្រុមហ៊ុន​Alipay ឬ​នៅ​ធនាគារ​ណាមួយ​ដែលជា​ដៃ​គួ ហើយ​គ្រាន់តែ​ដាក់​កាត​Alipayតាម​ខ្លួន​ប៉ុណ្ណោះ។ អតិថិជន​មិនចាំបាច់​ដាក់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​នោះទេ តែ​អាច​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ មិនថាតែ​ទំនិញ​ដែលជា​សម្ភារ​ប្រើប្រាស់ ដូចជា​គ្រឿង​អេឡិចត្រូនិក រួមមាន​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ ឬ​សូម្បីតែ​ទិញ​ផ្លែឈើ ថ្នាំពេទ្យ ឬ​ជិះ​តាក់ស៊ី ក៏​អាច​ប្រើ​កាត Alipay ដើម្បី​ទូទាត់​ប្រាក់​បានដែរ។

    អ្វីដែល​ធ្វើឱ្យ​ Alipay មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ប្រទេស​ចិន​នោះ គឺ​ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ទីផ្សារ​ដែលជា​ការផ្តល់​ទំនុកចិត្ត ក៏ដូចជា​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែរ ហើយ​អតិថិជន​ដែល​ប្រើ​សេវា​ Alipay នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​នៅពេល​ទិញ​ទំនិញផ្សេងៗតាម​អន​ឡាញ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដែល​ធ្វើឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការដាក់​ប្រាក់​ក្នុង​ធនាគារ​មក​ប្រើ​សេវាកម្ម ​Alipay នេះ​ម្ដងវិញ។

    លោក​បន្តថា ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ក៏មាន​ការកើនឡើង​ផងដែរ​តាម​បណ្តា​ប្រតិបត្តិការ​របស់​ធនាគា​រ​មួយចំនួន និង​ប្រព័ន្ធ​ទូទាត់​ប្រាក់ផ្សេងៗ ដូចជា​ប្រព័ន្ធ​ទូទាត់ Pay go និង​ប្រព័ន្ធ​ទូទាត់ Pi Pay ដែល​ទើប​ចូលមក​ដល់ទី​ផ្សារ​កម្ពុជាថ្មីៗក៏​អាច​ទាក់ទាញ​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវាកម្ម​របស់ខ្លួន​បានដែរ ដោយសារ​វា​បានផ្តល់​នូវ​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញផ្សេងៗ ហើយ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​តាមរយៈ​ការបញ្ចុះ​តម្លៃ​លើ​ការទូទាត់​ទំនិញ​រហូតដល់ 50%ក៏មានដែរ។

    នៅក្នុង​ទីផ្សារ​កម្ពុជា ធនាគារ​មួយចំនួន​មិនទាន់បាន​ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ​បែបនេះ​នៅឡើយ​ទេ ដោយ​ភាគច្រើន​មានតែ​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​អតិថិជន និង​ការដាក់​ប្រាក់​បញ្ញើ​តែប៉ុណ្ណោះ ក្រៅពីនេះ​មាន​ធនាគារ​មួយចំនួន​បានធ្វើ​Promotion លើ​ការចាយ​តាម Visa Card និង Master Card ខ្លះៗដែរ តែ​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ​ទេ។ ប្រសិនបើ​ធនាគារ​មិនមាន​ការកែប្រែ និង​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​នេះ​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​កម្ពុជា អាច​នឹង​បង្ក​ហានិភ័យ​ទៅដល់​វិស័យ​ធនាគារ ដូច​នៅក្នុង​ប្រទេស​ចិន​ដែរ។

    ជាមួយគ្នានេះដែរ លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត​នៃ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា សម្រាប់​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ធ្វើការ​កែលម្អ​សេវាកម្ម​របស់ខ្លួន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន កុំឱ្យ​អតិថិជន​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ Online ដែល​កំពុងមាន​វត្តមាន​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

    សម្រាប់​ធនាគារ​អេស៊ីលីដា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន តាមរយៈ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​នោះឡើយ។ កាលពីដើមឆ្នាំ2017 ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត គឺ​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (Acleda Unity ToanChet) ដែល​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​សម្រាប់​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​មិន​ត្រឹមតែ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទូទាត់​វិក្កយបត្រ​អ៊ី​ន​ធើ​ណិ​តផ្សេងៗប៉ុណ្ណោះ​ទេ សូម្បីតែ​ការទិញ​ទំនិញផ្សេងៗនៅតាម​ផ្សារ ការ​ជិះ​តាក់ស៊ី ជិះ​ម៉ូតូ​កង់​បី និង​ទូទាត់​ទំនិញផ្សេងៗជាច្រើន​មុខ​ទៀត ក៏​អាច​ទូទាត់​តាម​ប្រព័ន្ធ​អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត​នេះ​បានដែរ មិនចាំបាច់​ដាក់​ប្រាក់សុទ្ធ​តាម​ខ្លួន​ឡើយ។

    នៅ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញថា មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​មិនទាន់បាន​កែប្រែ​សេវាកម្ម​របស់ខ្លួន​ដើម្បីឱ្យ​អតិថិជន​បាន​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅឡើយ​ទេភាគច្រើន​មានតែ​ការដាក់​ប្រាក់​បញ្ញើ និង​ផ្តល់​ប្រាក់កម្ចី ឬ​បង្កើត​ទូ ​ATM ឱ្យ​អតិថិជន​ដក​សាច់ប្រាក់​នៅតាម​ទីប្រជុំជន​ប៉ុណ្ណោះ ហើយ​បើសិន​នៅតែ​មិន​កែប្រែ​ដូច្នេះ ពួកគេ​អាច​នឹងរង​ហានិភ័យ ដោយ​អតិថិជន​នឹង​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កំពុង​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា​កាន់តែច្រើនឡើងៗនេះ​មិន​ខាន៕

  • គោលដៅ​ចេញដំណើរ​សម្រាប់​អ្នកជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ

    គោលដៅ​ចេញដំណើរ​សម្រាប់​អ្នកជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ

    ជា​រៀងរាល់ឆ្នាំ​រដ្ឋាភិបាល​តែងតែ​ចេញ​សារា​ចរណ៍​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​កុំឱ្យ​ដំឡើងថ្លៃ​សំបុត្រ​ដល់​អ្នក​ដែល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ប៉ុន្តែ​យើង​សង្កេតឃើញថា មាន​ក្រុមហ៊ុន​មួយចំនួន​តូច និង​រថយន្តឈ្នួល (តាក់ស៊ី) នៅតែ​បន្ត​ការដំឡើងថ្លៃ​ដដែល ដូច្នេះហើយ​ទើប​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្តក្រុង​ចំនួន 60គ្រឿង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន 5ខ្សែ រយៈពេល 7ថ្ងៃ ចាប់ពី​ថ្ងៃទី12 ដល់​ថ្ងៃទី18 មេសា ឆ្នាំ2018។

    ខាងក្រោមនេះ គឺជាទីតាំង​សម្រាប់​ចេញដំណើរ និង​ពេលវេលា​៖

  • Salah ជួយ​ឱ្យ​ក្រុម Liverpool ទម្លាក់ Man City ខណៈ​លោក Guardiola ត្រូវបាន​បណ្តេញចេញ

    Salah ជួយ​ឱ្យ​ក្រុម Liverpool ទម្លាក់ Man City ខណៈ​លោក Guardiola ត្រូវបាន​បណ្តេញចេញ

    Mohamed Salah និង​Roberto Firmino សុទ្ធសឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ដូចគ្នា ខណៈដែល​ក្រុម Liverpool បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 1គ្រាប់ ដើម្បី​ផ្តួល​ក្រុម Manchester City ក្នុង​លទ្ធផល 2-1ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ កាលពី​អង្គារ។

    ក្រុម Liverpool បាន​ឈានទៅ​កាន់ការ​ប្រកួត​នា​កីឡដ្ឋាន Etihad នេះ ទាំង​ការជឿជាក់ ក្រោយពី​ពួកគេ​បាន​នាំមុខ​ក្នុង​លទ្ធផល 3-0 ពី​ការប្រកួត​កាលពី​ជើង​ទី1 ប៉ុន្តែ ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើឱ្យ​ក្រុម​ភ្ញៀវ​ភិតភ័យភ្លាមៗ ក្រោយពី​រក​គ្រាប់​បាល់​បាន 1គ្រាប់ នៅ​នាទី​ទី2។

    ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​មាន​អារម្មណ៍​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយពី​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ស្លាប​ដ៏​មាន​ឥទ្ធិពល Leroy Sane មិនត្រូវ​បាន​យក​ជា​ផ្លូវការ​ដោយ​ចាត់ទុកថា ជា​បាល់ Offside នៅ​មុនពេល​បញ្ចប់​តង់​ទី1 ខណៈដែល​ពួកគេ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀតឡើយ។ លទ្ធផល​នេះ មានន័យថា ក្រុម​ហង្ស​ក្រហម Liverpool បានទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ក្នុង​លទ្ធផល​ទាំង2ជើង 5-1។

    លោក Guardiola ត្រូវបាន​បង្ខំ​ឱ្យទៅ​អង្គុយ​ទស្សនា​ការប្រកួត​តង់​ទី2 ពី​កៅអី​របស់​អ្នកទស្សនា ក្រោយពី​ត្រូវបាន​បណ្តេញចេញ​សម្រាប់​ការតវ៉ា​របស់លោក​ក្នុងពេល​សម្រាក​តង់​ទី1 ខណៈដែល​ក្តី​សុបិន​របស់​ក្រុម Man City ក្នុងការ​ឈ្នះ​ពាន Champions League ជា​លើក​ទី1 ត្រូវបាន​កម្ទេច​ក្នុង​រដូវ​កាល​មួយ​ផ្សេងទៀត៕

     

    ប្រភពពី៖ The Sun

  • Romaទម្លាក់ Barcelona ក្រោយពី​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់

    Romaទម្លាក់ Barcelona ក្រោយពី​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់

    ខ្សែការពារ Kostas Manolas បាន​ជួយ​ឱ្យ​ក្រុម Roma ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Barcelona នា​កីឡដ្ឋាន StadioOlimpico កាលពី​ថ្ងៃ​អង្គារ។

    លទ្ធផល​ក្នុងការ​ប្រកួត​ជើង​ទី2នេះ បានធ្វើឱ្យ​ក្រុម Roma ឈានទៅ​វគ្គ​បន្ត​ដោយសារតែ​គ្រាប់​បាល់​ក្រៅ​ទឹកដី ក្រោយ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​កាលពី​ជើង​ទី1។ Manolas ដែល​រួម​ជាមួយនឹង​ប្រធាន​ក្រុម Daniele De Rossi ដែល​បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង 2គ្រាប់​នា​កីឡដ្ឋាន Camp Nou កាលពី​សប្តាហ៍​មុន​នោះ បានទទួល​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ពី​មិត្ត​រួម​ក្រុម​របស់គេ ក្រោយពី​បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​រយៈពេល 8នាទីចុងក្រោយ ដើម្បី​ធ្វើឱ្យ​អ្នកគាំទ្រ Roma អបអរ​យ៉ាង​ខ្លាំងក្លា និង​បានធ្វើឱ្យ​ក្រុម Barcelona ស្ទើរតែ​មិន​ជឿ​លើ​អ្វីដែល​បានកើត​ឡើង​ចំពោះ​ពួកគេ។

    ក្រោយពី​រាត្រី​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Serie A មួយ​នេះ ដែល​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ជា​លើក​ទី1 ក្នុង​រយៈពេល 3ទសវត្សរ៍​នោះ Manolas បាន​និយាយថា៖ «អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​គឺថា យើង​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។ យើងទាំងអស់គ្នា​មានការ​ជឿជាក់ យើង​មិនបាន​គិតពី​ការប្រកួត​កាលពី​ជើង​ទី1 និង​ការជួប​សំណាង​មិនល្អ​ឡើយ»៕

    ប្រភពពី៖ Sport24

  • ដំណាំ សណ្ដែកកួរ

    ដំណាំ សណ្ដែកកួរ

    សណ្ដែកកួរ ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Vignaunguiculata subsp Sesquipedalis ជា​ដំណាំ​វ​ល្លិ៍​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ជា​រុក្ខជាតិ​វារ​តោង។ ដើម​ជាវ​ល្លិ៍​ដែល​រឹង និង​ស្វិត មាន​ពណ៌​បៃតងខ្ចី​មួល​រុំ​ព័ទ្ធ​លើ​វត្ថុ​ដែល​យឹត​តោង​បានល្អ ចំណែក​ស្លឹក​ជា​បន្ទះប៉ុនៗបាតដៃ ចែកជា​ស្លឹកតូច3 រាង​បី​ជ្រុង វែង​ប្រមាណ​ជា6-10សង់ទីម៉ែត្រ និង​មាន​ផ្កា​ជា​ចង្កោម មាន​ពណ៌​ស ឬ​ពណ៌​ខៀវខ្ចី។ ឯ​ផ្លែ​មាន​រាង​មូល​តូច​វែង ទំហំ​ទទឹង​ប្រមាណ0.51សង់ទីម៉ែត្រ វែង​ប្រវែង20-60សង់ទីម៉ែត្រ និង​នៅក្នុង​ផ្លែ​មាន​គ្រាប់​មួយចំនួន។ ជា​រុក្ខជាតិ​ដែល​លូតលាស់​បានល្អ ចូលចិត្ត​ធាតុអាកាស​ក្ដៅ មាន​ពន្លឺ​ថ្ងៃ​ពេញ​មួយថ្ងៃ និង​ទទួល​បរិមាណ​ទឹកភ្លៀង​តិច ទើប​គេ​អាច​បណ្ដុះ​ដាំ​បាន​គ្រប់​រដូវ​ពេញ​មួយឆ្នាំ។

    ការដាំដុះ
    ការត្រៀម​ដី : ចាប់ផ្ដើម​ដោយ​ការ​ភ្ជួរ​ដាស់ដី​ជម្រៅ20-30សង់ទីម៉ែត្រ បាច​ស៊ីម៉ង់ត៍​ស ឬ​ជី​លាមក​គោ រួច​ហាល​ដី​ចោល​ប្រមាណ​ជា15ថ្ងៃ បន្ទាប់មក​ទើប​ភ្ជួរ​ម្ដងទៀត​ដាក់​ជីលា​មក​គោឬ​ជីកំប៉ុស​ទ្រាប់​បាតដី​ក្នុអត្រា5គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ2តោន​លើ​ទំហំ​ផ្ទៃដី15ម៉ែត្រ X 100ម៉ែត្រ ដើម្បី​កែសម្រួល​គ្រោង​សាង​ដី​ឱ្យ​ល្អ​ឡើង។ បន្ទាប់ពីនោះ​ក៏​ដាក់​ជី​រូបមន្ត 15-15-15 ក្នុង​អត្រា30គីឡូក្រាម​លើ​ទំហំ​ដី​ដូចខាងលើ ហើយ​ត្រៀម​ជា​រង​ដាំ​ទំហំ​ទទឹង1-1.20ម៉ែត្រ X បណ្ដោយ​តាម​ប្រវែង​ដី X កម្ពស់15-20សង់ទីម៉ែត្រ និង​ពង្រាប​មុខ​លើ​រង​ឱ្យ​ស្មើគ្នា។
    វិធី​ដាំ : ជីករណ្ដៅតូចៗលើ​រង​ឆ្ងាយ​ពីគ្នា50សង់ទីម៉ែត្រ​ពីមួយ​ទៅមួយ ឆ្ងាយ​ពីគ្នា​មួយជួរ70-100សង់ទីម៉ែត្រ មុននឹង​ទម្លាក់​គ្រាប់ពូជ​សណ្ដែកកួរ​ចូលទៅក្នុង​រណ្ដៅ3គ្រាប់ ហើយ​លុបរណ្ដៅ​ដោយ​អង្កាម ឬ​ជី​លាមក​គោ2-3ក្ដាប់​ក្នុង​មួយ​រណ្ដៅ។ បន្ទាប់ពីនោះ​ក៏​ធ្វើ​ទ្រើង ដោយ​យក​មែកឈើវែងៗមក​ដោត​លើដី​ជុំវិញ​រណ្ដៅ រួច​ចង​ផ្គុំ​ចូលគ្នា​ផ្នែក​ចុង​ខាងលើ កម្ពស់​ពី2-2.5ម៉ែត្រពីលើ​រណ្ដៅ​បណ្ដុះ​គ្រាប់នីមួយៗ រួចហើយ​ដាក់​មែកឈើ​វែង​គង​ពាក់​គ្នា​ពី​ទ្រើង​មួយ​ទៅ​ទ្រើង​មួយ មុននឹង​គ្រប​ដោយ​សំណាញ់។ បន្ទាប់ពី​ដាំ​បាន7-15ថ្ងៃ ពេល​កូន​សណ្ដែកកួរ​ចាប់​ផ្ដើមចេញ​ស្លឹក​ពីរ​បី​ហើយ ចូរ​ជ្រើសរើស​ទុក​តែ​ដើម​ណា​ដែល​រឹងមាំ​ល្អ​តែ2ដើម​ក្នុង​មួយ​រណ្ដៅ បន្ទាប់ពីនោះ​កូនដើម​សណ្ដែកកួរ​នឹង​ចាប់ផ្ដើម​តោង​វារ​ឡើងទ្រើង​ក្នុង​រយៈពេល15-20ថ្ងៃ។

    វិធី​មើលថែទាំ និង​ថែរក្សា
    ការ​ស្រោច​ទឹក : គួរ​ស្រោច​ទឹក​មួយថ្ងៃ1ដងរៀងរាល់ថ្ងៃ តែ​ទាំងអស់នេះ​ត្រូវ​ពិចារណា​លើ​ស្ថានភាព​ធាតុអាកាស និង​សភា​ពដី​ផង មិនគួរ​ស្រោច​ទឹក​ជោក​ជ្រុល​ពេក​ដែលនាំឱ្យ​គល់​ដើម​សណ្ដែកកួរ​រលួយ និង​ត្រូវ​ប្រយ័ត្ន​ក្នុងអំឡុង​ពេលចេញ​ផ្កា និង​ចេញ​ក្ដិ​ប មិនគួរ​ឱ្យ​ខ្វះ​ទឹកជា​ដាច់ខាត។
    ការដាក់​ជី : នៅពេល​ដើម​សណ្ដែកកួរ​មាន​អាយុ​បាន​ប្រមាណ​ជា20ថ្ងៃ គួរ​ដាក់​ជី​រូបមន្ត46-0-0 ក្នុង​អត្រា20គីឡូក្រាម​ក្នុង​ទំហំ​ដី15ម៉ែត្រ X 100ម៉ែត្រ លាយ​នឹង​ជី​រូបមន្ត 15-15-15 ក្នុង​អត្រា25គីឡូក្រាម​លើ​ទំហំ​ផ្ទៃដី​ដូចគ្នា។ សម្រាប់​ក្នុងអំឡុង​ចេញ​ផ្កា និង​ចេញ​ផ្លែ គួរ​ដាក់​ជី​រូបមន្ត 13-13-21 ក្នុង​អត្រា30-50គីឡូក្រាម​លើ​ទំហំ​ផ្ទៃដី​ដូចគ្នា ដោយ​បន្ត​ដាក់​ក្នុង15ថ្ងៃ​ម្ដង។
    ការការពារ និង​ការកម្ចាត់​សត្រូវ​ដំណាំ : ការពារ​សត្វល្អិត​សត្រូវ​ដំណាំ​ដោយ​ទឹក​ត្រាំ​ស្លឹក​ស្ដៅឬ​អាចដាក់​សាប៊ូម្សៅ​បន្តិចបន្តួច​លាយ​ជាមួយ​ដើម្បី​ជួយ​ជា​សារធាតុ​ទ្រទ្រង់​ស្លឹក​ឱ្យ​ល្អ​ឡើង។គួរ​បាញ់​ល្បាយ​ទឹក​ថ្នាំ​នេះ​ដាក់​ដើម​សណ្ដែកកួរ​យ៉ាង​ជាប់លាប់ ជាពិសេស​ក្នុងអំឡុង10-15ថ្ងៃ​ដំបូង​នៃ​ការដាំ។ ឧស្សាហ៍​កាត់​ស្លឹក​ចេញ​ខ្លះ​ដើម្បីឱ្យ​ទទួលបាន​ផល​ផ្លែ​សណ្ដែកកួរ​ច្រើនឡើង និង​គួរ​ជ្រួយដី ដកស្មៅ​រៀងរាល់2សប្ដាហ៍​ម្ដង។

    វិធី​ប្រមូល​ផល
    សណ្ដែកកួរ​នឹង​អាច​បេះ​បាន​នៅពេល​មាន​អាយុ55-60ថ្ងៃ ដោយ​អាច​បន្ត​បេះ​ផលិត​ផល​បាន​រៀងរាល់2-4ថ្ងៃ។ គួរ​បេះ​នៅពេល​មាន​ពន្លឺ​ថ្ងៃតិចៗ និង​យក​ចូល​ម្លប់ភ្លាម។ ការ​បេះ​អាច​ធ្វើឡើង​ដោយ​ការ​ក្ដិច​បណ្ដាច់​ចេញពី​ទង ឬ​យក​កន្ត្រៃ​កាត់ និង​គួរ​ជ្រើសរើស​បេះ​តែ​ផ្លែ​ណា​ដែល​មិន​ប៉ោង មាន​ភាពរលូន​ស្រ​លូន​ល្អ និង​មិនគួរ​ទុកឱ្យ​ផ្លែ​ឡើង​ចាស់​ជាប់​នឹង​ដើមឡើយ ព្រោះ​នឹងធ្វើ​ឱ្យទទួល​បាន​ផល​​តិច។ ជាទូទៅសណ្ដែកកួរ​នឹងមាន​អាយុ​ប្រមូល​ផល​យូរ​ប្រមាណ​ជា20-30ថ្ងៃ តែ​បើសិនជា​ចង់​រក្សាទុក​យក​គ្រាប់​ធ្វើ​ពូជគួរ​ទុកឱ្យ​ផ្លែ​ឡើង​ពណ៌​លឿង មិនចាំបាច់​រង់ចាំ​ឱ្យ​ទុំ​ខ្លាំង ក៏​អាច​ប្រឡេះ​គ្រាប់​ចេញមក​ដាក់​ហា​លស​ម្ងួ​ត រក្សាទុក​ពង្រីក​ពូជ​ដាំ​ដុះ​ជា​បន្ត​បានដែរ៕

  • តុបតែង​ផ្ទះ… តិច​និក និង​រឿង​ ដែល​គួរ​ដឹង​មុន​សម្រេចចិត្ត​ព្យួរ​កញ្ចក់

    តុបតែង​ផ្ទះ… តិច​និក និង​រឿង​ ដែល​គួរ​ដឹង​មុន​សម្រេចចិត្ត​ព្យួរ​កញ្ចក់

    កញ្ចក់​ធ្វើឱ្យ​បន្ទប់​ដែល​តូចចង្អៀត​មើលទៅ​ធំ​ស្រឡះ​ឡើង ធ្វើឱ្យ​បន្ទប់​ដែល​ងងឹត​មើលទៅ​ភ្លឺស្វាងឡើង តែ​ប្រាកដ​ណាស់​ថាការចង់​នាំយក​ឧបករណ៍​ពិសេស​បែបនេះ​មក​ព្យួរ​នៅក្នុង​បន្ទប់​ឱ្យ​ស្អាត​បាន​នោះ ត្រូវតែមាន​តិច​និក និង​រឿង​ដែល​គួរ​ដឹង​មួយចំនួន ទើប​ថ្ងៃនេះ​យើង​បាន​ជជែក​ជាមួយ​អ្នកជំនាញ​ផ្នែក​នេះ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​ការព្យួរ​កញ្ចក់​នេះ មិនថាតែ​ទីតាំង​ដែល​ត្រូវ​ព្យួរ ឬ​ការព្យួរ​ឱ្យ​បានល្អ​ស្អាត​បែប​អ្នក​តុបតែង​ផ្ទះ​អាជីព​ក៏ដោយ។

    ត្រៀមខ្លួន​មុន​ចាប់ផ្ដើម​ដាក់តាំង ឬ​ព្យួរលោកអ្នក​ត្រូវ​ដឹង​ជាមុនសិន​ថា មិនមែន​កញ្ចក់​គ្រប់​ប្រភេទ​សុទ្ធតែស័ក្តិសម​ក្នុងការ​នាំយកមក​ព្យួរ​នោះទេ អ្នក​គួរ​ជ្រើសរើស​ប្រភេទ​របស់​កញ្ចក់ និង​រូបរាង​ទ្រង់ទ្រាយ​កញ្ចក់ដែល​ស័ក្តិសម។ ក្រៅពីនោះ​នៅ​ត្រូវ​មក​មើល​ពី​រឿង​ឧបករណ៍​សម្រាប់​ព្យួរ​ទៀតផង ព្រោះ​លោកអ្នក​មិនអាច​ប្រើ​ត្រឹមតែ​ខ្សែ​មួយ​សរសៃ​ជាមួយនឹង​ដែក​ថ្ពក់ ឬ​ដែកគោល​មួយ​ដើម​ក្នុងការ​ព្យួរ​កញ្ចក់​នោះទេ ព្រោះ​វា​នឹង​គ្មាន​សុវត្ថិភាព។ ក្នុងការ​ព្យួរ​កញ្ចក់​នេះ លោកអ្នក​ត្រូវ​បំពាក់​ទំ​ពក់ ឬ​វាយ​ដែកគោល​ជាប់​នឹង​ជញ្ជាំង​ឱ្យមាន​ចំនួន​ស្មើនឹង​រន្ធ​ថ្ពក់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​កញ្ចក់។ សម្រាប់​រឿង​ទីតាំង​នែ​ការព្យួរ​វិញ យើង​ណែនាំ​ថា គួរ​ព្យួរ​កញ្ចក់​នៅលើ​ជញ្ជាំង​ឱ្យ​ខ្ពស់​បន្តិច ហើយ​សេ​រេ​ឱ្យ​កញ្ចក់​រាង​ងោក​មក​ខាងមុខ​បន្តិច ដើម្បីឱ្យ​ឆ្លុះ​ឃើញ​ទិដ្ឋភាព​របស់​បន្ទប់​បាន​ធំ​ទូលាយ។

    ត្រូវ​ព្យួរ​កញ្ចក់​យ៉ាងណា​ល្អ?
    ក្នុង​បន្ទប់ទឹក: ជាធម្មតា​នៅក្នុង​បន្ទប់ទឹក នៅ​ខាងលើ​អាង​ឡា​បូ​សម្រាប់​លាងដៃ លុបមុខ តែងមាន​កញ្ចក់​បែប​គ្មាន​គែម ឬ​ស៊ុម​បំពាក់​ជាប់​នៅលើ​ជញ្ជាំង​ស្រាប់​ហើយ តែ​ត្រង់នេះ​បើ​លោក​អ្នកយក​ស៊ុមស្អាតៗទៅ​បំពាក់​ជុំវិញ​កញ្ចក់​នោះ​ផង នឹង​ធ្វើឱ្យ​កាន់តែ​ចង់​សម្លឹងមើល​ខ្លាំង​ឡើង​ទៀត (វិធី​នេះ​សន្សំសំចៃ​ប្រាក់​ជាង​ការ​ដោះ​កញ្ចក់​
    ចាស់​នោះ​ចេញ ហើយ​ទិញ​កញ្ចក់​ថ្មី​យកមក​ដាក់ជំនួស)។
    នៅលើ​ជញ្ជាំង​ដែល​ពិបាក​ចោះ​ព្យួរ: រឿង​សំខាន់​ក្នុង​ចំណុច​នេះ​គឺ ត្រូវ​ជ្រើសរើស​ប្រើ​ដែកស្វាន​ឱ្យ​ត្រូវ​ប្រភេទ​ដែល​សម្រាប់​ចោះ​កែវ ចោះ​ឥដ្ឋការ៉ូ ឬ​ចោះ​ជញ្ជាំង​ស៊ីម៉ង់ត៍ បន្ទាប់ពីនោះ​ក៏​ប្រើ​ឧបករណ៍​ដែល​ស័ក្តិសម​សម្រាប់​ព្យួរ​កញ្ចក់​នៅលើ​ទីនោះ​ដូចដែល​ព្យួរ​នៅលើ​ជញ្ជាំង​ទូទៅ​ដែរ។
    នៅលើ​ទ្វារ: ជ្រើសរើស​ប្រើ​កញ្ចក់​បែប​ពេញ​មួយ​ជំហរ និង​រៀបចំ​ទីតាំង​ឱ្យ​សមល្មម​នឹង​ទ្វារ​ឱ្យ​ខ្លាំង​បំផុត ហើយ​ប្រើ​ឧបករណ៍​ព្យួរ​កញ្ចក់​មកចាត់ការ​ឱ្យ​រៀបរយ។ ផ្នែក​សំខាន់​ដែល​លោកអ្នក​ត្រូវ​សង្កេត​គឺ ទ្វារ​ដែល​នឹង​ព្យួរ​កញ្ចក់​នោះ ត្រូវធ្វើ​ពី​វត្ថុ​ដែលមាន​សាច់​រឹង ទើប​បំពាក់​រួមជាមួយ​ឧបករណ៍​ព្យួរ​កញ្ចក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    តើ​ត្រូវ​ព្យួរ​កញ្ចក់​នៅក្នុង​បន្ទប់​ណា​ល្អ?
    – កញ្ចក់​បែបស្អាតទំនើបៗ គួរ​ព្យួរ​នៅក្នុង​បន្ទប់​ទទួលទាន​បាយ​ទើប​ស័ក្តិសម​បំផុត ជាពិសេស​បើ​លោកអ្នក​មាន​ចង្កៀងគោម​រំយោល​នៅលើ​ពិ​ដាន​ចំ​កណ្ដាល​បន្ទប់​ផង​នោះ វា​នឹង​ចាំង​ជះ​ពន្លឺ​ធ្វើឱ្យ​ភ្លឺ​ស្រស់ស្អាត​ទ្វេ​ឡើង តែ​គួរ​ប្រយ័ត្ន បើ​ចង្កៀងគោម​រំយោល​នោះ​មាន​អំពូល​ភ្លើង កញ្ចក់​អាច​នឹង​ជះ​ពន្លឺ​ពី​អំពូល​ភ្លើង​ធ្វើឱ្យ​ចាំង​ភ្នែក​បាន។
    – ទីកន្លែង​នៅក្នុង​ផ្ទះ​ដែល​ស័ក្តិសម​នឹង​ការ​មាន​កញ្ចក់​ខ្លាំង​បំផុត​គឺ បរិវេណ​បន្ទប់​ធំ​ផ្លូវ​ចូល​ផ្ទះ ព្រោះ​វា​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​បន្ទប់​នេះ​មើលទៅ​ធំ​ស្រឡះ និង​មាន​ពន្លឺ​ភ្លឺ​ល្អ​ទៀតផង។

    គន្លឹះល្អៗ
    – បន្ទប់​ដែលមាន​ពិ​ដាន​ខ្ពស់ ស័ក្តិសម​សម្រាប់​កញ្ចក់​បែប​បញ្ឈរ ខណៈដែល​បន្ទប់​ដែល​រាង​ទ្រវែង ស័ក្តិសម​នឹង​ផ្ទាំង​កញ្ចក់​បែប​ផ្ដេក។
    – គិត​ឱ្យ​ច្បាស់​ជាមុនសិន បើ​ចង់​ព្យួរ​កញ្ចក់​នៅក្នុង​កន្លែង​ដែល​មានការ​រើរុះ​ជាប់​ជានិច្ច និង​បើ​ចង់​ព្យួរ​កញ្ចក់​នៅលើ​ក្បាល​ដំណេក លោកអ្នក​គួរ​ហៅ​អ្នកជំនាញ​មក​បំពាក់​ឱ្យ ព្រោះ​វា​នឹងមាន​សុវត្ថិភាព​ជាង​លោកអ្នក​បំពាក់​ដោយ​ខ្លួនឯង៕

  • កម្ពុជា-វៀតណាម​ចុះ​កិច្ចព្រមព្រៀង​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា

    កម្ពុជា-វៀតណាម​ចុះ​កិច្ចព្រមព្រៀង​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា

    ក្នុង​គោលដៅ​ការពារ​ការ​កិបកេង​បន្លំ​យកពន្ធ​ក្រៅផ្លូវការ រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ​កាលពី​សប្តាហ៍​មុននេះ​ដើម្បី​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា។

    កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​ឯកឧត្តម ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​ឯកឧត្តម Tran Zuan Ha អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម។

    គួរ​បញ្ជាក់ថា នេះ​ជា​កិច្ចព្រមព្រៀង​លើក​ទី5ហើយ ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប្រទេសជិតខាង ដោយ​កន្លងមក​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​រួច​ជា​បន្តបន្ទាប់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហ​បុរី សាធារណរដ្ឋ​ប្រជាមានិត​ចិន រាជរដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌី-ពើរ​តួន នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម និង​រាជរដ្ឋាភិបាល​ថៃឡង់​ដ៍ ហើយ​ដើម្បីឱ្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​ដៃគូ​មួយចំនួនទៀត ដូចជា​ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ និង​ជប៉ុន​ជាដើម៕