Category: សង្គម និងសេដ្ឋកិច្ច

  • លោក លី តារា ចែករំលែក​ពី​ការបង្កើត​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស

    លោក លី តារា ចែករំលែក​ពី​ការបង្កើត​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស

    ជា​អ្នកនិពន្ធ​វ័យក្មេង និង​ជា​ម្ចាស់​ស្នាដៃ​និពន្ធ​ជា​ភាសា​អង់គ្លេស​ដែល​កំពុង​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​យុវវ័យ រួមទាំង​ប្រជាជន​កម្ពុជា​ជាច្រើន​ផង​នោះ​លោក លី តារា បាន​បន្ត​បោះពុម្ពផ្សាយ​សៀវភៅ​ប្រកបដោយ ភាពជោគជ័យ និង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​គំហើញថ្មីៗទាំង​ក្នុងប្រទេស និង​ឯកសារ​នានា​លើ​ពិភពលោក​សម្រាប់​ផ្តល់​ជា​គំនិត​តាមបែប​អក្សរសិល្ប៍​ដល់​ប្រជាជន​ខ្មែរ។

    ខាងក្រោម​នេះ ជា​កិច្ចសម្ភាសន៍​រវាង​លោក លី តារា ជាមួយនឹង​អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ ដែល​ពាក់ព័ន្ធ​នឹង​គន្លឹះ​មួយចំនួន​ក្នុងការ​និពន្ធ​សៀវភៅ​ដែលមាន​លក្ខណៈ​សកល និង​ជា​ភាសា​អង់គ្លេស​សម្រាប់​ជា​ទុន​នៃ​គំនិត​ក្នុងការ​ពិចារណា​លើ​ការបង្កើត​ស្នាដៃ​ថ្មី។

    1. តើ​ការនិពន្ធ​សៀវភៅ​មួយ​ក្បាល​ត្រូវការ​ការតាំង​ចិត្ត និង​លក្ខខណ្ឌ​អ្វីខ្លះ?

    សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ការ​តែង​និពន្ធ​មិន​ខុសពី​កិច្ចការងារ​ផ្សេង​ប៉ុន្មាន​នោះទេ។ ការធ្វើការងារ ការសិក្សា ឬ​ការធ្វើ​អាជីវកម្ម និង​ការ​តែង​និពន្ធ​គឺ​មិន​ខុសគ្នា​ទេ ដើម្បី​សម្រេច​ជោគជ័យ​បាន​លុះត្រាតែ​ត្រូវការ​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ធនធាន ដើម្បី​ជម្នះ​ឧបសគ្គ និង​ឆ្លងកាត់​ការបរាជ័យ។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បានដាក់​ការតាំង​ចិត្ត​របស់ខ្ញុំ​លើក្តី​ស្រមៃ ដែល​ចង់ឃើញ​ស្នាដៃ​មួយ​កើតចេញ​ជា​រូបរាង​ឡើង ហើយ​ស្រមៃ​រួចជាស្រេច​ពី​អារម្មណ៍ និង​កម្លាំងចិត្ត​ដែល​នឹង​កើតឡើង​ក្រោយពេល​សៀវភៅ​មួយ​ក្បាល​ត្រូវបាន​បោះពុម្ពផ្សាយ​ចេញ​ជា​សាធារណៈ។

    ខ្ញុំ​ធ្លាប់​សរសេរថា អ្នកនិពន្ធ​ដែល​បង្កើត​ស្នាដៃ​បាន អ្នកនិពន្ធ​ខ្លះ​មាន​ផ្ទៃពោះ ហើយ​ខំ​សរសេរ​ផង​ចំណាយពេល​ថែរក្សា​សុខភាព​ផង ហើយ​អ្នក​ខ្លះទៀត​ត្រូវធ្វើ​ការងារ​ផង ហើយ​ចំណាយ​ពេលយប់ជ្រៅ​ដើម្បី​សរសេរ និង​អ្នក​ខ្លះទៀត​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​ចេញមក តែ​ក្រោយ​ពេលដែល​គាត់​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងអស់នោះ គឺ​សុទ្ធតែ​មានតម្លៃ​ខ្លាំង​សម្រាប់​មនុស្ស និង​សង្គម ហេតុនេះ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ ខ្ញុំ​តែងតែ​នឹកឃើញ​កម្លាំង​ជំរុញ​ទាំងអស់នោះ។

    1. តើ​ការនិពន្ធ​សៀវភៅថ្មីៗបានផ្តល់​ផល​វិជ្ជមាន​អ្វីខ្លះ​សម្រាប់​សង្គម?

    ការនិពន្ធ​សៀវភៅ​ថ្មី​មាន​ចំណុច​សំខាន់បំផុត គឺ​ផ្នែក​អប់រំ ទាំង​ការអប់រំ​តាម​ប្រព័ន្ធ​អប់រំ និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ។ ក្រសួង​អប់រំ​ក៏បាន​មើលឃើញ​ផងដែរ​ពីសាៈ​សំខាន់​នៃ​ការអាន​តាមរយៈ​ការជំរុញឱ្យមាន​ទិវា​អំ​ណាន និង​ចលនា​ជាច្រើន​ទៀត​សម្រាប់​បំផុស​ការអាន ព្រោះ​គាត់​មើលឃើញថា ការអាន​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស។ ការបង្កើត​ស្នាដៃ​ថ្មី គឺជា​ផ្នែក​មួយ​ដែល​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​បង្កើន​ការអាន​ក្នុងសង្គម ដែល​វា​នឹង​រុញច្រាន​មនុស្ស​ឱ្យមាន​ការគិត​ស៊ីជម្រៅ ទាំង​អ្នក​ដែល​ទទួលបាន​ការសិក្សា​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ មានន័យថា អ្នក​ដែល​បាន​ចូលរួម​ជំនាញសំខាន់ៗគាត់​នឹង​យល់​ពី​ទ្រឹស្តី ឬ​រូបមន្ត​ដែល​គាត់​បាន​ជួប តែ​អ្នក​ដែល​មិនបាន​ចូលរៀន ក៏​គាត់​អាច​ជ្រើសរើស​ការអាន​សៀវភៅ​ដើម្បី​បណ្តុះ​គំនិត និង​ទទួលបាន​ចំណេះដឹងថ្មីៗដែរ។

    1. តើ​មកដល់ពេលនេះ លោក​និពន្ធ​សៀវភៅ​បាន​ប៉ុន្មាន​ក្បាល​ហើយ? មាន​ចំណងជើង​អ្វីខ្លះ​ហើយ​ហេតុអ្វី​បានជា​សម្រេចចិត្ត​និពន្ធ​សៀវភៅនីមួយៗឡើង?

    បច្ចុប្បន្ននេះ​ខ្ញុំ​និពន្ធ​បាន​ចំនួន 6ក្បាល ដែល​ទាំងអស់នេះ គឺ​សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​ក្នុងនោះ រួមមាន ទី1 គឺ​សៀវភៅ “Dara Ly Reading Standard” ជា​សៀវភៅ​មួយ​ដែល​ខ្ញុំ​បង្ហាញ វិធីសាស្ត្រ​អាន។ ខ្ញុំ​សរសេរ​សៀវភៅ​នេះ​បន្ទាប់ពី​ខ្ញុំ​បានធ្វើ​ការងារ​ជាមួយនឹង​អ្នកអាន មួយចំនួន​ដែល​អ្នកខ្លះ ជា​និស្សិត​មហាវិទ្យាល័យ​អ្នកខ្លះ​ជា​សិស្ស​នៅ​វិទ្យាល័យ និង​អ្នក​ខ្លះទៀត​ជាអ្នកធ្វើការងារ ឬ​រកស៊ី​ជាដើម។ ក្នុងនោះ​ខ្ញុំ​បានឃើញ​ពួកគាត់​មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ផ្លាស់ប្តូរ​ខ្លួនឯង​ពី​មនុស្ស​មិន​ធ្លាប់​អាន​មក​ក្លាយជា​អ្នកអាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​ក៏បាន​ប្រើប្រាស់​វិធី​មួយចំនួន​ដែល​ខ្ញុំ​មាន​សម្រាប់​ខ្លួនឯង ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​ដើម្បី​ជំរុញ​លើកទឹកចិត្ត​មនុស្ស​ដែល​កំពុងមាន​បញ្ហា​ខ្ជិល​អាន រវល់​ខ្លាំង និង​មាន​បញ្ហា​ជាច្រើន​ទៀត​ដើម្បីឱ្យ​ពួកគាត់​អាច​អាន​បានល្អ។

    ទី2 គឺ​សៀវភៅ “Book and Crush” សៀវភៅ​នេះ គឺជា​ភាគ​បន្ត បន្ទាប់ពី​បាន​បោះពុម្ពផ្សាយ​សៀវភៅ​លើក​ទី1ជោគជ័យ​ខ្លះ ហើយ​អត្ថន័យ​នៅក្នុង​សៀវភៅ​នេះ​គឺ​ទាញ​ភ្ជាប់​ការអាន​ជាមួយនឹងការរស់នៅ​ប្រចាំថ្ងៃ​ជាក់ស្តែង និង​ហេតុផល​ជាច្រើន​ផ្សេងទៀត​ដែល​ការអាន​បាន​ផ្លាស់​ប្តូរជីវិត​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ទី3 គឺ “Because I was selfish volume 1” សរសេរ​ពី​វិធីសាស្ត្រ​រំដោះ​មនុស្ស​ពី​ការបាក់​ទឹកចិត្ត។ ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ គឺ​តែងតែមាន​ការជួប​ឧបសគ្គ ការផ្លាស់ប្តូរ​ស្ថានភាព​ជីវិត​ចុះ និង​ឡើង ហើយ​ឧបសគ្គ​ទាំងអស់នោះ​អាចធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង និង​ពេលខ្លះ​អាចធ្វើឱ្យ​មនុស្ស​រឹងមាំ​ជាង​មុន ឬ​អាចធ្វើឱ្យ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​អាត្មានិយម។ មាន​មនុស្ស​ខ្លះ​ជោគជ័យ​លើ​ការងារ តែ​បរាជ័យ​ក្នុង​ជីវិត​គ្រួសារ ឬ​ស្នេហា​អ្នកខ្លះ​ជោគជ័យ​លើ​ផ្នែក​មួយ តែ​ផ្នែក​ផ្សេងទៀត​បរាជ័យ​ក៏មាន ហេតុនេះហើយ​ទើប​ខ្ញុំ​សរសេរ​សៀវភៅ​នេះ​ឡើង​ដើម្បី​ទុកជា​គំនិត​សម្រាប់​ពិចារណា។

    ទី4 គឺ “Because I was lazy to learn” សៀវភៅ​នេះ​គឺ​សរសេរ​ដើម្បី​ជំរុញ​មនុស្ស​ឱ្យមាន​កម្លាំងចិត្ត​ក្នុងការ​សិក្សា និង​ដោះស្រាយ​បញ្ហា​ជីវិត​តាមរយៈ​ការអប់រំ។

     

    ទី5 “Who is She?” លើក​នេះ​ប្លែក គឺ​ខ្ញុំ​សរសេរ​ពី​ជីវិត​របស់​មនុស្ស​ស្រី​ចំនួន 49នាក់ ដោយ​ក្នុងនោះ គឺ​លើកឡើង​ពី​បញ្ហា​នានា​របស់​មនុស្ស​ស្រី​ក្នុងការ​រស់នៅ និង​ក្នុងសង្គម។ ខ្ញុំ​ចំណាយពេល 4 ទៅ5ឆ្នាំ​ដើម្បី​ប្រមូល​តួអង្គ និង​សិក្សា​ពី​បញ្ហា​របស់​មនុស្ស​ស្រី​ទាំងអស់នោះ ដើម្បី​ដកស្រង់​យកមក​ធ្វើជា​ចំណោទបញ្ហា​សម្រាប់​ដោះស្រាយ​តាមរយៈ​វិធីសាស្ត្រ​របស់​អ្នកនិពន្ធ។

    ទី6 “Because I was Selfish volume 3” សៀវភៅ​នេះ គឺ​ចេញ​មុន volume 2 ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង volume 1 ដោយ​ផ្តោតលើ​ការបាក់​ទឹកចិត្ត​ដូចគ្នា​ដែរ តែ​លើក​នេះ​និយាយ​ពី​ការ​ងើបឡើង​វិញ​នៃ​វិបត្តិ​របស់​មនុស្ស ដោយ​នាំ​អ្នកអាន​ឱ្យមើល​ឃើញ​ពី​វិធី​ជាច្រើន​ថា ប្រសិនបើ​គាត់​ធ្លាក់ចូល​ស្ថានភាព​មិនល្អ តើ​គាត់​អាច​ងើបឡើង​ដោយ​វិធី​ណាខ្លះ?។

    1. តើ​ការនិពន្ធ​សៀវភៅ​ជា​ភាសា​អង់គ្លេស​មាន​លក្ខណៈពិសេស​ខុសពី​ការនិពន្ធ​សៀវភៅ​ជា​ភាសា​ខ្មែរ​ដូចម្តេចខ្លះ?

    ខ្ញុំ​យល់ថា ដោយសារតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​អ្នកអាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​ច្រើនជាង​សៀវភៅ​ជា​ភាសា​ខ្មែរ នោះ ពេលខ្លះ​ខ្ញុំ​គិតថា វា​មាន​លក្ខណៈ​ងាយស្រួល ព្រោះ​ការប្រើប្រាស់​ភាសា​អង់គ្លេសអាច​សម្បូរ​ឯកសារ​ច្រើន​ដើម្បី​គាំទ្រ។ នៅពេលដែល​យើង​ខ្វះ​ឯកសារ​មួយចំនួន គឺអាច​ស្វែងរក​តាម​អី​ុ​ន​ធើ​ណិ​ត និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​បាន ដោយ​មិនចាំបាច់​ទៅ​បណ្ណាល័យ​ដោយផ្ទាល់​នោះទេ។ ម្យ៉ាងទៀត​ដូចដែល​យើង​ដឹង​ហើយ​ថា ការសរសេរ​មាន​ច្រើន​ទម្រង់ ហើយ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចូលចិត្ត​ការសរសេរ​បែប​ច្នៃប្រឌិត (creative writing) ឬ​អក្សរសិល្ប៍​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​មាន​ភាពងាយស្រួល​បញ្ចូល​សិល្បៈ និង​ការប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន។ តែ​ទោះជា​យ៉ាងនេះ​ក្តី ការសរសេរ​ជា​ភាសា​ខ្មែរ​ក៏មាន​ចំណុចខ្លាំង​ច្រើន​ដែរ ព្រោះ​វិធីសាស្ត្រ​នៃ​ការសរសេរ រួមទាំង​សិល្បៈ​នៃ​ការនិពន្ធ គឺមាន​លក្ខណៈ​ល្អ​ដូចគ្នា។

    1. តើ​ការនិពន្ធ​សៀវភៅ​មាន​ឧបសគ្គ និង​កត្តា​ប្រឈម​អ្វីខ្លះ? ហើយ​លោក​ដោះស្រាយ​វា​ដោយ​វិធី​ណា?

    សម្រាប់​ខ្ញុំ​ទី1 គឺ​បញ្ហា​តម្លៃ​របស់​ស្នាដៃ ដែល​កន្លែង​នេះ​មិនមែន​ផ្តោតលើ​តម្លៃ​ក្នុង​ការលក់​សៀវភៅ​នោះទេ តែ​ផ្តោតទៅលើ​គុណ​តម្លៃ​នៃ​ផលិតផល​ដែល​បង្កើតឡើង។ មានពេលខ្លះ​នៅពេលដែល​យើង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ឡើង​ហើយ​បន្ត​សរសេរ​ស្នាដៃបន្ទាប់ៗទៀត​នោះ អ្នកអាន​មួយចំនួន​បានផ្តល់​យោបល់​ល្អ និង​ជំរុញ​ទឹកចិត្ត តែ​ពេលខ្លះ​ក៏មាន​អ្នកអាន​មួយចំនួន​បាន​បង្អាក់​ទឹកចិត្ត​យើង​ដែរ ដោយសារតែ​គាត់​មិនបាន​មើលឃើញ​ពី​តម្លៃ​នៃ​ស្នាដៃ​នោះ។ បញ្ហា​ទី2 គឺ​ប្រព័ន្ធ ឬ​ដំណើរការ​នៃ​ការបោះពុម្ពផ្សាយ ព្រោះ​ពេលខ្លះ​យើង​ខ្វះ​ធនធានមនុស្ស​ក្នុង​ការធ្វើការងារ​ជាប់លាប់​ក្នុងការ​កែសម្រួល​អត្ថបទ​គ្រប់ពេល។ ប្រសិនបើ​យើង​ផ្តល់​តម្លៃ​ខ្លាំងពេក​លើ​ជនបរទេស យើង​នឹង​អាចមាន​បញ្ហា តែ​ប្រសិនបើ​យើង​មិន​ធ្វើបែបនេះ​យើង​នឹងខ្វះ​ធនធានមនុស្ស ហេតុនេះ​ក្នុង​កាលៈទេសៈ​នេះ គឺ​យើង​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ធ្វើ​ការងារ​ទៅតាម​ផ្នែកនីមួយ។

    1. តើ​លោក​មាន​យោបល់​អ្វីខ្លះ​ដើម្បី​ជំរុញ​អ្នកនិពន្ធ​វ័យក្មេង​នៅ​កម្ពុជា​ឱ្យ​បន្ត​ខិតខំ​បង្កើត​ស្នាដៃថ្មីៗបន្ថែមទៀត?

    ខ្ញុំ​គិតថា យើង​គ្រប់គ្នា​គួរតែបង្កើត​ទម្លាប់​ល្អ​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បន្ត​សិក្សា​ពីគ្នា​ពី​គ្រប់​ចំណុច​ដែលជា​តម្រូវការ​របស់​សង្គម។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​ចង់​និយាយ​ពី​បញ្ហា​បរិស្ថាន ហើយ​យើង​មាន​ជំនាញ​ផ្នែក​នេះ យើង​គួរ​បន្ត​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កើតជា​ស្នាដៃ​ដើម្បី​ទុកជា​ប្រភពព័ត៌មាន​សម្រាប់​អ្នកផ្សេង​ទៀត​ដែល​មិនទាន់មាន​មូលដ្ឋានគ្រឹះ​ផ្នែក​នេះ ហើយ​ពេលខ្លះ​អ្នកនិពន្ធ​ខ្លួនឯង ក៏​គួរ​ដើរតួ​ជា​អ្នកអាន ដែល​រីករាយ​នឹង​ស្វែងយល់​នូវ​ចំណុចថ្មីៗពី​អ្នកនិពន្ធ​ដទៃ​ផ្សេងទៀត​ដែល​បាន​បង្កើត​ស្នាដៃ​ឡើង​ដែរ៕

  • Dolce & Gabbana Spring-Summer 2018

    Dolce & Gabbana Spring-Summer 2018

    ពិតជា​ពេញចិត្តជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​រដូវក្តៅ​ឆ្នាំនេះ​ជាមួយនឹង Dolce​ & Gabbana Spring-Summer 2018 សម្រាប់​រដូវ​កាល​ថ្មី ដែល​បង្ហាញ​ពី​ភាពស្រស់​បំព្រង​នៃ​ការ​រចនា និង​ពណ៌ មើលចុះ​មួយម៉ូដៗគឺ​ពេញ​ដោយ​សិល្បៈ និង​ពណ៌​ស្រស់​ឆើតឆាយតែម្តង។

    តែបើបុរសៗដែល​មិនសូវ​ចូលចិត្ត​ភាពស្រស់​ឆើតឆាយ​ពេក​ទេនោះ អាច​នឹង​មិនជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះទេ តែ​សម្រាប់​យុវវ័យ​សម័យថ្មី​ដែល​និយម​ភាព​ស៊ីវី​ល័យ​វិញ​នោះ គឺ​ធានាថា​ពេញចិត្ត​តែម្តង ព្រោះ​ម៉ូដ​សម្លៀកបំពាក់​ទាំងនេះ​ទទួលបាន​នូវ​ការពេញនិយម​ជាខ្លាំង សម្រាប់​ពាក់​ដើរ​កម្សាន្ត និង​ចូលរួម​នៅក្នុង​កម្មវិធី​នៅក្នុង​សង្គម៕

  • លោក Heynckes រីករាយ ក្រោយពី Bayern រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន 3

    លោក Heynckes រីករាយ ក្រោយពី Bayern រក្សា​ក្តីសង្ឃឹម​នៃ​ការ​ប្រជែង​ពាន 3

    លោក JuppHeynckes បាន​សម្តែង​នូវ​ការរីករាយ​របស់លោក​ចំពោះ​សមត្ថភាព​របស់​ក្រុម Bayern Munich ក្នុងការ​រក្សា​ការធ្វើដំណើរ​ឆ្ពោះទៅមុខ​របស់​ពួកគេ បើទោះបី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Sevilla ក៏ដោយ ខណៈដែល​ពួកគេ​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League។ Bayern បាន​ឈានទៅ​វគ្គ 4ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ ជា​លើក​ទី7 ក្នុង​រយៈពេល 7រដូវ​កាល ក្រោយពី​ទទួលបាន​ជ័យជម្នះ​ទាំង 2ជើង​ក្នុង​លទ្ធផល 2-1 បន្ទាប់ពី​ជ័យជម្នះ​របស់​ពួកគេ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុងប្រទេស​អេ​ស្ប៉ា​ញ កាលពី​សប្តាហ៍​មុន។

    ខ្សែបម្រើ​ស្លាប Franck Ribery រកបាន​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម Bayern ក្នុងការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន Allianz Arena ប៉ុន្តែ ការ​ស៊ុត​បាល់​របស់គេ​ចំ​ទៅនឹង​អ្នកចាំទី David Soria របស់​ក្រុម Sevillaតែម្តង​ក្នុងការ​ប្រកួត​តង់​ទី1។

    ខ្សែបម្រើ Joaquin Correa របស់​ក្រុម Sevilla បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​របារ​ទី នៅមុន​ពេល​រង​ការពិន័យ​កាត​ក្រហម​ណ្តេ​ញ​ចេញ នៅ​ជិត​បញ្ចប់​ការប្រកួត​សម្រាប់​ការប្រព្រឹត្ត​កំហុស​ទៅលើ​កីឡាករ Javi Martinez។ លោក Heynckes បាន​សម្តែង​នូវ​ការរីករាយ និង​ពេញចិត្ត​ទៅលើ​លទ្ធផល​នេះ បើទោះបី​ពួកគេ​មិនអាច​ទម្លុះ​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Sevilla ក៏ដោយ។ គ្រូបង្វឹក​ចាស់វស្សា​រូប​នេះ​បានឱ្យដឹងថា៖ «អ្នក​មិនអាច​លេង​បាន​យ៉ាង​ល្អឥតខ្ចោះ និង​យកឈ្នះ​លើ​គូប្រកួត​ដោយ​ងាយ​ឡើយ។ ពេលខ្លះ អ្នក​ត្រូវតែ​ការពារ​មិន​ឲ្យ​ពួកគេ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»៕

    ប្រភពពី៖ The Sun

  • នៅពេល​ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ខែទី1

    នៅពេល​ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ខែទី1

    ស្ត្រី​ដែល​ទើប​ចាប់ផ្ដើម​តាំង​គភ៌ថ្មីៗដឹង​ឬទេ​ថា តើ​កូនតូច​ក្នុង​ផ្ទៃ​របស់​អ្នកមាន​វិវឌ្ឍនាការ​យ៉ាងណាខ្លះ​ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​ណែនាំ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងអស់​បានដឹង​ពី​ការប្រែប្រួល និង​រឿង​ដែល​នឹង​កើតឡើង​ពេញ​មួយរយៈ​ពេល9ខែ​នៃ​ការតាំង​គភ៌​ដូចតទៅ។

    ភាពប្រែប្រួល​នៅពេល​ចាប់ផ្ដើម​តាំង​គភ៌​ដែល​អាច​សង្កេតឃើញ
    ក្នុងអំឡុង​ខែ​ដំបូង​នេះ ស្ត្រី​មានគភ៌​ថ្មោងថ្មី​មួយចំនួន​អាចមាន​អាការ​វដ្ត​រដូវ​មិន​មក​តាម​កំណត់ អ្នកខ្លះ​មាន​ធ្លាក់ឈាម​មក​ត្រឹមតែ​បន្តិចបន្តួច ឆាប់​ហត់ ងាយ​គេង​លក់ បត់ជើងតូច​ញឹកញាប់ ក្អួតចង្អោរ អាហារ​មិន​រំលាយ​ធ្វើឱ្យ​ណែន​ក្នុង​ពោះ លែង​ឃ្លាន​អាហារ ធំុក្លិន​ម្ហូបអាហារ​មិនបាន ដោះ​ឡើង​តឹង​ណែន និង​មាន​អារម្មណ៍​ឈឺ​នៅ​ម្ដុំ​ក្បាលដោះ អារម្មណ៍​ឆាប់​ប្រែប្រួល ជួនកាល​យំ​ដោយ​គ្មាន​ហេតុផល និង​ឆាប់​មួម៉ៅជាដើម។ តែ​សម្រាប់​អ្នកខ្លះ​ក៏​អាច​មិន​កើតមាន​អាការ​ទាំងនេះ​ទាំងអស់​ដែរ អាច​កើត​មានតែ​អាការ​មួយចំនួន​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ភាព​ប្រាកដ​ច្បាស់​ថា តើ​ខ្លួន​តាំង​គភ៌​ឬ​អត់​នោះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​ជាការ​ប្រសើរ​បំផុត។

    ចំណុច​គួរ​ប្រតិបត្តិ​ក្នុងអំឡុង​ការតាំង​គភ៌​នា​ខែ​ទី1
    នៅពេល​ច្បាស់​ក្នុង​ចិត្ត​ថា ពេលនេះអ្នក​ចាប់ផ្ដើម​មានគភ៌​ហើយ​នោះ ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់ខ្លួន​ឱ្យបាន​ខ្លាំង​ឡើង និង​គួរ​សាងអារម្មណ៍ល្អៗដល់​ខ្លួនឯង ហើយដែល​សំខាន់​គឺ ការ​សម្រាក និង​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់ ដោយសារតែ​ស្ត្រី​មានគភ៌​គ្រប់រូប​នឹង​ឆាប់​នឿយ​ល្វើយ​អស់កម្លាំង ព្រោះតែ​រាងកាយ​ត្រូវ​ធ្វើការ​ច្រើនជាង​ប្រក្រតី​ទ្វេដង ដើម្បី​សាង​អវយវៈ សាច់​ភ្នាស​របស់​ទារក​ក្នុង​គភ៌ ដែល​កម្មវិធី​ការ​សាង​សាច់​ភ្នាស​ក្នុងអំឡុង​ខែ​ទី1 ដល់​ខែ​ទី3នេះ​អាច​រាប់បាន​ថា ជា​អំឡុងពេល​សំខាន់បំផុត។ នៅពេល​ឆ្លង​ផុត​អំឡុងពេល3ខែ​ដំបូង​ទៅហើយ ប្រព័ន្ធ​ការ​សាង​សាច់​ភ្នាស និង​អវយវៈផ្សេងៗនឹង​រួចស្រេច​បរិបូរណ៍ រាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏​នឹង​ត្រឡប់មក​មាន​កម្លាំងកំហែង​ជាថ្មី​ម្ដងទៀត។

    ដូច្នេះ​ក្នុងអំឡុង​ខែដំបូងៗនេះ ស្ត្រី​មានគភ៌​ត្រូវ​គេង​សម្រាក​ឱ្យបាន​ច្រើន បន្ថយ​ការប្រើប្រាស់​កម្លាំងកាយ។ អាច​គេង​សម្រាក​នៅពេល​ថ្ងៃមួយ​ស្រឡេត​ក៏​នឹង​ជួយ​បាន​ច្រើន​ដែរ។ ក្រៅពីនេះ​នៅ​ត្រូវ​មើល​លើ​រឿង​អាហារ​ការហូបចុក​ក្នុងពេលនីមួយៗ គួរ​បន្ថែម​ប្រូតេអុីន សារធាតុ​ដែក និង​កាល់ស្យូម​ឱ្យបាន​គ្រប់គ្រាន់ ឬ​ចង់ឱ្យ​ល្អ​បំផុត​នោះ​គឺ ស្ត្រី​មានគភ៌​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តតាំង​ពីមុន​ពេល​តាំង​គភ៌​ទៀតផង(នៅពេល​តាំងចិត្ត​ថា​នឹង​យក​កូន ក៏​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តដល់​រាងកាយ​ជាមុន​តែម្ដង) និង​រឿង​ដែល​សំខាន់​មួយ​ដែរនោះ គឺ​ស្ត្រី​មានគភ៌​មិនគួរទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ណា​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ឡើង ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ញ៉ាំ​របស់ផ្អែមៗច្រើន​ជ្រុល​ពេក ឬ​ជក់បារី ជាដើម។

    អាការ​ចាញ់កូន​ដែល​អាច​នឹង​កើតឡើង
    ស្ត្រី​ដែល​តាំង​គភ៌ថ្មីៗ អាច​នឹង​កើតមាន​អាការ​ចាញ់កូន ដែល​រាប់បាន​ថា​ជា​អាការ​ប្រក្រតី​របស់​ការតាំង​គភ៌ និង​ច្រើន​តែមាន​អាការ​ចាញ់កូន​ខ្លាំង​ទៀតផង បើជា​ការ​មានគភ៌​លើកដំបូង។ ការ​ចាញ់កូន​មាន​មូលហេតុ​មកពី​ការប្រែប្រួល​ខាង​រាងកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង ដោយ​នឹងមាន​អាការ​ចាញ់​ខ្លាំង ឬ​តិច​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​សម្រប​ខ្លួន​របស់​រាងកាយ និង​ផ្លូវចិត្ត ការមើល​ថែទាំ​អារម្មណ៍​មិនឱ្យ​វិតក្ក​កង្វល់ សៅហ្មង ភ័យខ្លាច ក៏​នឹង​ជួយ​ឱ្យ​អាការ​ចាញ់កូន​ថយចុះ​បានដែរ។ ក្រៅពីនេះ​នៅមាន​វិធី​ដែល​អាចជួយ​សម្រាល​អាការ​ចាញ់កូន​បាន​ដូចខាងក្រោម។

    • ទទួលទាន​អាហារ​ដែលមាន​កាបូ​ហាយ​
    ដ្រេ​ត និង​ប្រូតេអុីន​ខ្ពស់ តែ​គួរតែ​ជា​អាហារ​ដែល​ងាយ​រំលាយ​ដូចជា ទឹកដោះគោ ទឹក​ស៊ុប និង​សាច់​ត្រី ជាដើម។

    • ទទួលទានទឹក​ឱ្យបាន​ច្រើនឡើង។ ដោយសារតែ​រាងកាយ​របស់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​អាច​ត្រូវ​បាត់បង់​ជាតិ​ទឹក​ដោយសារតែ​ការ​ក្អួតចង្អោរ​នោះ ការ​ទទួលទានទឹកស្អាត ឬ​ទទួលទានអាហារ ឬ​ផ្លែឈើ​ដែលមាន​ជាតិ​ទឹក​ច្រើន​ក៏​អាចជួយ​បានដែរ។ ការ​ទទួលទានទឹក គួរ​ញ៉ាំ​ម្ដងបន្តិចៗ មិនគួរ​ទទួលទានម្ដងច្រើនៗឡើយ។

    • គួរ​ទទួលទានវីតាមីន​បន្ថែម​តាម​ការណែនាំ​របស់​គ្រូពេទ្យ។ ដោយសារតែ​ការ​ក្អួតចង្អោរ​អាចធ្វើឱ្យ​រាងកាយ​មិនបាន​ទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន ទើប​ស្ត្រី​មានគភ៌​គួរ​ទទួលទានវីតាមីន​បន្ថែម។ សម្រាប់​ករណី​ដែល​ចាំបាច់​ត្រូវ​ប្រើថ្នាំ ឬ​ទទួលទានថ្នាំ​អ្វី​ក៏ដោយ មិនត្រូវ​ទិញយកមក​ទទួលទានខ្លួនឯង​ដោយមិនបាន​ប្រឹក្សា​ ជាមួយ​គ្រូពេទ្យ​ជាដាច់ខាត ព្រោះថ្នាំ​មួយចំនួន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។

    • ចៀស​ឱ្យ​ឆ្ងាយ​ពី​ក្លិន រសជាតិ ឬ​អាហារ​ដែល​មិន​ចូលចិត្ត អាហារ​ដែលមាន​ក្លិន​ឆួល ដូចជា​មើម​ខ្ទឹមស ជាដើម ព្រោះ​វា​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។

    • ទទួលទានឱ្យបាន​ញឹកញាប់​ កុំ​បណ្ដោយឱ្យ​ពោះ​នៅ​ទំនេរ​យូរពេក ព្រោះ​ក្រពះ​នឹង​បញ្ចេញ​ទឹក​រំលាយ​ចេញមក ដែល​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។ គួរ​បែង​ចែកពេល​ញ៉ាំ​អាហារ​ជា 6 ពេលតូចៗជំនួស​ឱ្យ 3ពេលធំ។ អាហារ​ពេលទំនេរ​ដែល​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ គួរតែ​ជា​នំប៉័ងស្រួយៗ ឬ​ផ្លែឈើផ្សេងៗជាដើម។

    • ឧស្សាហ៍​មើលថែទាំ​ធ្មេញ​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​សុខភាព​មាត់ និង​ធ្មេញ​មិនល្អ​ក៏​អាចធ្វើឱ្យ​កើត​អាការ​ក្អួតចង្អោរ​បានដែរ។ ខ្ពុរមាត់​ដោយ​ទឹក​ក្ដៅឧណ្ហៗជាប្រចាំ ដែល​ក្រៅពី​ជួយ​ឱ្យ​ក្នុង​ប្រអប់មាត់​ស្អាត​ហើយ នៅ​ជួយ​សម្លាប់​មេរោគ​បាន​ទៀតផង។

    បើ​ធ្វើតាម​ចំណុច​ដែល​បាន​រៀបរាប់​មក​ខាងលើ​ហើយ អាការ​ក្អួតចង្អោរ ឬ​អាការ​ចាញ់កូន​នៅតែ​មិនល្អ​ប្រសើរឡើង គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលយក​ការណែនាំ​ជា​បន្ត និង​សម្រាប់​អ្នកខ្លះ​ដែលមាន​អាការ​ចាញ់កូន​ខ្លាំង អាច​ត្រូវឱ្យ​គ្រូពេទ្យ​តាមដាន​មើលថែទាំ​យ៉ាង​ដិតដល់​នៅក្នុង​មន្ទីរពេទ្យ​ក៏បាន៕

  • Ronaldo ធ្វើឱ្យ Juventus ខកចិត្ត បើទោះបី Real ចាញ់​ក្នុង​ជើង​ទី2

    Ronaldo ធ្វើឱ្យ Juventus ខកចិត្ត បើទោះបី Real ចាញ់​ក្នុង​ជើង​ទី2

    ក្រុម Real Madrid បាន​ឈានទៅ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ឆ្នាំ​ទី8 ជាប់ៗគ្នា បើទោះបី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 3-1 ក្រោម​ស្នាដៃ​ក្រុម Juventus ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ 8ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ពុធ​ក៏ដោយ។

    ក្រុម Real បាន​ឈានចូល​ទៅកាន់​ការប្រកួត​នេះ​នៅ​កីឡដ្ឋាន Bernabeu ជាមួយនឹង​ការជឿជាក់​ដ៏​ធំ​មួយ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង Turin កាលពី​សប្តាហ៍​មុន។ ប៉ុន្តែ Juventus បាន​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយ​ដើម្បី​តាម​ស្មើ​វិញ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី1 របស់​ខ្សែប្រយុទ្ធ Mario Mandzukic នៅ​មុនពេល​ខ្សែបម្រើ Blaise Matuidi បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 សម្រាប់​ក្រុម​ខ្លួន។

    ទោះបីជា​យ៉ាងណា ស្រប​ពេលដែល​ការប្រកួត​ជើង​ទី2នេះ ហាក់ដូចជា​ត្រូវ​ឈានចូល​ដល់​នាទី​បន្ថែម 15នាទី 2ដង​ទៅហើយ លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស Michael Oliver បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី 1គ្រាប់​ទៅ​ឲ្យ Real នៅ​ជិត​បញ្ចប់​ការប្រកួត។ ស្រប​ពេលដែល​ការប្រកួត​ឈានដល់​នាទី​ទី97  Ronaldo បាន​ស៊ុត​បាល់​ពី​ចំណុច11ម៉ែត្រ​ចូល​ទី​យ៉ាង​ល្អ ដើម្បី​ធ្វើឱ្យ​ក្រុម​ខ្លួន​ទទួលបាន 1គ្រាប់​មកវិញ តែ​ក៏​នៅតែ​ចាញ់ Juventus ក្នុង​លទ្ធផល 3-1 ប៉ុន្តែ​សរុប​ទាំង 2ជើង Real Madrid នៅតែ​ឈ្នះ​ក្នុង​លទ្ធផល 4-3។

    អ្នកចាំទី Gianluigi Buffon ដែល​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ជា​លើក​ទី25 របស់គេ និង​អាចជា​លើកចុងក្រោយ មុននឹង​ចូលនិវត្តន៍​នោះ បាន​រង​ពិន័យ​កាត​ក្រហម​សម្រាប់​ការតវ៉ា​របស់គេ។ បន្ទាប់ពី​ការប្រកួត​នេះ Ronaldo បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា៖ «ខ្ញុំ​មិន​យល់​សោះ ហេតុអ្វី​បានជា​ពួកគេ​ធ្វើ​ការតវ៉ា​ទៅលើ​បាល់​ប៉េ​ណា​ល់​ទី»៕

    ប្រភពពី៖ The Guardian

  • ពិធី​តាំងពិព័រណ៍​ស្នាដៃ​កូន​ខ្មែរ រៀបចំ​ដោយ​សណ្ឋាគារ​​លំដាប់​អន្តរជាតិ Rosewood ភ្នំពេញ

    ពិធី​តាំងពិព័រណ៍​ស្នាដៃ​កូន​ខ្មែរ រៀបចំ​ដោយ​សណ្ឋាគារ​​លំដាប់​អន្តរជាតិ Rosewood ភ្នំពេញ

    សណ្ឋាគារ Rosewood ភ្នំពេញ ដែលជា​សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ពិភពលោក ស្ថិតនៅលើ​អគារ Vattanac Capital បានរៀបចំ​កម្មវិធី​សម្ពោធ​បន្ទប់​តាំងពិព័រណ៍​រូបគំនូ​វ​ដ៏​ប្រណីត​របស់ខ្លួន ជាមួយនឹង​ការ​ផ្តល់ឱកាស​ឱ្យ​វិចិត្រករ​ខ្មែរ​មកពី​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​បាន​តាំង​ពិ​ព័រ​ណ៌​រូបគំនូរ​របស់ខ្លួន​ជាច្រើន​ផ្ទាំង ព្រមទាំង​រូបចម្លាក់ ដែល​ប្រកបដោយ​រចនាបទ​ដ៏​វិចិត្រ​បែប​ខ្មែរ និង​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅពី​សំណាក់​វិចិត្រករ​ដូចជា លោក ឈើន ចាន់នី, លោកស្រី ឆន ឌី​ណា, លោក លឹមមួយ ​ធាម, លោកស្រី Madeline Green និងលោក ឆាយ សារ៉ុន, លោក អុ៊ក ជីម​វិចិត្រ និង​លោក ស្រី បណ្តូល។ ការតាំង​ពិព័រណ៍​​ទាំងអស់​នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ជា​រៀងរាល់3ខែម្តង ដើម្បី​បើកឱកាស​ឱ្យ​វិចិត្រករ​ខ្មែរ និង​បរទេស​ទាំងអស់​អា​ចប​ង្ហា​ញ​ពី​ស្នាដៃ និង​ការច្នៃប្រឌិត​របស់​ពួកគេ​ដល់​គ្រប់​អតិថិជន ដែល​អញ្ជើញ​មក​សណ្ឋាគារ Rosewood ភ្នំពេញ បាន​ទស្សនា និង​ជាវ​យកទៅ​តាំង​លម្អ​​នៅ​គេហដ្ឋាន ក៏ដូចជា​នៅភោជនីយដ្ឋាន ឬ​សណ្ឋាគារ​របស់​ពួកគេ​ជាដើម។ វិចិត្រសាល​ដ៏​ប្រណីត​នេះ ស្ថិតនៅ​ជាន់​ទី35នៃ​សណ្ឋាគារ Rosewood ភ្នំពេញ ហើយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​អាច​ចូលមក​ទស្សនា​បាន​ដោយ​សេរី និង​ទទួលបាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បុគ្គលិក​នៃ​សណ្ឋាគារ Rosewood ភ្នំពេញ គ្រប់ពេលវេលា និង​ជា​រៀងរាល់ថ្ងៃ៕

  • សញ្ញាគ្រោះថ្នាក់ពី​អាការ​ហើម​ខ្លួន ហើមជើង ក្នុងអំឡុងពេល​តាំង​គភ៌

    សញ្ញាគ្រោះថ្នាក់ពី​អាការ​ហើម​ខ្លួន ហើមជើង ក្នុងអំឡុងពេល​តាំង​គភ៌

    អាការ​ហើម​តាម​រាងកាយ​គឺជា​រឿង​ដែល​ប្រទះឃើញ​ជាទូទៅ​នៅលើ​ស្ត្រី​ដែល​កំពុង​តាំង​គភ៌ ដោយសារតែ​ដល់ពេល​អាយុ​គភ៌​ច្រើនឡើង ទម្ងន់​គភ៌​ក៏​នឹង​ច្រើនឡើង​តាម​លំដាប់​ដែរ ធ្វើឱ្យ​ជញ្ជាំង​សរសៃឈាមផ្សេងៗចាប់ផ្ដើម​ពង្រីក​ខ្លួន​តាម ធ្វើឱ្យ​អវយវៈ​ដទៃទៀត​ចាប់ផ្ដើម​ពង្រីក(ហើម)ខ្លាំង​ឡើង តែ​អាការ​ហើម​តាម​រាងកាយ ហើម​នៅលើ​ជើង​យ៉ាង​ឆាប់រហ័ស​ជ្រុល​ពេក ក៏​អាចជា​សញ្ញា​គ្រោះថ្នាក់​មួយ​ដែល​បញ្ជាក់​អំពី​សភា​វគ​ភ៌​មាន​ជាតិពុល​ដែរ។

    នៅពេល​តាំង​គភ៌​ហើយ ការ​ហើម​នៅលើ​ខ្នងជើង(មិន​លើស​ភ្នែក​គោល) នឹង​ចាប់ផ្ដើម​កើតឡើង​ពេល​អាយុ​គភ៌​ច្រើនឡើង។

    លក្ខណៈ​របស់​ស្បែក​ដែល​ហើម បើសិនជាចុច​មើល នឹង​ឃើញថា ទ្រុឌ​ចុះទៅ ព្រោះថា ទម្ងន់​របស់​គភ៌​ដែល​ច្រើនឡើង​នឹង​មក​សង្កត់ពីលើ​សរសៃឈាម​ខ្មៅ​ផ្នែក​ខាងក្រោយ​ដងខ្លួន ធ្វើឱ្យ​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម(ប្រព័ន្ធ​ឈាម​រត់)ដំណើរ​ការមិន​ស្រួល។ ក្រៅពីនោះ អាការ​ហើម​នេះ នៅ​អាច​មាន​ច្រើនឡើង​មកដល់​ស្មងជើង ឬ​អាច​នឹង​ហើម​ពេញ​ទាំង​ខ្លួន​ក៏បាន ធ្វើឱ្យ​មុខមាត់​ប្រែប្រួល​ខុសពី​មុន ដោយសារ​ថ្ពាល់​ឡើងហើម​ធំ។

    តែ​អាការ​ហើម​ដែល​ខុស​ប្រក្រតី​ក៏​អាចជា​សញ្ញា​របស់​អាការ​គភ៌​មាន​ជាតិពុល​បានដែរដូចជា:
    1. កើត​អាការ​ហើម​ឡើង​យ៉ាង​ឆាប់រហ័សដូចជា ហើម​មុខ ហើម​ខ្លួន ឬ​សន្លាក់​ម្រាមដៃ​ហើម​រហូត​ដោះ​ចិញ្ចៀន​ចេញ​លែង​បាន​យ៉ាង​ឆាប់រហ័ស។
    2. ទម្ងន់​ខ្លួន​កើន​ច្រើនឡើង​យ៉ាង​ឆាប់រហ័ស។
    3. មាន​អាការ​បត់ជើងតូច​ថយ​ចុះ។
    4. ឈឺក្បាល​ខ្លាំង ឬ​មាន​អាការ​ភ្នែក​ឡើង​ស្រវាំង ឬ​មើលឃើញ​ពន្លឺ​ជាចំណុច។
    5. មាន​អារម្មណ៍​ចុក​ណែន​នៅ​ម្ដុំ​ចុងដង្ហើម។

    បើសិន​មាន​កើត​អាការ​ទាំងនេះ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ព្រោះ​អាច​នឹង​កើត​សភាវ​គភ៌​មាន​ជាតិពុល៕

  • មុន​ទិញ-លក់​ដី គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ជាមុន

    មុន​ទិញ-លក់​ដី គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ជាមុន

    ការទិញ-លក់​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​សកម្ម​ភាពខ្លាំងឡើងៗនៅលើ​ទីផ្សារ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ដើម្បីឱ្យ​ការទិញ-លក់​អាចមាន​ទំនុកចិត្ត និង​ភាពកក់ក្តៅទៅតាម​ផ្លូវច្បាប់ អ្នកទិញ​គួរ​ដឹង​ពី​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​ជាមុន។

    លោក សៅ វ៉ា​រី ប្រធាន​នាយកដ្ឋាន​អភិរក្ស​សុរិយោដី​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យឬ​ហៅថា (ប្លង់ដី) ត្រូវបាន​គេ​បែងចែក​ទៅតាម​ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មានដូចជា៖

    1.ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ហៅថា ប័ណ្ណ​ស្លាបមាន់។

    2.ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ។

    3.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ។

    4.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន។

    5.វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​សមូហភាព។

    6.វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច។

    និង 7.វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​ជួល​អចិន្ត្រៃយ៍។

    លោក​បាន​បន្តថា ដើម្បីឱ្យ​ការទិញ-លក់​មាន​ទំនុកចិត្ត​តាមផ្លូវ​ច្បាប់ ម្ចាស់​អចលនទ្រព្យ​ពាក់ព័ន្ធ ពិសេស​ម្ចាស់​ដីឯកជន ត្រូវ​ដឹង​ពី​ការផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ជា​ធរមាន។ បច្ចុប្បន្ន​ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ គឺ​ផ្អែកលើ​ប្រកាស​អន្តរក្រសួង​ពាក់ព័ន្ធ​ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ2011 និង​ឆ្នាំ2013។

    ដើម្បីឱ្យ​ការផ្ទេរសិទ្ធិ​មាន​សុពលភាព​រឹងមាំ គឺ​ត្រូវ​មានការ​ព្រមព្រៀងគ្នារ​វាង​ភាគី​លក់ និង​ទិញ​ជាមុន​ត្រូវមាន​សន្តតិ​កម្ម​ទៅតាម​មរតកសាសន៍ ឬ​ទៅតាម​ផ្លូវច្បាប់ ឬ​អនុវត្ត​ទៅតាម​សេចក្តីសម្រេច​របស់​តុលាការ ឬ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ជាអាទិ៍។

    ចំណែក​គោលការណ៍ និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ ចាំបាច់​ត្រូវមាន​ការចូលរួម​ដឹងឮ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ឬ​រដ្ឋបាល​សុរិយោដី​ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ទទួល​ពាក្យសុំ​ចុះបញ្ជី។ រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី-ខេត្ត ដែល​អចលនវត្ថុ​តាំងនៅ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបញ្ជី។

    ចំណែក​ពាក្យសុំ​ចុះបញ្ជី ត្រូវ​ធ្វើជា​លាយលក្ខណ៍អក្ស​រ ហើយ​ត្រូវ​ចុះបញ្ជី​ទៅតាម​ចំណុច​ដែល មាននៅ​ក្នុង​ពាក្យសុំ​របស់​អ្នកដាក់ពាក្យសុំ ឬ​លិខិត​ផ្ទុកផ្តាក់។ លោក​បញ្ជាក់​បន្ថែមថា ពាក្យសុំ​ចុះបញ្ជី​ត្រូវធ្វើឡើង​រួមគ្នា​ដោយ​បុគ្គល​មាន​សិទ្ធិ​ចុះបញ្ជី និង​បុគ្គល​មាន​កាតព្វកិច្ច​ចុះបញ្ជី។ ក្នុងករណី​ខ្លះទៀត​បុគ្គ​ល​ចុះបញ្ជី​អាចដាក់​ពាក្យសុំ​តែម្នាក់ឯង​បាន ការផ្ទេរសិទ្ធិ​ដោយសារ​សន្តតិ​កម្ម (លើកលែងតែ​អច្ច័យទាន) ការផ្ទេរសិទ្ធិ​ដោយ​ការរួមបញ្ចូល​គ្នា​នៃ​នីតិបុគ្គល ការលុបចោល​ចុះបញ្ជី​ផល​ភោគ​ដោយសារ​មរណភាព​រប​ស់​ផលុបភោគ​ភាគី សាលក្រម សាលដីកា ឬ​ដីកា​សម្រេច​ដែល​បាន​ចូល​ជា​ស្ថាពរ​ឬ​លិខិត​អនុវត្តន៍​ដោយ​ផ្អែកលើ​ការផ្សះផ្សា ឬ​ការទទួលស្គាល់​នូវ​ការទាមទារ​ដែល​លិខិត​អនុវត្ត​ទាំងនោះ​បង្គាប់​ឱ្យមាន​នីតិវិធី​នៃ​ការចុះបញ្ជី។ ពាក្យសុំ​ចុះបញ្ជី​អាចធ្វើ​ឡើង​ដោយ​អ្នកតំណាង​ក៏បាន និង​អាច​សុំ​កែតម្រូវ​បាន​ក្នុងករណី​បំពេញ​ពាក្យសុំ​មិនបាន​ត្រឹមត្រូវ​តាម​ការកំណត់។

    គួរ​បញ្ជាក់ថា ការចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​អាចជួយ​ឱ្យ​យើង​ទទួលបាន​គុណសម្បត្តិ ក្នុងនោះ​រួមមាន មាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ លក្ខខណ្ឌ​នៃ​ការ​តតាំង​នៃ​ការផ្ទេរ ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ដែល​បាន​ចុះបញ្ជី ជួយផ្តល់​ចំណូល​ថវិកាជាតិ ធានា​លើ​សិទ្ធិ​នៃ​កម្មសិទ្ធិ ឬ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនវត្ថុ មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ការគ្រប់គ្រង​ដីធ្លី ពង្រឹង និង​ការ​គាំពារ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី។

    គួរ​បញ្ជាក់ថា ប្លង់រឹង គឺ​សំដៅលើ​ប័ណ្ណ ឬ​ប្លង់​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ប៉ុន្តែ​អ្នកខ្លះ​យល់ថា ប្លង់រឹង​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនវត្ថុ (ទោះជា​មិនទាន់បាន​ចុះបញ្ជី​សុរិយោដី/គ្មាន​ប័ណ្ណ)ដែល​បានបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​ក្រុង-ស្រុក -ខណ្ឌ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ។

    ចំណែក​ប្លង់​ទន់​សំដៅលើ​កិច្ចសន្យា ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​ក្តី(មាន​ប័ណ្ណ) មិនទាន់​ចុះបញ្ជី​ក្តី(គ្មាន​ប័ណ្ណ) ត្រឹមត្រូវ​បង់ពន្ធ​ប្រថាប់ត្រា លើកលែងតែ​ការអនុគ្រោះ​ពន្ធ ឬ​ការលើកលែង​ពន្ធ​ដែលមាន​កំណត់​ជាក់លាក់​ជាគោលការណ៍។ នេះ​ជាការ​អនុវត្ត​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 និង​ដែល​បាន​កែប្រែ​ដោយ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៅក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2017។

    បច្ចុប្បន្ន ការធ្វើ​លិខិតផ្សេងៗ ដូចជា​លិខិត​លក់​ផ្តាច់ អំណោយ​ផ្តាច់ កិច្ចសន្យា​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក កិច្ចសន្យាជួល​រយៈពេល​វែង កិច្ចសន្យា​បង្កើត​សេវ-ភាព តាម​ការព្រមព្រៀង​រប​ស់​គូភាគី ជា​សមត្ថកិច្ច​របស់​មេ​ឃុំ-ចៅសង្កាត់​នៃ​ទីតាំង​អចលនវត្ថុ​នោះ៕

  • ម៉ូដ​ផ្កា​ដ៏​ស្រស់ស្រាយ​សម្រាប់​រដូវក្តៅ​នេះ

    ម៉ូដ​ផ្កា​ដ៏​ស្រស់ស្រាយ​សម្រាប់​រដូវក្តៅ​នេះ

    រដូវក្តៅ​តែងតែ​នាំមក​នូវ​អារម្មណ៍​អាប់អួ មិន​ស្រួល​ក្នុង​ចិត្ត​ទាល់តែសោះ តែបើ​ក្រឡេក​មក​មើល​ពី​ម៉ូដ​សម្លៀកបំពាក់​បែបចម្រុះ​ពណ៌ និង​ពេញ​ដោយ​ក្បាច់​ផ្កា​ភ្ញី​ដ៏​ស្រស់ស្អាត ដែល​ទើបតែ​ចេញ​ម៉ូដថ្មីៗសម្រាប់​រដូវក្តៅ​ឆ្នាំ2018នេះ​វិញ គឺ​ពិតជាស្រស់ស្រាយ​ខ្លាំងណាស់ ទាំង​ម៉ូដ ទាំង​សាច់​ក្រណាត់ ទាំង​ពណ៌​នៃ​សម្លៀកបំពាក់​ គឺ​ស័ក្តិសម​នឹង​រដូវក្តៅ​ហួតហែង​នេះ​តែម្តង។ សូម​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ដែលអ្នក​ស្រឡាញ់​ពេញចិត្ត ហើយ​លេង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក​តាម​ភ្លាម​ទៅ ដើម្បី​ទទួលបាន​នូវ​ភាព​ស្រស់ញញឹម​នៅក្នុង​រដូវក្តៅ ហើយ​ទោះជា​អាកាសធាតុ​នៅ​ខាងក្រៅ​ក្តៅ​យ៉ាងណា ក៏​មិនអាច​ឈ្នះ​សម្រស់​របស់​អ្នក​បានដែរ៕

  • ឆ្នាំ2018 វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​ខ្លាំង

    ឆ្នាំ2018 វិស័យ​ទេសចរណ៍​ចាប់ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​ខ្លាំង

    វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បន្ត​បង្ហាញ​នូវ​ភាព​វិជ្ជមាន​ដល់​វិស័យ​សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះ ខណៈ​ទិន្នន័យ​ចំណូល​ពី​ភ្ញៀវទេសចរ​បរទេស បានបង្ហាញ​ឱ្យឃើញ​នូវ​កំណើន​ខ្ពស់​ឡើង​ក្នុង​ត្រីមាស​ទី1 ឆ្នាំ2018នេះ។

    ចំណូល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន 39.65លាន​ដុល្លារ​អាមេរិក (ជិត 40លាន)ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2018នេះ ដោយមាន​កំណើន 28.52ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង 85ម៉ឺន​នាក់ បានទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយមាន​កំណើន 12.36ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2017កន្លងទៅ។

    ចំណែក​សម្រាប់​ខែមីនា ឆ្នាំ2018កន្លងទៅ មាន​ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រមាណ​ជាង 26ម៉ឺន​នាក់ កើនឡើង 19.09ភាគរយ និង​បានទទួល​ចំណូល​សរុប 12.16លាន​ដុល្លារ​អាមេរិក កើន 15.23ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។

    ការកើនឡើង​នៃ​ចំនួន​ទឹកប្រាក់ ច្រើនជាង​ការកើនឡើង​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​នេះ គឺ​ដោយសារ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើន​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​រហូត​ជិត​ទ្វេដង កាលពី​ខែកុម្ភៈ​ឆ្នាំ2017កន្លងមក។

    តម្លៃ​ប័ណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី1 ខែកុម្ភៈ​កន្លងមក ដោយ​ត្រូវបាន​ដំឡើង​ពី 20ដុល្លារ ទៅ37ដុល្លារ សម្រាប់​ប័ណ្ណ​ចូល​ទស្សនា1ថ្ងៃ តម្លៃ 40ដុល្លារ ទៅ 62ដុល្លារ ចំពោះ​ប័ណ្ណ​ចូល​ទស្សនា 3ថ្ងៃ​មាន​សុពលភាព 10ថ្ងៃ និង​ពី 60ដុល្លារ ទៅ 72ដុល្លារ សម្រាប់​ប័ណ្ណ​ដែលមាន​សុពលភាព 1ខែ។

    របាយការណ៍​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យឃើញថា ភ្ញៀវទេសចរ​បរទេស​ដែល​ចូលមក​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ2018នេះ មាន​កំណើន​ជាង11% ដោយមាន​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង 1លាន​នាក់។

    រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹងធ្វើ​ទំនើបកម្ម​ក្នុងការ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ ដោយ​ការ​ដាក់លក់​សំបុត្រ​តាម​អន​ឡាញ ដោយ​គ្រោង​នឹង​អនុវត្ត​នៅ​ត្រីមាស​ទី3 នៃ​ឆ្នាំ2018នេះ។ ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ទំនើបកម្ម​ដែល​គ្រប់គ្រង​គ្រឹះស្ថាន​អង្គរ​នេះ ធុរកិច្ច​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​មាន​ក្តី​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​នេះ ដោយ​ពួកគេ​ចាត់ទុកថា វា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​រង់ចាំ​របស់​ភ្ញៀវ​នៅពេល​តម្រង់​ជួរ​ទិញ​សំបុត្រ និង​ថតរូប​សម្រាប់​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ។

    លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ដាក់ឱ្យ​ដំណើរ​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរតាម​អន​ឡាញ​នេះ គឺជា​ដំណឹង​ដ៏​ល្អ​មួយ និង​ជាការ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​វិស័យ​ឯកជន។ ទោះជា​បែបនេះ​ក្តី ក៏​វិស័យ​ឯកជន​នៅតែ​បារម្ភ​ចំពោះ​ការផ្តល់សេវា​មិន​ពេញលេញ ចំពោះ​ការដាក់ឱ្យ​ដំណើរការ​នៅពេល​ខាងមុខ​នេះដែរ។

    ឯកឧត្តម និយាយថា៖ “កំណើន​ភ្ញៀវទេសចរ នាំឱ្យមាន​កំណើន​ក្នុង​វិស័យ​សេវាកម្ម លក់ដុំ និង​លក់រាយ ព្រមទាំង​កសិកម្ម​ផងដែរ”៕