Category: សង្គម និងសេដ្ឋកិច្ច

  • ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាថ្ងៃចូលឆ្នាំថ្មីកើនឡើងជាង33%

    ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាថ្ងៃចូលឆ្នាំថ្មីកើនឡើងជាង33%

    ក្នុងរយៈពេល 3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ2018នេះ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្សាន្តនៅកម្ពុជាមានកំណើនដ៏គួរឱ្យចាប់អារម្មណ៍ ដោយក្នុងនោះបានកើនឡើងជាង33%។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍តាមបណ្តាញទំនាក់ទំនងសង្គមថា ភ្ញៀវអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាមានចំនួន 88,042 នាក់ កើនឡើង 33.37% ធៀបនឹងឆ្នាំ2017 ដែលមានចំនួន 66,011នាក់ ខណៈដែលភ្ញៀវទេសចរជាតិមានចំនួន 5,086,964 នាក់ កើនឡើង 23% ធៀបនឹងឆ្នាំ2017ដែលមានចំនួន 4,135,456។

    តំបន់ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេគឺ ប្រាសាទអង្គរវត្ត ឬអង្គរសង្ក្រាន្តមានភ្ញៀវជាតិសរុបចំនួន1,780,016នាក់ កើន15.16% សរុបភ្ញៀវអន្តរជាតិ​មានចំនួន 36,694 នាក់ កើន14.25%។

    គួរបញ្ជាក់ថា ភ្ញៀវទេសចរសរុបក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ រួមទាំងអង្គរសង្ក្រាន្តសៀមរាបផង មានចំនួន 5,175,006នាក់ កើន 23% (ធៀបនឹងឆ្នាំ2017 ដែលមានចំនួន 4,201,476 នាក់)៕

  • Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ថ្ងៃ​ទី​17 ខែ​ឧស​ភា និង​កំពុង​ផ្តោត​លើ World Cup

    Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ថ្ងៃ​ទី​17 ខែ​ឧស​ភា និង​កំពុង​ផ្តោត​លើ World Cup

    តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​នឹងមិន​ចូល​លេង​វិញ​ឡើយ​រហូត​ដល់​ពាក់​កណ្តាល​ខែ​ឧស​ភា ដែលនៅ​ពេលនោះ​រូប​គេ​​​ត្រូវ​បាន​គ្រោង​ទទួល​ការ​​ពិនិត្យ​ជាលើក​ចុងក្រោយ​ បន្ទាប់​ពី​ការ​វះ​កាត់​​ប្រអប់​ជើងរួច​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​របស់​ក្លិប Paris Saint-Germain រូបនេះ​បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ក្នុង​​ទីក្រុង Sao Paulo ថា៖ «វា​មិន​ទាន់មាន​​កាល​បរិ​ច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ​។ ខ្ញុំ​ត្រូវ​ពិនិត្យ​ជាលើក​ចុង​ក្រោយ​ទៀត ប្រសិន​បើ​ខ្ញុំ​គិតមិនខុស​ទេ​នោះ​។ ខ្ញុំ​​មិន​​ប្រាកដ​ឡើយ តែ​ការ​ពិនិត្យនោះ​ គឺ​នៅ​ថ្ងៃ​ទី​17 ខែ​ឧស​ភា​»​។ Neymar បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ត្រូវ​​ទទួល​ការ​ពិនិត្យ​យ៉ាង​ច្បាស់​លាស់​​ម្ដងទៀតមុន​នឹង​ចូល​លេង​។ បន្ទាប់​មក ខ្ញុំ​នឹង​រង់​ចាំ​មើលតទៅទៀត វា​អាស្រ័យ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេង​ៗ វា​អាស្រ័យ​ទៅ​លើការ​ពិនិត្យ​ជាលើក​ចុងក្រោយ​របស់​ខ្ញុំ​។ វា​មិន​ទាន់​សម្រេច​នៅ​​ឡើយ​ទេ​»​។

    ពេល​វេលា​នេះ នឹង​ធ្វើ​ឱ្យ​កីឡាករ​បាល់​ទាត់​​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​​រូបនេះ ស្ថិតក្នុង​ការ​​ព្យា​យាម​​ដើម្បី​អាច​ចូល​លេង​ម្តង​ទៀត​សម្រាប់​ក្រុម PSG ខណៈដែល​ក្រុម​ទើប​តែ​ឈ្នះពាន​​របស់​បារាំង​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​នា​ថ្ងៃ​ទី​19 ខែ​ឧស​ភា ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Caen​។ ទោះ​បី​ជា​យ៉ាង​ណា ក្តី​រំពឹង​របស់​គេក្នុង​ការ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ប្រទេស​រុស្ស៊ី ដែល​នឹង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​14 ខែមិថុ​នា ដល់​ថ្ងៃ​ទី​15 ខែកក្កដា ហាក់​មាន​កម្រិត​ខ្ពស់​ជាង​។

    ប្រេស៊ីលនឹង​បើក​យុទ្ធ​នាការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​17 ខែ​មិថុនា ដែលនៅ​ពេល​នោះ​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិស្វ៊ីស ក្នុង​ទីក្រុង Rostov​៕

    ប្រភព​ពី៖ Channel News Asia

  • Bayern លត់ក្រុម Leverkusen ចាស់​ដៃ​ ដើម្បីឈាន​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup

    Bayern លត់ក្រុម Leverkusen ចាស់​ដៃ​ ដើម្បីឈាន​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup

    ខ្សែ​ប្រយុទ្ធ Thomas Mueller បាន​បង្ហាញ​ថ្វី​ជើង ធ្វើឱ្យក្រុម Bayern Munich បាន​កត់​​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធផល 6-2 នៅ​លើ​ទឹកដីក្រុម Bayer Leverkusen កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup និង​ដើម្បី​​រក្សា​ក្តី​សង្ឃឹម​របស់​ពួក​គេក្នុងការ​ឈ្នះ​ពាន​3 ​ក្នុង​រដូវកាល​តែមួយ​។ ក្រុម Leverkusen កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅលើ​តារាង​​ក្រប​ខ័ណ្ឌ Bundesliga ប៉ុន្តែដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើង​ឯក Bayern ដល់​ទៅ​ 24​ពិន្ទុ ហើយ​គម្លាត​នៅ​លើ​តារាង​​ក្រប​ខ័ណ្ឌ​លីក​នេះ ក៏​បាន​បង្ហាញពី​​ភាព​ផ្សេង​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មួយ​នេះ​ផងដែរ​។

    Mueller ដែល​បានក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ និង​បាន​ជួយ​ឱ្យJavi Martinez រក​បាន​​គ្រាប់​បាល់​បើក​ឆាក​សម្រាប់​ក្រុម​​ភ្ញៀវ ក្រោយពី​លេង​បាន​រយៈពេលត្រឹម​​តែ​​ 3​នាទី​ប៉ុណ្ណោះ។ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​បន្ថែម​​គ្រាប់​បាល់​ទី​2 ដែល​ជា​គ្រាប់​បាល់​ទី​36​ របស់​គេ​ក្នុង​ការប្រកួត​ 40​លើក​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​​ក្រុម Bayern បាន​នាំ​មុខ​ដល់​ទៅ 2-០ ក្រោយពី​លេង​បាន​​រយៈ​ពេលត្រឹម​តែ​ 9​នាទី​នា​កីឡដ្ឋាន BayArena ក្នុង​ទីក្រុង Leverkusen​​។ ខ្សែ​បម្រើ Lars Bender ដែល​​ជា​ប្រធាន​​ក្រុម​ Leverkusen បាន​​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​វាយ​បក​បាន​ 1​គ្រាប់​វិញ​នៅ​នាទីទី​16 ស្រប​ពេល​ដែល​​ខ្សែ​​ការ​ពារ Bayern បាន​ធ្វើ​ការ​តវ៉ា​ថា ជា​បាល់​ Offside​ តែទោះ​បី​ជា​យ៉ាង​ណា Bayern បាន​​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី​2 ដើម្បី​កត់​ត្រា​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​តែម្តង​។ បច្ចុប្បន្ន ក្រុម Bayern នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Schalke ឬEintracht Frankfurt ដែល​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​រាត្រីនេះ ខណៈ​ដែល​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ត្រូវ​ប្រព្រឹត្ត​​ទៅ​នៅ​ទីក្រុងប៊ែរ​ឡាំង នា​ថ្ងៃ​ទី​19 ខែ​ឧស​ភា​៕

    ប្រភពពី៖ Worldsoccertalk

  • ដេននី ក្វាន់ ស្រក់ទឹកភ្នែកខណៈលោកយាយចំណាស់ស្រែកហៅឈ្មោះនាងឱ្យជួយ

    ដេននី ក្វាន់ ស្រក់ទឹកភ្នែកខណៈលោកយាយចំណាស់ស្រែកហៅឈ្មោះនាងឱ្យជួយ

    មួយរយៈកន្លងទៅនេះ គេសង្កេតឃើញតារាស្រីសិចស៊ី ដេននី ក្វាន់ បានចូលរួមការងារសង្គមក្នុងការចែករំលែកសេចក្ដីក្ដីស្រឡាញ់ជាមួយទឹកចិត្តសប្បុរសធម៌ពាំនាំនូវអំណោយ និងថវិកាមួយចំនួនទៅជូនដល់បងប្អូនជនពិការ មនុស្សចាស់ជរា ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងឧបត្ថម្ភសម្ភារសិក្សាដល់កុមារា-កុមារីផងដែរ។ នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅថ្មីៗនេះ នាងក៏បានឆ្លៀតពេលវេលាផ្ទាល់ខ្លួន នាំយកអំណោយទៅជូនបងប្អូនក្រីក្រដែលកំពុងប្រឈមនឹងជីវិតដ៏លំបាកនៅឯស្រុកកំណើតរបស់នាងក្នុងខេត្តព្រះវិហារដោយផ្ទាល់ដៃទៀតផង។

    ដោយឡែកប៉ុន្មានម៉ោងមុននេះបន្ដិច តារាស្រីដែលធ្លាប់ជាប់បម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពោលពាក្យចាក់ដោតអារម្មណ៍ប្រិយមិត្តឱ្យក្ដុកក្តួលរំជួលចិត្ត និងប្រកាសតាមរកលោកយាយចំណាស់ម្នាក់ដែលកំពុងតែមានជីវភាពតោកយ៉ាក ហើយរស់នៅតែម្នាក់ឯងដោយប្រកបរបររើសអេតចាយលក់ចិញ្ចឹមជីវិត។ អ្នកនាង ដេននី ក្វាន់ បានរៀបរាប់ថា៖ «មានប្អូនស្រីម្នាក់គាត់បានផ្ញើវីដេអូ និងរូបភាពនេះមកឱ្យខ្ញុំ គាត់ប្រាប់ថា លោកយាយម្នាក់នេះគាត់រស់នៅខេត្តកំពង់ធំ គឺលំបាកខ្លាំងណាស់ រាល់ថ្ងៃគាត់ដើររើសអេតចាយមួយថ្ងៃបាន 1000រៀល ឬ2000រៀល ជួនពេលខ្លះក៏អត់។ នាងខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ ជាពិសេសពេលឮលោកយាយហៅឈ្មោះខ្ញុំ និងសុំការជួយពីនាងខ្ញុំ គឺទឹកភ្នែកខ្ញុំមិនដឹងមកពីណាទេ គឺហូរមិនឈប់រាល់ពេលមើលវីដេអូលោកយាយហៅឈ្មោះខ្ញុំ។ ខ្ញុំនឹងនាំយកអំណោយនិងថវិកាមួយចំនួនទៅជូនលោកយាយ និងលោកយាយចំនួនពីរនាក់ទៀតដែលជួបការលំបាកដូចគ្នានៅសប្តាហ៍ក្រោយ ។ និយាយទៅខ្ញុំត្រូវទៅក្នុងថ្ងៃនេះ តែដោយសាររវល់ពេក ឆ្លៀតមិនរួចទើបលើកទៅសប្តាហ៍ក្រោយ»៕

  • អ្នកគាំទ្រភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ខណៈតារាចម្រៀងស្រី ស៊ូ ស៊ីរិកា ប្រកាសដើរចេញពីសិល្បៈ

    អ្នកគាំទ្រភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ខណៈតារាចម្រៀងស្រី ស៊ូ ស៊ីរិកា ប្រកាសដើរចេញពីសិល្បៈ

    កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរិកា ប្រកាសលាឈប់ និងលែងបន្ដដំណើរលើវិថីសិល្បៈខ្មែរទៀត ដោយនាងបានអះអាងថា នាងមានការនឿយហត់ ព្រមទាំងភ័យខ្លាចចំពោះវិស័យមួយនេះទៀតផង។

    លើសពីទឹកចិត្តស្រឡាញ់ចំពោះវិស័យចម្រៀងដែលកញ្ញា ស៊ូ ស៊ីរិកា ធ្លាប់បានប្រកាស និងអះអាងខណៈដែលខ្លួនបានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី1នោះ នាងបានខំព្យាយាម និងតស៊ូពុះពារមកដល់ដំណាក់កាលចុងបញ្ចប់ រហូតទទួលបានអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ហើយស្គាល់រូបនាងកាន់តែច្រើនឡើងៗ។ នៅទីបំផុតតារាចម្រៀងរូបនេះបានចូលច្រៀង និងក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន ក្រោយពីចប់ការប្រឡង។ តែគួរឱ្យចម្លែកខ្លាំងណាស់ នាងធ្វើឱ្យអ្នកគាំទ្ររន្ធត់អារម្មណ៍សឹងតែស្រក់ទឹកភ្នែកតាមរយៈពាក្យសម្ដីដែលបានបង្ហោះ និងរៀបរាប់យ៉ាងក្ដុកក្ដួលនៅលើហ្វេសប៊ុក។ នាងរៀបរាប់ថា ៖ «ឈប់ជាស្ថាពរ…ទីបំផុតខ្ញុំបានជីវិតរបស់ខ្ញុំមកវិញហើយ វិស័យដែលគួរឱ្យខ្លាច វិស័យតស៊ូគ្មានន័យ ហត់ណាស់! សង្ឃឹមថា ការងារថ្មីរបស់ខ្ញុំ បងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា»។

    បើតាមការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តារាស្រីវ័យ 22 ឆ្នាំរូបនេះបានប្រាប់ថា ការងារនៅក្នុងផលិតកម្មថោននាពេលសព្វថ្ងៃនេះ នាងគ្មានកុងត្រាការងារទេ ពោលគឺ ប្រសិនបើនាងចង់ឈប់ ឬចង់បន្ដការងារទៅមុខទៀត នៅថ្ងៃណាក៏បានដែរ ក៏ប៉ុន្ដែនាងគ្មានគោលបំណងចង់ដើរចេញពីផលិតកម្មនេះ ទៅផលិតកម្មថ្មីនោះទេ នាងគ្រាន់តែចង់បានពេលវេលាដើម្បីសម្រាក និងឱ្យមានអារម្មណ៍ល្អ ដែលមិនមានការរងសម្ពាធពីការងារតែប៉ុណ្ណោះ ។ នាងគ្រោងនឹងចាប់ផ្ដើមអាជីពថ្មី ដែលនាងរំពឹងទុកថា បងប្អូននៅតែគាំទ្រនាងដដែល៕

  • ក្នុងក្បួនពិធីអង្គរសង្ក្រាន្ដ ប៊ី សុធារី លេចធ្លោ និងអស្ចារ្យជាងគេ

    ក្នុងក្បួនពិធីអង្គរសង្ក្រាន្ដ ប៊ី សុធារី លេចធ្លោ និងអស្ចារ្យជាងគេ

    អតីត​បវរកញ្ញា​ Miss universe កញ្ញា ប៊ី សុធារី បានទៅចូលរួម និងបង្ហាញវត្តមាននៅក្នុងក្បូនដង្ហែពិធីអង្គរសង្រ្កាន្ដឆ្នាំច សំរឹទ្ធិស័ក ព.ស2562  ឬគ.ស2018 កន្លងទៅថ្មីៗនេះ ដោយនាងបានឡើងសម្ដែង និងគ្រងសម្លៀកបំពាក់ឈុត “នាងសួគ៌” នៅលើក្បួនរចនាឧត្តមផែន “ផល្លានុផល” ធ្វើឱ្យមហាជនលាន់មាត់ស្ញើចសរសើរឥតឈប់អំពីសម្រស់របស់នាងដែលស័ក្តិសមឥតខ្ចោះជាមួយឈុតបុរាណខ្មែរមួយនេះ។

    កញ្ញា ប៊ី សុធារី បានបញ្ជាក់ប្រាប់ថា «វាពិតជាមានកិត្តិយសណាស់សម្រាប់នាងខ្ញុំដែលបានមានវត្តមាននៅក្នុងក្បួនដង្ហែពិធីអង្គរសង្រ្កាន្តឆ្នាំនេះក្នុងតួអង្គជា “នាងសួគ៌” នៅក្នុងក្បួន “រចនាឧត្តម” ផែន “ផល្លានុផល” ជាក្បួនរចនាដ៏ឧត្តមដែលបង្ហាញពីការប្រើប្រាស់ធនធានដែលទទួលបានពីភាពសម្បូរសប្បាយ ដើម្បីកែច្នៃសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាតិខ្មែរទាំងមូល អមដោយការតាក់តែងលម្អយ៉ាងប្រណីតក្នុងរចនាបថបុរាណដែលច្នៃចេញពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ។ នៅអមសងខាងក្បួនមានយុវជនមកពីក្រុមល្បែងប្រជាប្រិយ កាន់កង្ហារខ្យល់យ៉ាងស្រស់ស្អាត អមដោយបទភ្លេង “សម្បត្តិរដ្ឋខេមរា” បង្ហើរសំឡេងយ៉ាងពីរោះតាមដងផ្លូវនៃក្បួនដង្ហែនាពេលនេះទៀតផង»។

    យ៉ាងណាក្ដី រូបភាពដ៏ស្រស់សោភាស័ក្ដិសមសួនជានារីខ្មែរអង្គររបស់កញ្ញា ប៊ី សុធារី ក៏បានលេចឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ចង់ជ្រាបថា តើសម្រស់របស់បវរកញ្ញារូបនេះពេលគ្រងឈុតបុរាណខ្មែរមានសម្រស់សោភាបែបណានោះ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • ចន ច័ន្ទលក្ខិណា ប្រតិកម្មតបតចំពោះអ្នកលេងហ្វេសប៊ុកថៃដែលប្រមាថសិល្បៈខ្មែរ

    ចន ច័ន្ទលក្ខិណា ប្រតិកម្មតបតចំពោះអ្នកលេងហ្វេសប៊ុកថៃដែលប្រមាថសិល្បៈខ្មែរ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដោយសារអ្នកលេងហ្វេសប៊ុកជនជាតិថៃម្នាក់ដែលមានគណនីឈ្មោះPormchai Suthanonបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយប្រើពាក្យតិះដៀលប្រមាថដល់សិល្បៈវប្បធម៌ខ្មែរនិងជនជាតិខ្មែរ។

    នៅក្នុងសារនោះគេបានសរសេររៀបរាប់ថា៖ «ភាគច្រើនសិល្បៈផ្សេងៗរបស់ខ្មែរ គឺមួយផ្នែក Copy ពីប្រទេសថៃយើងច្រើនជាងដែលពួកគេគិតឡើងដោយខ្លួនឯង និងអះអាងថាជាសិល្បៈរួម ដោយសារតែស្ថានភាពសង្គ្រាមរយៈពេលយូរអង្វែង តែប្រជាជនខ្មែរសម័យនេះពួកគេអះអាងថាថៃបានលួចរបស់ពួកគេទៅវិញ (ប្រើពាក្យថាលួចតែម្ដង) ដែលតាមពិតទៅខ្លួនឯងសោះ ជាភាគីលួចពីប្រទេសថៃច្រើនជាង។ ប្រសិនបើមើលតាមក្បាច់រាំ ការតុបតែងមុខមាត់ ម៉ូដសក់ក្បាច់ជីបផ្សេងៗទៀត គឺខ្មែរបានCopy របស់យើងគ្រប់យ៉ាងៗសម្បូរបែប និងថែមទាំងទទូចសូមឱ្យពិភពលោកទទួលស្គាល់ថា ជារបស់ជាតិសាសន៍ខ្មែរ មិនមែនរបស់ជនជាតិថៃ ទាំងមិនស្គាល់អំពីក្រសួងវប្បធម៌ថៃឡើយ។ តើជាអ្វីទៅ..?»។

    គ្រាន់តែបានឃើញសារនោះ និងការឆ្លើយតបរបស់កូនខ្មែរមួយចំនួននៅលើហ្វេសប៊ុកភ្លាម ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណាបានពន្លះទៅវិញថា «ខ្ញុំក៏ចង់និយាយដែរថា ប្រទេសរបស់អ្នកឯងជាប្រទេសដែលចេះតែលួចវប្បធម៌អរិយធម៌គេ គ្មានអ្វីជាអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដឡើយ មានតែមួយគត់ដែលសម្គាល់ថាជាអត្តសញ្ញាណរបស់ប្រទេសអ្នកឯងគឺ វប្បធម៌ទេសចរណ៍សិច ឬសិចអនាធិបតេយ្យ។ សុំទោស ខ្ញុំយករូបពីការផុសតគ្នាតាមរយៈព័ត៌មានចែកចាយលើបណ្ដាញសង្គម Facebook ឯរឿងហ្នឹងពិត ឬមិនពិតយ៉ាងណា ខ្ញុំមិនដឹងទេ ដឹងត្រឹមតែខ្ញុំមិនសប្បាយចិត្តនឹងអ្នកណានិយាយមើលងាយប្រទេសខ្មែរប៉ុណ្ណោះ»។

    យ៉ាងណាមិញ នៅមិនទាន់អស់ចិត្តឡើយ អ្នកនាងនៅបានបង្ហោះសារជាបន្ដបន្ទាប់ទៀតដោយអះអាងថា នាងខ្ញុំជាមនុស្សល្ងង់ តែនាងខ្ញុំឈឺចាប់ណាស់នូវអ្វីដែលសាសន៍គេដៀលខ្មែរ តែអ្វីដែលគួរឱ្យឈឺចាប់ជាងនេះ គឺកូនខ្មែរដែលអង្គុយលើគំនរវិជ្ជា បែរជាអបអរសាទរ និងគាំទ្រនូវអ្វីដែលសាសន៍គេកំពុងមើលងាយសាសន៍ឯងទៅវិញ។ នេះជាការយល់ឃើញរបស់មនុស្សល្ងង់ដូចជារូបខ្ញុំ។ បើអ្នករៀនបានខ្ពង់ខ្ពស់ និងស្ថិតក្នុងត្រកូលថ្លៃថ្នូរ ក្នុងគ្រួសារសម្បូរចំណេះវិជ្ជាមិនយល់ស្រប ក៏សុំទោសផងចា៎ ព្រោះការយល់ឃើញផ្សេងគ្នា ឋានៈខុសគ្នា ចំណេះដឹងខុសគ្នា និងស្ថានភាពខុសគ្នា។ដូច្នេះបើមិនពេញចិត្ត សូមUnfriend ខ្ញុំចោលទៅ ចំពោះគំនិតរបស់អ្នកមកលើមតិយោបល់របស់ខ្ញុំកន្លងមក រួមទាំងការវាយប្រហារមកលើខ្ញុំផ្សេងៗផង គឺខ្ញុំដឹងទាំងអស់គ្រាន់តែខ្ញុំមិននិយាយ។ ទំនេរៗ យកពេលទៅគិតរឿងជួយអភិវឌ្ឍប្រទេសជាតិទៅ កុំយកពេលមកចាំតែរិះគន់ប្រទេសខ្លួនឯង អ្វីៗមិនស្ថិតលើបបូរមាត់ទេ គឺស្ថិតលើសកម្មភាព គេមិនហៅថាទំពាំងស្នងឫស្សីទេ គឺគេហៅទំពាំងជ្រក់៕

  • កូន​គ្មាន​គំនិត​ច្នៃប្រឌិត​អាច​បណ្ដាលមកពី​ឪពុកម្តាយ

    កូន​គ្មាន​គំនិត​ច្នៃប្រឌិត​អាច​បណ្ដាលមកពី​ឪពុកម្តាយ

    អាណាព្យាបាល​ជាច្រើន​បាន​រអ៊ូរទាំ​ពីកូនៗរបស់គាត់​ដែល​មិនអាច​ធ្វើ​រឿង​ជាច្រើន​តាមចិត្ត​របស់គាត់​បាន ហើយ​ពេលខ្លះទៀត​ក៏​បន្ទោស​លើ​ប្រព័ន្ធ​អប់រំ​ថា មិនអាច​ធ្វើឱ្យ​កូន​គាត់​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​បង្កើត​ថ្មី ឆ្លាត​វៃ ឬ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​អភិវឌ្ឍន៍។

    ផ្អែកលើ​ស្ថានភាព​បែបនេះ អ្នកជំនាញ​អប់រំ​បានបង្ហាញ​ពី​អំណះអំណាង​ជាច្រើន​ស្រដៀង​គ្នា ដែល​ក្នុងនោះ​ក៏មាន​គេហទំព័រ Education world ផងដែរ​បានលើកឡើង​ថា ការដែល​ជំរុញ​កុមារ​តូច​ឱ្យធ្វើតាម​មនុស្ស​ធំ ឬ​ការបង្ខំ​ឱ្យ​កុមារ​ធ្វើតាម​អ្វីដែល​អាណាព្យាបាល​គិត​នោះ គឺជា​រឿង​ខុសឆ្គង។

    ការគិត​របស់​មនុស្ស​ធំ និង​គំនិត​របស់​កុមារ​មាន​ភាពខុសគ្នា ហើយ​ពេលខ្លះ​ការដែល​យើង​បង្ខំ​ឱ្យ​កុមារ​ធ្វើអ្វីៗតាម​មនុស្ស​ធំ​ទាំងស្រុង នឹងធ្វើ​ឱ្យ​កុមារ​កាន់តែ​ទន់ខ្សោយ​ទៅ ព្រោះ​គាត់​ប្រាកដជា​មិនអាច​ធ្វើ​ដូច​អ្វីដែល​យើង​រំពឹងទុក​ទាំងអស់​នោះទេ ហើយ​ប្រសិនបើ​គាត់​ធ្វើបាន នោះ​មានន័យថា កម្រិត​នៃ​ការគិត​របស់គាត់​បាន​ត្រឹមតែ​ស្មើ​អាណាព្យាបាល ហើយយូរៗទៅ អាណាព្យាបាល​នឹង​លែង​បានឃើញ​ពី​ចំណុច​ពិសេស​របស់​កូន។

    អាណាព្យាបាល​ជាច្រើន​បានគិត​ខុស ហើយ​ព្យាយាម​កាត់​តម្រឹម​ការគិត និង​គំនិត​ច្នៃប្រឌិត​របស់​ក្មេង​ឱ្យ​ស្ថិតក្នុង​គន្លង​ចាស់គំរឹលដដែលៗ ដែលជា​ហេតុ​ធ្វើឱ្យ​ក្មេង​បាត់បង់​ជំហរ​ក្នុងការ​អភិវឌ្ឍ​គំនិត ខណៈ​អ្នកស្រាវជ្រាវ​នានា​រកឃើញ​ថា​ក្មេង​ដែលមាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការគិត គឺអាច​រកឃើញ​ដំណោះស្រាយ​បញ្ហា​ឆ្លាត​វៃ​លឿន​ជាង​មនុស្ស​ធំ។ ក្រៅពីនេះ កុមារ​ក៏​អាច​នឹង​ក្លាយជា​មនុស្ស​សំខាន់ មានគំនិត​បង្កើត​ថ្មី ឬ​អាច​ក្លាយជា​មនុស្ស​លេចធ្លោ​បាន​លើសពី​មនុស្ស​ធំ ប្រសិនបើ​ពួកគេ​មាន​ភាព​រីករាយ​គ្រប់គ្រាន់​ក្នុង​ការគិត សាកល្បង ឬ​ស្វែងរក​ពិភព​នៃ​ការរស់នៅ​បាន​យ៉ាង​ទូលំទូលាយ​នោះ។

    អ្នក​អប់រំ​ជាច្រើន បាន​ជំរុញ​កុមារ​ឱ្យមាន​ការស្វែងយល់​យ៉ាង​ទូលាយ​តាមរយៈ​ការបង្កើត​កម្មវិធី​ពិសោធ​ជាក់ស្តែង ការមើល​វីដេអូ រួមទាំង​ការដើរទៅ​ក្រៅប្រទេស​ជាដើម ដើម្បី​ជំរុញ​ពួកគេ​ឱ្យ​ស្គាល់​បរិស្ថាន​ថ្មី វិធីសាស្ត្រ​នៃ​ការរស់នៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ការគិត និង​បង្កើត​ថ្មី​របស់​ក្មេង។ ហេតុនេះ​អាណាព្យាបាល ឪពុកម្តាយ​នៅ​កម្ពុជា គួរ​ចាប់ផ្តើម​សាកល្បង​សង្កេត​ដោយ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​គំនិតប្លែកៗរបស់​ក្មេង ជាជាង​បង្ខំ​ពួកគេ​ឱ្យធ្វើ​នូវ​អ្វីដែល​យើង​ចង់ឱ្យក្មេងៗធ្វើ ទាំង​មិនបាន​មើល​ពី​សក្តានុពល​របស់​ពួកគេ៕

  • ចំណុចល្អៗរបស់​ការ​មានកូន

    ចំណុចល្អៗរបស់​ការ​មានកូន

    ទោះ​ជាការ​មានកូន​ត្រូវ​លីសែង​បន្ទុក​ដ៏​ច្រើន​តាំងពី​ពេល​ចាប់ផ្ដើម​តាំង​គភ៌ និង​ជីវិត​ឯកជន​សួនតួ​ដែល​ធ្លាប់មាន​នឹង​បាត់បង់​ទៅ​បន្តិចម្ដងៗ លែង​សល់​ពេលវេលា​សម្រាប់​សេចក្ដីសុខ​របស់ខ្លួន​ឯង​ក៏ដោយ តែ​ការ​បាន​បំពេញ​តួនាទី​ជា​ឪពុក និង​ម្ដាយ គឺ​ការ​បានប្រគល់​នូវអ្វីដែលល្អៗបំផុត​ទៅដល់​កូន ទោះជា​ហត់នឿយ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​នៅតែ​យល់ស្របដូចៗគ្នា​ដែរ​ថា ការ​មានកូន​គឺជា​រឿង​ល្អ និង​ជា​បទពិសោធ​នៃ​សេចក្ដីសុខ​មួយ​នៅក្នុង​ជីវិត​ដែល​ពួកគេ​នឹង​បានទទួល ហើយ​ខាងក្រោម​នេះ គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ធ្វើឱ្យ​មនុស្ស​សម្រេចចិត្តថា ការ​មានកូន​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ដ៏​អស្ចារ្យ​របស់​ជីវិត។

    1. ការ​មានកូន ធ្វើឱ្យ​គ្រួសារ​កាន់តែ​ឥតខ្ចោះ​ឡើង: ទោះជា​ក្រុមគ្រួសារ​ខ្លះ​មានអ្វីៗគ្រប់យ៉ាង​សម្បូរ​បែបយ៉ាង​ល្អ​ហើយ ទាំង​តួនាទី​ការងារ ភាពរឹងមាំ​ស្ថិតស្ថេរ និង​ស្ថានភាព​ហិរញ្ញវត្ថុ ដែល​អាច​រស់​នៅបាន​យ៉ាង​មាន​ឥស្សរៈ និង​មាន​ពិភព​ផ្ទាល់ខ្លួន​ដ៏​សែន​សុខ​សប្បាយ​ហើយក៏​ដោយ តែ​ការ​មានកូន​សម្រាប់​គ្រួសារ​ជាច្រើន​បែរជា​ធ្វើឱ្យ​ជីវិត​ដែល​សម្បូរបែប​ឥតខ្ចោះ​ស្រាប់​ហើយ​នោះ មើលទៅ​កាន់តែ​សម្បូរបែប​ខ្លាំង​ឡើងទៅ​ទៀត។

    2. ជួយ​បន្ត​នាមត្រកូល​របស់​ក្រុមគ្រួសារ: ក្រុមគ្រួសារ​ខ្លះ​ដែល​រស់នៅ​ជាមួយគ្នា​ជា​គ្រួសារ​ធំ​មួយ ការ​មានកូន គឺជា​គោលបំណង​មួយ​ក្នុង​ការជួយ​បន្ត​នាមត្រកូល​ឱ្យ​អាច​គង់វង្ស​នៅ​តទៅទៀតបាន ដោយ​ភាគច្រើន​តែង​ជួបប្រទះ​នៅក្នុង​ក្រុមគ្រួសារ​ជនជាតិ​ចិន​ច្រើនជាង​ក្រុមគ្រួសារ​ខ្មែរ​យើង។

    3. សង្ឃឹម​ពឹងពាក់​បាន​នៅពេល​ចាស់ជរា: អ្នក​ដែល​សម្រេចចិត្ត​មានកូន ភាគច្រើន​សុទ្ធ​តែមាន​សេចក្ដី​សង្ឃឹមថា កូនៗរបស់ខ្លួន​នឹង​អាចជួយ​ជាទី​ពំនាក់​បាន​នៅពេល​ខ្លួន​ចាស់ជរា ជាពិសេស​បញ្ហា​សុខភាព​ដែល​ចូលមក​ញាំញី និង​ក្នុង​គ្រា​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ក៏​នឹងបានកូនៗជា​អ្នក​នៅ​ជួយ​មើលថែទាំ​ក្នុង​គ្រា​ចុងក្រោយ​នៃ​ជីវិត។

    4. មាន​មនុស្ស​ម្នាក់ទៀត ដែល​យើង​ស្រឡាញ់ និង​ស្រឡាញ់​យើង: ការ​មានកូន​ធ្វើឱ្យ​យើង​បានប្រគល់​សេចក្ដីស្រឡាញ់​ទៅឱ្យ​មនុស្ស​ម្នាក់ទៀត​ដែលជា​សាច់ឈាម​ពូជពង្ស​របស់​យើង។ មាន​សេចក្ដីសុខ​ដែល​បានឃើញ​សេចក្ដីស្រឡាញ់​អំពី​កូន និង​យើង​ក៏បាន​ប្រគល់​ទៅឱ្យគេ​យ៉ាង​ពេញ​ហៀរហូរ​ដូចគ្នា។

    5. មាន​អ្នក​ជជែក​កំដ​កែ​អផ្សុក: ការ​មានកូន​ធ្វើឱ្យ​ជីវិត​មាន​មនុស្ស​ម្នាក់ទៀត​ចូលមក​ជា​ផ្នែក​មួយ​ស្ទើរតែ​គ្រប់​អំឡុងពេល​របស់​យើង។ ពេល​ដែលមាន​អារម្មណ៍​ថា ឯកោ​អផ្សុក ក៏មាន​កូន​មក​ធ្វើជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ឪពុកម្ដាយ​មាន​អារម្មណ៍​ថា ខ្លួនឯង​មិនបាន​នៅ​ឯកា​ឡើយ។ ធ្វើ​ទាំង​ជា​មិត្ត​ជជែក​កំដ និង​មិត្ត​ដើរលេង​កម្សាន្ត​ដ៏​សែន​ទុកចិត្ត និង​រឹត​តែមាន​សម្ពន្ធ​ភាពជា​មួយ​គ្នា​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ជិតស្និទ្ធ រឹតតែ​ធ្វើឱ្យ​ជីវិត​របស់​យើង​ដូច​មាន​មិត្ត​ជួយ​គិត​នៅ​ជាមួយ​គ្រប់ពេលវេលា​ដែល​ត្រូវការ។

    6. បន្ថែម​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​គ្រួសារ​ច្រើនឡើង: ជឿថា ការ​មានកូន​នឹង​ជួយ​បង្កើន​ភាពសប្បាយ​រីករាយ​ឱ្យ​ជីវិត​គ្រួសារ​កាន់តែ​ស្រស់ថ្លា​ឡើង ពេញ​ទៅដោយ​សំឡេង​សើច​ក្អាកក្អាយ និង​ស្នាមញញឹម​របស់​បណ្ដាក្មេងៗនៅក្នុង​ផ្ទះ​ខ្លាំង​ជាង​ការរស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។

    7. បាន​រៀន​យល់ដឹង​យ៉ាង​គ្មាន​ទីបញ្ចប់: អ្នក​ម្ដាយ​នឹង​បាន​ហ្វឹកហាត់​ការធ្វើជា​គ្រូ រហូត​ក្លាយជា​ការងារ​បន្ថែម បាន​ស្គាល់​នូវ​សេចក្ដីស្រឡាញ់​យ៉ាងពិត​ប្រាកដ និង​ស្គា​ល់ពី​ការផ្ដល់ឱ្យ​ដោយ​មិន​សង្ឃឹម​ការ​តបស្នង បាន​សាកល្បង​ខុស​ផង​ត្រូវ​ផង រៀន​យល់ដឹង​ទៅជា​មួយ​កូន និង​សរសេរ​អត្ថបទ​ជីវិត​ដោយ​ខ្លួនឯង ព្រោះ​នៅក្នុង​ជីវិត​ពិត គ្មាន​រូបមន្ត​មេរៀន​កំណត់​ច្បាស់​នោះឡើយ។

    8. ជួយ​ឱ្យ​ខួរក្បាល​ម្ដាយ​អភិវឌ្ឍ: អាច​រាប់បាន​ថា ជា​ភាព​អស្ចារ្យ​មួយទៀត​របស់​ធម្មជាតិ​ដែល​ត្រៀម​សមត្ថភាពផ្សេងៗឱ្យចូល​គ្នា​ជាមួយ​អំឡុង​វ័យ​របស់​មនុស្ស​យ៉ាងពិត​ប្រាកដ ព្រោះ​មានការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់ថា “ខួរក្បាល​របស់ម្ដាយ​ក្រោយ​ប្រសូត​បុត្រ​រួច​នឹងមាន​ផ្នែក​ខ្លះ​រីកធំឡើង ដើម្បីឱ្យ​ម្ដាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទប់ទល់​ជាមួយភាព​សាកល្បងថ្មីៗក្នុងការ​ចិញ្ចឹម​ថែទាំ​កូន”។

    9. ប្រយោជន៍​របស់​ការ​មានកូន (ដែល​អ្នក​នឹកស្មាន​មិន​ដល់): ក្នុង​រឿងផ្សេងៗទៀត​ក៏​ដូចគ្នា​ដែរ អ្នកនឹង​ក្លាយជា​អ្នកបើកបរ​រថយន្ត​ដែលមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​ឡើង​រហូត​ក្លាយជា​ទម្លាប់។ ទទួលបាន​សិទ្ធិពិសេសៗជាងគេ​ច្រើនឡើង(ដូចជា ពេល​ឡើង​ជិះ​រថយន្តក្រុង នឹងមាន​អ្នក​ក្រោក​ទុក​កៅអី​ឱ្យ​រូបអ្នក​ដែល​កំពុង​តាំង​គភ៌​អង្គុយជាដើម)។ បាន​សម្រក​ទម្ងន់​បែប​មិនចាំបាច់​តម​អាហារ ជាពិសេស​ពេល​ចាញ់កូន អំឡុងពេល​បំបៅកូន ឬ​ពេល​លេង​ជាមួយ​កូនជាដើម។ សេចក្ដីសុខ​ដែល​អាច​រកបាន​យ៉ាង​ងាយ(ដូចជាការ​បាន​សើច និង​មាន​សេចក្ដីសុខ​ពេល​កូន​ធ្វើ​អ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បាន​ឱប​កូន បាន​ពកូន​ដោយ​គ្មាន​ពេល​កំណត់។ មាន​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ ហើយកូន​នឹង​នៅតែ​ស្រឡាញ់​ម្ដាយ​ជានិច្ច ទោះជា​នៅ​ថ្ងៃ​ដែល​ម្ដាយ​យ៉ាប់យ៉ឺន​បំផុត​ក៏ដោយ។ បាន​ហ្វឹកហាត់​សិល្បៈ​ការសម្ដែង និង​កាយវិការផ្សេងៗគួបផ្សំ​ពេលនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់។ បាន​ប្រឡែង​ជាមួយ​កូន ជឿ​ចុះ​ថា ពិតជា​សប្បាយ និង​មាន​សេចក្ដីសុខ​ខ្លាំងណាស់។ បាន​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត​កាល​នៅ​ក្មេង(តែ​វើ​ហ្សឹ​ន​ថ្មី) បាន​ទិញ​របស់​លេង​ដែលធ្លាប់​ចង់បាន​កាលពី​នៅ​តូចឱ្យទៅ​កូន។ បាន​ត្រឡប់​ទៅ​សប្បាយបែបក្មេងៗម្ដងទៀត​ជាមួយ​កូន​ដោយ​គ្មាន​អ្នកណា​ថាអី​ឱ្យ ហើយបើ​អ្នក​ញ៉ាំ​អី​ហើយ​កំពប់រ​ឡេ​ករ​ឡាក់ អ្នកដទៃ​នឹង​គិតថា កូន​របស់​អ្នកជា​អ្នកធ្វើ​កំពប់ មិនមែន​អ្នកទេ(ហាស​ហាស​ហា) និងច្រើនៗទៀត​ដែល​ពោរពេញ​ទៅដោយ​ក្ដីសប្បាយ​រីករាយ​ជាមួយកូនៗគ្មាន​ទីបញ្ចប់៕

  • ទៅ​បាត់ដំបង​ឆ្នាំនេះ កុំ​ភ្លេច​ជិះ​ឡូរី​ទេសចរណ៍​ទៅលេង​ភ្នំ​បាណន់

    ទៅ​បាត់ដំបង​ឆ្នាំនេះ កុំ​ភ្លេច​ជិះ​ឡូរី​ទេសចរណ៍​ទៅលេង​ភ្នំ​បាណន់

    មុនពេល​ផ្លូវ​រថភ្លើង​ភ្នំពេញ-ប៉ោយប៉ែត រៀបចំ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ប្រជាជន​ខ្មែរ​ជាពិសេស​យុវវ័យ ចូលចិត្ត​ថតរូប​ដោយ​ផ្តិត​យក​ទេសភាពស្អាតៗលើផ្លូវ​រថភ្លើង ដើម្បី​បង្ហាញ​លើ​បណ្តាញ​សង្គម ខណៈ​មាន​អ្នកខ្លះ​ថែមទាំង​ថតរូប​មុនពេល​អាពាហ៍ពិពាហ៍ (Pre-Wedding) នៅ​ទីនោះ​ទៀតផង។

    ក្រោយមក​នៅ​ចុងឆ្នាំ 2017 និង​ដើមឆ្នាំ 2018 នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចាប់ផ្តើម​រៀបចំ​ស្ថាបនា​ឡើងវិញ​នូវ​ខ្សែ​រថភ្លើងសំខាន់ៗ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ។  សម្រាប់​ខេត្តបាត់ដំបង​វិញ ដោយសារតែ​មើលឃើញ​ពី​សក្តានុពល​នៃ​ទេសចរណ៍​លើផ្លូវ​រថភ្លើង តាមរយៈ​ការដាក់ឱ្យ​ដំណើរការ «ឡូរី» ដែលជា​យានជំនិះ​សម្រាប់​ដឹក​អ្នកដំណើរ​ខ្នាតតូច​នៅលើ​ផ្លូវ​រថភ្លើង។

    ឡូរី នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សហគមន៍​ឡូរី​នៅ​ខេត្តបាត់ដំបង​បាន​ត្រៀម​ឡូរី​ចំនួន 10គ្រឿង​បន្ថែម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ។

    ភ្ញៀវទេសចរ​ជាតិ​ដែល​បាន​ទៅលេង​ភ្នំ​បាណន់ បាន​និយាយថា មូល​ហេតុដែល​ឆ្នាំនេះ​ពួកគាត់​ទៅលេង​រមណីយ​ដ្ឋា​ន​ភ្នំ​បាណន់​ព្រោះ​ពួកគាត់​ចាប់អារម្មណ៍​លើ​ការ​ជិះ​ឡូរី​កម្សាន្ត​មើល​ទេសភាព​ជើងភ្នំ ហើយ​ទីនោះ​មាន​កន្លែង​កម្សាន្ត​ច្រើន ដូចជា​ប្រាសាទភ្នំបាណន់ ចម្ការ​ទំពាំងបាយជូ និង​កន្លែង​ទេសចរណ៍​ក្នុង​តំបន់​មួយចំនួនទៀត។ ចំពោះ​ការ​ជិះ​ឡូរី​វិញ ក្នុង​ម្នាក់​ត្រូវ​ចំណាយ​តែមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​អាច​ជិះ​បាន​ដល់​ទៅ​ចម្ងាយ 8 គីឡូម៉ែត្រ​លើផ្លូវ​រថភ្លើង​យ៉ាង​ស្រស់ស្អាត រលូន និង​គ្មាន​បញ្ហា​ស្ទះចរាចរណ៍​ឡើយ។

    លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ បានឱ្យដឹងថា កន្លងមក​កាលពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម មាន​ឡូរី​ដាក់ឱ្យ​ដំណើរការ​ដល់​ទៅ 25ឡូរី តែ​មិន​គ្រប់​ទៅនឹង​តម្រូវការ​អ្នកជិះ​នោះទេ ព្រោះ​មាន​អ្នក​រង់ចាំ​ជិះ​ច្រើន​គ្នា ដោយពេល​ខ្លះ​ដើម្បី​បាន​ជិះ​ឡូរី ភ្ញៀវ​ត្រូវ​រង់ចាំ​ដល់​ទៅ 3 ម៉ោង​ក៏មាន។ សម្រាប់​ឆ្នាំនេះ យើង​បាន​បន្ថែម​ឡូរី​ចំនួន 10ទៀត ឱ្យ​គ្រប់​ចំនួន 35 និង​សង្ឃឹមថា​វា​នឹង​អាចបំពេញ​តម្រូវ​ការបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​បាន។

    សូមបញ្ជាក់ថា មុនពេល​បង្កើត​ឡូរី រត់តាម​ជើងភ្នំ​បាណន់​នេះ ការពិត​ឡូរី​មាន​តាំងពី​យូរ​មកហើយ គ្រាន់តែ​ការធ្វើ​នៅពេលនោះ​ប្រជាពលរដ្ឋ​រត់​ឡូរី​ដើម្បី​តែ​ដឹក​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ទៅ​ទី​រួម​ខេត្ត​តែប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ។ នៅ​រដូវ​បុណ្យទានម្តងៗ ភ្ញៀវ​ទេសចរណ៍ ចាប់អារម្មណ៍​មក​ជិះ​ឡូរី​ច្រើន ទើប​មានការ​ចងក្រង​គ្នា​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាល​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន​ក៏​សម្រេចចិត្ត​បង្កើត​ថ្មី​នៅ​ស្រុក​បាណន់​តែម្តង។

    យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម មាន​ភ្ញៀវទេសចរ​មកលេង​នៅក្នុង​ខេត្ត​ប្រមាណ 78,809នាក់ កើនឡើង 94.35% បើ​ធៀប​នឹង​ចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ 2017។ ក្នុងនោះ​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ទៅ​កម្សាន្ត​លេង​ច្រើនជាងគេ​គឺ​ប្រាសាទ​បាណន់​ដែលមាន​ឡូរី​សម្រាប់​ជិះ​កម្សាន្ត​លេង​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ដល់​ទៅ​ជាង 18,000នាក់​ចូល​កម្សាន្ត លេង​បន្ទាប់ពី​រមណីយដ្ឋាន​ចម្ការ​ស្វាយ​មួយថ្ងៃ​មាន​ដល់​ទៅ​ជាង 2,000នាក់។ ក្រៅពីនោះ​មាន​ភ្នំ​សំពៅ ប្រាសាទឯកភ្នំ បឹង​កំពីងពួយ ជ្រលង​បុព្វ​តា សេក​សក ទឹក​ពុះ​កំរៀង ដែលមាន​ភ្ញៀវ​ទៅលេង​ក្នុង​មួយថ្ងៃ​ប្រមាណ 400នាក់​ក្នុងមួយកន្លែង៕