Category: សង្គម និងសេដ្ឋកិច្ច

  • ក្លៀកខ្មៅ ប្រែជាសបានក្នុងរយៈពេល 1 ខែតាមវិធីបែបធម្មជាតិ

    ក្លៀកខ្មៅ ប្រែជាសបានក្នុងរយៈពេល 1 ខែតាមវិធីបែបធម្មជាតិ

    ក្លៀកខ្មៅ ជាបញ្ហាដ៏ធំណាស់សម្រាប់សុភាពនារីយើង និងជាមូលហេតុមួយធ្វើឱ្យនារីៗមិនហ៊ានពាក់អាវវាលក្លៀក ឬមិនចង់បង្ហាញបរិវេណវង្វង់ក្លៀកឡើយ ព្រោះខ្មាសគេខ្លាំងណាស់ ព្រមទាំងជាបញ្ហាដ៏គួរឱ្យរំខានចិត្តទៀតផង។ តែពេលនេះ នារីៗដែលមានបញ្ហាក្លៀកខ្មៅនេះនឹងអស់កង្វល់តទៅទៀតហើយ ព្រោះគេហទំព័រ ឡារ៉ែន នឹងជម្រាបប្រាប់អំពីវិធីកែបញ្ហានេះ ដើម្បីឱ្យសុភាពនារីទាំងឡាយមានទំនុកចិត្តមកលើខ្លួនឯងជាថ្មីឡើងវិញ ដោយការកែប្រែក្លៀកខ្មៅ ឱ្យទៅជាសស្អាត ហើយតឹងណែន គ្មានស្លាកស្នាម ក្នុងរយៈពេល 1 ខែ តាមរូបមន្ដធម្មជាតិ។

    វត្ថុត្រៀមសម្រាប់ធ្វើម៉ាស្សាសម្អាតស្បែកក្លៀក៖

    1.ទឹកត្រសក់ច្របាច់ 1 ស្លាបព្រាកាហ្វេ
    2.ទឹកក្រូចឆ្មារ 1 ស្លាបព្រាកាហ្វេ
    3.ម្សៅមើមរមៀត កន្លះស្លាបព្រាកាហ្វេ
    4.ប្រេងដូង 1 ស្លាបព្រាបាយ

    វិធីធ្វើ៖ គ្រាន់តែយកវត្ថុធាតុផ្សំដែលបានតៀមខាងលើ មកលាយឱ្យក្លាយជាល្បាយស្មើសាច់មួយ តែមិនចាំបាច់លាយជាមួយប្រេងដូងនៅក្នុងចានតែមួយទេ (ទុកប្រេងដូងនៅដោយឡែក)។

    វីធីម៉ាស្សា ៖ បន្ទាប់ពីងូតទឹករួច ជូតខ្លួនឱ្យស្ងួត រួចយកសំឡីជ្រលក់ជាមួយប្រេងដូង យកមកលាប និងធ្វើម៉ាស្សាថ្មមៗនៅបរិវេណរង្វង់ក្លៀក ។ ក្រោយមកទៀតក៏យកសំឡីជ្រលក់ជាមួយល្បាយវត្ថុធាតុដែលបានលាយរួចនោះ មកលាបថ្នមៗពីលើបរិវេណក្លៀកបន្ថែម ទុកចោលរយៈពេល 20 នាទី ទើបទៅលាងទឹកឱ្យស្អាត ជាការស្រេច។

    បន្ថែម៖ សម្រាប់អ្នកដែលមានបញ្ហាក្លៀកខ្មៅខ្លាំង យកល្អ គួរតែអនុវត្តវិធីនេះ យ៉ាងហោចណាស់ឱ្យបាន 2-3 ដងក្នុងមួយសបា្ដហ៍៕

  • ប្រព័ន្ធបច្ចេកវិទ្យានឹងជួយឱ្យសហគ្រាសក្នុងស្រុកពង្រីកទីផ្សារទៅកាន់ពិភពលោក

    ប្រព័ន្ធបច្ចេកវិទ្យានឹងជួយឱ្យសហគ្រាសក្នុងស្រុកពង្រីកទីផ្សារទៅកាន់ពិភពលោក

    ថ្លែងក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce Week)» ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ជាចលករជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោក ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអាចបង្ខិតឱ្យកាន់តែជិត និងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។

    លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយនឹងជំរុញឱ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។ បើទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ លិខិតបទដ្ឋានគតិយុត្ត ដែលទាំងអស់នេះត្រូវតែដោះស្រាយឱ្យបានរួចរាល់មុននឹងអាចទាញយកផលប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យានេះបាន។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍន៍នៃផ្លាតហ្វ៉មឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងឯកឧត្តម Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមមតិផងដែរ ដោយបានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាតហ្វ៉មឌីជីថល គឺបានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិបរមា។

    សម្រាប់ផ្លាតហ្វ៉មឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិក ជាកម្លាំងចលករមួយដើម្បីជំរុញឱ្យមានការគិតគូរឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឱ្យបានច្បាស់លាស់អំពីផ្លាតហ្វ៉មឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាតហ្វ៉មឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាតហ្វ៉មឌីជីថលក្នុងស្រុកស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារពិភពលោក៕

  • ក្រុមហ៊ុនAmazon ចាប់ផ្តើមលក់ទំនិញពីសហរដ្ឋអាមេរិកទៅទូទាំងពិភពលោក

    ក្រុមហ៊ុនAmazon ចាប់ផ្តើមលក់ទំនិញពីសហរដ្ឋអាមេរិកទៅទូទាំងពិភពលោក

    ក្រុមហ៊ុនAmazon.com Incបានបើកដំណើរការជាលក្ខណៈពិសេសក្នុងការទិញឥវ៉ាន់ជាអន្តរជាតិមួយដែលនឹងជួយដល់អតិថិជនទូទាំងពិភពលោកដើម្បីទិញទំនិញជាង 45 លានមុខពីសហរដ្ឋអាមេរិកដែលអាចដឹកជញ្ជូនទៅកាន់ប្រទេសរបស់ពួកគេបានយ៉ាងងាយស្រួល។

    លក្ខណៈពិសេសនៃការទិញទំនិញបែបអន្ដរជាតិដែលមាននៅលើកម្មវិធី browser និងMobile app ដែលដំណើរការដោយប្រព័ន្ធ​ iOS និងAndroid នេះត្រូវបានពង្រីកទៅដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកដើម្បីទិញផលិតផលនៅខាងក្រៅទីផ្សារក្នុងស្រុករបស់ពួកគេ និងអាចប្រើបានចំនួន 5ភាសា ដែលរួមមានភាសាអង់គ្លេស ចិន ប្រេស៊ីល ព័រទុយហ្គាល់ និងអាល្លឺម៉ង់។

    កម្មវិធីនេះនឹងអនុញ្ញាតឱ្យអតិថិជនទិញតាមរយៈរូបិយប័ណ្ណចំនួន 25ប្រភេទ ហើយនឹងមានដាក់បញ្ចូលភាសាបរទេស និងរូបិយប័ណ្ណផ្សេងៗបន្ថែមទៀតជាច្រើនក្នុងឆ្នាំ 2018នេះ ហើយក្រៅពីនេះអតិថិជនក៏អាចជ្រើសរើសប្រើសេវាដឹកជញ្ជូនផ្សេងៗ និងរយៈវេលានៃការដឹកជញ្ជូនបានទៀតផង។

    លក្ខណៈពិសេសនៃការទិញឥវ៉ាន់បែបអន្ដរជាតិនេះនឹងមានដាក់បង្ហាញពីការកំណត់តម្លៃទំនិញ ប៉ុន្តែតម្លៃការដឹកជញ្ជូន និងតម្លៃសេវាផ្សេងៗពាក់ព័ន្ធនឹងការនាំចូល គឺអតិថិជនជាអ្នកបង់ក្នុងប្រទេសរបស់ខ្លួន៕

  • លោក Kovac ដឹក​នាំ​ឱ្យ Frankfurt ទៅ​ជួប Bayern ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ

    លោក Kovac ដឹក​នាំ​ឱ្យ Frankfurt ទៅ​ជួប Bayern ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ

    ការ​​ស៊ុត​បាល់​​ដោយ​ការ​​ប្រើ​កែង​ជើង​ទាត់បក​​ទៅ​ក្រោយ​ដ៏ល្អ​ពីសំណាក់​កីឡាករ Luka Jovic បាន​ជួយ​ឱ្យក្រុម Eintracht Frankfurt កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល 1-០ លើ​ក្រុម Schalke ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃពាន German Cup កាលពីថ្ងៃពុធ ដែលមាន​ន័យ​ថា ក្រុម Bayern Munich នឹង​ត្រូវ​ប៉ះ​ជាមួយអនា​គត​គ្រូបង្វឹក​របស់​ពួក​គេ ​គឺ​លោក Niko Kovacក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ខែ​ក្រោយនេះ​។

    គ្រាប់​បាល់​របស់ Jovic គ្រប់​គ្រាន់​ក្នុងការ​ជួយ​ឱ្យ​ក្រុម​​សល់​សមា​ជិក​ត្រឹម​តែ​ 10​នាក់ Frankfurt ទទួលបាន​ជ័យ​ជម្នះក្នុង​ការប្រកួត​ដ៏ស្វិត​ស្វាញមួយ ដើម្បី​ឈាន​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន German Cup ជាប់​ៗ​គ្នា និង​​បង្កើត​​ឱ្យ​​មានការ​ជួប​គ្នា​រវាង​លោក Kovac និង​ក្រុម Bayern នា​ថ្ងៃ​ទី​19 ខែ​ឧស​ភាខាង​មុខនេះ​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កីឡដ្ឋាន Olympiastadion ក្នុង​ទីក្រុង​ប៊ែរ​ឡាំងនឹងក្លាយ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​លោក Kovac ក្នុងនាម​ជា​​គ្រូបង្វឹក​របស់​ក្រុម Frankfurt នៅមុន​ពេល​លោក​ចូល​កាន់​តំណែង​ដដែលនេះនៅ​​ឯក្លិប Bayern នៅ​រដូវក្តៅ​នេះ​។ លោក Kovac បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «វា​​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញមួយ ប៉ុន្តែក្រុម​នេះ​ពិត​ជា​ធ្វើ​បានល្អមែន​។ ខ្ញុំ​គិត​ថា នៅ​ទី​បំផុត ក្រុម​របស់​ខ្ញុំ​ចង់​បាន​វា​ខ្លាំង​ជាង​បន្តិច​»​។

    ស្រប​​​ពេល​ជាមួយ​គ្នា​នេះ Kevin-Prince Boateng របស់​ក្រុម Frankfurt ដែល​ត្រូវ​នឹង​ប៉ះ​ជា​មួយ​នឹង​ប្អូន​ប្រុស​​កណ្តាល​របស់​គេ​គឺ Jerome នៅ​ក្នុងការប្រកួត​ជា​មួយ​នឹង​ក្រុម Bayern នោះ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិនអាច​មាន​អារម្មណ៍ឈឺ​ចាប់​ទៅលើ​បញ្ហា​របួស​ខ្ញុំ​ទៀត​ឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា យើង​នឹង​ទៅ​ទីក្រុង​ប៊ែរ​ឡាំង​។ ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ទៅលើ​ក្រុមនេះ​ណាស់​»​៕

    ប្រភព​ពី៖ sports.yahoo.com

  • Man Utd វិល​ទៅ​កាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ​លោក Mourinho ធូរ​ស្រាលមុន​ប៉ះ Spurs

    Man Utd វិល​ទៅ​កាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ ខណៈ​លោក Mourinho ធូរ​ស្រាលមុន​ប៉ះ Spurs


    ក្រុម Manchester United បានផ្តល់​ការឆ្លើយ​តប​យ៉ាងល្អ​ឥត​ខ្ចោះ​ទៅកាន់​ការរិះ​គន់​របស់​លោក Jose Mourinho ខណៈ​ដែល​ពួក​គេ​បាន​វិល​ទៅកាន់​ផ្លូវនៃ​ជ័យជម្នះ​វិញ​តាមរយៈ​កា​រផ្តួល​ក្រុម Bournemouth ក្នុងលទ្ធផល 2-០ កាល​ពី​ថ្ងៃ​ពុធ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ខ្សែ​ការ​ពារ Chris Smalling និង​ខ្សែ​ប្រយុទ្ធ Romelu Lukakuបាន​ជួយ​ឱ្យ Man Utd រក​បាន​ 3​ពិន្ទុ​ពេញ​នៅ​កីឡដ្ឋាន Dean Court ក្រោយពី​លោក Mourinhoបាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ 7នាក់បន្ទាប់ពី​ក្រុម​របស់​លោក​បាន​រង​បរា​ជ័យ​យ៉ាងមិន​នឹកស្មាន​ដល់​ក្រោមស្នា​ដៃ​ក្រុម​បាត​តារាងWest Bromwich Albion កាល​ពី​ថ្ងៃ​អាទិត្យ​។ លទ្ធផល​ចាញ់​នេះ​បាន​ផ្តល់​ពានក្រប​ខ័ណ្ឌ Premier League ទៅ​ឱ្យក្រុម Manchester City ដែល​បណ្ដាលឱ្យលោក Mourinho ចោទ​ប្រកាន់​កីឡាករ​របស់​លោក​ថា មាន​មោទ​ន​ភាព​លើ​ខ្លួន​ឯង​ខ្លាំងជ្រុល​​ពេក​។

    ក្នុង​កិច្ច​ខិត​ខំ​ព្យា​យាម​ក្នុង​ការ​តឿន​រំ​ឭក​ដល់​តា​រាឆ្នើម​ៗ​ដែល​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ខ្លួនអ្នក​ចាត់​ការ​ទូទៅ​​របស់ Man United រូបនេះបាន​សម្រេច​ធ្វើ​ការផ្លាស់​ប្តូរ​ក្នុងក្រុម​នៅពេល​ប្រកួត​ជាមួយ​នឹងBournemouth ខណៈ​ដែល Lukaku, Alexis Sanchez និងJuan Mata សុទ្ធ​សឹង​ស្ថិតក្នុង​តា​រា​ឆ្នើម​ៗ​ដែល​​អវត្ត​មាន​ក្នុង​ជម្រើស​ទាំង​ 11​នាក់​ដំបូងនៅ​មុន​ពេល​ការប្រកួត​ពានFA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹងក្រុម Tottenham នៅ​ថ្ងៃ​សៅរ៍​នេះ​។ នៅមុន​ពេល​ការ​ប្រកួត លោក Mourinho បាន​និយាយ​ថា៖ «តើ​ការ​ជ្រើស​រើស​ក្រុម​​ផ្អែក​ទៅលើ​ការ​ប្រកួត​កាលពី​ចុង​សប្តាហ៍មុននេះ ឬ​នៅមុន​ពេល​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ?  វា​ផ្អែក​ទៅលើ​ចំណុច​ទាំង​2 ​បន្តិច​បន្តួច​»​៕

     

    ប្រភព​ពី៖ Channel News Asia

     

  • ករុណា ពេជ្រ ប្រកាសលក់ផ្ទះវីឡាទោល ដើម្បីយកប្រាក់ព្យាបាលឪពុកនៅឯបរទេស

    ករុណា ពេជ្រ ប្រកាសលក់ផ្ទះវីឡាទោល ដើម្បីយកប្រាក់ព្យាបាលឪពុកនៅឯបរទេស

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ  បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ស្ថានភាពជំងឺរបស់ឪពុកលោកហាក់ដូចជាកាន់តែធ្ងន់ធ្ងរខ្លាំងហើយ រហូតដល់រូបលោកត្រូវប្រកាសដាក់លក់ផ្ទះវីឡាប្រណីតមួយ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺឪពុករបស់លោក​នៅប្រទេសក្រៅជាប​ន្ដទៀត។

    លោក ករុណា ពេជ្រ បានរៀបរាប់ថា «កូនមកដល់ផ្ទះវិញហើយប៉ា…ផ្ទះធំពេក ហើយប៉ាឈឺទៀត…កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…។ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង…ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 )  ផ្លូវA…ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយនៅមុខផ្ទះ….ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើបAEON II។ ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m»។ លោកបានបញ្ជាក់ដែរថា ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់ Inbox ហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង។

    គួរំឭកផងដែរថា កន្លងមកស្ថានភាពជំងឺរបស់ឪពុកលោកបានធូរស្បើយ និងបានដឹងខ្លួនមកវិញម្ដងហើយ អាចនិយាយបាន កម្រើកខ្លួនបានខ្លះហើយ ទើបបានជាតារាប្រុសរូបនេះនាំលោកឪពុកមកធ្វើលំហាត់ប្រាណនៅមុខផ្ទះជារៀងរាល់ព្រឹក តែមកដល់ពេលនេះវិញ ស្ថានភាពជំងឺហាក់ដូចជាមិនទាន់ធូរស្បើយនៅឡើយទេ ទើបធ្វើឱ្យតារាប្រុសរូបនេះ សម្រេចចិត្តនាំឪពុកទៅបន្ដព្យាបាលនៅឯបរទេសតែម្ដង៕

  • ទឹម រដ្ឋា សុខចិត្តចោលឱកាសមាស ឱកាសប្រាក់ដើម្បីបានជួបជុំក្រុមគ្រួសារយ៉ាងកក់ក្ដៅ

    ទឹម រដ្ឋា សុខចិត្តចោលឱកាសមាស ឱកាសប្រាក់ដើម្បីបានជួបជុំក្រុមគ្រួសារយ៉ាងកក់ក្ដៅ

    នៅថ្ងៃម្សិលមិញនេះ អ្នកនាង ទឹម រដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយសារខ្លះៗ ដែលបានប្រាប់ពីមូលហេតុពិតឱ្យមហាជនបានជ្រាបពីការដែលនាងមិនមានវត្តមានក្នុងការបង្ហាញជូននូវការសម្ដែងឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានទស្សនា បានជួប និងបានឃើញរូបនាងដោយផ្ទាល់នាឱកាសមហាសង្ក្រាន្ដឆ្នាំថ្មីនៅលើទឹកដីទីក្រុងអង្គរ ខេត្ត សៀមរាបនាពេលកន្លងមកនោះ។

    បើទោះបីជាមានឱកាសមាស ឱកាសប្រាក់នៅក្នុងថ្ងៃប្រារព្ធពិធីអង្គរសង្ក្រាន្ដយ៉ាងណាក្ដី អ្នកនាងទឹម រដ្ឋា បានអះអាងប្រាប់ថា «ជារៀងរាល់ពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល 3ថ្ងៃ មានគេសួរខ្ញុំច្រើនណាស់នូវពាក្យដដែលៗថា ហេតុអឺអត់ឃើញខ្ញុំទៅចូលរួមមហាសង្រ្កាន្ត សម្ដែងរាំច្រៀងនៅខេត្តសៀមរាបនឹងគេអ៊ីចឹង? ខ្ញុំបានប្រាប់ទៅគេវិញថា អត់បានចូលរូមទេ ព្រោះខ្ញុំចង់ចំណាយពេលវេលា 3ថ្ងៃដ៏សែនពិសេសមួយនេះនៅជាមួយនឹងគ្រួសារដ៏សែនកក់ក្ដៅរបស់ខ្ញុំ ដូចជាបងប្អូនទាំងអស់គ្នាខ្លះក៏អ៊ីចឹងដែរ»។

    ជាការពិតណាស់ តាមការបង្ហោះរូបភាពជាហូរហែមកត្រូវបានគេដឹងថា ក្នុងរយៈពេល 3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ តារាសម្តែងទឹម រដ្ឋា បាននាំអ្នកម្តាយ និងក្រុមគ្រួសារទៅដើរលេងសង្ក្រាន្តដល់ទៅ 2ខេត្តយ៉ាងសប្បាយរីករាយ គឺសង្រ្កាន្តព្រៃវែង និងបាត់ដំបង។ អ្នកនាងបន្ដថា «ព្រោះពេលវេលាធម្មតាយើងរវល់ធ្វើការរកស៊ីរៀងៗខ្លួន ហើយក៏មិនមានពេលបានផ្ដល់ឱ្យគ្នាជាញឹកញាប់ទេ អ៊ីចឹងឱកាសនេះជាឱកាសដ៏ល្អដែលយើងបានជូបជុំគ្នាដែលមិនអាចខ្វះបាន ហើយខ្ញុំក៏សុំទោសដល់បណ្ដាក្រុមការងារទាំងអស់ដែលតែងតែទាក់ទងមកខ្ញុំ ហើយខ្ញុំមិនបានទទួល តែឥឡូវពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានបញ្ចប់ហើយ ហើយខ្ញុំក៏មកទទួលការងារវិញដែរ»៕

  • អស្ចារ្យ!! ឈុតបុរាណខ្មែររចនាម៉ូដយ៉ាងប្រណីតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ2018

    អស្ចារ្យ!! ឈុតបុរាណខ្មែររចនាម៉ូដយ៉ាងប្រណីតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ2018

    បើទោះជាអាកាសធាតុក្តៅបន្តិចក៏ដោយ តែវាមិនអាចរារាំងដំណើរកម្សាន្តដ៏សប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម​ក្រោមម្លប់នៃសុខសន្តិភាពរបស់អ្នកទេសចរជាតិ និងបរទេសបានឡើយនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ2018នេះ​។ ល្បែង​ប្រជាប្រិយ របាំប្រពៃណីខ្មែរ សិល្បៈ​ និងការតាំងពិព័រណ៍ចម្រុះបានជំរុញទឹកចិត្តភ្ញៀវទេសចរគ្រប់រូបមិនឱ្យអល់អែករារែកក្នុងការផ្តិតយកទស្សនីយភាពទុកជាអនុស្សាវរីយ៍ឡើយ និងកាន់តែអស្ចារ្យថែមទៀតនោះ គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ2018នេះ មានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងមានការច្រៀងរាំ សម្តែងរបាំ ល្ខោនយីកេ ផ្ទាំងទស្សនីយភាពប្លែកៗ សប្បាយៗជាច្រើនទៀត និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃប្រឌីតស្អាតៗជាច្រើនម៉ូដ ដែលជាស្នាដៃកូនខ្មែរពិតៗទៀតផង។

    ភាពសប្បាយរីករាយនេះនឹងជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី សម្លៀកបំពាក់បុរាណខ្មែរទៅកាន់ភ្ញៀវបរទេសទូទាំងសកលលោកដែលបានមកចូលរួមទស្សនាកម្មពិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ2018នេះឱ្យបានស្គាល់កាន់តែច្បាស់ ដោយអ្នករៀបចំកម្មវិធីបានធ្វើការដាក់តាំង និងធ្វើការដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបបុរាណច្នៃលាយសម័យ ដែលផលិតចេញពីវត្ថុសម្ភារនានា ជាស្នាដៃកូនខ្មែរដែលធ្លាប់យកទៅប្រកួតនៅលើឆាកអន្ដរជាតិមកបង្ហាញជូនទស្សនាទៀតផង។ ចង់ដឹងថា សម្រស់នារីខ្មែរ និងឈុតបុរាណច្នៃ មានសោភ័ណភាព និងប្រណីតភាពបែបណានោះ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • ឌីជេ ក្ដឹប ប្រកាសបញ្ចប់អាជីពតែងនិពន្ធ ព្រោះហេតុផល…

    ឌីជេ ក្ដឹប ប្រកាសបញ្ចប់អាជីពតែងនិពន្ធ ព្រោះហេតុផល…

    កាលពីពេលថ្មីៗនេះ ក្រោយពីតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ​ ស៊ីរិកា បានប្រកាសដើរចេញពីវិថីសិល្បៈ និងទៅតាំងជំហរលើអាជីពថ្មីមួយដែលមិនមានការរងសម្ពាធខាងផ្លូវចិត្តនោះ ប៉ុន្មានម៉ោងក្រោយមកទៀត ស្រាប់តែ ឌីជេ ក្ដឹប ជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាស បានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះ។

    លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប បានរៀបរាប់រឿងរ៉ាវជីវិតផ្ទាល់ខ្លួននៅក្នុងឃ្លីបវីដេអូនោះថា លោកបានតស៊ូជាមួយអាជីពសិល្បៈជាអ្នកនិពន្ធបទចម្រៀងនេះអស់រយៈពេលជាង 9ឆ្នាំមកហើយ លោកពិតជានឿយហត់មែនទែន ដែលរូបលោកផ្ទាល់ត្រូវបោះជំហានពុះពារជម្នះគ្រប់ឧបសគ្គនៅលើវិថីមួយនេះតែម្នាក់ឯង។ ពោពេញទៅដោយអារម្មណ៍ក្ដុកក្ដួលអួលដើមក និងទប់ទឹកភ្នែកមិនបាន លោក សំណាង បានប្រាប់មហាជនថា «ខ្ញុំបានតាំងចិត្តបញ្ចប់អាជីពជាអ្នកនិពន្ធនេះ ចាប់តាំងពីប៉ារបស់ខ្ញុំ គាត់លួចទៅដើរលេងមានស្រីក្មេង ខ្ញុំបានតស៊ូម្នាក់ឯងអស់រយៈពេល 9ឆ្នាំហើយ តែវាគ្មានតម្លៃសម្រាប់ខ្ញុំទៀតទេ ខ្ញុំមិនចង់ឃើញគាត់ទៅចោលពួកខ្ញុំបែបនេះឡើយ ខ្ញុំសុខចិត្តទៅធ្វើការលក់ដូរជាមួយម៉ាក់ខ្ញុំធម្មតាវិញ ព្រោះអីខ្ញុំនៅសល់តែគាត់មួយទេ»។

    ជាចុងក្រោយ អ្នកនិពន្ធ និងសម្រួលតន្ត្រីក្នុងបទ «រាំអីចេះ» រូបនេះបានបញ្ជាក់ប្រាប់អ្នកគាំទ្រទាំងអស់គ្នាថា «អរគុណបងប្អូនដែលបានស្រឡាញ់ និងគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក ហើយខ្ញុំរំពឹងទុកថា ខ្ញុំនឹងមានឱកាសត្រឡប់មកតែងនិពន្ធឡើងវិញ ប្រសិនបើខ្ញុំចង់.. »៕

  • Walmart ទទួលបានប៉ាតង់ថ្មីសម្រាប់ផលិតសត្វឃ្មុំយន្តដើម្បីជួយវិស័យកសិកម្ម

    Walmart ទទួលបានប៉ាតង់ថ្មីសម្រាប់ផលិតសត្វឃ្មុំយន្តដើម្បីជួយវិស័យកសិកម្ម

    ក្រុមហ៊ុនដែលពោរពេញដោយភាពច្នៃប្រឌិត និង​ល្បីល្បាញលើពិភពលោក Walmart ឥឡូវនេះ​ទើបនឹងទទួលបាន​ប្រកាសនីយបត្រតក្កកម្ម (ប៉ាតង់) ដើម្បី​ផលិតសត្វឃ្មុំអេឡិចត្រូនិក​សម្រាប់ជួយដល់វិស័យកសិកម្ម។ គ្រឿងយន្តថ្មីនេះ គឺមានរាង និងទំហំដូចជាសត្វឃ្មុំពិតប្រាកដ ដែលវាមានតួនាទី​ក្នុងការ​ព្រោះគ្រាប់ស្រូវ និង​ជួយដល់ការងារថែទាំមួយចំនួន​។

    សត្វឃ្មុំយន្តនេះ គឺត្រូវបាន​ដំណើរការឡើងដោយ​ប្រើ សិនស័រ (sensors) និងកាមេរ៉ា​ដើម្បីជួយ​ត្រួតពិនិត្យមើលលើគ្រាប់កសិផល។ គ្រឿងយន្តនេះ​ត្រូវបានផលិតឡើងស្រដៀងនឹងដ្រូន ដែល​វាអាចពង្រាយគ្រាប់ធញ្ញជាតិ ដូចជាលម្អង​​សត្វឃ្មុំពិតប្រាកដដែរ ហើយវាអាចជួយដល់ដំណាំខ្លាំងជាងការធ្វើដោយដៃរបស់មនុស្សទៀតផង។ ​

    ការទទួលបានប័ណ្ណប៉ាតង់ចុងក្រោយនេះ ជាប៉ាតង់ទី6 ហើយដែល Walmart ទទួលបាន​សម្រាប់ការបង្កើត​ជាប្រភេទ​នៃ​ដ្រូនសម្រាប់​វិស័យកសិកម្ម ដែលអាច​ធ្វើគ្រប់យ៉ាងពាក់ព័ន្ធនឹងការពិនិត្យមើល​ចន្លោះប្រហោងនៃគ្រាប់ដំណាំថាវាខូច ឬមានបញ្ហាដែលត្រូវជួសជុល ហើយវាក៏មាន​មុខងារក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិតផងដែរ។ ការបង្កើត​គ្រឿងយន្តអេឡិចត្រូនិកសម្រាប់វិស័យសិកម្មនេះត្រូវបានអ្នកជំនាញ​បញ្ជាក់ថា ​វាជាចំណែកមួយក្នុងការកាត់បន្ថយ​ចំណាយលើ​ការធ្វើកសិកម្ម និង​បង្កើនប្រសិទ្ធភាពក្នុងការផលិត។

    ពាក់ព័ន្ធនឹងការងាកមកផលិតឧបករណ៍​របស់ Walmart នេះ​ត្រូវបានគេមើលឃើញថា ​វាជាវិធីសំខាន់មួយដែរដែល Walmart ខ្លួនឯងត្រូវធ្វើ ដើម្បី​កាត់បន្ថយចំណាយ​ក្នុងការ​ទិញ​យកផលិតផល​កសិកម្មពីគ្រប់ទីកន្លែងមកពង្រាយលក់ក្នុងម៉ាតរបស់ខ្លួនដែលមានគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក និងតំបន់ជាច្រើន​នៅលើពិភពលោក ព្រោះថា ​នៅពេលដែល​គុណភាព​នៃផលិតផល​កសិកម្ម​នៅគ្រប់ទីកន្លែងមាន​លក្ខណៈល្អប្រសើរ ហើយកន្លែងណាក៏អាចផលិតបានល្អដែរនោះ ខ្លួនក៏នឹងអាចទទួលបានផលិតផលល្អសម្រាប់ចែកចាយបានលឿន និងចំណាយតិចផងដែរ៕