Category: សង្គម និងសេដ្ឋកិច្ច

  • សាន សុម៉ាលី បង្ហើបរឿងមួយពីក្រោយករណីប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍

    សាន សុម៉ាលី បង្ហើបរឿងមួយពីក្រោយករណីប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍

    នៅពេលថ្មីៗនេះ តារាសម្ដែងស្រី សាន សុម៉ាលី កំពុងតែជួបទុក្ខធំនៅក្នុងគ្រួសារ ដោយសារតែប្អូនប្រុសរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ ដែលដំបូងឡើយនាងបានទទួលដំណឹងថា ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទៅហើយ តែដោយឡែកនាងមិនជឿ និងបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក៏ស្រាប់តែឃើញប្អូននៅមានជីវិតនៅឡើយ ហើយក៏នាំប្អូនប្រុសទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។

    តារាសម្ដែងស្រីរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ចំពោះករណីប្អូនប្រុសរបស់នាងនេះ នាងសង្ស័យថា ជាអំពើឃាតកម្ម ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍។ នាងបានបន្ដអះអាងថា ក្រោយពីបានបញ្ជូនប្អូនប្រុសទៅមន្ទីរពេទ្យ ក៏សង្កេតឃើញមានស្នាមគ្រាប់កំភ្លើងបាញ់ចំភ្លៅ និងបាក់ដៃ-ជើង ហើយព្រមទាំងរបួសខ្ទេចមុខ។ កញ្ញា សាន សុម៉ាលី  បានបង្ហើបប្រាប់អ្នកសារព័ត៌មានទៀតថា នៅថ្ងៃចូលឆ្នាំនោះ មានមិត្តភ័ក្ដិ និងតារារួមអាជីពមួយរូប បានទាក់ទងនាងសុំលេខទូរស័ព្ទប្អូនប្រុសនាង ដើម្បីទៅដើរលេង តែរូបនាងបានឱ្យលេខប៉ារបស់នាងជំនួសវិញ ដើម្បីទាក់ទងទៅកាន់ប្អូនប្រុសរបស់នាង។

    គួរបញ្ជាក់ផងដែរថា ដោយសារអាការរបស់ប្អូនប្រុសតារាស្រី សាន សុម៉ាលី មានអាការធ្ងន់ធ្ងរខ្លាំង ទើបតារាស្រីរូបនេះ បានយកប្អូនប្រុសទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្ត សុរិន្ទ ប្រទេសថៃ បន្ដវិញ​ មកទល់ពេលនេះគេនៅមិនទាន់ដឹងថា ស្ថានភាពជំងឺបានធូរស្រាលហើយ ឬយ៉ាងណានៅឡើយទេ៕

  • ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។

    កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
    ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។

    ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំ
    ចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។

    ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។

    កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕

  • វិស័យអចលនទ្រព្យរំពឹងថា នឹងកើនឡើងក្នុងរង្វង់ជាង8% ក្នុងឆ្នាំ2018

    វិស័យអចលនទ្រព្យរំពឹងថា នឹងកើនឡើងក្នុងរង្វង់ជាង8% ក្នុងឆ្នាំ2018

    យោងតាមរបាយការណ៍ស្តីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យអចលនទ្រព្យរំពឹងថា នឹងនៅតែមានកំណើនរឹងមាំ8.5% ក្នុងឆ្នាំ2018 ដែលមាននិន្នាការស្របគ្នានឹងវិស័យសំណង់។

    កំណើននេះនឹងត្រូវ​ទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃទាប និងមធ្យមដែលប៉ះប៉ូវដល់ការថមថយនៃប្រតិបត្តិការទិញ-លក់ និងជួលលំនៅឋានតម្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ធៀបនឹងតម្រូវការជាក់ស្តែង។

    ការរីកចម្រើនវិស័យសំណង់ជាមួយនឹងអត្រាកំណើនប្រមាណ16.7% ក្នុងឆ្នាំ2018 និង16.8% នៅក្នុងឆ្នាំ2019 ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់តម្លៃទាប និងមធ្យមដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់តម្លៃខ្ពស់។ ភាពរឹងមាំនៃវិស័យនេះត្រូវបានគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ2018 ដែលជាឆ្នាំបោះឆ្នោតក៏ដោយ៕

    central phnom penh city in cambodia
  • អ៊ុង និមល ត្រូវគេធ្វើឱ្យភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត

    អ៊ុង និមល ត្រូវគេធ្វើឱ្យភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី អ៊ុង និមល កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូដែលបង្ហាញឱ្យឃើញថា មានតារាៗជាមិត្តរួមអាជីពជាច្រើននាក់បានពញ្ញាក់អារម្មណ៍តារាស្រីរូបនេះនាថ្ងៃខួបកំណើត តែអ្វីដែលប្លែកអារម្មណ៍ខ្លាំងបំផុតនោះគឺ ម្នាក់ៗសុទ្ធតែតុបតែងខ្លួន និងគ្រងឈុតសម្លៀកបំពាក់បុរាណខ្មែរនាសម័យលង្វែកមក surprise រូបនាងតែម្ដង។

    ក្នុងនោះដែរ លោក ចន ច័ន្ទតារា ដែលជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា បានរៀបរាប់ប្រាប់យ៉ាងដូច្នោះថា «Surprise BD Nat Nimol ក្នុងសម្លៀកបំពាក់បុរាណខ្មែរយើងសម័យដើម។ ទោះជាស្ថិតក្នុងយុគសម័យណាក៏ដោយ ក៏យើងខ្ញុំមិនដែលភ្លេច ព្រមទាំងចូលរួមអភិរក្ស និងលើកតម្កើងអ្វីដែលជាកេរដំណែលនៃវប្បធម៌ខ្មែរ សិល្បៈបុរាណក៏ដូចជាសម្លៀកបំពាក់បុរាណខ្មែរយើងដែរ។ ជូនពរឱ្យស្រីណាត់ ( អ៊ុង និមល) បានសម្រេចរាល់បំណងគ្រប់ប្រការ។ 🇰🇭 #យើងស្រឡាញ់សម្លៀកបំពាក់ខ្មែរ»។

    រីឯម្ចាស់ខួបកំណើតវិញ មិនត្រឹមតែរំភើប និងនឹកស្មានមិនដល់នោះទេ ថែមទាំងចំហមាត់ធ្លុង រកនិយាយមិនចេញទៀតផង នេះបើតាមរូបភាពជាក់ស្ដែងនៅក្នុងវីដេអូ។ កញ្ញា និមល បាននិយាយថា « Suprised ឯងបានសម្រេចមែន ជឿឡើងស្លុង សាហាវមែន group នេះសរសើរដល់ប៉ាវា Sunny Sokពូកែសម្ដែងណាស់។ ចង់ប្រាប់ថា អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រឡាញ់មួយនេះ ហើយដែលតែងតែចងចាំថ្ងៃកំណើតរបស់ខ្ញុំ រំភើបណាស់ស្រឡាញ់អ្នកទាំងអស់គ្នា»៕ (អ៊ូយ គួរឱ្យរំភើបជំនួសណាស់ ស្រីណាត់ អ៊ើយ!​)

  • ម៉ា ដូណា និង Kaka KH នាំអំណោយ និងសម្ភារសិក្សាទៅជូនប្អូនៗកុមារនៅខេត្តកំពង់ស្ពឺ

    ម៉ា ដូណា និង Kaka KH នាំអំណោយ និងសម្ភារសិក្សាទៅជូនប្អូនៗកុមារនៅខេត្តកំពង់ស្ពឺ

    នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Kaka KH បានបង្ហោះរូបភាព និងធ្វើការ Live ជាវីដេអូដែលបង្ហាញឱ្យឃើញពីសកម្មភាពសប្បុរសធម៌របស់នាងជាមួយតារាកំប្លែង ពូកែវោហារផ្លែផ្កាចាក់ទឹកមិនលេច លោក ម៉ា ដូណា ក្នុងការនាំយកអំណោយជាសម្ភារសិក្សាដែលមានដូចជា ប៊ិច ខ្មៅដៃ សៀវភៅ ទឹកលុប ដែកឈាន និងទឹកប្រាក់បន្ដិចបន្ដួចទៅចែកជូនប្អូនៗកុមារា-កុមារីនៅក្នុងអនុវិទ្យាល័យ ភ្នំតូច ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។

    ដោយទឹកចិត្ត និងក្ដីស្រឡាញ់ចំពោះប្អូនៗដែលជាទំពាំងស្នងឫស្សីនៅក្នុងអនុវិទ្យាល័យ  ភ្នំតូច នោះ លោក ម៉ា ដូណា ដែលមានរហស្សនាមថា តារាមុខសេះ បានផ្ដាំផ្ញើពាក្យពេចន៍មួយចំនួនទៅកាន់ប្អូនៗថា អំណោយបន្ដិចបន្ដួចនេះជាការផ្ដួចផ្ដើមចេញពីទឹកចិត្តបងៗដែលមានបំណងចង់ឱ្យប្អូនៗខិតខំសិក្សារៀនសូត្រ ចៀសឱ្យផុតពីគ្រឿងញៀន ហើយចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក និងចេះជួយយកអាសាគ្នា ព្រោះថា ប្អូនៗគឺជាទំពាំងដែលត្រូវស្នងសសរទ្រូងប្រទេសជាតិរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ា ដូណា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា «នៅថ្ងៃអនាគត បើប្អូនៗចង់មានការងារធ្វើ និងសម្រេចក្ដីបំណងដែលខ្លួនបានប្រាថ្នា លុះត្រាតែប្អូនៗទាំងអស់គ្នាខំរៀន ទើបអាចយកចំណេះនេះទៅប្រកបរបរចិញ្ចឹមជីវិតបាន ព្រោះថា ប្អូនៗម្នាក់ៗសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លូន»៕

  • Moses ជួយឱ្យ Chelsea ផ្តួល Burnleyដើម្បី​រក្សា​ក្តីស​ង្ឃឹមក្នុង Champions League

    Moses ជួយឱ្យ Chelsea ផ្តួល Burnleyដើម្បី​រក្សា​ក្តីស​ង្ឃឹមក្នុង Champions League

    ខ្សែ​​បម្រើ Victor Moses បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ពេលជិត​បញ្ចប់​ការប្រកួត ខណៈ​ដែលក្រុម Chelsea បានយក​​ឈ្នះ​លើ​ក្រុម Burnleyក្នុងលទ្ធផល 2-1 កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ក្នុងការប្រកួតក្រប​ខ័ណ្ឌ Premier League 2លើក​ជាប់​ៗ​គ្នា​ជាលើក​ទី​1 ​នៅឆ្នាំ​នេះ ដើម្បី​​រក្សា​ក្តី​សង្ឃឹមនៃ​ការ​ប្រជែង​យក​កៅអី​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាលក្រោយ​។

    អតីត​ក្រុម​ម្ចាស់​ជើង​ឯក​របស់​លោក Antonio Conte បាន​កាត់​បន្ថយ​ពិន្ទុ​​ដេញ​តាមពី​ក្រោយ​ក្រុម​ឈរលេខ​4 Tottenham មក​នៅ​ត្រឹម​ 5​ពិន្ទុ ខណៈ​ដែល​នៅ​សល់​ការប្រកួត​ 4​លើក​ទៀត​នៅ​រដូវ​កាល​នេះ​។ គ្រាប់​បាល់​របស់ Moses បាន​ជួយ​ឱ្យ​ក្រុម Chelsea កត់ត្រា​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​លីក​ 2​លើក​ជាប់​ៗ​គ្នា​ជាលើក​ទី​1 ចាប់​តាំងពី​ចុង​ខែ​ធ្នូ និង​បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ជឿ​ជាក់​ដ៏ធំមួយ នៅមុន​ពេល​ការ​ប្រកួត​ FA Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹងក្រុម Southampton នៅ​ថ្ងៃ​អាទិត្យ​នេះ​។ Chelsea បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​តាម​រយៈការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែការ​ពារ Kevin Long មុន​នឹង​​កីឡាករ Ashley Barnes ​រក​គ្រាប់​បាល់​តាម​ស្មើ​បានវិញ ខណៈ​ដែល​​លោក Conte បាន​និយាយ​ទាំង​ខឹង​សម្បា​​ថា Moses បាន​រង​នូវ​ការ​ប្រព្រឹត្ត​កំហុស​ថែមពី​លើក្នុង​ពេល​រក​គ្រាប់​បាល់​នោះ​។

    ខ្សែ​​ប្រយុទ្ធ Alvaro Morata បាន​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏ល្អមួយ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី ហើយ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អេ​ស្ប៉ាញ​រូបនេះ បានបញ្ចេញ​ប្រតិ​កម្ម​យ៉ាង​​ខឹង​សម្បានៅ​ពេល​ដែល​រូប​គេ​ត្រូវ​បាន​ដក​ចេញ​បន្ទាប់​ពី​នោះ​។ លោក Conte បាន​ផ្លាស់​ប្តូរ​កីឡាករ​ដល់​ទៅ​ 7​នាក់ ដើម្បី​ទុក​ជើង​ល្អៗសម្រាប់ប្រកួត​ជាមួយ​ក្រុម Southampton ហើយ Eden Hazard, Andreas Christensen, Cesc Fabregas និង Willian សុទ្ធ​សឹង​ស្ថិត​ជាកីឡាករ​បម្រុង​​៕

    ប្រភព​ពី៖ Mirror

  • ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    នៅថ្ងៃម្សិលមិញនេះ លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាសបានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះហើយ។ បន្ទាប់ពីបានឃើញ និងដឹងព័ត៌មាននេះភ្លាម តារាចម្រៀង Original Song កញ្ញា អេដ ដា ក៏បានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះទេពកោសល្យដែលលោក ចាន់ សំណាង មាន ហើយបានព្យាយាមលះបង់អស់រយៈពេលជាច្រើនឆ្នាំក្នុងការបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់។

    ម្ចាស់បទ «ពីរនាក់បានហើយ​» រូបនេះបានពោលថា «សម្រាប់ខ្ញុំ គឺមានតែសោកស្តាយដែលការមិនឱ្យតម្លៃលើទេពកោសល្យ និងបំភ្លេចស្នាដៃដ៏លេចធ្លោរបស់គាត់ចោល ធ្វើឱ្យពិភពសិល្បៈត្រូវបាត់បង់មនុស្សមានសមត្ថភាពផ្នែកនិពន្ធម្នាក់ ព្រោះតែការបាក់ទឹកចិត្ត។ 10 ឆ្នាំហើយដែលគាត់តស៊ូហែលឆ្លងលើវិស័យនេះ តាំងពីធ្វើការនៅវិទ្យុ រហូតដល់ក្លាយជារ៉េបភើរអនាថាដែលគ្មានផលិតកម្មណាអើពើ ហើយកាលនោះសឹងតែគ្មានតម្លៃទាល់តែសោះ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ជោគជ័យហើយ តែបែរជាត្រូវបោះបង់ចោលទៅវិញ!!  តែទោះយ៉ាងណា ខ្ញុំគាំទ្រនូវអ្វីដែលគាត់គិតថាធ្វើឱ្យគាត់សប្បាយចិត្ត ហើយមានតែជូនពរឱ្យក្តឹប ជោគជ័យក្នុងជីវិត និងគ្រប់ការងារដែលក្តឹបចង់ធ្វើ»។

    គួរបញ្ជាក់ផងដែរថា លោក ចាន់ សំណាង បានប្រកាសថា ខ្លួននឹងបញ្ចប់ការងារនិពន្ធបទចម្រៀងនេះហើយ ក្រោយពីលោកមានបញ្ហានៅក្នុងក្រុមគ្រួសារ តែលោកបានសន្យាជាមួយមហាជនថា លោកនឹងវិលត្រឡប់មកវិញនៅក្នុងឱកាសណាមួយដែលលោកមានបំណងចិត្តចង់ធ្វើការនិពន្ធឡើងវិញ។ ហើយលោកក៏បានបញ្ជាក់ទៀតថា លោកគ្រោងនឹងប្រកបរបរមួយជាមួយក្រុមគ្រួសារ និងម្ដាយរបស់លោកដែលរំពឹងទុកថា មហាជនលោកនៅតែស្រឡាញ់ និងគាំទ្រលោកជានិច្ច(បេល ជូនពរឱ្យជោគជ័យណា៎ក្ដឹបណា៎)៕

  • លោក Pochettino បញ្ជាក់​ថា ការ​ឈ្នះ​ពាន FA Cup នឹង​​មិន​ផ្លាស់​ប្តូរ Tottenhamឡើយ

    លោក Pochettino បញ្ជាក់​ថា ការ​ឈ្នះ​ពាន FA Cup នឹង​​មិន​ផ្លាស់​ប្តូរ Tottenhamឡើយ

    លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​បញ្ជាក់​ថា ការ​ឈ្នះពាន​ FA Cup នឹង​មិន​ផ្លាស់​ប្តូរ​ក្លិបនេះ​បានឡើយ បើ​ទោះ​បី​​វា​ជា​ការ​បញ្ចប់​រយៈ​ពេល​ 1​ទស​វត្សរ៍​​នៃ​ការ​មិន​ឈ្នះ​ពាន​សោះ​ក៏ដោយ​។

    Spurs នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Manchester United ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​​កំពុង​តែ​​​នឹកសង្ឃឹម​ថា បោះ​ជំហាន​កាន់​តែកៀក​ឆ្ពោះ​​ទៅកាន់​ការ​ឈ្នះ​ពាន​រង្វាន់​ជាលើក​ទី​1 ​របស់​ពួក​គេ បើ​គិត​​ចាប់​តាំងពីឆ្នាំ​2008 មក​។ ប៉ុន្តែ លោក Pochettino បាន​និយាយ​ថា ការលើក​ពាន FA Cup នៅ​ខែក្រោយ​នេះ នឹង​​ក្លាយ​ជា​ការ​បោះ​ជំហាណនដ៏​ធំ​មួយ​​សម្រាប់​ក្លិបនេះ ដែល​សម្លឹង​រក​ការ​​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League សម្រាប់​រយៈ​ពេល​ 3​រដូវកាល​ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានមួយ​នៅមុន​ពេល​​ការ​ប្រកួត​ គ្រូបង្វឹក​រូបនេះ​បាន​ឱ្យដឹងកាលពី​ថ្ងៃព្រហស្បតិ៍ថា៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់​ប្រសិន​បើក្រុម Southampton, Chelsea, Manchester United ឬ Tottenham នឹង​ឈ្នះ​ពាន FA Cup នោះ​»​។

    លោក Pochettino បាន​បន្ថែម​ទៀត​ថា៖​ «តើ​វា​នឹង​ផ្លាស់​ប្តូរ​ជីវិត​របស់​យើង​ទេ​? ខ្ញុំ​​មិន​ជឿជាក់​ថា វា​ផ្លាស់​ប្តូរ​ឡើយ​។ ខ្ញុំ​មិន​ជឿ​ឡើយ​។ តើ​ក្រុម​ណា​ត្រូវ​ការ​វា​ជាងគេ ខ្ញុំ​មិន​ដឹង​ឡើយ​។ យើង​នឹង​ព្យា​យាម​ប្រជែង​ដើម្បី​ឈ្នះ​ពាន​នេះ​។ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ​មួយក្នុង​ការ​បញ្ចប់​រដូវ​កាល​នេះ​ជាមួយ​នឹង​ការ​ឈ្នះ​ពាន​មួយ​។ ខ្ញុំ​​គិត​ថា វា​​​មិនមែន​សំដៅ​ទៅលើ​ការត្រូវការ ឬ​មិន​ត្រូវ​ការនោះ​ឡើយ​»​៕

    ប្រភព​ពី៖ The Daily Star

  • Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 លើកដំបូង​នៅ​ចុងឆ្នាំ​នេះ

    Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 លើកដំបូង​នៅ​ចុងឆ្នាំ​នេះ

    អាមេរិក៖ ថ្មីៗនេះ មាន​លេចឮ​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​មួយ​ទាក់ទង​នឹង​ទូរស័ព្ទដៃ iPhone របស់​ក្រុមហ៊ុន Apple ដែល​វា​ជា​ព័ត៌មាន​ថ្មី និង​រសើប​បំផុត​នៅក្នុង​ពិភព​ស្មា​ត​ហ្វូ​ន។ យោងតាម​អ្នកវិភាគ​ដ៏​ល្បី និង​ជំនាញ​ទាក់ទង​នឹង Apple លោក Ming-Chi Kuo បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Apple នឹង​ប្រកាស​បង្ហាញ iPhone ដែល​អាច​ប្រើ​ស៊ីម​កាត 2 នៅក្នុងពេលឆាប់ៗខាងមុខនេះ។

    គេហទំព័រ GSM Arena បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​លោក Ming-Chi Kuo ថា «យ៉ាងយូរបំផុត​នៅ​ចុងឆ្នាំ 2018 នេះ iPhone ប្រើ​ស៊ីម​កាត 2 នឹង​បង្ហាញខ្លួន»។ ប្រភព​ដដែល​បានបញ្ជាក់​បន្តទៀតថា ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​បង្កើត iPhone ប្រើ​ស៊ីម​កាត2 នេះ ដោយសារតែ​មានការ​ជំរុញ​ពី​ក្រុម​អ្នកវិនិយោគ។

    បើទោះបីជា​គេ​មិនទាន់​ដឹង​ច្បាស់​ថា iPhone ប្រើ​ស៊ីម​កាត 2 នោះ​មានឈ្មោះ​អ្វី​ក៏ដោយ ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​ខាងលើ បានឱ្យដឹងថា វា​មាន​អេក្រង់​ទំហំ 6.1អ៊ីង និង​មានតម្លៃ​ចន្លោះ​ពី 650 ទៅ 750ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​មាន​ពីរ​ជម្រើស​សម្រាប់​អតិថិជន គឺអាច​ជ្រើស​រើសយក​ស៊ីម​កាត 1 ក៏បាន និង​ស៊ីម​កាត 2 ក៏បាន តែ​តម្លៃ​ខុសគ្នា។

    ក្រុមអ្នកវិភាគ​ជាច្រើន​បាន​លើកឡើងថា iPhone ប្រើ​ស៊ីម​កាត 2 នេះ នឹង​ជួយ​ជំរុញ​ទីផ្សារ iPhone ឱ្យ​កាន់តែខ្លាំង​ថែមទៀត បើទោះបីជា​ទូរស័ព្ទ​ស៊ីម​កាត 2 មិន​ពេញនិយម​នៅ​សហរដ្ឋអាមេរិក​ក្ដី ប៉ុន្តែ​សម្រាប់​នៅ​តំបន់​អាមេរិក​ឡា​ទិន អឺរ៉ុប និង​អាស៊ី​គឺ​ពេញនិយម​ខ្លាំង​បំផុត ហើយ​បើតាម​ការវិភាគ Apple អាច​នឹង​ចេញលក់ iPhone ប្រើ​ស៊ីម​កាត 2 នៅ​តំបន់​ដែលមាន​ការពេញនិយម​ប៉ុណ្ណោះ៕

  • សុគន្ធ នីសា ចេញមុខអំពាវនាវរកជំនួយជួយសង្គ្រោះប្អូនប្រុស រក្សា

    សុគន្ធ នីសា ចេញមុខអំពាវនាវរកជំនួយជួយសង្គ្រោះប្អូនប្រុស រក្សា

    នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកបានធ្វើឱ្យមហាជនទូទៅដឹងថា ពិតជាគួរឱ្យអាណិតអាសូរណាស់ដែលបុគ្គលិកក្នុងក្រុមហ៊ុនរស្មីហង្សមាសម្នាក់ដែលមានឈ្មោះ រក្សា សុខៗស្រាប់តែធ្លាក់ខ្លួនឈឺដោយជំងឺដាច់សរសៃឈាមខួរក្បាល និងបច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះព្យាបាលនៅក្នុងបន្ទប់វះកាត់ខួរក្បាលនៅមន្ទីរពេទ្យរុស្ស៊ី។ អ្វីដែលគួរឱ្យអកុសលនោះគឺបុរសម្នាក់នេះមានតែ2នាក់ម្តាយ និងកូន ហើយម្តាយក៏ចាស់ជរាទៀត និងពេលនេះកំពុងខ្វះខាតលទ្ធភាពក្នុងការវះកាត់ព្យាបាល។

    ភ្លាមៗនេះ នៅថ្ងៃម្សិលមិញតារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា បានចេញមុខដោយផ្ទាល់ក្នុងការអំពាវនាវរកជំនួយសប្បុរសធម៌ពីសំណាក់មហាជនទាំងឡាយ ដោយអ្នកនាងបានរៀបរាប់ថា  «ប្អូនប្រុស​ រក្សា​ ហេតុអីបានជាភ្លាមៗបែបនេះ​ ទើបតែឃើញប្អូនថ្ងៃមុនសោះ​ ពិតជាអាណិតប្អូនខ្លោចចិត្ត​ មិនដឹងថាប្អូនមានជំងឺបែបនេះ​ នៅពេលធ្វើការប្អូនមិនចេះមាត់​ក​ ស្លូតបូត​ តែងតែញញឹម​ និងតែងតែជួយថតរូបឱ្យបង​ ពេលនេះប្អូនធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗបែបនេះ​ បង និងក្រុមការងារគ្មានអ្វីធ្វើបានក្រៅពីធ្វើការរៃអង្គាសថវិកាខ្លះដើម្បីជួយប្អូនបណ្តោះអាសន្ន​ ព្រោះជំងឺប្អូនត្រូវការរយ:ពេលព្យាបាល​ 6ខែទៀត​»។

    តារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានបន្ដទៀតថា «ប្អូនមានតែពីរនាក់​ម្តាយ និងកូន​ ដែលកន្លងមកបងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ​ ហើយនៅពេលនេះប្អូនធ្លាក់ខ្លួនឈឺ​ ហើយត្រូវការចំណាយថវិកាច្រើន​ ដូច្នេះហើយបងគ្មានអ្វីជួយក្រៅពី​សុំជំនួយពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសទ្ធា​ ក្រែងលោ​​បានជួយសម្រាលប្អូនបានខ្លះ​ ហើយសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់នឹងជួយប្អូនតាមសទ្ធា​ ទោះតិចក្តី​ ច្រើនក្តី​ ស្ថានភាពប្អូនពេលនេះទោះជា​ 100 ​៛​ ក៏មានតម្លៃសម្រាប់ប្អូនដែរ​ បងសូមជូនពរ​ឱ្យប្អូនបានសុខសប្បាយ​ ហើយសូមអភ័យទោស​ដល់បងប្អូនទាំងអស់គ្នា​ដែលនាងខ្ញុំរំខាន​»។

    គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនប្រិយមិត្តអ្នកគាំទ្រទាំងអស់មានបំណង និងមានសទ្ធាទានឧបត្ថម្ភដល់ប្អូនប្រុស រក្សា សូមទាក់ទងលេខក្រុមគ្រួសារគាត់ផ្ទាល់ 092 368 123. 092 479 779 ។ សូមអរគុណ!៕