Category: សង្គម និងសេដ្ឋកិច្ច

  • ដើរ​ស្រុក​គេ​ច្រើន បង្កើន​គំនិត​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម

    ដើរ​ស្រុក​គេ​ច្រើន បង្កើន​គំនិត​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម

    គំនិត​ក្នុង​ការធ្វើ​អាជីវកម្ម​ជា​រឿង​សំខាន់បំផុត​សម្រាប់​ពាណិជ្ជករ ព្រោះថា គំនិតថ្មីៗអាចជា​គន្លឹះ​ដែលនាំឱ្យ​អាជីវកម្ម​របស់គេ​រីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស។ ហេតុនេះហើយ​ទើប​អ្នករកស៊ីជាច្រើន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​គំនិត​អាជីវកម្ម​ឆ្លាត​វៃ​នានា តាម​វិធី​ជាច្រើន​ដែល​ក្នុងនោះ ការដើរ​សង្កេតមើល​ពី​គំនិត​អាជីវកម្ម​នៅ​បរទេស​ក៏​ជា​ផ្នែក​មួយ​ដែល​សហគ្រិន​អាច​ដកយក​នូវ​បទពិសោធ និង​គន្លឹះល្អៗជាច្រើន​មក​ប្រើ​បានដែរ។

    នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate លោក សុខ សុភមង្គល បាន​លើកឡើងថា ការចេញ​ទៅ​មើ​លពី​អាជីវកម្ម​នៅ​បរទេស គឺជា​វិធី​ល្អ​មួយ​ដើម្បី​ចេញផុត​ពី​បរិយាកាស​នៃ​សកម្មភាពដដែលៗក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​ឆ្ពោះទៅកាន់​បរិស្ថាន​ដោយឡែក​មួយ​ដែល​ពោរពេញ​ដោយ​គំនិត​ថ្មី។ ការ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ស្វែងយល់​ពី​អាជីវកម្ម​នានា​ដែលមាន​ភាពរឹងមាំ និង​មានគំនិតប្លែកៗដែល​គេ​ទទួលស្គាល់​លើ​ពិភពលោក​អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​នោះ​ទទួលបាន​លទ្ធផល​ល្អ​យ៉ាង​នឹកស្មាន​មិន​ដល់ ក្រោយ​ពេលដែល​គាត់​យកគំនិត​ទាំងអស់នោះមក​ប្រើ​ឱ្យ​ត្រូវ​នឹង​កាលៈទេសៈ​ជាក់ស្តែង។

    លោក សុខ សុភមង្គល បាន​និយាយថា៖ “មាន​វិធី​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម ឬ​អាជីវក​ម្មយ៉ាង​សាមញ្ញ​ជាច្រើន​ត្រូវបាន​គេ​អនុវត្ត​នៅ​បរទេស​ដែល​អ្នកគ្រប់គ្រង​នៅ​កម្ពុជា​អាច​ដកស្រង់​យកមកអនុវត្ត​បាន​យ៉ាង​ងាយ តែ​វិធីងាយៗទាំងអស់នោះ​ពេលខ្លះ​មិន​ត្រូវបាន​អ្នកគ្រប់គ្រង​នៅ​កម្ពុជា​គិត​ឃើញ​នោះទេ ព្រោះ​គាត់​មាន​ភាព​មមាញឹក​ខ្លាំង​ជាមួយ​ការដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ក្នុង​អាជីវកម្ម។

    សហគ្រិន​ដែល​តែងតែ​ចេញទៅ​ក្រៅប្រទេស​ជា​រៀងរាល់ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា មាន​អ្នកជំនួញ​មួយចំនួន​មិន​ចូលចិត្ត​ការធ្វើដំណើរ​ទ​ស្សន​កិច្ច​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​នោះទេ ព្រោះ​ពួកគេគិតថា​ជាប់រវល់​មិនអាច​ដកឃ្លា​បាន ត្រូវ​ចំណាយលុយ​ច្រើន ហើយ​ខាត​ពេល​ទៀតផង តែ​តាមពិតទៅ ការគិត​បែបនេះ​ធ្វើឱ្យ​ពួកគាត់​ខាត​ច្រើន​ទៅវិញ​ទេ ព្រោះ​បើ​គាត់​អាច​ដកឃ្លា​ទៅ​មើល​បរិស្ថានអាជីវកម្មថ្មីៗនៅ​ខាងក្រៅ គាត់​នឹង​ទទួលបាន​គំនិត​ឆ្លាត​វៃ​ច្រើន​ដែល​ធ្វើឱ្យ​គាត់​ដោះស្រាយ​បញ្ហា​បាន​លឿន​ជាង​មុន។ គាត់​ចំណាយពេល​តែមួយ​សប្តាហ៍ គាត់​នឹង​ចំណេញ​ពេល​ច្រើន​ពេល​គាត់​ត្រឡប់មកវិញ។

    លោក សុភមង្គល បាន​បន្ថែមទៀតថា គ្មាន​ការអភិវឌ្ឍ​ណា​ដែល​មិន​ចំណាយធនធាន​ខ្លះ​នោះទេ។ ការធ្វើដំណើរ​ទៅ​សិក្សា​ពីបទ​ពិសោធ​ជាក់ស្តែង​នៅក្រៅប្រទេស​ប្រាកដជា​ចំណាយ​ថវិកា​ខ្លះ​ហើយ តែ​លទ្ធផល​ដែល​គាត់​បានមក​វិញ គឺ​គំនិតសំខាន់ៗជាច្រើន​ដែល​ជួយ​គាត់​បាន​ពេញ​មួយជីវិត។ បើ​ប្រៀបធៀប​គ្នា​ទៅ បទពិសោធល្អៗដែល​ពួកគាត់​បានសិក្សា​ពី​ក្រុមហ៊ុនធំៗនៅ​បរទេស​មិនអាច​យកប្រាក់​ដែល​គាត់​ចំណាយ​នោះ​ទៅ​ទិញ​បាន​នោះទេ  ហេតុនេះ​ការវិនិយោគ​ថវិកា​មួយចំនួន​ដើម្បី​ពង្រឹងសមត្ថភាព​ជាការ​ចំណាយ​យ៉ាង​ត្រឹមត្រូវ​បំផុត។

    បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុងការ​ធ្វើដំណើរ​ទៅ​សិក្សា​ពីមុខ​ជំនួញ​នៅ​បរទេស​លោក ហាវ គង់​ងី ស្ថាបនិក​អាជីវកម្ម​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា បាន​លើកឡើងថា ការធ្វើដំណើរ​ទៅ​មើល​អាជីវកម្ម​នៅបរទេស​អាចជា​វិធីសាស្ត្រ​ល្អ​មួយ​ដើម្បី​រកឃើញ​ពី​ដំណោះស្រាយល្អៗពាក់ព័ន្ធ​នឹង​គំនិត​អាជីវកម្ម។ នៅ​ប្រទេស​ខ្លះ គេ​មាន​ប្រជាជន​ច្រើន មាន​ភាពសាំញ៉ាំ និង​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយហេតុនេះ​មនុស្ស​នៅក្នុង​សង្គម​នោះ រាប់ទាំង​អ្នកជំនួញ​នៅ​ប្រទេស​នោះ​ផង​បាន​ស្វែងរក​គំនិត​សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​តាមរយៈ​សក​ម្ម​ភាព​នានា​ឬ​គំនិត​អាជីវកម្ម​របស់គេ​ផ្ទាល់ ហេតុនេះ​យើង​អាច​នឹង​មើលឃើញ​ដំណោះស្រាយល្អៗសម្រាប់​អនុវត្ត​ក្នុងសង្គម​របស់​យើង។

    លោក ហាវ គង់​ងី បាន​និយាយថា៖ “មុន​បង្កើត​អាជីវកម្ម​សង្គម ផ្ទះ​តាម​ក្តី​ប្រាថ្នា  និង​ឥដ្ឋ​បរិស្ថាន​នេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​សិក្សា​វគ្គ​ខ្លី​ស្តីពី​សហគ្រិន​នៅ​បរទេស​និង​មើល​ពី​ចង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុនធំៗដូចជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​យន្តហោះ​បូ​អ៊ី​ញ​ជាដើម។ អ្វីដែល​ជាការ​សង្កេតរ​បស់​ខ្ញុំ គឺ​យើង​បានឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិទ្យាសាស្ត្រ​ជាច្រើន​ដែល​ប្រទេស​យើង​អាច​នឹងត្រូវ​មាននៅ​ថ្ងៃ​ខាងមុខ។

    លោក គង់​ងី បានបញ្ជាក់​ផងដែរ​ថា​នៅពេលដែល​យើង​បានឃើញ​ពី​សក្តានុពល​នៃ​គំនិតសំខាន់ៗមួយចំនួន​នៅ​ប្រទេស​អភិវឌ្ឍន៍​ហើយ វា​អាចធ្វើឱ្យ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ការគិត និង​ពិចារណា​បង្កើតជា​ផលិតផល ឬ​សេវាកម្ម​សម្រាប់​អនុវត្ត​នៅ​កម្ពុជា។ ជាការ​ពិតណាស់ ពេលខ្លះ​យើង​គ្រប់គ្នា​រស់នៅក្នុង​សង្គម​មួយ​យើង​តែងតែ​ឃើញ​ពី​បញ្ហា និង​តម្រូវការ​របស់​ប្រជាជន​នៅក្នុង​សង្គម​នោះ តែ​ប្រសិនបើ​យើង​មិន​បានដឹង​ពី​គន្លឹះ​ឆ្លាត​វៃ​មួយចំនួន​ដែល​កើតចេញពី​ការសិក្សា​ស្វែងយល់​នៅ​ពិភព​ខាងក្រៅ​ទេ យើង​ក៏​លំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះដែរ។

    យុវជន​មួយរូប​ដែល​ត្រៀម​បើក​អាជីវកម្ម​ខ្លួនឯង និង​ជា​អ្នកបង្កើត​សិក្ខាសាលា​មួយចំនួន​ស្តីពី​អាជីវកម្ម យុវជន ហម សុខ​នី យល់ឃើញថា ការធ្វើដំណើរ​ទៅ​ស្វែងយល់​ពី​គំនិត​អាជីវកម្ម​នៅ​បរទេស ពិតជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​អាចធ្វើឱ្យ​យើង​ភ្ជា​ក់​ផ្អើល។ យុវជន​ខាងលើ​បានបង្ហាញ​ផងដែរ​ថា គាត់​ចំណាយ​ពេលវេលា​ជាច្រើន​ទាំង​ការអាន​សៀវភៅ​ផង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ផង និង​ចូលរួម​សិក្ខាសាលា​ជាច្រើន ដើម្បី​ទទួលបាន​គំនិត​សម្រាប់​អាជីវកម្ម តែ​គំនិត​ទាំងអស់នោះ​ពេលខ្លះ​មិន​ដូច​ជាការ​ឃើញ​ផ្ទាល់​ភ្នែក​នោះទេ។

    យុវជន ហម សុខ​នី បាន​និយាយ​បន្ថែមទៀតថា៖ “ការ​ឮ​ច្រើនដង​មិន​ដូច​ការ​ទៅ​ឃើញ​ផ្ទាល់​តែម្ដង​នោះទេ នៅពេលដែល​យើង​ទៅដល់​បរទេស យើង​នឹង​ឃើញថា សេវាកម្ម និង​ផលិតផលជាច្រើន​ដែល​ពេលខ្លះ​ជា​រឿងងាយៗសោះ តែ​យើង​មើលមិនឃើញ ហើយ​គំនិត​ទាំងអស់នេះ សុទ្ធតែជា​ចំណុច​ដែល​គួរ​ពិចារណា​សម្រាប់​បង្កើត​អាជីវកម្មប្លែកៗ ដែល​អាច​ទទួលបាន​កា​រ​គាំទ្រច្រើន​ពី​យុវវ័យ និង​មនុស្ស​រាល់គ្នា”៕

  • លោក Klopp ថា Liverpool ធ្វើបាន​ហួស​ពី​ការរំពឹងទុក ក្រោយ​លត់ Roma យ៉ាងដំណំ  

    លោក Klopp ថា Liverpool ធ្វើបាន​ហួស​ពី​ការរំពឹងទុក ក្រោយ​លត់ Roma យ៉ាងដំណំ  

    លោក Jurgen Klopp បាន​កោតសរសើរ​ពី​ភាព​អស្ចារ្យ​របស់​ក្រុម Liverpool ក្នុងការ​លត់​ក្រុម Roma យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-2កាលពី​ថ្ងៃ​អង្គារ ខណៈដែល​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ហង្ស​ក្រហម​មួយ​នេះ បាន​បញ្ជាក់ថា ក្រុម​របស់លោក​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 ដែល​ហួស​ពី​ការរំពឹងទុក​របស់លោក។

    ក្រុម​របស់លោក Klopp កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​បាន​លត់​ក្រុម Roma យ៉ាង​ចាស់ដៃ​នា​កីឡដ្ឋាន Anfield។ ការ​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់​របស់​តារា​ឆ្នើម Mohamed Salah បានកើត​ឡើង នៅមុន​ពេល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Sadio Mane និង Roberto Firmino ដែល​ក៏​រកបាន 2គ្រាប់​ផងដែរ ដើម្បី​ជួយ​ឱ្យ Liverpool នាំមុខ​ដល់​ទៅ 5គ្រាប់ នៅត្រឹម​នាទី​ទី68។

    Liverpool បាន​ភ្លាត់ស្នៀត​នៅ​ជិត​បញ្ចប់​ការប្រកួត ហើយ​ក្រុម Roma បាន​វាយបក 2គ្រាប់​វិញ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​មានឱកាស​ដ៏​ស្តួចស្តើង​ក្នុងការ​ប្រកួត​ជើង​ទី2 ក្នុងប្រទេស​អ៊ីតាលី នា​ថ្ងៃទី2 ខែឧសភា។ ប៉ុន្តែ លោក Klopp បាន​ទទួលស្គាល់ថា លោក​មិនបាន​សង្ឃឹមថា នឹងមាន​ទម្រង់​លេង​ដ៏​ល្អ​ជាង​នេះ​ពី​ក្រុម​របស់លោក​ឡើយ។ គ្រូបង្វឹក​រូបនេះ​បានឱ្យដឹងថា៖ «វា​ជាការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​នៅ​រយៈពេល 40នាទី​ដំបូង។ យើង​បានធ្វើ​ឱ្យមាន​កំហុស​នៅ​តំបន់​ការពារ បន្ទាប់មក គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​ពួកគេ​មិនមែនជា​បាល់​ប៉េ​ណា​ល់​ទី​ឡើយ ហើយ​បច្ចុប្បន្ន​យើង​ឈ្នះ 5-2»៕

    ប្រភពពី៖ Channel News Asia

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អ្នកម្តាយដែលកំពុងមានគភ៌តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះ ឡា រ៉ែន មានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថាខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិ ដែលមានចំពោះបរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលអ្នកម្តាយត្រូវទទួលបន្ទុកទៅគ្រប់ទីកន្លែង។ អ្នកម្តាយភាគច្រើននឹងមានអារម្មណ៍ថាហើមនៅម្តុំកជើង និងប្រអប់ជើង បើសិនជាត្រូវឈរក្នុងរយៈពេលយូរ អ្នកម្តាយខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ច្រើនតែកើតចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុងមួយថ្ងៃៗរបស់អ្នកម្តាយ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាងកាយនេះ អាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនអ្នកម្តាយ និងកូនក្នុងគភ៌ឡើយតែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការនិងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាអ្នកម្តាយមានអារម្មណ៍បារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌
    – ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះបាន គេជឿថា មើមខ្ទឹម-ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោម មានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើឱ្យអ្នកម្តាយខ្វះជាតិទឹកបាន។
    – ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    – ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើអ្នកម្តាយញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយរបស់អ្នកម្តាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យអ្នកម្តាយកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    – រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ដាក់ជើងឱ្យខ្ពស់ជាងចង្កេះ
    – ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    – ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    – គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា (Venacava)៕

  • អ៊ឺហ៊ឺ… សេង សូណា ហ៊ានបង្ហាញភាពសិចស៊ីដល់ថ្នាក់ហ្នឹងហ្ន៎?!

    អ៊ឺហ៊ឺ… សេង សូណា ហ៊ានបង្ហាញភាពសិចស៊ីដល់ថ្នាក់ហ្នឹងហ្ន៎?!

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ គេបានមើលឃើញថា តារាសម្ដែងស្រីសិចស៊ី សេង សូណា បានបង្ហោះរូបភាពសិចស៊ីរបស់ខ្លួនជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រៅឆាកនៃការសម្ដែង តែយ៉ាងណាក្ដី នាងហាក់បីដូចជាមិនខ្លាចរងនូវការរិះគន់ចំពោះការបង្ហាញភាពសិចស៊ីរបស់នាងឡើយ។ ដោយឡែក រូបភាពទាំងអស់នោះ គេមើលឃើញថា តារាស្រីសិចស៊ីរូបនេះបានបញ្ចេញដើមទ្រូង និងសាច់ភ្លៅដ៏សទ្រលុកទ្រលន់ ខណ:ដែលមហាជន(ពិសេសប្រុសៗ)បានឃើញហើយសុទ្ធតែលាន់មាត់ថា តារាស្រីរូបនេះ ពេលកាន់តែមើលកៀកៗទៅ គឺហាក់ដូចជាមនុស្សម្នាក់ផ្សេងទៅវិញ។

    មិនភ័យខ្លាចពីចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកាន់តែមិនខ្លាចពីសម្ដីមហាជនទៅទៀត នាង សេង សូណា បានបញ្ជាក់​ប្រាប់ពីភាពសិចស៊ីរបស់នាងថា «សិចស៊ីប៉ុណ្ណឹងដូចជាមិនស្អាតទេមើលទៅ ចង់សិចស៊ីជាងហ្នឹងបានស្អាតមើលទៅ មែនទេបងៗ?​»។ អូហូ! ទាំងកាយវិការ និងឈុតប៊ីគីនីខើចលើខើចក្រោម មើលទៅក្ដៅខ្លួនប៉ុនហ្នឹងហើយ នាងនៅតែប្រាប់ថា សិចស៊ីមិនទាន់ស្អាតទៀត តើចង់សិចស៊ីដល់កម្រិតណាទៅហ្ន៎?(បេលចង់ដឹងណាស់!)។

    ដូច្នេះ ដើម្បីកុំឱ្យប្រិយមិត្តទន្ទឹង និងសង្ស័យច្រើន សូមទស្សនារូបភាព និងកាយវិការសិចស៊ីរបស់ សេង សូណា ទាំងអស់នេះតែម្ដង៖

  • សួស វីសា ក្ដៅស្លឹកត្រចៀករឿងល្បីថាដណ្ដើមតំណែងតារាស្រីពី ឱក សុគន្ធកញ្ញា នៅហង្សមាស

    សួស វីសា ក្ដៅស្លឹកត្រចៀករឿងល្បីថាដណ្ដើមតំណែងតារាស្រីពី ឱក សុគន្ធកញ្ញា នៅហង្សមាស

    បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយពីរឿងដែលតារាស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា សួស វីសា បានប្រជែងយកតំណែងចម្រៀងស្រីលេខ 2 ពីតារាស្រីជើងខ្លាំងរួមទ្រនំដូចជា ឱក សុគន្ធកញ្ញា ពេជ្រ សោភា ជាដើមរួចមកនោះ ដំណឹងនេះបានធ្វើឱ្យតារាចម្រៀងស្រីរូបនេះប្រញាប់បញ្ចេញវីដេអូបកស្រាយ និងនិយាយរៀបរាប់រឿងពិតប្រាប់ទៅកាន់តារារៀមច្បង និងបណ្ដាអ្នកគាំទ្ររបស់នាង រួមទាំងតារាស្រីទាំងពីរដួងនោះផងដែរ។

    សួស វីសា បានលើកឡើងថា នាងស្រឡាញ់គោរពតារាស្រី ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដូចជាតារារៀមច្បង និងជាអាយដលម្នាក់នៅក្នុងដួងចិត្តដែរ ព្រោះថា តាំងពីនាងនៅជាកុមារីមា្នក់ ដែលមិនទាន់បានចូលប្រឡូកនៅក្នុងពិភពសិល្បៈ នាងបានស្រឡាញ់រៀមច្បងទាំងពីររួចទៅហើយ និងព្រមទាំងរៀនសូត្រតាមទៀតផង។ បើទោះបីជានាងមានប្រភពចេញមកពីសាលារចនា ដូចជាតារាស្រី ឱក សុគន្ធកញ្ញា ក៏ពិតមែន តែនាងបានបញ្ចាក់ប្រាប់ថា នាងគ្មានបំណងប្រជែង ឬដណ្ដើមការងារ ឬតំណែងល្បីអីពីបងស្រី កញ្ញា នោះទេ។

    នាងបានប្រាប់បន្ថែមថា នាងអាចមានជីវភាពដូចសព្វថ្ងៃនេះ ក៏ព្រោះតែហង្សមាស ដែលជាអ្នកជួយជ្រោមជ្រែង និងលើកស្ទួយនាង ដូច្នោះហើយតារាជើងចាស់នៅហង្សមាសទាំងអស់ នាងស្រឡាញ់គោរពដូចជាចាស់ទុំរៀមច្បង ហើយតារាក្រោយៗ គឺស្រឡាញ់ដូចមិត្តរួមការងារ នាងគ្មានពេលវេលាឯណាមកគិតរឿងប្រជែងគ្នានោះទេ ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ឡើងនោះ សូមមិត្តអ្នកនាំគ្នាទស្សនាវីដេអូដែលតារាស្រីរូបនេះធ្វើការបកស្រាយដូចខាងក្រោមនេះ ៖

  • រោងចក្រ​ផលិត​ម្សៅដំឡូង​មី​ចំនួន20 នឹងត្រូវ​ដំឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន

    រោងចក្រ​ផលិត​ម្សៅដំឡូង​មី​ចំនួន20 នឹងត្រូវ​ដំឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន

    ទីផ្សារ​ដំឡូង​មី​ក្នុង​តំបន់ និង​ពិភពលោក​បានបង្ហាញ​ពី​តម្រូវការ​ខ្ពស់​តាម​ប្រភេទ​មុខទំនិញ ដែលជា​ឱកាស និង​ជា​ច្រក​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ចាប់ផ្ដើម​ពង្រឹង​ផលិតកម្ម​ពង្រីក​ការកែច្នៃ​ផលិតផល​នេះ និង​ពង្រឹងសមត្ថភាព​នាំចេញ​ឆ្ពោះទៅរក​ទីផ្សារ​ដែលមាន​តម្លៃ​ខ្ពស់ ដូចជា​ផលិតផល​ម្សៅ​មី​ជាដើម។

    ហេតុដូច្នេះ​ហើយ​ទើប​រោងចក្រ​ផលិត​ម្សៅដំឡូង​មី​ចំនួន20 នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ពី​ឆ្នាំ2018នេះ​ទៅ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

    ឯកឧត្តម វេ​ង សាខុន​បាន​បន្ត​ឱ្យដឹងថា៖“កម្ពុជា​អាចឈាន​ទៅដល់​ការផលិត​ម្សៅដំឡូង​មី​តាមរយៈ​រោងចក្រ​ទាំង20 នេះ ដែល​យ៉ាងហោចណាស់​ក៏​យើង​ត្រូវ​ការផលិត​ដំឡូង​មី​ប្រមាណ​ជា 10លាន​តោន​ដែរ​ក្នុង 1ឆ្នាំ។

    កាលពី​ឆ្នាំ2016 និង​ឆ្នាំ2017 កន្លងទៅនេះ កម្ពុជា​អាចឈាន​ទៅដល់​ការផលិត​ដំឡូង​មី​បាន​ដល់​ទៅ 14លាន​តោន​ក្នុង1ឆ្នាំ។ ដូច្នេះ​ក្នុង 20រោងចក្រ​នេះ​ក្រុមហ៊ុន​អាច​ស្រូបយក​ដំឡូង​មី​ដល់​ទៅ 10លាន​តោន​ពី​ការផលិត​របស់​កសិក​រ​យើង​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ទាំង​អស់ហើយ​ការផលិត​នេះ​យើង​សង្ឃឹមថា ក្នុង​រោងចក្រនីមួយៗអាច​កែច្នៃ​ជា​ម្សៅដំឡូង​មី​បាន​ដោយ​ប្រើ​ដំឡូង​មី​ចំនួន 10ម៉ឺន​តោន។

    រោងចក្រ​ទាំងនោះ​នឹង​បោះ​ទីតាំងនៅ​តំបន់​ណា​ដែលមាន​ដំណាំ​ដំឡូង​មី​ច្រើន ហើយ​តំណាង​រោងចក្រ​បាន​មើលឃើញ​ពី​សក្តានុពល​នេះ​នៅក្នុង​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ និង​យ៉ាងហោចណាស់​ក្នុង 1ខេត្ត​ក៏មាន1 ទៅ2រោងចក្រដែរ  និង​ក្នុងការ​សាងសង់​រោងចក្រនីមួយៗត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជា 2លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បានបញ្ជាក់​ទៀតថា៖ ក្រោយពី​កិន​ជា​ម្សៅ​ហើយ​កាកសំណល់​របស់​វា​អាច​កែច្នៃ​ធ្វើជា​ចំណី​សត្វ និង​កាកសំណល់​ចុងក្រោយ​បំផុត​អាច​ច្នៃ​ធ្វើជា​ដុំ​ធ្យូង និងកែច្នៃ​ធ្វើជា​ឆ្នួន​ចំហេះ​ក្នុង​ការដុត​បញ្ឆេះ​ធ្វើជា​កម្លាំង​ថាមពល​សម្រាប់​បម្រើ​ដល់​ដំណើរការ​រោងចក្រ​ផលិត​ចរន្តអគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅតាម​ផ្ទះសំបែង​បាន​ទៀតផង។ ឯកឧត្តម វេ​ង សាខុន​បានឱ្យដឹង​បន្ថែមថា រោងចក្រ​ទាំង 20នេះ​នឹងមាន 5រោងចក្រ​ត្រូវ​សាងសង់​នៅ​ឆ្នាំ2018 នេះ។ 7រោងចក្រ​សាងសង់​នៅ​ឆ្នាំ2019 និង8រោងចក្រ​ចុងក្រោយ​នឹង​សាងសង់​នៅ​ឆ្នាំ2020។

    សូមបញ្ជាក់ថា រោងចក្រ​កែច្នៃ​ដំឡូង​មី​ដែលមាន​គម្រោង​បើក​ទាំង 20ទីតាំង​នេះ គឺជា​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន GreenLeader ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន GreenLeaderHoldingGroup ដែល​បាន​ចុះឈ្មោះ​ជា​សាធារណៈ​ក្នុង​ក្រុមប្រឹក្សា​ហ៊ុន​នៅ​ទីក្រុង​ហុងកុង។

    កំណត់សម្គាល់៖ ដំឡូង​មី​ត្រូវបានគេទទួលស្គាល់​ថា​ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី21 ដោយ​វា​ត្រូវបាន​ដាំ​ដុះ​យ៉ាងច្រើន រាប់​តាំងពី​ជា​លក្ខណៈ​គ្រួសារ រហូតដល់​ការនាំចេញ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើដល់​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការផលិត​ប្រេងឥន្ធនៈ​អេតាណុល។ សម្រាប់​ប្រទេស​កម្ពុជា ការដាំដុះ​ដំឡូង​មី​មានការ​រីកចម្រើន​យ៉ាងគំហុក​ចាប់ពី​នៅលើ​ផ្ទៃដី 16ពាន់​ហិកតា​នៅ​ឆ្នាំ2000 ដល់​ទៅ​ជាង 600ពាន់​ហិកតា នៅ​ឆ្នាំ2017 និង​បានផ្តល់​ទិន្នផល​សរុប 14លាន​តោន កាលពី​ឆ្នាំ2017 កន្លងទៅ៕

  • អីយ៉ូយ!!  ស្រីស្អាត ជា ម៉ារី បង្ហាញភាពសិចស៊ីឱ្យបុរសៗញាប់ញ័រទៀតហើយ

    អីយ៉ូយ!!  ស្រីស្អាត ជា ម៉ារី បង្ហាញភាពសិចស៊ីឱ្យបុរសៗញាប់ញ័រទៀតហើយ

    ​តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ជា ម៉ារី ជាច្រើនសន្លឹកនោះ គេកត់សម្គាល់ឃើញថា ឥឡូវនេះតារាស្រីរូបនេះហាក់បីដូចជាមានដើមទ្រូងធំទ្រលុកទ្រលន់ជាងមុន ហើយភាពសិចស៊ីរបស់នាងនៅតែលេចធ្លោជាងគេដូចមុនដដែល បើទោះបីជាការងារសិល្បៈមួយរយៈចុងក្រោយនេះ មិនសូវមានវត្តមានរបស់នាងក្ដី។

    កញ្ញា ជា ម៉ារី គឺជាតារាបង្ហាញម៉ូដស្រីមួយរូប ដែលចូលចិត្តបង្ហោះរូបភាព បង្អួតសាច់ និងរាងកាយដ៏ស្រឡូនសិចស៊ី នៅក្នុងបណ្តាញសង្គម ដែលតែងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាពិសេស គឺបុរសៗតែងសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់។ ជាក់ស្ដែង បើក្រឡេកមកមើលរូបថតទាំងប៉ុន្មានសន្លឹកនេះរបស់ កញ្ញា ជា ម៉ារី វិញ ឃើញថាការស្លៀកពាក់ដូចជាមិនសូវជាបិទបាំងសាច់ប៉ុន្មានឡើយ តាំងពីចុងជើង រហូតដល់សក់ក្បាល គឺបង្ហាញសម្រស់ស្ទើរតែគ្រប់កន្លែង និងកន្លុកកន្លៀត នាំឱ្យប្រិយមិត្ត ជាពិសេស កន្លង់ៗ និងព្រានៗជាច្រើនមានការជ្រួលជ្រើមក្នុងអារម្មណ៍ជាខ្លាំង។

    គួរបញ្ជាក់ផងដែរថា នេះប្រហែលជារឿងធម្មតា ឬជាទម្លាប់ទៅហើយ សម្រាប់តារាសម្ថែងរូបនេះ ព្រោះនេះគឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ឬក៏អាចនិយាយបានថា វាជាវិធីដើម្បីទាមទារចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់វ័យ ជាពិសេសគឺបុរសៗតែម្តង។

    ចង់ដឹងថា តារាស្រីខាងលើនេះ សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖

  • IMF បង្ហាញ​ពី 10ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ឆ្នាំ 2018

    IMF បង្ហាញ​ពី 10ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ឆ្នាំ 2018

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund=IMF) ថ្មីៗនេះ​បានបង្ហាញ​ទិន្នន័យ​របស់ខ្លួន​ស្តីពី​ទឹកប្រាក់ និង​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង10 លើ​ពិភពលោក​សម្រាប់​ឆ្នាំ 2018នេះ ដែល​វា​ជា​ទិន្នន័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ប្រជាជន និង​ស្ថាប័ន​ពាណិជ្ជកម្ម​នានា​លើ​ពិភពលោក។

    នៅក្នុង​របាយការណ៍​ដែល​ដកស្រង់​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1សម្រាប់​ឆ្នាំ2018 នេះ​គឺ សហរដ្ឋអាមេរិក ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 20.4ទ្រី​លាន​ដុល្លារ​ដែល​បាន​កើនឡើង​ពី​ចំនួន 19.4ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

    ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2 នោះ​គឺ​ប្រទេស​ចិន មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ14ទ្រី​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង​ចំនួន 2ទ្រី​លាន​ដុល្លារ បើ​គិត​ក្នុង​ឆ្នាំ 2017 គឺមាន​ចំនួន​ត្រឹម​រង្វង់ 12ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ។ ប្រទេស​ដែល​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3 គឺ​ប្រទេស​ជប៉ុន​ដែលមាន​ទឹកប្រាក់​ក្នុង​វិស័យសេដ្ឋកិច្ច​សរុប​ប្រមាណ 5.1ទ្រី​លាន​ដុល្លារ​អាមេរិក កើនឡើង 4.87ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ 2017។

    ងាក​មក​ទ្វីបអឺរ៉ុប​វិញ មាន​ប្រទេស​ចំនួន5 ដែល​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​អាល្លឺម៉ង់ បាន​នាំមុខគេ​ក្នុង​លេខ​រៀង​ទី4 ដោយមាន​ទឹកប្រាក់​សរុប​ប្រមាណ 4.2ទ្រី​លាន​ដុល្លារ​អាមេរិក និង​តាម​ពីក្រោយ​ដោយ​ចក្រភព​អង់គ្លេស​ក្នុង​លេខ​រៀង​ទី5 ដែលមាន​ទឹកប្រាក់​សរុប​ក្នុង​រង្វង់ 2.84ទ្រី​លាន​ដុល្លារ​អាមេរិក ហើយ​លេខ​រៀង​ទី6 គឺ​ប្រទេស​បារាំង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 2.93ទ្រី​លាន​ដុល្លារ​អាមេរិក។

    តាម​ពីក្រោយ​ចក្រភព​អង់គ្លេស និង​បារាំង គឺ​ប្រទេស​នៅ​ទ្វីបអាស៊ី​វិញ​ម្តង។ ឥណ្ឌា​នៅ​ឆ្នាំនេះ បាន​ឈរ​នៅ​លេខ​រៀង​ទី7 លើ​ពិភពលោក​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 2.85ទ្រី​លាន​ដុល្លារ។ អុ​ី​តា​លី បាន​ឈរ​ក្នុង​លំដាប់ថ្នាក់​សេដ្ឋកិច្ច​ធំ​ទី8 ដែលមាន​ទឹកប្រាក់​សរុប 2.18ទ្រី​លាន​ដុល្លារ​អាមេរិក តាម​ជាប់កិតៗដោយ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ទំហំ​ទឹកប្រាក់​ក្នុង​សេដ្ឋកិច្ច​សរុប​ប្រមាណ​ជាង 2.14ទ្រី​លាន​ដុល្លារ ខណៈដែល​កាណាដា​ឈរ​លំដាប់ថ្នាក់​លេខ 10 ជាមួយនឹង​ទឹកប្រាក់​សរុប 1.8ទ្រី​លាន​ដុល្លារ​អាមេរិក។

    យោងតាម​ទិន្នន័យ​ខាងលើ​មានន័យថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​ឈរ​នៅក្នុង​លំដាប់ថ្នាក់​ខ្ពស់​ជាងគេ ហើយ​បើ​បូកសរុប​ចំនួន​ទឹកប្រាក់​នៃ​ប្រទេស​ចាប់ពី​លេខ4 ដល់​លេខ10 យើង​ឃើញថា មាន​ចំនួន​ទឹកប្រាក់​សរុប​ប្រមាណ 19.4ទ្រី​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ដែល​ចំនួន​នេះ​នៅ​តិចជាង​សហរដ្ឋអាមេរិក​តែម្នាក់ឯង​ផង។

    ប្រសិនបើ​យើង​មើល​ទៅលើ​សេដ្ឋកិច្ចពិភពលោក​ជារួម​វិញ នៅ​ឆ្នាំ2018 នេះ​យើង​ឃើញថា​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 79.98ទ្រី​លាន​ដុល្លារ មានន័យថា ទំហំ​ទឹកប្រាក់​របស់​សហរដ្ឋអាមេរិក គឺ​ធំ​ជាង 1/4 នៃ​សេដ្ឋកិច្ចពិភពលោក។ តែ​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​ការបង្ហាញ​នេះ ធនាគារពិភពលោក​បាន​ព្យាករ​ទុក​ថា ចិន និង​ឥណ្ឌា អាច​នឹង​តាម​ទាន់​សហរដ្ឋអាមេរិក ឬ​អាចមាន​សេដ្ឋកិច្ច​ធំ​ជាង​ទៀត​ក៏​ថា​បានដែរ ព្រោះថា តាម​ការប៉ាន់ប្រមាណ​ថា GDP របស់​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រំពឹងទុក​ថា កើនឡើង​ប្រមាណ​ត្រឹម​ចន្លោះ 17.9% ប៉ុណ្ណោះ​ក្នុង​ចន្លោះ​ឆ្នាំ2017 ដល់​ឆ្នាំ2019 ប៉ុន្តែ​ចិន​គឺ​ត្រូវបាន​គេ​វាយតម្លៃ​ទុក​ថា អាច​នឹង​កើន​ឡើងដល់​ទៅ 35.2%។

    ចរន្ត​សេដ្ឋកិច្ច​បច្ចេកវិទ្យា​រប​ស់​ចិន​គឺ​កំពុងតែ​មានការ​កក្រើក​ជាមួយនឹង​កំណើន​ពី​ត្រឹមតែ​ជាង 1% នៃ​ទីផ្សារ​អាជីវកម្ម​អេឡិចត្រូនិក (e-commerce) របស់​ពិភពលោក​កាលពី 10ឆ្នាំមុន មកដល់ 42% នាពេល​បច្ចុប្បន្ននេះ។ បើសិនជា​ប្រៀបធៀប​ជាមួយនឹង​សហរដ្ឋអាមេរិក ចំណែក​ទីផ្សារ​គឺមាន​ត្រឹមតែ 24% ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន ព្រោះ​វា​បាន​ធ្លាក់ចុះ​ទៅវិញ ខណៈ​នៅ​ឆ្នាំ 2005 នៅ​សហរដ្ឋអាមេរិក​មាន​ទី​ផ្សារ​អាជីវកម្ម​អេឡិចត្រូនិក​ដល់​ទៅ 35%ឯណោះ។ យោងតាម​របាយការណ៍​ដែល​វិភាគ​ដោយ​ស្ថាប័ន​ជំនាញ PwC បាន​បង្ហាញថា សេដ្ឋកិច្ច​ចិន​អាច​នឹង​ឡើងទៅ​ស្មើ​អាមេរិក​នៅ​ឆ្នាំ2050៕

  • មជ្ឈមណ្ឌល​បុប្ផា​ណា បង្កើត​កម្មវិធី​ទូរស័ព្ទ​បង្ហាញ​ពី​ប្រវត្តិ​ខ្មែរក្រហម

    មជ្ឈមណ្ឌល​បុប្ផា​ណា បង្កើត​កម្មវិធី​ទូរស័ព្ទ​បង្ហាញ​ពី​ប្រវត្តិ​ខ្មែរក្រហម

    នៅ​កម្ពុជា ថ្មីៗនេះ​មជ្ឈមណ្ឌល បុប្ផា​ណា បាន​សហការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​បង្កើតឡើង​នូវ​កម្មវិធី​ទូរស័ព្ទ​ដោយ​បញ្ចូល​នូវ​សិល្បៈ និង​អត្ថបទ​ប្រវត្តិសាស្ត្រ​ជាច្រើន​ប្រកបដោយ​គុណប្រយោជន៍​សម្រាប់​សាធារណជន​ខ្មែរ។

    នៅថ្ងៃនេះ​អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាស​ជាមួយ​លោក ជា សុភាព នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​លោក​បានបង្ហាញ​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ដូចខាងក្រោម។

    1. ថ្មីៗនេះ​បុប្ផា​ណា​ទើបនឹង​បង្កើត​កម្មវិធី​ទូរស័ព្ទ (Mobile App) ដែល​កំពុង​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន។ តើ App នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​អ្វីខ្លះ?

    គោលបំណង​សំខាន់​នៃ​ការផលិត App ដែលមាន​ឈ្មោះថា ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ឬ Khmer Rouge History នេះ​គឺ​ចង់​អប់រំ​យុវជន​ជំនាន់​ក្រោយ​ឱ្យបាន​ស្វែងយល់​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិត​ដែល​កើតមានឡើង​ក្នុងសម័យ​ខ្មែរក្រហម និង​ដើម្បី​ជួយ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​កម្មវិធី​អប់រំ​ប្រវត្តិសាស្ត្រ​ផងដែរ។

    ក្រៅពីនេះ កម្មវិធី​នេះ​ក៏​ជាការ​ចែករំលែក​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​ទៅកាន់​មនុស្សជាតិ​ទាំងមូល ដើម្បី​ធ្វើឱ្យ​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​អាច​ទទួលបាន​ព័ត៌មាន​ពីរ​បប​ខ្មែរក្រហម។ ម្យ៉ាងវិញទៀត យើង​ឃើញ​ហើយ​ថា​មនុស្ស​ចាស់​សម័យមុន​នៅពេលដែល​គាត់​និយាយ​ពីរ​បប​ខ្មែរក្រហម​ប្រាប់ក្មេងៗ ពួកគេ​អាច​មិនសូវ​យកចិត្តទុកដាក់​ស្តាប់ ដែល​វា​ជា​បញ្ហា​មួយ​ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត ហេតុនេះ​នៅពេលដែល​យើង​បណ្តុះបណ្តាល​ឱ្យក្មេងៗជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ជាក់ស្តែង​នានា​នៅ​ក្នុងសម័យ​ខ្មែរក្រហម មនុស្ស​ចាស់​ដែលមាន​ការឈឺចាប់​នៅ​សម័យ​នោះ​អាច​នឹងមាន ការ​ស្ងប់​ចិត្តបាន​ខ្លះ ដែល​វា​ហាក់ដូចជា​ការផ្សះផ្សា​ផ្លូវចិត្ត​ដល់​ពួកគាត់​មួយកម្រិត​ផងដែរ។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការឧបត្ថម្ភ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​អង្គការ Rei Foundation Limited។

    1. តើ​ការបង្កើត App ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ ត្រូវ​ចំណាយ​ពេលវេលា និង​ធនធាន​ច្រើន​ប៉ុនណា?

    ការបង្កើត App នេះ​គឺ នៅ​ដំណាក់កាល​ទី1 យើង​បង្កើតឡើង​ក្នុង​រយៈពេល2ឆ្នាំ គឺ​ចាប់ផ្តើម​ពី​ឆ្នាំ2016 ដល់ ឆ្នាំ2018។ ដំណាក់កាល​នេះ ជា​ដំណាក់កាល​ក្នុងការ​បង្កើតឡើង​នូវ​អត្ថបទ (content) និង​វីដេអូសំខាន់ៗមួយចំនួន។ រយៈពេល​នេះ ជា​រយៈពេល​ខ្លី​តែ​យើង​បាន​បង្កើតឡើង​នូវ​សាច់រឿង​ជាច្រើន ព្រោះ​យើង​មាន​អ្នកសរសេរ ដល់​ទៅ 3រូប គឺ​លោក កែវ ឌួង ជា​ជនជាតិខ្មែរ​យើង ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ ហើយ​គាត់​បាន​បោះពុម្ពផ្សាយ​ឯកសារ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ និង​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការងារ​ប្រវត្តិសាស្ត្រ​នេះ ជា​អ្នកសរសេរ។

    ចំពោះ​អ្នក​ដែល​ចូលរួម​សំខាន់ 2រូប​ទៀត គឺ​លោក​បណ្ឌិត ឌី ខាំ​បូ​លី ដែល​គាត់​ជា​អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​មួយរូប​ទៀត​គឺ​អ្នកនិពន្ធ Anne Laure Porée ដែលគាត់​មាន​ស្នាដៃ​ពាក់ព័ន្ធ​នឹង​មន្ទីរ​ស.21 ហើយ​គាត់​បាន​សរសេរ​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់គាត់​អំពី​មន្ទីរ ស.21នេះ។

    ក្រៅពីនោះ​ទៀត យើង​មាន​គណៈកម្មការ​ពិនិត្យ​ចំនួន 8រូប គឺ​លោក មួង សុផាត ដែល​គាត់​ជា​អ្នកជំនាញ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត វង់ សុធា​រ៉ា ដែលជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ប៉ាន់ រិទ្ធី សមិទ្ធ​ករ និង​ជា​ផលិតករ​ភាពយន្ត រួម​ជាមួយនឹង​បណ្ឌិត Helen Jarvis ទីប្រឹក្សា​រាជរដ្ឋាភិបាល បណ្ឌិត អ៊ុក គ្រឹ​ស្នា​អតីត​ប្រធាន​មជ្ឈមណ្ឌល​ខេមរភាសា និង​លោក គន្ធ សុធីរ អតីតមន្ត្រី​ផ្នែក​ច្បាប់​នៃ​ការិយាល័យ​មេធាវី។ លើសពីនេះទៅទៀត គឺមាន​ការត្រួតពិនិត្យ​បន្ថែម​ពី​លោក David Chandler ដើម្បី​ធានាថា​អាចធ្វើឱ្យ​វា​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ទៅកាន់​សាធារណជន។

    1. រាល់ដង បើ​និយាយ​ពី​ខ្មែរក្រហម​យើង​ឃើញថា មនុស្ស​គ្រប់គ្នា​និយាយ​ច្រើន ហើយ​មាន​ឯកសារ​ច្រើន​ផងដែរ តើ​កម្មវិធី​ថ្មី​នេះ​មាន​អ្វី​ប្លែក​ដែល​អ្នកមើល​គួរតែ​ចូល​មើល​ដែរឬទេ?

    ជាទូទៅ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការស្ទង់មតិ​ជាមួយនឹងក្មេងៗមួយចំនួន គឺ​ពួកគាត់​ស្គាល់​តែ​ពី​ប៉ុល ពត ពី​នួន ជា ឬ អៀង សារី ជាដើម តែ​នៅពេលដែល​ខ្ញុំ​សួរ​គាត់​ឱ្យ​ស៊ីជម្រៅ គឺ​គាត់​មិនដឹង​ទេ។

    អ្វីដែល​យើង​ដាក់បញ្ចូល​ទៅក្នុង App នេះ​គឺ​យើង​និយាយ​ពី​របៀប​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច របៀប​នៃ​ការតស៊ូ វិធីសាស្ត្រ​ទំនាក់ទំនង​របស់​ប៉ុល ពត ទិន្នន័យសំខាន់ៗ រួមទាំង​វិធីសាស្ត្រ​ក្នុងការ​បញ្ជ្រាប​ពី​មនោគមន៍វិជ្ជា​របស់​ខ្មែរក្រហម​ដល់​ប្រជាជន រហូតដល់​មាន​ប្រជាជន​ជាច្រើន​នៅ​សម័យ​នោះ​ដើរ​តាម​ប៉ុល ពត។ យើង​ក៏​និយាយ​ពី​ទិដ្ឋភាព​ពេលដែល​ខ្មែរក្រហម​ចូល​ទីក្រុង​ភ្នំពេញ ការរស់នៅ​របស់​ប្រជាជន​ជា​លក្ខណៈ​ជីវិត​ឯកជន​ក្នុងសម័យ​ខ្មែរក្រហម និង​ពី​ប្រភពព័ត៌មាន​ដើម​ដែល​យើង​បានស្នើ​សុំ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​បង្ហាញជូន​សាធារណជន​ឱ្យ​កាន់តែច្បាស់។

    1. អ្វី​ជាការ​រំពឹងទុក​បន្ទាប់​ពី​ប្រជាជន​កម្ពុជា​ជាច្រើន​ចាប់ផ្តើម​ប្រើប្រាស់ App របស់​បុប្ផា​ណា​នេះ? លោក​មានមតិ​អ្វី​ដើម្បី​ផ្តាំផ្ញើ​ដល់​សាធារណជន​ដែរឬទេ?

    ជាការ​រំពឹងទុក គឺ​យើង​ចង់ឃើញ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​ចំពោះ​ក្រុមគ្រួសារ​ខ្មែរ ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម និង​ចង់ឱ្យ​យុវជន​យល់ដឹង​កាន់តែច្បាស់​ពី​សម័យ​ខ្មែរក្រហម ឬ​របប​ប្រល័យពូជសាសន៍​កុំឱ្យ​កើតមាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ព្រោះ​យើង​ធ្លាប់​បានឃើញ​ហើយ​ថា ប្រវត្តិសាស្ត្រ​នៃ​ការកាប់សម្លាប់​រង្គាល​ត្រូវបាន​កើតឡើង​ម្តង​រួចមកហើយ​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី2 ដោយ​មេដឹកនាំ​ល្មោភ​សង្គ្រាម អា​ដូ​ហ្វ ហ៊ី​ត្លែ តែ​ក្រោយមកទៀត​វា​បាន​កើតឡើង​បន្តបន្ទាប់​ស្រដៀង​គ្នា​នេះ​នៅលើ​ពិភពលោក គឺ​នៅក្នុង​ប្រទេស​កម្ពុជា

    ហេតុនេះ​សង្ឃឹមថា យើង​ព្យាយាម​រៀន​ពី​វា ហើយ​ទប់ស្កាត់​កុំឱ្យ​វា​កើតឡើង​បន្តទៀត។ ដើម្បី​ជំរុញ​សកម្មភាព​នេះ​ឱ្យ​ជោគជ័យ គឺ​យើងទាំងអស់គ្នា​អាច​ចូលរួមបាន​តាមរយៈ​ការទាញយក (download) App នេះ​ឱ្យបាន​ច្រើន ហើយ​បន្ត​ស្វែងយល់ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ៕

  • លោក Klopp ជំរុញ​ឱ្យ Liverpool ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់ Roma នៅ​រាត្រី​នេះ

    លោក Klopp ជំរុញ​ឱ្យ Liverpool ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់ Roma នៅ​រាត្រី​នេះ

    លោក Jurgen Klopp បាន​បញ្ចេញ​សារ​មួយ​ដើម្បី​ជំ​រុញឱ្យ​អ្នកគាំទ្រ​របស់​ក្រុម Liverpool ទទួល​ក្រុម Roma ជា​ភ្ញៀវ និង​បង្ហាញ «ពី​ភាពល្អ​ឥតខ្ចោះ​របស់​យើង​ទៅកាន់​ពិភពលោក» នៅពេលដែល​ក្រុម​ទាំង2ជួបគ្នា​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 នៅ​រាត្រី​នេះ។

    ក្រុមប្រឹក្សា​របស់​ក្លិប Liverpool ក៏​កំពុងតែ​បង្ហាញ​ពី​ការធ្វើ​បដិសណ្ឋារកិច្ច​របស់ខ្លួន​ផងដែរ តាមរយៈ​ការដាក់​តាំង​សញ្ញា​ដែល​សរសេរថា «Benvenuti a Liverpool» ក្នុង​ពណ៌​របស់​ក្រុម Roma ជុំវិញ​ទីក្រុង និង​បាន​ជួល​ក្រុម​តន្ត្រី​មួយក្រុម ដើម្បី​ប្រគំ​ស្វាគមន៍​អ្នកគាំទ្រ​អ៊ីតាលី​ចំនួន 1,000នាក់​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លងកាត់​តាមរយៈ​អាកាសយានដ្ឋាន John Lennon Airport នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

    ការខិតខំ​ព្យាយាម​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប នៅ​ខាងក្រៅ​កីឡដ្ឋាន Anfield ក្រោយពី​ការជួប​ឧប្បត្តិហេតុ​ទៅលើ​រថយន្តក្រុង​របស់​ក្រុម Man City កាលពីពេល​កន្លងមក។ ប៉ុន្តែ នៅក្នុង​ខាងក្នុង​កីឡដ្ឋាន Liverpool វិញ ពួកគេ​ចង់បាន​បង្ហាញ​ពី​ការស្រេកឃ្លាន​ដូចគ្នា ទាំងពី​នាក់​គាំទ្រ និង​កីឡាករ។ លោក Klopp បាន​ឱ្យុ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «នៅក្នុង​កីឡដ្ឋាន សូម​ធ្វើឱ្យ​បានល្អ​ម្តងទៀត។

    នៅ​ខាងក្រៅ​កីឡដ្ឋាន សូម​បង្ហាញ​ពី​ការគោរព​ដែល​យើង​ត្រូវតែ​បង្ហាញ។ នេះ​គឺជា​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ ជា​គ្រួសារ​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ​មួយ មាន​ភាពល្បីល្បាញ​សម្រាប់​បរិយាកាស​ដ៏​អស្ចារ្យ​ទូទាំង​ពិភពលោក ហេតុនេះ យើង​មិនចាំបាច់​គប់​អ្វី​ទៅលើ​រថយន្តក្រុង​របស់​ក្រុម​ជា​គូប្រជែង​ឡើយ»។ Liverpool បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នៅ​រាត្រី​នេះ តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម West Brom កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី 1គ្រាប់។

    ក្រុម Roma ក៏​នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់​ផងដែរ ក្រោយពី​បាន​ផ្តួល​ក្រុម SPAL 3-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian