Category: សង្គម និងសេដ្ឋកិច្ច

  • លោក​ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ដឹកជញ្ជូន​ក្លាយជា​សេដ្ឋី​អចលនទ្រព្យ​ដោយសារ​ជំនាញ​ទំនាក់ទំនង

    លោក​ឧកញ៉ា សៀ ឫទ្ធី ពី​បុគ្គលិក​ដឹកជញ្ជូន​ក្លាយជា​សេដ្ឋី​អចលនទ្រព្យ​ដោយសារ​ជំនាញ​ទំនាក់ទំនង

    នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា មាន​មនុស្ស​មិន​ច្រើន​ទេ​ដែលមាន​សមត្ថភាព​អាចបង្កើត និង​ដឹកនាំ​ក្រុមហ៊ុន​ដ៏​ច្រើន​ក្នុងពេល​តែមួយ​បាន ហើយ​ក្នុងនោះ​លោក​ឧកញ៉ា សៀ ឫទ្ធី គឺជា​អ្នកជំនួញ​លេចធ្លោ​ម្នាក់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាពិសេស​ផ្នែក​ខាង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដូចជា​ខុន​ដូ The Bridge, The Peak, The Palms និង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​មានតម្លៃ​សមរម្យជាដើម។

    លោក​ត្រូវបាន ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​ស​ហ​គ្រិន​ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ​ដោយសារ​លោក​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុនធំៗជាច្រើន​ជិត 30ក្រុមហ៊ុន ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន World Bridge International (Cambodia) Ltd ហើយ​ទាំងអស់នេះ​ក៏​ជាការ​បាន​ជួយ​រួមចំណែក​លើ​ការអភិវឌ្ឍ​ទីផ្សារការងារ និង​សេដ្ឋកិច្ចជាតិ​យើង​ផងដែរ។

    នៅក្នុង​លេខ​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ឧកញ៉ា សៀ ឫទ្ធី អំពី​ជីវិត​ជាក់ស្តែង​ក្នុង​វិស័យ​ជំនួញ​ដែល​លោក​បានចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ដំបូង​គេ និង​គន្លឹះសំខាន់ៗពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អាជីវកម្ម​ឱ្យ​ទទួលបាន​ជោគជ័យ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម។

    1.លោក​ឧកញ៉ា​ជាម​នុស្ស​លេចធ្លោ​មួយរូប​ក្នុងចំណោម​អ្នកជំនួញ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​ស្របពេល​ជាមួយគ្នានេះ គេ​ក៏​សង្កេតឃើញ​ដែរ​ថា លោក​ឧកញ៉ា​មាន​ក្រុមហ៊ុនជាច្រើន​ដែល​ស្ថិតនៅក្នុង​បណ្ដុំ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន World Bridge International (Cambodia) Ltd។ តើ​លោក​ឧកញ៉ា​អាច​ជម្រាប​បានទេ​ថា សព្វថ្ងៃនេះ​លោក​ឧកញ៉ា​មាន​ក្រុមហ៊ុន​អ្វីខ្លះ?

    បើ​និយាយ​ពី​អាជីវកម្ម ខ្ញុំ​ចាំ​មិន​អស់​ទេ តែបើ​រាប់​ទៅ​គឺ​ប្រហែលជា​ជិត 30ក្រុមហ៊ុន ដែលមាន​ដូចជា​ក្រុមហ៊ុន​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ ផ្នែក​ដឹកជញ្ជូន​ផ្នែក​ចំណីអាហារ និង​ភេសជ្ជៈ ផ្នែក​ហិរញ្ញវត្ថុ ដែលមាន​ដូចជា​ធនាគា​រ​ឯកទេស និង​ហាង​បញ្ចាំ(Cash U UP) ហើយ​យើង​ក៏មាន​ផងដែរ​នូវ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​វិទ្យុ​បុ​ស្តិ៍​លេខ89 យើង​មាន​ផ្នែក​កម្សាន្ត មាន​ភោជនីយដ្ឋាន មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ មាន​សណ្ឋាគារ (Shangri La) និង​មាន​ផ្សារ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​បើក​នៅ​ខែមិថុនា​ខាងមុខនេះ។

    2.តើ​លោក​ឧកញ៉ា​អាច​បង្ហាញ​បានទេ​ពី​ការសិក្សា និង​ដំណើរ​ឆ្លងកាត់​ការលំបាក​ដើម្បី​បង្កើត​ក្រុមហ៊ុន​ដំបូង?

    សម្រាប់​ខ្ញុំ បើ​និយាយ​ពី​ការរៀនសូត្រ​វិញ គឺ​ខ្ញុំ​រៀន​បានត្រឹមតែ​បាក់​ឌុប​ទេ តែ​ខ្ញុំ​បាន​រៀន​បន្ថែម​ពេល​ខ្ញុំ​ធ្វើការ​រកស៊ី គឺ​រៀន​ថ្នាក់អនុបណ្ឌិត និង​រៀន​វគ្គខ្លីៗជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​មុខរបរ​របស់ខ្ញុំ។ កាល​នៅ​ក្មេង ជីវិត​របស់ខ្ញុំ​ខុសគេ ក្រោយពេល​ប្រឡង​បាក់​ឌុប​ចប់​នៅ​ចុងឆ្នាំ1990 ខ្ញុំ​បានការ​ងារ​ធ្វើ​បាត់ទៅហើយ។ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ងារ​តាំងពី​អាយុ 18ឆ្នាំ។

    នៅ​ឆ្នាំ1990នោះ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ដំបូង​លើ​វិស័យ​ដឹកជញ្ជូន(Logistic) ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​រៀន​តែ​ពី​ផ្នែក​នេះ​ទេ។ ពេលខ្លះ​មាន​វគ្គ​នៅ​ប្រទេស​សិង្ហ​បុរី​មួយអាទិត្យ ពេលខ្លះ​មាន​ទៅ​រៀន​នៅ​ហុងកុង3ថ្ងៃ ឬ​ទៅ​ប្រទេសផ្សេងៗទៀត​ដែលជា​វគ្គខ្លី។ ពេល​ខ្ញុំ​ទៅ​រៀន​នោះ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​សំខាន់2 គឺ​ទី1 ចំណេះដឹង​ក្នុង​សាលា និង​ទី2 គឺ​ការទំនាក់ទំនង។

    ខ្ញុំ​បាន​រៀន​នូវ​អ្វីដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់ខ្ញុំ ដូចជា​ការគ្រប់គ្រង​ឃ្លាំង ការដឹកជញ្ជូន​តាម​ជើង​អាកាស និង​ចំណុច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៃ​វិស័យ​ដឹកជញ្ជូន ដើម្បី​ចង់ដឹងថា តើ​ប្រទេស​គេ​ធ្វើ​ដូចម្តេចខ្លះ​ពាក់ព័ន្ធ​នឹង​ផ្នែក​នេះ។ ខ្ញុំ​ចេញទៅ​រៀន ចំណេញ​បាន​ទំនាក់ទំនង​ច្រើនណាស់ ព្រោះ​អ្នក​ដែល​ទៅ​រៀន​ជាមួយគ្នា​សុទ្ធតែជា​មនុស្សសំខាន់ៗក្នុងប្រទេស​របស់គេ ហេតុនេះ​ខ្ញុំ​អាច​ទំនាក់ទំនង​ជាមួយ​គេ​បាន ហើយ​រហូតដល់​អាចធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​យក​ជំនួញ​ពី​គេ​បាន​ថែម​ទៀតផង។ ភាពជោគជ័យ​នៃ​អាជីវកម្ម​ដឹកជញ្ជូន​ដំបូង​បំផុត​របស់ខ្ញុំ​គឺ​ដោយសារតែ​ការរៀន និង​ការធ្វើទំនាក់ទំនង​នេះឯង។

    សម្រាប់​ការរកស៊ី​ដំបូង ការ​ជួបនឹង​ការលំបាក​ជា​រឿង​ធម្មតា​ទេ ព្រោះ​វា​ទាក់ទង​នឹង​ការសិក្សា  កាលណា​ចំណេះ​យើង​មិន​ដល់​យើង​នឹង​ពិបាក​រកស៊ី ព្រោះ​កាលដើមឡើយ​នៅពេលដែល​ខ្ញុំ​ចេញ​រកស៊ី​ដំបូង​ខ្ញុំ​មិនសូវ​ចេះ ហេតុនេះ​ទើប​រាង​ពិបាក​បន្តិច។ ចំពោះ​មុខរបរ​របស់​ខ្ញុំ​នៅពេលនោះ គឺ​ត្រូវ​ចេញចូល​ក្រៅប្រទេស​ច្រើន។ អ្វី​ដែលជា​លក្ខណៈពិសេស​របស់ខ្ញុំ គឺ​ខ្ញុំ​រៀន​ឆាប់​ចេះ ហើយ​ខ្ញុំ​អាច​ចេះ​និយាយបាន​ច្រើន​ភាសា។ ខ្ញុំ​ចេះ​និយាយ​ភាសា​អង់គ្លេស ភាសា​ថៃ និង​ភាសា​មួយចំនួនទៀត ដែល​នេះ​ជា​ចំណេះដឹង​ក្រៅផ្លូវការ​មួយ​ក្នុង​ការជួយ​ឱ្យ​ខ្ញុំ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​អ្នក​ក្រៅ​ស្រុក​បានល្អ។

    3.កាលពី​ក្មេង តើ​លោក​ឧកញ៉ា​មាន​គោលដៅ និង​ក្តី​សុបិន​បែបណាខ្លះ?

    កាល​នៅ​ក្មេង អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​នៅពេល​ធំ​ឡើង​នោះ​គឺ កុងស៊ីបញ្ចាំ។ កាលនោះ​ប្រហែលជា​មកពី​ខ្ញុំ​មើល​រឿងកុន​ចិន​ច្រើនពេក​ក៏​មិនដឹង ព្រោះ​ក្នុង​រឿងកុន​ចិន​គេ​ឧស្សាហ៍​បង្ហាញ​ពី​របរ​បញ្ចាំ​នេះ។

    ចាប់ពីពេលនោះ​មក ការ​បើកហាង​បញ្ចាំ​បាន​ក្លាយជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ ព្រោះ​មើលទៅ​ដូចជា​ជម្រើស​ល្អ​ម្យ៉ាងដែរ តែ​ដល់ពេល​ចាប់ផ្តើម​រកស៊ី​ដំបូង​ពិតប្រាកដ គឺពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​ទៅវិញ។ បច្ចុប្បន្ន​ខ្ញុំ​ក៏មាន​ហាង​បញ្ចាំ​មួយ​ដែរ​គឺ Cash U UP។

    4.តើ​លោក​ឧកញ៉ា​អាច​ជម្រាប​បានទេ​ថា តើ​អាជីវកម្ម​អ្វីខ្លះ​ដែល​លោក​ឧកញ៉ា​បាន​ចាប់​ដៃគូ តាមរយៈ​ការធ្វើទំនាក់ទំនង​នាពេលនោះ?

    ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​ដឹកជញ្ជូន​ដែល​ទទួលបាន​នៅពេលនោះ​មានដូចជា ក្រុមហ៊ុន CEVA ដែល​ខ្ញុំ​នៅតែ​ធ្វើ​ការរកស៊ី​ជាមួយ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ហើយ​ខ្ញុំ​បាន​ស្គាល់​គាត់​នៅពេលដែល​រៀន​ជាមួយគ្នា។ ពេល​ទៅ​រៀន មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន​ដែល​មិនទាន់​ស្គាល់​ស្រុក​ខ្មែរ ហើយ​គេ​ក៏​មិន​ចង់​មករក​ស៊ី​នៅ​ស្រុក​ខ្មែរ​ដែរ ព្រោះ​ពេលនោះ​យើង​មាន​សង្គ្រាមស៊ីវិល តែ​ពេលនោះអ្វីដែល​ខ្ញុំ​ធ្វើបាន គឺ​ពន្យល់​ពួកគេ​ឱ្យឃើញ​ពី​សក្តានុពល​ក្នុងការ​រកស៊ី​នៅ​ស្រុក​ខ្មែរ។

    ខ្ញុំ​មាន​ជំនាញ​ល្អ​មួយ គឺ​ពន្យល់​គេ​ឆាប់​យល់ ពេលនោះ​ខ្ញុំ​បាន​ប្រាប់​គេ​ឱ្យដឹងថា ស្រុក​ខ្មែរ​គឺ​កំពុង​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ដែល​ធ្វើឱ្យមាន​ការបោះឆ្នោត ហេតុនេះ​អនាគត​ការរកស៊ី​នៅ​កម្ពុជា​នឹង​ល្អប្រសើរ។ ម្យ៉ាងវិញទៀត​ចំណុច​ល្អ​របស់​កម្ពុជា​គឺ​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស​ធំ2 គឺ​ថៃ និង​វៀតណាម​ហេតុនេះ​ប្រសិនបើ​ដាក់​ផ្នែក​ដឹកជញ្ជូន​នៅ​កម្ពុជា ប្រាកដជា​ចំណេញ​ច្រើន ព្រោះ​អាច​នឹង​ងាយ​ក្នុង​ការបញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស​ទាំង2នោះ។

    ពេល​និយាយជារឿយៗទៅ គេ​ចាប់ផ្តើម​ចាប់អារម្មណ៍ តែ​ដំបូង​ឡើយ​គេ​មិនទាន់​ទុកចិត្ត​យើង​ទាំងស្រុង​ទេ គេ​ឱ្យ​យើង​ធ្វើជា​ភ្នាក់ងារ​ឱ្យគេ​សិន។ ក្រោយពេល​ធ្វើការ​ងារ​នេះ​បាន 4-5 ឆ្នាំ​មក គេឃើញថា​វា​ដំណើរ​ល្អ គេ​ក៏​ចាប់ដៃ​ជាមួយ​យើង​តែម្ដង។

    5.តើ​លោក​ឧកញ៉ា​អាច​បញ្ជាក់​លម្អិត​បានទេ​ពី​ដំណាក់កាល​ដំបូង​ដែល​លោក​ឧកញ៉ា​ចេញ​ធ្វើ​ការងារ រហូតដល់​ចាប់ផ្តើម​ផ្លាស់ប្តូរ​មក​ក្លាយជា​ម្ចាស់​អាជីវកម្ម​ដោយ​ខ្លួនឯង?

    លោកឧកញ៉ា សៀ ឫទ្ធី នៅក្នុងកម្មវិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន ​KERRY ​Worldbridge ​Logistic Co,.Ltd​ និង​ក្រុមហ៊ុន ​ InSITE ​BAVARIA

    ដំបូង​ឡើយ​នៅ​ឆ្នាំ1988 ខ្ញុំ​នៅក្រៅ​ស្រុក ខ្ញុំ​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត​មួយចំនួន តែ​ក្រោយ​ឆ្នាំ1990 ក្រោយ​ពេលដែល​ខ្ញុំ​ត្រឡប់មក​កម្ពុជា ខ្ញុំ​បានដាក់​ពាក្យ​ធ្វើ​ការងារ​ជាមួយនឹង​UNTAC។ ខ្ញុំ​ចាប់ផ្តើមធ្វើ​ការងារ​ដំបូង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត តែ​ក្រោយមកទៀត​ខ្ញុំ​សង្កេតឃើញថា ផ្នែក​នេះ​មិនមែនជា​អនាគត​របស់ខ្ញុំ​ទេ ព្រោះ​វា​ជា​ប្រភេទ​ការងារ​រយៈពេល​ខ្លី ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ដាក់ពាក្យ​ទៅធ្វើ​ការងារ​នៅ​ទីស្នាក់ការ​ធំ​នៅ​SNC វិញ​ម្តង។

    នៅពេលនោះ​ដោយសារតែ​ខ្ញុំ​ចេះ​ភាសា គេ​ឱ្យ​ខ្ញុំ​ជ្រើសរើស​កន្លែង​ដែលមាន2 គឺ​ទី1 ជា​អ្នកបកប្រែ និង​ទី2គឺ​ផ្នែក​ដឹកជញ្ជូន(Movement Control)។ នៅពេលនោះ​ខ្ញុំ​បានជ្រើសរើស​ផ្នែក​ដឹកជញ្ជូនបើទោះបីជា​ផ្នែក​នេះ​បាន​ប្រាក់ខែ​តិចជាង​អ្នកបកប្រែ​ក៏ដោយ តែ​ខ្ញុំ​ស្រឡាញ់​ផ្នែក​ដឹកជញ្ជូន។ ប្រាក់ខែ​សម្រាប់​អ្នកបកប្រែ​គឺ 350ដុល្លារ តែ​សម្រាប់​អ្នក​ដឹកជញ្ជូន​វិញ​បានតែ173ដុល្លារ​ប៉ុណ្ណោះ តែ​ខ្ញុំ​សុខចិត្ត​ធ្វើ​ផ្នែក​នេះ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​អាច​រៀន​បាន​ច្រើន។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​គិតគូរ​រឿង​លុយ​ជាសំខាន់​នោះទេ តែ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​ចំណេះដឹង​ពីអ្វី​ដែល​ខ្ញុំ​ស្រឡាញ់ និង​ចង់​ធ្វើ។ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​នៅ​អង្គការសហប្រជាជាតិ គេ​ក៏​បញ្ជូន​ខ្ញុំ​ឱ្យទៅ​រៀន​ផ្នែក​ដឹកជញ្ជូន​នៅ​ប្រទេស​ថៃ​ភ្លាម​ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​ចេះ​ជំនាញ​នេះ​ដំបូង​បំផុត។

    ក្រោយពេល​រៀន​ផង​ធ្វើ​ការងារ​ផង​បាន​មួយរយៈ សកម្មភាព UN នៅ​ស្រុក​ខ្មែរ​ចាប់ផ្តើម​ខិតជិត​ដល់ទី​បញ្ចប់​ក្នុង​ឆ្នាំ1992។ ពេលនោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន​ដែល​បានមក​ស្រុក​ខ្មែរ​ដើម្បីដឹកជញ្ជូន​ឱ្យ UNTAC នឹងត្រូវ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​ត្រូវ​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុនធំៗជាច្រើន​ដែល​ខ្ញុំ​ស្គាល់​ដើម្បី​បន្តសកម្មភាព​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​បន្តទៀត។ នៅពេលនោះ​ខ្ញុំ​បាន​ទាក់ទង​ក្រុមហ៊ុន​មួយ​ឈ្មោះថា Circle Freight ដើម្បី​ធ្វើ​ការងារ​ជាមួយ។

    តាមពិតទៅ​នៅពេលនោះ​មាន​ក្រុមហ៊ុន​ច្រើន​ដែល​គេ​ទាក់ទង​ខ្ញុំ​ឱ្យធ្វើ​ការ​ជាមួយ តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន Circle Freight ព្រោះ​ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​ធំ​នៅ​បរទេស។ កាលនោះ មេ​របស់ខ្ញុំ​ជា​ជនជាតិ​ថៃ ហើយ​ការងារ​របស់គាត់​ក៏​មិនសូវ​ជា​រលូន​ប៉ុន្មាន​ដែរ ព្រោះ​ក្រោយពេល​បោះឆ្នោត​ហើយ ប្រទេស​កម្ពុជា​នៅតែមាន​សង្គ្រាម ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​ត្រូវ​សម្រេចចិត្ត​ដកខ្លួន​ចេញទៅ​វិញ។ ខណៈ​ពេលនោះ​ខ្ញុំ​បាន​សុំ​ក្រុមហ៊ុន​Circle Freightនេះ​ពី​ថៅកែ​នោះ ដោយ​កាលនោះ​ខ្ញុំ​ស្នើសុំ​រក្សា​ឈ្មោះ​ដដែល ហើយ​គេ​ក៏​យល់ព្រម​ព្រោះ​គេ​បានចេញ​ទៅវិញ​ហើយ យើង​ចង់​ធ្វើ​យ៉ាងម៉េច​ក៏​ធ្វើទៅ។ ក្រោយពេល​បានទទួល​ការអនុញ្ញាត ខ្ញុំ​ក៏បាន​ចាប់ផ្តើម​យកឈ្មោះ​ក្រុមហ៊ុន Circle Freight នេះ​បើក​នៅ​ស្រុក​ខ្មែរ។

    ចាប់ផ្តើម​ពី​ការងារ​ដំបូង ខ្ញុំ​ត្រូវ​ដើរតួ​ច្រើនណាស់​តែម្នាក់ឯង គឺ​ថៅកែ​ក៏​ខ្លួនឯង តៃកុង​ឡាន​ក៏​ខ្លួនឯង ហើយ​វេច​ខ្ចប់​ក៏​ខ្លួនឯង​ដែរ។ នៅពេលនោះ​ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង​ទេ ហើយ​បុគ្គលិក​មាន 2នាក់ បើ​បូក​ទាំង​ខ្ញុំ​ទៀត​បាន 3នាក់ ហើយ​បុគ្គលិក​របស់ខ្ញុំ​ទាំង 2នាក់​នោះបាន​នៅ​ជាមួយ​ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន។ នៅ​ដំណាក់កាល​ចាប់ផ្តើម​នោះ គឺ​ចុងឆ្នាំ1992 ខ្ញុំ​ធ្វើ​ការងារ​ដឹកជញ្ជូន​ឱ្យតែ​អង្គការ និង​ស្ថានទូត​ដែល​គេ​ត្រូវការ​ដឹកជញ្ជូន​ទំនិញ​មក​កម្ពុជា​ប៉ុណ្ណោះ​ព្រោះ​កាលនោះ​អត់​ទាន់​មាន​រោងចក្រ​ទេ។

    ពេលនោះ​ដំណាក់កាល​ដំបូង​គឺ​លំបាក​មែនទែន ព្រោះ​ពេលខ្លះ​ក្នុង​មួយខែ​មាន​អតិថិជន​តែមួយ​ឬ​ពីរ​ក៏មានដែរ ហេតុនេះ​ពេលខ្លះ​ខ្ញុំ​ត្រូវ​ទៅយក​ឥ​វ៉ាន់​នៅ​កំពង់សោម ឬ​ព្រលានយន្តហោះ​ដោយ​ខ្លួនឯង។ ចំពោះ​ឯកសារ គឺ​ខ្ញុំ​រត់ការ​ដោយ​ខ្លួនឯង និង​ធ្វើអ្វីៗគ្រប់យ៉ាង​ដោយ​ខ្លួនឯង​ទាំងអស់ ព្រោះ​បើ​ខ្ញុំ​ជួល​គេ ខ្ញុំ​នឹងត្រូវ​ចំណាយ​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ចំណេញ​បាន​ដើម្បី​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​របស់ខ្ញុំ​បាន។

    6.នៅពេលដែល UNTAC ចេញផុត​ទៅ តើ​លោក​ឧកញ៉ា​ធ្លាប់​អស់សង្ឃឹម​ទេ ព្រោះ​លោក​ឧកញ៉ា​ធ្លាប់​ប្រាប់ថា ពេលខ្លះ​អតិថិជន​មាន​មិន​ច្រើន​ផង?

    អត់​ទេ! ខ្ញុំ​ជាម​នុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្វែងរក​អ្វីដែល​ថ្មី ហើយ​ជាម​នុស្ស​ដែល​មិន​អស់សង្ឃឹម​នោះទេ ព្រោះ​ជាធម្មតា​នៅតាម​ស្ថានទូត អង្គការ និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​គេ​មាន​រដូវ​របស់គេ។ រដូវ​ខ្លះ​គេ​យក​ឥ​វ៉ាន់​មក​ច្រើន ហើយ​រដូវ​ខ្លះ​គេ​មិន​យកមក​ទេ តែ​ខ្ញុំ​ជា​មនុស្ស​ឈ្មុសឈ្មុល ក្នុងករណី​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​ស្ថានទូត​មួយ​អស់ហើយ ខ្ញុំ​ស្វែងរក​ស្ថានទូត​ផ្សេងទៀត​ដើម្បី​បន្តការងារ​រហូត ខ្ញុំ​មាន​ចំណូល​ជាប់​ជាប្រចាំ គ្រាន់តែ​ចំណូល​នោះ​មិន​ច្រើន តែបើ​ឱ្យ​ខាត ក៏​មិន​ខាត​ដែរ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចេះ​សន្សំសំចៃ អ៊ីចឹង 1ខែៗសល់​បាន​តិចតួច​ដែរ ប្រហែល 100ដុល្លារ ឬ200ដុល្លារ។

    យើង​បន្ត​ស្ថានភាព​បែបនេះ​រហូតដល់​ឆ្នាំ1996 ទើប​យើង​ទទួលបាន​អតិថិជនល្អៗដែល​អាចធ្វើឱ្យ​យើង​លូតលាស់​បាន គឺ​យើង​ធ្វើការ​ដឹកជញ្ជូន​ឱ្យ UN ទាំងអស់។ ក្នុង​កាលៈទេសៈ​នោះ ការដឹកជញ្ជូន​មាន​ស្ថានភាព​លំបាក​ខ្លាំង ហើយ​ពេលខ្លះ​ត្រូវ​ងើប​ពី​ម៉ោង 4ទៀបភ្លឺ ដើម្បី​ចេញទៅ​សៀមរាប ហើយ​ទម្រាំ​ទៅដល់ ម៉ោង6ល្ងាច​ក៏មានដែរ ដោយសារតែ​ស្ថានភាព​ផ្លូវ​កាលនោះ​មិនល្អ។

    នៅពេលនោះ​ស្ថានភាព​សន្តិសុខ និង​ស្ថានភាព​ផ្លូវ​គឺជា​ឧបសគ្គ​សំខាន់​ដែល​ត្រូវ​ដោះស្រាយ ព្រោះ​ពេលខ្លះ​ដើម្បី​ទៅដល់​ទី​រួម​ខេត្ត ខ្ញុំ​ត្រូវ​ដេក​ផ្លូវ ហើយ​ខ្ញុំ​ជា​អ្នក​បើកឡាន​ដោយ​ខ្លួនឯង​ទៀត។

    នៅពេលនោះ​មាន​បញ្ហា​អសន្តិសុខ គេ​បាញ់បោះ​គ្រប់​ផ្លូវ​ទាំងអស់ ពេលខ្លះ​អាច​ប្រឈម​ជាមួយនឹង​ការ​ជាន់មីន​ក៏មានដែរ និង​នៅពេល​ធ្វើដំណើរម្តងៗត្រូវដាក់​បារីពេញៗខ្លួន​ដើម្បីឱ្យ​ទាហាន ព្រោះ​ទាហាន​នៅពេលនោះ គឺ​សុំ​តែ​បារី​ជក់​ទេ បើ​គ្មាន​បារី​ឱ្យ គេ​នឹង​បាញ់​យើង។

    នៅ​ឆ្នាំ1996 ស្ថានភាព​ចាប់ផ្តើម​ល្អប្រសើរ​ឡើង​ខ្លាំង​ក្រោយ​ពេលដែល​ប្រទេស​យើង​ចាប់ផ្តើម​មាន​រោងចក្រ ហើយ​ពេលនោះ​រោងចក្រ​ដែលមាន​មុនគេ​នោះ​គឺ រោងចក្រ​មិថុនា។ ក្រោយពេល​ដែលមាន​រោងចក្រ​កើតឡើង ខ្ញុំ​ចាប់ផ្តើម​មានការ​ងារ​ច្រើន​ធ្វើ​ជាប់​ជាប្រចាំ ហើយក៏​មាន​ឥ​វ៉ាន់​ច្រើន​ដើម្បី​ដឹក​ទៅ​ក្រៅប្រទេស​ដែរ។ ចាប់ផ្តើម​ពី​ពេល​នោះមក យើង​បាន​ប្តូរ​ការិយាល័យ​ពីក្នុងផ្ទះ​តូច​មួយ​របស់ខ្ញុំ ទៅ​ការិយាល័យ​ធំ​មួយ​វិញ។

    ឈាន​មកដល់​ឆ្នាំ1998 ស្ថានភាព​កាន់តែ​ប្រសើរ​ខ្លាំង​នៅពេលដែល​ប្រទេស​របស់​យើង​ចាប់ផ្តើម​មាន​សន្តិភាព ហើយ​រោងចក្រ​ចាប់ផ្តើម​មាន​កាន់​តែច្រើនឡើងៗ នៅពេលនោះ​រោងចក្រ​នៅ​ស្រុកខ្មែរ​ប្រើប្រាស់​សេវា​របស់ខ្ញុំ​សឹងតែ​ទាំងអស់។ នៅពេលនោះ​ខ្ញុំ​ចាប់ផ្តើម​មាន​ឥ​វ៉ាន់​ដឹកចេញទៅ​ក្រៅប្រទេស​ច្រើន ព្រោះ​នៅក្នុង​ប្រទេស​មានតែ​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​យើង​មួយ​ប៉ុណ្ណោះ។ ចាប់ពីពេលនោះ​មក​យើង​ចាប់ផ្តើម​ដឹកទំនិញ​តាមផ្លូវ​អាកាស​ឱ្យគេ​ច្រើន ហើយ​រោងចក្រ​ក៏​ចាប់ផ្តើម​បង្កើន​ការផលិត​ផលិតផល​កាន់តែខ្លាំង​ឡើង​ដែរ។

    7.តើ​នៅពេលណា​ទើប​លោក​ឧកញ៉ា​ចាប់ផ្តើម​ងាក​មក​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​អចលនទ្រព្យ?

    នៅ​ចន្លោះ​ឆ្នាំ1998 ដល់​ឆ្នាំ2005 គឺ​យើង​មាន​ការងារ​ច្រើន​មែនទែន ហើយ​វិស័យ​ដឹកជញ្ជូន​ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ ព្រោះ​ជា​អាជីវកម្ម​ដែលមាន​លុយ​កាន់ពេញៗដៃ។ ថ្លៃ​ដឹកជញ្ជូន​គេ​មិន​ជំពាក់​យើង​ទេ គេ​ចាយលុយ​សុទ្ធ​តែម្ដង និង​ដោយសារតែ​បែបនេះហើយ ទើប​នៅ​ឆ្នាំ2000 យើង​មាន​លុយ​ច្រើន​សម្រាប់​ដើរ​មើល​ដី​ថា តើ​កន្លែង​ណា​ល្អ ហើយ​កន្លែង​ណា​អាច​អភិវឌ្ឍ​បាន តែ​ពេលនោះ​យើង​ធ្វើ​ក្នុងនាម​ជា​ឈ្មួញកណ្តាល​នៅឡើយ មិនមែន​ធ្វើ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​នោះទេ។

    ក្រោយមក​ខ្ញុំ​គិតថា ខ្ញុំ​មិនអាច​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​តទៅទៀត​បានទេ ព្រោះ​ខ្ញុំ​ចង់​ក្លាយជា​អ្នក​អភិវឌ្ឍន៍ តែ​ក៏​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ថា តើ​ត្រូវធ្វើ​ដូចម្តេច?។ ហេតុនេះ​ជា​ដំណោះស្រាយ គឺ​ឆ្នាំ2005ខ្ញុំ​ត្រូវ​ហោះ​ទៅ​ស្រុក​ក្រៅ​ជាថ្មី​ម្តងទៀត ដើម្បី​រៀនសូត្រ​អំពី​អចលនទ្រព្យ។ ខ្ញុំ​ស្វែង​រៀនសូត្រ​ពី​គ្រប់​ទីកន្លែង​ឱ្យតែ​ឮថា​កន្លែង​ណា​គេ​បង្រៀន​ពី​អចលនទ្រព្យ​ខ្ញុំ​ចូលរៀន​ទាំងអស់។ ខ្ញុំ​បាន​រៀន​ពី​វិធី​ក្នុង​ការធ្វើ​ខុន​ដូ វិធី​លក់​របស់​ភ្នាក់ងារ​លក់ វិធីសាស្ត្រ​រៀបចំ​អភិវឌ្ឍន៍ និង​វិធីសាស្ត្រ​ក្នុងការ​វាយលុក​រឿង​ដីធ្លី​នេះ។ នៅពេលនោះ​ខ្ញុំ​បាន​រៀន​ច្រើន​នៅ​ហុងកុង សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ​ជាដើម ដែល​ក្នុង​មួយខែ​ខ្ញុំ​ទៅ​រៀន​ម្តង ដោយ​វគ្គ​ខ្លះ​មាន​រយៈពេល 3ថ្ងៃ ហើយ​វគ្គ​ខ្លះ​មាន​រយៈពេល​មួយ​សប្តាហ៍។

    ដូចដែល​បានដឹងហើយថា ខ្ញុំ​ចូលចិត្ត​ការទំនាក់ទំនង ដូច្នេះហើយ​ការ​ទៅ​រៀន​លើក​នេះ​ក៏​ធ្វើឱ្យ​ខ្ញុំ​ចំណេញ​ការទំនាក់ទំនង​ច្រើន​ដែរ ខ្ញុំ​ចាប់ផ្តើម​ស្គាល់​អ្នក​អភិវឌ្ឍន៍ ហើយ​ដឹងថា ភ្នាក់ងារ​លក់​អចលនទ្រព្យ​គេ​ធ្វើ​យ៉ាងម៉េច? ហើយ​អ្នក​អភិវឌ្ឍន៍​គេ​ធ្វើ​យ៉ាងម៉េច?។ នៅពេលនោះ​សេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើម​ល្អឡើងៗ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ក្រៅ​ស្រុក​ចាប់ផ្តើម​មើលឃើញ​ពី​សេដ្ឋកិច្ច​ស្រុក​ខ្មែរ ហេតុនេះហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​ទាក់ទាញ​ពួកគេ​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ដីធ្លី​នៅ​កម្ពុជា។

    8.ក្រោយ​ឆ្នាំ2005 តែ​មិន​ប៉ុន្មាន​ឆ្នាំ​ក៏​កើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ហើយ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ច្រើន​ដែរ​នៅ​ឆ្នាំ2008 តើ​លោក​ឧកញ៉ា​មាន​បញ្ហា​ដែរឬទេ​នៅពេលនោះ?

    ពេលនោះ​ខ្ញុំ​អត់​ប៉ះពាល់​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រមូល​ព័ត៌មាន​ច្រើន​ពី​ក្រៅប្រទេស ម្យ៉ាងវិញទៀត​នៅ​ឆ្នាំ2005 នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​រកស៊ី​ផ្នែក​អចលនទ្រព្យ​នេះ ខ្ញុំ​បាន​សិក្សា​រួចហើយពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​អាច​នឹង​កើតឡើង ហេតុនេះហើយ​ទើប​យើង​មើលឃើញថា អ្នករកស៊ី​នៅ​ស្រុក​ខ្មែរ​មានការ​ប៉ះពាល់​ច្រើន​នៅ​ឆ្នាំ​នោះ តែ​សម្រាប់​ខ្ញុំ​គឺ​មិនមាន​អ្វី​ប៉ះពាល់​ទេ។

    មុនពេល​វិបត្តិ​ឆ្នាំ2008 មកដល់ ខ្ញុំ​ចាប់ផ្តើម​លក់​អស់ហើយ​នូវ​កន្លែង​ដែល​ត្រូវ​បញ្ចេញ តែ​ខ្ញុំ​ក៏បាន​រៀបចំ​ទុក​នូវ​អចលនទ្រព្យ​មួយចំនួន​ដែល​ត្រូវ​ទុក ព្រោះ​ខ្ញុំ​ដឹងថា វា​នឹង​ល្អប្រសើរ​ឡើងវិញ។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​មិនឱ្យ​វិបត្តិ​សេដ្ឋកិច្ច​មក​ប៉ះពាល់​ដល់​អាជីវកម្ម​របស់ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មាន​ប្រភពព័ត៌មាន​ច្បាស់។

    9.លោក​ឧកញ៉ា​ហាក់ដូច​ជាមាន​បទពិសោធ​ច្រើនណាស់​ផ្នែក​អាជីវកម្ម តើ​លោក​ឧកញ៉ា​អាច​បញ្ជាក់​បានទេ​ថា តើ​គួរ​ធ្វើ​បែបណា​ទើប​ធ្វើឱ្យ​អាជីវកម្ម​ទទួលបាន​ភា​ព​ជោគជ័យ?

    សម្រាប់​ខ្ញុំ​ការធ្វើ​អាជីវកម្ម​ដែល​ជោគជ័យ គឺ​ខ្ញុំ​មិន​រាប់​ថា ទាល់តែ​សម្រេច100% ទើប​ហៅថា​ជោគជ័យ​នោះទេ ព្រោះ​បើ​មនុស្ស​គ្រប់គ្នា​ជោគជ័យ 100%នោះ វា​គ្មានទេ​អ្នកក្រ ហើយក៏​គ្មាន​អ្នករកស៊ី​ខាត​ដែរ។ ការធ្វើ​អាជីវកម្ម​ដែល​ជោគជ័យ​បាន​ត្រឹម65% ឬ70% ឡើងទៅ គឺ​យើង​រាប់​ថា​ជោគជ័យ​ហើយ។ ចំណុច​ទី1 ដែល​យើង​ចាប់ផ្តើម​ដំបូង​គឺ តម្រូវការ។ បើ​មុខរបរ​របស់​យើង​គ្មាន​តម្រូវការ សូមកុំ​រកស៊ី ព្រោះ​វា​នឹងមិន​ធ្វើឱ្យ​យើង​ជោគជ័យ​ទេ។ ដើម្បី​ដឹងថា​អាជីវកម្ម​របស់​យើង​មាន​តម្រូវការ ឬ​គ្មាន​នោះ មិនមែន​យើង​ត្រូវ​ដើរទៅ​សួរ​មិត្ត​ភ័ក្តិ ឬ​អ្នកជិតខាង​ដើម្បី​ឱ្យដឹងពី​តម្រូវការ​របស់គេ​នោះទេ តែ​យើង​ត្រូវការ​ការស្រាវជ្រាវ​ទីផ្សារ​យ៉ាង​ត្រឹមត្រូវ។

    ដើម្បី​ធានាថា តម្រូវការ​របស់​យើង​អាច​សិក្សា​បាន​លម្អិត​នោះ យើង​ត្រូវ​ស្វែងរក​ភាគី​ទី3 នោះ​គឺ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ ដើម្បី​ធ្វើការ​វិនិយោគ​ដោយ​ត្រឹមត្រូវ។ ជា​ឧទាហរណ៍​ថា យើង​បើកហាងលក់​ការ៉េម​មួយ​ចុះ យើង​ដឹង​ហើយ​ថា ហាង​លក់​ការ៉េម​នៅក្នុង​ស្រុក​ខ្មែរ​មាន​ច្រើនណាស់ តែ​យើង​មិនដឹង​ទេ​ថា តើ​គេ​ត្រូវការ​ការ៉េម​បែបណា​ឱ្យ​ច្បាស់​នោះទេ។ ហេតុនេះ យើង​សុខចិត្ត​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ ដោយ​យកលុយ​មួយចំណែក​ពី​ទុនវិនិយោគ​ទៅធ្វើ ប្រសើរ​ជាង​យក​ទុន​ទាំងស្រុង​ទៅ​បោះចោល​ដោយ​មិនបាន​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់។

    ជា​ឧទាហរណ៍ ប្រសិនបើ​យើង​មាន​លុយ 50ម៉ឺន​ដុល្លារ​ដើម្បី​បើកហាង​ការ៉េម យើង​គួរ​ចំណាយ​ប្រហែល 5ពាន់ ទៅ1ម៉ឺន​ដុល្លារ​ដើម្បី​ស្រាវជ្រាវ​ទីផ្សារ យើង​មិនគួរ​ចំណាយលុយ​ទាំង 50ម៉ឺន​ចោលនោះទេ។ ប្រសិនបើ​របាយការណ៍​បង្ហាញ​ចេញមក​ថា 65%ជោគជ័យ នោះ​គឺ​យើង​អាច​ធ្វើបាន តែ​ពេលខ្លះ​ក៏​មិន​ប្រាកដ​ទាំងស្រុង​ដែរ វា​អាស្រ័យ​លើ​យើង​ខ្លួនឯង​ខ្លះ​ដែរ។ ជួនកាល​អ្នកធ្វើ​ទីផ្សារ​ឱ្យ​យើង​គាត់​ថា ទៅ​ឆ្វេង ប្រសិនបើ​យើង​ជា​អ្នករកស៊ី​មើលឃើញថា​ដូចជា​មិនល្អ ឬ​អាច​នឹង​ធ្លាក់ទឹក យើង​អាច​ដើរទៅ​ស្តាំ​បាន តែ​ទោះជា​យ៉ាងណា​ការស្រាវជ្រាវ​ទីផ្សារ​ក៏​អាចជា​ផែនទី​សំខាន់​ខ្លាំង​មួយ​ដែរ​សម្រាប់​ការធ្វើ​អាជីវកម្ម ព្រោះ​អ្នកស្រាវជ្រាវ​ទីផ្សារ​គេ​បាន​ស្រាវជ្រាវ​លម្អិត​រួចទៅហើយ។ គេ​ជា​អ្នកស្រាវជ្រាវ គឺ​ប្រាប់​យើង​ពី​ពេលវេលា​ដែល​មនុស្ស​ចូលចិត្ត​ទិញ គេ​ដឹង​ពី​ចំណូលចិត្ត​របស់​អតិថិជន និង​អតិថិជន​មក​ទិញ​អស់​ប៉ុន្មាន ជាដើម។

    ទី2 គឺ​កត្តា​ដើមទុន៖ បើ​ចង់​រកស៊ី​អ្វីមួយ​យ៉ាងហោចណាស់​ក៏​គួរ​មាន​ដើមទុន 60%ដែរ សឹម​ចេញ​រកស៊ី ហើយ​សូមកុំ​ចាប់ផ្តើម​ដោយ​ការខ្ចី​គេ 100%ឱ្យសោះ ព្រោះ​អាជីវកម្ម​ខ្នាតតូច (SME) មិនទាន់​អាចធ្វើ​បានទេ។ អ្នក​ដែល​អាច​ខ្ចី​ទុន​គេ 100% រកស៊ី​លុះត្រាតែ​គេ​នោះ​ធំ​ណាស់។ ពួកគេ​ទាំងនោះ​បង្កើត​អាជីវកម្ម​មួយ​ដោយ​ប្រើតែ​ខួរក្បាល​ទេ ហើយ​ពេលខ្លះ​គេ​ខ្ចីលុយ​ទាំងស្រុង​សម្រាប់​អាជីវ​កម្មនេះ តែ​គេ​មាន​ចំណូល​ច្រើន​ពី​អាជីវកម្ម​ផ្សេង​មក​ទប់។

    កត្តា​ទី3 ធនធានមនុស្ស៖ អ្នករកស៊ី​ក៏ដោយ អ្នកនយោបាយ​ក៏ដោយ ប្រសិនបើ​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​មិន​ពូកែ យើង​ក៏​មិន​ជោគជ័យ​ដែរ។ រាល់​ការងារ​អ្វី​ទាំងអស់ គឺ​អាស្រ័យ​លើ​ធនធានមនុស្ស ប្រសិនបើ​យើង​មិនចេះ​ច្បាម​យក​ធនធានមនុស្ស​ពូកែ​មកជួយ​យើង​ទេ យើង​នឹង​មិនអាច​ជោគជ័យ​បានជា​ដាច់ខាត។

    ការគ្រប់គ្រង​ក្រុមហ៊ុន​ច្រើន​គឺ​ត្រូវការ​មនុស្ស​ពូកែ ខ្ញុំ​ធ្លាប់​ប្រាប់​បុគ្គលិក​ខ្ញុំ​ហើយ​ថា ខ្ញុំ​មាន​ក្បាល​តែមួយ និង​ដៃ​ពីរ ហើយ​ខ្ញុំ​មិនមែនជា​មនុស្ស​អស្ចារ្យ​ទេ ការគិត​របស់ខ្ញុំ​អាច​ត្រូវ ឬ​ខុស តែដោយសារ​តែខ្ញុំ​មាន​ធនធានមនុស្ស​ពូកែ​ទើប​ខ្ញុំ​អាច​បើក​ក្រុមហ៊ុនផ្សេងៗទៀត​បាន។

    ជា​គោលដៅ​របស់ខ្ញុំ​សព្វថ្ងៃ ខ្ញុំ​ខ្លួនឯង​ជា​អ្នកវិនិយោគ នៅពេលដែល​ខ្ញុំ​យក​អាជីវកម្ម​ថ្មី​ចូលមក ហើយ​ខ្ញុំ​មិនចេះ ខ្ញុំ​នឹង​រក​អ្នកចេះ​មក​ធ្វើ។ អ្នក​ដែល​ចេះ​មិនចាំបាច់​បោះទុន​នោះទេ យើង​គ្រាន់​តែមានចំណេះ​សម្រាប់ធ្វើ​ការងារ​ទៅបាន​ហើយ ខ្ញុំ​នឹង​ទុក​ភាគរយ​ឱ្យ។ ខ្ញុំ​ជា​អ្នក​បោះទុន អ្នក​ដែល​ចេះ​គាត់​ជា​អ្នក​ដំណើរការ​អាជីវក​ម្ម ហើយ​ខ្ញុំ​គ្រាន់តែ​មើល​បញ្ជីស្នាម​ប៉ុណ្ណោះ។

    ជា​ឧទាហរណ៍​ជាក់ស្តែង ខ្ញុំ​ឯណា​ទៅ​ចេះ​ផ្នែក​សំណង់? ខ្ញុំ​អត់​ចេះ​សំណង់​ផង​ហ្នឹង! ហើយ​បើ​យក​ពេល​ទៅ​មើល​សំណង់ ខ្ញុំ​មាន​ពេល​ឯណា​ទៅធ្វើ​ការងារ​ផ្សេងទៀត? ដូច្នេះ​អ្វីដែល​ខ្ញុំ​ធ្វើ គឺ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​ពូកែ​ដើម្បី​ឱ្យគេ​មក​ធ្វើការ​ងារ​នេះ គឺជា​ការ​ស្រេច។ សម្រាប់​ខ្ញុំ ប្រសិនបើជា​អ្នក​ពូកែ ខ្ញុំ​មិន​ខ្លាច​នឹង​ចំណាយ​នោះទេ តែ​ប្រសិនបើ​អ្នក​មិន​ពូកែ សូម្បី​ឱ្យតែ​មួយ​សេន​ក៏​ខ្ញុំ​ស្តាយ​ដែរ។

    10.បើ​យើង​គិតថា ជន​នោះ​ពូកែ ហើយ​នៅពេល​ធ្វើ បែរជា​មិន​ដូច​យើង​គិត តើ​លោក​ឧកញ៉ា​នឹង​ត្រូវធ្វើ​យ៉ាងម៉េច​វិញ?

    ចំណុច​នេះ​គឺ​ទាមទារ​ឱ្យមាន​បទពិសោធ សម្រាប់ខ្ញុំៗចង់ដឹងថា មនុស្ស​ណា​ពូកែ ឬ​មិន​ពូកែ ខ្ញុំ​និយាយ​ជាមួយ​តែមួយ​សន្ទុះ​នឹង​ដឹង​ច្បាស់​តែម្តង។ ម្យ៉ាងទៀត​យើង​មាន​ក្រុម​មួយ​ផ្សេងទៀត​ដើម្បី​តាមដាន​មានន័យថា យើង​មាន​ក្រុម​គ្រប់គ្រង (management team) មួយក្រុម​ទៀត​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​របស់​អ្នកជំនាញ។ សម្រាប់​ខ្ញុំ នៅពេល​ខ្ញុំ​ដាក់​អាជីវកម្ម​មួយ​ឱ្យ​អ្នកណាម្នាក់​ធ្វើ គឺ​មិនមែន​ឱ្យ​គាត់​ជិះសេះ​លែងដៃ​នោះទេ ខ្ញុំ​មាន​ក្រុម​សម្រាប់​តាមដាន​ការអនុវត្ត និង​ជួយ​ដល់​ការងារ​ពួកគាត់​ឱ្យទទួល​បាន​ជោគជ័យ។

    11.ក្នុងនាម​ជា​អ្នកវិនិយោគ តើ​លោក​មើលឃើញថា​កម្ពុជា​មានប​ញ្ហា​ប្រឈម​អ្វីខ្លះ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?

    អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ទី1គឺ តម្រូវការ​ទីផ្សារ​របស់​យើង​តូច ដោយសារតែ​ចំណូល​របស់ Middle class យើង​នៅ​ទាប (Middle class សំដៅលើ​មនុស្ស​ដែលមាន​វ័យ​ក្រោម40ឆ្នាំ)។

    ប្រទេសមួយ​ខ្លាំង វិស័យ​អចលនទ្រព្យ​មាន​ភាពរឹងមាំ គឺ​អាស្រ័យ​លើ Middle class មាន​ចំណូល​កើនឡើង​ទើប​អាច​អភិវឌ្ឍ​បាន​លឿន។ នៅពេលដែល​ពួកគាត់​មានការ​ងារ​ធ្វើ​ល្អ មាន​ចំណូល​ច្រើន នោះ​ពួកគាត់​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ ហេតុនេះហើយ​ទើប​យើង​ចង់ឱ្យមាន​ការអភិវឌ្ឍ​លើ​ជីវភាព​អ្នក​ដែលមាន​ចំណូល​កម្រិត​មធ្យម​កើនឡើង​ឱ្យ​កាន់តែច្រើន ដើម្បីឱ្យ​ទីផ្សារ​កាន់តែ​រីក​ធំ។

    ចំណុច​ទី2 គឺ​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល៖ រាល់ថ្ងៃ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​យើង​យល់ឃើញថា ការអភិវឌ្ឍ​អាចមាន​បញ្ហា​ខ្លះ​លើ​ថ្លៃដើម ព្រោះ​ប្រសិនបើ​យើង​ចង់​អភិវឌ្ឍ​នៅ​ជាយក្រុង អ្នក​អភិវឌ្ឍន៍​ទៅដល់​រួចហើយ ទើប​ផ្លូវ លូទឹក និង​ភ្លើង​ទៅដល់​តាម​ក្រោយ ខុសពី​ស្រុក​គេ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ទៅមុន​ទើប​អ្នកវិនិយោគ​ទៅតាម​ក្រោយ។

    ចំណុច​ទី3 គឺ​ហិរញ្ញប្បទាន៖ ការគាំទ្រ​ដោយ​ហិរញ្ញប្បទាន​ពី​ធនាគារ​នៅក្នុង​ស្រុក​យើង​អត់​បើកទូលាយ​ដូច​ស្រុក​គេ​នោះទេ។ ធនាគារ​ស្រុក​គេ ការខ្ចី​លុយ​ទិញ​អចលនទ្រព្យ​គឺ​ងាយ​បំផុត ព្រោះ​មាន​ប្លង់​តម្កល់ ហេតុនេះហើយ​ទើប​វិស័យ​អចលនទ្រព្យ​ស្រុក​គេ​កាន់តែ​រីកចម្រើន ព្រោះ​ទាល់​តែមាន​វិស័យ​ហិរញ្ញវត្ថុ​ជួយ។

    12.តើ​បញ្ហា​ទាំងអស់នោះ​យើង​ត្រូវ​ដោះស្រាយ​ដូចម្តេច?

    ខ្ញុំ​គិតថា រាល់ថ្ងៃ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដោះស្រាយ​ហើយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​រួមទាំង​ប្លង់​មេ​ក៏​រដ្ឋាភិបាល​គិតគូរ​ហើយ​ដែរ គ្រាន់តែ​យើង​ត្រូវការ​ពេលវេលា​បន្តិចទៀត​ប៉ុណ្ណោះ។

    ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​វិញ ធនាគារជាតិ​ក៏​កំពុង​គិតគូរ​ហើយ​ដែរ បើ​សេដ្ឋកិច្ច​រីកចម្រើន ប្រជាជនមាន​ចំណូល​កើនឡើង ដូច្នេះ​តម្រូវការ​នឹង​កើតឡើង​ដោយ​ឯកឯង។

    បើ​យើង​និយាយ​ពី​គោលនយោបាយ និង​ការ​គាំពារ​សម្រាប់​អ្នកវិនិយោគ ស្រុក​ខ្មែរ​យើង​មាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ស្រុក​គេ។ ហេតុនេះ​យើង​ត្រូវមាន​ស្ថេរភាព​សង្គម​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​ស្រុក​គេ​បន្ថែមទៀត ព្រោះ​ស្រុក​យើង​ក៏​ត្រូវការ​អ្នកវិនិយោគ​បរទេស​ដែរ។

    យើង​ត្រូវតែ​អភិវឌ្ឍ​ទៅ​ដំណាលគ្នា ទាំង​អ្នកទិញ និង​អ្នកវិនិយោគ ដើម្បី​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​រីក​ទៅមុខ​បន្ថែមទៀត។ ហើយ​ដើម្បី​រក្សាបាន​ការអភិវឌ្ឍ​នេះ​យើង​ត្រូវការ​ស្ថេរភាព និង​សន្តិភាព ឬ​ភាព​គ្មាន​សង្គ្រាម។ ចំពោះ​ប្រាក់ខែ​វិញ ប្រសិនបើ​យើង​គិតពី​ប្រទេស​ក្នុង​តំបន់ ខ្មែរ​យើង​មាន​កម្រិត​ខ្ពស់ជាង​ប្រទេស​ដទៃ។ បញ្ហា​រាល់ថ្ងៃ គឺ​យើង​ខ្វះ​អ្នកគ្រប់គ្រង​ផ្នែកសំខាន់ៗ ដែល​ពួកគេ​ទាំងអស់នោះ​មាន​ប្រាក់ខែ​ចាប់ពី 2ពាន់​ដុល្លារ​ឡើង ហើយ​ដោយសារតែ​បែបនេះហើយ ទើប​យើង​ទាញ​ពួកគាត់​ទៅវិញទៅមក ដែល​ធ្វើឱ្យ​ពេលខ្លះ​ការងារ​មិនសូវមាន​ប្រសិទ្ធភាព។

    ដើម្បី​អភិវឌ្ឍ​អ្នក​កម្រិត​កណ្តាល​ឱ្យមាន​ការអភិវឌ្ឍ​ឡើង យើង​ចង់ឱ្យមាន​ការរីកចម្រើន​គ្រប់កន្លែង​ក្នុងប្រទេស មិនមែន​អភិវឌ្ឍ​តែ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ។ ជា​ឧទាហរណ៍ កម្មករ​ម្នាក់​គាត់​ធ្វើ​ការងារនៅ​ភ្នំពេញ​បាន​ប្រាក់ខែ170ដុល្លារ តែ​ផ្ទះ​គាត់​នៅ​ខេត្ត គាត់​ត្រូវ​ចំណាយលុយ​ច្រើន ព្រោះ​គាត់​ត្រូវ​បង់​លើ​ថ្លៃ​ជួល​ផ្ទះ​គេ​ផង ថ្លៃ​ទឹក​ភ្លើង​ផង និង​ចំណីអាហារ​ផង។ ចុះ​ប្រសិនបើ​គាត់​នៅ​ខេត្តហើយ​មាន​រោងចក្រ​នៅ​ជិត​ផ្ទះ គាត់​នឹង​សន្សំ​បាន​ច្រើន ហើយ​លុយ​ដែល​គាត់​សល់ គាត់​នឹង​អាច​គិតគូរ​ទិញ​អចលនទ្រព្យ​បាន។

    ចំណុច​មួយទៀត គឺ​យើង​ចង់ឱ្យមាន​ការរៀបចំ​គោលនយោបាយ​សម្រាប់​តំបន់​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​រួចមកហើយ​នៅ​កំពង់សោម។ ក្រោយពេល​មាន​គោលនយោបាយ​តំបន់​សេរី (Free Zone) ភ្លាម យើង​ឃើញថា​កំពង់សោម​មានការ​រីក​ចម្រើន​ភ្លាម​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មាន​គោលនយោបាយ​បែបនេះ​សម្រាប់​តំបន់​ច្រើន​ទៀត យើង​នឹង​អាច​អភិវឌ្ឍ​បាន​គ្រប់​ទីកន្លែង។

    13.តើ​លោក​ឧកញ៉ា​មាន​គោលដៅ​អ្វី​ជា​បន្តទៀត?

    ជាការ​ពិតណាស់ អ្នករកស៊ី​ត្រូវមាន​គោលដៅ​ច្បាស់លាស់។ អ្នករកស៊ី​គេ​មាន​គោលដៅ​គោល 5ឆ្នាំ និង​គោលដៅ​លម្អិត​សម្រាប់មួយឆ្នាំៗ ដើម្បី​ឱ្យដឹងថា ឆ្នាំនេះ​ចង់​ធ្វើ​អ្វី? ហើយ​ឆ្នាំក្រោយ​ចង់​ធ្វើ​អ្វី? ការរកស៊ី​គឺ​ចាំបាច់​ត្រូវមាន​ផែនការមេ ដើម្បី​ដឹង​ឱ្យ​ច្បាស់​ថា យើង​នឹង​ទៅដល់​កន្លែង​ណាខ្លះ? បើ​រកស៊ី​គ្រាន់តែ​ឃើញ​គេ​ធ្វើ​អ្វី ហើយ​យើង​ធ្វើតាម​គេ​នោះ យើង​នឹងមិន​អាចដឹកនាំ​ទីផ្សារ​សម្រាប់ការប្រកួតប្រជែង​បានទេ។ បើ​យើង​នាំមុខគេ យើង​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បានល្អ ព្រោះ​ទម្រាំ​គេ​តាម​ទាន់ យើង​អាច​យក​ដើម​បាន​មកវិញ​រួច​បាត់ទៅហើយ។ នៅ​ឆ្នាំនេះ​យើង​នឹង​បង្កើត​តំបន់ SME និង​មាន​គម្រោង​អភិវឌ្ឍន៍2 ផ្សេងទៀត​នៅ​ឆ្នាំក្រោយ។

    14.សូម​លោក​ឧកញ៉ា​បង្ហាញ​អនុសាសន៍​សម្រាប់​អ្នករកស៊ី​នៅ​កម្ពុជា?

    ជា​ចុងក្រោយ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​យើង ឬ​អ្នករកស៊ី​គួរ​ចេះ​គិតគូរ​ឱ្យបាន​ហ្មត់ចត់ កុំ​ធ្វើតាម​គ្នា។ ខ្មែរ​យើង​បើ​ថា​ចូលចិត្ត​លក់​ពោត គឺ​គាត់​នឹង​នាំគ្នា​លក់​ពោតដូចៗគ្នា។ ជាធម្មតា អ្នកទិញ​គេ​ចង់​ទៅរក​កន្លែង​ដែល​ដូចគ្នា​នោះ តែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ រក​វិធី​ដើម្បី​លក់​ក្រូច​ឱ្យដាច់​នៅ​កន្លែង​លក់​ពោត។ ហេតុនេះ​ក្នុងនាម​ជា​ប្រជាជន​ខ្មែរ ខ្ញុំ​សូម​ជូនពាក្យ 3ម៉ាត់​ទៅ​អ្នក​ទាំងអស់គ្នា ដែល​ទី1គឺ ហ្មត់ចត់ ទី2 គឺ​ត្រូវ​មានការ​តាំងចិត្ត (Commitment) និង​ទី3 គឺ​កុំ​មានចិត្ត​លោភលន់។

    ខ្ញុំ​ចង់​និយាយថា មានមុខ​របរ​មួយ​ដែល​យើង​បាន​សិក្សា​ហើយ​ឃើញថា​ល្អ​ណាស់ តែ​មិន​ចង់ឱ្យ​មិត្ត​ភ័ក្ដិ​ចូល​ហ៊ុន​ជាមួយ​ទេ ចង់​ធ្វើ​តែម្នាក់ឯង អត់​ចង់​ចែក​នំ​ឱ្យគេ​ហូប​ជាមួយ​ទេ តែ​យើង​គួរប្រើ​ពាក្យ​ថា គួរ​ញ៉ាំ​នំ​ធំ​ជាមួយ​គេ ជាជាង​ញ៉ាំ​នំ​តូច​មួយ​តែម្នាក់ឯង ព្រោះថា បើ​យើង​ញ៉ាំ​នំ​ធំ​ជាមួយ​គេ ចំណែក​នំ​ដែល​យើង​នឹង​ទទួលបាន វា​ច្រើនជាង​នំ​តូច​ដែល​យើង​ញ៉ាំ​តែម្នាក់ឯង​នោះ​ទៅទៀត ហើយ​អ្វីដែល​យើង​ទទួលបាន​ថែមទៀត​នោះ​គឺ ទី1 ហិរញ្ញវត្ថុ​ច្រើន និង​ទី2 ចំណេះដឹង ពីព្រោះ​ចំណុចខ្លាំង​របស់​មនុស្សម្នាក់ៗគឺខុសៗគ្នា អ៊ីចឹង​អ្វីដែល​យើង​មិនចេះ គឺ​ត្រូវ​រក​អ្នកចេះ​មកជួយ​យើង ហើយ​ការចាប់​ដៃគូ​ជាមួយគ្នា រឿង​សំខាន់​គឺ ភាពស្មោះត្រង់៕

  • ប៊ុត សីហា ទម្លាយសារជីវិតពិតដែលអ្នកមិនធ្លាប់ដឹង អានហើយស្រក់ទឹកភ្នែក

    ប៊ុត សីហា ទម្លាយសារជីវិតពិតដែលអ្នកមិនធ្លាប់ដឹង អានហើយស្រក់ទឹកភ្នែក

    គ្មាននរណាម្នាក់ដែលមិនមានកំហុសនៅក្នុងជីវិតនោះទេ តែសំខាន់បំផុតគឺការទទួលស្គាល់ពីកំហុសដែលខ្លួនបានប្រព្រឹត្ត និងកែប្រែជីវិតឱ្យដើរលើផ្លូវទៀងត្រង់សុចរិតឡើងវិញ។ តារាចម្រៀង ប៊ុត សីហា ក៏ដូចគ្នានោះដែរ ឱកាសនៅមាន គេនៅស្វាគមន៍លោក អ្នកគាំទ្រទាំងអស់គឺនៅតែមាន ហើយមហាជនក៏លោកចង់ឱ្យ សីហា ក្រោកឈរឡើងវិញជាមួយកម្លាំងចិត្ត និងការប្រព្រឹត្តល្អៗ លែងពាក់ព័ន្ធជាមួយគ្រឿងញៀន។

    ជាមួយគ្នានោះដែរ គ្រាន់តែតារាចម្រៀងប្រុសរូបនេះ បានបញ្ចេញបទចម្រៀងនិពន្ធរបស់ខ្លួននៅលើហ្វេសប៊ុក មិនបានប៉ុន្មានផង ក៏សង្កេតឃើញមានសម្ទុះគាំទ្រយ៉ាងខ្លាំងស្រេចទៅហើយ។ បទចម្រៀងនោះមានចំណងជើងថា «កូនខុសហើយម៉ែ» ជាការរៀបរាប់ពីវិប្បដិសារីរបស់ខ្លួនលោកផ្ទាល់ និងបានសន្យាចំពោះម្ដាយថា និងកសាងគ្រួសារឱ្យមានតែស្នាមញញឹមឡើងវិញ មិនឱ្យមានតែទឹកភ្នែកដូចកាលពីមុនទៀតឡើយ។ សារជីវិតទួញសោករបស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍តាមដានពីរឿងរ៉ាវកម្សត់ផ្ទាល់របស់លោក ក៏ដូចជាការទាក់យកចិត្តមហាជនឱ្យអាណិតស្រឡាញ់លោកឡើងវិញដូចគ្នាដែរ។

    នៅពេលថ្មីៗនេះ លោក ប៊ុត សីហា បានបង្ហោះរូបភាពក្រុមកុមារអត់ឃ្លានមួយ និងបានសរសេររៀបរាប់ពីការតាំងជំហរចិត្តឡើងវិញ ព្រមទាំងផ្ដល់ការសន្យាថា «ពេលខ្លះមើលខ្លួនឯង ហាក់កម្សត់សឹងតែផ្តើមមកពីការឈឺចាប់ ប្រឹងប្រែងទម្រាំតែបានថ្ងៃមួយល្អ ហើយក៏ធ្លាក់ទៅដល់ចំណុចសូន្យវិញ និងអស់ជំនឿលែងចង់បន្តរស់។ តែបើមើលទៅមនុស្សជុំវិញយើងវិញ ហាក់ខុសឆ្ងាយពីពួកយើងណាស់ រកតែបាយចម្អែតក្រពះសឹងមិនបានផង តែពួកគេនៅតែចង់រស់បន្ត(មនុស្សគិតខុសគ្នា)។ បងសូមសន្យានឹងប្អូនៗថា បើបងមានឱកាស ឬក៏បានប្រសើរជាងនេះបន្តិច បងនឹងទៅជួបប្អូនៗនិងច្រៀងលេងជាមួយប្អូនៗម្តងទៀត កន្លងមកបងបានធ្វើវាបានតិចតួចណាស់ តែពីថ្ងៃនេះទៅបងនឹងធ្វើវាឱ្យបានច្រើនជាងនេះ បងសន្យា»៕

    https://www.youtube.com/watch?v=ExzpkrZmgpU

     

  • អាជីវកម្ម​ម្រេច​នឹងមាន​ការរីកចម្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ?

    អាជីវកម្ម​ម្រេច​នឹងមាន​ការរីកចម្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ?

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា៖ ដំណាំ​ម្រេច​នឹងមាន​ការរីកចម្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ ដោយ​រាជរដ្ឋាភិបាល​បានរៀបចំ​គោលនយោបាយ​សមស្រប​មួយ សំដៅ​ធានា​អភិវឌ្ឍន៍​វិស័យ​ដំណាំ​ម្រេច​កម្ពុជា​ប្រកបដោយ​និរន្តរភាព។ លោក​បាន​ថ្លែង​ដូច្នេះ​ក្នុងខណៈ​អញ្ជើញ​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​វេទិកា​ម្រេច​លើក​ទី2 ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី24 ខែមេសា ឆ្នាំ2018។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ និង​បណ្តាញ​ផ្គត់ផ្គង់​ច្បាស់លាស់​ជាមួយ​គោលនយោបាយ​សមស្រប សំដៅ​ធានា​អភិវឌ្ឍ​វិស័យ​ដំណាំ​ម្រេច​កម្ពុជា​ប្រកបដោយ​និរន្តរភាព ហើយ​នៅ​ឆ្នាំ​ខាងមុខ​វិស័យនេះ​នឹង​កាន់តែ​រឹងមាំឡើងៗ ប្រហាក់ប្រហែល​នឹង​វិស័យ​ស្រូវ អង្ករ និង​ដំឡូង​មី​ដែរ។

    ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ដល់​ភាគី​ពាក់ព័ន្ធ​ដើម្បី​អភិវឌ្ឍ​វិស័យ​ដំណាំ​ម្រេច និង​បាន​សំណូមពរ​ដល់​អ្នកជំនាញ​ការ​ជាតិ និង​អន្តរជាតិ​ជួយ​ព​ន្លឿ​ន​ការ​ចងក្រង​សេចក្តីព្រាង​គោលនយោបាយ​ម្រេច​ដើម្បី​ដាក់​ឆ្លង​គណៈកម្មការ​បច្ចេកទេស​អន្តរក្រសួង មុនពេល​ស្នើសុំ​ការអនុម័ត​ពី​រាជរដ្ឋាភិបាល។

    គោលនយោបាយ​នេះ​នឹងត្រូវ​ផ្កោ​ត​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ប្រព័ន្ធ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ប្រព័ន្ធ​ឡូ​ជី​ស្ទីក ជំនួយ​ឥណទាន បច្ចេកទេស​ដាំ​ដុះ​ថែទាំ និង​ការកសាង​ទំនុកចិត្ត​លើ​ទីផ្សារ រាប់ទាំង​ប្រព័ន្ធ​សុវត្ថិភាព គុណភាព ស្លាក​សញ្ញា និង​និមិត្តសញ្ញា​ម្រេច​ខ្មែរ​ជាដើម។

    ឯកឧត្តម​បានបង្ហាញ​ជំនឿ​ថា ប្រសិនបើ​យើង​សហការគ្នា​ធ្វើ​កិច្ចការ​ទាំងនេះ​តាម​តួនាទី និង​ទទួលខុសត្រូវ​តាម​ស្ថាប័ន​រៀងខ្លួន វិស័យ​ម្រេច​នឹងមាន​ការរីកចម្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ក៏ប៉ុន្តែ​បើតាម​អ្នកជំនាញ​ទីផ្សារ​របស់​ក្រុមហ៊ុន អង្គរ​គ្រី​ន អិន​វេស​មិន ឌី​វេឡុ​ប​មេន (AGID) បាន​គូសបញ្ជាក់​ដូច្នេះ​ថា៖ “ចំពោះ​ដំណាំ​ម្រេច បច្ចុប្បន្ន​បើ​កសិករ​យើង​បានធ្វើ​ការដាំដុះ​ដោយមាន​បទដ្ឋាន​ស្តង់ដារ​ត្រឹមត្រូវ​នោះ​យើង​នឹងមាន​ទិន្នផល​ល្អ បើ​មាន​ទិន្នផល​ល្អ​យើង​ពិត​ជាមាន​ទីផ្សារ​ល្អ។ លោក​បានបញ្ជាក់​បន្ថែម​ថា បើ​យើង​ចង់បាន​ទិន្នផល​ល្អ នោះ​យើង​ត្រូវតែ​បណ្តុះបណ្តាល​ឱ្យ​កសិករ​ចេះ​ប្រើប្រាស់​ជី​សម្រាប់​ដំណាំ​នេះ​ឱ្យបាន​ត្រឹមត្រូវ ដែល​សព្វថ្ងៃនេះ​ក្រុមហ៊ុន​យើង​បាន​ជួយ​កសិករ​លើ​បញ្ហា​នេះ​រួមទាំង​វិធានការ​ការពារ​ដំណាំ​នេះ​ផងដែរ។

    លោក ហួរ ភី​នាង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​អង្គរ​គ្រី​ន(AGID)បានឱ្យដឹង​ទៀតថា៖“ប្រសិនបើ​ទីផ្សារ​ល្អ​សង្ឃឹមថា ទិន្នផល 2ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ដែលជា​តួលេខ​បច្ចុប្បន្ន អាច​នឹង​កើនឡើង តែបើ​វា​ជា​តម្លៃ​ថេរ​នោះ ការកើនឡើង​ប្រហែលជា​មិនអាច​ទៅរួច​ទេ ព្រោះ​កសិករ​គិតថា មិនទាន់​ហ៊ាន​ពង្រីក​កសិដ្ឋាន​របស់​ខ្លួន ព្រោះ​ទីផ្សារ​យើង​វា​ប្រែប្រួល​ទៅតាម​ទីផ្សារ​ប្រទេសជិតខាង។

    សូមបញ្ជាក់ថា ម្រេច​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ដែល​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូល​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ។ បច្ចុប្បន្ន​ម្រេច​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ខេត្ត​ចំនួន19 លើ​ផ្ទៃដី​ប្រមាណ 6,678ហិ​កត​ហើយ​ផ្តល់​ទិន្នផល​ប្រហែល​ជាង 2ម៉ឺន​តោន​ក្នុង​មួយឆ្នាំ។ ការរៀបចំ​វេទិកា​ម្រេច​ថ្ងៃនេះ គឺជា​ដំណាក់កាល​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​វិស័យ​ម្រេច ដើម្បី​បម្រើ​អត្ថប្រយោជន៍​តួអង្គ​ពាក់ព័ន្ធ​ទាំងឡាយ គឺ​ទាំង​អ្នក​ដាំ និង​អ្នកទទួល​ទិញ​ម្រេច​ពី​ប្រជាកសិករ អ្នក​កែច្នៃ​ម្រេច​នាំចេញ និង​អ្នកប្រើប្រាស់​ម្រេច​ជា​គ្រឿងទេស​ទូទៅ​ផងដែរ។

    ផលិតផល​ម្រេច​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ឆ្នាំ2013 មកម្ល៉េះ។ របាយការណ៍​ចុងក្រោយ​របស់​ក្រសួងកសិកម្ម​បានបង្ហាញ​ថា ការផលិត​ម្រេច​ក្នុង​ឆ្នាំ2016 បាន​កើនឡើង ដល់ 20,054តោន ខ្ពស់ជាង 8ដង បើ​ធៀប​នឹង​ឆ្នាំ2013។ ប៉ុន្ដែ ទោះជា​យ៉ាងណា​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម ផលិតផល​ម្រេច​កម្ពុជា​បាន​ធ្លាក់​ថ្លៃ​ពី 10ដុល្លារ 5កាក់​ក្នុង​មួយ​គីឡូក្រាម នៅ​ឆ្នាំ2014 មក​នៅត្រឹម 3ដុល្លារ 4កាក់ ក្នុង​មួយ​គីឡូក្រាម នៅ​ឆ្នាំ2017 កន្លងទៅ៕

  • កក្រើកភ្លូកទឹកភ្លូកដី “គ្រួសារតារាកម្ពុជា” បំផុសសម្លៀកបំពាក់បុរាណខ្មែរនៅក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌ

    កក្រើកភ្លូកទឹកភ្លូកដី “គ្រួសារតារាកម្ពុជា” បំផុសសម្លៀកបំពាក់បុរាណខ្មែរនៅក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌ

    គ្មានអ្នកណាម្នាក់មិនលាន់មាត់សរសើរនោះទេ ចំពោះវត្តមានសមាជិកតារាសិល្បៈរបស់ «គ្រួសារតារាកម្ពុជា» ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ «សម្រស់ឯកវាយនភណ្ឌ ឆ្នាំ2018» វគ្គផ្ដាច់ព្រ័ត្រ នៅពីថ្ងៃទី1 ឧសភា ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ។ តារាជាសមាជិកទាំងអស់ ត្រូវបានគេឃើញរំលេចឡើងក្នុងឈុតសម័យបុរាណយ៉ាងល្អអស្ចារ្យ ដែលធ្វើឱ្យកម្មវិធីទាំងមូលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការស្លៀកបង្ហាញនូវឈុតបុរាណខ្មែរចម្រុះសម័យកាលនោះ។

    ឈុតដែល «គ្រួសារតារាកម្ពុជា» ស្លៀកបង្អួតនៅក្នុងថ្ងៃនោះ រួមមានសម្លៀកបំពាក់ក្នុងសម័យលង្វែក សម័យឧដុង្គសម័យអាណានិគមបារាំង សម័យចតុមុខ សម័យសង្គមរាស្ត្រនិយម និងពិសេសជាងគេគឺការបង្ហាញខ្លួនរបស់តារាជាកូនក្រុមក្នុងសម័យអង្គរបានលេចឡើងត្រដែតពេញក្នុងកម្មវិធីតែម្ដង។ រូបសម្រស់ក្នុងឈុតសម័យបុរាណដែលគ្រងដោយតារាសិល្បៈប្រមាណជាង 40រូបរបស់ក្រុមនេះ បានធ្វើឱ្យក្រសែភ្នែកភ្ញៀវជាតិ និងអន្តរជាតិមើលឃើញកាន់តែធំធេងលើសដើម ពីការរួមចំណែកអភិរក្ស និងលើកកម្ពស់ឡើងវិញនូវសម្លៀកបំពាក់ក្នុងសម័យបុរាណទាំងនោះ ដើម្បីបង្ហាញដល់អ្នកជំនាន់ក្រោយ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក «គ្រួសារតារាកម្ពុជា» បានសម្ដែងការកោតសរសើរចំពោះតារាសិល្បៈដែលបានរួមចំណែកចូលរួម ដោយក្រៅពីបានចំណាយពេល នៅបានចំណាយពេលស្រាវជ្រាវ និងចំណាយនូវថវិកាផ្ទាល់ខ្លួន ដើម្បីស្វះស្វែងរកឈុតទាំងនោះ ដើម្បីបំផុសឱ្យខ្មែរ ជាពិសេសបរទេស ស្គាល់ច្បាស់ពីភាពផូរផង់នៃវប្បធម៌ខ្មែរ។ លោកថា«គ្រួសារតារាកម្ពុជា»នឹងរួមចំណែកឱ្យកាន់តែខ្លាំង ដើម្បីឱ្យទម្រង់សម្លៀកបំពាក់បុរាណដែលកាន់តែមានអ្នកមើលរំលង ក្លាយជាទម្រង់នៃការស្លៀកពាក់ដ៏ពេញនិយមមួយ សម្រាប់ការចូលរួមក្នុងកម្មវិធីធំៗ ជាពិសេសដូចព្រឹត្តិការណ៍ប្រកួតសម្រស់ឯកវាយនភ័ណ្ឌលើកទី3 នេះជាដើម។

    លោកបន្ដថា តារាសិល្បៈ គឺជាអ្នកផ្សព្វផ្សាយវប្បធម៌មួយដ៏ធំ ដូច្នេះបើតារាសិល្បៈមិនរួមចំណែកបំផុសឱ្យអ្នកជំនាន់ក្រោយស្រឡាញ់ពេញចិត្តនូវសម្លៀកបំពាក់កាលពីអតីតកាលទាំងនោះទេ គឺមិនខុសពីធ្វើឱ្យទម្រង់ឈុតបុរាណទាំងនោះត្រូវបាត់បង់ឡើយ។  នៅក្នុងព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រដែលបានរកឃើញជយលាភីលេខ1 លេខ2 និងលេខ3 ពីសំណាក់អ្នកចូលរួមប្រកួតជាកម្មករ-កម្មការិនីរោងចក្រនោះក្នុងថ្ងៃនោះ និងគេក៏បានកត់សម្គាល់ដែរថា សម្លៀកបំពាក់គ្រប់ឈុតរបស់បេក្ខនារី បានរចនាឡើង និងឆ្លុះបញ្ចាំងពីទឹកដៃច្នៃប្រឌិត និងចេញជាទម្រង់ខ្មែរសុទ្ធសាធ ជួយលើកសម្រស់កម្មវិធី ជាពិសេសគឺបេក្ខនារីឱ្យលេចធ្លោ។ យ៉ាងណាមិញដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិឱ្យកាន់តែខ្លាំង ប្រធានក្រុមតារារូបនេះបានគ្រោងនឹងបំផុសឱ្យសមាជិករបស់ខ្លួនទាំងជាង200នាក់ក្នុងវិស័យសិល្បៈ រួមចំណែកជួយដល់សិល្បៈបុរាណរបស់ខ្មែរឱ្យបានកាន់តែច្រើនឡើងៗ៕

  • អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal ប្រកាសស្វាគមន៍ផលិតករភាពយន្ដខ្មែរជានិច្ច

    អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal ប្រកាសស្វាគមន៍ផលិតករភាពយន្ដខ្មែរជានិច្ច

    អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal​ តំណាងប្រទេសកម្ពុជាគឺ កញ្ញា ផរ រីណា (pho Ryna) ជាកូនខ្មែរនៅអាមេរិក  នៅពេលថ្មីៗនេះបានមកដល់ប្រទេសកម្ពុជាជាថ្មីម្ដងទៀតដើម្បីបន្តសកម្មភាពសង្គមមួយចំនួនតាមការគ្រោងទុកជាមួយក្រុមការងារ។

    ដោយហេតុតែកន្លងមកមានពាក្យលេចឮថា មានផលិតកម្មធំៗក្នុងស្រុកកំពុងតែសម្លឹងសមត្ថភាពពហុជំនាញរបស់បវរកញ្ញារូបនេះ ទើបខាងក្រុមការងារផលិតកម្មគ្រោងអញ្ជើញឱ្យនាងសម្ដែងភាពយន្ដនៅកម្ពុជា ទោះជាយ៉ាងណាកូនកាត់ខ្មែរអាមេរិករូបនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា នាងមិនទាន់ទទួលបានដំណឹងជាក់លាក់នៅឡើយទេ ប៉ុន្ដែប្រសិនបើដំណឹងនោះជាការពិត នាងសប្បាយចិត្ដក្នុងការសហការជាមួយផលិតករខ្មែរនៅក្នុងស្រុក ដើម្បីផលិតភាពយន្ដឱ្យបានល្អឯក។ អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal ​តំណាងប្រទេសកម្ពុជារូបនេះបន្ថែមថា« ប្រសិនមានឱកាសនោះមែន ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលអាចបញ្ចេញសមត្ថភាពក្នុងសិល្បៈឱ្យប្រជាជនខ្មែរបានឃើញ។ ហើយខ្ញុំក៏ពុំមានការបារម្ភលើការសម្ដែងដែរ ព្រោះនៅសហរដ្ឋអាមេរិកខ្ញុំក៏បានហាត់រៀនជំនាញសិល្បៈជាច្រើនដែរ ដូច្នេះខ្ញុំគិតថា វាមិនលំបាកសម្រាប់ខ្ញុំទេ »។

    សូមជម្រាបបន្ថែមថា កញ្ញា ផរ រីណា បានឆ្លងចូលវគ្គ 10នាក់ចុងក្រោយ មិនតែប៉ុណ្ណោះ ការវិលមកកាន់ប្រទេសកម្ពុជាលើកនេះមានរយៈពេល 3សប្តាហ៍ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលនាងមានគម្រោងចុះទៅតាមខេត្តមួយចំនួន ដូចជា សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់នាងទៅកាន់ប្រជាពលរដ្ឋ៕

  • លោក Klopp៖ Liverpool កំពុងតែ​ទាញយក​អត្ថប្រយោជន៍​ពី Salah

    លោក Klopp៖ Liverpool កំពុងតែ​ទាញយក​អត្ថប្រយោជន៍​ពី Salah

    លោក Jurgen Klopp បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម Liverpool កំពុងតែ​ទាញយក​អត្ថប្រយោជន៍ផ្សេងៗពី​ភាពចាស់ទុំ​ផ្នែក​កីឡាបាល់ទាត់​ដែល​តារា​ឆ្នើម Mohamed Salah មាន អំឡុងពេល​នៃ​ការ​ចំណាយពេល​របស់គេ​នៅឯ​ក្លិប Roma។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​វ័យ 25ឆ្នាំ​រូបនេះ​នឹង​វិល​ទៅកាន់​កីឡដ្ឋាន StadioOlimpico វិញ​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី2 នៅ​រាត្រី​នេះ ដោយ​សម្លឹងមើល​ការរក​គ្រាប់​បាល់​បន្ថែម​ទៅលើ​គ្រាប់​បាល់​សរុប 43គ្រាប់​របស់គេ​នៅ​រដូវ​កាល​នេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន 2គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី1 នា​កីឡដ្ឋាន Anfield កាលពី​សប្តាហ៍​មុននេះ។

    Salah រកបាន​ត្រឹមតែ 34គ្រាប់​ប៉ុណ្ណោះ​ក្នុង​រយៈពេល 2រដូវ​កាល​សម្រាប់​ក្រុម Roma របស់​អ៊ីតាលី។ លោក Klopp បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​របស់​អ៊ីតាលី​ថា៖ «រូបគេ​មាន​ភាពចាស់ទុំ។ រូបគេ​មានការ​ជឿជាក់​នៅទីនេះ។ រូបគេ​បាន​ចេញពី Chelsea ទៅកាន់​ទីក្រុង Florence និង​បាន​ជួប​រដូវ​កាល​ដ៏​ល្អ​មួយ ប៉ុន្តែ​មិនល្អ​ដូច​ស្ថិតនៅ​ជាមួយនឹង Roma ឡើយ ហើយ​បន្ទាប់មក រូបគេ​បាន​អភិវឌ្ឍ ហើយ​បច្ចុប្បន្ន​ជា​កីឡាករ​ដែល​រូបគេ​មាន​ដូច​សព្វថ្ងៃ»។

    គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​គឺជា​ក្រុម​មានសំណាង​ដែលមាន​រូបគេ​នៅពេលនេះ។ ខ្ញុំ​មិនបាន​សូម្បីតែ​ពន្យល់​រូបគេ​ឱ្យបាន​ជាក់លាក់​ទៅលើ​របៀប​នៃ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី។ រូបគេ​បានដឹង​ដោយ​ខ្លួន​រួចជាស្រេច​ហើយ ប៉ុន្តែ​ខ្សែប្រយុទ្ធនីមួយៗ ក្នុង​ពិភពលោក មិន​ចាប់ផ្តើម​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​វ័យ​ត្រឹម 18ឆ្នាំ​ឡើយ»។

    Liverpool នឹង​នាំយក​ការនាំ​មុខ 5-2 ទៅកាន់​ការប្រកួត​ជើង​ទី2 ខណៈដែល​ពួកគេ​សម្លឹង​រក​ការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប ជា​លើក​ទី8 ប៉ុន្តែ ជា​លើក​ទី1បើ​គិត​ចាប់តាំងពី​ឆ្នាំ2007។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Channel News Asia

  • លោក Zidane ថា Champions League គឺជា DNA របស់ Real

    លោក Zidane ថា Champions League គឺជា DNA របស់ Real

    លោក Zinedine Zidane បានបញ្ជាក់ថា ក្របខ័ណ្ឌ Champions League គឺស្ថិតក្នុង DNA របស់ក្រុម Real Madrid ក្រោយពីក្រុមរបស់លោកបានទម្លាក់ក្រុម Bayern Munich និងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី4 របស់ពួកគេ ក្នុងរយៈពេល 5ឆ្នាំ។

    Real បានទទួលឱកាសក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី3 ជាប់ៗគ្នា ក្រោយពីគ្រាប់បាល់បញ្ចូលទី 2គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema និងការការពារដ៏រឹងមាំនៅជិតបញ្ចប់ការប្រកួតបានជួយឱ្យពួកគេ ដណ្តើមបានលទ្ធផលស្មើ 22 ក្នុងការប្រកួតជើងទី2 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារ និងដើម្បីឈ្នះទាំង 2ជើង 43

    Real បានឃើញគូប្រជែងដ៏ខ្លាំងរបស់ខ្លួនគឺ Barcelona ឈ្នះពានក្របខ័ណ្ឌលីរបស់អេស្ប៉ារួចស្រេចហើយនៅរដូវកាលនេះ ប៉ុន្តែលោក Zidane បានបញ្ជាក់ថា យុទ្ធនាការក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប តែងតែនាំយកទម្រង់លេងដ៏ល្អបំផុតពីក្រុមរបស់លោក ដែលបានឈ្នះពាននេះសរុបចំនួន 12លើក។

    គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឱ្យដឹងថា៖ «វាកំពុងតែស្ថិតក្នុងចង្វាក់ DNA របស់ក្លិបនេះ។ យើងមិនបញ្ឈប់ការប្រជែងរហូតដល់នាទីចុងក្រោយ ដូចដែលកីឡាកររបស់ក្រុម Bayern បានធ្វើនៅរាត្រីនេះអ៊ីចឹង»

    Zidane បានបញ្ជាក់ថា Benzema បានទទួលឱកាសរបស់គេក្នុងការចូលលេងក្នុងជម្រើសទាំង11នាក់ដំបូង ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានចូលត្រឹមតែជាកីឡាករបម្រុង ក្នុងការប្រកួតជើងទី1 ក្នុងទីក្រុង Munich កាលពីសប្តាហ៍មុន៕

    ប្រភពពី៖ Channel News Asia

  • ក្រុមហ៊ុន Huttons CPL ជាតំណាង​ផ្នែក​លក់​ខុន​ដូ The Seagate Suite បង្ហាញ​ពី​សក្តានុពល​វិនិយោគ​ដល់​អតិថិជន​របស់ខ្លួន

    ក្រុមហ៊ុន Huttons CPL ជាតំណាង​ផ្នែក​លក់​ខុន​ដូ The Seagate Suite បង្ហាញ​ពី​សក្តានុពល​វិនិយោគ​ដល់​អតិថិជន​របស់ខ្លួន

    ដើម្បីឱ្យ​អតិថិជន​បាន​យល់​ពី​សារៈប្រយោជន៍​នៃ​ការទិញ​ខុន​ដូ Seagate Suite ដែលមាន​ទីតាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន Huttons CPL ដែលជា​ក្រុមហ៊ុន​តំណាង​ផ្នែក​លក់​គម្រោង​ខុន​ដូ​ខាងលើ​បានរៀបចំ​ពិធី​ជួបជុំ​ដ៏​អធិកអធម​មួយ​ជាមួយ​អតិថិជន​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី28 ខែមេសា ម្សិលមិញ​នេះ។

    លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Huttons CPL មានប្រសាសន៍ថា ការជួបជុំ​ជាមួយ​អតិថិជន​នាពេលនេះ​គឺ​ដើម្បី​ធ្វើការ​បង្ហាញ​អំពី​​សក្តានុពល​នៃ​ការវិនិយោគ​លើ​ការទិញ​ខុន​ដូ​ដ៏​ខ្ពស់​ស្កឹមស្កៃ សម្រាប់​ស្នាក់នៅ ឬ​ជួល​បន្ត​ទៅឱ្យ​អតិថិជន​ស្នាក់​នៅក្បែរ​ឆេ្នរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​មួយ​ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​ខ្លាំងជាងគេ​បំផុត​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​ឆ្នេរសមុទ្រ។

    លោក​បន្តថា ខុន​ដូ The Seagate Suite គឺជា​ខុន​ដូ​ដែល​ខ្ពស់​ជាងគេ​បង្អស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​កម្ពស់​ដល់​ទៅ 43ជាន់ ស្មើនឹង 1118 units នៅជាប់​មាត់សមុទ្រ​ដែលមាន​ឆ្នេរ​ស្រស់ស្អាត​ជាប់​ចំណាត់ថ្នាក់​លេខ13នៅលើ​ពិភពលោក​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត The New York Time កាលពីពេលថ្មីៗកន្លងទៅ។ ក្រៅតែពី​សក្តានុពល​ខាង​ផ្នែក​វិស័យ​ទេសចរ​ណ៍ហើយ ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​មាន​សក្ដានុពល​ក្នុងការ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស។

    សក្តានុពល​នៃ​ការដឹកជញ្ជូន​គឺថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ មាន​ផ្លូវ​រថភ្លើង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​ត្រឹមតែ​ជិត 200គីឡូម៉ែត្រ​ប៉ុណ្ណោះ​នាពេលឆាប់ៗនេះ​ទៀតផង។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ផលចំណេញ​គឺថា ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​នាពេលខាងមុខ ដោយសារតែ​ជនបរទេស​សម្លឹង​ឃើញ និង​បាន​ចូលមក​បោះទុន​វិនិយោគ​កាន់តែច្រើនឡើងៗនា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ជនជាតិ​ចិន​តែម្តង ដែល​ធ្វើឱ្យ​តម្លៃ​ដីកា​លពី​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ 500 ឬ600ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​នោះ បច្ចុប្បន្ន​ឡើងថ្លៃ​ដល់1500 ឬ2000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ស្មើនឹង​ដី​ក្នុង​តំបន់​ទួលគោក​ក្នុង​ក្រុងភ្នំពេញ​ដែរ ហើយ​ថា​តម្លៃ​ដី​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត​ដូច​តំបន់​បឹង​កេងកង​ដែរ នៅពេល​បរទេស​បោះទុន​វិនិយោគ​សាងសង់​គម្រោង​អគារធំៗនៅ​ទីនោះ។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​អគារ​ស្នាក់នៅ ឬ​ជួល​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ នៅតែមាន​ចំនួន​តិចជាង​តម្រូវការ​ប្រើប្រាស់ ពិសេស​ពេល​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទានផ្សេងៗ ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ពេលខ្លះ​ថែមទាំង​រក​ជួល​ស្នាក់នៅ​មិនបាន​ទៀតផង ដូច្នេះ​បើសិនជា​អតិថិជន​ទិញ​ហើយ​ទុក​ជួល​វិញ​នោះ ច្បាស់​ជា​ទទួលបាន​ប្រាក់ចំណេញ​កាន់តែច្រើន​មិន​ខាន។

    លោក​ឧកញ៉ា ចេង ខេង បាន​បញ្ជាក់ថា ចង់បាន​ប្រាក់ចំណេញ​ច្រើន​ត្រូវ​វិនិយោគ​លើ​អចលនវត្ថុ ហើយ​រង់ចាំ​ឡើងថ្លៃ កុំ​រង់ចាំ​ឡើងថ្លៃ​ហើយ​បាន​វិនិយោគ នាំឱ្យ​ហួសពេល​សល់​តែ​ពាក្យ​ស្តាយក្រោយ៕

  • អតីតបេក្ខភាពThe Cambodia Idol កញ្ញា សោភា ទេពី ប្រកាសទទួលការងារសិល្បៈគ្រប់ទម្រង់មិនប្រកាន់ខ្លួនឡើយ

    អតីតបេក្ខភាពThe Cambodia Idol កញ្ញា សោភា ទេពី ប្រកាសទទួលការងារសិល្បៈគ្រប់ទម្រង់មិនប្រកាន់ខ្លួនឡើយ

    នាឱកាសម្ពោធហាងកាហ្វេ Inthanin នៅម្ដុំបឹងកេងកងដែលមានមហាជនចូលរួមច្រើនកុះករ នៅក្នុងនោះបានជួបតារាស្រី និងជាអតីតប្រលងកម្មវិធីចម្រៀងលំដាប់ពិភពលោក បេក្ខភាព The Cambodia Idol កញ្ញា សោភា ទេពី បានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា តាំងពីនាងមិនទាន់ចូលប្រឡងកម្មវិធីលំដាប់ពិភពលោកមកម្លេះ គឺនាងមិនបានប្រកាន់ខ្លួនថាធ្លាប់ជាបេក្ខភាពក្នុងការប្រឡងកម្មវិធីលំដាប់ពិភពលោកឡើយ រាល់ការងារទាក់ទងនិងសិល្បៈគឺនាងអាចទទួលបានទាំងអស់។

    ស្របគ្នានោះដែរ ការចូលរួមកម្មវិធីសម្ពោធដែលមានតារាសិល្បៈជាច្រើនចូលរួមបែបហ្នឹងក្រៅពីទទួលបានអារម្មណ៍រីករាយពីការជួបជុំគ្នាហើយ វាក៏ជាការងារមួយផ្នែកនៃសិល្បៈធ្វើឱ្យនាងចំណេញក្នុងការផ្សព្វផ្សាយប្រជាប្រិយភាពខ្លួនផងដែរ។

    កញ្ញាសោភា ទេពី បញ្ជាក់ថា «ក្រោយពីបានប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោករួចហើយ មានប្រិយមិត្ដជាច្រើនស្គាល់ខ្ញុំ ជាងមុនដូច្នេះខ្ញុំត្រូវចូលរួមក្នុងសកម្មភាពបែបហ្នឹង ដើម្បីពង្រីកប្រជាប្រិយភាពបន្ថែមទៀត។ ជាក់ស្ដែងនៅពេលខ្ញុំមកមានបងប្អូនសួរនាំច្រើនពីការងារសិល្បៈរបស់ខ្ញុំ ស្គាល់ខ្ញុំថា ជាបេក្ខនារីក្នុងកម្មវិធីពិភពលោក ខុសប្លែកពីមុនពេលខ្ញុំចូលប្រឡងក្នុងកម្មវិធីចម្រៀង។ ម្យ៉ាងក្នុងនាមជាអ្នកសិល្បៈខ្ញុំមិនអាចប្រកាន់ពេកនោះទេ ព្រោះការងារអ្វីក៏បានផ្ដល់តម្លៃឱ្យខ្ញុំដែរសំខាន់ឱ្យតែបានមហាជនស្គាល់ច្រើន»។

    គួរបញ្ជាក់ផងដែរថា ដើម្បីពង្រីកប្រជាប្រិយភាពឱ្យកាន់តែខ្លាំង តារាស្រីវ័យ16 ឆ្នាំរូបនេះបន្ថែមថា គោលដៅអនាគតនាងចង់ទទួលបានការគាំទ្រពីមហាជនមិនថា ទោះបីជាតាមរយៈការច្រៀង សម្ដែង ឬពិធីការិនីក៏ដោយ និងសព្វថ្ងៃទាល់តែយើងមានជំនាញច្រើន បើមិនដូច្នោះទេ មិនអាចដើរទាន់សភាពការនៃការវិវត្ដនៃសិល្បៈបានទេ បើយើងចេះច្រើនទោះគេត្រូវការជំនាញអ្វីក៏យើងអាចទៅបាន៕

  • នុន វរៈនុត និយាយរឿងពិតមួយពេលមកដល់ប្រទេសកម្ពុជាជាលើកដំបូង

    នុន វរៈនុត និយាយរឿងពិតមួយពេលមកដល់ប្រទេសកម្ពុជាជាលើកដំបូង

    នៅព្រឹកថ្ងៃទី 28 ខែមេសា ឆ្នាំ 2018 នេះ កំពូលតារាសម្ដែងស្រីថៃអ្នកនាង នុន វរៈនុត ដែលប្រមិយមិត្តអ្នកគាំទ្របានស្គាល់ថាជានាង ឡាំយ៉ងទី 2 នៃរឿងភាគ « មាសទឹកប្រាំបួន » តាមរយៈការដាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ PNN កន្លងទៅនោះ នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូងតាមរយៈការផ្ដល់កិត្តយស និងអញ្ចើញចូលរួមសម្ពោធការកាហ្វេ អ៊ីនថានីន ( Inthanin Cofee ) នៅសាខាទី 2 ម្ដុំបឹងកេងកង លើផ្លូវប៉ាស្ទើ ។

    កំពូលតារាស្រីជួរមុខរូបនេះ បានសម្ដែងសេចក្ដីត្រេកអរជាក្រៃលែង ខណៈបានជួបជាមួយតារាប្រុសស្រីនៅក្នុងប្រទេសកម្ពុជា និងជាពិសេសអ្នកគាំទ្ររូបនាងនៅទីនេះ សឹងតែរកនិយាយអ្វីមិនត្រូវទាល់តែសោះ បានតែញញឹមញញែមផ្ដល់ក្ដីស្រឡាញ់ ការរាក់ទាក់ថតរូបជាមួយគ្នាតែប៉ុនណោះ។ តារាស្រីវ័យជាង 37 ឆ្នាំរូបនេះ បាននិយាយប្រាប់អ្នកសារព័តមាន​ ឡារ៉ែន ថា នាងមានក្ដីរំភើបពិតមែន ដែលបានមកដល់ប្រទេសកម្ពុជា បើមិននឹកស្មានថា កម្ពុជា ទទួលស្វាគមន៍នាងបានល្អ និងកក់ក្ដៅដល់កម្រិតនេះសោះ។ នាងបន្ដថា បន្ទាប់ពីជំនួបជាមួយអ្នកគាំទ្រកម្ពុជាទាំងអស់នៅពេលរសៀលរួចហើយ ការមកដល់ប្រទេសកម្ពុជាដំបូងនេះ នាងគ្រោងបន្ដដំណើរទៅទស្សនាតំបន់ទេសចរណ៍សំខាន់មួយកន្លែងនៅក្នុងទឹកដីខេត្តសៀមរៀប។

    អ្នកនាង នុន វរៈនុត បញ្ជាក់ផងដែរថា អរគុណដល់បណ្ដារអ្នកគាំទ្រកម្ពុជាទាំងអស់ បានស្រឡាញ់នូវការសម្ដែងរបស់នាងកន្លងមក និងជួយបន្ដគាំទ្របន្ថែមទៀត ព្រោះថា ថ្មីៗខាងមុខនេះ អ្នកនាងមានរឿងភាគល្អមើលជាច្រើន ដើម្បីបំពេញទស្សនីយអារម្មណ៍មហាជនទាំងអស់ទៀត និងមានឱកាសល្អ អ្នកនាងនិងវិលត្រឡប់មកជួយប្រិយមិត្តអ្នកគាំទ្រម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ។ អ្នកនាងប្រាប់ថា អ្នកគាំទ្រកម្ពុជា និងប្រជាជនកម្ពុជា ពិតជាស្អាតៗ និងគួរឱ្យស្រឡាញ់ខ្លាំងបំផុត៕