Category: សង្គម និងសេដ្ឋកិច្ច

  • តោះ! ទៅ​ទស្សនា​ផ្ទះ​ចម្លែក​ នៅក្នុង​ប្រទេស​ហូ​ឡង់​ទាំងអស់គ្នា

    តោះ! ទៅ​ទស្សនា​ផ្ទះ​ចម្លែក​ នៅក្នុង​ប្រទេស​ហូ​ឡង់​ទាំងអស់គ្នា

    ស្ថាបត្យករនីមួយៗតែងតែ​រិះរក​គំនិតប្លែកៗ ដើម្បី​គូរ​ប្លង់​ស្ថាបត្យកម្ម​សំណង់​អគារ​លំនៅឋាន ឬ​អគារ​ពាណិជ្ជកម្ម​នានា ដែល​ជាការ​បន្សល់ទុក​នូវ​ស្នាដៃ ក៏ដូចជា​ការចងចាំ​សម្រាប់​ប្រជាជន​របស់ខ្លួន។ ពេលនេះ​យើង​សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់​ទៅ​ទស្សនា និង​ស្វែងយល់​ពី​សំណង់​ស្ថា​ត្យ​កម្ម​លំនៅឋាន​ថ្មី​មួយកន្លែង​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​សំណង់​លំនៅឋាន​ទូទៅ ហើយ​វារឹតតែ​អស្ចារ្យ​បំផុត ខណៈដែល​សំណង់​លំនៅឋាន​ដែល​ស្ថិតនៅ​ប្រទេស​ហូ​ឡង់ មាន​ឈ្មោះថា​ផ្ទះ Cube House ឬ​ហៅ​ជា​ភាសា​ហូ​ឡង់​ថា Kubuswoningen ត្រូវបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា​ជា​ហូរហែ។

    Cube House គឺជា​ផ្ទះ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ត្រូវបាន​សាងសង់ឡើង​នៅ​ទីក្រុង Rotterdam និង Helmond ប្រទេស​ហូ​ឡង់។ ផ្ទះ​នេះ​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ លោក Piet Blom ដែល​ផ្អែកលើ​គំនិត​នៃ “ការរស់នៅ​លើកដំបូង​នៃ​ទីប្រជុំជន” ខណៈដែល​លំនៅឋាន​នៅក្នុង​ទីក្រុង​ដែលមាន​ដង់ស៊ីតេ​ខ្ពស់​នេះ មាន​ទំហំ​សមស្រប​ទៅនឹង​ទំហំ​ដី ដោយ​រាប់បញ្ចូល​ពី​គោលបំណង​ចម្បងធំៗរបស់​វា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទំហំ​នៅ​ខាងក្នុងលំនៅឋាន។

    ការ​រចនា​របស់​វិចិត្រករ​នេះ គឺជា​តំណាងឱ្យ​ភូមិ​មួយ​នៅក្នុង​ទីក្រុង ដែល​ផ្ទះនីមួយៗតំណាងឱ្យ​ដើមឈើ​មួយ​ដើម និង​ផ្ទះ​ទាំងអស់គ្នា​គឺជា​ព្រៃ។ គំនិត​នៃ​ផ្ទះ Cube នៅ​ជុំវិញ​ពិភពលោក គឺ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ជា​អចិន្ត្រៃយ៍ មានដូចជា​ទីធ្លា​ផ្ទះ ទាំង​ការបែងចែក​បន្ទប់​នៅ​ខាងក្នុង។ ការសាងសង់​សាកល្បង​ចំនួន​បី​ដង ដោយ​លើកដំបូង​នៅក្នុង​ឆ្នាំ1974 និង​នៅ​ឆ្នាំ1977 ដែល​មានផ្ទះ​ចំនួន18 ត្រូវបាន​សាងសង់​នៅក្នុង​ទីក្រុង Helmond។  ផ្ទះ​ជាច្រើន​តម្រូវឱ្យ​សាងសង់​ពី​ឈើ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ដឹង​នោះទេ។ ផ្ទះ​នៅ Rotterdam ត្រូវបាន​គេ​រចនា​ឡើង​ក្នុង​ឆ្នាំ1977 ក្នុង​ផែនការ55 ដែល​ក្នុងនោះ​ផ្ទះ​ចំនួន39 ត្រូវបាន​សាងសង់។ ផ្ទះ Cube ស្ថិតនៅក្នុង​ទីក្រុង Helmond បាន​ហ៊ុមព័ទ្ធ​ដោយ​រោង​មហោស្រព​មួយ​ឈ្មោះថា Theatre Speelhuis។

    ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងផ្ទះ​នេះ ត្រូវបាន​រំខាន​ជា​ញឹកញាប់​ដោយសារ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ចង់ដឹង ចង់ឃើញ។ ម្ចាស់ផ្ទះ​ម្នាក់​បានសម្រេច​ចិត្ត​បើក “បង្ហាញ​ផ្ទះ​គំរូ” ដើម្បី​ទាក់ទាញ និង​ផ្តល់ឱកាស​ឱ្យភ្ញៀវ​ទេសចរមក​ចូល​លេង​កម្សាន្ត និង​រស់នៅ។ ផ្ទះ​នេះ​មាន​បី​ជាន់​រួមមាន ជាន់​ទី1មាន​បន្ទប់ទទួលភ្ញៀវ និង​ផ្ទះបាយ ជាន់​ទី2 មាន​បន្ទប់​គេង​ពីរ និង​បន្ទប់ទឹក​ និង​ជាន់​ទី3 ខាងលើ​បង្អស់​ត្រូវបាន​ប្រើ​ជា​សួនច្បារ​តូច​មួយ។

    ជញ្ជាំង និង​បង្អួច​នៃ​ផ្ទះ​នេះ ត្រូវបាន​គេ​ធ្វើឱ្យមាន​រូបរាង​កោង​ក្នុង​កម្រិត54,7ដឺ​ក្រេ។ ផ្ទៃដី​សរុប​នៃ​ផ្ទះ​ទាំងមូល​មាន​ទំហំ​ប្រហែល100ម៉ែត្រការ៉េ។ នៅ​ឆ្នាំ2006 សារមន្ទីរ​មួយ​ត្រូវបាន​បើក​នៅក្រោម​ផ្ទះ​នោះ ហើយ​នៅ​ឆ្នាំ2009 ផ្ទះធំៗ ត្រូវបាន​បំ​លែង​ទៅជា​សណ្ឋាគារ ហើយ​ក្រោយមក​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ Stayokay របស់​ប្រទេស​ហូ​ឡង់៕

  • តោះ! ជិះ​រថយន្ដ Sky Bike ទស្សនា​សម្រស់​ទឹកសមុទ្រ​នាពេល​ថ្ងៃ​លិច

    តោះ! ជិះ​រថយន្ដ Sky Bike ទស្សនា​សម្រស់​ទឹកសមុទ្រ​នាពេល​ថ្ងៃ​លិច

    យើង​ជឿថា​អ្នក​ដែល​ធ្លាប់​ធ្វើដំណើរ​កម្សាន្ដ​ទៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​ធ្លាប់បាន​ប្រទះឃើញ​រថយន្ដ Sky Bike ដែលជា​ប្រភេទ​យានយន្ដ​តូច​មួយ​ស្រដៀង​ទៅនឹង​រថភ្លើង ហើយ​ជិះ​កម្សាន្ដ​អារម្មណ៍​លេង​នាពេល​រសៀល​ថ្ងៃ​រៀប​លិច គយគន់​មើល​រលក​ទឹកសមុទ្រ​ភ្លេកៗប្រដេញ​គ្នា​យ៉ាង​សប្បាយ​ក្អាកក្អាយ។ នៅក្នុង​អំឡុងពេល​រដូវ​ស្លឹកឈើ​ជ្រុះស្លឹកឈើ​តែង​ប្ដូរ​ពណ៌​យ៉ាង​ស្រស់ស្អាត គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​និយម​ជិះ​លេង​កម្សាន្ដ ហើយ​បាន​ពោល​ពាក្យ​សរសើរ​ពី​សម្រស់​ទេសភាព​នៅ​ទីនោះ​ថា ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ប្រៀប​បីដូច​ជា​កំពុងតែ​ស្ថិតនៅក្នុង​ស្ថានសួគ៌ពិតៗ។

    ជាទូទៅ មាន​គូស្នេហ៍​ជាច្រើន​គូ​តែង​ចូលចិត្ត​ជិះ​រថយន្ដ Sky Bike នេះ​ខ្លាំងណាស់ គឺ​ពួកគេ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ ខណៈដែល​បានឃើញ​ទេសភាព​ជុំវិញខ្លួន​ដែលមាន​សភាព​ស្រស់ត្រកាល​បែបនេះ។ សូម​ណែនាំ​អំពី Daecheon Sky Bike ឬ​មានឈ្មោះ​ម្យ៉ាង​ទៀតថា Boryung Sky Bike គឺជា​ប្រភេទ​យានយន្ដ​ផលិតថ្មី ដែលមាន​រូបរាង​លក្ខណៈ​ស្រដៀង​ទៅនឹងរថភ្លើង ដែល​អ្នក​អាច​ជិះ​កម្សាន្ដ​តាម​ដង​ឆ្នេរសមុទ្រ​បាន។ ថ្មីៗនេះ ប្រទេស​កូរ៉េខាងត្បូងមាន​គម្រោង​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ ដើម្បី​អបអរ​នូវ​ការគាំទ្រ​រថយន្ដ Sky Bike ថ្មី​សន្លាង​នោះ​គឺ Boryeong Mud Festival និង​គ្រោង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខេត្តសុង​ឆ​ង។ សូម​ជម្រាប​បន្ថែមថា រថយន្ដ Sky Bike អាច​ជិះ​កម្សាន្ដបានត្រឹមតែ​មនុស្ស2ទៅ3នាក់​តែប៉ុណ្ណោះព្រោះវា​មាន​ទំហំ​តូច និង​អាចធ្វើឱ្យ​លោកអ្នក​ស្លុង​អារម្មណ៍​ជាមួយនឹង​ទឹកសមុទ្រ​បាន​យ៉ាង​ល្អ។

    ចំពោះ​តារាង​តម្លៃ​សំបុត្រ​សម្រាប់​មនុស្សពេញវ័យ​មានដូចជា ៖
    • 2នាក់ /រថយន្ត : 22,000វ៉ុ​ន
    • 3នាក់ /រថយន្ដ : 26,000វ៉ុ​ន
    • 4នាក់ /រថយន្ត : 30,000វ៉ុ​ន

    សម្រាប់​សំបុត្រ​កុមារ​ដែលមាន​កម្ពស់​មិន​លើសពី120 CM គឺ ៖
    • ក្មេង2នាក់ /រថយន្ដ : 24,000វ៉ុ​ន
    • ក្មេង​ម្នាក់ និង​មនុស្សពេញវ័យ2នាក់ ទាំងអស់3នាក់ /រថយន្ដ : 28,000វ៉ុ​ន
    • កុមារ2នាក់​មនុស្សពេញវ័យ /រថយន្ត : 26,000វ៉ុ​ន
    ការធ្វើដំណើរ​មកកាន់​កន្លែង​កម្សាន្ដ​មួយ​នេះមាន4គោលដៅ​គឺ៖

    1. ជិះឡាន​ក្រុង​នៅ​ស្ថានីយ​រថយន្តក្រុង Express Bus ទៅកាន់​ស្ថានីយ​ចំណតរថយន្ត​ក្រុង Boryeong ហើយ​បន្ទាប់​ឡើង​ឡានក្រុង​លេខ100 ឬ101។ ចំណាយ​ពេ​ល​ជិះឡាន​ក្រុង​ប្រហែល30នាទី ពី Fountain Plaza ទៅកាន់ ​Busan Junction ប្រហែល300ម៉ែត្រ​បន្ថែមទៀត។

    2. ជិះ​រថភ្លើង​ក្រោម​ដី​ទៅ​ស្ថានីយ៍​យ៉ុងសាន ដោយ​ឡើង​រថភ្លើង​ទៅ​សេ​មូល និង មូ​កាំ​ង​វ៉ា។

    3. ចំពោះ​គោលដៅ KTX (ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​បំផុត)គឺ​ត្រូវ​ជិះ​ពី​ស្ថានីយ៍ Yongsan សូម​ទៅកាន់​ស្ថានីយ៍ Cheonan Asan រួច​ផ្លាស់​ទិសដៅ​ទៅកាន់​ស្ថានីយ៍ Daecheon។ ចំណាយពេល​ប្រហែលជា30នាទី បន្ទាប់មក​ដើរ300ម៉ែត្រ​មក​ឡើង​រថយន្ដ​ក្រុង​លេខ100 ឬ101 ដើម្បី​ធ្វើដំណើរ​ទៅ​បន្ដ​ទីប្រជុំជន​ឌេ​ហ្សូ​ន ទាំងអស់​ឆ្លងកាត់​ស្លាក​សញ្ញា​ទាំង6។

    4. បើ​ឡើង​ពី​ស្ថានីយ​ចំណត​រថយន្ដក្រុង Daejeon Seobu intercity bus terminal ចូរ​ជិះ​រថយន្ដក្រុង​ទៅកាន់​ផ្លូវ Boryeong Promenade បន្ទាប់មក​ជិះ​រថយន្ត Daecheon លេខ100 ឬ101៕

  • បើក​ប្រវត្តិ​មហាវិហារ Saint Basil ភាពស្រស់ស្អាត​ដែល​ត្រូវ​ដូរ​ដោះ​ដោយ​កែវភ្នែក​របស់​ស្ថាបត្យករ

    បើក​ប្រវត្តិ​មហាវិហារ Saint Basil ភាពស្រស់ស្អាត​ដែល​ត្រូវ​ដូរ​ដោះ​ដោយ​កែវភ្នែក​របស់​ស្ថាបត្យករ

    បើក​ប្រវត្តិសាស្ត្រ​មហាវិហារ សេន​ត៍ បា​ហ្ស៊ី​លនៃ​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​ចេញ​ម៉ូដ​សាង​ឡើង​យ៉ាង​ស្រស់ស្អាត​ល្អ​វិចិត្ររហូតដល់​ក្រុម​ស្ថាបនិក​ត្រូវ​បញ្ជា​ឱ្យ​ខ្វេះ​គ្រាប់ភ្នែក​ចេញ ដើម្បីឱ្យ​ទីកន្លែង​ផ្សេងទៀត​មិនអាច​ប្រៀប​ស្មើ​បាន។

    បើក​ប្រវត្តិ​រឿងរ៉ាវ​របស់​មហាវិហា​រ សេន​ត៍​ បា​ហ្ស៊ី​ល(Saint Basil’s Cathedral) មួយ​ក្នុងចំណោម​មហាវិហារ​ល្បីឈ្មោះ​លំដាប់​ពិភពលោក ដោយ​ភាព​ចម្រុះ​ពណ៌ និង​រូបរាង​ដែល​ស្អាត​ចម្លែក​ភ្នែក​មិន​ដូច​វិហារ​ផ្សេងទៀត។ ស្ថិតនៅលើ​បរិវេណ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​មូ​ស្គូប្រទេស​រុស្ស៊ី វិហារ​មួយ​នេះ​មាន​បញ្ជា​ឱ្យ​សាងសង់ឡើង​ក្នុង​យុគសម័យ​របស់​ស្ដេច ត្យា​អ៊ី​វ៉ា​ន​ ទី4 នៃ​រុស្ស៊ី ឬ​មានរហស្សនាម​ថា “ត្យា​អ៊ីវ៉ានកំពូល​ឃោរឃៅ” ដើម្បី​ជប់លៀង​ឆ្លង​ជ័យជម្នះ​លើ​កងកម្លាំង​ម៉ុង​ហ្គោ​លី​នៅ​ទីក្រុង​ខា​សាន ក្នុង​គ្រិស្តសករាជ 1552 តែ​មហាវិហារ​មួយ​នេះ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ1555។

    វិហារ​មួយ​នេះ​ត្រូវបាន​សាង​ឡើង​ចែកជា​រូប​អគារ​ដូ​ម(Dome) 9ចំណែក ស្ថិតនៅ​ជុំវិញ​ដូ​ម​ទី9 ដែលជា​មណ្ឌលកណ្ដាល មាន​លក្ខណៈ​ជា​អគារ​ដូ​ម​រូបរាង​មើម​ខ្ទឹមបារាំង​ដែលមាន​ពណ៌​ចម្រុះ​ក្បូរក្បាច់​ដែល​ស្មុគស្មាញ​ខុសប្លែក​ពីគ្នា។ ទិដ្ឋភាព​រួម​របស់​វិហារ​មាន​លក្ខណៈ​ជា​រូប​ស្រដៀង​ទៀន​ដែលមាន​អណ្ដាតភ្លើង​ចាំង​ជះ​ពន្លឺ​នៅ​ចុង​កំពូល។ យ៉ាងណាក៏ដោយ កាលពី​ដំបូង តួ​អគារ​ប៉ម​ផ្នែក​ខាងក្រៅ​ជា​ថ្ម​ពណ៌​ស និង​កំពូល​ដូ​ម​គ្មាន​ពណ៌​ចម្រុះ​បែបនេះ​ទេ រហូតដល់​មានការ​ជួសជុល​ឡើងវិញ និង​តុបតែង​បន្ថែម​នៅក្រោយ​សតវត្សរ៍​ទី17។ ក្រៅពីនេះ ទោះជា​មើល​ពី​លក្ខណៈ​ខាងក្រៅ​វិហារ​ទៅ​ឃើញ​រាង​ធំ​ទូលាយ​មែន តែ​ខាងក្នុង​វិញ​ហាក់ដូចជា​តូច និង​ចង្អៀត​បន្តិច។

    ស្ថាបនិក​អ្នក​គូរ​ម៉ូដ​ព្រះវិហារ​មួយ​នេះ​មាន​ឈ្មោះថា ផូ​ស្ត៍​និក យ៉ា​ខូវ​លេ​ហ្វ( Postnik Yakovlev) តែ​យ៉ាងណាក៏ដោយ គ្មាន​នរណា​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដថា ក្រោយពី​គូរ​ម៉ូដ​វិហារ​មួយ​នេះហើយ មូលហេតុ​អី​បានជា​រូបគាត់​ពិការភ្នែកមើល​អ្វី​លែងឃើញ​នោះឡើយ? មាន​ត្រឹមតែ​រឿងតំណាលតៗគ្នា​ដោយ​អ្នកស្រុក​ដែលថា គាត់​ត្រូវ​ស្ដេច ត្យា​អី​ុ​វា​៉​ន មហា​ឃោរឃៅ​បញ្ជា​ឱ្យគេ​ខ្វេះ​គ្រាប់ភ្នែកគាត់​ចោល ដើម្បីឱ្យ​គាត់​មិនអាច​ទៅ​គូរ​ម៉ូដ​ទីកន្លែង​ផ្សេង​ឱ្យ​ស្រស់ស្អាត​វិចិត្រ​ដូចទីនេះ​បាន​ទៀត។

    សម្រាប់​ឈ្មោះ​របស់​ព្រះវិហារ​មួយ​នេះ ពី​ដើម​មាន​ឈ្មោះថា មហាវិហារ​នៃ​ការ​អធិដ្ឋាន​របស់​ព្រះ​មាតា​ម៉ា​រី (Cathedral of the Intercession of the Virgin) មុននឹង​ត្រូវបាន​ហៅ​ឈ្មោះ​តាម​បព្វជិត សេន​ត៍ បា​ហ្ស៊ី​ល ឬ​ពី​ដើមដែលមាន​ឈ្មោះថា វ៉ា​ស៊ី​លី ប្លា ហ្សេ​ន​នី(Vasily Blazhenny) អ្នក​ដែលមាន​តួនាទី​ខ្លាំង​ចំពោះ​វប្បធម៌​រុស្ស៊ី​មកជា​ច្រើន​សតវត្សរ៍ ដែល​ជាទី​ទទួលស្គាល់ថា មាន​ទេពកោសល្យ​ខាង​ការ​ព្យាករទស្សន៍ទាយ​ជោគជតា។ គាត់​អាច​ទស្សន៍ទាយ​រឿងរ៉ាវ​នៃ​សេចក្ដីស្លាប់ និង​ហេតុការណ៍ផ្សេងៗដែល​កើតឡើង​ក្នុង​អតីតកាល​បាន​យ៉ាង​ឆុតហើយ​ថែមទាំង​ជា​មនុស្ស​ដ៏​កម្រ​ម្នាក់​ដែល​អាច​និយាយ​ដាស់តឿន​ស្ដេច ត្យា​អី​ុ​វ៉ាន កំពូល​ឃោរឃៅ​អំពី​ទង្វើ​របស់​ព្រះអង្គ​បាន។ ពេល​គាត់​ស្លាប់​នៅ​ថ្ងៃទី15 ខែសីហា ឆ្នាំ1557 សាកសព​របស់គាត់​ត្រូវបាន​បញ្ចុះ​នៅ​ជិត​នឹង​វិហារ​នោះ​ក្នុងអំឡុងពេល​កំពុង​សាងសង់។ បន្ទាប់ពី​នោះមកគាត់​ក៏បាន​ទទួល​ការលើក​ឋានៈ​ឱ្យ​ក្លាយជា​បព្វជិត មាន​ភាព​ស័ក្តិសិទ្ធិ ដោយមាន​មនុស្សម្នា​នាំគ្នា​មក​សូត្រមន្ត​នៅ​នឹង​ផ្នូរ​សព​របស់គាត់ រហូតក្លាយជា​ពាក្យស្លោក​ដែលថា “សូត្រមន្ត​ភាវនានៅឯ​មហាវិហារ សេន​ត៍ បា​ហ្ស៊ី​ល” ទើប​ឈ្មោះ​របស់​មហាវិហារ​នេះ​ក្លាយ​ជាទី​ពេញនិយម​ខ្លាំង​បំផុត។

    មហាវិហារ​មួយ​នេះ រួច​ផុតពី​មហន្ត​ភ័យផ្សេងៗជាច្រើន ទាំង​គ្រោះធម្មជាតិ ហេតុការណ៍​អគ្គិភ័យ និង​ពី​ការ​ត្រូវ​សត្រូវ​រុករានដោយ​នៅតែ​តាំង​ជ្រងោ​លើ​ផ្ទៃដី​កន្លែង​នោះ​អស់​រយៈពេល​យូរ​ជាង400ឆ្នាំ​មកហើយ។ បច្ចុប្បន្ន​មហាវិហារ​មួយ​នេះ​មិនមែនជា​វិហារ​ទៀត​ទេ តែ​បាន​ក្លាយជា​សារមន្ទីរ​ដែលមាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ដែលជា​លែ​ន​ដ៍​ម៉ាក​សំខាន់​របស់​ប្រទេស​ដែល​បើក​ឱ្យ​ភ្ញៀវទេសចរ​បានធ្វើ​ដំណើរ​ចូលទៅ​ទស្សនា​នូវ​ភាពស្រស់ស្អាត​ដ៏​វិចិត្រ​ទាំងនោះ៕

  • អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

    មិនចង់និយាយទេ តែបើនិយាយហើយ គឺទប់ចិត្តមិនបានតែម្ដង ព្រោះស្របពេលដែលកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយដួង គឺលោកព្រាប សុវត្ថិ កំពូលតារាចម្រៀងបុរស ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះល្បីល្បាញអស់រយៈពេល 20ឆ្នាំជាងមកហើយនោះ ងាកមកចាប់ដៃគូចម្រៀងជាមួយនឹងនាងមាស សុខសោភា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ។ អូហូ!!!! ពិតជាស័ក្ដិសមគ្នាឥតខ្ចោះតែម្ដង ទាំងបច្ចេកទេសការប្រើសំឡេងច្រៀង ការផ្ដោះផ្ដង កាយវិការស៊ីចង្វាក់គ្នា។ និយាយទៅ មិនឱ្យសរសើរ គឺមិនបានតែម្ដង(ហាស ហាស ហា!)។

    ជាការពិតណាស់ប្រិយមិត្តរបស់សារព័ត៌មាន ឡារ៉ែន ជាទីគោរព! កំពូលតារាចម្រៀងទាំងពីរដួងពិតជាកម្រនឹងមានឱកាសសម្ដែង ឬបកស្រាយបទចម្រៀងរួមគ្នាជូនទស្សនិកជនបានទស្សនាណាស់ មិនថាតាមប៉ុស្តិ៍ទូរទស្សន៍ ឬក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ឬសូម្បីតែកម្មវិធីប្រពៃណីក្នុងពិធីបុណ្យជាតិធំៗក៏ដោយ នោះក៏ព្រោះតែអ្នកទាំងពីរជ្រកក្រោមផលិតកម្មខុសគ្នា ដែលសុទ្ធសឹងតែជាផលិតកម្មធំនៅកម្ពុជា ទើបធ្វើឱ្យអ្នកទាំងពីរមមាញឹកនឹងការងាររៀងៗខ្លួន។ តែដោយឡែក ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយនេះ បានអញ្ចើញឱ្យអ្នកទាំងពីរមកប៉ះគ្នានៅលើឆាក ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់មហាជនអ្នកគាំទ្រ ធ្វើឱ្យការបញ្ចេញសមត្ថភាពច្រៀងរបស់អ្នកទាំងពីរ ក្លាយជាវេទិកាមួយអង្រួនដួងចិត្តយ៉ាងញាប់ញ័រ ព្រឺសម្បុរទៅតាមបទចម្រៀង ដែលមានចំណងជើងថា «ភ័ព្វសំណាង» ខណៈច្រៀងរួមគ្នា។

    ពិតជាមិនធម្មតាមែន ហើយកាន់តែអស្ចារ្យខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកទាំងពីរដែលបានលើកយកចម្រៀងមរតកដើមមួយបទនេះមកច្រៀងរួមគ្នាលើឆាកតន្រ្តីអាពាហ៍ពិពាហ៍ ដោយសារមានការសំណូមពរពីកូនកំលោះក្រមុំ ឱ្យបង្ហើរទឹកដមសំនៀងរបស់កំពូលតារាចម្រៀងទាំងពីរដ៏សែនពីរោះ និងលន្លង់លន្លោច។ គួរជម្រាបផងដែរ ការចាប់ដៃគូរវាងកំពូលតារាចម្រៀងទាំងពីរនេះ ក៏បានធ្វើឱ្យកើតការសង្ស័យពីអ្នកគាំទ្រដែរថា តិចលោអ្នកនាង មាស សុខសោភា ទៅជួបគ្នាជាមួយលោក ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះទេដឹង? ឬមួយនេះជាការបើកទំព័រថ្មីក្នុងទ្រនំរួមគ្នាទេដឹង?។

    នេះអាចជាតម្រុយមួយក៏ថាបានដែរ ព្រោះថា កន្លងមក សុខសោភាយើងក៏ធ្លាប់លេចឮព័ត៌មានថា នឹងចូលហង្សមាសជាច្រើនដងណាស់មកហើយ បើទោះនាងខំបដិសេធយ៉ាងណាក៏ដោយ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖

  • 8 ហេតុផល​ដែល​ត្រូវ​គិត​មុន​រៀបការ

    8 ហេតុផល​ដែល​ត្រូវ​គិត​មុន​រៀបការ

    ខែកុម្ភៈ ខែ​នៃ​សេចក្ដីស្រឡាញ់​បាន​កន្លងផុត​ទៅហើយ មាន​គូស្នេហ៍​ជាច្រើន​គូ​បានសម្រេច​ចិត្ត​ត្រៀម​រៀបចំ​ពិធីមង្គលការ​នៅក្នុង​ថ្ងៃទី14 កុម្ភៈ​ឆ្នាំក្រោយ តែ​ការ​រៀបការ​មាន​បច្ច័យ​ជាច្រើន​ដែល​មិនមែន​ត្រឹមតែ​សេចក្ដីស្នេហា ឬ​សេចក្ដីស្រឡាញ់​តែ​ម្យ៉ាង​នោះទេ គេ​អាច​សង្កេតឃើញ​បាន​តាមរយៈ​បច្ចុប្បន្ននេះ​មាន​គូ​អាពាហ៍ពិពាហ៍​ជាច្រើន​គូ​ដែល​បាន​រៀបការ​នឹង​គ្នា​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​កើតមាន​បញ្ហា​ក្នុង​គ្រួសារ​រហូត​ឈានទៅដល់​ការ​លែងលះគ្នា​វិញ​ក៏មាន។

    ព្រោះ​ការរៀប​ការ​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ជីវិត​គូ​ប៉ុណ្ណោះ បន្ត​ពីនេះ​ទៅ ក្រៅពី​សេចក្ដីស្រឡាញ់​ហើយ ទាំងពីរ​នាក់​ត្រូវ​ប្រើ​ហេតុផល និង​ការយល់​ចិត្ត​គ្នា រួមជាមួយ​សេចក្ដីស្រឡាញ់​ដើម្បី​ថែរក្សា​ជីវិត​អាពាហ៍ពិពាហ៍​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​រហូតដល់​ចាស់​ស្លាប់រៀងៗខ្លួន។ ដោយសារតែ​រឿង​ទាំងនេះហើយ​ទើប​ថ្ងៃនេះ​ឡា​រ៉ែ​ន​សូម​លើកយក “8 ហេតុផល​ដែល​ត្រូវ​គិត​មុន​រៀបការ…” មក​ធ្វើជា​ចំណុច​ដាស់តឿន​ចិត្ត​ទាំង​ខាង​ប្រុស និង​ខាង​ស្រី​ឱ្យបាន​ត្រិះរិះ​គិត និង​រំឭក​ពី​អារម្មណ៍​ឱ្យបាន​ច្បាស់​ដូចតទៅ៖

    1. កុំ​រៀបការ​ព្រោះតែ ខ្លាច​មិនបាន​រៀបការ: គូគ្រង​ដែល​អ្នកជ្រើសរើស​ដោយ​មិនបាន​ពិចារណា​យ៉ាង​ត្រឹមត្រូវ​អាច​នឹង​នាំ​ឆ្ពោះទៅរក​សេចក្ដី​ទុក្ខសោក​រហូត និង​ហុច​ផល​អាក្រក់​ដល់​ជីវិត​គូ ដូច្នេះ​ចូរ​កុំឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន​មក​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​អ្នកឱ្យសោះ។

    2. កុំ​រៀបការ​ ព្រោះតែចង់​រំដោះខ្លួនឯង: អ្នកខ្លះ​ចង់​រៀបការ​ដោយសារតែ​ចង់​ចាក​ចេញពី​ក្រុមគ្រួសារ ឬ​សភាព​ជុំវិញខ្លួន​ដែលដដែលៗដើម្បី​ទៅ​រស់នៅក្នុង​បែបបទ​ថ្មី​មួយ​របស់​ខ្លួនឯង។ តែ​អ្នកមិនអាច​ដឹងបាន​ឡើយ​ថា ការ​ទៅ​រស់នៅក្នុង​កន្លែង​ថ្មី​ដែល​អ្នកមិនបាន​ស្គាល់​ច្បាស់លាស់​គ្រប់គ្រាន់​នោះ មិនដឹងថា ត្រូវ​ប្រឈម ឬ​ត្រូវ​ជួបនឹង​បញ្ហា​អ្វីខ្លះ​ឡើយ ដែល​វា​អាច​នឹង​ជួបនឹង​បញ្ហា​ច្រើនជាង​ដែល​អ្នក​ធ្លាប់​ជួប​មក​ក៏​អាច​ថា​បានដែរ។

    3. កុំ​រៀបការ​ ព្រោះតែកំពុងតែ​ខកចិត្ត​នឹង​ស្នេហ៍​ចាស់: ការរៀប​ការ​ក្នុងអំឡុងពេល​កំពុង​ជួប​ព្យុះ​ស្នេហា ធ្វើឱ្យ​អ្នកមើលមិនឃើញ​ដំណោះស្រាយ ឬ​ធ្វើឱ្យ​យើង​រៀបការ​គ្រាន់តែ​ដើម្បី​ប​ញ្ចួ​សប​ន្សោ​ក​អតីត​គូស្នេហ៍​ប៉ុណ្ណោះ ដូច្នេះ​គួរ​ពិចារណា​ឱ្យ​ច្បាស់លាស់​ថា តើ​​អ្នករៀបការ​ព្រោះតែ​សេចក្ដីស្រឡាញ់ ឬ​ប​ញ្ចួ​សប​ន្សោ​ក​ស្នេហ៍​ចាស់?

    4. កុំ​រៀបការ​ ព្រោះតែអាណិត: ការរៀប​ការគួរ​កើតចេញពី​សេចក្ដីស្រឡាញ់ មិនមែន​ដោយសារ​ការ​អាណិត​ឡើយ ព្រោះ​ការ​អាណិត​វា​មិន​ស្ថិតស្ថេរ និង​ពិតប្រាកដ​ដូច​សេចក្ដីស្នេហា​ទេ។

    5. កុំ​រៀបការ​ ព្រោះតែឈ្លក់​វង្វេង: ភាពមានបាន លុយកាក់​ប្រាក់កាស​ទ្រព្យសម្បត្តិ​ច្រើន គ្រាន់តែ​ជា​សម្បក​ក្រៅ​ប៉ុណ្ណោះ។ គួរ​សិក្សា​ពីគ្នា​ទៅវិញទៅមក​ឱ្យបាន​ច្បាស់​ជាមុនសិន ព្រោះ​ការរៀប​ការ គឺជា​បែបបទ​ជីវិត​ថ្មី​ដែល​កំពុងតែ​ចាប់ផ្ដើម​ថ្មី​ឡើង។

    6. កុំ​រៀបការ ​ព្រោះតែចង់​រត់គេច​ចេញពី​ខ្លួនឯង: ការ​រៀបការ​ដើម្បី​នឹង​បិទបាំង ឬ​ចៀស​គេច​ចេញពី​ទង្វើ​ដែល​មិនល្អ​របស់​ខ្លួនឯង​នោះ មិនអាច​ជួយ​អ្វី​បានឡើយ ព្រោះ​បើសិនជា​អា​ទម្លាប់​និស្ស័យ​ដើម​ត្រឡប់មក​វិញទៀត វា​នឹង​មិនមែនជា​ផល​ល្អ​ចំពោះ​ជីវិត​យ៉ាងពិត​ប្រាកដ។

    7. កុំ​រៀបការ​ ព្រោះតែគិតថា​អាច​ផ្លាស់ប្ដូរ​ចរិត​របស់​គូស្នេហ៍​បាន: ចរិត​និស្ស័យ​គ្រឹះ​ដើម​របស់​មនុស្ស​ម្នាក់​នោះ​ជា​រឿង​ដែល​មិន​ងាយ​ផ្លាស់ប្ដូរ​បានឡើយ។ ការយក​ជីវិត​ទៅ​ដាក់ចូល ព្រោះ​ត្រូវ​ការឱ្យ​គូស្នេហ៍​ផ្លាស់ប្ដូរ​អត្តចរិត​និស្ស័យ​ដើម​នោះ គឺជា​ការសម្រេចចិត្ត​ដែល​មិន​ត្រឹមត្រូវ​ឡើយ។ គួរ​ទទួលយក និង​យល់​ពី​ចរិត​និស្ស័យ​នោះ​វិញ​ប្រសើរ​ជាង ព្រោះ​បើ​មិនអាច​ចូលគ្នា​ចុះ ឬ​ទទួលយក​ពីគ្នា​មិនបាន ក៏​គួរតែ​បែកផ្លូវ​គ្នា​ទៅតាម​ការគួរ​ទៅ។

    8. កុំ​រៀបការ​ ព្រោះតែក្ដី​អផ្សុក: បើ​​អ្នកចាត់ការ​ក្ដី​អផ្សុក​ខុស​វិធី ជីវិត​នឹង​ដើរទៅ​តាមផ្លូវ​ដែល​មិន​ត្រឹមត្រូវ មិន​សមគួរ​មិន​ខាន ដូច្នេះ​ការរៀប​ការ​ដោយសារតែ​ក្ដី​អផ្សុក​នេះ​អាច​មិនបាន​កើតចេញពី​សេចក្ដីស្រឡាញ់ និង​ការយល់​ចិត្ត​ដែលជា​ហេតុផល​របស់​កា​រ​រៀបការ​ឡើយ។ យ៉ាងណាក៏ដោយ ចុងក្រោយ​ទៅ បើ​អ្នក​គិតថា បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​រស់នៅ​ជា​ជីវិត​គូ​ហើយ​នោះ ដើម្បី​ធ្វើឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​គង់វង្ស​តទៅ ពេល​មាន​បញ្ហា​ទាស់ទែង​គ្នា ចូរ​កុំ​ភ្លេច​នឹក​ដល់ “គន្លឹះ​សុភមង្គល 10 យ៉ាង” ក្នុងការ​គ្រប់គ្រង​សេចក្ដី​ស្នេហ៍​ឱ្យ​រលូន​ដែលមាន​ដូចជាសរសើរ​តម្កើង អត់​ទោស តស៊ូ យូរអង្វែង បត់បែនចែករំលែក ញែក​ឱ្យដាច់ ទប់ស្កាត់ ញញឹមញញែមចិត្ត​ត្រជាក់។ ត្រឹមតែ​ប៉ុន​ហ្នឹង ជីវិត​គូ​ក៏​នឹង​ពេញ​ទៅដោយ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខ​សុភមង្គល ឆ្ពោះទៅរក​ការ​ក្លាយជា​ក្រុមគ្រួសារ​ដែល​ល្អឥតខ្ចោះ​បាន​បាត់ទៅហើយ៕

  • អតីតបេក្ខនារីលេចធ្លោ «Cambodian Idol» សោភា ទេពី ស្រឡាំងកាំងពេលម្ដាយធ្វើរឿងនេះចំពោះនាង…

    អតីតបេក្ខនារីលេចធ្លោ «Cambodian Idol» សោភា ទេពី ស្រឡាំងកាំងពេលម្ដាយធ្វើរឿងនេះចំពោះនាង…

    ហ៊ឺៗ!! ចង់ស្រក់ទឹកភ្នែក និងរំភើបចិត្តអ្វីម្ល៉េះទេ ខណៈកញ្ញា ញឹម សួនសោភាទេពី នៅពេលដែលពុកម៉ែបងប្អូនបានស្គាល់នាងច្បាស់ថា ជាបេក្ខនារីលេចធ្លោបំផុតនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol កន្លងទៅថ្មីៗនោះ ព្រោះពេលនាងកំពុងឈរច្រៀងអបអរភ្ញៀវនៅលើឆាកក្នុងហាងសុខៗ ស្រាប់តែសមាជិកក្រុមគ្រួសាររបស់នាងដែលមានម្ដាយ បងស្រី និងក្មួយៗនាំគ្នាដើរចូលទៅរកនាងទាំងកាន់នំ និងទៀន ឡើងទៅលើឆាកពញ្ញាក់អារម្មណ៍នាងឡើងស្រឡាំងកាំងដោយមិនបានដឹងខ្លួនមុន គិតស្មានតែជាខួបកំណើតរបស់ភ្ញៀវ។  មិនមែនតែប៉ុណ្ណឹងទេ នៅមានទៀត គឺតារាចម្រៀងកញ្ញា ញឹម សួនសោភាទេពី ហៅ សោភា ទេពី ទទួលបានកាដូរថយន្តទំនើបជាចំណងដៃពីលោកឪពុកថែមទៀតផង អ៊ឺម៍…រំភើបឥតឧបមា ហ៊ូៗ!!…(បេល! បេលឯងរំភើបចិត្ត ឬក៏ច្រណែនគេហ្នឹង?)។

    សម្រាប់ឆ្នាំនេះសូម្បីតែសាមីខ្លួនផ្ទាល់ ស្ទើរតែពុំបានចាំពីថ្ងៃពិសេសរបស់ខ្លួននេះផង ដោយសារតែក្រោយពីបានចូលប្រឡងក្នុងកម្មវិធី The Cambodia Idol រដូវកាលទី3 រួចមក ការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងជាងមុន។ទោះយ៉ាងណាក្ដី កញ្ញា សោភា ទេពី ត្រូវគេមើលឃើញច្បាស់ពីអារម្មណ៍រំភើបឥតព្រាងទុក ខណៈនាងកំពុងឈរច្រៀងនៅលើឆាកក្នុងហាងសុខៗ បែរជាត្រូវចំហមាត់ស្រឡាំងកាំង ចង់គាំងបេះដូងបន្ដិច ចង់រកកលណែនបំពង់ក រកនិយាយមិនចេញបន្ដិច ក្ដុកក្ដួលខ្លាំងណាស់ រហូតដល់នាងស្រក់ទឹកភ្នែក អមដោយចម្រៀងសាទរថ្ងៃកំណើតរបស់ខ្លួន។

    តារាចម្រៀងស្រីរូបនេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ក្រោយពេលទទួលនំខួបកំណើតហើយថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ស្របពេលដែលកំពុងតែហត់នឿយផង នៅសុខៗក៏មានមនុស្សជាទីស្រឡាញ់បង្កបរិយាកាសភ្ញាក់ផ្អើលចំពោះនាងដូច្នេះ។ នាងមិននឹកស្មានថា ក្នុងថ្ងៃខួបកំណើតមានសមាជិកគ្រួសារសុខចិត្ដកាន់នំយកមកទាំងយប់មកដល់កន្លែងនាងច្រៀងបែបនេះឡើយ។

    ទេពី និយាយដូច្នេះថា «រូបខ្ញុំស្ទើរតែភ្លេចថ្ងៃកំណើតខ្លួនឯងទៅហើយ ប៉ុន្ដែគ្រាន់តែឮបទចម្រៀងថ្ងៃកំណើតអមជាមួយការមកដល់របស់ម្ដាយ បងស្រី និងក្មួយៗដែលបានកាន់នំខួបដើរសំដៅមកខ្ញុំ ពេលនោះស្រាប់តែខ្ញុំរំភើបអួលដើមកស្ទើរតែទប់ទឹកភ្នែកមិនបានតែម្ដង»។ ថ្វីដ្បិតតែថ្ងៃខួបសម្រាប់ឆ្នាំនេះ មិនមានរៀបចំធំដុំ និងមិនមានកាដូរាប់ម៉ឺនដុល្លារដូចមុនមែន ប៉ុន្តែអនុស្សាវរីយ៍មួយនេះធ្វើឱ្យចងចាំមិនភ្លេចទេ។ នាងបន្ដថា «អ្វីដែលធ្វើឱ្យខ្ញុំរំភើបនោះ គឺមុនថ្ងៃកំណើត ខ្ញុំគិតថាចង់ញ៉ាំអីជុំគ្នាជាមួយគ្រួសារតែ បងស្រី និងម្ដាយសុទ្ធតែរវល់ម្នាក់ៗប្រាប់ថា រវល់ស្ទើរដកឃ្លាមិនបាន ស្រាប់តែកាន់នំមកឱ្យកាត់អ៊ីចឹង នរណាមិនរំភើប?»។ គ្មានអ្វីមានតម្លៃជាងបានគ្រួសារផ្ដល់នូវភាពកក់ក្ដៅបែបនេះទេ អ៊ីចឹងហើយទើបនាងស្រឡាំងកាំងផង សប្បាយចិត្តផង នៅពេលឃើញនំខួបរបស់ខ្លួន និម្មិតឡើងនៅចំពោះមុខទាំងមិនដឹងខ្លួន។

    គួរបញ្ជាក់ថា សោភា ទេពី នាងគ្រោងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនក្នុងពេលឆាប់ៗផងដែរ បើទោះជាមិនទាន់មានតម្រុយចូលជ្រកនៅក្នុងផលិតកម្មណាមួយនៅឡើយក្ដី។ ស្រីស្រស់សាច់សខ្ចីរូបនេះថា ឆ្នាំនេះនាងមានវ័យ 16ឆ្នាំហើយ នាងនៅមានឱកាសតស៊ូសាងភាពល្បីល្បាញនៅក្នុងវីថីសិល្បៈបានយូរតទៅទៀត៕

    https://www.youtube.com/watch?v=BW_kK_Lbi9I

  • នៅពេល​កូនតូច​ ឈានចូល​ខែ​ទី9

    នៅពេល​កូនតូច​ ឈានចូល​ខែ​ទី9

    លក្ខណៈ​របស់​កូនតូច
    កូន​ច្រើនតែ​គេង​នៅពេល​ព្រឹក និង​អំឡុងពេល​រសៀល ក្នុងមួយពេលៗប្រមាណ​ជា 1 – 2.5ម៉ោង តែ​ក្មេង​ខ្លះ​អាច​មិន​គេង​នៅពេល​ព្រឹក​ក៏មាន។ ក្មេង​ដែល​ភ្ញាក់​នៅពេល​កណ្ដាលយប់​ហើយ នឹង​ពិបាក​គេង​លក់​ទៅវិញ ហើយ​ក្មេង​ដែល​កំពុង​បៅ​ទឹកដោះគោ​ស្រាប់​ហើយ លុះដល់​វ័យ​នេះ មាន​តិច​នាក់​ណាស់​ដែល​នៅតែ​មឹ​ម​ទឹកដោះគោ​នៅពេល​យប់នោះ តែ​បើសិនជា​ភ្ញាក់​យំ​រំខាន​នៅពេល​កណ្ដាលយប់ ពេល​ឱ្យ​បៅ​ទឹកដោះគោ​ហើយ ក៏​នឹង​គេង​លក់​ទៅវិញ​យ៉ាង​ងាយស្រួល ដូច្នេះ​អ្នក​ម្ដាយ​អាចឱ្យ​មឹ​ម​ទឹកដោះគោ​ពេលយប់​តទៅទៀតខ្លះៗក៏បាន។ ចំណែក​រឿង​ការ​បន្ទោបង់​របស់​កូន​វិញ​នោះនៅពេល​កូន​បានទទួល​អាហារ​បន្ថែម​ច្រើនឡើងលាមក​នឹងមាន​ក្លិន​កាន់តែ​ស្អុយ​ឡើង ឯ​ពណ៌​ក៏​ប្រែប្រួល​ដែរ។ កូន​នឹង​ជុះ​មួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃ​មួយដង សម្រាប់​នោម​វិញ នៅតែ​នោម​ប្រមាណមួយថ្ងៃ 10 ដង​ដដែល។ ចំនួន​ដង​ដែល​នោម​នៅពេល​កណ្ដាលយប់​នឹង​ខុសប្លែក​ពីគ្នា ក្មេង​ដែល​ញ៉ាំ​តិច នឹង​នោម​តិច​ដែរ ក្មេង​ខ្លះ​ថែមទាំង​មិន​នោម​ផង​រហូតដល់​ព្រឹក។ ក្មេង​ដែល​ញ៉ាំ​ទឹកដោះគោ 1ដប​មុន​គេង ច្រើនតែ​នោម​នៅពេល​កណ្ដាលយប់​ប្រហែល 1 – 2ដង និង​ក្មេង​ណា​ដែល​គេង​សើម​ខ្លួន នឹង​ភ្ញាក់ឡើង​យំ​រំខាន តែ​ពេល​ផ្លាស់​ខោអាវ ឬ​កន្ទប​ឱ្យ​ហើយ ក៏​នៅតែ​មិន​ព្រម​គេង​លក់​ទៅវិញ​នោះ អ្នក​ម្ដាយ​អាច​បង្ខិត​ពេល​ឱ្យ​បៅ​ទឹកដោះគោ​ឱ្យ​ឆាប់​ជាង​មុន​បន្តិច​ក៏បាន និង​មុន​ពេលដែល​អ្នក​ម្ដាយ​ចូល​គេង គួរ​ចាប់​លើក​កូន​មកឱ្យ​នោម​ចេញ​បាន​ម្ដង ក៏​ជួយ​កាត់បន្ថយ​ការ​ភ្ញាក់​យំ​រំខាន​នៅពេល​កណ្ដាលយប់​បានដែរ។

    ល្មម​ឱ្យ​ឈប់​បៀ​ប​បាយ​បាន​ហើយ
    កាលពី​អាយុ​មិន​លើស 8ខែ កូន​នឹង​ចាប់ផ្ដើម​លែង​ចូលចិត្ត​អាហារម៉ដ្ឋខ្ទេចៗហើយ ច្រើនតែ​ចូលចិត្ត​ញ៉ាំ​របស់​ដែល​ត្រូវ​ទំពាដូចជា ផ្លែឈើ​ត្រូវ​ហាន់​ចែកជា​បំណែកតូចៗ ដូចជា ផ្លែ​ត្របែកជម្ពូ ប៉ោម ស្វាយ និង​ឱ្យ​កាន់​ខាំ​ញ៉ាំ​ខ្លួនឯង។ វ័យ​នេះ​មិនសូវ​នៅ​ស្ងៀម​ទេ បើ​ឱ្យ​អង្គុយ​នៅលើ​កម្រាល​ឥដ្ឋ ប្រហែលជា​ត្រូវ​រត់​ដេញតាម​បញ្ចុក​អាហារ​ហើយ ដូច្នេះ​គួរឱ្យ​អង្គុយ​នៅក្នុង​តុ​បាយ​សម្រាប់​កុមារ ឬ​ក្នុង​កៅអី​ហាត់​ដើរ ចំណែក​ការ​បញ្ចុក​ឱ្យ​ញ៉ាំ​បាយ​វិញ អាស្រ័យ​លើ​ទម្លាប់ និង​និស្ស័យ​របស់​ក្មេង ក្មេង​ខ្លះ​ចូលចិត្ត​ញ៉ាំយឺតៗ ក្មេង​ខ្លះ​ញ៉ាំ​លឿន តែ​បើសិនជា​ញ៉ាំ​យឺត​ជ្រុល​ពេក ដូចជា​ទម្រាំ​តែ​ញ៉ាំ​អស់​បបរ​មួយ​កូនចាន ត្រូវ​ខាត​ពេល​បញ្ចុក​ដល់​ទៅជិត​មួយ​ម៉ោង​នោះបញ្ជាក់ថា កូនតូច​មិន​ចូលចិត្ត​អាហារ​នោះទេ នឹង​បៀម​ក្នុង​មាត់​មិន​ព្រម​លេប ព្រោះ​តែមាន​អារម្មណ៍​ថា​មិន​ឆ្ងាញ់ ដូច្នេះ​អ្នក​ម្ដាយ​មិនចាំបាច់​ខាត​ពេល​បញ្ចុក​ទៀត​ទេ គួរឱ្យ​កូន​ញ៉ាំ​អ្វី​ផ្សេង​វិញ​ប្រសើរ​ជាង។

    ជា​ក្មេង​ដែល​រើស​ច្រើន
    កូន​ក្នុង​វ័យ​នេះ អ្នក​ម្ដាយ​នឹង​មើលឃើញ​បាន​កាន់តែច្បាស់​ឡើង​ហើយ​ថា កូន​ចូលចិត្ត​ញ៉ាំ​អ្វី? ក្មេង​ខ្លះ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ អ្នក​ម្ដាយ​ក៏​គួរឱ្យ​ញ៉ាំ​រួមជាមួយ​របស់​ដទៃទៀត ដូចជា ចិញ្ច្រាំ​បន្លែ​ដាក់​លាយ​នៅក្នុង​បបរ ដាក់​លាយ​នៅក្នុង​ស៊ុត​ក្រឡុក​ចៀនជាដើម ឬ​បើ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ប្រភេទ​ណាមួយ ក៏​ប្ដូរ​ទៅ​ញ៉ាំ​បន្លែ​ប្រភេទ​ផ្សេងទៀត។ បើ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​សោះ ក៏​ឱ្យ​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ​ក៏បាន បើ​កូនតូច​នៅតែ​ញ៉ាំ​បបរ នំប៉័ង ឬ​ទឹកដោះគោ​បាន​ដដែល​នោះ។ទោះជា​មិនសូវ​ញ៉ាំ និង​រើស​ច្រើនក្ដី ក៏​មិន​ធ្វើឱ្យ​កូន​ខ្វះ​សារធាតុ​អាហារ​ដែរ បើ​កូន​មិន​ចូលចិត្ត​ញ៉ាំ​ស៊ុត ក៏​ឱ្យ​ញ៉ាំ​សាច់មាន់​ជំនួស​វិញ បើ​មិន​ចូល-ចិត្ត​ញ៉ាំ​ទាំង​ស៊ុត និង​សាច់មាន់ ក៏​ឱ្យ​ញ៉ាំ​សាច់​ត្រី​ជំនួស​វិញ។ កូន​ដែល​រើស​អាហារ ច្រើនតែ​ឆាប់​ដឹង​រសជាតិ បើ​ប្រាកដ​ក្នុង​ចិត្ត​ថា កូន​មិនបាន​ញ៉ាំ​បាន​តិច​រហូតដល់​ថ្នាក់​ខ្វះ​សារធាតុ​អាហារ​ទេនោះ ក៏​មិនគួរ​បង្ខំ​ខ្លាំងពេក​ដែរ។

    អាការ​ដែល​អាច​កើតឡើង
    ** ប្រយ័ត្ន​ហើម​សួត
    នៅពេល​កូន​មាន​អាការ​គ្រុនក្ដៅ​ខ្លាំង នឹង​ពិបាក​ដកដង្ហើម ពេល​ក្អក​ច្រើនតែ​ឈឺចាប់ តែ​បច្ចុប្បន្ន​កុមារ​លែងមាន​គ្រោះថ្នាក់​ដោយសារ​ជំងឺ​នេះហើយ បើ​បណ្ដាលមកពី​មេរោគ​វីរុស​នឹង​ច្រើនតែ​ជា​ទៅវិញ​ដោយ​ឯកឯង ហើយ​គ្រូពេទ្យនឹង​ឱ្យ​ញ៉ាំ​ថ្នាំ​បដិបក្ខប្រាណ(Antibiotic)។ បើ​កូន​នៅ​ញ៉ាំ​អាហារ​បាន ក៏​ឱ្យ​ញ៉ាំ​អាហារ​បន្ថែម​តទៅទៀត ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ឱ្យបាន​ច្រើន បើ​ក្អក ចូរ​លើក​ព​ឱ្យ​ទ្រោប​លើ​ស្មា ហើយ​ទះ​អង្អែល​ខ្នងថ្នមៗ នឹង​ជួយ​ឱ្យ​ស្លេស្ម​ធ្លាក់​ចេញមក​ស្រួល​ជាង​ដាក់ឱ្យ​គេង​រាប​នៅលើ​គ្រែ។ តែ​បើសិនជា​កើត​អាការ​គ្រុនក្ដៅ​ខ្លាំង​យូរថ្ងៃ និង​ហើម​សួត​ដែល​បណ្ដាលមកពី​ឆ្លង​មេរោគ​ផ្ដាសាយ​ពី​មនុស្ស​ធំ ត្រូវតែ​នាំទៅ​មន្ទីរពេទ្យ។

    **វិវឌ្ឍនាការ​របស់​កូន
    • រាងកាយ
    • ក្មេង​ខ្លះ​អាច​វារ​ឡើង​កាំជណ្ដើរ​បាន​ហើយ។
    • ពេល​វារ ដៃ​ម្ខាង​អាច​កាន់​របស់​លេង​បាន​ទៀតផង។
    • ក្មេង​ខ្លះ​អាច​អង្គុយ​ចុះ​ពី​ឥរិយាបថ​ឈរ​ដោយ​ខ្លួនឯងបាន​ហើយ។
    • ចេះ​អង្គុយ​មួយកន្លែង​បានយូរ​ហើយ។
    • ចូលចិត្ត​ទះដៃ យក​របស់​លេង​គោះ​គ្នា និង​បោះ​របស់​លេង​ទៅលើ​ឥដ្ឋ​ជាដើម។
    • ចូលចិត្ត​យក​ម្រាមដៃ​លូក​ចូល​រន្ធផ្សេង(ចំណុច​នេះ ឪពុកម្ដាយ​ត្រូវ​ប្រយ័ត្ន ព្រោះ​កូនតូច​អាច​លូក​ចូល​រន្ធ​ព្រី​ភ្លើង)។

    សង្គម​ជុំវិញខ្លួន
    • ក្មេង​ខ្លះ​ចេះ​និយាយ​ពាក្យ​ដែលមាន​អត្ថន័យ​បាន​ហើយ ដូចជា ម៉​ស់ ញ៉ាំៗ និង​ចូលចិត្ត​និយាយ​ដដែល។
    • ចេះ​ធ្វើតាម​បញ្ជាស្រួលៗបាន​ហើយ ដូចជា ឱ្យ​ទៅយក​របស់​លេងជាដើម។
    • ខ្លាច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់មុខ និង​ពេល​ឃើញ​ក្មេង​ដទៃ​យំ អាច​នឹង​យំ​តាម។
    • ចេះ​រើស​របស់​លេង​ដែល​ខ្លួនឯង​ចូលចិត្ត​បាន​ហើយ។
    • ចំណាំ​ហ្គេម​ដែល​ខ្លួនឯង​ធ្លាប់​លេង​បាន​ហើយ។

    **ឧស្សាហ៍​លេង​ជាមួយ​កូន​ផង
    • បង្ហាត់​ឱ្យ​កូន​ឈរ: ការបង្ហាត់​ឱ្យ​ចេះ​ឈរ ឬ​ឈានជើងដើរ​នេះ កូន​អាច​យកដៃ​ចាប់ដៃ​ម្ដាយ ឬ​ម្ដាយ​ជួយ​ចាប់​លើក​ឱ្យ​កូន​ឈានជើងដើរ​ទៅខាង​មុខ ក្នុង​មួយថ្ងៃ​ឱ្យបាន​មួយដង ឬ2ដង ម្ដងៗមិនគួរ​លើស5នាទី។ ពេល​បង្ហាត់​គួរ​បង្ហាត់​នៅ​ខាងក្រៅ​ផ្ទះ​ក្នុងអំឡុង​ពេលដែល​ធាតុអាកាស​ល្អ​ត្រជាក់​ស្រួល។ ឪពុកម្ដាយ​គួរតែ​សប្បាយរីករាយ​ជាមួយនឹង​ការបង្ហាត់​នេះ បើ​កូន​ល្មម​អាច​ឈរ​ដោយ​ខ្លួនឯងបាន ចូរ​ស្រែក​លើកទឹកចិត្ត​កូន​ថា “ឈានជើងដើរ​កូន! ឈានជើងដើរ​កូន!” កូន​នឹង​បាន​សប្បាយ មាន​កម្លាំងចិត្ត ដែល​ទោះជា​ដួល ក៏​នឹង​ព្យាយាម​ក្រោក​ឡើងវិញ​បានដែរ៕

  • វិនិយោគិន​ជប៉ុន​ត្រៀម​ផ្តល់​កម្ចី​ការប្រាក់​ទាប​ជូន​កសិករ​ខ្មែរ​សម្រាប់​វិស័យ​កសិកម្ម

    វិនិយោគិន​ជប៉ុន​ត្រៀម​ផ្តល់​កម្ចី​ការប្រាក់​ទាប​ជូន​កសិករ​ខ្មែរ​សម្រាប់​វិស័យ​កសិកម្ម

    ក្នុង​គោលបំណង​លើកកម្ពស់​កម្រិតជីវភាព​កសិករ និង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រុម​អ្នកវិនិយោគ​ជប៉ុន​គ្រោង​នឹង​បោះទុន​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​ផ្តល់​ជា​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជូន​ដល់​កសិករ​កម្ពុជា។

    គម្រោង​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​ជាមួយ​ក្រុម​អ្នកវិនិយោគ​ក្រុមហ៊ុន Idemitsu Saison Microfinance ។

    នៅក្នុង​ជំនួប​នោះ​លោក Koichi Watanabe តំណាង​របស់​ក្រុមហ៊ុន Idemitsu Saison Microfinance បានលើកឡើង​អំពី​ប្រវត្តិ និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​ការចូលរួម​ពង្រីក​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​តាមរយៈ​សេវាកម្ម​ផ្ដល់ប្រាក់​កម្ចី​រយៈពេល​វែង និង​ការប្រាក់​ទាប​ដល់​កសិក​រ​ផ្ទាល់ ឬ​ដល់​សហគមន៍​ណាមួយ​ក្រោមរូបភាព​ដាក់​ទ្រព្យ​បញ្ចាំ​និង​មិនមាន​ទ្រព្យ​បញ្ចាំ។

    ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុមហ៊ុន​ខាងលើ​ដែល​បានរួម​ចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម និង​កសិករ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការពង្រីក​ឥណទាន​ក្នុង​វិស័យ​កសិកម្ម គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ការវិនិយោគ​របស់​ក្រុមហ៊ុន Idemitsu Saison នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កសិករ និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​បាន​ជួបប្រទះ​ដោយសារតែ​ឥណទាន​កសិកម្ម​មាន​សារៈសំខាន់​ដល់​ការពង្រីក​មុខរបរ ក៏ដូចជា​បង្កើន​ផលិតកម្ម​ឱ្យស្រប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារ។

    ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន បន្ត​សហការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគម​កសិកម្ម​មួយចំនួន​ថែមទៀត​ដូចជា ស្រូវ-អង្ករ ដំឡូង​មី ម្រេច ពោត កៅស៊ូ ស្វាយ និង​ស្វាយចន្ទី-ល- ដោយសារតែ​ផលិតផល​ទាំងអស់នោះ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ៕

  • អូហូ! ដេននី ក្វាន់ ទំនេរៗទិញពេជ្រពាក់លេង ហើយឆ្លៀតបង្ហាញដើមទ្រូងទៀត

    អូហូ! ដេននី ក្វាន់ ទំនេរៗទិញពេជ្រពាក់លេង ហើយឆ្លៀតបង្ហាញដើមទ្រូងទៀត

    ពិតជាគួរឱ្យច្រណែនណាស់លោកអ៊ើយ!​ ទាំងស្រស់ស្អាត ទាំងពូកែរកស៊ី និងនិយមបង្ហាញពីភាពហ៊ឺហាថែមទៀត។ មិនបាច់រៀបរាប់វែងឆ្ងាយទេ មានអ្នកណាទៀត? គឺតារាសម្ដែងស្រី ដេននី ក្វាន់ ហ្នឹងឯង។ កាលពីពេលថ្មីៗនេះ នាងបានសម្ញែងពីភាពហ៊ឺហាក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ។ ការខិតខំប្រឹងប្រែងរកស៊ី ពិតជាមានយីអ៊ុនឡើងមែន ព្រោះនាងបានបង្ហាញរូបភាពជាច្រើនសន្លឹក ព្រមទាំងបញ្ជាក់ថា «ទំនេរៗមិនដឹងធ្វើអី មកទិញពេជ្រពាក់លេង» ។ អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺម៉ូដអាវចំហដើមទ្រូងធំៗដូចភ្នំព្រះសុមេរុ និងសាច់ពោះសខ្ចីល្វក់ដូចអន្លក់ទឹកគ្រឿង ឃើញហើយចាក់ដោតអារម្មណ៍សត្វលោក(ប្រុសៗ)ម្ល៉េះទេព្រះអ៊ើយ។

    តារាសម្ដែងសិចស៊ី សាច់សខ្ចី កញ្ញា ដេននី ក្វាន់ មួយរយៈចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ ក្នុងវិស័យសិល្បៈ ដោយបង្វែរគោលដៅមកចាប់អាជីពក្នុងវិស័យជំនួញវិញម្ដង។ កន្លងមកតារាសាច់សខ្ចី ដេននី ក្វាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញហ្វេសប៊ុក សម្ញែងបង្អួតគ្រឿងអលង្ការជាច្រើនដូចជា ខ្សែក ចិញ្ចៀន ក្រវិល ដែលវត្ថុធាតុដើមសុទ្ធសឹងតែធ្វើអំពីមាស ព្រមទាំងប្រាក់ដុល្លារទាំងខ្ទាស់ៗ ធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់នាង ដោយសារមិនទាន់រៀបការផង តែអាចសន្សំលុយបានច្រើនបែបនេះទៅហើយ។

    គួររំឭកផងដែរថា  ស្រីស្រស់ ដេននីក្វាន់ ធ្លាប់សម្ញែងក្រដាសប្រាក់ដុល្លារទាំងខ្ទាស់ៗ ហើយថា «ក្តីស្រមៃតូចៗរបស់ខ្ញុំ បានដូចបំណងហើយ នៅឡើយតែក្តីស្រមៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។ ជាមួយគ្នានឹងភាពជោគជ័យរបស់កញ្ញា មានទស្សនិកជនមិនតិចទេដែលនាំគ្នាសរសើរថា នាងគឺជាស្ដ្រីម្នាក់មានការតស៊ូក្នុងជីវិត ចេះទុកដាក់លុយកាក់ត្រឹមត្រូវបានល្អ មានសមត្ថភាពរកចំណូលបានទាំងនៅក្មេង ហើយអាចសន្សំប្រាក់រហូតសម្រេចក្ដីបំណងបាន ដោយមិនបានពឹងផ្អែកលើសមត្ថភាពបុរសឡើយ៕

  • គន្លឹះល្អៗក្នុងការ​អភិវឌ្ឍ​សតិបញ្ញា​កូន​ឱ្យ​ធំធាត់​សម​នឹង​វ័យ

    គន្លឹះល្អៗក្នុងការ​អភិវឌ្ឍ​សតិបញ្ញា​កូន​ឱ្យ​ធំធាត់​សម​នឹង​វ័យ

    ចាប់ផ្ដើម​ពី​វ័យ​កើត​ដំបូង រហូត​ចូលដល់​បឋមវ័យ(6 ឆ្នាំ​ដំបូង) កូន​របស់​អ្នក​នឹងមាន​វិវឌ្ឍនាការ​ទាំង​ផ្នែក​រាងកាយ និង​ចិត្តគំនិត​ឆាប់រហ័ស​ខ្លាំងណាស់ បើ​អ្នក​អាចជួយ​បន្ថែម​ឱ្យ​កូន​មាន​វិវឌ្ឍនាការ​ដែល​ត្រឹមត្រូវ ស័ក្តិសម​តាម​វ័យ​របស់គេ​បាន​ទៀតផង​នោះ នឹង​រឹតតែ​ធ្វើឱ្យ​កូន​របស់​អ្នក​ក្លាយជា​ក្មេង​ដែលមាន​អាកប្បកិរិយា និង​ទង្វើ​ដែល​ល្អ មាន​ភាព​ឆ្លាត​វៃ​ខាង​ផ្នែក​អារម្មណ៍​ខ្ពស់​ជាមិនខាន។

    យើង​អាចជួយ​បន្ថែម​វិវឌ្ឍនាការផ្សេងៗរបស់​កូន​បាន​តាម​វិធី4យ៉ាង​តទៅ​នេះ៖

    1. ឱ្យ​កូន​បានឃើញ​នូវ​អ្វីដែល​ល្អ
    កូន​របស់​អ្នក(ទោះជា​ទើបនឹង​កើតក្ដី)អាច​រៀន​យល់ដឹង​នូវ​អ្វីដែល​ខ្លួនឯង​មើលឃើញ​បាន។ ការមើលឃើញ​នេះ មានន័យ​រួមទាំង​ទង្វើ​មួយចំនួន​របស់​ឪពុកម្ដាយ ឬ​អ្នក​ចិញ្ចឹម​ដែល​ធ្វើ​ចំពោះ​កូន​របស់​អ្នក​ផងដែរ ដោយ​ទង្វើផ្សេងៗដែល​ក្មេង​មើលឃើញ​នោះគេ​នៅ​មិនទាន់​អាច​ញែក​បំបែក​បាន​ថា រឿង​នោះ​ជា​រឿង​ត្រឹមត្រូវ ឬ​ស័ក្តិសម​នោះទេ តែ​ក្មេង​នឹង​ជ្រួតជ្រាប​នូវ​អ្វីដែល​បានឃើញ​ទាំងអស់ ហើយ​ចុងក្រោយ​ក៏​នឹង​ក្លាយជា​ទង្វើ​របស់​កូន​ខ្លួនឯង​តែម្ដង ដូចជា ក្មេង​ដែល​មើលឃើញ​ឪពុកម្ដាយ​ចូលចិត្ត​ច្រៀង មាន​អារម្មណ៍ល្អ ឬ​លេង​តន្ត្រី នៅពេល​កូន​ធំ​ឡើង កូន​ក៏​នឹងមាន​សេចក្ដីស្រឡាញ់​ក្នុង​ផ្នែក​តន្ត្រី មាន​ផ្លូវចិត្ត​ទន់ភ្លន់ ឬ​ករណី​ដែល​ឪពុកម្ដាយ ឬ​អ្នក​ចិញ្ចឹម​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ នៅពេល​កូន​ធំ​ឡើង​ក៏​ច្រើនតែ​មិន​ញ៉ាំ​បន្លែ​ដែរ។

    2. ឱ្យ​កូន​បានឮ​នូវ​អ្វីដែល​ល្អ
    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារក​ទើបនឹង​កើត​ក៏​អាច​ដឹង​បានដែរ ជាពិសេស​ក្មេង​ក្នុងអំឡុង​បឋមវ័យ(កើត​ដំបូង-6ឆ្នាំ) ក្មេង​នឹង​តាំងចិត្ត​ស្ដាប់ និង​មាន​អារម្មណ៍​ឆាប់​ចាំបាន​ចំពោះ​សំឡេងផ្សេងៗ។ បើ​អ្នកណា​ដែល​ធ្លាប់​ចិញ្ចឹម​កូន នៅពេល​កូនតូច​អាយុ​បាន​ប្រមាណ3-4ខែ​នឹង​បាន​ឃើញថា ពេលដែល​យើង​ពកូន​ហើយ​និយាយ​ជាមួយ​កូន កូន​នឹងធ្វើ​មាត់​ជីប​អូចៗ កែវភ្នែក​នឹង​សម្លឹង​ចំ​មុខ​ឪពុក ឬ​ម្ដាយ​ដែល​កំពុង​ព​គេ។ គេ​នឹង​តាំងចិត្ត​ស្ដាប់​សំឡេងផ្សេងៗដែល​បន្លឺ​មករក​គេ ដូច្នេះ សំឡេង ឬ​ពាក្យសម្ដីផ្សេងៗដែល​មិនល្អ ជាពិសេស​ពាក្យ​លាន់មាត់ ពាក្យ​ជេរ​បញ្ចោរ​ដែល​ច្រើនតែ​ជា​ពាក្យខ្លី(1 – 2 ម៉ាត់) នឹង​ក្លាយជា​ពាក្យ​ដែល​ក្មេង​បឋមវ័យ​អាច​ចងចាំ​បាន​យ៉ាង​ងាយ ដូច្នេះ​បើ​មិន​ចង់ឱ្យ​កូន​និយាយស្ដី​អាក្រក់​ស្ដាប់ ឪពុកម្ដាយ និង​អាណាព្យាបាល​ត្រូវតែ​ប្រយ័ត្នប្រយែង កុំ​ប្រើ​ពាក្យសម្ដី​ណា​ដែល​មិនល្អ​ឱ្យ​ក្មេង​បានឮ។ កុំ​គិតថា កូន​នៅ​តូច នៅ​មិនទាន់​ស្ដាប់​យល់​ឱ្យសោះ ព្រោះ​ក្មេង​អាច​ចងចាំ​លក្ខណៈ​ការបញ្ចេញ​សំឡេងខ្លីៗទាំងនោះ និង​អាច​និយាយ​ចេញមក​ដោយ​មិនដឹង​ពី​អត្ថន័យ​បាន ដែល​ទម្រាំ​ឪពុកម្ដាយ​ដឹងថា កូន​របស់ខ្លួន​ធ្លាប់មាត់​នឹង​ពាក្យសម្ដី​អាក្រក់ ជេរ​បញ្ចោរ​ទាំងនោះ អាច​នឹង​ពិបាក​កែកុន​ក៏​ថា​បានដែរ។

    3. ឱ្យ​កូន​លេង និង​ធ្វើ​កិច្ចការងារល្អៗ
    ក្មេង​ក្នុង​បឋមវ័យ​ច្រើនតែ​ចូលចិត្ត​លេង​ ដែលជា​ធម្មជាតិ​របស់​កុមារ។ ឪពុកម្ដាយ​ដែល​យល់ដឹង​ពី​វិវឌ្ឍនាការ​របស់​កូន​ក៏​អាច​នឹង​រកមើល​កិច្ចការងារ​ណា ឬ​ការលេង​ណា​ដែល​ស៊ីគ្នា​ជាមួយនឹង​អំឡុង​អាយុ​របស់​កូន​បានដែរ។ ក្រៅពីនោះ ការលេង​របស់​កុមារ​នេះ​នឹង​ក្លាយជា​ការរៀន​យល់ដឹង​ដែល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ទាំង5 របស់គេ​បាន​យ៉ាង​ល្អ។

    4. ផ្ដល់​ការអប់រំ​បង្ហាត់បង្រៀន​កូន​តាំងពី​នៅ​ក្មេង
    ក្មេង​ក្នុងអំឡុង​បឋមវ័យ មាន​ភាព​ចង់ដឹង​ចង់ឃើញ​គ្រប់ពេលវេលា គេ​នឹងមាន​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុង​ការរៀន​យល់ដឹង​គ្រប់អ្វីៗដែល​នៅ​ជុំវិញខ្លួន ដូច្នេះ​ការអប់រំ​បង្ហាត់បង្រៀន​គឺជា​រឿង​ចាំបាច់​ណាស់ ដោយ​ការបង្ហាត់បង្រៀន​នោះ​គួរ​ជាការ​បង្ហាត់បង្រៀន​ក្នុង​លក្ខណៈ​អធិប្បាយ មិនមែនជា​ការបញ្ជា ឬ​ហាម​នោះទេ។ ទោះជា​ក្មេង​ក្នុង​វ័យ​នេះ​នៅ​មិនទាន់​អាច​យល់​នូវ​អ្វីដែល​ឪពុកម្ដាយ​អធិប្បាយ​បាន​ទាំងអស់​ក៏ដោយ តែ​ការអធិប្បាយ​ឱ្យ​កូន​បាន​ស្ដាប់​តាំងពី​តូច ឬ​បណ្ដោយ​ឱ្យគេ​បាន​សាកល្បង​ធ្វើ​ដោយ​ខ្លួនឯង(ជា​កិច្ចការងារ​ដែល​មិន​បង្ក​គ្រោះថ្នាក់) ហើយ​ឪពុកម្ដាយ​នៅចាំ​ណែនាំ​ចង្អុល​បង្ហាញថាហេតុអ្វី​បានក្លាយ​ជា​បែប​ហ្នឹង នឹង​ធ្វើឱ្យ​កុមា​រអា​ចរៀន​យល់ដឹង និង​យល់ច្បាស់​បាន​យ៉ាង​ឆាប់រហ័ស​ជាង​ការបង្ហាត់បង្រៀន​បែប​ប្រើ​ពាក្យសម្ដី​តែ​ម្យ៉ាង ដូចជា ការបង្ហាត់​កូន​ឱ្យ​ចេះ​ដុសធ្មេញដោយ​ប្រើ​សម្ភារ​ប្រដូច ដូចជា​ធ្មេញ​ក្លែងក្លាយ​ជាដើម។ ឱ្យ​កូន​បាន​ហាត់​កាន់​ច្រាស​ដុសធ្មេញ​ដោយ​ខ្លួនឯង ហើយឪពុកម្ដាយ​ចង្អុល​បង្ហាញថាហេតុ​អី​បាន​ត្រូវ​ដុសធ្មេញ ហេតុ​អី​បាន​ត្រូវ​កាន់​ច្រាស​ដុសធ្មេញ​បែប​ហ្នឹង និង​ដុស​របៀប​ម៉េច ជាដើម៕