Category: សង្គម និងសេដ្ឋកិច្ច

  • ឱកាស​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​បានមក​ដល់​ហើយ!

    ឱកាស​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​បានមក​ដល់​ហើយ!

    ការ​បាន​ទៅ​សិក្សា​នៅឯ​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​អប់រំ គឺជា​ក្តី​ស្រមៃ​យ៉ាង​ធំ​មួយ​របស់​សិស្ស ហើយ​វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​ក្រុមគ្រួសារ និង​ជីវិត​ខ្លួនឯង​ផ្ទាល់​ដែរ។

    សិង្ហ​បុរី ដែលជា​ប្រទេសមួយ​មាន​ភាព​ល្បីល្បាញ​ផ្នែក​អប់រំ​នៅលើ​ពិភពលោក ថ្មីៗនេះ​បានប្រកាស​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​កម្រិត​មធ្យម​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​អាស៊ានដែល​ក្នុងនោះ សិស្ស​ពី​កម្ពុជា​ក៏​អាចមាន​សិទ្ធិ​ក្នុងការ​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ដើម្បី​បន្ត​ការសិក្សា​ដោយ​ឥត​បង់ប្រាក់​នៅ​សិង្ហ​បុរី​បានដែរ។

    អាហារូបករណ៍​ដែល​ផ្តល់ជូន​នេះ​ជា​អាហារូបករណ៍​របស់​ក្រសួង​អប់រំ នៃ​ប្រទេស​សិង្ហ​បុរី ដែល​ក្នុងនោះ​គឺមាន​ការផ្គត់ផ្គង់​ដល់​អ្នក​ប្រឡង​ជាប់​ទាំងអស់​នូវ​ប្រាក់​សម្រាប់​ការហូបចុក រ៉ាប់រង​លើ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​សំបុត្រ​យន្តហោះ ទៅ-មក​កម្ពុជា-សិង្ហ​បុរី​ទៀតផង។

    ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គឺ​បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​សមាជិក ឬ​ប្រជាជន​ដែល​ស្ថិតនៅ​តំបន់​អាស៊ាន (ASEAN) ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ2002 ដល់​ឆ្នាំ2004 ដែលជា​សិស្ស​ពូកែ និង​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី10 ឬ​ទី11 នៅ​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ។ បេក្ខជន​ត្រូវតែ​ជា​អ្នក​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ភាសា​អង់គ្លេស​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ការទំនាក់ទំនង និង​ការសិក្សា​ជា​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី។

    ចំណែកឯ​ដំណាក់កាល​នៃ​ការជ្រើសរើស​គឺ ក្រោយពី​បេក្ខជន​ជាប់​ដំណាក់កាល​ទី1 ឬ​ត្រូវបាន​ជាប់​ជា​ជម្រើស​សម្រាប់​ការប្រឡង​ហើយ បេក្ខជន​ត្រូវ​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព​ទូទៅ​ដូចជា​ភាសា​អង់គ្លេស និង​គណិតវិទ្យា ហើយ​ត្រូវ​ចូលរួម​សម្ភាស​ជា​បន្តបន្ទាប់។ ការប្រឡង និង​ការសម្ភាស​នឹង​ប្រព្រឹត្តទៅ​នៅ​ភ្នំពេញ ហើយ​ចំពោះ​បេក្ខជន​ដែល​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​នឹងត្រូវ​ប្រកាស​លទ្ធផល​នៅ​ចុងខែ​កញ្ញា ឆ្នាំ2018នេះ។

    សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ដាក់ពាក្យ​សម្រាប់​សិស្ស​កម្ពុជា គឺ​ត្រូវ​ដាក់ពាក្យ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បេក្ខជន​តម្រូវឱ្យ​ដាក់ពាក្យ​ជា Hard Copy។ ប្រសិនបើ​បេក្ខជន​ចង់​ដាក់ពាក្យ​តាម​បណ្តាញ​អន​ឡាញ ក៏​អាចដាក់​ពាក្យ​បាន​តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាប់ផ្តើម​បើក​ពី​ថ្ងៃទី2 ខែឧសភា ឆ្នាំ2018 នេះ​តទៅ៕

  • ដំណាំ ត្រកួនចិន

    ដំណាំ ត្រកួនចិន

    ត្រកួន​ចិន ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Ipomcea aquatica Forsk ជា​បន្លែ​ចេញ​ត្រួយ​ពេញ​មួយឆ្នាំ មាន​លក្ខណៈ​ជាដើមត្រង់ៗពណ៌​បៃតងខ្ចី មាន​ផ្កា​ពណ៌​ស កម្ពស់​ដើម​ប្រមាណ​ជា40-50សង់ទីម៉ែត្រ គេ​និយម​បរិភោគ​ទាំង​ដើម និង​ស្លឹក ព្រោះ​ជា​បន្លែ​មាន​ប្រយោជន៍ ថែមទាំង​មាន​សារធាតុ​ត្រជាក់​ទៀតផង ទើប​ជា​បន្លែ​ដែល​អាចជួយ​សម្រាល​អាការ​ក្ដៅ​ក្នុង​បាន​យ៉ាង​ល្អ។ បន្លែ​ត្រកួន​មាន​ច្រើន​ពូជ​ណាស់ តែ​សម្រាប់​នៅក្នុង​ប្រទេស​យើង​វិញ គេ​និយម​ដាំ “ត្រកួន​ចិន”។

    គ្រប់​ចំណែក​របស់​ដើម​ត្រកួន​ចិន​អាច​យកមក​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ដើម្បី​ទទួលទាន​បាន​ច្រើន​មុខ​ច្រើនយ៉ាង​ណាស់ តាំងពី​បរិភោគ​ត្រួយខ្ចីស្រស់ឆៅ ឬ​ស្រុស​ធ្វើជា​អន្លក់ ឆា ស្លម្ជូរ-ល- ទើប​អាច​និយាយបានថា ត្រកួន​ចិន គឺជា​បន្លែ​ចម្ការ​ក្នុងផ្ទះ​ដ៏​ពេញនិយម​ដែល​ងាយស្រួល​ដាំ និង​អាច​បេះ​យកមក​ធ្វើជា​អាហារ​បាន​ពេញ​មួយឆ្នាំ។

    **ការដាំ
    ការត្រៀម​ដី: ភ្ជួរ​ដាស់ដី​ជម្រៅ​ប្រមាណ30-40សង់ទីម៉ែត្រ រួច​ហាល​ទុកចោល1-2អាទិត្យ បន្ទាប់មក​ដាក់​ជីលា​មក​គោ ឬ​ជីធម្មជាតិ រួច​រាស់​ច្របល់​ឱ្យចូល​គ្នា​ជាមួយ​ដី ហើយ​លើកជា​រង​ទទឹង​ទំហំ1.5-2ម៉ែត្រ កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ ដោយ​ទុកចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទទឹង30-40សង់ទីម៉ែត្រ។ ព្យាយាម​កៀរ​ដី​ខាងលើ​រង​ឱ្យ​រាប​ស្មើគ្នា ដើម្បីឱ្យ​ដើម​ត្រកួន​បាន​លូតលាស់​ឡើង​ស្ថិតក្នុង​កម្ពស់ស្មើៗគ្នា​ទាំងអស់។ បើ​ដី​មាន​ជាតិ​អាស៊ីត​ច្រើន ចូរ​ដាក់​ម្សៅ​កំបោរ​ស​ចូលទៅ​ ដើម្បី​កែសម្រួល​សភា​ពដី​ឱ្យ​ល្អ​ឡើងវិញ​បន្តិច។

    វិធី​ដាក់​ដាំ: យក​គ្រាប់ពូជ​ត្រកួន​ចិន​ទៅ​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ជ្រើសរើស​ស្រង់​គ្រាប់​ណា​ដែល​អណ្ដែត​ទឹក​ចេញ រួចហើយ​យក​គ្រាប់ពូជ​ដែល​លិច​ក្នុង​ទឹក​មក​ដាក់​ត្រាំ​បន្ត​រយៈពេល12ម៉ោង​ទៀត បន្ទាប់មក​សឹម​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ព្រោះ​នៅលើ​រង ឬក៏​រោយ​ជាជួរៗក៏បានដោយ​ទុកចន្លោះ​កណ្ដាល​ពី​ជួរនីមួយៗប្រមាណ1.5សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើប​រោយ​លុប​ពីលើស្ដើងៗដោយ​ជីលា​មក​គោ ឬ​ជីធម្មជាតិព្រមទាំង​គ្របពីលើ​ដោយ​ចំបើងស្ងួតមួយ​ជាន់​ទៀត មុននឹង​ស្រោច​ទឹក​ព្រមជាមួយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​ពីលើ។ ប្រមាណ​ជា2-3ថ្ងៃ កូន​ត្រកួន​នឹង​ចាប់ផ្ដើម​លាស់​ចេញមក ហើយ​រីក​ធំធាត់​លូតលាស់​ឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់​ពេល​ប្រមូល​ផល។

    **វិធី​មើលថែទាំ
    ការ​ស្រោច​ទឹក: ត្រកួន​ចិន​ជា​បន្លែ​ដែល​ចូលចិត្ត​ដី​ត្រជាក់​សើម តែ​មិន​ដក់​ទឹក​ប៉ប៉ិចប៉ប៉ាច់។ ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជាប់លាប់ មួយថ្ងៃ 1-2ដងតែ​ត្រូវ​ផ្អាក​ចន្លោះ​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់។

    ការដាក់​ជី: ចូរ​ដាក់​ជីធម្មជាតិ​សរីរាង្គ​រៀងរាល់ 7 – 10ថ្ងៃ​ម្ដង ព្រមទាំង​ស្រោច​ទឹក​លាយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​បន្ថែម​ពីលើ​ការដាក់​ជី​មួយជាន់​ទៀត ឬ​ចង់​ជ្រើសរើស​ប្រើ​ជី​រូបមន្ត 25-7-7 ដោយ​អាចដាក់ស្ដើងៗដើម្បី​ជំរុញ​ការរីកចម្រើន​ធំធាត់​ថែមទៀត​ក៏បាន។

    ការការពារ និង​ការកម្ចាត់​សត្រូវ​ដំណាំ: បើ​ឃើញថា មានការ​រាតត្បាត​ដោយ​មេរោគ និង​សត្វល្អិត​សត្រូវ​ដំណាំ ចូរ​ប្រើ​ទឹក​ថ្នាំ​ដែល​ចម្រាញ់​ពី​សម្បក ឬ​ស្លឹក​ស្ដៅ ម្រេច និង​ថ្នាំជក់ លាយ​ជាមួយ​ទឹក​បាញ់​ពីលើ​ដើម​ត្រកួន​មួយថ្ងៃ​ម្ដងនៅពេលល្ងាច។

    **វិធី​ប្រមូល​ផល
    ក្រោយ​ពីព្រោះ​គ្រាប់ពូជ​ត្រកួន​ចិន​នៅលើ​រង​បាន​ប្រមាណ​ជា20-25ថ្ងៃ​រួចមក គេ​អាចធ្វើ​ការប្រមូល​ផល​ដោយ​ធ្វើ​ការដក​ឡើង​ទាំង​ឫស តែ​មុននឹង​ធ្វើការ​ប្រមូល​ផល ចូរ​ស្រោច​ទឹក​ឱ្យ​សើម​ជោក​ជាមុនសិន​ដើម្បីឱ្យ​ងាយស្រួល​ក្នុង​ការដក និង​ធ្វើឱ្យ​ដើម​ត្រកួន​នៅ​ស្រស់​ល្អ មិន​បែក​ជាំ៕

  • កំពុងតែថតកម្មវិធី «ឆ្ងាញ់ទេ?» សុខៗ ស្រាប់តែ…ចង់ដាក់មេផាយ!

    កំពុងតែថតកម្មវិធី «ឆ្ងាញ់ទេ?» សុខៗ ស្រាប់តែ…ចង់ដាក់មេផាយ!

    ដូចដែលលោកអ្នកបានដឹងហើយថា កម្មវិធីដ៏ល្បីល្បាញមួយដែលផលិតឡើងដោយគំនិតច្នៃប្រឌិតរបស់កូនខ្មែររបស់ប៉ុស្តិ៍ទូរទស្សន៍ថោន គឺកម្មវិធី «ឆ្ងាញ់ទេ?» នោះ មានតារាគោលៗដែលជាពិធីការិនីចំនួន 2នាក់ គឺអ្នកនាង កាតុ និងកញ្ញា រ៉ូលីន រួមជាមួយក្រុមការងារ និងលោក ករុណា ពេជ្រ និងថែមទាំងបានអញ្ចើញតារាកិត្តិយសមួយដួងទៀតធ្វើដំណើរចុះទៅតាមតំបន់ភូមិស្រុកនៅតាមបណ្ដាខេត្ត-ក្រុងនានាដើម្បីផ្ដិតយកទស្សនីយភាពនៃការចម្អិនម្ហូបអាហារខ្មែរប្លែកៗប្រចាំតំបន់ ជូនពុកម៉ែបងប្អូនទស្សនិកជនបានទស្សនាកម្សាន្ដសប្បាយមុនពេលទទួលទានអាហារថ្ងៃត្រង់។

    ដោយឡែកនៅសប្ដាហ៍ថ្មីនេះ កញ្ញា នៅ សូនីតា គឺជាតារាកិត្តិយសដែលបានរួមដំណើរជាមួយកញ្ញា រ៉ូលីន អ្នកនាង កាតុ និងលោក ករុណា ពេជ្រ។ នៅថ្ងៃនោះ ខណៈពេលកំពុងថតកម្មវិធីធ្វើម្ហូប ដែលបានពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋនៅតាមទីជនបទនោះ ស្រាប់តែពួកគេបានជួបនឹងរឿងមួយដ៏ស្ទើរមិនគួរឱ្យជឿ និងធ្វើឱ្យភ័យស្លន់ស្លោស្លេកមុខ រកកល់រត់ផាស់ក្រញាំគ្រប់ៗគ្នាតែម្ដង។

    តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម គេមើលឃើញថា នៅពេលដែលក្រុមការងារកំពុងតែដំណើរការថតសុខៗ ក៏ស្រាប់តែលោកអ៊ំម្ចាស់ផ្ទះដែលមិនដឹងជាស្រវឹង ឬក៏ខឹងរឿងអ្វីឡើយនោះ បានស្រែកវ៉ាស់មួយទំហឹងឡើងថា «ពួកហែ្អងឆាប់ចេញពីផ្ទះអញភ្លាម!!»។

    គ្រាន់តែឮសំឡេងស្រែកបែបហ្នឹងភ្លាម កញ្ញា នៅ សូនីតា ស្រាប់តែស្លេកមុខងាំង…ហើយអ្នកនាង កាតុ វិញស្រាប់តែស្លន់ស្លោរញីរញ័រខ្លាំង…ទម្លាក់គ្រឿងគ្រៅសម្លចោល ប្រុងដាក់មេផាយចោលស្បែកជើងយកប្រាសអាយ៉ូសតែម្ដង(អូ My God!!)

    តែយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏សែនលោះព្រលឹងមួយនេះ មិនបានបង្កជារឿងហេតុអ្វីធំដុំនោះទេ ព្រោះក្រោយពីអ៊ំម្ចាស់ផ្ទះដែលជាប្តី បានស្រែកហើយ ក៏ដើរចេញទៅក្រៅបាត់ទៅ ឯក្រុមការងារយើងក៏បន្តការថតរបស់ពួកគេ រហូតដល់ចប់ដោយមិនមានបញ្ហាអ្វីទៀតឡើយ(គ្រាន់រាងស្រៀវៗ ខ្លាចអ៊ំប្រុសម្ចាស់ផ្ទះនោះត្រឡប់មកម្ដងទៀត ប៉ុណ្ណឹងឯង អូ៎យ…)។

    ដើម្បីឱ្យបានឃើញច្បាស់ថា តើទឹកមុខកញ្ញា នៅ សូនីតា កញ្ញា រ៉ូលីន អ្នកនាង កាតុ និងលោកករុណា ពេជ្រ មានសភាពបែបណាខ្លះពេលជួបស្ថានការណ៍បែបនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    https://youtu.be/mpM8-kkvrfU

  • Giggs ជឿជាក់ថា លោក Ferguson នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​​រហ័ស

    Giggs ជឿជាក់ថា លោក Ferguson នឹង​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​​រហ័ស

    កីឡាករ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​បំផុត​​ Ryan Giggs របស់​ក្លិប Manchester United បាន​ដឹកនាំ​ឱ្យ​​មាន​ការធ្វើ​សារ​ជូន​ពរ​ជាច្រើន​មួយ​ផ្សេង​ទៀត ពី​ពិភព​កីឡា​បាល់​ទាត់​សម្រាប់​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​​ពួកគេ​ គឺ​លោក Alex Ferguson ក្រោយពី​បុរស​សញ្ជាតិ​ស្កុត​លែន​ម្នាក់នេះ​ទទួល​ការ​វះ​កាត់​ខួរក្បាល​។

    ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ដ៏មាន​ភាព​ជោគ​ជ័យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កីឡា​បាល់​ទាត់​ចក្រ​ភព​អង់គ្លេស លោក Ferguson វ័យ​ 76​ឆ្នាំ បាន​​ឈ្នះ​ពាន​សរុប​ 38ពាន ក្នុង​រយៈពេល​ 26​ឆ្នាំ​ ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Man United ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ចំនួន​ 13​លើក និង​ពាន Champions League 2លើក​ផងដែរ មុន​ពេល​ចូល​និវត្តន៍​ក្នុងឆ្នាំ​2013​។ Man United មិន​បាន​ផ្តល់​ព័ត៌​មាន​ថ្មី​ៗទាក់​ទង​នឹង​ស្ថាន​ភាព​របស់​លោក Ferguson ទៀតឡើយ បន្ទាប់ពី​បាន​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​វះកាត់​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ដំណើរ​ការ​យ៉ាងល្អ ប៉ុន្តែចាំ​បាច់​ត្រូវ​តែ​មាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អំឡុង​ពេល​លោក​សម្រាក​ព្យា​បាលក្រោយវះ​កាត់​។

    លោក Giggs ដែល​បច្ចុប្បន្នជា​គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វេលស៍ គឺ​ជា​សមាជិក​របស់​ក្រុម​របស់​លោក Ferguson ដែល​បាន​ឈ្នះ​ពាន​ 13លើកក្នុង​ការលេងអាជីព​​រយៈ​ពេល​ 24​ឆ្នាំ​របស់​គាត់​ នា​កីឡដ្ឋាន Old Trafford​។ Giggs បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «បច្ចុប្បន្ន គឺ​ជា​ពេលវេលា​នៃ​ការ​ជូន​ពរ និង​សង្ឃឹម​ថាគាត់​អាច​ជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័ស​។ គាត់​មាន​ឥទ្ធិ​ពល​ដ៏ធំ​បំផុត​​ក្នុង​អាជីព​របស់​ខ្ញុំ ទាំង​នៅ​លើ​ទីលាន និងក្រៅ​​ទីលាន​»​៕

    ប្រភពពី៖ Channel News Asia

  • Neymar នឹង​បង្ហាញ​វត្ត​មាន​ក្នុងការ​ប្រកួត​​ពាន French Cup វគ្គផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    Neymar នឹង​បង្ហាញ​វត្ត​មាន​ក្នុងការ​ប្រកួត​​ពាន French Cup វគ្គផ្តាច់​ព្រ័ត្រ​រាត្រីនេះ

    Neymar នឹង​មាន​​វត្តមាន​ក្នុងការ​ប្រកួត​ពាន French Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រាត្រីនេះ រវាងក្រុម Paris Saint-Germain និង Les Herbiers​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់ Thiago Silva ប្រធានក្រុម​នៃក្រុម PSG​។

    ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានមួយ​កាល​ពី​ថ្ងៃ​ចន្ទ នៅមុន​ពេល​ការ​ប្រកួត​នេះ Silva បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រូប​​គេ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទាំង​ស្រុង ប៉ុន្តែបាន​និយាយ​ថា រូបគេមិនអាច​ហ្វឹកហាត់​ជាមួយនឹង​ពួក​យើង​បាន​ឡើយ​។ រូប​គេ​នឹង​មាន​វត្ត​មាន​ដើម្បី​គាំទ្រពួក​​យើងនៅ​ថ្ងៃ​ស្អែក​នេះ នា​កីឡដ្ឋាន Stade de France ហើយ​ខ្ញុំ​គិត​ថា រូប​គេ​នឹង​មាន​ការ​រីក​រាយ​»​។ Neymar បាន​វិលទៅកាន់​ទីក្រុង​ប៉ា​រីស កាល​ពីថ្ងៃ​សុក្រ ដើម្បី​បន្ត​ការ​សម្រាក​ព្យា​បាល​របស់​គេ រយៈពេល​ 2ខែ ក្រោយពី​​ទទួល​បាន​ការ​វះ​កាត់​ប្រអប់​ជើង​របស់​គេ នៅក្នុង​ប្រទេស​ប្រេស៊ីល​។

    រូប​គេ​ប្រហែល​មិន​អាច​ចូល​លេង​ឱ្យក្រុម PSG ម្តង​ទៀត​ឡើយ​នៅ​រដូវកាលនេះ ខណៈ​ដែល​ការ​ផ្តោត​អារម្មណ៍​របស់​គេ​នា​ពេល​បច្ចុប្បន្ន​គឺ​ទៅលើ​ការ​ត្រៀម​លក្ខណៈ​ឱ្យ​ទាន់​ពេល​សម្រាប់​យុទ្ធ​នា​ការ World Cup ជាមួយ​នឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នា​ខែ​មិថុនា និង​កក្កដា​​។ Silva បាន​បន្ថែមទៀត​ថា៖ «Neymar កំពុង​តែ​មាន​សុខ​ភាពល្អ​។ វា​ពិត​ណាស់ រូប​គេ​កំពុង​តែ​សម្រាកព្យា​បាល​។ គេ​ចាប់​ផ្តើម​ហ្វឹក​ហាត់​រួច​ជា​ស្រេច​ក្នុង​ក្លិប​ហាត់​ប្រាណ​»​។ PSG គឺ​ជា​ក្រុមមានក្តី​សង្ឃឹមច្រើន​ក្នុងការ​ឈ្នះពាន ក្នុង​ពេល​ប៉ះ​ជាមួយ​នឹងក្រុម Les Herbiers នៅ​រាត្រី​នេះ ក្រោយពី​បាន​ឈ្នះពានក្រប​ខ័ណ្ឌ Ligue 1 និង​ពាន League Cup រួច​មកហើយ​នៅ​រដូវ​កាល​នេះ​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​ 2:05ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Channel News Asia

  • បន្ទប់ផ្ទះបាយ Size Mini 4 បែប… តូចមែន តែមានគំនិតខ្ពស់

    បន្ទប់ផ្ទះបាយ Size Mini 4 បែប… តូចមែន តែមានគំនិតខ្ពស់

    គេ​នាំគ្នា​និយាយថា បន្ទប់​ផ្ទះបាយ គឺជា​បេះដូង​ចម្បង​របស់​ផ្ទះ បើ​គ្មាន​បន្ទប់​ផ្ទះបាយ ប្រហែលជា​ត្រូវ​ទិញ​ម្ហូប​ថង់​មក​ទទួលទាន​រាល់ថ្ងៃ​មិន​ខាន តែ​ត​ឱ្យ​ជា​ម្ហូបអាហារ​ថង់​យ៉ាងណា ក៏ត្រូវ​តែមាន​បន្ទប់​ផ្ទះបាយ​ដដែល​ហ្នឹង! មែន​ទេ? ព្រោះ​ណាមួយ​ត្រូវ​លាងចាន-​ក្បាន​ទុកដាក់ កម្ដៅ​ម្ហូបអាហារ និង​ការងារ​ចង្ក្រាន​ជើង​ឆ្នាំង​មួយ​គំនរ​ទៀត ដូច្នេះហើយ​ទើប​បន្ទប់​ផ្ទះបាយ​ចាំបាច់​ណាស់​សម្រាប់គ្រប់ផ្ទះ តែ​ទំហំ​របស់​បន្ទប់​ផ្ទះបាយ​មិនចាំបាច់​ត្រូវតែ​ធំ​ជានិច្ច​នោះទេ។ ដែល​ខំ​រៀបរាប់​ហូរហែ​មក​បែបនេះ មិនមែន​មានអី​ធំ​ដំ​ុ​នោះទេ គ្រាន់តែ​ចង់ឱ្យ​មិត្ត​អ្នកអាន​ណា​ដែល​ផ្ទះ​មាន​ទីធ្លា​បន្ទប់​ចង្ក្រាន​បាយ​មានកំណត់​នោះ ងាក​មក​រៀបចំ​តុបតែង​បន្ទប់​ផ្ទះបាយ​ឱ្យបាន​ស្អាត​ម្ដង​ជាមួយនឹង 4បែបនៃ​បន្ទប់​ផ្ទះបាយ​ទំហំ​តូច តែស្អាតៗតែប៉ុណ្ណោះ។

    បែបទី1

    បន្ទប់​ចង្ក្រាន​បាយ​តូច តែមួយ​ជ្រុង
    បន្ទប់​ផ្ទះបាយ​ខ្នាតតូច​ក្នុង​បរិយាកាស​ពណ៌​ឈើ​ធម្មជាតិ មាន​ទីធ្លា​ប្រើប្រាស់​ត្រឹមតែ​បន្តិចបន្តួច តែ​ក៏មាន​ឧបករណ៍​គ្រប់​សម្រាប់​រាល់​ការប្រើ​ការ។ ដោយ​ចាប់ផ្ដើម​ពី​ការច្នៃ​ម៉ូដ​ឱ្យ​ក្លាយជា​បន្ទប់​ផ្ទះបាយ​តែមួយ​ជ្រុង​ជាប់​ជញ្ជាំង ក្រាល​ឥដ្ឋការ៉ូ​ពណ៌​ឈើ​ធម្មជាតិ។ ខាងក្រោម​តុ​ដាក់​ម៉ាស៊ីនបោកខោអាវ​ខ្នាត​មី​នី​សន្សំសំចៃ​ទីកន្លែង អាង​លាងចាន​តូច​មួយ និង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​អាចដាក់​នៅលើ​តុ​នៅក្នុង​ផ្ទះបាយក៏បាន។ ធ្វើ​បង្កាន់ដៃ​ដែក​អីុណុ​កជាប់​ជញ្ជាំង​ទុក​ព្យួរ​ឧបករណ៍​ផ្ទះបាយ​ដែល​ត្រូវ​ប្រើ​ជាប្រចាំ គ្រឿង​បន្ថែម​រសជាតិ​ដាក់​តម្រៀប​ជា​ជួរ​ស្រេច និង​ទូ​ជាប់​ជញ្ជាំង​សម្រាប់​ទុកដាក់​ចានក្បាន។

    បែបទី2

    តូច តែ​ខ្លឹម
    បើ​អ្នកណា​ស្នាក់អាស្រ័យ​នៅក្នុង​បន្ទប់​អា​ផាត​មិន ឬ​ខុន​ដូ​ ដែល​ទីធ្លា​មានកំណត់​នោះ ប្រាកដ​ណាស់​​ថា បន្ទប់​ផ្ទះបាយ​របស់​អ្នកច្បាស់​ជា​ត្រូវ​ប្រើការ​រួមជាមួយ​បន្ទប់​ផ្សេងទៀត និង​មិនបាន​បែងចែក​ទីកន្លែង​ប្រើការ​យ៉ាងច្បាស់​លាស់​ឡើយ ដោយ​ចាត់ចែង​ទុក​ត្រឹមតែ​ជ្រុង​តូច​មួយ​ប៉ុណ្ណោះ។ មុនគេ​បង្អស់ គឺ​ត្រូវ​កំណត់​ទីធ្លា​ជាមុនសិន ទុកដាក់​របស់គ្រប់យ៉ាងឱ្យ​ទៅជិតជញ្ជាំងបំពាក់​ទូ​ព្យួរ​ឧបករណ៍​សម្រាប់​ទុកដាក់ តុ​បាយម៉ូដ​បែប​សាមញ្ញ​សមល្មម​នឹង​ទីធ្លា លាក់​ភាជនៈផ្សេងៗ និង​ឧបករណ៍​គ្រប់យ៉ាង​ទុក​នៅក្នុង​ទូ​ ដើម្បី​ភាព​មាន​របៀប និង​មើលទៅ​ស្អាត​ភ្នែក​គួរឱ្យ​ចង់​ប្រើការ​រាល់ថ្ងៃ។

    បែបទី3

    បន្ទប់​ផ្ទះបាយ​ស្រឡះ សែន​ស្អាត
    បន្ទប់​ផ្ទះបាយ​របស់​មនុ​ស្សវ័យ​ក្លៀវក្លា​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ភាពស្រឡះ។ ស៊ីម៉ង់ត៍លាតគ្មាន​លាប​ពណ៌ គឺជា​សម្ភារ​ដែល​បង្ហាញ​ពី​ភាពសាមញ្ញ​បាន​គ្រប់ពេលវេលា។ គំនិតនេះ គឺយកស៊ីម៉ង់ត៍​ធ្វើជា​តុ​បាយនៅក្នុងផ្ទះបាយ ជ្រើសរើស​បំពាក់​ទូ​ថ្នាក់​សម្រាប់​ដាក់​របស់រ​បរ​ឱ្យស័ក្តិសម ​ដោយមានជាន់ថ្នាក់ធ្វើពីឈើ​នៅ​ផ្នែក​ខាងក្រោម ខណៈដែល​ធ្នើរ​ដាក់​របស់របរ​ផ្នែក​ខាងលើ​បើកចំហ ជួយ​ឱ្យ​ការចាប់យក​ឧបករណ៍​ចម្អិន​ម្ហូបអាហារ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ឡើង។ ប្រើប្រាស់​ទីធ្លា​មិន​ច្រើន ត្រឹមតែ​ជញ្ជាំង​មួយ​ខាង និង​ប្រើ​រួមគ្នា​ជាមួយ​បន្ទប់​ទទួលទាន​អាហារ។

    បែបទី4

    តុ​កណ្ដាល​បន្ទប់​ក្នុង​ក្ដី​ស្រមៃ
    សម្រាប់​បន្ទប់​ផ្ទះបាយ​ខ្នាតតូច តែ​ក៏​ចង់​មាន​តុ​នៅ​កណ្ដាល​បន្ទប់​ដែល​អាច​ច្នៃ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​នោះ តុ​ថ្ម​ម៉ាប​អាចជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ទាំង​ការ​ទទួលទាន​អាហារ​ពេលព្រឹក​បែបងាយៗ និង​ជា​តុ​សម្រាប់​ត្រៀម​រៀបចំ​ម្ហូបអាហារ​ទៀតផង។ ចំណែក​តុ​សម្រាប់ត្រៀម​អាហារ​វិញ ជា​បែប​មី​នី​ស្ទូ​ឌី​យោ ស័ក្តិសម​បំផុត​សម្រាប់​បន្ទប់​ដែលមាន​ទីធ្លា​តូច គ្រប់យ៉ាង​ស្ថិតនៅក្នុង​ទូ​តែមួយ ទាំង​អាង​លាងចាន ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វទូទឹកកក និងធ្នើរថ្នាក់ៗដាក់​របស់របរជាដើម៕

  • រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    មិនគួរឱ្យជឿឡើយថា នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូប្រមាណជាង 3ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានលើកយកឈ្មោះលោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងម្ចាស់ផលិតកម្ម Galaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរជាសាធារណៈ។

    នេះចាត់ទុកថាជារឿងកម្រមួយដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរនៅក្នុងវេទិកាសាធារណៈបែបនេះ។ តាមរយៈវីដេអូនៅលើគណនីផ្លូវការរបស់សម្ដេច  ហ៊ុន សែន ត្រូវបានគេមើលឃើញពីការលើកឡើងនូវឈ្មោះតារាចម្រៀងដែលទើបវិវឌ្ឍខ្លួនក្លាយជាឧកញ៉ាវ័យក្មេងដ៏លេចធ្លោ។ ខណៈពេលនោះសម្ដេចក៏បានសួររកលោក ឡេង ណាវ៉ាត់ត្រា ហើយក៏បានប្រកាសឡើង រហូតដល់មន្ត្រីក្រោមឱវាទស្រែកបន្ទរឡើងថា«ឡេង ណាវ៉ាត់ត្រាៗ!!»។

    តាមរយៈវីដេអូដែលបានផ្សាយផ្ទាល់ពីជំនួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូក្នុងរាជធានីភ្នំពេញនៅក្នុងសាលមហោស្រពកោះពេជ្រ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពោលសរសើរ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀតនៅក្នុងឱកាសនោះ ដោយបានទាំងអះអាងថា សម្ដេចបានទូរស័ព្ទទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នៅពេលដឹងថា លោក ណាវ៉ាត់ត្រាមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានោះសម្ដេចតេជោក៏បានសម្ដែងនូវការរំភើបចិត្តចំពោះតារាចម្រៀងរូបនេះ ដោយបានបញ្ជាក់ថា អ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើកទឹកចិត្ត។

    ចំណែកឯលោកឡេង ណាវ៉ាត់ត្រា វិញបានប្រាប់អ្នកសារព័ត៌មានទាំងអស់វិញថា លោកមានក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោកមកប្រកាសនៅក្នុងពិធី នេះគឺជាមោទនភាពរបស់លោកយ៉ាងខ្លាំង ចាប់់តាំងពីលោកបានបញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រឡប់មករស់នៅប្រទេសកំណើតវិញ។ លោកបន្ដថា «ការលើកសរសើររបស់សម្ដេចគឺជាកម្លាំងចិត្តដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ និងចែករំលែកបទពិសោធតស៊ូដល់ក្រុមពលករជាច្រើនផ្សេងទៀត»។

    គួរបញ្ជាក់ថាមកទល់ពេលបច្ចុប្បន្ននេះ តារាចម្រៀង តារាសម្ដែង និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងទីផ្សារលក់គម្រោងសង់បុរី ដោយបានពង្រីកទីតាំងពីមួយទៅមួយនារយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ លោកក៏បានបញ្ជាក់ប្រាប់ដែរថា លោកមិនអាចដកខ្លួនចេញពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និងរួមចំណែកជួយសង្គមឱ្យបានច្រើនតទៅទៀត រួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

  • ស្មា​ត​ហ្វូ​ន Android 2018 ជាមួយ Feature និង​លក្ខណសម្បត្តិ​ ដ៏​ពេញនិយម​នាពេល​អនាគត

    ស្មា​ត​ហ្វូ​ន Android 2018 ជាមួយ Feature និង​លក្ខណសម្បត្តិ​ ដ៏​ពេញនិយម​នាពេល​អនាគត

    មនុស្ស​ជាច្រើន​ប្រហែលជា​និយាយថា “ស្មា​ត​ហ្វូ​ន​ចាប់ផ្ដើម​លែងមាន​អី​ថ្មី​ហើយ” បន្ទាប់ពី​ឆ្នាំ​ដែលកន្លងៗទៅ ភាគ
    ច្រើន​មានតែ​ស៊េរី និង​ម៉ូដដដែលៗ មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ។ តែ​ក្នុង​ឆ្នាំ2018នេះ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​នធំៗចាប់ផ្ដើម​អភិវឌ្ឍ​លក្ខណសម្បត្តិ និង Feature ដែល​ប្លែកថ្មីៗចេញ​មកទៀត​ជាច្រើន ដែល​នៅក្នុង​ឆ្នាំនេះ វា​នឹង​ក្លាយជា​ទិសដៅ​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​សម្រាប់​អនាគត។ តើ​មាន​អ្វី​ថ្មី​ខ្លះ យើង​នាំគ្នា​មក​មើល​ដូចតទៅ។

    អេក្រង់​គ្មាន​គែម
    ទោះជា​ធ្លាប់មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​គ្មាន​គែម​ដំបូង​គេ​គឺ Sharp Aquos Crystal ដែល​បង្ហាញខ្លួន​ឡើង​តាំងពី​ឆ្នាំ2014 ក៏ដោយ តែ​ Trend នេះទើបតែ​មក​ល្បី​មែនទែន​នៅ​ឆ្នាំ2016 ក្រោយពី Xiaomi Mi Mix បង្ហាញខ្លួន​ឡើង និង​ចាប់ផ្ដើម​តាម​គ្នា​មក​ក្រោយ​បង្ហាញខ្លួន Samsung Galaxy S8 ជាមួយ Note 8 និង iPhone X ហ្នឹងឯង។ សម្រាប់ Feature គ្មាន​គែម ភាគច្រើន​នឹង​ចេញមក​ព្រមជាមួយ​ទំហំ18ៈ9 មាន​ចំណុច​ល្អ​ត្រង់​ដែល​ធ្វើឱ្យ​ទូរស័ព្ទ​កាន់តែ​ស្អាត​ខ្លាំង​ឡើង និង​ជួយ​ឱ្យមាន​អេក្រង់​កាន់តែ​ធំ​ឡើង តែ​តួ​គ្រឿង​មិនធំ​តាម។ តែ​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​មិនល្អ​ដែល​រង់ចាំ​ការកែសម្រួល​ដែរ ដូចជា App មួយចំនួន​នៅ​មិនទាន់ Support ការបង្ហាញ​ទិន្នន័យ​ជាមួយ​អេក្រង់​នេះ និង​ការមើល​វីដេអូ​បែប​បើក​ឱ្យ​ពេញ​អេក្រង់​ដែល​អាចធ្វើឱ្យ​រូបភាព​ត្រូវ Crop បាត់អស់​មួ​ួ​យ​ផ្នែក។

    កាមេរ៉ា​គូ (oo)
    ត​ពី​ Trend គ្មាន​គែម​មក ក៏មាន Feature ដែល​ចេញមកមួយគូៗដូចជា Dual Camera ឬ​កាមេរ៉ា​ក្រោយ​មួយគូ (oo) ដែល​សព្វថ្ងៃនេះ​ចាប់ផ្ដើម​មាន​នៅលើ​ស្មា​ត​ហ្វូ​ន​ស្ទើរតែ​គ្រប់​ស៊េរី​ទៅហើយ ដូចជា Samsung ដែល​ទើបតែ​ដាក់​មក​នៅក្នុង S9+ ថ្មីៗនេះឯង និង​ខាង Sony ក៏​ចាប់ផ្ដើម​បង្ហើប Feature នេះ​ឱ្យឃើញ​ដែរ ដែលគេ​រំពឹងថា​នឹង​ចេញមក​នៅក្នុង “Sony Xperia XZ Pro” ដែល​កំពុង​នាំគ្នា​ល្បីថ្មីៗនេះឯង។ ចំណែក​កាមេរ៉ា​គូ​នៅទីនេះ​ក៏មាន​ន័យ​ពី​លេន​ស៍​ពីរ​គ្រាប់​ដែរ ចែកចេញជា​លេន​ស៍ Telephoto និង​លេន​ស៍ Wide ឬ Normal មក​បំពាក់​នៅជិតៗគ្នា ដោយ​ការធ្វើការ​ក៏​នឹង​ឆ្លាស់គ្នា​តាម​ការ​ប្រើការ។

    កាមេរ៉ា​វីដេអូ Slow Motion
    សម្រាប់ Feature នេះ គឺ​ការថត​វីដេអូ​បែប​ស្លូ​ម៉ូ​ស្សិន(រូបភាពយឺត) ដូច​ឈ្មោះ​ហៅ​អ៊ី​ចឹ​ងធ្វើឱ្យ​យើង​សប្បាយ​ជាមួយនឹង​ការថត​វីដេអូ​កាន់តែខ្លាំង​ឡើង ហើយ​សម្រាប់​ប្រែ៊ន​ដ៍​ដំបូង​គេ​ដែល​ធ្វើបាន​នោះ​គឺ Sony លើ​ស៊េរី XZ1 កាលពី​ឆ្នាំទៅ ដែល​អាច​ថត​វីដេអូ​ស្លូ​ម៉ូ​ស្សិន​បែប 960fps ក្នុង​មួយ​វិនាទី ក្នុង​ភាព​លម្អិត​ច្បាស់​កម្រិត HD (720p) រហូត​កាលពីពេលថ្មីៗនេះ​ខាង Samsung បានបង្ហាញ Galaxy S9 និង S9+ ដែល​ចេញមក​ព្រមជាមួយ​កាមេរ៉ា Slow Motion ដូចគ្នា​ដែរ ធ្វើឱ្យ Feature នេះ​ត្រូវបាន​គេ​លើ​កមក​និយាយ​ជាថ្មី​ម្ដងទៀត (ដោយសារ​កម្លាំង​ទីផ្សារ​របស់ Samsung) តែ​មិនទាន់បាន​ល្បី​ប៉ុន្មាន​ផង ខាង Sony ក៏​បង្អួត Feature ថត​វីដេអូ​ស្លូ​ម៉ូ​ស្សិន​បែប 960fps ដែលមាន​ភាព​លម្អិត​ច្បាស់ Full HD (1080p) ចេញ​មកទៀត​ក្នុង XZ2 ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះឯង។

    RAM 6GB+
    នាំគ្នា​មក​មើល​ផ្នែក​លក្ខណសម្បត្តិ​វិញ​ម្ដង។ បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​ស្ទើរតែ​គ្រប់​ស៊េរី​តែង​ចេញមក​ព្រមជាមួយ RAM 4GB ឡើង​តែម្ដង ដើម្បី​ការប្រើ​ការដែល​រលូន​ល្អ តែដោយសារ​តែមាន​ទាំង App ដែល​ត្រូវ​ប្រើ​RAM​ធំ​ឡើង និង​រួមជាមួយ​ទង្វើ​របស់​អ្នក​ប្រើ​ដែល​ចូលចិត្ត​បើក App ច្រើនដំណាលៗគ្នា(Multitasking) ធ្វើឱ្យ​ត្រូវ​ប្រើ​ទំហំ​ផ្ទុក​ក្នុង​ផ្នែក​នេះ​ច្រើន​ផង​នោះ ទើបថ្មីៗនេះ​ខាង Asus បានបង្ហាញ​ខ្លួន Zenfone 5Z ដែល​ចេញមក​ព្រមជាមួយ​RAMឱ្យ​ជ្រើសរើស​ដល់​ទៅ 8GB តែម្ដង ចំណែក​ស៊េរីផ្សេងៗទៀត​ក៏​ចេញមក​ព្រមជាមួយ RAM 6GB ដូចជា Samsung Galaxy S9+, LG V30S ThinQ និង Nokia 8 Sirocco ជាដើម ទើប​ក្លាយជា​ថា RAM ស្មា​ត​ហ្វូ​ន​សម័យថ្មី​នេះ​ត្រូវតែ​ចេញមក​ព្រមជាមួយ​ទំហំ 6GB ឡើងទៅ​តែម្ដង។

    កន្លែង​ស្គែ​ន​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់
    ពេលនេះ​មាន​ប្រែ៊ន​ដ៍​តែមួយគត់​ដែល​សម្រុក​ធ្វើ គឺ Vivo ដោយ​នៅក្នុង​ពិធី​តាំងពិព័រណ៍ CES 2018 Vivo ក៏បាន​បង្ហាញ​គំរូ​ដើម​រួចរាល់​ហើយ​នៅក្នុង​ស៊េរី Vivo X20 Plus UD បែប​ពេញលេញជា​លើកដំបូង និង​កាលពីពេលថ្មីៗនេះ ក៏មាន​បង្ហាញ​គំរូ​មួយ​ម៉ូ​ដែល​ទៀត​ក្នុង​ឈ្មោះថា “Apex” ដែល​ចេញមក​ព្រមជាមួយ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ដូចគ្នា តែ​លើក​នេះ​កន្លែង​ស្គែ​ន​ធំ​ទូលាយ​ជាង​មុន​ច្រើន និង​ក្រៅពី​ស្គែ​ន​​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ហើយ នៅ​ចេញមក​ព្រមជាមួយ​អេក្រង់​គ្មាន​គែម​ទៀតផង។

    e-SIM
    ទោះជា​នៅ​មិនទាន់មាន​នៅក្នុង​ស្មា​ត​ហ្វូ​ន​ក៏ដោយ តែ​គេ​ជឿថា នៅពេល​ខាងមុខ​នឹង​ប្រាកដ​ជាមាន​មិន​ខាន​ក្រោយពី​ខាង Apple បាន​ញាត់ Feature នេះ​នៅក្នុង Apple Watch Series 3 ដែល​បាន​ដាក់លក់​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អា-ស៊ី​រួចហើយ។ សម្រាប់ e-SIM នេះ​គឺជា​ស៊ីម​កាត​បែប​ថ្មី ដែល​ពីមុន​ធ្លាប់ជា​ឈិ​ព​ក្នុង​រូបរាង​ជា​កាត​ខ្នាតតូច​មួយ ឥឡូវ​ប្ដូរ​មកជា​ឈិ​ព​បង្កប់​នៅក្នុង​ឧបករណ៍​តែម្ដង ហុច​ផល​ឱ្យ​ឧបករណ៍​នោះ​មិនអាច​ដោះ​ប្ដូរ​ស៊ីម​កាត​បានឡើយ តែ​ជំនួស​ដោយ​ចំណុច​ល្អ​មកវិញ​គឺ មិនចាំបាច់​ធ្វើ​កន្លែង​ដាក់​ស៊ីម​-កាត​នាំឱ្យ​ខាត​ទីកន្លែង ធ្វើឱ្យ​អ្នក​ច្នៃ​ម៉ូដ​ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​ដទៃទៀត​មាន​ទីកន្លែង​សម្រាប់​ដាក់ Feature បន្ថែម​បាន​កាន់តែ​ច្រើនឡើង។

    AI
    ក្នុង​ឆ្នាំ​កន្លងទៅ យើង​បាន​ភ្ញាក់ផ្អើល​ជាមួយស្មា​ត​ហ្វូ​ន​ដែល​ចេញមក​ព្រមជាមួយ​ខួរក្បាល​សិប្បនិម្មិត(Artificial Intelligence) ឬ AI នៅ​ខាងក្នុង ដែល​ជួយ​ឱ្យ​ស្មា​ត​ហ្វូ​ន​មាន Feature ថ្មីៗតាម​មកជា​ច្រើន ដោយ​តួនាទី​ដែល​លេចធ្លោ​បំផុត ក៏​ប្រហែលជា​គេច​មិន​ផុតពី​រឿង​កាមេរ៉ាដែល​ក្រៅតែពី​ជួយ​ឱ្យ​ថតរូប​បាន​ស្អាត​ហើយ នៅ​ជួយ​ធ្វើជា​កែវភ្នែក​វិសេស​ដែល​អាច​វិភាគ​វត្ថុ​នៅ​​ចំ​ពីមុខ​បាន​ទៀតផង ដូចជា Bixby នៅក្នុង Samsung Galaxy ឬ​ការបកប្រែ​ភាសាតាមរយៈ​កាមេរ៉ា​ដោយ Google Assistant នៅក្នុង​ស្មា​ត​ហ្វូ​ន Android សឹងតែ​គ្រប់​ម៉ូ​ដែល ហើយ​ខាង Apple ក៏មាន Siri ដែល​នៅ​គូ​គ្នា​ជាមួយ iPhone តាំងពីណា​ពី​ណី​មកហើយ ដោយ​វា​ជួយ​ឱ្យ​យើង​អាច​បញ្ជា​តាមរយៈ​សំឡេង​បានតែ​ម្ដង ធ្វើឱ្យ​ការប្រើ​ការ​ស្មា​ត​ហ្វូ​ន​កាន់តែ​មាន​ភាព​សម្បូរបែប​ច្រើនឡើង ដែល​នាពេល​អនាគត​នឹង​រឹតតែ​សម្បូរបែប​ជាងនេះទៅទៀត។

    AR
    សម្រាប់ AR ឬ Augmented Reality ការបង្ហាញរូបភាពដូចរូបភាពពិតនៅក្នុងពិភពនៃការពិត ឬនិយាយងាយៗក៏គឺ Feature 3D Emoji ឬ Animoji ដែលយើងឃើញមាននៅក្នុង Galaxy S9/S9+ និង iPhone X ហ្នឹងឯង។ ដែលវានឹងដាក់រូបភាពពីលើរូបភាព Emoji បែប 3D លើផ្ទៃមុខរបស់យើងពិតតាមរយៈកាមេរ៉ាស្មាតហ្វូន។ ក្រៅពីផ្នែកនេះហើយ ក៏នៅមានការប្រើរួមជាមួយវ៉ែនតា Mixed Reality ឬ MR ផងដែរដែលជួយឱ្យមើលឃើញរូបភាព AR បានតាមរយៈភ្នែកខ្លួនយើងតែម្ដង ដោយមិនចាំបាច់មើលតាមរយៈអេក្រង់ស្មាតហ្វូនដូចពីមុនឡើយ។

    ប្រព័ន្ធ Security ថ្មី
    ប្រព័ន្ធ Security ឬ Feature ការពារសុវត្ថិភាពនៅទីនេះ គឺមានទាំង Feature ដោះសោ និងប្រព័ន្ធសុវត្ថិភាពផ្ទៃក្នុងដែលភាគច្រើនមាននៅក្នុងប្រព័ន្ធប្រតិបត្តិការស្រាប់ហើយ ដោយមានអាប់ឌែតថ្មីជារៀងរាល់ខែ។ តែមើលទៅហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយ បន្ទាប់ពីមួយរយៈកន្លងមកនេះមានរបាយការណ៍រឿងស្មាតហ្វូនត្រូវបានហ៊ែកជាញឹកញាប់នោះ ទើបមានការបង្ហាញស្មាតហ្វូនស៊េរីថ្មីដែលចេញមកព្រមជាមួយប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់ដូចជា SikurPhone ស្មាតហ្វូនសែស្រឡាយ Cryptocurrency ដែលចេញមកព្រមជាមួយ e-Wallet នៅក្នុងម៉ាស៊ីនជាមួយប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់ ដែលខាង Samsung ក៏មានបង្ហាញនៅក្នុង Galaxy Note 8 និង Galaxy S8 ស៊េរី Enterprise Edition (EE) ផងដែរ។ គេជឿថា ស្មាតហ្វូនស៊េរីថ្មីៗតទៅទៀតនឹងចេញមកព្រមជាមួយប្រព័ន្ធការពារសុវត្ថិភាពដែលកាន់តែរឹងមាំឡើងមិនខាន៕

     

  • ដំណាំ សាលាដ

    ដំណាំ សាលាដ

    សាលាដ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Lactuca sativaជារុក្ខជាតិដំណាំដែលមានដែនដីកំណើតទាំងនៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាដំណាំតែមួយរដូវ មានដើមធំខ្លី ស្លឹកញឹក និងលាស់ធំចេញពីថ្នាំងជាកញ្ចុំ អាចក្ដោបត្រួយ ឬមិនក្ដោបត្រួយក៏មាន។ មានលក្ខណៈរូបរាង និងពណ៌ខុសប្លែកពីគ្នា ដោយទាំងអស់នេះអាស្រ័យលើពូជរបស់វា ដោយពូជខ្លះអាចមានស្លឹកក្រាស់រឹង តែពូជខ្លះទៀតបែរជាមានស្លឹកទន់ស្រួយ មានពណ៌ត្រួយចេក រហូតទៅដល់ពណ៌បៃតងចាស់ ពណ៌ស្ករលាយក្រហម ពណ៌ក្រហម និងពណ៌ស្ករតែម្ដងជាដើម។ ក្រៅពីនេះ ដើមសាលាដនៅមានប្រព័ន្ធឫសកែវដែលអាចរីកលូតលាស់ចុះទៅក្នុងដីបានយ៉ាងឆាប់រហ័ស។ កញ្ចុំផ្កាមានរូបរាងបែប Panicle មានកម្ពស់ជាមធ្យមពី6-12សង្ទីម៉ែត្រ ប្រកបដោយផ្កាពី10-25ផ្កា/កញ្ចុំ។ ស្រទាប់ផ្កាមានពណ៌លឿង ឬពណ៌សលាយលឿង។ ផ្កានឹងរីកនៅពេលព្រឹក ជាពិសេសក្នុងអំឡុងពេលដែលមានសីតុណ្ហភាពទាប។

    ការដាក់ដាំ
    ការត្រៀមដី: ភ្ជួរដាស់ដីឱ្យជ្រៅទៅក្រោមប្រមាណ30-40សង្ទីម៉ែត្រ រួចហាលដីទុកចោលឱ្យស្ងួត7​-10ថ្ងៃ បន្ទាប់មករាស់កិនកម្ទេចដីឱ្យល្អិតមុននឹងដាក់ជីលាមកគោស្ងួតចូលទៅក្នុងដី ប្រមាណជា 2 – 3 ក្នុងទំហំដី 10 X 100 ម៉ែត្រ​ និងជីរូបមន្តស្មើ 15-15-15 បរិមាណ30-50គីឡូក្រាម រួចរាស់ត្រឡប់ឱ្យដីនិងជីចូលគ្នា បន្ទាប់មកទើបលើកជារងកម្ពស់ប្រមាណជា 30 សង្ទីម៉ែត្រ X ទទឹង120 សង្ទីម៉ែត្រ X បណ្ដោយដី។

    វិធីដាំ: ក្រោយពីត្រៀមរងរួចរាល់ហើយ ចូរគ្របពីលើដោយចំបើងស្ងួតស្ដើងៗ ស្រោចទឹកឱ្យជោក មុននឹងព្រោះគ្រាប់ពូជសាលាដប្រមាណជា300-500ក្រាម(3-5ខាំ)ក្នុងទំហំដីដូចខាងលើ និងព្រោះឱ្យសព្វលើរង រួចស្រោចទឹក1ដងទៀត។ នៅពេលកូនសាលាដចាប់ផ្ដើមលាស់មានស្លឹកពិត2-3សន្លឹក ចូរដកដើមណាដែលមិនសូវល្អ ឬដើមមិនសូវរឹងមាំចោល ដោយទុកចន្លោះ25 ពីមួយគុម្ពទៅមួយគុម្ព 25សង្ទីម៉ែត្រសម្រាប់ការដាំសាលាដស្លឹក និងទុកចន្លោះ 40 សង្ទីម៉ែត្រសម្រាប់ការដាំសាលាដពូជស្លឹកក្ដោបត្រួយ។

    វិធីមើលថែទាំ
    ការស្រោចទឹក: ចូរស្រោចទឹករាល់ថ្ងៃឱ្យដល់គល់សាលាដ មួយថ្ងៃ2ដង ព្រឹក និងល្ងាច តែកុំស្រោចរហូតដល់បែកភក់។ បន្ទាប់ពីនោះក៏ប្ដូរមកស្រោចទឹកមួយថ្ងៃខានមួយថ្ងៃវិញ ហើយក្នុងរយៈពេលដែលបន្លែសាលាដកំពុងក្ដោបស្លឹកត្រួយ ចូរកុំស្រោចទឹកឱ្យត្រូវស្លឹកត្រួយ ព្រោះអាចនឹងធ្វើឱ្យកើតរោគរលួយស្លឹកបាន។

    ការដាក់ជី: ប្រើជីរូបមន្ត 46-0-0 ឬ 25-7-7 ក្រោយពេលដាក់ដាំហើយ7-10ថ្ងៃក្នុងអត្រា30-50គីឡូក្រាមក្នុងទំហំដី15 X 100 ម៉ែត្រ និងនៅពេលអាយុបានប្រមាណជា25-30ថ្ងៃ ចូបន្ថែមជីរូបមន្ត 16-16-16 ក្នុងអត្រា30-50គីឡូក្រាមដូចគ្នា។

    ការការពារ និងកម្ចាត់សត្រូវដំណាំ: ចូរបាញ់ទឹកចម្រាញ់ចេញពីរក្ខជាតិ ដូចជា ស្លឹកស្ដៅស្លឹកទន្ន្រានខែត្រ ស្លឹកម្រេច ឬស្បៃរឿងជាដើមទៅលើដើម និងស្លឹក ដើម្បីការពារសត្វដង្កូវមូរស្លឹក និងសត្វល្អិតចង្រៃផ្សេងៗ ដោយត្រូវបាញ់រៀងរាល់5-7ថ្ងៃម្ដង ឬអាចដាំដើមផ្កាស្បៃរឿងនៅតាមសងខាងរងផងក៏បាន។

    វិធីប្រមូលផល
    អាយុការប្រមូលផលបន្លែសាលាដ គឺប្រមាណជា40-50ថ្ងៃ (បន្ទាប់ពីពេលព្រោះគ្រាប់ពូជ)។ គួរជ្រើសរើសប្រមូលផលនៅពេលដែលស្លឹកសាលាដនៅខ្ចី ស្រួយ និងមិនស្វិត រឹង រីឯការរក្សាទុកវិញ គួរទុកដាក់នៅក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និង មិនត្រូវពន្លឺថ្ងៃ៕