Category: សង្គម និងសេដ្ឋកិច្ច

  • ក្លិប Pahang អនុញ្ញាតឱ្យ​ចាន់ វឌ្ឍនាកា ចាកចេញ និង​យក Nakajima ជំនួស​វិញ

    ក្លិប Pahang អនុញ្ញាតឱ្យ​ចាន់ វឌ្ឍនាកា ចាកចេញ និង​យក Nakajima ជំនួស​វិញ

    ខ្សែប្រយុទ្ធ​អន្តរជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្លិប Pahang FA ក្រោយពី​ការបង្ហាញ​ទម្រង់​លេង​មិន​បានល្អ​ក្នុង​រយៈពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង​ក្លិប​របស់​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League មួយ​នេះ ក្រោយពី​បាន​ចូលក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង កាលពីដើម​ឆ្នាំនេះ។

    ក្លិប Pahang FAបាន​នាំយក​ខ្សែប្រយុទ្ធ​កាណាដា Issey Nakajima-Farran មក​ជំនួស​វិញភ្លាមៗ ដើម្បី​ពង្រឹង​ក្រុម​នេះ និង​ដើម្បី​ប្រជែង​យកពាន​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​នាំយក​ខ្សែប្រយុទ្ធ Austin Amutu ដើម្បី​ជំនួស​កន្លែង​របស់ Francis Forkey Doe ដែលមាន​បញ្ហា​របួស​ជ​ង្គ​ង់​រយៈពេល​វែង​ផងដែរ កាលពី​ខែមីនា។ លោក DollahSalleh គ្រូបង្វឹក​របស់​ក្រុម Pahang បានឱ្យដឹងថា៖ «យើង​សង្ឃឹមថា វត្តមាន​កីឡាករ​ទាំង 2នេះ នឹង​បង្កើន​គុណភាព​ក្នុង​ក្រុម​របស់​យើង។

    Amutu អាច​នឹងមាន​បញ្ហា​មួយចំនួន​ក្នុងការ​សម្រប​ខ្លួន​ក្នុង​ក្រុម​នេះ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា បទពិសោធ​របស់​ពួកគេ​នឹង​ជួយ​ដល់​យើង»។ ការចាកចេញ​របស់​វ​ឌ្ឍ​នា​កា ត្រូវបាន​រំពឹងទុក​ជាមុន​ទៅហើយ ក្រោយពី​ខ្សែបម្រើ​ស្លាប​រូបនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​ទាក់ទាញ​តិចតួច​បំផុត​ក្នុងការ​ចំណាយពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង Pahang។ លោក Dollah បាន​ប្រាប់​បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោក​ចង់ឱ្យមាន​ការបង្ហាញ​ពី​ទម្រង់​លេង​កាន់តែ​ល្អប្រសើរ​ជាង​មុន​ពី វឌ្ឍនាកា ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម Kuala Lumpur FAកាលពី​ថ្ងៃទី15 ខែមេសា៕

    ប្រភពពី៖ FOX Sports Asia

  • PSG ផ្តួល​ក្រុម Les Herbiers ដើម្បី​លើក​ពាន French Cup

    PSG ផ្តួល​ក្រុម Les Herbiers ដើម្បី​លើក​ពាន French Cup

    ក្រុម​ជើង​ខ្លាំង Paris Saint-Germain ត្រូវតែ​ជម្នះ​ទៅលើ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ពី​សំណាក់​ក្រុម​លំដាប់​ទាប Les Herbiers ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ ក្នុងការ​ប្រកួត​ពាន French Cup កាលពី​ថ្ងៃ​អង្គារ។

    កីឡាករ Giovani Lo Celso និង​ EdinsonCavani សុទ្ធសឹង​រក​គ្រាប់​បាល់​បាន​ដូចគ្នា​សម្រាប់​ក្រុម PSG ដោយ​គ្រាប់​បាល់​ទី2 គឺជា​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី៣ Les Herbiers និង​ដើម្បី​បំពេញ​ការ​ឈ្នះ​ពាន​ក្នុងស្រុក​ទាំង៣សម្រាប់​ក្រុម PSG។ Les Herbiers ត្រូវបាន​សង្គ្រោះ 3លើក​ដោយរ​បាទី ក្នុងការ​ប្រកួត​ដើមតង់​ទី1 ហើយ​បន្ទាប់មក Les Herbiers បាន​បាត់បង់​គ្រាប់​បាល់​ទី2 របស់ខ្លួន ដោយសារតែ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Les Herbiers នៅតែ​មិនអាច​រារាំង​ក្រុម PSG មិនឱ្យ​ឈ្នះ​ពាន French Cup សម្រាប់​រយៈពេល 4ឆ្នាំជាប់ៗគ្នា​បាន​ដដែល។ ក្រុម PSG បាន​ឈានទៅ​កាន់ការ​ប្រកួត​នេះ ក្រោយពី​បានឈ្នះ​ពាន League Cup និង​ពាន​ក្របខ័ណ្ឌ Ligue 1 រួចជាស្រេច។ បច្ចុប្បន្ន ពួកគេ​បានឈ្នះ​ពាន French Cup និង League Cup សម្រាប់​រយៈពេល 4ឆ្នាំជាប់ៗគ្នា ក្នុងនោះ​ពួកគេ​បានឈ្នះ​ពាន3 ក្នុង​រដូវ​កាល​តែ1។ បច្ចុប្បន្ន​ក្រុម PSG មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​ពាន​ក្នុងស្រុក​ចំនួន 42ប្រកួត បើ​គិត​ចាប់តាំងពី​ថ្ងៃទី22 ខែមករា ឆ្នាំ2014 មក៕

    ប្រភពពី៖ Channel News Asia

  • ម៉េង កែវពេជ្ជតា ផ្សង​ជួប​ស្នេហ៍​ថ្មី​លើ​ទឹកដី​ប្រទេស​បារាំង

    ម៉េង កែវពេជ្ជតា ផ្សង​ជួប​ស្នេហ៍​ថ្មី​លើ​ទឹកដី​ប្រទេស​បារាំង

    កំពូល​តារាចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចាក​ចេញទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​បារាំង​រយៈពេល​ដល់​ទៅ3ខែ តប​តាម​ការអញ្ជើញ​របស់​ស​មា​គម​តារា​ខ្មែរ​ប្រចាំ​នៅ​ទីនោះ។ ការចេញ​ទៅរក​ប្រាក់ចំណូល​នៅក្រៅ​ប្រទេស​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលនេះ គឺមាន​ការរួម​ដំណើរ​ពី​សំណាក់​តារាចម្រៀង​ប្រុស​ម្នាក់ទៀត​ផងដែរ ប៉ុន្តែ​អ្នកនាង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល។ ជាមួយនឹង​ការចេញ​ទៅ​បង្ហាញមុខ​នៅលើ​ទឹកដី​ត្រជាក់​ធ្លាក់​ទឹកកក​ខាងលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បង្ហើប​ផងដែរ​ថា បើ​មានសំណាង​ពិតមែន ទំនង​អាច​ជួប​ស្នេហ៍​ថ្មី​នៅលើ​ទឹកដី​ប្រទេស​បារាំង​ក៏​មិនដឹង។

    មុនពេល​បោះជំហាន​ឈាន​ជើង​ចូលក្នុង​ស្ថានីយ​ចេញដំណើរហោះ​ឆ្ពោះទៅកាន់​ប្រទេស​បារាំង​កាលពីពេល​កន្លងទៅ​ អ្នកនាង ម៉េង កែវពេជ្ជតា ដែល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ជាង20ឆ្នាំ​រូបនេះ បានឱ្យដឹងថា អ្នកនាង​បាន​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​ចេញទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​បារាំង ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​នោះទេ ព្រោះអ្វីៗបានរៀបចំ​អស់​ទៅហើយ។ ម៉េង កែវពេជ្ជតា បញ្ជាក់ថា “ខ្ញុំ​ទៅ​ច្រៀង​នៅ​បារាំង3ខែ​ចប់ នឹង​បន្តដំណើរ​ទៅ​ច្រៀង​ដល់​ប្រទេស​ស្វី​ស​ផងដែរ ជាមួយ​តារាចម្រៀង​ប្រុសម្នាក់ទៀត។ ការ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​នេះ ធ្វើឱ្យ​ខ្ញុំ​ចោល​កម្មវិធី​មួយចំនួន​នៅក្នុង​ស្រុក​ដែរ តែ​មិន​អី​ទេ ខ្ញុំ​បាន​ដោះស្រាយ​អស់ហើយអ៊ី​ចឹ​ង​ខ្ញុំ​ត្រូវតែ​ចេញ​ទៅតាម​ការកំណត់”។

    យ៉ាងណាក៏ដោយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ចាក​ចេញទៅ​ក្រៅប្រទេស​របស់ ម៉េង កែវពេជ្ជតា នាពេលនេះ វា​មិនមែនជា​រឿង​ថ្មី និង​ចម្លែក​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ស្រប​ពេលដែល​អ្នកនាង​ចាក​ចេញទៅ ក៏​ធ្លាយ​ព័ត៌មាន​មក​ថា ពេលនេះ​នាង​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ វ័យ​ចំណាស់​ម្នាក់នៅ​ប្រទេស​បារាំង។ ដូចនេះ ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​សាជាថ្មី​របស់​កំពូល​តារា​ចម្រៀង​រូបនេះ អាចជា​រឿង​ល្អដែល​នឹង​ឈានទៅ​បញ្ចប់​ឈ្មោះថា​ជា​អ្នក​មេម៉ាយ​នោះ​ទៀតហើយ។ ម្យ៉ាងវិញទៀត កាលពីពេល​កន្លងទៅថ្មីៗនេះ គេ​ក៏​ធ្លាប់​បានឃើញ​កំពូល​តារាចម្រៀង​រូប​នេះបង្ហោះ​សារ​នៅលើ​គណនីផ្ទាល់ខ្លួន​ផងដែរ ដោយ​បង្ហាញ​ពី​ក្ដី​ស្រមៃ និង​រំពឹង​ចង់គ្រង​ឈុត​សម្លៀកបំពាក់​ជា​កូនក្រមុំ​សាជាថ្មី​ផងដែរ៕

  • ម៉ាក សែនសូនីតា ឆ្នាំថ្មីរួចសម្រុកសម្រេចបំណង ពង្រីកសាខាផែសមុទ្រឱ្យបាន12ខណ្ឌ

    ម៉ាក សែនសូនីតា ឆ្នាំថ្មីរួចសម្រុកសម្រេចបំណង ពង្រីកសាខាផែសមុទ្រឱ្យបាន12ខណ្ឌ

    ពិតជាមិនធម្មតានោះឡើយសម្រាប់កំពូលតារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក់ សែនសូនីតា ដែលមួយរយៈចុងក្រោយនេះ គឺមានភាពកាក់កប​ជា​ខ្លាំង មិនថាចំពោះតែការងារសិល្បៈ ដែលអាចរកបានចំណូលរាប់ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែនោះទេ សូម្បីតែមុខជំនួញដោយ​ការបើក​ភោជនីយដ្ឋានបែប​អាហារ​សមុទ្ររបស់នាងក៏ទទួលបាននូវភាពជោគជ័យ និងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ ខណៈដែលមុខជំនួញ​ទទួល​បានភាព​វិជ្ជមានទាំង3សាខា ម៉ាក់​ សែនសូនីតា បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំថ្មីនេះ បើសិនជាអាច នាងនឹងបន្តពង្រីកសាខាហាងអាហារ “ផែសមុទ្រ” របស់នាងឱ្យបានចំនួន12ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញតែម្ដង។

    កាលពីដើមឡើយ ចំពោះមុខជំនួញក្រៅអាជីពរបស់កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានគេដឹងថា នាងបានព្យាយាមស្វែងរក​ចំណូលបន្ថែម​តាម​រយៈ​ការ​លក់ផលិតផលថែរក្សាស្បែក ឬធ្វើឱ្យស្បែកស ដោយការលក់បន្តយកចំណេញតិចតួចទៅឱ្យអ្នកសិល្បៈដូចគ្នាតែប៉ុណ្ណោះ។​​ ប៉ុន្តែស្រាប់តែនៅ​ដើម​ឆ្នាំ​2017 ម៉ាក់ សែនសូនីតាបានបង្កើតមុខជំនួញថ្មីមួយទៀតដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ នោះគឺការបើកអាហារដ្ឋានលក់គ្រឿងសមុទ្រ ដោយ​ដាក់​ឈ្មោះថា “ផែសមុទ្រ” ដែលមានទីតាំងដំបូងនៅម្ដុំសន្ធរម៉ុក។មិនយូរប៉ុន្មានបន្ទាប់ពីបានកត់សម្គាល់ឃើញថា មុខជំនួញទទួលបានផ្លែផ្កា ម៉ាក់ សែនសូនីតាមិនបានបង្អង់នោះឡើយ ដោយនាងបានសម្រេចចិត្តបោះទុនបន្ថែមជួលទីតាំងថ្មីមួយកន្លែងទៀតនៅក្រុងតាខ្មៅ ដើម្បីបើកសាខាទី2 ហើយ​បន្ត​ពង្រីកសាខាទី3 មួយកន្លែងទៀតកាលពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះដោយជ្រើសយកទីតាំងកណ្តាលរាជធានីភ្នំពេញស្ថិតនៅ​តាម​បណ្តោយ​ផ្លូវព្រះមុនីវង្ស ជិតស្តុបផ្សារអូរឫស្សី ជាមួយនឹងការចំណាយដើមទុនមិនក្រោយ20ម៉ឺនដុល្លារនោះឡើយ។

    ពាក់ព័ន្ធទៅនឹងការធ្វើមុខជំនួញផ្នែកអាហារក្រៅពេលនេះ ខណៈដែលបានជួបជាមួយអ្នកយកព័ត៌មានដោយចៃដន្យនៅនឹងហាង​សាខាទី3​ផ្ទាល់​តែ​ម្ដង កំពូលតារាសម្ដែងដែលធ្លាប់រងពាក្យចចាមអារ៉ាមមានចំណងស្នេហ៍ជាមួយតារាដៃគូសម្ដែងលោក រតនៈ ពិសិដ្ឋ រូបនេះបានបង្ហើបឱ្យដឹងថា នាងពិត​ជា​រីករាយជាមួយការធ្វើជំនួញបែបនេះណាស់ ព្រោះត្រឹមរយៈពេលខ្លីសោះ អាចពង្រីកវិសាលភាពបានបែបនេះទៅហើយ ដូច្នេះសម្រាប់ការសម្រេចក្ដី​ស្រមៃ​ដែលចង់ពង្រីកសាខាឱ្យបានទាំង12ខណ្ឌ ហាក់មិនពិបាកនោះទេ ប៉ុន្តែអ្វីដែលនាងបារម្ភគឺលើបញ្ហាធនធានមនុស្ស ដែលជាសេវាសំខាន់ និងជា​សរសៃ​ឈាម​របស់ហាងតែម្ដង ខណៈដែលពេលនេះអ្នកគ្រប់គ្រងហាងរបស់នាងក៏កំពុងប្រកាសស្វែងរកកម្លាំងបន្ថែមផងដែរ។

    សូមបញ្ជាក់ផងដែរ កញ្ញា ម៉ាក់ សែនសូនីតា ត្រូវបានមហាជនទទួលស្គាល់ថា ជាកំពូលតារាសម្ដែងស្រីវ័យក្មេងមួយរូប ដែលមានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និងកម្រកើតមានព័ត៌មានអាស្រូវក្រៅតែពីរឿងពាក់ព័ន្ធនឹងការលួចបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាសម្ដែងប្រុសរួមអាជីពជាមួយគ្នា គឺ​លោក រតនៈ ពិសិដ្ឋ ខណៈដែលជារឿយៗគេតែងឃើញអ្នកទាំងពីរឧស្សាហ៍នៅគៀកប្រគិតជាមួយគ្នាជាញឹកញាប់៕

  • ព្រាប សុវត្ថិ ស៊ីថ្លៃកប់ជាមួយទូរស័ព្ទ VIVO

    ព្រាប សុវត្ថិ ស៊ីថ្លៃកប់ជាមួយទូរស័ព្ទ VIVO

    កាលពីដើមខែកន្លងទៅនេះ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានឡើងបង្ហាញខ្លួនជាអ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃស្មាតហ្វូនម៉ាក VIVO ដែលធ្វើឱ្យមហាជននាំគ្នាបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកាលពីពេលកន្លងទៅ គេធ្លាប់តែឃើញ​រូប​លោក​បង្ហាញខ្លួនតែជាមួយផលិតផលស្រាបៀរតែប៉ុណ្ណោះ។ ជាមួយនឹងការបង្ហាញខ្លួនដោយភ្ជាប់ឈ្មោះជាអ្នកតំណាងផលិតផលទិកណូឡូជីមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គ្រាន់តែតម្លៃថ្លៃធ្វើជាអ្នកតំណាងរបស់លោកក្នុង1ឆ្នាំ គឺស៊ីរហូតដល់ទៅជិត10ម៉ឺនដុល្លារឯណោះ។

    លោក ព្រាប សុវត្ថិ បានប្រាប់ក្នុងពេលបង្ហាញខ្លួនថា “ខ្ញុំសប្បាយចិត្តដែលបានធ្វើជាអ្នកតំណាងឱ្យ VIVO សម្រាប់ប្រទេសកម្ពុជានេះហើយ​ខ្ញុំគិតថា VIVO នេះមានភាពអស្ចារ្យខ្លាំងណាស់ ព្រោះអេក្រង់ពេញអាចថតរូបបានស្អាតជាងទូរស័ព្ទដទៃទៀត។ ខ្ញុំពិតជារំភើបដែលខាងក្រុមហ៊ុនជឿ​ទុក​ចិត្ត និងផ្តល់កិត្តិយសសម្រាប់រូបខ្ញុំ”។ យ៉ាងណាក៏ដោយ ចំពោះការធ្វើជាអ្នកតំណាងទូរស័ព្ទ VIVO របស់កំពូលតារាចម្រៀងរូបនេះ ត្រូវបានមហាជនលើក​ឡើង​ថា តារាចម្រៀងដែលមានភាពលេចធ្លោ និងល្បីល្បាញជិត20ឆ្នាំម្នាក់នេះនៅតែជាតារាដែលត្រូវប៉ាន់ស្ប៉តពាណិជ្ជកម្ម និងស៊ីថ្លៃខ្ពស់ជាងគេដដែល បើទោះបីជាពេលនេះលោកមានវ័យច្រើនបន្ដិចក្ដី។

    ដោយឡែកពាក់ព័​ន្ធទៅនឹងតម្លៃថ្លៃខ្លួនជាអ្នកតំណាង លោក ព្រាប សុវត្ថិ មិនបានបង្ហើបប្រាប់នោះទេ ដោយលោកលើកឡើងថា មិនអាច​ប្រាប់​បាន ខ្លាចខូចតម្លៃទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាមប្រភពព័ត៌មានដែលធ្លាប់ទាក់ទងរូបលោកឱ្យធ្វើជាអ្នកតំណាងផលិតផល និងថតស្ប៉តផងដែរនោះ​បាន​បង្ហើប​ប្រាប់ថា លោក ព្រាប សុវត្ថិគឺជាតារាដែលស៊ីថ្លៃជាងគេបំផុត ពោលគឺក្នុងមួយឆ្នាំស៊ីមិនក្រោម10ម៉ឺនដុល្លារនោះទេ ហើយបើថ​ត​ស្ប៉តទៀត​ត្រូវ​បន្ថែម​ពី​លើទៀត។ ជាក់ស្ដែងគ្រាន់តែតម្លៃចេញច្រៀងតាមបណ្តាខេត្តម្ដងៗ យ៉ាងហោចណាស់ក៏ទទួលបាន3,500-4,000ដុល្លារ ដែលច្រៀង និងសម្ដែងរាំលើ​ឆាកមិនលើសពី5បទនោះឡើយ។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ខណៈពេលដែលខ្លួនកាន់តែមានវ័យជ្រេរចាស់បន្តិចទៅហើយនោះ លោក ព្រាប សុវត្ថិ បានព្យាយាមជំរុញ​កូន​ប្រុសរបស់ខ្លួនឱ្យជ្រាតចូលមកក្នុងវិស័យចម្រៀងស្នងត្រកូលបន្ត ហើយនៅក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះក៏មានបទចម្រៀងរបស់​កូន​ប្រុស​លោកចេញលក់ដែរ ដូចជា បទ “រាំក្បាច់កង្កែប” ជាដើម៕

  • សារៈសំខាន់​របស់​លេខ​បារ​កូដ​ដែល​អាជីវករ​ក្នុងស្រុក​គួរ​យល់ដឹង

    សារៈសំខាន់​របស់​លេខ​បារ​កូដ​ដែល​អាជីវករ​ក្នុងស្រុក​គួរ​យល់ដឹង

    ជាទូទៅ​គ្រប់​ផលិតផល​ដែល​ដាក់លក់​នៅក្នុង​ទីផ្សារ​តែងតែមាន​លេខ​បារ​កូដ​ដែល​ធ្វើឱ្យ​អតិថិជន​អាច​ដឹងបាន​ថា ផលិតផល​នោះ​ផលិត​ចេញពី​ប្រទេស​ណា។ ជាក់ស្តែង​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា យើង​មាន​លេខ​បារ​កូដ​សម្រាប់​សម្គាល់​នៅខាងមុខ 3ខ្ទង់​គឺ 884។

    លោក ​ឡូញ ​គឹម​អៀន​ នាយក​​ប្រតិបត្តិ​​ស្ថាប័ន​​បារ​​កូដ​​កម្ពុជា​

    បច្ចុប្បន្ន​ស្ថាប័ន​តែមួយគត់​ដែលមាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង បែងចែក​លេខ​បារ​កូដ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ស្ថាប័ន​បារ​កូដ​កម្ពុជា ឬ​ហៅ​កាត់​ថា ជី​អេស1កម្ពុជា (GS1cambodia) ស្ថាប័ន​នេះ​ត្រូវបាន​តែងតាំងឡើង​ដោយ ជី​អេស1អន្តរជាតិ (GS1Internaational)គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ និង​ជា​ស្ថាប័ន​ដែល​សាមញ្ញ និង​ច្បាស់លាស់​ពី​ច្បាប់​គ្រប់គ្រង កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម។

    ដូច្នេះ​អាជីវករ​ក្នុងស្រុក​ដែលជា​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​ឯកជន​ត្រូវតែ​ស្វែងយល់​ពី​អត្ថ​ប្រ​យោ​ជ​ន៏ និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​បារ​កូដ​កម្ពុជា​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​ឈានទៅរក​ភាពល្អ​ប្រសើរឡើង​ក្នុង​ទីផ្សារ​ស្របទៅតាម​ការជំរុញរ​បស់​រដ្ឋាភិបាល និង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

    អគ្គនាយក​សភាពាណិជ្ជកម្ម លោក ងួន ម៉េង​តិច បាន​មានប្រសាសន៍ថា ចំពោះ​បារ​កូដ​កម្ពុជា កន្លងមក​យើង​ធ្លាប់បាន​ជូន​ព័ត៌មាន​ទៅដល់​បងប្អូន​អ្នករកស៊ី​ច្រើន​ហើយ តែ​ពូក​គាត់​នៅ​មិនទាន់​យល់ ដូច្នេះ​ទើប​ការចុះឈ្មោះ​ផលិតផល​ក្នុង​បញ្ជី​បារ​កូដ​នេះ​នៅមាន​ចំនួន​តិច​នៅឡើយ។ លោក​បាន​បន្តថា៖ “លោក​មានបំណង​ចង់ឱ្យ​ពាណិជ្ជករ​យើង​ទាំងអស់​មានការ​យល់់ដឹង​ពី​លេខ​បារ​កូដ​នេះ​ឱ្យ​កាន់តែច្បាស់​ឡើង ពីព្រោះ​បារ​កូដ​នេះ​ជា​តួលេខ​មួយ​ដែល​អាច​ដឹងបាន​ថា​ផលិតផល​ចេញ​មកពី​ប្រទេស​ណាមួយ ព្រោះ​ក្នុង​ប្រទេសមួយ​គេ​ផ្តល់​តួលេខ​បារ​កូដ​ឱ្យតែ​មួយ​ទេ​ជា​តំណាង​របស់​ជាតិ។ ពិភពលោក​គេ​ប្រើប្រាស់ បារ​កូដ​នេះ​ជា​ចាំបាច់​ដើម្បី​គ្រប់គ្រង​ផលិតផល និង​គ្រប់គ្រង​តម្លៃនៅលើទីផ្សារ។

    លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បាន​មានប្រសាសន៍​អំពី​បារ​កូដ​សម្រាប់​ផលិតផល​ជាទូទៅ​នេះ​ថា៖ “សម្រាប់​ក្រុមហ៊ុន​របស់ខ្ញុំ ខ្ញុំ​បាន​ចុះបញ្ជី​បារ​កូដ​នេះ​តាំងពី​ជាង 10ឆ្នាំមុន​មកម្ល៉េះ នេះ​ក៏ដោយ​សារ​ខ្ញុំ​បាន​យល់​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​បារ​កូដ​សម្រាប់​ផលិតផល​របស់​យើង។

    លោកស្រី​នាយិកា​ក៏បាន​ឱ្យដឹង​ផងដែរ​ពី​អត្ថប្រយោជន៍​នៃ​ការចុះ​លេខ​បារ​កូដ​ទៅលើ​ផលិតផល​ដោយបាន​បញ្ជាក់ថា៖“ចំពោះ​អត្ថប្រយោជន៍​នៃ​លេខ​បារ​កូដ​នេះ​គឺ​វា​ផ្តល់ឱ្យ​យើង​ច្រើនណាស់ ពីព្រោះ​ការចុះ​បារ​កូដ​ទៅលើ​ផលិតផល គឺ​ពេលណា​ផលិតផល​ដែល​យើង​ផលិត​បាន យើង​ចង់​យកទៅលក់​នៅលើ​ទីផ្សារ ដូចជា​នៅក្នុង​ផ្សារ​ទំនើប (Super Market) ឬ​ក្នុង​ម៉ា​ត (Mart)គេ​ត្រូវការ​ស្គែ​ន​បារ​កូដ​នេះ​ដើម្បី​គ្រប់គ្រង​ការលក់ និង​តម្លៃផ្សេងៗបាន​ដោយ​ស្រួល ហើយ​វា​ក៏​ជា​អត្តសញ្ញាណ​មួយ​បញ្ជាក់ថា​ផលិតផល​របស់​យើង គឺ​យើង​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

    នៅពេលដែល​យើង​ចុះបញ្ជី​បារ​កូដ​ហ្នឹង​ពេល​យើង​ស្គែ​ន​ទៅ យើង​នឹង​ឃើញ​ឈ្មោះ​ក្រុមហ៊ុន អាសយដ្ឋាន លេខ​ទូរស័ព្ទ និង​ព័ត៌មានផ្សេងៗសម្រាប់​ទំនាក់ទំនង​នៅក្នុង​បារ​កូដ​នោះ។ ចង់​បញ្ជាក់ថា ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ពិតប្រាកដ​ច្បាស់លាស់​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

    លោកស្រី​បន្តថា៖ នៅពេល​យើង​ចុះបញ្ជី​បារកូដ​ហ្នឹង​ត្រឹមត្រូវ គឺ​យើង​អាច​នាំយក​ផលិតផល​របស់​យើង​ទៅ​លក់​នៅក្រៅ​ប្រទេស​បាន ពីព្រោះ​ស្រុក​ក្រៅ គឺ​គេ​ត្រូវការបា​រកូដ រាល់​ផលិតផល​ទាំងអស់​គឺ​ត្រូវតែមាន​លេខ​បារ​កូដ​សម្គាល់ ហើយ​បារ​កូដ​នេះ​មិនមែន​ចេះតែ​ចុះ​ផ្តេសផ្តាស​បានទេ ពីព្រោះ​នៅពេលដែល​គេ​ស្គែ​ន​ទៅ គេ​នឹង​ឃើញ​លេខ​បារ​កូដ​ប្រទេស​ដែលជា​ទិន្នន័យ​អត្តសញ្ញាណ​សម្រាប់​សម្គាល់ តែបើ​ក្លែងក្លាយ​នឹង​ពុំ​ឃើញ​មាន​ទិន្នន័យ​ទាំងអស់។

    លោក ឡូញ គឹម​អៀន នាយក​ប្រតិបត្តិ​ស្ថាប័ន​បារ​កូដ​កម្ពុជា​បាន​មានប្រសាសន៍ថា តាំងពី​ស្ថាប័ន​បារ​កូដ​កម្ពុជា​បង្កើតឡើង​រហូតមកទល់​ពេលបច្ចុប្បន្ន យើង​មាន​សមាជិក​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ព្រោះ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​បារ-កូដ​នេះ​កាន់តែ​ច្រើនឡើង​ហើយ។ ម្យ៉ាងវិញទៀត​ផលិតផល​មួយចំនួន​ប្រសិនបើ​មិនមាន​លេខ​បារ​កូដ​ទេ គេ​នឹងមិន​ទទួល​ទិញ​ទេ​នៅតាម​ម៉ា​ត ឬ​នៅតាម​ផ្សារ​ទំនើប​មួយចំនួន​នោះទេ។

    បច្ចុប្បន្ន​គេ​លែង​ប្រើ​ការបិទ​តម្លៃ​នៅលើ​ផលិតផល​ទៀតហើយ គឺ​គេ​ប្រើការ​ស្គែ​ន​តម្លៃ​តាមរយៈ​បារ​កូដ​នេះឯង ហើយក៏​ដោយសារ​គេ​ងាយ​គ្រប់គ្រង​ទិន្នន័យ​ស្តុក​ទំនិញ និង​ចំនួន​នៃ​ការលក់​ចេញ​ជាដើម​ផងដែរ។ គ្រប់​ក្រុមហ៊ុន សហគ្រាស និង​សិប្បកម្ម​តូចតាច​ក៏​អាច​ចុះ​លេខ​បារ​កូដ​បានដែរ​ឱ្យតែ​មាន​ផលិតផល​របស់ខ្លួន។

    លោក​បានឱ្យដឹងថា ការចុះ​លេខ​បារ​កូដ​នេះ​មិនមែនជា​ការធ្វើ​ឡើង​ដោយ​នឹក​សង្ឃឹមថា​ទទួលបាន​ជោគជ័យ​ទេ តែ​វា​គឺ​ជោគជ័យ​តែម្តង ដោយសារ​នៅលើ​ជាង 100ប្រទេស​គេ​ប្រើ​ប្រព័ន្ធ​តែមួយ ហើយ​ការចុះ​លេខ​បារ​កូដ​នេះ ក្រុមហ៊ុន សហគ្រាស​គាត់​អាច​យកទៅលក់​នៅ​ប្រទេស​ណា​ក៏បាន​ដែរ​គឺ​គេ​ទទួលស្គាល់​ផលិតផល​ដែល​បាន​ចុះ​លេខ​បារ​កូដ​នេះ​ដោយ​ស្ថាប័ន​បារ​កូដ​ឬ GS1(Global System1)មានន័យថា “ប្រព័ន្ធ​តែមួយ ដំណោះស្រាយ​តែមួយ និង​ស្តង់ដារ​តែមួយ។

    កិច្ច​ប្រជុំ​ក្នុង​សភាពាណិជ្ជកម្ម​កម្ពុជា

    យោងតាម​បទ​បង្ហាញ​របស់​ស្ថាប័ន​បារ​កូដ​កម្ពុជា​ស្តីពី​សកម្មភាព​ការងារ​ស្នូល​របស់ខ្លួន ស្ថាប័ន​នេះ​បាននិងកំពុង​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងកសិកម្ម​ក្នុងការ​ជំរុញ និង​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ក្នុង​វិស័យ​កសិកម្ម។ ទន្ទឹមនឹងនេះ​ក៏បាន​បង្កើត​គម្រោង​កម្ម​វិធី​ទូរទស្សន៍ និង​វីដេអូ​ឯកសារ​ស្តីពី​ការប្រើប្រាស់​លេខ​បារ​កូដ និង​ការបង្កើត​គំរូ​បារ​កូដ​សម្រាប់​ប្រើប្រាស់​លើ​ផលិតផល​ផងដែរ ដោយ​រួមទាំង​កិច្ចប្រជុំ​ទាំង​ក្នុង និង​ក្រៅប្រទេស​សំដៅ​អភិវឌ្ឍ​ជី​អេស1កម្ពុជា​ក្នុងការ​ជំរុញ​បង្កើន​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ៕

  • មិនទាន់ចប់ទេ!! ឯម រៀម អាងថា មានឯកសាររឿងអប្សរាប្រុស

    មិនទាន់ចប់ទេ!! ឯម រៀម អាងថា មានឯកសាររឿងអប្សរាប្រុស

    បន្ទាប់ពីមានការបដិសេធ និងច្រានចោលចំពោះការបកស្រាយរបស់ ឯម រៀម ពីសំណាក់មគ្គុទេសក៍ទេសចរណ៍ម្នាក់នៅក្នុងខេត្តសៀមរាប ដែលបានអះអាងថា លោកជាមគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេសតំបន់សៀមរាប និងប្រកបមុខរបរនេះជាង 10ឆ្នាំហើយ មិនដែលមាន និងមិនដែលឮថា របាំអប្សរាមានមនុស្សប្រុសឡើយនៅក្នុងប្រវត្តិ និងវប្បធម៌ខ្មែរ។ លោកថា សូមប្រកែកមិនទទួលយកជាដាច់ខាត។  ប្រវត្តិស្ត្រីរបាំអប្សរាកើតទ្បើងពីរឿងកូរសមុទ្រទឹកដោះគឺសុទ្ធតែជាស្រីរបាំ បើសិនត្រូវការឯកសារលោកនឹងបង្ហោះឱ្យមើលច្បាស់នឹងភ្នែកម្ដងទៀត។

    មគ្គុទេសក៍ទេសចរណ៍រូបនេះបានលើកឡើងជារួមថា ប្រសិនបើខ្លួនយើងជាភេទទីបី ឬហៅថាចេក ឬខ្ទើយ ដែលមិនដឹងខ្យល់អីអំពីវប្បធម៌ខ្មែរនោះ សូមកុំធ្វើឱ្យវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរខូចលំនាំឱ្យសោះ និងកុំធ្វើឱ្យយុវជន-យុវនារីសម័យក្រោយទៅឆ្កួតជាមួយនឹងពួកលោកឯងមួយក្ដាប់តូចហ្នឹងឱ្យសោះ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាពិនិត្យលើពាក្យថា របាំអប្សរា ឬល្ខោនព្រះរាជទ្រព្យ (The Khmer Royal ballet Dance)ផង។

    តែយ៉ាងណាមិញ លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម បានតបតវិញតាមរយៈសំណេរនៅលើហ្វេសប៊ុកខ្លួនចំពោះព័ត៌មាននេះថា «ម្នាក់ៗឥឡូវតាំងខ្លួនជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកវិភាគនៃសិល្បៈខ្មែរ ចាប់តាំងមានអប្សរាប្រុស ហើយពូកែណាស់ខាងគោរព និងស្រឡាញ់វប្បធម៏ខ្មែរបុរាណជ្រុលនិយម តែត្រង់ខ្លួនឯងយករូបអង្គរវត្ត និងរូបព្រះភ័ក្ត្រជ័យវរ័្មនទី7 ព្រីនលើមួកធ្វើជាអាជីកម្ម អត់គិតទេ ហើយស្រែកក្តែងៗថា ជាការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មានមគ្គុទេសក៍ទេសចរណ៍កើតទុក្ខមិនសុខចិត្តរឿងអប្សរាប្រុស ឥឡូវលោកល្បីហើយ គួរតែអរគុណ ឯម រៀម។ ហើយសូមលោកដែលជាមគ្គុទេសក៍ទេសចរណ៍សិក្សាបន្ថែមទៀតអំពីអប្សរាប្រុស និងតួនាទីបុរសនាសម័យអង្គរ»។

    មិនទាន់ចប់ទេ! លោកបានបន្ដទៀតថា «ម្នាក់ៗគិតថា បុរសនៅសមយ័អង្គរធ្វើតែចម្បាំង ខ្ញុំមានឯកសារអប្សរាប្រុសបានមកពីមគ្គុទេសក៍ទេសចរណ៍ម្នាក់ដូចលោកដែរ ហើយបើចង់ចូលក្រសួង មិនមែនតែ ឯម រៀម ម្នាក់ឯងទេ គឺទាំងអស់គ្នា ទាំងអ្នកគាំទ្រ និងទាំងអ្នកមិនគាំទ្រ។ ហើយអ្នកដែលជេរប្រមាថអប្សរាប្រុសថា ជាអប្សរាចេក ឬអប្សរាខ្ទើយ គឺជាភាសា មិនគប្បីដល់ព្រលឹងបុព្វបុរស ព្រោះគ្រប់សម័យកាល គឺមានអ្នករបាំដែលជាបុរស។ គេថាបើមិនជឿកុំប្រមាថ»។

    គួរបញ្ជាក់ផងដែរថា ប្រសិនបើពិតដូចជាលោក ឯម រៀម ថាមានឯកសារ «អប្សរាប្រុស» ដូចដែលបានអះអាងទៅបញ្ជាក់នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមែននោះ មហាជនទាំងអស់ច្បាស់ជាគាំទ្រឱ្យលោកទម្លាយឯកសារចេញមក ហើយប្រាប់មហាជនថា នោះជាសេចក្ដីពិត មិនប្រឌិត គេនឹងរង់ចាំមើលព្រមទាំងទទួលយកការបកស្រាយជាក់លាក់ទៀតផង៕

  • នី រតនា សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង ធ្វើឱ្យនារីៗឯទៀត ចង់តែ…

    នី រតនា សម្ញែងភាពផ្អែមល្ហែមជាមួយគូដណ្ដឹង ធ្វើឱ្យនារីៗឯទៀត ចង់តែ…

    ហៃយ៉ូយ៉ា! គ្រាន់តែកំលោះសង្ហា សំឡេងផ្អែមក្រអួនក្រអៅ នី រតនា ភ្ជាប់ពាក្យជាមួយស្រីស្អាត ហេង សុវណ្ណភក្ដិណា ជាថៅកែស្រីគ្រឿងសម្អាងល្បីឈ្មោះភ្លាម ស្រាប់តែអ្នកគាំទ្រនារីៗទាំងឡាយនាំគ្នាអាឡោះអាល័យ នឹកស្ដាយកំលោះរូបស្រស់សង្ហាម្នាក់នេះតែម្ដង  ព្រោះបន្ទាប់ពីបានភ្ជាប់ពាក្យរួចរាល់ហើយ គេមើលឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះកាន់តែឡើងខ្ពស់ជាងមុន រួមទាំងគូដណ្ដឹងផងដែរ រហូតនៅពេលថ្មីៗនេះ អ្នកទាំងពីរថែមទាំងឧស្សាហ៍បង្ហាញមុខសាសងគ្នាផ្អែមល្ហែមតាមរយៈការ Live Video លក់ផលិតផលនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតផង។

    ទន្ទឹមនឹងការចាប់អារម្មណ៍ពីរឿងរ៉ាវស្នេហាអូនបងរបស់លោក នី រតនា ជាមួយគូស្នេហ៍ពីសំណាក់អ្នកគាំទ្រនោះ ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះបន្ដិច គេបានឃើញម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី 1 បង្ហោះសារស្វ៊ីតៗ ជាងទឹកឃ្មុំខែចេត្រទៅទៀតថា «ដំណើរជីវិតប្ដីប្រពន្ធ មិនមែនមួយថ្ងៃ មួយខែ ឬក៏មួយឆ្នាំនោះទេ គឺមួយជីវិត! មួយជីវិតដែលយើងត្រូវរួមដំណើរជាមួយគ្នា មិនថាមានទុក្ខ ឬក៏សុខនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គឺមិនត្រូវបោះបង់គ្នាឡើយ! ដូច្នេះការជ្រើសរើសគូជីវិត គឺត្រូវតែមើលលើចិត្តគំនិត និងចរិតមារយាទ មិនមែនមើលលើទ្រព្យសម្បត្តិគេទេ» (ឱ លោកអ៊ើយលោក!! ផ្អែមអីផ្អែមយ៉ាងនេះ មិនអាណិតបេលខ្លះទេហ្អី? ហាសៗហា…)។

    ក្រឡេកទៅមើលខាងគូស្នេហ៍របស់លោកវិញម្ដង៖ ឆ្លើយតបនឹងសារដ៏ផ្អែមត្រជាក់ស្អំបេះដូងនោះ ស្រីស្អាតជាគូស្នេហ៍បានតបសារវិញថា «How to keep the relationship strong? You love me and I love you that’s all» មានន័យថា “តើធ្វើដូចម្ដេចដើម្បីរក្សាចំណងស្នេហ៍ឱ្យបានរឹងមាំ? គឺបងស្រឡាញ់អូន ហើយអូនស្រឡាញ់បង តែប៉ុណ្ណឹង”។ (ពិតមិនអាណិត ពិតមិនអាសូរអ្នកនៅ Single សោះហ្ន៎…ហ្អ៎កនារីៗយើង ឆាប់ៗរកគូស្នេហ៍ទៅ!)៕

  • តើ​នាពេល​អនាគត ទីក្រុង​របស់​យើង​នឹង​ក្លាយជា​បែបណា?

    តើ​នាពេល​អនាគត ទីក្រុង​របស់​យើង​នឹង​ក្លាយជា​បែបណា?

    ក្រោយពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី32 នៅ​ប្រទេស​សិង្ហ​បុរី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន​បានសម្រេច​កិច្ចព្រមព្រៀង​រួមគ្នា​ជាច្រើន​ដែល​អាចជួយ​ជំរុញឱ្យមាន​ការ​អភិវ​ឌ្ឍ​កាន់តែខ្លាំង ដោយ​ក្នុងនោះ​មាន​ចំណុច​សំខាន់​មួយ គឺ​ការបង្កើត​ឱ្យ​ទីក្រុង​នានា​នៅក្នុង​តំបន់​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ (Smart City)។

    សម្រាប់​ប្រទេស​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជឿជាក់ថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​នេះ​នឹង​អាច​ស្វែងរក​វិធីសាស្ត្រថ្មីៗដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាជន។ ហេតុនេះ​ក្នុង​ការរៀបចំ​ការអនុវត្ត​ជាក់ស្តែង ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​លើ​ចំណុច​មួយចំនួន​ច​ជាការ​បង្កើត​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ដែល​អនុគ្រោះ ហើយ​អាចអនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាននីមួយៗ និង​បង្កើត​ស្តង់ដារ​រួម និង​យន្តការ​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​ទាំងមូល។

    ស្រប​នឹង​បញ្ហា​នេះ​កម្ពុជា​ក៏ដូចជា​ប្រទេសនីមួយៗបាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើន​ភាពទំនើប​ក្នុងការ​រស់នៅ​របស់​ប្រជាជន ដោយ​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា បណ្តាញត​ភ្ជាប់​ទំនាក់ទំនង និង​ប្រព័ន្ធថ្មីៗជាច្រើន​ផ្សេងទៀត។ ជា​បន្តបន្ទាប់ ទីក្រុង​ទាំងអស់​នឹង​វិ​វ​ឌ្ឍ​ទៅរក​របត់​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង​ទីក្រុងសំខាន់ៗនាពេល​បច្ចុប្បន្ន ដូចជា​ទីក្រុង​តូ​ក្យូ ទីក្រុង​សិង្ហ​បុរី ទីក្រុង​សិន​ជិន និង​ទីក្រុង​ឌូ​បៃ​ជាដើម។

    ទីក្រុង​ឆ្លាត​វៃ ឬ Smart City ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ជាទី​ក្រុង​ដែលមាន​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅក្នុង​ប្រតិបត្តិការ​ទីក្រុង​ជាច្រើន ដោយ​រួមទាំង​វិស័យ​សាធារណៈ​មួយចំនួន ការសម្រួល​ចរាចរណ៍ និង​វិស័យ​ដឹកជញ្ជូន ប្រកបដោយ​ភាពរលូន។ ចំណែកឯ​ការគ្រប់គ្រង​លើ​អភិបាលកិច្ច​ទីក្រុង​វិញ​នឹង​ចាប់ផ្តើម​ធ្វើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាបរហ័ស។

    ចំពោះ​លក្ខខណ្ឌ​ចរាចរណ៍​វិញ​អាច​នឹងមាន​លក្ខខណ្ឌ​ល្អប្រសើរ ព្រោះ​មនុស្ស​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​ដើម្បី​បញ្ជា​ទិញ​របស់របរ​ប្រើប្រាស់​នានា ឬ​ទិញ​ទំនិញសំខាន់ៗនៅក្នុង​ផ្ទះ (house shopping) ដែល​វា​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ប្រសិនបើ​បណ្តាញ​អុ​ី​ន​ធើ​ណិ​ត​ត្រូវបាន​គេ​រៀបចំ​ឱ្យមាន​ល្បឿន​លឿន និង​មាន​គុណភាព​ខ្ពស់។

    ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័ន្ធ​ផ្លូវ​ថ្នល់​ដ៏​ទំនើប

    ងាក​មក​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​វិញ គឺ​មិន​ខុសពី​ទីក្រុងធំៗប៉ុន្មាន​នោះទេ បណ្តាញ​ដឹកជញ្ជូន​អ្នកដំណើរ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​មនុស្ស​បើក​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង ហើយ​ក្លាយជាវិធីសាស្ត្រ​សំខាន់​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ក្រុង​ដែល​អភិវឌ្ឍ​ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ។ ចំពោះ​ប្រព័ន្ធ​ផ្ទុកទំនិញ ឬ​ឃ្លាំង​វិញ​ក៏​នឹង​ចាប់ផ្តើម​ផ្លាស់ប្ដូរ ដោយ​ជំនួស​មកវិញ​នូវ​ចំនួន​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ហើយ​កាត់បន្ថយ​ចំនួន​មនុស្ស បន្ទាប់មកទៀត​ការធ្វើការងារ​ដោយ​ការចាប់ផ្តើម​ប្រើប្រាស់​ដ្រូ​ន​ក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​ឯកជន​ក៏​នឹង​ចាប់ផ្តើម​រីកដុះដាល​ឡើង ដែល​អាចធ្វើឱ្យ​ការចែក​ចាយ​ទំនិញ​ពី​ក្នុង​ឃ្លាំង​ទៅកាន់​អតិថិជន​បាន​កាន់តែ​លឿន​ឡើង។

    ចំពោះ​វិស័យ​សុខាភិបាល​វិញ យើង​នឹង​ឃើញថា នឹងមាន​ការចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ទំនើប​ព្រោះ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​នឹង​ស្ថាប័ន​សុខាភិបាល​អាច​ប្រើប្រាស់​តាម​បណ្តាញបច្ចេកវិទ្យា​ដែលមាន​នៅក្នុង​ទូរស័ព្ទដៃ​របស់​មនុស្សម្នាក់ៗបាន ហើយ​ផ្នែក​កសិកម្ម​នៅ​តំបន់​ជាយក្រុង​ក៏​នឹង​ប្រែក្លាយ​ពី​ការប្រើប្រាស់​មនុស្ស និង​គ្រឿងចក្រ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ទាំងស្រុង។

    បច្ចេកវិទ្យា​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ធ្វើឱ្យ​មនុស្ស​ដែល​រស់នៅក្នុង​ទីក្រុង​ឆ្លាត​វៃ (smart city) អាច​នឹងមាន​ភាពងាយស្រួល​ច្រើន ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​ច្រើន​ផងដែរ។ លើសពីនេះទៅទៀត ការរកស៊ី និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​នៃ​ប្រទេសនីមួយៗនឹង​ចាប់ផ្តើម​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង ដែល​អាចធ្វើឱ្យ​កើតមាន​អា​ជីវ​កម្ម​ពហុ​ជាតិ​សាសន៍ រួមទាំង​នវានុវត្តន៍ថ្មីៗជាច្រើន​ផ្សេងទៀត​ដែល​ឆ្លើយតប​ទៅនឹង​របត់​ថ្មី​នៃ​ការរស់នៅ​របស់​មនុស្ស​ក្នុង​ពិភពលោក៕