Category: សង្គម និងសេដ្ឋកិច្ច

  • លោក ខេ​ម ស៊ូក្រាញននៀលនៅ ថោន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

    លោក ខេ​ម ស៊ូក្រាញននៀលនៅ ថោន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

    មាន​តារាចម្រៀង​ប្រុស-ស្រី​ជាច្រើន​ណាស់ ដែលមាន​បំណង​ចង់​ក្លាយ​ជាតា​រាច​ម្រៀ​ងស្របច្បាប់​មាន​កុងត្រា​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក​សម្រាប់​ការគិត​នេះ​ហាក់​បញ្ច្រាសទិស និង​ផ្ទុយស្រឡះ​ពី​គំនិត​របស់​កំពូល​តារា​ចម្រៀង​សំឡេង​ស្អក លោក ខេ​ម ដែល​បាន​អះអាង និង​តាំងចិត្ត​មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈណា​នោះទេ លោកដាច់ខាត​មិន​ចាកចោលផលិតកម្ម ថោ​ន នោះទេ ព្រោះ​ផលិតកម្ម​មួយ​នេះ បាន​ផ្តល់ឱកាស និង​សាង​កេរ្តិ៍​ឈ្មោះឱ្យ​លោក​មាន​ភាពល្បីល្បាញ​ដល់​សព្វថ្ងៃនេះ។

    កំពូល​តារាចម្រៀង​ប្រុស សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ ថោ​ន លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ដែល​កំពុង​ល្បី​លេចធ្លោ​ជាមួយ​បទ​ចម្រៀង​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ មាស សុខ​សោភា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ ក្រោម​ចំណងជើង​ថា “ឱ្យ​អត់​ស្រឡះ​ទៅ” នោះ បាន​ចេញមុខ​អះអាងថា រូបលោក​មិនមាន​គម្រោង​ប្ដូរ​ទ្រនំ​ចាស់​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ដូច​តារាល្បីៗមួយចំនួន​ឡើយ ព្រោះ​លោក​គិតថា អាចមាន​កំណើត​រហូត​មកដល់ពេលនេះ គឺ​ដោយសារតែ​ផលិតកម្ម ថោ​ន ដែលជា​អ្នក​ផ្ដល់ឱ្យ​គ្រប់យ៉ាង​ទាំងអស់។

    នៅក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លង​ទៅនោះ​ថា “ខ្ញុំ​ឃើញ​ហង្ស​មាស គាត់​យក​តារាល្បីៗទៅ​ច្រើន​មែន ព្រោះ​ជា​យុទ្ធសាស្ដ្រ​របស់គាត់ ដោយសារ​គាត់​មានកម្ម​វិធី​ប្រគំ​តន្ដ្រី​ច្រើន។ ចំពោះ​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​ចេញ​ច្រៀង​នៅ​រដូវក្ដៅ​តាំងពី​ខែតុលា​ម៉្លេះ រវល់​ជាប់​គ្នា​រហូត គ្រាន់តែ​កម្មវិធី​ខ្លះ​មិន​ផ្សាយ​ផ្ទាល់(Live)។ មានគេ​សួរ​ខ្ញុំ​ដែរ​ថា មាន​គម្រោង​ទៅណា​ដែរ​ឬ​អត់?​ រឿងនេះ​ខ្ញុំ​សូមបញ្ជាក់ថា សម្រាប់​ពេលនេះ ខ្ញុំ​គ្មាន​បំណង​ថា​នឹង​ចេញពី​ថោ​ន ទៅណា​ទេ ព្រោះអី​មុន​ចូល​ថោ​ន ខ្ញុំ​រកលុយ​ទិញ​តែ​កង់​កញ្ចាស់មួយ​ជិះ​សឹងតែ​មិនបាន ប៉ុន្តែ​ឥឡូវ​ពេលនេះ​ខ្ញុំ​មានផ្ទះ​នៅ មាន​ឡាន​ជិះ​ដូច​គេ គឺ​ខ្ញុំ​អាច​និយាយបានថា ដោយសារ ​ថោ​ន គាត់​ឱ្យ​ខ្ញុំ​ចូល​ច្រៀង ទើប​ខ្ញុំ​មាន​អនាគត​រហូត​មាន​ថ្ងៃនេះ។ អ៊ី​ចឹ​ង​ខ្ញុំ​ឯណា​ថា​ចង់​ចេញពី​ ថោ​ន ទៅ​ចូល​ផលិតកម្ម​ផ្សេងទៀត​នោះ ខ្ញុំ​គិត​ហើយ​ថា លើកលែងតែ​គាត់​បញ្ឈប់​ខ្ញុំ​លែងឱ្យ​ច្រៀង​តែម្ដង អាហ្នឹង​ចាំ​យើង​គិត​តទៅទៀត។ តែបើ​ដូច​ពេលនេះ បើទោះជា ហង្ស​មាស ហៅ ក៏​ខ្ញុំ​មិន​ទៅ​ដែរ”។

    គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​លោក ខេ​ម បាន​ផ្តើមចេញពី​ជីវិត​ជា​អ្នករត់ម៉ូតូឌុប និង​ជា​អ្នករក​ត្រី នៅ​ខេត្តកំពង់ឆ្នាំង ដោយមាន​ម្តាយ​ចាស់ជរា​ជ្រក​ក្នុង​ដំបូល​ខ្ទម​រខេករខាក​ដ៏​តូច​មួយ​តែប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់​បាន​អភិវឌ្ឍ​ខ្លួន​មកជា​តារាចម្រៀង​រស់នៅ​លើដី​ក្រុងភ្នំពេញ ជាពិសេសក្រោយពេល​លោក​បាន​ចូល​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ ថោ​ន ជីវិត​របស់លោក ព្រមទាំង​សមាជិកគ្រួសារ ត្រូវបាន​ផ្លាស់ប្ដូរ​មកជា​ល្អប្រសើរ​វិញ ដោយ​ពេលនេះ​ក្រៅពី​មានផ្ទះ​វីឡា រថយន្ត​ទំនើប លោក ខេ​ម សល់​លុយ​រាប់ម៉ឺន​ដុល្លារ សូម្បីតែ​ស្នេហា​ក្រៅ​ឆាក​របស់លោក ក៏ត្រូវ​បាន​គេ​ដឹងថា​ជានា​រី​ដ៏​ស្រស់ស្អាត និង​កំពុង​រស់នៅ​ប្រទេស​បារាំង​ផងដែរ៕

  • ផ្អើលពិភពសិល្បៈ! តារាស្រី អៀ ម៉ីលិ បង្ហាញមុខគូស្នេហ៍ គឺ…

    ផ្អើលពិភពសិល្បៈ! តារាស្រី អៀ ម៉ីលិ បង្ហាញមុខគូស្នេហ៍ គឺ…

    ថ្មីៗ​នេះ​ស្រី​ស្អាត អៀ ម៉ីលិ បានបង្ហាញ​ពីមុខ​មាត់​គូស្នេហ៍​របស់​នាង​ជា​និស្សិត​មកពី​បរទេស ដែលមិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់ទេ តែបុរសម្នាក់នោះថែមទាំង​មាន​រូបរាង​សង្ហា​ទៀតផង និងអ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះគឺ គូស្នេហ៍​របស់តារាសម្ដែងស្រីវ័យក្មេងរូបនេះ គឺជា​ម្ចាស់​បទ​ចម្រៀងនិពន្ធថ្មីដែលមានចំណងជើងថា «​ឈប់​គិត»​ ដែលកំពុងតែទទួលបានការពេញនិយមគាំទ្រពីសំណាក់ស្រទាប់យុវវ័យ។ ពួកគេ​ទាំងពីរនាក់ថែមទាំង​បាន​សម្តែង​ជាមួយគ្នា​នៅក្នុងវីដេអូចម្រៀងនោះយ៉ាង​ផ្អែមល្ហែម​ទៀតផង។

    ក្រៅពី​បង្ហាញ​មុខមាត់​របស់​គូ​ស្នហ៍​ដល់​អ្នកគាំទ្រហើយ កញ្ញា អៀ ម៉ីលិ ថែមទាំង​បង្ហាញ​រូបថត​ស្វ៊ី​ត​ៗ​រវាង​រូបនាងនឹង​គូស្នេហ៍​យ៉ាង​ផ្អែមល្ហែម ដែលមាន​ទាំងរូប​បឺត​មាត់​គ្នា​ទៀតផង ហើយរូបភាពខ្លះទៀតក៏បង្ហាញឱ្យឃើញដែរថា នាងបាន​ដឹក​ដៃគូ​ស្នេហ៍​ទៅ​ដើរ​លម្ហែ​កាយនៅក្រៅប្រទេស​ផងដែរ។ នាងបានប្រាប់សារព័ត៌មានឡារ៉ែនថា ជុំវិញបញ្ហាស្នេហានេះនាងមិនបានលាក់លៀមទេ នាងនឹងបុរសម្នាក់នោះគឺជាសង្សារនឹងគ្នាពិតមែន ពួកគេបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម។  ទោះបីជាមានការស្គាល់គ្នាតាមបណ្ដាញសង្គមក្ដី តែអ្វីដែលធ្វើឱ្យតារាស្រីវ័យក្មេងរូបនេះហ៊ានបង្ហាញមុខសង្សារជាសាធារណៈ ដោយមិនខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពក្នុងសង្គមសិល្បៈនោះត្រូវបានគេដឹងថា ដោយសារបុរសម្នាក់នោះមិនមែនធម្មតាឡើយ ព្រោះក្រៅពីរូបគេជាសិស្សពូកែប្រឡងជាប់អាហារូបករណ៍រៀននៅបរទេសផ្នែកវិទ្យាសាស្រ្ដនយោបាយ និងសេដ្ឋកិច្ចហើយ គេក៏ជាកូនប្រុសរបស់អ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់នៅឯខេត្ដកោះកុងផងដែរ។

    អូនម៉ី បានប្រាប់ថា ពួកគេបានស្គាល់គ្នាជាងមួយឆ្នាំមកហើយ ប៉ុន្ដែទើបតែយល់ចិត្ដ និងស្រឡាញ់គ្នាប្រមាណជាពីរបីខែចុងក្រោយនេះទេ។ កញ្ញា ម៉ីលិ  បន្ដថា «ខ្ញុំមិនខ្លាចនឹងបង្ហាញមុខគាត់(សង្សារ)ទេ និងបើចាស់ទុំទាំងសងខាងបានដឹង ហើយ ក៏ពួកគាត់មិនរារាំងខ្ញុំដែរ។ សម្រាប់ម៉ាក់ខ្ញុំវិញ គាត់មានទំនុកចិត្ដលើខ្ញុំ ដូច្នេះគាត់ផ្ដល់សិទ្ធិឱ្យខ្ញុំសម្រេចរឿងអនាគតដោយខ្លួនឯង»។

    លើកនេះទំនងជាស្នេហ៍គ្រាដំបូងរបស់នាងហើយ ទើបបានជានាងហ៊ានបង្ហាញទៅកាន់មហាជនដោយមិនលាក់លៀមបែបនេះ។ ជាមួយគ្នានេះកញ្ញា អៀ ម៉ិលិ បានបន្ដប្រាប់ថា «ខ្ញុំស្រឡាញ់គាត់ គាត់ស្រឡាញ់ខ្ញុំ ដូច្នេះមិនមានអ្វីខុសទេ។ ក្រោយពីបានស្គាល់គ្នាមកពួកយើងយល់ថា អាចរស់នៅចុះសម្រុងគ្នាច្រើន។ អ្វីដែលធ្វើឱ្យខ្ញុំព្រមទទួលយកគាត់ជាសង្សារ ព្រោះគាត់យល់ និងស្គាល់ពីខ្ញុំច្បាស់ ម្យ៉ាងគាត់ជាអ្នករៀនសូត្រចេះដឹង ដូច្នេះមុននឹងគាត់ធ្វើអ្វីមួយ គឺបានគិតយ៉ាងល្អិតល្អន់ណាស់»។ គួរបញ្ជាក់ថា ក្រៅពីសាងចំណងស្នេហ៍ជាមួយគ្នាហើយ អ្នកទាំងពីក៏មានបំណងចង់បង្កើតអាជីវកម្មរួមគ្នានាពេលខាងមុខឆាប់ៗនេះដែរ៕

  • ពេជ្រ អាវីហ្សា ធ្វើខួបកំណើតលើកចុងក្រោយ លាងជម្រះឆ្នាំឆុង

    ពេជ្រ អាវីហ្សា ធ្វើខួបកំណើតលើកចុងក្រោយ លាងជម្រះឆ្នាំឆុង

    តារាសម្តែង ពេជ្រ អាវីហ្សា កាលពីយប់មិញបានរៀបចំកម្មវិធីខួបកំណើតវ័យ 29ឆ្នាំរបស់ខ្លួននៅក្នុងភោជនីយដ្ឋាន វីហ្វ្រ៊េន បឹងត្របែក ក្រោមការចូលរួមពីសិល្បករជាច្រើនដួង និងអ្វីដែលជាការកត់សម្គាល់នោះ គឺតារាស្រីសាច់សខ្ចីនិយមចាយរាងសិចស៊ីរូបនេះបានប្រកាសឈប់រៀបចំពិធីខួបកំណើតទៀតហើយ នេះគឺជាឆ្នាំឆុង ដោយបានចាត់ទុកថា ជាកិច្ចលាងជម្រះឧបទ្រពចង្រៃនៅក្នុងឆ្នាំនេះឱ្យអស់។

    ថ្លែងក្នុងពិធីខួបកំណើតក្នុងសម្លៀកបំពាក់ឈុតសិចស៊ីទាន់សម័យ ពេជ្រ អាវីហ្សា បានឱ្យដឹងថា ពិតប្រាកដណាស់ នេះជាឱកាសចុងក្រោយហើយ ដែលនាងរៀបចំពិធីខួបកំណើត ដោយសារកន្លងមកធ្លាប់រៀបចំជាលក្ខណៈធំដុំដល់ទៅ2ដងរួចមកហើយ ដូចនេះមានអារម្មណ៍ថា ពិតជាខ្លាចចិត្តមិត្តភ័ក្តិសិល្បករដែលរាប់អានរូបនាងដែលនៅតែលះបង់ពេលវេលាមកចូលរួមមិនដែលខាន។ ម្យ៉ាងទៀតនាងថា អ្វីដែលសំខាន់ គឺចង់ថតរូបទុកជាកម្រងអនុស្សាវរីយ៍ គ្រាន់មើលកម្សាន្តជាមួយរៀមច្បងសិល្បៈ ក៏ដូចជាមិត្តភ័ក្តិផងដែរ ទើបនាងប្រារព្ធឡើងម្ដងទៀតជាលើកចុងក្រោយនេះ។

    ជាមួយនឹងការប្រកាសឱ្យដឹងពីបំណងប្រាថ្នារបស់នាងដូចខាងលើហើយ កញ្ញា ពេជ្រ អាវីហ្សាមិនបានបញ្ជាក់ថា តើមកទល់ពេលនេះ នាងមានគូស្នេហ៍ជំនួសបុរសដែលធ្លាប់បានប្រើអំពើហិង្សាលើរូបនាង ដែលគេស្គាល់ថាជាសាច់ថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព ដែលបានវាយតប់នាង រហូតបង្កជារបួសស្នាមនោះនៅឡើយទេ ដោយនាងគ្រាន់តែបានប្រកាសថា មានអ្នកស្រឡាញ់ហើយ តែនាងកំពុងពិចារណា និងរង់ចាំឱ្យនាងសន្សំលុយទិញបានផ្ទះមួយជំនួសផ្ទះជាន់លើដែលនាងកំពុងរស់នៅសព្វថ្ងៃនេះសិន ទើបនាងសម្រេចចិត្តជ្រើសរើសយកម្នាក់ដើម្បីរៀបការ។

    នៅក្នុងពិធីខួបកំណើតរបស់នាងនាយប់នោះ តារាសិល្បៈមិនច្រើនប៉ុន្មានទេដែលបានមកចូលរួម ដោយសារតែនាងប្រាប់ថាអញ្ជើញតែតារាៗដែលជិតស្និទ្ធគ្នាឱ្យធ្វើជាភ្ញៀវកិត្តិយសតែប៉ុណ្ណោះ។ តារាៗដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះ រួមមាន កញ្ញា ដេននី ក្វាន់ កញ្ញា យ៉េយ៉េ កញ្ញា ផេនខេក កញ្ញា ស៊ីងស៊ីង អ្នកនាង លី ចាន់សីហា កញ្ញា រំដួលលិចទឹក លោក សេម ម៉ាកូ តារាចម្រៀង កញ្ញា ផន ស្រីខួច លោក សន សុវណ្ណារ៉ា ពិធីករ លោក ង៉ែត សុភ័ក្រ្ត តារាសម្ដែង កញ្ញាភី សម័យ តារាសម្ដែង និងតារាសម្ដែងថ្មីៗមួយចំនួនផ្សេងទៀត៕

  • កញ្ញា ប៉ប រចនា ឡើងកូដកាន់តែខ្លាំង ក្រោយសម្ដែងឈុតសិចស៊ីក្ដៅរោលរាលបែបបុរាណ

    កញ្ញា ប៉ប រចនា ឡើងកូដកាន់តែខ្លាំង ក្រោយសម្ដែងឈុតសិចស៊ីក្ដៅរោលរាលបែបបុរាណ

    អូហូ! ពិតជាគួរឱ្យស្ងើចសរសើរមែនតែម្ដង! បន្ទាប់ពីបញ្ចេញឈុតឆាកស្នេហាផ្អែមល្ហែមយ៉ាងសិចស៊ីក្ដៅរោលរាលបែបបុរាណរវាងកញ្ញា ប៉ប រចនា និងតួប្រុស រ៉ា វីរៈ ក្នុងរឿង «រនាតឯក» រួចមក ថ្មីៗនេះតារាស្រីម្នាក់នេះកំពុងតែទទួលបានទីផ្សារសិល្បៈខ្លាំងជាមុន និងឆក់យកចាប់អារម្មណ៍របស់មហាជនឱ្យគ្រាំទ្រការសម្ដែង និងភាពក្លាហានហ៊ានបញ្ចេញភាពសិចស៊ី​របស់នាងកាន់តែច្រើនឡើង តែក្នុងនោះក៏កើតមានការរិះគន់យ៉ាងចាស់ដៃដូចគ្នាដែរ។

    មតិរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី ប៉ប រចនា នេះ មានមហាជនមួយចំនួនបានរិះគន់ថា នាងជាតារាស្រីម្នាក់ដែលសម្ដែងនូវឈុតស្នេហារោលរាល មិនសមជាកុលស្រ្តីខ្មែរទាល់តែសោះ។ មានអ្នកខ្លះទៀតនិយាយថា ភាពសិចស៊ីរបស់នាង គឺចង់តែទាក់ចិត្តអ្នកផងដើម្បីឱ្យខ្លួនបានឡើងកូដតែប៉ុណ្ណោះ ព្រោះថា មានតារាស្រីក្នុងស្រុកមួយចំនួនបានយកភាពសិចស៊ីនៃរាងកាយរបស់ខ្លួនមកទាក់ទាញយកប្រជាប្រិយភាពដូចគ្នា។

    ងាកមកស្ដាប់ការបកស្រាយចំពោះការរិះគន់លើភាពសិចស៊ីរបស់តារាស្រីវ័យក្មេងរូបនេះវិញម្ដង នាងបានបញ្ជាក់ថា៖ «តាមពិតទៅ កន្លងមកមានរឿងជាច្រើនដែលខ្ញុំបានសម្ដែងឈុតឆាកស្នេហា ប៉ុន្ដែមិនស្និទ្ធស្នាលដូចរឿងនេះទេ។ ខ្ញុំយល់ថា មិនហួសហេតុពេកទេ គា្រន់តែឈុតឆាកប៉ុណ្ណឹង! ម្យ៉ាងខ្ញុំមិនចង់ឱ្យទស្សនិកជនមើលហើយរិះគន់ថា សម្ដែងមិនសមមិនល្អដូចតារាបរទេស។ តាមពិតទៅ ឈុតឆាកបែបហ្នឹងមិនមែនងាយស្រួលសម្ដែងឡើយ ទម្រាំសម្ដែងបានល្អបែបនេះ គឺពិបាកណាស់ ហើយទោះបីជាមានការរិះគន់ច្រើនក៏ដោយ ក៏ខ្ញុំសប្បាយចិត្ដដែរ ព្រោះមកពីខ្ញុំសម្ដែងដូចការពិត(ដូចមែនទែន) ទើបមហាជនសម្ដែងការរិះគន់ឡើងបែបនេះ»។

    តារាស្រីកំពុងឡើងកូដមួយដួងនេះបានលើកជាឧទាហរណ៍ទៀតថា «មិនខុសពីតួចិត្ដអាក្រក់ទេ ពេលសម្ដែងសម អ្នកទស្សនាមានការខឹងគុំកួនក្នុងចិត្ដចង់តែស្ទុះចូលទៅទះតប់សងសឹកជួសតួចិត្តល្អនៅក្នុងសាច់រឿងអ៊ីចឹងដែរ…រហូតមានអ្នកខ្លះ ពេលឃើញតារាសម្ដែងតួចិត្តអាក្រក់នៅខាងក្រៅថែមទាំងស្រែកជេរបញ្ចោរទៀតផង ដូច្នេះមានន័យថា ឈុតដែលនាងសម្ដែងនោះ ច្បាស់ជាសមដូចការពិតមិនខាន ទើបមានការរិះគន់ខ្លាំងបែបនេះ»។

    កញ្ញា ប៉ប រចនា បញ្ជាក់ថា ទោះបីជាមានការរិះគន់ខ្លាំងមកលើរូបនាងយ៉ាងណាក៏ដោយ ក៏នាងមិនអន់ចិត្ដចំពោះមហាជនដែរ ដោយសារពួកគាត់ចាប់អារម្មណ៍លើរូបនាង ទើបពួកគាត់មើលគ្រប់ជ្រុងជ្រោយពីនាង ហើយនាងជឿថា អ្នកដែលរិះគន់ទាំងអស់នោះក៏គ្មានចេតនាអាក្រក់មកលើនាងដែរ។ ទោះជាយ៉ាងណាក្ដី ថ្មីៗនេះ ប៉ប រចនា ហាក់ដូចជាកំពុងតែក្ដោបទីផ្សាររឿងភាគទូរទស្សន៍បានច្រើនជាងមុនហើយ នេះក៏ដោយសារតែអ្នកដឹកនាំរឿងសម្លឹងឃើញពីសមត្ថភាពសម្ដែងរបស់នាងហ្នឹងឯង៕

  • ​ឌីជេ អាលីយ៉ា  បញ្ចេញរូបថតអាក្រាតកាយទាមទាររកភាពយុតិ្តធម៌

    ​ឌីជេ អាលីយ៉ា  បញ្ចេញរូបថតអាក្រាតកាយទាមទាររកភាពយុតិ្តធម៌

    ​កាលពី​ជាង ​2ឆ្នាំ​មុន ​ឌីជេ អាលីយ៉ា ត្រូវ​បានបុរស​ជាជន​ជាតិខ្មែរ ​សញ្ជាតិ​អាមេរិក​កាំង​ម្នាក់​វាយ​ធ្វើបាប ប្រើអំពើហិង្សាយ៉ាងឃោរឃៅមកលើរូបនាង រហូតដល់បានដាក់ពាក្យបណ្ដឹង និងព្យា​យាម​ស្វែងរកយុត្តិធម៌តាម​ផ្លូវច្បាប់ទៀតផង ​ប៉ុន្តែជាក់ស្ដែងនាងនៅ​មិនទាន់ទទួល​បាន​លទ្ធផលនៅឡើយ​ ដោយនាងបាននិយាយ​ថា មិនមាន​លុយគ្រប់​គ្រាន់​សម្រាប់ឱ្យទៅ​មន្ត្រីដែល​ធ្វើ​ការងារ​នេះ។ តារាស្រីរូបនេះបានទន្ទឹង​រង់ចាំក្ដី​យុត្តិធម៌សម្រាប់ខ្លូននាងអស់រយៈពេលជាយូរក្រែលដែរមកហើ់យ ​ប៉ុន្តែ​ដោយសារ​តែគ្មាន​លុយ ទើប​យុត្តិធម៌ហាក់ដូចជារៀងស្ងាត់ឈឹង មិនមានសកម្មភាពអ្វីកើតឡើងចំពោះនាងទាល់តែសោះ។

    គួររំឭកផងដែរថា កន្លងមកនាងបានជួបចរចាជាមួយភាគីចុងបណ្ដឹង ដែលមានការរៀបចំឱ្យជួបពីសំណាក់មេធាវីម្នាក់ តែនាងក៏បានបញ្ជាក់ផងដែរថា «គេសុំចរចាជាមួយនាងខ្ញុំ តែអត់ដឹងថាគេគិតម៉េចទេ ព្រោះគេមានលុយ មានអំណាច តែបើអត់សមនឹងការខាតបង់របស់ខ្ញុំក្នុងរយៈពេល 2ឆ្នាំហ្នឹងទេ ក៏ខ្ញុំអត់ទទួលយកដែរ គឺសុខចិត្តដើរស្រាត បើគ្មានយុត្តិធម៌!»។ នាង​ថា នាងបានប្តឹង​ទៅកាន់​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំនៅ​កម្ពុជា​រួចរាល់​ហើយ ប៉ុន្តែអ្វី​ដែលនៅ​រង់ចាំ​អស់​រយៈពេល​ជាយូរមកហើយនោះ​គឺ ការ​មិន​ជំរុញឱ្យដំណើរការតាម​នីតិវិធី​របស់​មន្ត្រី​ក្នុង​ស្រុក ដោយសារតែ​នាងមិន​មាន​លុយ​គ្រប់​គ្រាន់។ នាងបន្ដថា «បើអត់មាន​យុត្តិធម៌​ឱ្យយើង ​គឺក្រឡើង​អស់​ខោអាវទៅ​ហើយ ​ឬមួយទៀត ក៏​ស្រាត​ដើរទៅ​រកយុត្តិធម៌​តែម្តង​ទៅ ក្រែងគេ​ចាប់អារម្មណ៍ ​ព្រោះ​ក្រអត់​អីឱ្យ​គេ…»។  

    នាង​បន្តទៀតថា ការរង់ចាំការ​ដោះស្រាយ​នោះ គឺស្ទើ​រនឹងស្លាប់​ខ្លួនឯង​ទៅហើយ រាងកាយ​ត្រូវគេ​វាយដំ ហាងត្រូវ​គេរំលោភ​យក ការងារ​សិល្បៈ​ត្រូវ​បាត់បង់ សុខភាព​មិន​រឹងមាំ។

    គួរបញ្ជាក់ផងដែរថា  ឌីជេ អាលីយ៉ា បានបញ្ជាក់ថា នាងមិនមែនមិនចង់ធ្វើតាមបង្គាប់របស់តុលាការនោះទេ ប៉ុន្តែនាងនៅតែប្រកាន់ជំហរដើរស្រាត បើតុលាការនៅតែតម្រូវឱ្យនាងចាយលុយទើបដោះស្រាយក្ដី ឬមិនអើរពើនឹងបណ្ដឹងរបស់នាង ដោយទុកឱ្យនៅត្រាំត្រែងបន្តទៀត បន្ទាប់ពីអត់លទ្ធផលប្រមាណជា2ឆ្នាំមកហើយ។

    ដោយសារ​មិនទាន់​ទាមទារ​បាននូវ​ការ​បាត់បង់ ការខូចខាត​ទ្រព្យ និងរង​សម្ពាធផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ​តារាស្រីរូបនេះបាន​កាត់កេរ្តិ៍ខ្មាសបញ្ចេញ​រូបថត​មួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក រហូតធ្វើ​ឱ្យមហាជន​ភ្ញាក់ផ្អើល​ខ្លាំង ក្នុងការប្រកាន់ជំហរទាមទាររកភាពយុត្តិធម៌សម្រាប់ខ្លួននាងផ្ទាល់ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ នាងនៅតែបន្ដពុះពារជម្នះឧបសគ្គមួយនេះឱ្យខាងតែបាន៕

  • លោក Allardyce ត្រូវ​បាន​បណ្តេញ​ចេញពីតួនាទី​​អ្នក​ចាត់​ការ​ទូទៅ​របស់ Everton

    លោក Allardyce ត្រូវ​បាន​បណ្តេញ​ចេញពីតួនាទី​​អ្នក​ចាត់​ការ​ទូទៅ​របស់ Everton

    លោក Sam Allardyce កាល​ពីថ្ងៃ​ពុធ ត្រូវ​បាន​បណ្តេញ​ចេញ​ពីតួនាទី​អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម Everton ​ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្រោយពី​កាន់​តំណែងនេះ​បាន​រយៈពេល​ 6ខែ បើ​ទោះ​បី​បាន​ដឹកនាំ​ឱ្យ​​ពួក​គេ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​8 នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League ​ក៏ដោយ​។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​ក្លិប​​ទូក​ក្តោង​មួយនេះ​។

    គ្រូ​បង្វឹក​វ័យ​ 63​ឆ្នាំ​រូបនេះ បាន​ស្ថិតក្រោម​ការ​រិះ​គន់ពី​សំណាក់​​អ្នក​គាំទ្រ ជុំ​​វិញ​​ការ​​រៀប​ចំទម្រង់​លេង​​របស់​លោក ហើយ​​​ខ្សែ​ប្រយុទ្ធ Wayne Rooney អតីត​​តា​រាឆ្នើម​អន្តរ​ជាតិ​អង់​គ្លេស និង​​ក្លិប Manchester United ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹងចាក​ចេញ ប្រសិន​បើ​លោក Allardyce បន្ត​​ដឹក​នាំ​។ លោក Denise Barrett-Baxendale ដែល​ជា​ប្រធានក្លិប បាន​ឱ្យដឹង​ថា៖ «យើង​បាន​​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ ក្នុងនាម​ជា​ផ្នែក​​មួយ​នៃ​ផែន​ការ​រយៈពេល​វែង​របស់​យើង​។ យើង​នឹង​តែង​តាំង​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​នៅ​រដូវក្តៅនេះ​»​​។

    ប្រធាន​ក្លិប​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុងនាម​ជា​អ្នក​តំណាង​ឱ្យ​ប្រធាន​ក្លិប ​ក្រុម​ប្រឹក្សា​នាយក និងលោក Moshiri ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក Sam សម្រាប់​ការ​ងារ​ដែល​លោក​បាន​ធ្វើ​ក្នុង​ក្លិប Everton ក្នុង​រយៈពេល​ 7​ខែ​ចុងក្រោយ​នេះ​។ លោក Sam ត្រូវ​បាន​នាំ​យក​មក​ក្នុង​ដំណាក់​កាល​ដ៏​​តាន​តឹង​មួយកាលពី​រដូវកាលមុន ដើម្បី​ផ្តល់​ឱ្យ​យើង​នូ​វស្ថិរ​ភាព ហើយ​យើង​ពិត​ជា​ដឹង​គុណ​លោក​សម្រាប់​ការ​​ធ្វើ​បាន​ល្អ​បែប​​នេះ​»​៕

    ប្រភព​ពី៖ Channel News Asia

  • Atletico លើក​ពាន Europa League ក្រោយពី Griezmann រក​បាន​ 2​គ្រាប់

    Atletico លើក​ពាន Europa League ក្រោយពី Griezmann រក​បាន​ 2​គ្រាប់

    Antoine Griezmann បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ ខណៈ​ដែលក្រុម Atletico Madrid បានយកឈ្នះ​​លើ​ក្រុម Marseille ក្នុង​លទ្ធផល 3-០កាល​ពី​ថ្ងៃ​ពុធ ដើម្បី​លើក​ពានក្រប​ខ័ណ្ឌ Europa League ជាលើក​ទី​3​​ក្នុង​រយៈ​ពេល​ 9​ឆ្នាំ​។

    ខ្សែ​ប្រយុទ្ធ​វ័យ​​ 27​​ឆ្នាំ​រូបនេះ ដែល​ប្រឈម​មុខនឹង​ពាក្យ​ច​​ចាម​​អា​រ៉ាម​ផ្សេង​ៗ ជុំ​វិញ​ការ​ផ្ទេរ​មួយ​ទៅកាន់​ក្លិប Barcelona នោះ បាន​​ស៊ុត​បាល់​បញ្ចូល​ទីបាន​ដូចគ្នា​ក្នុង​តង់​​ទាំង​2 ខណៈ​ដែល Gabi រក​បាន​ 1​គ្រាប់​ទៀត​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​បំពេញ​ជ័យជម្នះ​ឱ្យក្រុម​ខ្លួន​តែម្តង​។ លោក Diego Simeone គ្រូបង្វឹក​របស់​​ក្រុម Atletico​ បាន​អង្គុយ​ទស្ស​នា​ការ​ប្រកួត​ពី​កៅអី​របស់​​ទស្ស​និកជន ក្រោយពី​បាន​រង​​ពិន័យ​ព្យួរ​4ប្រកួត​សម្រាប់​ការ​ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញ អំឡុង​ការ​ប្រកួត​ជើង​ទី​1 វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅលើ​ទឹកដីក្រុម Arsenal ប៉ុន្តែ​លោកនៅ​តែ​បាន​ឃើញក្រុម​របស់​ខ្លួន​ដណ្តើម​បា​ន​ជ័យជម្នះ​។

    Atletico Madrid បាន​ទម្លាក់​ក្រុម​កាំភ្លើង​ធំ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​អ្នក​គាំទ្រ​របស់​ពួក​គេ មាន​ចំនួន​ច្រើន​ជាង​​អ្នក​គាំទ្រ​របស់​ក្រុម Marseille ទៅ​ទៀត​។ វា​ជា​ការ​ឈ្នះពាន​រង្វាន់​ធំ​ជាលើក​ទី​1​របស់ Griezmann ក្នុងនាម​ជាកីឡាករ​​របស់​ក្រុម Atletico និង​ជា​ការ​​បញ្ចប់​ដ៏​រីក​រាយ​មួយ ប្រសិន​បើ​រូប​គេ​នឹង​​ត្រូវ​ចាក​ចេញ​នៅ​​​ចុង​រដូវ​កាល​នេះ ខណៈ​ដែល​ក្រុម Barcelona ត្រូវ​បាន​ចាត់​ទុក​ថា ជា​គោល​ដៅ​បន្ទាប់​របស់​គេ​។ បច្ចុប្បន្ន Griezmann រក​បាន​ 29​គ្រាប់​សម្រាប់​រដូវកាល​នេះ ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួ​ត​របស់ Gabi បាន​បំពេញ​ជ័យ​ជម្នះ​​សម្រាប់​ក្រុម​ពួកគេ​តែម្តង​។ Griezmann ដែល​បាន​ចំណាយ​​ពេល​ក្នុង​អាជីព​ទាំងមូល​របស់​គេ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ ប៉ុន្តែ បាន​ឈ្នះ​តែ​ពាន Spanish Super Cup ​1លើក​នោះ បាន​ប្រាប់​កា​សែត beIN Sports ថា៖ «នេះ​គឺ​ជា​រង្វាន់​សម្រាប់​ខ្ញុំ ក្រោយ​ពី​ខ្ញុំ​បាន​ចាក​ចេញពី​ផ្ទះ​ក្នុង​វ័យ​ 14​ឆ្នាំ សម្រាប់​រាល់​ការ​ងារ​​ដែល​ខ្ញុំ​បាន​ធ្វើ និង​​ស៊ូ​ទ្រាំ​»​​៕

    ប្រភព​ពី៖ independent.co.uk

  • Huawei និង ZTE ត្រូវបាន​ហាម​លក់​នៅ​គ្រប់​មូលដ្ឋានទ័ព​អាមេរិក

    Huawei និង ZTE ត្រូវបាន​ហាម​លក់​នៅ​គ្រប់​មូលដ្ឋានទ័ព​អាមេរិក

    រដ្ឋមន្ត្រី​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក បានចេញ​បម្រាម​ហាមឃាត់​ការលក់​ស្មា​ត​ហ្វូ​ន​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​នៅក្នុង​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ដែលការចេញ​បម្រាម​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​ព្រមាន​ពី​មន្ទីរ​បញ្ច​កោណ​អាមេរិក។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg បានឱ្យដឹងថា មន្ទីរ​បញ្ច​កោណ​អាមេរិក បានចេញ​សេចក្ដី​ព្រមាន​ថា ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​លួច​ប្រមូល​ទិន្នន័យ​ពី​មន្ត្រី និង​បុគ្គលិក​យោធា​អាមេរិក​ទៅឱ្យ​រដ្ឋាភិបាល​ចិន ដែល​នេះ​ជា​ក្ដី​ព្រួយបារម្ភ​ដ៏​ធំ​មួយ​របស់​អាមេរិក​ជុំវិញ​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រទេស។

    អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Dave Eastburn បាន​ថ្លែងថា “ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​បង្កឱ្យមាន​ហានិភ័យ​ចំពោះ​សុវត្ថិភាព​សន្ដិសុខ​រប​ស់​បុគ្គលិក​នៅក្នុង​នាយកដ្ឋា​ន ដែលមាន​ទាំង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​បេសកកម្ម​របស់​ពួកគេ។

    ឆ្លើយតប​ទៅនឹង​ក្ដី​ព្រួយបារម្ភ ក៏ដូចជា​ការហាម​លក់​ស្មា​ត​ហ្វូ​ន​នេះ ក្រុមហ៊ុន Huawei បានចេញ​សេចក្ដី​បំភ្លឺថា ក្រុមហ៊ុន​សប្បាយចិត្ត និង​បើកចំហ​ចំពោះ​រឿង​គ្រប់យ៉ាង​ដើម្បីឱ្យ​រដ្ឋាភិបាលអាមេរិក​យល់ច្បាស់​ពី​ឧបករណ៍​របស់ខ្លួន ហើយ Huawei សូមបញ្ជាក់ថា គ្មាន​រដ្ឋាភិបាល​ណាមួយ​ស្នើឱ្យ​ខ្លួន​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នោះទេ​ហើយ​បើ​មាន​មែន​ក៏​ខ្លួន​មិន​ធ្វើ​ដែរ ព្រោះ​វា​ជាការ​រំលោភបំពាន​លើ​កម្មសិទ្ធិឯកជន​រប​ស់​អតិថិជន។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកុម្ភៈ​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់​របស់ FBI អាមេរិក ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​កងទ័ព​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​ដែលជា​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន​បរទេស​មិនមែនជា​របស់​អាមេរិក៕

  • ឪពុកម្តាយ​ក្នុងប្រទេស​ណាខ្លះ​ដែល​ចំណាយ ច្រើនជាងគេ​ក្នុង​ពិភពលោក​លើ​ការអប់រំ​កូន?

    ឪពុកម្តាយ​ក្នុងប្រទេស​ណាខ្លះ​ដែល​ចំណាយ ច្រើនជាងគេ​ក្នុង​ពិភពលោក​លើ​ការអប់រំ​កូន?

    ការវិនិយោគ​លើ​ការអប់រំ​សម្រាប់​កុមារ គឺជា​រឿង​សំខាន់បំផុត​ដែល​អាណាព្យាបាល​លើ​ពិភពលោក​យកចិត្តទុកដាក់​បំផុត ព្រោះថា ការអប់រំ​ជា​ចំណុច​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​មនុស្សម្នាក់ៗ និង​សង្គម​ទាំងមូល។ អាណាព្យាបាល​ខ្លះ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងរក​គ្រឹះស្ថានសិក្សាល្អៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​កូនតូច​របស់​ពួកគាត់ បើទោះបីជា​គាត់​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ខ្លាំង​ក៏ដោយ។

    ខាងក្រោម​នេះ​ជាការ​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក អំពី​តំបន់​ដែល​បាន​ចំណាយធនធាន​លើ​ការអប់រំ​ច្រើនជាងគេ​លើ​ពិភពលោក។ ចាប់ផ្តើម​ដំបូង​ពី​ទីក្រុង​ហុងកុង ដែល​ត្រូវបាន​គេ​រកឃើញថា​ជា​តំបន់​ដែល​អាណាព្យាបាល​ត្រូវ​ចំណាយលុយ​ជា​មធ្យម ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​ដើម្បី​វិនិយោគ​លើ​ការអប់រំ​កូន។ បើតាម​ទិន្នន័យ​បាន​បញ្ជាក់ថា ជា​មធ្យម​សម្រាប់​សិស្ស​ម្នាក់​ចាប់ពី​ថ្នាក់​បឋម​រហូតដល់​សាកលវិទ្យាល័យ អាណាព្យាបាល​ត្រូវ​ចំណាយលុយ​ប្រហែល​ជាង 130,000ដុល្លារ​អាមេរិក។

    បន្ទាប់មកទៀត​គឺ សហភាព​អារ៉ាប់ អេ​មី​រ៉េត (United Arab Emirates: UEA) ដែល​ឪពុកម្តាយ​ត្រូវ​ចំណាយ​ជា​មធ្យម​ជិត 100,000ដុល្លារ ដើម្បី​ផ្គត់ផ្គង់​កូន​ឱ្យបាន​ចប់​ការសិក្សា​ដល់​ថ្នាក់​ឧ​ត្ត​មសិក្សា។ តាម​ពីក្រោយ​ដោយ​ប្រទេស​សិង្ហ​បុរី​ដែល​ត្រូវ​ចំណាយ​ជាង 70,000ដុល្លារ។

    ងាក​ទៅ​សហរដ្ឋអាមេរិក​វិញ ជា​ប្រទេស​ជាប់​លេខ6 ក្នុងចំណោម​ប្រទេស​ទាំង10 ដែលមាន​សាកលវិទ្យាល័យ​ល្អ​បំផុត​លើ​ពិភពលោក និង​អាណាព្យាបាល​ត្រូវ​ចំណាយ​ជា​មធ្យម​ប្រមាណ 58,000ដុល្លារ​តាំងពីដើម​ដល់​ចប់។ ចំនួន​នេះ គឺ​តិចជាង​ពាក់កណ្តាល​សម្រាប់​ការផ្គត់ផ្គង់​លើ​ការសិក្សា​នៅ​ទីក្រុង​ហុងកុង។

    យោងតាម​ការសិក្សាថ្មីៗនេះ​ដោយ​ស្ថាប័ន HSBCដែលជា​ក្រុមហ៊ុន​បម្រើការ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បានបង្ហាញ​យ៉ាងច្បាស់​ផងដែរ​ពី​ទិន្នន័យ​ដូចគ្នា​ដែល​អាណាព្យាបាល​ក្នុងប្រទេសនីមួយៗបាន​ចំណាយ​លើ​ការសិក្សា​របស់​កូន។ ក្នុង​នោះគេ​សង្កេតឃើញថា តាម​ការស្ទង់មតិ ប្រទេស​បារាំង​ជា​ប្រទេស​ដែល​ចំណាយ​តិចជាងគេ​ក្នុងចំណោម​ប្រទេស​ដែល​ចំណាយ​ច្រើន​បំផុត​លើ​ការសិក្សា​របស់​កូន​ទាំង 15លើ​ពិភពលោក ជាមួយនឹង​ខ្ទង់ចំណាយ​ត្រឹមតែ 16,000ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ចំណាយ​លើ​ការសិក្សា​ចាប់ពី​ថ្នាក់​បឋម​ដល់​វិទ្យាល័យ។

    តារាង​បង្ហាញ​ពី​អត្រា​ចំណាយ​របស់​ឪពុកម្តាយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន

    ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា ប្រហាក់ប្រហែល​នឹង​ប្រទេស​សាមញ្ញ​មួយចំនួន​ដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី និង​អេ​ហ្ស៊ី​ប ដែល​អាណាព្យាបាល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង20,000ដុល្លារ។

    ទោះជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា អាណាព្យាបាល​បារាំង​ក៏មាន​ទុទិដ្ឋិនិយម​ដែរ​ចំពោះ​គំនិត​អប់រំ​របស់​កូន។ មាន​អាណាព្យាបាល តិចជាង 42% មាន​ទំនុកចិត្ត​ថា អាច​នាំ​អនាគត​ល្អ​ឱ្យ​កូន​របស់ខ្លួន​បាន ខណៈ​អាណាព្យាបាល​លើ​ពិភពលោក​មាន​ប្រមាណ 75% គិតបែបនេះ។

    អាណាព្យាបាល​ដែលមាន​គំនិត​ទុទិដ្ឋិនិយម​ច្រើនជាងគេ គឺ​ត្រូវបាន​គេ​រកឃើញថា នៅ​តំបន់​អាស៊ី ជាពិសេស​គឺ​នៅ​ប្រទេស​ឥណ្ឌា​ដែល​គេ​រកឃើញថា ម្នាក់​ក្នុងចំណោម 9នាក់ ឬ​ស្មើនឹង 87% នៃ​អាណាព្យាបាល​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​អនាគតកូនៗរបស់គាត់ ហើយ84% នៅ​ប្រទេស​ចិន​ធ្លាប់​ប្រាប់ថា​មាន​អារម្មណ៍​ដូចគ្នានេះដែរ។

    ការរកឃើញ​មួយទៀត​បាន​បង្ហាញថា អាណាព្យាបាល​ជាច្រើន​គិតថា​ការអប់រំកូនៗគឺជា​ចំណុច​អាទិភាព និង​ចម្បង​បំផុត ខណៈ​អាណាព្យាបាល​ចំនួន87% លើ​ពិភពលោក​កំពុងតែ​ជួយ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​បំផុត​លើ​ការអប់រំ​កូន។ ទាំងនេះ​រាប់បញ្ចូល​ទាំង​ការចំណាយ​លើ​ថ្លៃ​សាលា សៀវភៅ ឯកសណ្ឋាន ការដឹកជញ្ជូន និង​កន្លែង​ស្នាក់នៅ។ អាណាព្យាបាល​ជាច្រើន​ខំប្រឹងប្រែង​កាន់តែខ្លាំង​ក្នុងការ​ធានាថា​គាត់​អាចមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​អនាគត​របស់​កូន ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ​គាត់​សុខចិត្ត​កាត់​ចំណាយ​ជាច្រើន​សម្រាប់​ខ្លួនឯង ដូចជា​ចំណាយ​លើ​ដំណើរ​កម្សាន្ត ចំណាយ​លើ​សកម្មភាព​ផ្ទាល់ខ្លួន​មួយចំនួន និង​ការទិញ​របស់របរផ្សេងៗដើម្បី​ទប់ទល់​ជាមួយនឹង​ការអប់រំ​កូន៕

  • តម្លៃ​ដី​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ​អាច​នឹង​ឡើងថ្លៃ​ដូច​នៅ​ក្រុងភ្នំពេញ​ដែរ

    តម្លៃ​ដី​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ​អាច​នឹង​ឡើងថ្លៃ​ដូច​នៅ​ក្រុងភ្នំពេញ​ដែរ

    ស្រប​ពេលដែល​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​កាន់តែច្រើនឡើងៗ នៅ​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​តម្លៃ​ដី​នៅជាប់​មាត់សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុឡើងថ្លៃ​ខ្ពស់ឡើងៗយ៉ាង​មិន​គួរឱ្យ​ជឿ។ ជាក់ស្តែង​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​ខ្លះ​បាន​ឡើងថ្លៃ​ជិត​ប្រហែល​នឹង​តម្លៃ​ដី​នៅ​តំបន់​ទួលគោក​ក្នុង ក្រុងភ្នំពេញ​ដែរ ហើយ​នៅពេលឆាប់ៗខាងមុខនេះ​វា​អាច​នឹង​កើនឡើង​ដូច​តម្លៃ​ដី​នៅ​តំបន់​បឹង​កេងកង​ដែរ។

    លោកជំទាវ លុក សុ​វណ្ណា អគ្គនាយិកា​ក្រុមហ៊ុន KH Niron Investment ដែលជា​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ដ៏​មាន​សក្តានុពល​មួយ​បាន​មាន​ប្រសាសន៍​ថា កាលពីដើមឆ្នាំ2015 ក្រុមហ៊ុន​លោកជំទាវ​បាន​ទិញ​ដី​នៅ​ចង្កេះភ្នំ​មួយកន្លែង​នៅ​ម្តុំ CT ដែលមាន​ចម្ងាយ​ប្រមាណ​ជា 3គីឡូម៉ែត្រ​ពី​កំពង់ផែ​សមុទ្រ​ហើយ​ក្រោយពី​វិនិយោគ​លើដី​នោះ​រួចមក ក្រុមហ៊ុន​បាន​បើក​គម្រោង​ពុះ​ដីឡូត៍​លក់​ក្នុង​មួយ​ឡូត៍​មាន​ទំហំ5 x 25ម៉ែត្រ​ដែលមាន​តម្លៃ​ត្រឹមតែ 20,000ដុល្លារ​ប៉ុណ្ណោះ ហើយ​បានបញ្ចប់​ការលក់​នៅ​ដើមឆ្នាំ2017 ប៉ុន្តែ​រហូតមកទល់​ប​ច្ចុ​ប្បន្ន​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ100%តែម្តង ពោលគឺ​ក្នុង​មួយ​ឡូត៍​តម្លៃ​ដល់​ទៅ 40,000ដុល្លារ​ឯណោះ។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​មានការ​រីករាយ​ដែរ ខណៈដែល​អតិថិជន​បានមក​ទិញ​ដី​សម្រាប់​វិនិយោគជាមួយ​ក្រុមហ៊ុន​ទទួលបាន​ផលចំណេញ​ច្រើន​ដូច្នេះ។

    ជាមួយគ្នានេះ​លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal មានប្រសាសន៍ថា តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​នៅតែមាន​សក្តានុពល​ទៅ​ថ្ងៃ​អនាគត ដោយសារ​វិនិយោគិន​ចិន​បន្ត​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​លំនៅឋាន និង​អគារខ្ពស់ៗនៅ​ទីនោះ​កាន់តែច្រើនឡើងៗ “តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​មិនអាច​ចុះថ្លៃ​នោះទេ ទោះជា​សេដ្ឋកិច្ច​ប្រែប្រួល​យ៉ាងណាក៏ដោយ ហើយ​បើ​សេដ្ឋកិច្ចធ្លាក់ចុះ​ក៏​មិន​ចុះថ្លៃ​ដែរ យ៉ាងច្រើន​គ្រាន់តែ​នៅ​ទ្រឹង​មួយរយៈ​ប៉ុណ្ណោះ។

    លោក​បន្តថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​អគារចាស់ៗដែល​ត្រូវគេ​បោះបង់ចោល​នៅលើ​ភ្នំ សឹងតែ​មិនមាន​មនុស្ស​ហ៊ាន​ចូលទៅ​មើល​ផង ឥឡូវ​ត្រូវបាន​គេជួសជុល​ដាក់លក់ ឬ​ជួល​បាន​ថ្លៃ​ខ្ពស់កប់ពពក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទៀតផង ចំណែក​បុរី​នៅ​តំបន់​ទឹកឈូ ឆា្ង​យ​ពី​ឆ្នេរសមុទ្រ 3ទៅ5គីឡូម៉ែត្រ​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ធ្វើ​ហើយ​ទុកចោល​មិនមាន​មនុស្ស​ចូលទៅ​នៅ​ផង​នោះ ឥឡូវនេះ​ស្រាប់​តែមាន​អតិថិជន​ចូលទៅ​ជួល​នៅ និង​ជួល​ក្នុងតម្លៃ​ថ្លៃ​ទៀតផង។

    ហើយ​ដី​នោះ​នៅ​ឯនាយសមុទ្រ កាលពីមុន​មិនមាន​មនុស្ស​ទៅលេង​ទេ តែ​ឥឡូវ​ត្រូវបាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​ទៅ​បណ្តាក់ទុន​នៅទីនោះ​បង្កើតជា​រមណីយដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ Bangalow សម្រាប់​ស្នាក់​នៅលើ​ដែន​កោះ ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស​ធ្វើដំណើរ​ឆ្លង​ទឹក​ទៅ​កម្សាន្ត​កាន់តែ​ច្រើនឡើង។ វា​ប្រៀប​ដូច​មនុស្ស​ឈឺ​ធ្ងន់​ធ្លាប់តែ​ដេក​មួយកន្លែង ឥឡូវ​ស្រាប់តែ​អាច​ដើរ​រួច​រស់រានមានជីវិត​ក្លាយជា​ដង្ហើម​សេដ្ឋកិច្ចជាតិ​ទៀតផង។

    ចំណែក​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL មានប្រសាសន៍​ទទួលស្គាល់​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ឯទៀត​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ។ សក្តានុពល​គឺ​នៅត្រង់ថា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ មាន​ផ្លូវ​រថភ្លើង​ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពីទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​ចម្ងាយ​តិចជាង 200គីឡូម៉ែត្រ​នាពេលឆាប់ៗនេះ​ទៀតផង។

    អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ផលចំណេញ​គឺថា ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​នាពេលខាងមុខ ដោយសារតែជនបរទេស​សម្លឹង​ឃើញ និង​បាន​ចូលមក​បោះទុន​វិនិយោគ​កាន់តែច្រើនឡើងៗនា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ជនជាតិ​ចិន​តែម្តង​ដែល​ធ្វើឱ្យ​តម្លៃ​ដីកា​លពី​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ500 ឬ600ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​នោះ បច្ចុប្បន្ន​ឡើងថ្លៃ​ដល់ 1,500 ឬ2,000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ ស្មើនឹង​ដី​ក្នុង​តំបន់​ទួលគោក​ក្នុង​ក្រុងភ្នំពេញ​ដែរ ហើយ​ថា តម្លៃ​ដី​នៅ​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត​ដូច​តំបន់​បឹង​កេងកង​ដែរ នៅពេល​បរទេស​វិនិយោគ​សាងសង់​គម្រោង​អគារធំៗនៅ​ទីនោះ។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​អគារ​ស្នាក់នៅ ឬ​ជួល​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​នៅតែមាន​ចំនួន​តិចជាង​តម្រូវការ​ប្រើប្រាស់ ពិសេស​នៅពេលចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទានផ្សេងៗ ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ពេលខ្លះ​ថែមទាំង​រក​ជួល​ស្នាក់នៅ​មិនបាន​ទៀតផង។ លោក​បញ្ជាក់​ដូច្នេះ​ថា “ពីមុន​តម្លៃ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​មានតម្លៃ​ចន្លោះ​ត្រឹម​ក្រោម 10ដុល្លារ​ទៅដល់ 20ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន​បន្ទប់​ស្នាក់នៅ​ដែល​អន់​បំផុត​ក៏មាន​តម្លៃ​ពី 70ទៅ 80ដុល្លារ​ដែរ​ក្នុង​មួយ​យប់ ហើយ​ជួនកាល​រក​បន្ទប់​ស្នាក់នៅ​មិនបាន​ទៀតផង ប្រសិនបើ​មិនបាន​កក់​មុន​នោះ”៕