Category: សង្គម និងសេដ្ឋកិច្ច

  • សំបុត្រ​លក់​​ឡើង​វិញ​សម្រាប់ Champions League វគ្គផ្តាច់​ព្រ័ត្រ​ មាន​តម្លៃ​ជិត 15,000​ផោន

    សំបុត្រ​លក់​​ឡើង​វិញ​សម្រាប់ Champions League វគ្គផ្តាច់​ព្រ័ត្រ​ មាន​តម្លៃ​ជិត 15,000​ផោន

    អ្នក​គាំទ្រ​របស់​ក្រុម Liverpool ដែល​សង្ឃឹម​ថា អាច​ចូល​ទស្ស​នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កំពុង​តែ​ប្រឈមមុខ​នឹង​​ការ​ចំណាយ​ប្រាក់​រាប់​ពាន់​ផោន ដើម្បី​ទិញ​សំបុត្រ​តែមួយ​សន្លឹក​។

    ក្រុម Liverpool បាន​លក់​​សំបុត្រ​​ពី​ចំណែក​របស់​ខ្លួន​ដែល​មានចំនួន​ 16,626​ អស់រលីង ប៉ុន្តែបច្ចុប្បន្ន សំបុត្រទាំងនោះ​រាប់​រយ​សន្លឹកត្រូវ​បានគេ​ដាក់​លក់​ឡើង​វិញ​នៅ​លើ​គេហ​ទំ​ព័រ​នា​នា​។ សំបុត្រ​សម្រាប់​កន្លែង​អង្គុយ​មួយ​នៅ​ជ្រុង​ម្ខាង​នៃកីឡដ្ឋាន Olympic ក្នុង​ទីក្រុង​គៀវ ដែល​មាន​តម្លៃ​ជា​ធម្ម​តា​ 281​ផោន (ស្មើ​នឹង​ 377​ ដុល្លារ) ត្រូវ​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​ដើម្បី​ដាក់​លក់​ក្នុង​តម្លៃ​​ជិត​​ 15,000​ផោន (ស្មើ​នឹង​ 20,148​ដុល្លារ​អាមេរិក)​។ ដោយ​ឡែកសំបុត្រ VIP មួយ​ចំនួន​មាន​តម្លៃ​ដល់​ទៅ​ 20,000​ផោន​។ នៅ​លើ​គេហ​ទំព័រ Ticketbis កាលពី​ថ្ងៃ​ចន្ទ កៅអី​​អង្គុយ​ថោក​ជាង​គេ​បំផុត​​នៅ​ខាង​ក្រុម Liverpool ដែលមាន​តម្លៃ​ជា​ធម្មតា​140​ផោន ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ​ 1,181​ផោន​។ លោក Neil Atkinson អ្នក​គាំទ្រ​របស់​ក្រុម Liverpool បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន BBC ថា៖ «ស្ថាន​ភាពនេះ​ពិត​ជា​គួរ​ឱ្យ​ចង់​សើច​ណាស់​។ មនុស្ស​មួយចំនួន​ដែលមិន​គាំទ្រ​ក្លិប​ណាមួយសោះ បានទិញ​សំបុត្រ​ទុក និង​សម្លឹង​រក​ឱកាសក្នុង​ការ​រក​ប្រាក់កម្រៃ​»​។

    Liverpool បាន​ធ្វើ​ការ​​រំ​ឭក​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា «ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ សំបុត្រ​មិន​គួរ​ត្រូវ​បាន​ទិញពី​ប្រភព​មិន​ផ្លូវ​កា​រឡើយ​»​៕

    ប្រភព​ពី៖ Daily Mail

  • លោក Emery នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាត់​​ការ​ទូទៅ​ថ្មី​របស់ក្រុម Arsenal

    លោក Emery នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាត់​​ការ​ទូទៅ​ថ្មី​របស់ក្រុម Arsenal

    Arsenal ត្រៀម​ធ្វើ​ការ​​តែង​តាំង​លោក Unai Emery ជា​អ្នក​​ជំនួស​កន្លែង​របស់​លោក Arsene Wenger​។ ក្លិប​នេះបាន​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​​ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​​អ្នក​ជំនួស​កន្លែង​របស់​លោក Wenger ដែល​ជា​អ្នក​ចាត់​ការ​​ទូទៅ​របស់​ពួក​គេ​អស់​រយៈ​ពេល​ 22​ឆ្នាំ​​មក​ហើយ និង​បាន​ចាក​ចេញ​ក្នុង​ពេល​​បញ្ចប់​រដូវ​កាល​នេះ​។

    លោក Mikel Arteta ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​​ជា​បេក្ខ​ភាព​នាំមុខ​គេ​​កាល​ពី​សប្តាហ៍មុន​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​​ណា សញ្ញា​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា លោក Emery ដែល​ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Paris St-Germain និងSevilla ត្រូវ​បាន​ជ្រើស​រើស​​រួច​រាល់​ហើយ​។ ក្លិប​នេះ បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​លោក Emery ហើយ​ការ​សម្រេច​ចិត្ត​មួយ​ត្រូវ​បាន​រំពឹង​​ទុក​ថា នឹង​ត្រូវ​ប្រកាស​នៅ​ស​ប្តាហ៍នេះ​។ លោក Emery គឺ​ជា​បេក្ខ​ភាព​ដ៏​ស័ក្តិ​សម​បើ​និយាយ​ពី​បទ​ពិសោធ​របស់​លោក ក្រោយ​ពី​បាន​ដឹកនាំ​ឱ្យក្រុម PSG ឈ្នះ​ពាន​ក្នុង​ស្រុក​ 3 នៅ​រដូវកាល​នេះ និងធ្លាប់​បាន​ជួយ​ឱ្យ Sevillaលើក​ពាន​ក្រប​ខ័ណ្ឌ Europa League ដល់ទៅ 3លើក​​​។

    បណ្តាញ​សារ​ព័ត៌​មាន BBC បាន​ចេញ​ផ្សាយ​ថា ដំណើរ​ការ​​នៃ​ការ​ជ្រើស​រើស​គ្រូបង្វឹក​ថ្មី ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប Arsenal លោក Raul Sanllehi ប្រធាន​ទំនាក់​ទំនង​កីឡា​បាល់​ទាត់ និង​លោក Sven Mislintat ប្រធាន​ផ្នែក​ជ្រើស​រើស​។ លោក Emery បាន​ចាក​ចេញ​ពី PSG នៅពេល​ដែលកិច្ច​សន្យា​របស់​លោក​អស់​សុ​ពល​ភាព នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​៕

    ប្រភព​ពី៖ The Guardian

  • បុកល្ហុង បង្គាស្រស់ ពីភោជនីយដ្ឋាន Needa

    បុកល្ហុង បង្គាស្រស់ ពីភោជនីយដ្ឋាន Needa

    បើនិយាយពីបុកល្ហុងវិញគេជឿថា អ្នកណាៗក៏ធ្លាប់បានទទួលទានដែរ ប៉ុន្តែទាស់ត្រង់ថា បុកល្ហុងទាំងនោះអាចមានរសជាតិផ្សេងៗពីគ្នា ដែលវាអាស្រ័យទៅលើស្នាដៃរបស់អ្នកជំនាញក្នុងការបុក និងផ្សំគ្រឿងតែប៉ុណ្ណោះ។ សម្រាប់ទំព័រនេះ ឡារ៉ែន សូមបង្ហាញជូននូវរូបភាពបុកល្ហុងមួយចាន ដែលផ្សំឡើងពីបន្លែស្រស់ៗជាច្រើនមុខ រួមជាមួយនឹងសាច់បង្គាស្រស់ ពោរពេញទៅដោយរសជាតិឆ្ងាញ់ជាប់មាត់ ក្រោមភាពជំនាញរបស់ចុងភៅប្រចាំនៅភោជនីយដ្ឋាន Needa សាខាទួលគោកដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    គ្រឿងផ្សំ
    • សណ្តែកកួរ
    • ត្រសក់
    • ប៉េងប៉ោះ
    • ការ៉ុត
    • ល្ហុងខ្ចី
    • ស្ពៃបូកគោ
    • ត្រកួន
    • ទឹកក្រូចឆ្មារ
    • បង្គាក្រៀម
    • បង្គាស្រស់
    • សណ្តែកដីលីង
    • ខ្ទឹមស
    • ម្ទេសក្រហម

    វិធីធ្វើ
    ជាដំបូងបន្ទាប់ពីយកវត្ថុធាតុដើម និងគ្រឿងផ្សំដូចបានរៀបរាប់ជូនខាងលើនេះរួចរាល់អស់ហើយ ត្រូវយកទៅចិត និងលាងសម្អាតហើយទុកមួយអន្លើ។ យកល្ហុងខ្ចីឈូសជាសរសៃ យកបង្គាស្រស់បកសម្បក រួចវះយកសរសៃខ្មៅចេញ, ចិតផ្លែប៉េងប៉ោះជាចំណិតជ្រុងៗ រួចហាន់សណ្តែកគួរជាកង់ខ្លីៗ ហាន់ផ្លែត្រសក់ជាជ្រុងទ្រវែង ហាន់ការ៉ុតជាបន្ទះស្ដើងៗ ហាន់ស្ពៃបូកគោ និងត្រកូនប្រវែងខ្លីល្មម ហើយទុកមួយអន្លើសិន។ បន្ទាប់មកបុកខ្ទឹមស ម្ទេសក្រហម រួចដាក់បង្គាក្រៀមចូលបុកជាមួយគ្នា បន្ទាប់យកដាក់សណ្ដែកដី សណ្ដែកកួរ ទឹកក្រូចឆ្មារ ចូលជ្រុំចូលគ្នាឱ្យសព្វ។ ជាចុងក្រោយដាក់ល្ហុងចូលបុកច្របល់ចូលគ្នាឱ្យសព្វ ដួសដាក់ក្នុងចានជាការស្រេច៕

  • 5មូលហេតុ​នៃ​ការ​រលូត​បុត្រ ដែល​ស្ត្រី​មានគភ៌​ត្រូវ​ដឹង

    5មូលហេតុ​នៃ​ការ​រលូត​បុត្រ ដែល​ស្ត្រី​មានគភ៌​ត្រូវ​ដឹង

    និយាយ​អំពី​រឿង​របស់​សភាវ​រលូត​បុត្រ​បន្ទាប់ពី​ការតាំង​គភ៌ មិន​ថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ក៏ដោយ គឺ​សុទ្ធតែជា​រឿង​ដ៏​គួរឱ្យ​សោកសៅ និង​គួរឱ្យ​អាណិត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។ អ្នកខ្លះ​ដែល​តាំង​សេចក្ដីសង្ឃឹម​ខ្លាំង ក៏​អាច​នឹង​ខូចចិត្ត​សោកស្ដាយ​ដល់​ថ្នាក់​ញ៉ាំ​មិនបាន​ គេង​មិន​លក់ លំបាក​ដល់​ក្រុមគ្រួសារ​ត្រូវ​នៅចាំ​មើលថែទាំ​យ៉ាង​ជិតដិត ទាំង​ដែល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​វិញ សភាវ​រលូត​បុត្រ​អាច​កើតឡើង​បាន​ដោយ​ឯកឯង មិន​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ ឬ​ភាព​ភ្លាំងភ្លាត់​របស់​ស្ត្រី​មានគភ៌​ឡើយ ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​នៃ​ការ​រលូត​បុត្រ​ដែល​គេ​អាច​ជួបប្រទះ​ញឹកញាប់​បំផុត​ក្នុងពេល​បច្ចុប្បន្ន។

    1. ឆ្លង​មេរោគ​បាក់តេរី និង​មេរោគ​វីរុស
    ជា​ប្រក្រតី នៅពេល​ទៅពិនិត្យ​គភ៌​លើកដំបូង ពេទ្យ​តែងតែ​ពិនិត្យ​រកមើល​ជំងឺ​កាមរោគ ឬ​ជំងឺ​ដែល​ឆ្លង​តាមរយៈ​ការ​មាន​ភេទ​សម្ពន្ធ​មុនគេ​បង្អស់ ជាពិសេស​មេរោគ​នៃ​ជំងឺស្វាយ មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ B និង​ C ដែល​អាច​ហុច​ផល​ឱ្យ​កើត​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន ដូចជា​ ធ្វើឱ្យ​សាច់​ភ្នាស​ក្នុង​ស្បូន​មាន​បញ្ហា​រហូត​តួ​កំណើត​មិនអាច​ចម្រើន​ធំធាត់​តទៅទៀតបាន ឬ​បើ​តួ​កំណើត​ចម្រើន​ធំធាត់​បាន តែ​ក៏មាន​ផលប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​ទារក ធ្វើឱ្យ​ពេទ្យ​ត្រូវតែ​សម្រេចចិត្ត​បញ្ឈប់​ការតាំង​គភ៌​នៅពេល​ក្រោយ។

    2. ភាពខុសប្រក្រតី​របស់​ក្រូ​ម៉ូ​ហ្សូ​ម
    សម្រាប់​មូលហេតុ​នៃ​ការ​រលូត​បុត្រ​ក្នុង​ចំណុច​នេះ អាច​រាប់បាន​ថា គួរឱ្យ​អាណិត​ជាទីបំផុត ព្រោះ​គ្មាន​អ្នកណា​អាច​ដឹង​មុន​បានឡើយ​ថា តើ​ក្រូ​ម៉ូ​ហ្សូ​ម​មួយគូ​ណា​ដែល​នឹង​កើតមាន​ភាពខុសប្រក្រតី​នោះទេ? និង​នៅពេល​ដឹង​ហើយក៏​មិនអាច​កែខៃ​អ្វី​បាន​ទាំងអស់។ សម្រាប់​សភាវរ​លូ​តបុ​ត្រ​វិញ ច្រើន​បណ្ដាលមកពី​ការដែល​ក្រូ​ម៉ូ​ហ្សូ​ម​មិនអាច​តម្រៀប​ខ្លួន​ត​គ្នា​បាន តែបើ​សិន​ក្រូ​ម៉ូ​ហ្សូ​ម​គូ​ខ្លះ​មាន​បញ្ហា​ខ្វះ ឬ​លើស ក៏​នឹង​ហុច​ផល​ឱ្យ​កើត​ភាពខុសប្រក្រតី​ដែល​ក៏​ជា​មូលហេតុ​ឱ្យ​ពេទ្យ​ត្រូវ​បញ្ឈប់​ការតាំង​គភ៌​ដូចគ្នា​ដែរ។

    3. ជក់បារី ទទួលទាន​ភេសជ្ជៈ​ជាតិ​អាល់កុល និង​សេព​គ្រឿងញៀន
    ជា​រឿង​ដែល​ទាំងអស់គ្នា​បានដឹង​ច្បាស់​ហើយ​ថា ទង្វើ​ទាំងនេះ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​សភាវ​រលូត​បុត្រ​បាន​ខ្ពស់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 3ខែ​ដំបូង។ ការពិតទៅ មិនចាំបាច់​ថា ត្រូវតែ​សេព​ចូលទៅ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ ព្រោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​ដែល​ធ្វើការ​នៅក្នុង​បន្ទប់​ប្រតិបត្តិការផ្សេងៗដែលមាន​សារធាតុពុល​មួយចំនួន​ដែល​ស្រដៀង​នឹង​ថ្នាំញៀន រួមទាំង​ជាតិ​អាល់កុល​ប្រភេទ​ខ្លះ​​ជាប់​រហូត ក៏​បណ្ដាលឱ្យ​កើត​សភាវ​រលូត​បុត្រ​អស់​ជាច្រើន​នាក់​រួចមកហើយ​ដែរ ។

    4. ស្បូន​ខុស​ប្រក្រតី
    បញ្ហា​ស្បូន និង​មាត់ស្បូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខុស​ប្រក្រតី​មកពី​កំណើត ឬ​ខុស​ប្រក្រតី​ដោយសារ​សភាវ​មួយចំនួន ក៏​ធ្វើឱ្យ​កើត​សភាវ​រលូត​បុត្រ​បានដែរ ដោយសារតែ​តួ​កំណើត​មិនអាច​បង្កប់ខ្លួន ឬ​ចម្រើន​ធំធាត់​បាន​យ៉ាង​ល្អ​ហ្នឹងឯង។

    5. រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ
    រោគមួយចំនួន ដូចជា រោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • ដាំដំឡូង​បារាំង​ចំណាយពេល​ខ្លី តែមាន​ការគាំទ្រ​ខ្លាំង​លើ​ទីផ្សារ

    ដាំដំឡូង​បារាំង​ចំណាយពេល​ខ្លី តែមាន​ការគាំទ្រ​ខ្លាំង​លើ​ទីផ្សារ

    ដោយ​មើលឃើញថា មើមដំឡូង​បារាំង​ត្រូវបាន​គេ​នាំចូល​ពី​ក្រៅប្រទេស​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ជា​រៀងរាល់​ថ្ងៃនោះ កសិករ​ខ្មែរ​ម្នាក់​បាន​សាកល្បង​ដាំ​ដើម​ដំឡូងបារាំង​យក​មើម​នៅក្នុង​កសិដ្ឋាន​របស់ខ្លួន​ជា​លើកដំបូង និង​ទទួលបាន​ជោគជ័យ​ខ្លាំង​លើសពី​ការរំពឹងទុក​ទៀតផង។

    កសិករ​ម្នាក់​នោះ​ឈ្មោះ គ្រី ម៉េង​ឈាង បាន​ដាំ​ដើម​ដំឡូងបារាំង​នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​មានជ័យ ស្រុក​ពេជ្រ​ចិន្តា ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍​ឱ្យដឹងថា ដោយមាន​ការគាំទ្រ​ពី​មន្ទីរកសិកម្ម​ខេត្ត លោក​បានសម្រេច​ដាំ​ដើម​ដំឡូងបារាំង​នោះ​នៅលើ​ផ្ទៃដី​ដែលមាន​ទំហំ​ទទឹង 15ម៉ែត្រ​និង​បណ្តោយ 15ម៉ែត្រ ដើម្បី​ធ្វើការ​សាកល្បង​ជា​លើកដំបូង លុះ​ក្រោយពេល​ដាំ​ហើយ ឃើញថា បាន​ទទួលផល​យ៉ាង​ល្អប្រសើរ។

    កសិករ​ខាងលើ​បន្តថា កាលពីពេល​កន្លងមក មន្ទីរ​កសិកម្ម​បានផ្តល់​ជូន​ពូជ​ដំឡូងបារាំង​មកឱ្យ​ដាំ​នៅ​លើដី​ក្បែរ​ផ្ទះ​ប្រមាណ​ជា 10រង ហើយ​គ្រាន់តែ​អនុវត្តតាម​បច្ចេកទេស​ដាំ​ដុះ​របស់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ដែល​បាន​ផ្តល់ឱ្យ​ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ ដំឡូងបារាំង​ក៏​ផ្ដល់​ផល​ឱ្យ​អាច​ដកយក​មើម​ទៅ​លក់បាន ដោយមាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

    សម្រាប់​បច្ចេកទេស​ដាំ​ដុះ មិន​លំបាក​នោះទេ ដំបូង​ឡើយ​គេ​គ្រាន់តែ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ស្ងួត ចំនួន​ពីរលើក ដើម្បី​សម្លាប់​ស្មៅ និង​សម្លាប់​មេរោគ​ចង្រៃ​ដែលមាន​នៅក្នុង​ដី រួចហើយ​គេ​ចាប់ផ្តើម​លើក​ជា​រង​ដែលមាន​កម្ពស់​ចន្លោះ​ពី 2ទៅ 3តឹក និង​ទទឹង 1ម៉ែត្រ រួចហើយ​គេ​យក​ជីធម្មជាតិ​ដូចជា​លាមក​សត្វ ឬ​ជីកំប៉ុស​ទៅ​រោយ​ពីលើ បន្ទាប់មក​ទើប​យក​មើម​ដំបូង​បារាំង​ដែល​ទុក​ធ្វើ​ពូជ​នោះ​ទៅ​ដាក់​ដាំ​នៅលើ​ថ្នាល​ដែលមាន​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ចន្លោះ​ពី3 ឬ4តឹក។ លុះ​ពេល​ដាំ​រួច គេ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ​ពី1ដង ទៅ2ដង​តាម​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់ និង​ថែទាំ​ស្មៅ​កុំឱ្យ​ដុះ​ខ្លាំង តែ​ប៉ុណ្ណឹង​ដំឡូងបារាំង​នឹង​លូតលាស់​បានល្អ រហូតដល់​ដើម​ដំឡូង​មាន​កម្ពស់​បាន​ប្រហែលជា 3តឹក គេ​ត្រូវ​ជ្រំដី ពូន​គុម្ព​បង្ការ​ក្រែង​ខ្យល់​បក់​ខ្លាំង​នាំឱ្យ​រលើង​ដើម​ជាការ​ស្រេច។

    លោក​ថា គ្រាន់តែ​ថែទាំ ស្រោច​ទឹក បោចស្មៅ​ប្រមាណ​ជា 3ខែ​ប៉ុណ្ណោះ ដំឡូងបារាំង​នឹង​ហុច​ផល​ឱ្យ​អាច​ដកយក​មើម​លក់បាន​ទៅហើយ។ គ្រាន់តែ​ក្នុង​ទំហំ​ដី​ប្រវែង1ម៉ែត្រ 4ជ្រុង ដំឡូងបារាំង​អាច​ផ្តល់​មើម​បាន​ដល់7 ទៅ10គីឡូក្រាម និង​លក់បាន​ក្នុងតម្លៃ​បោះ​ដុំ​មួយ​គីឡូក្រាម​ថ្លៃ6,000រៀល​ដែរ។

    លោក អុ​ី​ង ឱ​រ៉ុ​ម ម្ចាស់​ហាង​ស្រុកស្រែ​ដែល​លក់​បន្លែ​ធម្មជាតិ​នៅ​ខាងលិច​ផ្សារ​ចំការ​ដូង​មានប្រសាសន៍ថា ដើម្បី​លើកទឹកចិត្ត​កសិករ និង​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា លោក​បានទទួល​ទិញ​ដំឡូងបារាំង​ខាងលើ​ដើម្បី​យកមក​លក់​បន្ត​នៅក្នុង​ផ្សារ​ខាងលើ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ទៀតផង។ លោក​ថា អ្វីដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​បើកហាង​លក់​បន្លែ​ធម្មជាតិ ឬ​បន្លែ​សុវត្ថិភាព​នេះ គឺ​ដោយសារ​កន្លងមក​លោក គឺជា​និស្សិត​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ពេល​ចុះ​ធ្វើ​កម្មសិក្សា​ទៅដល់​មូលដ្ឋាន ឮ​តែ​កសិករ​រអ៊ូរទាំ​ថា កង្វះ​ទីផ្សារ បន្លែ​ដាំ​បាន​ហើយ​គ្មាន​ឈ្មួញ​ចុះទៅ​ទិញ ពេលខ្លះ​ទុក​ស្អុយ​ចោល​ក៏មាន។

    ងាក​មក​ប្រជាជន​នៅ​ក្រុងភ្នំពេញ​វិញ បែរជា​រអ៊ូរទាំ​ថា រក​បន្លែ​ធម្មជាតិ​ទទួលទាន​មិនបាន ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​បើកហាង​លក់​បន្លែ​នេះ​ឡើង​ដើម្បី​ផ្សារភ្ជាប់​ទីផ្សារ​កសិកម្ម​ជនបទ ជាមួយ​ប្រជាជន​ដែល​រស់ក្នុង​ទីក្រុង​ភ្នំពេញ៕

  • រ៉ូលីន ប្រកាសឈប់ថតរឿងដុំហើយ

    រ៉ូលីន ប្រកាសឈប់ថតរឿងដុំហើយ

    ថ្មីៗកន្លងទៅនេះ តារាចម្រៀងសំឡេងពីរ ប្រុសក៏បាន ស្រីក៏បាន អ្នកនាង រ៉ូលីន ទើបតែបានសម្ដែងភាពយន្ដខ្នាតធំមួយ ដែលបានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តទូទាំងរាជធានីភ្នំពេញដែលមានចំណងជើងថា «ចង្វាក់បេះដូង» ។ រឿងនេះជាខ្សែភាពយន្តខ្មែរដែលនិយាយអំពីនិស្ស័យ និងពាក្យថា មួយប៉ប្រិចភ្នែកក៏អាចកើតជាស្នេហាបានដែរ ដែល រ៉ូលីន សម្តែងជាមិត្តភ័ក្តិស្និទ្ធស្នាលជាមួយតួឯក កញ្ញា ខៀវ លីលី។ ក្នុងរឿងនោះ រ៉ូលីន ត្រូវបុរសសង្ហាម្នាក់ឈ្មោះ មករា មកទាក់ទងសុំស្នេហ៍ ហើយថែមទាំងសុំនាងរៀបការជាមួយទៀតផង។ តែយ៉ាងណាមិញ អ្នកនាងបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា នោះគឺជាលើកចុងក្រោយរបស់នាងហើយ។ តើមានរឿងអ្វីកើតឡើងទៅ?

    អ្នកនាង រ៉ូលីន ដែលបានចូលរួមនៅក្នុងកម្មវិធីសម្ពោធក្លិបកម្សាន្ដរាត្រីមួយកន្លែងនៅចំកណ្ដាលរាជធានីភ្នំពេញបានផ្ដល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា «កន្លងទៅថ្មីៗនេះ នាងខ្ញុំបានសម្ដែងរឿងដុំមួយ ដែលមានចំណងជើងថា «ចង្វាក់បេះដូង» ហើយរឿងនេះ ក៏ជារឿងចុងក្រោយរបស់នាងខ្ញុំដែរ។ នាងខ្ញុំលែងទទួលថតភាពយន្ដទៀតហើយ»។ នាងបន្ដថា ដោយសារតែរឿងនេះជារឿងរបស់មិត្តភ័ក្ដិស្គាល់គ្នា គេអញ្ជើញ សុំឱ្យជួយថតរឿងមួយនេះទើបមិនអាចប្រកែកបាន តែតទៅមុខទៀត លែងទទួលទីផ្សារភាពយន្ដទៀតទេ ព្រោះថា មានការងារមមាញឹកច្រើនណាស់។

    គួរបញ្ជាក់ផងដែរថា ការងារសិល្បៈរបស់តារាភេទទី 3 រូបនេះ គេសង្កេតឃើញមានតែធ្វើជាពិធីករ-ពិធីការិនី នៅតាមបណ្ដាញស្ថានីយទូរទស្សន៍ និងកម្មវិធីធំៗ និងជាតារាចម្រៀងនៅក្នុងផលិតកម្មថោន ហើយកំពុងតែមានប្រជាប្រិយភាពជាងគេនោះគឺនៅក្នុងកម្មវិធី «ឆ្ងាញ់ទេ?» ដែលជាកម្មវិធីចម្អិនម្ហូបអាហារប្លែកៗឆ្ងាញ់ៗនៅតាមតំបន់ភូមិស្រុកនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

     

  • មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    មាស សុខសោភា បកស្រាយ ៖​ រូបភាពសិចស៊ី គ្រាន់តែជាសិល្បៈនៃការថតរូបប៉ុណ្ណោះ

    កាលពីពេលកន្លងទៅថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax Music គឺអ្នកនាង មាស សុខសោភា បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាន និងក្លិបកម្សាន្ដរាត្រីមួយនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដងគឺ Blanc Restaurant and Lounge ដែលនៅក្នុងឱកាសនោះដែរ អ្នកនាងបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន ឡារ៉ែន ជុំវិញករណីបង្ហាញរូបភាពសិចស៊ីកន្លងមកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំង។

    កន្លងមកបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលាន់មាត់សរសើរថា មាស សុខសោភា ពិតជាស្អាត និងថែមទាំងច្រៀងពីរោះទៀតផង ធ្វើឱ្យពួកគេមានការស្រឡាញ់ពេញចិត្តជាខ្លាំង។ តែក៏មានអ្នកខ្លះបង្ហាញពីទស្សនៈមិនចូលចិត្តដែរដោយអ្នកខ្លះបានលើកឡើងថា អីក៏សិចស៊ីម្ល៉េះ  ខ្លះថា «ដល់ក! ហើយខោតារា» ខ្លះទៀតថា «ឱ្យតែតារាដឹងតែត្រូវបញ្ចេញដើមទ្រូងតែហ្មង»។ រហូតដល់មានអ្នកសិល្បៈ និងជាអ្នកជំនួញខ្លះទៀតដែលជាបុរសបានចេញមុខជំនួសគូស្នេហ៍ធ្វើការរិះគន់ចំពោះភាពសិចស៊ីរបស់តារាស្រី មាស សុខសោភា ថា «ហេតុអ្វីក៏ក្រសួងមិនបានអើពើចំពោះភាពសិចស៊ីរបស់នាងខ្លះផង»។

    ជុំវិញករណីមួយនេះ កំពូលតារាចម្រៀង និងរាជិនីសំឡេងផ្អែមស្រទន់រូបនេះបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា រូបភាពសិចស៊ីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺគ្រាន់តែជាសិល្បៈនៃការថតរូបតែប៉ុណ្ណោះ នាងគ្មានបំណងអ្វីផ្សេងក្រៅពីនោះទេ ព្រោះត្រូវថតស្ព៉តផលិតផល មិនមែនចេះតែសិចស៊ីមិនត្រូវពេលវេលានោះទេ។ អ្នកនាងបន្ដថា «មានប្រិយមិត្តអ្នកគាំទ្រខ្លះ ស្រឡាញ់ចូលចិត្តភាពស្រគត់ស្រគំ អ្នកខ្លះទៀតស្រឡាញ់បែបសិចស៊ីរាងឡួយបន្ដិចទៅ ដូច្នេះហើយនាងខ្ញុំចង់បំពេញចិត្តអ្នកគាំទ្រ ក៏មានទាំងសិចស៊ីបន្ដិចទៅ ប្រពៃណីខ្លះទៅ ស្រគត់ស្រគំខ្លះដែរទៅ។ ហើយការដែលស្លៀកសិចស៊ី គឺមានតាមកាលៈទេសៈ នាងខ្ញុំក៏មិនអាចស្លៀកសិចស៊ីខ្លាំងឡើងឆាក ឬចូលរួមតាមកម្មវិធីធំៗ អី្វនោះដែរ ពោលគឺតាមពេលវេលាសមរម្យណាមួយតែប៉ុណ្ណោះ»។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្ររបស់នាងបានដឹង និងយល់ពីការពិតនៃការបកស្រាយរបស់នាង ហើយមេត្តាជួយគាំទ្ររូបនាងជាបន្ដទៅមុខទៀត ព្រោះថា នាពេលថ្មីៗនេះ អ្នកនាង  មាស សុខសោភា បានត្រៀមបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនបទ សម្រាប់បំពេរអារម្មណ៍អ្នកគាំទ្រទាំងអស់គ្នាហើយ៕

  • Iniesta បញ្ចប់​អាជីព​ជាមួយ Barca ដោយ​ជោគជ័យ តាមរយៈ​គ្រាប់​បាល់​របស់ Coutinho

    Iniesta បញ្ចប់​អាជីព​ជាមួយ Barca ដោយ​ជោគជ័យ តាមរយៈ​គ្រាប់​បាល់​របស់ Coutinho

    ខ្សែបម្រើ​ជើងចាស់ Andres Iniesta បាន​លើកដៃ​លា​ទៅកាន់​អ្នកគាំទ្រ​ក្លិប Barcelona កាលពី​ថ្ងៃអាទិត្យ និង​អ្នក​ដែល​ជំនួស​កន្លែង​របស់គេ ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Philippe Coutinho បាន​ជួយ​ឱ្យ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធ​ល 1-០ លើ​ក្រុម Real Sociedad។

    Iniesta ដែល​បាន​សម្រក់​ទឹកភ្នែក​នោះ បាន​ដើរ​ចេញពី​ទីលាន​នៃ​កីឡដ្ឋាន Camp Nou ក្រោម​ការ​ទះដៃ​លើក​ចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ នៅពេលដែល​រូបគេ​ត្រូវបាន​ប្តូរ​ចេញ​ក្នុង​តង់​ទី2 ក្រោយពី​បាន​ដោះ​បូ​ដៃ​ប្រធាន​ក្រុម និង​បានប្រគល់​ទៅឱ្យ Lionel Messi។

    ប្រសិនបើ Messi នឹងត្រូវ​ក្លាយជា​ប្រធាន​ក្រុម​ថ្មី​របស់ Barcelona ខ្សែបម្រើ Coutinho នឹង​ក្លាយជា​កីឡាករ​ដែល​នឹងត្រូវ​ជំនួស​កន្លែង​របស់ Iniesta ហើយ​កីឡាករ​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ។

    ក្រោយពី​ចំណាយពេល​លេង 22ឆ្នាំ​ក្នុង​ក្លិប​នេះ និង​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ដំបូង​តាំងពី​វ័យ 16ឆ្នាំ ការបង្ហាញ​ខ្លួន​ចំនួន 674លើក​របស់ Iniesta សម្រាប់​ក្រុម Barcelona បានធ្វើឱ្យ​រូបគេ​ដេញ​តាមតែ​ពីក្រោយ Xavi Hernandez ក្នុងនាម​ជា​កីឡាករ​ដែល​បានបង្ហាញ​ខ្លួន​ច្រើនជាងគេ​បំផុត​ប្រចាំ​ក្លិប។ Iniesta បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា៖ «វា​ជា​ថ្ងៃ​ដ៏​លំបាក​មួយ។ ប៉ុន្តែ វា​បាន​ក្លាយជា​រយៈពេល 22ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ វា​បាន​ក្លាយជា​សិទ្ធិ​មួយ និង​ការរីករាយ​មួយ​ក្នុងការ​ការពារ និង​តំណាងឱ្យ​ក្លិប​នេះ។ ខ្ញុំ​នឹង​ចងចាំ​អ្នក​ទុក​ក្នុង​បេះដូង​របស់ខ្ញុំ​ជានិច្ច»៕

    ប្រភពពី៖ BBC

  • កម្ពុជា​ក្នុង​ជំហាន​រួម​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល

    កម្ពុជា​ក្នុង​ជំហាន​រួម​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល

    មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​ប្រសើរឡើង និង​មាន​កំណើន​ល្អ​ជាង​មុន រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​គន្លឹះ និង​ការបញ្ចូល​ធាតុ​ផ្សំផ្សេងៗតាមរយៈ​សេដ្ឋកិច្ច​បែប​ឌីជីថល ខណៈ​ជំរុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម​ចាប់ផ្ដើម​ចាប់យក​បច្ចេកវិទ្យា​នេះ ដើម្បី​បង្កើន​នូវ​ចង្វាក់​ផលិតកម្ម។

    រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត បាន​លើកឡើងថា កម្ពុជា​គម្រោង​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ដែលជា​គម្រោង​ផែនការ​ថ្មី​ក្នុងការ​ស្វែងរក​ធាតុ​ចូលនៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ដែលជា​តម្រូវ​ការស្វែងរក​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក្នុងទិសដៅ​ជំរុញ​កំណើន​ឱ្យមាន​ការផ្លាស់ប្តូរ និង​វិ​វ​ឌ្ឍ​ទៅមុខ​ជានិច្ច។

    លោក​បន្តថា “ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​នេះ ការចាប់​ផ្តើមធ្វើ​ទំនើបកម្ម​ឱ្យ​ប្រសើរឡើង​នៅលើ​អ្វី​ដែលមាន​ស្រាប់ រួមមាន​ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និង​វិស័យ​សេវា ជាដើម ជាពិសេស​ការស្វែងរក​ប្រភេទ​ឧស្សាហកម្ម​ផ្សេងទៀត​ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​កើនឡើង​ជាមុន ក្នុងនោះ​យើង​ត្រូវតែ​ធ្វើ​ប្រតិភូកម្ម​សេដ្ឋកិច្ច​ម្ខាង និង​ការបង្កើត​ភាព​ប្រកួតប្រជែង​ម្ខាង​ទៀត។

    បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់ថា សេដ្ឋកិច្ច​ឌីជីថល គឺជា​ទីផ្សារ​អន​ឡាញ (Online)ដូចជា​ការបង់​ទឹក-ភ្លើង​តាម​អុ​ី​ន​ធើ​ណិ​ត នោះ​គឺជា​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ហើយ។ សព្វថ្ងៃ​ប្រជាជន​យើង ថ្វីដ្បិតតែ​ពុំទាន់​ប្រឡូក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នេះ​ខ្លាំង​ក៏ដោយ តែ​ក៏​យើង​ឃើញ​មាន​សកម្មភាព​របស់​ស​ហ​គ្រាសធំៗ និង​ពលរដ្ឋ​ទូទៅ​មួយ​ភាគ​ធំ​ពួកគេ​បាន​ដើរ​ក្នុង​គន្លង​សេដ្ឋកិច្ច​ឌីជីថល​នេះ​ស្រាប់​ទៅហើយ ព្រោះ​យើង​ជា​ផ្នែក​មួយ​នៃ​សកលលោក កាលណា​គេ​វិ​វ​ឌ្ឍ​ទៅ យើង​ត្រូវតែដើរ​តាម​គេ​ហើយ។ លោក​បន្ត​ដូច្នេះ​ថា “ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើ​សេដ្ឋកិច្ច​ឌីជីថល​មួយចំនួន​រួចហើយ ប៉ុន្តែ​វា​នៅតែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និង​បទ​ប្បញ្ញត្តិ​ក្នុង​ការពង្រីក​បន្ថែមទៀត​សម្រាប់​ពេលអនាគត ព្រោះ​នឹងត្រូវ​ធ្វើឱ្យមាន​លក្ខណៈ​ឌីជីថល​កាន់តែ​ច្រើនឡើង។

    ម្យ៉ាងទៀត​កម្ពុជា​មិនទាន់​បានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​រួច​នៅឡើយ ពិសេស​សមត្ថភាព​ធន​ធាន​មនុស្ស​ដែល​នៅមានកម្រិត​របស់​កម្ពុ​ជា​នឹង​ធ្វើឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​ពី​និន្នាការ​ថ្មី​នេះ​បាន​ក្នុង​កម្រិត​តិចតួច​នៅឡើយ​ទេ ពី​សេដ្ឋកិច្ច​ឌីជីថល​នេះ។

    អគ្គនាយក​ក្រុមហ៊ុន ហ្វ័​រ​តេ លោក​យក់ ចំរើន​ឫទ្ធិ​បាន​ថ្លែងថា សេដ្ឋកិច្ច​ឌីជីថល (Digital)ជាការ​រកស៊ី​តាម​ប្រព័ន្ធ​ឡាញ (Line)ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា។ អាជីវករ​កម្ពុជា​បាន​ផ្តើម​រកស៊ី​ហើយ គ្រាន់តែ​នៅ​ជា​ទ្រង់ទ្រាយតូចៗនៅឡើយ ពិសេស​យុវជន​ជំនាន់ក្រោយៗបាន និង​កំពុងតែ​ផ្តើម​ប្រឡូក​សេដ្ឋកិច្ច​ឌីជីថល​នេះហើយ។

    លោក​បាន​បញ្ជាក់ថា “ជា​គោល​គំនិត​រដ្ឋាភិបាល​គឺ​គេ​ចង់ឱ្យ​យើង​ប្រឡូក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​កាន់តែ​ធំ​ឡើង​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច។ ពោលគឺ​នៅ​ថ្ងៃ​អនាគត មានតែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ​ដែល​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​ដើរ​ទៅមុខ និង​រីកចម្រើន​លូតលាស់​បាន។ ការ​ប្រឡូក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នេះ​គឺ​យើង​អាច​នឹង​ទៅមុខ​បែប​លោត​ផ្លោះ​បាន នេះ​បើតាម​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​យើង។

    លោក​យក់ ចំរើន​ឫទ្ធិ ក៏បាន​ឱ្យដឹង​ដែរ​ថា ដោយសារតែ​ទិសដៅ​របស់​រដ្ឋាភិបាល​ដែល​កំណត់​ដល់​ឆ្នាំ2020អាចជា​យុទ្ធសាស្ត្រ​ថ្មី​មែន តែ​វិស័យ​ឯកជន​គេ​ចាប់ផ្តើម​ធ្វើ​ហើយ ដូចជា​ធនាគារ​អេស៊ីលីដា​ក៏​គេ​បាន​ងាក​ទៅរក​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ហើយ​ដែរ ដោយ​ប្រកា​សលែង​ជ្រើសរើស​បុគ្គលិក​បន្ថែម។ លោក​បាន​បញ្ជាក់ទៀតថា ខាង​ក្រុមហ៊ុន​របស់លោក​ក៏បាន​បណ្តាក់ទុន​ទៅលើ​សេដ្ឋកិច្ច​ឌីជីថល​នេះដែរ ដោយ​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្មា​ត (Smart) ដែលមាន​ទំហំ​ទឹកប្រាក់ 5លាន​ដុល្លារ​ដើម្បី​ផ្តោតទៅលើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​នេះ។

    លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន លី​លី ផលិត​នំ​ស្រួយ បាន​ថ្លែងថា បញ្ហា​សេដ្ឋកិច្ច​ឌីជីថល​នេះ ទោះបីជា​វា​មានការ​ពិបាក​បន្តិច​នៅពេល​ចាប់ផ្ដើម​ក៏ដោយ ក៏​យើង​ត្រូវតែ​បង្ខំចិត្ត​ប្រឡូក​ក្នុង​កិច្ចការ​នេះ​ដើម្បី​រត់តាម​ឱ្យទាន់​ប្រទេសជិតខាង​យើង​ដែរ។ ព្រោះនេះ​គឺជា​ពេលវេលា​ដំបូង​សម្រាប់​ការធ្វើ​បដិវត្តន៍​បច្ចេក​វិទ្យា សហគ្រិន​ត្រូវតែ​ផ្លាស់ប្តូរ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។ លោកស្រី​ថ្លែងថា៖ “អ្វីៗគ្រប់យ៉ាង​លើ​ទីផ្សារ​ពិភពលោក​កំពុង​ងាក​ទៅរក​ការពឹង​លើ​បច្ចេកវិទ្យា ដូច្នេះ​អាជីវកម្ម​របស់​យើង​ប្រសិនបើ​យើង​ចង់​សម្រេច​ជោគជ័យ​ឆ្ពោះទៅមុខ យើង​ត្រូវតែ​ខំប្រឹង យើង​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​យើង​ទៅជា​ប្រព័ន្ធ​បច្ចេកវិទ្យា។

    លោកស្រី​បន្តថា៖ “ពិត​ហើយ វា​ត្រូវការ​ពេលវេលា​ក្នុងការ​បណ្ដុះបណ្ដាល ប៉ុន្តែ​យើង​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ប្រព័ន្ធ​ឌីជីថល ដោយសារ​វា​ជួយ​ព​ន្លឿ​ន​ការងារ​ក្នុង​អាជីវកម្ម។ លោកស្រី​សង្ឃឹមថា សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នេះ​ឱ្យ​ទៅតាម​សម័យកាល ពីព្រោះ​បច្ចុប្បន្ន​យុវវ័យ​ស្រករ​ក្រោយ​ជាច្រើន​ក៏បាន​ចាប់យក​អាជីវកម្ម​តាម​ប្រព័ន្ធ​តិច​ណូ​ឡូ​ជី​នេះដែរ។

    លោក វ​ង្សី វិស្សុត បាន​បន្តថា សេដ្ឋកិច្ច​ឌីជីថល​គឺជា​សេដ្ឋកិច្ច​មួយ​ដែល​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​ឌីជីថល​ដែល​បច្ចេកវិទ្យា​ឌីជីថល​នេះ​នឹង​ជះឥទ្ធិពល​ដល់​ការផលិត​ទំនិញ និង​សេវា​ការចែក​ចាយនិង​ការផ្គត់ផ្គង់ រួមទាំង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ។

    វា​នឹង​ក្លាយជា​កត្តា​គន្លឹះ និង​កត្តា​កំណត់​ចាញ់-ឈ្នះ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ហើយ​ប្រទេស​ណា​ដែលមាន​សមត្ថភាព​ចាប់យក​បច្ចេកវិទ្យា​នេះ​បានល្អ​ប្រសើរ​ជាងគេ ប្រទេស​នោះ​នឹង​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​ល្បែង​នេះ។ ក្នុងន័យនេះ​កម្ពុជា​យើង​ត្រូវ​រួមដៃគ្នា​ទាំង​ស្ថាប័ន ទាំង​បុគ្គល​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា​ឱ្យ​អាច​រត់​ទាន់​គេ​នៅក្នុង​តំបន់។

    លោក​ថ្លែងថា៖ “ការចូល​មក​នៃ​សេដ្ឋកិច្ច​ឌីជីថល​នឹង​នាំមក​នូវ​ឱកាស​ដ៏​ល្អ​ក្នុងសង្គម ប៉ុន្តែ​វា​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ ដូច្នេះ​វា​តម្រូវឱ្យ​ពួកយើង​ប្រមូល​រាល់​ធាតុ​ចូល​ទាំងអស់​ដើម្បី​ចាត់វិធានការ​លើ​ផែនការ​របស់​យើង ហើយ​នេះ​គឺជា​ការចាប់ផ្ដើម​និន្នាការ​រួម​អំពី​សេដ្ឋកិច្ច​ឌីជីថល។

    ទាំងអស់នេះ​បង្ហាញឱ្យឃើញថា មូលដ្ឋាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​កំពុង​វិ​វ​ឌ្ឍ​ទៅ​មុខជាបណ្តើរៗ ដោយ​ក្នុងនោះ​កម្ពុ​ជាមាន​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត និង​មាន​សេវា​អុ​ី​ន​ធើ​ណិ​ត​សមល្មម​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល។ ក៏ប៉ុន្តែ​សមត្ថភាព​ចាប់យក និង​សកម្មភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​នៅមានកម្រិត​ទាប​នៅឡើយ​មិន​ថា​នៅក្នុង​វិស័យ​សាធារណៈ ឬ​នៅក្នុង​វិស័យ​ឯកជន​ទេ ទន្ទឹមនឹងនេះ​ការទទួលយក​បច្ចេកវិទ្យា​របស់​ទូរស័ព្ទ​ចល័ត​ជំនាន់​ថ្មី​មាន​ភាពយឺតយ៉ាវ​ជាង​ប្រទេសជិតខាង ហើយ​ការទទួលយក​សេវា 4G វិញ​កាន់​តែមាន​អត្រា​ទាប​ទៅទៀត។

    លោក ចំរើន​ឫទ្ធិ បាន​បញ្ជាក់ថា៖ “បញ្ហា​ប្រឈម​តែងតែមាន ដែល​បញ្ហា​ប្រឈម​ធំ​ទីមួយ គឺ​ធនធានមនុស្ស​របស់​យើង​នៅមាន​ការខ្វះខាត​ច្រើន ដូចជា​អ្នកជំនាញ​បទពិសោធខ្ពស់ៗខាង IT ជាដើម។ ទី​ពីរ​យើង​នៅ​ខ្វះខាត​ដើមទុន ព្រោះ​ដើមទុន​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ។ បើ​យើង​មាន​ធនធានមនុស្ស​តែ​យើង​អត់​ធនធាន​ទ្រព្យ​ក៏​ពិបាក​នឹង​ទៅរួច​ដែរ ព្រោះ​ការរកស៊ី​តាម​ប្រព័ន្ធ​ឌីជីថល ឬ​ប្រព័ន្ធ​អន​ឡាញ​នេះ​ត្រូវការ​ដើមទុន​ច្រើន និង​ដើម្បីឱ្យ​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​នោះ គេ​ត្រូវ​ការបំពេញ​សំណុំបែបបទ​នៃ​បច្ចេកវិទ្យា​ឱ្យបាន​ត្រឹមត្រូវ”៕

  • នោះ!! អត្តសញ្ញាណជនសង្ស័យប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម

    នោះ!! អត្តសញ្ញាណជនសង្ស័យប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម

    បើតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Heng Loong ដែលមានរូបភាពលោក ហេង ឡុង​ នៅក្នុងប្រូហ្វាល បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលលោកបានអះអាងថា ជាអត្តសញ្ញាណជនសង្ស័យដែលប៉ងធ្វើឃាតប្អូននាយ ពែក មី ត្រូវបង្ហាញជាបឋម។

    ប្រភពខាងលើដដែលនេះ បានសរសេរថា «សុំស៊ែរឱ្យអាមេឃាតករម្នាក់1 មក…។ លោកឯងអាងស្អី? អាមួយនេះសាហាវជាងប៉ុលពតទៀត​ វាសុទ្ធតែចង់យកក្បាលគេមកធ្វើកំណល់ឡាន​វា ចាំមើលមានអ្នកធំណាមកកាងអាមេឃាតករឯង​ ហើយបើអាមួយនេះរត់បាត់ គឺអាជ្ញាធរអសមត្ថភាពហើយ​ ស្រុកខ្មែរបើមានមនុស្សបែបនេះតែពីរបីនាក់ងាប់ប្រជាជនអស់ហើយ​ វាប៉ូលិសខណ្ឌឬស្សីកែវ អ៊ីចឹងបានចំណាត់ការលើវាយឺតម៉េស»។

    គួររំឭកផងដែរថា តាមសម្ដីលោក ពែក មី បានរៀបរាប់នៅលើហ្វេសប៊ុកថា «នៅយប់ថ្ងៃទី10 ខែឧសភា ឆ្នាំ2018នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះឱ្យឃាតករបានឃើញផង យើងខ្ញុំបានដាក់ពាក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ»។ សូមបញ្ជាក់បន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេស វៀតណាម ៕