Category: សង្គម និងសេដ្ឋកិច្ច

  • គន្លឹះ​មួយចំនួន​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ឱ្យ​ទទួលបាន​ជោគជ័យ

    គន្លឹះ​មួយចំនួន​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ឱ្យ​ទទួលបាន​ជោគជ័យ

    មនុស្ស​ជោគជ័យ​ក្នុង​ការងារ ឬ​ការធ្វើ​អាជីវកម្ម​មួយ​ឱ្យ​ទទួលបាន​ជោគជ័យ​ត្រូវបាន​គេ​រកឃើញថា មាន​ធាតុ​ផ្សំ​ជាច្រើន ដោយ​ក្នុងនោះ​ការធ្វើការងារ​ជា​ក្រុម​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​រុញច្រាន​ឱ្យ​ពួកគេ​រក្សាបាន​នូវ​និរន្តរភាព​ដ៏​វិជ្ជមាន​លើ​គ្រប់​សកម្មភាព​ការងារ។

    នាយក​ប្រតិបត្តិ​គ្រឹះស្ថានសិក្សា​ដើម្បី​ជោគជ័យ លោក កឹម អឿន បាន​លើកឡើងថា ការធ្វើការងារ​ជា​ក្រុម​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​វា​អាចជួយ​ឱ្យ​យើង​សម្រេច​គោលដៅ​បាន​យ៉ាង​ប្រសើរ។ លោក​បញ្ជាក់ថា មនុស្ស​យើងម្នាក់ៗមាន​ជំនាញខុសៗគ្នា ហើយ​យើងម្នាក់ៗមិនអាច​ចេះ​គ្រប់យ៉ាង​នោះទេ ហេតុនេះ​កិច្ចការ​មួយចំនួន​ដែល​យើង​មិនអាច​ធ្វើបាន យើងអាច​ស្វែងរក​ជំនួយ​ពី​អ្នកដទៃ​ដែលមាន​ជំនាញ​ច្បាស់លាស់​មកជួយ ហេតុនេះ​ទំនាក់ទំនង​ល្អ​នៅក្នុង​ក្រុម​គឺជា​រឿង​សំខាន់។ ម្យ៉ាងវិញទៀត ការដោះស្រាយ​បញ្ហា​ក្នុង​ការធ្វើការងារ​រួមជាមួយ​គ្នា​ក៏​ជា​រឿង​មួយ​មិនអាច​ខ្វះ​បាន​ផងដែរ ព្រោះ​ធ្វើការ​ជា​ក្រុម​តែងតែមាន​បញ្ហា​មិនអាច​ចៀសផុត​បានទេ ដោយសារ​មនុស្សម្នាក់ៗមានគំនិតខុសៗគ្នា។

    លោក កឹម អឿន បាន​និយាយថា៖ “វិធីសាស្ត្រ​សំខាន់​ដែល​ធ្វើឱ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​បានល្អ​សម្រាប់​ខ្លួនឯង និង​ក្រុមការងារ​គឺ ការឆ្លើយតប​ដោយ​វិជ្ជមាន (proactive)។ ជាទូទៅ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន យើង​អាច​បញ្ចេញ​ប្រតិកម្ម​តប​ខ្លាំងភ្លាមៗនៅពេលដែល​យើង​ជួប​រឿង​មិនល្អ ឬ​មាន​អ្នកណាម្នាក់​ប៉ះពាល់​ដល់​យើង តែ​ប្រសិនបើ​យើង​មាន​ទម្លាប់ proactive យើង​នឹង​អាច​ទុកពេល​សម្រាប់​ខ្លួនឯង​ដើម្បី​គិត​ឱ្យ​ទូលាយ​ហើយ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​វិជ្ជមាន ដែល​វា​ក៏​អាច​ជំរុញឱ្យមាន​លទ្ធផល​វិជ្ជមាន​ដែរ។

    លោក កឹម អឿន បានលើកឡើង​ផងដែរ​ថា ក្រៅពីនេះ ការបើក​ចិត្ត​ឱ្យ​ទូលាយ ការធ្វើការងារ​ប្រកបដោយ​ភាពច្បាស់លាស់ និង​យកចិត្តទុកដាក់​ចំពោះ​គ្នា អាចជា​គន្លឹះ​មួយ​ក្នុងការ​ធ្វើឱ្យ​ក្រុមការងារទាំងមូល​មាន​ស្មារតី​ប្រកបដោយ​សាមគ្គីភាព។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល Asia Leading Academy បាន​លើកឡើងថា បញ្ហា​ជាច្រើន​ដែល​អ្នកធ្វើការងារ​ជា​ក្រុម​ជួបប្រទះ គឺ​ការ​មានគំនិត​ខុសគ្នា និង​ការមិនយល់ច្បាស់​ពី​តួនាទី​របស់​សមាជិក​ក្រុម។ ជាធម្មតា​យើង​គិតថា មនុស្ស​ដែលមាន​គំនិត​ខុសគ្នា​ប្រហែលជា​មិនអាច​ធ្វើការ​ងារ​ជា​ក្រុម​ជាមួយគ្នា​បានទេ តែ​មនុស្ស​ដែលមាន​គំនិត​ស្រដៀង​គ្នា ក៏មាន​ចំណុច​ជំទាស់​គ្នា​បានដែរ នៅពេល​ជួប​ឧបសគ្គ។ ហេតុនេះ​ការប្រជុំ​ដោះស្រាយ​បញ្ហា និង​ទទួលយក​គំនិត​យោបល់​ពីគ្នា​ដើម្បី​ពិចារណា គឺជា​ចំណុច​ល្អ​មួយ​ដែល​ធ្វើឱ្យ​ក្រុម​ទាំងមូល​មាន​ស្មារតី​រឹងមាំ ហើយ​ការដោះស្រាយ​បញ្ហា​ក៏​អាចធ្វើ​ទៅបាន​ល្អ​ដែរ ព្រោះ​បើ​យើង​មិន​ផ្តល់ឱកាស​ឱ្យ​បុគ្គល​គ្រប់គ្នា​ក្លាយជា​ជន​សំខាន់​ក្នុង​ដំណោះស្រាយ​ទេនោះ ពួកគេ​នឹងធ្វើ​អ្វី​ដោយ​ឯកជន ហើយ​វា​អាច​នឹង​ធ្វើឱ្យ​ស្មារតី​ក្រុម​ចុះ​ទន់ខ្សោយ។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “ការពន្យល់​ពី​តួនាទី​ឱ្យបាន​ច្បាស់​ប្រាប់​សមាជិកម្នាក់ៗនៅក្នុង​ក្រុម ជា​ចំណុចខ្លាំង​មួយ​ដែល​អាចធ្វើឱ្យ​ក្រុម​រឹងមាំ ហើយ​យើង​ក៏​អាចធ្វើ​ការងារ​ជាមួយគ្នា​ដោយ​ងាយស្រួល​ដែរ។

    គ្រូ​បណ្តុះបណ្តាល និង​ជា​ស្ថាបនិក​ស្ថាប័ន​អប់រំ​រូបនេះ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​សមាជិក​នៃ​ក្រុមម្នាក់ៗយល់ច្បាស់​ពី​ការចូលរួម និង​គោលដៅ​សំខាន់​របស់​ក្រុម​ហើយ ពួកគេ​នឹងអាច​បើក​ចិត្ត​ទូលាយ​ហើយ​គិតថា​កិច្ចការងារ​ទាំងនោះ​ជា​របស់​ទាំងអស់គ្នា មិនមែន​បំពេញ​តែ​កិច្ចការងារ​របស់ខ្លួន​ចប់​ហើយ ក៏​លែង​រវល់​នោះទេ។ ម្យ៉ាងវិញទៀត ដើម្បី​ជំរុញឱ្យមាន​ភាពជា​អ្នកដឹកនាំ​កាន់តែខ្លាំង​ដល់​សមាជិក​ក្រុម​ទាំងអស់ យើង​អាច​ផ្តល់ឱកាស​ឱ្យ​សមាជិកម្នាក់ៗកាន់តែ​ច្រើនឡើង ហើយ​ព្យាយាម​លើកទឹកចិត្ត និង​បង្កើន​ភាព​រីករាយ​ឱ្យ​កាន់តែច្រើន​នៅពេលដែល​ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការងារ ព្រោះ​ការលើកទឹកចិត្ត​នេះ​ជា​ការជំរុញឱ្យ​ស្មារតី​ក្រុម​ទាំងមូល​រក្សាបាន​នូវ​ភាព​វិជ្ជមាន​យូរអង្វែង ហើយក៏​ជាការ​បង្កើនល្បឿន​នៃ​ការងារ​បានល្អ​ជាង​ការស្តីបន្ទោស​ដែរ។

    យុវនារី​មួយរូប​ដែលជា​អ្នកដឹកនាំ​ក្រុម​តស៊ូ​មតិ​កញ្ញា ឆាយ ឈី​ង​ស្រ៊ា​ន បាន​លើកឡើងថា ការធ្វើការងារ​ជា​ក្រុម​អាចធ្វើឱ្យ​យើង​យល់​ច្រើនណាស់​ពី​ភាពជា​អ្នកដឹកនាំ និង​ធ្វើឱ្យ​យើង​មាន​ភាពចាស់ទុំ​ជាង​មុន។ តែ​ការងារ​នេះ​មិន​ស្រួល​ប៉ុន្មាន​នោះទេ ព្រោះថា ការធ្វើការងារ​ជាមួយ​មនុស្ស​ច្រើន​ដែលមាន​កម្រិត​នៃ​ការយល់ដឹង និង​សកម្ម​ខុសគ្នា ជា​បញ្ហា​មួយ​ដែល​តែងតែ​ធ្វើឱ្យ​ក្រុម​ទាំងមូល​ឈឺក្បាល។ សមាជិក​ក្រុមការងារ​ខ្លះ ធ្វើ​តែ​អ្នក​ដែល​សកម្មដដែលៗ ហើយ​អ្នក​ដែល​មិន​សកម្ម នៅតែ​ខ្ជិល ឬ​នៅតែ​មិន​ជួយ ដែល​ពេលខ្លះ​ធ្វើឱ្យ​អ្នក​ដែល​ខិតខំ​មាន​ការបាក់​ទឹកចិត្ត ឬ​បែកបាក់​ក្រុម​ទៅវិញ​ក៏មាន។ តែ​ទោះជា​យ៉ាងនេះ​ក្តី វា​មាន​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ ហើយ​វា​ក៏​មិន​លំបាក​រហូតដល់​អនុវត្ត​មិនកើត​នោះដែរ។

    កញ្ញា ឆាយ ឈី​ង​ស្រ៊ា​ន បាន​និយាយថា៖ “ដើម្បីឱ្យ​ក្រុមការងារ​មាន​តុល្យភាព យើង​ចាំបាច់​ត្រូវបង្កើត​លក្ខខណ្ឌ និង​និយាយ​គ្នា​ឱ្យបាន​ច្បាស់លាស់​ពី​លក្ខខណ្ឌ​ដោយ​ហ្មត់ចត់ ហើយ​គ្រប់គ្នា​ត្រូវតែ​អនុវត្ត ឱ្យបាន​ហ្មត់ចត់​ដោយ​ស្មារតី​ទទួលខុសត្រូវ។

    កញ្ញា ឈី​ង​ស្រ៊ា​ន បានបញ្ជាក់​ផងដែរ​ថា ពេលខ្លះ​មុននឹង​សម្រេចចិត្ត​ធ្វើការ​តាម​លក្ខខណ្ឌ​យ៉ាង​ម៉ឹងម៉ាត់ យើង​ក៏ត្រូវ​យល់​ពី​បញ្ហា និង​ឧបសគ្គ​សម្រាប់​បុគ្គល​ដែល​យើង​មើលឃើញថា​មិនសូវ​សកម្ម​នោះដែរ ព្រោះថា ពេលខ្លះ នៅពេលដែល​យើង​សម្រេចចិត្ត​ខុស យើង​នឹង​អាច​បាត់បង់​សមាជិក​ល្អ តែបើ​យើង​ដឹង​ហេតុផល​ច្បាស់លាស់ យើង​នឹង​អាចធ្វើឱ្យ​ក្រុម​ទាំងមូល​មាន​ភាព​រីករាយ ហើយ​មាន​ភាពរឹងមាំ​កាន់តែខ្លាំង​ឡើង។ នៅពេលដែល​យើង​គិតគូរ​ពី​សុខទុក្ខ​របស់​សមាជិកម្នាក់ៗ បានល្អ​យើង​នឹង​ឃើញថា បុគ្គល​ដទៃ​ក៏​នឹង​ខិតខំ​កាន់តែខ្លាំង​ឡើង ព្រោះ​យើង​មាន​ស្មារតី​ល្អ​មួយ​គឺ ជួយ​គ្នា​គ្រប់​កាលៈទេសៈ រហូត​សម្រេច​គោលដៅ​រួមមួយ៕

  • លោក Zidane ៖ Real ពោរ​ពេញ​ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​លើកពាន Champions League

    លោក Zidane ៖ Real ពោរ​ពេញ​ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​លើកពាន Champions League

    លោក Zinedine Zidane បាន​ប្រាប់ទៅក្រុម Liverpool ថា ក្រុម Real Madrid របស់​លោក​មាន​ការ​ស្រេក​ឃ្លាន​ខ្លាំងជាង ​ក្នុង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​ធ្លាប់បាន​​ពាន​នេះ​ 3​លើក​ក្នុង​រយៈពេល​ 4​​ឆ្នាំរួចមកហើយ​ក្ដី។​

    ក្រុម Real នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ដើម្បីឈ្នះ​ពាន​ក្នុង​យុទ្ធ​នា​ការ​កំពូល​អឺ​រ៉ុប​​ 3លើក​ជាប់​ៗ​គ្នា​នា​ថ្ងៃសៅរ៍នេះ ស្រប​ពេល​ដែល​ក្រុម Liverpool បាន​ឈាន​មកដល់វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​1 បើ​​គិត​ចាប់​តាំងពីឆ្នាំ​2007។ លោក Zidane បាន​ឱ្យ​​ដឹងថា៖ «មិន​មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​ឡើយ​។ ខ្ញុំ​មិន​អាច​​ថា​ឱ្យ​គូ​ប្រជែងរបស់​យើង​បានឡើយ ប៉ុន្តែ យើង​ចង់​សង្កត់​ធ្ងន់​ថា យើង​នឹង​​តែង​តែ​មាន​​​ការ​លើក​​ទឹក​ចិត្ត​ដូច​គ្នា តែង​តែ​ដូច​គ្នា​ជា​និច្ច​។ គ្មាន​នរ​ណា​ម្នាក់​អាច​ប្រាប់​យើង​ថា យើង​មាន​ការ​ស្រេក​ឃ្លាន​តិច​ជាង​នោះឡើយ​»​។ គ្រូបង្វឹក​សញ្ជាតិ​បារាំង​​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «យើង​​គឺ​ជាក្រុម Real Madrid ហើយ​បើ​ទោះ​បី​ជាយើង​​បាន​ឈ្នះ​រួច​ហើយ​ក៏ដោយ ប៉ុន្តែ យើង​តែង​តែ​ចង់​ឈ្នះ​បន្ថែម​ទៀត ហើយ​យើង​នឹង​​ប្រឹង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើ​ឱ្យ​បានល្អ​ប្រសើរ​»​។

    បទ​ពិសោធ​របស់​ក្រុម Real ក្នុង​ក្រប​ខ័ណ្ឌ Champions League ពិត​ជាច្រើនជាង ​បើ​​ធៀប​ទៅនឹង​ក្រុម Liverpool ដែល​មិន​មាន​​កីឡាករ​សូម្បី​តែ​ម្នាក់​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​​នេះ​​​កាល​ពី​មុន​​។ លោក Zidane ក៏​មាន​​សមិទ្ធ​ផល​ផ្ទាល់​ខ្លួន​របស់​លោក​ផងដែរ ក្រោយពី​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ​អឺរ៉ុប​មួយ​នេះ​ 3លើក​ក្នុង​នាម​ជា​​កីឡាករ និង​គ្រូបង្វឹក​៕

    ប្រភព​ពី៖ Sport24

  • ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម ៖ «ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម»

    ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម ៖ «ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម»

    ភ្ញាក់អារម្មណ៍យ៉ាងខ្លាំង នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារក្តៅស្លឹកត្រចៀកយ៉ាងវែងអន្លាយមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថាឱ្យបុគ្គលដែលចង់ល្បីឈ្មោះមួយចំនួន ដែលអ្នកនាងបានសង្កត់ធ្ងន់ថា ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម ដើម្បីឱ្យមានគេស្គាល់ច្រើន។ ចង់ដឹងថាសាច់រឿងយ៉ាងណានោះ សូមអានសាររបស់អ្នកនាងខាងក្រោមនេះ៖

    អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «នាងខ្ញុំសុំនិយាយរឿងមួយ ចំពោះអ្នកចង់ល្បីដោយសារការបង្កើតរឿងឱ្យខ្លួនឯងល្បីក្នុងបណ្ដាញសង្គមទាំងឡាយ។ បើបងប្អូនចង់ល្បីឈ្មោះ ដើម្បីឱ្យគេស្គាល់កាន់តែច្រើន សូមមេត្តាកុំបង្កើតរឿងដាក់ខ្ញុំ ដោយខ្ញុំមិនដឹងអ្វីទាំងអស់ និងមិនដែលពាក់ព័ន្ធគ្នាសោះអី ព្រោះកន្លងមកខ្ញុំឮពាក្យខ្សឹបខ្សៀវរវាងអ្នកសិល្បៈ និងមិត្តសិល្បៈមួយចំនួននិយាយតៗគ្នាថា បើចង់ល្បីឈ្មោះខ្លាំង ឬចង់ឱ្យគេស្គាល់ផេករបស់ខ្លួន និង Acc របស់ខ្លួនកាន់តែច្រើន គឺត្រូវបង្កើតរឿង និងឈ្លោះជាមួយបងចនច័ន្ទទៅ គឺច្បាស់ជាល្បីហើយ ហើយក៏មានឮដំណឹងថា មានអ្នកខ្លះមុនទៅសម្តែងនៅក្រៅប្រទេស ដើម្បីចង់ឱ្យគេចាប់អារម្មណ៍ច្រើន គឺបង្កើតសាច់រឿងឱ្យមានព័ត៌មាន តាមបែបប្រឌិតផ្សេងៗដាក់ខ្ញុំ ហើយដើរតួជាជនរងគ្រោះ ខ្ញុំជាមារ តែខ្ញុំមិនដែលជឿអ្នកនិយាយទាំងនោះទេ រហូតដល់ពេលអស់ពីម្នាក់ចូលម្នាក់ ខ្ញុំហាក់មានអារម្មណ៍ គិត និងពិចារណា»។

    អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តថា «បើនិយាយឱ្យចំ រឿងរ៉ាវកន្លងមក ខ្ញុំមិនដែលទៅបង្កបញ្ហាដាក់អ្នកណាមុនទេ ឆែកមើលដោយគតិទៅបងប្អូននឹងយល់ តែខ្ញុំសុខចិត្តធ្វើជាជនអាក្រក់ ឃោរឃៅទាំងខ្លួនខ្ញុំ តែងតែជួយអ្នកទាំងនោះ តាមរូបភាពស្ងប់ស្ងាត់ ព្រោះតែពាក្យថា ប្រធានសមាគមជាម៉ែជាឪ។ សូមមេត្តាកុំបង្កើតរឿងដោយប្រយោលឱ្យគេយល់ច្រឡំមកលើខ្ញុំ ដោយខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងសាច់រឿងរបស់អ្នក ខ្ញុំមិនមែនជាជនល្បីឈ្មោះខ្លាំងអស្ចារ្យអីទេ ហើយកុំយកតួនាទីប្រធានសមាគមរបស់ខ្ញុំ ទៅលេងសើច។ ពីដើមមកខ្ញុំមិនដែលយកតួនាទីរបស់ខ្ញុំទៅប្រើលើអ្នកណាឡើយ ក្រៅពីប្រមូលអ្នកសិល្បៈឱ្យជួបជុំគ្នា ធ្វើការងារសង្គម និងមនុស្សធម៌ តែបើខ្ញុំយកតួនាទីរបស់ខ្ញុំទៅប្រើ គឺអ្នកដែលមានសកម្មភាពមិនល្អទាំងនោះនឹងមានការកោះព្រមាន តែអ្វីដែលខ្ញុំតែងធ្វើ គឺការសម្របសម្រួល ទោះអ្នកនោះធ្លាប់វាយប្រហារខ្ញុំក៏ដោយ»។

    អ្នកនាង សរសេរទៀតថា «បើម្នាក់ៗមានសមត្ថភាពបង្កើតសាច់រឿងផ្សេងៗឱ្យខ្លួនល្បីឈ្មោះហើយ សូមបន្តការប្រឌិតរឿងទាំងនោះទៀតចុះ ខ្ញុំយល់ថា ទីផ្សារសិល្បៈគឺចង្អៀត ឱ្យតែបានល្បី អ្វីក៏ធ្វើបានដែរ តែកុំយកខ្ញុំទៅប្រឡូកប្រឡាក់ ខ្ញុំអត់ដឹងរឿងអ្វីទេ ពេលនេះខ្ញុំគិតតែរឿងរកស៊ីទេ សិល្បៈខ្ញុំក៏ដកខ្លួនខ្លះហើយ។ ពេលមានបញ្ហា គឺរត់រកប្រធានសមាគមជួយ ពេលចង់ល្បី សូមកុំយកប្រធានសមាគម ទៅប្រឌិតសាច់រឿងឱ្យគេស្អប់ ព្រោះពេលជួយគ្នាយើងម្តងៗ ខ្ញុំប៉ះពាល់ជាមួយកូនអ្នកមានអំណាចច្រើនហើយ អ្នកសាង និងអ្នករួចខ្លួនគឺពួកយើង តែអ្នកត្រូវគេស្អប់គឺខ្ញុំ ដូច្នេះអ្នកណាធ្វើអ្វី ដើម្បីឱ្យខ្លួនល្បីតាមរយៈការកុហកទស្សនិកជន និងមហាជនបាន គឺធ្វើតាមទម្លាប់ចាស់ទៅ ខ្ញុំមិនពាក់ព័ន្ធទេ»។

    អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «សូមកុំទម្លាក់រឿងឱ្យខ្ញុំជាតួចិត្តអាក្រក់ តួឈ្នានីស ឯខ្លួនឯងជាតួឯក ទាំងតួឈ្នានីសដែលអ្នកផងដាក់រហស្សនាម មិនបានសម្តែងជាមួយ ហើយអូសខ្ញុំទៅសម្តែង ព្រោះតាំងពីដើមមក អ្នកស្គាល់ខ្ញុំច្បាស់ គឺគេដឹងថា ខ្ញុំរវល់យ៉ាងណា ទាំងការងារសិល្បៈ ទាំងការងាររកស៊ី ទោះមុខរបរកំប៉ិកកំប៉ុកក៏ដោយ ហើយខ្ញុំមិនដែលពឹងផ្អែក លើមុខរបរសិល្បៈមួយមុខនោះទេ ដូច្នេះខ្ញុំមិនចាំបាច់ខំបង្កើតរឿងកុហក ទស្សនិកជនឡើយ ដូច្នេះសូមកុំឱ្យខ្ញុំដឹងថា មានរឿងលើខ្ញុំទៀត ខ្ញុំមិនអាចចេះតែមានចិត្តអំណត់ឱ្យគេបង្កើតរឿងអាស្រូវម្តងហើយម្តងទៀតដាក់ខ្ញុំបានទៀតដែរ តែបើរឿងពិត ធ្វើចុះ ខ្ញុំគាំទ្រ។ សូមអរគុណ!»៕

  • បាយដំណើប ស្វាយទុំធម្មជាតិ ពីភោជនីយដ្ឋាន Needa

    បាយដំណើប ស្វាយទុំធម្មជាតិ ពីភោជនីយដ្ឋាន Needa

    បាយដំណើប ស្វាយទុំ ជាប្រភេទអាហារបែបខ្មែរ ដែលជាទូទៅគេតែងឃើញមានការនិយមទទួលទានជាខ្លាំងពីសំណាក់ប្រជាជនខ្មែរ ជាពិសេស​នៅតាមបណ្តាទីជនបទជាដើម។ ដោយឡែកពេលនេះ បាយដំណើប ស្វាយទុំ ត្រូវបានក្លាយជាមុខម្ហូបដ៏ទាក់ទាញនៅក្នុងភោជនីយដ្ឋាន Needa ខណៈដែលអ្នកទទួលទានក៏បានសម្ដែងពីការគាំទ្រយ៉ាងលើសលប់ផងដែរ។ ចង់ដឹងទេថា បាយដំណើប ស្វាយទុំ នៅភោជនីយដ្ឋាន ដែលមានបម្រើជូននូវមុខម្ហូបបែបខ្មែរ-ថៃ កំពុងល្បីឈ្មោះមួយនេះមានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងណានោះ សូមចូលរួមទាំងអស់គ្នា។

    គ្រឿងផ្សំ
    • ស្វាយទុំ
    • ខ្ទិះដូង
    • សណ្តែកបាយលីង
    • បាយដំណើប
    • ស្ករស
    • ម្សៅខ្សាយ

    វិធីចម្អិន
    ចំពោះមុខម្ហូបមួយនេះហាក់មិនមានភាពលំបាកក្នុងការចម្អិននោះឡើយ ដោយដំបូងគ្រាន់តែយកសណ្ដែកបាយប្រមាណ1ស្លាបព្រាបាយទៅលីងឱ្យឆ្អិនល្អទុកមួយអន្លើ។ ជ្រើសរើសយកផ្លែស្វាយទុំ ដែលមានសាច់ល្អក្លិនក្រអូបឈ្ងុយមកចិតសម្បកចេញ ហើយឆ្លាក់ដូចក្នុងរូបភាព តម្រៀបដាក់នៅលើចាន រួចចម្អិនបាយដំណើបជាមួយខ្ទិះដូងឱ្យឆ្អិន។ បន្ទាប់មកយកខ្ទិះដូង និងម្សៅខ្សាយ ដោយរោយអំបិល ស្ករសបន្តិច កូររម្ងាស់ឱ្យឆ្អិនល្អ រួចលើកចេញពីភ្លើង ហើយដួសដាក់ចាន និងយកមកដាក់រួមជាមួយដើម្បីទទួលទានជាការស្រេច៕

  • ការ​ព្យាករ៖ កំណើនសេដ្ឋកិច្ច​នៅ​ថេរ 7% ថ្វីបើ​ការចំណាយ​ថវិការដ្ឋ​មាន​ទំហំ​ធំ

    ការ​ព្យាករ៖ កំណើនសេដ្ឋកិច្ច​នៅ​ថេរ 7% ថ្វីបើ​ការចំណាយ​ថវិការដ្ឋ​មាន​ទំហំ​ធំ

    រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​នូវ​មោទនភាព​របស់ខ្លួន​អំពី​ការអនុវត្ត​ជាក់ស្តែង​នៃ​ថវិកាជាតិ​ដែលមាន​ភាពល្អ​ប្រសើរឡើង​ដោយសារ​លំហូរ​ថវិកា​ចំណូល និង​ចំណាយ​កាន់​តែមាន​ភាពរលូន ជំរុញ​ការទូទាត់​សាច់ប្រាក់​បាន​ទាន់ពេលវេលា កាត់បន្ថយ​ការកកស្ទះ​បាន​ទាំងស្រុង​នូវ​បំណុល​ដ៏​រ៉ាំរ៉ៃ ព្រមទាំង​ដាក់ឱ្យអនុវត្ត​នូវ​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​ទៀតផង។

    តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ 2018នេះ​នឹង​អាច​បន្ត​សម្រេចបាន​ក្នុង​រង្វង់ 7% ដែល​ផលិតផល​ក្នុងស្រុក​បច្ចុប្បន្ន​នឹង​កើនឡើង​ដល់ 99,116 ប៊ី​លាន​រៀល ស្មើនឹង24.6ប៊ី​លាន​ដុល្លារ​អាមេរិក។ កំណើន​នេះ​ទ្រទ្រង់​ដោយ​វិស័យ​ឧ​ស្សហកម្ម​ប្រមាណ8.6% វិស័យ​សេវាកម្ម7.6% និង​វិស័យ​កសិកម្ម​ប្រមាណ2%។ ចំណែក​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​វិញ ត្រូវបាន​ប៉ាន់ស្មាន​ក្នុង​អត្រា3.5%ដោយសារ​ការ​ងើប​ឡើងវិញ​ជាបណ្តើរៗនៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​កសិផល​មួយចំនួន។ រីឯ​អត្រា​ប្តូរ​ប្រាក់រៀល​ត្រូវបាន​រក្សា​ក្នុង​ស្ថិរភាព​អាច​គ្រប់គ្រង​បាន ដោយ​ស្ថិតក្នុង​រង្វង់4,037រៀល​ក្នុង 1ដុល្លារ​អាមេរិក។ អត្រា​នៃ​ភាពក្រីក្រ​បាន​ថយចុះ​ពី 53.5% ក្នុង​ឆ្នាំ2004 មក​នៅត្រឹម 13.5% ក្នុង​ឆ្នាំ2014 និង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត។

    លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​

    លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​នៅក្នុង​បទ​សម្ភាស​មួយ​ថា ខ្ញុំ​គិតថា យើង​ពិបាក​នឹង​ឆ្លុះបញ្ចាំង​ស្ថានភាព​ហ្នឹង​ថាឱ្យ​វា​ប្រាកដ​កម្រិតណា​បានឡើយ។ “ខ្ញុំ​ពិបាក​ធានា និង​មានការ​ពិបាក​ក្នុងការ​ផ្ទៀងផ្ទាត់​មែនទែន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ពីព្រោះ​ប្រទេស​កម្ពុជា​ខ្ញុំ​មានការ​កត់សម្គាល់​មួយ​គឺ នៅ​ស្រុក​ខ្មែរ​យើង​គាត់​មាន​ទម្លាប់​អួត​ច្រើន ជួនកាល​គាត់​ខ្ចីលុយ​គេ​ជំពាក់​លុយ​គេ តែ​គាត់​ទិញ​របស់ល្អៗច្រើន​ទៅប្រើ គាត់​ធ្វើ​ផ្ទះ​ធំ​ដើម្បី​បង្ហាញថា​គាត់​មាន​លុយ​ច្រើន​ប៉ុន្តែ​ជំពាក់​គេ​ទេ តែ​គាត់​ចំណាយ​សម្បើម ប្រៀប​ដូចទូងៗដូច​ស្គរ តែ​ប្រហោង​ក្នុង។

    លោក​បាន​បន្ថែមថា៖ “អ៊ីចឹងទៅ ខ្ញុំ​ពិបាក​នឹង​ពន្យល់ថា តើ​កំណើនសេដ្ឋកិច្ច​ហ្នឹង​វា​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​ការពិត​បានដែរ​ឬក៏​អត់​ទេ? គឺ​វា​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ថែមទៀត​នៅក្នុង​ចំណុច​នេះ ទើប​យើង​អាច​រកឃើញ​ការពិត។ តែ​លោក​បាន​មើលឃើញថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​តម្លាភាព​ជាង​មុន ដោយបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើនជាង​មុន ទាក់ទង​នឹង​ព័ត៌មាន​ថវិកា​នៅក្នុង​វេ​ប​សាយ​របស់​ក្រសួង។ តែ​លោក​ចង់ឱ្យមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​ក្នុង​ការយល់ដឹង​ពី​ការពិភាក្សា​លើ​ការចាយវាយ​ថវិកា​របស់​រដ្ឋ​ឱ្យបាន​ច្រើនជាង​មុន។

    បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទំហំ​ចំណូល​នៃ​ចរន្ត​ថវិការដ្ឋ​បាន​កើនឡើង 2ដង គឺ​ពី 2,264លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2013 ដល់4,080លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។ ការសម្រេចបាន​នូវ​ចំណូល​ដ៏​ខ្ពស់​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល 20ឆ្នាំ​ចុង​ក្រោយនេះ បាន​នាំ​កម្ពុជា​ដែល​ធ្លាប់​តែមាន​ចំណូល​ថវិកាជាតិ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ទាប​ជាងគេ​ក្នុង​តំបន់​ឱ្យ​ឡើងដល់​កម្រិត​កណ្តាល​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​នេះ​ផងដែរ។

    កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រព័ន្ធ​វាយតម្លៃ​អន្តរជាតិ រួមមាន​ក្របខ័ណ្ឌ​ចំណាយ​សាធារណៈ និង​គណនេយ្យភាព​ហិរញ្ញវត្ថុ​ដែល​ហៅ​កាត់​ថា ភី​ហ្វា(PEFA)។ ជារួម ចំណូល​សរុប​ថវិកាជាតិ​ត្រូវបាន​ព្យាករ​កើន​ដល់​ប្រមាណ23,383ប៊ី​លាន​រៀល​សមមូល  5.8%ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង23.59% ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ដែលមាន​កំណើន 10.6% ធៀប​នឹង​ឆ្នាំ2017។ ប៉ុន្តែ​ជាមួយនឹង​កំណើន​នៃ​ចំណូល​របស់​រដ្ឋ គេ​ក៏បាន​សង្កេតឃើញថា​ចំណាយ​ថវិកាជាតិ​សរុប​របស់​រដ្ឋាភិបាល​ក៏មាន​ការកើនឡើង​ដែរ។

    សម្រាប់​ឆ្នាំ2018 គ្រោង​ចំណាយ24,375ប៊ី-លាន​រៀល ស្មើនឹង24.59%នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​មាន​កំណើន15.2% ធៀប​នឹង​ឆ្នាំ2017។ ពោលគឺ ចំណាយ​សរុប​ថវិកាជាតិ​នេះ​ត្រូវបាន​បង្កើន​ជិត 2ដង គឺ​ប្រមាណ3.35ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2013 រហូតដល់​ប្រមាណ 6ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។

    រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចំណូល​ថវិការដ្ឋ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ពីរដង​ក្នុង​រយៈពេល 5ឆ្នាំ​ចុងក្រោយ ពោលគឺ​ពី 2.2ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ 2013 ដល់4.5ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ដែល​ការកើនឡើង​នៃ​ទំហំ​ចំណូល​នេះ​បានផ្ដល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​បង្កើន​ចំណាយ​យ៉ាងច្រើន​ទៅលើ​ការលើកកម្ពស់​គុណភាព និង​ការពង្រីកវិសាលភាព​នៃ​សាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​តាមរយៈ​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើឱ្យ​ការផ្ដល់សេវា​សាធារណៈកា​ន់​តែមាន​ភាពប្រសើរឡើង និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់។

    ឯកឧត្តម​ថ្លែងថា៖ ក្នុងអំឡុង 5ឆ្នាំ​ចុង​ក្រោយនេះ​ចំណាយ​សរុប​ថវិការដ្ឋ​ត្រូវបាន​បង្កើន​ជិត​ពីរដង ក្នុងនោះ​ចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង ចំណាយ​សរុប​របស់​ក្រសួងសុខាភិបាល​ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ ចំណាយ​សរុប​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ក៏ត្រូវ​បាន​បង្កើន​ជិត​បី​ដង វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវបាន​គ្រោង​ថវិកា​ចំនួន 3,894ប៊ី​លាន​រៀល ស្មើនឹង3,93%នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​មាន​កំណើន​ស្មើនឹង16,7% ធៀប​នឹង​ឆ្នាំ2017។ ហើយ​ចំណាយ​វិនិយោគ​ផ្ទាល់​ដោយ​ហិរញ្ញប្បទាន​ក្នុងប្រទេស​ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បញ្ជាក់ថាៈ តាមពិត​គេ​ធ្វើការ​ចំណាយ​ដោយ​ផ្អែកទៅលើ​តម្រូវការ​ចាំបាច់ កាលណា​ចំណូល​គេ​រក​បានមក គេ​នឹង​ចំណាយ​ទៅតាម​ហ្នឹង។ ចំណូល​ពន្ធ​ដែល​រដ្ឋ​ប្រមូលបាន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ចំណែក​ការដែល​មានតម្លៃ 7% មកពី​ការដែល​គេ​បូក​ទាំង​វិស័យ​រដ្ឋ និង​ឯកជន។ ដូច្នេះ​គេ​បែងចែក​ថវិកា​ទៅតាម​វិស័យ​អាទិភាព​មិនមែន​ទាំងអស់​ទេ។

    ឧទាហរណ៍​បើ​គេ​ផ្តោតទៅលើ​វិស័យ​កសិកម្ម គេ​នឹង​បង្កើន​ក្រសួង​ហ្នឹង។ បើ​គេ​ត្រូវការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ គេ​បង្កើន​ថវិកា​ក្រសួងការពារជាតិ ឬ​ក្រសួងមហាផ្ទៃ។ ប្រសិនបើ​គេ​ឃើញ​ថវិកា​កើន​នៅ​ក្រសួង​ណាមួយ ក្រសួង​នោះ​ពិតជា​មាន​តម្រូវការ​ខុសប្លែក​ពីឆ្នាំមុនៗហើយ។

    លោក​បណ្ឌិត​បាន​បន្តទៀត​ថា ដូច្នេះ​គេ​បែងចែក​ទៅតាម​តម្រូវការ​នៃ​ឆ្នាំនីមួយៗ ឬ​ទៅតាម​ផែនការ​វិនិយោគ​ជា​សាធារណៈ។ ចំណែក​ថវិកា​ដែល​យកមក​បែងចែក​វិញ​នោះ ខ្លះ​បានមកពី​ការប្រមូល​ពន្ធ​ជា​ថវិកាជាតិ និង​ខ្លះ​បានមកពី​ជំនួយ។

    ចំពោះ​រឿង​ថវិកា គេ​មិនមែន​មើល​តែ​ក្រសួង2 ឬ3ដែលមាន​កំណើន​នោះទេ គេ​ត្រូវ​មើល​ជា​សរុប ព្រោះ​យើង​មាន​ប្រភព​ចំណាយ​ខ្លះ​យក​មកពី​ទុនបម្រុង​ដើម្បី​បង្គ្រប់​ការចំណាយ​នោះ។ ប៉ុន្តែ​លោក ព្រាប កុល បាន​យល់​ដូច្នេះ​ថា បញ្ហា​នេះ​ត្រូវធ្វើ​ការត្រួតពិនិត្យ​ការចាយវាយ​ក្រសួង​របស់​រដ្ឋ​ឱ្យ​ប្រាកដថា​គាត់​បានផ្តល់​របាយការណ៍​ទាន់ពេល​ផ្សព្វផ្សាយ​របាយការណ៍​ចាយវាយ​ក្រសួង​របស់គាត់​ដែល​ការចាយ​នោះ​ឱ្យ​ត្រូវ​តាម​ផែនការ ព្រោះ​កន្លងមក​មានការ​ខ្វះខាត​មួយ​គឺ​ក្រសួង​ភាគច្រើន​ចាយលុយ​នៅពេល​ដាច់​ឆ្នាំ គឺ​ក្នុង​ត្រីមាស​ចុងក្រោយ​ធ្វើឱ្យមាន​លំហូរ​នៃ​ការចាយ​មិនមាន​តុល្យភាព។ កាលណា​យើង​ចាយ​គំហុក​ខ្លាំង វា​អាចមាន​ហានិភ័យ​ក្នុងការ​ដេញថ្លៃ​ការគ្រប់គ្រង ការត្រួតពិនិត្យ។ ដូច្នេះ​យើង​គួរ​មាន​វិធានការ​ធ្វើ​ម៉េច​កុំឱ្យ​គាត់​ចាយ​បែប​គំហុក ត្រូវ​ចាយ​ទៅតាម​ផែនការ តាម​នីតិវិធី​ហើយ​ផ្សព្វផ្សាយ​របាយការណ៍​ស​វន​កម្ម​ឱ្យបាន​ទៀងទាត់​ផងដែរ៕

  • ខ្លឹម ស្រីគា ពញ្ញាក់អារម្មណ៍ទស្សនិកជនក្នុងឈុតថើបបឺតមាត់គ្នាជាមួយតួប្រុស

    ខ្លឹម ស្រីគា ពញ្ញាក់អារម្មណ៍ទស្សនិកជនក្នុងឈុតថើបបឺតមាត់គ្នាជាមួយតួប្រុស

    ធ្លាប់តែ​ដើរ​បង្ហាញ​រាង​នៅ​លើ​វេទិកា​ប្រឡង​បវរកញ្ញា​ធ្វើ​ឱ្យ​មហាជន​ទូ​ទាំង​ប្រទេស​ចាប់អារម្មណ៍​កន្លង​មក ពេល​នេះ​កញ្ញា​ខ្លឹម ស្រី​គា បានក្លាយជា​តួឯក​ក្នុង​រឿង​ភាគមួយ​រួម​ជា​មួ​យ​លោក ​ទ្រី តារា​វុ​ធ។ គេ​មិន​នឹក​ស្មានថា ទាំង​កញ្ញា​ខ្លឹម ស្រី​គា និង​លោក ​ទ្រី តារា​វុ​ធ ងាក​មក​បង្កើត​ឈុត​ឆាក​សម្តែង​ជាមួយ​គ្នាបែបនេះ​ឡើយ  និងមិនដឹង​ថា តើ​មាន​ភាព​ប្លែកចម្លែក​បែប​ណា​នោះ​ទេ ​ដែលម្នាក់​ៗ​មិន​ធ្លាប់​ដែលសាក​ល្បង​សម្តែង​ជាមួយ​គ្នាកាលពីមុនមកផង​នោះ។

    កញ្ញាឯក Miss Grand Cambodia 2017 ខ្លឹម ស្រី​គា លេចមុខ​សម្តែងក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ​របស់​ទូរទស្សន៍​បាយ័ន ដោយ​សម្តែង​រួម​ជាមួយ Freshie Boy​លេខ​1 លោក​ ទ្រី តារា​វុ​ធ។ ពួក​គេ​បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​បើ​ទោះបីជា​ជំនួប​សម្តែង​រួម​គ្នា​នេះ​ជា​លើក​ដំបូង​ក្តី។ យ៉ាងណាមិញ តួឯកប្រុសស្រីក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» នេះបានទម្លាយវីដេអូ 15វិនាទីនៃឈុតថើបមួយនៅលើគណនីហ្វេសប៊ុក ឃើញហើយពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន។ ជឿជាក់ថា ប្រិយមិត្តប្រាកដជាមានការភ្ញាក់ផ្អើលជាមិនខាន នៅពេលបានឃើញវីដេអូត្រង់ឈុតពិសេសនេះ។

    គួរបញ្ជាក់ផងដែរថា នេះជាខ្សែភាពយន្តភាគដំបូងរបស់កញ្ញា ខ្លឹម ស្រីគា ហើយក៏ជាការសម្តែងទីមួយដែរដែល Miss grand cambodia 2017 រូបនេះប៉ះជាមួយលោក ទ្រី តារាវុធ។ ចង់ដឹងឈុតឆាកថើបបឺតមាត់គ្នារយៈពេលខ្លីរបស់អ្នកទាំងពីរស៊ីអារម្មណ៍យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

  • អ្នក​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន គួរ​អាន​ជាបន្ទាន់ ដើម្បី​សម្រក​រាងដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​បញ្ចុះទម្ងន់

    អ្នក​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន គួរ​អាន​ជាបន្ទាន់ ដើម្បី​សម្រក​រាងដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​បញ្ចុះទម្ងន់

    បន្ទាប់ពី​សភាវ​ប្រសូត​បុត្រ​កន្លងផុតទៅ​យ៉ាង​ល្អប្រសើរ​ហើយ​នោះបញ្ហា​ដែល​អ្នក​ម្ដាយ​ច្រើនតែ​កង្វល់​ចិត្តជា​ពិសេសប្រហែលៗនឹង​ការចិញ្ចឹម​កូន​ដែរនោះ គឺ​រឿង​រូបរាង​របស់ខ្លួន រឹត​តែបើ​អ្នក​ម្ដាយ​ណា​ពូកែ​ញ៉ាំ​ក្នុងអំឡុងពេល​តាំង​គភ៌​ផង​នោះ គឺ​រឹតតែ​មានឱកាស​ក្នុង​ការកើត​ដុំ​ខ្លាញ់​នៅតាម​ផ្នែកផ្សេងៗរបស់​រាងកាយ​ដែល​នៅ​សេសសល់​ក្រោយពី​ការ​ប្រសូត​បុត្រ ដែលនាំឱ្យ​មិនគួរ​ឱ្យចង់​មើល​ទាល់តែសោះ តែ​ក៏​មិនដឹងថា​នឹង​សម្រក​ទម្ងន់​ក្រោយពេល​ប្រសូត​នេះ​យ៉ាងណាដែរ។ ញ៉ាំ​ថ្នាំ​សម្រក​ទម្ងន់ តើ​ល្អ​ដែរ​ទេ? តើ​ញ៉ាំ​ហើយនឹង​ហុច​ផល​យ៉ាងណា​ខ្លះទៅ? ថ្ងៃនេះ ឡា​រ៉ែ​ន​ សូម​លើកយក​រឿងរ៉ាវ​របស់​ការបញ្ចុះ​ទម្ងន់​ក្រោយពេល​ប្រសូត​ដែល​ទទួលបាន​ផល​ល្អ​បំផុត និង​មិនមាន​គ្រោះថ្នាក់ មក​ជម្រាបជូន​ដូចតទៅ។

    ហេតុអ្វី​បាន​មិនគួរ​ញ៉ាំ​ថ្នាំ​បញ្ចុះទម្ងន់​ក្រោយពេល​ប្រសូត?
    ត្រូវ​នាំគ្នា​ទទួលស្គាល់​បែប​ពិតប្រាកដ​ឱ្យបាន​ជាមុនសិន​ថា អ្នក​ម្ដាយ​ថ្មោងថ្មី(មានកូន​ដំបូង)ប្រហែល​ជាមាន​អារម្មណ៍​មិន​ចូលចិត្ត​រូបរាង​របស់ខ្លួន​ក្រោយពេល​ប្រសូត​បុត្រ​ហើយ​ប៉ុន្មាន​ទេ។ អ្នកខ្លះ​ក៏​ខ្លាច​ថា ប្ដី​នឹង​លែង​ស្រឡាញ់ហើយ​លួច​ទៅ​មាន​ស្រី​ថ្មី (អ័រម៉ូន​កង្វល់​នៅតែ​ប្រែប្រួល​ឥតឈប់ឈរ) ទើប​ជាហេតុ​ធ្វើឱ្យ​លបលួច​ទៅ​ទិញ​ថ្នាំ​បញ្ចុះទម្ងន់​សម្រក​រាងមក​ទទួលទាន ដើម្បី​ឱ្យមាន​រូបរាង​ស្វែ​ល​ស្អាត​ដូច​កាលពី​មុនពេល​មានគភ៌​ជាថ្មី​ម្ដងទៀត។ តែ​ពេល​ញ៉ាំ​ចូលទៅ​ហើយ ភាគច្រើន​នឹងមាន​អារម្មណ៍​ថា ញ័រ​ដើមទ្រូង វិលមុខ គេង​មិន​លក់ អ្នកខ្លះ​អាច​ដល់​ថ្នាក់​គាំង​បាត់ស្មារតី​តែម្ដង​ក៏មាន។ បើសិន​មានការ​បំបៅ​ដោះ​កូន​ដោយ​ខ្លួនឯង​ផង​នោះ ក៏មាន​ឱកាស​ដែល​ឥទ្ធិពល​ថ្នាំ​ប្រភេទ​ខ្លះ​នឹង​ទៅ​ប៉ះពាល់​ដល់​ទារក​ដូចគ្នា និង​អាច​ហុច​ផល​ឱ្យ​កើតមាន​ភាពខុសប្រក្រតី​នៅលើ​កូនតូច​បាន​ទៀតផង។ ដូច្នេះ​ទើប​មិនគួរ​ទិញ​ថ្នាំ​សម្រក​រាង ឬ​ថ្នាំ​បញ្ចុះទម្ងន់​មក​ទទួលទាន​ដោយ​ខ្លួនឯង​ជាដាច់ខាត មិន​ថា​មាន​សេចក្ដីត្រូវការ​ក្នុងការ​បញ្ចុះទម្ងន់​ក្រោយពេល​ប្រសូត​ខ្លាំង​ប៉ុនណា​ក៏ដោយ។

    វិធី​បញ្ចុះទម្ងន់​ក្រោយពេល​ប្រសូត​យ៉ាង​មាន​សុវត្ថិភាព និង​ទទួលបាន​លទ្ធផល​ល្អ
    1. បំបៅ​ដោះ​កូន: គឺជា​វិធី​ដែល​ងាយ​បំផុត និង​ល្អ​បំផុត​ទាំង​ចំពោះ​ខ្លួន​អ្នក​ម្ដាយ និង​កូនតូច។ ហេតុដែល​ការ​បំបៅ​ដោះ​កូន​អាច​បញ្ចុះទម្ងន់​បាន​នោះ គឺ​ដោយសារតែ​ក្នុងដំណាក់កាល​ការ​សាង​ទឹកដោះ​នឹងមាន​ការទាញយក​ជាតិ​ខ្លាញ់​ក្នុង​ផ្នែកផ្សេងៗរបស់​រាងកាយ​ម្ដា​យមក​ប្រើ​ធ្វើជា​ចំណែក​ផ្សំ​ចម្បង ទើប​ធ្វើឱ្យ​ទម្ងន់​ខ្លួន​របស់​ម្ដាយ​អាច​ស្រក​ចុះ​បាន​យ៉ាង​មើលឃើញ​ច្បាស់​តែម្ដង។ ចំណែកឯ​កូនតូច​វិញ​ក៏​នឹង​បានទទួល​ប្រយោជន៍​ក្នុង​រឿង​របស់​សារធាតុ​អាហារ និង​ភាព​ប្រឆាំង​ជំងឺ​របស់​រាងកាយ​ផងដែរ។

    2. ហាត់ប្រាណ: គ្មាន​វិធី​ណា​ដែល​នឹង​ជួយ​បញ្ចុះទម្ងន់​បានល្អ​ស្មើនឹង​ការហាត់​ប្រាណ​ទៀត​ទេ។ ទោះជា​ទើបតែ​ប្រសូត​បុត្រ និង​រាងកាយ​នៅ​មិនទាន់​សូវ​ស្រួលបួល​ប៉ុន្មាន​ក៏ដោយ ក៏​អាច​ចាប់ផ្ដើម​ដោយ​ការហាត់​ប្រាណតិចៗ ស្រាលៗសិន​បាន ដូចជា ធ្វើ​ការងារ​ផ្ទះ ការដើរ​ហាត់ប្រាណ និង​ហ្វឹក​យ៉ូ​ហ្កាជាដើម។

    3. ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់ និង​អាហារ​ដែល​គ្មាន​ប្រយោជន៍: អ្នក​ម្ដាយ​មួយចំនួន នៅពេល​ប្រសូត​បុត្រ​ហើយក៏​ប្រញាប់​ទទួលទាន​អាហារច្រើនៗប្រភេទ​ដែល​ខ្លួន​ចង់​ញ៉ាំ​ដោយ​មិនបាន​ចាប់អារម្មណ៍​ពី​បរិមាណ​ជាតិ​ខ្លាញ់ និង​កាឡូរី​ដែល​ខ្លួន​បានទទួល​ឡើយ ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​ទម្ងន់​ខ្លួន​មិន​ព្រម​ស្រក​ចុះ​នោះ។

    អ្នក​ម្ដាយ​ថ្មោងថ្មី​ដែល​កំពុង​ស្វែងរក​វិធី​បញ្ចុះទម្ងន់​ខ្លួន​ក្រោយពេល​ប្រសូត​បុត្រ​រួច ក៏​អាច​នាំយក​វិធីផ្សេងៗដែល​ ឡា​រ៉ែ​ន​ បាន​ណែនាំ​ខាងលើ​ទៅប្រើ​បាន​ភ្លាម​តែម្ដង។ ហាម​ទិញ​ថ្នាំ​បញ្ចុះទម្ងន់(ភាពធាត់) មក​ទទួលទាន​ដោយ​ខ្លួនឯង​ដាច់ខាតព្រោះ​អាច​ហុច​ផល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ទាំង​អ្នក​ម្ដាយ​ខ្លួនឯង និង​កូនតូច​បាន៕

  • មកទៀតហើយ!!  ម៉ៃ សុគន្ធ រិះគន់ ថេណា ថាច្រៀងមិនច្បាស់

    មកទៀតហើយ!!  ម៉ៃ សុគន្ធ រិះគន់ ថេណា ថាច្រៀងមិនច្បាស់

    ពិតជាភ្ញាក់ផ្អើលម្ដងទៀតហើយ និងក៏មិនមានអ្វីចម្លែកដែរ ព្រោះថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលត្រូវបានមហាជនខ្មែរអ្នកលេងបណ្ដាញសង្គមដាក់រហស្ស​នាមឱ្យលោកថាជាកំពូលអ្នកទើស ទៅហើយនោះ នាពេលថ្មីៗនេះម្ដងទៀត លោក ម៉ៃ សុគន្ធ នៅមិនសុខ មិនស្រណុកក្នុងចិត្តឡើយ ខណៈដែលលោកបានមើលវីដេអូ និងបានស្ដាប់ចម្រៀងរបស់តារាចម្រៀង Original Song លោក ថេណា មិនយល់ ស្ដាប់មិនបាន មិនច្បាស់ រហូតដល់ចេញមុខរិះគន់ចំៗ ចំពោះការបញ្ចេញសំឡេងច្រៀងបែបស្តាយល៍ RnB របស់តារាចម្រៀងខ្មែររូបនោះ។

    លោក សុគន្ធ បានលើកឡើងថា «និយាយពី Original Song សម័យឥឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គ្រាន់តែនិយាយពាក្យបែបនេះភា្លម គេសង្កេតឃើញមានមតិជាច្រើនបានចូលមកតិះដៀល និងប្រើសម្ដីអសុរោះចំពោះលោក សុគន្ធ វិញភ្លាមៗដែរ។

    គួរបញ្ជាក់ផងដែរថា លោក វិសាល ជាម្ចាស់ផលិតកម្ម Wonder Film ក៏បានគាំទ្រ និងបញ្ចេញមតិដូចលោក សុគន្ធ ដែរថា «មុននឹងបញ្ចេញយោបល់ទៅលើគាត់ ចូរបងប្អូនធ្វើចិត្តឱ្យស្ងប់សិន កុំយកអារម្មណ៍មិនពេញចិត្តគាត់មកបញ្ចេញយោបល់ បើមិនដូច្នេះទេបងប្អូននឹងលម្អៀង លើកនេះខ្ញុំចូលមើល អ្នកបញ្ចេញយោបល់ (comments) មិនប្រើហេតុផលសោះ ប្អូន ម៉ៃ សុគន្ធ គាត់និយាយមានហេតុផល សូមជួយគ្នាក្រឡេកមកមើល អក្ខរាវិរុទ្ធខ្មែរផង ជួយអភិរក្សភាសាជាតិផង នាយកដ្ឋានភាពយន្ត គួរជួយតាមដាន អ្នកបង្ហោះបទចម្រៀងដែលប៉ះពាល់ដល់ អក្សរសិល្ប៏ខ្មែរ អក្ខរាវិរុទ្ធខ្មែរផង ប្អូនៗ អ្នកចម្រៀងជំនាន់នេះមួយចំនួន ច្រៀងពិតជាស្ដាប់មិនបានមែន ដែលវាក៏ជាផលប៉ះពាល់ដ៏អាក្រក់មួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយភាសា និងវប្បធម៌ជាតិដែរណា៎»៕

  • គម្រោង​លក់​ខុន​ដូ​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី 1ដើមឆ្នាំ 2018

    គម្រោង​លក់​ខុន​ដូ​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី 1ដើមឆ្នាំ 2018

    ស្រប​ពេលដែល​ការផ្គត់ផ្គង់​ខុន​ដូ​ហាក់​ទំនង​ជាមាន​កំណើន​លើសពី​តម្រូវការ​ខ្លាំង​នោះ បានធ្វើឱ្យ​ការលក់​បន្ទប់​ខុន​ដូ​មានការ​ធ្លាក់ចុះ​នៅ​ដើម​ត្រីមាស​ទី1 ឆ្នាំ2018នេះ ជាពិសេស​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​តែម្តង។

    របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា តម្លៃ​លក់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​បាន​ថយចុះ2% ក្នុង​ត្រីមាស​ទី1ដើមឆ្នាំ2018 បើ​ធៀប​នឹង​ត្រីមាសចុងក្រោយ​នៃ​ឆ្នាំ2017 ស្រប​ពេលដែល​តម្លៃ​ជា​មធ្យម​របស់​ខុន​ដូ​ប្រភេទ​តម្លៃ​សមរម្យ​បាន​កើនឡើង​ចំនួន 7% ក្នុង​ត្រីមាស​ទី1ឆ្នាំនេះ។

    តម្លៃ​នៃ​ការជួល​របស់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​ស្ថិតក្នុង​ទីតាំងសំខាន់ៗត្រូវបាន​ធ្លាក់ចុះ​ចំនួន 3.8% ប្រចាំត្រីមាស ចំណែក​តម្លៃ​ជួល​របស់​អគារ​ការិយាល័យ និង​ទីតាំង​ពាណិជ្ជកម្ម​មាន​សភាព​ថេរ​ក្នុង​ត្រីមាស​ទី1 នៃ​ឆ្នាំ2018នេះ បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ចុងឆ្នាំ​មុន។ ហើយ​អត្រា​នៃ​ការជួល​អគារ​ការិយាល័យ​សម្រាប់​ត្រីមាស​ទី1នៃ​ឆ្នាំ2018 មាន​ប្រមាណ 82.7%។

    អ្នកនាង លឹម មុយ​ងី​ម អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​ទីប្រឹក្សា​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​និយាយថា នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​ទៀត​នេះ មាន​គម្រោងខុន​ដូ​ជាច្រើន​ត្រូវបាន​សាងសង់​ចប់ និង​តាម​ការអង្កេត​របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញ​ឱ្យឃើញថា ដើម្បី​ទាក់ទាញ​អតិថិជន​សម្រាប់​ការលក់​ចេញ​ឱ្យបាន​លឿន គម្រោង​ខុន​ដូ​មួយចំនួន​បាន​ទម្លាក់​តម្លៃ​លក់​ទៅតាម​អត្រា​ភាគរយផ្សេងៗគ្នា ឬ​ផ្តល់រ​ង្វាន់​ជា​សម្ភារ ឬ​សេវាកម្មផ្សេងៗទៅឱ្យ​អតិថិជន​សម្រាប់​ការ​ស្នាក់នៅ ឬក៏​ផ្តល់​ការប្រាក់​កម្ចី​ជាដើម​ទៀតផង។

    ម្យ៉ាងវិញទៀត​ខុន​ដូ​មួយចំនួន ជាពិសេស​ខុន​ដូ​ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ក្នុងពេលឆាប់ៗនោះបាន​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ដែល​បាន​បង់ប្រាក់​ពេញ 100% ឬ​យ៉ាងហោច​ត្រឹម 80%នៅពេល​ទិញ​ដែល​ខុសពី​ដំណាក់កាល​សាងសង់​ដំបូង​ដែល​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់​ក្នុង​អត្រា​ភាគរយ​កម្រិត​ទាប។

    អ្នកនាង​បាន​បន្តថា ខុន​ដូ​ដែលមាន​សក្តានុពល​សម្រាប់​ជួល​ស្នាក់នៅ​នោះ​គឺ ស្ថិតនៅក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន ពិសេស​នៅក្នុង​សង្កាត់​បឹង​កេងកង​តែម្ដង។ បច្ចុប្បន្ន​អ្នករស់នៅ​ក្នុង​ខុន​ដូ​ភាគច្រើន គឺជា​ជនបរទេស​ដែលមាន​ប្រមាណ​ជា 95%នៃ​អតិថិជន ចំណែក​ប្រជាជន​ខ្មែរ​មានតែ 5%ប៉ុណ្ណោះ ដោយសារ​ការរស់នៅ​ក្នុង​ខុន​ដូ​ត្រូវ​ចំណាយ​ច្រើន ហើយ​ប្រជាជន​ខ្មែរ​មាន​ចំណូល​ទាប​ជាង​បរទេស។

    យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​រយៈពេល 2ខែ​ដំបូង​ឆ្នាំ2018 ក្រសួង​បានអនុម័ត​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន 365លាន​ដុល្លារ​ក្នុងចំណោម 386គម្រោង​ក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំងប្រទេស។ របាយការណ៍​នេះ​បាន​បង្ហាញថា ទឹកប្រាក់​ដែល​បានអនុម័ត​នេះ​មានការ​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ គិត​ត្រឹម​ត្រីមាស​ទី1 ឆ្នាំ2018នេះ តម្លៃ​ដី​នឹងមាន​កំណើន​ជា​មធ្យម 1.2% ចន្លោះ​ពី​ត្រីមាស​មួយ​ទៅ​ត្រីមាស​មួយ និង​កើនឡើង4.2% ចន្លោះ​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ។

    គិត​ត្រឹម​ដំណាច់ត្រីមាស​ទី1កន្លងមកនេះ ការផ្គត់ផ្គង់​អគារ​ខុន​ដូ​បាន​កាន់តែ​កើន​ចំនួន​ឡើងដល់​ជិត 10.000យូ​នី​ត ស្មើនឹង14% ហើយ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2018 ចំនួន​ខុន​ដូ​ប្រមាណជា 12.000យូ​នី​ត​ទៀត​នឹងត្រូវ​បញ្ចប់​គម្រោង​សាងសង់​របស់ខ្លួន និង​ដាក់ចូល​ទីផ្សារ។ ចំណែក​ការជួល​អគារ​ការិយាល័យ​វិញ តម្លៃ​នៅតែ​ដំណើរការ​ទៅមុខ​ដោយបាន​កើនឡើង​ដល់82.7% ទោះបីជា​ចំនួន​នៃ​ការផ្គត់ផ្គង់​មានការ​កើនឡើង​ក៏ដោយ៕

  • សាន ផានិត ពន្លះសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រី

    សាន ផានិត ពន្លះសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រី

    នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានការចែកចាយឃ្លីបវីដេអូរយៈពេលជាង 2នាទីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា បុរសជាសមត្ថកិច្ចមួយរូប បានទះកំផ្លៀងប្រជាពលរដ្ឋជាស្រី្តភេទម្នាក់ ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព។ តាមរយៈឃ្លីបវីដេអូនោះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងអស់មានការខឹងច្រឡោតតោតតូង បញ្ចេញមតិរិះគន់សមត្ថកិច្ចរូបនោះដែលមានអាកប្បកិរិយាឃោរឃៅកោងកាច គ្មានការមិនគោរព និងឱ្យតម្លៃសូម្បីតែបន្តិចចំពោះស្ដ្រីភេទ ដែលខ្លួនឯងជាបុរស និងជាសមត្ថកិច្ចមួយរូប តែបែរជាបានប្រើអំពើហិង្សាដ៏ឥតពូជទៅលើស្ត្រីភេទ។

    នៅក្នុងនោះដែរ តារាចម្រៀងប្រុសចាស់វស្សាលោក សាន ផានិត ក៏បានសរសេរពន្លះសមត្ថកិច្ចរូបនោះដូចគ្នាដែរ ដោយលោកបានសរសេរនៅលើគណនីហ្វេសប៊ុកដែលគេស្គាល់ថាជារបស់លោកថា «សមត្ថកិច្ចប្រឈមមុខជាមួយពលរដ្ឋ បើជាកំហុសបឋម គប្បីទន់ភ្លន់ លើកដៃគោរពពន្យល់ពលរដ្ឋដោយចិត្តត្រជាក់ៗ ខ្ញុំក៏ធ្លាប់មានកំហុស​បឋមនៅស្រុកគេដែរ តែប៉ូលិសគេញញឹមគោរពខ្ញុំដូចមេទ័ព និងពន្យល់ខ្ញុំជាមួយវិក្កយបត្រពីកុំព្យូទ័រ។ ហ៊ឺ! ពិបាកពន្យល់ណាស់( ប៉ូលិស បើពលរដ្ឋមិនធ្វើអ្វីឱ្យមានកំហុសសោះ អស់លោកក៏គ្មានការងារនិងបុណ្យស័ក្ដិដែរ)»។

    ទាំងនោះជាការលើកឡើងរបស់តារាចម្រៀងរូបនេះ និងក៏នៅមានប្រជាពលខ្មែរមួយចំនួនធំទៀតដែលមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីមួយនេះ។

    គួរបញ្ជាក់បន្ថែមដែរថា មកទល់ពេលនេះម៉ោងនេះ បុរសសមត្ថកិច្ចដែលប្រើអំពើហិង្សាដ៏គម្រក់ទៅនើមនុស្សស្រីនៅក្នុងឃ្លីបវីដេអូដ៏ល្បីសុះសាយនោះ ត្រូវបានគេដឹងថា មានឈ្មោះ កៅ សំអុល អាយុ 44ឆ្នាំ ជានគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ1 ឯស្ត្រីរងគ្រោះមានឈ្មោះ ឌី លីណា អាយុ 37ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ហើយករណីនេះ ភាគីទាំង2 បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយឈ្មោះ កៅ សំអុលនឹងទទួលខុសត្រូវប្រសិនបើស្ត្រីរងគ្រោះមានបញ្ហាត្រង់ត្រចៀកនៅថ្ងៃខាងមុខ។

    ព័ត៌មានបន្ថែម ៖  ពេលនេះមន្រ្តីសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រីម្នាក់នោះ ត្រូវបានឃាត់ខ្លួននៅស្នងការរាជធានីភ្នំពេញហើយ (សាធុ សមមុខហើយពូឯង!)