Category: សង្គម និងសេដ្ឋកិច្ច

  • ណា​សា (NASA) ​អភិវឌ្ឍ​យានអវកាស​ថ្មី​​ដើម្បី​អូស​ទម្លាក់​​ស្ថានីយ​អវកាស​អន្តរ​ជាតិ

    ណា​សា (NASA) ​អភិវឌ្ឍ​យានអវកាស​ថ្មី​​ដើម្បី​អូស​ទម្លាក់​​ស្ថានីយ​អវកាស​អន្តរ​ជាតិ

    (សហរដ្ឋ​អាម៉េរិក) – ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កំពុង​រៀប​ផែនការ​អភិវឌ្ឍ​យានអវកាស​មួយ​ដែល​អាច​អូស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ចេញពី​គន្លង​គោចរ ដើម្បីឱ្យ ISS រំលាយ​ខ្លួនឯង​ពេល​ហោះ​ធ្លាក់​ឆ្លងកាត់​បរិយាកាស​ផែនដី។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 13 មីនា ណា​សា​ឱ្យដឹងថា នឹង​ចំណាយ​ប្រាក់ 180 លាន​ដុល្លារ​ដើម្បី​ផលិត​យានអវកាស​មួយ​សម្រាប់​ជួយ​ឱ្យ ISS ចាកចេញ​ផុតពី​គន្លង​គោចរ​ដោយ​សុវត្ថិភាព និង​ទម្លាក់ខ្លួន​ទៅលើ​សមុទ្រ ក្រោយពី​បានបញ្ចប់​ដំណើរការ​នៅ​ឆ្នាំ 2030។ យានអវកាស​ថ្មី​របស់​ណា​សា ក៏​នឹង​គាំទ្រ​ដល់​សកម្មភាព​ចាក​ចេញពី​គន្លង​តារាវិថី​របស់​បណ្ដា​ដៃគូ​សហការ​របស់ ISS ដែល​រួមមាន ស្ថាប័ន​អវកាស​របស់​សហរដ្ឋ​អាម៉េរិក រុស្ស៊ី អឺរ៉ុប កាណាដា និង​ជប៉ុន។

    គម្រោង​នៅ​ចំពោះ​មុខ​​​គឺ​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​យានអវកាស​ដឹកទំនិញ​ស្វ័យប្រវត្ត Progress របស់​រុស្ស៊ី ដើម្បីឱ្យ ISS បន្ទាបខ្លួន​ជាបណ្ដើរ។ រុស្ស៊ី​ក៏បាន​ប្រកាស​ដកខ្លួន​ពី ISS បន្ទាប់ពី​ឆ្នាំ 2024 ដើម្បី​សាងសង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន។ ព័ត៌មាន​នេះ​ទំនងជា​បាន​ជំរុញ​ឱ្យ​ណា​សា​អភិវឌ្ឍ​យានអវកាស​ថ្មី។

    ណា​សា​ក៏បាន​ឱ្យដឹងថា ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​សម្រាប់​កម្មវិធី Artemis គឺ 8.1 ពាន់​លាន​ដុល្លារ។ កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ឱ្យ​ណា​សា​អនុវត្ត​បេសកកម្ម Artemis 2 និង Artemis 3 នៅ​ឆ្នាំ 2024 និង 2025។ នេះ​បើ​យោងតាម​ទំព័រ Space។

    បេសកកម្ម Artemis 2 នឹង​នាំ​អ្នក​អវកាស​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈដែល Artemis 3 នឹង​ចុះចត​ក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​នៅក្នុង​បេសកកម្ម​មាន​មនុស្ស​ដំបូង រាប់​ចាប់តាំងពី​សម័យ Apollo 17 កាលពី​ឆ្នាំ 1972។ ចំណែក បេសកកម្ម Artemis 4 ដែល​គ្រោង​នឹង​ដំឡើង​ស្ថានីយ​អវកាស Gateway របស់​ណា​សា​នៅលើ​គន្លង​គោចរ​ព្រះ​ចន្ទ នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2028 បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ត្រូវ​តាម​ផែនការ៕

  • Erling Haaland បំបែកកំណត់ត្រារបស់ Mbappe ហើយ​ឈ្នះដាច់លើ Messi, Ronaldo ក្រោយពី Man City ផ្ដួល Leipzig 7-0

    Erling Haaland បំបែកកំណត់ត្រារបស់ Mbappe ហើយ​ឈ្នះដាច់លើ Messi, Ronaldo ក្រោយពី Man City ផ្ដួល Leipzig 7-0

    (អង់គ្លេស) – ក្រោយ​ជ័យជម្នះ​លើ Leipzig ក្នុង​លទ្ធផល 7-0 កាលពី​ម្សិលមិញ Erling Haaland បាន​បំបែក​កំណត់ត្រា​របស់ Kylian Mbappe ក្លាយជា​កីឡាករ​វ័យ​ក្មេង​បំផុត​រកបាន 30 គ្រាប់​នៅ Champions League។

    Haaland ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​នៅក្នុង​ការប្រកួត​ឈ្នះ Leipzig 7-0 ក្នុង​ជើង​ទី​ពីរ​នៃ​វគ្គ 1/8។ អំឡុងពេល​បង្កើតបាន hat-trick (រកបាន​បី​គ្រាប់​ក្នុង​មួយ​ប្រកួត) Haaland បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ (អាយុ 22 ឆ្នាំ និង 236 ថ្ងៃ) ដែល​រកបាន 30 គ្រាប់​នៅឯ​ពានរង្វាន់ Champions League។ កំណត់ត្រា​ចាស់​គឺ​វ័យ 22 ឆ្នាំ និង 352 ថ្ងៃ របស់ Kylian Mbappe។

    Haaland និង Mbappe សុទ្ធតែ​បាន​ឆ្លង​ផុត​ឆ្ងាយ​ពី Lionel Messi និង Cristiano Ronaldo។ Messi រកបាន 30 គ្រាប់​នៅ Champions League ក្នុង​វ័យ 23 ឆ្នាំ និង​បី​ខែ ខណៈដែល Ronaldo រកបាន 30 គ្រាប់​ក្នុង​វ័យ 26 ឆ្នាំ និង 7 ខែ។

    បើ​គិត​អំពី​ចំនួន​ប្រកួត (25 ប្រកួត) Haaland ក៏​ក្លាយជា​កីឡាករ​ដែល​រកបាន 30 គ្រាប់​ឆាប់​ជាងគេ​បង្អស់​នៅ Champions League។ ដោយមាន​ឯតទគ្គ​កម្មនេះ Haaland ក៏​យកឈ្នះ​លើ​កំណត់ត្រា​ចាស់​របស់ Ruud Van Nistelrooy អតីត​ខ្សែប្រយុទ្ធ​របស់ Man Utd និង Real ផងដែរ។

    ទន្ទឹមនឹងនេះ Haaland ក៏​តាម​ទាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​មួយ​ប្រកួត​នៅ Champions League។ Messi ធ្លាប់​កាន់កាប់​កំណត់ត្រា​នេះ នៅពេល​រកបាន​ប្រាំ​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​​វគ្គ 1/8 នៅ​ឆ្នាំ​ 2011-2012 ជា​រដូវ​កាលដែល Barca បានឈ្នះ Leverkusen 7-1។ ក្នុង​ខែតុលា 2014 Luiz Adriano ក៏បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ Champions League ពេលដែល ក្រុម​ Shakhtar Donetsk បាន​ឈ្នះ Bate Borisov 7-0 នៅ​វគ្គ​សន្សំ​ពិន្ទុ។

    Erling Haaland

    ក៏ប៉ុន្តែ បើ​ធៀប​ទៅនឹង​សិស្ស​ច្បង​ពីររូប ការ​ស៊ុត​បញ្ចូល​ទី​ប្រាំ​គ្រាប់​ក្នុង​មួយ​ប្រកួត​របស់ Haaland នៅតែ​គួរឱ្យ​ជក់ចិត្ត​ជាង​គេ​។ ខ្សែប្រយុទ្ធ​របស់ Man City ត្រូវការ​ពេល​តែ 57 នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេចបាន​លទ្ធផល​នេះ ខណៈដែល Messi និង Adriano ត្រូវការ 84 នាទី និង 82 នាទី។

    Haaland ក៏​បំបែក​កំណត់ត្រា​ស្ដីពី​ការរកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​សម្រាប់​ក្លឹប Man City។ ខ្សែប្រយុទ្ធ​ជនជាតិ​ន័​រ​វែ​ស កំពុង​កាន់កាប់ 39 គ្រាប់​ក្នុង​រដូវ​កាល 2022-2023 ច្រើនជាង​មួយគ្រា​ប់​ធៀប​នឹង​កំណត់ត្រា​ចាស់​របស់ Tommy Johnson ក្នុង​រដូវ​កាល 1928-1929។

    ពេល​បាន​ជួយ​ឱ្យ Man City រកបាន​បី​គ្រាប់​នៅ​ចុងការ​ប្រកួត​តង់​ទីមួយ ចំនួន​ hat-trick របស់ Haaland ក៏បាន​កើនឡើង​ដល់​ប្រាំ​លើក​សម្រាប់​ក្លឹប​នៅ​គ្រាប់​ការប្រកួត​ក្នុង​រដូវ​កាល​នេះ ច្រើនជាង​បី hat-tricks បើ​ធៀប​នឹង​កីឡាករ​ដទៃ​នៅឯ​ពានរង្វាន់​ជើងឯកកំពូលៗចំនួន​ប្រាំ​នៅ​អឺរ៉ុប។ ខ្សែប្រយុទ្ធ​របស់​ន័​រ​វែ​ស​នេះ​ថែមទាំង​ក្លាយជា​កីឡាករ​ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​អង់គ្លេស​ដំបូង​គេ​ដែល​រកបាន​ប្រាំ hat-tricks ក្នុង​មួយ​រដូវ​កាល រាប់​ចាប់តាំងពី Harry Kane សម្រេចបាន​កាលពី​រដូវ​កាល 2016-2017។

    Haaland ធ្លាប់​រកបាន 29 គ្រាប់​ក្នុង 27 ប្រកួត​សម្រាប់ Salzburg និង 86 គ្រាប់​ក្នុង 89 ប្រកួត​សម្រាប់ Dortmund។ កាលពី​ឆ្នាំ 2022 គាត់​បានមក​ទាត់​ឱ្យ Man City ក្នុងតម្លៃ​ខ្លួន 66 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន Haaland នាំមុខគេ​ក្នុងការ​ដណ្ដើមយក​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី Champions League 2022-2023 ដោយ​រកបាន​ដប់​គ្រាប់។ Haaland ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាង Mohamed Salah ចំនួន​ពីរ​គ្រាប់ និង​ច្រើនជាង Mbappe បី​គ្រាប់។ Mbappe អស់​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​បន្ថែម ព្រោះ PSG ត្រូវបាន​ជម្រុះ។ ចំណែក Salah ក៏​ទំនងជា​នឹងត្រូវ​មាន​វាសនា​ដូច Mbappe ដោយសារ Liverpool ចាញ់ Real 2-5 នៅ​ជើង​ទីមួយ​នៃ​វគ្គ 1/8។

    https://www.youtube.com/watch?v=HVuWbCAe0mU

    Manchester City បាន​ឡើងដល់​វគ្គ 8 ក្រុម​ចុងក្រោយ (1/4) បន្ទាប់ពី​បានឈ្នះ Leipzig 8-1​ នៅ​វគ្គ​ 1/8​។ ដោយសារតែ​នៅសល់​ប្រហែល​ប្រាំ​ប្រកួត​ទៀត​នៅ Champions League នា​រដូវ​កាល​នេះ Haaland ប្រាកដជា​រកបាន​គ្រាប់​បាល់​បន្ថែម និង​បន្ត​បំបែក​កំណត់ត្រា​នានា​ក្នុង​វិស័យ​បាល់ទាត់៕

  • Volkswagen គ្រោង​ចំណាយ​ជិត 200 ពាន់​លាន​ដុល្លារ​ក្នុង​ប្រាំ​ឆ្នាំ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen គ្រោង​ចំណាយ​ជិត 200 ពាន់​លាន​ដុល្លារ​ក្នុង​ប្រាំ​ឆ្នាំ​សម្រាប់​រថយន្ត​អគ្គិសនី

    ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen មាន​គម្រោង​វិនិយោគ 192.76 ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ ​ទៅលើ​វិស័យ​មួយចំនួន​មានដូចជា ​ការផលិត​ថ្ម​ផ្ទុក​អគ្គិសនី និង​បណ្ដា​សកម្មភាព​នៅ​អាម៉េរិក​ខាងជើង រួម​នឹង​ការកាត់បន្ថយ​​​ការផលិត​ម៉ាស៊ីន​ចំហេះ​ក្នុង​ចាប់ពី​ឆ្នាំ 2025។

    Volkswagen កំពុង​ឆ្ពោះទៅកាន់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន 50% នៅ​ទូទាំង​សកលលោក​នៅត្រឹម​ឆ្នាំ 2030 ក្នុងនោះ 2/3 នៃ​ខ្ទង់​វិនិយោគ​ក្នុង​ប្រាំ​ឆ្នាំ​ខាងលើ​នឹង​​ត្រូវបាន​ប្រគល់ឱ្យ​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី ហើយ​រថយន្ត​ដែល​លក់​ចេញ​នឹង​សម្រេច​ឱ្យបាន 56% នៅក្នុង​ផែនការ​ប្រាំ​ឆ្នាំ​ដែល​ពួកគេ​បានលើកឡើង​កាលពី​មួយឆ្នាំ​មុន​នោះ។

    ក្នុង​ផែនការ​ថ្មី​បំផុត ប្រា​ក់ជាង 16 ពាន់​លាន​ដុល្លារអាម៉េរិក​នឹង​​ត្រូវបាន​វិនិយោគ​ទៅលើ​បណ្ដា​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពលអគ្គិសនី និង​វត្ថុធាតុដើម, 2.1 ពាន់​លាន​ដុល្លារ​នឹងត្រូវ​វិនិយោគ​ទៅលើ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ Scout ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Volkswagen នៅ Carolina ខាងជើង​ ក្នុង​ទឹកដី​អាម៉េរិក។

    ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​សម្រាប់​ម៉ាស៊ីន​ចំហេះ​ក្នុង​នឹង​ឡើងដល់​ចំណុច​​កំពូល​នៅ​ឆ្នាំ 2025 ហើយ​នេះ​ក៏​នឹង​ជា​ពេលវេលា​ដែល Volkswagen គ្រោង​នឹង​កាត់បន្ថយ​ការផលិត​រថយន្ត​ម៉ាស៊ីន​ប្រើ​ម៉ាស៊ីន​​ចំហេះ​ក្នុង​ជាបណ្ដើរៗ​។

    កាលពី​ថ្ងៃទី 13 មីនា 2023 Volkswagen បានប្រកាស​អំពី​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​នៅ​កាណាដា ដែលជា​រោងចក្រ​ផលិត​ថ្ម​ដំបូង​របស់ខ្លួន​នៅ​ខាងក្រៅ​អឺរ៉ុប។ រោងចក្រ​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027៕

  • ថ្វីបើ​ត្រូវបាន​ជម្រុះ​តាំងពី​ដំបូង U-20 ឥណ្ឌូណេស៊ី​នៅតែ​ទទួលបាន​ភារកិច្ច​ធំ​នៅ World Cup

    ថ្វីបើ​ត្រូវបាន​ជម្រុះ​តាំងពី​ដំបូង U-20 ឥណ្ឌូណេស៊ី​នៅតែ​ទទួលបាន​ភារកិច្ច​ធំ​នៅ World Cup

    ក្រុមបាល់ទាត់ U-20 ឥណ្ឌូណេស៊ី ត្រូវបាន​ប្រគល់​ភារកិច្ច​មួយចំនួន​នៅក្នុង​រដូវ​កាលបាល់​ទាត់​ U-20 World Cup នាពេលខាងមុខ។

    នៅឯព្រឹត្តិការណ៍​បាល់ទាត់​ U-20 អាស៊ី 2023 ក្រុម​ជម្រើសជាតិ U-20 ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹង​ច្រើន​ពី​អ្នកគាំទ្រ​ក្នុងស្រុក។ ក៏ប៉ុន្តែ ជាក់ស្ដែង កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong ត្រូវ​ជួប​ឧបសគ្គ​ច្រើន នៅពេល​បាន​ចាញ់ U-20 អ៊ីរ៉ាក់​ក្នុងការ​ប្រកួត​ដំបូង។ U-20 ឥណ្ឌូណេស៊ី​ក៏​មិនអាច​បន្តដំណើរ​ទៅមុខ ក្រោយពី​ត្រូវ​អ៊ូ​សបេ​គី​ស្ថាន​យក​ស្មើ​នៅក្នុង​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ U-20 ឥណ្ឌូណេស៊ី​នៅតែមាន​សិទ្ធិ​ឡើងទៅ​ទាត់​នៅ​ឯ U-20 World Cup 2023 ដោយសារតែ​ជា​ម្ចាស់ផ្ទះ។

    ថ្មីៗនេះ លោក Erick Thohir ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី​បានកំណត់​គោលដៅ​ធំ​សម្រាប់​ក្រុម​ជម្រើសជាតិ U-20 ឥណ្ឌូណេស៊ី នោះ​គឺ «ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ឆ្លង​ឱ្យ​ផុត​វគ្គ​សន្សំ​ពិន្ទុ​នៅ U-20 World Cup Indonesia 2023 នាពេលខាងមុខ»។

    ដូច្នេះ នៅមុន​ការ​មក​ដល់​របស់​ព្រឹត្តិការណ៍បាល់​ទាត់ FIFA U-20 World Cup Indonesia 2023 ក្រុម​បាល់​ទាត់​វ័យ​ក្រោម​ម្ភៃ​ឆ្នាំ​របស់​ឥណ្ឌូណេស៊ី​ ​នឹង​ហ្វឹកហាត់​រយៈពេល​យូរ ហើយ​ក្រោយមក គ្រូបង្វឹក Shin Tae-yong នឹង​ជ្រើសរើស​កីឡាករ​ដែលមាន​សក្ដានុពល​បំផុត​សម្រាប់​ឡើងទៅ​ប្រកួត​នៅ៕

  • រថភ្លើង​ល្បឿន​លឿនចិន​-ឡាវ នឹង​ជំរុញ​​លំហូរ​ទេសចរ​បរទេស​មក​កម្ពុ​ជា

    រថភ្លើង​ល្បឿន​លឿនចិន​-ឡាវ នឹង​ជំរុញ​​លំហូរ​ទេសចរ​បរទេស​មក​កម្ពុ​ជា

    (វៀងចន្ទន៍)៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ (ប្រទេស​ចិន)-វៀងចន្ទន៍ (ប្រទេស​ឡាវ) ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​ប្រទេស​កម្ពុជា នា​ថ្ងៃ​អនាគត នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

    ឯកឧត្ដម ថោង ខុន ក្នុង​ខែមីនា​ឆ្នាំនេះ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ។ នាឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានធ្វើ​ដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​រត់​ពី​រដ្ឋធានី​វៀង​ចន្ទ ទៅកាន់​ហ្លួងព្រះបាង។

    «រថភ្លើង​ល្បឿន​លឿន​រត់​ពី​វៀង​ចន្ទ​ទៅ​ហ្លួងព្រះបាង ឆ្លងទៅ​ទីក្រុង​គួ​ន​មិញ ខេត្ត​យូ​ណាន (ប្រទេស​ចិន) មាន​អ្នកដំណើរ​ឡាវ ថៃ​ជិះ​ច្រើន​ទៅលេង​ចិន និង​អ្នកដំណើរ​ចិន​មកកាន់​ឡាវ និង​ថៃ» លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ និង​បន្តថា ប្រការនេះ​បង្ហាញ​ពី​ក្តីសង្ឃឹម​អំពី​លំហូរ​ទេសចរ​មក​កម្ពុ​ជា​នៅ​ថ្ងៃមុខ។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​សង្កត់ធ្ងន់ថា «មាន​មនុស្ស​ច្រើម​ន​ណាស់​ចូលចិត្ត​ធ្វើដំណើរ។ ថ្លៃ​សំបុត្រ​ថោក ហើយ​សុវត្ថិភាព»។

    យោង​តាម​ក្រសួង​ទេសចរណ៍ គណៈ​ប្រតិភូ​កម្ពុជា និង​ភាគី​ឡាវ ក៏បាន​ជំរុញឱ្យមាន​ការសម្រួល​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដើម្បី​ជំរុញ​កំណើន​ទេសចរ​ទៅ-មករ​វាង​ប្រទេស​ទាំងពីរ។

    ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ និង​ទីក្រុង​រដ្ឋបាល​គួ​ន​មិញ​នៃ​ខេត្ត​យូ​ណាន​របស់​ប្រទេស​ចិន ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី 03 ធ្នូ 2021 បន្ទាប់ពី​ការស្ថាបនា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ។

    ដោយ​អាច​បើកបរ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ផ្លូវដែក​ប្រវែង 1,035 គីឡូម៉ែត្រ​ពី​គូ​ន​មិញ​ទៅកាន់​វៀងចន្ទន៍​នេះ ត្រូវ​ឆ្លងកាត់​ផ្លូវ​រូង​ក្នុង​ភ្នំ និង​ស្ពាន​រាប់រយ​គីឡូម៉ែត្រ។ កំណត់​ផ្លូវ​ដែល​ស្ថិតក្នុង​ប្រទេស​ឡាវ​មាន​ប្រវែង 422 គីឡូម៉ែត្រ រាប់​ពី​រដ្ឋធានី​វៀងចន្ទន៍​ដល់​ស្ថានីយ Boten នៅក្បែរ​ព្រំដែន​ឡាវ-ចិន។

    គម្រោង​ផ្លូវដែក​ល្បឿន​លឿន​នេះ​មានតម្លៃ 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​គឺជា​ផែនការ​ដំបូង​នៅក្នុង​មហិច្ឆតា​របស់​ប៉េកាំង ទាក់ទង​នឹង​បណ្ដាញ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ភាគខាងត្បូង​ប្រទេស​ចិន​ជាមួយនឹង​បាងកក (ប្រទេស​ថៃ), កូ​ឡា​ឡាំ​ពួ (ម៉ាឡេស៊ី) និង​ចុងក្រោយ​គឺ​សិង្ហ​បុរី៕

  • ក្រុម​ហ៊ុន​អាម៉េរិក​ផលិត​នាវា​ដំណើរការ​ដោយ​អាម៉ូញ៉ាក់​​មិន​បំភាយ​ឧស្ម័ន​ពុល

    ក្រុម​ហ៊ុន​អាម៉េរិក​ផលិត​នាវា​ដំណើរការ​ដោយ​អាម៉ូញ៉ាក់​​មិន​បំភាយ​ឧស្ម័ន​ពុល

    ក្រុមហ៊ុន Amogy ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Brooklyn មាន​គម្រោង​សាកល្បង​នាវា​ដំណើរការ​ដោយ​ថាមពល​អាម៉ូញ៉ាក់ (Ammonia) នៅក្នុង​ឆ្នាំនេះ ហើយ​ផលិត និង​លក់​ចាប់ពី​ឆ្នាំក្រោយ។

    វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ មានបំណង​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​ថ្ម​ផ្ទុក​អគ្គិសនី​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ដឹកជញ្ជូនតាម​​ផ្លូវ​សមុទ្រ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន។ ដូច្នេះ អាម៉ូញ៉ាក់ (NH3) គឺជា​ដំណោះស្រាយ​ល្អ​ប្រកបដោយ​សក្ដានុពល។ នេះ​បើតាម​ក្រុមហ៊ុន Amogy ប្រកាស​កាលពី​សប្ដាហ៍​ក​ន្ល​ង។

    កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​បានបង្ហាញ​ពី​វិធី​ផ្គត់ផ្គង់​ថាមពល​សម្រាប់​យានយន្ត​ធុន​ធ្ងន់​នៅលើ​ដីគោក ដោយ​ប្រើប្រាស់​អាម៉ូញ៉ាក់។ ឆ្នាំនេះ Amogy នឹង​ផ្ដោតទៅលើ​ការអភិវឌ្ឍ និង​បង្ហាញ​បច្ចេកវិទ្យា​របស់ខ្លួន​ដែល​ប្រើប្រាស់​ក្នុងកប៉ាល់ ដោយ​ចាប់ផ្ដើម​ជាមួយនឹង​កប៉ាល់​សណ្ដោង។

    Amogy នឹង​ជ្រើស​យក​កប៉ាល់​​ផលិត​កាលពី​ឆ្នាំ 1957 ដែល​​ប្រើប្រាស់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ម៉ូ​ទ័​រ​រប​ស់វា។ ក្រុមហ៊ុន​មាន​គម្រោង​ដាក់​​ជំនួស​ម៉ាស៊ីន​ផលិត​អគ្គិសនី​ប្រើ​​ម៉ា​ស៊ូ​ត ដោយ​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដើរ​ដោយ​អាម៉ូញ៉ាក់។ ម៉ាស៊ីន​អាម៉ូញ៉ាក់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ច្រើនជាង​បី​ដង​ធៀប​នឹង​ម៉ាស៊ីន​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​រថយន្ត​ទ្រុងនា​ពេល​កន្លង។

    កន្លងមក Amogy បាន​ប្រើប្រាស់​អាម៉ូញ៉ាក់​ធ្វើជា​ឥន្ធនៈ​សម្រាប់​ដុត ប៉ុន្តែ​ក្នុងការ​បង្ហាញបច្ចេក​វិទ្យា​នៅ​​លើ​សមុទ្រ ពួកគេ​មាន​គម្រោង​បំបែក​សមាសធាតុ​នេះ​ទៅជា​អ៊ីដ្រូសែន និង​អាសូត អនុញ្ញាតឱ្យ​ប្រើប្រាស់​បាន​ក្នុង​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​ផលិត​អគ្គិសនី និង​ផ្គត់ផ្គង់​ថាមពល​ដល់​ម៉ាស៊ីន។

    អាម៉ូញ៉ាក់​អាច​នឹង​មិនមាន​ថាមពល​ខ្លាំង​ដូច​ប្រេងម៉ាស៊ូត តែ​ចំហេះ​របស់​វា​មិន​បំ​ភាយ​ឧស្ម័ន​កាបូន​ឡើយ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ដំណើរ​ការផលិត​អាម៉ូញ៉ាក់​នាពេល​បច្ចុប្បន្ន​នៅតែ​ជា​ប្រភព​បំ​ភាយ​ឧស្ម័ន។ ក្រុមហ៊ុន Amogy កំពុង​ប្រឹងប្រែង​ដើម្បី​ផលិត​អាម៉ូញ៉ាក់​ដែល​ស្អាត​ជាង​នេះ​ក្នុងពេលឆាប់ៗខាងមុខ៕

  • ភាពយន្ត​ដែលមាន​តួអង្គ​ព្រះ​នាង​ទេព​មច្ឆា​ស្បែក​ខ្មៅ ​បញ្ចេញ Trailer ជា​លើក​ដំបូង

    ភាពយន្ត​ដែលមាន​តួអង្គ​ព្រះ​នាង​ទេព​មច្ឆា​ស្បែក​ខ្មៅ ​បញ្ចេញ Trailer ជា​លើក​ដំបូង

    ភាពយន្ត​រឿង «The Little Mermaid» បាន​បញ្ចេញ Trailer ជា​លើក​ដំបូង បង្ហាញថា នេះ​គឺ​រឿង​ស្ដីពី​ទេព​មច្ឆា Ariel ដែល​សម្ដែង​ដោយ​តារា​ស្បែក​ខ្មៅ Halle Bailey បាន​ជួប​កូន​ស្ដេច។

    កាលពី​ថ្ងៃទី 13 មីនា ផលិតកម្ម​ភាពយន្ត Disney បាន​បញ្ចេញ trailer វែង​ជា​លើកដំបូង​របស់​រឿង «The Little Mermaid» ដែលជា​កំណែ​សម្ដែង​ដោយ​មនុស្ស នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ Oscar 2023។ វីដេអូ​ខ្លី ប្រហែល​ពីរ​នាទី បានចាប់ផ្ដើម​ដោយ​ការបង្ហាញ​ទិដ្ឋភាព​ជួបគ្នា​ដោយ​ចៃដន្យ​រវាង Ariel និង​ព្រះអង្គម្ចាស់ Eric (សម្ដែង​ដោយ​តារា​អង់គ្លេស Jonah Hauer-King)។ ទេព​មច្ឆា​ Ariel ជួយសង្គ្រោះ Eric បន្ទាប់ពី​ហេតុការណ៍​លិច​កប៉ាល់។ ប៉ុន្តែ ទង្វើ​នេះ​ត្រូវ​រង​ការស្ដីបន្ទោស​ពី​ព្រះបិតា Triton (Javier Bardem) ព្រោះតែ Ariel ឡើងគោក​ដោយ​ចិត្ត​ឯង។

    Trailer នេះ​ក៏​បង្ហើប​ឱ្យដឹង​អំពី​ឧបាយកល​របស់​មេ​ធ្មប់ Ursula (Melissa McCarthy) ដែល​ប្រើប្រាស់​ភាពស្មោះត្រង់​របស់ Ariel ដើម្បី​ប្លន់​យក​សំឡេង​ច្រៀង​របស់​នាង។ មិត្ត​ភ័ក្ដិ​បី​រូប​របស់​ទេព​មច្ឆា Ariel រួមមាន ត្រី Flounder, ក្ដាម Sebastian និង​សត្វ​រំពេរ Scuttle ក៏មាន​វត្តមាន​នៅក្នុង trailer នេះ។ ចំណែក​ចម្រៀង​វិញ​គឺជា​បទ​ដ៏​ល្បីល្បាញ Part of Your World របស់ «The Little Mermaid» ប៉ុន្តែ​ត្រូវបាន​ប្រគំ​ទៅតាម​បែប​ថ្មី។

    តារាស្បែកខ្មៅ Halle Bailey សម្ដែងជាតួអង្គឯក ព្រះនាងមច្ឆា Ariel

    ខ្សែភាពយន្ត​ដែល​ដឹកនាំ​សម្ដែង​ដោយ Rob Marshall នេះ​គឺជា​គម្រោង live-action (មនុស្ស​សម្ដែង) ដែលមាន​ការចំណាយ​ច្រើន និង​ត្រូវបាន​ផលិត​តាម​លំនាំ​ភាពយន្ត​គំនូរជីវចល​ឆ្នាំ 1989។ សាច់រឿង​របស់​ភាពយ​ន្ត​នេះ​គឺ​យោងតាម​រឿងព្រេង​និទាន​ដែល​សរសេរ​ដោយ Hans Christian Andersen។ ក្រៅពី Bailey ភាពយន្ត​នេះ​ក៏មាន​វត្តមាន​របស់​តារា​សម្ដែងល្បីៗមួយចំនួនទៀត មានដូចជា​ Melissa McCarthy, Jacob Tremblay និង Awkwafina ជាដើម។

    Trailer ​ដំបូងរបស់ «The Little Mermaid»

    រឿង «The Little Mermaid» គឺជា​​ភាព​យន្ត​​ដំបូង​ដែល Halle សម្ដែង​ជា​តួអង្គ​ឯក។ មុន​នោះ តារាភាពយន្ត​កើត​ឆ្នាំ 2000 រូបនេះ​ធ្លាប់បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ទូរទស្សន៍​មួយចំនួន​ក្នុងនាម​ជាតា​រា​កុមារ៕

  • ក្រុមហ៊ុន VW ចូលរួម «ធ្វើសង្គ្រាម​បញ្ចុះតម្លៃ» រថយន្ត​អគ្គិសនី​ជាមួយ Tesla

    ក្រុមហ៊ុន VW ចូលរួម «ធ្វើសង្គ្រាម​បញ្ចុះតម្លៃ» រថយន្ត​អគ្គិសនី​ជាមួយ Tesla

    Volkswagen នឹង​យកតម្រាប់​តាម Tesla ក្នុងការ​បញ្ចុះតម្លៃ​នៅពេល​ការប្រកួតប្រជែង​ដណ្ដើម​តំណែង​លេខ​មួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​មាន​សភាព​កាន់តែ​ខ្លាំងក្លា ស្រប​ពេលដែល​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​កំពុង​ប្រជែង​គ្នា​នៅ​ទីផ្សារ​ចិន។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បានប្រកាស​កាលពី​សប្ដាហ៍​កន្លង​ថា កំណែ​ថ្មី​របស់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ខ្លួន​គឺ ID.3 នឹងត្រូវ​ដាក់លក់​ចាប់ពី​ចុងខែ​មីនា ក្នុងតម្លៃ​ក្រោម 42,600 ដុល្លារ​អាម៉េរិក។

    តម្លៃ​ខាងលើនេះ​គឺ​ទាប​ជាង 3,200 ដុល្លារ បើ​ធៀប​នឹង​តម្លៃ​របស់ ID.3 នាពេល​បច្ចុប្បន្ន ហើយ​ស្មើនឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី Tesla Model Y។

    ក្រុមអ្នកវិភាគ​យល់ថា នេះ​គឺជា​ឥរិយាបថ​ដែល​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​ការបញ្ចុះ​តម្លៃ​របស់ Tesla ក្នុង​ប៉ុន្មាន​ខែ​កន្លងទៅនេះ។ Tesla បាន​បញ្ចុះតម្លៃ​រហូតដល់ 20% នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក។

    រថយន្ត​អគ្គិសនី Volkswagen ID.3

    នៅ​ប្រទេស​អាល្លឺម៉ង់ ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​របស់ Tesla ក្នុង​ខែមករា 2023 បាន​កើន​ជាង 900% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង ជួយ​ឱ្យ Tesla ក្លាយជា​ក្រុមហ៊ុន​ដែល​លក់​រថយន្ត​បាន​ច្រើនជាងគេ​នៅ​អាល្លឺម៉ង់​ក្នុង​ខែ​នោះ។

    ក្រុមហ៊ុន Volkswagen លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ 352,000 គ្រឿងក្នុង​ឆ្នាំ 2022 ប៉ុន្តែ ការលក់​បញ្ចុះតម្លៃ​រប​ស់ Tesla បាន​បង្ខំ​ឱ្យ VW ត្រូវធ្វើ​សកម្មភាព​ទប់ទល់។

    Tesla មិនមែនជា​គូប្រជែង​ខ្លាំង​តែមួយគត់​របស់ Volkswagen នោះទេ។ ប្រទេស​ចិន​គឺជា​ទីផ្សារ​រថយន្ត​ធំជាងគេ​លើ​ពិភពលោក ហើយ​ការអភិវឌ្ឍ និង​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅទីនេះ​ក៏បាន​ហក់​ឡើងដល់​ចំណុច​ខ្ពស់​ថ្មី​មួយទៀត ធ្វើឱ្យ VW ត្រូវ «រត់តាម​ពីក្រោយ» ក្រុមហ៊ុន​ដទៃ។

    រថយន្ត​អគ្គិសនី​ Tesla Model Y

    រថយន្ត​ប្រហែល 40% ក្នុងចំណោម​រថយន្ត​សរុប​របស់ VW ត្រូវបាន​ទិញ​ដោយ​អតិថិជន​នៅ​ប្រទេស​ចិន ក្នុងនោះ​ភាគច្រើន​គឺជា​រថយន្ត​មាន​ម៉ាស៊ីន​ចំហេះ​ក្នុង។ តួលេខ​នេះ​កាន់កាប់​ចំណែក​ទីផ្សារ 16% នៅ​ប្រទេស​ចិន។

    ក្នុងចំណោម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន VW កាន់កាប់​ចំណែក​ទីផ្សារ​ត្រឹមតែ 2.4% ប៉ុណ្ណោះ ខណៈដែល Tesla ក្ដោប​ក្ដាប់បាន 7.8% និង BYD កាន់កាប់ 16%។ ក្នុងចំណោម​រថយន្ត​អគ្គិសនី​ជាង 55 លាន​គ្រឿង​ដែល​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំទៅ VW មានតែ 155,700 គ្រឿង​ប៉ុណ្ណោះ។

    រថយន្ត​អគ្គិសនី​ចិន BYD ATTO3

    នៅ​ប្រទេស​ចិន បណ្ដា​ក្រុមហ៊ុន​រថយន្ត​ដទៃ​មានដូចជា Wuling, GAC និង Chery Automobile ជាដើម ក៏​កំពុង​លេចធ្លោ​ជាង VW។ ចំណែក​បណ្ដា​ក្រុមហ៊ុន​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់ មានដូចជា BMW និង Mercedes-Benz ក៏​លក់​មិនបាន​ច្រើន បើ​ធៀប​នឹង​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ក្នុងស្រុក​របស់​ចិន ក្នុងនោះ​រថយន្ត​មួយ​ម៉ូដែលៗរបស់​ពួកគេ កាន់កាប់​ចំណែក​ទីផ្សារ​មិន​ដល់ 1%៕

  • ក្នុង​បញ្ជី Top 10 ស្ដី​ពី​កីឡាករ​រកប្រាក់​​បាន​ច្រើនជាងគេ​​គ្រប់​សម័យកាល Michael Jordan ជា​ប់​លេខ​មួយ

    ក្នុង​បញ្ជី Top 10 ស្ដី​ពី​កីឡាករ​រកប្រាក់​​បាន​ច្រើនជាងគេ​​គ្រប់​សម័យកាល Michael Jordan ជា​ប់​លេខ​មួយ

    និមិត្តរូប​បាល់បោះ Michael Jordan ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​កីឡាករ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​នៅក្នុង​អាជីព​របស់ខ្លួន។

    ទំព័រ​ពាណិជ្ជកម្ម​កីឡា Sportico បាន​ស្រង់​ស្ថិតិ និង​បង្កើតជា​បញ្ជី​ចំណាត់ថ្នាក់​មួយ​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ រួច​គណនា​ទៅតាម​អតិផរណា​ដូច​បច្ចុប្បន្ន ហើយ​ចុងក្រោយ​ក៏បាន​​រកឃើញ​កំពូល​កីឡាករ 10 រូប​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​នៅ​គ្រប់​សម័យកាល។

    ខាងក្រោម​នេះ​គឺជា​ Top 9 ស្ដី​ពី​កីឡាករ​រកប្រាក់​​បាន​ច្រើនជាងគេ​​គ្រប់​សម័យកាល​៖

    និមិត្តរូប​បាល់បោះ Michael Jordan

    និមិត្តរូប​បាល់បោះ Michael Jordan ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​នេះ ដោយ​រកបាន 1.9 ពាន់​លាន​ផោន ប៉ុន្តែ​នៅពេល​គណនា​ទៅតាម​អត្រា​នៃ​អតិផរណានា​បច្ចុប្បន្ន​ តួលេខ​នេះ​បាន​ឡើងដល់ 2.7 ពាន់​លាន​ផោន ដែល​ប្រហែល​នឹង 3.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កីឡាករ​វាយកូនគោល Tiger Woods

    ចំណាត់ថ្នាក់​លេខ​ពីរបាន​ទៅលើ កីឡាករ​វាយកូនគោល Tiger Woods ដោយ​រកបាន 1.4 ពាន់​លាន​ផោន ស្មើនឹង 2 ពាន់​លាន​ផោន (ប្រហែល 2.4 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្រោយពី​បាន​គណនា​​ទៅ​តាម​តម្លៃ​ក្នុងសម័យ​អតិផរណា។

    កីឡាករវាយកូនគោលអាម៉េរិក Arnold Palmer

    កីឡាករ​វាយ​កូនគោល​អាម៉េរិក Arnold Palmer ឈរ​លំដាប់​ទី​បី ដោយមាន​ទ្រព្យ 735 លាន​ផោន ស្មើនឹង 1.4 ពាន់​លាន​ផោន​នាបច្ចុប្បន្ន (ប្រហែល 1.7 ពាន់​លាន​ដុល្លារ)។

    កីឡាករ​ Jack Nicklaus

    កីឡាករ​ដែល​ធ្លាប់ជា​គូប្រជែង​របស់ Palmer គឺ Jack Nicklaus រក​ប្រាក់ចំណូល​បាន​ 722 លាន​ផោន ស្មើនឹង 1.35 ពាន់​លាន​ផោន​នាបច្ចុប្បន្ន (ប្រហែល 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក) ត្រូវ​ជាប់​លេខ​បួន​។

    Cristiano Ronaldo

    កីឡាករ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ កីឡាករ​បាល់​ទាត់ Cristiano Ronaldo ដែល​បច្ចុប្បន្ន​លេង​​ឱ្យ​ក្លឹប Al-Nassr ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​ប្រាំ ដោយ​រក​ប្រាក់ចំណូល​សរុប​បាន​ 1.31 ពាន់​លាន​ផោន ប្រហាក់ប្រហែល​នឹង 1.59 ពាន់​លាន​ដុល្លារ។

    តារាបាល់បោះ Lebron James

    តារា​បាល់បោះ​នាបច្ចុប្បន្ន Lebron James ឈរ​លំដាប់​ទី 6 ដោយ​រក​ចំណូល​សរុប​បាន 1.27 ពាន់​លាន​ផោន ប្រហែល​នឹង 1.54 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Lionel Messi

    ចំណែក​​ម្ចាស់​ជើងឯក​បាល់ទាត់ World Cup 2022 Messi វិញ រកបាន 1.22 ពាន់​លាន​ផោន​នៅក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។ តួលេខ​នេះ​ស្មើនឹង 1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក។ Messi ជាប់​ចំណាត់​ថ្នាក់​លេខ 7។

    កីឡាករ​ប្រដាល់ Floyd Mayweather

    អតីត​កំពូល​កីឡាករ​ប្រដាល់ Floyd Mayweather គឺជា​អ្នក​គុន​និយម​ដំបូង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ ដោយ​រកបាន 922 លាន​ផោន មុនពេល​ចូលនិវត្តន៍​កាលពី​ឆ្នាំ 2017 ហើយ​បច្ចុប្បន្ន ខ្ទង់​ប្រាក់ចំណូល​នេះ​មានតម្លៃ​ស្មើនឹង 1.17 ពាន់​លាន​ផោន ស្មើនឹង 1.42 ពាន់​លាន​ដុល្លារ ជាប់​លេខ​ 8។

    Roger Federer

    ឈរ​លំដាប់​ទី 9 គឺ​កំពូល​ថ្វីដៃ​តេ​ន្នី​ស Roger Federer ដោយ​រកបាន 1.14 ពាន់​លាន​ផោន ប្រហាក់ប្រហែល​នឹង 1.39 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    David Beckham

    ផ្ទុយទៅវិញ Michael Schumacher, David Beckham, Kobe Bryant, Neymar និង Lewis Hamilton គឺជា​កីឡាករកំពូលៗដែល​ត្រូវបាន​ជម្រុះ​ចេញពី Top 10 នេះ៕

  • Ronaldo ក្លាយជា​ទីប្រឹក្សា​របស់​ក្លឹប Al Nassr ក្នុងការ​ទិញដូរ​កីឡាករ​អន្តរជាតិ

    Ronaldo ក្លាយជា​ទីប្រឹក្សា​របស់​ក្លឹប Al Nassr ក្នុងការ​ទិញដូរ​កីឡាករ​អន្តរជាតិ

    Cristiano Ronaldo មិន​ត្រឹមតែ «បង្ក​ព្យុះភ្លៀង» បន្ទាប់ពី​បានមក​ទាត់​ឱ្យ​ក្លឹប​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ តែ​គាត់​ក៏មាន​ឥទ្ធិពល​លើ​គម្រោង​ទិញដូរ​កីឡាករ​របស់​ក្លឹប Al Nassr ផងដែរ។

    CR7 នៅតែ​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​នៅ​ក្លឹប Al Nassr។ ក្រៅពី​ការរក​គ្រាប់​បាល់ គាត់​ក៏​ក្លាយជា​ទីប្រឹក្សា​របស់​ក្រុមបាល់ទាត់​ដែល​កំពុង​ប្រកួត​នៅ Saudi Pro League។ បើតាម​អ្នកយកព័ត៌មាន Ben Jacobs ថ្មីៗនេះ ក្លឹប Al Nassr កំពុង​សុំ​យោបល់​ពី Ronaldo ទាក់ទង​នឹង​គម្រោង​ទិញ​កីឡាករ​អន្តរជាតិ​នៅក្នុង​ការដោះដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។ បញ្ជី​ឈ្មោះ​ទិញដូរ​កីឡា​មួយ​ត្រូវ​បានលើកឡើង ប៉ុន្តែ កីឡាករ​ដែល Ronaldo ចង់បាន​បំផុត​គឺ Roberto Firmino របស់ Liverpool។

    ព័ត៌មាន​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង ព្រោះថា អ្នកណា​ក៏​ដឹង​ដែរ​ថា Liverpool និង​អតីត​ក្លឹប​របស់ CR7 (Man United) គឺជា​គូសត្រូវ​ធំ​នឹង​គ្នា។ ប៉ុន្តែ ការជ្រើសរើស​របស់ CR7 នៅតែ​ជា «កូនសិស្ស​សំណព្វ» របស់​គ្រូបង្វឹក Jurgen Klopp។

    ខ្សែប្រយុទ្ធ Roberto Firmino វ័យ 32 ឆ្នាំ រកបាន 10 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បានសម្រេច​ចំនួន 5 គ្រាប់​ឱ្យ Liverpool ក្រោយ 27 ប្រកួត។ កិច្ចព្រមព្រៀង​រវាង Rirmino និង Liverpool នឹង​អស់​សុពលភាព​នៅ​រដូវ​ក្ដៅ​ឆ្នាំនេះ។

    ខ្សែប្រយុទ្ធ Roberto Firmino

    ខាង​ក្លឹប Al Nassr វិញ ប្រាកដជា​ជឿជាក់​លើ​កីឡាករ​ដែលមាន​បទពិសោធន៍​ច្រើន​ដូច CR7 ហើយ​ក្លឹប​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​យល់ថា Firmino គឺជា​កីឡាករ​ដែលមាន​សក្ដានុពល​ដើម្បី​ចាប់ដៃ​ជាមួយ Ronaldo បង្ហាញ​ថ្វី​ជើង​នៅលើ​ទីលាន​ប្រកួត៕