Category: សង្គម និងសេដ្ឋកិច្ច

  • រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

    រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។

    ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

    រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។

    រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ 2024។​ រថយន្ត​ដែល​រោង​ចក្រ​នេះ​ត្រូវ​​ផ្គុំ​ដំឡើង​គឺ រថយន្ត FORTUNER ចំនួន 290​គ្រឿង និងរថយន្ត HILUX ចំនួន 1,030​គ្រឿង។

    បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន 6 បូក​រួម​ទាំង​រោង​ចក្រ​តូយ៉ូតា។ ក្នុង​នោះ​ រួម​មាន​ជាអាទិ៍​ រោង​ចក្រ​ផលិតរថយន្ត Ford, Hyundai, KIA, និង​ GTV ជា​ដើម​។

  • ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    នារសៀលថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Municipal Construction Group Co.,Ltd (BMCG) ដែលដឹកនាំដោយលោក Zhai Yongshan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BMCG ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

    ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យកិច្ចសហការ សិក្សាឱកាសវិនិយោគ និងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅកម្ពុជា។

    គណៈប្រតិភូក្រុមហ៊ុន BMCG ​បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​គម្រោង​វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

  • ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។

    ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។

    កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។

    គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

    យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយ​នៃ​ឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មាន​ភាព​ប្រសើរ​ឡើង​។ ប្រទេស​ចិន​ក្លាយ​​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ជាង 3ពាន់​2រយ​លាន​ដុល្លារ​អាម៉េរិក។​​ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង 3រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈដែលការ​​នាំ​ចេញ​របស់​ចិន​មក​កម្ពុជា​ សម្រេចបាន​រហូតជាង 2ពាន់8រយលានដុល្លារ។

    ដោយ​ឡែក​ ​សហរដ្ឋ​អាម៉េរិក​ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត 2​ពាន់​លាន​ដុល្លារ​ គ្រា​ដែល​កម្ពុជា​បាន​នាំ​ចូលទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង​ 57 លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីមួយ​​នៃ​ឆ្នាំ​ 2024​។

  • ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    (ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

    ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

    សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

    សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

    យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

    កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

    កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។

    ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។

    វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។

    យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។

    Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

  • កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    LSST 3,200 megapixel ត្រូវ​បាន​អភិវឌ្ឍដោយ​មន្ទីរ​ពិសោធន៍​​ជាតិ​បង្កើន​ល្បឿន​ SLAC របស់​សហរដ្ឋ​អាម៉េរិក​ គឹជា​កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​​។ វា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ឯស្ថានីយ​សង្កេត Vera C. Rubin នៅ​ប្រទេស​ស៊ីលី។

    បេសកកម្ម​​របស់​ LSST

    • ​ស្រាវជ្រាវអាថ៌កំបាំង​នៃ​​វត្ថុ​ធាតុ និង​ថាមពល​ងងឹត​ក្នុង​ចក្រវាល​ ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ចក្រវាល​ ប៉ុន្តែ​មិន​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ​។
    • វា​ក៏​នឹង​តាម​ដាន​កាឡាក់ស៊ី​រាប់​ពាន់​លាន​ ផ្កាយ​ប្រហែល 17 ពាន់​លាន​ដួង​ក្នុង​កាឡាក់ស៊ី​មេលគីវ៉េ និង​វត្ថុ​អវកាស​រាប់​ពាន់​លាន​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។
    • កាមេរ៉ា​នេះ​ក៏​អាច​សង្កេត​មើល​បាតុភូត​អវកាស​នានា​ មាន​ដូច​ជា ការ​ផ្ទុះ​ផ្កាយ​ ការ​រីក​មាឌ​របស់​ចក្រ​វាល​ជា​ដើម​។

    សមត្ថភាព​​របស់ LSST

    • ទំហំ​ធំ​៖ ប៉ុន​កូន​រថយន្ត​ និង​មាន​ទម្ងន់​ 3 តោន​។
    • សមត្ថភាព​សង្កេត​៖ លម្អិត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូលគោល​ពី​ចម្ងាយ​ 24 គីឡូម៉ែត្រ​។.
    • សមត្ថភាព​ថតូប​៖ អាច​ថត​ទិដ្ឋភាព​ផ្ទៃ​មេឃ​​ ដើម្បី​តាម​ដាន​ការ​ប្រែ​ប្រួល​ក្នុង​រង្វង់ 10 ឆ្នាំ​។
    • កាមេរ៉ា​ LSST គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំនេះ និង​ត្រូវ​បាន​រំពឹង​ថា នាំ​មក​នូវ​របក​គំហើញថ្មី​ៗ​ស្ដី​ពី​ចក្រវាល​។
  • Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    របាយការណ៍​របស់ BYD ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​នេះ​បាន​លក់​ចេញ​នៅ​ក្នុង​ត្រីមាស​ដំបូង​របស់​ឆ្នាំ 2024 បាន​ថយ​ចុះ​ 43% បើធៀប​នឹង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​ 2023​ ដែល​ប្រការ​នេះ​បង្ហាញ​ថា​ BYD នឹង​ប្រគល់​ «តំណែង» លេខមួយ​ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ទៅ​ឱ្យក្រុម​ហ៊ុន​អាម៉េរិក​ Tesla វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​កន្លង​។

    យោង​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​មន្ទីរ​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី 1 មីនា BYD ឱ្យ​ដឹង​ថា ពួក​គេ​លក់​រថយន្ត​អគ្គិសនី​បាន​ជាង 300,000 គ្រឿង​នៅក្នុង​ត្រីមាស​ដំបូង​ ពោល​គឺ​ថយ​ចុះ 43% បើធៀប​នឹងបី​ខែ​មុន​នោះ​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 បាន​កើន​ 13.4% ធៀប​នឹង​ឆ្នាំ​មុន​។

    ក៏ប៉ុន្តែ ការ​ថយ​ចុះ​ប្រចាំ​ខែ​​របស់ BYD អាច​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​បាន​មក​វិញ​នូវ​តំណែង​លេខមួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ ដោយ​យោង​ទៅ​តាម​ការ​ព្យាករ​អំពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​លក់​ចេញ​ (ជាង 458,000 គ្រឿង ក្នុង​ត្រីមាស​ទីមួយ​ ដោយគិត​ត្រឹម​ថ្ងៃទី 31 មីនា​។ តាម​គម្រោង Tesla នឹង​បញ្ចេញ​របាយការណ៍​លក់​សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 នៅ​ថ្ងៃ​ស្អែក (3 មេសា)។

  • ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។

    ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។

    ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។

    មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖

    • បំណុល
    • រនាំង​ពាណិជ្ជកម្ម
    • អស្ថិរភាព​គោលនយោបាយ
    • អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក
    • ការ​ប្រាក់​ខ្ពស់
    • ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន
    • ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​

    ដំណោះ​ស្រាយ​

    • ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ
    • ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន
    • បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​
    • លុបបំបាត់​រនាំង​ពាណិជ្ជកម្ម
    • កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​
    • កែទម្រង់​វិស័យ​អប់រំ

    ការសន្និដ្ឋាន​

    សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​ការ​ផលិត​។

  • BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។

    BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕