Category: ហិរញ្ញវត្ថុ

  • កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

    ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ២៤៥ នាក់។

    តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យ​ទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

    គួរឱ្យដឹងថា៖ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង UnionPay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាម​ឃ្យូអរកួតដំណាក់កាលទី ១ ៖ UnionPay ស្តេន KHOR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្តេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International”។

    លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International ​បានលើកឡើងថា ៖ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែនក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ២ នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងរលូន ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ»។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ” ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមរយៈឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»៕

  • ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ VISA ក្រោមអធិបតី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនានាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

    ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិ និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទៅតាមបែបឌីជីថលបន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរស័ព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយប័ណ្ណទូទាត់វីសាដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

    ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្តេន ខេអេច ឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤.៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះអាចសម្រេចទៅបានដោយយាមានការចូលរួមធ្វើសន្ធានកម្មពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

    លោក ឌិត សុចល ប្រធាននាយយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានលើកឡើងថា៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីទូទាត់បាគងទេសចររបស់ធនាគារជាតិនៃកម្ពុជា និងប័ណ្ណទូទាត់វីសា ភ្ញៀវទេសចរអន្តរជាតិដែលមានប័ណ្ណទូទាត់វីសារអាចធ្វើប្រតិបត្តិការទូទាត់ងាយស្រួលនៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរដើម្បីស្កេនទូទាត់តាមរយៈខេអេចឃ្យូអរកូត។ នេះគឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើក្រដាសប្រាក់ ជាពិសេស ក្រដាសប្រាក់ចាស់ ទក់រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺប្រាក់រៀល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ”។

    លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានមានប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលសំខាន់មួយរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ហើយរំពឹងទុកថានឹងមានសមិទ្ធផលជាច្រើនបន្តទៀត ស្របពេលដែលក្រុមហ៊ុនក៏កំពុងជំរុញការទូទាត់ជាឌីជីថលនៅកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងការរួមចំណែកពង្រឹងចំណេះដឹងឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីមួយនេះ។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ ធនាគារជាតិនៃកម្ពុជា យល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ហេតុនេះហើយ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរដែលអ្នកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

    លោកជំទាវបានបន្តថា តាមរយៈការធ្វើសមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់ប័ណ្ណទូទាត់វីសាដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួលតាមរយៈការស្កេនខេអេចយ្យូអរកូត។
    មុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិ វីសា នេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះ សរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្តល់ឱ្យភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

  • ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជាអះអាងថា នឹងមានក្រុមហ៊ុនឯកជនចុះបញ្ជីលក់មូលបត្របន្ថែមទៀត ខណៈឆ្នាំ២០២៤ ទទួលបានផ្លែផ្កាច្រើន

    ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជាអះអាងថា នឹងមានក្រុមហ៊ុនឯកជនចុះបញ្ជីលក់មូលបត្របន្ថែមទៀត ខណៈឆ្នាំ២០២៤ ទទួលបានផ្លែផ្កាច្រើន

    ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរំពឹង ជាមួយនឹងភាពជឿជាក់ថា នឹងមានក្រុមហ៊ុនឯកជនជាច្រើនទៀតបន្តចុះបញ្ជីលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ខណៈដែលកាលពីឆ្នាំ២០២៤កន្លងទៅនេះ បណ្តាវិនិយោគិនបានបង្ហាញពីការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ និងជឿជាក់ពីការទទួលបានផលចំណេញពីការវិនិយោគ។

    តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ គឺប្រមាណ ៥.៨% និងបន្តកំណើនទៅដល់ ៦.០% ក្នុងឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៃការវិនិយោគនៅមានភាពស្រពេចស្រពិលនៅឡើយ ដោយសារភាពវិបត្តិនយោបាយជាសកលដែលជះឥទ្ធិពលដល់វិនិយោគិនក្នុងការរក្សាសាច់ប្រាក់នៅក្នុងដៃ។ ទោះបីជាយ៉ាងណា ផ្សារមូលបត្រកម្ពុជា (ផមក) ជឿជាក់ថា ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ទីផ្សារទាំងមូល និងជាឱកាសមាសសម្រាប់វិនិយោគិនរបស់យើង។ វិនិយោគិនមានការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ ស្របពេលដែលវិនិយោគិនសកម្មក្នុងទីផ្សារមានការកើនឡើង និងជឿជាក់ពីផលចំណេញលើការវិនិយោគភាគហ៊ុនក្នុងថ្លៃបច្ចុប្បន្ន។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះផង យើងនឹងមានក្រុមហ៊ុនចុះ បញ្ជីលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានក្រុមហ៊ុនខ្លះកំពុងរៀបចំខ្លួន និងខ្លះទៀតបាន និងកំពុងរៀបចំឯកសារ និងដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីមកកាន់ផ្សារមូលបត្រកម្ពុជា។

    នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជាបានទទួលស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន តែល ភូថេក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិកាលពីឆ្នាំ២០១៦។

    ផ្អែកលើទិន្នន័យក្នុងឆ្នាំ២០២៤ សង្កេតឃើញថា គណនីជួញដូរសរុបមានចំនួន ៥៨,៣៩៤ ត្រូវបានបើកដំណើរការ ដែលក្នុងនោះមានការកើនឡើងគណនីថ្មីចំនួន ១២ ៧៤៥ គណនី កើនឡើងជាង ២៦% បើធៀបនឹងចំនួនគណនីសរុបត្រឹមឆ្នាំ២០២៣។ តម្លៃជួញដូរជាមធ្យមក្នុងឆ្នាំ២០២៤ មានជាង ៥៣៥លានរៀល (ប្រមាណ ១៣៣ ៩៦៣ ដុល្លារ) ដែលមានការថយចុះប្រមាណ ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺការទទួលបានចំណាប់អារម្មណ៍ និងការចូលរួមរបស់វិនិយោគិនក្នុងស្រុកក្នុងវិស័យមូលបត្របានកើនឡើងជាលំដាប់។

    ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមស្មើនឹង ១០១ ៨៤៣ ភាគហ៊ុន ដោយ ៩៣% ត្រូវបានជួញដូរដោយវិនិយោគិនក្នុងស្រុក។ ការដាក់បញ្ជាទិញ-លក់ជាមធ្យមប្រចាំថ្ងៃមានចំនួន ៣ ៦២៧ ក្នុងឆ្នាំ២០២៤ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីការជួញដូរតាមទីផ្សារ ប្រតិបត្តិការតាមរយៈវិធីសាស្ត្រជួញដូរតាមការចរចា (NTM) ក្នុងឆ្នាំ២០២៤ ទទួលបាន ១០ ប្រតិបត្តិការ ដែលក្នុងនោះមានភាគហ៊ុនដូចជា PAS, GTI និង PWSA។ ទំហំជួញដូរសរុបនៃប្រតិបត្តិការទាំងនេះមានចំនួន ១ ២១៣ ៥៥៤ ហ៊ុន ដែលស្មើនឹង ៦២៦៦ ពាន់លានរៀល ដែលធ្វើការជួញដូរដោយវិនិយោគិនបរទេស ៦០% ខណៈដែលវិនិយោគិនក្នុងស្រុកបានរួមចំណែក ៤០%។

    ជារួម នៅក្នុងឆ្នាំ២០២៤ គេសង្កេតឃើញថា ផ្សារមូលបត្រកម្ពុជាក៏ទទួលបានការចូលរួមពីវិនិយោគិនបរទេសតាមបណ្តាប្រទេសនានា ដែលក្នុងនោះមានវិនិយោគិនតៃវ៉ាន់នាំមុខគេក្នុងទំហំជួញដូរដែលមានចំនួន ៣៩.៥០% នៃវិនិយោគិនបរទេសសរុប។ ក្រៅពីនេះមានដូចជា ជប៉ុន ចិន និងថៃ តាមពីក្រោយដោយ ២១, ៣១%, ១៤,១៨% និង ៥,៣៦% រៀងគ្នា៕