Category: សង្គមជាតិ

  • គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    ភ្នំពេញ : យោងតាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាព្យុះទីហ្វុង យីន ស៊ីង (Yinxing) បានកំពុងតែស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងល្បឿនចន្លោះពី(១០០ណត -១២៥ណត) = (១៦០គម/ម- ២០១គម/ម) ដោយមានទិសដៅទៅកាន់ទីក្រុងដាណាំង ប្រទេសវៀតណាម និងតំបន់ភាគឦសាននៃប្រទេសកម្ពុជា មានខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។

    ព្យុះទីហ្វុងនេះនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

    បញ្ជាក់៖ ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនទាំងអស់ជាពិសេសបងប្អូនប្រជានេសាទនិងអ្នកដំណើរតាមផ្លូវសមុទ្រទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប ដែលមានតម្លៃជាង១០លានដុល្លារ បានមានប្រសាសន៍បញ្ជាក់ថា វិថីមួយខ្សែនេះ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

    បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ​ ជាង៦ពាន់គ្រួសារ»។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី ជានាយក​រដ្ឋមន្ត្រី។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទ នៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។

    វិថីនេះ ក៏តភ្ជាប់ជាមួយផ្លូវខេត្ត លេខ​១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ ខ្សែផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។

    បច្ចុប្បន្នវិថីនេះ បាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ប្រមាណជាង៦,០០០​គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញ ការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរ​មាត់​​សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

    លើសពីនេះ វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់​តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវ​ថ្មើរ​ជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ប្រសិទ្ធនាមខ្សែផ្លូវនេះថាជា «វិថីតេជោ​សន្តិភាពឆ្នេរអង្កោល» ដើម្បីជាការសម្ដែងនូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈ ដ៏ធំធេងរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំពុះពារគ្រប់​ឧប​សគ្គ​ឆ្លងកាត់ភ្លើង​សង្គ្រាមរាប់ មិនអស់។

    ជាពិសេសការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត និងការដាក់​ចេញ​នយោបាយ ឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងភាពល្បីល្បាញស្មើ​មុខស្មើ​មាត់លើឆាកអន្តរជាតិ រួមទាំងការរីកចម្រើនលើគ្រប់វិស័យ ដូចនាពេលបច្ចុប្បន្ននេះ៕

  • រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ភ្នំពេញ ៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ៣៧ ទ្រីលានរៀល ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ពិសេសគឺកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នេះត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅវិមានសន្តិភាព​ រាជធានីភំ្នពេញ​ អំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។

    សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

    នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល (ប្រមាណជាង ៣៧ ទ្រីលានរៀល) ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។ ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

    ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេសការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ


    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨៖០០នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។
    ដើម្បីឲ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ៕

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ
  • អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា

    អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀរគរអ្នកវិនិយោគមកកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងទំាងកៀងគរអ្នកវិនិយោគមកកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ឯកឧត្តម Darek YIP ដែលទើបចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាកំពុងឋិតក្នុងដំណាក់កាលមួយដែលកំពុងតែដំណើរការរៀបចំខ្លួនឯងឡើងវិញ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបគ្រប់គ្រងជាច្រើនសម័យកាលមកហើយ ក្នុងនោះក៏បានឆ្លងកាត់នូវភ្លើងសង្គ្រាម និងក្រោយមកក៏ទទួលបានឯករាជ្យនិងសុខសន្តិភាពពេញលេញហើយបច្ចុប្បន្នក៏ដល់ពេលវេលាដែលត្រូវរៀបចំខ្លួនឯងជាថ្មីឡើងវិញផងដែរ។

    ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព រីឯសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបិតាសហសម័យកម្ពុជា។ ដូច្នេះពេលនេះកម្ពុជាកំពុងតែរៀបចំខ្លួនតាមបែបសហសម័យរបស់ខ្លួន។

    ឯកឧត្តម សាយ សំអាល់ ក៏បានឱ្យដឹងអំពីការងារមួយចំនួនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ហើយបច្ចុប្បន្នកំពុងតែផ្ដោតលើបរិវត្តកម្មឌីជីថលផងដែរ។

    ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអូស្ត្រាលី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងត្រូវការអ្នកជំនាញនិងទីប្រឹក្សាបន្ថែមទាក់ទិនទៅនឹងស្តង់ដារសំណង់ និងសម្ភារៈសំណង់ផ្សេងៗទៀត ដូច្នេះឯកឧត្តមបានស្នើដល់ស្ថានទូតអូស្ត្រាលីថាតើអាចសហការក្នុងការជួយដល់កម្ពុជាបានក្នុងកម្រិតណាមួយ។

    ជាការឆ្លើយតប ឯកឧត្តម Darek YIP បានសរសើរកម្ពុជាអំពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងតែរៀបចំការងារបរិវត្តកម្មឌីជីថលបានយ៉ាងឆាប់រហ័ស។ ជាមួយនេះឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលីឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរអ្នកវិនិយោគមកកម្ពុជា៕

  • ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    ថេរភាពនយោបាយ និងសន្ដិសុខពេញលេញរបស់កម្ពុជាជាកត្តាផ្ដល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជា

    (ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) លើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាកម្ពុជាជាប្រទេសមួយដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

    ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនសម្រាប់ការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។ កម្ពុជាអាចសហការលើវិស័យអចលនទ្រព្យដល់អ្នកវិនិយោគអាមេរិកដែលក្នុងវិស័យអចលនទ្រព្យនេះគឺត្រូវការភាពរហ័សទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល។

    ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ កម្ពុជា បាន ចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ រីឯសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិមិត្តរូបនៃបិតាសន្តិ ភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ខណៈដែលបច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វល់ខ្វាយទៅនឹងជម្លោះ ឬវិវាទអ្វីផ្សេងទៀតនោះទេ គឺយើងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍខ្លួនទៅមុខ ហើយខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត។

    ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាមិនមានការរើសអើងពូជសាសន៍ ឬសាសនាអ្វីនោះទេ និងជាប្រទេសមួយដែលផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ បច្ចុប្បន្ន អាទិភាពចម្បងដែលយើងផ្ដោតសំខាន់នោះគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយភាពសុខសាន្ត មានផ្ទះសម្បែង និងអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងមានលទ្ធភាពធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង។ ជុំវិញកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាពិនិត្យលទ្ធភាពក្នុងការគៀងគរអ្នកវិនិយោគអាមេរិកមកវិនិយោគបន្ថែមទៀត។

    ជាការឆ្លើយតប សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ឯកភាព និងពិភាក្សាបន្ថែមទៀតចំពោះចំណុចដែលអាចសហការគ្នាបាន ហើយបានថ្លែងអំណរគុណដល់ក្រសួងដែលបានស្ដាប់នូវបញ្ហាប្រឈម និងក្តីកង្វល់របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងព្យាយាមរកដំណោះស្រាយយ៉ាងសមស្រប។

    ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។

    គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិកដែលកំពុងតែធ្វើការវិនិយោគយ៉ាងសកម្មទៅលើវិស័យបច្ចេកវិទ្យា IT វិស័យគ្រប់គ្រង សំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់សភាពាណិជ្ជកម្មអាមេរិក ផ្ដោតទៅលើការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសគឺព្យាយាមគៀងគរអ្នកវិនិយោគអាមេរិកឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕