Category: សង្គមជាតិ

  • ភ្នំឧដុង្គ ស្រុកពញាឮ ត្រូវបានជ្រើសជាគោដៅសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ

    ភ្នំឧដុង្គ ស្រុកពញាឮ ត្រូវបានជ្រើសជាគោដៅសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ

    កណ្តាល ៖ តំបន់ភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចជ្រើសរើសយកធ្វើជាគោលដៅសិក្សាសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង និងបឹងកម្សាន្តធម្មជាតិ លើកដំបូងគេនៅក្នុងខេត្ត សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទេសចរណ៍។

    ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពីគម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់តាមរយៈការទាក់ទាញភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ជាពិសេសបង្កើតឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

    ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានបញ្ជាក់ថា ៖ ការសិក្សាគម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគតផងដែរ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួន៕

  • រាជរដ្ឋាភិបាលណែនាំ ៧ចំណុច ស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ»

    រាជរដ្ឋាភិបាលណែនាំ ៧ចំណុច ស្តីពី «វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ»

    ភ្នំពេញ ៖ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជាការងារអាទិភាព។

    នៅក្នុងកិច្ចការងារអាទិភាពទាំងនោះរួមមាន ការតាមដាន ត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈនិងជីវៈចម្រុះ។

    កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ប៉ុន្តែការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល ក្រោយហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានចេញសារាចរ ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការដូចខាងក្រោម ៖

    ១- ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។

    ២- ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្តង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។

    ៣- ជំរុញការអនុវត្តន៏រន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។

    ៤- ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

    ៥- ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈ ការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ គុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។

    *៦- ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។

    ៧- ជំរុញលើកកម្ពស់ការយល់ដឹងនិងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាព ទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី។

    ទទួលបានសារាចរនេះហើយ ទីស្ដីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

  • ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

    ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

    ខេតពោធិ៍សាត់ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា លេខ២៨ ស្ថិតនៅគម្រោងផ្លូវជាតិលេខ ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ។

    នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការអនុញ្ញតនេះ គឺសម្រាប់តែប្រភេទរថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

    គួរបញ្ជាក់ថា ស្ពានខ្ពស់ជាងញគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង ចាក់បេតុងកម្រាល រៀបចំបង្កាន់ដៃ និងចាក់ AC (Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាកិច្ចបង្ហើយ៕

  • ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ភ្នំពេញ ៖ ជាមោទនភាពរបស់កម្ពុជា ក្រោការផ្តួចផ្តើម និងប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ សុខសន្តិភាព និងភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចយ៉ាងត្រចះត្រចង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានស្ដង់ដារលំដាប់ពិភពលោក នឹងចាប់ដំណើរការហើរជាផ្លូវការ បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទីមួយនាអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលការហោះហើរសាកល្បងត្រូវបានធ្វើឡើងរួចហើយកាលពីអំឡុងឆ្នាំ២០២៤។

    គិតត្រឹមដើមសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ និសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រចបានប្រមាណ ៩៦ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការហោះហើរជាផ្លូវការលើកដំបូងនាអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ពោល គឺនៅសល់ពេលប្រមាណជាង១០០ថ្ងៃទៀតតែប៉ុណ្ណោះ។

    អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការដឹកជញ្ជូនទំនិញ ខណៈវឌ្ឍនភាពការសាងសង់រហូតដល់ពេលនេះសម្រេចបានជាង ៩៦ ភាគរយ និងបានចំណាយប្រាក់អស់ជាង ១,៣ ពាន់លានដុល្លារ មានទីតាំងភូមិសាស្ត្រស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញអាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានថ្មីនេះ(លំដាប់ 4F) អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

    តាមផែនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។

    ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ឱ្យដឹងថា កំណើនជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ ២០២៤កន្លងទៅ ធៀបនឹងឆ្នាំ២០២៣ គឺស្ថិតនៅចន្លោះពី ១០-២០ ភាគរយ។

    ឯកឧត្តមបានបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានឹងកាន់តែប្រសើរនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការ ពីព្រោះអាកាសយានដ្ឋាននេះមានភាពទំនើបទាន់សម័យ និងអាចទទួលការចុះចតបាននូវប្រភេទយន្តហោះធំៗ ព្រមទាំងមានស្ថានីយដឹកជញ្ជូនអ្នកដំណើរ និងឃ្លាំងស្តុកទំនិញដែលមានលក្ខណៈស្តង់ដារអន្តរជាតិទៀតផង។

    លោកបានថ្លែងថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមេដែកក្នុងការឆក់យកនូវអ្វីដែលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាមិនទាន់មានពីមុនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន ៕

  • វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ ឬស្ពានអាកាសក្បាលថ្នល់ តម្លៃ ៣៦លានដុល្លារ សម្រេចបានវឌ្ឍនភាព ៩៩ភាគរយហើយ ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

    វត្តមានស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកើតមាន។

    ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

    ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២នេះ បានបញ្ចប់ការសាងសង់មុនផែនការកំណត់ ពោលគឺនៅត្រឹមថ្ងៃទី២០ មីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

    កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ លើសពីនេះ ស្ពានអាកាសនេះនឹងជួយដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។ សូមជម្រាបជូនថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕

  • កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម Miguel Margue GonçalvesManetelu បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល”។ ពិធីនេះត្រូវបានធ្វើនៅក្រុងសៀមរាប កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ។

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អនុស្សរណៈនៃការយោគយល់នេះរៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមកនៃការធ្វើបរិវត្តកម្មឌីជថល។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានថ្មីមួយទៀតរបស់ ក.ប.ទ. ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

    ដោយឡែក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ របស់ពិភពលោក ហើយស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្ដល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួន បន្ថែមទៀត ហើយក.ប.ទ. នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើថ្នា http://xn--verify-917a.gov/ ជាបន្តបន្ទាប់ផងដែរ។

    សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

    ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

  • សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅក្នុងការប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

    នៅក្នុងឱកាសនេះ ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធីនៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

    ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

  • មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។

    មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ដែលជួយដល់ការងារជាច្រើន ដូចជា៖

    * ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ

    * បញ្ជាក់នូវទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ

    * ជួយកំណត់នូវទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត

    * ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ

    * កំណត់នូវភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌

    * ជួយសម្រួលក្នុងការកាត់បន្ថយនូវការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក

    * ជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។

    ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យមានការគាំទ្របន្តទៀតពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

    ទី១៖ បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង

    ទី២៖ បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន

    ទី៣៖ បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត

    ទី៤៖ រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ DNA

    ទី៥៖ រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ

    ទី៦៖ ត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕

  • ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ភ្នំពេញ៖ នៅចុងខែមករា ២០២៥ខាងមុខ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវបានដាក់ឱ្យដំណើរការ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

    ផ្លូវថ្មើជើងនេះមានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាក ដូចជាជំងឺកូវីដ១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណា រាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឲ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    លោកអភិបាលរាជធានី បានបញ្ជាក់ ដើម្បីឲ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឲ្យបានល្អ ដែលធានាថាគម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

  • រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការ វាស់វែង ដីធ្លី និងចុះបញ្ជីឱ្យ បានចប់សព្វគ្រប់ នៅពេលឆាប់ៗ ហើយ ក្នុង រយៈពេល ប្រមាណ១៥ខែ នៃ រដ្ឋាភិបាល ថ្មី នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ជំរុញ ឱ្យ ក្រុមការងារ ចុះវាស់វែង និង ចុះ បញ្ជី សម្រេច លទ្ធផល យ៉ាង ល្អ ប្រសើរ ។

    សម្ដេច ហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកើត សរសើរ ចំពោះ ការ ងារ របស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសកម្មភាព វាស់ វែង និងចុះបញ្ជីដីធ្លី ហើយ រ ដ្ឋា ភិបាល គ្រោង ថវិកា បន្ថែមចំនួន ១០០លានដុល្លារ ដើម្បីជំរុញការ ចុះ បញ្ជីដីធ្លី ឱ្យចប់នៅពេលឆាប់ៗនេះ ។

    ថ្លែង នៅក្នុង ពិធី បិទសន្និបាតបូក សរុប ការងារ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ រសៀ ល ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាំង ពី ដើម អា ណត្តិ មក សម្ដេច បាន ឯកភាពនូវ សំណើរ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារ វាស់វែង ចុះបញ្ជី ដីធ្លី ដោយ បាន បង្កើន កញ្ចប់ថវិកា សម្រាប់ធ្វើការ ងារ នេះ ។ កាលពីមុន ក្រុមការងារ សម្រាប់ធ្វើការងារ នេះ មានជា ក្រុមតូចៗ តែ សម្រាប់អាណត្តិថ្មីៗនេះបានរៀបចំ ក្រុមការងារ រហូតដល់ជាង ៥ពាន់នាក់ ។
    សម្ដេច បន្តថា ៖
    « សម្រាប់ការ ងារ នេះរដ្ឋាភិបាល បានគ្រោង ថវិកាចំនួន ១០០លានដុល្លារ អាមេរិក ដើម្បីរុញឱ្យចប់ ហើយសង្ឃឹមថា ក្នុងអាណត្តិទី៧នេះ នឹង អាច ចប់ តែម្ដង ព្រោះ យើង បាន ឃើញ បងប្ងូនក្រុមការងារ របស់ យើង បានចុះ ធ្វើ ការងារ ពេលខ្លះពួកគាត់ បានធ្វើការ ងារទាំង យប់ ទាំង ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពិសេស នៅតំបន់ រោងចក្រ »។

    សម្ដេច បន្ថែមថា ការ វាស់វែង និងចេញ បណ្ណ កម្មសិទ្ធិ នេះ នឹង អាច បញ្ចប់ វិវាទ ដីធ្លី ហើយអាច ឱ្យបងប្អូនយក បណ្ណ នេះ សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពបង្កើន សេដ្ឋកិច្ចផ្សេងៗ ។ កិច្ច ការងារ នេះ គឺក្រសួងដែនដីបាននិងកំពុង តែ អនុវត្ត នូវ អ្វីដែល ប្រទេស ជាច្រើន នៅលើ ពិភពលោក បានធ្វើ ពីមូលធន ដែលស្លាប់ឱ្យ វា រស់ ឡើងវិញ តា ម រយៈ ការវាស់វែង ចុះបញ្ជី និងចេញបណ្ណឱ្យ ដើម្បី ឱ្យ ក្លាយជា ទ្រព្យ រស់ របស់ពលរដ្ឋ និង ដើម្បីឱ្យ មានភាព ច្បាស់លាស់ បញ្ចប់ នូវទំនាស់ ដីធ្លីទូទាំងប្រទេស ៕