Category: វិនិយោគ

  • កម្ពុជា គាំទ្រ ក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies ចូលរួមវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

    កម្ពុជា គាំទ្រ ក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies ចូលរួមវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្ដែងការគាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងជានិច្ចចំពោះក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងកិច្ចការពារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្នុងនាមជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

    ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

    លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕

  • នាដើមសប្ដាហ៍នេះ មានក្រុមហ៊ុនចិនថ្មីផ្សេងទៀតជិត ២០ ក្រុមហ៊ុន មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន

    នាដើមសប្ដាហ៍នេះ មានក្រុមហ៊ុនចិនថ្មីផ្សេងទៀតជិត ២០ ក្រុមហ៊ុន មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន

    ភ្នំពេញ ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង និងនិងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

    បច្ចុប្បន្ននេះ សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន នៃសាធារណរដ្ឋប្រជាមានិតចិន មានសមាជិកសរុបចំនួនប្រមាណ ១ ៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

    ដោយឡែក ក្រុមហ៊ុនទាំង១៩ដែលបានមកបំពេញទស្សនកិច្ច និងស្វែងរកឱកាសវិនិយោគខាងលើនេះកំពុងមានសកម្មភាពវិនិយោគក្នុងប្រទេសចិនទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេលវេលាមកទស្សកិច្ចសិក្សាផ្ទាល់នៅកម្ពុជាដើម្បីសិក្សាពីបរិយាកាសវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជា និងចិនបានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

    ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការកត់សម្គាល់ឃើញថាមានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក ការកែច្នៃជ័រកៅស៊ូ…។ល។

    មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

    ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ លោកបានមានប្រសាសន៍ថានាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូដទៃទៀតក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង៕

  • រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ០០១ សហវ,សជណ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានឱ្យដឹងទៀតថា តាមរយៈការសម្រេចនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន ១. គម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង ២. គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង៣. ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ។

    ផ្អែកតាមការនេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន និងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ។ ក្នុងន័យនេះ ធុរជន វិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័ត នៅការិយាល័យក្រុមការងារដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទដែលមានតេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

  • ខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ប្រទេសចិន ចុះ MOU គាំទ្រគម្រោងវិនិយោគលើវិស័យដាំដុះ និងចិញ្ចឹមសត្វ

    ខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ប្រទេសចិន ចុះ MOU គាំទ្រគម្រោងវិនិយោគលើវិស័យដាំដុះ និងចិញ្ចឹមសត្វ

    ខេត្តស្ទឹងត្រែង ៖ ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាព ជាពិសេសការដាំដុះដំណាំ និងការចិញ្ចឹមសត្វ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន មកពីប្រទេសចិន បានចុះអនុស្សរណៈយោគយល់គ្នា (MOU) បន្ទាប់ពីបង្ហាញពីគោលបំណងដាក់ទុនវិនិយោគលើវិស័យខាងលើនេះ ដែលមានភូមិសាស្ត្រស្ថិតនៅខេត្តស្ទឹងត្រែងតែម្ដង។

    លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាស បានដឹកនាំប្រតិភូនៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ទៅដល់ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀតនៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ដើម្បីពិនិត្យលើដីចំការស្វាយកែវល្មៀត និងស្វាយចន្ទី ហើយបានជីកយកដីដើម្បីយកទៅពិនិត្យនៅប្រទេសចិន ។ ការយកដីទៅពិនិត្យនេះ គឺចង់ដឹងថាដីនេះត្រូវការប្រើប្រាស់សារធាតុ និងជីប្រភេទណាខ្លះដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ ជៀសវាងកសិករប្រើប្រាស់ជីកសិកម្មមិនសមស្របធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត់។

    សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅប្រទេសចិន និងឈានទៅរកកិច្ចទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយវិនិយោគិនចិន ដើម្បីទាក់ទាញក្រុមហ៊ុនចិនមកបណ្តាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែង ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។

    ក្រៅពីនេះ កាលពីថ្មីៗកន្លងទៅ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថាន ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនជាច្រើន ដូចជា Wengfu Zijin Chemical Co., Ltd. ការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN, ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ, ក្រុមហ៊ុន ផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ, ក្រុមហ៊ុនផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់, សិប្បកម្មកែច្នៃថ្មម៉ាប, ក្រុមហ៊ុនបញ្ជាទិញ Uptop ព្រមទាំងទស្សនកិច្ចនៅរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន HE TAI XING BAG CO.,LTD, និងរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Huata (Fujian) Sports Goods Development Co.,Ltd.ផងដែរ៕

  • ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគសរុបជិត ៧០០០លានដុល្លារ លើគម្រោងចំនួន ៤១៤ គម្រោង

    ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគសរុបជិត ៧០០០លានដុល្លារ លើគម្រោងចំនួន ៤១៤ គម្រោង

    ភ្នំពេញ ៖ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធុការ បានទទួលគម្រោងវិនិយោគមកពីក្រៅប្រទេស និងអ្នកវិនិយោគនៅក្នុងប្រទេស សរុបចំនួន ៤១៤ គម្រោង ដែលមានទុនសរុបរហូតជិតដល់ ៧០០០លានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។

    តាមរយៈសេចក្ដីប្រកាសដដែលនេះបានបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

    ជារួម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២០០០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។

    ក្នុងឆ្នាំ២០២៤ ដដែលនេះ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

    ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

  • ត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ មានគម្រោងចំនួន១៧ មានទុនសរុប ១៥០លានដុល្លារ ស្នើសុំចុះបញ្ជីដំណើរការវិនិយោគនៅកម្ពុជា

    ត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ មានគម្រោងចំនួន១៧ មានទុនសរុប ១៥០លានដុល្លារ ស្នើសុំចុះបញ្ជីដំណើរការវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៥ នេះ មានគម្រោងចំនួន ១៧ ជាមួយនឹងទុនសរុបប្រមាណ ១៥០លានដុល្លារ បានស្នើចុះបញ្ជី សុំសេចក្ដីអនុម័តពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបានដំណើរការវិនិយោគនៅកម្ពុជា។ តាមរយៈគម្រោងទាំងនេះអាចបង្កើតឱកាសការងារបានប្រមាណ ៩០០០កន្លែង

    តាមទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

    គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណ ៩០០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

    គួររំលឹកដែរថា ក្រោមបរិយាកាសនៃស្ថិរភាពនយោបាយ សន្តិសុខសង្គម ជាពិសេស គោលនយោបាយអនុគ្រោះ និងទាក់ទាញអ្នកវិនិយោគ ស្របជាមួយនឹងយុទ្ធនាការដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» ក្រោមសកម្មភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបានទាក់ទាញបានបណ្តាក្រុមហ៊ុនអន្តរជាតិយ៉ាងចូលមកបណ្តាក់ទុននៅកម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលមានទុនសរុបប្រមាណ ៦, ៩ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

    ក្នុងឆ្នាំ២០២៤ នេះផងដែរ ចំពោះវិស័យឧស្សាហកម្មនៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤ ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣៕

  • ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។

    ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

    មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

    ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកស្រីបានជម្រាបជូនថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

    ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

  • អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងចិញ្ចឹមសត្វផងដែរ។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងដោយបង្ហាញអំពីសន្តានុពលសំខាន់ៗ របស់ខេត្តតាកែវ ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ កំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះ ក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវ មានស្រាប់បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក ដូច្នោះជាគំនិតរបស់ក្រុមហ៊ុនដាណុងចង់បង្កើតកំពង់ផែ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បើចង់បង្កើតកំពង់ផែន គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ហើយណាមួយព្រែកជីកនេះ ក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។

    ឯកឧត្តម អភិបាលខេត្តតាកែវ បន្ដថា ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង ២២ម៉ឺន ហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី ៤តោន ទៅ ៨តោន ក្នុងមួយហិចតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពុងផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពុងផែន និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសន្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តាកែវ ក៏បានបង្ហាញអំពីតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ធម្មជាតិយ៉ាងស្រស់ស្អាតរបស់ខេត្តតាកែវ ដែលមានទីតាំងនៅស្រុកបូរីជលសារផងដែរ។

    ជាការស្នើសុំក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានការយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ប៉ុន្តែទាល់តំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយនេះ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគ៕

  • អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។

    ក្រៅពីការគាំទ្រជីវភាពប្រជាជនកម្ពុជាតាមរយៈការវិនិយោគដូចបានលើកឡើងខាងលើ អាមេរិកក៏បានផ្តល់ជំនួយសំខាន់ៗបន្ថែមទៀត រួមមានថវិកាជំនួយស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ជាង ២៩លានដុល្លារ ផ្តល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដើម្បីពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។

    បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងថ្មីត្រូវបានប្រកាសដើម្បីការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ព្រមទាំងថវិកា ជាង ៦ លានដុល្លារពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។

    ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈការផ្តល់ថវិកាចំនួន ៣ លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ ជំនួយទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕

  • គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មីចំនួន ១២, និងការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក។

    គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    ចំពោះគម្រោងទទួលបានការលើកទឹកចិត្តក្នុងគោលការណ៍ពិសេសទាំង២៥ខាងលើនេះ ជាគម្រោងវិនិយោគនៅក្នុងវិស័យចម្រុះ រួមមានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តថា៖ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានាដែលជានិន្នាការល្អសម្រាប់​ការបង្កើតបរិយាកាសវិនិយោគ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និង បានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ ។

    គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន១៤០ គម្រោង​ រួចមកហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែ តុលា ឆ្នាំ២០២៤, គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង ។

    គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    ក្នុងចំណោមគម្រោងទាំង១៦៥,គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោ​ង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ៕