Category: សេដ្ឋកិច្ច

  • ក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ ទំហំទុនសរុប ៤៤៣លានដុល្លារអាមេរិក

    ក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ ទំហំទុនសរុប ៤៤៣លានដុល្លារអាមេរិក

    ភ្នំពេញ៖ ក្នុងឱកាសថ្លែងបាឋកថាទៅកាន់អភិបាលរងខេត្ត និងរាជធានី ស្តីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន” ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងយ៉ាងច្បាស់អំពីកត្តាសំខាន់ៗដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា គ្រាន់តែក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាមេរិក អាចបង្កើតការងារប្រមាណ ២៥ ០០០កន្លែង។

    ក្នុងខែកញ្ញា CDC បានចុះបញ្ជី​​គម្រោ​​ង​វិនិយោគចំនួន ២៨ ទំហំទុនសរុប ៤៤៣លានដុល្លារអាមេរិក

    ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានឱ្យដឹងទៀតថា រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្រោយពីវិបត្តិ កូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ CDC បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៣ ២៥៨ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ប្រមាណ ១៦៩ ពាន់កន្លែង។ ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៤៣ លាន ដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៥ ពាន់ កន្លែងបន្ថែមទៀត។

    នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានរំលេចនូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែ នឹងបន្តរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សេវាថែទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់ ១០០ % វិនិយោគិនក៏បានពិចារណាការវិនិយោគក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ៕

  • ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    ភ្នំពេញ៖ យ៉ាងយូរនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    យោងតាមទស្សនទានស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី» បានឱ្យដឹងថា៖ ក្នុងកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្ម (DALRM) នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រោមការគាំទ្រពីកម្មវិធី ​SilvaCarbon SIG-GIS និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអភិវឌ្ឍន៍គំរូដើម្បីផលិតផែនទីដំណាំកសិកម្មសម្រាប់ប្រទេសទាំងមូល ដោយបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន។

    គម្រោងនេះផ្តោតលើដំណាំអាទិភាពដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំទុរេន ដំណាំមៀនប៉ៃលិន ដំណាំដំឡូងមី ដំណាំពោត និងដំណាំម្រេចជាដើម ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដំណាំនៅកម្ពុជា។ លើសពីនេះ គម្រោងមានគោលបំណងដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដី និងការកែលម្អការអនុវត្តកសិកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

    នៅឆ្នាំ២០២២ កម្មវិធី SilvaCarbon ក្រុមការងារSIG-GIS និងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានប្តេជ្ញាចិត្តជំរុញការប្រមូលទិន្នន័យ និងរិះរកវិធីសាស្ត្រផលិតផែនទីដំណាំតាមរយៈការសិក្សាស្រាវជ្រាវ និងសាកល្បងគំរូម៉ាស៊ីនស្វ័យសិក្សា (Machine Learning) ផ្សេងៗ។ ការរិះរកវិធីសាស្ត្រនេះផ្តោតជាពិសេសសំដៅលើការលើកកម្ពស់ភាពជឿជាក់ និងប្រសិទ្ធភាពនៃការផលិតផែនទីដំណាំកសិកម្មនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើដំណាំស្វាយចន្ទី។

    គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលទិន្នន័យដែលទទួលបានប្រភពជាច្រើនដែលបង្ហាញពីសមត្ថភាពគំរូ Convolutional Neural Network model (CNN) ជាមួយនឹងរូបភាពផ្កាយរណបផ្សេងៗ រួមមាន sentinel-1 sentinel-2 landsat-8 និង Planet Scope។ លើសពីនេះ រូបភាពថតចេញពីដ្រូនដែលមានគុណភាពកម្រិតខ្ពស់ និងទិន្នន័យផ្សេងទៀតដែលបានគូសវាសដោយដៃយ៉ាងល្អិតល្អន់ត្រូវបានដាក់បញ្ចូលដើម្បីផលិតបានផែនទីដែលមានកម្រិតអាចជឿជាក់បានកម្រិតខ្ពស់។

    ការរួមបញ្ចូលនៃប្រភពទិន្នន័យផ្សេងៗ និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា បានឈានទៅដល់ការផលិតផែនទីដំណាំស្វាយចន្ទីយ៉ាងលម្អិត និងគួរឱ្យទុកចិត្តបាន។ ផែនទីនេះអាចចាត់ទុកជាចំណុចដ៏សំខាន់មួយក្នុងការផលិតផែនទីដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលខាងមុខនេះ។

    ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

    គួរបញ្ជាក់ដែរថា គោលបំណងនៃកម្មវិធីខាងលើនេះ គឺដើម្បីធានាថា គ្រប់ភាគីពាក់ព័ន្ធទទួលបានព័ត៌មានច្បាស់លាស់ និងអាចប្រើប្រាស់ផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទី និងទិន្នន័យផ្ទៃដីដាំដុះសម្រាប់គាំទ្រការលើកកម្ពស់ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា និងការកំណត់តំបន់ដាំដុះដំណាំដើម្បីគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕