Category: សេដ្ឋកិច្ច

  • ស្ថាប័នជំនាញ ធ្វើសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ»

    ស្ថាប័នជំនាញ ធ្វើសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ»

    ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ព្រមទាំងវត្តមានមន្ត្រី និងសមាជិក ព្រមទាំងអ្នកតំណាងមកពីស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធសរុបប្រមាណ ១១០០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ

    អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ ក្រោមយន្តការនៃវេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។
    អ្នកឧកញ៉ា បានជំរុញឱ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោ បាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ។ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

    ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ក៏បានអំពាវនាវដល់អ្នកចូលរួមសិក្ខាសាលាទាំងអស់ ទាញយកអត្ថប្រយោជន៍ពេញលេញពីការពិភាក្សា ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនអំពីការអនុលោមតាមច្បាប់ពន្ធ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

    ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មកកាន់សាខាពន្ធដារទេ គ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP GDT ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋ។

    ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ ដូច្នេះការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗ។ ម្យ៉ាងវិញទៀត ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-flling) និងពន្ធលើប្រាក់ចំណេញ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍលើគ្រប់វិស័យ។

    ឯកឧត្តម បានគូសបញ្ជាក់ទៀតថា កាលពីមុន អគ្គនាយកពន្ធដារ បានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលនៅក្នុងចំណោមធនាគារទាំងអស់នោះ គឺមានធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង មួយផងដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋ គឺមានតម្លាភាព ស័ក្តិសិទ្ធភាព និងភាពច្បាស់លាស់។

    បើតាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធិអនុញ្ញាតដល់ធនាគារវីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារវីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ៕

  • ជប៉ុន បង្ហាញពីជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចិរភាព

    ជប៉ុន បង្ហាញពីជំនាញ និងបទពិសោធន៍សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រកបដោយចិរភាព

    ភ្នំពេញ ៖ ជប៉ុន តាមរយៈគណៈប្រតិភូរបស់ខ្លួនមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) បានចែករំលែកនូវបទពិសោធន៍ និងជំនាញប្រកបដោយប្រសិទ្ធភាពជាច្រើនទសវត្សរ៍ក្នុងការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

    ការបង្ហាញនូវវិធីសាស្ត្រដ៏មានសារសំខាន់នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

    នៅក្នុងកិច្ចប្រជុំនេះ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល បន្តលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។
    លោកបានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជា។

    ជាកិច្ចឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានបង្ហាញពីអំណរសាទរចំពោះការចែករំលែកនូវវិធីសាស្ត្រដ៏មានសារសំខាន់ និងចាំបាច់ក្នុងការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា និងប្រកបដោយនិរន្តរភាព ជាពិសេស មិនបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពប្រជាជនទូទៅ ហើយថែមទាំងអាចជួយជំរុញនូវកំណើនសេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀតផង ហើយកម្ពុជា នឹងទទួលយកជំនាញ និងបទពិសោធន៍ទាំងនេះមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព៕

  • កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

    ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ២៤៥ នាក់។

    តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យ​ទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

    គួរឱ្យដឹងថា៖ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង UnionPay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាម​ឃ្យូអរកួតដំណាក់កាលទី ១ ៖ UnionPay ស្តេន KHOR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្តេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International”។

    លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International ​បានលើកឡើងថា ៖ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែនក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ២ នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងរលូន ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ»។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ” ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមរយៈឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»៕

  • រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ០០១ សហវ,សជណ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានឱ្យដឹងទៀតថា តាមរយៈការសម្រេចនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន ១. គម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង ២. គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង៣. ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ។

    ផ្អែកតាមការនេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន និងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ។ ក្នុងន័យនេះ ធុរជន វិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័ត នៅការិយាល័យក្រុមការងារដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទដែលមានតេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

  • រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    (ហ៊ីមេជី, ជប៉ុន) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសនានាលើពិភពលោកសរុបប្រមាណ ១៦០ប្រទេស។

    ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។

    កិច្ចប្រជុំ IPM 2025 នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ ACREA ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម ITO Yoshitaka រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥ ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណ ៦០០នាក់ មកពី១៦០ប្រទេស ។

    កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ និងដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ព្រមទាំងឯកសារណែនាំនានាអំពីដំណើរការនៃការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍និងកាលកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។

    គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ក្រោមប្រធានបទរួមគឺ “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ” (Designing Future Society for Our lives) ដែលមានប្រធានបទរងចំនួន ៣គឺ៖ ១.ការសង្គ្រោះជីវិត ២. ការបង្កើនភាពអង់អាចដល់ជីវិត និង៣. ការភ្ជាប់ទំនាក់ទំនងជីវិត។

    ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកប្រធានបទរងទី១ “ការសង្គ្រោះជីវិត” និងជ្រើសរើសយកពន្លាជាតិប្រភេទ B ទំហំ ៣០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងលេខ BS3 សម្រាប់ការចូលរួមពិព័រណ៍នេះ ដោយនឹងសម្ពោធ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃរៀបចំទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

  • ក្រុងព្រះសីហនុ នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល៥ថ្ងៃ នាចុងខែមករានេះ

    ក្រុងព្រះសីហនុ នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម រយៈពេល៥ថ្ងៃ នាចុងខែមករានេះ

    ព្រះសីហនុ ៖ នាដំណាច់ចុងខែមករានេះ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣១ ដោយមានកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានតេជោ ក្រុងព្រះសីហនុ ។

    នៅក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាពជាច្រើនដូចជា ការប្រគុំតម្ត្រី និងសម្តែងសិល្ប: ការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម និងកសិកម្ម ការប្រកួតរត់ប្រណាំង ការប្រកួតថតរូប និងវីដេអូក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ក្នុងគោលបំណងជ្រើសរើសបេក្ខជនដែលមានទេពកោសល្យស្នាដៃឆ្នើម ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុ ជាពិសេស ការបង្កើតនូវព្រឹត្តការណ៏ទាក់ទាញកម្សាន្តសប្បាយ ការផ្សព្វផ្សាយតម្លៃវប្បធម៌ខ្មែរក៏ដូចជាផលិតផលខ្មែរជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ផងដែរថា ដើម្បីញាំងឱ្យការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កាន់តែមានភាពអធិកអធម និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវដែលចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ មន្ទីរទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំឱ្យមានការរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងអប់រំអនាម័យបរិស្ថានតំបន់ឆ្នេរ”។ ចំពោះការចូលរួមប្រកួតរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រនេះដែរ អ្នកចូលរួមពុំមានការបង់ប្រាក់ឡើយ ហើយទទួលបានអាវយឺតចំនួន០១ នៅពេលចុះឈ្មោះ។ សម្រាប់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៥០០ ០០០រៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៤០០ ០០០រៀល, ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៣០០ ០០០រៀល, ជ័យលាភីលេខ៤ ទទួលបានទឹកប្រាក់ ២០០ ០០០រៀល និងជ័យលាភីលេខ៥ ទទួលបានទឹកប្រាក់ ១០០ ០០០រៀល សម្រាប់ជ័យលាភីប្រុស ០៥នាក់ និងស្រី ០៥នាក់។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីម្ចាស់ អាជីវកម្ម និងភ្ញៀវជាតិ-អន្តរជាតិ មេត្តាចូលរួមការតាំងពិព័រណ៍ និងទស្សនាកម្សាន្តកម្មវិធីខាងលើឱ្យបានច្រើនកុះករ។ ដោយឡែកសម្រាប់បណ្តាក្រុមហ៊ុនឯកជន សមាគមទេសចរណ៍ អាជីវករទេសចរណ៍ និងសិស្ស និស្សិត ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមទំនាក់ទំនងមកមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរៀងរាល់ម៉ោងធ្វើការ៕

  • ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd. អញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុង ជាបណ្តោះអាសន្ន សម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។

    យោងតាមការបញ្ជាក់ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង នឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល «ឆាតទើរ»  (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១៥០នាក់។

    អាកាសយានដ្ឋានតារាសាគរ នឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាងមុខ។

    អាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលទី១ លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិនវេសមិន (CAI))។
     
    បើតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងថានឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

  • កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    ក្នុងពិធីបើក វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូ និកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម គួរយកចិត្តដាក់បន្ថែម ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលនិងវិនិយោគធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល សំដៅឆ្លើយតបនិងដើរឱ្យទាន់សភាពការណ៍នៃការវិវត្តិរបស់សាកលភាវូបនីយកម្មនៅក្នុងបរិបទឌីជីថល។

    ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

    ជាការឆ្លើយបត ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានលើកឡើងថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹមត្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

    វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឱ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មភាពគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ៕

  • ចិនបានបណ្តាក់ទុនក្នុងវិស័យកម្មន្តសាល នៅកម្ពុជាសរុបជាង ៩០៨៦ពាន់លានដុល្លារ

    ចិនបានបណ្តាក់ទុនក្នុងវិស័យកម្មន្តសាល នៅកម្ពុជាសរុបជាង ៩០៨៦ពាន់លានដុល្លារ

    ភ្នំពេញ ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ២ ៣២៦ ដែលក្នុងនោះ ១ ២៧៣ រោងចក្រមានប្រភពវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំទុនវិនិយោគចំនួន ៩ ០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប។

    ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ កម្ពុជា និងមិត្តចិន មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។

    ឯកឧត្តមបានបន្តទៀតថា ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាល បានឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។

     

    ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានគាំទ្រទៅនឹងការលើកឡើងខាងលើនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

    ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសន្យាព្យាយាមជួយផ្សព្វផ្សាយ និងជំរុញក្រុមហ៊ុនចិនឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។

    សូមជម្រាបផងដែរថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាគ្នាជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនវានុវត្តន៍ ជាពិសេសជំរុញការវិនិយោគលើវិស័យកម្មន្តសាលនៅកម្ពុជាបន្ថែមទៀត៕

  • រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ភ្នំពេញ ៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ៣៧ ទ្រីលានរៀល ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ពិសេសគឺកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

    រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

    ការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នេះត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅវិមានសន្តិភាព​ រាជធានីភំ្នពេញ​ អំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។

    សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

    នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល (ប្រមាណជាង ៣៧ ទ្រីលានរៀល) ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។ ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

    ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។ អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេសការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕