Category: សង្គម និងសេដ្ឋកិច្ច

  • លោក Emery បញ្ជាក់​ថា លោក​ចង់​​ធ្វើឱ្យ​ Arsenal ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក

    លោក Emery បញ្ជាក់​ថា លោក​ចង់​​ធ្វើឱ្យ​ Arsenal ក្លាយ​ជាក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក

    លោក Unai Emery បានប្រកាស​ពី​បំណង​របស់​លោក​ក្នុង​​ការ​ជួយ​ឱ្យ Arsenal «ក្លាយ​ជាក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និងពិភព​លោក» ក្រោយពី​ត្រូវ​បានប្រកាស​​ជា​អ្នក​​ចាត់​ការ​ទូទៅ​ថ្មី​ជំនួស​កន្លែង​របស់​លោក Arsene Wenger ក្នុង​កិច្ច​សន្យា​រយៈពេល​ 3​ឆ្នាំ​។

    នៅ​​​ថ្ងៃ​នៃ​ការ​ប្រកាស​ពី​ការ​តែង​តាំងនោះ លោក Ivan Gazidis នា​យក​ប្រតិ​បត្តិ​របស់​ក្លិប បាន​បញ្ជាក់​ថា ការ​ងារ​​ក្នុ​ងក្លិប Arsenal គឺ​ជា​​ការ​ងារ​ដ៏​គួរ​ឲ្យ​ចង់​ធ្វើ​បំផុតក្នុង​ពិភពកីឡា​បាល់​ទាត់ និងបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​ជឿជាក់​ថា ពួក​គេ​ទទួល​បាន​គ្រូបង្វឹក​ម្នាក់​​ដែលនឹង​បង្កើត​ឱ្យ​មានការ​ចង​​ចាំ​ទៅលើ​ជ័យជម្នះ​កាល​ពី​អតីត​​។ លោក Emery​ បាន​និយាយ​ភា​សា​អង់គ្លេស ក្នុ​ង​ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​ឯ​កីឡដ្ឋាន Emirates ដែល​​ពិត​ជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​លោក​បាន​ចាត់​ទុក​ថា ការ​ប្រជែង​នៅ​ចំពោះ​មុខ​របស់​លោក «គឺ​ជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត​»​។ លោក Emery បាន​យល់​ព្រម​​ធ្វើ​ការ​ក្នុង​រច​នា​សម្ព័ន្ធថ្មី ហើយ​លោក​ដឹង​ថា ក្លិប​នឹង​ផ្តល់​កញ្ចប់​ថវិកា​ 50​លាន​ផោន ទៅ​លើ​ការ​​ទិញ​ចូល​កីឡាករ​ថ្មី​នៅ​រដូវកាល​ក្រោយ​។

    គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នឹងមិន​ធ្វើការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ឡើយ​ទៅលើ​ក្រុម Arsenal ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​6 នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ដែលទើប​តែ​បញ្ចប់​កាល​ពី​ពេលថ្មី​ៗនេះ​។ លោក Emery បាន​ឱ្យ​ដឹង​ថា៖ «ក្រុម​នេះ​គឺ​ជាក្រុម​ដ៏​ធំមួយ ដែលមាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ហើយ​យើង​គិត​ថា យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន និង​កីឡាករ​3 ទៅ​4​នាក់​។ ក្រោយ​ពីការ​អវត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League 2​លើក ការ​ងារ​ចម្បង​គឺ​ការក្លាយ​ជា​​ក្រុម​​ដ៏​ខ្លាំង​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League និង​ពិភព​លោក​»​៕

    ប្រភព​ពី៖ The Guardian

  • ហោរាសាស្រ្តប្រចាំខែឧសភា​ ឆ្នាំ2018

    ហោរាសាស្រ្តប្រចាំខែឧសភា​ ឆ្នាំ2018

    ឆ្នាំជូត ​(ពងទេវតាប្រុស ធាតុទឹក)៖ រាសី​ស្រុតចុះ​យ៉ាងខ្លាំង។ នៅ​ខែ​នេះ លោកអ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន ឬ​សូម្បីតែ​ពី​ចម្ងាយ​ក្តី​ទើប​មិនមាន​បញ្ហា​ចោទឡើង។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ពោលថា ពេល​ឱ្យ​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុវត្ថិភាព​ទេ គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរណ៍​បន្តិច។ រីឯ​បញ្ហា​សម្ពន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល ពុំ​នោះទេ បើ​កើតរឿង​ធំ​គឺ​គ្មាន​នរណា​ជួយ​កើត​ឡើយ៕

    ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)៖ រាសី​ឡើង​ខ្ពស់ត្រដែត។ នៅ​ខែ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រាក់កាស ឬ​បញ្ហា​កិច្ចការងារ​សំខាន់​អ្វីមួយ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នោះ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​មកវិញ​ជាពុំខាន។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក៕

    ឆ្នាំខាល (ពង្សយក្ខិនី ធាតុឈើ)៖ រាសី​ល្អជា​មធ្យម។ នៅ​ខែ​នេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់សន្សឹមៗទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ វិលត្រឡប់​មកវិញ​ដែរ។ ទាំង​ស្ត្រី ទាំង​បុរស ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់ ហើយមិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​កអី​ុ​ចឹ​ង​ដែរ។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​​ និង​ប្រចែប្រចណ្ឌ​ច្រើន ដោយសារម្នាក់ៗមិនសូវ​យកចិត្តទុកដាក់​គ្នា​ឡើយ៕

    ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)៖ រាសី​ស្រុតចុះ​យ៉ាងខ្លាំង។ នៅ​ខែ​នេះ​ការប្រកប​កិច្ចការងារ​អ្វី​ឃើញថា មានការ​រាំងស្ទះ និង​ជួប​បញ្ហា​ជា​ឧបសគ្គ​ច្រើន ពិសេស​ងាយ​កើតរឿង​រ៉ាវទៀតផង។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​មួយហើយ​មួយទៀត។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រចណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់៕

    ឆ្នាំរោង (ពង្សទេវតាប្រុស ធាតុមាស)៖ រាសី​ឡើង​ខ្ពស់ត្រដែត។ នៅ​ខែ​នេះ​ឃើញថា ការប្រកប​កិច្ចការងារ​អ្វី​តែង​មានការ​ជឿនលឿន និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​គួរសម។ ក្នុង​ខែ​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​យ៉ាងណាក្តី​មិនត្រូវ​លោភលន់​ពេក​នោះទេ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ។ រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ៕

    ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)៖ រាសី​ឡើង​ខ្ពស់ត្រដែត។ នៅ​ខែ​នេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើទោះបី​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏ដោយពិសេស​ស្ត្រី​តែង​ទទួលផល​ឆ្លើយតប និង​មានជោគ​មានជ័យ​ជានិច្ច។ ការប្រកប​ការងារ បើ​លោក​អ្នកខ្លះ​ធ្លាប់តែ​ជួប​បញ្ហា​មិនល្អ​នឹង​អាច​ប្រែប្រួល​មកជា​ល្អ​ឡើងវិញ ដូចនេះ​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ខែ​នេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី មាន​ភាព​លូតលាស់​ប្រពៃ​ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ និង​ផ្អែមល្ហែម​ប្រពៃណាស់៕

    ឆ្នាំមមី (ពង្សទេវតាស្រី ធាតុភ្លើង)៖ រាសី​ស្រុតចុះ​យ៉ាងខ្លាំង។ នៅ​ខែ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបសគ្គ​រារាំង​ច្រើន ម៉្លោះហើយ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​រួច។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទីជិត​ឆ្ងាយ ខ្សត់ខ្សោយ​ក្នុង​ការរក​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ផល​កម្រៃ​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច។ ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​ក្រុមមនុស្ស​ប៉ង​អាក្រក់​ដោយ​ប្រការ​ណាមួយ។ រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច ហើយ​តែង​កើត​នូវ​រឿងរ៉ាវ​រកាំរកូស​មិនតិច​ឡើយ៕

    ឆ្នាំមមែ (ពង្សទេវតាស្រី ធាតុមាស)៖ រាសី​ល្អជា​មធ្យម។ នៅ​ខែ​នេះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ ពិសេស​ការប្រកប​ការងា​រ ឬ​ធ្វើ​អ្វីមួយ​មិនត្រូវ​ឱ្យ​សំខាន់​ពេក​ទេ ពីព្រោះថា​ផល​ប៉ះទង្គិច​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​ផង។ ការរស់នៅ​ងាយ​មាន​បញ្ហា​អាក្រក់​ជាមួយ​អ្នកដទៃ​ណាស់ គប្បី​ប្រយ័ត្នប្រយែង។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ខែ​នេះ​វិញ លោកអ្នក​មានដំណើរ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ចាញ់បោក​គេ។ សម្ពន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា៕

    ឆ្នាំវក (ពង្សយក្សប្រុស ធាុតដែក)៖ រាសី​ល្អជា​មធ្យម។ នៅ​ខែ​នេះ​មិន​ថា​ការប្រកប​ការងារ​ ឬ​ការរស់នៅ លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​ស្លូតបូត ឬ​ធ្វើ​ច​រិ​ក​ឱ្យ​រាបសារ​បន្តិច​ទើប​ជីវិត​មាន​ភាព​សុខដុម។ អ្នក​ប្រកបការងារ​ទី​ខ្ពស់ ពិសេស​កម្មករសំណង់​ ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ។ ចំណែក​អ្នក​អាជីវ​ករ​ត្រូវ​បើក​ចិត្ត​ទូលាយ មិនត្រូវ​បង្កបញ្ហា​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ឬ​អ្នក​ក្បែរ​ខាង​ទើប​មិនមាន​បញ្ហា​ចោទឡើង។ រីឯ​បញ្ហា​សម្ពន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា ​និង​ផ្អែមល្ហែម​ប្រពៃណាស់៕

    ឆ្នាំរកា (ពង្សមនុស្សប្រុស ធាតុដែក)៖ ាសី​ល្អជា​មធ្យម។ នៅ​ខែ​នេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ផល​ល្អ​មកវិញ​មួយចំនួន​ផងដែរ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹកផ្លូវគោក ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូលខ្លះៗ គ្រាន់​ផ្សើម​បំពង់ក​អី​ុ​ចឹ​ង​ដែរ តែ​យ៉ាងណា​ការ​ក៏ដោយ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​ និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន៕

    ឆ្នាំច (ពង្សយក្ខិនី ធាតុដី)៖ រាសី​ល្អជា​មធ្យម។ នៅ​ខែ​នេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម៉្លោះហើយមិន​ថា​បញ្ហា​ការងារ និង​ប្រាក់កាស​ជួប​បញ្ហាលំបាក​ច្រើន។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូលតក់ៗគ្រាន់​ផ្សើម​បំពង់ក​អី​ុ​ចឹ​ង​ដែរ ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ចាញ់បោក​គេ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រចណ្ឌ និង​ចាប់កំហុស​គ្នាច្រើន៕

    ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)៖ រាសី​ឡើង​ខ្ពស់ត្រដែត។ នៅ​ខែ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ទោះ​ធ្វើ​អ្វី​ក៏​ឃើញថា​ចម្រើន​លូតលាស់​គួរសម។ បើ​លោកអ្នក​ប្រកបការងារ បើ​ក្រុម​មាន​មនុស្ស​បង្កបញ្ហា​ក៏​មិនអាច​ធ្វើ​អ្វី​លោកអ្នក​កើត​ដែរ ឬ​ឆាប់​រលាយ​អស់​ទៅវិញ​ដែរ។ នៅ​ខែ​នេះ​ផងដែរ បើជា​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់​កក់ក្តៅ។ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ឬ​ចូល​សាសង​ជាមួយ​អ្នកជា​ទីស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត៕

  • ទៀតហើយ!! ដេននី ក្វាន់ សម្ញែងលុយដុល្លារជាច្រើនខ្ទាស់ ទុកទៅកែសម្ផស្សនៅថៃ

    ទៀតហើយ!! ដេននី ក្វាន់ សម្ញែងលុយដុល្លារជាច្រើនខ្ទាស់ ទុកទៅកែសម្ផស្សនៅថៃ

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងសិចស៊ី ដែលទើបតែរួចផុតពីបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺអ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលសម្ញែងឱ្យឃើញលុយដុល្លារក្រដាសប្រាក់ 100ដុល្លារជាច្រើនខ្ទាស់ ដែលនាងត្រៀមទុកទៅកែសម្ផស្សនៅប្រទេសថៃទៀតហើយ។

    អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ផងដែរថា «ចង់ប្រាប់ថាលុយនេះមិនមែនទុកចាយ ឬបើកមុខរបររកស៊ីអីទេ គឺត្រៀមទុកសម្រាប់យកទៅកែសម្ផស្សនៅថៃ…ប៉ុណ្ណឹងប្រហែលជាមិនទាន់គ្រប់ថ្លៃពេទ្យទេ តែក៏មិនមានបញ្ហាអីដែល អស់ម៉ានអស់ទៅ ឱ្យតែអូនស្អាត»។ អូហូ! គឺពិតដូចជាពាក្យនាងបានថាកន្លងមកមែន «ប្រណាំងអី ប្រណាំងបាន តែកុំចង់ប្រណាំងជាមួយព្រេងវាសនា!» បើទោះបីជានាងមិនសូវបង្ហាញមុខមាត់នៅក្នុងពិភពសិល្បៈក៏ពិតមែន តែជីវិតនាងហាក់បីដូចជាជោគជ័យក្នុងការងាររកស៊ីរបស់នាងខ្លាំងណាស់។

    គួររំឭកផងដែរថា ស្រីស្រស់ ដេននី ក្វាន់ ធ្លាប់សម្ញែងក្រដាសប្រាក់ដុល្លារទាំងខ្ទាស់ៗ និងសម្ញែងទិញចិញ្ចៀនពេជ្រទាំងការ៉ាត់ៗ ហើយនិយាយថា «ក្តីស្រមៃតូចៗរបស់ខ្ញុំ បានដូចបំណងហើយ នៅឡើយតែក្តីស្រមៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។ ជាមួយគ្នានឹងភាពជោគជ័យរបស់កញ្ញា មានទស្សនិកជនមិនតិចទេដែលនាំគ្នាសរសើរថា នាងគឺជាស្ដ្រីម្នាក់មានការតស៊ូក្នុងជីវិត ចេះទុកដាក់លុយកាក់ត្រឹមត្រូវបានល្អ មានសមត្ថភាពរកចំណូលបានទាំងខ្លួននៅក្មេង ហើយអាចសន្សំប្រាក់រហូតសម្រេចក្ដីបំណងបាន ដោយមិនបានពឹងផ្អែកលើសមត្ថភាពបុរសឡើយ៕

  • បង្រៀន​កូន​ឱ្យមាន​វិន័យ ឱ្យ​ឆ្លាត​សមវ័យ ត្រូវ​ចិញ្ចឹម​កូន​បែប EF

    បង្រៀន​កូន​ឱ្យមាន​វិន័យ ឱ្យ​ឆ្លាត​សមវ័យ ត្រូវ​ចិញ្ចឹម​កូន​បែប EF

    បង្រៀន​កូន​ឱ្យមាន​វិន័យ ឪពុកម្ដាយ​អាច​ចាប់ផ្ដើមបាន​តាំងពី​កូន​នៅតូចៗដោយ​ប្រើ​វិធី​ការចិញ្ចឹម​កូន​បែប EF (Executive Function) ដែលមាន​ន័យ​ពី​សមត្ថភាព​កម្រិត​ខ្ពស់​របស់​ខួរក្បាល​ដែល​ប្រើប្រាស់​ក្នុង​ការគិត អារម្មណ៍ និង​ទង្វើ។ ដើម្បីឱ្យ​ទៅដល់​គោលដៅ ដែលជា​គោលដៅ​សម្រាប់​កូន មិនមែនជា​របស់​ឪពុកម្ដាយ តាម​ស្ទីល​របស់លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​អប់រំ​កុមារ​គឺជា​អ្វី និង​សំខាន់​ចំពោះ​ការចិញ្ចឹម​កូន​យ៉ាងណា យើង​នាំគ្នា​មក​មើល​ទាំងអស់គ្នា​ដូចតទៅ។

    គោលការណ៍​របស់ EF
    1. មើលថែទាំ​ខ្លួនឯងបាន
    គឺ​ការឱ្យ​កុមារ​បាន​ប្រើប្រាស់​ខ្លួនឯង​ជា​ចំណុចកណ្ដាល ​ដើម្បី​អភិវឌ្ឍ និង​ហ្វឹកហាត់​ខ្លួនឯង​ឱ្យ​អាច​មើលថែទាំ ជួយ​ខ្លួនឯងបានដោយ​មិនចាំបាច់​មាន​អ្នកណា​មក​ចាំ​ប្រាប់។ មាន​គោលការណ៍ 4 យ៉ាង​ដូចតទៅ ៖
    ** ការមើល​ថែទាំ​រាងកាយ​របស់​ខ្លួនឯង: ដូចជា​ការ​ញ៉ាំ​បាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់​ទាំង​ធំ និង​តូច​ដោយ​ខ្លួនឯងបាន ដែល​ឪពុកម្ដាយ​អាច​បង្ហាត់​កូនតូច​បាន​តាំងពី​អាយុ2 – 3ឆ្នាំ។ សម្រាប់​ការ​ញ៉ាំ​បាយ​ខ្លួនឯង នឹង​ជួយ​ឱ្យ​ក្មេង​បាន​អភិវឌ្ឍ​គ្រប់យ៉ាង​ជារួម បើ​ឪពុកម្ដាយ​នៅតែ​ចាំ​បញ្ចុក​បាយ​ឱ្យ​កូនតូច​ញ៉ាំ ក៏​នឹងធ្វើ​ក្មេង​មិន​ក្លាយជា EF។

    ** ការមើល​ថែទាំ​ជុំវិញ​រាងកាយ​របស់ខ្លួន: អាច​ចាប់ផ្ដើម​ជាមួយ​កូនតូច​ដែលមាន​អាយុ3 – 5ឆ្នាំ ដូចជា ​ការប្រមូល​ទុកដាក់​របស់​លេង​នៅពេល​លេង​រួច ការរៀបចំ​កន្លែង​គេង​ឱ្យ​ស្អាត​រៀបរយ​បន្ទាប់​ភ្ញាក់​ពី​គេង។

    ** ការមើល​ថែទាំ​ការងារ​ផ្ទះ: ឪពុកម្ដាយ​អាច​ចាប់ផ្ដើម​បង្ហាត់​កូនតូច​តាំងពី​អាយុ6 – 7ឆ្នាំ​ឡើងទៅ ដូចជា ​លាងចាន ហាល​ខោអាវ ប្រមូល​សំរាម បោស​ផ្ទះ ជូត​ផ្ទះ ដែល​មូលដ្ឋានគ្រឹះ​របស់​ការធ្វើ​ការងារ​ផ្ទះ​បែប EF នេះ​ជាការ​ធ្វើឱ្យ​ក្មេង​បាន​កម្រើក​ម្រាមដៃ កម្រើក​ខួរក្បាល​ខ្លាំង​ជាង​ការធ្វើឱ្យ​ផ្ទះ​ស្អាត។

    ** ការមើល​ថែទាំ​នៅក្រៅ​ផ្ទះ: ឬ​ការធ្វើ​តាមច្បាប់​របស់​ស​ង្គ​ម ដូចជា ​ញ៉ាំ​បាយ​នៅក្នុង​ហាងលក់​បាយ ការរត់​លេង​នៅក្នុង​ហាង និង​ការ​ឈរ​តម្រង់​ជួរ​រង់ចាំ​ទិញ​ឥ​វ៉ាន់ជាដើម។

    2. ការចេះ​ដោះខ្លួន​រួច​ពី​ស្ថានការណ៍​
    ប្រថុយ​នឹង​គ្រោះថ្នាក់ផ្សេងៗដូចជា គោលដៅ​គឺ ចង់​ជិះ​ជ្រែ​ម៉ូតូ ដូច្នេះ EF គឺ​ការគិត​ឱ្យបាន​ល្អិតល្អន់​ថា តើ​ត្រូវ​ជិះ​ម៉ូតូ​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព ត្រូវ​គ្រប់​គ្រង​ការគិត អារម្មណ៍ ទង្វើ​ដែល​ល្អ ឬ​គោលដៅ គឺ​ការចង់​ធ្វើ​អ្វីមួយ តែ​ត្រូវ​ឆ្លងកាត់​ការគិត អារម្មណ៍ និង​ទីបំផុត គឺ​ការបង្ហាញ​ទង្វើ​ដែល​ល្អ​ហ្នឹងឯង។

    3. មាន​អនាគត​ដែល​អាច​សាង​ឡើង​បាន​ដោយ​ខ្លួនឯង
    សម្លឹង​ទៅខាង​មុខ ការ​មាន​កម្លាំង​ជំរុញ​ចិត្ត មាន​ភាព​មានះ​ព្យាយាម ភាព​ស្រឡាញ់​ឈ្លក់​ក្នុង​អំពើ​ល្អ។
    • រៀបចំ​ផែនការ
    • ចាប់ផ្ដើម​ធ្វើ
    • ទទួលខុសត្រូវ
    • បត់បែន កែសម្រួល​គោលដៅ កែសម្រួល​ផែនការ​បាន​គ្រប់ពេល​ជានិច្ច មិន​បន្ទោស​ខ្លួនឯង មិន​បន្ទោស​អ្នកដទៃ។

    ក្រៅពីនេះ​លោក​វេជ្ជបណ្ឌិត​នៅបាន​ណែនាំ​ពី​កិច្ចការងារ​របស់​កូនតូច​ក្រោយពេល​ត្រឡប់​មកពី​សាលារៀន​ទៀតផង។ ដោយសារតែ​ក្មេង​ភាគច្រើន​នឹង​ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​ម៉ោង​ប្រមាណ17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យ​កូនតូច​មាន​ពេលវេលា​ក្នុង​ការធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ឱ្យ​រួចស្រេចតាំងពី​ម៉ោង18ៈ00 – 21ៈ00 សរុប3ម៉ោង​តាម​លំដាប់​ដូចតទៅ។

    ការងារ​ផ្ទះ: ជាការ​ងារ​ដំបូង​ដែល​ឪពុកម្ដាយ​គួរ​ប្រាប់​ឱ្យ​កូនតូច​បានធ្វើ ព្រោះ​ការឱ្យ​កុមារតូចៗបានធ្វើ​ការងារ​ផ្ទះ​នេះ ជាការ​បណ្ដុះ​ទម្លាប់​ឱ្យក្មេងៗនឹក​ដល់​ការងារ​សួន​រួម​ខ្លាំង​ជាង​បុគ្គល​ផ្ទាល់ខ្លួន។

    កិច្ចការ​ផ្ទះ: សម្រាប់​ថ្ងៃ​ណា​ដែល​កូនតូច​គ្មាន​កិច្ចការ​ផ្ទះ ឪពុកម្ដាយ​អា​ចរក​មេរៀន​ហ្វឹក-ហាត់​បន្ថែម​មកឱ្យ​កូន​ធ្វើ​ក៏បាន។ រឿង2យ៉ាងនេះ ទាំង​ការងារ​ផ្ទះ និង​កិច្ចការ​ផ្ទះ ត្រូវ​ប្រាប់​ឱ្យ​កូន​ធ្វើឱ្យ​រួចស្រេច​មុនពេល​ចង់​ចេញទៅ​លេង ដើម្បី​ជាការ​បង្វឹក​ភាព​ទទួលខុសត្រូវ ដោយ​សុខចិត្ត​លំបាក​មុន សឹម​សប្បាយ​ជា​ក្រោយ។

    ការលេង: ជា​រឿង​ដែល​មិនអាច​ខ្វះ​បានឡើយ​ក្នុង​វ័យ​កុមារ ព្រោះ​គេ​នឹង​បាន​មាន​អារម្មណ៍​ដឹង​ពី​ភាព​ធូរស្រាល​សប្បាយ។ ឪពុកម្ដាយ​អាច​ផ្ដល់ឱ្យ​នូវ​ការលេង​ដែល​កូនតូច​ចង់​លេង ធ្វើជា​រង្វាន់​ក្រោយពី​គេ​យល់ព្រម​ខំទ្រាំ​ធ្វើ​នូវ​អ្វីដែល​គេ​មិន​សប្បាយ​នោះ​ចប់​រួចរាល់​ហើយ។

    អាន​រឿងនិទាន​មុនពេល​គេង: មុនពេល​កូន​ចូល​គេង ឪពុកម្ដាយ​អាចធ្វើ​កិច្ចការងារ​នេះ ជាការ​ភ្ជាប់​សម្ពន្ធភាព​រវាង​ឪពុក ម្ដាយ និង​កូន​ឱ្យ​កាន់តែ​ស្អិតល្មួត​ឡើង និង​ថែមទាំង​ជា​កិច្ចការងារ​ដែល​មិនសូវ​ជា​រំភើប​ញាប់​ញ័រ​ប៉ុន្មាន​ឡើយ​ដើម្បី​ត្រៀម​នាំ​កូន​ចូល​គេង។

    បើ​ឪពុកម្ដាយ​ចង់ឱ្យ​កូន​ចេះ​គ្រប់គ្រង​ចាត់ចែង​ពេលវេលា​ធ្វើ​កិច្ចការងារ​ប្រចាំថ្ងៃ​ទាំងនេះ​ដោយ​ខ្លួនឯង ឪពុកម្ដាយ​ត្រូវតែ​មិនចាំបាច់​ប្រាប់ថា ពេលណា​គួរ​ធ្វើ​អ្វី​នោះទេ បណ្ដោយឱ្យ​កូន​បាន​ចាត់ចែង​ពេលវេលា​ដោយ​ខ្លួនឯង ដែលជា​ប្រក្រតីក្មេងៗច្រើនតែ​សម្រុក​​ធ្វើ​ការងារ​ផ្ទះ និង​កិច្ចការ​ផ្ទះ​ឱ្យ​រួចឆាប់ៗ ព្រោះ​ដើម្បី​ឱ្យបាន​លេង​យូរ​ឡើង។ ជាធម្មតា​ក្មេង​នឹង​ចាប់ផ្ដើម​ចេះ​គ្រប់គ្រង​ ចាត់ចែង​ពេលវេលា​នៅពេល​មាន​អាយុ2 – 8ឆ្នាំ៕

  • លោក​គង់ តារា បង្ហាញ​ពី​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ

    លោក​គង់ តារា បង្ហាញ​ពី​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ

    ភាពជោគជ័យ​លើ​អាជីព​មុខរបរ​រហូត​ទទួលបាន​ភាព​ឥស្សរៈ​សេរីភាព​ខាង​ហិរញ្ញវត្ថុ​របស់​មនុស្សម្នាក់ៗមិនមែន​បានមក​ដោយ​ក្ដី​ចៃដន្យ​នោះទេ ប៉ុន្តែ​បានមក​ដោយសារ​ការខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់​ក្នុង​ជីវិត ដែល​ទាំងអស់នេះ​គឺជា​ការលើកឡើង​តាមរយៈ​បទពិសោធ​កន្លងមករ​ប​ស់លោក គង់ តារា ជា​គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ជោគជ័យ(ឥស្សរៈ) និង​ជា​ប្រធាន​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ដ៏​ពូកែ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ធំ​មួយ​ផងដែរ។

    ដើម្បី​ក្លាយជា​គ្រូ​បណ្តុះបណ្តាល​ដ៏​ល្បី និង​ជា​អ្នកជំនាញ​ផ្នែក​លក់​ដ៏​ពូកែ​ដូច​សព្វថ្ងៃនេះ លោក​តារា បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​ការសិក្សា និង​ការអនុវត្ត​ការងារ​ជាប្រចាំពោលគឺ​ក្រោយពី​រៀប​ចប់​ថ្នាក់បាក់ឌុប​ក្នុង​ឆ្នាំ2001មក លោក​បាន​ចាក​ចេញពី​ស្រុកកំណើត នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្រុងភ្នំពេញ។ ពេលមកដល់​ភ្នំពេញ​ដំបូង លោក​ពុំ​មានផ្ទះ​បងប្អូន​ឱ្យ​ស្នាក់នៅ​ជាមួយ​នោះទេ គឺ​លោក​បាន​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​បងប្រុស និង​បាន​ថវិកា​ឧបត្ថម្ភ​ពី​ឪពុកម្តាយ​ខ្លះ និង​បងប្អូន​ជួយ​ទំនុកបម្រុង​បន្តិចបន្តួច លោក​ត្រូវ​រៀន​បណ្តើរ និង​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​បណ្តើរ ដើម្បី​បាន​ប្រាក់​បន្ថែម​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន។

    តែ​អ្វីដែល​គួរ​ស្ងើចសរសើរ​នោះ គឺ​ចាប់ផ្ដើម​ពី​ឆ្នាំ2005មក លោក​បាន​រៀន​ចប់ 3មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​គ្នា ដោយ​ក្នុងនោះ​លោក​បាន​ចប់​បរិញ្ញាបត្រ​រូបវិទ្យា​នៅ​ឆ្នាំ2005 ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​ឆ្នាំ2006 ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ2007 និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ2009មួយទៀត ដោយ​ការសិក្សា​ទាំងនេះលោក​សុទ្ធតែ​ទទួលបាន​អាហារូបករណ៍​ទាំងអស់​លើកលែងតែ​មហាវិទ្យាល័យ​ភាសា​អង់គ្លេស​តែមួយ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​ចំណាយ​ប្រា​ក់បង់។

    ក្រៅពី​ការសិក្សា លោក​ក៏បាន​ឆ្លៀតពេល​បង្រៀន​តាម​មហាវិទ្យាល័យផ្សេងៗផងដែរ និង​ធ្វើការ​ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​ការសិក្សា​បន្ថែមទៀត។ ត្រង់ចំណុច​នេះ​លោក គង់ តារា បាន​រំឭកថា កាលណោះ​លោក​គេង​ក្នុង​មួយយប់ៗបានតែ 5ម៉ោង​ប៉ុណ្ណោះ ពោលគឺ​ត្រូវ​ងើប​នៅ​ម៉ោង 3ទៀបភ្លឺ ដើម្បី​ធ្វើការ​បកប្រែ​ភាសាបរទេស និង​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ក្នុងស្រុក​មួយ ប៉ុន្តែ​ដោយ​គិតថា​ធ្វើការ​ឱ្យគេ​មិន​អាចមាន​សេរីភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន ទើប​មួយឆ្នាំ​ក្រោយមក​លោក​បាន​សម្រេចចិត្ត​ឈប់​ធ្វើការ​នៅ​ទូរទស្សន៍ ដោ​យមក​ធ្វើការ​ជា​ប្រធាន​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន​មួយ និង​ធ្វើជា​គ្រូ​បណ្តុះបណ្តាល​ឥស្សរៈ​រហូតមកទល់​ពេលបច្ចុប្បន្ន។

    លោក គង់ តារា មានប្រសាសន៍ថា លោក​បានធ្វើ​ការងារ​លើ​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ប្រមាណ​តែ​ជាង 3ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​លោក​អាច​លក់​គម្រោង​អ​ចលន​ទ្រព្យ​បានជា​ច្រើន​គម្រោង ដែល​ក្នុងនោះ​លោក​បាន​លក់​ផ្ទះល្វែង និង​វីឡា​កូនកាត់​បាន​ចន្លោះ​ពី2,000 – 3,000ល្វែង លក់​ដីឡូត៍​បាន​ចំនួន​ប្រមាណ​ជា 5,000 – 6,000ឡូត៍ លក់​ខុន​ដូ​បាន​ចំនួន 6អគារ​ស្មើនឹង 2,000 Units នៅ​តំបន់​អរិយ​ក្សត្រ​ក្នុងស្រុក​ខ្សាច់កណ្តាល និង​នៅ​ក្រុង​កំពង់សោម និង​កំពុង​បន្ត​លក់​ខុន​ដូ​ថ្មី​មួយកន្លែង​ទៀត​នៅ​ជិត​ផ្សារ​ទំនើប Aeon ទី2 និង​ផ្សារ​ម៉ាក្រូ​ក្នុង​ខណ្ឌ​សែន​សុខ​ទៀតផង។

    លោក គង់ តា​រា ថតរូបជុំគ្នាជាមួយក្រុមការងារ

    នៅ​ថ្ងៃ​ខាងមុខ​លោក​នៅតែ​បន្ត​អាជីព​ផ្នែក​លក់​នេះ ដោយសារតែ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ដ៏​ច្រើន​នៅតែ​បន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ហើយ​ផ្តោត​សំខាន់​ទៅលើផ្ទះ​ស្នាក់នៅ​ក្នុងតម្លៃទាប និង​មធ្យម​ដែល​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​រស់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​ការលក់​របស់លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​នោះ គឺ​ដោយសារតែ​លោក​បាន​បង្កើត​បណ្តាញ​ផ្នែក​លក់​ជាច្រើន​រយ​នាក់ ទាំង​អ្នកធ្វើការ​ពេញ​ម៉ោង និង​អ្នកធ្វើការ​ក្រៅ​ម៉ោង។

    សម្រាប់​បុគ្គលិក​ទាំងពីរ​ប្រភេទ​នេះ លោក​តែង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ពួកគេ​ជាប្រចាំ​ដោយ​ផ្តោត​សំខាន់​លើ 1.យុទ្ធសាស្ត្រ​នៃ​ការលក់ 2.បង្កើត​ទំនាក់ទំនង និង​បណ្តាញ​ក្នុងសង្គម 3.ជំនាញ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​អតិថិជន។ ចំពោះ​ការប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​អាចជួយ​ដល់​អតិថិជន​ឱ្យ​ចេះ​រៀបចំ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ និង​ដោយ​ប្រាកដថា ពួកគាត់​អាច​ដកយក​ប្រាក់ចំណូល​នោះមក​សម្រាប់​ទិញ​ដី ទិញ​ផ្ទះ​បង់​រំលស់ ឬ​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ដោយ​គ្មាន​ហានិភ័យ​តាមរបៀប​ណា។

    លោក​ថា ក្នុងនាម​ជា​អ្នកលក់​ម្នាក់ អ្នកណា​ក៏​ចង់​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន​ដែរ ប៉ុន្តែ​ក្នុងនាម​ជា​បុគ្គលិក​ផ្នែក​លក់​ម្នាក់ ពិសេស​លក់​ដី​ឬ​ផ្ទះ​បង់​រំលស់​នេះ គឺ​ត្រូវ​សិក្សា​ពី​ចំណូល​របស់​អតិថិជន​ឱ្យបាន​ច្បាស់ ខ្លាចក្រែង​កើតមាន​ហានិភ័យ​ណាមួយ​ឡើង ធ្វើឱ្យ​អតិថិជន​ខាតបង់​ប្រាក់ ព្រោះថា គម្រោង​ដែល​លក់​ចេញនីមួយៗ គឺ​យើង​ចង់​ចំណេញ​ទាំង​ក្រុមហ៊ុន និង​ចំណេញ​ទាំង​អតិថិជន មានន័យថា បើសិនជា​អតិថិជន​ទិញ​គម្រោង​ដីឡូត៍ ឬ​ទិញ​ផ្ទះ​នៅថ្ងៃនេះ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ ហើយ​ទៅ​ថ្ងៃ​ខាងមុខ​អតិថិជន​ក៏​នឹង​បាន​ចំណេញ​បន្ត​ជាមួយ​ក្រុមហ៊ុន​ដែរ។

    ក្រៅតែពី​ការងារ​ផ្នែក​លក់​នេះ លោក​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្វឹក​ម្នាក់​ដែលមាន​ភាពលេច​ធ្លោ​នៅក្នុង​សង្គម​ផងដែរ ដែល​ក្នុងនោះ​លោក​បាន​បណ្តុះបណ្តាល​លើ​ជំនាញ៖ 1.លក់  2.បណ្តុះបណ្តាល​ពី​ផ្នត់គំនិត​ជោគជ័យ 3.បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ 4.បណ្តុះបណ្តាល​វិធីសាស្ត្រ​ដោះស្រាយ​បំណុល  និង5.វិធីសាស្ត្រ​ក្នុងការ​ពិនិត្យមើល​បំណុល​ល្អ និង​បំណុល​អាក្រក់​ជាដើម។ បំណុល​អាក្រក់​មានន័យថា អតិថិជន​ខ្ចីប្រាក់​គេ ឬ​ខ្ចីប្រាក់​ពី​ធនាគារ យកទៅ​រកស៊ី​ដោយ​មិនបាន​គ្រប់គ្រង​ឱ្យ​ល្អ នាំឱ្យ​ខាត ហើយ​បើ​កើតមាន​បំណុល​អាក្រក់ តើ​ត្រូវ​លុបចោល​ដោយ​របៀប​ណា?

    ចំណែក​បំណុល​ល្អ គឺ​ខ្ចីប្រាក់​គេ​មក​យកមក​រកស៊ី​ទទួលបាន​ប្រាក់ចំណេញ។ ឧទាហរណ៍​យើង​ខ្វះ​លុយ​ទិញ​ដី ឬ​ផ្ទះ យើង​ទៅ​ខ្ចីលុយ​គេ​មក​បង្គ្រប់ ប៉ុន្តែ​មុននឹង​ទិញ​ត្រូវ​គិតថា ទិញ​យកមក​ធ្វើ​អ្វី? យកមក​ជួល ឬ​លក់​បន្ត​ដើម្បី​បាន​ចំណេញ ឬ​យ៉ាងណា? បើ​គិត​ឃើញថា បាន​ចំណេញ​សឹម​ខ្ចីលុយ​គេ​មក ដែល​នេះ​ហៅថា បំណុល​ល្អ។

    លោក តារា បាន​រៀបរាប់​បន្ថែមថា ការសិក្សា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ហេតុនេះហើយ​ទើប​លោក​ចំណាយពេល​សឹងតែ​គ្មាន​នៅសល់​ដើម្បី​រៀន​ក្នុងអំឡុង​ពេលដែល​លោក​កំពុង​សិក្សានៅ​មហាវិទ្យាល័យ ប៉ុន្តែ​សំខាន់បំផុត គឺ​លោក​ចេះ​គ្រប់គ្រង​ពេលវេលា​ច្បាស់លាស់។ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ទាំងនោះ មិនមែន​លោក​បាន ឬ​មាន​ពី​កំណើត​មក​ឡើយ ប៉ុន្តែ​ដោយសារ​លោក​បាន​ព្យាយាម​អាន​សៀវភៅ​អស់​ជាច្រើន​រយ​ក្បាល ជា​សៀវភៅ​ដែល​សរសេរ​ដោយ​មនុស្សល្បីៗនៅលើ​ពិភពលោក ហើយ​ក្រៅពីនោះ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​អន្តរជាតិ​ជាច្រើនលើក ដូចជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​សិង្ហ​បុរី​ជាដើម និង​ទទួលបាន​ចំណេះដឹងផ្សេងៗបន្ថែមទៀត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ហើយ​នៅពេល​អនាគត​ក៏​លោក​នៅតែ​មិន​បោះបង់ចោល​ការអាន និង​ការសិក្សា​បន្ថែម​នេះឡើយ ពោលគឺ​លោក​នៅតែ និង​កំពុង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​បរទេស ជាពិសេស​ក្នុងប្រទេស​នៅ​ទ្វីបអឺរ៉ុបផ្សេងៗទៀត។

    តាមរយៈ​បទពិសោធ​ខាងលើ លោក​បាន​អំពាវនាវ​ទៅដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​រៀបចំ និង​កំណត់​ផែនការ​ជីវិត​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន និង​ត្រូវ​ចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យ​ល្អ ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា និង​មិនឱ្យ​ខាត​ពេលវេលា​ដោយ​ឥតប្រយោជន៍ ដើម្បី​យើង​អាច​សម្រេច​នូវ​គោលដៅ​របស់​យើង​នា​ថ្ងៃ​អនាគត​បាន​លឿន៕

  • សម្ដេច ហ៊ុន សែន ៖ « បើ ប៊ុត សីហា ប្រកាសថាមិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា? »

    សម្ដេច ហ៊ុន សែន ៖ « បើ ប៊ុត សីហា ប្រកាសថាមិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា? »

    នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយដែលជាកម្មករ-កម្មការិនីសរុប 19,949នាក់មកពីរោងចក្រ-សហគ្រាសចំនួន17 នៅក្នុងខេត្តកំពង់ស្ពឺ។

    ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ សម្ដេចបានលើកឡើងអំពីតារាចម្រៀង និងសិល្បករដែលមានដើមកំណើតចេញពីខេត្តកំពង់ស្ពឺ រួមទាំងបានមានប្រសាសន៍អំពីករណីតារាចម្រៀង ប៊ុត សីហា ដែលបានពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីពេលកន្លងមកទៀតផង។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា «អ្នកចម្រៀងក៏មានចេញពីខេត្តកំពង់ស្ពឺ ដែរ… ប៊ុត សីហា អីហ្នឹង។ តែឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយអីណា…គ្រឿងញៀន…គ្រឿងអីណា…។ ឥឡូវបើសិនជាគ្នាប្រកាសថា មិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា?។ អារឿងហ្នឹងគឺ វាអ៊ីចឹង…»។

    គួរកត់សម្គាល់ផងដែរថា បើទោះបីជាកន្លងមកតារាចម្រៀង ប៊ុត សីហា មានរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនក៏ដោយ ក៏ប៉ុន្ដែដោយសារការទទួលស្គាល់កំហុស និងភាពឱនលំទោន ទទួលយកការណែនាំពីសំណាក់មហាជន និងតារារៀមច្បង បានធ្វើឱ្យលោកកែប្រែកំហុសរបស់ខ្លួន ហើយក៏បានទទួលនូវក្ដីអាណិតស្រឡាញ់គាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនឡើងវិញដែរ។ ឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី តារាចម្រៀង ប៊ុត សីហា នាពេលថ្មីៗនេះ គឺពិតជាទទួលបាននូវក្ដីស្រឡាញ់ជាថ្មី និងការលើកលែងភាពប្រកែប្រកាន់ពីសំណាក់ប្រិយមិត្តគ្រប់រូប ហើយ និងសង្ឃឹមថា នឹងខិតខំកសាងខ្លួន សាងប្រជាប្រិយភាពឡើងវិញ ដើម្បីសងគុណអ្នកម្ដាយឱ្យស័ក្តិសមជាកូនកតញ្ញូ៕

  • អយ​ស្ទ័​រ​ប៉ាស៊ីហ្វិក​ស្រស់ “FRESH OYSTER PACIFIC”

    អយ​ស្ទ័​រ​ប៉ាស៊ីហ្វិក​ស្រស់ “FRESH OYSTER PACIFIC”

    អយ​ស្ទ័​រ ជា​ប្រភេទ​អាហារ​សមុទ្រ ដែល​ត្រូវបាន​គេ​និយម​ទទួលទានស្រស់ៗ ដ្បិត​គេ​គិតថាអាហារ​ប្រភេទ​នេះ អាច​ជំនួយ​កម្លាំង និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ថ្លា ដោយមាន​ផ្ទាប់​ជាមួយ​បន្លែស្រស់​ផងដែរ ដូចជា​ ត្រួយ​ក​ន្ធុំ​ថេត ខ្ទឹមក្រហម​បំពង និង​ទឹកត្រី​ដែលមាន​រសជាតិ​ហឹរ។ យ៉ាងណាក៏ដោយ ចំពោះ​អាហារ​ប្រភេទ​នេះ ហាក់​មិនមាន​ផល​លំបាក​ក្នុង​ចម្អិន​នោះឡើយ ដោយ​លោកអ្នក​ក៏​អាចមាន​លទ្ធភាព​ធ្វើបាន​នៅតាម​គេហដ្ឋាន​យ៉ាង​ងាយស្រួល។ ដូច្នេះ សូមតាមដានពីរបៀបធ្វើពីមេចុងភៅប្រចាំ​ Motor Cafe ភោជនីយដ្ឋាន សាខាទួលគោកដូចតទៅ។

    គ្រឿងផ្សំ
    – អយ​ស្ទ័​រ​ប៉ា​សី​ុ​ហ្វិ​ក
    – ទឹកខ្មេះ​ក្រហម
    – ទឹកត្រី​កោះកុង
    – ក្រូចឆ្មារ​លឿង
    – ខ្ទឹមក្រហម​បំពង
    – ផាស​ស្លី
    – ក​ន្ធុំ​ថេត

    វិធី​ចម្អិន
    ដំបូង​យក​អយ​ស្ទ័​រម​កលាង​ឱ្យ​ស្អាត រួច​យកទៅ​គាស់ ឬក៏​បកសម្បក​ចេញ ហើយ​លាង​ឱ្យ​ស្អាត​កុំឱ្យ​សល់​កម្ទេច​សម្បក បន្ទាប់មក​រៀប​ពីលើ​ទឹកកក។ យក​ទឹកខ្មេះ​ក្រហម​លាយ​ជាមួយ​ខ្ទឹមក្រហម ហើយ​ចាក់​ចូល​កូនចាន ហើយ​ចាក់​ទឹកត្រី​កោះកុង​ដាក់​ក្នុង​កូនចាន។ ដោយឡែក​ចំពោះ​ក្រូចឆ្មារ​លឿង​ត្រូវ​ហាន់​ជាចំណិតៗ រួច​រៀប​ជាមួយ​ផាស​ស្លី បន្ទាប់មក​រៀប​ក​ន្ធុំ​ថេត​ដាក់​លើ​ចាន​ផ្សេង​មួយទៀត​ជាការ​ស្រេច៕

  • នៅពេល​កូនតូច​ឈានចូល​ខែ​ទី10

    នៅពេល​កូនតូច​ឈានចូល​ខែ​ទី10

    លក្ខណៈ​របស់​កូនតូច
    រយៈ​នេះ​កូន​ច្រើន​មាន​ធ្មេញ​ខាងមុខ​ដុះ​ឡើង​គ្រប់4គ្រាប់​ហើយ តែ​នៅ​មិនទាន់​ដល់​ថ្នាក់​ត្រូវ​ដុសធ្មេញ​ឱ្យបាន​ទេ គ្រាន់តែ​យក​ក្រណាត់​ស្អាត​មក​ជូត​ឱ្យ​ក៏​គ្រប់គ្រាន់​ហើយ។ ថ្ងៃនេះ​អត្រា​កើនឡើង​នៃ​ទម្ងន់​ខ្លួន​នឹង​ថយចុះ​ប្រមាណ​ជា5-10ក្រាម​ក្នុង​មួយ​ថ្ងៃជា​មធ្យម​។

    ខែ​នេះ​ចាប់ផ្ដើម​មាន​ភាពជា​ខ្លួនឯង​ច្រើនឡើង​ហើយ ចេះ​តតាំង​នឹង​អ្វីដែល​មិន​ចង់​ធ្វើ​ច្រើនឡើង ដូចជា​មិន​ចូលចិត្ត​ឱ្យគេ​ចាប់​ដាក់​អង្គុយ​លើ​កន្ថោរ​ដើម្បី​ជុះជាដើម។ អំឡុង​ពេលនេះ​អ្នក​ម្ដាយ​អាច​នឹង​បណ្ដោយ​កូន​ឱ្យ​លេង​តែឯង​ខ្លះ ហើយ​ការលេង ​កូន​នឹង​បង្កប់​ទៅដោយ​ការ​ចង់ដឹង​ចង់ឃើញ និង​ចងចាំ​ជាបណ្ដើរៗហើយ។

    ដល់ពេល​ញ៉ាំ​អាហារ​បន្ថែម
    វ័យ​នេះ ញ៉ាំ​អាហារ​បរិមាណ​ប៉ុនណា អាស្រ័យ​លើ​សេចក្ដីត្រូវការ មិនចាំបាច់​ធ្វើ​ទុកឱ្យ​ញ៉ាំ​ជាពិសេស​នោះទេ អាច​បែង​ពី​អាហារ​របស់​មនុស្ស​ធំ​មក​ញ៉ាំ​បាន។ បើ​អាហារ​ដែល​ញ៉ាំ​មាន​ទាំង​ម្សៅ បន្លែ សាច់ និង​សណ្ដែក​ហើយ ក៏​មិនចាំបាច់​បារម្ភ​ថា កូន​នឹងខ្វះ​សារជាតិ​អាហារ​នោះឡើយ។ ចំណែក​កាលវិភាគ​អាហារ​បន្ថែម​ដែលថា​កូន​គួរតែ​បានទទួល​ប៉ុន្មាន​ក្នុង​មួយថ្ងៃ 2ពេល ឬ3ពេលនោះ​គ្រាន់តែ​ជាគោលការណ៍​ប៉ុណ្ណោះ។ បើ​ញ៉ាំ​បាយ​អស់​ក្នុង​រយៈពេល10-15នាទី​នោះ ចង់ឱ្យ​ញ៉ាំ​មួយថ្ងៃ 3ពេល​ក៏បាន តែបើ​បញ្ចុក​បាយម្ដងៗចំណាយពេល​ដល់​ទៅ1ម៉ោង​នោះ បើ​ឱ្យ​ញ៉ាំ​មួយថ្ងៃ 3ពេល កូន​នឹង​គ្មាន​ពេលចេញ​ទៅលេង​ខាងក្រៅ​ផ្ទះ ព្រោះ​យ៉ាងហោចណាស់​ក៏ត្រូវ​ឱ្យបាន​ចេញទៅ​លេង​នៅក្រៅ​ផ្ទះ​នៅពេល​ព្រឹក និង​ពេល​ល្ងាចម្ដងៗពី1ម៉ោង-1ម៉ោង​កន្លះដែរ ហើយ​ពេលវេលា​នៅសល់​ចូរ​ទុកជា​ពេលវេលា​គេង ពេល​ញ៉ាំ​បាយ តាម​ភាព​ស័ក្តិសម​របស់​ក្មេងម្នាក់ៗវិញ​ប្រសើរ​ជាង។

    នំនែក ជា​រឿង​ដែល​ត្រូវតែ​បណ្ដោយខ្លះៗហើយ
    អ្នកខ្លះ​មិន​ព្រមឱ្យ​កូន​ញ៉ាំ​នំ​ឡើយ ព្រោះ​ខ្លាច​ឆ្អែត​រហូត​មិន​ញ៉ាំ​បាយ តែ​កូន​ក៏​នៅតែ​ចង់​ញ៉ាំ​ដដែល​ហ្នឹងឯង ដូច្នេះ​គួរ​អនុញ្ញាតឱ្យ​កូន​បាន​ញ៉ាំ​ខ្លះ​ចុះ ដូចជា ​នំប៉័ងស្រួយៗ នំ​ប៉ាវ នំ​បារាំង នំ​ខេ​ក នំ​ចេក នំអាកោ ឬ​នំ​ខ្មែរផ្សេងៗ តែ​គួរតែស្អាត​មាន​អនាម័យ រសជាតិ​ផ្អែមល្មម។ ចំណែកផ្លែឈើ​វិញ គួរឱ្យ​ញ៉ាំ​ជាចំណិតៗ មិនចាំបាច់​កិន​ឱ្យ​ម៉ដ្ឋ​ទៀត​ទេ។ កំណត់ពេល​ឱ្យ​ញ៉ាំ​មិន​លើស2ដង​ក្នុង​មួយថ្ងៃ ដូចជា​ឱ្យ​ញ៉ាំ​ទឹកដោះ​មុនពេល​រសៀល​ជាដើម មិនមែន​ចេះតែ​ឱ្យ​ញ៉ាំ​ពេញ​មួយថ្ងៃ​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យដល់​ពេល​ញ៉ាំ​បាយញ៉ាំ​បាន​តិច។

    អាការរោគ​ដែល​អាច​កើតឡើង
    ** នឹក​ដល់​ជំងឺ​រាតត្បាត
    • បើ​ក្មេង​ណា​មិនដែល​គ្រុនក្ដៅ​ខ្លួន​ពីមុនមកពេល​មិន​ស្រួលខ្លួន​ ចូរ​នឹក​ដល់​ជំងឺ​គ្រុនផ្ដាសាយបើ​ស្ថិតក្នុង​រដូវ​ដែល​ជំងឺគ្រុនឈាម​រាតត្បាត ចូរ​នឹក​ដល់​ជំងឺគ្រុនឈាម។ ព្យាយាម​ឱ្យ​កូន​បាន​ញ៉ាំ​ទឹក​ឱ្យ​ច្រើន​ក្នុងពេល​គ្រុនក្ដៅ​ខ្លួន។ ត្រូវ​ប្រយ័ត្ន​កុំឱ្យ​កូន​កើត​ជំងឺ​ដែល​ឆ្លង​មកពី​ក្មេង​ដែល​លេង​ជាមួយគ្នា។

    • ចូរ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗតាម​អំឡុង​អាយុ និង​កាលកំណត់​របស់​ពេទ្យ។

    ** ខាងក្រោយ​ត្រចៀក​កូន​មាន​ដុំ​អ្វី​ម្យ៉ាងរឹងៗ
    • អ្នក​ម្ដាយ​អាច​ប្រទះឃើញ​មាន​ដុំរឹងៗប៉ុន​គ្រាប់សណ្ដែក​នៅក្រោយ​ស្លឹកត្រចៀក អាច​មានតែ​ម្ខាង ឬ​ទាំងសងខាង​ក៏មាន ពេល​ចុច ឬ​សង្កត់​ប៉ះ កូន​មិនបាន​បង្ហាញ​អាការ​ឈឺចាប់​អ្វី​ឡើយ។​ ការពិត​ដុំ​សាច់​នេះ​គឺ ក្រពេញ​ទឹករងៃ​ដែល​ធំ​ឡើង​ខ្លាំង ជាពិសេស​បើ​មាន​បូស​រមាស់​នៅលើ​ក្បាល ហើយ​កូន​ចូលចិត្ត​អេះ​ផង មេរោគ​ដែលជា​ប់​នឹង​ក្រចកដៃ​នឹង​ចូលទៅក្នុង​ក្រោម​ស្បែកក្បាល ហើយ​ក្រពេញ​ទឹករងៃ​ដែល​ធ្វើការ​ទប់ស្កាត់​នោះ​នឹង​រីកធំឡើង តែ​ក្រោយមក​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។ តែបើ​ក្រពេញ​ទឹករងៃ​រលាក​ក្លាយ បរិវេណ​នោះ​នឹង​ឡើង​ក្រហម ឈឺ​នៅពេល​ចុច​ចំ។ វិធី​ការពារ គឺ​កុំឱ្យ​កូន​កើត​បូសរមាស់​នៅលើ​ក្បាល កាត់​ក្រចកដៃ​ឱ្យ​ខ្លី ហើយ​បើ​ដុំរឹង​ៗនោះ​ធំ​ឡើង ត្រូវ​នាំ​កូន​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ។

    វិវឌ្ឍនាការ​របស់​កូនតូច
    ** រាងកាយ
    • ចេះ​តោង​តុ ឬ​ឱ្យ​ដឹក​ដៃ ហើយ​ដើរ​ទៅមក​ជុំវិញ​បាន​ហើយ

    • ចាប់ផ្ដើម​ហាត់​ឈរ​ដោយ​មិនបាច់​តោង​អ្វីបានហើយ អាច​ឈរ​ដោយ​ខ្លួនឯងបាន​មួយភ្លែត។

    • សម្រាប់​ក្មេង​ដែល​ឆាប់​ចេះ​ដើរ អាច​ដើរ​បាន​ហើយ​ក្នុងអំឡុង​ពេលនេះ។

    • ចេះ​ចង្អុល​ប្រាប់​ពី​អវយវៈ​របស់​ខ្លួនឯង​បាន។

    • ចាប់ផ្ដើម​ចេះ​កាន់​របស់​ដោយ​ដៃ​ម្ខាង​បាន​ហើយ តែ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា កូន​ថ្នឹក​ប្រើ​ដៃ​ខាង​ណា​បាន​នៅឡើយ។

    • ចេះ​ទាញ​មួក​ចេញពី​ក្បាល​ខ្លួនឯងបាន​ហើយ។

    ** សង្គម​ជុំវិញខ្លួន
    • ចេះ​ភ្ជាប់​ពាក្យសម្ដី​ជាមួយ​អាកប្បកិរិយា ដូចជា ការបញ្ជូន​ស្នាម​ថើប ញញឹម​ស្រស់ស្រាយ​ជាដើម។

    • ញ៉ាំ​ចំណី​ដោយ​ខ្លួនឯង​កាន់តែ​ថ្នឹក​ឡើង និង​លើក​កែវ​ទឹក​ញ៉ាំ​ដោយ​ខ្លួនឯងបាន។

    • ចេះ​ធ្វើ​ត្រាប់​អាកប្បកិរិយា និង​ទឹកមុខ​របស់​អ្នក​នៅ​ជិតដិត​នឹង​ខ្លួន​បាន។

    • ចេះ​ស្ដាប់​បទ​ចម្រៀង និង​យោល​ខ្លួន​តាម​នៅពេល​បានឮ​សំឡេង​បទ​ភ្លេង។

    ** ឧស្សាហ៍​លេង​ជាមួយ​កូន​ផង
    • កូន​ចូលចិត្ត​លេង​បិទ​ភ្នែក​វាក់អើ ធ្វើ​មាត់​ចំ​បូញ ចូលចិត្ត​លេង​បើក-បិទ​គម្រប​ដប​ហើយ​ចាក់ទឹក​ចោល ឬ​លេង​ជាមួយ​ពពុះ​សាប៊ូ​ពេល​ងូតទឹកជាដើម។

    • គួរឱ្យ​កូន​បាន​ហាត់ប្រាណ​ខ្លះ ដោយ​ឱ្យ​តោង​ធុង ឬ​កេសធំៗដែលមាន​ដាក់​ឥ​វ៉ាន់ធ្ងន់ៗ ហើយ​រុញ​ដើរ តែ​មិន​គួរឱ្យ​ដើរ​រុញ​រទេះ​ដែលមាន​កង់រអិលៗឡើយ ព្រោះ​រទេះ​នឹង​រអិល​ទៅមុខ​លឿន តែបើ​កៅអីធ្ងន់ៗដែលមាន​កង់ អាចឱ្យ​ក្មេង​រុញ​លេង​បាន តែ​ឪពុកម្ដាយ​ត្រូវ​នៅ​មើល នៅចាំ​ជួយ និង​ប្រុងប្រយ័ត្ន។

    • វ័យ​នេះ​ចូលចិត្ត​លេង​អង្គុយ​អង្រឹង ដូច្នេះ​បើ​ចង់ឱ្យ​លេង ឪពុកម្ដាយ​ត្រូវ​អង្គុយ​ជាមួយ ហើយ​រក​បន្ទះ​អ្វីទន់ៗមក​ក្រាល​ពីក្រោម ឬ​មាន​ដីខ្សាច់​ពីក្រោម​អង្រឹង ដើម្បី​ការពារ​ពេល​កូន​ធ្លាក់​មក​កុំ​ឱ្យមាន​គ្រោះថ្នាក់។

    • កូន​មិនទាន់​ឈរ​បាន​មាំ​នៅឡើយ ដូច្នេះ​គួរ​ជួយ​បង្ហាត់​បន្ថែម ដោយ​ឱ្យ​កូន​ចាប់ដៃ​ឪពុកម្ដាយ​ទាំងសងខាង ហើយ​ជួយ​ទាញ​ឱ្យ​ឈរ​ឡើង។ បង្ហាត់​បែបនេះ​មួយថ្ងៃ 2ដង មួយដង 5-6នាទី​បាន​ហើយ។ បើជា​ក្មេង​ដែល​មាឌធំ ខ្លួន​ធ្ងន់​រហូត​ក្រោកឈរ​មិន​រួច មិនគួរ​បង្ហាត់​ឱ្យ​រៀន​ក្រោកឈរ​ទេ តែ​គួរ​បណ្ដោយឱ្យ​ទៅលេង​នៅក្រៅ​ផ្ទះ ឬ​ហាត់ប្រាណ​លើ​ទីធ្លា យ៉ាងហោចណាស់​មួយថ្ងៃ 2-3ម៉ោង​ប្រសើរ​ជាង៕

  • West Ham តែងតាំង​លោក Pellegrini ជា​អ្នកចាត់ការ​ទូទៅ​ថ្មី Pellegrini

    West Ham តែងតាំង​លោក Pellegrini ជា​អ្នកចាត់ការ​ទូទៅ​ថ្មី Pellegrini

    ក្លិប West Ham United បានតែងតាំង​លោក Manuel Pellegrini ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្រោយពី​បានបញ្ចប់​ការចរចាផ្សេងៗ កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

    លោក Pellegrini បាន​ចុះហត្ថលេខា​រយៈពេល 3ឆ្នាំ ដោយ​ទទួលបាន​ចំណូល 7លាន​ផោន (ស្មើនឹង 9,4លាន​ដុល្លារ​អាមេរិក) ក្នុង1ឆ្នាំ ក្រោយពី​បាន​ប្រជុំ​ជាមួយនឹង​លោក David Sullivan សហ​ម្ចាស់​ក្លិប West Ham។

    ប្រធាន​ក្លិប​រូបនេះ​បាន​សន្យាថា ក្លិប​នឹងធ្វើ​ការប្រកាស​តែងតាំង​មួយ ក្រោយពី​បាន​ចែកផ្លូវ​ជាមួយនឹង​លោក David Moyes កាលពី​ឆ្នាំ​សប្តាហ៍​មុន។ លោក Sullivan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប​ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ស្វាគមន៍​លោក Manuel Pellegrini ទៅកាន់​ក្លិប West Ham United។ លោក​ជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​កីឡាបាល់ទាត់​ដ៏​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​ពិភពលោក ហើយ​យើង​កំពុងតែ​រង់ចាំ​ធ្វើការ​ជាមួយនឹង​គាត់»។

    ប្រធាន​ក្លិប​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​បានតែងតាំង​មនុស្ស​ម្នាក់​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ក្នុង​ក្របខ័ណ្ឌ Premier League ដែលមាន​ភាព​អស្ចារ្យ​រួចជាស្រេច ពោលគឺ​មិន​ត្រឹមតែ​ក្រុម និង​កីឡាករ​ដែល​យើង​ជួប ប៉ុន្តែ ថែមទាំង​ដឹង​ពី​ក្លិប West Ham United និង​មហិច្ឆតា​របស់​យើង​ផងដែរ»។

    លោក Pellegrini អតីត​គ្រូបង្វឹក​របស់​ក្លិប Villarreal, Real Madrid និង Malaga នឹង​វិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ក្នុង​រយៈពេល 2ឆ្នាំ ក្រោយពី​ចាកចេញ​ពី Man City ដែល​លោក​បាន​ដឹកនាំ​ឱ្យ​ឈ្នះ​ពាន Premier League និង League Cup ឆ្នាំ2014៕

    ប្រភពពី៖ The Guardian

  • លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ តារាសម្ដែង និងច្រៀង និងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់រថយន្ដប្រណីតចំនួន 2គ្រឿងដល់សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរទៅ​បំពេញការងារ​របស់​បង​ប្អូន​សិល្បករ-​សិល្បការិនី​។​

    នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ​ បានថ្លែងអំណរគុណ និងបញ្ជាក់ប្រាប់មិត្តសិល្បករ-សិល្បការិនីទាំងអស់ឱ្យបានជ្រាបថា «នាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស ឡេង ណាវ៉ាត្រា ដែលប្អូនប្រុសបានឧបត្ថម្ភនូវរថយន្តទាំងនេះ ដើម្បីប្រើប្រាស់ជាយានដឹកសិល្បករ-សិល្បការនីយើង ( ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាវិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ»។

    អ្នកនាងបានបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា អ្នក​នាងសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនីដែលជាសមាជិករបស់សមាគមសិល្បករទាំងពីរឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី23 ខែឧសភា នេះតទៅសមាគមមានតាក់ស៊ី 2គ្រឿងសម្រាប់ដឹកជញ្ជូនសមាជិកយើងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅចូលរួមកិច្ចការងារសង្គមផ្សេងៗ។

    សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌក្នុងការទំនាក់ទំនងដើម្បីបានសេវាតាក់ស៊ីដោយឥតគិតថ្លៃមានដូចខាងក្រោម៖

    – បងប្អូនសិល្បករ-សិល្បការិនីត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ​ ដែលចេញដោយសមាគមទាំង2ពីរ

    – សិល្បករ-សិល្បការិនី អាចប្រើប្រាស់សេវាតាក់ស៊ីបានតែ1ដងក្នុង1ថ្ងៃ

    – សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំងពីរ

    – លេខទូរស័ព្ទតាក់ស៊ីទី1៖ 077 987 765 ធារិទ្ធ

    – លេខទូរស័ព្ទតាក់ស៊ីទី2៖ 061748874 គន្ធា

    – Hotline ៖ 017 990 332

    – ចាប់ពីម៉ោង 7ព្រឹក ដល់ម៉ោង 6ល្ងាច និងក្នុង1សប្តាហ៍6ថ្ងៃ​

    – គម្រោងនេះសាកល្បងរយៈពេល 3ខែ៕