Category: សង្គម និងសេដ្ឋកិច្ច

  • បង្ហាញមុខវិរៈបុរសជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង 13 នាក់ ដែលបានបាត់បង់ជីវិត

    បង្ហាញមុខវិរៈបុរសជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង 13 នាក់ ដែលបានបាត់បង់ជីវិត

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃ6 ខែកក្ដដា បានឱ្យដឹងថា​ នៅវេលា 9 និង 00 នាទី មានភ្នាក់ងារយកព័តមានបានរាយការណ៍មកថា អ្នកជួយសង្គ្រោះផ្នែកជ្រមុជទឹកស្ម័គ្រចិត្ត និងជាទ័ពជើងម្នាក់មានឈ្មោះ សាម៉ាណ គុណាន់ មានវ័យ 38 ឆ្នាំ បានទទួលភារកិច្ចបញ្ចូនដបខ្យល់ចេញពីសាលទី 3 នៅក្នុងរូងភ្នំថាំលួង ទៅកាន់ចំនុចផ្សេងៗ បរិវេណផ្លូវបំបែក 3 ចាប់តាំងពីវេលាថ្ងៃម្សិលមិញ ថ្ងៃទី 5 ខែកក្កដា វេលាម៉ោង 8 និង 37 នាទីយប់។ នៅពេលបានបញ្ចប់ភារកិច្ច ខណៈដែលជ្រមុជទឹកត្រឡប់មកវិញ ក៏បានបាត់បង់ស្មារតីនៅក្នុងទឹកតែម្ដង។

    គូដែលបានជ្រមុជជាមួយគ្នា ក៏បានធ្វើការជួយលោក ដោយការជួយសង្គ្រោះបឋម CPR តែនៅមិនទាន់មានស្មារតីដឹងខ្លួននៅឡើយទេ ទើបបាននាំលោកត្រឡប់មកកាន់សាលទី 3 វិញ ដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តែជាអកុសល លោកនៅតែមិនទាន់ដឹងខ្លួនទៀត រហូតដល់បាត់បង់ជីវិតនៅវេលាម៉ោង ប្រមាណជា 01 និង00 នាទីទាបភ្លឺ។ គួរបញ្ជាក់ផងដែរថា នៅវិនាទីចុងក្រោយ មន្ត្រីជំនាញបានបញ្ជូនសពរបស់លោកមកកាន់មាត់រូងភ្នំថាំលួង និងនាំទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

    សូមជម្រាបជូនបន្ថែមថា វិរៈបុរសដែលបានបាត់បង់ជីវិតមានឈ្មោះ លោក សាម៉ាណ គុណាន់ ជាអ្នកវាយប្រហារក្រោមទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានវ័យ 38 ឆ្នាំ បច្ចុប្បន្នមានតួនាទី ជាភ្នាក់ងារសន្ដិសុខសម្របសម្រួលនៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ នៃក្រុមហ៊ុនអាកាសចរថៃ។ អាចនិយាយបានថា ព័ត៌មាននេះបានសាងភាពរន្ធត់ចិត្ត និងសោកសៅបំផុតរបស់មនុស្សគ្រប់គ្នានៅពេលនេះ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ៕

  • អ្នកជ្រមុជទឹកជួយសង្គ្រោះក្មេងៗទាំង 13 នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ

    អ្នកជ្រមុជទឹកជួយសង្គ្រោះក្មេងៗទាំង 13 នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា​ នៅវេលា 9 និង 00 នាទី នេះមានភ្នាក់ងារយកព័តមានបានរាយការណ៍មកថា អ្នកជួយសង្គ្រោះផ្នែកជ្រមុជទឹក និងជាទ័ពជើងទឹកម្នាក់មានឈ្មោះ សាម៉ាណ គុណាន់ មានវ័យ 38 ឆ្នាំ បានទទួលភារកិច្ចបញ្ចូនដបខ្យល់ចេញពីសាលទី 3 នៅក្នុងរូងភ្នំថាំលួង ទៅកាន់ចំនុចផ្សេងៗ នៃបរិវេណផ្លូវបំបែកជា3 ចាប់តាំងពីថ្ងៃម្សិលមិញ ថ្ងៃទី 5 ខែកក្កដា វេលាម៉ោង 8 និង 37 នាទីយប់។ នៅពេលបានបញ្ចប់ភារកិច្ច ខណៈដែលជ្រមុជទឹកត្រឡប់មកវិញ ក៏ត្រូវបាត់បង់ស្មារតីនៅក្នុងទឹកតែម្ដង។

    គូដែលបានជ្រមុជទឹកជាមួយគ្នា ក៏បានធ្វើការជួយសង្គ្រោះលោក ដោយការជួយសង្គ្រោះបឋម CPR តែនៅមិនទាន់មានស្មារតីដឹងខ្លួននៅឡើយនោះ ទើបបាននាំលោកត្រឡប់មកកាន់សាលទី3 វិញ ដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តែជាអកុសល លោកនៅតែមិនទាន់ដឹងខ្លួនទៀត រហូតដល់បាត់បង់ជីវិតនៅវេលាម៉ោង ប្រមាណជា 01 និង00 នាទីទាបភ្លឺ។

    គួរបញ្ជាក់ផងដែរថា នៅវិនាទីចុងក្រោយ មន្ត្រីជំនាញបានបញ្ជូនសពរបស់លោកមកកាន់មាត់រូងភ្នំថាំលួង និងនាំទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

  • បំ​ណិ​ន​ជីវិត​សតវត្សរ៍​ទី21 គឺជា​អ្វីដែល​ពិភពលោក​ត្រូវការ

    បំ​ណិ​ន​ជីវិត​សតវត្សរ៍​ទី21 គឺជា​អ្វីដែល​ពិភពលោក​ត្រូវការ

    បទពិសោធ និង​ភាពជា​អ្នកដឹកនាំ​ជា​ចំណុច​សំខាន់​ដែល​ត្រូវបាន​គេ​ឃើញ​នៅលើ​គ្រប់​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក ឬ​គ្រប់​ទីកន្លែង​ដែលត្រូវការមនុស្ស​មាន​សមត្ថ​ភាពខ្ពស់ៗដើម្បី​ធ្វើ​ការងារ មិន​ថា​ក្រុមហ៊ុន​ឯកជន ឬ​ដៃគូ​អាជីវកម្ម​នោះទេ តែ​ជាទូទៅ​មនុស្ស​គ្រប់គ្នា ជាពិសេស​យុវជន​តែងតែ​រអ៊ូរទាំ​ថា​គាត់​គ្មាន​លក្ខខណ្ឌ​ទាំង2នេះ។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា គោលបំណង​នៃ​ការសិក្សា​របស់​សិស្ស-និស្សិត​គ្រប់រូប​គឺ​ចង់បាន​ផ្នែក​សំខាន់​ចំនួន2 គឺ​វិជ្ជា​សម្បទា (ចំណេះដឹង) និង​បំ​ណិ​ន​សម្បទា (បំ​ណិ​ន​ជីវិត) ដែល​អាច​រុញច្រាន​ឱ្យ​យើង​ក្លាយជា​មនុស្ស​ខ្លាំង ស្រប​ពេលដែល​ពួកគេ​ចាំបាច់​ផងដែរ​នូវ​ការរៀបចំ​ឥរិយាបថ​ឱ្យ​វិជ្ជមាន​ដើម្បី​ធ្វើ​ការងារ។ នៅ​សម័យ​បច្ចុប្បន្ននេះ គ្រប់​ស្ថាប័នធំៗ ដែល​វិនិយោគ​នៅ​កម្ពុជា​ត្រូវការ​មនុស្ស​ដែលមាន​បំ​ណិ​ន​ជីវិត​សតវត្សរ៍​ទី21 ដែលមាន​ដូចជា​វិជ្ជា​ក្នុងការ​ត្រិះរិះ​ពិចារណា ការដោះស្រាយ​បញ្ហា ចេះ​ធ្វើ​ការងារ​ជា​ក្រុម និង​ចេះ​យល់ចិត្ត​អ្នកធ្វើការងារ​ជាមួយគ្នា។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឡើងមានមតិក្នុងកម្មវិធី The Perspectives

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ “អ្នកសិក្សា​នៅ​សម័យ​សតវត្សរ៍​ទី21 នេះ​ចាំបាច់​ត្រូវតែ​ចេះ​បត់បែន​ខ្ពស់ ព្រោះ​ពិភពលោក​មានការប្រែប្រួលយ៉ាង​ឆាប់រហ័ស​ជាមួយនឹង​បច្ចេកវិទ្យា ឬ​បញ្ញា​សិប្បនិម្មិត​ក៏មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហេតុនេះ​ជំនាញដែល​យើង​រៀន​គឺអាច​នឹង​លែង​ក្លាយជាតម្រូវការ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ប្រសិនបើ​យើង​មាន​បំ​ណិ​ន​ជីវិត ឬ​ភាពជា​អ្នកដឹកនាំ​ខ្ពស់ យើង​នឹង​នៅតែ​ជាម​នុស្ស​ដែល​ពិភពលោក​ត្រូវការ”។

    ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានលើកឡើង​ផងដែរ​ថា ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ គឺ​ត្រូវការ​មនុស្ស​ដែល​ចេះ​គិត និង​ចេះ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ដែល​កំពុង​ជួបប្រទះ។ ចំពោះ​ការរៀន​នៅ​សតវត្សរ៍​ទី21នេះ​ក៏មាន​លក្ខណៈ​ខុសពី​ការរៀន​នៅ​សតវត្សរ៍មុនៗដែរ ព្រោះ​ពីមុន​យើង​ត្រូវការ​អ្នកដឹង​ព័ត៌មាន​ច្រើន តែ​ពេលនេះ​យើង​ដើរ​មួយ​ជំហាន​ទៀត គឺ​ត្រូវការ​អ្នក​ដែលមាន​ការ-ពិចារណា​ខ្ពស់។ ជាធម្មតា បច្ចេកវិទ្យា​ទំនើប យើង​មានតែ​ទូរស័ព្ទដៃ​មួយគ្រឿង​នឹង​ទទួលបាន​ព័ត៌មាន​សព្វគ្រប់​បែបយ៉ាង ហើយ​ស្រប​ពេលដែល​យើង​ដឹង​ព័ត៌មាន​ទាំងអស់នេះ មនុស្ស​ដទៃ​ក៏បាន​ឃើញ​ដូចគ្នា ហេតុនេះ​អ្វីដែល​គេ​ត្រូវការ​ពិតប្រាកដ​គឺ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ព័ត៌មាន​ទាំងអស់នោះ​ឱ្យ មាន​ប្រយោជន៍​សម្រាប់​ដោះស្រាយ​បញ្ហា​មនុស្ស។

    ឯកឧត្តម​បាន​បន្តទៀតថា យុវជន​ចាំបាច់​ត្រូវតែមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា ដោយ​ការចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​កំពុង​ជួបប្រទះ ហើយ​បើ​យើង​មិន​ដោះស្រាយ​ដោយ​ខ្លួនឯង​នោះទេ​គឺ​គ្មាន​អ្នកណា​គេ​យល់ច្បាស់​ជាង​យើង​ខ្លួនឯង​នោះទេ។ បច្ចុប្បន្ននេះ​បញ្ហា​លើ​ពិភពលោក​កើតឡើង​ច្រើន​រាប់មិនអស់ ហេតុនេះ​អ្វីដែល​យុវជន​អាចធ្វើ​បាន​គឺ​ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​គិតពិចារណា ដើម្បី​ក្លាយខ្លួនជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ តែ​ផ្ទុយ​មកវិញ​ប្រសិនបើ​យុវជន​មិនមាន​សមត្ថភាព​នេះ​ពួកគេ​នឹង​ក្លាយជា​ផ្នែក​នៃ​បញ្ហា​ទៅវិញ។ ដើម្បី​ទទួលបាន​សមត្ថភាព​នេះ សិស្ស​-និស្សិត​មិនមែន​គ្រាន់តែ​រៀន​នៅក្នុង​សាលា​ចប់​នោះទេ តែ​ត្រូវ​រៀន​ពី​ការរស់នៅ​ជាក់ស្តែង និង​រៀន​ពី​ការងារ​ក្នុងសង្គម។

    ស្រប​ជាមួយគ្នានេះដែរ លោក មុត សុភា ប្រធាន​
    ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍ​សង្គម ដែល​បានរៀបចំ​កម្មវិធី​ស្តីពី​ការអប់រំ​សតវត្សរ៍​ទី21 ជា​រៀងរាល់ឆ្នាំ បាន​លើកឡើងថា ការងារ​ស្ម័គ្រ​ចិត្តជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុងការ​បង្កើន​ភាពជា​អ្នកដឹកនាំ និង​បំ​ណិ​ន​ជីវិត​ជាច្រើន​ផ្សេងទៀត​ដែល​គ្មាន​បង្រៀន​ក្នុង​សាលា។ ការងារ​ស្ម័គ្រចិត្ត​ថ្វីដ្បិតតែ​មិន​ទទួលបាន​ប្រាក់ចំណូល តែ​អ្វីដែល​ទទួលបាន​គឺ​ច្រើនជាង​នេះ ព្រោះ​យើង​អាច​រៀន​ពី​ការទំនាក់ទំនង កសាង​មិត្តភាព បទពិសោធ​ក្នុងការ​ពង្រីក​បណ្តាញ​នៃ​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម និង​ឱកាស​កសាង​ឈ្មោះ​ឱ្យ​មនុស្ស​ដទៃ​ទទួលស្គាល់ថា​ជា​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់។

    លោក មុត សុភា បាន​និយាយថា៖ “ការធ្វើការងារ​ជា​ក្រុម​នឹងធ្វើ​ឱ្យ​យើង​យល់​ស៊ីជម្រៅ​ពី​ការធ្វើការងារ​ជាមួយ​បុគ្គល​មកពី​មជ្ឈដ្ឋាន​ផ្សេងគ្នា ព្រោះ​មនុស្សម្នាក់ៗមានគំនិត និង​ការយល់ឃើញរៀងៗខ្លួន។ នៅពេលដែល​យើង​ដឹកនាំ​ក្រុមការងារ ទោះបី​ការងារ​នោះ​ជាការ​ងារ​ស្ម័គ្រចិត្ត​ក៏ដោយ ក៏​យើង​អាច​យល់ច្បាស់​ពី​វិធី​សម្របសម្រួល​មនុស្ស​ឱ្យធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​សម្រេច​គោលដៅ​រួមបាន”។

    លោក មុត សុភា បន្ថែមទៀតថា​ការធ្វើការងារ​ស្ម័គ្រចិត្ត​ក៏​បង្រៀន​យើង​ឱ្យ​ចេះ​គ្រប់គ្រង​ពេលវេលា​បានល្អ​ផងដែរ ព្រោះ​ក្រៅពី​ការងារ​ស្នូល​របស់​យើង​ដូចជា​ការសិក្សា ការងារ​នៅ​ស្ថាប័នរដ្ឋ ឬ​ឯកជន អ្នកធ្វើការងារ​ស្ម័គ្រ​ចិត្តបាន​លុះត្រាតែ​ជា​អ្នក​ដែល​ពូកែ​លៃ​ពេលវេលា​ដើម្បី​ធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់ និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​យុវជន​ក៏​គួរតែ​គិតពិចារណា​ឱ្យ​បានល្អ​ផងដែរ​ចំពោះ​ផលប៉ះពាល់​មួយចំនួន​ដែលកើតចេញពី​ការងារ​ស្ម័គ្រចិត្ត ព្រោះ​ប្រសិនបើ​យើងមិន​បានធ្វើ​វា​ដោយ​ត្រឹមត្រូវ វា​នឹង​ធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា​ហើយ​បង្កើន​ភាព​ស្មុ​គ្រ​ស្មាញ​ដល់​យើង។ យុវជន​គួរ​ធ្វើការ​ស្ម័គ្រចិត្ត​ដោយ​កំណត់​នូវ​ការរំពឹងទុក​ច្បាស់​ពីអ្វី​ដែល​ខ្លួន​ចង់​ចេះ​ចង់ដឹង និង​គួរ​បំពេញបន្ថែម ក្នុង​ការងារ​ស្ម័គ្រចិត្ត​ទៅលើ​វិស័យ​ដែល​ខ្លួន​ពេញចិត្ត ស្របតាម​ជំនាញ​សិក្សា និង​គោលដៅ​ដែលបានកំណត់​ពី​ការងារ​នោះ។

    ការងារ​ស្ម័គ្រចិត្ត​អាចជួយ​យុវជន​ខ្លួនឯង និង​សង្គម​បាន​ក៏ពិតមែន តែ​អ្នកស្ម័គ្រចិត្ត​ក៏​មិន​ធ្វើ​រហូត​ភ្លេច​ការសិក្សា និង​ការងារ​ស្នូល​របស់​យើង​ដែរ ព្រោះ​ពេល​យើង​បរាជ័យ យើង​មិនអាច​ហៅ​ឱ្យ​សង្គម​ជួយ​យើង​បានទេ គឺមាន​តែ​យើង​ទេដែល​អាច​ពុះពារដើ​ម្ប​អនាគត​ខ្លួនឯង។ ដូច្នេះ​យើង​ត្រូវ​ឱ្យមាន​តុល្យភាពរវាង​ការសិក្សា និង​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ស្នូល និង​ការងារ​ស្ម័គ្រចិត្ត ដើម្បី​កុំឱ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត ឬ​អាជីព​ការងារ៕

  • ​អ្នក​ជំនាញអាជីវកម្មចូលរួមចែករំលែក​​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ

    ​អ្នក​ជំនាញអាជីវកម្មចូលរួមចែករំលែក​​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ

    តើ​អ្វី​ទៅ​ដែល​ហៅថា ដំណើរ​ឆ្ពោះទៅ​ទីផ្សារ​កម្ពុជា​ចុងក្រោយ? នេះ​ជា​សំណួរ​ដ៏​សំខាន់​នៅក្នុង​ពិធី​ជួបជុំ​មួយ​របស់​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​ដែលមាន​សមាជិក​ប្រមាណ​ជិត 500នាក់​នៅ ​CJCC ដែល​បាន​បើក​ការពិភាក្សា​អំពី​ជំនួញ និង​អាជីវកម្ម​ដែល​បាននិងកំពុង​ប្រមើល​មើលថា តើ​ត្រូវធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​យ៉ាងណា​ដើម្បី​ទទួលបាន​ជោគជ័យ?

    ចង់​បើក​អាជីវកម្ម ឬ​ធ្វើ​ជំនួញ​ឱ្យទទួល​បាន​ជោគជ័យ ម្ចាស់​អាជីវកម្ម​ត្រូវតែ​ស្ទង់​មើល​ពី​កម្លាំង​របស់ខ្លួន​ជាមុនសិន មុននឹង​ដំណើរការ​អាជីវកម្ម ឬ​មុខជំនួញ​រកសុីណាមួយ​នោះ ចៀសវាង​កុំឱ្យ​អាជីវកម្មរបស់ខ្លួន​ប្រឈម​នឹង​ការដួលរលំ។ បន្ទាប់មកទៀត​ម្ចាស់​អាជីវកម្ម​គួរតែ​ស្ទង់​លើ​ការចំណាយ​ដើមទុន និង​ការ​រិះរក​វិធី​កាត់បន្ថយ​ការចំណាយ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ នេះ​បើតាម​ប្រសាសន៍​លោក​ឧកញ៉ា ជា ដែន ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជាឧកញ៉ា​ជី​អូ ប្រធាន​សមាគម​អ្នក​ទីផ្សារ​កម្ពុជា(MAC)។

    លោក​ឧកញ៉ា​​រូបនេះ​បាន​មានប្រសាសន៍ថា អ្វីដែល​ហៅថា​ដំណើរ​ឆ្ពោះទៅ​ទីផ្សារ​កម្ពុជា នៅក្នុង​ការពិភាក្សា​ដេញដោល​ពីបទ​ពិសោធ​អ្នក​ដែល​ជោគជ័យ រួមទាំង​ការវិវឌ្ឍ​ពី​អាជីវកម្ម​បែប​លក្ខណៈ​គ្រួសារ មកជា​អាជីវកម្ម​បែប​ឌីជីថល​ផងដែរ។ លោក​បានឱ្យដឹងថា៖“ទីផ្សារ​បច្ចុប្បន្ន​គេ​ហៅថា 4.0 ពី​មុនគេ​ហៅថា 3.0 ការផ្លាស់ប្តូរ​ពី​អាជីវកម្ម​បែប​លក្ខណៈ​គ្រួសារ មកជា​បែប​ទំនើប បែប​បច្ចេកវិជ្ជា​ឌីជីថល មានដូចជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​បាន​ច្រើន​កម្មវិធី​ជាដើម។ បន្ទាប់មក​អ្នកចូលរួម​ក៏​នឹង​បានដឹងថា 4.0គឺ​ការផ្លាស់ប្តូរ​ពី​4P មក​4Cវិញ”។

    យោងតាម​ទ្រឹស្តី​ម៉ា​កេ​ធី​ង​គឺ (MARKETING MIX–THE4Ps AND 4Cs)4Ps ត្រូវបាន​ប្រើ​នៅពេល​សំដៅ​ទៅលើ​ទស្សនៈ​របស់​អាជីវកម្ម​មួយ ជំនួស​ឱ្យ​ទស្សនៈ​របស់​អតិថិជន។ 4Pរួមមាន​ផលិតផល តម្លៃទីតាំង និង​ការផ្សព្វផ្សាយ។ មាន​ផ្នែក​មួយ​ផ្សេងទៀត​អាចជួយ​លើ​ទីផ្សារ​បានដែរ ហៅថា 4Cs។ អ្នក​ទីផ្សារ​ប្រើ 4Cs នៅក្នុង​ការ​លាយ​បញ្ចូល​គ្នា​នៃ​ការងារ​ផ្នែក​ទីផ្សារ​តាម​មធ្យោបាយ​ផ្តោតលើ​អតិថិជន​កាន់តែ​ច្រើនជាង​ការ​សម្លឹងមើល​ពី​ទិដ្ឋភាព​នៃ​មុខ​ជំនួញ​នីមួយ។ 4Cs នេះ​រួមមាន អតិថិជន តម្លៃ ភាពងាយស្រួល និង​ទំនាក់ទំនង។

    លោក តេង ឫទ្ធី នាយក​ក្រុមហ៊ុន property investment បានផ្តល់​ពីបទ​ពិសោធ​របស់លោក​ថា៖ “ចំពោះ​ទីផ្សារ យើង​បានដឹង​ទាំងអស់គ្នា​ហើយ ដែល​អ្នកខ្លះ​មាន​លក្ខខណ្ឌ​ក្នុង​ការធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារខុសៗគ្នា។ បើ​យើង​និយាយ​ពី​ទីផ្សារ យើង​និយាយ​អំពី​ការប្រកួតប្រជែង” ពោល​បើ​យើង​ធ្វើ​ជំនួញ ឬ​សកម្មភាព​អ្វីមួយ​លើ​ទីផ្សារ យើង​ត្រូវ​សួរថា​តើ​យើង​បាន​អ្វី​មកវិញ? ហើយ​បើ​យើង​ធ្វើ​វា​ឱ្យ​ជោគជ័យ​បាន ទាល់តែ​យើង​ដឹង​ពី​ចរន្ត​នៃ​តម្រូវការ​ទីផ្សារ​ដែរ។ តម្រូវការ​របស់​វា​ទាក់ទង​នឹង​តម្លៃ និង​តម្លៃ​ដែល​យើង​ចង់​លក់​ចំពោះ​របស់​ដែលមាន​តម្រូវការ​ខ្ពស់ ដូច្នេះ​តម្លៃ​មិនអាច​ចេះតែ​ដាក់​បាន​នោះទេ។

    លោក​បន្តថា ការប្រកួតប្រជែង គឺជា​រឿង​ពិបាកពីព្រោះ​មនុស្ស​យើង​បើ​ចង់​ប្រកួតប្រជែង​ឱ្យដល់​កម្រិត​ថា យកឈ្នះ​ឱ្យបាន​នោះ ប្រហែលជា​ត្រូវការ​អ្វីដែល​ប្លែក​ថ្មី​ពី​គេ​ហើយ។ ព្រោះថា ការ​ឈ្នះ​មិនមែន​ធម្មតា​ទេ មិន​ងាយស្រួល​ទេ ដូចជា​ការរៀនសូត្រ​អុីចឹងដែរ។ បើ​រៀន គឺអាច​រៀន​បាន តែបើ​ឱ្យ​ពូកែ​គឺ​មិនអាច​ទៅរួច​ទេ វា​ជា​រឿង​លំបាក។ វា​អាស្រ័យ​នៅលើ​មូលដ្ឋានគ្រឹះ​ច្រើន ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ និង​ឈ្នះ​គេ។ “ដូច្នេះ​ការធ្វើ​ជំនួញ​មួយ​ដើម្បីឱ្យ​ជោគជ័យ ឬ​ឱ្យ​ឈ្នះ​គេ​នោះ នរណា​ក៏​ចង់បាន​ជំនួញ​ជោគជ័យ​ដែរ តែ​វិធីសាស្ត្រ​ដែលថា​ធ្វើ​ម៉េច​ឱ្យ​ជោគជ័យ? វា​ទាល់តែ​អ្នក​ធ្លាប់​ទទួលជោគជ័យ ឬ​អ្នក​កំពុងតែ​ដើរទៅ​រក​ភាពជោគជ័យ​ទើប​អាច​ប្រាប់​ពី​គ​ន្លឺះ​ជោគជ័យ​បាន។ វា​ជា​រឿង​លំបាក តែ​យើង​នឹង​ព្យាយាម​ដើរ​ទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា”។

    លោកជំទាវ ញឹក ដា​នី នាយិកា​ក្រុមហ៊ុន Mc Millanwoods បាន​មានប្រសាសន៍ថា ការនិយាយ​ពី​ម៉ា​កេ​ធី​ង (Marketing) ក្រុមហ៊ុន​មួយ​ត្រូវ​គិត​ទៅដល់​ការបង់ពន្ធ​ជា​រឿង​សំខាន់។ បើ​និយាយ​ពី​រឿង​ពន្ធ ចាប់តាំងពី​ឆ្នាំ2015 មក ការអនុវត្ត​ពន្ធ​មាន​ការវិវឌ្ឍ​ខ្លាំង​មែនទែន។ ពោល វា​មានការ​លម្អិត​ជាង​មុន​ដែល​ក្រុមហ៊ុន​ខ្លះ​ពុំបាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ទេ​នៅពេល​ចាប់ផ្តើម​រកស៊ី ដូច្នេះ​វា​នឹងមាន​ការប៉ះពាល់​ជាមួយនឹង​បញ្ហា​ពន្ធ​នេះ​តែម្តង។ ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ចាប់អារម្មណ៍​រឿងនេះ។

    លោក ហួត ជា នាយក​ក្រុមហ៊ុន​ហួត​ជា បាន​មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បានមក​អង្គុយ​នៅទីនេះ​ដើម្បី​ចែករំលែក​បទពិសោធ។ អ្វីដែល​ជំរុញ​ឱ្យ​លោក​បង្កើត franchise ដំបូងពិសេស franchise ក្នុងស្រុក​ដែល​ពុំ​សូវ​ជាមាន​ការគាំទ្រ​ផង​នោះ គឺ​បើ​គ្មាន​គោលដៅ​ច្បាស់លាស់​ទេ អាជីវកម្ម​ដែល​យើង​បាន​បើក​នោះ​ប្រៀបដូចជា​​មនុស្ស​ដែល​វង្វេងផ្លូវ​អុីចឹង​ដែរ ដែល​ចាំបាច់​យើង​ត្រូវយក​ហានិភ័យ និង​បញ្ហា​ដែល​យើង​មានមក​ប្រជុំគ្នា​ពិភាក្សា​ដោះស្រាយ ដើម្បី​រក​ច្រកចេញ។

    លោក​បាន​បញ្ជាក់ថា អ្វីដែល​លោក​សម្រេចបាន គឺ​ពង្រីក​បាន 7សាខា ហើយ​លក់បាន​franchises ចំនួន21 ដោយ​សម្ពោធ​បាន16 រួចហើយ។ យើង​ចាប់ផ្តើម​តាំងពី​រ៉ឺម៉ក​មួយ រហូតដល់​បច្ចុប្បន្ន​យើង​មាន​រថយន្ត​ដឹកជញ្ជូន​ដល់​ជាង 40គ្រឿង​ដើម្បី​ដឹកជញ្ជូន​សម្ភារ​ឱ្យ​អតិថិជន​របស់​យើង។ នេះ​ក៏ដោយ​សារ​ក្រុមហ៊ុន​មួយ​ដែល​បង្កើតឡើង​ត្រូវមាន​គោលដៅ និង​បេសកកម្ម​ច្បាស់លាស់​ទើប​អាច​សម្រេច​ជោគជ័យ​បាន។

    លោក សួរ ដេ​នី នាយក​ក្រុមហ៊ុន Car Lover បានផ្តល់​បទពិសោធរ​បស់​លោក​ថា តើ​ធ្វើ​ម៉េច​ឱ្យ ​franchise ក្នុងស្រុក​ដើរ​បានល្អ? ក្នុង​គោលការណ៍​របស់លោក​គឺ​មិន​ទិញ​ទេ franchise បរទេស ព្រោះ​ចង់ឱ្យ franchise ក្នុងស្រុក​រីកចម្រើន ដោយសារ​ខ្មែរយើង​មាន​ធនធានមនុស្ស មាន​អ្នកជំនាញ មាន​អ្នកមាន​បទពិសោធ​ច្រើន​គួរសម ដែល​យើង​អាចឱ្យ​មុខរបរ franchise ក្នុងស្រុក​ចំណេញ​អាចរ​ស់បាន​សមរម្យ​ដោយ​សុចរិត​ភាព។ លោក​បាន​បន្តថា ដោយសារ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា​ឌីជីថល តែ​មិនមែន​សុទ្ធតែ​ចំណេញ​ផលប្រយោជន៍​ពី​ឌីជីថល​ទាំងអស់​ទេ ព្រោះថា បើ​យើង​ដើរ​មុនគេ ការប្រើប្រាស់​ឌីជីថល​នឹង​ចំណេញ តែបើ​យើង​យឺត​បន្តិច​នោះ យើង​បង្កើត businessដើម្បី​តែ​បរាជ័យ​ប៉ុណ្ណោះ។ ដូច្នេះ​ទី1យើង​ត្រូវ​ចេញ​ផលិតផល​ថ្មី​ឱ្យទាន់​ពេល-វេលា និង​តាម​តម្រូវការ​ទីផ្សារ។ ទី2 ពង្រឹង​សេវា​អតិថិជន​នៅនឹងកន្លែង មានការ​ធានា និង​នាំចូល​នូវ​ផលិតផល​មានគុណ​ភាព។ ចំណុច​ទាំង2 នេះ​នឹង​ធ្វើឱ្យ​Brand(ម៉ាកសញ្ញា)របស់​យើង​នឹងមាន​ដំណើរ​ការល្អ និង​មានការ​គាំទ្រ​ពី​អតិថិជន៕

  • ចិញ្ចឹម​មាន់​យក​ស៊ុត​លក់ ចំណេញ​ស្រួល​ជាង​ចិញ្ចឹម​យក​សាច់

    ចិញ្ចឹម​មាន់​យក​ស៊ុត​លក់ ចំណេញ​ស្រួល​ជាង​ចិញ្ចឹម​យក​សាច់

    ដោយ​សង្កេតឃើញថា ស៊ុតមាន់​ភាគច្រើន​ត្រូវបាន​នាំចូលពី​ប្រទេសជិតខាង បុរស​ខ្មែរ​ម្នាក់​បានសម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ មក​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​លក់​ផ្ទាល់ខ្លួន ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ រហូត​ផ្គត់ផ្គង់​សឹងតែ​មិន​គ្រប់​ឱ្យ​ម៉ូយ​ដែល​កុម្ម៉ង់​យក​ប្រចាំថ្ងៃ​ទៀតផង។

    លោក តាក់ សីហា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​មួយកន្លែង​ដែល​ស្ថិតក្នុង​ភូមិ​សុ​បិ​ន្ត ឃុំ​ត្រា​ចពង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​មានប្រសាសន៍ថា លោក​បានចាប់ផ្តើម​ចិញ្ចឹម​មាន់​យក​ពង​នេះ​ចាប់តាំងពី​មេសា ឆ្នាំ2018មក ដោយ​ទិញ​មេមាន់​ចំនួន 6,000ក្បាល (មួយ​ក្បាល​តម្លៃ 2ម៉ឺន​រៀល) យកមក​បំប៉នចំណី និង​ថែទាំ​នៅក្នុង​កសិដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជិត​មួយ​ហិកតា។ រយៈពេល​មួយខែ​ក្រោយមក មេមាន់​ទាំងនោះ​ក៏​ចាប់ផ្តើម​ផ្ដល់​ស៊ុត​ជា​បន្តបន្ទាប់ ដោយ​មួយថ្ងៃ​លោក​អាច​ប្រមូល​ស៊ុត​បាន​ចំនួន​ជាង 5,500គ្រាប់​សម្រាប់​ដឹក​យកទៅលក់​ឱ្យ​ម៉ូយ​នៅលើ​ទីផ្សារ​នានា ជាពិសេស​ផ្សារ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បញ្ជាក់ថា “ការចិញ្ចឹម​មាន់ អាស្រ័យ​លើ​ម្ចាស់​កសិដ្ឋាន បើសិន​ចង់​ឆាប់​បាន​ផល​ត្រូវ​ទិញ​មេមាន់​ដែលធំៗស្រាប់​យកមក​បំប៉នតែ​ក៏ត្រូវ​ចំណាយលុយ​ច្រើន​ដែរ តែបើ​មិនសូវមាន​លុយ​ទេ អាច​ទិញកូនតូចៗយកមក​ចិញ្ចឹម​យូរ​បន្តិច​ទើប​អាច​ទទួលបាន​ពង​ដូចគ្នា”។

    លោក​ថា នៅលើ​ទីផ្សារ ការលក់​ពងមាន់​មានតម្លៃខុសៗគ្នា ប៉ុន្តែ​សម្រាប់​លោក លោក​បោះ​ឱ្យ​ម៉ូយ​ដុំ​ដែល​គេ​ទទួល​ទិញច្រើនៗជា​រៀងរាល់ថ្ងៃ​ដោយ​លក់​ក្នុងតម្លៃ 300រៀល​ក្នុង​មួយគ្រាប់ និង2ថ្ងៃ​ត្រូវ​ដឹក​ទៅឱ្យ​ម៉ូយ​នៅឯ​ក្រុងភ្នំពេញ​ម្តង ប៉ុន្តែ​បច្ចុប្បន្ន​ពងមាន់​ដែល​ប្រមូលបាន​មិនទាន់​គ្រប់​ឱ្យ​ម៉ូយដែល​រង់ចាំ​ទទួល​ទិញ​នៅលើ​ទីផ្សារ​នៅឡើយ​ទេ ជាហេតុ​ធ្វើឱ្យ​លោក​លៃលក​រក​ដើមទុន​បន្ថែមទៀត​សម្រាប់​ពង្រីក​កសិដ្ឋាន​ឱ្យបាន​កាន់តែ​ធំ​ឡើង។ “មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ដោយសារតែ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​បាន​ងាក​មក​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុងស្រុក​កាន់តែច្រើនឡើងៗ ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ខ្មែរ និង​អ្វីដែល​សំខាន់​នោះ​គឺ​ពងមាន់​ក្នុងស្រុក ពេល​ពង​ភ្លាម យកមក​លក់​ភ្លាម ដូច្នេះ​ពង​មានគុណ​ភាពល្អ​ជាង​ពងមាន់​នាំចូល ព្រោះ​ពងមាន់​នាំចូល​ត្រូវ​ចំណាយពេល​ដឹក​មក​យូរថ្ងៃ ទម្រាំ​បានមក​ដាក់លក់​នៅលើ​ទីផ្សារ”។

    ចំពោះ​វិធិ​សាស្ត្រ​ចិញ្ចឹម​វិញ លោក​ប្រាប់ថា មុននឹង​ទិញ​មេមាន់​មក​ចិញ្ចឹម គេ​ត្រូវ​រៀបចំ​ទ្រុងមាន់​ធ្វើ​ពី​សំណាញ់​ដែក​ឱ្យ​ស្អាត​រួច​ជាមុន ដើម្បី​ទុកដាក់​មេមាន់​ឱ្យ​ផុតពី​លើដី​ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​ដ​ង្កា​ត់ផ្សេងៗផង និង​ងាយស្រួល​ក្នុង​ការប្រមូល​អាចម៍មាន់​ទុក​លក់​ឱ្យ​កសិករ​ធ្វើជា​ជីធម្មជាតិ​ផង ដែល​អាចម៍មាន់​នេះ មួយ​បាវ​លក់បាន​តម្លៃ 5,000រៀល​ដែរ ហើយ​មួយថ្ងៃ​ប្រមូលបាន10បាវ សម្រាប់​ទុកជា​ប្រាក់​ចំណាយ​ទិញ​ចំណី​ផ្គត់ផ្គង់​មាន់​ដែលមួយថ្ងៃៗត្រូវ​ចំណាយ​អស់​ប្រហែល 220ដុល្លារ​សម្រាប់​មេមាន់​ទាំង 6,000ក្បាល​នេះ និង​ថ្លៃ​ពលកម្ម​របស់​កម្មករ 4នាក់​ដែល​មើលថែទាំ​មាន់​ផងដែរ។

    ក្រៅពី​ធ្វើ​ទ្រុង​ឱ្យ​ស្អាត​ហើយ​នោះការចិញ្ចឹម​មាន់​នេះយើងត្រូវ​ចេះ​ចាក់​ថ្នាំ​វ៉ាក់សាំង​ឱ្យមាន់​ដើម្បី​ការពារ​ពី​ជំងឺផ្សេងៗផងដែរ ជាពិសេស​ជំងឺរាក។ ពេល​ឃើញ​មាន់​រាក ត្រូវ​ចាក់​ថ្នាំ​ព្យាបាល​ភ្លាម​តែម្ដង ព្រោះ​បើ​ទុកចោល​យូរ អាច​បណ្ដាលឱ្យ​ឆ្លង​ពី​មាន់​មួយ​ទៅ​មាន់​មួយ​បាន។

    យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ការចិញ្ចឹម​មាន់​យក​ពង​នេះ ចំណេញ​ជាង​ចិញ្ចឹម​មាន់​យក​សាច់ ដោយសារ​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​បើសិន​មានការ​គាំទ្រ​ច្រើនការចិញ្ចឹម​មាន់​យក​ពង​លក់​នេះ​ក៏​ទទួលបាន​ផលចំណេញ​ច្រើន​តាម​នោះដែរ និង​ដល់ពេល​មេមាន់​ចាស់ មាន​អាយុ1ឆ្នាំ 3ខែ គេ​អាច​ជម្រុះ​ចោល ដោយ​អាច​យកសា​ច់លក់ ដែល​បាន​តម្លៃ​ខ្ពស់ជាង​មាន់​ចិញ្ចឹម​យក​សាច់​ធម្មតា​ទៀតផង ព្រោះ​មាន់​ចិញ្ចឹម​យក​ពង​នេះ​មាន​សាច់​ស្វិត​ជាង​មាន់​ចិញ្ចឹម​យក​សាច់ និង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ទៀតផង៕

  • អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    នៅពេលថ្មីៗនេះ «គ្រួសារតារាកម្ពុជា» និង អ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈពិទូរ្យ បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយជូនដល់អតីតតារាចម្រៀងនិងអតីតឌីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់40ឆ្នាំផងដែរ។ ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលអោយនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ និងមានការវេចង្ហាន់ ជាទ្រង់ទ្រាយធំគួរសមថ្វាយដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូននាង។

    អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកដឹកនាំធ្វើកម្មវិធីនេះ បានអះអាងថា ដោយសារតែអ្នកស្រីបានរាប់អានកញ្ញា អាលីយ៉ា មិនខុសគ្នានឹងកូនក្មួយម្នាក់ ទើបអ្នកស្រីចេញមុខទៅមើលថែនាងដល់មន្ទីរពេទ្យមុនពេលទទួលអនិច្ចកម្ម និងសម្រេចចេញមុខធ្វើពិធីបង្សកូលធំមួយអោយនាងនៅថ្ងៃទី5 ខែកក្កដា ដើម្បីអបអរថ្ងៃខួបរបស់នាង។ អ្នកស្រីថាពិធីដែលបានធ្វើឡើងនោះ បានរួមចំណែកយ៉ាងខ្លាំងពីសប្បុរសជន និងពីតារាសិល្បៈមួយក្រុមរបស់«គ្រួសារតារាកម្ពុជា»។ អ្នកស្រីពិធីបង្សកូលត្រូវនឹងថ្ងៃខួបកំណើតរបស់នាងនោះ គឺដើម្បីឧទ្ទិសកុសលអោយនាងបន្ថែមពីលើពិធីបុណ្យ7ថ្ងៃដែលទើបតែបញ្ចប់។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» ដែលជាអ្នកដឹកនាំតារាសិល្បៈមួយក្រុម និងជាអ្នកគៀគរជំនួយចូលរួមក្នុងពិធីបង្សកូលនោះ បានអះអាងថា ការពិតគ្រួសារតារាកម្ពុជាបានរួមចំណែកចូលបុណ្យ7ថ្ងៃរបស់កញ្ញា អាលីយ៉ា ជាមួយនឹងអ្នកនាងចន ច័ន្ទលក្ខិណា រួចហើយ ប៉ុន្តែដោយសារតែអាលីយ៉ា ធ្លាប់បានរួមចំណែកជួយដល់«គ្រួសារតារាកម្ពុជា»ក្នុងសកម្មភាពសប្បុរសធម៌ ទើបលោកសម្រចចិត្តប្រមូលកម្លាំងសប្បុរសធម៌ និងសមាជិកជាតារាសិល្បៈមួយចំនួនមកធ្វើបុណ្យរួមគ្នាជាមួយអ្នកស្រី ងិន ម៉ានីយ៉ា ដើម្បីឱ្យពិធីនោះកាន់តែអឹកអធឹក។

    លោកថាជំនួយដែលបានពីការចូលបុណ្យរបស់តារាសិល្បៈរួមមានអ្នកនាងសឿ សុធារ៉ា អ្នកនាងចាន់ សុផានី អ្នកស្រី លីយ៉ា អ្នកនាង គង់ ចាន់រ៉ែន លោកវង្ស ថាណាន់ លោកយន វុទ្ធី ម្ចាស់ផលិតកម្ម  B&S Good day កញ្ញា ណាតាហ្សា កញ្ញាកុសុម៉ា អ្នកនាងម៉ៅ ស៊ីណាត លោកសន សុវណ្ណារ៉ា កញ្ញារក្សា និងសិល្បករជាច្រើនផ្សេងទៀត ត្រូវបានកែច្នៃទិញជាស្លាដក់ ជាម្ហូបជា ជាផ្លែឈើ ជាភេសជ្ជៈ ជានំចំណី ជាមី ជាត្រីខ ជាគ្រឿងផ្ទះ ជាសារ៉ុង ជាក្រមា និងជាថវិកាប្រគេនដល់ព្រះសង្ឃ និងចាស់ៗក្នុងវត្ត ដើម្បីអោយកុសល់កាន់តែច្រើនដល់អាលីយ៉ា ម្ចាស់ទានទាំងអស់។ ក្នុងនោះអ្នកស្រីងិន ម៉ានីយ៉ា ក៏បានប្រគេនទានវស្សាមួយគូធំ ជូនដល់វត្តផងដែរ ដើម្បីឱ្យកុសលទៅអាលីយ៉ា ក្នុងថ្ងៃខួបកំណើតនោះ៕

  • ក្នុងទិសដៅ​ទេសចរណ៍៖ ព្រលានយន្តហោះ ខេត្ត ព្រះសីហនុរំពឹង​ទទួល​អ្នកដំណើរ 1លាន​នាក់​ក្នុង1ឆ្នាំ

    ក្នុងទិសដៅ​ទេសចរណ៍៖ ព្រលានយន្តហោះ ខេត្ត ព្រះសីហនុរំពឹង​ទទួល​អ្នកដំណើរ 1លាន​នាក់​ក្នុង1ឆ្នាំ

    ខណៈដែល​ខេត្ត​ព្រះសីហនុ​កំពុង​ទទួលបាន​ការពេញនិយម​សម្រាប់អ្នកទេសចរ​នៅក្នុង​តំបន់​កាន់តែច្រើនឡើងៗ និង​នៅពេលដែល​អគារ​អ្នកដំណើរ​ចេញ-ចូល​នៃ​ព្រលានយន្តហោះ “អន្តរជាតិ” ខេត្ត​ព្រះសីហនុ​បញ្ចប់​គម្រោង​ជា​ស្ថាពរ អគារ​ថ្មី​នេះ​នឹង​អាច​ទទួល​អ្នកដំណើរ​ក្នុង​មួយឆ្នាំ​បាន​ប្រមាណ​ជាមួយ​លាន​នាក់។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។

    ឯកឧត្តម​បណ្ឌិត​បានឱ្យដឹងថា ការជួសជុល​ស្ថានីយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​មាន​មហិច្ឆតា​មួយ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ដែលជាក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការកែប្រែ​ព្រលានយន្តហោះ​ដើម្បី​ត្រៀម​សម្រាប់​ការកើនឡើង​នៃ​ចរាចរណ៍​អ្នកដំណើរ។ យើង​បាន​ចរចាជាមួយ​ក្រុមហ៊ុន​វិនិយោគ​សាងសង់ និង​បាន​សាងសង់​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​នូវ​អគារ​ថ្មី​របស់​យើង​ដែលមាន​សោភណភាព និង​បរិស្ថាន​ល្អ​ដើម្បី​អាច​ទទួល​អ្នកដំណើរ​បា​ន 1លាន​នាក់​ក្នុង​មួយឆ្នាំ ដោយសារ​អគារ​ចាស់​ពីមុន​របស់​យើង​ទទួលភ្ញៀវ​បានត្រឹមតែ 20ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។

    ឯកឧត្តម​បណ្ឌិត​​មានប្រសាសន៍ថា ដោយសារ​ការ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រ​ស្ស៊ី នៅ​កម្ពុជា​នាពេល​កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​សំណូម-ពរ​ឱ្យ​ប្រទេស​រុស្ស៊ី​បញ្ជូន​ភ្ញៀវទេសចរ​របស់ខ្លួន​មក​ធ្វើ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​មានប្រសាសន៍ថា ភ្ញៀវទេសចរ​រុស្ស៊ី​ចូលចិត្ត​តំបន់​សមុទ្រដូច្នេះ​ទាល់តែ​កម្ពុ​ជាមាន​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​នៅ​ខេត្ត​ដែល​ជាប់​នឹង​សមុទ្រ ទើប​ភ្ញៀវទេសចរ​រុស្ស៊ី​អាចធ្វើ​ការហោះហើរ​ត្រង់​មកកាន់​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​បាន​ដោយ​ងាយស្រួល។

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះ​កម្ពុជា​បានឱ្យដឹងថា កម្មវិធី​កែលម្អ​ព្រលានយន្តហោះ​នេះ​មាន​រួមបញ្ចូលការពង្រីក​ព្រលានយន្តហោះ​រហូតដល់​ទៅ 80ភាគរយ​ពីលើ​ទំហំ​បច្ចុប្បន្ន​របស់ខ្លួន​ដែលជា “ការជួសជុល​ឡើងវិញ” នៅតាម​កន្លែង​នានា (ជាពិសេស​តំបន់​ត្រួតពិនិត្យ កន្លែង​ស្នាក់នៅ និង​តំបន់​ទាមទារ​សំណង)និង​ការដំឡើង​ឧបករណ៍​ថ្មី រួមទាំង​ប្រព័ន្ធគ្រប់គ្រង​ឥ​វ៉ាន់​របស់​អ្នកដំណើរ​ផងដែរ។

    ទាំងអស់នេះ គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​ផ្លូវអាកាស​នៅក្នុង​ប្រទេស និង​ជាការ​បោះជំហាន​ថ្មី​មួយ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការរួមចំណែក​ដល់​សក្តា​នុព​ល​នៃ​កំណើនសេដ្ឋកិច្ច​ទេសចរណ៍។

    លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ការជួសជុល​ស្ថានីយ​អ្នកដំណើរ​នេះ​ឡើងវិញ គឺជា​ការពង្រីក​អគារ​ទទួល​អ្នកដំណើរ ដោយសារ​ការកើនឡើង​នៃ​ប្រជាប្រិយភាព​របស់​ខេត្ត​ព្រះសីហនុ​ដែលជា​គោលដៅ​ទេសចរណ៍។ “គោលនយោបាយ​របស់​យើង គឺ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើនឡើង ក៏ដូចជា​ការវិនិយោគ​នៅក្នុង​ខេត្ត​នេះ ហើយ​នៅ​ក្នុងន័យនេះ ការជួសជុល​ព្រលានយន្តហោះ គឺជា​គន្លឹះ​ក្នុង​ការផ្តល់សេវា​ល្អប្រសើរ និង​កាន់តែ​ងាយស្រួល”។

    លោក​បាន​មានប្រសាសន៍ថា ជា​សក្តានុពល ទី1 គឺយើង​បាន​កែលម្អ​សោភណភាព ពង្រីក​ស្ថានីយ​អ្នកដំណើរ​ចាស់​ឱ្យ​ទំនើប​ត្រូវ​តាម​ស្តង់ដារ និង​ប្រកបដោយ​ផាសុកភាព។ ទី2 គឺ​ទទួល​អ្នកដំណើរ​ឱ្យបាន​ច្រើន​ជើងហោះហើរ ពោលគឺ​ភ្ញៀវទេសចរ​នឹង​កើនឡើង​ពី 250,000នាក់ ទៅ500,000នាក់​តាមផ្លូវ​អាកាស​នេះ។ នេះ​គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​មិនទាន់​ពេញ​ខ្នាត​ស្តង់ដារ​នៅឡើយ។ ឥឡូវ​យើង​ស្វាគមន៍ និង​ពង្រីក​ព្រលាន​របស់​យើង​ឱ្យ​ត្រូវ​ស្តង់ដារ និង​ទូលាយ​ជាង​មុន យើង​នឹង​ពិនិត្យ​ជា​បន្តទៀត​នូវ​ការកើនឡើង​ជា​លំដាប់​នៃ​ការ​ចរាចរ​របស់​អ្នកដំណើរ។

    យោងតាម​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ី​វី​ល​បានឱ្យដឹងថា សព្វថ្ងៃ​ព្រលានយន្តហោះ​អន្តរជាតិខេត្តព្រះសីហនុ ដែលមាន​ប្រវែង 2,500ម៉ែត្រ​នេះមិនទាន់​ឆ្លើយតប​តាម​តម្រូវឱ្យ​ការហោះហើរ និង​ចុះចត​របស់​យន្តហោះ​ធុន​ធំ​បានទេ ដូច្នេះ​សព្វថ្ងៃ​ព្រលាន​នេះ​ទទួលបាន​ត្រឹមតែ​យន្តហោះ​ប្រភេទ Air bus 321 និង​បូ​អុីង757 ក៏ប៉ុន្តែ​តម្រូវ​ការឱ្យ​យន្តហោះ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្តហោះធំៗ មិនទាន់​អាច​ចុះចត​បាន​នៅឡើយ។

    សូមបញ្ជាក់ថា បើតាម​គម្រោង នៅ​ដើមឆ្នាំ2019 ខាងមុខនេះ ការពង្រីក​ព្រលាន​ប្រវែង 300ម៉ែត្រ​បន្ថែម​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​ដដែលដែល​អាចធ្វើឱ្យ​យន្តហោះ​ធុន​ធំ​ចុះចត​បាន។ ដំណាក់កាល​ទី2 នឹង​ពង្រីក​ផ្លូវ​ហោះហើរ​ប្រវែង 500ម៉ែត្រ​បន្ថែមទៀត ដែល​នឹង​ធ្វើឱ្យ​ផ្លូវ​រត់​ហោះ(Runway)មាន​ប្រវែង​រហូតដល់ 3,300ម៉ែត្រ និង​អាចឱ្យ​យន្តហោះ​ប្រភេទធំៗចុះចត​បាន​ដូច​ការគ្រោងទុក។

    បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ មាន​ភ្ញៀវ​ចូលមក​តាម​រដូវ​កាល ដោយ​នៅក្នុង​រដូវ Low season មាន​ជើងហោះហើរ​ពី7 ទៅ10ជើង​ក្នុង​មួយថ្ងៃ តែ​ក្នុង​រដូវ High season វិញ​នឹងមាន​រហូត​ទៅដល់ 15ជើង​ក្នុង​មួយថ្ងៃ៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូច ក្នុងមួយថ្ងៃៗតាំងពីវ័យ6ខែឡើងទៅ គួរបានទទួលសារធាតុអាហារ ដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អផ្សេងៗពីគ្នា។ តើកូនតូចរបស់អ្នកញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែន នឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1. បន្លែផ្លែឈើពណ៌បៃតង
    បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសម សម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង និងផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌ បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺខ្លូរ៉ូ ហ្វីល (Chlorophyll) មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2. បន្លែផ្លែឈើពណ៌ក្រហម
    បន្លែ និងផ្លែឈើពណ៌ក្រហម ដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុឡៃខូពីន (Lycopene) និងបេតាសៃស៊ីន (Betacycin) ដោយសារធាតុទាំង2ប្រភេទនេះមានចំណែកសំខាន់ក្នុងការ មើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងៗបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3. បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ
    ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោតមានសារធាតុសំខាន់ៗដូចជា លូធីន (Lutein) ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេល យប់ និងមានសារធាតុ បេតាឃែរ៉ូធីន (Betacarotene) ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4. បន្លែផ្លែឈើពណ៌ស្វាយ
    បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្ល៊ូបឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន(Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5. បន្លែផ្លែឈើពណ៌ ស
    បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល និងគ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុ កាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអីុនខ្ពស់ល្អខ្លាំងណាស់សម្រាប់ក្មេង តូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិនដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗ ដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1. ធ្វើអ្វីថ្នមៗខ្លះផង
    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ…អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហើយ។

    2. ត្រូវរកជំនួយការដែលទុកចិត្តបាន
    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេហើយអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាអូនតូចដែលកំពុងគេងនៅក្នុងផ្ទៃផងដែរ។

    3. យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួន
    ឯងយ៉ាងម៉ឺងម៉ាត់ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរមាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4. គេងលក់ និងសម្រាក
    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5. មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា
    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេសបើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើហើយថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6. ផ្លូវចិត្តរីករាយស្រឡះ
    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពផ្លូវចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • នៅពេលកូនតូចឈានចូលខែទី12

    នៅពេលកូនតូចឈានចូលខែទី12

    លក្ខណៈរបស់កូនតូច
    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដងធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។ វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្ក្រានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ
    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូននិយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ
    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអីុន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអីុនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែនតែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើននោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯងដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយព្រោះការដែលកូនបានរត់លេងច្រើននេះវាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តាយាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។