Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ zero-day

    ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ zero-day

    កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្រុមហ៊ុន Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Video conferencing សម្រាប់ Windows ដើម្បី​ការពារ​ពី​ការវាយប្រហារ zero-day បន្ទាប់ពី​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា ACROS បានធ្វើការ​ផ្សព្វផ្សាយ​ពី​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាចឱ្យ​ជនអនាមិក​បើក​ដំណើរការ​កូដ នៅពេលដែល​ពួកគេ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បើក​ឯកសារ នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ពុំ​ដឹងខ្លួន។ ការធ្វើ​បច្ចុប្បន្នភាព​នេះ​គឺ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ហើយ​វា​មិនមាន​ការប៉ះពាល់​ជាមួយ Windows 8 ឬ Windows 10 នោះទេ។

    គួរ​រំឭក​ផងដែរ​ថា កាលពីពេលថ្មីៗនេះ Zoom ត្រូវបាន​រង​ការរិះគន់ ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក ក្រោយពី​ការប្រកាស​ថា​ប្រព័ន្ធ encryption ពួកគេ​គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នោះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​ឡើងវិញ​ថា អ្នកប្រើប្រាស់​ទាំងអស់​នឹង​អាច​ប្រើ​មុខងារ end-to-end encryption បាន។

    ដោយសារតែ​ក្រុមហ៊ុន Zoom បាន​ព្យាយាម​ធ្វើការ​កែសម្រួល ហើយ​ដាក់ឱ្យ​ប្រើប្រាស់ភ្លាមៗ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ដែល​កំពុង​ប្រើប្រាស់ Windows 7 ជាមួយ​កម្មវិធី Zoom គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ឱ្យបាន​ឆាប់រហ័ស (Version 5.1.3) ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​ជាយថាហេតុ​ណាមួយ​នោះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើក្រសួងការងារសុំបើកគ្រឹះស្ថានបណ្តុះបណ្តុះបណ្តាលឡើងវិញ

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ថៃ ដែលជា​អ្នកកាន់កាប់​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​ថៃ​ទាំងអស់ (Thai League) បានប្រកាស​ពី​គម្រោង​ដាក់ឱ្យ​គ្រប់​ក្លិប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (អ្នកសារព័ត៌មាន) ទាំងអស់​ត្រូវធ្វើ​តេស្តរ​ក​មេរោគ​កូ​វីដ-19 រៀងរាល់​ការប្រកួត និង​ចេញថ្លៃ​ធ្វើតេស្ត​ដោយ​ខ្លួនឯង។

    មកទល់នឹង​ពេលនេះ ថៃ​បានដាក់​ផែនការ​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខនេះ ប្រសិនបើ​មានការ​ធូរស្បើយ​មែនទែន។ ជុំវិញ​រឿង​ការ​ត្រឡប់មកវិញ​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​ថៃ​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានទទួល​ការណែនាំ​ពី​គណៈកម្មការ​គ្រប់គ្រង​ជំងឺ​កូ​វីដ-19 ថៃ ដោយ​តម្រូវឱ្យ​កីឡាករ​ត្រូវ​ពិនិត្យ​រក​ជំងឺ​នេះ ៣ថ្ងៃមុន​ការប្រកួតនីមួយៗ ពោលគឺ​រៀងរាល់​សប្តាហ៍​ទៅលើ​កីឡាករ និង​អ្នក​ដែល​នឹង​ត្រូវមាន​វត្តមាន​គ្រប់រូប​នៅ​កី​ឡ​ដ្ខា​ន។

    ការពិនិត្យ​នេះ​ផងដែរ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ក៏បាន​ប្រកាស​ផងដែរ​ថា វា​មិនមែនជា​បន្ទុក​ចំណាយ​របស់​សហព័ន្ធ​ឡើយ វា​គឺជា​ការចំណាយ​ផ្ទាល់ខ្លួន​របស់​បុគ្គលនីមួយៗ ដែល​នៅក្នុង​ការពិនិត្យ​ម្តង មានតម្លៃ​ប្រហែល 30ដុល្លារ៕

  • មហា​សេដ្ឋី​​លំដាប់​ទី​មួយ​នៅ​ទ្វីប​អាស៊ី ដណ្ដើម​បាន​តំណែង​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6 ក្នុង​ពិភពលោក

    មហា​សេដ្ឋី​​លំដាប់​ទី​មួយ​នៅ​ទ្វីប​អាស៊ី ដណ្ដើម​បាន​តំណែង​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6 ក្នុង​ពិភពលោក

    ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ឥណ្ឌា​ លោក Mukesh Ambani ទើប​តែ​បាន​កើន​ឡើង​លើស​ពី​ទំហំ​​ទ្រព្យ​របស់​លោក​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់ក្រុម​ហ៊ុន​​ Google គឺ​លោក​ Sergey Brin និង​លោក​ Larry Page ហើយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6​នៅក្នុង​ពិភពលោក​។

    លោក​តាម​ Bloomberg Billionaires Index បន្ទាប់​ពី​បាន​លោត​រំលង​មហា​សេដ្ឋី​ Warren Buffett កាល​ពី​ចុង​សប្ដាហ៍​​មុន ប្រធាន​ក្រុម​ហ៊ុន​ Reliance Industries របស់​ឥណ្ឌា​ គឺ​លោក​ Mukesh Ambani បន្ត​រក​បាន​ប្រាក់​យ៉ាង​ច្រើន​បន្ថែម​ទៀត ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សរុប​របស់​លោក​កើន​ឡើង​ដល់​72.4​ពាន់​លាន​ដុល្លារ​អាមេរិក​។ មូលបត្រ​របស់​ក្រុម​ហ៊ុន​ពហុវិស័យ​នេះ​បាន​កើនជាង​ពាក់​កណ្ដាល​រាប់​ចាប់​ពីពេល​បាន​​ធ្លាក់​ដល់​បាត​កាល​ពី​ខែ​មីនា​។ ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​ផ្នែក​ឌីជីថល់​ដែល​បាន​ទាក់​ទាញ​ខ្ទង់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​ជា​ Facebook, និង​ Silver Lake ជា​ដើម​ ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ការ​ចូល​រួម​វិនិយោគ​ពី​ក្រុម​ហ៊ុន​ Qualcomm​ ផងដែរ។

    ទន្ទឹម​នឹង​នេះ ​មូលបត្រ​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នានា​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​លក់​ចេញ​ជា​បន្ត​បន្ទាប់​។ ប្រការ​នេះ​បណ្ដាល​ឱ្យ​ទ្រព្យ​របស់​លោក​ Page នៅ​សល់​ត្រឹម​តែ​71.6​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់​លោក​ Brin នៅ​ត្រឹម​69.4​ពាន់​លាន​ដុល្លារ​ រីឯលោក​ Musk ចុះ​មក​នៅ​ត្រឹម​68.6​ពាន់​លាន​ដុល្លារ​។ មុន​នោះ​ ទ្រព្យ​របស់​លោក​ Buffett បាន​ថយ​ចុះ​អស់​ជិត​3​ពាន់​លាន​ដុល្លារផងដែរ​ ដោយ​សារ​ការ​បរិច្ចាគ​សម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌​។

    កត្តា​ទាំង​ឡាយ​ខាង​លើ​នេះ បាន​ជួយ​ឱ្យ​មហា​សេដ្ឋី​ឥណ្ឌា លោក Mukesh Ambani ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6​ក្នុង​ពិភពលោក​។ កាលពី​ជិត​1ខែ​មុន លោក​ Mukesh ក៏​បាន​ក្លាយ​ជា​តំណាង​តែ​ម្នាក់​គត់​របស់​ទ្វីប​អាស៊ី​ដែល​បាន​ឡើង​ដល់​ top 10 នៃ​មហា​សេដ្ឋី​ពិភពលោក​​។

    មហា​សេដ្ឋី​ឥណ្ឌា​ ពេល​នេះ​ មាន​ទ្រព្យ​ច្រើន​ជាង​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google ទៅ​ទៀត
    មហា​សេដ្ឋី​ឥណ្ឌា​ ពេល​នេះ​ មាន​ទ្រព្យ​ច្រើន​ជាង​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google ទៅ​ទៀត

    ក្រុម​ហ៊ុន​ថាម​ពល​របស់​មហា​សេដ្ឋី Mukesh កំពុង​តែ​បង្វែរ​គោល​ដៅ​បន្តិ​ច​ម្ដង​ៗ​ទៅ​រក​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច។ ថ្មី​ៗ​នេះ​ ប្រទេស​ឥណ្ឌា​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​បរទេស​ ពិសេស​គឺ​នៅ​តំបន់​ជ្រលង​ភ្នំ​ Silicon។ ក្រុម​ហ៊ុន​ Google កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា​ នឹង​ចំណាយ​ប្រាក់​10​ពាន់​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ជួយ​បង្កើន​ល្បឿន​ឆ្ពោះ​ទៅ​រក​វិស័យ​ឌីជីថល់​របស់​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​មួយ​នេះ​ផងដែរ​​។

    លោក Mukesh Ambani បាន​ចូល​រួម​ធ្វើ​កិច្ច​ការ​ក្រុម​ហ៊ុន​របស់​គ្រួ​សារ​លោក​ តាំង​ពី​ទសវត្សរ៍​ទី​80​នៃ​សហស្សវត្សរ៍​មុន​។ ក្រោយ​ពី​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ លោក​ Mukesh និង​ប្អូន​ប្រុសឈ្មោះ​ Anil ​ក៏​បាន​ចែក​ក្រុម​ហ៊ុន​នេះ​ជា​2ចំណែក​​ ក្នុង​នោះ​លោក​ Mukesh ទទួល​គ្រប់​គ្រង​ផ្នែក​ចម្រាញ់​ប្រេង​ គីមី​ប្រេង​ ឧស្ម័ន​ និង​វាយណ​ភណ្ឌ​។ ជំនួញ​របស់​លោក​​ Mukesh ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ហើយ​ក៏​បាន​​ពង្រីក​វិសាល​ភាព​ទៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច ហើយ​លោក​ Mukesh ក៏​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន៕

    ប្រភព៖ Bloomberg

  • វិធីកែសម្រួលបន្ទប់គេងរបស់កូនឱ្យស្អាត និងអស់ប្រាក់តិច

    វិធីកែសម្រួលបន្ទប់គេងរបស់កូនឱ្យស្អាត និងអស់ប្រាក់តិច

    វិធីកែសម្រួលបន្ទប់គេងរបស់កូន ប្តូរបន្ទប់គេងចាស់ៗរបស់កូនឱ្យក្លាយជាបន្ទប់ថ្មីដ៏គួរឱ្យចង់នៅ ដោយប្រើថវិកាតិចបំផុត ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីទាំងនោះមានអ្វីខ្លះដូចខាងក្រោម។

    1 . កែសម្រួលម៉ូដបន្ទប់ឱ្យមើលទៅសប្បាយរីករាយ បន្ទប់គេងរបស់ក្មេងដែលយើងឃើញច្រើនតែលាបដោយពណ៌ស ពណ៌គ្រីម និងពណ៌លឿងជាដើម តែយើងអាចប្រើពណ៌រាងចាស់ដឹតៗឡើងបន្តិចបាន តែកុំភ្លេចប្រើពណ៌ណាដែលធ្វើឱ្យមើលទៅស្រស់ស្រាយសមនឹងវ័យរបស់កុមារផង និងកុំភ្លេចយកស្ទិកឃើរ៍រូបសត្វផ្សេងៗមកបិទតុបតែងដើម្បីបង្កើនចំណេះដឹងដល់កូនផង។

    2 . គ្រឿងសង្ហារិមដែលប្រើមកយូរហើយ ច្រើនតែមានការខូចខាត បាក់បែក សឹករេចរឹល ស្លកពណ៌ទៅតាមពេលវេលា លែងស្អាតដូចកាលពីនៅថ្មីៗហើយ តែកុំបោះវាចោលអី ព្រោះយើងអាចយកវាមកជួសជុលកែកុនលាបពណ៌ជាថ្មី និងគួរជ្រើសរើសប្រើពណ៌ដែលភ្លឺស្អាត និងមានសុវត្ថិភាពសម្រាប់ក្មេង។

    3 . ធ្វើជញ្ជាំងបន្ទប់ឱ្យក្លាយជាក្តារខៀន យើងអាចកែច្នៃក្តារបន្ទះ ឬក្តារវ៉ាយបតចាស់ៗដែលលែងប្រើហើយ យកមកបំពាក់លើជញ្ជាំងក្នុងបន្ទប់គេងរបស់កូន រៀបចំតុប​តែងឱ្យស្រស់ស្អាត ដើម្បីឱ្យកូនបានសរសេរ គូសវាស តាមចិត្តចង់ និងងាយស្រួលក្នុងការលប់ចេញវិញទៀតផង។

    4 . គ្រឿងសង្ហារិមម៉ាល់ធីហ្វាំងស្សឹន វត្ថុដែលសំខាន់ក្នុងបន្ទប់គេងរបស់កូននោះគឺ គ្រឿងសង្ហារិម យើងគួរជ្រើសរើសប្រើគ្រឿងសង្ហារិមណាដែលអាចប្រើការបានច្រើនយ៉ាង ទាំងអស់នេះគឺជាការសន្សំសំចៃទីកន្លែង និងសន្សំសំចៃថវិកាទៀតផង តែកុំភ្លេចថា គួរទិញរបស់ណាដែលស័ក្តិសមនឹងវ័យរបស់កូនផង។

    សម្រាប់លោកឪពុកអ្នកម្តាយដែលមិនសូវមានថវិកាក្នុងការរៀបចំបន្ទប់របស់កូនឱ្យស្អាតឡើងវិញនោះ គួរតែប្រើវិធីដូចខាងលើ តែក៏គួរកុំភ្លេចថា ភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់កូនគឺជារឿងសំខាន់បំផុត៕

  • អ្នកជំនាញថា សាលាទាំងអស់គួរតែបើកឡើងវិញពេលចូលឆ្នាំសិក្សាថ្មី

    អ្នកជំនាញថា សាលាទាំងអស់គួរតែបើកឡើងវិញពេលចូលឆ្នាំសិក្សាថ្មី

    បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​សិស្សានុសិស្ស​ជាច្រើន​ត្រូវ​រង​ផលប៉ះពាល់​ដោយសារតែ​ការបិទ​សាលារៀន ហើយ​ត្រូវ​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​នៅ​ទូទាំងប្រទេស។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច បណ្ឌិត ចាន់ សុផល បាន​លើកឡើងថា ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ Covid នៅតាម​សាលារៀន មាន​មែនហើយ ក៏ប៉ុន្តែ​ការបង់​ខាត​ដោយ​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ដោយសារ​ការបិទ​សាលារៀន​យូរ ទំនង​ជាមាន​ទំហំ​ធំ​ដែល​ពិបាក​វាស់​បាន។ សិស្សានុសិស្ស​រាប់លាន​នាក់ អាច​ត្រូវបាន​ប្តូរ​ឥរិយាបថ​ទៅជា​មិនល្អ ដោយសារ​ទម្លាប់​លេង​ហ្គេម​ជ្រុល សម្រាប់​អ្នកមាន​កុំព្យូទ័រ​ឬ​ស្មា​ត​ហ្វូ​ន និង​ទម្លាប់​ដើរលេង​ជ្រុល​សម្រាប់​អ្នក​គ្មាន​ឧបករណ៍​ទាំងនេះ ជាពិសេស​អ្នកក្រ។

    ប្រសិនបើ​មាន​មេរោគ​ Covid នៅក្នុង​សហគមន៍ ហានិភ័យ​ចម្លង​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ឃុំ​មួយ​មួយ​ទៅ​ឃុំ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ លោក​យល់ថា​អាចមាន​អត្រា​ឆ្លង​ខ្ពស់​នៅតាម​ការធ្វើដំណើរ​រប​ស់កម្មករ និង​អ្នក​ចរាចរណ៍​តាម​មធ្យោបាយ​សាធារណៈផ្សេង។ រថយន្ត​មួយ អាច​ប្រមូល​កម្មករ​រោងចក្រ​ពី​ច្រើន​ភូមិ ជិះ​ប្រជ្រៀត​គ្នា ក្នុង​មួយ​ឡាន​អាច​ដល់50នាក់ ហើយ​ចូលទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​ឬ​ច្រើន ដែលមាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​រាប់សិប​ភូមិផ្សេងៗគ្នា។

    នៅ​សាលារៀន​បឋមសិក្សា​តាម​ជនបទ​ភាគច្រើន មាន​សិស្ស​មកពី​ឃុំ​តែមួយ។ សាលារៀន​មធ្យមសិក្សា អាចមាន​សិស្ស​មកពី​ស្រុក​តែមួយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន​គ្រប់គ្រង ប្រសិន​ដឹងថា​មាន​ឆ្លង​មេរោគ។ ក្រៅពីនេះ សាលារៀន​ក៏​អា​ចរក​វិធី​គ្រប់គ្រង​ហានិភ័យ ដូចជា​តាមរយ:ការបើក​ឱ្យ​រៀន​នៅ​ថ្ងៃ​ឆ្លាស់គ្នា​ដើម្បី​បន្ថយ​ចំនួន​សិស្ស​នៅក្នុង​ថ្ងៃ​តែមួយ រួមទាំង​ការ​ស្ទង់កំដៅ និង​ការ​មាន​អាល់កុល​លាងដៃ​ជាដើម។

    លោក​បញ្ជាក់ថា ប្រសិនបើ​រកឃើញថា​សាលារៀន​ជា​កន្លែង​ចម្លង​មេរោគ​ Covid ពិតប្រាកដ​នៅក្រោយពេល​បើក​វិញ​មែន​នោះ រដ្ឋាភិបាល​នឹង​បិទ​វិញ។ វា​ទំនងជា​មិន​បង្ក​អន្តរាយ​នោះទេ ដោយហេតុថា​នៅ​ប្រទេស​កម្ពុជា អត្រា​ជាសះស្បើយ​ពី​ជំងឺ​ Covid មាន​ដល់​ទៅ100%។ ម្យ៉ាងវិញទៀត ការមិន​តិ​ទ​រោងចក្រ ការដឹក​កម្មករ​ចង្អៀត​គ្នា​តាម​ឡាន ការបើក​ផ្សារ​និង​ទីកន្លែង​ប្រជុំជនផ្សេងៗ ប៉ុន្តែ​បិទ​សាលារៀន អាច​ស្រដៀង​គ្នា​នឹង​ការលាង​សំអាត​ដៃ​តែមួយ​ខាង។ ប្រសិនបើ​មាន​មេរោគ វា​នឹង​ឆ្លង​ដូច​តែ​គ្នា។

    បណ្ឌិត ចាន់ សុផល បង្ហាញ​ការ​ជឿជាក់ថា រដ្ឋាភិបាល​ប្រាកដជា​ដឹង​វិធីងាយៗទាំងនេះ និង ការបង់​ខាត​ដល់​សង្គម​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដោយសារ​ការកើត​ទម្លាប់​មិនល្អ​របស់​សិស្សានុសិស្ស​រា​ប់​លាន​នាក់​នៅក្រៅ​សាលា​ច្រើន​ខែ។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា ៖«ខ្ញុំ​ពិតជា​មិនដឹង​អំពី​ជម្រៅ​នៃ​ការវិភាគ​និង​ការថ្លឹងថ្លែង​របស់​អ្នកសម្រេច​គោលនយោបាយ​នោះទេ។ ទាំងនេះ​គ្រាន់តែ​ជា​មតិ​របស់ខ្ញុំ​ប៉ុណ្ណោះ»៕

  • ជំងឺវីរុស ជាន់កបន្ថែមលើ ជំងឺសេដ្ឋកិច្ច

    ជំងឺវីរុស ជាន់កបន្ថែមលើ ជំងឺសេដ្ឋកិច្ច

    ឱកាសដែលសេដ្ឋកិច្ច នឹងស្ដារខ្លួនបានឡើងវិញយ៉ាងឆាប់រហ័ស ដូចដែលអ្នកកំពុងទូលទុក្ខជាច្រើនចង់បាននោះ ប្រហែលជាពិបាកនឹងទៅរួចណាស់ នៅពេលមើលឃើញការឆ្លងរាលដាលរបស់មេរោគកូរ៉ូណាប្រភេទថ្មីសព្វថ្ងៃនេះ ដែលនៅតែគួរឱ្យខ្លាចដដែល ជាពិសេសក្នុងទ្វីបអាមេរិក ចាប់ពីកាណាដា រហូតទៅដល់អាហ្សង់ទីន ធ្វើឱ្យក្លាយជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលបាត់ទៅហើយ។

    និងមិនទាន់មានដំណោះស្រាយចេញមកថា នឹងចាត់ការយ៉ាងណានៅឡើយ នៅពេលមិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលដែលអាចប្រើបានជាទូទៅស្ថិតក្នុងតម្លៃដែលមិនថ្លៃហួសហេតុពេក ដូចដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដូចជាថ្នាំ Remdesivir របស់ក្រុមហ៊ុន Gilead ដែលមានតម្លៃខ្ពស់កប់ពពក គឺជាង 3ពាន់ដុល្លារក្នុង1ឈុត។

    សហរដ្ឋអាមេរិក និងប្រេស៊ីល និងប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន គឺជាតំបន់ដែលមិនទាន់អាចគ្រប់គ្រងការឆ្លងរាលដាលបាននៅឡើយ។ សហរដ្ឋអាមេរិក ក៏នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគ និងស្លាប់ខ្ពស់ជាងគេបំផុតលំដាប់លេខ1 ក្នុងពិភពលោក និងមានប្រទេសប្រេស៊ីលតាមពីក្រោយលំដាប់លេខ2 និងប្រទេសមិកស៊ិក លំដាប់លេខ3។

    ហើយមេដឹកនាំសហរដ្ឋអាមេរិក និងប្រេស៊ីល ថែមទាំងមិនបានយកចិត្តទុកដាក់នឹងការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគតាំងពីដំបូងទៀតផង ដោយលោកដូណាល់ ត្រាំ បានលើកឡើងថា បើពាក់ម៉ាស់ការពារ នឹងធ្វើឱ្យមើលឃើញដូចជាមនុស្សទន់ជ្រាយ និងគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍បាន ដែលគំនិតនេះ អាចរាប់បានថា ជាគំនិតដែលឡប់សតិមែនទែន។

    លោកត្រាំ ថែមទាំងបានអះអាងឱ្យប្រជាជនអាមេរិកលង់ជឿទៀតផងថា មេរោគវីរុសកូរ៉ូណានេះ មិនមានគ្រោះថ្នាក់អ្វីទេ ទាំងដែលមានពលរដ្ឋអាមេរិកាំងឆ្លងមេរោគច្រើនដល់ទៅជាង 3.3លាននាក់ និងមានអ្នកស្លាប់ជាង 1.3សែននាក់ទៅហើយនោះ និងមិនព្រមទទួលស្គាល់ថា ខ្លួនឯងបានដំណើរការនយោបាយ និងវិធានការផ្សេងៗក្នុងការទប់ទល់នឹងការឆ្លងរាតត្បាតដែលខុសឆ្គងឡើយ។

    មេដឹកនាំប្រទេសប្រេស៊ីល ឆាអ៊ីរ៍ បូលសូណារ៉ូ ដែលបានឆ្លងមេរោគកូរ៉ូណារួចទៅហើយ ព្រោះតែមិនព្រមពាក់ម៉ាស់ការពារនោះ ធ្លាប់បានប្រកាសកាលពីពេលមុននេះថា មេរោគវីរុសកូរ៉ូណា គ្រាន់តែជាមេរោគ “គ្រុនផ្ដាសាយតូចមួយ” ខណៈពេលនេះ កំពុងត្រូវរងបណ្ដឹងដោយអ្នកសារព័ត៌មាន ដែលទៅធ្វើព័ត៌មានពីមេដឹកនាំដែលបានបើកម៉ាស់ការពារនិយាយទទួលស្គាល់ថា ខ្លួនឯងកំពុងឆ្លងមេរោគ។

    ក្រុមប្រទេសអាមេរិកឡាទីន ដូចជាប៉េរូ ឈីលី កូឡុំបៀ នៅតែជាប្រភពនៃការឆ្លងរាលដាល ដែលហុចផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាមេរិកឡាទីន ដែលមានវិបត្តិបំណុលមិនបង្កឱ្យកើតមានកម្រៃបានច្រើនឡើង រួមទាំងមានអ្នកគ្មានការងារធ្វើជាច្រើន គ្មានប្រាក់ចំណូល និងមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

    បញ្ហាសេដ្ឋកិច្ចក្នុងប្រទេសវេណេហ្ស៊ុយអេឡា ធ្ងន់ធ្ងរ ធ្វើឱ្យមនុស្សរត់ភៀសខ្លួន គេចចេញពីក្ដីលំបាក ការខ្វះខាតចំណីអាហារ ទៅរស់នៅក្នុងប្រទេសជិតខាង និងព្យាយាមរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកបង្កបញ្ហាដល់ប្រទេស និងបានប្រកាសនយោបាយបិទប្រទេស ហាមមនុស្សចូល…។

    នៅពេលសហរដ្ឋអាមេរិក ដែលមានទំហំសេដ្ឋកិច្ចលំដាប់លេខ1 ក្នុងពិភពលោក ត្រូវធ្លាក់សភាពសោកសៅ ទាំងផ្នែកផលិតកម្មឧស្សាហកម្ម ហិរញ្ញវត្ថុ រួមទាំងការលក់រាយផងនោះ បើទោះជាមានសញ្ញាថា ល្អឡើងវិញក៏ដោយ តែក៏នៅមិនទាន់មានស្ថិរភាពដែរ ដោយអាចព្យាករបានតាមរយៈ Index ផ្សារហ៊ុន Dow Jones ដែលនៅតែប្រែប្រួលយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យបញ្ហាវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក មានភាពស្មុគស្មាញ ព្រោះកើតមានទំនាស់គ្នាទាំងក្នុងកម្រិតជាតិ និងកម្រិតមណ្ឌលរដ្ឋនានា ដោយក្នុងកម្រិតជាតិនេះ មេដឹកនាំមន្ទីរសេតវិមាន លោកដូណាល់ ត្រាំ នៅតែជាគូទំនាស់ជាមួយនឹងក្រុមអ្នកជំនាញការ និងគ្រូពេទ្យដែលរៀបផែនការទប់ទល់សភាវវិបត្តិ។

    ជាក្រុមអ្នកធ្វើការងារប្រចាំមន្ទីរសេតវិមាន មានលោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅស៊ី ដែលមានការយល់ឃើញខុសពីលោកត្រាំ ដែលមិនជឿជាក់ក្នុងគោលការណ៍របស់វិទ្យាសាស្ត្រ ដូច្នេះការណែនាំផ្សេងៗរបស់លោកដុកទ័រហ្វៅស៊ី ក៏មិនត្រូវបាននាំយកទៅធ្វើជាគោលការណ៍ប្រតិបត្តិដោយអ្នកដឹកនាំប្រទេសដែរ។

    ដំបូន្មានផ្សេងៗ ដូចជា ត្រូវពាក់ម៉ាស់អនាម័យការពារ ត្រូវរក្សាគម្លាតឆ្ងាយពីគ្នាក្នុងសង្គម ត្រូវរក្សាទុកវិធានការគ្រប់គ្រងតឹងរ៉ឹង ក៏ត្រូវបានធ្វើព្រងើយកន្តើយដោយលោកត្រាំ ដែលមិនព្រមពាក់ម៉ាស់ការពារតាំងពីកើតមានការឆ្លងរាលដាល រហូតដំណាក់កាលត្រូវទៅសួរសុខទុក្ខកងទាហានរងរបួសនៅឯមជ្ឈមណ្ឌលពេទ្យយោធា វ៉ធើរ រីដ កាលពីចុងសប្ដាហ៍កន្លងទៅ ទើបបានឃើញលោកត្រាំ ពាក់ម៉ាស់ការពារពណ៌ខ្មៅ ដើរនាំមុខក្រុមអ្នកទៅសួរសុខទុក្ខទាហានរងរបួស ធ្វើឱ្យមើលទៅ ឃើញរាងចម្លែក ប្រៀបដូចមនុស្សក្រៅពិភពចុះមកលេងផែនដី។

    ឬដោយសារតែលោកត្រាំភ័យខ្លាចឈឺ ទើបព្រមពាក់ម៉ាស់ការពារ? ឬខ្លាចស្លាប់? តែបើពាក់បែបគ្មានមូលហេតុអ្វីជំរុញចិត្ត ឬត្រូវបានបង្ខំ ក៏នឹងបាក់មុខ ដូច្នេះហើយ ទើបការចុះទៅមជ្ឈមណ្ឌលពេទ្យយោធានោះ គឺជាដំណោះស្រាយ សម្រាប់លោកត្រាំ និងបរិវារ ដែលមិនចង់ឱ្យគេមើលឃើញថា ជាពួកឆាប់ផ្អើល…។

    ប្រជាជនអាមេរិកាំងស្បែកស ដែលស្រឡាញ់ចូលចិត្តលោកត្រាំ ក៏យកតម្រាប់តាម ប្រកាសគាំទ្រលោកត្រាំយ៉ាងពេញទំហឹង អាងសិទ្ធិសេរីភាព ទោះស្លាប់ក៏មិនថាដែរ សុំឱ្យតែបានរក្សាសិទ្ធិសួនបុគ្គល មិនមានអ្នកណាមកបញ្ជាបាន…។

    ក្នុងកម្រិតមណ្ឌលរដ្ឋ ក៏មានបញ្ហាទំនាស់ផ្នែកផ្នត់នយោបាយ…កាលពីពេលមុននេះ មានការបើកចំហឡើងវិញជាច្រើនរដ្ឋ ដែលមានអភិបាលស្ថិតក្នុងក្រុមបក្ស រីផាប្លីកាន់ និងបានកើតមានការឆ្លងរាលដាលជាថ្មី រលកទី2 ធ្វើឱ្យអភិបាលក្រុងជាច្រើនទីក្រុងដែលស្ថិតក្នុងគណបក្ស ដេម៉ូហ្ក្រេត ត្រូវប្រកាសបិទទីក្រុង។

    នៅពេលការទប់ទល់នឹងការឆ្លងរាលដាល ខ្វះឯកភាពខាងផ្នែកនយោបាយ ធ្វើឱ្យមិនអាចធ្វើការបានយ៉ាងមានប្រសិទ្ធផលឡើយ រដ្ឋនីមួយៗ ក៏មានច្បាប់កំណត់វិធានការផ្សេងរបស់ខ្លួនឯង ទើបធ្វើឱ្យមានចំណុចឆ្លងរាលដាលឡើងជាថ្មី មានតួលេខកើនឡើងច្រើន។ មេដឹកនាំសេតវិមាន ខ្វះការដឹកនាំ រឹតតែមានបញ្ហាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញយ៉ាងខ្លាំងក្លាផងនោះ លោកត្រាំក៏លែងមើលមុខលោកវេជ្ជបណ្ឌិតហ្វៅស៊ី ធ្វើឱ្យកើតមានការបែងចែកបក្សពួក ហើយពួកកូនចៅលោកត្រាំ ក៏មិនធ្វើតាមនយោបាយរបស់លោកវេជ្ជបណ្ឌិតហ្វៅស៊ី…ទំនាស់ចម្បងគឺ លោកត្រាំ ជឿលើសញ្ជាតិញាណខ្លួនឯងខ្លាំងជាងភ័ស្តុតាងជាក់ស្ដែង និងលទ្ធផលរបស់ការវិភាគស្រាវជ្រាវខាងវិទ្យាសាស្ត្រ។

    ជាទូទៅ ការធ្វើប្រជាមតិពីការយល់ឃើញរបស់ប្រជាជនអាមេរិកាំង គឺលោកវេជ្ជបណ្ឌិតហ្វៅស៊ី បានទទួលការជឿទុកចិត្តខ្លាំងជាងលោកត្រាំ និងជាអ្នកដែលបានធ្វើការជាមួយប្រធានាធិបតីមុនៗនេះជាច្រើននាក់ និងទទួលបានការជឿទុកចិត្តលើផ្នែកចំណេះដឹង និងសមត្ថភាព តែជាមួយលោកត្រាំ មិនស៊ីខ្សែគ្នាយ៉ាងខ្លាំងក្លា…។

    ដូច្នេះ មណ្ឌលរដ្ឋនីមួយៗ ត្រូវមើលថែទាំគ្នាឯង ដោយមិនបណ្ដោយឱ្យលោកត្រាំដឹកនាំសហរដ្ឋអាមេរិក ទៅតាមផ្លូវដែលខ្លួនឯងត្រូវការឡើយ មិនថាវានឹងល្អប្រសើរឡើង ឬកាន់តែអាក្រក់ទៅក៏ដោយ។ ប្រជាជនអាមេរិក ត្រូវបានបដិសេធមិនឱ្យចូលប្រទេសជាច្រើន ដូចជាអឺរ៉ុបជាដើម ត្រូវបានមើលឃើញថា ពលរដ្ឋអាមេរិក ជាក្រុមដែលមានសក្ដានុពលខាងចម្លងសាយភាយមេរោគ។

    ទោះជាសហរដ្ឋអាមេរិក អាចនឹងចាត់ការរឿងការឆ្លងរាលដាលរបស់មេរោគកំណាចនេះបានក៏ដោយ តែក៏នៅមានបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងទំនាស់ជាមួយប្រទេសផ្សេងៗទៀតដែរ ឯលោកត្រាំ ដែលកំពុងបារម្ភកង្វល់រឿងឱកាសក្នុងការចាញ់ការបោះឆ្នោតដណ្ដើមកៅអីប្រធានាធិបតីអាណត្តិទី2 នេះផង អាចនឹងធ្វើអ្វីឆ្កួតៗ ដើម្បីស្ដារពិន្ទុសំឡេងគាំទ្រឡើងវិញ ក៏អាចថាបានដែរ…៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • OPPO គ្រោងនឹងបញ្ចេញសាច់ដុំ ពីបច្ចេកវិទ្យាល្បឿនសាកថ្មខ្លាំងបំផុត 125W

    OPPO គ្រោងនឹងបញ្ចេញសាច់ដុំ ពីបច្ចេកវិទ្យាល្បឿនសាកថ្មខ្លាំងបំផុត 125W

    បច្ចេកវិទ្យា​សាក​ថ្ម​ស្មា​ត​ហ្វូ​ន​មាន​ល្បឿន​លឿន ដែលមាន​ការវិវឌ្ឍ​កាន់តែ​លឿនទៅៗ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គេ​សង្កេតឃើញ ក្រុមហ៊ុន OPPO ត្រូវបាន​គេ​ដឹងថា ជា​អ្នក​នាំមុខគេ ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម 65W SuperVOOC 2.0 ជាពិសេស​ឃើញ​បង្ហាញមុខ​លើ​ស៊េរី OPPO Find X2។

    បច្ចុប្បន្ននេះ​ល្បឿន​សាក​ថ្ម​ខ្លាំង​បំផុត គឺមាន​ត្រឹម 65W ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ត្រៀម​បង្ហាញ​ចេញ​បច្ចេកវិទ្យា​ថ្មី​នៅ​ថ្ងៃទី15 ខែកក្កដា ដែលមាន​កម្លាំង​សាក​ដល់ 125W។

    OPPO នឹង​បង្ហាញ​ចេញ​បច្ចេកវិទ្យា​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ(ទី15កក្កដា) ហើយ​អាច​នឹង​បង្កើត​ស្ថានីយ​សាកល្បង​មួយ​សម្រាប់​សមាជិក​អ្នកកាសែត​នៅ​ប្រទេស​ចិន អាច​សាកល្បង​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ។

    គួរ​រំឭក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន​បានបង្ហាញ​ចេញ​មុនគេ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 50W SuperVOOC ពេល​ប្រកាស​ចេញ OPPO Find X។ និយាយ​ឱ្យ​ខ្លី ខាង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​របស់ OPPO តែងតែ​ជា​ក្រុមហ៊ុន​នាំមុខគេ​តែមួយគត់៕

  • Galaxy Note 20 ជិតប្រកាសចេញហើយ តែរឿងតម្លៃ ព័ត៌មានពីកូរ៉េបានបង្ហើបឱ្យដឹងរួចជាមុនហើយ

    Galaxy Note 20 ជិតប្រកាសចេញហើយ តែរឿងតម្លៃ ព័ត៌មានពីកូរ៉េបានបង្ហើបឱ្យដឹងរួចជាមុនហើយ

    នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការប្រកាស​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​កម្លាំង​ខ្លាំង​បំផុត ក្នុង​ស៊េរី Galaxy គឺ Note 20 ដែល​ឆ្នាំនេះ តម្លៃ​របស់ Galaxy Note ជំនាន់​ថ្មី នឹងមាន​ការចុះ​ថ្លៃ​បន្តិចបន្តួច។

    សារព័ត៌មាន​កូរ៉េ Naver បានឱ្យដឹងថា Note20 និង Note20+ នឹងមាន​តម្លៃ​ធូរ​ជាង​មុន​ប្រមាណ 5ម៉ឺន​វ៉ុ​ន ដែល​ស្មើនឹង​ប្រមាណ 40ដុល្លារ​អាមេរិក។ តម្លៃ​នេះ​បើ​ធៀប​នឹង​ពេលមុន​ប្រកាស​ចេញ កាលពី​ឆ្នាំមុន Samsung បាន​បញ្ចេញ​លក់ Galaxy Note10 ក្នុងតម្លៃ 1.25លាន​វ៉ុ​ន និង Note10+ តម្លៃ 1.5លាន​វ៉ុ​ន នៅក្នុង​ទីផ្សារ​កូរ៉េខាងត្បូង។

    ដោយឡែក ទីផ្សារ​ពេលចេញ​លក់​នៅ​អាមេរិក Galaxy Note10 មានតម្លៃ 950ដុល្លារ និង Note10+ មានតម្លៃ 1,100ដុល្លារ។

    បើទោះជា​យ៉ាងនេះ​ក៏ដោយ ប្រភព​មិនបាន​បញ្ជាក់ថា ការចុះ​ថ្លៃ​នេះ នឹងមាន​នៅលើ​ទីផ្សារ​ប្រទេសផ្សេងៗ អ៊ីចឹង​ដែរ​ឬ​យ៉ាងណា​នោះទេ។

    Samsung បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ប្រារព្ធ​នូវ​កម្មវិធី Galaxy Unpacked ដោយ​នឹង​ធ្វើឡើង​នា​ថ្ងៃទី5 ខែសីហា​ខាងមុខ ដែលមាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​គណនី YouTube ផ្លូវការ​របស់ Samsung និង​លើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ផងដែរ៕

     

    សូម​ទស្សនា​វីដេអូ TVC ខាងក្រោម៖

  • មហា​សេដ្ឋី​Jack Ma លក់​មូលបត្រ​Alibaba តម្លៃ​ជិត​1ម៉ឺន​​លាន​ដុល្លារ​ ដើម្បី​ធ្វើ​​សកម្ម​ភាព​មនុស្ស​ធម៌

    មហា​សេដ្ឋី​Jack Ma លក់​មូលបត្រ​Alibaba តម្លៃ​ជិត​1ម៉ឺន​​លាន​ដុល្លារ​ ដើម្បី​ធ្វើ​​សកម្ម​ភាព​មនុស្ស​ធម៌

    ការ​ដក​ទុន​បន្តិច​ម្ដងៗ​នេះ​ បាន​កើត​ឡើង​នៅ​ពេល​លោក Jack Ma បាន​ចាក​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ហ៊ុន​ Alibaba កាលពី​ខែ​កញ្ញា​2019 ហើយ​ការ​លក់​មូល​បត្រ​នេះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា គឺ​ដើម្បី​យក​ប្រាក់​ទៅ​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌​។

    របាយ​ករណ៍​ប្រចាំ​ឆ្នាំ​របស់ Alibaba Group ដែល​ទើប​ត្រូវ​បាន​ប្រកាស​ បាន​ឱ្យ​ដឹង​ថា ភាគ​ហ៊ុន​របស់​ហសស្ថាបនិក​ Jack Ma បាន​ថយ​ចុះ​ពី​6.4​% មក​នៅ​ត្រឹម​4.8​%​ក្នុង​ឆ្នាំ2019។ បើ​គិត​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ភាគ​ហ៊ុន​នេះគឺ​​ប្រហាក់​ប្រហែល​​នឹង​9.6​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ការ​ដក​ទុន​បន្តិច​ម្ដងៗ​នេះ​ បាន​កើត​ឡើង​នៅ​ពេល​លោក Jack Ma ចាក​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ហ៊ុន​ Alibaba កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដែល​នេះ​ត្រូវ​បាន​គេ​យល់​ថា​ លោក​ Jack Ma ធ្វើ​ឡើង​​ដើម្បី​ផ្ដោត​លើ​សកម្ម​ភាព​មនុស្ស​ធម៌​ឱ្យ​បាន​ច្រើន​ជាង​មុន។ Alibaba មិន​បាន​ប្រកាស​បញ្ជាក់​អំពី​តម្លៃ​ជា​មធ្យម​របស់​មូលបត្រ​របស់​ខ្លួន​នោះ​ទេ​។ ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​2019​ មូលបត្រ​ Alibaba បាន​កើន​ឡើង​ដល់​ទៅ​40​%​ ធៀប​នឹង​ឆ្នាំ​​2018។​

    មូលបត្រ​របស់​ Alibaba កើន​ឡើង​បែប​នេះ​ ក៏ព្រោះ​តែ​លទ្ធ​ផល​នៃ​ការ​ធ្វើ​ជំនួញ​ បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក​ បើ​ទោះ​ជាកំណើន​​សេដ្ឋ​កិច្ច​ប្រទេស​ចិន​​បាន​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ​។ បញ្ហា​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​COVID-19 បាន​បណ្ដាល​ឱ្យ​ប្រជា​ជន​ងាក​មក​ទិញ​ទំនិញ​តាម​អនឡាញ​ច្រើន​ជាង​ធម្មតា​ ដោយ​សារ​ពួកគេ​ត្រូវ​នៅ​ផ្ទះ​ព្រោះ​បម្រាម​គោចរ​។

    មហា​សេដ្ឋី​Jack Ma លក់​មូលបត្រ​Alibaba តម្លៃ​ជិត​1ម៉ឺន​​លាន​ដុល្លារ​ ដើម្បី​ធ្វើ​​សកម្ម​ភាព​មនុស្ស​ធម៌
    អនុប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Joseph Tsai និង​លោក​ Jack Ma

    ភាគ​ហ៊ុន​របស់​អនុប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Joseph Tsai ក៏​បាន​ថយ​ចុះ​ក្នុង​អំឡុង​ពេល​នេះ​ដែរ ពោល​គឺ​ថយ​ចុះ​ពី​2.3​% មក​នៅ​ត្រឹម​1.6​%។ មូល​បត្រ​ចំនួន1.6​% របស់​លោក Joseph Tsai មាន​តម្លៃ​ប្រមាណ​ជា​4.1​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទាំង​លោក​ Jack Ma ទាំង​លោក Joseph Tsai សុទ្ធ​តែ​កំពុង​កាត់​បន្ថយ​វត្តមានរបស់​ខ្លួន​​នៅក្នុង​​ក្រុម​ហ៊ុន​ បន្ទាប់​ពី​ Daniel Zhang ត្រូវ​បាន​ប្រកាស​​ឱ្យ​ឡើង​កាន់កាប់​តំណែង​ជា​ប្រធាន​ជំនួស​លោក​ Jack ma។ លោក Daniel Zhang បាន​គ្រប់​គ្រង​តំណែង​នេះ​ចាប់​ពី​ខែ​កញ្ញា​2019។

    មហា​សេដ្ឋី​Jack Ma លក់​មូលបត្រ​Alibaba តម្លៃ​ជិត​1ម៉ឺន​​លាន​ដុល្លារ​ ដើម្បី​ធ្វើ​​សកម្ម​ភាព​មនុស្ស​ធម៌
    Daniel Zhang (Zhang Yong) បច្ចុប្បន្ន​​ជា​ CEO របស់​ Alibaba

    ឆ្នាំ​នេះ ទាំង​លោក Ma ទាំង​លោក Tsai ក៏​បាន​រួមចំណែក​ផ្ដល់​ជំនួយ​ជា​ឧបករណ៍​ការ​ពារ​សុខ​ភាព​​ចំនួន​រាប់​លាន​ឈុត​ តាម​រយៈ​មូលនិធិមនុស្សធម៌​ សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​នានា​ក្នុង​ពិភពលោក​ ក្នុង​បំណង​​ទប់​ស្កាត់​COVID-19។ ក្នុង​របាយ​ការណ៍​មួយ​កាល​ពី​ខែ​មេសា​2019 របស់​គណកម្មការ​មូលបត្រ​សហរដ្ឋ​អាមេរិក​ SEC (U.S. Securities and Exchange Commission) បាន​ឱ្យ​ដឹង​ថា​ មហាសេដ្ឋី​ Jack Ma មាន​ផែន​ការ​លក់​មូល​បត្រ​ចំនួន​21​លាន​ហ៊ុន​ដោយ​ប្រើ​ពេល​​​1​ឆ្នាំ ដើម្បី​យក​ប្រាក់​ទៅ​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌​។

    មហា​សេដ្ឋី​Jack Ma លក់​មូលបត្រ​Alibaba តម្លៃ​ជិត​1ម៉ឺន​​លាន​ដុល្លារ​ ដើម្បី​ធ្វើ​​សកម្ម​ភាព​មនុស្ស​ធម៌
    ​លោក​ Pony Ma (Ma Huateng) CEO របស់​ក្រុម​ហ៊ុន​ Tencent គឺជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន​នា​បច្ចុប្បន្ន

    មហាសេដ្ឋី​Jack Ma បច្ចុប្បន្ន មាន​ទ្រព្យ​សរុប​52.4​ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​​របាយ​ការណ៍​ Bloomberg Billionaire Index។ លោក​ Jack Ma គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​19​ក្នុង​ពិភពលោក​ និង​លំដាប់​ទី​2​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​ CEO របស់​ក្រុម​ហ៊ុន​ Tencent គឺ​លោក​ Pony Ma (Ma Huateng)។ លោក​ Jack Ma បាន​បាត់​បង់​តំណែង​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​1​នៅ​ប្រទេស​ចិន​ កាលពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​៕

    ប្រភព៖ Reuters

  • អ្នកជំនាញការប្រាប់ថា “ឪពុកម្តាយមិនគួរវាយកូនទេ” ខាងក្រោមនេះគឺជាហេតុផល…

    អ្នកជំនាញការប្រាប់ថា “ឪពុកម្តាយមិនគួរវាយកូនទេ” ខាងក្រោមនេះគឺជាហេតុផល…

    ការវាយកូន គឺជារឿងមួយដែលមិនល្អទាល់តែសោះសម្រាប់ក្មេងៗ ព្រោះក្រៅពីនឹងហុចផលមិនល្អដល់ផ្លូវចិត្តរបស់ក្មេងហើយនោះ ថែមទាំងជាការរារាំងការទទួលបានជោគជ័យក្នុងការរស់នៅ និងការធ្វើការងារនាពេលអនាគតរបស់កូនទៀតផង។ កុមារដែលត្រូវឪពុកម្តាយវាយ នឹងមានសញ្ញាថា នឹងក្លាយជាក្មេងរឹងរូស មិនស្តាប់បង្គាប់ឪពុកម្តាយ និងច្រើនតែសម្តែងទង្វើតតាំងខ្លាំងជាងកុមារដែលមិនត្រូវបានដាក់ទោសដោយវិធីនេះ។

    ចំពោះរឿងនេះ អ្នកវិភាគមកពីខាង University of Texas សហរដ្ឋអាមេរិក បានធ្វើការសិក្សាអំពីរឿងនេះ និងបានប្រមូលរួបរួមព័ត៌មានមកជាង 50 ឆ្នាំ ក្នុងចំនួនកុមារជាង 160.000 នាក់ហើយ ដោយលទ្ធផលរបស់ការវិភាគនោះបានចង្អុលបង្ហាញច្បាស់ទៅក្នុងទិសដៅតែមួយដូចគ្នាថា ក្មេងៗដែលត្រូវឪពុកម្តាយវាយនោះ នឹងមានទង្វើតតាំងនឹងសង្គម មានសញ្ញាថានឹងក្លាយជាក្មេងច្រងេងច្រងាង និងមានបញ្ហាខាងផ្លូវចិត្តទៀតផង។

    ចំណែកខាង Andrew Grogan-Taylor អ្នកវិភាគម្នាក់ទៀតមកពី University of Michigan បាននិយាយថា “ការវាយកូនគឺរឿងដែលផ្ទុយនឹងផ្លូវចិត្តរបស់ឪពុកម្តាយ គ្មានឪពុកម្តាយណាម្នាក់ចង់វាយកូនមែនទែននោះទេ”។

    ការយល់ឃើញក្នុងរឿងនេះមួយទៀតរបស់ Elizabeth Gershoff អ្នកវិភាគពីមហាវិទ្យាល័យ តិចសាស់ អូស្ទីន បាននិយាយថា “ការវាយកូននឹងធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារក្នុងផ្លូវដែលកាន់តែអាក្រក់ទៅក្នុងរយៈពេលវែង ឪពុកម្តាយគួរតែអប់រំប្រដែប្រដៅកូនដោយវិធីផ្សេងវិញដែលវានឹងហុចផលល្អបំផុត”។

    រឿងការដាក់ទោសកូនដោយការវាយនេះ គ្រួសារជាច្រើនអាចកំពុងនៅតែប្រើវិធីការនេះនៅឡើយតាមនិស្ស័យឪពុកម្តាយ តែបើសិនជាមានការវិភាគអំពីអ្នកជំនាញចេញមកបែបនេះហើយ ឡារ៉ែនក៏ចង់សុំឱ្យមានការពិចារណាក្នុងការដាក់ទោសកូនដោយវិធីផ្សេងវិញម្តងសាកលមើលដែរ៕