Category: សង្គម និងសេដ្ឋកិច្ច

  • រដ្ឋាភិបាលអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំក្រោមក្រសួងការងារដំណើរការការងារមួយចំនួនរបស់ខ្លួនឡើងវិញ

    រដ្ឋាភិបាលអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំក្រោមក្រសួងការងារដំណើរការការងារមួយចំនួនរបស់ខ្លួនឡើងវិញ

    ក្រោយពី​មានការ​ស្នើសុំ​ពី​គ្រឹះស្ថានសិក្សា​នានា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជុំវិញ​បញ្ហា​បើក​ស្ថាប័ន​របស់ខ្លួន​ឡើងវិញ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​អនុ​ញ្ញា​ឱ្យ​បើក​ឡើងវិញ​នូវ​ដំណើរ​ការងារសំខាន់ៗមួយចំនួន​ឡើងវិញ។

    តាមរយៈ​លិខិត​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​នូវ​រោង​ជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព និង​ការប្រឡង​បញ្ចប់​ការពារ​សារ​ណា ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា នៅ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ ត្រូវ​អន​វុត្ត​វិធាន​អនាម័យ និង​ការពារ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19៕

  • កម្ពុជាចេញគោលការណ៍អ្វីខ្លះដើម្បីដោះស្រាយបញ្ហា SMEs?

    កម្ពុជាចេញគោលការណ៍អ្វីខ្លះដើម្បីដោះស្រាយបញ្ហា SMEs?

    សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) គឺជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វិស័យនេះ​បាន​នាំមក​នូវ​ចំណូល រួមទាំង​ទីផ្សារការងារ​យ៉ាងច្រើន​សម្រាប់​ប្រជាជន​ក្នុងប្រទេស។

    កន្លងមក​អ្នកជំនាញ​បាន​បញ្ជាក់ថា សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន3 សំខាន់ៗគឺ​ទី1 ការ​អនុវត្ដ​បទ​ប្ប​ញ្ញ​ត្ដិ​នៅ​មិនទាន់​ស៊ីចង្វាក់​រវាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ។ ទី2 ភាព​នៅមានកម្រិត​ក្នុង​ការផ្ដល់សេវា​គាំទ្រ​ធុរកិច្ច និង​សមត្ថភាព SMEs ក្នុងការ​គ្រប់គ្រង​បច្ចេកទេស ផលិតកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅមានកម្រិត​ទាប និង3 ការទទួលបាន​ហិរញ្ញវត្ថុ នៅមាន​គម្លាត​ធំ។

    ឆ្លើយតប​នឹង​បញ្ហា​នេះ គណៈកម្មការ​សកម្មភាព​គោលនយោបាយ លើកស្ទួយ​សហគ្រាស​ធន​តូច និង​មធ្យម បានចេញ​ជាគោលការណ៍​ជា​វិធានការសំខាន់ៗចំនួន2ចំណុចធំៗគឺ៖

    ទី1 វិធានការ​បន្ទាន់ ដែល​វិធានការ​នេះ ផ្តោត​ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​សហ​គ្រាស​ធន​តូច និង​មធ្យម ក៏ដូចជា​ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់ ការចុះបញ្ជី គណនេយ្យ ទីផ្សារ និង​បច្ចេកទេស​ជាដើម។ នៅក្នុង​វិធានការ​បន្ទាន់​នេះដែរ ក៏មាន​ការជំរុញ​ឱ្យមាន​ការគាំទ្រ ការផ្ដល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ផងដែរ។

    ទី2 វិធានការ​រយៈពេល​ខ្លី និង​មធ្យម គឺ​ផ្តោតទៅលើ​ការគាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី រួមមាន​ការបន្ត​កំណែទម្រង់​ក្របខណ្ឌ​បទបញ្ញត្តិ និង​ការអនុវត្ត ការលើកកម្ពស់ សេវា​គាំទ្រ​ធុរកិច្ច ការផ្តល់​ហិរញ្ញវត្ថុ ការលើកកម្ពស់​ទីផ្សារ​សម្រាប់ SMEs ជំរុញ​លើកកម្ពស់​ធនធានមនុស្ស និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍ (R&D) និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព៕

  • សម័យប្រឡងបាក់ឌុបសម្រាប់សាលាឯកជនឆ្នាំនេះ ចំថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំ

    សម័យប្រឡងបាក់ឌុបសម្រាប់សាលាឯកជនឆ្នាំនេះ ចំថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំ

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ដោយ​បញ្ជាក់ថា​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា 2019-2020 នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 17 ខែសីហា ឆ្នាំ2020 ដែល​ថ្ងៃនេះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នកធ្វើការងារ​ទាំងអស់​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ។

    ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ដោយសារ​តែមាន​ការរីក​រាលដាល​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បង្រៀន និង​រៀន​តាម​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

    ជា​នីតិវិធី គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ភ្ជាប់​បញ្ជីរាយនាម​បេក្ខជន​ត្រូវ​ប្រឡង​មក​ក្រសួង តាមរយៈ​មន្ទី​អប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ឱ្យបាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ2020 ជា​កំហិត ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

    ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង ត្រូវ​រង់ចាំ​ចូលរួម​ជាមួយ​សិស្ស​នៃ​គ្រឹះស្ថានសាធារណៈ​នៅពេល​ក្រោយ តាម​ការជូនដំណឹងរ​បស់​ក្រសួង៕

  • កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី

    កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី

    កូនប្រុសមានខាន់ស្លា តែមិនស្របច្បាប់ម្នាក់របស់សពសហស្ថាបនិកក្រុមហ៊ុនធំបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី បានដាក់ពាក្យប្ដឹងទាមទារសិទ្ធិទទួលមរតកក្រុមហ៊ុនដែលឪពុករបស់ខ្លួនបានបង្កើតលើង ពីបងប្អូន5នាក់ផ្សេងទៀតដែលជាមានឪពុកជាមួយ ម្ដាយទីទៃ។

    សង្គ្រាមដណ្ដើមសិទ្ធិទទួលមរតកក្នុងបណ្ដាក្រុមហ៊ុនដែលមានតម្លៃរាប់សិបពាន់លានដុល្លារដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Sinar Mas (ឥណ្ឌូនេស៊ី) ទើបតែមានការប្រែប្រួលថ្មីនៅពេលដែលមានកូនម្នាក់ក្នុងចំណោមកូនៗរបស់អតីតស្ថាបនិកក្រុមហ៊ុននេះ មានបំណងកាន់កាប់ភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន។

    លោក Feddy Widjaja ដែលជាកូនម្នាក់ក្នុងចំណោមកូនៗរបស់អតីតស្ថាបនិក Eka Tjipta Widjaja បានដាក់ពាក្យស្នើសុំឱ្យតុលាការទទួលស្គាល់ថា លោករួមនឹងបងប្អូន5នាក់ផ្សេងទៀតគឺជាអ្នកស្នងមរតកស្របច្បាប់របស់លោក Eka Tjipta Widjaja នៅក្នុងក្រុមហ៊ុនរាប់សិប និងទ្រព្យសម្បត្តិនៃក្រុមហ៊ុន Sinar Mas។ ពាក្យបណ្ដឹងដែលត្រូវបានដាក់ឡើងតុលាការកាលពីថ្ងៃទី16មិថុនា ដោយបានរៀបរាប់ឈ្មោះកូនៗដែលកំពុងទាមទារសិទ្ធិ រួមមាន លោក Freddy Widjaja លោក Indra Widjaja លោក Teguh Ganda Widjaja លោក Muktar Widjaja លោក Djafar Widjaja និងលោក Franky Oesman Widjaja។

    ក្រុមហ៊ុន Sinar Mas Group បានច្រានចោលការទាមទាររបស់លោក Frddy Widjaja ដោយយល់ថា វាគឺជារឿង “គ្មានមូលដ្ឋាន”។ ភាគីក្រុមហ៊ុននេះនិយាយថា លោក Freddy Widjaja ដែលជា “កូនគ្មានខាន់ស្លាស្របច្បាប់” មិនមានសិទ្ធិទទួលមរតកណាមួយនៅក្នុងក្រុមហ៊ុននេះឡើយ។

    Gandi Sulistiyanto ដែលជានាយកប្រតិបត្តិម្នាក់នៅក្នុងក្រុមហ៊ុន Sinar Mas ប្រកាសថា លោក Freddy ទទួលបានចំណែកទ្រព្យសម្បត្តិទៅតាមបណ្ដាំមរតករបស់លោក Eka Tjipta Wedjaja រួចហើយ ដូច្នេះមិនមានជាប់ទាក់ទងអ្វីទៅនឹងជម្លោះក្នុងត្រកូលរបស់ស្ថាបនិកក្រុមហ៊ុននេះទៀតទេ។

    លោក Eka Tjipta Wdjaja ស្ថាបនិករបស់ក្រុមហ៊ុន Sinar Mas បានទទួលមរណភាពកាលពីខែមករា2019 ដោយបានបន្សល់ទុកក្រុមហ៊ុនដ៏ធំ និងរឹងមាំមួយ ដែលនៅមានជីវិតក្រោយវិបត្តិសេដ្ឋកិច្ចលើកមុន។ បច្ចុប្បន្ន Sinar Mas គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅឥណ្ឌូសេស៊ី ដែលទទួលបានផលប្រយោជន៍ទាំងក្នុងនិងក្រៅបរទេស ដោយធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ស្បៀងអាហារ ទូរគមនាគមន៍ បច្ចេកវិទ្យា ហិរញ្ញវត្ថុ សុខាភិបាល រុករករ៉ែ ថាមពល អចលនទ្រព្យ ក្រដាស និងវិស័យមួយចំនួនផ្សេងទៀត។ យោងតាមទស្សនាវដ្ដី Bloomberg ក្រុមហ៊ុន Sinar Mas បច្ចុប្បន្នមានទុនឡើងដល់46ពាន់លានដុល្លារអាមេរិក។

    លោក Eka Tjipta Widjaja មានស្រុកកំណើតនៅទីក្រុង Quanzhou ប្រទេសចិន ដោយមានឈ្មោះដើមថា Oei Ek Fjhong។ លោក និងគ្រួសារ បានមករស់នៅប្រទេសឥណ្ឌូនេស៊ីតាំងពីនៅក្មេង និងបានចាប់ផ្ដើមបើកក្រុមហ៊ុន Sinar Mas នៅ Makassar ក្នុងឆ្នាំ1938 ដែលពេលនោះ Eka Tjipta Widjaja មានអាយុទើបតែ15ឆ្នាំប៉ុណ្ណោះ។

    កូនមិនពេញច្បាប់របស់មហាសេដ្ឋីម្នាក់ ប្ដឹងទាមទារមរតក46ពាន់លានដុល្លារក្នុងក្រុមហ៊ុន “យក្ស” មួយ នៅឥណ្ឌូនេស៊ី
    លោក Eka Tjipta Wdjaja ស្ថាបនិករបស់ក្រុមហ៊ុន Sinar Mas បានទទួលមរណភាពកាលពីខែមករា2019

    ឆ្នាំ1972 លោកបានបង្កើតរោងចក្រមួយដែលមានជំនាញខាងផលិត sodium bicarbonate ដែលក្រោយមកវាបានក្លាយជាក្រុមហ៊ុនផលិតក្រដាសដំបូងគេរបស់ Sinar Mas ដែលមានឈ្មោះថា Tjiwi Kimia។ ក្នុងឆ្នាំ1972ដដែល លោកបានពង្រីកវិសាលភាពទៅកាន់វិស័យអចលនទ្រព្យជាមួយនឹង Duta Pertiwi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបុត្រសម្ព័ន្ធ Bumi Serpong Damai របស់ Duta Pertiwi
    គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតមួយរបស់ឥណ្ឌូនេស៊ី។

    លោក Ek Tjipta Widjaja បានបង្ហាញវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់មហាសេដ្ឋីជាលើកដំបូងនៅក្នុងឆ្នាំ1991 នេះបើតាមទស្សនាវដ្ដី Forbes។ ចំណែកទស្សនាវដ្ដី Bloomberg វិញ ឱ្យដឹងថា អ្នកជំនួញរូបនេះ បានទទួលមរណភាពនៅពេលដែលទ្រព្យរបស់លោកបានកើនឡើងដល់ប្រមាណជា9.3ពាន់លានដុល្លារអាមេរិក។

    មិនត្រឹមតែបានបន្សល់ទ្រព្យសម្បត្តិយ៉ាងច្រើននោះទេ លោក Eka ថែមទាំងមានប្រពន្ធកូនជាច្រើននាក់ទៀតផង ដែលនេះបាននាំឱ្យមានជម្លោះដណ្ដើមទ្រព្យមរតកនាបច្ចុប្បន្ន។ លោក Eka មានប្រពន្ធស្របច្បាប់ចំនួន3នាក់។

    ក្រុមហ៊ុន Sinar Mas បច្ចុប្បន្ន ភាគច្រើនត្រូវបានគ្រប់គ្រងដោយកូនប្រុសចំនួន4នាក់របស់លោកជាមួយនឹងប្រពន្ធទីមួយ។ ក្នុងនោះ Teguh Ganda Wijaya ដែលជាកូនច្បង គ្រប់គ្រង APP (Asia Pulp & Paper) ខណៈដែល Indra Widjaja ជាកូនបន្ទាប់ គ្រប់គ្រងខ្ទង់វិនិយោគទៅលើសេវាកកម្មហិរញ្ញវត្ថុនិងរុករករ៉ែ ចំណែក Muktar Widjaja កាន់កាប់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ រីឯ Franky Oesman Widjaja គ្រប់គ្រងមុខជំនួញក្នុងវិស័យកសិកម្មនិងស្បៀងអាហាររបស់ក្រុមហ៊ុនមេ Sinar Mas។

    ក្រៅពីនេះ ក៏នៅមានកូនៗជាច្រើនផ្សេងទៀតរបស់លោក Eka កំពុងតែធ្វើជំនួញដាច់ដោយឡែក និងជាអ្នកមាននៅតំបន់ផ្សេងៗផងដែរ ក្នុងនោះ លោក Oei Hong Leong គឺជាមហាសេដ្ឋីម្នាក់ប្រចាំប្រទេសសឹង្ហបុរី ដោយមានទ្រព្យប្រមាណជា1.4ពាន់លានដុល្លារអាមេរិក។ លោក Frankle Djafar Widjaja កំពុងកាន់កាប់ក្រុមហ៊ុនវិនិយោគ Bund Center Investment នៅសឹង្ហបុរី។ លោកស្រី Sukmawati Widjaja គ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Top Global នៅសឹង្ហបុរី។

    ចំណែកលោក Freddy Widjaja វិញ គឺជាកូនរបស់លោក Eka ជាមួយនឹងប្រពន្ធម្នាក់ផ្សេងទៀត ឈ្មោះ Lidia Herawati ដែលបានរៀបការតាមប្រពៃណី ប៉ុន្តែមិនបានចុះអេតាត៍ ស៊ីវិល តាមច្បាប់នោះឡើយ៕

    ប្រភព៖ Bloomberg, Forbes

  • ឡាវ ជាប្រទេសអាស៊ានទី3 ដែលបើកលីកកំពូលឡើងវិញ បន្ទាប់ពីវៀតណាម និងកម្ពុជា

    ឡាវ ជាប្រទេសអាស៊ានទី3 ដែលបើកលីកកំពូលឡើងវិញ បន្ទាប់ពីវៀតណាម និងកម្ពុជា

    លីកកំពូលឡាវ បានប្រកាសត្រឡប់មកវិញហើយ កាលពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2020 កន្លងទៅ ដោយយកថ្ងៃចុងសប្តាហ៍មុន ធ្វើជាថ្ងៃចាប់ផ្តើមរបស់ខ្លួនតែម្តង ហើយការប្រកួត បានទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកទស្សនាយ៉ាងច្រើនទៀតផង។

    ក្នុងការត្រឡប់មកវិញនេះ សហព័ន្ធកីឡាបាល់ទាត់ឡាវ បានអនុញ្ញាតឱ្យមានអ្នកគាំទ្រ ចូលរួមទស្សនាការប្រកួតដោយសេរី ខណៈដែលព្រឹត្តិការណ៍នេះ អាចហៅថា ជាការចាប់ផ្តើមលីកកំពូលឡាវ ក៏ថាបានដែរ ក្រោយពេលដែលលីកកំពូលរបស់ប្រទេសនេះ បានពន្យារពេលបើកឡើងវិញ តាំងពីខែមីនាមកម្ល៉េះ។

    សូមបញ្ជាក់ថា លីកកំពូលរបស់ប្រទេសឡាវ ជាធម្មតា គឺប្រកួតចំនួន 3ជើង ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-19 សហព័ន្ធបាល់ទាត់នៃប្រទេសឡាវ​ បានបង្រួមមកនៅត្រឹមតែ 2ជើងវិញ ដោយបានចាប់ផ្ដើមចាប់ពីថ្ងៃទី11 ខែកក្កដា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី3 ខែតុលា ឆ្នាំ2020៕

  • សហព័ន្ធកោះហៅយុវជន 38រូប ត្រៀមចេញទៅអ៊ូបេគីស្ថាននាចុងឆ្នាំនេះ

    សហព័ន្ធកោះហៅយុវជន 38រូប ត្រៀមចេញទៅអ៊ូបេគីស្ថាននាចុងឆ្នាំនេះ

    កាលពី​ព្រឹក​មិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន អាយុ​ក្រោម 19ឆ្នាំ ចំនួន38រូប ដើម្បី​ហ្វឹកហាត់​ត្រៀម​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ AFC U19 Championship 2020 ដែល​អ៊ូ​បេ​គី​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី14 ដល់31 ខែតុលា ចុងឆ្នាំ​នេះ ដោយ​កម្ពុជា​បាន​ស្ថិតនៅក្នុង​ពូ​ល​A ដែលជា​ពូ​លម​រណៈ ដែលមាន​សុទ្ធតែ​ប្រទេស​ជើង​ខ្លាំង​គឺ ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់។

    កម្ពុជា បាន​ឡើង​មកលេង​ក្នុង​ពានរង្វាន់​ដ៏​ធំ​បំផុត​លំដាប់​ទ្វីបអាស៊ី AFC U19 Championship នេះ ជា​លើក​ទី1 ក្នុង​រយៈពេល 60ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ជាប់​ជា​ក្រុម​លេខ2 ល្អ​បំផុត​ក្នុង​វគ្គ​ជម្រុះ AFF U19 Championship 2020 ដោយបាន​យកឈ្នះ​ថៃ ប្រ៊ុយណេ និង​កោះ​ម៉ា​រី​ណា​ខាងជើង៕

  • មហាសេដ្ឋី Elon Musk ជិតទទួលបានប្រាក់រង្វាន់2.4ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងយ៉ាងឆាប់រហ័ស

    មហាសេដ្ឋី Elon Musk ជិតទទួលបានប្រាក់រង្វាន់2.4ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងយ៉ាងឆាប់រហ័ស

    ការដែលមូលបត្រ Tesla បានកើនឡើងយ៉ាងលឿនក្នុងមួយរយៈពេលខ្លីកន្លងមក បាននិងកំពុងជួយឱ្យលោក Elon Musk ឆ្ពោះទៅក្បែរប្រាក់រង្វាន់2.4ពាន់លានដុល្លារដែលស្ថិតនៅក្នុងកញ្ចប់ប្រាក់រង្វាន់ដែលមានតម្លៃជាង55ពាន់លានដុល្លាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ។

    រាប់ចាប់ពីដើមឆ្នាំមកទល់នឹងពេលបច្ចុប្បន្ន មូលបត្រ Tesla បានកើនឡើង275% នាំឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនេះ ក្លាយជាអ្នកផលិតរថយន្តដែលមានទុនច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយមានតម្លៃជាង290ពាន់លានដុល្លារ។

    CEO របស់ក្រុមហ៊ុន Tesla គឺលោក Elon Musk មិនទទួលបានប្រាក់ខែ ឬប្រាក់រង្វាន់ផ្ទាល់ពី Tesla នោះទេ។ យោងតាមកិច្ចព្រមព្រៀងជាមួយភាគហ៊ុនិកកាលពីឆ្នាំ2018 លោក Elon Musk នឹងទទួលបានមូលបត្រសរុបឡើងដល់20.3លានរហូតដល់ឆ្នាំ2028 ពោលគឺលោក Musk មានសិទ្ធិលក់ ឬរក្សាទុកមូលបត្រទាំងនេះ បើសិនជា Tesla សម្រេចបានគោលដៅនៃការរកស៊ី និងទំហំទុនដែលបានកំណត់។ រង្វាន់ទាំងអស់សម្រាប់លោក Musk នឹងត្រូវបានចែកជា12លើក។ កាលពីខែឧសភា លោក Musk បានទទួលខ្ទង់ប្រាក់រង្វាន់ជាលើកទីមួយក្នុងកញ្ចប់រង្វាន់ខាងលើនេះ។

    មហាសេដ្ឋី Elon Musk ជិតទទួលបានប្រាក់រង្វាន់2.4ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងយ៉ាងឆាប់រហ័សនៅពេលទុនជាមធ្យមក្នុងរយៈពេល6ខែរបស់ Tesla បានឡើងដល់150ពាន់លានដុល្លារ លោក Musk នឹងទទួលបានរង្វាន់បន្ទាប់ទៀត នោះគឺសិទ្ធិទិញមូលបត្រចំនួន1.69លានហ៊ុនក្នុងតម្លៃទាបជាងទីផ្សារជាក់ស្ដែង។ សិទ្ធិនេះនឹងនាំមកនូវខ្ទង់ប្រាក់ចំណេញប្រមាណជា2.4ពាន់លានដុល្លារសម្រាប់លោក Musk។

    កំណើននៃមូលបត្រ Tesla ក៏បានជួយបង្កើនទំហំទ្រព្យរបស់លោក Musk ឱ្យឡើងដល់70.5ពាន់លានដុល្លារ ដែលនេះបាននាំឱ្យលោកក្លាយជាអ្នកមានជាងគេលំដាប់ទី7ក្នុងតារាងចំណាត់ថ្នាក់កំពូលអ្នកមានក្នុងពិភពលោករបស់ Bloomberg Billionaires Index។

    មហាសេដ្ឋី Elon Musk ជិតទទួលបានប្រាក់រង្វាន់2.4ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងយ៉ាងឆាប់រហ័ស
    ខាងក្នុងរោង​ចក្រផលិត​រថយន្ត​អគ្គិសនី​ Tesla

    ក្រុមអ្នកវិនិយោគកំពុងតែរង់ចាំតាមដានរបាយការណ៍លទ្ធផលនៃការធ្វើពាណិជ្ជកម្មក្នុងត្រីមាសទី2របស់ Tesla ដែលនឹងត្រូវបានប្រកាសនៅថ្ងៃទី22កក្កដាខាងមុខ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

    នេះគឺអារម្មណ៍របស់អ្នកម្តាយ ដែលទើបប្រសូតបុត្រថ្មីៗ ពេលមានអ្នកមកបីកូនរបស់ខ្លួន

    ខាងក្រោមនេះគឺជារឿងរ៉ាវដែលអ្នកម្តាយម្នាក់ចង់ផ្ញើជូនអ្នកម្តាយថ្មោងថ្មីទាំងឡាយ ក្នុងរឿងការទៅសួរសុខទុក្ខ និងមើលទារកទើបនឹងកើតថ្មីៗថា មិនគួរបណ្តោយឱ្យទារកត្រូវបានគេមកមើល ឬប៉ះពាល់ពីសំណាក់បុគ្គលដែលមកសួរសុខទុក្ខនោះឡើយ គួរតែរង់ចាំឱ្យគ្រប់ 1 សប្តាហ៍បន្ទាប់ពីប្រសូតរួចសិន។

    ឡូរ៉ា ហ្គ្រេស វេលដន អ្នកម្តាយម្នាក់បានលះបង់ពេលវេលាពាក់ព័ន្ធនឹងរឿងនេះ នាងតែងតែដាស់តឿនមនុស្សនៅក្នុងក្រុមគ្រួសារ និងសាច់ញាតិបងប្អូនថា មិនគួរទៅសួរសុខទុក្ខ ឬធ្វើរបស់របរទៅផ្ញើទារកដែលមានអាយុមិនទាន់លើស 1 សប្តាហ៍ឡើយ ព្រោះអាចធ្វើឱ្យទារកកើតមានគ្រោះថ្នាក់ ឬឈឺបាន តែក៏មិនសូវមានអ្នកណាយកចិត្តទុកដាក់ស្តាប់ប៉ុន្មានឡើយ ជាពិសេសលោកយាយរបស់ស្វាមីនាង។

    អ្នកម្តាយម្នាក់នេះបានរៀបរាប់ថា ពេលដែលខ្ញុំឆ្លងទន្លេកូនដំបូងហើយថ្មីៗ ក៏មានអ្នកមកសួរសុខទុក្ខ និងមានលោកយាយរបស់ស្វាមីផងដែរ។ គាត់មកដល់ ក៏ចូលមកចាប់ឱប និងថើបថ្ពាល់ទារក ហើយលើកពយកចេញពីដើមទ្រូងខ្ញុំភ្លាមតែម្តង គាត់យកទារកទៅឱបរឹត និងបលេងយ៉ាងគ្មានក្រែងចិត្តខ្ញុំបន្តិចណាឡើយ។

    “ខ្ញុំខឹងខ្លាំងណាស់ ព្រោះកើតចេញពីអារម្មណ៍ និងទើបតែឆ្លងផុតអំឡុងពេលក្រោយប្រសូតដ៏សែននឿយល្វើយ ខ្ញុំមិនចង់ឱ្យទារកទើបនឹងកើតប៉ះបាល់ជាមួយសារធាតុគីមីផ្សេងៗ ដូចជា ទឹកអប់ គ្រឿងសម្អាង សម្លៀកបំពាក់ដែលមានក្បាច់ក្បូរផ្សេងៗនោះទេ ព្រោះអាចធ្វើឱ្យស្បែកទារករលាកក្រហាយបាន ដូច្នេះពេលខ្ញុំឃើញលោកយាយរបស់ស្វាមីពកូនខ្ញុំយកទៅបែបនោះ ខ្ញុំចង់តែទៅកញ្ឆក់យកកូនមកវិញ តែក៏មិនអាចធ្វើបានឡើយ ពេលនោះខ្ញុំមានអារម្មណ៍ចង់តែលោតទៅខាំដៃលោកយាយឱ្យព្រលែងដៃចេញពីកូនរបស់ខ្ញុំមែនទែន” ឡូរ៉ា ហ្រ្គេស វេលដន និយាយ។

    បន្ទាប់ពីនាងបានកូនមកវិញ កូនរបស់នាងក៏មានស្លាកស្នាមនៅលើផ្ទៃមុខបាត់ទៅហើយ នាងប្រញាប់បីកូនចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនភ្លាមតែម្តង។ ប្តីរបស់នាង និងអ្នកជំនួយការគ្រូពេទ្យបើកទ្វាបន្ទប់ឡើងយឺតៗ ចូលទៅមើលនាង ព្រោះយល់ពីអារម្មណ៍របស់នាងថា នាងមានអារម្មណ៍យ៉ាងណា គេជួយលួងលោមនាងថា គួរតែទប់ទល់នឹងស្ថានការណ៍បែបនេះយ៉ាងណា។

    ឡូរ៉ា ហ្រ្គេស វេលដន អ្នកម្តាយកូន 3 ម្នាក់នេះនៅបានប្រាប់ទៀតថា មិនមែនត្រឹមតែរឿងសុវត្ថិភាពរបស់ទារកដែលអាចកើតការឆ្លងមេរោគនោះទេ តែវាជារឿងអារម្មណ៍របស់អ្នកម្តាយក្រោយពេលប្រសូតទៀតផងដែលមានផលប៉ះពាល់។ អ្នកម្តាយក្រោយពេលប្រសូតមួយចំនួនមានអាការនឿយល្វើយ និងមានអារម្មណ៍សោកសៅបន្ទាប់ពីប្រសូតរួច ហើយនៅពេលជួបនឹងហេតុការណ៍បែបនេះរឹតតែហុចផលប៉ះពាល់ដល់ផ្លូវចិត្តធ្វើឱ្យកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត។

    ដូច្នេះហើយទើបឡូរ៉ាចង់មនុស្សម្នាទាំងឡាយបានដឹងពីអារម្មណ៍ និងសុជីវធម៌ក្នុងការទៅសួរសុខទុក្ខទារកក្រោយពេលប្រសូតដែលនៅមិនទាន់បាន 1 សប្តាហ៍នោះថា តើអ្នកម្តាយមានអារម្មណ៍ដូចម្តេច និងបាននាំគ្នាប្រយ័ត្នប្រយែងខ្លាំងជាងនេះហ្នឹងឯង៕

  • កាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបញ្ចេញអាគារផលិតកម្មជាង 3លានដុល្លារ

    កាឡាក់ស៊ីណាវ៉ាត្រា ត្រៀមបញ្ចេញអាគារផលិតកម្មជាង 3លានដុល្លារ

    តាមរយៈការបញ្ចេញរូបភាពចំនួន4សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា គេបានដឹងថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសជាចាយប្រាក់សាងសង់អាគារដ៏ធំស្កឹមស្កៃមួយដែលចាយប្រាក់សាងសង់3លានដុល្លារ ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានបន្ថែមទៀត ទៅលើផ្នែកសិល្បៈ និងជាគោលបំណងប្រកួតប្រជែងជាមួយទីផ្សារសិល្បៈឆាកអន្ដរជាតិ។

    ម្ចាស់ផលិតកម្មរូបនេះ ក្រៅពីមុខជំនួញដីធ្លី និងគ្រប់គ្រងផលិតកម្មចម្រៀង និងភាពយន្ដ លោកក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងផងដែរ តាមរយៈទឹកចិត្តដ៏ប្រពៃរបស់លោក តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ជាញឹកញាប់ផងដែរ។ លោកឡេង ណាវ៉ាត្រា ពិតបានសាងប្រជាប្រិយភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានងារជាឧកញ៉ាវ័យក្មេង។

    សូមជម្រាបដែរថា តារាចម្រៀងស្រីប្រុស ដែលមាននៅក្នុងផលិតកម្មកាឡាក់ស៊ី គេឃើញមាន កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ុក សុវណ្ណារី ប្អូនប្រុស ប៊ុន ធឿន លោក Tempo និងតារាចម្រៀងថ្មីៗជាច្រើននាក់ទៀត ដែលកំពុងសម្ញំចេញបទចម្រៀងថ្មី ក្រោមការដឹកនាំផលិតដោយ លោក យឹម តាស្រង់ ជាអតីតអ្នកនិពន្ធល្បីក្នុងផលិតកម្មថោន៕

  • ការភ័យខ្លាចនៃជំងឺកូវីត-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ

    ការភ័យខ្លាចនៃជំងឺកូវីត-១៩ បានក្លាយជាឱកាសសម្រាប់ជនខិលខូចយកទៅបោកបញ្ឆោតអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ

    ប្រហែល​ជាជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត-១៩ បាន​រីក​រាលដាល​យ៉ាងខ្លាំង​ស្ទើរតែ​ពាសពេញ​ពិភពលោក រីឯ​ជនខិលខូច​ខ្លះ​ក៏​នៅតែ​ឆ្លៀតឱកាស​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ភាពវឹកវរ​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ។ យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​លើ​ប្រព័ន្ធ​អុ​ី​ន​ធឺ​ណិ​ត Bitdefender បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ មាន​ការបោក​បញ្ឆោត​ដោយ​ការផ្ញើ​អុ​ី​ម៉ែ​ល​បាន​កើនឡើង​កាន់តែខ្លាំង ដើម្បី​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន និង​លេខ​សម្ងាត់​ធនាគារ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​បញ្ចូល​មេរោគ។

    ភាគច្រើន​នៃ​ការផ្ញើ​អុ​ី​ម៉ែ​ល​ឆបោក​ទាំងនោះ ត្រូវបាន​បន្លំ​ធ្វើជា​ផ្ញើ​ចេញពី​ប្រភព​ដែល​អាច​ទុកចិត្តបាន​ដូចជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌល​សុខភាព​សាធារណៈ ឬ​ធនាគារ​ជាដើម តាមរយៈ​អុ​ី​ម៉ែ​ល ដើម្បីឱ្យ​អ្នកប្រើប្រាស់​មានការ​ជឿទុកចិត្ត។ ជា​ឧទាហរណ៍ ជនខិលខូច​បានធ្វើកា​រ​បោក​បញ្ឆោត​បន្លំ​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មានថ្មីៗ ឬ​ជា​ធនាគារ HSBC ជូនដំណឹង​អំពី​ការដាក់បញ្ចូល​ប្រាក់ ដើម្បីឱ្យ​អ្នកប្រើប្រាស់​ទាញយក​ឯក​សារ​ដែលមាន​បង្កប់​ជាមួយ​មេរោគ។

    ទោះជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនសូវ​ជាមាន​អ្នកប្រើប្រាស់​អុ​ី​ម៉ែ​ល ដែល​មានតែ​នៅតាម​ក្រុមហ៊ុនធំៗមួយចំនួន​នោះ​ក្តី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ទាំងនេះ ព្រោះ​ជនខិលខូច​អាច​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការផ្ញើ​អុ​ី​ម៉ែ​ល ទៅជា​ការផ្ញើ​សារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​កំពុងមាន​ការពេញនិយម​នៅ​ប្រទេស​យើង​នោះ។ កន្លងមក​នាយកដ្ឋាន​ក៏បាន​ណែនាំ​អ្នកប្រើប្រាស់​សូមកុំ​ទាញយក​ឯកសារ​ពី​ប្រភព​ដែល​មិន​ស្គាល់​ច្បាស់ ចៀសវាង​ការឆ្លង​មេរោគ ក៏ដូចជា​បាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ក៏បាន​ផ្សព្វផ្សាយ​ពី​ល្បិចកល​របស់​ជនខិលខូច​ដែល​អាច​ប្រើប្រាស់​ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ក្នុងសម័យ​កូ​វីត​កាលពី​ខែមីនា​ហើយ​ផងដែរ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា