Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Facebook វិនិយោគ លើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក

    ក្រុមហ៊ុន Facebook វិនិយោគ លើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក

    ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍ សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ ចំនួនជាង 70ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល 5ឆ្នាំខាងមុខ។ នេះបើយោង តាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason  ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។

    1ភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់ បច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិក ។  កម្មវិធីទាំងនេះ ជួយឱ្យគេអាចចែកចាយអ៊ិនធើណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធើណិតរបស់ខ្លួនទៅកាន់អតិថិជន បានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន។

    បើនិយាយពីប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឬបណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន។

    កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធើណិត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធើណិតបាន កាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធើណិតកាន់តែច្រើនឡើង។

    របាយការណ៍ដដែលបានព្យាករថា បើគិតចាប់ពីឆ្នាំ2020 រហូតដល់ឆ្នាំ2024 កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន 300លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook

    នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធើណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអ៊ិនធើណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់។

    លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធើណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ  គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ19នេះ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព»

    សម្រាប់ព័ត៌មានបន្ថែម សូមចូលអានរបាយការណ៍ទាំងស្រុងតាមរយៈ Sub-Saharan Africa , ASEAN , Latin America .

  • អាការ 12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

    អាការ 12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ

    ក្មេងៗទោះជាអាយុប៉ុន្មានក៏ដោយ ចេះនិយាយហើយ ឬមិនទាន់ចេះនិយាយក៏ដោយ លោកឪពុកអ្នកម្តាយគួរតែត្រូវចេះសង្កេតមើលអាការកូនឱ្យបានថា តើមានអ្វីខុសប្រក្រតីឬទេ? កុំចាំរហូតដល់កូនហារមាត់ប្រាប់នោះ ព្រោះរឿងខ្លះត្រូវតែសង្កេតមើល និងប្រញាប់កែបញ្ហាភ្លាមមុននឹងអ្វីៗហួសពេលកែ។ ខាងក្រោមនេះគឺជាអាការ 12 យ៉ាងរបស់កូន ដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយ។

    1 . កូនមើលទៅរាងមានអារម្មណ៍ធុញថប់តានតឹង សោកសៅ អាចនឹងគ្មានអាការគ្រុនក្តៅ ឬមិនស្រួលខ្លួនឱ្យឃើញក៏ដោយ តែកូនអាចនឹងបង្ហាញអាការតាមរយៈទឹកមុខ ឬមើលទៅឃើញហាក់ដូចជាកំពុងគិតពីអ្វីម្យ៉ាងគ្រប់ពេលវេលា បើសិនជាឃើញបែបនេះហើយ ឪពុកម្តាយមិនគួរមើលរំលង ឬព្រងើយកន្តើយឡើយ ត្រូវប្រញាប់នាំទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមល្អជាង។

    2 . ឡើងកម្តៅខ្ពស់ សីតុណ្ហភាពប្រក្រតីរបស់ក្មេងនឹងស្ថិតនៅក្នុងកម្រឹត 36 – 37.5 អង្សាសេលសៀស សម្រាប់ក្មេងដែលមានអាយុទាបជាង 6 ខែបើមានសីតុណ្ហភាពក្នុងកម្រឹត 37.6 – 38.4 អង្សាសេលសៀសនោះ គឺមានន័យថា ឡើងកម្តៅខ្ពស់ហើយចំណែកក្មេងអាយុច្រើនជាង 6 ខែឡើង បើសិនលើស 38.5 អង្សាសេលសៀស មានន័យថា កម្តៅខ្លួនឡើងខ្ពស់ហើយ ត្រូវរកវិធីបញ្ចុះកម្តៅ និងប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

    3 . ក្តៅខ្លួនជាប់ៗគ្នាអត់បាត់រយៈពេល 3 ថ្ងៃឡើងទៅ ដោយញ៉ាំថ្នាំ និងជូតខ្លួនហើយ តែអាការនៅតែមិនល្អប្រសើរឡើងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់។

    4 . គ្រុនក្តៅខ្លួន និងមានអាការផ្សេងទៀតរួមជាមួយផង ដូចជា ឈឺក្បាល មានឡើងកន្ទួលរមាស់នៅលើរាងកាយ ឈឺ-ក អាការបែបនេះត្រូវតែប្រញាប់ទៅជួបលោកគ្រូពេទ្យ។

    5 . មានឡើងកន្ទួលក្រហមតាមខ្លួនប្រាណ និងមានអាការរាលដាលកាន់តែខ្លាំងឡើង ឬមានអាការហើមឡើងក្រហមត្រង់បរិវេណដែលមានឡើងកន្ទួល និងមានអាការដកដង្ហើមមិនស្រួល រាងស្ទះៗជាដើមនោះ កុំបង្អង់យូរ ត្រូវប្រញាប់នាំទៅមន្ទីពេទ្យភ្លាម។

    6 . មានពងបែកឡើងតាមខ្លួនប្រាណក្នុងលក្ខណៈខុសប្រក្រតី ដែលមិនធ្លាប់មានកន្លងមក ត្រូវប្រញាប់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់ ព្រោះអាចកើតរោគមហារីកស្បែកបាន។

    7 . កូនតូចយំរករឿងខ្លាំង ព្រោះឈឺក្បាលបែបទាន់ហន់ភ្លាមៗ ឬអាចឈឺពោះផ្នែកខាងស្តាំចុះមកក្រោម អាចជាអាការរបស់ខ្នែងពោះវៀន ឬបើឈឺពោះហើយមានក្អួតផងនោះ អាចបណ្តាលមកពីអាការរលាកក្រពះ បើរឹតតែមានឈាមចេញមកជាមួយផងនោះត្រូវតែប្រញាប់នាំទៅមន្ទីពេទ្យជាប្រញាប់។

    8 . ឈឺក្បាល និងក្អួត អាចជាអាការចាប់ផ្តើមដំបូងរបស់រោគម៉ៃក្រេន តែបើមានអាការធ្ងន់ធ្ងរខ្លាំងជាងនោះ អាចបណ្តាលមកពីរោគផ្សេងទៀត អាករបែបនេះក៏ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យដែរ។

    9 . បរិមាណទឹកនោមថយចុះ ស្ងួតមាត់ បន្ទូលក្បាលផតចុះ ក្អួត រាក អាការទាំងនេះអាចបណ្តាលមកពីសភាវខ្វះជាតិទឹកបើឃើញកូនមានអាការបែបនេះ​ ត្រូវតែប្រញាប់នាំកូនទៅមន្ទីពេទ្យ។

    10 . ហើមមុខ ហើមខ្លួន ក្អួត ឬមានឡើងរមាស់ អាការនេះអាចបណ្តាលមកពីកើតប្រតិកម្មចាញ់នឹងរបស់អ្វីមួយ បើធ្ងន់ធ្ងរត្រូវនាំទៅជួបគ្រូពេទ្យ។

    11 . ចេញឈាមច្រើនពេក មិនថាតែស្នាមរបួសតូច ឬធំនោះទេ បើឃាត់ឈាមហើយ ឈាមនៅតែហូរចេញមកមិនឈប់ចូរប្រញាប់នាំកូនទៅមន្ទីពេទ្យភ្លាម។

    12 . បបូរមាត់ឡើងស្លេក ខៀវជាំ ដកដង្ហើមអាក់ៗ និងដកដង្ហើមតាមមាត់ អាចជាអាការមានប្រតិកម្មនឹងរបស់អ្វីម្យ៉ាង ឬអាចបណ្តាលមកពីជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម ឬរោគសួត។

    អាការរបស់កូន ដែលបានរៀបរាប់មកខាងលើនេះ លោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត ព្រោះអាការមួយចំនួននោះអាចនិយាយបានថា សុទ្ធតែជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរផ្សេងទាំងអស់ ៕

  • 5 សំនួរ សួរគូស្នេហ៍ មុនសម្រេចចិត្តរៀបការជាមួយគ្នា

    5 សំនួរ សួរគូស្នេហ៍ មុនសម្រេចចិត្តរៀបការជាមួយគ្នា

    ប្រហែលជាគ្មាននរណានៅទីណាសម្លឹងមើលការរៀបការថា ជារឿងតូចតាចក្នុងជីវិតឡើយ ការរំកឹលឋានៈពីគូស្នេហ៍មកជាគូជីវិត គឺជាជំហានជីវិតមួយទៀតដែលអ្នកទាំងពីរគួរផ្តល់ភាពសំខាន់ ហើយតើអ្នកជឿជាក់ក្នុងចិត្តបានច្រើនតិចប៉ុនណា ថាគូស្នេហ៍របស់អ្នកមានភាពត្រៀមរួចជាស្រេចក្នុងការទប់ប្រគងជីវិតគូរួមជាមួយអ្នក។ ថ្ងៃនេះទើប ឡារ៉ែនរួបរួមសំនួរដែលគូស្នេហ៍របស់អ្នកត្រូវតែឆ្លើយមុននឹងរស់នៅជាមួយគ្នា ដើម្បីឱ្យអ្នក និងគេ(នាង)បានកែសម្រួលទស្សនគតិដែលល្អរួមគ្នា។

    1. ដោយសារអ្វីទើបអ្នកចង់ប្រើជីវិតដែលនៅសល់តទៅមុខទៀតជាមួយខ្ញុំ?

    ដូចដែលបានដឹងហើយថា ការដែលអ្នកទាំងពីរសម្រេចចិត្តរស់នៅរួមគ្នា រឿងដែលតាមមកនោះ គឺការដែលអ្នកទាំងពីរនឹងត្រូវឆ្លងកាត់ពេលវេលានៃសេចក្តីទុក្ខ និងសេចក្តីសុខរួមគ្នា គ្រប់នាទី គ្រប់ម៉ោងរាប់មិនអស់ទៀតបន្ទាប់ពីនេះទៅ និងអ្នកទាំងពីរត្រូវតែប្រឈមមុខ និងកែបញ្ហា ពុះពារទៅជាមួយគ្នា។ នៅពេលដែលសច្ចៈធម៌របស់ជីវិតគូវាដូច្នេះ សាកល្បងស្តាប់ចម្លើយអំពីគេ(នាង)ទៅមើលថា តើដោយសារអ្វីទើបគេ(នាង)នៅតែជ្រើសរើសយកអ្នកមកធ្វើជាគូជីវិត។

    2. តើវិធីណាខ្លះដែលនឹងធ្វើឱ្យជីវិតគូមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង?

    ភាពរ៉ូមែនទិកក្នុងជីវិតគូត្រូវអាស្រ័យទាំងគំនិតច្នៃបង្កើត និងភាពយកចិត្តទុកដាក់ មិនថាតែគូស្វាមីភរិយាថ្មោងថ្មីប៉ុណ្ណោះទេដែលត្រូវការបង្ហាញឱ្យដៃគូដឹងថា តើបងស្រឡាញ់អូនខ្លាំងប៉ុនណា ឬអូនស្រឡាញ់បងខ្លាំងប៉ុនណានោះ សូម្បីតែគូស្នេហ៍ដ៏យូរអង្វែងម្ភៃប្រាំឆ្នាំមកហើយក៏ដោយ ក៏សុទ្ធតែត្រូវការម៉ូមេនត៍បែបនេះដូចគ្នាទាំងអស់។ ការចង់ឱ្យជីវិតគូរបស់ខ្លួនឯងមានសេចក្តីសុខស្ថិតស្ថេរយូរអង្វែង មិនមែនជារឿងឆក់កណ្ឌៀតនោះទេ ប្រាកដណាស់ថា មួយគូៗច្បាស់ជាមានវិធីដែលខុសប្លែកពីគ្នា តែវាស្ថិតនៅត្រង់ថា តើអ្នករកវាឃើញឬក៏អត់ប៉ុណ្ណោះ។

    3. តើអាយុដែលខុសគ្នាមានបញ្ហាអ្វីចំពោះយើងដែរឬទេ?

    មែនទែនទៅ រឿងភាពខុសគ្នារបស់អាយុមិនគួរក្លាយជារឿងដែលអ្នកទាំងពីរមើលរំលងនោះទេ គូស្នេហ៍ជាច្រើនគូត្រូវសម្រេចចិត្តបញ្ចប់សម្ព័ន្ធភាពរវាងគ្នាដោយការលែងលះ ដោយហេតុផលដែលថា អាយុខុសគ្នាច្រើនជ្រុលពេក ទើបធ្វើឱ្យទស្សនគតិខាងការគិតខុសគ្នាទៅដែរ។ នៅពេលដែលរឿងរបស់អាយុដែលមិនអាចកែតម្រូវឱ្យស្មើគ្នាបាននោះ ម្តងនេះក៏ស្ថិតនៅត្រង់ថា តើជីវិតគូរបស់អ្នកត្រៀមជាស្រេចក្នុងការកែសម្រួលទស្សនគតិ ដើម្បីកាត់បន្ថយការយល់ឃើញដែលផ្សេងគ្នារបស់អំឡុងអាយុទៅជាមួយគ្នារហូតមួយជីវិតហើយឬនៅ?។

    4. ត្រៀមរួចជាស្រេចហើយឬនៅក្នុងការធ្វើជាឪពុកម្តាយដ៏ល្អរបស់កូន?

    ប្រាកដណាស់ថា បន្ទាប់ពីអ្នករៀបអាពាហ៍ពិពាហ៍ហើយ អ្នកត្រូវតែចង់មានកូនដើម្បីនឹងក្លាយជាខ្សែច្រវាក់មាសចងចិត្តរវាងអ្នក និងគេ(នាង) បើអ្នកត្រៀមរួចជាស្រេចហើយក្នុងការមានកូន អ្នកចាំបាច់ត្រូវតែមានការរៀបចំផែនការដែលល្អមួយផងដែរ រឿងដែលសំខាន់នោះគឺ អ្នកត្រូវមានភាពអត់ធន់ស៊ូទ្រាំ និងកុំបោះបង់ឱ្យខាងណាម្នាក់ត្រូវចិញ្ចឹមកូនតែម្នាក់ឯងជាដាច់ខាត។

    5. តើអាចទៅរួចទេក្នុងការនិយាយគ្នាត្រង់ៗ?

    ការទំនាក់ទំនងគ្នាយ៉ាងត្រង់ទៅត្រង់មកលើគ្រឹះនៃភាពស្មោះស្ម័គ្រ គឺជាបេះដូងគោលសំខាន់របស់ជីវិតគូ ការជ្រើសរើសយកការប្រមូលសន្សំបញ្ហាកំប៉ិកកំប៉ុកទុកក្នុងខ្លួនដោយមិនព្រមហារមាត់និយាយ ដោយសារតែខ្លាចថា វានឹងប៉ះពាល់ដល់ស្ថានភាព សម្ព័ន្ធភាពនោះ អាចមិនមែនជាដំណោះស្រាយដែលល្អបំផុតជានិច្ចនោះទេ មានតែរឹតតែប្រមូលសន្សំអារម្មណ៍នៃភាពមួហ្មង រក្សាទុកជាចំហេះមួយដែលរង់ចាំតែថ្ងៃផ្ទុះឡើងយ៉ាងមិនដឹងខ្លួននៅពេលណាមួយក៏បានទៅវិញទេ។

    ទាំងអស់ខាងលើនេះ គឺជាសំនួរងាយៗដែលនឹងនាំឱ្យទាំងរូបអ្នក និងគេ(នាង)បានមកអង្គុយទល់មុខគ្នា គិតជាមួយគ្នាថា តើ ត្រៀមជាស្រេចហើយឬនៅដែលអ្នកទាំងពីរយល់ព្រមក្នុងការប្រើជីវិតរួមគ្នានោះ?។ មិនប្រាកដដែរថា សំនួរងាយៗទាំងអស់នេះឯង ដែលនឹងធ្វើឱ្យអ្នកនឹកឃើញរឿងអ្វីបានច្រើនយ៉ាងតាមរយៈចម្លើយរបស់គូស្នេហ៍៕

  • ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ ដែល​បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិ (វីដេអូ)

    ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ ដែល​បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិ (វីដេអូ)

    ប្រទេសចិនកំពុងតែបង្កើនការដាក់ពង្រាយមធ្យោបាយឆ្លាតវៃនានានៅឯទីក្រុង Tianjin ជាមួយនឹងម៉ូដែលរថយន្ត​លក់ទំនិញ និង​រថយន្ត​​ល្បាត ដែលដំណើរការដោយ​ប្រព័ន្ធ​ឆ្លាត​វៃ​ ក៏ដូចជាបើកបរដោយស្វ័យប្រវត្តិ។

    រថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃនេះ រួមមានរថយន្តល្បាតមួយគ្រឿង និងរថយន្តលក់ទំនិញស្វ័យប្រវត្តិមួយគ្រឿង ដែលត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងឧទ្យានមួយដែលមានទំហំ36គីឡូម៉ែត្រក្រឡា នៅក្នុងទីក្រុង Tianjin ប្រទេសចិន។

    រថយន្តទាំងនេះ អាចដំណើរការដោយខ្លួនឯងទាំងស្រុង ដោយមិនចាំបាច់មានមនុស្សបញ្ជា។ រថយន្តលក់ទំនិញ ត្រូវបានបំពាក់ប្រព័ន្ធវិញ្ញាណ (Sensor) ការ​ពារ​ការ​ប៉ះទង្គិច និងអនុញ្ញាតឱ្យស្គាល់ និងសម្គាល់មុខរបស់អតិថិជនដែលមកទិញទំនិញនៅពី​រថយន្តនេះ។ ចំណែកការទូទាត់ថ្លៃទំនិញ គឺត្រូវបានធ្វើឡើងតាមរយៈកាបូបអេឡិចត្រូនិច។

    រីឯរថយន្តល្បាតវិញ ត្រូវបានបំពាក់ប្រព័ន្ធកាមេរ៉ា360អង្សា។ រថយន្តនេះអាចបញ្ជូនទិន្នន័យជា​រូបភាព និងវីដេអូទៅកាន់មជ្ឈមណ្ឌលសន្តិសុខ ក្នុងល្បឿនលឿនបំផុត។

    ចិនសាកល្បង​ដំណើរ​ការ​រថយន្តលក់ទំនិញឆ្លាត​វៃ​ បើកបរនិង​ទូទាត់​ថ្លៃ​ទំនិញ​ដោយស្វ័យប្រវត្តិនៅក្នុងការដាក់ឱ្យដំណើរការសាកល្បង រថយន្តទាំងនេះចំណាយពេល20នាទីដើម្បីបញ្ចប់ការល្បាតមួយជុំ (ឧទ្យាន)។ ​ទីក្រុង Tianjin មានផែនការពង្រីក “ដែនដី​” សម្រាប់​ដំណើរការសាកល្បងទៅលើ​ប្រភេទរថយន្តឆ្លាតវៃទាំងនេះឱ្យបាន300គីឡូម៉ែត្រ នៅក្នុងឆ្នាំ2024៕

    ប្រភព៖ Xinhua

  • យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​

    យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​

    បណ្ដុំ​រូប​ភាព​ជិត​បំផុត​របស់​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​យាន​អវកាស​ Orbiter ថត​​បាន​នៅ​ពេល​​​ហោះ​ហើរ​ក្នុង​រយៈ​ចម្ងាយ​75.6​លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ​ នឹង​ត្រូវ​បាន​អង្គ​ការ​ NASA ប្រកាស​បង្ហាញ​នៅ​វេលាម៉ោង​19​យប់​ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី​16​កក្កដា​នេះ​។

    ទីភ្នាក់​អវកាស​អាមេរិក (NASA) និង​ទី​ភ្នាក់​អវកាស​អឺរ៉ុប​ (ESA) នឹង​ចែក​រំលែក​បណ្ដា​រូប​ថត​របស់​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​ទៅក្នុង​ទីអវកាស​កាលពី​ថ្ងៃទី​9​កុម្ភៈ​2020 យាន​អវកាស​​ Solar Orbiter បាន​ហោះ​ហើរ​ឆ្លង​កាត់​តំបន់​ជិត​ព្រះ​អាទិត្យ​បំផុត​ នៅ​​ពាក់​កណ្ដាល​ខែ​មិថុនា​ បើ​ទោះ​ជា​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ដោយ​សារ​បញ្ហា​ COVID-19 ក៏ដោយ​។ នៅ​ពេល​ហោះ​ហើរ យាន​នេះ​បាន​បើក​ដំណើរ​ការ​ឧបករណ៍​ទាំង​10​របស់​វា​​ក្នុង​ពេល​តែ​មួយ​ ដើម្បី​ផ្ដិត​យករូប​ភាព​របស់​ព្រះអាទិត្យ​។

    Daniel Muller ដែល​ជា​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​របស់​អង្គការ​អវកាស​អឺរ៉ុប​ ធ្វើ​ការ​ក្នុង​គម្រោង​ Solar Orbiter បាន​ឱ្យ​ដឹង​ថា “បណ្ដុំ​រូប​ថត​ដំបូង​ គឺ​ហួស​ពី​ការ​ស្មាន​របស់​យើង​។ យើង​បានរកឃើញ​តម្រុយ​ជា​ច្រើន​នៃ​បាតុភូត​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​មិន​ធ្លាប់​បាន​ពិនិត្យ​មើល​ឃើញ​ទាល់​តែ​សោះ​នា​ពេលកន្លង​មក។ ឧបករណ៍​ទាំង​10​នៅ​លើ​ Solar Orbiter ដំណើរ​ការ​ដោយ​រលូន និង​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រួម​របស់​​ព្រះ​អាទិត្យ​ និង​ខ្យល់​ព្រះអាទិត្យ​។ ប្រការ​នេះ​ នាំ​ឱ្យ​យើង​ជឿជាក់​ថា Solar Orbiter នឹង​ជួយ​ឱ្យ​យើង​អាច​ឆ្លើយ​នឹង​សំណួរ​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ចម្លើយ​​ ស្ដី​អំពី​ព្រះអាទិត្យ​”។

    នៅក្នុង​ការ​ហោះ​ហើរ​ជុំវិញ​តារាវិថី​ជា​លើក​ដំបូង​ យាន​ Solar Orbiter បាន​ហោះ​ក្នុង​រយៈ​ចម្ងាយ​​​ពី​ព្រះ​អាទិត្យ​ប្រមាណ​ជា​75.6​លាន​គីឡូម៉ែត្រ​ គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​រយៈ​ចម្ងាយ​ពី​ព្រះអាទិត្យ​មក​ផែន​ដី​។​ ESA ឱ្យ​ដឹង​ថា យាន​អកវាស​នេះ​នឹង​ហោះ​ទៅ​​ជិត​​ព្រះអាទិត្យ​ជាង​នេះ​ទៀត​នា​ពេល​ខាងមុខ​។ Solar Orbiter កំពុង​តែ​ធ្វើ​ការ​កែ​ប្រែ​គន្លង​គោចរ​របស់​វា​យ៉ាង​យឺត​ៗ​។ នៅ​ចុង​ឆ្នាំ​2021 យាន​នេះ​នឹង​ហោះ​ទៅ​ក្បែរ​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​41.8​លាន​គីឡូម៉ែត្រ​ ពោល​គឺជិត​ជាង​រយៈ​ចម្ងាយ​រវាង​​ព្រះអាទិត្យ​និង​ពិភព​ពុធ​ទៅ​ទៀត​ ដើម្បី​ពិនិត្យ​ទៅ​លើ​តំបន់​ប៉ូលទាំង​មូល​របស់​ព្រះអាទិត្យ​។

    យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​
    ដំណើរ​ហោះ​​ហើរ​ជុំ​វិញ​ព្រះអាទិត្យ​របស់​យាន​ Solar Orbiter

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​អាច​ស្វែង​រក​ឃើញ​ចម្លើយ​ដែល​បក​ស្រាយ​អំពី​ការ​វិវឌ្ឍន៍​​របស់​ភព​នានា​ រួម​នឹង​ដំណើរ​ការ​នៃ​វត្តមាន​របស់​ជីវិត​ រចនា​សម្ព័ន្ធ​នៃ​ដំណើរ​ការ​របស់​ប្រព័ន្ធ​ព្រះអាទិត្យទាំង​មូល​​ និង​ប្រភព​នៃ​អវកាស​ផងដែរ​។

    កន្លង​មក​ កាល​ពី​ខែ​មិថុនា​2020​ អង្គការ​ NASA បានចែក​រំលេក​វីដេអូ​ time-lapse មួយ​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​ព្រះអាទិត្យ​ក្នុងរយៈ​ពេល​10ឆ្នាំ​កន្លង​មក​​ ដោយ​យោង​ទៅ​តាម​ទិន្ន​ន័យ​ពី​យាន​អវកាស​ Solar Dynamics Observatory (SDO)។ SDO ថត​បាន​រូប​ភាព​យ៉ាង​ច្បាស់​ចំនួន​425​លាន​សន្លឹក​អំពី​ព្រះអាទិត្យ​ គឺ​ប្រហាក់​ប្រហែល​នឹងទិន្ន​ន័យ​ចំនួន​​20​លាន​ gigabyte ក្នុង​រយៈ​ពេល​1ទសវត្សរ៍​៕

    ប្រភព៖ NASA

  • UEFA ដកពិន័យចេញពី Manchester City អាចលេង Champions League បាន

    UEFA ដកពិន័យចេញពី Manchester City អាចលេង Champions League បាន

    កាលពីពេល​កន្លងទៅនេះ UEFA បាន​ចោទ​ក្រុម Man City ថា បានធ្វើ​ខុសច្បាប់ “តុល្យភាព​ហិរញ្ញវត្ថុ” ដោយ​ពួកគេ​បាន​ចំណាយលុយ​ច្រើន​លើសលប់ ពី​ចំណូល​របស់ខ្លួន​ដើម្បី​ទិញដូរ​កីឡាករ​នៅ​អំឡុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ ខណៈដែល​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​នេះ ក៏បាន​ពិន័យ​ក្រុម​របស់លោក Pep មិនឱ្យ​លេង UCL រហូតដល់ 2ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រាប់លាន​ផោន​ទៀតផង។

    តែ​ពេលនេះ បម្រាម​មួយ​នេះ​ត្រូវបាន​ដកចេញ​វិញ ក្រោយ​ពេលដែល​ក្លិប​មួយ​នេះ​បានទទួល​ជោគជ័យ​នៅក្នុង​ការប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​កីឡា កាលពី​ថ្ងៃទី13 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ។

    បើតាម​ច្បាប់ UEFA បានធ្វើការ​ហាមប្រាម​ដល់​ក្លិប​បាល់ទាត់​អាជីព​ទាំងអស់​នៅក្នុង​ទ្វីបអឺរ៉ុប​ដែល​ភាគច្រើន​សុទ្ធ​តែមាន​មហាសេដ្ឋី​ជា​ម្ចាស់​ក្លិប មិនឱ្យ​ធ្វើការ​ចំណាយ​លើសពី​ចំណូល​របស់ខ្លួន​ឡើយ ដើម្បី​រក្សា​កម្រិត​ប្រកួតប្រជែង​ក្នុង​ពិភព​បាល់ទាត់៕

  • GDP របស់​ចិន​កើន​ឡើង​សា​ជា​ថ្មី​វិញ​ហើយ​!

    GDP របស់​ចិន​កើន​ឡើង​សា​ជា​ថ្មី​វិញ​ហើយ​!

    ខឿន​សេដ្ឋ​កិច្ច​ធំជាង​គេ​លំដាប់​ទី​2​នេះ​បាន​ងើប​ឡើង​វិញ​ជាថ្មី​ ដោយ​មាន​កំណើន​3.2​%​ ក្នុង​ត្រី​មាស​ទី​2​ បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នាក្នុង​ឆ្នាំ​2019​ ប៉ុន្តែអត្រា​នៃ​ការ​ទិញ​ដូរ​ និង​ការ​វិនិយោគ​នៅ​តែ​ខ្សោយ​នៅឡើយ​។

    តួលេខ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ប្រទេស​ចិន​ ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ក្នុង​ព្រឹក​នេះ​ (16​កក្កដា) បាន​បង្ហាញ​ថា GDP ចិន​បាន​កើន​ឡើង​វិញ​ជា​ថ្មី​នៅក្នុង​ត្រីមាស​កន្លង​ទៅ​ នៅ​ពេល​វិធាន​នានា​ក្នុង​​បម្រាម​គោចរ​​​​ទប់​ស្កាត់​ដើម្បី​ទប់​ស្កាត់​COVID-19 ត្រូវ​បាន​បញ្ជប់​ និង​សកម្ម​ភាព​ជម្រុញ​ដំណើរ​ការ​សេដ្ឋកិច្ច​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ខ្លាំង​ក្លា​ ក្នុង​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​សុខភាព​។ អត្រា​នៃ​កំណើន​3.2​%​នេះ​ ក៏​ខ្ពស់​ជាង​ការ​ព្យាករ​កន្លង​មក​របស់​ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​របស់​សារ​ព័ត៌មាន​ Reuters។

    មុន​នេះ GDP ចិន​បាន​ថយ​ចុះ​6.8​% នៅក្នុង​ត្រី​មាស​ទី​1 ដែល​នេះ​គឺជា​ការ​ធ្លាក់​ចុះ​ដំបូង​បង្អស់​រាប់​ចាប់​ពី​ឆ្នាំ​1992។ គិត​ជា​រួម នៅក្នុង​ឆមាស​ដើម​ឆ្នាំ​2020​នេះ សេដ្ឋ​កិច្ច​ចិន​មាន​កំណើន​អវិជ្ជមាន​ (ក្រោម​សូន្យ) ​​1.6​%​។

    ផលិត​ផល​ឧស្សាហកម្ម​ចិន​ បាន​កើន​ឡើង​4.8​%​ ក្នុង​ឆ​មាស​ទី​1 បើ​ធៀប​ជាមួយ​នឹងឆមាស​ទី​1​នៃ​​ឆ្នាំ2019។ នេះ​គឺជា​ខែ​ទី​3​ហើយ​ដែល​តួលេខ​នេះ​បាន​កើន​ឡើង​។

    ប៉ុន្តែ អត្រា​នៃ​ការ​ទិញ​ដូរ​នៅ​តែ​បន្ត​ចុះ​ខ្សោយ ដោយ​ការ​លក់​ចេញ​នៃ​ទំនិញ​លក់​រាយ​បាន​ថយ​ចុះ​1.8​% ក្នុង​ខែ​មិថុនា​ បើ​ធៀប​នឹង​ដំណាក់កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​2019។ នេះ​គឺជា​ខែ​ទី​5​ ​ដែល​តួលេខនេះ​បាន​ដាំ​ក្បាល​ចុះ​។ ចំណែក​ការ​វិនិយោគ​ទៅ​លើ​អចលន​ទ្រព្យ​ក៏​បាន​ថយ​ចុះ​3.1​%​ នៅ​ក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ​ បើ​ធៀប​ជាមួយ​នឹង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​2019។

    ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ចាត់វិធានការ​ជម្រុញ​កំណើន​សេដ្ឋី​នៅក្នុង​ពាក់​កណ្ដាល​ចុង​ឆ្នាំ​2020​នេះ​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​បំណុល​ដែល​ចេះ​តែ​កើន​ឡើង​ក៏ដោយ​។ ចិន​បាន​បញ្ចេញ​វិធានការ​ជា​ច្រើន​ ដូច​ជា​ ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ​ កាត់​បន្ថយ​អត្រា​ពន្ធ​ បន្ថយ​អត្រា​ការ​ប្រាក់​ និង​អត្រា​ទុន​បម្រុង​កតព្វកិច្ច​​ជា​ដើមសម្រាប់​បណ្ដា​ធនាគារ​ ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​ការ​ងារ​ ក៏ដូច​ជា​សង្គ្រោះ​ខឿន​សេដ្ឋ​កិច្ច​៕

    ប្រភព៖ Reuters

  • កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ ខណៈដែល អ៊ូបេគីស្ថាន ប្រកាសបិទប្រទេស

    កម្ពុជា ចាប់ផ្តើមហ្វឹកហាត់ ខណៈដែល អ៊ូបេគីស្ថាន ប្រកាសបិទប្រទេស

    ការប្រកួត​ដណ្ដើម​ពានរង្វាន់ ជើងឯក​យុវជន​អាយុ​ក្រោម 19ឆ្នាំ (AFC U-19 Championship) ទំនងជា​អាច​នឹងមិន​ធ្វើទៅ​បានឡើយ​នៅ​ឆ្នាំ2020 នេះ បន្ទាប់ពី​ប្រទេស​ដែល​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ គឺ​អ៊ូ​បេ​គី​ស្ថាន បានប្រកាស​បិទ​ប្រទេស​ជា​លើក​ទី2 កាលពីពេលថ្មីៗនេះ ក្រោយ​ជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស​កំពុង​ឆ្លង​រាលដាល​ជាថ្មី។

    គូរ​បញ្ជាក់ដែរថា ការប្រកួត​ពានរង្វាន់ AFC U19 Championship 2020 គ្រោង​នឹងធ្វើ​ឡើង​នៅក្នុង​ប្រទេស អ៊ូ​បេ​គី​ស្ថាន ចាប់ពី​ថ្ងៃទី14 ដល់ 31 ខែតុលា ចុងឆ្នាំ2020 នេះ ដោយមាន​ប្រទេសខ្លាំងៗចំនួន16ក្រុម​មកពី​ជុំវិញ​ទ្វីបអាស៊ី៕

  • ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ធ្លាប់នឹកឆ្ងល់ទេថា កូននៅក្នុងផ្ទៃម្តាយដកដង្ហើមយ៉ាងណា?

    ការដកដង្ហើមគឺជារឿងចាំបាច់បំផុតក្នុងការមានជីវិត រួមទាំងទារកដែលនៅក្នុងគភ៌របស់អ្នកម្តាយផងដែរ ជាប្រក្រតីមនុស្សយើងដកដង្ហើមបានព្រោះមានសួតជាអវយវៈសំខាន់ដែលធ្វើឱ្យអាចដកដង្ហើមបាន តែសម្រាប់ទារកដែលនៅក្នុងគភ៌មាតាវិញ ទម្រាំតែសួតចាប់ផ្តើមអភិវឌ្ឍ ក៏ប្រមាណជា ខែទី 7 ឬប្រមាណជា 28 សប្តាហ៍ឡើងទៅ ដែលក៏នៅតែមិនទាន់អាចដកដង្ហើមបានដោយខ្លួនឯងបានដែរ រហូតទាល់តែប្រសូតចេញមក។ តើនៅក្នុងអំឡុងពេលដែលទារកស្ថិតនៅក្នុងគភ៌មាតាដកដង្ហើមយ៉ាងណានោះ យើងនាំគ្នាមកមើលដូចតទៅ។

    1 . ក្នុងអំឡុងអាយុគភ៌ 14 សប្តាហ៍ ទារកក្នុងគភ៌របស់អ្នកម្តាយនឹងបានទទួលអុកស៊ីហ្ស៊ែន ដែលត្រូវបានដឹកជញ្ជូនតាមរយៈខ្សែភ្ជឹតដោយសរសៃឈាមក្រហមខ្នាតធំដែលបំពេញតួនាទីដឹកនាំអាហារ និងអុកស៊ីហ្ស៊ែនពីម្តាយឆ្ពោះទៅទារកហ្នឹងឯង។

    2 . ក្នុងអំឡុងអាយុគភ៌ 18 សប្តាហ៍ សួតចាប់ផ្តើមអភិវឌ្ឍហើយ តែកូនតូចនៅមិនទាន់ដកដង្ហើមបានតាមរយៈទងសុកនៅឡើយទេរហូតទាល់តែជិតប្រសូត។

    3 . ក្នុងអំឡុងអាយុគភ៌ 26 សប្តាហ៍ សួតកំពុងអភិវឌ្ឍទៅក្នុងផ្លូវដែលស្ទើរតែល្អឥតខ្ចោះហើយ បំពង់ខ្យល់នៅក្នុងសួតកំពុងរីកចម្រើនធំធាត់បានយ៉ាងល្អ ថង់ខ្យល់នៅក្នុងសួតរបស់កូននឹងចាប់ផ្តើមកខ្លួនឡើងជាបណ្តើរៗតាំងតែពីពេលនេះទៅរហូតដល់ពេលដែលកូនមានអាយុគ្រប់ 8 ឆ្នាំ។ ច្រមុះរបស់កូនចាប់ផ្តើមហ្វឹកហាត់ដកដង្ហើមហើយ តែនៅមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយ​

    4 . ក្នុងអំឡុងអាយុគភ៌ 34 សប្តាហ៍ ពេលនេះថង់ខ្យល់តូចៗក្នុងសួតរបស់កូនកើនបរិមាណច្រើនឡើងជារឿយៗ តែសួតក៏នៅតែអភិវឌ្ឍមិនទាន់ពេញទំហឹងនៅឡើយដែរ។ នៅក្នុងសួតពេលនេះនឹងមានទឹករំអឹលនៅជុំវិញថង់ខ្យល់ដើម្បីការពារការពង្រីកខ្លួនរបស់សួតនៅពេលកូនចាប់ផ្តើមដកដង្ហើមបានដោយខ្លួនឯងលើកដំបូងក្រោយពិកើតចេញមក។ ពេលនេះទោះជាសួតនៅមិនទាន់ធ្វើការបានល្អឥតខ្ចោះមែន តែបើជាទារកដែលប្រសូតមុនពេលកំណត់ នៅក្នុងខែនេះក៏មានឱកាសក្នុងការនៅរស់ខ្ពស់ដូចគ្នាដែរ។

    5 . ក្នុងអំឡុងអាយុ 40 សប្តាហ៍ សួតរបស់កូនអភិវឌ្ឍរហូតល្អឥតខ្ចោះហើយ និងត្រៀមរួចជាស្រេចក្នុងការដកដង្ហើមដោយខ្លួនឯងហើយ លុះដល់ប្រសូតចេញមកហើយ កូនក៏អាចដកដង្ហើមបានដោយខ្លួនឯងតែម្តង។

    សួតជាអវយវៈដែលអភិវឌ្ឍក្នុងអំឡុងពេលក្រោយៗរបស់ការរីកចម្រើនធំធាត់របស់ទារក ដូច្នេះអ្នកម្តាយត្រូវទប់ប្រគងការថែរទាំគភ៌នេះឱ្យល្អឥតខ្ចោះ និងឱ្យដល់ពេលវេលាស័ក្តិសមដែលទារកអាចដកដង្ហើមបានដោយខ្លួនឯងក្រៅពីប្រសូតចេញមកហើយនោះគឺអំឡុងអាយុគភ៌ 38 – 40 សប្តាហ៍ហ្នឹងឯង៕

  • តួយក្សខ្លួនខៀវ The Hulk “Mark Ruffalo” កោតសរសើរក្មេងប្រុសអាយុ 6ឆ្នាំម្នាក់ ការពារប្អូនស្រីពីឆ្កែកំណាច រហូតខ្លួនឯងត្រូវឆ្កែខាំ ដេរជិត 100ថ្នេរ…

    តួយក្សខ្លួនខៀវ The Hulk “Mark Ruffalo” កោតសរសើរក្មេងប្រុសអាយុ 6ឆ្នាំម្នាក់ ការពារប្អូនស្រីពីឆ្កែកំណាច រហូតខ្លួនឯងត្រូវឆ្កែខាំ ដេរជិត 100ថ្នេរ…

    ក្មេងប្រុសអាយុ 6ឆ្នាំម្នាក់ បានទទួលការកោតសរសើរពីមនុស្សសឹងតែទូទាំងពិភពលោក ក្រោយពីរូបគេ បានព្យាយាមការពារប្អូនស្រីដែលកំពុងត្រូវសត្វឆ្កែចូលមកបម្រុងខាំ រហូតខ្លួនឯងរងរបួសស្ទើរតែពេញខ្លួន ដែលក្នុងនោះមានតារាហូលីវូដដ៏ល្បីល្បាញ ដែលសម្ដែងជាតួ Super Hero ក្នុងខ្សែភាពយន្តរបស់ក្រុមហ៊ុន Marvel គឺ “Mark Ruffalo” ក៏បានស្ងើចសរសើរដែរថា អាល្អិតម្នាក់នោះគឺ “ពិតជា Super Hero ប្រាកដមែន”

    មហាវីរកម្មរបស់ក្មេងប្រុស “ប្រ៊ីដជើរ វ៉លគើរ” អាយុ 6ឆ្នាំ បានទទួលការស្ងើចសរសើរពីមនុស្សស្ទើរតែទូទាំងពិភពលោកភ្លាមៗ បន្ទាប់ពីម្ដាយមីងរបស់គេ បានផូស្តរូបភាពរបស់គេ ដែលពោរពេញដោយស្នាមរបួស ដោយសារតែការព្យាយាមការពារប្អូនស្រីពីសុនខកំណាច 1ក្បាល។

    ហេតុការណ៍នោះ បានកើតឡើងតាំងពីថ្ងៃទី9 កក្កដា កន្លងទៅ នៅម្ដុំផ្ទះរបស់ពួកគេ នៅវ៉ៃអូមីង សហរដ្ឋអាមេរិក នៅពេលដែលសត្វឆ្កែ 1ក្បាលបានស្ទុះចូលមក បម្រុងនឹងខាំប្អូនស្រី ធ្វើឱ្យប្រ៊ីដជើរ ស្ទុះចូលទៅឈរពាំង និងតស៊ូប្រយុទ្ធជាមួយសត្វឆ្កែកំណាចនោះ រហូតដល់ត្រូវវាខាំនៅលើថ្ពាល់ក្លាយជាស្នាមរបួសដ៏ធំ តែទីបំផុត ប្រ៊ីដជើរ ក៏អាចនាំប្អូនស្រីរបស់គេរត់ចេញពីទីកន្លែងនោះបានសម្រេច។

    ក្មេងប្រុសដ៏ក្លាហានរូបនោះ ត្រូវបាននាំចូលទៅមន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ…គេត្រូវគ្រូពេទ្យដេរស្នាមរបួសឱ្យរហូតដល់ជាង 90ថ្នេរ និងថែមទាំងត្រូវចូលទទួលការវះកាត់ព្យាបាល ដើម្បីលុបស្លាកស្នាមរបួសដ៏ធំនៅលើផ្ទៃមុខទៀតផង។

    តួយក្សខ្លួនខៀវ The Hulk “Mark Ruffalo” កោតសរសើរក្មេងប្រុសអាយុ 6ឆ្នាំម្នាក់ ការពារប្អូនស្រីពីឆ្កែកំណាច រហូតខ្លួនឯងត្រូវឆ្កែខាំ ដេរជិត 100ថ្នេរ...“ក្មួយរបស់ខ្ញុំគឺជា វីរបុរស គេជួយសង្គ្រោះប្អូនស្រីរបស់គេពីសត្វឆ្កែ រហូតដល់ខ្លួនឯងត្រូវវាខាំ ជំនួសប្អូនស្រី” ម្ដាយមីងរបស់កុមារក្លាហានរៀបរាប់ និងប្រាប់ថា អាល្អិតប្រ៊ីដជើរ បានប្រាប់គាត់យ៉ាងក្លាហានថា “បើសិនជាមានអ្នកណាត្រូវស្លាប់ ខ្ញុំគិតថា វាគួរតែជារូបខ្ញុំច្រើនជាង”

    ស្ត្រីជាម្ដាយមីង ថែមទាំងបានប្រាប់ទៀតផងថា អីលូវ ប្រ៊ីដជើរ ចេញពីមន្ទីរពេទ្យហើយ តែក៏នៅតែ ត្រូវទៅឱ្យគ្រូពេទ្យពិនិត្យស្នាមរបួសជាច្រើនដងទៀតដែរ ដូច្នេះហើយទើបនាងចង់ឱ្យក្រុមតារាសម្ដែងក្នុងខ្សែភាពយន្ត Super Hero Avengers ជួយផ្ដល់កម្លាំងចិត្តដល់រូបគេផង ព្រមទាំងធែកឈ្មោះរបស់តារាល្បីៗ ដូចជា Chris Hemsworth, Robert Downey Jr, Mark Ruffalo, Vin Diesel និង Chris Evans រួមទាំងតួល្បីៗជាច្រើនទៀតផង។

    នៅទីបំផុត តារាសម្ដែងដ៏ល្បីល្បាញ Mark Ruffalo ដែលសម្ដែងជាតួលោកដុកទ័រ Bruce Banner ឬតួយក្សខ្លួនខៀវ The Hulk បានសរសេរសារកោតសរសើរអាល្អិត ប្រីដជើរថា “ចំពោះ ប្រីដជើ…ខ្ញុំបានអានរឿងរ៉ាវទាំងអស់ហើយ ហើយចង់ប្រាប់ទៅឯងថា អ្នកដែលព្យាយាមជួយសង្គ្រោះមនុស្សដែលនៅក្បែរខ្លួន គឺជា ស៊ូភើរ ហ៊ីរ៉ូ ដ៏ពិតប្រាកដ។ ខ្ញុំសូមកោតសរសើរដោយស្មោះ និងលើកតម្កើងភាពក្លាហានរបស់ឯង។ សេចក្ដីក្លាហានដែលពិតប្រាកដ មិនមែនជាការចេញទៅប្រយុទ្ធតស៊ូ ឬយកឈ្នះអ្នកដទៃ ហើយអួតអាងដំឡើងសាច់ដុំ ដូចអ្នកក្លាហានអីបែបនោះទេ តែសេចក្ដីក្លាហានដែលពិតប្រាកដ គឺការដឹងថា អ្វីជារឿងដែលគួរធ្វើ និងចាប់ផ្ដើមធ្វើ ទោះជាដឹងថាខ្លួនឯង នឹងត្រូវឈឺខ្លួនក៏ដោយ…”

    តួយក្សខ្លួនខៀវ The Hulk “Mark Ruffalo” កោតសរសើរក្មេងប្រុសអាយុ 6ឆ្នាំម្នាក់ ការពារប្អូនស្រីពីឆ្កែកំណាច រហូតខ្លួនឯងត្រូវឆ្កែខាំ ដេរជិត 100ថ្នេរ...ចុងបញ្ចប់ រ៉ាហ្វហ្វាឡូ បានសរសេរថា “ប្រីដជើរ ឯងពិតជាឡូយខ្លាំងជាងមនុស្សជាច្រើនដែលខ្ញុំធ្លាប់ជួបច្រើនណាស់…ដោយក្ដីកោតសរសើរ និងលើកតម្កើង…ម៉ាក រ៉ាហ្វហ្វាឡូ (ប្រ៊ូស ប៊ែននើរ/ហាល់ក៍/សាស្ត្រាចារ្យ)”

    ប្រភព៖ សារព័ត៌មានបរទេស