Category: សង្គម និងសេដ្ឋកិច្ច

  • វិបត្តិ Covid-19 ធ្វើវិស័យដឹកជញ្ជូនធ្លាក់ចុះ តែកម្ពុជានៅតែព្យាយាមភ្ជាប់ការដឹកជញ្ជូនដោយប្រុងប្រយ័ត្ន

    វិបត្តិ Covid-19 ធ្វើវិស័យដឹកជញ្ជូនធ្លាក់ចុះ តែកម្ពុជានៅតែព្យាយាមភ្ជាប់ការដឹកជញ្ជូនដោយប្រុងប្រយ័ត្ន

    ក្រោយពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ប្រែប្រួល​យ៉ាងខ្លាំង ដោយ​ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ជា​ផ្នែក​សំខាន់​មួយ​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ជំងឺ Covid-19 បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ដឹកជញ្ជូន​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស។ ជា​លទ្ធផល​នៅក្នុង​ឆមាស​ទី1 ដើមឆ្នាំ2020នេះ អ្នកដំណើរ​ដែល​ចូលមក​កាន់​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ 68% ដោយមាន​ចំនួន​ត្រឹមតែ 1.95លាន​នាក់​ប៉ុណ្ណោះ។ ចំណែក​ឯការ​ចរាចរណ៍​ទំនិញ​វិញ​ក៏មាន​ការធ្លាក់ចុះ​រហូត​ដល់​ទៅ 30% ដោយមាន​ចំនួន​ប្រមាណ 25,000តោន។

    បញ្ហា​ទាំងអស់នេះ​ក៏មាន​ការចូល​រួមមួយ​ផ្នែក​ផងដែរ​ពី​ការបិទ​ច្រកទ្វា​ឆ្លងកាត់​ព្រំដែន​បណ្តោះអាសន្ន ដោយមាន​ការឯកភាព​គ្នា​ពី​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ជំងឺ Covid-19។ ទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា​ក៏​ព្យាយាម​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដោយ​ចេញ​វិធានការសំខាន់ៗចំនួន3 ដើម្បី​ធានាថា​ការដឹកជញ្ជូន​ទំនិញ​នៅតែ​អាច​ធ្វើបាន ស្រប​ពេលដែល​ការការពារ​ពី​ជំងឺឆ្លង Covid-19 នៅតែ​ត្រូវបាន​អនុវត្ត។

    វិធានការ​សំខាន់​ទី1 គឺ​ត្រូវ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ដឹកទំនិញ​របស់​ប្រទេស​នាំចេញ​ទៅកាន់​ប្រទេស​នាំចូល​នៅត្រង់​ទីតាំង​កំណត់​មួយ។

    វិធានការ​ទី2 ត្រូវ​ប្តូរ​រ៉ឺម៉ក​សណ្តោង​នៅត្រង់​ទីតាំង​កំណត់​នោះ។

    វិធានការ​ទី3 កំណត់​ចំនួន​រថយន្ត​ចេញ-ចូល​ឱ្យបាន​ច្បាស់លាស់​តាម​ពេល​ម៉ោង​ជាក់លាក់ និង​ការកំណត់​ចំនួន​មនុស្ស​ច្រើន បំផុត​ក្នុង​រថយន្ត​ត្រឹម​ចំនួន2នាក់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19៕

  • វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការដាក់ឱ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត

    វេសឡាញ និង ធនាគារ ហ្វីលីព ភីអិលស៊ី សហការដាក់ឱ្យដំណើរការកម្មវិធីបង់ថ្លៃសិក្សាតាមសេវាធនាគារចល័ត

    ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​បង់ថ្លៃ​សិក្សា​តាមរយៈ សេវា​ធនាគារ​ចល័ត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ដំណើរការ​ប្រតិបត្តិការ​បង់ប្រាក់​របស់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស តាមរយៈ​សេវា​ធនាគារ​ចល័ត (Phillip Mobile) កាលពី​ព្រឹក​ថ្ងៃទី 17 ខែកក្កដា ឆ្នាំ2020នេះ។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា គោលបំណង​នៃ​កិច្ចសហការ​នេះ មិនមែន​ដើម្បី​តែ​បង្កើន​គុណភាព​បង់ប្រាក់ ឬ​ទទួល​ប្រាក់​តាម​ប្រព័ន្ធ​សេវា​ធនាគារ​ចល័ត​បុ​ណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន ទាំង2 ក៏​បាននិងកំពុង​គិតគូរ​ពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល ជាមួយនឹង​បច្ចេកវិទ្យាថ្មីៗ ស្របតាម ទាន់​ការវិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត។

    លោក ប៉ិច បូ​ឡែ​ន បាន​និយាយថា៖ «ប្រតិបត្តិ​ការទទួលប្រាក់ និង​បង់ប្រាក់​មាន​សភាព​មមា​រញឹក ដែល​បណ្តាលឱ្យ​មានការ​រង់ ចាំ​របស់​មាតាបិតា​និង​សិស្សានុសិស្ស​ដែល​ត្រូវ​ចំណាយពេល​ច្រើន។ ម្យ៉ាងវិញទៀត​លោក​សំឡឹង​មើលថា​មិនមាន​ភាពងាយស្រួល​ទេ សម្រាប់​មាតាបិតា​សិស្ស សិស្សានុសិស្ស ដែល​ត្រូវ​កាន់​ប្រាក់សុទ្ធ​ធ្វើដំណើរ​មកកាន់​ទីតាំង របស់​សាលារៀន ដើម្បី​បង់ប្រាក់​នេះ គឺ​ត្រូវ​ឆ្លងកាត់​ការប្រុងប្រយ័ត្ន សុវត្ថិភាព​នៃ​ការធ្វើដំណើរ សុវត្ថិភាព​នៃ​ការបាត់បង់ នឹង​ប្រឈម​នឹង​ហ​និ​ភ័យ​នានា»។

    ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា ចំពោះ​បុគ្គលិក​ប្រតិបត្តិការ​ទទួលបន្ទុក​ទទួល​ប្រាក់ ក៏ត្រូវ​ចំណាយពេល​ច្រើន​សម្រាប់​លើ​កិច្ចការ​ប្រតិបត្តិការ។ សម័យកាល​នៃ​ការរីកចម្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា លោក​បាន​សំឡឹង​ឈោង​ចាប់​ដៃគូ​ថ្មី ដើម្បី​រួមគ្នា​ក្នុងការ​អភិវឌ្ឍ នោះ​គឺជា​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​រួមជាមួយ WEG ក្នុង​ប្រតិ​ប​តិ្ត​ការបង់​ទទួល​ប្រាក់​តាម​សេវា​ធានា​គារ​ចល័ត ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​វេស​ឡាញ និង ធនាគារ ហ្វី​លី​ព យើង​មាន​សហប្រតិបត្តិ​ការរួម​គ្នា ក៏​បុគ្គលិក​យើង​ទាំងពីរ​ស្ថាប័ន​ក៏​រួមគ្នា សំឡឹងមើល​ចាប់ពី​នេះ​តទៅ​មាន​អ្វីខ្លះ​ដែល​ធ្វើ​កិច្ចការ​រួមគ្នា​បាន ដូចជា​នាំ បុត្រ​ធីតា​មក​សិក្សា ក្នុង​លក្ខខណ្ឌ​ពិសេស​ណាមួយ។ ទាំងនេះ​គឺជា​ការគិតគូ​ដល់​មាតាបិតា​សិស្ស សម្រួល​រាល់​ការ លំបាក​នានា សម្រួល​នូវ​ការចំណាយ​ពេលវេលា​នាពេល​កន្លងមក លោក​អាច​យក​ពេលវេលា​នេះ​បំពេញ​លើ កិច្ចការផ្សេងៗបន្ថែមទៀត ដើម្បី​អភិវឌ្ឍ​លើ​គ្រប់​កិច្ចការ​សម្រាប់​គ្រួសារ។

    លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វី​លី​ព ភីអិលស៊ី បាន​លើកឡើងថា ធនាគារ ហ្វី​លី​ព មាន​សេចក្តី​រីករាយ​ដែល​បាន ធ្វើការ​សហការ ជាមួយ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប(WEG) ដែលជា​ស្ថាប័ន​អប់រំ​ធំ​មួយ ក្នុងការ​ដាក់ឱ្យ​ដំណើរការ​លើ ការបង់ប្រាក់​តាម​សេវា​ធនាគារ​ចល័ត​របស់​ធនាគារ ហ្វី​លី​ព ។ បន្ទាប់ពី​ពិធី​ចុះ​អនុស្សារណៈ​នេះ លោក លោកស្រី សិស្សានុសិស្ស សិក្សា​នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡា​ញន៍ អាចធ្វើ​ការបង់ថ្លៃ​សិក្សា​តាម រយៈ​សេវា​ធនាគារ​ចល័ត របស់​ធនាគារ​ហ្វី​លី​ព ដែល​ហៅ​កាត់​ថា (Phillip Mobile) បាន​ប្រកបដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកដល់​សាលា និង​មិនចាំបាច់​រង់ចាំ​យូរ​នាំឱ្យមាន​យឺតយ៉ាវ និង ចំណេញ​ពេលវេលា។ ជាងនេះទៅទៀត ដើម្បី​អបអរសាទរ​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​បង់​ថ្លៃ​សិក្សា​នេះ អតិថិជន​ចំនួន500នាក់​ដំបូង​នឹង ទទួលបាន​សាច់ប្រាក់​ត្រលប់​មកវិញ​ចំនួន 5ដុល្លារ នៅពេល​ធ្វើការ​បង់ថ្លៃ សិក្សា​លើកដំបូង តាមរយៈ​កម្មវិធី Phillip Mobile និង ទទួលបាន​មកវិញ​ចំនួន 2ដុល្លា​សំរាប់​អតិថិជន ទី501ឡើងទៅ។ ការផ្តល់ជូន​នេះ​គឺ​ចាប់ពី​ថ្ងៃទី17 ខែកក្កដា រហូតដល់​ចុងខែ​ធ្នូ​ឆ្នាំ 2020។

    លោក ចាន់ ម៉ាច បាន​និយាយថា៖ «ធនាគារ ហ្វី​លី​ព​មាន​សុ​ឆន្ទៈ​នឹង​ផ្តល់​សេវា​បន្តបន្ទាប់​ទៀត​ដល់​អតិថិជន​រប​ស់​សាលា​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស ឡាញ​ន៍​រួមមាន ឥណទាន​សម្រាប់​មា​តិ​បិតា​ឬ​អាណាព្យាបាល ធានារ៉ាប់រង​ទូទៅ និង ធានារ៉ាប់រង​អាយុ ជីវិត​ជាដើម»។

    លោក ចាន់ ម៉ាច បានលើកឡើង​ផងដែរ​ថា​បច្ចុប្បន្ន ធនាគារ ហ្វី​លី​ព បាន​យកចិត្តទុកដាក់​ផ្តោតលើ​ផលិតផល សេវា​ធនាគារ​ឌីជីថល​ជា​បន្ត បន្ទាប់​រួមមាន ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ធនាគារ​ចល័ត Phillip Mobile ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង ដំណើរ​កាត​និម្មិត​មា​ស្ទ័​រកា​ត(Virtual Master Card) ការចូល​ជា​សមាជិក​បណ្តាញ​ដក​សាច់ប្រាក់​ទូលាយ (CSS)  សេវា​ធនាគារ​អន​ឡាញ (Internet Banking) ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់ (PSP) សេវា​ធនាគារ​អទិភាព (Phillip Priority) ជាដើម។ ភាពជា​ដៃគូ​នេះ​បាន​ផ្តល់ឱ្យ​អតិថិជន​របស់​ធនាគា​រ ហ្វី​លី​ព និង សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡា​ញន៍ ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​និង​ឱកាស​ទទួល បាន​បទពិសោធន៍​ដ៏​សំបូរបែប​លើ​សេវាកម្ម​ធនាគារ រាប់ទាំង​ការ​សន្សំ​ពេលវេលា ថវិការ ទំនុកចិត្ត និង សុវត្ថិភាព។

    ជាមួយគ្នានេះដែរ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ មាន​សេចក្តីសោមនស្ស​រីករាយ សូម​ជម្រាប​ជូនដំណឹង​ថា សាលារៀន​យើងខ្ញុំ​ចាប់​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន​សម្រាប់​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា 2020-2021 ពីថ្ងៃ​ផ្សាយដំណឹង​នេះ​ទៅ ។ សាលារៀន បាន​នាំមក​នូវ​វេទិកា មធ្យោបាយ​បង្រៀន​អន​ឡាញ និង ពី​ចម្ងាយ ទំនាក់ទំនង គាំទ្រ និង       ស្វ័យ​សិក្សា យ៉ាង​សម្បូរបែប​ដល់​សិស្សានុសិស្ស និង មាតាបិតា​សិស្ស ដែលជា​ទម្រង់​បច្ចេកវិទ្យា​ក្នុងការ​សិក្សា​ថ្មី​មួយ​ក្នុង​សតវត្ស​ទី21 ។ បវេសនកាល​ថ្មី ឆ្នាំ​សិក្សា 2020-2021 ចូលរៀន​ថ្ងៃទី03 ខែ សីហា ឆ្នាំ 2020 (កម្មវិធី​ម​ត្តេ​យ្យ​ខ្មែរ ភាសា​អង់គ្លេស និង ភាសា​ចិន) និង ថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ2020 (កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី1 ដល់ ទី12) ។

    ដើម្បី​អបអរសាទរ​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា 2020-2021 សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ផ្តល់ជូន​ពិសេស​រហូតដល់ 40% លើ​តម្លៃ​សិក្សា និង មិន​គិតថ្លៃ​សេវា​ចុះឈ្មោះ​ចូលរៀន​លើកដំបូង សម្រាប់​ការចុះឈ្មោះ​ត្រឹម​ថ្ងៃ​ចូលរៀន៕

  • ហេតុផលល្អៗ 6 យ៉ាង ដែលស្រ្តីមានគភ៌គ្រប់ខែគួរតែប្រសូតបុត្រតាមធម្មជាតិ

    ហេតុផលល្អៗ 6 យ៉ាង ដែលស្រ្តីមានគភ៌គ្រប់ខែគួរតែប្រសូតបុត្រតាមធម្មជាតិ

    អំឡុងពេលគ្រប់ខែជិតប្រសូត គឺជាពេលវេលាដែលគួរឱ្យរំភើបត្រេកអររបស់ស្ត្រីដែលជាម្តាយ និងសមាជិកក្នុងក្រុមគ្រួសារខ្លាំងណាស់ តែនៅក្នុងក្តីរំភើបត្រេកអរនោះ ប្រហែលជាលាយឡំទៅដោយក្តីព្រួយបារម្ភមិនតិចឡើយ ព្រោះ ឡារ៉ែនជឿថាស្រ្តីមានគភ៌ទាំងឡាយប្រហែលជាធ្លាប់បានឮរឿងរ៉ាវនៃការប្រសូតអំពីអ្នកដែលមានបទពិសោធន៍ខ្លះៗមកហើយមិនខាន ទាំងរឿងរបស់ភាពឈឺចាប់ក្នុងពេលប្រសូត ថែមទាំងនៅមានភាពរារែកស្ទាក់ស្ទើរ ព្រោះមិនដឹងថា នឹងជ្រើសរើសយកការប្រសូតដោយវិធីណាល្អ រវាងការប្រសូតតាមធម្មជាតិ ឬក៏ប្រសូតដោយការវះកាត់ ដូច្នេះបើកំពុងតែរារែកស្ទាក់ស្តើរបែបនេះ ឡារ៉ែនសូមណែនាំស្រ្តីមានគភ៌គ្រប់ខែទាំងអស់មកមើលពី ចំណុចល្អ 7 យ៉ាងរបស់ការប្រសូតតាមធម្មជាតិវិញម្តង។

    1. ធ្វើចលនាបានយ៉ាងសេរី

    ហេតុផលលំដាប់មុនៗគេដែលស្រ្តីមានគភ៌គ្រប់ខែគួរតែជ្រើសរើសយកការប្រសូតតាមធម្មជាតិនោះគឺ ការប្រសូតបុត្រតាមវិធីធម្មជាតិនេះនឹងបើកឱកាសឱ្យរាងកាយអ្នកម្តាយធ្វើចលនាបានយ៉ាងសេរីច្រើនជាងការប្រសូតដោយការវះកាត់ និងថែមទាំងអាចកំណត់ទិសដៅការធ្វើចលនារបស់ទារកបានខ្លាំងជាងទៀតផង។

    2. មានសុវត្ថិភាពចំពោះទារក

    ជាប្រក្រតីហើយ បើអ្នកម្តាយ និងកូនតូចគ្មានបញ្ហាអ្វីដែលត្រូវកង្វល់ទេនោះ គ្រូពេទ្យភាគច្រើននឹងណែនាំឱ្យប្រសូតដោយវិធីធម្មជាតិច្រើនជាងការប្រសូតដោយការវះកាត់ ដោយសារតែរាងកាយរបស់អ្នកម្តាយខ្លួនឯងអាចប្រឹងប្រសូតបានតាមធម្មជាតិដោយមិនចាំបាច់ត្រូវពឹងលើថ្នាំ ឬសារធាតុគ្រោះថ្នាក់អ្វីដែលនាំឱ្យប្រថុយប្រថានដល់កូនតូចឡើយសូម្បីតែបន្តិច។

    3. រាងកាយឆាប់វឹលទៅរកសភាពដើមលឿនជាង

    អាចមើលទៅដូចជាការប្រសូតតាមធម្មជាតិនឹងសាងនូវការឈឺចាប់ដល់អ្នកម្តាយខ្លាំងជាងការវះប្រសូត តែការពិតទៅ ការប្រសូតតាមវិធីធម្មជាតិនឹងធ្វើឱ្យអ្នកម្តាយឈឺចាប់តែក្នុងអំឡុងពេលដែលបញ្ចេញកម្លាំងប្រឹងបញ្ចេញទារកមក និងបន្ទាប់ពីនោះតែបន្តិចទៀតប៉ុណ្ណោះ តែបន្ទាប់ពីនោះមក ក្រោយពេលប្រសូតរួច អ្នកម្តាយនឹងបានទទួលថ្នាំបំបាត់ការឈឺចាប់ និងវិធីការស្តាសភាពរាងកាយផ្សេងៗដែលលោកគ្រូពេទ្យបានណែនាំ ថែមទាំងស្នាមរបួសនៅតូចជាងការវះពោះប្រសូតទៀតផង។

    4. ប្រសូតលឿនជាង

    ការវះប្រសូត គ្រូពេទ្យនឹងត្រូវចាក់ថ្នាំស្ពឹក និងត្រៀមឧបករណ៍សម្រាប់ធ្វើការវះប្រសូតទៀតជាច្រើន ដើម្បីឱ្យទារកបានបើកភ្នែកចេញមកពីផ្ទៃម្តាយបានយ៉ាងល្អឥតខ្ចោះមួយរយភាគរយ ដែលវាក៏ជាការពន្យារពេលកម្មវិធីការប្រសូតឱ្យកាន់តែយឺតយូរតទៅទៀត តែបើអ្នកសម្រេចចិត្តប្រសូតតាមវិធីធម្មជាតិវិញនោះ រាងកាយរបស់អ្នកម្តាយនឹងបានរៀនយល់ដឹងពីវិធីការផ្តល់កំណើតកូនតូចដោយសញ្ជាតិញាណស្រាប់ហើយនោះ ក៏នឹងជួយសម្រួលឱ្យអ្នកប្រសូតបុត្រយ៉ាងសុវត្ថិភាព និងប្រើពេលវេលាមិនយូរទៀតផង។

    5. មានឱកាសបានសិក្សាអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើងទៀតផង

    តាំងពីពេលដែលស្រ្តីមានគភ៌សម្រេចចិត្តរួចហើយថា នឹងប្រសូតតាមវិធីធម្មជាតិនោះ ស្រ្តីមានគភ៌ និងស្វាមីនឹងចាប់ផ្តើមសិក្សាពីព័ត៌មាន និងមើលថែទាំខ្លួនយ៉ាងពិតប្រាកដ ហើយការស្វែងរកព័ត៌មានច្រើនៗបែបនេះនឹងធ្វើឱ្យស្រ្តីមានគភ៌ខ្លួនឯងបានទទួលនូវចំណេះដឹងល្អៗ និងវិធីមើលថែទាំខ្លួនឯងទាំងមុនពេលប្រសូត និងក្រោយពេលប្រសូតបានច្រើនឡើងទៀតផង។

    6. មានមោទនភាពលើភាពជាម្តាយរបស់ខ្លួនឯង

    អ្នកណាៗក៏ដឹងដែរថា ការប្រសូតតាមវិធីធម្មជាតិនឹងត្រូវប្រើភាពក្លាហាន និងភាពអំណត់អត់ធន់របស់ស្រ្តីជាម្តាយខ្លាំងប៉ុនណានោះ ដូច្នេះបើអ្នកអាចឆ្លងកាត់អំឡុងពេលនៃការឈឺចាប់ខ្លាំងក្លាដ៏សែនមានតម្លៃបែបនោះមកបាន វាគឺជារឿងធម្មតាមួយដែលអ្នកនឹងកើតមានអារម្មណ៍មោទនភាពលើខ្លួនឯងយ៉ាងខ្លាំងបំផុត ក្រៅពីនេះ គេនាំគ្នានិយាយថា ការប្រសូតតាមវិធីធម្មជាតិនឹងបង្កើនអារម្មណ៍អាណិតស្រឡាញ់រវាងស្រ្តីជាម្តាយ និងកូនបានខ្លាំងជាងការវះកាត់ប្រសូតទៅទៀត។

    ការបានក្លាយជាម្តាយមនុស្ស គឺជារឿងមួយដែលគួរឱ្យអស្ចារ្យ និងគួរឱ្យលើកតម្កើងស្រាប់ទៅហើយ មិនថាដោយហេតុផលអ្វីទាំងអស់ ដូច្នេះមិនថាអ្នកនឹងជ្រើសរើសឱ្យកូនជាទីស្រឡាញ់ចាប់កំណើតឡើងដោយវិធីណាក៏ដោយ សុទ្ធតែគួរឱ្យសរសើរតម្កើងដូចគ្នាទាំងអស់ តែបើសិនជាអាចទៅរួច ការប្រសូតតាមវិធីធម្មជាតិ ជាវិធីដែលល្អបំផុត ដោយសារមានចំណុចល្អដល់ទៅ 6 ចំណុចនេះឯង៕

  • លោក KOJI GYOTOKU ថា ការកោះហៅលើកនេះ សម្រាប់ត្រៀមពាន AFF U19

    លោក KOJI GYOTOKU ថា ការកោះហៅលើកនេះ សម្រាប់ត្រៀមពាន AFF U19

    លោក  KOJI GYOTOKU គ្រូបង្វឹក​ក្រុមបាល់ទាត់​យុវជន​គោព្រៃ​ជម្រើសជាតិ​អាយុ​ក្រោម 19ឆ្នាំ​កម្ពុជា បានបង្ហាញ​អំពី​គោលបំណង​របស់លោក ក្នុងការ​ធ្វើការ​កោះហៅ​កីឡាករ​ចំនួន 38រូប មកពី​ក្លិប​បាល់ទាត់ធំៗនៅក្នុង​លី​ក​កំពូល​កម្ពុជា​ទាំង 8នេះ​ថា គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF U19 Championship 2020 ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុងឆ្នាំ​នេះ មុន​ការប្រកួត AFC U19 Championship ទៅទៀត។

    តែ​លោក​ក៏បាន​បន្ថែមទៀត​ដែរ​ថា អ្វីៗកំពុងតែ​ស្ថិតនៅក្នុង​ភាពស្រពេចស្រពិល ដោយសារតែ​ពេលនេះ ពាន​ប្រចាំ​តំបន់​អាស៊ាន AFF U19 Championship កំពុងតែ​ស្ថិតនៅក្នុង​ការពិចារណា​ថា គួរ​លេង ឬក៏​គួរ​លុបចោល ហើយ​ពាន AFC U19 Championship ដែលជា​ពាន​កម្រិត​ទ្វីបអាស៊ី​ដែរនោះ ក៏​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផងដែរ ក្រោយ​ពេលដែល អ៊ូ​បេ​គី​ស្ថាន ជា​ម្ចាស់ផ្ទះ បានប្រកាស​បិទ​ប្រទេស​របស់ខ្លួន​ទៅហើយ ខណៈដែល​ការប្រកួត​កំពុងតែ​កៀក​ខិតជិត​មកដល់​ដែរនោះ។

    គួរ​បញ្ជាក់ដែរថា ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម 19ឆ្នាំ​របស់​កម្ពុជា ក្រោម​ការកោះហៅ​របស់​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​លោក KOJI GYOTOKU បានធ្វើការ​ហ្វឹកហាត់​ជុំគ្នា​ហើយ កាលពី​ល្ងាច​ថ្ងៃទី14 ខែកក្កដា ឆ្នាំ2020នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​វេលា​ម៉ោង 4ល្ងាច​តទៅ៕

  • កីឡដ្ឋានមរតកតេជោ របស់កម្ពុជា ជាកីឡដ្ឋានធំជាងគេបង្អស់ទី៤នៅតំបន់អាស៊ាន

    កីឡដ្ឋានមរតកតេជោ របស់កម្ពុជា ជាកីឡដ្ឋានធំជាងគេបង្អស់ទី៤នៅតំបន់អាស៊ាន

    កាលពី​ថ្ងៃទី16 ខែកក្កដា ឆ្នាំ2020 វេ​ប​សាយ​កីឡា​ដ៏​ធំ​បំផុត​របស់​អាស៊ាន គឺ ASEAN FOOTBALL NEWS បាន​បង្ហោះ​រូបភាព​មួយ បង្ហាញ​អំពី​ចំណាត់ថ្នាក់​កីឡដ្ឋាន​ដែល​ធំជាងគេ​បង្អស់​ទាំង4 នៅក្នុង​តំបន់​អាស៊ាន​ដែលមាន 11ប្រទេស និង​ប្រជាជន​ជាង 700លាន​នាក់។ ដោយ​ក្នុងចំណោម​កីឡដ្ឋាន​ទាំង 4នោះ ក៏មាន​កីឡដ្ឋាន​របស់​កម្ពុជា 1ដែរ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ2023 ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

    1. កីឡដ្ឋាន Bukit Jalil (ម៉ាឡេស៊ី) មានតម្លៃ 112លាន​ដុល្លារ អាច​ផ្ទុក​អ្នកទស្សនា​បាន (87,411 នាក់) បើក​សម្ភោ​ធ​នៅ​ឆ្នាំ2017។
    2. កីឡដ្ឋាន​អន្តរជាតិ​ចា​ការ​តា (ឥណ្ឌូនេស៊ី) មានតម្លៃ 353លាន​ដុល្លារ អាច​ផ្ទុក​អ្នកទស្សនា​បាន (82,000នាក់) កំពុងតែ​សាងសង់ ហើយ​គ្រោង​នឹង​បើកសម្ពោធ​នៅ​ឆ្នាំ2021ខាងមុខ។
    3. កីឡដ្ឋាន​ជាតិ​Shah Alam (ម៉ាឡេស៊ី) មានតម្លៃ 480លាន​ដុល្លារ អាច​ផ្ទុក​អ្នកទស្សនា​បាន (80,372 នាក់) បើក​សម្ភោ​ធ​នៅ​ឆ្នាំ1990។
    4. ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ (កម្ពុជា) មានតម្លៃ 150លាន​ដុល្លារ អាច​ផ្ទុក​អ្នកទស្សនា​បាន (60,000នាក់) កំពុងតែ​សាងសង់ ហើយ​គ្រោង​នឹង​បើកសម្ពោធ​នៅ​ឆ្នាំ2021 ខាងមុខ៕
     
  • គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)

    គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)

    គ្រឿងចក្រដ៏ធំមហិមាសម្រាប់សាងសង់អគារកប់ពពក ត្រូវបានគេប្រើប្រាស់ជាលើកដំបូងសម្រាប់សាងសង់អគារអាផាតមឹនខ្នាតខ្ពស់នៅទីក្រុង Chongqing ដែលនេះបានជួយសន្សំសំច័យកម្លាំង ពេលវេលា និងការចំណាយបានយ៉ាងច្រើនផងដែរ។

    គ្រឿងចក្រសាងសង់អគារកប់ពពកមួយគ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុង Chongqing។ ប្រព័ន្ធគ្រឿងចក្រនេះត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបច្ចេកទេសសំណង់របស់រដ្ឋាភិបាលចិន។ ឧបករណ៍ដ៏មហិមាមួយនេះ ផ្គត់ផ្គង់ប្លង់សេសម្រាប់កម្មករសាងសង់សំណង់អគារខ្ពស់ៗ។

    ប្រព័ន្ធគ្រឿងចក្រទំនើបនេះ ចំណាយពេលពី80ទៅ90នាទី ដើម្បីចល័តទៅជាន់បន្ទាប់នៅខាងលើ។ ដោយប្រើប្រាស់គ្រឿងចក្រនេះ ក្រុមកម្មករសំណង់ត្រូវចំណាយពេលប្រហែលតែ3ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់រួចរាល់1ជាន់។

    ប្រព័ន្ធសំយាប ឬរបាំងនៃគ្រឿងចក្រនេះ អាចបើកលាតសន្ធឹងពីខាងលើ ដើម្បីបាំងភ្លៀង និងបាញ់សំណើម ជួយការពារកម្មករពីកម្ដៅថ្ងៃទៀតផងរ។

    គ្រឿងចក្រទំនើបរបស់ចិន អាចសង់អគារអាផាតមឹន “3ថ្ងៃហើយ1ជាន់” (វីដេអូ)
    សំណង់​អគារ​កប់​ពពក​មួយ​នៅ​ប្រទេស​ចិន​

    ប្រព័ន្ធវិញ្ញាណ (sensor) សម្រាប់តាមដានការចល័តរបស់ឧបករណ៍នានានៃគ្រឿងចក្រនេះ អាចបញ្ជូនទិន្នន័យភ្លាមៗទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងពីចម្ងាយដើម្បីកែកំហុសបច្ចេកទេសដោយស្វ័យប្រវត្តិ បើសិនជាមានបញ្ហាកើតឡើង។

    កន្លងមក គ្រឿងចក្រសាងសង់អគារកប់ពពករបស់ប្រទេសចិន ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារ​ខ្ពស់​ជាង​300​ម៉ែត្រ។ នេះគឺជាគ្រឿងចក្រសាងសង់អគារកប់ពពកដំបូងគេដែលត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារអាផាមឹននៅតំបន់ Chongqing៕

    ប្រភព៖ Xinhua/Youtube

  • Realme ក៏ប្រកាសពីបច្ចេកវិទ្យាសាកភ្លើងលឿនដែរ ដោយ 30នាទី អាចសាកពេញ 100%

    Realme ក៏ប្រកាសពីបច្ចេកវិទ្យាសាកភ្លើងលឿនដែរ ដោយ 30នាទី អាចសាកពេញ 100%

    បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់ Realme បាន​ហក់​ទៅកាន់​កម្រិត 125W គឺ​ស្មើនឹង 2ដង​នៃ​បច្ចេកវិទ្យា​សាក​ថ្ម SuperDart 65W ដែល realme បានដាក់​នៅលើ X50 Pro 5G។ ក្រោយពេល​តេស្ត​សាកល្បង​រួច វា​មាន​ថ្ម​ទំហំ 4200mAh របស់ X50 Pro 5G ចំណាយពេល​ត្រឹម 30នាទី អាច​សាក​ពេញ 100%។

    ដំណឹង​នេះ​ត្រូវគេ​ដឹងភ្លាមៗ បន្ទាប់ពី​ក្រុមហ៊ុន realme ហៀបនឹង​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 125W ដ៏​ថ្មី​សន្លាង​នេះ​នៅថ្ងៃនេះ​តែម្ដង។

    កាលពី​មុននេះ 1ថ្ងៃ(ថ្ងៃទី16 កក្កដា) OPPO ត្រៀម​ប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 125W  និង​ក្រុមហ៊ុន​ចិន​មួយទៀត​គឺ iQOO ក៏​នឹង​ត្រៀម​ប្រកាស​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W នេះ​ដូចគ្នា​ដែរ មានន័យថា បច្ចេកវិទ្យា​មួយ​នេះ កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅគគុក លើ​បណ្ដាញ​អ៊ិន​ធើ​ណិ​ត។

    គួរ​បញ្ជាក់ដែរថា VIVO បានប្រកាស​ចេញ​ម្សិលមិញ(ថ្ងៃទី16កក្កដា)នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W ដោយ​ប្រើពេល​ត្រឹម 15នាទី អាច​សាក​ថ្ម​ពេញ​បាន 100%៕

    ទស្សនា​វីដេអូ​ខាងក្រោម៖

    https://cdn57.androidauthority.net/wp-content/uploads/2020/07/Realme-125W.mp4?_=1

  • 5 វិធីរៀបចំបន្ទប់ទឹកទំហំតូចឱ្យស្រឡះស្រួល

    5 វិធីរៀបចំបន្ទប់ទឹកទំហំតូចឱ្យស្រឡះស្រួល

    មិនថាតែលោកអ្នកចង់មកជួលបន្ទប់អាផាតមែនត៍ ខុនដូកណ្តាលទីក្រុង ឬទិញផ្ទះល្វែងរាងតូចច្រឡឹងថ្មីក៏ដោយ តែលោកអ្នកប្រហែលជាត្រូវអស់ប្រាក់ក្នុងការរៀបចំកែកុនបន្ទប់ទឹកដែលមានទំហំតូចង្អៀតនៅក្នុងបន្ទប់ទាំងនោះឡើងវិញមិនខាន ព្រោះចូលទៅពេលណាក៏ចង្អៀតទើសទែងធ្វើអ្វីក៏មិនស្រួលជានិច្ច តែថ្ងៃនេះលោកអ្នកមិនចាំបាច់ចំណាយប្រាក់ក្នុងការជួសជុលកែលម្អបន្ទប់ទឹកដែលតូចចង្អៀតនោះឡើងវិញទេ ឡារ៉ែនមានគន្លឹះល្អៗក្នុងការ រៀបចំបន្ទប់ទឹកដែលតូចចង្អៀតនេះឱ្យទូលាយស្រឡះឡើងវិញដូចខាងក្រោមនេះ។

    1 . កុំយករបស់របរដែលមិនចាំបាច់ត្រូវប្រើចូលទៅទុកក្នុងនោះជាដាច់ខាត ទុកចំពោះតែវត្ថុណាដែលចាំបាច់ត្រូវប្រើមែនទែនទៅបានហើយ សូម្បីតែវត្ថុដែលលោកអ្នកទិញត្រៀមបម្រុងទុក ដូចជាថ្នាំដុសធ្មេញដែលនៅមិនទាន់យកចេញពីប្រអប់ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ក្រដាស់អានាម័យផ្សេងៗដែលមិនទាន់ហែកប្រើក៏ដោយ គួរតែយកចេញមកទុកដាក់នៅកន្លែងផ្សេងសិន ទុកតែរបស់ដែលកំពុងប្រើប្រាស់ទៅបានហើយ។

    2 . ផ្តល់ភាពសំខាន់ចំពោះពន្លឺ ដំបូងបំផុតត្រូវសង្កេតមើលថា តើនៅក្នុងបន្ទប់ទឹកមានមាត់បង្អួចដែលនឹងធ្វើឱ្យបានទទួលពន្លឺពីធម្មជាតិដែរឬទេ? ព្រោះក្នុងបន្ទប់ទឹកតូចៗខ្លះក៏មិនបានទទួលការច្នៃម៉ូដឱ្យមានពន្លឺគ្រប់គ្រាន់ដែរ បើសិនជាដូច្នេះ វានឹងធ្វើឱ្យទិដ្ឋភាពរួមរបស់បន្ទប់ទឹកមើលទៅរាងងងឹតស្លុប ទើសទែង។ ពន្លឺនៅក្នុងបន្ទប់ទឹក ទោះជាពន្លឺពីអំពូលភ្លើង ឬពន្លឺពីធម្មជាតិក៏ដោយក៏គួរតែឱ្យភ្លឺដល់គ្រប់ទីកន្លែងដែរ ព្រោះវានឹងធ្វើឱ្យមើលទៅឃើញភ្លឺច្បាស់ស្រឡះល្អ និងស្អាតឡើងផង។

    2 . រៀបចំទុកដាក់របស់ប្រើប្រាស់ឱ្យអាចចាប់យកមកប្រើការបានងាយស្រួល ទោះជាយើងយករបស់របរដែលមិនចាំបាច់ ឬលើសតម្រូវការទៅទុកដាក់នៅកន្លែងផ្សេងហើយក៏ដោយ តែប្រាកដណាស់ថា បន្ទប់ទឹកដែលមានទំហំតូចមែនទែននោះ ក៏នៅតែមើលទៅមិនទូលាយស្រឡះដែរ តែយ៉ាងណាក៏ដោយ របស់របរដែលចាំបាច់ត្រូវប្រើ វាក៏ចាំបាច់ត្រូវតែទុកនៅក្នុងទីនោះដែរ និងគួរតែស្ថិតនៅក្នុងកន្លែងដែលយើងអាចចាប់យកមកប្រើបានយ៉ាងងាយស្រួល។ លោកអ្នកអាចនឹងរកធ្នើរថ្នាក់ៗដាក់របស់មកដាក់ ឬប្រអាប់ កញ្រ្ចែងមកដាក់នៅខាងក្រោមអាងលប់មុខ ហើយរៀបចំទុកដាក់របស់របរផ្សេងទៀតឱ្យបានរៀបរយតាមប្រភេទរបស់វា ឬអាចនឹងបំពាក់ឧបករណ៍ព្យួរនៅតាមជញ្ជាំង ក៏អាចជួយសន្សំសំចៃទីកន្លែងបានល្អដែរ។

    3 . សាកល្បងកែសម្រួលឧបករណ៍ផ្សេងៗខាងក្នុងបន្ទប់ទឹក ដើម្បីឱ្យមើលឃើញហើយមានអារម្មណ៍ថាបន្ទប់ធំទូលាយឡើង ដូចជា ប្តូរវាំងននបាំងកន្លែងងូតទឹកឱ្យតូចជាងមុន ប្តូរផ្កាឈូកងូតទឹកឱ្យតូចជាងមុន ឬអាចនឹងសាកល្បងបំពាក់ផ្ទាំងកញ្ចក់ឱ្យធំឡើង ក៏អាចជួយឱ្យបន្ទប់ទឹកមើលទៅរាងធំស្រឡះឡើងបានដែរ។

    5 . ត្រូវនឹកដល់ភាពងាយស្រួលសប្បាយក្នុងការប្រើការជាចម្បង សម្រាប់អ្នកដែលគិតថា បន្ទប់ទឹកគ្រាន់តែជាកន្លែងមួយដែលយើងចូលទៅបំពេញធុរៈផ្ទាល់ខ្លួនយ៉ាងប្រញាប់ប្រញាល់រៀងរាល់ព្រឹក រៀងរាល់ល្ងចនោះ ការកែសម្រួលបន្តិចបន្តួចតាមការណែនាំខាងលើ ប្រហែលជាអាចធ្វើឱ្យមើលទៅល្អប្រសើរឡើងបានហើយ តែបើអ្នកណាគិតថា បន្ទប់ទឹកគឺជាអ្វីដែលសំខាន់ជាងនោះ ដូចជាគិតថា ជាទីកន្លែងមួយដែលជួយឱ្យបន្ធូរបន្ថយអារម្មណ៍ពីភាពតានតឹង និងការធ្វើការងារដ៏ធ្ងន់ធ្ងរពេញមួយថ្ងៃមកនោះ ក៏គួរតែនឹកដល់ភាពស្រួលសប្បាយផងដែរ អាចនឹងមានកម្រាលព្រំទន់ៗ វាំងននបាំងកន្លែងងូតទឹកស្អាតៗ ឬកន្សែងជូតខ្លួនទន់ៗផងនោះ នឹងមានអារម្មណ៍ថាស្រួលសប្បាយគ្រប់ពេលដែលបានឃើញ និងបានប្រើប្រាស់វាមិនខាន៕

  • ផ្លូវការ៖ Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មលឿនបំផុត កម្លាំងសាក 125 វ៉ាត់

    ផ្លូវការ៖ Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មលឿនបំផុត កម្លាំងសាក 125 វ៉ាត់

    ក្រុមហ៊ុន OPPO បានប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី កម្លាំង​ដល់ 125W ដោយបាន​អះអាងថា ជា​បច្ចេកវិទ្យា​ឈានមុខ​គេ ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ។ OPPO ក៏​តែងតែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការផ្ដល់​ដំណោះស្រាយ​ការ​សាក​ថ្ម​ល្បឿន​លឿន ដែល​បាន​បង្កើត​នូវ​បច្ចេកវិទ្យាទំនើបៗ ដូចជា Dash Charge ជាដើម។

    បើទោះជា OPPO មិនទាន់បាន​ប្រកាស​នៅឡើយ​ថា ស្មា​ត​ហ្វូ​ន​ណា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​ក្ដី  តែ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​នេះ​បាន មិនមែនជា​រឿងងាយៗ ដែល​គ្រាន់តែ​បង្កើត​ដុំ​សាក​ថ្ម​កម្លាំង​ខ្លាំង រួច​ដោត​ចូលទៅ​ស្មា​ត​ហ្វូ​នធម្មតាៗនោះទេ។ គេ​ត្រូវ​ឌី​ហ្សា​ញ​ដុំ​សាក ខ្សែ​ត​ភ្ជាប់ និង​ថ្ម​ជាថ្មី ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព។

    យោងតាម​ការអះអាងរ​បស់ OPPO បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​កម្លាំង 125Wនេះ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ចំណាយពេល​ត្រឹម 20នាទី​ប៉ុណ្ណោះ ហើយ​សាក 5នាទី បាន​ថាមពល​ថ្ម​រហូតដល់ 41%។

    ក្រៅពីនោះ OPPO ក៏បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា AirVOOC 65W ដែលជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ប្រើពេល​ត្រឹម 30នាទី​ប៉ុណ្ណោះ៕

  • ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ App អប់រំពីចម្ងាយ

    ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ App អប់រំពីចម្ងាយ

    ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទដៃ App សម្រាប់​ការសិក្សា​ពី​ចម្ងាយ ដល់​សិ​ស្សា​នុស្ស​ទូទាំងប្រទេស​បាន​សិក្សា។

    លក្ខណៈពិសេស​នៃ​មុខងារ​របស់ App នេះ គឺ​វា​មាន​មាតិកា​ឌីជីថល​ដែលមាន​ភាពងាយស្រួល​បំផុត ក្នុង​ទម្រង់​ជា​វីដេអូ​បង្រៀន ដែល​រៀបចំ​តាម​ថ្នាក់​ពី​ថ្នាក់​ទី9 ដល់​ថ្នាក់​ទី12 និង​មុខវិជ្ជាផ្សេងៗ ដោយ​សិស្សានុសិស្ស​គ្រាន់តែ​បំពេញ​ព័ត៌មាន​នូវ​ឈ្មោះ​ខេត្ត សាលារៀន និង​កម្រិត​ថ្នាក់រៀន។ បន្ថែម​ពីលើ​នេះ App ខាងលើ​ក៏​ផ្តល់​លទ្ធភាព​ដល់​សិស្សានុសិស្ស និង​អ្នកប្រើប្រាស់ អាច​ចម្លង ឬ Download វីដេអូ​នៃ​ការបង្រៀន​នេះ​មក​រក្សាទុក​ក្នុង​ទូរស័ព្ទ​របស់ខ្លួន ដោយ​ល្បឿន​លឿន​ចេញពី​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុងប្រទេស ហើយ​អាច​បើក​មើល​បាន​នៅ​គ្រប់ពេលវេលា។ លើសពីនេះទៅទៀត​ក្នុង​កម្មវិធី​នេះ​ក៏មាន​ការចូល​រួមសហកា​រ​ពី​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ដៃ និង​ក្រុមហ៊ុន​ផ្តល់​សេវា Internet ដែល​ផ្តល់ជូន​សិស្សានុសិស្ស​ក្នុងការ​លើកលែង​ថ្លៃ​សេវា ឬ​កញ្ចប់​ពិសេស​ណាមួយ​សម្រាប់​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ។

    ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ Covid-19 ឱ្យ​ក្លាយជា​ឱកាស​ក្នុងការ​បង្កើត​ការអប់រំ​តាមបែប​ឌីជីថល ដើម្បី​រក្សា​គុណភាព សមធម៌ បរិ​យា​ប័ន្ន និង​ការអប់រំ​ពេញ​មួយជីវិត​ដល់​សិស្សានុសិស្ស៕