Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន OnePlus ឱ្យតម្រុយថា នឹងចេញលក់ កាស Wireless តម្លៃ 99ដុល្លារ

    ក្រុមហ៊ុន OnePlus ឱ្យតម្រុយថា នឹងចេញលក់ កាស Wireless តម្លៃ 99ដុល្លារ

    OnePLus Buds ជា​ប្រភេទ​កាស​ឥត​ខ្សែ(wireless earphone) លើកដំបូង​របស់​ក្រុមហ៊ុន​មួយ​នេះ។ ថ្មីៗនេះ នៅលើ​បណ្ដាញ​សង្គម Twitter របស់​ក្រុមហ៊ុន បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​អំពី​ផលិតផល​មួយ​នេះ។

    បើ​យោងតាម​ប្រភពពី GSM arena បានឱ្យ​តម្រុយ​ថា កាស​ឥត​ខ្សែ​ដំបូង​របស់ OnePlus មួយ​នេះ គ្រោង​នឹង​លក់​ក្នុងតម្លៃ​តែ 99ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​នេះ​បើ​គិត​លើ​ទីផ្សារ​កាស​ឥត​ខ្សែ​របស់​ក្រុមហ៊ុន​ដទៃទៀត ឃើញថា អាច​ស៊ីសង​គ្នា​បាន។

    លក្ខណ​ស​ម្ប​តិ្ត​របស់​កាស OnePlus Buds នេះ ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹងខ្លះៗដែរ ដូចជា ស្ដាប់ភ្លេង​បានយូរ​បំផុត​ដល់​ទៅ 30ម៉ោង​ពេញ, អាច​សាក​ថ្ម​បាន​ដោយ Wireless ជាមួយនឹង​បច្ចេកវិទ្យា​សាក​លឿន Wrap Charge Technology តែ 10នាទី​អាច​ប្រើ​បាន 10ម៉ោង។ ជាពិសេស​នោះ វា​មាន​ដុំ​សាក​កម្លាំង 10វ៉ា​ត់​មកជា​មួយ ក្នុង​ប្រអប់​ថែម​ទៀតផង៕

  • Real Madrid លើកពាន La Liga ខណៈដែល Messi ឈ្នះស្បែកជើងមាសទាំងមិនសូវសប្បាយចិត្ត

    Real Madrid លើកពាន La Liga ខណៈដែល Messi ឈ្នះស្បែកជើងមាសទាំងមិនសូវសប្បាយចិត្ត

    ការប្រកួត​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​រកឃើញ​ក្រុម​ដែល​គ្រង​ជើងឯក​ហើយ ដោយបាន​ទៅលើ​ក្រុម Real Madrid ក្រោយ​យកឈ្នះ Villarreal ក្នុង​លទ្ធផល 2ទល់នឹង1 គិត​ត្រឹមតែ​សប្តាហ៍​ទី37 ពោលគឺ មុន​បញ្ចប់​រដូវ​កាល​ចំនួន 1សប្តាហ៍។

    ចំណែកឯ Lionel Messi បានឈ្នះ​ស្បែកជើង​មាស​នៅ La Liga ជា​លើក​ទី7 ហើយក៏​ជា​លើក​ទី4 ជាប់​គ្នា​ដែរ បន្ទាប់ពី​រកបាន 2គ្រាប់​ជួយ Barcelona ឈ្នះ Alaves នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​បញ្ចប់​លី​ក កាលពី​យប់មិញ។

    ទោះជា​បែបនេះ​ក្តី Lionel Messi បាន​បញ្ជាក់ថា ក្រុម FC Barcelona នៅមាន​ឱកាស​ឈ្នះ​ពានរង្វាន់ UEFA Champions League ប្រសិនណាបើ​ផ្លាស់ប្ដូរ​ទម្រង់​លេង និង​ទំនុកចិត្ត​ក្រុម​ឱ្យបាន​ទាន់ពេលវេលា៕

  • វេបសាយ បោកឱ្យគេចុចតៗគ្នា លើ Telegram កាលពីថ្ងៃមុន ត្រូវបានអ្នកជំនាញបិទបាត់ហើយ!

    វេបសាយ បោកឱ្យគេចុចតៗគ្នា លើ Telegram កាលពីថ្ងៃមុន ត្រូវបានអ្នកជំនាញបិទបាត់ហើយ!

    កាលពី​ចុង​សប្តាហ៍​កន្លងទៅ វេ​ប​សាយ​ដែលមាន​អាសយដ្ឋាន myxfreelance​ ដែល​ជនអនាមិក​ប្រើ ដើម្បី​លួច​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ Telegram នៅ​កម្ពុជា​នោះ ត្រូវបាន​បិទ​ជា​ស្ថាពរ​ហើយ ដោយមាន​កិច្ចសហការ​ខាង​បច្ចេកទេស​របស់ CamCERT និង​ក្រុមហ៊ុន​បម្រើសេវា Hosting។

    រំឭក​ផងដែរ​ថា  CamCERT ដែលជា​ការិយាល័យ​ឆ្លើយតប​បន្ទាន់​នៃ​បញ្ហា​កុំព្យូទ័រ របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​របស់​ក្រសួងមហាផ្ទៃ បានធ្វើការ​យ៉ាង​លម្អិត តាមដាន​លើ​សារ​ដែល​បាន​ចែករំលែក​ទាំងនោះ និង​បានដឹងថា នេះ​គឺជា​ល្បិច​បោក​បញ្ឆោត​របស់​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ទើប​ការិយាល័យ CamCERT ចាត់វិធានការ​ជាបន្ទាន់ និង​ឈានទៅដល់​ការបិទ​ចោល​តែម្ដង៕

  • គ្រូ U19 កម្ពុជា ថា យុវជនកម្ពុជា ធ្លាក់ទម្រង់លេងខ្លាំង បើធៀបនឹងកាលពីវគ្គជម្រុះ

    គ្រូ U19 កម្ពុជា ថា យុវជនកម្ពុជា ធ្លាក់ទម្រង់លេងខ្លាំង បើធៀបនឹងកាលពីវគ្គជម្រុះ

    ការប្រកួត​ពានរង្វាន់  AFC U19 Championship នឹងធ្វើ​ឡើង​នា​ចុងឆ្នាំ​នេះ នៅក្នុង​ប្រទេស អ៊ូ​បេ​គី​ស្ថាន ហើយ​ក្រុម​ជម្រើសជាតិ​យុវជន​គោព្រៃ​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា និង​បាន​តេស្ត​សមត្ថភាព​បាន 1លើក​មកហើយ។

    លោក Koji Gyotoku គ្រូបង្វឹក​ក្រុមបាល់ទាត់​បាទី អាយុ​ក្រោម 18ឆ្នាំ និង​ជា​គ្រូ​បង្គោល​ឈុត​យុវជន​គោព្រៃ​កម្ពុជា អាយុ​ក្រោម 19ឆ្នាំ បាន​ថ្លែងថា យុវជន U19 មាន​បញ្ហា​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង ដោយសារតែ​មិនសូវ​បាន​លេង​នៅ​ក្លិប​ថ្មី ដែល​ខុសគ្នា​ស្រឡះ​ពី​កាល​នៅ​ជា​យុវជន​បាទី។

    ទោះបីជា​បែបនេះ​ក្តី លោក​បានបង្ហាញ​សុទិដ្ឋិនិយម​លើ​កូនក្រុម​ថា ពួកគេ​នឹង​ព្យាយាម​ធ្វើឱ្យ​បានល្អ ក្នុងការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ (វគ្គ 16ក្រុម​ចុងក្រោយ) នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ជើងឯក​អាស៊ី​អាយុ​ក្រោម 19ឆ្នាំ ឆ្នាំ2020 (AFC U-19 Championship Uzbekistan 2020) នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន នា​ខែតុលា​ខាងមុខ ដោយ​មិនមែន​គ្រាន់តែ​ចូលរួម​ដើម្បី​បង្គ្រប់កិច្ច​ឡើយ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ

    ខាងក្រោមនេះគឺជាចំណេះដឹងពាក់ព័ន្ធនឹងការមើលថែទាំផ្ទះសម្បែង របស់របរ និងកិច្ចការងារក្នុងចង្រ្កានជើងឆ្នាំងដែល ឡារ៉ែន សូមនាំយកមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗដែលជាស្រ្តីមេផ្ទះ ព្រោះជួនកាលរឿងខ្លះយើងអាចនឹងមិនដឹងពីវិធីកែបញ្ហា ឬថែទាំទុកដាក់វាឱ្យប្រើប្រាស់បានយូរឡើយ បើចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមដានដូចតទៅ។

    1 . បើរោងឡាន ឬទីកន្លែងទុកដាក់របស់ប្រើប្រាស់ ឬសម្ភារជាងមានធំក្លិនអាប់មិនគួរឱ្យបេត្តីនោះ គ្មានអ្វីពិបាកទេ យើងអាចកម្ចាត់ក្លិនអាប់នោះចេញ ដោយគ្រាន់តែរោយស្មៅដែលទើបនឹងកាត់ថ្មីៗនៅលើកម្រាលបន្ទប់ ឬរោងឡាននោះ ហើយទុកចោលមួយរយៈ ដើមស្មៅទាំងនោះនឹងបឺតយកក្លិនអាប់ទាំងនោះចេញអស់មិនខាន។

    2 . បើត្រូវការពូតសម្ងួតខោអាវ 1 – 2 កុំប្លេឱ្យកាន់តែឆាប់ស្ងួតលឿនឡើងនោះ បងៗស្រ្តីមេផ្ទះអាចធ្វើបានដោយការរកកន្សែងពោះគោស្អាតមួយដាក់ចូលទៅក្នុងម៉ាស៊ីនជាមួយខោអាវដែលចង់ពូតសម្អួតនោះ ព្រោះកន្សែងពោះគោនឹងជួយបឺតយកសំណើម ធ្វើឱ្យខោអាវនោះកាប់តែឆាប់ស្ងួតឡើងទៅទៀត។

    3 . វិធីធ្វើឱ្យស៊ុំកញ្ចក់រូបថត ឬកញ្ចក់ឆ្លុះមុខមើលទៅឃើញថ្មីជាប់ជានិច្ចនោះ អាចធ្វើបានដោយការយកក្រណាត់ជ្រលក់ប្រេងស្រល់ ហើយលាបលើស៊ុំកញ្ចក់ដែលធ្វើអំពីឈើទាំងនោះ ហើយទុកឱ្យស្ងួតមែនទែន ស៊ុំកញ្ចក់ទាំងនោះនឹងមើលទៅឃើញថ្មីឡើងវិញភ្លាមជាមិនខាន។

    4 . វិធីលាងស្នាមកខ្វក់នៅលើកែវចរណៃ អាចធ្វើបានយ៉ាងងាយៗ គឺរកសំបកផ្លែត្របែក មកដាក់ចូលទៅក្នុងកែវចរណៃដែលប្រឡាក់នោះ ត្រាំទឹកទុកចោលប្រមាណជា 2 – 3 ម៉ោង ហើយលាងសម្អាតដោយទឹកស្អាត ត្រឹមតែប៉ុណ្ណឹងកែវនឹងមើលទៅឃើញស្អាតភ្លឺថ្លាមិនខាន។

    5 . វិធីសម្អាតឧបករណ៍ដែលធ្វើដោយស្ពាន់ឱ្យស្អាតភ្លឺរលោងឡើងវិញមិនមែនជារឿងពិបាកឡើយ បងៗស្រ្តីមេផ្ទះអាចធ្វើបានយ៉ាងងាយៗ គឺនាំយកមើមខ្ទឹមក្រហមមកស្ងោរក្នុងទឹកពុះ ហើយយកមកខាត់គ្រឿងស្ពាន់ទាំងនោះ ត្រឹមតែប៉ុណ្ណឹងគ្រឿងស្ពាន់ទាំងនោះនឹងថ្មីស្អាតហ្មត់ចត់ភ្លឺចាំងមិនខាន។

    (នៅមានត)

  • NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ “ដៃ​បីសាច” និង​ធំជាង​ Milky Way ជិត​​ពាក់​កណ្ដាល​​ឯ​ណោះ​

    NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ “ដៃ​បីសាច” និង​ធំជាង​ Milky Way ជិត​​ពាក់​កណ្ដាល​​ឯ​ណោះ​

    ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) បាន​បញ្ចេញ​រូប​ថត​ ​បង្ហាញអំពី​​ទិដ្ឋ​​ភាពដ៏​ស្រស់​ស្អាត​នៃ​​កាឡាក់ស៊ីរាង​គូទ​ខ្យង​​ NGC 4848 ប្រកប​ដោយ​ភាព​លម្អិត​ ដែល​ត្រូវ​បាន​ហ្ស៊ូម​មក​ជិត​ និងថត​​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    កាឡាក់ស៊ី​ NGC 4848 មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​កញ្ចុំ​ផ្កាយ​ Coma Berenices ដែល​មាន​ចម្ងាយ​ពី​ផែន​​ដី​ប្រមាណ​ជា​336​លាន​ឆ្នាំ​ពន្លឺ​ (1ឆ្នាំ​ពន្លឺ​មាន​ប្រវែង​ 9.46លានលានគីឡូម៉ែត្រ)។ NGC 4848 ត្រូវ​បាន​ចាត់​ចូល​ក្នុង​ប្រភេទ​កាឡាក់ស៊ី​គូទ​ខ្យង​ដែល​បាក់​ជា​កំណាត់​​ ឬ​កាឡាក់ស៊ី​គូទ​ខ្យង​មាន​មែក​ទទឹង​ ដែល​ដូច​ទៅ​នឹង​កាឡាក់​ស៊ី​ Milky Way របស់​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ​។

    ចំណុច​ពិសេស​របស់​បណ្ដា​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ នោះ​គឺ​ ពួក​វា​មាន​មែក​ធាង​ ឬ​ដៃ​ដែល​មាន​រាង​ដូច​ដង​ធ្នូ​ ដែល​លាត​សន្ធឹង​ពី​ចំណុច​កណ្ដាល​​ទៅ​កាន់​ជាយ​របស់​​កាឡាក់ស៊ី។ នៅក្នុង​រូប​ភាព​ថ្មី​បំផុត​របស់​កាឡាក់ស៊ី NGC 4848 ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​របស់​កែវ​យឹត​អវកាស​ Hubble បង្ហាញ​ថា ​ដៃនានា​ដែល​មាន​​រាង​ដូច​គូទ​ខ្យង​ និង​ពណ៌​ខៀវ​ខ្ចី​ដ៏ស្រស់​ស្អាត​របស់​កាឡាក់ស៊ី​នេះ​ អាច​ឱ្យ​យើង​សង្កេត​មើល​ឃើញ​បាន​យ៉ាង​លម្អិត​។

    NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ "ដៃ​បីសាច" និង​ធំជាង​ Milky Way ជិត​ពាក់កណ្ដាល​
    NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ “ដៃ​បីសាច” និង​ធំជាង​ Milky Way ជិត​ពាក់កណ្ដាល​

    “Hubble មិន​ត្រឹម​តែ​ថត​បាន​ទិដ្ឋ​ភាព​ផ្នែក​ខាង​ក្នុង​យ៉ាង​ច្បាស់​នៃ​ដៃនានា​​កាឡាក់​ស៊ី​នេះ​ ជា​កន្លែង​ដែល​មាន​ផ្ទុក​ផ្កាយ​ “ក្មេង​ៗ” រាប់​សែន​ដួង​កំពុង​បញ្ចេញ​ពន្លឺ​​ដ៏​ខៀវ​ស្រងាត់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏អនុញ្ញាត​ឱ្យ​យើង​មើល​ឃើញ​កន្ទុយ​ដ៏ស្រទន់​របស់​កាឡាក់ស៊ី​ដែល​បន្លាយ​ខ្លួន​ចេញ​ឆ្ងាយ​ពី​ចំណុច​កណ្ដាល​ ប្រៀប​បានទៅ​នឹង​ដៃបី​សាច​​ដូច្នេះ​ដែរ” នេះ​បើ​តាម​​​ការ​ពិពណ៌​នា​របស់​ NASA។

    កាឡាក់ស៊ី​របស់​មនុស្ស (Milky Way)

    NGC 4848 ត្រូវ​បាន​រកឃើញ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី​21​មេសា​ ឆ្នាំ​1865​ ដោយ​តារា​វិទូ​ជនជាតិ​អាល្លឺម៉ង់​ Heinrich Louis d’Arrest។ តាម​ការ​គន់​គូរ​ កាឡាក់ស៊ី​នេះ មាន​ទំហំ​ធំជាង​ Milky Way របស់​មនុស្ស​ដល់​ទៅ​ជិត​ពាក់​កណ្ដាល​ឯណោះ​ ដោយ​វា​មាន​អង្កត់​ផ្ចិត​ប្រវែង​ជិត​ 150,000ឆ្នាំ​ពន្លឺ​៕

    ប្រភព៖ Sci-News

  • 13 រឿងរបស់កូនតូច ដែលអាចធ្វើឱ្យអ្នកញញឹមខ្ជឹបដោយមិនដឹងខ្លួន

    13 រឿងរបស់កូនតូច ដែលអាចធ្វើឱ្យអ្នកញញឹមខ្ជឹបដោយមិនដឹងខ្លួន

    ជឿថាលោកឪពុកអ្នកម្តាយជាច្រើននាក់ច្បាស់ជាត្រូវជួបនឹងបញ្ហាការរពឹសនៅមិនស្ងៀមរបស់កូនតូចរហូតដល់ថ្នាក់ត្រូវពឹងប្រេងខ្យល់ជាមិនខាន តែក្មេងក្នុងវ័យចង់ចេះចង់ដឹងអ្វីថ្មីៗនេះមានការវិវឌ្ឍផ្នែករាងកាយ សង្គម និងអារម្មណ៍ ដូច្នេះទើបមិនមែនជារឿងចម្លែកឡើយដែលយើងតែងបានឃើញភាពពិសេសរបស់កូនតូច ដែលអាចនឹងធ្វើឱ្យយើងនឹកអស់សំណើច និងឈឺក្បាលដំណាលៗគ្នា។ ថ្ងៃនេះ ឡារ៉ែនសូមនាំយករឿង 13 យ៉ាងរបស់បណ្តាកូនតូចដែលជឿថា ស្ទើរតែគ្រប់ក្រុមគ្រួសារត្រូវតែធ្លាប់ជួបមកជម្រាបជូនដូចតទៅ។

    1 . អំឡុងពេលរបស់ក្មេង និងមនុស្សចាស់ច្រើនតែមិនត្រូវគ្នា អាចសង្កេតបានយ៉ាងងាយគឺ ពេលយើងភ្ញាក់ កូនតូចនឹងគេងលក់ តែពេលយើងគេង កូនតូចនឹងស្រែកចេចចាចទៅវិញ។

    2 . គំនិតរបស់ក្មេងជាអ្វីដែលយើងនឹកស្មានមិនដល់ ព្រោះពួកគេនៅខ្វះការរៀនយល់ដឹង និងបទពិសោធ ដូច្នេះបើកូនតូចជាទីស្រឡាញ់និយាយអ្វីប្លែកៗចេញមក ក៏កុំទៅភ្ញាក់ផ្អើលអី។

    3 . ក្មេងៗច្រើនតែស្រែករកឪពុកម្តាយ ព្រោះលោកអ្នកគឺពិភពលោកទាំងមូលរបស់ពួកគេ។

    4 . មិនចាំបាច់នឹកឆ្ងល់ទេ បើឃើញអូនតូចអង្គុយជក់ចិត្តជាមួយអ្វីម្យ៉ាងនោះ ព្រោះក្មេងៗច្រើនតែធ្វើអ្វីដដែលៗទៅមកៗ និងលង់ជក់នៅជាមួយនឹងអ្វីដែលបានដឹងដើម្បីរៀនយល់ដឹងពីរឿងនោះ។

    5 . រកក្មេងៗមិនឃើញមែនទេ? មិនមែនជារឿងពិបាកឡើយ គ្រាន់តែដើរតាមរបស់លេងដែលអូនតូចលេងហើយទុកចោលរាយប៉ាយនៅតាមផ្លូវនោះទៅ ធានាថានឹងជួបមិនខាន។

    6 . ក្មេងមិនចេះនិយាយកុហកទេ បើមិនជឿសាកសួរទៅមើលថា មានអីជាប់នៅក្រោមភ្នែកអត់? អូនតូចនឹងឆ្លើយភ្លាមថាអត់មានអីណា៎ ឃើញតែស្នាមខ្មៅៗនៅក្រោមភ្នែកប៉ុណ្ណឹងឯង។

    7 . គ្រប់យ៉ាងគឺជារឿងកំប្លែងទាំងអស់នៅក្នុងខ្សែភ្នែកក្មេងៗ ពួកគេសើចបានគ្រប់រឿង មិនថាតែកាផោម ស្រីៗដែលដើរទិញអីវ៉ាន់ក្នុងផ្សារទំនើប ឬសូម្បីតែព័ត៌មានភេរវកម្មក្នុងទូរទស្សន៍ក៏ដោយ។

    8 . ក្មេងៗត្រូវការភាពកក់ក្តៅ ព្រោះទាំងកាយ និងចិត្ត ពួកគេងាយទន់ជ្រាយណាស់។

    9 . កូនតូចកំពូលរពឹសមិនចូលចិត្តងូតទឹកទេ តែកុំឱ្យបានចូលអាងទឹកឱ្យសោះ ព្រះអាទិត្យលិចហើយ ក៏នៅតែមិនទាន់ចង់ឡើងដែរ។

    10 . បើបានធ្វើដំណើរតាមរថយន្តយូរៗផងនោះ អូនតូចយើងនឹងនិយាយប៉ប៉ោចអត់ឈប់ឡើយ ជួនកាលសួរនេះសួរនោះរហូតដល់យើងខ្ជិលនឹងឆ្លើយ តែពេលដល់គោលដៅបែរជាគេងលក់ធ្វើព្រងើយ។

    11 . ធ្វើខ្លួនសុភាពរាបសាត្រឹមត្រូវពេលនៅនឹងមុខលោកតាលោកយាយ តែពេលនៅជាមួយយើងវិញ មហាសែនរពឹសរហូតស្មានថាជាកូនស្វា។

    12 . ចង់ធ្វើជាមេចុងភៅតូច បង្អួតស្នាដៃក្នុងការធ្វើម្ហូបអាហារ តែមិនបានដឹងឡើយថា ពេលចូលទៅនៅក្នុងចង្រ្កានបាយហើយ សភាពប្រឡូកប្រឡាក់ខ្ទេចខ្ទីខ្លាំងជាសង្រ្គាមលោកលើកទីពីរទៅទៀត។

    13 . ក្មេងៗច្រើនតែឆាប់ខឹង និងមួម៉ៅ អាណាព្យាបាលគួរតែសួរអំពីមូលហេតុដោយចិត្តត្រជាក់ វាមិនមែនជាអាការរបស់​ជំងឺអ្វីមួយទេ ដូច្នេះមិនបាច់នាំទៅជួបគ្រូពេទ្យទេ គ្រាន់តែនិយាយ សម្រួលអារម្មណ៍ តែមួយភ្លែតអាអូនតូចនឹងត្រឡប់មករីករាយដូចដើមវិញទៅហើយ។

    នែ…ឃើញទេ អានហើយនាំគ្នាញញឹមខ្ជិបតែម្តង និងសូមកុំភ្លេចថា ក្មេងៗនៅត្រូវធំធាត់ និងរៀនយល់ដឹងពីអ្វីៗជាច្រើនទៀត ដូច្នេះឧទាហរណ៍ដែលល្អបំផុតមិនបានស្ថិតនៅក្នុងសៀវភៅនោះទេ តែគឺស្ថិតនៅលើបរិស្ថានជុំវិញខ្លួនទៅវិញទេ ដើម្បីកូនតូចដែលអ្នកមើលថែទាំនៅថ្ងៃនេះ ពួកគេនឹងបានធំធាត់ឡើងក្លាយជាមនុស្សធំដែលស្រស់ស្រាយនៅថ្ងៃខាងមុខ៕

  • សួរចិត្តខ្លួនឯងហើយឬនៅ? ជាមួយរឿងសំខាន់ដែលត្រូវតែទទួលយកឱ្យបាន…មុនសម្រេចចិត្តរៀបការ

    សួរចិត្តខ្លួនឯងហើយឬនៅ? ជាមួយរឿងសំខាន់ដែលត្រូវតែទទួលយកឱ្យបាន…មុនសម្រេចចិត្តរៀបការ

    “ការរៀបការ” មិនបានមានន័យថា សេចក្តីស្នេហារបស់អ្នកបានធ្វើដំណើរមកដល់ចំណុចដែលទទួលបានជោគជ័យហើយនោះទេ តែវាគឺជា ការចាប់ផ្តើមជីវិតគូទៅវិញទេ។ សេចក្តីស្នេហាមានតួនាទីរុញច្រានឱ្យមនុស្សពីរនាក់សម្រេចចិត្តរួមរស់នៅជាគូនឹងគ្នា តែ..នឹងមានប៉ុន្មានគូទៅដែលនឹងថែប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យរួចទៅដល់ត្រើយនៃសេចក្តីសុខបាននោះ?។

    ដូច្នេះបើអ្នកជាមនុស្សម្នាក់ដែលកំពុងសម្រេចចិត្តចង់រៀបការក្នុងពេលឆាប់ៗនេះ តើមានដែលសាកល្បងសួរចិត្តខ្លួនឯងឱ្យប្រាកដច្បាស់ហើយឬនៅថា អ្នកបានត្រៀមខ្លួនរួចហើយ និងអាចទទួលយករឿងសំខាន់ៗទាំងនោះបានច្រើនតិចខ្លាំងប៉ុនណា? ដូច្នេះពេលនេះយើងនឹងបបួលអ្នកមកគិតត្រិះរិះដោយបេះដូង និងសតិស្មារតីរបស់អ្នកម្តងទៀត ព្រោះបើថ្ងៃណាមួយសេចក្តីស្នេហាមិនបានល្អស្រស់បំព្រងដូចការនឹកសង្ឃឹមនោះ តើអ្នកអាចទទួលយក និងទប់ទល់ជាមួយវាបានឬទេ? យើងនាំគ្នាមកមើលដូចតទៅ ៖

    នៅពេលដែលគូស្នេហ៍អាចនឹងប្រែប្រួលខុសពីមុននៅថ្ងៃណាមួយ

    ពិភពរបស់សេចក្តីស្នេហាមានទាំងសុខ និងទុក្ខ តែវាក៏មិនបានសាហាវឃោឃៅរហូតនោះដែរ បើយើងចេះទទួលយកបាននៅលើលក្ខខណ្ឌនៃសេចក្តីពិតបាន ហើយសង្គមបច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗសុទ្ធតែដង្ហោយរកសេចក្តីសុខមកដាក់ខ្លួន ដោយបោះបង់មនុស្សម្នាក់ទៀតចោលបានយ៉ាងងាយជានិច្ច ដូច្នេះបើថ្ងៃនេះគេប្រាប់ថាស្រឡាញ់អ្នកខ្លាំងណាស់ តែនៅពេលរៀបការហើយ ថ្ងៃមួយគេមានទង្វើខុសពីមុន ព្រងើយកន្តើយ យកចិត្តទុកដាក់រូបអ្នកកាន់តែតិចទៅ ឬអាចលួចមានអ្នកថ្មីនោះ បែបហ្នឹង…តើអ្នកមានបានត្រៀមការណ៍ទុកក្នុងចិត្តយ៉ាងស្ងាត់ៗហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

    នៅពេលដែលឋានៈជីវភាព និងភាពរឹងមាំខាងគ្រួសារចាប់ផ្តើមរង្គោះរង្គើ

    នៅពេលជួបស្នេហ៍ថ្មីៗ ឬរៀបការរួចថ្មីៗ ស្រីៗអាចសម្រេចចិត្តយ៉ាងងាយៗដោយសារគ្រាន់តែខាងប្រុសមានឋានៈជីវភាពស្ថិតស្ថេរមាំមួន តែ…ចុះបើរៀបការនឹងគ្នាយូរទៅ ជីវិតការធ្វើការងាររបស់គេដើរមកដល់ចំណុចបរាជ័យ គេលែងមានអ្វីឱ្យអ្នកពឹងពាក់បាន លែងមានប្រាក់ចំណូលល្អៗដែលធ្លាប់តែមើលថែប្រណិប័តន៍រូបអ្នកយ៉ាងល្អ បើគេបរាជ័យខាងផ្នែកហិរញ្ញវត្ថុ និងការងារ តើអ្នកមានបានត្រៀមចិត្តរួចហើយឬនៅថា នឹងត្រូវទប់ទល់យ៉ាងណា?។

    នៅពេលគូស្នេហ៍មានបញ្ហាសុខភាពរហូតធ្វើឱ្យជីវិតគូលែងមានសេចក្តីសុខដូចកាលពីមុន

    មនុស្សយើងនៅពេលអាយុច្រើនឡើង ពេលវេលាពិតជានឹងបំផ្លាញភាពរឹងមាំខាងរាងកាយឱ្យចុះខ្សោយមិនខាន មិនថាដោយ​សារតែគេត្រូវប្រឈមនឹងជំងឺចង្រៃណាមួយ ឬជួបនឹងគ្រោះថ្នាក់ផ្សេងៗរហូតដល់ថ្នាក់ពិការ ទុព្វលភាព ឬមិនថាតែឧបសគ្គណាមួយក៏ដោយដែលធ្វើឱ្យសុខភាពគូស្នេហ៍យ៉ាប់យ៉ឺននោះ ប្រាកដណាស់ថា សភាពរាងកាយ និងផ្លូវចិត្តរបស់គេនឹងត្រូវគ្រាំគ្រាយ៉ាងធ្ងន់ធ្ងរមិនខាន។ បើថ្ងៃនោះមកដល់…តើអ្នកនឹងនៅតែស្រឡាញ់ និងត្រៀមជាស្រេចក្នុងការក្លាយខ្លួនជាមួយកំណាត់ជីវិតទៀតដែលនៅសល់ដល់រូបគេរហូតតទៅបានដែរឬទេ?។

    ដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីស្នេហា មិនបានរោយដោយផ្កាកុលាបជានិច្ចនោះ ទើបការរៀបការមិនបានកើតឡើងព្រមជាមួយសេចក្តីសុខដែលរលូននោះដែរ តែវានឹងសណ្តោងមកជាមួយនូវឧបសគ្គ និងបញ្ហាជាច្រើនក្នុងការរស់នៅរួមគ្នា ធ្វើឱ្យរូបអ្នកទាំងពីរនាក់អាចឈឺក្បាលវឹលមុខរហូតនឿយណាយក្នុងសម្ព័ន្ធភាព និងនៅពេលដែលវាកើតឡើងញឹកញាប់ទៅៗ បើអ្នកមិនរឹងមាំនិងស្ថិតស្ថេរចំពោះគ្នាគ្រប់គ្រាន់ទេនោះ ផ្លូវបំបែកនៃស្នេហ៍ច្បាស់ជាកើតឡើងនៅទីបំផុតមិនខាន ដូច្នេះ ការសម្រេចចិត្តរៀបការនឹងគ្នា ចូរកុំភ្លេចសួរពីភាពសំខាន់នេះទៅបេះដុងរបស់អ្នកឱ្យបានច្បាស់ជាមុនសិន ទើបជីវិតអាពាហ័ពិពាហ៍មិនខកបំណងនៅពេលខាងមុុខ៕

  • តើជនជាតិចិនយុគសម័យថ្មីនេះ ពិតជាសម្បូរលុយកាក់(ជា​អ្នក​មាន​)​មែន​ឬ?

    តើជនជាតិចិនយុគសម័យថ្មីនេះ ពិតជាសម្បូរលុយកាក់(ជា​អ្នក​មាន​)​មែន​ឬ?

    បច្ចុប្បន្ននេះ ប្រហែលជាគ្មានអ្នកណាបដិសេធឡើយថា ចិនជាប្រទេសដែលមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាប្រទេសដែលមានអត្រាពាណិជ្ជកម្មអន្តរជាតិ ស្ថិតក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់…មូលហេតុចម្បងៗ មកពី ចិនជាប្រទេសដែលមានចំនួនប្រជាជនច្រើនមហាសាល មានដើមទុនពលកម្មតម្លៃថោក និងថែមទាំងជាពលកម្មដែលហាក់ដូចជាមានប្រសិទ្ធភាពក្នុងការធ្វើការងារទៀតផង ធូរប្រឹង តឹងខំ និងឧស្សាហ៍ព្យាយាម(ព្រោះមនុស្សច្រើន ការប្រកួតប្រជែងក៏ខ្ពស់ បើមិនឧស្សាហ៍ ច្បាស់អត់ការងារធ្វើមិនខាន) ធ្វើឱ្យការវិនិយោគពីបរទេស និងកិច្ចការងាររួមខាងសេដ្ឋកិច្ចជាមួយបរទេស របស់ប្រទេសចិន រីកធំធាត់ឡើងយ៉ាងឆាប់រហ័ស។

    40ជាងឆ្នាំ តាមរយៈការរីកធំធាត់ខាងសេដ្ឋកិច្ច ធ្វើឱ្យការរីកធំឡើងរបស់ប្រទេសចិន ក្លាយជារឿងដែលគួរឱ្យព្រួយបារម្ភរបស់ប្រទេសលោកខាងលិច និងក្រុមអំណាចចាស់របស់ពិភពលោក ដែលមើលឃើញថា ការរីកធំធាត់របស់ចិននេះគឺ គ្រោះភ័យដែលកំពុងរុករាន។

    តែ មកដល់ពេលបច្ចុប្បន្ន បើទោះបីជាចិន នឹងមានទំហំសេដ្ឋកិច្ចធំ លំដាប់លេខ2 របស់ពិភពលោកក្ដី តែចិននៅតែស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែប្រជាជនដែលច្រើន អត្រាប្រាក់ចំណូល ស្ថានភាពរស់នៅរបស់ប្រជាជន និងមាត្រដ្ឋានធានារ៉ាប់រងសង្គម នៅក្នុងតំបន់នីមួយៗទូទាំងប្រទេសចិន នៅមានភាពខុសប្លែកពីគ្នាហាក់ដូចជាច្រើនណាស់ ហើយរឿងនេះ ក៏ជាចំណោទដ៏ធំមួយរបស់រដ្ឋបាលចិនដែរ ដែលនឹងត្រូវធ្វើយ៉ាងណា ឱ្យភាពខុសប្លែកគ្នានេះ ថយចុះ និងឈានផុតអន្ទាក់ប្រាក់ចំណូលមធ្យម ឆ្ពោះទៅរកការក្លាយជាប្រទេសអភិវឌ្ឍន៍។

    មិត្តអ្នកអានជាច្រើន អាចនឹងស្គាល់ប្រទេសចិនតាមរយៈប្រព័ន្ធព័ត៌មានផ្សេងៗ ឃើញការចាយវាយរបស់អ្នកទេសចរចិននៅក្នុងប្រទេសរបស់យើង និងការទិញទំនិញឥតប្រណីដៃនៅក្នុងប្រទេសផ្សេងៗ…អាចនឹងមើលឃើញ និងមានអារម្មណ៍ថា ជនជាតិចិន គឺជាអ្នកមាន និងសម្បូរលុយកាក់គ្រប់គ្នាហើយមើលទៅ តែការពិតវិញ អាចមិនមែនដូច្នោះឡើយ អ្វីដែលយើងមើលឃើញ គ្រាន់តែជាមនុស្ស 1ក្រុមប៉ុណ្ណោះ។

    សូមកុំភ្លេចថា ចិនមានប្រជាជនទូទាំងប្រទេសចំនួនជាង 1,400លាននាក់ ក្នុងចំនួននេះ 1ភាគ10 ស្នាក់អាស្រ័យនៅក្នុងទីក្រុងលំដាប់លេខ1 ដូចជា ប៉េកាំង ស៊ាងហៃ ហ្សិនជិន ដោយសារតែតម្លៃអចលនទ្រព្យរបស់ទីក្រុងលំដាប់លេខ1 របស់ចិន ដែលខ្ពស់ខ្លាំងជាងនៅទីក្រុងផ្សេងៗទូទាំងប្រទេស ធ្វើឱ្យទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងទីក្រុងលំដាប់លេខ1 ទាំងនោះ ក៏ខ្ពស់ទៅតាមនោះដែរ។

    តាមរយៈការឆ្លងរាតត្បាតទូទាំងពិភពលោករបស់មេរោគកូវីដ-19 បានចាប់ផ្ដើមប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សទូទាំងពិភពលោក សូម្បីតែប្រទេសធំ ដូចចិន ក៏នៅតែទទួលរងផលប៉ះពាល់នេះដូចគ្នា ជាពិសេសក្នុងរឿងការនាំចេញ និងធុរកិច្ចសេវាកម្មនៅក្នុងប្រទេស។ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី លី ខឺឆៀង កាលពីដើមឆ្នាំកន្លងទៅថា “ប្រាក់ចំណូលរបស់ពលរដ្ឋចិនទូទាំងប្រទេស ស្ថិតក្នុងអត្រា 1ឆ្នាំ 3ម៉ឺនយន់ និងនៅមានមនុស្ស 600លាននាក់ទៀតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលជាមធ្យម 1ខែតែ 1,000យន់ប៉ុណ្ណោះ(1យន់ ស្មើនឹង 0,14ដុល្លារអាមេរិក ឬស្មើនឹងជិត 600រៀល)”

    បើសិនជាលោកនាយករដ្ឋមន្ត្រី លី មិនចេញមកថ្លែងការណ៍ទេនោះ ជនជាតិចិនខ្លួនឯងដែលរស់នៅក្នុងទីក្រុងលំដាប់លេខ1 ជាច្រើន ប្រហែលជានឹកស្មានថា ប្រជាជនចិនភាគច្រើនទូទាំងប្រទេស មានលុយកាក់ចាយសម្បូរសប្បាយខ្លាំងណាស់មើលទៅ…ធ្វើឱ្យប្រព័ន្ធព័ត៌មានចាប់ផ្ដើមបែរមកចាប់អារម្មណ៍ ក្រុមមនុស្សលំដាប់កណ្ដាល ដល់លំដាប់ក្រោម នៅក្នុងប្រទេស ដែលជាមនុស្សក្រុមធំបំផុតនៅក្នុងប្រទេសចិន(ដូចប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ)។

    តើជនជាតិចិនយុគសម័យថ្មីនេះ ពិតជាសម្បូរលុយកាក់(ជាអ្នកមាន)មែនឬ?ការពិតទៅ ស្មេរយល់ឃើញថា ដែលលោកនាយករដ្ឋមន្ត្រីចិន ចេញមកបង្ហាញតួលេខនេះចំពោះភ្នែកប្រជាជន អាចនឹងជាការដាស់តឿនសតិស្មារតីថា កុំអាលសប្បាយភ្លេចខ្លួននឹងស្ថានការណ៍បច្ចុប្បន្ន ដែលការពិតទៅ ភារកិច្ចលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន គឺជាការងារធំ និងធ្ងន់ធ្ងរណាស់។

    ក្នុងខែមីនា ឆ្នាំនេះ ការិយាល័យស្ថិតិចិន បានរាយការណ៍ថា តាមរយៈការពិនិត្យ និងប្រមែប្រមូលស្ថិតិពីអ្នកលេងអ៊ីនធើណិតជនជាតិចិន ដែលមានចំនួនគំរូ 900លាននាក់(អត្រាចូលដល់ប្រជាជនទូទាំងប្រទេស គិតជាភាគរយ គឺ 65%) និងតាមរយៈការប្រមូលតួលេខប្រាក់ខែ ពីក្រុមគំរូទាំងនេះ បានរកឃើញថា 72% មានប្រាក់ចំណូលមិនដល់ 5,000យន់។ ប្រជាជននៅក្នុងទីក្រុងធំលំដាប់លេខ3 មានតែពាក់កណ្ដាលប៉ុណ្ណោះ ដែលមានប្រាក់ចំណូល ក្នុង1ខែច្រើនជាង 4,000យន់ និងតាមរយៈស្ថិតិរបស់ប្លាតហ្វ៉ម សបភីង អនឡាញចិនមួយ បានផ្ដល់តួលេខអតិថិជនក្នុងទីក្រុងលំដាប់លេខ2-3 តាមលេខរៀងនោះ គឺមួយផ្នែកធំមានកម្លាំងការចាយវាយ មិនដល់ 1,000យន់ឡើយក្នុង1ខែ។

    តាមរយៈតួលេខទាំងនោះ យើងនឹងអាចមើលឃើញបានថា ប្រាក់ចំណូលរបស់ក្រុមគំរូទាំងនោះ ភាគច្រើនប្រមូលផ្ដុំនៅក្នុងចំនួនរវាង 3,001-5,000យន់ ក្នុង1ខែ។ បន្ទាប់មក គឺប្រាក់ចំណូលចន្លោះពី 5,001-8,000យន់ក្នុង1ខែ។

    ឥឡូវនេះ យើងមកមើលពីចន្លោះអាយុរបស់ក្រុមគំរូមួយនេះ យើងនឹងឃើញថា ភាគច្រើនប្រមូលផ្ដុំក្នុងក្រុមមនុស្សចន្លោះអាយុធ្វើការងារ ប្រមាណ 20-30ជាងឆ្នាំ។ ក្រៅពីតួលេខរបស់ក្រុមគំរូហើយ ខាងការិយាល័យស្ថិតិនៃប្រទេសចិន កាលពីឆ្នាំ2019 ក៏បានរាយការណ៍ពីចំណែកប្រាក់ចំណូលរបស់ជនជាតិចិនទូទាំងប្រទេសដូចតទៅគឺ 38% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែទាបជាង 2,000យន់, 46% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែក្នុងចន្លោះ 2,000-2,500យន់, 13% គឺប្រជាជនដែលមានប្រាក់ចំណូលក្នុង1ខែចន្លោះ 5,000-10,000យន់ និងប្រជាជនដែលមានប្រាក់ចំណូលច្រើនជាង 10,000យន់ មានចំនួនត្រឹមតែ 3%ប៉ុណ្ណោះ។

    ក្នុងចំណែករបស់ប្រាក់ចំណូលដែលអាចចាយវាយបានជាមធ្យម សម្រាប់បុគ្គលម្នាក់របស់ចិន ក្នុងដើមឆ្នាំនេះ ទីក្រុងដែលជាប់លំដាប់លេខ1(ប្រជាជនចាយលុយច្រើនជាងគេ) គឺស៊ាងហៃ 19,621យន់(ក្នុងម្នាក់) និងតាមមកដោយទីក្រុងប៉េកាំង 17,874យន់ ដោយប្រាក់ចំណូលដែលអាចចាយវាយបាននេះ ជាសន្ទស្សន៍ចង្អុលវាស់ពីស្តង់ដាជីវិតរបស់ប្រជាជនបានយ៉ាងច្បាស់។

    ទីក្រុងធំៗនៅក្នុងប្រទេសចិន ក៏ដូចទីក្រុងធំៗនៅក្នុងប្រទេសផ្សេងទៀតដែរ ដែលប្រជាជនមកពីតំបន់ផ្សេងៗ តែងតែចូលមកស្វែងរកឱកាស និងម្នាក់ៗត្រូវខំប្រឹងតស៊ូ ដើម្បីឱ្យខ្លួនឯងមានជីវិតរស់នៅដែលល្អប្រសើរឡើង។
    ដូច្នេះ តាមរយៈអ្វីដែលស្មេរបានសរសេររៀបរាប់មក នឹងធ្វើឱ្យមើលឃើញថា ចិនជាប្រទេសដែលធំ យើងមិនអាចយកក្រុមមនុស្សមួយចំនួនតូចដែលយើងបានឃើញ ឬបានដឹង មកសម្រេចសេចក្ដីថា មនុស្សភាគច្រើនរបស់ប្រទេសមួយនេះ គឺសុទ្ធតែដូច្នោះទាំងអស់បានទេ។

    មួយជ្រុងទៀត…ប្រទេសចិនមានថ្ងៃនេះ មិនមែនជារឿងងាយឡើយ ផ្លូវនៅខាងមុខ នៅត្រូវដើរទៅទៀតវែងឆ្ងាយណាស់។ ប្រាក់ចំណូលរបស់ប្រជាជនចិនក្នុងពេលបច្ចុប្បន្ន ក៏អាចរាប់បានថា ខ្ពស់ជាងពីមុនច្រើន។ ដោយប្រើពេលវេលាត្រឹមតែ 40ឆ្នាំប៉ុណ្ណោះ ជីវិតរស់នៅរបស់ប្រជាជនចិនល្អប្រសើឡើងខ្លាំងណាស់ មនុស្សភាគច្រើន មានផ្ទះសំបែងជារបស់ខ្លួនឯង រឿងខ្វះខាតអត់ឃ្លាន បានរលត់បាត់អស់…ពេលនេះចំណោទធំរបស់ចិន គឺការគ្រប់គ្រង និងការជួយសង្គ្រោះមនុស្សលំដាប់ថ្នាក់ក្រោមបំផុត ឱ្យមានហូប មានចុក រស់នៅបានសុខស្រួល មានមុខរបរអាជីពដែលនឹងនរ និងមានកន្លែងឈរនៅក្នុងសង្គមយ៉ាងស្ថិតស្ថេរ៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • រឿងគួរដឹង! ញ៉ាំថ្នាំពន្យារកំណើតហើយ តែវដ្តរដូវបាត់មិនឃើញមក…មូលហេតុមកពីអ្វី?

    រឿងគួរដឹង! ញ៉ាំថ្នាំពន្យារកំណើតហើយ តែវដ្តរដូវបាត់មិនឃើញមក…មូលហេតុមកពីអ្វី?

    ការញ៉ាំថ្នាំពន្យារកំណើតពិតជាជួយការពារការតាំងគភ៌បានល្អជានិច្ច តែឱកាសក្នុងការប្រថុយមានផ្ទៃពោះក៏មានដូចគ្នា បើសិនជានារីៗញ៉ាំបែបខុសៗ ឬញ៉ាំមិនបានជាប់លាប់ តែយ៉ាងណាក៏ដោយ សម្រាប់អ្នកណាដែលញ៉ាំថ្នាំពន្យារកំណើតហើយនៅតែជួបនឹងបញ្ហាវដ្តរដូវមិនមក និងខ្លាចការមានគភ៌នោះ ថ្ងៃនេះយើងនាំគ្នាមកមើលថា តើមូលហេតុអ្វីដែលធ្វើឱ្យបាត់វដ្តរដូវខ្លះ ទោះជាញ៉ាំថ្នាំពន្យារកំណើតហើយក៏ដោយនោះ…។

    ផលបន្ទាប់បន្សំពីការប្រើថ្នាំពន្យារកំណើត

    ការញ៉ាំថ្នាំពន្យារកំណើតយីហោខ្លះក៏អាចបង្កឱ្យកើតផលបន្ទាប់បន្សំឡើងបានដែរ ដូចជា ធ្វើឱ្យវដ្តរដូវបាត់ប្រមាណជា 3 – 4ខែ ជាពិសេសចំពោះនារីៗដែលមានវដ្តរដូវធ្លាក់មកតិច ឬមកបែបមិនជាប់លាប់ជាញឹកញាប់ បើញ៉ាំថ្នាំពន្យាកំណើតហើយឃើញថាវដ្តរដូវមិនមក រហូតដល់ពិនិត្យមើលការតាំងគភ៌ហើយក៏ឃើញថាមិនបានតាំងគភ៌នោះ ក៏អាចប្រឹក្សាគ្រូពេទ្យដើម្បីរិះរកវិធីការពន្យារកំណើតបែបថ្មីដែលស័ក្តិសមនឹងរាងកាយរបស់អ្នកបានល្អបំផុត ឬអាចប្រឹក្សាជាមួយខាងឱសថការីដើម្បីរកថ្នាំពន្យាកំណើតប្រភេទថ្មីដែលស័ក្តិសមជាមួយរាងកាយខ្លាំងជាង។

    ផលពីការប្រើថ្នាំប្រភេទខ្លះដែលប្រឆាំងការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើត

    ការប្រើថ្នាំប្រភេទខ្លះដើម្បីព្យាបាលជំងឺផ្សេងៗដែលកើតចំពោះរាងកាយក៏អាចមានផលជាមួយការបញ្ចេញឬទ្ធិរបស់ថ្នាំពន្យារកំណើតបានដែរ ដូចជា ការញ៉ាំថ្នាំការពារប្រកាច់ ឬថ្នាំសម្រាប់ព្យាបាលរោគរបេង ជាដើម បើអ្នកញ៉ាំថ្នាំទាំងនេះដំណាលគ្នានឹងការញ៉ាំថ្នាំពន្យារកំណើតផងនោះ ក៏មានសញ្ញាដែលនឹងអាចទៅរួចបានដែរថា ឬទ្ធិពីថ្នាំពន្យារកំណើតនឹងថយប្រសិទ្ធភាពចុះ រហូតហុចផលឱ្យអ័រម៉ូនមានកម្រិតប្រែប្រួល មិនទៀងទាត់ និងអាចធ្វើឱ្យវដ្តរដូវបាត់មិនឃើញមក។ ក្រៅពីនេះ នារីៗនៅមានឱកាសប្រថុយប្រថាននឹងការមានគភ៌ខ្ពស់ទៀតផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យរង់ចាំមើលប្រមាណជាមួយខែទៀតថា តើវដ្តរដូវមក ឬមិនមក? បើវដ្តរដូវនៅតែមិនមកក៏អាចទិញប្រដាប់ពិនិត្យការមានផ្ទៃពោះមកធ្វើតេស្តមើលបានហើយ។

    ជាអំឡុងពេលដែលរាងកាយនឹងត្រូវសម្រួលអ័រម៉ូនឱ្យល្អឡើងវិញ

    សម្រាប់នារីៗដែលទើបញ៉ាំថ្នាំពន្យារកំណើតថ្មីៗ ច្រើនតែមានអាការបាត់វដ្តរដូវដូចគ្នា ព្រោះរាងកាយរបស់ស្រ្តីខ្លះអាចចាំបាច់ត្រូវប្រើពេលវេលាក្នុងការសម្រួលអ័រម៉ូនឱ្យល្អស្រួលបួលឡើងវិញមួយរយៈ ដោយអាចប្រើពេលវេលាយូររហូតដល់អំឡុងពេលញ៉ាំថ្នាំពន្យារកំណើតបែបបន្តបន្ទាប់គ្នារហូតដល់បន្ទះទី 2 – 3 ឯណោះ។ តែយ៉ាងណាក៏ដោយ ក៏មិនបានមានន័យថាថ្នាំពន្យារកំណើតនឹងមិនត្រូវគ្នាជាមួយរាងកាយមនុស្សយើងនោះដែរ គ្រាន់តែដោយសារកម្រិតអ័រម៉ូនក្នុងរាងកាយទៅវិញទេដែលច្រើនតែមានការប្រែប្រួលនោះ ព្រោះដូច្នោះ បើប្រាកដច្បាស់ក្នុងចិត្តថា បានញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវហើយនោះ ក៏គួរតែបណ្តោយខ្លួនឱ្យសប្បាយៗ ដើម្បីរង់ចាំឱ្យរាងកាយធ្វើការសម្រួលកម្រិតអ័រម៉ូនឱ្យស្រួលឡើងវិញប្រមាណជា 2 – 3 ខែ តែបើក្រោយពីឆ្លងផុតរយះពេលនោះហើយ ឃើញថាវដ្តរដូវនៅតែមិនមកទៀត សឹមទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុយ៉ាងច្បាស់លាស់ជាបន្ត។

    ភាពថុញថប់តានតឹង

    ពេលណាដែលយើងធុញថប់តានតឹឹង ច្បាស់ជាហុចផលដល់អារម្មណ៍ និងការផលិតអ័រម៉ូនដោយត្រង់មិនខាន ព្រោះក្តីធុញថប់តានតឹងនឹងធ្វើឱ្យការទម្លាក់ស៊ុត និងការមករបស់ប្រចាំខែខុសប្រក្រតីផងដែរ ទោះជាអ្នកបានញ៉ាំថ្នាំពន្យារកំណើតយ៉ាងទៀងទាត់ហើយក៏ដោយ។

    ផលបន្ទាប់បន្សំពីការកើតជំងឺមួយចំនួន

    ទោះជាញ៉ាំថ្នាំពន្យារកំណើតយ៉ាងត្រឹមត្រូវ និងជាប់លាប់ និងថែមទាំងត្រូវភាពធុញថប់តានតឹងវាយប្រហាររហូតវដ្តរដូវបាត់មិនឃើញមកហើយនោះ ផលប៉ះពាល់បន្ទាប់បន្សំពីការកើតជំងឺមួយចំនួនក៏ជាមូលហេតុធ្វើឱ្យបាត់វដ្តរដូវបានដូចគ្នាដែរ ដូចជា ជំងឺសាច់ដុះក្នុងក្រពេញក្រោមខួរក្បាល ថៃរ៉យដ៍ ជំងឺតានតឹងអារម្មណ៍ ជំងឺក្រលៀន ថង់ទឹកក្នុងសំបុកស៊ុត ឬជំងឺ Cysticfibrosis ព្រោះមានលទ្ធផលការសិក្សាស្រាវជ្រាវពី Michigan’s Health Center បានប្រាប់ថា អាការរបស់ជំងឺទាំងនេះអាចមានផលធ្វើឱ្យបាត់វដ្តរដូវ ព្រោះដូច្នេះ បើនារីៗឃើញថាវដ្តរដូវមិនមកអស់រយៈពេលដល់ទៅ 2 ខែ ឬយូរជាងនោះ ឡារ៉ែនសូមណែនាំឱ្យទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យមើលរាងកាយដោយលម្អិតប្រសើរជាង។

    ការញ៉ាំថ្នាំពន្យារកំណើតក៏កើតមានផលប៉ះពាល់បន្ទាប់បន្សំច្រើនយ៉ាងដែរ ចម្បងៗនោះគឺ វដ្តរដូវមកបែបចច្រេចច្រូចតិចៗ ឬបាត់មិនមកតែម្តង សម្រាប់នារីៗណាដែលមិនសូវសប្បាយចិត្ត បើសិនជាឃើញថាវដ្តរដូវបាត់មិនឃើញមករហូតដល់ខែទី 2 ឬច្រើនជាងនោះ និងបើធ្វើតេស្តពិនិត្យមើលហើយថា មិនបានតាំងគភ៌ទេនោះ ចូរប្រញាប់ទៅពិនិត្យរាងកាយនៅឯមន្ទីរពេទ្យឱ្យបានឆាប់បំផុត៕