Category: សង្គម និងសេដ្ឋកិច្ច

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    11 . ការកម្ចាត់ស្នាមជើងសត្វរុយកខ្វក់ៗនៅលើកញ្ចក់ អាចធ្វើបានដោយវិធីពិសេសដូចតទៅ យកម្សៅកាហ្វេលីងមួយស្លាបព្រា លាយជាមួយប្រេងកាត 1 លិត្រ ហើយយកក្រណាត់ប្តិតៗមកជូតស្នាមជើងសត្វរុយដែលមានពណ៌អុចៗខ្មៅៗលើកញ្ចក់នោះ ស្នាមកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។

    12 . បើសិនត្រូវការលាបថ្នាំបន្ទប់ជាថ្មី តែខ្លាចថា បន្ទប់នឹងធុំតែក្លិនឈួលរបស់ថ្នាំជាច្រើនថ្ងៃនោះ យើងមានវិធីកម្ចាត់ក្លិនរបស់ថ្នាំលាបនោះ គឺមុននឹងលាប ចូរដាក់ទឹកក្រអូបវ៉ានីលឡា 1 ស្លាបព្រាកាហ្វេទៅក្នុងទឹកថ្នាំលាបជញ្ជាំង 1 ធុង រួចកូរឱ្យចូលគ្នាសព្វ រួចហើយសឹមយកទៅលាបបន្ទប់ ធានាថា ថ្នាំដែលលាបហើយថ្មីៗនោះនឹងគ្មានធុំក្លិនជាដាច់ខាត។

    13 . វិធីការពារមិនឱ្យថង់ផ្ទុកធូលីដីនៅក្នុងម៉ាស៊ីនបូមធូលីដីត្រូវសត្វល្អិតខាំចោះឡើងធ្លុះជារន្ធៗនោះ គឺយកគ្រាប់ថ្នាំការពារសត្វកន្លាត 1 គ្រាប់ទៅដាក់នៅក្នុងថង់ផ្ទុកធូលីដីនោះ ក្រៅពីការពារមិនឱ្យសត្វល្អិតខាំចោះហើយនោះ នៅការពារក្លិនអាប់បានទៀតផង។

    14 . កែបញ្ហាសត្វមូសចូលទៅពងនៅក្នុងធុងស្តុកទឹក ធ្វើឱ្យកើតមានដង្កូវទឹកនោះ យើងអាចធ្វើបានដោយការយកឥដ្ឋតាន់ពណ៌ក្រហម (ឥដ្ឋដែលគេប្រើក្នុងការងារសំណង់)មកដុតភ្លើងឱ្យក្តៅ ហើយយកទៅដាក់ក្នុងធុងស្តុកទឹកនោះភ្លាម តែប៉ុណ្ណឹង មូសនឹងលែងហ៊ានចូលទៅសម្ងំពងនៅក្នុងទីនោះទៀតហើយ។

    15 . វិធីកម្ចាត់ដើមស្មៅដែលដុះឡើងតែពីសតែពាស អាចធ្វើបានដោយការយកអំបឹលទៅរោយនៅលើកន្លែងដែលមានស្មៅដុះឡើងនោះ ព្រោះថា អំបឹលនឹងទៅធ្វើឱ្យដីនៅត្រង់នោះឡើងប្រៃ និងនឹងធ្វើឱ្យស្មៅងាប់ និងលែងដុះមកទៀតនៅទីបំផុត។

    (នៅមានត)

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែលឡារ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។

    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។

    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។

    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។

    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។

    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។

    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើងនៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។

    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។

    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។

    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។

    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។

    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។

    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។

    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។

    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។

    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។

    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង

    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។

    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។

    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុល ជាដើម។

    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។

    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។

    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕

  • 5 ទង្វើដែលអាចធ្វើឱ្យកូនតូចលបគេងយំខ្សិកខ្សួលនៅពេលយប់

    5 ទង្វើដែលអាចធ្វើឱ្យកូនតូចលបគេងយំខ្សិកខ្សួលនៅពេលយប់

    លោកឪពុកអ្នកម្តាយតែងតែមានសេចក្តីសុខនៅពេលបានឃើញកូនៗសើចសប្បាយ និងមានស្នាមញញឹម តែនោះក៏មិនបានមានន័យថា ពួកគេនឹងមានសេចក្តីសុខរហូតនោះដែរ។ សាកល្បងសង្កេតមើលនៅពេលយប់ទៅមើលថា តើកូនតូចមានលបគេងយំឬទេ? ព្រោះអារម្មណ៍របស់ពួកគេពិតជាឆាប់ញាប់ញ័ររញ្ជួយ និងមិនដឹងនឹងសម្តែងចេញមកយ៉ាងណា ទើបបានត្រឹមតែលួចយំហ្នឹងឯង។ បើសិនកើតមានសំណួរថា ហេតុអីបានកូនៗរបស់អ្នកត្រូវលបគេងយំនោះ សូមសាកល្បងមកមើលពីមូលហេតុទៅមើលថា តើវាមកពី 5 ទង្វើរបស់លោកឪពុក និងអ្នកម្តាយដូចដែល ឡារ៉ែនបាននាំមកជម្រាបជូននៅថ្ងៃនេះឬក៏អត់?។

    1 . ឱ្យកូនៗឃើញព័ត៌មានដ៏គួរឱ្យស្រងេះស្រងោចអាណោចអធម្ម

    ក្មេងដែលទើបតែបើកភ្នែកមើលពិភពលោកត្រឹមតែប៉ុន្មានឆ្នាំ សភាពជុំវិញខ្លួនរបស់គេក៏មានតែឪពុកម្តាយ និងនៅឯសាលារៀនប៉ុណ្ណោះ កូនតូចនៅមិនទាន់មានបទពិសោធអាក្រក់ដោយត្រង់នៅឡើយទេ ដូច្នេះអាណាព្យាបាលគួរចៀសវាងឱ្យពួកគេមើលព័ត៌មានបែបអវិជ្ជមាន ដូចជា ព័ត៌មានឧក្រិដ្ឋកម្ម ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ជាដើម ដែលវាជាការបង្ហាញរូបភាពឱ្យក្មេងៗចងចាំ និងបង្កឱ្យកើតក្តីភ័យខ្លាច ហុចផលប៉ះពាល់ដល់ផ្លូវចិត្ត រហូតមិនហ៊ាននិយាយចេញមក និងលួចលាក់ទុកទៅពួនយំតែម្នាក់ឯងយ៉ាងស្ងាត់ៗ ដូច្នេះរឿងដែលឪពុកម្តាយគួរធ្វើគឺ ការពារកូនតូចៗរបស់អ្នក ផ្តល់សេចក្តីស្រឡាញ់ ភាពកក់ក្តៅ និងព្យាយាមចៀសវាងកុំឱ្យកូនតូចឃើញព័ត៌មានអាក្រក់ទាំងនោះ។

    2 . ឈ្លោះជាមួយប្តី ឬប្រពន្ធខ្លួនឯង

    ការឈ្លោះគ្នាគឺជារឿងរបស់ឪពុកម្តាយក៏ពិតមែន តែកុំភ្លេចថា លោកអ្នកនៅមានច្រវាក់មាសចងចិត្តតូចមួយដែលអាចបានឮសំឡេងស្រែកជេរគ្នារំលងបន្ទប់នោះ។ មិនថាអ្នកទាំងពីរនឹងជួបបញ្ហា ឬទាស់ចិត្តអ្វីគ្នាក៏ដោយ គួរនិយាយគ្នាដោយហេតុផល និងចៀសវាងកុំឱ្យកូនតូចឃើញទង្វើហ្នឹង ព្រោះវាគឺអំពើហិង្សានៅក្នុងផ្ទះ។ ក្មេងៗនឹងមានសម្ពាធក្នុងចិត្ត និងលួចទៅយំ ព្រោះពួកគេមិនអាចយល់បានថា កើតរឿងអ្វីឡើងចំពោះអ្នកទាំងពីរឡើយ។

    3 . វាយកូនៗដោយអំពើហិង្សា

    ការវាយដំមិនមែនជាវិធីកែបញ្ហាដែលល្អឡើយ លោកឪពុកអ្នកម្តាយគួរតែនិយាយជាមួយកូនដោយពាក្យសម្តីសុភាព និងបញ្ជាក់ប្រាប់ពីហេតុផល ឬបើក្មេងៗត្រូវទទួលទណ្ឌកម្ម ក៏គួរតែរកមើលវិធីផ្សេងណាដែលមិនមែនជាការវាយដំពួកគេយ៉ាងខ្លាំងក្លាវិញ ព្រោះគ្រប់ពេលដែលអ្នកវាយវាត់ទៅលើសាច់ដ៏ស្តើងខ្ចីរបស់កូនតូចនោះ ក្រៅពីពួកគេនឹងឈឺចាប់ខាងរាងកាយហើយ នៅសាងស្នាមដំបៅក្នុងដួងចិត្តរបស់ពួកគេទៀតផង។

    4 . ហៅកូនៗដោយពាក្យអសុរោះ

    សាកល្បងសួរខ្លួនឯងទៅមើលថា តើចូលចិត្តឱ្យអ្នកដទៃហៅខ្លួនឯងដោយឈ្មោះចំអកឡកលើយ ឬពាក្យអសុរោះឬទេ? បើមិនចូលចិត្ត…ក្មេងៗក៏ដូចគ្នាដែរ ពួកគេមិនចូលចិត្តឱ្យហៅដោយឈ្មោះដែលឆ្លុះបញ្ចាំងទៅក្នុងផ្លូវដែលមើលងាយ ដូចជា អាភ្លើ អាខូច នោះឡើយ ព្រោះកូនតូចៗនឹងមានអារម្មណ៍ថា ខ្លួនឯងគ្មានមានតម្លៃ គួរឱ្យអស់សង្ឃឹម កើតជាចំណុចអន់នៅក្នុងដួងចិត្ត និងអាចលាក់ទុកទៅគេងយំតែម្នាក់ឯងបាន។

    5 . ឪពុកម្តាយសម្រេចចិត្តលែងលះគ្នា

    ចំណុចចុងក្រោយនេះ ជារឿងដែលធ្វើបាបដួងចិត្តកូនតូចខ្លាំងបំផុត បើឪពុកម្តាយសម្រេចចិត្តលែងលះ និងគិតថាកូនតូចមិនជាអ្វីទេនោះ សូមប្រាប់ទៅចុះថា លោកអ្នកគិតខុសយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ ដែលបញ្ហានេះនឹងក្លាយជាចំណុចមួយនៅក្នុងដួងចិត្តរបស់ក្មេង ព្រោះកុំភ្លេចថា កូនតូចត្រូវបានចិញ្ចឹមថែទាំមកដោយអ្នកទាំងពីរនាក់ ដូច្នេះទាំងឪពុក និងម្តាយប្រៀបដូចជា ទឹក និងខ្យល់អាកាសដែលធ្វើឱ្យកូនតូចរស់នៅតទៅទៀតបាន។ អ្នកទាំងពីរគឺសេចក្តីសុខ និងជាគ្រួសារដែលមានគ្រប់ បើខ្វះខាងណាម្នាក់ទៅនោះ ប្រាកដណាស់ថា ក្មេងៗនឹងត្រូវនឹក និងដង្ហោយរក និងថែមទាំងលាក់ទុកភាពសោកសៅនៅក្នុងខ្លួនទៀតផង។

    លោកឪពុកអ្នកម្តាយសាកល្បងសង្កេតស្តាប់សំឡេងរបស់កូនៗនៅពេលយប់ទៅមើលថា តើកូនតូចមានលួចយំឬទេ? បើបានឮសូរសំឡេងអណ្តឺតអណ្តក់នោះ បង្ហាញថា លោកអ្នកកំពុងធ្វើបាបដួងចិត្តកូនៗដូច 5 ចំណុចខាងលើនេះដោយមិនដឹងខ្លួនក៏អាចថាបានដែរ។ សាកល្បងបែរមកនិយាយពន្យល់គ្នាដើម្បីឱ្យកូនតូចមានអារម្មណ៍ថាមានសុវត្ថិភាព និងគេងលក់យ៉ាងមានសេចក្តីសុខរហូតតទៅប្រសើរជាង៕

  • 4 រឿងសំខាន់ដែលគួរឆ្លើយតបខ្លួនឯងឱ្យបាន មុនសម្រេចចិត្តរៀបការ

    4 រឿងសំខាន់ដែលគួរឆ្លើយតបខ្លួនឯងឱ្យបាន មុនសម្រេចចិត្តរៀបការ

    សេចក្តីស្នេហាដែលព្រោះបណ្តុះភាពផ្អែមល្ហែមយ៉ាងល្អរហូតមក ប្រហែលជាដល់ពេលហើយសម្រាប់ការសម្រេចចិត្តរៀបការនឹងគ្នា។ មនុស្សជាច្រើនស្រឡាញ់គ្នាខ្លាំងណាស់ និងមានបរិមាណក្តីស្នេហ៍ដ៏ច្រើនលើសលប់ តែក៏នៅតែមិនអាចទប់ទល់នឹងឧបសគ្គផ្សេងៗបានដែរ ទើបការប្រញាប់រៀបការធ្វើឱ្យគូស្នេហ៍មួយចំនួនព្រងើយកន្តើយនឹងសំណួរដែលអាចនឹងធ្វើឱ្យ ការគ្រងស្នេហា មិនអាចស្ថិតស្ថេរយូរអង្វែងបាន។ ហើយខាងក្រោមនេះគឺជាសំណួរដែលនឹងធ្វើឱ្យអ្នកនឹកឃើញ និងនាំគ្នារៀបផែនការទប់​ទល់​មុនពេលសម្រេចចិត្តរៀបការបានទាន់។ ទាំងអស់នេះក៏ដើម្បីឱ្យការគ្រងស្នេហ៍ក្រោយពេលរៀបការពេញទៅដោយសម្ព័ន្ធភាពដែលនៅក្បែរយើងរហូតទៅ។ ឥលូវយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលគួរតែឆ្លើយតបខ្លួនឯងឱ្យបានសិនមុនរៀបការ។

    1 . ភាពស្ថិតស្ថេររបស់អនាគត

    ភាពស្ថិតស្ថេររបស់អនាគតចាប់ផ្តើមពីបច្ចុប្បន្នរបស់អ្នក និងគេ(ឬនាង) ត្រូវសម្លឹងមើលជាមុនសិនថា តើអ្នក និងគេ(ឬនាង)មានមុខនាទីការងាររឹងមាំស្ថិតស្ថេរហើយឬនៅ និងបើថ្ងៃណាមួយដែលរៀបការហើយ គូស្នេហ៍អាចមានហេតុឱ្យត្រូវអស់ការងារធ្វើ ឬអ្នកទាំងពីរអាចនឹងលែងមានការងារធ្វើទាំងអស់គ្នា តើអ្នកគួរមានផែនការទប់ទល់យ៉ាងណាខ្លះ? ដែលសំខាន់មុនគេគឺ អាចនឹងត្រូវមានប្រាក់បម្រុងទុកជាមួយគ្នាមួយចំនួន ដើម្បីកុំឱ្យគ្រឹះអនាគតរង្គោះរង្គើតាម។

    2 . ពេលវេលាដែលអាចមានមិនត្រូវគ្នា

    ពិតហើយដែលការរៀបការគ្នានឹងធ្វើឱ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នា តែកុំភ្លេចថា អាជីពខ្លះ ដូចជា គ្រូពេទ្យ ប៉ូលីស ឬអ្នកដែលធ្វើការងារបម្រើសេវាកម្មខ្លះនឹងត្រូវនៅចាំស្ទែនបាយគ្រប់ពេលវេលា អាចនឹងត្រូវចេញទៅធ្វើការមិនទៀងពេល និងធ្វើឱ្យអ្នកគ្មានពេលនៅជាមួយគ្នាបានតាមដែលអាចទៅរួចនោះ ត្រូវឆ្លើយសំនួរនេះឱ្យបានសិនថា បើសិនជាកើតស្ថានការណ៍បែបនេះឡើងញឹកញាប់ តើអ្នកនឹងទទួលយកវាបានដែរឬទេ?។

    3 . ការរៀបផែនការអនាគតរួមគ្នា

    ការរៀបផែនការអនាគតរួមគ្នាត្រូវកើតចេញពីគំនិត និងគោលដៅជីវិតដែលមានទិសដៅដូចគ្នាជាចម្បង ​ដូចជា​ ការរៀបចំផែនការរឿងមុខជំនួញគ្រួសារ ការមានកូន ការទិញផ្ទះ ទិញរថយន្ត-ល- ទាំងអស់នេះត្រូវតែយល់ឃើញដូចគ្នា និងឯកភាពគ្នា មិនមែនម្នាក់ៗគិតឃើញខុសពីគ្នានោះទេ។ សាកល្បងនិយាយគ្នា និងរៀបផែនការទុកតាំងពីដំបូងៗ មិនមែនរៀបការរួចហើយបានមករៀបចំផែនការតាមក្រោយនោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្របសម្រួលខ្លួនឱ្យចូលគ្នាខាងផ្នែកគំនិត និងនៅធ្វើឱ្យកើតរឿងទើសទាល់ក្នុងចិត្តចំពោះគ្នាទៀតផង។

    4 . ចំណង់ចំណូលចិត្ត និងរសនិយមរឿងលើគ្រែ

    នេះគឺជារឿងសំខាន់សម្រាប់ការមានជីវិតគូខ្លាំងណាស់ ទាំងគូមុននឹងសម្រេចចិត្តរៀបការនឹងគ្នា ការឆ្លងកាត់ក្តៅ-ត្រជាក់ក្នុងរឿងផ្សេងៗ អាចនឹងមិនគ្រប់គ្រាន់ក្នុងការទប់ប្រគងសម្ព័ន្ធភាពស្នេហ៍ឱ្យគង់វង្សជានិរន្តរទៅបានឡើយ តែរឿងសិចក៏មានចំណែករឹតបន្តឹងសម្ព័ន្ធភាពឱ្យស្អិតល្មួតរវាងគ្នាបានដែរ ដូច្នេះ គួរតែជជែកគ្នាជាមុនសិនមុនរៀបការសម្រាប់រឿងលើគ្រែនេះថា តើអ្នកទាំងពីរនិយមចូលចិត្ត និងស្វាគមន៍ចំពោះរឿងនេះច្រើនតិចប៉ុនណា បើបញ្ចប់ដោយការយល់ចិត្តយល់ថ្លើមគ្នាទាំងរឿងសិច និងឡៃហ្វ៍ស្តាយផ្នែកផ្សេងៗបានហើយនោះ ធានាថាជីវិតគូរបស់អ្នកនឹងភើហ្វេកឥតខ្ចោះមែនទែនតែម្តង។

    ការរៀបការត្រូវតែមកព្រមជាមួយកម្មវិធីការគិតត្រិះរិះពិចារណាជាមុនយ៉ាងល្អិតល្អន់ជានិច្ច កុំរៀបការព្រោះតែក្តីស្នេហា ឬព្រោះតែអារម្មណ៍នឹកស្រណុកសប្បាយឱ្យសោះ ព្រោះស្នេហាមិនបានមានតែជ្រុងមួយនោះទេ ជីវិតគូនៅត្រូវសម្របសម្រួលអ្វីៗទៀតច្រើនណាស់ ដូច្នេះ បើអ្នកនឹកដល់ចំណូចទាំងអស់នេះ និងឆ្លើយតបនឹងសំណួររបស់ខ្លួនឯងបាន ព្រមទាំងចេះទប់ទល់កែខៃបញ្ហាបានផងនោះ សេចក្តីស្នេហារបស់អ្នកទាំងពីរនឹងស្ថិតស្ថេរគង់វង្សយូរអង្វែងមិនខាន៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    បន្លែដែលគួរដាំនាចុងរដូវរងា ៖ មានដូចជា ខាត់ណា ផ្កាខាត់ណា ប្រូខូលី សាលាដ ប៉េងប៉ោះ និងការ៉ុតជាដើម។

    បន្លែដែលអាចដាំបានពេញ 1ឆ្នាំ ៖ មានដូចជា បន្លែដែលធន់នឹងធាតុអាកាសបាន ដាំតែម្តងទទួលទានបានពេញ 1ឆ្នាំ

    ដូចជា ជីអង្កាម ជីរណា(ខ្លះហៅជីបារាំង) ជីនាងវង ម្រះព្រៅ ស្លឹកបាស់ ត្រកួនស្រែ ខ្ជាយ ម្តេង ស្លឹកគ្រៃ ស្លឹកត្រចៀកក្រាញ់ ត្រប់ពុតលំញង ម្ទេសដៃនាង និងត្រប់ផ្សេងៗ។

    រូបបែបផ្សេងៗនៃការធ្វើចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    ទោះជាក្រុមគ្រួសារជាច្រើន បានដឹងអំពីប្រយោជន៍របស់ការដាំបន្លែគ្រួសារជុំវិញផ្ទះថា ជាការងារបន្ទាប់បន្សំយ៉ាងល្អ អាចជួយកាត់បន្ថយប្រាក់ចំណាយ សាងសេចក្តីសុខ និងមានប្រយោជន៍ដល់មនុស្សក្នុងក្រុមគ្រួសារបានយ៉ាងច្រើនហើយក៏ដោយ តែក៏នៅក្នុងផ្លូវប្រតិបត្តិវិញ អ្នកដាំដុះអាចនឹងត្រូវជួបនឹងបញ្ហារឿងទីកន្លែងក្នុងការដាំដុះ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដូចជា នៅក្នុងខុនដូ ផ្ទះល្វែង ឬក្នុងបុរី ដែលមិនសូវមានទីធ្លាច្រើនប៉ុន្មាន តែយ៉ាងណាក៏ដោយ ក៏យើងអាចជ្រើសរើសរូបបែបនៃការដាំដុះបន្លែគ្រួសារនេះ ឱ្យស័ក្តិសមនឹងទីកន្លែង និងចំណង់ចំណូលចិត្តរបស់យើងបានដោយមិនពិបាកឡើយ ដោយភាគច្រើនអាចបែងចែកទៅតាមរូបបែបដូចតទៅនេះ ៖

    ចម្ការបន្លែខាងក្រោយផ្ទះ

    ការដាំដុះដោយវិធីនេះ ស័ក្តិសមសម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់ជនបទ ជាយក្រុង ឬផ្ទះដីភូមិ ដែលមានទីកន្លែងគ្រប់គ្រាន់ ព្រោះអាចធ្វើរងបន្លែដែលដាំនៅនឹងដីផ្ទាល់បានតែម្តង ធ្វើឱ្យអាចដាំបន្លែបានគ្រប់ប្រភេទ តាមចំណង់ចំណូលចិត្តរបស់មនុស្សក្នុងក្រុមគ្រួសារ ដែលភាគច្រើនទៅ ទំហំរងដំណាំដែលស័ក្តិសមក្នុងការដាំដុះបន្លែ ដើម្បីទទួលទានក្នុងគ្រួសារគឺ ទំហំរងទទឹងមិនលើសពី 1ម៉ែត្រ X បណ្តោយ 4ម៉ែត្រ (ឬតាមទំហំទីកន្លែង) X កម្ពស់ 20-30សង់ទីម៉ែត្រ ដើម្បីជួយក្នុងការបង្ហូរទឹក និងខ្យល់អាកាសបានល្អ។

    សម្រាប់ការត្រៀមរងដំណាំ អាចធ្វើបានងាយៗ ដោយចាប់ផ្តើមពី ៖ កាប់ដីតាមទំហំរបស់ទីកន្លែងដែលត្រូវដាំដុះ ឱ្យជ្រៅចុះទៅប្រមាណជា 30 – 50សង់ទីម៉ែត្រ(3តឹក-កន្លះម៉ែត្រ) ឬប្រមាណជា 1-2មុខចបកាប់ បន្ទាប់ពីនោះត្រូវហាលដីចោលយ៉ាងតិច 7 ថ្ងៃ រួចទើបជ្រួយដីឡើងវិញម្តងទៀត។ បន្ទាប់ពីនោះដាក់ជីគ្រាប់ ឬជីធម្មជាតិក្នុង 1ម៉ែត្រការ៉េ 1-3ក្តាប់ដៃ ជ្រួយឱ្យលាយចូលគ្នាជាមួយដីក្លាយជាសាច់មួយ មុននឹងតុបតែងរងឱ្យមានកម្ពស់ប្រមាណជា 20-30សង់ទីម៉ែត្រ បន្ទាប់ពីនោះក៏ព្រោះ ឬដាក់ដាំគ្រាប់ពូជបន្លែចូលទៅ រួចបាញ់ទឹកផ្សំទឹកថ្នាំបណ្តុះ ត្រៃខូឌើម៉ា (អាចរកទិញបាននៅកន្លែងលក់គ្រឿងជីកសិកម្ម) ក្នុងអត្រា 10-20លិត្រក្នុងផ្ទៃដី 100 ម៉ែត្រការ៉េ លើរងដាំដុះដំណាំបន្ទាប់ពីដាក់ដាំគ្រាប់ពូជរួច និងគ្របពីលើរងដោយចំបើង បន្ទាប់ពីនោះចូរស្រោចទឹកដំណាំភ្លាមតែម្តង។

    ចម្ការបន្លែធំល្មម

    ផ្ទះដែលមានបរិមាណទីធ្លាសម្រាប់ដាំដុះមិនធំប៉ុន្មាន អាចស័ក្តិសមជាមួយវិធីដាំដុះខាងក្រោមនេះ ព្រោះយ៉ាងហោចណាស់ក៏យើងអាចធ្វើជាចម្ការបានធំល្មមមួយ​ ទុកគ្រាន់មើលលេងកម្សាន្តសប្បាយៗ ដែលអាចប្រើបន្លែប្រភេទខ្លះ ធ្វើជារុក្ខជាតិគួបផ្សំនៅក្នុងចម្ការធំល្មមនោះបាន ដូច្នេះរុក្ខជាតិបន្លែដែលស័ក្តិសមក្នុងការយកមកដាំ គួរតែជារុក្ខជាតិដែលមានអាយុវែងបន្តិច មានទ្រង់ទ្រាយជាមែក ជាគុម្ពធំ និងមានស្លឹកត្រួយស្រស់ស្អាត រឹតតែមានផ្កា-ផ្លែពណ៌ល្អស្រស់ លេចធ្លោផងនោះ រឹតតែជាការល្អ ដូចជា ម្ទេសដៃនាង ម្ទេសគុយទាវ ប៉េងប៉ោះ ឬត្រប់ផ្សេងៗ ជាដើម។

    ចំណែកវិធីការដាំដុះវិញ សំខាន់នៅត្រង់ការចាត់ចែងបែងចែកទីកន្លែងឱ្យស័ក្តិសមដើម្បីកុំឱ្យចង្អៀតស្មុគ តាមរយៈការបែងចែកទីកន្លែងដោយអាចប្រើ ផើង ឥដ្ឋប្រហោង ឥដ្ឋប្លុក បន្ទះឫស្សី ឬវត្ថុផ្សេងៗយកមកធ្វើជារបងឃាំងបែងចែកទីកន្លែងឱ្យក្លាយជាចំណែកមួយដោយឡែកបាន ឯការមើលថែទាំ ក៏ធ្វើបែបដូចគ្នានឹងការដាំដុះបន្លែនៅលើដី ឬក្នុងផើងទូទៅដែរ។

    (នៅមានត)

  • ធ្វើម៉េចដឹងបានថា កូនកើតប្រតិកម្មចាញ់អាហារ?

    ធ្វើម៉េចដឹងបានថា កូនកើតប្រតិកម្មចាញ់អាហារ?

    អាការប្រតិកម្មចាញ់អាហារ អ្នកម្តាយអាចនឹងសង្កេតឃើញមានប្រតិកម្មអ្វីម្យ៉ាង ឬច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលមិនប៉ុន្មាននាទី ឬត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីកូនតូចញ៉ាំអាហារចូលទៅ។

    ប្រតិកម្មចាញ់អាហារគឺ ការដែលប្រព័ន្ធទប់ទល់ជាតិពុលក្នុងរាងកាយកើតភាពវិលវល់ គិតថាសារធាតុអាហារដែលប្រក្រតីមិនមានគ្រោះថ្នាក់ចំពោះរាងកាយបែរទៅជាមានគ្រោះថ្នាក់ ទើបមានប្រតិកម្មប្រឆាំងនឹងសារធាតុបង្កប្រតិកម្មចាញ់ក្នុងអាហារនោះ ដោយសាងបដិបក្ខប្រាណឡើងមកតតាំងនឹងសារធាតុនោះធ្វើឱ្យកើតជាអាការប្រតិកម្មចាញ់ ដូចជា កណ្តាស់ ខ្លួនប្រាណហើមឡើងក្រហម ឬឡើងកន្ទួលនៅលើស្បែក ជាដើម ដូច្នេះបើអ្នកម្តាយសង្ស័យថា កូនតូចមានអាការប្រតិកម្មចាញ់ អ្នកម្តាយគួរតែទៅប្រឹក្សាគ្រូពេទ្យកុមារជាបន្ទាន់។

    តើអ្នកម្តាយនឹងជួយកូនតូចយ៉ាងណា បើកូនមានអាការប្រតិកម្មចាញ់អាហារ?

    1 . កត់ត្រាទុកថា តើកូនញ៉ាំអ្វីខ្លះក្នុងមួយថ្ងៃៗ ដើម្បីរកមូលហេតុនៃការកើតប្រតិកម្មចាញ់នោះ។

    2 . ឱ្យកូនញ៉ាំអាហារប្រភេទថ្មីរៀងរាល់ 4 ថ្ងៃក្នុងអំឡុងឱ្យអាហារបន្ថែមតាមវ័យ វានឹងជួយសង្កេតតាមដានមើលប្រតិកម្មថ្មីៗរបស់កូនបាន។

    3 . ចំណាំទុកថា អាហារណាមួយដែលកូនញ៉ាំហើយកើតមានប្រតិកម្មចាញ់ ដើម្បីចៀសវាងកុំឱ្យកូនញ៉ាំលើកក្រោយទៀត។

    4 . នៅពេលកូនកើតប្រតិកម្មចាញ់អាហារ ឬថ្នាំពេទ្យ ចូរប្រញាប់នាំកូនតូចទៅមន្ទីពេទ្យជាបន្ទាន់ ដើម្បីទទួលកាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។

    5 . ចំណែកអាការអាហារមិនរំលាយវិញ អាចពិបាកសង្កេតឃើញជាងបន្តិច តែវិធីដែលល្អបំផុតគឺ ប្រឹក្សាជាមួយគ្រូពេទ្យឱ្យជួយវិនិច្ឆ័យ និងផ្តល់ពាក្យប្រឹក្សា ដើម្បីនឹងបានចាត់ការបញ្ហាបានត្រឹមត្រូវ និងច្បាស់លាស់៕

  • ក្រោយធ្វើឱ្យភ្ញាក់ផ្អើលពីការប្រគល់ROLLS ROYCE GHOSTទៅគូស្នេហ៍ តារាចម្រៀង G-Devith រត់ទៅបួស ដើម្បីសន្សំអារម្មណ៍ស្ងប់សុខ

    ក្រោយធ្វើឱ្យភ្ញាក់ផ្អើលពីការប្រគល់ROLLS ROYCE GHOSTទៅគូស្នេហ៍ តារាចម្រៀង G-Devith រត់ទៅបួស ដើម្បីសន្សំអារម្មណ៍ស្ងប់សុខ

    កាលពីពេលថ្មីៗ ក្រោយពេលទិញរថយន្តទំនើប ROLLS ROYCE GHOST ជូន ទេព បូព្រឹក្ស រួចហើយមក​តារាចម្រៀង ងួន ចាន់ដេវីត (G-Devith) ចេះតែបង្ហោះសារប្លែកៗ ដល់ថ្នាក់ធ្វើឱ្យមហាជនទូទៅ មានការឆ្ងល់យ៉ាងខ្លាំង។ នៅទីបំផុត នាថ្ងៃ22 ខែកក្កដា ឆ្នាំ2020 នេះ ស្រាប់តែគេឃើញ លោក ដេវីត បានទៅបួសបាត់ទៅហើយ។ ខណៈកន្លងមក តារាទាំងពីរដួង តែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញាប់មើលទៅពិតជាស្និតស្នាល និងមានកក់ក្តៅខ្លាំងណាស់ នេះក៏ព្រោះតែសេចក្តីស្រឡាញ់ស្មោះនឹងគ្នាផងដែរ។

    ព្រោះបង្ហាញក្ដីស្រឡាញ់ចេញពីចិត្តឱ្យមហាជនបានឃើញ ដេវីត បានសន្យាថានឹងស្រឡាញ់គ្នាអស់មួយជីវីត ព្រមទំាងបានទិញរថយន្ត ទំនើប ROLLS ROYCE GHOST មួយគ្រឿង យក ទៅ Surprise គូស្នេហ៍របស់ខ្លួន ថែមទៀតផង នៅកន្លែងកក់សក់ សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ4ឆ្នាំ ដល់ថ្នាក់ធ្វើឱ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក ព្រោះតែរំភើបចិត្ត នឹកស្មានមិនដល់។ លុះដល់ថ្ងៃបន្ទាប់មកនេះ ស្រាប់តែគេឃើញ លោក ដេវីត បានទៅបួសបាត់ ដោយមិនទាន់បានបញ្ជាក់មូលហេតុអ្វីឡើយ។ មុននេះបន្តិច នាថ្ងៃដដែល លោក ដេវិត បានចេញមុខបកស្រាយការពិតផ្ទាល់ ដោយបញ្ជាក់ពីមូលហេតុដែលលោកបានមកបួសនេះ។ លោកប្រាប់ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

    យ៉ាងណាមិញ គេបានត្រឹមឃើញតារាស្រី ទេព បូព្រឹក្ស បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយលោក ដេវីត ព្រមទំាងភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា “ពិធីសូត្រមន្ត (បំបួសនាគ)”៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះ៖

  • Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ជាង 5.3លានគ្រឿង ទោះជាមានមេរោគកូវីដ-19

    Xiaomi ជា​អ្នកលក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ ដោយ​លក់បាន​ចំនួន 5.3លាន​គ្រឿង កាន់កាប់​ចំណែក​ទីផ្សារ 30.9%។ ចំនួន​លក់​នេះ គឺ​ថយចុះ ៤៨% បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​លក់បាន 10.3លាន​គ្រឿង។

    ក្រុមហ៊ុន​លំដាប់​លេខ2 បាន​ទៅលើ vivo លក់បាន 3.7លាន​គ្រឿង (-36%) ឯ​លេខ3 គឺ Samsung លក់បាន 2.9លាន​គ្រឿង (-60%) និង OPPO លក់បាន 2.2លាន​គ្រឿង (-27%) និង realme លក់បាន 1.7លាន​គ្រឿង (-35%)។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys ដែល​បានបង្ហាញ​តួលេខ​ប្រចាំត្រីមាស​ទី2 ឆ្នាំ2020  អំពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុងប្រទេស​ឥណ្ឌា ដែលជា​ទីផ្សារ​ធំ​លំដាប់​លេខ2 ក្នុង​ពិភពលោក។

    នៅក្នុង​ត្រីមាស​ទី2 ពេលដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-19 ដែល​បាន​អនុវត្ត​វិធាន​ការបិទ​ខេត្ត/ក្រុង​នោះ ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ 48% ធៀប​នឹង​ឆ្នាំមុន ពោលគឺ​ធ្លាក់ចុះ​ពី 33លាន​គ្រឿង មក​នៅត្រឹម 17.3លាន​គ្រឿង៕

  • មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    មេ Samsung បង្ហើបថា នឹងមានរបស់ថ្មីៗ 5ទៀត ក្នុងថ្ងៃប្រកាសចេញស្មាតហ្វូន Note 20…

    ក្នុងអំឡុង​កម្មវិធី Galaxy Unpacked ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី5 ខែសីហា ខាងមុខនេះ  Samsung នឹង​ប្រកាស​ផលិតផល​ថ្មី​ចំនួន5  មាន កាស​ស្ដាប់​ឥត​ខ្សែ និង​នាឡិកា​វៃឆ្លាត បន្ថែម​ពីលើ​ស្មា​ត​ហ្វូ​នថ្មីៗទៀត។ នេះ​បើ​យោងតាម​សម្ដី​របស់​ប្រធាន​ផ្នែក​ទូរស័ព្ទ Samsung គឺ​លោក TM Roh  តែ​លោក​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ ដោយ​គ្រាន់តែ​ប្រាប់​តម្រុយខ្លះៗប៉ុណ្ណោះ។

    Galaxy Note20 នឹង​ក្លាយជា​តួឯក នៅក្នុង​កម្មវិធី Galaxy Unpacked ដែលមាន Galaxy Note20 ធម្មតា និង Galaxy Note20 Ultra។ ចំណែក​ផលិតផល 2ទៀត ទំនងជា Galaxy Z Fold 2 អ្នក​ស្នង​តំណែង Galaxy Fold និង Galaxy Tab S7។

    កម្មវិធី Galaxy Unpacked ដែល​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយនេះ នឹង​រៀបចំ​ឡើងជា​លក្ខណៈ​អន​ឡាញ មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​គណនី​ផ្លូវការ​របស់ Samsung ដោយ​មិនមាន​មនុស្ស​ចូលរួម​ផ្ទាល់ដូចពេលមុនៗឡើយ៕

  • ពៅ បញ្ញាពេជ្រ ៖ អង្គុយលើរទេះ13ឆ្នាំ ធុញណាស់

    ពៅ បញ្ញាពេជ្រ ៖ អង្គុយលើរទេះ13ឆ្នាំ ធុញណាស់

    អតីត​អ្នកចម្រៀង​ល្បីឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​និង​ចម្រៀង​ខ្មែរ គឺ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ការ​ហត់នឿយ​ក្នុង​ជីវិត​ដែល​នៅ​តែ​លើ​រទេះរុញ​មិនដឹង​ថ្ងៃ​ណា​បានជា​អាច​ដើរ​នឹង​គេ​បាន ។​

    ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ Peouv Panha Pich ដែល​គេ​ដឹង​ថា​ជា​អាក់​ខោ​ន​របស់​អ្នកចម្រៀង​រូប​នេះ បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​នេះ​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ដូច្នេះ​ថា​ «​ដឹង​កាលបើ​ដើរ​បាន អង្គុយ​យូរ​ៗ​ធុញ​ណាស់ អង្គុយ​13 ឆ្នាំ​ហើយ » ។​

    ​សូម​បញ្ជាក់ កញ្ញា ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ឃាតក​បាញ់​ប៉ង​សម្លាប់​កាលពី​ឆ្នាំ​2007 ប៉ុន្តែ​នាង​មិន​ស្លាប់ គឺ​របួស​រហូត​ធ្លាក់ខ្លួន​ពិកាមក​ទល់​នឹង​ប​ច្ចប្ប​ន្ន​មាន​រយៈពេល​13​ឆ្នាំ​ហើយ ហើយ​ឃាតក​និង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់ប្រហារ​អ្នកចម្រៀង​ល្បីឈ្មោះ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ ។​