Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​

    អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​

    យោង​តាម​សារ​ព័ត៌មាន​ Bloomberg​ មហាសេដ្ឋី​ឥណ្ឌា​ លោក​ Mukesh Ambani បច្ចុប្បន្ន​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ដោយ​មាន​ទ្រព្យ​សរុប​ចំនួន​77.4​ពាន់​លាន​ដុល្លារ​ ដែល​នេះ​បាន​ជួយ​ឱ្យ​អាស៊ី​បាន​វត្តមាន​នៅ​ក្នុង​ top 5 អ្នក​មាន​ជាង​គេ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​។

    ច្រើន​ឆ្នាំ​មក​នេះ ចំណាត់​ថ្នាក់​ក្នុង​ top 5 នៃ​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​អាមេរិកាំង​ អឺរ៉ុប​ និង​ម៉ិកស៊ិក​។ ប៉ុន្តែ ប្រការ​នេះ​បាន​ផ្លាស់​ប្ដូរ​ហើយ​ ព្រោះ​ថា​បន្ទាប់​ពី​បញ្ចប់​ការ​ជួញ​ដូរ​មូលបត្រ​កាល​ពី​ថ្ងៃទី​24​កក្កដា​ មហាសេដ្ឋី​ឥណ្ឌា លោក​ Mukesh Ambani បាន​លោត​រំលង​ Steve Ballmer និង​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យ​សរុបចំនួន​​​77.4​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ស្ថិតិ​​ពី​ Bloomberg Billionaires Index។

    នេះ​គឺជា​កំណត់​ត្រាថ្មី​បំផុត​សម្រាប់​លោក Ambani។ ទ្រព្យ​សម្បត្តិ​របស់​លោក​ បាន​កើនជិត​19​ពាន់​លាន​ដុល្លារ​អាមេរិក​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​2020​មក​នេះ​។

    មហាសេដ្ឋី​ Ambani បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ហ៊ុន​ពហុវិស័យ​ Reliance Industries។ ចំណាត់​ថ្នាក់​របស់​លោក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ជាង​គេ​របស់​ Bloomberg បាន​កើន​ឡើង​ចំនួន​9​ថ្នាក់​នៅក្នុង​ឆ្នាំ​នេះ ​ដោយ​សារ​តែ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ Reliance Industries បាន​កើន​135​%​ ចាប់​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​ដល់​បាត​ក្នុង​ខែ​មីនា​។ បណ្ដា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Reliance ថ្មី​ៗ​នេះ​ទទួល​បាន​ខ្ទង់​វិនិយោគ​យ៉ាង​ច្រើន​ពី​ក្រុម​ហ៊ុន​ធំៗ​​ជា​ច្រើន​ មាន​​ដូច​ជា​ Facebook, Silver Lake និង​ក្រុម​ហ៊ុនប្រេង​ BP ជា​ដើម​។ល។

    ឥណ្ឌា​គឺជា​ចំណុច​លេច​ធ្លោ​ក្នុង​ទីផ្សារ​ M&A (ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​/Mergers and acquisitions) នៅ​ទូទាំង​សកល​លោក​ក្នុង​ឆ្នាំ​នេះ​។ សារ​ព័ត៌មាន​ឥណ្ឌា ET Now បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​ Amazon កំពុង​តែ​ចរចា​ជាមួយ​​ភាគី​ក្រុម​ហ៊ុន​ Reliance របស់​លោក​ Ambani ដើម្បី​ទិញ​ភាគ​ហ៊ុន​ក្នុង​ផ្នែក​លក់​រាយ​របស់​ក្រុម​ហ៊ុន​នេះ​។

    អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​
    គ្រួសារ​ត្រកូល Ambani ៖ Akash, Anant និង​ Isha ថត​រូប​ជាមួយ​ឪ​ពុក​ម្ដាយ​របស់​ពួកគេ​ គឺ​លោក​ស្រី​ Nita និង​លោក​ Mukesh Ambani

    មហាសេដ្ឋី​ Ambani បាន​ឡើង​ដល់​ top 10 នៃ​បញ្ជី​ឈ្មោះ​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ពី​2​សប្ដាហ៍​មុន​ ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​លើស​ពី​ទំហំ​​ទ្រព្យ​របស់​មហា​សេដ្ឋី Warren Buffett ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​បាន​លោត​រំលង​ CEO របស់ Tesla លោក​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google គឺ​លោក​ Sergey Brin និងលោក​ Larry Page។

    អ្នក​មាន​ជាង​គេ​លំដាប់​ទី​1​ក្នុង​ពិភពលោក​​ នៅ​តែ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក Jeff Bezos។ ទ្រព្យ​សម្បត្តិ​របស់​លោក​ ក្នុង​ឆ្នាំ​នេះ​បាន​កើន​62.7​ពាន់​លាន​ដុល្លារ​។ ឈរ​លំដាប់​លេខ​2​ គឺ​លោក​ Bill Gates (118ពាន់​លាន​ដុល្លារ​) និង​ទី​3​គឺ​លោក​ Bernard Arnault (93​ពាន់​លាន​ដុល្លារ​) ចំណែក​ទី​4​ គឺ​លោក​ Mark Zuckerberg (88​ពាន់​លានដុល្លារ​)។

    ចំណែក​នៅ​អាស៊ី​ បច្ចុប្បន្ន​អ្នក​មាន​ជាង​គេ​លំដាប់​ទី​​2​គឺ​លោក​ Pony Ma ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Tencent ដោយ​មាន​ទ្រព្យ​សរុប​55.6​ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព​៖ Bloomberg

  • រឿងងាយៗ 5 រឿង ដើម្បីជីវិតគូស្ថិតស្ថេរយូអង្វែង

    រឿងងាយៗ 5 រឿង ដើម្បីជីវិតគូស្ថិតស្ថេរយូអង្វែង

    បច្ចុប្បន្នក្នុងសភាវបរិស្ថានដែលការរស់នៅលំបាក់លំបិនជាងកាលពីអតីតកាល ជីវិតគូដែលគង់វង្សស្ថិតស្ថេរ កក់ក្តៅពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ចិត្តយល់ថ្លើមគ្នា គឺជាប្រភពនៃថាមពលកាយ និងចិត្តដ៏សំខាន់ឱ្យយើងតស៊ូរស់នៅបានយ៉ាងមានសេចក្តីសុខ ដោយគោលការណ៍ងាយៗ 5 យ៉ាងគឺ លើកតម្កើង យល់ព្រម បត់បែន បែងចែក និងតស៊ូ ដូចខាងក្រោមនេះ។

    1 . លើកតម្កើង

    សម្រាប់គូជីវិត ការសរសើរ លើកតម្កើង និងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកជារឿងមួយសំខាន់ខ្លាំងណាស់ ការចេះលើកតម្កើងគូជីវិតលើមូលដ្ឋាននៃការពិតទាំងនៅចំពោះមុខ និងពីក្រោយខ្នងនោះ នឹងធ្វើឱ្យរស់នៅរួមគ្នាបានយ៉ាងរីករាយគ្មានបញ្ហា។ បើមិនដឹងថា នឹងត្រូវប្រើវាចានិយាយលើកតម្កើងយ៉ាងណានោះ ដំបូងគឺត្រូវមិននាំយករឿងស្វាមី ឬភរិយាទៅនិយាយលេងយ៉ាងសប្បាយមាត់នោះទេ ព្រោះបើសិនជាអ្នកណាបានឮ គេនឹងយល់ថា ប្តីប្រពន្ធមួយគូនេះមិនចេះផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមកឡើយ។

    2 . យល់ព្រម

    ចេះយល់ព្រម អ៊ឺអើ តាមចិត្តស្វាមី (ឬភរិយា)ខ្លះផង ព្រោះមនុស្សពីរនាក់ដែលមកពីកន្លែងផ្សេងគ្នា ហើយមករស់នៅជាមួយគ្នា វាពិតជាមានម្តង ឬពីរដងមិនខានដែលទាំងពីរនាក់មានការយល់ឃើញមិនដូចគ្នា ក្នុងខណៈដែលការរស់នៅរួមគ្នានេះនៅមានរឿងជាច្រើនដែលទាំងពីរនាក់ចាំបាច់ត្រូវសម្រេចចិត្តរួមគ្នា។ បើម្នាក់ៗប្រកាន់យកតែហេតុផលរបស់ខ្លួនឯងជាធំ គ្មានអ្នកណាចុះញ៉មអ្នកណា គិតតែពីចង់ឈ្នះនោះ ជីវិតគូបែបនេះប្រហែលជារស់នៅជាមួយមិនបានយូរអង្វែងឡើយ។

    3 . បត់បែន

    ក្នុងការរស់នៅជីវិតគូ រឹតតែនៅជាមួយគ្នាយូរទៅ រឹតតែស្គាល់គ្នាខ្លាំងឡើង និងមានរឿងរ៉ាវផ្សេងៗដើរចូលមកក្នុងជីវិតរបស់គ្នាទៅវិញទៅមកកាន់តែច្រើនឡើងដែរ។ ពេលរស់នៅជាមួយគ្នាថ្មីៗ ក៏ចេះតែអាចទ្រាំបានហើយ តែដល់យូរៗទៅ រឿងដែលធ្លាប់ទ្រាំបាន ក៏ចាប់ផ្តើមទ្រាំលែងបាន ទទួលយកលែងបាន ព្រោះជួបតែរឿងដដែលៗ តែការពិតវិញ ជីវិតគូ រឹតតែរស់នៅជាមួយគ្នាយូរ រឹតតែត្រូវមានការបត់បែន បន្ទន់ឥរិយាបថឱ្យគ្នាទៅវិញទៅមកខ្លាំងជាងពេលស្រឡាញ់គ្នាថ្មីៗ និងត្រូវតែចេះសម្របសម្រួល និងបន្ធូរបន្ថយដល់គ្នាទៅវិញមក។

    4 . បែងចែក

    ការរស់នៅទាំងក្នុងផ្នែកដែលជាជីវិតផ្ទាល់ខ្លួន និងជីវិតគូ តែងតែមានរឿងរ៉ាវផ្សេងៗចូលមកឡូកឡំរហូតបែងចែកមិនដាច់បើជារឿងបន្តិចបន្តួច តូចតាចឡូកឡំគ្នា ក៏ល្មមអាចនឹងមើលរំលងបាន តែរឿងខ្លះជារឿងដែលមិនអាចឡូកឡំគ្នាបាន ដូចជា រឿងការងារ ជាមួយរឿងផ្ទាល់ខ្លួនវិញ អ្នកខ្លះមួម៉ៅមកពីកន្លែងធ្វើការ មកដល់ផ្ទះក៏មួម៉ៅរាលដាលដល់ភរិយានៅផ្ទះ ឬមានបញ្ហានៅផ្ទះ ហើយទៅឡូឡាដាក់មិត្តភ័ក្តិរួមការងារ ឬកូនចៅ ដែលអាចនឹងជាហេតុនាំឱ្យកើតមានបញ្ហាបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។ ភរិយាខ្លះទូរស័ព្ទតាមដានស្វាមីរហូតពេញមួយថ្ងៃ ដែលវាក្លាយជាការរុកកួនរំខានសមាធិក្នុងការធ្វើការរបស់ស្វមីជំនួសឱ្យការរំភើបចិត្តទៅវិញ។ ការចេះបែងចែកឱ្យដាច់ពីអារម្មណ៍ផ្ទាល់ខ្លួន ការងារ និងក្រុមគ្រួសារ គឺជារឿងដែលជីវិតគូចាំបាច់ត្រូវតែមានដើម្បីសុភមង្គល និងជីវិតក្រោយអាពាហ៍ពិពាហ៍។

    5 . តស៊ូ

    មិនថានឹងមានបញ្ហាអ្វីកើតឡើងក៏ដោយ កម្លាំងចិត្តគឺជារឿងសំខាន់បំផុត។ ក្តីប្រាថ្នាក្នុងការមានសេចក្តីសុខស្រស់ស្រាយរហូតទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវតែមានចិត្តអត់ទ្រាំ និងតស៊ូជាមួយគ្នា នឹងសុខ នឹងទុក្ខក៏ត្រូវតែរួមគ្នាជម្នះឱ្យបាន អ្នកណាម្នាក់រួញរា អស់សង្ឃឹម ឬដួលរលំ ក៏ត្រូវតែខំជួយទាញលើកគ្នាឱ្យក្រោកឈរឡើងវិញជាថ្មីយ៉ាងរឹងមាំ និងស្ថិតស្ថេរឱ្យបាន។

    ព្រោះសម្ព័ន្ធភាពដ៏អស្ចារ្យអាចសាងបានតាមរយៈសេចក្តីស្រឡាញ់ ក្តីយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ទើបក្តីស្រឡាញ់នោះនឹងគង់វង្សស្ថិតស្ថេរយូរអង្វែង៕

  • ​សាស្រ្តាហ្វៀមជោគជ័យផលិត«ភាពយន្ដជីវិត» ធ្វើឱ្យមហាជនទស្សនាចប់ដូចបានអានសៀវភៅមួយក្បាល

    ​សាស្រ្តាហ្វៀមជោគជ័យផលិត«ភាពយន្ដជីវិត» ធ្វើឱ្យមហាជនទស្សនាចប់ដូចបានអានសៀវភៅមួយក្បាល

    «ភាពយន្ដជីវិត» កម្មវិធីថ្មីឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ដោយចងក្រងមួយសាច់រឿង ចេញជាមួយភាពយន្ត។ ភាពយន្តជីវិត ក៏ជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមក​បង្ហាញ​ដល់​អ្នក​មើល​ ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិត​មក​អភិវឌ្ឍខ្លួនបាន។

    មកទល់ពេលនេះ មហាជនកាន់តែច្រើន មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏ភាគច្រើនច្រើនស្គាល់ និងជក់ចិត្តនឹងភាពយន្តជីវិត ដែលផលិតដោយផលិតកម្ម Sastra Film ដោយភាពយន្តទាំងនោះ ក្រោយការបង្ហោះឡើង គឺអាចនិយាយបានថា មិនមានភាពយន្តណា ដែលមានអ្នកទស្សនាតិចជាងលានដងនោះទេ។ គោលបំណងនៃភាពយន្តជីវិតនេះ​ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្ត​ជីវិត មួយភាពយន្តមួយៗសាច់រឿងមានរយៈ​ពេលប្រមាណ​ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែ​​អ្នកគាំទ្រ​មិនដែលរំលង​រាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបាន​ផលិត​ឡើយ។

    ស្នាដៃទាំងនោះ គឺអាចនិយាយបានថាបានទាក់ទាញអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និង​ខ្នាតវែង អោយជាប់ចិត្ត ទើបធ្វើអោយមាតិកាស្នាដៃរបស់ សាស្ត្រាហ្វៀម​ “ភាពយន្តជីវិត” មានតួលេខអ្នកទស្សនាច្រើនលានដង ស្ទើរតែគ្រប់រឿង។ ជោគជ័យដ៏គួរអោយសរសើរនេះ គឺដោយសារតែ“ភាពយន្ត​ជីវិត”​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ខ្សែ​រឿង​ដែល​បាន​កើតឡើង ឬ​មាន​ពិត​ ពាក់ព័ន្ធ​នឹង​សង្គម​សព្វ​ថ្ងៃជាក់ស្តែងតែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​តែងសរសើរ​មិនដាច់ពីមាត់រាល់ភាពយន្ត​ដែល​​សាស្រ្តាហ្វៀម​បាន​ផលិត៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    -ចម្ការបន្លែគ្រួសារក្នុងផើង និងចម្ការបន្លែគ្រួសារលើអាកាស

    សម្រាប់ការដាំដុះ​​​​បន្លែក្នុងរូបបែបនេះ នឹងស័ក្តិសមជាមួយអ្នកដែលស្នាក់អាស្រ័យនៅតាមបន្ទប់ជួល អាផាតមិនត៍ ផ្ទះល្វែង ផ្ទះលក់ចាប់ហួយតាមចិញ្ចើមថ្នល់ ឬកន្លែងដែលគ្មានដីទំនេររបស់ខ្លួនឯង ដោយចម្ការបន្លែគ្រួសារទាំង 2រូបបែបនេះ ទោះជាមានឈ្មោះហៅខុសពីគ្នាមែន តែអាចរាប់បានថា ជាវិធីដាំដុះបន្លែក្នុងលក្ខណៈដូចគ្នា គឺការដាំនៅក្នុងភាជនៈ គ្រាន់តែ “ចម្ការបន្លែក្នុងផើង” អាចនឹងប្រើភាជនៈដែលធ្វើអំពីដីឥដ្ឋដុត ផើងជ័រ ឬភាជនៈដែលលែងប្រើហើយ ដូចជា ចានដែក ធុង ពាង កំប៉ុង ក្រឡ ឆ្នាំងជាដើម ដែលចំណុចល្អ របស់ការដាំបន្លែគ្រួសារក្នុងផើងនេះគឺ អាចរើផ្លាស់ប្តូរទីកន្លែងទៅដាក់នៅកន្លែងណាដែលដំណាំអាចទទួលពន្លឺបានយ៉ាងងាយ និងថែមទាំងជាការសន្សំសំចៃពេលវេលាក្នុងការមើលថែទាំទៀតផង និងចង់ជ្រើសរើសយកមកដាក់តាំងលម្អខាងក្នុងបរិវេណផ្ទះក៏អាចធ្វើបានយ៉ាងងាយស្រួលដែរ។

    ចំណែក “បន្លែចម្ការគ្រួសារលើអាកាស” វិញ ស័ក្តិសមសម្រាប់ផ្ទះដែលគ្មានបរិវេណទំនេរនៅសល់សោះ គឺជាការដាំបន្លែនៅក្នុងភាជនៈដែលអាចព្យួរបានហ្នឹងឯង ដោយភាជនៈសម្រាប់ដាក់ដាំក្នុងចម្ការប្រភេទនេះគួរតែនឹកដល់រឿងរបស់ភាជនៈដែលមានភាពស្រស់ស្អាតប្រកបជាមួយផង ដោយភាគច្រើនអាចជ្រើសរើសប្រើភាជនៈដែលធ្វើអំពីវត្ថុធម្មជាតិ ដូចជា លលាដ៍ដូង សម្បកផ្លែដូងទុំ បំពង់ឫស្សី -ល- ឬនៅក្នុងផ្ទះខ្លះអាចជ្រើសរើសប្រើថូ ផើងស្អាតៗ ឬភាជនៈផ្សេងទៀតដែលមានភាពស្រស់ស្អាត ដើម្បីធ្វើជាគ្រឿងប្រដាប់តុបតែងលម្អក្នុងបរិវេណផ្ទះក៏បានដែរ។

    តែអ្វីដែលត្រូវនឹកដល់ជាសំខាន់នោះគឺ ការជ្រើសរើសប្រភេទបន្លែ គួរជ្រើសរើសដាំប្រភេទដែលមានដើមមិនធំពេក ស័ក្តិសមនឹងភាជនៈដែលដាក់ដាំ ដូចជា ដើមម្ទេសដែលមានពណ៌ស្អាតៗ ដើមជីអង្កាម ដើមជីនាងវងទាបៗ និងថែមទាំងភាជនៈទាំងនេះមិនគួរមានទម្ងន់ធ្ងន់ខ្លាំងពេកឡើយ និងគួររកខ្សែច្រវាក់តូចៗ ឬខ្សែលួសដែលមានភាពរឹងមាំស៊ូធន់នឹងកម្តៅថ្ងៃ ភ្លៀងខ្យល់មកចងព្យួរ ព្រោះបើប្រើប្រាស់ខ្សែមិនរឹងមាំល្អទេនោះ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុបាន។

    ក្រៅពីនេះ ក្នុងការដាំ “ចម្ការបន្លែគ្រួសារក្នុងផើង” និង “ចម្ការបន្លែគ្រួសារលើអាកាស” ក្រៅពីការបណ្តុះគ្រាប់ឱ្យដុះធំឡើងនៅក្នុងផើងហើយ អាចនឹងប្រើមែកផ្សាំ កាត់មែកមកដាក់ដាំ ឬបណ្តុះឱ្យដុះឡើងជាកូន​ ហើយសឹមដកយកទៅស្ទូងក្នុងផើងមួយទៀតក៏អាចធ្វើបានដែរ អាស្រ័យលើភាពស័ក្តិសមរបស់ប្រភេទបន្លែជាសំខាន់។ ចំណែកខាងផ្នែកមើលថែទាំវិញ ដោយសារតែក្នុងភាជនៈដែលដាំដុះបន្លែនោះមានដីតិច ដូច្នេះរឿងដែលគួរនឹកដល់មួយទៀតនោះគឺ ការឧស្សាហ៍ដាក់ជីវិទ្យាសាស្រ្ត ស្រោចទឹកជាប់ជានិច្ច និងគួរផ្លាស់ប្តូរដីថ្មីម្តងម្កាលតាមរយៈពេលដែលស័ក្តិសមរបស់ដំណាំបន្លែនោះ។

    -ចម្ការរបងបន្លែញ៉ាំបាន

    សម្រាប់ចម្ការបន្លែគ្រួសារប្រភេទនេះ រឿងសំខាន់គឺ ត្រូវរៀបចំតុបតែងមិនឱ្យរញេរញ៉ៃស៊ុបទ្រុប ដោយបន្លែដែលស័ក្តិសមសម្រាប់ការដាំដុះក្នុងលក្ខណៈនេះ គឺ “រុក្ខជាតិវារតោង” ព្រោះអាចយកមកដាំធ្វើជារុក្ខជាតិតុបតែងលម្អ បង្កើនភាពស្រស់ស្អាតដល់បរិវេណជុំវិញផ្ទះក៏បាន ដូចជា ពពួកបន្លែទម្លាក់កួរ ត្រសក់ ននោងជ្រុង-មូល ពពាយ សណ្តែកកួរ ម្រះ ឃ្លោក ជាដើម ដោយមានគ្រោងសាងរបស់ទ្រើងដែលជារបងនោះ អាចនឹងត្រូវតុបតែងកែច្នៃឱ្យស្អាត ឬគ្រាន់តែបណ្តោយឱ្យវាវារតោងឡើងលើរបងលួសបន្លា ឬបង្គោលឈើឬស្សីក៏បាន តែនៅពេលចាប់ផ្តើមដាំថ្មីៗ ចាំបាច់ត្រូវតែជួយរៀបចំចាត់ចែងឱ្យវារតោងឡើងទៅលើទ្រើង និងការក្តិចត្រួយក៏នឹងជួយឱ្យបែកមែកចេញខ្នែងច្រើន ធ្វើឱ្យអាចវារគ្របដណ្តប់ទៅលើទ្រើងដែលជារបងបានឆាប់រហ័សឡើង ឬក្រៅអំពីដំណាំវារតោងហើយ យើងនៅអាចជ្រើសរើសដាំ “ដំណាំដើមឈរខ្នាតតូច” ដូចជា ដើមកន្ទុំទេស ស្អំ ដើមអង្គារដី ដើមបន្លែផ្អែម -ល- មកដាំធ្វើជារបងផ្ទះបាន ព្រោះជាដំណាំដែលងាយដាំ និងផ្តល់នូវផលិតផលរហូតពេញ 1ឆ្នាំ និងមានគុណប្រយោជន៍ខាងអាហារខ្ពស់ និងគ្មានសាធាតុគីមីទៀតផង។

    (នៅមានត)

  • ការចិញ្ចឹមថែទាំកូន ឱ្យកូនតាម ឬមិនតាមជាប់ឪពុកម្តាយ បែបណាល្អជាងគ្នា?

    ការចិញ្ចឹមថែទាំកូន ឱ្យកូនតាម ឬមិនតាមជាប់ឪពុកម្តាយ បែបណាល្អជាងគ្នា?

    ក្នុងអំឡុងវ័យទារកខ្លួនក្រហមរងាលរហូតដល់វ័យក្មេងតូចហាត់ឈានជើងដើរតេះតះ ជាវ័យដែលត្រូវការការប៉ះពាល់ពីលោកឪពុកអ្នកម្តាយខ្លាំងបំផុត មិនថាតែការបី ព ឱប ថើប ញញឹម និយាយ ប្រលែងលេង និងចាក់ក្រឡេកឱ្យកូនរសើបនោះឡើយ។

    ព្រោះកូនតូចនឹងមានអារម្មណ៍ថា ខ្លួនគេមានភាពសំខាន់ចំពោះលោកឪពុក និងអ្នកម្តាយ ហើយសម្រាប់កូនតូចវិញ ការពបីការប៉ះពាល់កូន មានភាពសំខាន់ចំពោះផ្លូវចិត្តខ្លាំងណាស់ ដោយមានលទ្ធផលនៃការស្រាវជ្រាវមួយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពី កុមារ 2 ក្រុមដែលបានទទួលការចិញ្ចឹមមើលថែ និងយកចិត្តទុកដាក់ខុសពីគ្នា។ ក្រុមមួយបានទទួលការបីពឱបរឹតប្រឡូកប្រឡែងជាមួយនឹងក្មេងមួយក្រុមទៀតដែលឪពុកម្តាយឱ្យគេងលេងតែឯង និងធំធាត់ឡើងក្នុងផ្លេយ៍ផេន ឬទីកន្លែងផ្ទាល់ខ្លួននៅក្នុងផ្ទះ។

    ក្មេងទាំងពីរក្រុមនេះមានភាពខុសប្លែកពីគ្នាខាងអារម្មណ៍ច្រើនណាស់ ក្មេងតូចៗដែលលោកឪពុក និងអ្នកម្តាយនៅបីឱបថើបស្រឡាញ់ នឹងក្លាយជាក្មេងតូចដែលមានភាពមាំមួនស្ថិតស្ថេរខាងផ្លូវចិត្តខ្ពស់ណាស់ មិនយំរករឿងច្រើន និងមានសមាធិល្អ តែសម្រាប់ក្មេងតូចដែលឪពុកម្តាយមិនសូវបានលេងជាមួយ ឬបីឱបថើបកូនប៉ុន្មាននោះ បែរជាមានសភាវប្លែកចម្លែក បំបែកខ្លួនមិនចូលសង្គម និងឆាប់ខឹងមួម៉ៅ យំរករឿងច្រើនហាក់ដូចជាត្រូវការឱ្យអ្នកដទៃចាប់អារម្មណ៍គ្រប់ពេលវេលា។

    “ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីក្តីស្រឡាញ់ ភាពកក់ក្តៅដែលលោកឪពុក និងអ្នកម្តាយមានចំពោះគេ”​

    គ្រួសារខ្លះច្រើនតែប្រាប់គ្នាថា កុំពបីកូនច្រើនពេក ដាក់ចុះខ្លះទៅ នឹងបានមិនសូវនឿយ និងខ្លាចកូនតាមជាប់ដៃ ចំពោះរឿងនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា ឱ្យកូនតាមជាប់ដៃយើងល្អជាង ព្រោះពេលវេលានៃការរស់នៅអំឡុងពេលដំបូងរបស់កូននឹងបានមាំមួនស្ថិតស្ថេរ និងមិនភ័យខ្លាចដោយក្តីកណ្តោចកណ្តែង។ ការដែលយើងពបីកូនច្រើន កូននឹងមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ភាពកក់ក្តៅដែលលោកឪពុកអ្នកម្តាយមានចំពោះគេ និងគេខ្លួនឯងក៏នឹងមានអារម្មណ៍ថា ខ្លួនឯងមានភាពសំខាន់ដែរ នៅពេលធំឡើងក៏នឹងទទួលស្គាល់ខ្លួនឯង និងក្លាយជាក្មេងដែលមានចិត្តគំនិតល្អ៕

  • Messenger បន្ថែមមុខងារថ្មី 1ទៀត គឺ App Lock អាចការពារកុំឱ្យគេលួចចូលមើល

    Messenger បន្ថែមមុខងារថ្មី 1ទៀត គឺ App Lock អាចការពារកុំឱ្យគេលួចចូលមើល

    ការការពារ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ គឺមាន​សារៈ​សំខាន់បំផុត ក្នុងសម័យ​បច្ចេកវិទ្យា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ដាក់ឱ្យ​ប្រើប្រាស់​មុខ​ងារ App Lock សម្រាប់​កម្មវិធី Messenger ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់។

    មុខងារ​ថ្មី​នេះ​អាច​តម្រូវឱ្យ​អ្នកប្រើប្រាស់​ផ្ដល់ Face ID ឬ Touch ID មុននឹង​អាច​ចូល​ប្រើ​កម្មវិធី Messenger នេះ​បាន។ ការបន្ថែម​មុខងារ​ថ្មី​នេះ វា​ធ្វើឱ្យ​អ្នកប្រើប្រាស់ មាន​អារម្មណ៍​សុវត្ថិភាព​ថា ព័ត៌មាន​របស់​ពួកគេ​នឹងមិន​ត្រូវបាន​ចូល​មើល នៅពេលដែល​អ្នកផ្សេង​ប្រើ​ទូរស័ព្ទ​របស់គេ​នោះ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន Facebook ក៏បាន និង​កំពុងធ្វើការ​សាកល្បង​មុខងារ ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​កំណត់ថា តើ​អ្នកណា​អាច​ផ្ញើ​សារ ឬ​តេ​មក​គេ​ដោយផ្ទាល់ ឬ​ពួកគេ​ក៏​អាច​កំណត់​សម្រាប់​អ្នក​ដែល​មិនអាច​តេ ឬ​ផ្ញើ​សារបាន​ទាំងស្រុង​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នឹងធ្វើ​ឱ្យ​រូបភាព​មើលទៅ​ឃើញព្រាលៗ ប្រសិនបើ​រូបភាព​នោះ​ត្រូវបាន​ផ្ញើ​ពី​អ្នកប្រើប្រាស់​ដែល​មិន​ធ្លាប់​ស្គាល់។

    សូមបញ្ជាក់​ផងដែរ​ថា នាពេល​បច្ចុប្បន្ន មុខងារ​នេះ​ប្រើ​បានតែ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែ​គួរឱ្យ​ស្ដាយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ទាល់តែ 2-3ខែ​ទៀត ទើប​អាច​ប្រើ​មុខងារ​នេះ​បាន។ ដើម្បី​ប្រើប្រាស់​មុខងារ​នេះ លោកអ្នក​អាច​ចូលទៅក្នុង Privacy ដើម្បី​បើកមុខ​ងារ​ថ្មី​នេះ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • Chanathip ប្តូរភ្នាក់ងារដោះដូរកីឡាករ ព្រោះចង់ទៅលេងនៅអឺរ៉ុប

    Chanathip ប្តូរភ្នាក់ងារដោះដូរកីឡាករ ព្រោះចង់ទៅលេងនៅអឺរ៉ុប

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ស្រាយ​មន្ទិលសង្ស័យ​នៃ​ការផ្តល់​កៅអី2 របស់​កម្ពុជា​នៅក្នុង​ពាន AFC CUP 2021 ដោយបាន​កំណត់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ក្លិប​អាជីព​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ប្រកួត​ដណ្ដើមពាន​នេះ កាលពី​ល្ងាច​ថ្ងៃទី22 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ។

    យ៉ាងណាក្ដី ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​ការប្រកួត​កម្រិត​ទ្វីប​នេះ បេក្ខជន​ទាំងអស់​ត្រូវបំពេញ​ឱ្យបាន​នូវ​លក្ខខណ្ឌ​អាជ្ញាប័ណ្ណ​ក្លិប​អន្តរជាតិ​ជាមុន ឬ AFC Club Licensing 2020។ ក្នុងករណី​មិនអាច​បំពេញបាន សិទ្ធិ​ចូលរួម​នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ស្ថិតនៅ​ចន្លោះ​លេខ2 ដល់​លេខ6 នៃ​ក្របខ័ណ្ឌ MCL។ ដោយឡែក​សម្រាប់​ក្រុម​ណាមួយ​ដែល​ឈ្នះ​ទាំង MCL និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ នោះ​កៅអី​វគ្គ Play-Off ត្រូវ​ផ្ដល់​ក្រុម​រងជើង​ឯក​លី​ក​កំពូល។

    គួរ​បញ្ជាក់ដែរថា ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា (Metfone Cambodia League 2020) នឹងចូលរួម​វគ្គ​ចែក​ពូ​ល AFC CUO 2021 តែម្តង ខណៈដែល​ក្លិប​ជើងឯក​ពាន​សម្តេច (HUN SEN CUP 2020) និង​ត្រូវ​ចូលរួម​វគ្គ​ជម្រុះ​ជាមុនសិន៕

  • Chanathip ប្តូរភ្នាក់ងារដោះដូរកីឡាករ ព្រោះចង់ទៅលេងនៅអឺរ៉ុប

    Chanathip ប្តូរភ្នាក់ងារដោះដូរកីឡាករ ព្រោះចង់ទៅលេងនៅអឺរ៉ុប

    កីឡាករ​ជម្រើសជាតិ​ថៃ Chanathip Songkrasin បានធ្វើការ​ផ្លាស់ប្តូរ​ភ្នាក់ងារ​ដោះដូរ​កីឡាករ​របស់ខ្លួន​ហើយ ដោយ​សង្ឃឹមថា ភ្នាក់ងារ​ថ្មី​នេះ នឹង​អាច​នាំ​រូបគេ​ទៅលេង​អាជីព​នៅ​អឺរ៉ុប​បាន។

    បើ​និយាយ​ពី​កុងត្រា​វិញ កីឡាករ​ថៃ​មាឌ​ល្អិត​រូបនេះ នៅសល់​ពេលវេលា​ជាមួយ​ក្លិប​ក្នុង​លី​ក​កំពូល​ជប៉ុន Hokkaido Consadole Sapporo ដល់​ទៅ 3ឆ្នាំ​ទៀត​ឯណោះ ហើយ​ប្រសិនបើ​មាន​ក្លិប​ណាមួយ​ចង់បាន​រូបគេ ត្រូវ​បង់​តម្លៃ​ខ្លួន​ទិញ​ផ្តាច់​កុងត្រា​កីឡាករ​រូបនេះ ចំនួន 1លាន 9សែន​ដុល្លារ​ជាមុនសិន។

    គួរ​បញ្ជាក់ដែរថា កីឡាករ​របស់​ក្លិប Hokkaido Consadole Sapporo រូបនេះ បាន​ជាប់​ជា​កីឡាករ​បរទេស​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បង្អស់​ទាំង10 នៅក្នុង​លី​ក​កំពូល​ជប៉ុន (J-League 1) ដោយ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មានតម្លៃ​ខ្លួន​ដល់​ទៅ​ជាង 2លាន​ដុល្លារ​ឯណោះ៕

  • 3 ដំណាក់កាលក្នុងការប្រសូតបុត្រដែលស្រ្តីមានគភ៌គួរចាំឱ្យជាប់ក្នុងចិត្ត

    3 ដំណាក់កាលក្នុងការប្រសូតបុត្រដែលស្រ្តីមានគភ៌គួរចាំឱ្យជាប់ក្នុងចិត្ត

    ការតាំងគភ៌គឺជាបទពិសោធន៍ដ៏គួរឱ្យអស្ចារ្យម្យ៉ាងសម្រាប់អ្នកម្តាយគ្រប់រូប ទំរាំតែពរពោះ ថែទាំបំប៉នគភ៌មកយ៉ាងល្អដល់ទៅ 9 ខែ និងលុះដល់ពេលប្រសូត តើនឹងមានរឿងអ្វីកើតឡើងខ្លះនោះ ស្រ្តីមានគភ៌គួរតែសិក្សា និងត្រៀមខ្លួនទប់ទល់នឹងរឿងការប្រសូត 3 ដំណាក់កាលនេះឱ្យជាប់ក្នុងចិត្ត។

    3 ដំណាក់កាលក្នុងការប្រសូតបុត្រ មានដូចខាងក្រោមនេះ ៖

    1 . ការពង្រីកខ្លួនរបស់មាត់ស្បូន និងរង់ចាំមាត់ស្បូនបើកឱ្យពេញទំហឹងសឹន

    អំឡុងពេលនេះអ្នកត្រូវរង់ចាំសឹន ពេលវេលាអាចនឹងកន្លងទៅយឺតខ្លាំងណាស់សម្រាប់អ្នក តែអ្នកក៏ត្រូវតែរង់ចាំឱ្យមាត់ស្បូនបើកឱ្យដល់ 10 សង្ទីម៉ែត្រសឹនដែរ។ ការបើករបស់មាត់ស្បូននឹងបែងចែកជា 3 រយៈពេលដូចតទៅនេះ ៖

    . ចាប់ផ្តើមដំបូងមាត់ស្បូននឹងបើកត្រឹមតែ 0 – 4 សង្ទីម៉ែត្រប៉ុណ្ណោះ ហើយមាត់ស្បូននឹងបើកជារឿយៗទៅទៀតប្រមាណជា 1 សង្ទីម៉ែត្រក្នុង 1 ម៉ោង។ ស្រ្តីមានគភ៌ខ្លះអាចត្រូវរង់ចាំឱ្យមាត់ស្បូនបើកពេញទំហឹងប្រមាណជា 6 – 10 ម៉ោង ទំរាំនឹងប្រសូតបាន អ្នកខ្លះត្រូវរង់ចាំយូរជាងនោះទៅទៀត អាស្រ័យលើបទពិសោធន៍ និងសភាពរាងកាយ ហើយពេលនោះក៏នឹងមានអាការឈឺពោះខ្លាំងឡើងៗជារឿយៗ អ្នកម្តាយខ្លះទឹកភ្លោះអាចនឹងបែកតាំងពីពេលនេះបាត់ទៅហើយ។

    . អំឡុងពេលបន្ទាប់មកទៀត មាត់ស្បូនរបស់អ្នកនឹងបើកចេញប្រមាណជា 3 – 7 សង្ទីម៉ែត្រហើយ ការរង់ចាំប្រសូតបុត្រនឹងនៅសល់ប្រមាណជា 3 – 6 ទៀតប៉ុណ្ណោះ អាស្រ័យលើបទពិសោធន៍របស់ស្រ្តីមានគភ៌ម្នាក់ៗ តែអ្វីដែលប្រាកដច្បាស់នោះគឺ ស្បូនកំពុងតែច្របាច់ខ្លួនយ៉ាងខ្លាំងឡើង អាចនឹងរៀងរាល់ 3 – 5 នាទីហើយ ស្រ្តីមានគភ៌ខ្លះអាចនឹងមានទឹករំអឹលលាយឈាមពណ៌ផ្កាឈូកៗហូរចេញមកទៀតផង។

    . អំឡុងពេលចុងក្រោយ មាត់ស្បូនបានបើកដល់ 10 សង្ទីម៉ែត្រហើយ ពេលវេលាប្រសូតបុត្រនៅសល់ត្រឹមតែ 20 នាទី – 2 ម៉ោងទៀតប៉ុណ្ណោះ។ សម្រាប់ការប្រឹងប្រសូតបុត្រ កូននឹងចេញមកលឿន ឬយឺតនោះអាស្រ័យស្ថិតលើការប្រឹងរបស់អ្នកម្តាយ និងចង្វាក់នៃការប្រឹង។ អំឡុងពេលនេះស្បូននឹងច្របាច់ខ្លួនខ្លាំងឡើង និងញាប់ឡើងខ្លាំងណាស់ អ្នកម្តាយខ្លះអាចនឹងនឿយហត់ និងមានអាការក្អួតចង្អោរ ឈឺផ្សារនៅលើមាត់ស្បូន។

    2 . ខ្យល់ប្រឹងក្នុងរាងកាយ និងការប្រសូតបុត្រ

    ដំណាក់កាលនេះនឹងត្រៀមជាស្រេចក៏នៅពេលដែលមាត់ស្បូនបើកចេញយ៉ាងពេញទំហឹងហើយ អ្នកនឹងមានអារម្មណ៍ដឹងពីការជំរុញយ៉ាងខ្លាំងក្លាពីខាងក្នុង មានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន និងដឹងពីស្បូនច្របាច់ខ្លួនខ្លាំងក្លា និងញាប់ឡើង។ ជាអំឡុងពេលដែលឈឺចាប់បំផុត ពេលនេះគ្រូពេទ្យអាចនឹងកាត់ត្រង់ប្រឡោះមាត់ស្បូនបន្តិចដើម្បីឱ្យប្រឡោះស្បូនបើកធំខ្លាំងឡើង។ អំឡុងពេលដែលត្រូវប្រើកម្លាំងប្រឹងប្រសូតនេះ ពេលមានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន ឬខ្យល់ប្រឹងក្នុងរាងកាយហើយនោះ ចូរអ្នកប្រមូលកម្លាំង និងប្រឹងឱ្យពេញទំហឹងតម្រង់ចំណុចកណ្តាលនៃការប្រឹងឆ្ពោះទៅរកទ្វាធំ(រន្ធគូទ)។ នៅពេលមានចង្វាក់ហើយក៏ប្រឹងចេញមកឱ្យខ្លាំងអស់ពីកម្លាំងកាយ កុំហារមាត់ ឬបញ្ចេញសំឡេងស្រែក ព្រោះកម្លាំងប្រឹងនឹងរុញទៅខាងលើធ្វើឱ្យពិបាកប្រសូត និងប្រើពេលវេលាយូរ។ ពេលអ្នកប្រឹងដើម្បីប្រសូត នឹងមានអារម្មណ៍ថា ផ្នែកក្បាលរបស់កូនចេញមកហើយ អ្នកនឹងមានអារម្មណ៍ថា ធូរស្រាលឡើងបន្តិច ដូច្នេះចូររង់ចាំគ្រូពេទ្យឱ្យសញ្ញាម្តងទៀតដើម្បីចាប់ផ្តើមប្រឹងប្រសូតខ្លួនកូនចេញមកម្តងទៀត ពេលនោះខ្លួនរបស់កូននឹងរអឹលចេញមកដោយស្រួល និងមានសុវត្ថិភាព។

    3 . នៅពេលអ្នកប្រសូតបុត្រចេញមកដល់ដៃគ្រូពេទ្យហើយ

    គ្រូពេទ្យនឹងធ្វើការកាត់ខ្សែទងផ្ជឹតចេញ និងធ្វើកាសម្អាតខ្លួនប្រាណឱ្យកូន អ្នកនឹងមានអារម្មណ៍ដឹងពីកម្លាំងប្រឹងម្តងទៀត មិនមែនព្រោះអ្នកប្រសូតកូនភ្លោះនោះទេ តែអ្នកត្រូវប្រសូតដុំសុកចេញមកផងដែរ ជាវិធីខាងធម្មជាតិនៅពេលប្រសូតបុត្រហើយ ក៏ត្រូវតែប្រសូតដុំសុកចេញមកដែរ។ នៅពេលប្រសូតដុំសុកចេញមកហើយ អ្នកអាចនឹងមានអារម្មណ៍ថា មានអាការរងារញ័រដែលវាជារឿងប្រក្រតី និងបើអ្នកគ្មានអារម្មណ៍ថានឿយហត់ជ្រុលពេកទេនោះ អ្នកគួរតែសុំឱ្យគ្រូពេទ្យយកកូនមកដាក់នៅលើដើមទ្រូងរបស់អ្នក និងឱ្យកូនចាប់ផ្តើមបៅដោះដើម្បីជំរុញទឹកដោះបានភ្លាមតែម្តង។

    អ្នកម្តាយខ្លះនឹងមានបទពិសោធន៍ក្នុងការប្រសូតមិនដូចគ្នាទេ អ្នកខ្លះក៏ជួបនឹងសភាវជ្រៀតជ្រែកផ្សេងៗក្នុងអំឡុងពេលរង់ចាំប្រសូតជាច្រើនយ៉ាង រហូតមិនអាចប្រសូតដោយខ្លួនឯងបាន ត្រូវតែធ្វើការវះប្រសូតដើម្បីសុវត្ថិភាពរបស់ខ្លួនអ្នកម្តាយ និងទារក ដែលគ្រប់យ៉ាងស្ថិតនៅលើការពិចារណារបស់គ្រូពេទ្យដោយត្រង់តែម្តង៕

  • 10 តិចនិករៀបចំផ្ទះឱ្យមើលទៅឃើញរាងស្រឡះឡើង

    10 តិចនិករៀបចំផ្ទះឱ្យមើលទៅឃើញរាងស្រឡះឡើង

    ផ្ទះសម្បែងដែលជាកន្លែងស្នាក់អាស្រ័យរបស់យើងរាល់ថ្ងៃនេះមានសញ្ញាថា នឹងមានទំហំកាន់តែតូចទៅៗជារឿយៗហើយ បើអ្នកណាជ្រើសរើសក្នុងការរស់នៅក្នុងទីកន្លែងល្អៗ ឬក្នុងទីក្រុងនោះ ផ្ទះ និងខុនដូរឹតតែមានទំហំតូចទៅទៀត តែមិនថាផ្ទះដែលលោកអ្នកជ្រើសរើសយកនោះនឹងមានទំហំតូចប៉ុនណាក៏ដោយ ក៏មិនចាំបាច់ត្រូវកង្វល់ដែរ ព្រោះទំព័រឡារ៉ែនដេគ័រមានតិចនិកល្អៗក្នុងការធ្វើឱ្យផ្ទះដែលតូចៗនោះមើលទៅធំស្រឡះឡើងបានដោយគ្រាន់តែធ្វើតាម 10 តិចនិកដូចខាងក្រោមនេះប៉ុណ្ណោះ។

    1 . ទោះជាផ្ទះ ឬបន្ទប់មានទំហំតូចក៏ដោយ ក៏ត្រូវតែមើលទៅឃើញស្អាតបាតដែរ ៈ ការទុកដាក់វត្ថុរបស់របររញេរញ៉ៃរកេករកាកនឹងធ្វើឱ្យផ្ទះមើលទៅឃើញតូចចង្អៀត និងពិបាកក្នុងការបោសជូតសម្អាតទៀតផង ដូច្នេះបើសិនជាចេះរៀបចំទុកដាក់របស់របរទាំងនោះឱ្យចំកន្លែង ឬដកចេញវត្ថុណាដែលមិនបានប្រើការនោះ ផ្ទះ ឬបន្ទប់របស់យើងនឹងមើលទៅឃើញស្រឡះភ្នែកមិនខាន។

    2 . ជ្រើសរើសទិញគ្រឿងសង្ហារិមយ៉ាងឆ្លាតវៃ នោះគឺត្រូវជ្រើសរើសយកគ្រឿងសង្ហារិមណាដែលមានទំហំស័ក្តិសមនឹងខ្នាតរបស់ផ្ទះ ឬបន្ទប់ និងតិចនិកដែលសំខាន់មួយទៀតនោះគឺ ចូរជ្រើសយកគ្រឿងសង្ហារិមណាដែលមានជើង ព្រោះវានឹងធ្វើឱ្យបន្ទប់មើលទៅភ្លឺស្រឡះ និងក្នុងការរៀបចំទុកដាក់វិញ ក៏មិនចាំបាច់ត្រូវតែដាក់គ្រឿងសង្ហារិមទាំងនោះជាប់នឹងជញ្ជាំងជានិច្ចនោះដែរ ការទុកចន្លោះឱ្យឆ្ងាយពីជញ្ជាំងបន្តិច នឹងជួយឱ្យមានអារម្មណ៍ថា មិនទើសទាល់ពេកដែរ។

    3 . ជ្រើសរើសលាបពណ៌ជញ្ជាំងដោយពណ៌ភ្លឺៗ ពពួកពណ៌ស្រាលៗ ពណ៌ស្រទន់ៗ ពណ៌ផាស្ធែល នឹងជួយឱ្យបន្ទប់មើលទៅឃើញស្រឡះឡើង តែបើអ្នកណាចូលចិត្តពណ៌ដឹតៗខ្លាំង ក៏អាចប្រើវិធីតុបតែងបន្ទប់ដោយពណ៌ដឹតៗនៅផ្នែកខាងក្រោម ហើយពណ៌ភ្លឺៗនៅផ្នែកខាងលើ។ តិចនិកនេះនឹងធ្វើឱ្យបន្ទប់មើលទៅឃើញដូចមានពិដានខ្ពស់ឡើង ឬអ្នកខ្លះអាចនឹងជ្រើសរើសប្រើពណ៌របស់គ្រឿងសង្ហារិមដែលស៊ីគ្នាជាមួយពណ៌ជញ្ជាំងបន្ទប់ ក៏ជួយឱ្យបន្ទប់មើលទៅស្រឡះឡើងបានដូចគ្នាដែរ។

    4 . ព្យាយាមប្រើប្រាស់ទីកន្លែងក្នុងបែបបញ្ឈរ ដូចជា ជ្រើសរើសប្រើទូថ្នាក់ដាក់របស់របរបែបព្យួរនឹងជញ្ជាំង ក្រៅពីនេះ នៅមានគ្រឿងសង្ហារិម និងរបស់តុបតែងផ្ទះផ្សេងៗដែលអាចព្យួរនឹងជញ្ជាំងបានជាច្រើនទៀត អាស្រ័យលើអៃឌៀក្នុងការតុបតែងរបស់មនុស្សម្នាក់ៗ តែក៏ត្រូវតែឧស្សាហ៍ប្រមូលរៀបចំទុកដាក់ឱ្យបានល្អដែរ មិនដូច្នោះទេអាចនឹងធ្វើឱ្យមើលទៅឃើញរញេរញ៉ៃបាន។

    5 . កញ្ចក់ជាជម្រើសដែលជួយបានច្រើន ដូចជា ជ្រើសរើសប្រើតុបាយ ឬតុកាហ្វេជាកញ្ចក់ ជំនួសតុឈើ ឬតុថ្មដែលធ្វើឱ្យមើលទៅឃើញដូចជាពេញណែនក្នុងបន្ទប់ រួមទាំងការបំពាក់កញ្ចក់ក៏ជួយឱ្យចាំងពន្លឺ និងថែមទាំងជួយឱ្យបន្ទប់មើលទៅឃើញធំឡើងបានទៀតផង។

    6 . បន្ទប់ចង្រ្កានបាយ គួរឱ្យមានពន្លឺពីធម្មជាតិចាំងចូលមកបាន និងឧបករណ៍ក្នុងចង្រ្កានបាយ បើជ្រើសរើសប្រើវត្ថុដែលមានភាពភ្លឺចែងចាំង ដូចជាពពួកស្ទែនលេស ទូដាក់ម្ហូបអាហារដែលធ្វើពីដែកអ៊ីណុកភ្លឺ ជាដើម ក៏នឹងចាំងជាមួយពន្លឺពីធម្មជាតិនៅពេលថ្ងៃ ធ្វើឱ្យបន្ទប់មើលទៅភ្លឺស្រស់ស្រាយឡើង និងមើលទៅកាន់តែស្រឡះឡើងទៀតផង។

    7 . ជ្រើសរើសប្រើតុញ៉ាំបាយដែលអាចពង្រីក-បង្រួមបាន តុបែបនេះអាចនឹងមានតម្លៃថ្លៃជាងតុធម្មតាបន្តិច តែក៏រួចថ្លៃសម្រាប់ការប្រើប្រាស់ដែរចំពោះផ្ទះដែលមានទំហំតូច និងម្ចាស់ផ្ទះដែលមានមិត្តភ័ក្តិបងប្អូនមកលេងច្រើន។ បើពេលណាគ្មានភ្ញៀវ ឬបងប្អូនមកលេងទេនោះ យើងអាចបត់វាឱ្យតូចមកវិញសម្រាប់ប្រើប្រាស់ធម្មតានៅក្នុងបន្ទប់បាយបាន៕