Category: សង្គម និងសេដ្ឋកិច្ច

  • រឿង​រ៉ាវ​​មួយ​ចំនួន​តូច​ ​ស្ដី​អំពី “​គ្រួសារ​ត្រកូល​ចិន​” នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

    រឿង​រ៉ាវ​​មួយ​ចំនួន​តូច​ ​ស្ដី​អំពី “​គ្រួសារ​ត្រកូល​ចិន​” នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

    បើទោះជាមានចំនួន​មិនដល់10% ក្នុងចំណោមប្រជាជនប្រមាណជា650លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែគ្រួសារដើមកំណើតចិនជាច្រើនដែលនៅពីក្រោយក្រុមហ៊ុនយក្ស​នានា កំពុងតែគ្រប់គ្រងវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងតំបន់ដែល​មាន​ទំហំសេដ្ឋ​កិច្ច​គិត​ជា​ទឹកប្រាក់ឡើងដល់3លានលានដុល្លារអាមេរិកនេះ​។

    ឆ្នាំ1919 Chia Ek Chor បានមករស់នៅក្នុងទីក្រុងបាងកកប្រទេសថៃ និងបានបើកហាងតូចមួយដើម្បីលក់គ្រាប់ពូជដែលនាំចូលពីស្រុកកំណើតនៅឯ Guangdong ប្រទេសចិន។ ក្រោយរយៈពេល2ជំនាន់ ក្រុមហ៊ុនរបស់ Chia Ek Chor ដែលមានឈ្មោះថា Charoen Pokphand (CP) Group បានក្លាយជាក្រុមហ៊ុនខ្នាតយក្សមួយនៅប្រទេសថៃ ដោយមានលក់ទំនិញស្ទើរគ្រប់ប្រភេទតាំងពីសាច់មាន់ សាច់ជ្រូក រហូតដល់រថយន្ត និងទូរស័ព្ទ។ ស្ថាបនិករបស់ក្រុមហ៊ុន ដែលបានទទួលមរណភាពកាលពីឆ្នាំ1983 បានប្ដូរត្រកូលទៅជាភាសាថៃ គឺ Chearavanont។ ប៉ុន្តែក្នុងចិត្តលោកនៅតែបាញ់ឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន។ ឈ្មោះកូនប្រុសចំនួន4នាក់របស់លោក គឺ Zhengmin, Daimin, Zhongmin និង Guomin នៅពេលបកប្រែ​ជាភាសាចិនកុកងឺ អក្សរដំបូងក្នុងឈ្មោះរបស់ពួកគេ សុទ្ធសឹង​តែមានន័យថា “ចិនមហាអស្ចារ្យ និងរុងរឿង”។

    ទំនាក់ទំនងស្អិតល្មួតរវាងគ្រួសារត្រកូល Chearavanont ជាមួយនឹងស្រុកចិន មិនត្រឹមតែជាមនោសញ្ចេតនានោះទេ ប៉ុន្តែគឺមានទាក់ទិននឹងសេដ្ឋកិច្ចដ៏មហិមាផងដែរ។ 2/5 ក្នុងចំណោមប្រាក់ចំណូល68ពាន់លានដុល្លារក្នុងមួយឆ្នាំៗរបស់ក្រុមហ៊ុន CP គឺបានមកពីសាខារាប់រយនៅប្រទេសចិន រួមមានបណ្ដារោងចក្រផលិតចំណីសត្វ ផ្សារទំនើប និងមុខជំនួញផ្សេងៗទៀត។ CP ក៏កាន់កាប់ភាគហ៊ុនមួយចំនួនធំនៅក្នុងក្រុមហ៊ុនធានារ៉ាប់រង Ping An របស់ប្រទេសចិនទៀតផង។ ក្រុមហ៊ុន CP ក៏ជាដៃគូជាទីចូលចិត្តរបស់បណ្ដាក្រុមហ៊ុនវិនិយោគចិននៅប្រទេសថៃ ក្នុងនោះមានដូចជា SAIC ដែល​ជាក្រុម​ហ៊ុន​រថយន្តមួយដែលបានសហការជាមួយ CP ដើម្បីផលិតរថយន្តកីឡា និងរថយន្តប្រភេទ pickup។

    អតីតកាលនិងបច្ចុប្បន្នកាលរបស់គ្រួសារត្រកូល Chearavanonts បាននិងកំពុងស្ដែងឱ្យឃើញអំពីរឿងរ៉ាវជាច្រើននៃបណ្ដាគ្រួសារដើមកំណើតចិនដែលមានទ្រព្យហូរហៀរផ្សេងទៀត ដែល​កំពុង “ពើងទ្រូង” នៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទោះជាមានចំនួនមិនដល់10% ក្នុងចំណោមប្រជាជនសរុបប្រមាណជា650លាននាក់នៅតំបន់នេះ ប៉ុន្តែបណ្ដាគ្រួសារត្រកូលចិនដែលឈរពីក្រោយក្រុមហ៊ុនធំៗជាច្រើន កំពុងតែគ្រប់គ្រងវិស័យសេដ្ឋកិច្ចជាច្រើនផ្នែកនៅក្នុងតំបន់ដែលមានទំហំសេដ្ឋកិច្ច 3លានលានដុល្លារអាមេរិកនេះ។

    គ្រួសារត្រកូលចិននៅតំបន់អាស៊ីអាគ្នេយ៍ រកស៊ីមានបានក៏ដោយសារមានទំនាក់ទំនងជាមួយប្រទេសចិន ចំណែកគ្រួសារត្រកូលចិននៅប្រទេសចិនរកស៊ីមានបានក៏ដោយសារមានទំនាក់ទំនងជាមួយបណ្ដាជនជាតិ ឬប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ George Yeo ដែលជាអតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសសឹង្ហបុរីយល់ថា “ចិនបីបាច់ពួកគេ ហើយពួកគេក៏បីបាច់ចិន”។

    លោក George Yeo អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​សឹង្ហបុរី​

    យោងតាមការវិភាគរបស់ The Economist ដោយយោងទៅលើទិន្នន័យពីទស្សនាវដ្ដី Forbes បាន​ឱ្យដឹង​ថា កាលពីឆ្នាំមុនមានជាង 3/4 ក្នុងចំណោមទ្រព្យ 369ពាន់លានដុល្លាររបស់បណ្ដាសេដ្ឋីនៅតំបន់អាស៊ីអាគ្នេយ៍ គឺ​គ្រប់គ្រងដោយក្រុម​ huaren (huaren គឺសំដៅទៅលើពលរដ្ឋដែលមានដើមកំណើតចិន តែចូលសញ្ជាតិប្រទេសដទៃ)។ ក្រុមនេះ (huaren) ប្រមូលផ្ដុំគ្នាច្រើនជាងគេគឺនៅប្រទេសសឹង្ហបុរី ប៉ុន្តែពួកគេក៏មានវត្តមានជាច្រើននៅក្នុងប្រទេសផ្សេងៗនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ មានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម។ល។

    នៅម៉ាឡេស៊ី មហាសេដ្ឋី Robert Kuok កំពុងគ្រប់គ្រងវិស័យជាច្រើន តាំងពីស្ករស រហូតដល់បណ្ដាញសណ្ឋាគារ Shangri-La។ នៅឥណ្ឌូនេស៊ីវិញ ក្រុមហ៊ុន Lippo Group របស់គ្រួសារត្រកូល Riady កំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេងក្នុងវិស័យធនាគារ អចលនទ្រព្យ និងសុខាភិបាល។ កាលពីឆ្នាំទៅ ស្ថិតិមួយបានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីហ្វីលីពីនចំនួន17នាក់ គឺមាន15នាក់ហើយ​ដែល​មានដើមកំណើតចិន។ ចំណែក​ SM Group របស់​ហ្វីលីពីន​​ដែល​ស្ថិតក្រោមការចាត់ចែងរបស់គ្រួសារត្រកូល Sy ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់នៅពាសពេញទឹកដីចិន។

    ប្រទេសមីយ៉ានម៉ារមិនទាន់មានមហាសេដ្ឋីដើមកំណើតចិន ប៉ុន្តែមានអ្នកជំនួញកំពូលៗជាច្រើនដែលមានដើមកំណើតចិន មានដូចជា Serge Pun (ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនិងធនាគារ Yoma) ឬ Aik Htun (ម្ចាស់ក្រុមហ៊ុន Shwe Taung ដែលរកស៊ីខាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យផ្សេងទៀត) ជា​ដើម​។ល។

    ចំណេញទាំងសងខាង

    អ្នកជំនួញដើមកំណើតចិនទាំងនេះ បានធ្វើឱ្យអាស៊ីអាគ្នេយ៍យកឈ្នះសហភាពអឺរ៉ុបក្នុងការក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ។ សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ និងឥរិយាបថរារែកនៅចំពោះមុខប្រទេសចិន​របស់ក្រុម​ប្រទេស​លោកខាងលិច ដែលកើតឡើងដោយសារបញ្ហា COVID-19 បញ្ហានយោបាយ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើមជា​ដើម​ កំពុងផ្ដល់ឱកាសល្អកាន់​តែ​ច្រើន​ដល់ក្រុម huaren និងក្រុមជនជាតិចិននៅប្រទេសចិន ក្នុង​ការ​ផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងជាងមុន។

    ក៏ប៉ុន្តែ ប្រការខាងលើនេះមិនងាយនឹងដំណើរការដោយរលូតនោះឡើយ។ ក្ដីស្រមៃក្នុងការកែប្រែស្ថានការណ៍ឱ្យវិលទៅរកភាពអស្ចារ្យនៃប្រទេសចិនរបស់លោក Xi Jinping គឺទាមទារឱ្យមានភក្ដីភាពច្រើនជាងបច្ចុប្បន្ន ខណៈដែលស្រុកកំណើតទីពីររបស់ក្រុម huaren កាន់តែសង្ស័យចំពោះមហាអំណាចមួយនេះ។ ដើម្បីធ្វើឱ្យមានតុល្យភាពទាំងសងខាង ក្រុម huaren ទាំងនេះ ត្រូវតែប្រើប្រាស់ជំនាញផ្នែកនយោបាយរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។

    រឿង​រ៉ាវ​ខ្លះៗ​​ស្ដី​អំពី "​គ្រួសារ​ត្រកូល​ចិន​" នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​អាស៊ី​អាគ្នេយ៍ពលរដ្ឋចិនដំបូងដែលបានមកកាន់អាស៊ីអាគ្នេយ៍តាំងពីសតវត្សរ៍ទី15 ប៉ុន្តែមានក្រុមមនុស្សជាច្រើននៅក្នុងចំណោមក្រុម huaren កំពូលៗនា​បច្ចុប្បន្ន បានមកកាន់តំបន់នេះដើម្បីគេចពីស្ថានភាពក្រីក្រ និងអំពើហិង្សាកាលពីដំណាក់ដំបូងៗនៃសតវត្សរ៍ទី19។

    ភាគច្រើននៃពួកគេសុទ្ធសឹងតែបានប្ដូរត្រកូល។ ចំណែកភាពមានបានរបស់ពួកគេគឺកើត​ឡើង​ដោយសារការធ្វើជំនួញ ហើយក្រោយមក មានករណីជាច្រើនបានប្រើប្រាស់ទំនាក់ទំនងល្អជាមួយអ្នកនយោបាយដើម្បី “ងើបឡើង” យ៉ាងឆាប់រហ័ស។ ឧទាហរណ៍ដូចជា Liam Sioe Liong ដែលជាម្ចាស់ក្រុមហ៊ុន Salim Group ជាដើម បាន​ប្រើ​ប្រាស់​ទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី Suharto ហើយក៏ទទួលបាន “មូលដ្ឋាន” ផ្ដាច់មុខនៅក្នុងវិស័យជាច្រើននៃប្រទេសនេះ។

    នៅពាសពេញទឹកដីអាស៊ីអាគ្នេយ៍ ទំនាក់ទំនងដូចខាងលើនេះ បានជួយឱ្យមហាសេដ្ឋីដើមកំណើតចិនជា​ច្រើន​ កសាងបានគ្រឹះយ៉ាងរឹងមាំចាប់តាំងពីយុគសម័យសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅអាស៊ីក្នុងបណ្ដាទសវត្សរ៍ឆ្នាំ1990 និងក្លាយជាក្រុមហ៊ុនយក្សនានា​រហូតដល់បច្ចុប្បន្ន។ ក្រុមពលរដ្ឋដែលត្រូវបានគេហៅថា huaren ទាំងនេះ កំពុងគ្រប់គ្រងវីស័យជាច្រើន រាប់ចាប់ពីកសិកម្ម រហូតដល់ហិរញ្ញវត្ថុ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សេចក្តីប្រកាសព័ត៌មាន៖ អាជីវកម្មខ្នាតតូចនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី

    សេចក្តីប្រកាសព័ត៌មាន៖ អាជីវកម្មខ្នាតតូចនៅកម្ពុជា នៅតែមានសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី

    ទោះបីជា​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​កើតចេញពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19ក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ទាំងនោះ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​អាជីវកម្ម​របស់​ពួកគេ។ នេះ​បើ​យោងតាម​ការរកឃើញរ​បស់​របាយការណ៍​ស្ទង់​មតិ​មួយ ដែល​បានចេញ​ផ្សាយ​នាពេលថ្មីៗនេះ។

    52ភាគរយ នៃ​ម្ចាស់​អាជីវកម្ម​ដែល​បាន​ស្ទង់​មតិ​នៅ​កម្ពុជា​បានឱ្យដឹងថា ថ្វី​ដ្បិត​ពួកគេ​នៅតែ​ប្រឈម​នឹង​បញ្ហា​អាជីវកម្ម ជាពិសេស​បញ្ហា​លំហូរ​សាច់ប្រាក់​វិនិយោគ​ក្ដី  ក៏​ពួកគេ​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​អាជីវកម្ម​របស់​ពួកគេ​ដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​មួយ ឈ្មោះថា « ស្ថានភាព​អាជីវកម្ម​ខ្នាតតូច »  ដែលចេញផ្សាយដោយក្រុម​ហ៊ុន Facebook ជា​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​ធ្វើឡើង​ជាមួយ​អង្គ​ការដើ​ម្បី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហៅ​កាត់​ថា OECD  និង​ធនាគារពិភពលោក។

    របាយការណ៍​ស្រាវជ្រាវ​ដដែល បានធ្វើ​ការស្ទង់មតិ​ជាមួយ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅក្នុង 50ប្រទេស និង​ក្នុង​តំបន់ រួមទាំង ប្រទេស​កម្ពុជា​ផងដែរ  ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​កំណែទម្រង់ផ្សេងៗ ដែល​កំពុង​ត្រូវ​បានដាក់​អនុវត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ-19។

    នៅ​កម្ពុជា របាយការណ៍​ស្ទង់​មតិ​នេះ​បាន​ធ្វើឡើង​ក្នុងចំណោម​ម្ចាស់​អាជីវកម្ម និង​និ​យោ​ជិ​ក តាមរយៈ​បណ្តាញ​សង្គម Facebook  នៅ​ចន្លោះ​ពីថ្ងៃ​ទី28 រហូតដល់​ថ្ងៃទី31 ខែឧសភា ឆ្នាំ2020។ យ៉ាងហោចណាស់  មាន​អ្នកស្ម័គ្រចិត្ត​ចំនួន 222នាក់ បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ ដែល​សុទ្ធតែជា​អ្នកគ្រប់គ្រង​គេហទំព័រ​អាជីវកម្ម Facebook យ៉ាងសកម្ម​នៅ​កម្ពុជា ហើយ​ការចូលរួម​ចែករំលែក​មតិយោបល់​នេះ គឺ​មិនមាន​ការផ្ដល់​ប្រាក់កម្រៃ ក្រោមរូបភាព​ណាមួយ​ឡើយ។

    គោលបំណង​នៃ​ការស្រាវជ្រាវ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការយល់ឃើញ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ជូន​សាធារណជន​បាន​ជ្រាប ក៏ដូចជា​ដើម្បី​វាយតម្លៃ​ឱ្យដឹងថា តើ​ស្ថានភាព​អាជីវកម្ម​របស់​ពួកគេ កំពុង​ប្រែប្រួល​យ៉ាងដូចម្តេចខ្លះ?។

    លោកស្រី Sheryl Sandberg នាយិកា​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Facebook បាន​រៀបរាប់​នៅក្នុង​សេចក្តី​ផ្ដើម​នៃ​របាយការណ៍​នេះ​ថា៖ «អាជីវកម្ម​ខ្នាតតូច គឺជា​បេះដូង ជា​ស្នូល​ដ៏​សំខាន់​របស់​សហគមន៍​យើង។ ពួកគេ​ប្រៀបបាន​ដូចជា​ឆ្អឹងខ្នង​នៃ​លំហូរ​សេដ្ឋកិច្ចពិភពលោក​អ៊ីចឹង​ដែរ។ មិន​ថា​អាជីវកម្ម​ជា​លក្ខណៈ​ហាង​កាហ្វេ បណ្ណាគារ​លក់​សៀវភៅ ភោជនីយដ្ឋាន ជាង​ជួសជុល​ប្រព័ន្ធ​ទឹក អ្នករៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​អ្នក​រចនា​ក្រាហ្វិក​នោះទេ អាជីវកម្ម​ខ្នាតតូច​ទាំងអស់នេះ គឺ​សុទ្ធតែ​រួមចំណែក​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ប្រាក់ចំណូល។ ប៉ុន្តែ​សព្វថ្ងៃនេះ ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​សម្បើម  ដែល​ពួកគេ​មិន​ធ្លាប់បាន​ជួប​ពីមុនមក។ ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ-19 មិនមែន​គ្រាន់តែ​ជា​គ្រោះអាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ផងដែរ»

    របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា 59ភាគរយ​នៃ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ដែល​បាន​ស្ទង់​មតិ បាន​និយាយថា ការលក់ដូរ​របស់​ពួកគេ បាន​ធ្លាក់ចុះ​នា​អំឡុងពេល​កូ​វីដ-19  ហើយ​អាជីវកម្ម 39ភាគរយ បាន​កាត់បន្ថយ​បុគ្គលិក។

    ការស្ទង់មតិ​បានបង្ហាញ​ថា វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​ការ​រឹតត្បិត​លើ​ការរក្សា​អនាម័យ​ពាក់ព័ន្ធ​នឹង​កូ​វីដ-19 និង​ការដែល​ប្រជាជន​ទូទៅ​កាត់បន្ថយ​ចំណាយ​ផ្ទាល់ខ្លួន។ ក្នុងចំណោម​នោះ ស្ទើរ​ពាក់កណ្ដាល​នៃ​អាជីវកម្ម​ក្នុង​វិស័យ​ទាំងអស់នេះ​នៅ​ទូទាំង​ពិភពលោក បាន​បិទទ្វារ។ បើ​ប្រៀបធៀប​ទៅនឹង​អាជីវកម្ម​ដ៏ទៃទៀត អាជីវកម្ម​ខ្នាតតូច​បំផុត ដែលមាន​បុគ្គល​តែ​ម្នាក់ ធ្វើជា​ម្ចាស់​ផង និង​ជា​អ្នកគ្រប់គ្រង​ផង ត្រូវបាន​បិទទ្វារ​ច្រើនជាង ដែល​នេះ​ក៏​បង្ហាញ​ពី​គម្លាត​សមភាព​យេនឌ័រ​យ៉ាងខ្លាំង​ផងដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល។

    នៅ​ទូទាំង​ពិភពលោក បើ​ប្រៀបធៀប​នឹង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង ហើយ​ក្នុងករណី​របស់​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី បាន​បិទទ្វារ​ច្រើនជាង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​បុរស ចំនួន 4ភាគរយ។ ម្យ៉ាងទៀត ភាគច្រើន​នៃ​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ស្ថិតក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ច្រើន​បំផុត ពី​ការ​រឹតត្បិត​លើ​ការរក្សា​គម្លាត​សុវត្ថិភាព​ក៏ដូចជា​អនាម័យ។

    ប៉ុន្តែ​បើទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ជាច្រើន​នៅ​កម្ពុជា បាន​ព្យាយាម​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​សេដ្ឋកិច្ច និង​សង្គម។ ក្នុងនោះ មាន​អាជីវកម្ម​ជាច្រើន បាន​ងាក​ទៅ​ចាប់យក​ការគ្រប់គ្រង​អាជីវកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការបាន​យូរអង្វែង ត​ទៅមុខទៀត។

    បើ​និយាយ​អំពី​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​កំពុងបើក​ដំណើរការ​ធម្មតា​តាម Facebook នៅ​កម្ពុជា​វិញ 41ភាគរយ​នៃ​ពួកគេ​បាន​និយាយថា 1ភាគ4 នៃ​ប្រាក់ចំណូល​សរុប​ដែល​គេ​រកបាន​នា​អំឡុងពេល 2-3ខែ​កន្លងទៅនេះ គឺ​បានមកពី​ការលក់ទំនិញ​តាម​អន​ឡាញ។

    លោកស្រី Sheryl Sandberg មានប្រសាសន៍ថា៖ «សហគ្រិន​គឺជា​មនុស្ស​ដែល​ចេះ​អត់ធន់ ហើយ​របាយការណ៍​បាន​បង្ហាញថា សហគ្រិន​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ពួកគេ។ មកដល់​ម៉ោង​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ទេ ថា​តើ​គេ​ត្រូវ​ដើរ​ផ្លូវ​ណា ដើម្បី​ក្រោកឈរ​ឡើងវិញ ហើយ​អាជីវកម្ម​ជាច្រើន​ក៏​នឹងត្រូវ​ការ​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល ឬ​ស្ថាប័នផ្សេងៗ ដើម្បី​អាច​ក្រោកឈរ​ឡើងវិញ​បាន។ យើង​សង្ឃឹមថា របាយការណ៍​នេះ នឹង​ជួយ​ឆ្លុះ​បង្ហាញ​ឱ្យ​ស្ថាប័ន​ទាំង​នោះបាន​ឃើញថា តើ​ពួកគេ​គួរផ្ដល់​ជំនួយ​គាំទ្រ​ទៅលើ​វិស័យ​ណាខ្លះ ដើម្បីឱ្យ​ការជួយ​នោះ ទទួលបាន​លទ្ធផល​ល្អ​បំផុត។ នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​អាជីវកម្ម​ជាច្រើន​នៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ​ក្រុមហ៊ុន Facebook ប្តេជ្ញា​ថា នឹងធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ឆ្លង​ផុត​ឧបសគ្គ​នេះ»៕

  • សាលារៀនវ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការដោយអនុវត្តរបៀបជាសាលារៀនឆ្លាតវៃ

    សាលារៀនវ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការដោយអនុវត្តរបៀបជាសាលារៀនឆ្លាតវៃ

    នៅក្នុង​របត់​នៃបដិ​វដ្ត​ឧស្សាហកម្ម 4.0 នេះ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដែល​ក្នុងនោះ​ប្រព័ន្ធ​អប់រំ ក៏​ទាមទារ​ឱ្យមាន​ការឆ្លើយតប​នឹង​របត់​បច្ចេកវិទ្យា​ផងដែរ ដើម្បី​អាច​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ទីផ្សារការងារ​នៅ​បច្ចុប្បន្ន និង​អនាគត។

    លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា នៅ​ឆ្នាំនេះ យើង​បាន​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ថ្មី និង​សំខាន់​មួយ​នៅ​ខេត្តបាត់ដំបង ដោយ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការបណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ការអប់រំ​តាមបែប​សតវត្ស​ទី21។ លោក​ថា សាខា​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ នៅ​ចំការ​សំរោង នៃ​ខេត្តបាត់ដំបង​នេះ នឹង​ក្លាយជា​សាលារៀន​ឆ្លាត​វៃ​ដំបូង​គេ ដោយសារតែ​ទី1 យើង​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ក្នុង​ការអប់រំ​ជាច្រើន ដែលជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សិស្ស ក្នុងការ​សិក្សា ការងារ អាជីវកម្ម និង ការរស់នៅ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា ទី2 មេរៀន​សិក្សា យើង​បាន​បញ្ចូល​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល វេទិកា​បង្រៀន​អន​ឡាញ និង​ការគាំទ្រ​សិក្សា​ពី​ចម្ងាយ​ដោយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំធំៗចំនួន6 ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធ​គ្រប់​គ្រង់​សាលារៀន​ផងដែរ ដែល​មាតាបិតា​សិស្ស និង សិស្ស អាច​ពិនិត្យមើល​វត្តមាន​របស់​សិស្ស ទទួលបាន​នូវ​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតាភ្លាមៗជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ និង អាចធ្វើ​ការបង់ថ្លៃ​សិក្សា​បាន​ដោយ​ពុំ​ចាំបាច់​មក​បញ្ជរ​បង់ប្រាក់​របស់​សាលារៀន។

    លោក ប៉ិច បូ​ឡែ​ន បាន​និយាយថា៖ «នៅក្នុង​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ យើង​នឹង​បញ្ចូល​នូវ​ឧបករណ៍​បរិក្ខា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​សម្រាប់​បង្រៀន​សិស្ស ដូច​ជាមាន​រោងភាពយន្ត​ខ្នាតតូច​ទំនើប​សម្រាប់​បម្រើឱ្យ​គោលបំណង​អប់រំ និង​មាន​ប្រើប្រាស់​បច្ចេកវិទ្យា Interactive Whiteboard, AR និង​បច្ចេកវិទ្យា VR ជាដើម​ដើម្បីឱ្យ​សិ​ស្សាបាន​សិក្សា និង​ប្រើប្រាស់» មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាលារៀន​ក៏បាន​រៀបចំ​កន្លែង​សម្រាក​របស់​សិស្ស​បន្ទាប់​ពី​ការសិក្សា ហើយក៏​ជា​កន្លែង​ដែល​សិស្ស​អាចធ្វើ​ការពិភាក្សា​កិច្ចការងារ​ជា​ក្រុម​បាន​ផងដែរ និង សាលារៀន​បាន​បង្កើត​នូវ​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ​ជូន​សិស្សានុសិស្ស និង បុគ្គលិក​របស់​សាលារៀន​ផងដែរ ជាពិសេស​ជាងនេះទៅទៀត​នោះ សាលារៀន​បានដាក់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត ជាមួយនឹង​កាត​សម្គាល់​របស់​សិស្ស គឺអាច​ចេញចូល​ក្នុង​អគា​សិក្សា ចូល​បណ្ណាល័យ និង ទិញ​ទំនិញ​នៅក្នុង​អាហារ​ដ្ឋា​ន​ដោយ​មិនចាំបាច​ប្រើប្រាស់​សាច់ប្រាក់​នោះទេ ហើយ​មាតាបិតា​សិស្ស​ក៏​អាច​គ្រប់គ្រង និង មើល​របាយការណ៍​ប្រើបាស់​ថវិកា​របស់​បុត្រ​ធីតា​បាន​ទៀតផង។

    លោក បូ​ឡែ​ន បានលើកឡើង​ផងដែរ​ថា បន្ថែម​ពីលើ​នេះ យើង​ក៏បាន​បញ្ចូល​នូវ​ការបង្រៀន​តាមបែប​ឆ្លាត​វៃ​ជាច្រើន​ផ្សេងទៀត​បន្ថែម​ពីលើ​កម្មវិធីសិក្សា​គោល​ជា​ភាសា​ខ្មែរ ដូចជា​ការបង្រៀន​ពី​ការធ្វើ​ស្វ័យប្រវត្តិកម្ម (Automation) រួមទាំង​កម្មវិធី​មួយចំនួនទៀត​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ដាក់ឱ្យ​សិក្សា​កម្មវិធី​ដែល​ឆ្លើយតប​ជាមួយនឹង​សតវត្ស​ទី21។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ គឺ​សាលារៀន​បាន​បញ្ចូល​កម្មវិធី សិក្សា​បន្ថែម ក្រៅ​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មានដូចជា៖

    • កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ទិញ Franchise ពី​ប្រទេស​សិង្ហ​បុរី
    • កម្មវិធី​កម្មវិធី​ទម្លាប់​ល្អ​ទាំង7ដ៏​មាន​ប្រសិទ្ធភាព​របស់​បុគ្គល​ឆ្នើម ដែល​បាន​ទិញ​សិទ្ធ​ពី​សហរដ្ឋអាមេរិក
    • កម្មវិធី​បណ្តុះ​គំនិត​ត្រិះ​រិ​ពិចារណា ចេះ​វិភាគ បង្កើត​គំនិត​ថ្មី ស្វែងរក​ដំណោះ​ស្រាស (PRITS) មកពី​ប្រទេស​ម៉ាឡេស៊ី
    • កម្មវិធី​ពិសោធន​លើ​ផ្នែក​គណិតវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និង​វិទ្យាសាស្ត្រ ដើ​ម្បើ​បង្កើន​ការ គិត​បែប​ស៊ីជម្រៅ​លើ​មុខវិជ្ជា​ដទៃ (KIDDO Science ) មកពី​ប្រទេស​ម៉ាឡេស៊ី ។
    • កម្មវិធី​ពិសោធ​បែប​វិទ្យាសាស្ត្រ​ជាមួយនឹង​ឧបករណ៍​ពិសោធន៍ទំនើបៗ ដើម្បី​បង្កើន​ជំនាញ​ទាំង5 ការគិត​បែប​ស៊ីជម្រៅ ការសហការ ការទំនាក់ទំនង ការច្នៃប្រឌិត និង​ទំនុកចិត្ត (Frastrackids) មក​ពីស​ហក​រដ្ឋ​អាមេរិក
    • ក្លឹប​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ដែល​សិស្ស​រៀន​កម្មវិធី​សរសេរ Code សម្រាប់​បញ្ជារ​មនុស្សយ​ន្ត និង​កម្មវិធីផ្សេងៗទៀត​ដែលជា​ជំនាញ​តម្រូវការ ក្នុង​សម័យកាល​បច្ចេក​វិទ្យា ដោយ​សហការ​ជាមួយនឹង KOOMPI មកពី​ប្រទេស​កម្ពុជា
    • កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍រ​ស់​នៅ​របស់​សិស្ស​រវាង​សាលារៀន និង​សាលារៀន ដើម្បី​ជួយ​ឱ្យ សិស្ស​មាន​ភាពម្ចាស់ការ រស់នៅ​ឯករាជ្យ និង​ទទួលបាន​ចំណេះដឹងថ្មីៗ ក្នុងចំណោម​ប្រទេស​ជា សមាជិក​លើក​ពិភពលោក (ISSE) មកពី​សហរដ្ឋអាមេរិក
    • កម្មវិធី​ប្រឹក្សា​យោបល់​អប់រំ និង ការងារ ជូន​សិស្ស និង មាតាបិតា​សិស្ស
    • កម្មវិធី​សិល្បៈ និង កីឡា
    • កម្មវិធីសិក្សា​សម្រាប់​មាតាបិតា​សិស្ស ដើម្បី​ជួយ​ដល់​មាតាបិតា​សិស្ស​ក្នុងការ​អភិវឌ្ឍ​អាជីព​ការងារ មុខ​ជំនួញ និង ជំនាញ​ភាពជា​មាតាបិតា
    • កម្មវិធី​ទូរទស្សន៍​អប់រំ​អន​ឡាញ WEG Education TV
    • កម្មវិធី​បណ្តុំ​មេរៀន​ក្នុង​យូ​ធូប WEG Education YouTube Channel

    សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ​នឹង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការពារ​សិស្សានុសិស្ស ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង អប់រំ យុវជន និង​កីឡា ផងដែរ។

    ដើម្បី​អបអរសាទរ ការបើក​សាខា​ថ្មី ទី11 នៅ​ក្រុង​បាត់ដំបង​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ផ្តល់ជូន​អាហារូបករណ៍​សិក្សា​រហូត​ដល់ 40% ជាមួយនឹង​ធានារ៉ាប់រង​គ្រោះថ្នាក់ និង ការពារ​ការសិក្សា​បុត្រ​ធីតា​រហូតដល់ 5ឆ្នាំ សម្រាប់​ការចុះឈ្មោះ​ចូលរៀន​ត្រឹម​ថ្ងៃទី 15 ខែ សីហា ឆ្នាំ 2020 (កម្មវិធី​ម​ត្តេ​យ្យ​ខ្មែរ ភាសា​អង់គ្លេស និង ភាសា​ចិន) និង ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2020 (កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី1 ដល់ ទី12) (លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត)៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    16 . ទឹកម៉ាស៊ីន(ទឹករបស់រដ្ឋាករទឹក)ដែលមានធុំក្លិនជាតិខ្ល័រខ្លាំង យើងអាចកម្ចាត់ក្លិននេះឱ្យអស់ទៅបាន ដោយចិត្តផ្លែក្រូចឆ្មារជាបន្ទះស្តើងៗដាក់ចូលទៅក្នុងទឹក ក្រូចឆា្មរនឹងជួយបឺតយកក្លិនជាតិខ្ល័រនោះបាត់អស់ និងអាចធ្វើឱ្យទឹកនោះញ៉ាំបានទៀតផង។

    17 . ជ័រគែមទ្វាទូទឹកកកមានមេរោគផ្សឹតកខ្វក់ដុះឡើងខ្មៅៗនោះ យើងមានវិធីសម្អាតចេញបាន ដោយប្រើក្រណាត់ជ្រលក់ទឹកខ្មេះ ហើយយកទៅដុសជូតលើជ័រគែមទ្វាទូទឹកកកដែលមានមេរោគផ្សឹតដុះឡើងនោះ មេរោគផ្សឹតកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។

    18 . យើងអាចកម្ចាត់បញ្ហាសត្វចិញ្ចឹម ដូចជា ឆ្កែ ឆ្មារ ជាដើម ដើរនោម និងជុះមិនដឹងកន្លែងនោះបាន ដោយការរោយម្រេចបុកនៅលើកន្លែងដែលវាធ្លាប់មកនោម ឬជុះនោះ តែប៉ុណ្ណឹង ឆ្កែ និងឆ្មារនឹងលែងមកនោម និងជុះនៅលើទីនោះទៀតហើយ តែវិធីដែលល្អបំផុត គួរតែបង្ហាត់ឱ្យវាចេះនោមក្នុងបន្ទប់ទឹក និងជុះនៅលើក្រដាសដែលយើងដាក់ទុកឱ្យវាជុះ រហូតទាល់តែវាមានទម្លាប់វិញទើបជាការប្រសើរ។

    19 . ការថែរក្សាឈើអំបោសដែលធ្វើពីផ្កាត្រែង ដែលទើបទិញមកថ្មីឱ្យទុកប្រើការបានយូរនោះ យើងអាចធ្វើបានដោយការជ្រលក់ឈើអំបោសទៅក្នុងទឹកអំបឹលក្តៅៗ ផ្កាត្រែងរបស់អំបោសនោះនឹងតោងស្អឹតជាប់គ្នា ធ្វើឱ្យយើងអាចប្រើការបានយូរ មិនដាច់របូតនាំឱ្យរំខានអារម្មណ៍ឡើយ។

    20 . ដែកគោលដែលវាយជាប់នឹងជញ្ជាំងស៊ីម៉ង់ត៍សម្រាប់ព្យួររូបថត ឬរូបភាពផ្សេងៗចាប់ផ្តើមរលុងលែងជាប់ណែនដូចពីមុន មានវិធីកែខៃយ៉ាងងាយៗ ដោយគ្រាន់តែយកសំលីរុំដែកគោល ហើយលាបកាវវិទ្យាសាស្រ្ត រួចវាយចូលទៅជាថ្មី កាវវិទ្យាសាស្រ្តដែលជាប់នឹងសំលីនឹងតោងជញ្ជាំងជាប់យ៉ាងណែន។

    (នៅមានត)

  • ឆ្នាំនេះ សាលាឯកជនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបខ្លួនឯង តែត្រូវទទួលខុសត្រូវចំពោះមុខក្រសួង

    ឆ្នាំនេះ សាលាឯកជនជាអ្នកចេញវិញ្ញាសាប្រឡងបាក់ឌុបខ្លួនឯង តែត្រូវទទួលខុសត្រូវចំពោះមុខក្រសួង

    នៅ​ឆ្នាំ​សិក្សា 2019-2020នេះ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​សាលារៀន​ឯកជន​ទាំងអស់​សិក្សា​ពី​ចម្ងាយ និង​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ខ្លួនឯង។

    តាម​ការបញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នាពេលថ្មីៗនេះ​បានឱ្យដឹងថា ការតាក់តែង រៀបចំ វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺ​គ្រប់គ្រង​ដោយ​គ្រឹះស្ថានសិក្សានីមួយៗ ដោយ​គោរព​ទៅតាម​គោលការណ៍​របស់​ក្រសួង​អប់រំ។

    គោលការណ៍​ដែល​ក្រសួង​អប់រំ បានកំណត់​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជននីមួយៗគឺ ការតាក់តែង​វិញ្ញាសា​ប្រឡង ត្រូវ​យកតាម​កម្មវិធី​សិក្សា​មធ្យមសិក្សា​ទុតិយភូមិ និង​យក​វិញ្ញាសា​ដែល​ក្រសួង​បានចេញ​កន្លងមក​ធ្វើជា​ស្តង់ដា​គោល ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ក្រសួង​ក្នុងការ​គ្រប់គ្រង​វិញ្ញាសារ។ បន្ថែម​ពីលើ​នេះ ចំពោះ​វិញ្ញាសារ​សម្រាប់​ចែក​ឱ្យ​បេក្ខជន ត្រូវ​រៀបចំ​ទៅតាម​បេក្ខជន និង​វិញ្ញាសារ​សម្រាប់​ចម្លង​ដាក់​ក្តារខៀន ត្រូវ​រៀបចំ​ទៅតាម​ចំនួន​បន្ទប់​ប្រឡង។ បន្ទាប់ពី​ដំណើរការ​វិញ្ញាសាសរសេ​រ​នៃ​វិញ្ញាសានីមួយៗ ត្រូវ​រៀបចំ​ដាក់​ក្នុង​ស្រោម​បិទ​សម្ងាត់ sceller រួច​ផ្តល់ជូន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយផ្ទាល់​ដើម្បី​ពិនិត្យ​លើ​កម្រិត​វិញ្ញាសារ។ ដោយឡែក​មណ្ឌល​ដែល​នៅតាម​ខេត្ត​អាច​បញ្ជូនមក​ក្រសួង​នៅពេល​បញ្ចប់​ដំណើរការ​វិញ្ញាសាសរសេ​រ៕

  • កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន 19.5ពាន់លានដុល្លារ

    កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន 19.5ពាន់លានដុល្លារ

    ធនាគារជាតិ​នៃ​កម្ពុជា កាលពីពេលថ្មីៗនេះ​បានចេញ​សេចក្តី​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​មាស និង​រូបិយប័ណ្ណ​បរទេស ដែល​ហៅថា​ទុនបម្រុង​ប្រមាណ 19.5ពាន់​លាន​ដុល្លារ។

    ស្ថាប័ន​ជាតិ​ដ៏​សំខាន់​ខាងលើ​បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា មាន​តួនាទី​បោះពុម្ព​រូបិយវត្ថុ​ជាតិ ហើយ​ត្រូវ​ធានា​តម្លៃ​រូបិយវត្ថុ​ទាំងនោះ។ ដូច្នេះ​រាល់​ការបោះពុម្ពផ្សាយ​ត្រូវមាន​បដិភាគ ជា​ទ្រព្យ​ដែលមាន​តម្លៃ។ ទ្រព្យ​ទាំងអស់នោះ​រួមមាន រូបិយប័ណ្ណ​បរទេស និង​មាស​ដែល​ហៅថា «ទុនបម្រុង​អន្តរជាតិ» ហើយ​ត្រូវបាន​រក្សាទុក​ឱ្យមាន​សុវត្ថិភាព។

    បច្ចុប្បន្ននេះ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន 19.5ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមិថុនា ឆ្នាំ2020នេះ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ខ្លួន​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​ទ្រព្យ​បម្រុង​ទាំងអស់នោះ ដើម្បី​រក្សា​សុវត្ថិភាព។ ហេតុនេះហើយ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា វិនិយោគ​លើ​ឧបករណ៍​ដែលមាន​ស្ថិត​ភាព​ខ្ពស់​ដូចជា​រូបិយប័ណ្ណ​ខ្លាំង និង​មាស។

    បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា រក្សា​មាស​ចំនួន 36.5តោន ដែល​ក្នុងនោះ​មាន​មាស​ដែលជា​កេរ្តិ៍មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​មាន​ចំនួន 12.4តោន ដែល​រក្សាទុក​នៅ​ប្រទេស​ស្វី​ស និង​មាន​មាស​ចំនួន 14.1តោន​កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស។ បន្ថែម​ពីនេះ ធនាគារជាតិ​ក៏បាន​រក្សាទុក​មាស​ចំនួន 10តោន​ផងដែរ​នៅ​កម្ពុជា៕

  • ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជនទៅថ្ងៃក្រោយវិញ

    ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជនទៅថ្ងៃក្រោយវិញ

    តាម​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កន្លងមក​បានឱ្យដឹង​ថា ពេលវេលា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំពោះ​សាលា​ឯកជន​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី 17-18 ខែសីហា​ខាងមុខនេះ តែ​មុននេះ​បន្តិច​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា​ក្រសួង​លើក​ថ្ងៃ​ប្រឡង​វិញ។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា កាលបរិច្ឆេទ​ប្រឡង​បាក់​ឌុប សម្រាប់​សាលា​ឯកជន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី 17-18 ខែសីហា​នេះ ត្រូវ​លើក​ទៅ​ថ្ងៃ​ផ្សេង​វិញ ព្រោះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ឈប់សម្រាក។

    ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើកឡើងថា សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​គ្រឹះស្ថាន​ឯកជន មាន​រយៈពេល2ថ្ងៃ ក្រសួង​នឹង​ជម្រាបជូន​បច្ចុប្បន្នភាព នៃ​កាលបរិច្ឆេទ​សម័យ​ប្រឡង​នាពេល​ក្រោយ។ ដោយសារតែ​ការកំណត់​បរិច្ឆេទ​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2020 ដោយ​កំណត់​យក​ថ្ងៃទី 17-18 ខែសីហា ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រយៈពេល5ថ្ងៃ ដើម្បី​សង​ថ្ងៃ​សម្រាក​ចូលឆ្នាំថ្មី៕

  • គេងច្រើន ញ៉ាំតិច ទុកយូរមិនល្អទេ

    គេងច្រើន ញ៉ាំតិច ទុកយូរមិនល្អទេ

    អ្នកម្តាយភាគច្រើន តែងតែប្រាថ្នាឱ្យទារកទើបនឹងកើតដំបូងគេងសម្រាកក្នុងពេលថ្ងៃឱ្យបានយូរៗ ច្រើនម៉ោង ដើម្បីឱ្យគេបានសម្រាកយ៉ាងពេញទំហឹង និងគ្រប់គ្រាន់ តែបើសិនជាគេងលក់យូរជ្រុលពេក ក៏នឹងនឹកបារម្ភថា តើទារកខុសប្រក្រតីដែរឬទេ?

    ដែលនៅក្នុងការពិតវិញ ការគេងច្រើនពេក ឬតិចពេក សុទ្ធតែមានបញ្ហាទាំងអស់ ដូច្នេះលេខនេះយើងនឹងនិយាយអំពីបញ្ហាដែលលោកឪពុកអ្នកម្តាយគ្រប់គ្នាច្រើនតែមើលរំលង នោះគឺ បញ្ហាការគេងច្រើន និងញ៉ាំតិចរបស់ទារកហ្នឹងឯង។

    រៀនយល់ដឹងពីការគេងរបស់ទារក

    ជាប្រក្រតីទារកមានការគេងជាមធ្យមក្នុងមួយថ្ងៃប្រមាណជា 20 – 22 ម៉ោង ដោយនឹងភ្ញាក់ប្រមាណជា 3 ដងក្នុងមួយយប់ និងនៅក្នុងការគេងម្តងៗនឹងប្រើពេលវេលាប្រមាណជា 4 ម៉ោង ទារកតែងតែភ្ញាក់ពីគេងនៅពេលឃ្លានបៅ សូម្បីតែនៅពេលកណ្តាលយប់ក៏ដោយ ទារកនឹងភ្ញាក់មកបៅទឹកដោះស្ទើរតែរៀងរាល់ 4 ម៉ោងម្តង រហូតទាល់តែគេមានអាយុ 2 – 3 ឆ្នាំ ទើបអាចគ្រប់គ្រងការគេងយូរជាប់ៗគ្នាបាន។

    បៅទឹកដោះប៉ុន្មានល្អ?

    ជាទូទៅ ទារកភាគច្រើនៗតែភ្ញាក់ឡើងមកបៅទឹកដោះប្រមាណជា 8 ពេលក្នុងមួយថ្ងៃ បើកូនតូចបៅទឹកដោះម្តាយ ចូរឱ្យកូនបៅរហូតទាល់តែឆ្អែត ដោយអាចសង្កេតដឹងថា នៅពេលឆ្អែតហើយ ទារកនឹងព្រលែងមាត់ចេញពីដោះម្តាយដោយខ្លួនឯង ឬបើឃើញគេគេងលក់ហើយ នោះក៏បង្ហាញថាគេមឹមឆ្អែតហើយដែរ។

    សង្កេតមើលការគេង ការញ៉ាំរបស់កូន

    បើសង្កេតឃើញថា ទារកមានទង្វើការបៅទឹកដោះ ឬការគេងដែលខុសប្រក្រតី ដូចជា គេងច្រើនជ្រុលពេក គឺគ្រប់ 4 – ម៉ោងហើយនៅមិនព្រមភ្ញាក់មកបៅទឹកដោះ ឬបៅទឹកដោះតិចជាងប្រក្រតី ខុសពីទម្លាប់ដែលធ្លាប់តែបៅបានច្រើន និងជាក្មេងដែលមិនដែលយំ ឬយំតិចនោះ ឪពុកម្តាយកុំព្រងើយកន្តើយឱ្យសោះ គួរនាំកូនទៅប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះអាចកើតភាពខុសប្រក្រតីបាន និងដើម្បីជាការជួយការពារសភាវមិនគ្រប់ទឹកដែលអាចកើតឡើង។

    ភាពខុសប្រក្រតីដែលជួប និងជាមូលហេតុធ្វើឱ្យទារកមានអាការទាំងនោះ កើតឡើងបានដោយសារសភាវអ័រម៉ូន ថៃរ៉យនៅក្នុងឈាមចុះទាប ខ្លួនលឿង ឬកើតការឆ្លងមេរោគ សភាវខ្លួនត្រជាក់តែងជួបនៅក្នុងរដូវរងា ឬនៅក្នុងបន្ទប់ដែលមានធាតុអាកាសត្រជាក់ ឬគេងនៅក្នុងបន្ទប់ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ សភាវសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ តែងជួបនៅក្នុងរដូវក្តៅ ជាដើម​។

    ទារកដែលគេងច្រើន បៅតិច ស្ងាត់ស្ងៀមជ្រុលពេក សុទ្ធតែបង្ហាញឱ្យឃើញពីភាពខុសប្រក្រតីដែលកើតឡើង ដែលត្រូវតែបានទទួលការកែខៃ រឿងវិវឌ្ឍនាការអាចនឹងយឺតយ៉ាងជាងប្រក្រតី ខួរក្បាល ឬប្រព័ន្ធប្រសាទអាចនឹងមានភាពខុសប្រក្រតី។

    រៀនយល់ដឹងពីការគេងរបស់ទារកវ័យ 1 ខួប

    អ្នកម្តាយដែលយកកូនចូលគេងដោយការដាក់កូននៅលើពូកទាំងដែលកូននៅភ្ញាក់នៅឡើយនោះ នៅពេលភ្ញាក់ឡើងកណ្តាលយប់ កូនតូចនឹងរៀនយល់ដឹងក្នុងការបំពេរខ្លួនឯងឱ្យគេងលក់ទៅវិញដោយខ្លួនឯងបាន ដោយមិនរំខានឪពុកម្តាយឡើយ។

    ក្នុងខណៈដែលទារកមួយក្រុមទៀតដែលឪពុកម្តាយបំពេរឱ្យគេងលក់នៅនឹងដើមទ្រូង មុននឹងនាំកូនទៅដាក់ឱ្យគេងនៅលើពូកនោះ ពេលភ្ញាក់ឡើងកណ្តាលយប់នឹងមិនដឹងពីវិធីក្នុងការជួយឱ្យខ្លួនឯងគេងលក់តទៅទៀតបានទេ ព្រោះគ្មានអ្នកជួយបំពេរ ទារកទាំងនោះនឹងស្រែករំខានឪពុកម្តាយឱ្យមកជួយបំពេរ ដូច្នេះបើឪពុកម្តាយណាត្រូវការបង្ហាត់ឱ្យកូនគេងលក់ ដោយឪពុកម្តាយមិនចាំបាច់ត្រូវភ្ញាក់នោះ ត្រូវតែបង្ហាត់កូនឱ្យចេះគេងលក់ដោយខ្លួនឯង៕

  • ចូលរួមរំលែកទុក្ខ! ម្ដាយតារាចម្រៀងត្រកូល «អោក» មរណភាពដោយរោគាពាធ

    ចូលរួមរំលែកទុក្ខ! ម្ដាយតារាចម្រៀងត្រកូល «អោក» មរណភាពដោយរោគាពាធ

    តាមបង្ហោះរបស់ផេកសិល្បករខ្មែរនៅពេលមុននេះបន្ដិច បានឱ្យដឹងថា ម្តាយរបស់តារាចំរៀងក្រុមត្រកូល អោកទាំងបួន បានទទួលមរណភាពហើយដោយរោគាពាធ ដោយសពតម្កល់ធ្វើបុណ្យតាមប្រពៃឋណី ក្នុងសង្កាត់ វាលស្បូវ រាជធានីភ្នំពេញ ។

    គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀង​ត្រកូលអោកទាំងបួន មានឈ្មោះ​ ទីវ​ សោភណ្ឌ​ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ ។អាស្រ័យ​ហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង​​ ដើម្បីជាការចូលរួមរំលែកទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​ និងជូនដំណើរ​គាត់ជាលើកចុងក្រោយផង៕​

  • ចាប់ផ្តើមល្អ…ដោយអាហារពេលព្រឹកសម្រាប់កុមារ

    ចាប់ផ្តើមល្អ…ដោយអាហារពេលព្រឹកសម្រាប់កុមារ

    15% របស់កុមារ ទទួលអាហារពេលព្រឹកមិនគ្រប់គ្រាន់ នឹងមានផលប៉ះពាល់ដល់ការរៀនសូត្រ។

    25% គឺចំណែករបស់កម្លាំងថាមពលពីអាហារពេលព្រឹកដែលកុមារបានទទួល ទាំងដែលវាជាអាហារពេលសំខាន់បំផុតរបស់ថ្ងៃ។

    កុមារតូចៗវ័យ 1 – 3 ឆ្នាំជាវ័យនៃការចម្រើនធំធាត់ វិវឌ្ឍនាការផ្នែកផ្សេងៗដំណើរការទៅយ៉ាងឆាប់រហ័ស និងប្រាកដណាស់ថា មួយក្នុងចំណោមបច្ច័យដែលជួយបង្កើនវិវឌ្ឍនាការរបស់រាងកាយឱ្យរឹងមាំ គេចមិនផុតពីរឿងអាហារការហូបចុកឡើយ ជាពិសេសបំផុត គឺអាហារពេលព្រឹក ដែលវាហុចផលអាក្រក់ទាំងចំពោះសុខភាព និងទាំងការរៀនយល់ដឹងរបស់កុមារផងដែរ។

    តាមរយៈការពិនិត្យរឿងការញ៉ាំអាហារពេលព្រឹករបស់កុមារ បានរកឃើញថា ក្មេងតូចៗដែលទទួលអាហារពេលព្រឹកមិនគ្រប់គ្រាន់មានច្រើនដល់ទៅ 15 % ទាំងអាហារពេលព្រឹកជាអាហាេពេលសំខាន់បំផុតរបស់ថ្ងៃនីមួយៗ ដោយសារតែកុមារនឹងមិនបានទទួលអាហារមកតាំងពីពេលល្ងាចយូរដល់ទៅ 10 – 13 ម៉ោងមកហើយ ធ្វើឱ្យរាងកាយខ្វះជាតិស្ករ គ្លុយខូសដែលនឹងទៅចិញ្ចឹមខួរក្បាល ហុចផលឱ្យកម្មវិធីការរៀនយល់ដឹងថយប្រសិទ្ធភាពចុះ។

    ជាគោលកាណ៍វិញនោះ កម្លាំងថាមពលក្នុងមួយថ្ងៃៗគួរតែបានទទួលពីអាហារ 3 ពេលស្មើៗគ្នា គឺក្នុងមួយពេលប្រមាណជា 30% និងពីអាហារពេលទំនេរ 10 %ទៀត តែតាមរយៈការពិនិត្យមួយបានរកឃើញថា កុមារកម្ពុជាបានកម្លាំងថាមពលពីអាហារពេលព្រឹកប្រមាណជា 25 % និងប្រមាណជា 60 %ទៀតបានពីអាហារពេលថ្ងៃ និងពេលល្ងាច នៅសល់ប៉ុន្មានបានពីអាហារពេលទំនេរដែលសម្បូរទៅដោយស្ករ និងខ្លាញ់ ដែលជាដើមហេតុរបស់ជំងឺផ្សេងៗ ដូចជា រោគធាត់ និងឡើងជាតិខ្លាញ់។ល។

    ការដែលក្មេងៗអត់អាហារពេលព្រឹក នឹងមានផលប៉ះពាល់ដល់សុខភាព និងការរៀនយល់ដឹង ពេលបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុអាហារផ្សេងៗ ធ្វើឱ្យរាងកាយមិនរឹងមាំ អាចធ្វើឱ្យឈឺក្បាល វឹលមុខ ឈឺពោះ និងមានឱកាសកើតជំងឺក្រពះបាន និងក្នុងរយះពេលវែងអាចនឹងកើតជំងឺខ្វះសារធាតុអាហារបានទៀតផង។ ក្រៅពីនេះនៅហុចផលដល់អារម្មណ៍របស់ក្មេងផងដែរ ព្រោះក្មេងដែលមិនបានញ៉ាំអាហារពេលព្រឹក នឹងឃ្លានរហូតធ្វើឱ្យសមាធិថយចុះ មួម៉ៅ អារម្មណ៍វឹលវល់ ល្វើយ និងងងុយគេង។

    បរិមាណអាហារដែលស័ក្តិសម

    ការពិតទៅ នៅលើក្មេងម្នាក់ៗដែលមានវ័យពី 1 – 3 ខួបត្រូវការសារធាតុអាហារមិនខុសគ្នាទេ នឹងខុសគ្នាក៏នៅលើតែបរិមាណប៉ុណ្ណោះ បើបានទទួលបរិមាណអាហារត្រឹមត្រូវតាមគោលភោជនាហារនោះ ក្មេងក៏នឹងបានសារធាតុសារធាតុអាហារគ្រប់ចំនួន។

    សម្រាប់បរិមាណបាយសម្រាប់ក្មេងអាយុ 1 ឆ្នាំ គឺ 4 វែក ក្មេង 2 ឆ្នាំ 5 វែក និងក្មេង 3 ឆ្នាំ 6 វែក ក្រៅពីនេះ ក្នុងមួយពេលៗគួរតែមានបន្លែជាផ្នែកគួបផ្សំ 2 – 4 ស្លាបព្រាបាយ ឱ្យញ៉ាំផ្លែឈើជាអាហារពេលទំនេរ 2 ពេល និងក្រោយពេលបាយ 1 ពេល សរុប 3 ដងក្នុងមួយថ្ងៃ។ សាច់សត្វក្នុងមួយពេល 1 ស្លាបព្រាបាយកន្លះ ស៊ុតមាន់មួយថ្ងៃ 1 គ្រាប់ សម្រាប់ក្មេងអាយុ 1 ឆ្នាំឡើងទៅគួរឱ្យញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 2 កែវ។

    មុខម្ហូបអាហារពេលព្រឹកសម្រាប់ក្មេងអាយុ 1 – 3 ឆ្នាំ

    អាហារពេលព្រឹកគួរតែប្រកបទៅដោយសារអាហារ 3 ក្រុមសំខាន់ៗ គឺ ខាបូហាយដ្រេត ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ជាក្រុមដែលងាយញ៉ាំ និងមិនមានរសជាតិខ្លាំង។

    – ខាបូហាយដ្រេត ៖ រាងកាយដែលខ្វះអាហារមកតាំងពីពេលល្ងាច ធ្វើឱ្យខ្វះជាតិស្ករ ដែលបានពីខាបូហាយដ្រេតដែលក្មេង​ៗមិនអាចខ្វះបាននៅក្នុងអាហារពេលព្រឹក មិនថាតែបាយ ឬនំប៉័ង ជាដើម។

    – ប្រតេអ៊ីន ៖ ត្រៀមសាច់ដុំតូចធំឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹង អ្នកម្តាយត្រូចជ្រើសរើសយកប្រភពប្រូតេអ៊ីនឱ្យស័ក្តិសមជាមួយក្មេង ដូចជា សាច់មាន់ សាចជ្រូកចិញ្រ្ចាំ រួមទាំងស៊ុត និងតៅហ៊ូក៏បាន។

    – វីតាមីន និងសារធាតុរ៉ែ ៖ បង្កើនភាពស្រស់ស្រាយនៅពេលព្រឹកដោយវីតាមីន និងសារធាតុរ៉ែ ដែលឃើញមានច្រើននៅក្នុងបន្លែ និងផ្លែឈើ ដូចជា វីតាមីន C ពីផ្លែក្រូច ត្របែក ឬសារធាតុដែកពីបន្លែស្លឹកបៃតង ដូចជា ស្លឹកបះ ថ្លើម និងសាច់ក្រហម។

    6 មុខម្ហូបឆ្ងាញ់ៗរបស់កូនៗ

    មុខម្ហូបដែលស័ក្តិសមជាមួយក្មេងៗវ័យនេះ គួរតែមានចំណែកផ្សំរបស់ប្រភពប្រូតេអ៊ីន ខាបូហាយដ្រេត ដូចជា បាយ នំប៉័ង សាច់ជ្រូក ឬសាច់មាន់ និងស៊ុត ដាក់បន្លែឱ្យច្រើនមុខ ព្រោះវាជាអាហារចម្បងដែលក្មេងគួរតែបានទទួលដើម្បីបង្កើនកម្លាំងថាមពលនៅពេលព្រឹក ដែលងាយធ្វើ ប្រើពេលវេលាតិច បើត្រៀមគ្រឿងផ្សំផ្សេងៗឱ្យរួចរាល់ជាមុនផងនោះ នឹងជួយឱ្យសន្សំសំចៃពេលវេលាបានច្រើនទៀតផង ដូចជា មុខម្ហូប 6 យ៉ាងយ៉ាងក្រោមនេះ ៖

    – ស៊ុបម៉ាក់ការ៉ូនី សាច់ជ្រូកចិញ្ច្រាំ

    – ស៊ុតក្រឡុក

    – បបរស្លឹកបះ

    – នំសាំងវិចសាច់ត្រីធូណា

    – បាយសាច់ជ្រូកស៊ីអ៊ីវ

    – នំប៉័ងលាបស៊ុតក្រឡុកអាំង

    Mom’s Tip

    មុខម្ហូបទាំងអស់នេះក្រៅពីងាយស្រួលធ្វើហើយ នៅអាចត្រៀមទុកជាមុនបានទៀតផង ដោយហាន់បន្លែហើយយកទៅស្រុះទុកនៅក្នុងប្រអប់បិទគម្របឱ្យជិតដាក់ក្នុងទូទឹកកក ទុកធ្វើឱ្យកូនញ៉ាំបានច្រើនដង មិនចាំបាច់ត្រៀមរៀងរាល់លើក។

    អាហារគ្រប់ចាន អាចដាក់ឱ្យកូនញ៉ាំគូគ្នាជាមួយផ្លែឈើស្រស់ ទឹកផ្លែឈើ ឬទឹកដោះគោ ក៏អាចជួយឱ្យអាហារពេលព្រឹករបស់កូនមានគ្រប់នូវគុណតម្លៃខាងសារធាតុអាហារច្រើនឡើងដែរ៕