Category: សង្គម និងសេដ្ឋកិច្ច

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    2 . ការសាកល្បងរកភាគរយនៃការលាស់ឡើងរបស់គ្រាប់ពូជ

    – ឧបករណ៍ ៈ ចានដែក ឬធុងឈើរាក់ៗ / វត្ថុសម្រាប់ផ្តិតទឹក ដូចជា ក្រដាសជូតដៃ ក្រណាត់សំឡី ឬដីខ្សាច់ស្អាត / គ្រាប់ពូជបន្លែ / ទឹក។

    វិធីការ ៈ គូសជាតារាងឡើង 100 ប្រឡោះនៅលើក្រដាសជូតដៃ ឬក្រណាត់សំឡី ហើយដាក់ចូលទៅក្នុងចានដែកបែបប្រោះទឹកឱ្យសើមជោក។ បើជាដីខ្សាច់ ក៏យកដីខ្សាច់ក្នុងក្នុងធុងឈើប្រោះទឹកឱ្យសើមជោក ហើយគូសជាតារាង 100 ប្រឡោះ បន្ទាប់ពីនោះក៏យកគ្រាប់ពូជដំណាំមកដាក់ក្នុងប្រឡោះនៅលើក្រដាស ក្រណាត់ ឬដីខ្សាច់ទាំង 100 ប្រឡោះ (100 គ្រាប់) រួចយកក្រដាសជូតដៃគ្របពីលើ និងប្រោះទឹកមួយសាទៀត បើនៅលើក្រណាត់ចូរប្រើស្បៃ បើនៅលើធុងដីខ្សាច់ ក៏យកក្រណាត់ជ្រលក់ទឹកគ្របពីលើ បន្ទាប់មកទុកចោលនៅក្នុងទីម្លប់ដែលមានខ្យល់អាកាសបក់ចេញចូលល្ហើយៗ និងមើលថែទាំក្រដាស / ក្រណាត់ឱ្យសើមទឹកគ្រប់ពេលវេលា តែកុំឱ្យជោកជាំជ្រុលពេក។ ប្រមាណជា 1 – 3 ថ្ងៃ គ្រាប់ពូជដំណាំនឹងចាប់ផ្តើមលាស់ចេញមក ចូរបកក្រដាសចេញ ឬយកក្រណាត់ដែលគ្របពីលើនោះចេញ ហើយរាប់ចំនួនគ្រាប់ពូជដែលលាស់ឡើងនោះ បើសិនជាលាស់ឡើងលើស 90 គ្រាប់ទៅ អាចនាំយកទៅដាក់ដាំបាន 70 – 80 គ្រាប់ស្ថិតក្នុងកម្រិតអាចប្រើការបាន គួរនាំយកទៅបន្ថែមប្រសិទ្ធភាពការលូតលាស់ តែបើតិចជាង 60 គ្រាប់ មិនគួរនាំយកទៅដាក់ដាំទេ។

    3 . វិធីការបន្ថែមប្រសិទ្ធភាពការលូតលាស់របស់គ្រាប់ពូជ អាចធ្វើបានដូចតទៅ

    1 . ការកាត់ផ្នែកខ្លះរបស់គ្រាប់ពូជចេញ ឬយកគ្រាប់ពូជមកខាត់លើក្រដាសខាត់ ដែលភាគច្រើនជាគ្រាប់ពូជដំណាំដែលជាដំណាំដើមផុតពីដី និងជាគ្រាប់ដែលមានសំបករឹង។

    2 . ការត្រាំគ្រាប់ពូជក្នុងទឹក

    • 2 . 1 ការត្រាំគ្រាប់ពូជក្នុងទឹកក្តៅ 50 – 55 អង្សា C រយៈពេល 15 – 20 នាទី ហើយនាំយកទៅដាក់ហាលឱ្យស្ងួតនៅក្នុងទីម្លប់។ វិធីនេះនៅជួយការពាររោគដំណាំដែលនឹងកើតពីមេរោគផ្សិតបានទៀតផង (ត្រូវមានប្រដាប់ស្ទង់កម្តៅផង)។
    • 2 . 2 ការត្រាំគ្រាប់ពូជនៅក្នុងទឹកត្រជាក់ 4 – 12 ម៉ោង រួចទើបយកគ្រាប់ពូជនោះទៅដាក់ដាំ។ វិធីនេះនឹងជួយឱ្យគ្រាប់ពូជដែលរក្សាទុកមកយូរហើយមានភាគរយការលាស់បានល្អឡើង ដើមបន្លែរឹងមាំឡើង ដោយបន្លែដែលស័ក្តិសម​ជាមួយវិធីត្រាំទឹកក្តៅ ឬត្រជាក់នោះគឺ ត្រកួន ពោត ត្រប់ ប៉េងប៉ោះ ស្ពៃ ការ៉ុត ខ្ទឹមបារាំង ម្ទេសប្លោក ត្រសក់ និងផ្កាឈូករត្ន។

    3 . ការត្រាំគ្រាប់ពូជក្នុងសម្ភារផ្សេងៗ ដូចជា ក្រដាសជូតដៃ ក្រណាត់ជ្រលក់ទឹក ម្សៅធ្យូង អាចម៍រណា ជំនួសការត្រាំក្នុងទឹកដោយត្រង់ ព្រោះសម្ភារទាំងនេះនឹងខ្ជាក់ទឹកចេញមកយឺតៗ ធ្វើឱ្យគ្រាប់ពូជបឺតទឹកសន្សឹមៗ និងស្តារខ្លួនពីការដេកលក់ជាបណ្តើរៗឡើង។ បន្លែដែលស័ក្តិសមក្នុងការបន្ថែមប្រសិទ្ធភាពការលូតលាស់ដោយវិធីនេះគឺ បន្លែនៃត្រកូលសណ្តែក ព្រោះសណ្តែកនឹងបឺតជ្រាបជាតិទឹកបានល្អ ព្រោះពេលត្រាំទឹកយូរៗនឹងធ្វើឱ្យស្រទាប់សាច់របស់គ្រាប់ពូជខូចខាត ដូច្នេះហើយទើបគ្រាប់ពូជក្នុងត្រកូល សណ្តែកស័ក្តិសមជាមួយវិធីនេះជំនួសការត្រាំទឹកដោយត្រង់។

    ទោះជាពេលខ្លះការពិសោធមើលភាគរយការលូតលាស់ទទួលបានផលល្អមែន តែនៅពេលនាំយកទៅដាក់ដាំហើយ បែរជាមិនបានផលល្អទៅវិញ ដូច្នេះអ្នកដាំគួរពិចារណាពីមូលហេតុបន្ទាប់បន្សំដូចតទៅនេះគួបផ្សំផងដែរ គឺ ៈ

    – ដីមិនស័ក្តិសម ដូចជាដីមានភាពជាអាស៊ីត ឬមានជាតិក្បុងច្រើនពេក ឬខ្វះសារធាតុអាហារក្នុងដី ឬដីមានសំណើមមិនគ្រប់គ្រាន់ ជាដើម។

    – គ្រាប់ពូជត្រូវបានរក្សាទុកយូរពេក។

    – គ្រាប់ពូជកំពុងស្ថិតក្នុងអំឡុងពេលសម្រាកខ្លួន ដេកលក់។

    – គ្រាប់ពូជត្រូវបានរក្សាទុកក្នុងអំឡុងពេលដែលមិនស័ក្តិសម។

    – ភាជនៈ និងវិធីការរក្សាទុកគ្រាប់ពូជមិនល្អ មានសំណើម។

    – ដើមកំណើតពូជដែលយកគ្រាប់ពូជមកប្រើការមិនបាន។

    (នៅមានត)

  • បែកគ្នាយូរហើយ!! ពេលនេះក្រុមចម្រៀង Coconut Band វិលមកវិញចេញបទថ្មី “ក្បត់”

    បែកគ្នាយូរហើយ!! ពេលនេះក្រុមចម្រៀង Coconut Band វិលមកវិញចេញបទថ្មី “ក្បត់”

    ក្រោយពីបាត់មុខមិនចេញបទចម្រៀងអស់មួយរយៈធំ នៅពេលនេះ ក្រុមចម្រៀង Coconut Band បានបញ្ចេញបទថ្មីរបស់ខ្លួនហើយមានចំណងជើងថា “ក្បត់” ។ ក៏ព្រោះតែការខកខានចេញបទចម្រៀងជាយូរ បទថ្មីមួយនេះកំពុងតែអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងសាច់ភ្លេងនិងអត្ថន័យដ៏ចាក់ដោតលន្លង់លន្លោច អាចនិយាយបានថា ពិតជាទាក់ចិត្តយុវវ័យខ្លាំង។

    ចង្វាក់ភ្លេងនៃបទថ្មីមួយនេះ ពិតជាធានាបានភាពទាក់ទាញពីមហាជនមិនធម្មតានោះទេ ដែលក្នុងនោះអត្ថន័យចម្រៀងបានបង្កប់សារទៅកាន់យុវវ័យយ៉ាងច្រើន ជាពិសេសទៅលើមនុស្សក្បត់ចូលចិត្តលួចលាក់ក្បត់ចិត្តសង្សារ ទៅសៅគ្រីនោះអី…។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រមិនតិចនាក់នោះទេ ដោយមានចំនួន Share យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនៅលើហ្វេសប៊ុក និងយូធូបផងដែរ៕

    តោះកុំឱ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ក្រុមចម្រៀង Coconut Band រណ្ដំចិត្តប៉ុនណានោះ ទស្សនាវីដេអូខាងក្រោម៖

  • វង្ស ថាណាន់ បើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម Galaxy Navatra

    វង្ស ថាណាន់ បើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម Galaxy Navatra

    នៅថ្ងៃ28 ខែកក្កដា ឆ្នាំ២០២០ នេះ គេមើលឃើញថា តារាចម្រៀងបែបយុវវ័យ លោក វង្ស ថាណាន់ សំឡេងមានទឹកដមពូកែច្រៀងបានគ្រប់ប្រភេទបទនោះ ខណៈនេះលោកសម្រេចចិត្តចូលផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ បន្ទាប់ពីគេមើលឃើញតារាចម្រៀងល្បីនៅថោន ខេម នាំមុខមុនលោក។

    បទថ្មីដែលទើបតែចេញក្ដៅៗហុយៗមានចំណងជើងថា«ស្នេហ៍ក្រៅផ្លូវការ» ត្រូវបានម្ចាស់បទ លោក វង្ស ថាណាន់ បានទម្លាយអារម្មណ៍ពិតថាការសម្រេចចិត្តដើរចូលផលិតកម្ម Galaxy Navatra គឺមានមូលហេតុតែមួយគត់ គឺលោកចង់មានទ្រនំមួយច្បាស់លាស់ និងមានភាពកក់ក្រៅក្នុងចិត្ត ត្បិតអី Galaxy Navatra បច្ចុប្បន្នកំពុងតែមានសន្ទុះ ទទួលបានការគាំទ្រខ្លាំងពីមហាជន ព្រោះរាល់បទចម្រៀងដែលចេញមក ដឹងតែមានការពេញចិត្ត​ពីទស្សនិកជន មិនថាជាប្រភេទមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ និងបទបែបចង្វាក់ប្រពៃណីឡើយ។

    គួរបញ្ជាក់ផងដែរថា កន្លងមកអតីតបេក្ខភាពប្រលងកម្មវិធី Cambodian Idol រដូវកាលទី2 រូបនេះ ធ្លាប់បង្ហាញមុខក្នុងអឹមវីក្នុងផលិតកម្ម Galaxy Navatra តាមរយៈបទ «អារម្មណ៍ Sad»របស់តារាស្រី តន់ ច័ន្ទសីម៉ា រួចម្ដងហើយ។ ដោយឡែកថ្មីៗនេះ ខាងផលិតកម្មទើបតែបញ្ចេញបទទោលរបស់លោក ដើម្បីបង្ហាញពីការបើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម៕

     

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    26 . វិធីបកស្ទិកឃើរ៍ដែលបិទជាប់នៅលើជញ្ជាំងចេញដោយមិនបន្សល់ស្នាមកាវនៅលើជញ្ជាំងនោះគឺ យកប្រេងឆាមកលាបលើបន្ទះស្ទិកឃើរ៍នោះ រួចសឹមទាញបកចេញមកសន្សឹមៗ ជ័រកាវរបស់ស្ទិកឃើរ៍នឹងមិនមាននៅជាប់សេសសល់នៅលើជញ្ជាំងឡើយ។

    27 . ការប្រើម៉ាស៊ីនបោកខោអាវបែបសន្សំសំចៃបំផុតនោះគឺ ក្នុងការបោកម្តងៗគួរបោកខោអាវក្នុងបរិមាណដែលច្រើនបំផុតហ្នឹងឯង។

    28 . ការធ្វើឱ្យទូដាក់ខោអាវរបស់អ្នកក្រអូបដោយមិនចាំបាច់អស់លុយទិញប្រអប់ក្លិនមកដាក់នោះ គ្រាន់តែបងៗស្រ្តីមេផ្ទះយកដុំសាប៊ូដុសខ្លួនដែលនៅសល់តូចៗ និងលែងប្រើហើយនោះមកដាក់នៅក្នុងជ្រុងណាមួយនៅក្នុងទូ ក្លិនសាប៊ូនឹងក្រអូបពេញទូមិនខាន។

    29 . វិធីសម្អាតភាជនៈអាលុយមីញ៉ូមឱ្យភ្លឺរលោងស្អាតដូចនៅថ្មីនោះគឺ យកសំបកផ្លែប៉ោមទៅស្ងោរ 2 – 3 នាទី ហើយយកទឹកនោះមកដុសខាត់ភាជនៈអាលុយមីញ៉ូមទាំងនោះ តែប៉ុណ្ណឹងភាជនៈទាំងអស់នោះនឹងឡើងភ្លឺរលោងចាំងដូចថ្មីមិនខាន។

    30 . វិធីការប្រើចង្រ្កានដុតចំហុយម៉ៃក្រូវេហ្វឱ្យនៅថ្មីជានិច្ចនោះគឺ ក្រោយពីប្រើចង្រ្កាននោះរួចហើយ គួរជូតសម្អាតគ្រប់ពេល និងត្រូវធ្វើក្នុងខណៈដែលចង្រ្កានកំពុងនៅក្តៅឧណ្ហៗ ព្រោះវាងាយស្រួលជូតសម្អាតជាងពេលដែលវាត្រជាក់ទៅហើយហ្នឹងឯង។

    (នៅមានត)

  • ពាក្យសម្តីពិរោះៗ 7 ប្រយោគដែលឪពុកម្តាយគួរប្រាប់កូនសម្លាញ់រាល់ថ្ងៃច័ន្ទ

    ពាក្យសម្តីពិរោះៗ 7 ប្រយោគដែលឪពុកម្តាយគួរប្រាប់កូនសម្លាញ់រាល់ថ្ងៃច័ន្ទ

    បើលោកឪពុកអ្នកម្តាយគិតថា ទង្វើដែលសម្តែងចេញថា ស្រឡាញ់កូនដោយមិនចាំបាច់ប្រាប់ មិនចាំបាច់និយាយអ្វីរាល់ថ្ងៃច្រើនគឺជារឿងល្អ និងគ្រប់គ្រាន់ហើយនោះ សូមប្រាប់ទៅចុះថា លោកអ្នកកំពុងតែគិតខុសហើយ ព្រោះជួនកាលទង្វើដែលបង្ហាញពីសេចក្តីស្រឡាញ់ បើគ្មានពាក្យសម្តីទេនោះ កូនរបស់អ្នកអាចគ្មានផ្លូវដឹងពិតប្រាកដបានឡើយថា ប៉ាម៉ាក់ស្រឡាញ់គេប៉ុនណា ដូច្នេះ ឡារ៉ែន សូមណែនាំថា លោកឪពុកអ្នកម្តាយគួរតែចាប់ផ្តើមប្រើ ពាក្យសម្តីពិរោះ 7 ប្រយោគខាងក្រោមនេះប្រាប់ទៅកូនសម្លាញ់របស់អ្នកឱ្យបានរៀងរាល់ថ្ងៃ ធានាថា នឹងជួយភ្ជាប់សម្ព័ន្ធភាពឪពុក ម្តាយ កូនបានយ៉ាងពិតប្រាកដ ថែមទាំងជាការបង្ហាត់បង្រៀនកូនសម្រាប់ពេលអនាគតទៀតផង។

    – ប៉ាម៉ាក់ស្រឡាញ់កូនណា៎

    ក្មេងគ្រប់រូបត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងអារម្មណ៍ថាមានសុវត្ថិភាពពីឪពុកម្តាយរបស់ពួកគេ ការដែលប្រាប់ថា ស្រឡាញ់កូនឱ្យកូនបានឮរៀងរាល់ថ្ងៃនេះហើយ ជាវិធីដែលងាយបំផុតក្នុងការធ្វើឱ្យគេមានអារម្មណ៍ថាបានទទួលសេចក្តីស្រឡាញ់ ព្រោះទោះជាអ្នកធ្វើអ្វីគ្រប់យ៉ាងដល់គេដោយក្តីស្រឡាញ់ តែគ្មានពាក្យនេះចេញពីមាត់នោះ ជឿចុះថា ការទទួលដឹងចំពោះរឿងនេះ វាខុសគ្នាយ៉ាងពិតប្រាកដ។

    – កូនធ្វើឱ្យប៉ា និងម៉ាក់មានសេចក្តីសុខណាស់

    សម្រាប់មនុស្សដែលជាឪពុកម្តាយនោះ កូនគឺសេចក្តីសុខ និងសេចក្តីស្រឡាញ់បែបដែលគ្មាននរណាប្រៀបផ្ទឹមបាន ដែលបើមានអារម្មណ៍ដូច្នេះហើយ ក៏កុំរវល់តែអៀនប្រៀន ឬរង់ចាំពេលវេលាក្នុងការប្រាប់នោះ ព្រោះមិនប្រាកដដែរថា វាអាចនឹងជ្រុល ឬ​ហួសពេលទៅហើយក៏អាចថាបានដែរ ដូច្នេះគួរនិយាយប្រាប់ពីអារម្មណ៍ល្អៗដល់គេនៅថ្ងៃនេះ និងរាល់ៗថ្ងៃទៅប្រសើរជាង។

    – ប៉ា និង ម៉ាក់ដឹងថាកូនច្បាស់ជាធ្វើបាន

    ជាធម្មតាពេលដែលកូនធំធាត់ឡើង និងរៀនយល់ដឹងពីរឿងថ្មីៗរៀងរាល់ថ្ងៃ និងជាញឹកញាប់ណាស់ដែលពួកគេមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្លាចក្នុងការសាកល្បងធ្វើអ្វីថ្មីៗ ដូច្នេះលោកឪពុកអ្នកម្តាយគួរនិយាយរៀងរាល់ថ្ងៃថា កូនធ្វើបានស្រាប់ទៅហើយដើម្បីជាការសាងភាពជឿជាក់ និងផ្តល់នូវអារម្មណ៍សប្បាយចិត្តដែលដឹងថា លោកអ្នកជឿជាក់លើរូបគេ។

    – ប៉ា និងម៉ាក់អត់ទោសឱ្យកូនណា៎

    វាត្រូវតែមានថ្ងៃណាមួយមិនខានដែលកូនរបស់អ្នកនឹងធ្វើអ្វីមួយខុសដោយសារតែភាពមិនដឹងរបស់គេ តែជំនួសឱ្យការស្តីបន្ទោស ឬដាក់ទោសពួកគេ ព្រោះក្តីខឹងសម្បាដែលមិនបានតាំងចិត្តនោះ សូមសាកល្បងប្តូរមកជាការបង្រៀនគេស្រួលៗដោយពាក្យថាអភ័យទោសឱ្យវានឹងប្រសើរជាង វិធីនេះគឺជាការបង្រៀនឱ្យក្មេងស្គាល់ពីការអត់ទោសផងដែរ និងបង្ហាញចេញឱ្យឃើញថា លោកអ្នកស្រឡាញ់គេខ្លាំងប៉ុនណាទៀតផង។

    – ប៉ា និងម៉ាក់សុំទោសណា៎កូនណា៎

    សូមជឿចុះថា មានលោកឪពុកអ្នកម្តាយជាច្រើនអៀនខ្មាស់ក្នុងការនិយាយពាក្យនេះចេញមក តែសូមប្រាប់ទៅចុះថា នៅពេលណាដែលលោកឪពុកអ្នកម្តាយធ្វើខុស មិនថាតិច ឬច្រើនក៏ដោយ គួរតែពោលពាក្យថា សុំទោសឱ្យកូនបានឮ ហើយពាក្យនេះអាចរាប់បានថាជាការបង្ហាត់កូនឱ្យស្គាល់ពីការសុំទោសអ្នកដទៃពេលដែលខ្លួនឯងធ្វើខុសផងដែរ។

    – ប៉ា និងម៉ាក់ទទួលស្តាប់កូនជានិច្ច

    គ្មានអ្នកណាម្នាក់ដែលកូនចង់និយាយចង់ប្រាប់គ្រប់រឿងរ៉ាវបានខ្លាំងជាងឪពុក និងម្តាយទៀតឡើយ ដូច្នេះបើលោកអ្នកមិនដែលទទួលស្តាប់កូនសោះនោះ តទៅពេលមានរឿងអ្វី គេក៏ប្រហែលជាមិនហ៊ានប្រាប់អ្នកឡើយ ដូច្នេះគួរតែប្រាប់ឱ្យកូនបានដឹងរាល់ថ្ងៃថា លោកអ្នកត្រៀមជាស្រេចក្នុងការទទួលស្តាប់គេជានិច្ច និងទទួលស្តាប់គ្រប់ៗរឿងទៀតផង ត្រឹមតែប៉ុណ្ណឹងគេក៏សប្បាយចិត្តក្នុងការនិយាយប្រាប់គ្រប់រឿងរ៉ាវឱ្យអ្នកបានដឹងបាត់ទៅហើយ។

    – ប៉ា និងម៉ាក់មានមោទនភាពលើរូបកូនណាស់

    ពេលដែលកូនធ្វើអ្វីល្អៗដែលធ្វើឱ្យអ្នកមានអារម្មណ៍រំភើបចិត្តនោះ ក៏កុំគិតតែពីធ្វើព្រងើយ តែគួរប្រាប់គេផងថា លោកអ្នកមានមោទនភាពលើរូបគេខ្លាំងប៉ុនណា ជឿចុះថាត្រឹមតែពាក្យសម្តីងាយៗមួយម៉ាត់នេះ នឹងសាងនូវកម្លាំងចិត្តដល់កូនឱ្យធ្វើតែរឿងល្អៗយ៉ាងមិននឹកស្មានដល់មិនខាន។

    ឃើញទេថា ត្រឹមតែនិយាយ 7 ប្រយោគងាយៗទាំងនេះ ក៏នឹងជួយសាងកម្លាំងរុញច្រានឱ្យកើតរឿងល្អៗឡើងជាច្រើនមិនខាន ដូច្នេះចូរកុំខ្មាស់អៀនក្នុងការនិយាយប្រាប់កូនឱ្យបានរៀងរាល់ថ្ងៃណា៎៕

  • មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិក

    មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិក

    ក្រោយ​ពី​បាន​បង្កើត​កំណត់​ត្រា​ថ្មី​កាល​ពី​ម្សិលមិញ​ តម្លៃ​មាស​ពិភពលោក​នា​ព្រឹក​នេះ​ក៏​បាន​បន្ត​កើន​ឡើង​រាប់​សិប​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​ក្នុង​1​អោន​ (ounce) ឡើង​ដល់​1,960​ដុល្លារ​អាមេរិក​។

    បិទ​ការ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ​ (27​កក្កដា) មាស​ទិញ​ប្រគល់​ភ្លាម​ៗ​ក្នុង​1​អោន​ឡើង​ថ្លៃ​2​%បើ​ធៀប​នឹង​ម្សិល​ម៉្ងៃ (26​កក្កដា) ដែល​មាន​តម្លៃ​1,943​ដុល្លារ​។ បើកការជួញ​ដូរ​នា​ព្រឹក​នេះ មាស​បន្ត​ឡើង​ថ្លៃ​បន្ថែម​20​ដុល្លារ​ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​រង្វង់​1,963​ដុល្លារ​ក្នុង​1​អោន​ (1អោន=8.29,426​ជី)។

    មាស​ដែល​បង្កើត​បាន​កំណត់​ត្រា​ថ្មី​កាល​ពីម្សិល​មិញ គឺ​ដោយ​សារ​អ្នកវិនិយោគ​ស្វែង​រក​ “ទីជម្រកសុវត្ថិ​ភាព” ​សម្រាប់​រក្សា​ទ្រព្យ​របស់​ពួកគេ​​ នៅ​ពេល​ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិកាំង​បាន​កើន​ឡើង​ខ្លាំង​ក្នុង​គ្រា​​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ​ដោយសារ​COVID-19។ Dollar Index​ ដែល​ជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​កម្លាំង​របស់​ដុល្លារ​អាមេិរក​ជាមួយ​នឹង​បណ្ដា​រូបិយប័ណ្ណ​ធំៗ​ផ្សេង​ទៀត​ បាន​ធ្លាក់​ចុះ​ដល់​បាត​អស់​រយៈ​ពេល​2​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​។

    Edward Moya ដែលជា​អ្នកវិភាគ​ជាន់​ខ្ពស់​មក​ពី​ក្រុម​ហ៊ុន​ OANDA បាន​អះអាង​ថា “ខ្ញុំ​យល់​ថា មាស​នឹង​បន្ត​ឡើង​ថ្លៃ​ ខណៈ​ដែល​រូបិយវត្ថុ​ដុល្លារ​អាមេរិក​ដាំក្បាល​ចុះ​”។ លោក​បន្ត​ថា អ្វី​ៗ​ទាំង​អស់​កំពុង​តែ​នាំ​ប្រយោជន៍​មក​ឱ្យ​មាស​។ Fed (ធនាគារ​កណ្ដាល​​សហរដ្ឋ​អាមេរិក​) នឹង​បង្កើន​ល្បឿន​ក្នុង​ការ​បញ្ចេញ​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ច្រើន​ដើម្បី​​គាំទ្រ​សេដ្ឋ​កិច្ច​។ អស្ថិរ​ភាព​នៃ​វិបត្តិ​សុខ​ភាព​​ចេះ​តែ​បន្ត​កើនកើត​មាន​ ក៏​មាន​ន័យ​ថា វិធានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​ទៀត​”។

    មាស​ពិភពលោក​បន្ត​ឡើង​ថ្លៃ​ខ្ពស់​! 1​អោនមាន​តម្លៃ​1,960​ដុល្លារ​អាមេរិកឆ្នាំ​2020 មាស​បាន​ឡើង​ថ្លៃ​ជិត​30​% ដែល​នេះ​គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្ថាន​ភាពក្នុង​ដំណាក់​កាល​​មុន​COVID-19 មក​ដល់​។ នៅ​មុន​វិបត្តិ​សុខភាព​ មាស​ត្រូវ​ប្រជែង​ជាមួយ​នឹង​ “ជម្រក​សុវត្ថិ​ភាព” ​ជា​ច្រើន​ផ្សេង​ទៀត​ ពិសេស​គឺ​រូបិយ​វត្ថុ​ដុល្លារ​អាមេរិក​។

    មាស​គឺជា​ “ជម្រក​សុវត្ថិ​ភាព​” ដែល​មិន​មាន​​ការ​ប្រាក់​តាម​ការ​កំណត់​ណា​​មួយ​នោះ​ទេ ដោយ​​វា​គឹជា​ឧបករណ៍​សម្រាប់​ការ​ពារ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ព្រោះ​តែ​បញ្ហា​​អតិផរណា និង​បញ្ហា​ប្រាក់​ចុះ​ថោក​។ មូលហេតុ​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មាស​ឡើង​ថ្លៃ​ខ្ពស់​ នោះ​គឺ​ទុន​វិនិយោគ​ដ៏​ធំនានា​ត្រូវ​បាន​បណ្ដាក់​ទៅ​ក្នុង​មូលនិធិ​មាស​ Exchange-traded fund ឬ​ហៅ​ថា​ ETF (ETF គឺជា​ប្រភេទ​មូលនិធិ​មួយ​ ហើយ​វា​កាន់​កាប់​ទ្រព្យ​ជា​ច្រើនប្រភេទ​​ ដូច​ជា​មូលបត្របំណុល​​ ភាគ​ហ៊ុន​ និង​មាស​ដុំជា​ដើម​ ដែល​​ត្រូវ​បាន​បែង​ចែក​​កម្មសិទ្ធិ​​របស់​វា​ផ្ទាល់​ទៅ​ជា​ភាគ​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​ភាគហ៊ុនិក​)។

    អ្នកវិភាគ​ Lukman Otunuga មក​ពី​ក្រុម​ហ៊ុន​ FXTM បាន​អះអាង​ថា “ការ​​រក​បាន​វិធី​ព្យាបាល​ COVID-19 នឹង​អាច​កែ​លម្អ​​ផ្លូវចិត្ត​ និង​អូស​ទាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ឡើង​វិញ​។ ដូច្នេះ​នៅ​ពេល​ស្ថាន​ការណ៍​វិជ្ជ​មាន​នានា​បាន​កើត​ឡើង​ ក្រុម​អ្នកវិនិយោគ​​នឹង​ត្រូវ​ទាក់​ទាញ​ឱ្យ​ចាក​ចេញ​ពី​ “ជម្រក​សុវត្ថិ​ភាព​” (មាស) នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពិតមែនឬ? តឹងរ៉ឹងជាមួយកូនជ្រុលពេក នឹងធ្វើឱ្យកូនចេះកុហក…

    ពិតមែនឬ? តឹងរ៉ឹងជាមួយកូនជ្រុលពេក នឹងធ្វើឱ្យកូនចេះកុហក…

    ការចិញ្ចឹមកូនគឺជាចំណោទដ៏ពិបាកមួយសម្រាប់លោកឪពុកអ្នកម្តាយ ព្រោះគ្រប់គ្នាសុទ្ធតែតាំងសេចក្តីសង្ឃឹមឱ្យកូនធំធាត់ ឡើងក្លាយជាក្មេងល្អ មានអនាគតភ្លឺថ្លា រហូតដល់អាចភ្លេចខ្លួនធ្វើម៉ឺងម៉ាត់តឹងរ៉ឹងជាមួយកូនខ្លាំងហួសហេតុពេក ដែលរឿងនេះវានឹងធ្វើឱ្យក្មេងចេះភូតកុហកដើម្បីយករួចខ្លួនរហូតក្លាយជាទម្លាប់មិនល្អមួយ និងអាចនឹងមានផលប៉ះពាល់ដល់សង្គមគ្រួសារ និងខ្លួនគេនាពេលអានាគតទៀតផង។

    អ្នកចិត្តវិទ្យាកុមារនិយាយថា អាណាព្យាបាលដែលតឹងរ៉ឹងម៉ឺងម៉ាត់លើរបៀបវិន័យ ច្រើនតែសាងអារម្មណ៍ថាមិនមានសុវត្ថិភាពដល់កុមារ ហើយរឿងនោះធ្វើឱ្យបណ្តាក្មេងតូចៗទាំងនោះមិនហ៊ានប្រាប់ការពិត ព្រោះមានអារម្មណ៍វិតក្កកង្វល់ និងស្ទាក់ស្ទើរក្នុងចិត្តថា បើសិនជាប្រាប់ការពិតទៅហើយ អាចនឹងត្រូវទទួលទោសឬអត់? ទើបជ្រើសរើសក្នុងការលាក់បាំង និងកុហកតែម្តងដើម្បីកុំឱ្យខ្លួនឯងត្រូវស្តីបន្ទោស។

    អ្នកជំនាញចិត្តវិទ្យាកុមារបាននិយាយពីចំណុចនេះបន្ថែមយ៉ាងគួរឱ្យចាប់អារម្មណ៍ថា បើអ្នកតឹងរ៉ឹងជាមួយក្មេង ក្មេងនឹងមានអារម្មណ៍ថាមានសម្ពាធ និងខ្លាចមិនហ៊ាននិយាយការពិត ហើយកុហកដើម្បីគេចបញ្ហា រឹតតែពាក្យភូតកុហកនោះមិនត្រូវបានតវ៉ាអ្វីផងនោះ ក្មេងនឹងសាងពាក្យកុហករហូតទៅដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ អាណាព្យបាលអាចធ្វើឱ្យក្មេងៗមានអារម្មណ៍ថាធូរស្រាលបាន ដោយការមិនតាមទៅចាប់កំហុសគ្រប់ជំហាននោះទេ នោះលោកអ្នកនឹងចូលទៅរកពួកក្មេងៗបានយ៉ាងសប្បាយចិត្ត តែបើសិនលោកអ្នកនៅតែជ្រើសរើសក្នុងការម៉ឺងម៉ាត់តឹងរ៉ឹង និងកាចសាហាវជាមួយក្មេងៗនោះ វាក៏មិនបានធ្វើឱ្យស្ថានការណ៍ល្អឡើងឡើយ វាមានតែអាក្រក់ទៅៗតែប៉ុណ្ណោះ។

    ចុងក្រោយនេះ ឡារ៉ែនចង់ជម្រាបថា ឪពុកម្តាយ និងអាណាព្យាបាលក៏ធ្លាប់ជាកុមារពីមុនមកដែរ ចូរសាកល្បងធ្វើការយល់ដឹងក្នុងទស្សនៈរបស់ពួកគេវិញម្តង និងបើកដើមទ្រូងនិយាយគ្នាដោយត្រង់ ប្រាសចាកកំហឹង វានឹងក្លាយជាវិធីកែបញ្ហាបានល្អបំផុតមួយ ដើម្បីសាងសម្ព័ន្ធភាពដ៏ល្អដល់កូនៗរបស់លោកអ្នកខ្លួនឯងហ្នឹងឯង៕

  • 6 វិធី ឈ្លោះជាមួយគូស្នេហ៍ ឱ្យរឹតតែស្រឡាញ់គ្នាខ្លាំងឡើង

    6 វិធី ឈ្លោះជាមួយគូស្នេហ៍ ឱ្យរឹតតែស្រឡាញ់គ្នាខ្លាំងឡើង

    កំលោះក្រមុំជាច្រើននាក់ជឿថា ការឈ្លោះជាមួយគូស្នេហ៍ គឺការបំផ្លាញសម្ព័ន្ធភាព គឺភាពបែកបាក់របស់ជីវិតគូ គឺការសាងស្នាមប្រេះឆាឱ្យសេចក្តីស្រឡាញ់ តែពួកគេមិនបានដឹងឡើយថា ការឈ្លោះជាមួយគូស្នេហ៍ ការពិតវិញនោះ អាចធ្វើឱ្យរូបអ្នកទាំងពីរនាក់ស្រឡាញ់គ្នាកាន់តែខ្លាំងឡើងទៅវិញទេ និងក្លាយជាគូស្នេហ៍ healthy relationship ទៀតផង គ្រាន់តែដឹងពីវិធីក្នុងការឈ្លោះគ្នាដូចខាងក្រោមនេះប៉ុណ្ណោះ…។

    1 . រិះរកវិធីក្នុងការកែបញ្ហារឿងដដែលៗយ៉ាងមានរបៀប

    បើអ្នកទាំងពីរនាក់ធុញទ្រាន់នឹងការដែលត្រូវនិយាយតែរឿងដដែលៗរហូតរួយមាត់ហើយនោះ បើអ្នកដឹងថា បញ្ហានេះត្រូវតែមកជួបរូបអ្នកយ៉ាងប្រាកដនោះ អ្នកទាំងពីរនាក់ត្រូវតែជួយគ្នាគិតកែបញ្ហានោះឱ្យបានយ៉ាងមានរបៀប ដើម្បីការពារកុំឱ្យបញ្ហានោះកើតឡើងដដែលៗម្តងទៀត។

    2 . រកមើលថា តើអំឡុងពេលណាដែលឈ្លោះគ្នាញឹកញាប់បំផុត និងរិះរកវិធីកែខៃ

    បន្ទាប់ពីថ្ងៃដែលស្រវឹងរឡិករឡាក់ បន្ទាប់ពីអំឡុងពេលមានវដ្តរដូវរបស់មនុស្សស្រី បន្ទាប់ពីថ្ងៃដែលសែននឿយហត់ពីការងារ ចូរធ្វើការងឿងឆ្ងល់អំពីវាថា ដោយសារតែហេតុអីទើបអ្នកឈ្លោះគ្នាច្រើនជាងអំឡុងពេលប្រក្រតី និងចៀសវាងពីការប៉ះសំដីគ្នាក្នុងអំឡុងពេលនោះ ឬបើនឹងឈ្លោះគ្នាក៏ប្រាប់នាង(ឬគេ)ផងទៅថា វាដោយសារតែមូលហេតុនេះណា៎។

    3 . ចាំទុកជាប់ជានិច្ចថា ការឈ្លោះគ្នា មិនមែនជាការបំផ្លាញសម្ព័ន្ធភាពនោះទេ

    កុំទៅបាក់ចិត្តគិតថា ឈ្លោះគ្នាពេលណាក៏ចង់តែលែងលះគ្នាគ្រប់តែពេលនោះ សម្លឹងមើលការឈ្លោះគ្នាឱ្យក្លាយជារឿង “សាងភាពយល់ដឹងរវាងគ្នា” បែងចែកឱ្យដាច់ថា តើវាគឺជាការឈ្លោះគ្នាបែបធ្វើបាបគ្នា ឬសាងភាពយល់ដឹងដល់គ្នា?។

    4 . ឈ្លោះគ្នាបាន តែហាមមើលងាយ និងស្តីបន្ទោសគ្នា

    នៅពេលអ្នកទាំងពីរសុទ្ធតែមានអារម្មណ៍ខឹងមួម៉ៅ វាជារឿងដែលងាយខ្លាំងណាស់ដែលអ្នកនឹងយករឿងរ៉ាវគ្រប់យ៉ាងមកបូករួមលាយឡំដើម្បីធ្វើជាពាក្យសំដីធ្ងន់ធ្ងរវាយប្រហារគ្នា ដូចជា “អូន(បង)ឯងមិនដែល…” “បង(អូន)ឯងធ្វើតែ…អ៊ីចឹងរហូត” ទាំងដែលបញ្ហានៃការឈ្លោះគ្នានោះគ្រាន់តែជារឿងតូចមួយប៉ុណ្ណោះ ដូច្នេះសូមឱ្យហ្វូខឹសតែលើដែលឈ្លោះគ្នា និងប្រាប់ពីតម្រូវការទៅគូស្នេហ៍របស់អ្នក និយាយគ្នាឱ្យយល់ លើកឧទាហរណ៍ដូចជា “តើបង(ឬអូន)ត្រូវនៅចាំតែបោសសម្អាតគ្រប់យ៉ាងនៅក្នុងជីវិតអូន(ឬបង)អ៊ីចឹងឬ?” អាចប្តូរទៅជា “បន្ទប់អង្គុយលេងមើលទៅកខ្វក់ណាស់ ប្រហែលជាល្អមែនទែន បើអូន(បង)ឯងជួយបង(អូន)សម្អាតរៀបចំវានោះ” ត្រឹមតែប៉ុណ្ណឹងអ្នកទាំងពីរនាក់ក៏នឹងឈប់ឈ្លោះគ្នាបាត់ទៅហើយ។

    5 . សុំពេលសម្រាកសម្រាប់ខ្លួនឯងខ្លះផង

    ដូចគ្នានឹងកីឡាបាល់ទាត់ដូច្នោះដែរ វាត្រូវតែមានពេលសម្រាកខ្លះសម្រាប់រឿងដែលសែនឈឺក្បាលវឹលមុខទាំងឡាយ ហើយការសម្រាកពីសម្ព័ន្ធភាពស្នេហ៍នេះ មិនមែនជាការធ្វើបាបរូបអ្នកទាំងពីនាក់នោះឡើយ វាគ្រាន់តែជាការផ្តល់ពេលវេលាឱ្យយើងបានគិត បានរំលឹកអំពីរឿងរ៉ាវដែលកន្លងមក មិនប្រាកដដែរពេលវេលាថ្ងៃខែដែលផ្លាស់ប្តូរទៅនោះ អាចនឹងធ្វើឱ្យរូបអ្នកទាំងពីរគិតអ្វីបានច្រើនជាងមុន និងត្រិះរិះអ្វីៗបានកាន់តែល្អជាងមុនឡើងក៏អាចថាបានដែរ។

    6 . រៀនយល់ដឹងពីភាពមិនយល់ពីគ្នាទៅវិញទៅមក

    គ្មាននរណាម្នាក់ឥតខ្ចោះនោះទេ និងក៏ប្រហែលជាគ្មានគូស្នេហ៍មួយគូណាដែលយល់ចិត្តគ្នារហូតនោះដែរ តែវាស្ថិតនៅត្រង់ថា អ្នកទាំងពីរនាក់ត្រូវព្យាយាមយល់អំពីរឿងទាំងនោះច្រើន ឬតិចប៉ុនណាខ្លាំងជាង ដូច្នេះចូររៀនយល់ដឹង កែសម្រួល និងដោះស្រាយឱ្យបានជាប់ជានិច្ច។

    7 . ធ្វើរឿងល្អៗចំពោះសេចក្តីស្នេហាលើកនេះឱ្យបាន “រាល់ថ្ងៃ”

    ផ្តល់នូវការគោរព ផ្តល់នូវភាពស្មោះត្រង់ ផ្តល់នូវសេចក្តីស្រឡាញ់ ផ្តល់នូវការយកចិត្តទុកដាក់ចំពោះសេចក្តីស្នេហាឱ្យបានរៀងរាល់ថ្ងៃ ដូចជា ទូរស័ព្ទរក ធ្វើម្ហូបឱ្យញ៉ាំ ទិញនំមកផ្ញើ តែប៉ុណ្ណឹងរឿងល្អៗក្នុងសេចក្តីស្នេហារបស់អ្នក ក៏នឹងហុចផលឱ្យអនាគតជួបប្រទះតែរឿងល្អៗបានទៅហើយ៕

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

    ដោយសារតែចង្កោមពូជមិនមានភាពទៀងទាត់ គ្រាប់ពូជជំនាន់តៗទៅទៀត របស់គ្រាប់ពូជកូនកាត់ នឹងមានទិន្នផលថយចុះ និងគុណសម្បត្តិផ្សេងៗទៀតក៏ប្រែប្រួល និងមិនអាចផលិតគ្រាប់ពូជបានដោយខ្លួនឯងឡើយ ដោយសារគ្មានគ្រាប់ពូជមេ ព្រោះក្រុមហ៊ុនអ្នកផលិតគ្រាប់ពូជ តែងតែលាក់ទុកវិធីផលិត និងវិធីជ្រើសរើសគ្រាប់ពូជមេ (គ្រាប់ពូជដែលដាក់ដាំលើកទី1)។ នេះជាការសម្ងាត់។

    ដំណាំដែលប្រើគ្រាប់ពូជកូនកាត់ ដែលកសិករនិយមប្រើក្នុងការដាំដុះ ដើម្បីលក់ដូរបែបពាណិជ្ជកម្មនោះ មានដូចជា ពោត និងដំណាំផ្កាតុបតែងផ្សេងៗ។

    គ្រាប់ពូជលាយផ្សំប្រភេទបើក ភាគច្រើននឹងមានភាពសម្បូរបែប ធន់នឹងសភាពបរិស្ថាន និងមានតម្លៃថោកជាងគ្រាប់ពូជកូនកាត់ តែក្នុងផ្លូវផ្ទុយគ្នាវិញ គ្រាប់ពូជកូនកាត់នឹងមានភាពច្បាស់លាស់ខាងពូជ ខ្លាំងជាង ដោយសារតែគ្រាប់ពូជកូនកាត់ជាគ្រាប់ពូជគុណភាពខ្ពស់ មានអត្រាការលូតលាស់ខ្ពស់ អាយុការប្រមូលផលយូរជាង និងមានទិន្នផលខ្ពស់ជាប់លាប់ តែដោយសារមានតម្លៃខ្ពស់ ទើបការប្រើសម្រាប់ដាំដុះ ក្នុងកម្រិតគ្រួសារ អាស្រ័យលើការនិយមចូលចិត្តរបស់អ្នកដាំ ក្នុងការជ្រើសរើសប្រើគ្រាប់ពូជប្រភេទណាមួយ។

    -ការជ្រើសរើសទិញ និងទុកដាក់រក្សាគ្រាប់ពូជ តើត្រូវធ្វើយ៉ាងណា?

    ការជ្រើសរើសទិញគ្រាប់ពូជបន្លែ ដែលល្អអាចចាត់ទុកថា ជាបច្ច័យសំខាន់ដែលមានផលដល់ការរីកចម្រើនធំធាត់របស់ដំណាំ និងការទទួលបានទិន្នផលដែលសមនឹងតម្លៃ ដូចចិត្តអ្នកដាំដុះ។ ដូច្នេះការជ្រើសរើសទិញគ្រាប់ពូជ រឿងដែលសំខាន់បំផុតនោះគឺ ៈ

    1. ការអានស្លាកព័ត៌មាននៅលើកញ្ចប់ ឬកំប៉ុងគ្រាប់ពូជយ៉ាងល្អិតល្អន់ ដោយសង្កេតពីថ្ងៃ-ខែ-ឆ្នាំផលិត និងថ្ងៃផុតកំណត់ ភាគរយនៃការដុះលូតលាស់យ៉ាងតិចត្រូវតែខ្ពស់ជាង 70% ឡើងទៅ។
    2. ទីកន្លែងនៃការដាក់លក់ ក៏ជារឿងមួយសំខាន់ដែរ ព្រោះគ្រាប់ពូជ នឹងមិនត្រូវស្ថិតនៅក្នុងទីកន្លែងដែលអាប់សើម ឬត្រូវពន្លឺថ្ងៃ ខ្លាំងជ្រុលពេកឡើយ។
    3. នៅពេលបើកកញ្ចប់គ្រាប់ពូជប្រើហើយ គួរប្រើឱ្យអស់ក្នុង 1លើកតែម្តង ឬបើសិនជាប្រើមិនអស់ គួរតែបិទកញ្ចប់ឱ្យជិត សរសេរឈ្មោះពូជដំណាំ ថ្ងៃ-ខែ-ឆ្នាំផុតកំណត់ បន្ទាប់មកយកទៅដាក់នៅក្នុងដប ឬថង់ដែលមានវត្ថុការពារសំណើម ដូចជា ដុំធ្យូង ឬផេះ បិទមាត់ថង់ ឬដបនោះឱ្យជិត បន្ទាប់ពីនោះ យកទៅទុកដាក់នៅក្នុងទីកន្លែងដែលស្ងួតល្អ ប្រាសចាកសត្វកណ្តុរ និងសត្វល្អិតផ្សេងៗ និងមានសីតុណ្ហភាព 5 – 10អង្សាC ឬទុកក្នុងទូទឹកកកដើម្បីថែរក្សាគុណភាព។
    4. មិនទិញគ្រាប់ពូជ ពីប្រភពផលិតគ្រាប់ពូជដែលមានរោគរាលដាល។
    5. បើជាគ្រាប់ពូជធម្មតាក្នុងស្រុក ត្រូវទិញគ្រាប់ពូជពីអ្នកផលិតដែលអាចជឿទុកចិត្តបាន ដោយពិចារណាពីបទពិសោធក្នុងការដាំដុះកាលពីគ្រាកន្លងមកថា តើពេលយកមកដាំហើយមានអត្រាការលូតលាស់ខ្ពស់ឬទេ? បានផលល្អ មានរូបរាងស្អាត មានទម្ងន់ និងមានរសជាតិល្អត្រូវតាមលក្ខណៈដូចដែលគេបានឃោសនាដែរឬទេ? បើដាំហើយបានទិន្នផលល្អ គ្រាប់ពូជពីក្រុមហ៊ុនផលិតនោះ ក៏នឹងមានភាពគួរឱ្យជឿទុកចិត្តខ្ពស់។
    6. ទ្រង់ទ្រាយរបស់គ្រាប់ពូជត្រូវតាមពូជ មិនវៀចវ៉ចខុសទម្រង់ពីពូជដែលត្រូវការ។

    ភាគច្រើន គ្រាប់ពូជផ្សេងៗ ទោះជាអាចរក្សាទុកក្នុងកន្លែងកកក្នុងទូទឹកកកបានយូរដល់ 3 – 4ឆ្នាំ និងក្នុងកន្លែងត្រជាក់ធម្មតាក្នុងទូទឹកកកអាចរក្សាទុកបាន 1 – 2 ឆ្នាំក៏ដោយ តែរឿងដែលគួរនឹកដល់មុនគេបំផុតនោះគឺ កុំរក្សាទុកគ្រាប់ពូជយូរជ្រុលពេក ព្រោះបើសិនជារឹតតែរក្សាទុកយូរ ភាគរយក្នុងការលាស់ចេញមករបស់គ្រាប់ពូជនឹងរឹតតែថយចុះដែរ។

    -ការពិសោធលើប្រសិទ្ធភាព ការលាស់ឡើងរបស់គ្រាប់ពូជ

    មុនការដាំដុះដំណាំបន្លែម្តងៗ គួរពិសោធពីភាពដុះលាស់ឡើងរបស់គ្រាប់ពូជដំណាំដោយវិធីងាយៗ ដើម្បីឱ្យដឹងពីបរិមាណភាពលាស់ឡើងរបស់គ្រាប់ពូជនោះ និងបើសិនបានពិសោធគ្រាប់ពូជ មុននឹងសម្រេចចិត្តទិញមកដាំបានផងនោះ ក៏នឹងធ្វើឱ្យមានការសម្រេចចិត្តជ្រើសរើសទិញ បានត្រូវតាមតម្រូវការកាន់តែខ្លាំងឡើង។

    វិធីពិនិត្យមើលគ្រាប់ពូជ បានដោយខ្លួនឯងបែបងាយៗនោះគឺ ៈ

    1. ការដាក់ត្រាំទឹក ៈ ចាប់ផ្តើមដោយការយកគ្រាប់ពូជដំណាំ ដាក់ចូលក្នុងភាជនៈ ដូចជា ពែង ផ្តិលទឹក ឬចានគោមក៏បាន បន្ទាប់មកដាក់ទឹកចូលទៅ រួចសង្កេតមើលគ្រាប់ពូជ បើជាគ្រាប់ដែលខូច វានឹងអណ្តែតឡើង ឯគ្រាប់ដែលល្អនឹងលិចនៅក្នុងទឹក។ បើសង្កេតឃើញថា មានគ្រាប់ដែលអណ្តែតទឹកច្រើន នោះបង្ហាញថា ជាគ្រាប់ពូជគ្មានគុណភាព ខូចច្រើនមិនគួរទិញយកមកដាំទេ។

    (នៅមានត)

  • ជួយកូនទប់ទល់នឹងហេតុការណ៍ថ្មីៗដែលនឹងកើតឡើងក្នុងជីវិត

    ជួយកូនទប់ទល់នឹងហេតុការណ៍ថ្មីៗដែលនឹងកើតឡើងក្នុងជីវិត

    ពេលដែលក្មេងអាយុមិនប៉ុន្មានខួបជួបប្រទះនឹងហេតុការណ៍ផ្សេងៗដែលមិននឹកស្មានដល់ ឬមានការផ្លាស់ប្តូរជីវិតឆ្ពោះទៅរកអ្វីថ្មីៗ តើគេនឹងទៅជាយ៉ាងណាខ្លះទៅហ្ន៎? ហើយតើយើងដែលជាឪពុកម្តាយគួរបង្រៀនកូនឱ្យចេះទប់ទល់នឹងរឿងទាំងនោះយ៉ាងណាឱ្យប៉ះពាល់ដល់បេះដូងដ៏តូចមួយនេះឱ្យតិចបំផុត។ រឿងសំខាន់បែបនេះត្រូវតែមានការត្រៀមការបន្តិចហើយ។

    ចូលសាលាថ្មីៗ

    ផ្ទះខ្លះកូនៗចាប់ផ្តើមចូលដល់វ័យដែលនឹងត្រូវចាកចេញពីផ្ទះទៅចូលសាលារៀន ឬសាលាមត្តេយ្យហើយ តែក្មេងតូចៗខ្លះក៏នៅជាប់តែឪពុកម្តាយ ឬមនុស្សក្នុងផ្ទះ និងមិនសូវស៊ាំធ្លាប់ជាមួយមនុស្សប្លែកមុខ ឬទីកន្លែងដែលគេមិនធ្លាប់ស្គាល់ ដូច្នេះនៅថ្ងៃចូលកងក៏អាចនឹងមានការទួញយំ ហៀរទឹកភ្នែកទឹកសំបោរកក្លេកកក្លាក់បាន ដូច្នេះត្រូវតែមានការត្រៀមការជាមុនខ្លះហើយ។ អាចនឹងចាប់ផ្តើមដោយការ នាំកូនតូចទៅមើលសាលាឱ្យបាន 2 ឬ 3 ដងដើម្បីឱ្យគេស្គាល់តាំងពីដំបូង នាំទៅជួបអ្នកគ្រូប្រចាំថ្នាក់ និងសាកល្បងឱ្យអ្នកគ្រូជជែកនិយាយលេងជាមួយដើម្បីឱ្យគេស្គាល់ ជាដើម។ ក្នុងករណីកូនស្ថិតក្នុងវ័យចូលរៀនបថម បើសាលាមានការបង្រៀនគួក្រៅម៉ោង ក៏សាកល្បងនាំកូនទៅរៀនបណ្តើរៗជាមុនសិនក៏បាន លុះដល់ថ្ងៃចូលកងមែនទែន កូននឹងបានគ្មានបញ្ហាមិនព្រមទៅសាលារៀន។

    បើឪពុក(ឬម្តាយ)ឃ្លាតទៅ

    គឺជារឿងដែលគ្មាននរណាចង់ឱ្យកើតឡើងឡើយ មិនថាតែឃ្លាតទៅដោយមូលហេតុស្លាប់បាត់បង់ជីវិត ឬលែងលះនោះទេ តែបើសិនជាឃ្លាតទៅដោយប្រការដំបូង អ្នកម្តាយខ្លួនឯងទោះជាសោកសង្រេងប៉ុនណាក៏ដោយ ក៏ត្រូវតែមិនភ្លេចក្នុងការប្រតិបត្តិចំពោះកូនដូចទម្លាប់សព្វដងដែរ ព្រោះទោះជាកូនតូចមើលទៅដូចជាមិនយល់ពីសភាវដែលកើតឡើងប៉ុន្មានមែន តែដែលប្រាកដបំផុតគឺ គេបានដឹងពីអារម្មណ៍ទុក្ខព្រួយសោកសៅរបស់អ្នក និងអ្វីដែលសំខាន់គឺ កុំភ្លេចខ្លួនទម្លាយភាណតានតឹងធុញថប់ ឬមួម៉ៅទៅលើកូនឱ្យសោះ។

    តែបើការឃ្លាតចេញទៅដោយសារតែការលែងលះ រឿងដែលសំខាន់គឺ កុំសម្លុត ឬប្រាប់កូនថា “ប៉ា(ឬម៉ាក់)កូនឯងមិនស្រឡាញ់កូនឯង” ឱ្យសោះ។ កូនគួរតែមានស្ថានភាពដែលល្អក្នុងឋានៈដែលអ្នកជាឪពុកម្តាយរបស់គេ ដោយរក្សាសម្ព័ន្ធភាពរបស់ឪពុក ឬម្តាយដែលមានចំពោះកូនឱ្យបានជាប់លាប់បំផុត កុំឱ្យកូនមានអារម្មណ៍ថា បាត់បង់នរណាម្នាក់ទៅ ជាពិសេសក្នុងវ័យនេះ រូបគេកំពុងរៀបចំបុគ្គលភាព និងត្រូវការគំរូទាំងពីឪពុក និងម្តាយ។ ការបើកឱកាសឱ្យមនុស្សម្នាក់ដែលមិនបាននៅជាមួយកូន មានពេលរួមធ្វើកិច្ចការងារជាមួយកូនយ៉ាងជាប់ជាប្រចាំជាវិធីដែលល្អបំផុតចំពោះសភាវផ្លូវចិត្តរបស់កូនក្នុងវ័យនេះ។

    នៅពេលឈឺថ្កាត់

    ផលប៉ះពាល់ដែលកើតឡើងចំពោះកូនគឺ វិវឌ្ឍនាការផ្នែកការសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គមខាងក្រៅរបស់កូននឹងឈប់ង៉ក់ភ្លាមតែម្តង គេនឹងត្រឡប់មកពឹងលើប៉ាម៉ាក់ដូចកាលពីនៅវ័យយំង៉ាៗ មានអារម្មណ៍មិននឹងន ខ្លាចត្រូវបោះបង់ចោល នឹងងង៉ក់ ទន់ជ្រាយជាងប្រក្រតី។ ការមើលថែទាំយកចិត្តទុកដាក់កូនជាពិសេសនឹងជួយសាងភាពជឿទុកចិត្ត និងដាស់ភាពមាំមួនខាងផ្លូវចិត្តរបស់កូនមកវិញបានជាថ្មី។

    ទោះជាក្នុងមួយថ្ងៃៗនឹងមានស្ថានការណ៍អ្វីមួយកើតឡើងក៏ដោយ សុំត្រឹមតែលោកឪពុកអ្នកម្តាយងាកត្រឡប់មកមើលកូនសម្លាញ់ បីបមថ្នាក់ថ្នមមើលថែសភាវផ្លូវចិត្តរបស់គេ ព្រមជាមួយនឹងការកែបញ្ហារឿងរ៉ាវផ្សេងៗទាំងនោះផង មិនបណ្តែតបណ្តោយ ឬព្រងើយកន្តើយចំពោះអារម្មណ៍របស់កូន ឬមើលឃើញថាកូនគ្រាន់តែជាមនុស្សតូចមួយដែលគិតតែពីលេងពីមួយថ្ងៃទៅមួយថ្ងៃនោះកូននឹងធំធាត់ឡើងប្រកបដោយភាពជឿជាក់ និងមានសុទិដ្ឋិនិយម មានចិត្តគំនិតវិជ្ជមាន និងអនាគតដ៏ល្អភ្លឺថ្លាមិនខាន៕