Category: សង្គម និងសេដ្ឋកិច្ច

  • កាន់តែកៀកថ្ងៃប្រកួត Real Madrid រកឃើញខ្សែប្រយុទ្ធម្នាក់ផ្ទុកកូវីដ-19

    កាន់តែកៀកថ្ងៃប្រកួត Real Madrid រកឃើញខ្សែប្រយុទ្ធម្នាក់ផ្ទុកកូវីដ-19

    Real Madrid ត្រូវ​ប្រកួត​តទល់​នឹង​ក្លិប Manchester City ក្នុង​ពានរង្វាន់ UEFA Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 ក្នុង​ថ្ងៃទី7 ខែសីហា ឆ្នាំ2020 សប្តាហ៍​ក្រោយ​ខាងមុខ​នេះហើយ។

    តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​គឺ កីឡាករ Mariano Diaz ខ្សែប្រយុទ្ធ​វ័យក្មេង​នៅក្នុង​ក្លិប​នេះ ត្រូវបាន​រកឃើញថា មា​នន​ផ្ទុកមេរោគ​កូ​វីដ-19 ដែល​អាច​នឹង​ធ្វើឱ្យ​អាក់ខាន​មិនបាន​ធ្វើការ​ប្រកួត ព្រោះ​អាច​នឹង​ត្រូវដាក់​កីឡាករ​ដទៃទៀត ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល 14ថ្ងៃ។

    ក្រោយពី​តេស្ត ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ-19 កីឡាករ​រូបនេះ​ត្រូវបាន​គ្រូបង្វឹក​ដកចេញ​ពី​ក្រុមភ្លាមៗ ហើយ​អនុញ្ញាតឱ្យ​សម្រាក​នៅ​ដាច់ដោយឡែក​នៅក្នុង​ផ្ទះរ​បស់​គេ​តែឯង រយៈពេល 14ថ្ងៃ ដោយ​មិនឱ្យ​ប៉ះពាល់​ជាមួយនឹង​នរណាម្នាក់​ជាដាច់ខាត។ នេះ​បញ្ជាក់ថា កីឡាករ​រូបនេះ​នឹង​អវត្តមាន​នៅក្នុង​ការប្រកួត​ដ៏​ធំ នាពេលខាងមុខឆាប់ៗនេះ​យ៉ាងពិត​ប្រាកដ៕

  • អ្នកជំនាញហិរញ្ញវត្ថុបង្ហាញឥរិយាបទហិរញ្ញវត្ថុ3យ៉ាងដែលគ្រប់គ្នាគួរដឹង

    អ្នកជំនាញហិរញ្ញវត្ថុបង្ហាញឥរិយាបទហិរញ្ញវត្ថុ3យ៉ាងដែលគ្រប់គ្នាគួរដឹង

    ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ដឹង ព្រោះ​វា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុងការ​រស់នៅ។ ហេតុនេះ​មនុស្ស​គ្រប់គ្នា​គួរ​យល់ដឹង​ពី​ឥរិយាបទសំខាន់ៗពាក់ព័ន្ធ​នឹង​ផ្នែក​នេះ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ឥរិយាបទ​ហិរញ្ញ​វត្ថសំខាន់ៗចំនួន3យ៉ាង​ដែល​យើង​គួរ​ដឹង​ដើម្បី​ការពារ​ខ្លួន​ពី​វិបត្តិ និង​ដឹង​ពី​ផ្លូវ​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ។ ឥរិយាបទ​ទី1 គឺ​ឥរិយាបទ​ហិរញ្ញវត្ថុ​នាំឱ្យ​យើង​ចម្រើន។ លោ​កថា​មនុស្ស​ដែលមាន​ឥរិយាបទ​នេះ គឺជា​អ្នកចេះ​ប្រើ​ធនធាន​ដែល​ខ្លួន​មាន ចេះ​ខ្ចី និង​ចេះ​កៀរគរ​ទុន​ពី​អ្នកដទៃ​មក​វិនិយោគ​លើ​អាជីវកម្ម ឬ​គម្រោង​វិនិយោគ​នានា​ដើម្បី​ទទួលបាន​ផលចំណេញ​ដោយ​ស្មារតី​ទទួលខុសត្រូវ។ វា​ជា​ឥរិយាបទ​មួយ​ដែល​លំបាក តែ​វា​អាច​នាំឱ្យមាន​ការរីកចម្រើន​ទាំង​មិត្តភាព បញ្ញា និង​ទ្រព្យធន។

    ឥរិយាបទ​ទី2 គឺ​ឥរិយាបទ​បែប​សុវត្ថិភាព។ ឥរិយាបទ​នេះ គឺ​ការចេះ​សន្សំ​ប្រាក់ ចេះ​ទិញ​ផ្ទះ ឬ​ខុន​ដូ​បង់​រំលស់​ជាដើម។ វា​ជា​រឿង​ងាយ​ធ្វើ មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មិន​ងាយ​ជួបប្រទះ​នឹង​ហានិភ័យ​ដែលនាំឱ្យ​ខាតបង់ តែ​ក៏​មិនសូវ​នាំឱ្យ​រី​ចម្រើន​ផ្នែក​បញ្ញា និង​ទ្រព្យធន​នោះទេ។ ភាគច្រើន​មនុស្ស​ដែលមាន​ឥរិយាបទ​នេះ ជា​អ្នក​ដែល​មិន​ក្រ​ខ្លាំង តែ​ក៏​មិន​អាយ​គ្រប់​ដែរ។

    ចំណែកឯ​ឥរិយាបទ​ទី3 គឺ​ឥរិយាបទ​ហិរញ្ញវត្ថុ​នាំឱ្យ​អន្តរាយ។ ឥរិយាបទ​នេះ​គឺ​សំដៅ​ដល់​ការ​វាយ​វាយ​ហ៊ឺហា ឬ​ទិញ​សម្ភារ​បង់​រំលស់ ដូចជា​រថយន្ត ម៉ូតូ ឬ​ទូរស័ព្ទដៃ​ជាដើម។ វា​ជា​រឿង​ងាយ​ធ្វើ សប្បាយ ឬ​រំភើប​តែ​ពេល​ចាយ​ឬ​ទិញ​របស់ថ្មីៗ ក្រោយមក​ជីវិត​នឹង​ស្ថិតក្រោម​សម្ពាធ​នៃ​ទាសភាព​ផ្នែក​ហិរញ្ញវត្ថុ។ ជីវិត​នឹង​ជួបប្រទះ​តែ​ភាពខ្វះខាត៕

  • ថៃប្រកាសអាហារូបករណ៍ 232កន្លែងដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ 2021

    ថៃប្រកាសអាហារូបករណ៍ 232កន្លែងដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ 2021

    ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា​ក្នុង​ឆ្នាំ2020នេះ ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​អប់រំ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​មហា​ច​ក្រី សិរិ​ន​ថន បានផ្តល់​អាហារូបករណ៍​ចំនួន 232កន្លែង​ដល់​និស្សិត​កម្ពុជា។

    ក្នុងចំណោម​អាហារូបករណ៍​ចំនួន 232កន្លែង​នេះ មាន​កម្រិត​ថ្នាក់បណ្ឌិត​ចំនួន 14កន្លែង បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន 84កន្លែង បរិញ្ញាបត្រ​ចំនួន 129កន្លែង និង​ថ្នាក់​បរិញ្ញាបត្ររង​ចំនួន 5កន្លែង។ អ្នក​ដែល​អាចដាក់​ពាក្យ​បាន​អាចជា​មន្ត្រីរាជការ និស្សិត សិស្ស​កម្ពុជា ដើម្បី​សិក្សា​នៅតាម​គ្រឹះស្ថាន​ចំនួន 35កន្លែង​នៅ​ប្រទេស​ថៃ។

    ការទទួល​ពាក្យ​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ផ្សាយដំនឹង​នេះរ​ហុត​ដល់​ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2020 នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍៕

  • ចំពោះមុខពាណិជ្ជកម្មសេរីជាមួយចិន គួរកុំប្រឹងខ្លាំងពេកលើបន្លែ តែអាចពង្រឹងអង្ករ និងចិញ្ចឹមសត្វបាន

    ចំពោះមុខពាណិជ្ជកម្មសេរីជាមួយចិន គួរកុំប្រឹងខ្លាំងពេកលើបន្លែ តែអាចពង្រឹងអង្ករ និងចិញ្ចឹមសត្វបាន

    ថ្មីៗនេះ​ប្រទេស​កម្ពុជា​យើង​បានបង្ហាញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ដែល​ធ្វើឱ្យ​ទីផ្សារ​ផលិតផល​គ្រប់យ៉ាង ដោយ​ក្នុងនោះ​រួមទាំង​កសិកម្ម​ផង​កាន់តែ​មាន​ភាព​ធំ​ទូលាយ។

    ទោះជា​យ៉ាងនេះ​ក្តី បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ចំពោះមុខ​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ចិន កម្ពុជា​អាចនឹងទទួល​ផលចំណេញ​ច្រើន ឬ​មិនសូវ​ចំណេញ អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​លើ​គ្រប់ផ្នែក​ទាំងអស់។ លោក​ថាបើ​និយាយ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី គេ​មិន​និយាយ​រឿង​ជួយ​នោះទេ តែ​គេ​និយាយ​ពី​ផលចំណេញ​ទៅវិញទៅមក។ ហេតុនេះ​បើ​យើង​ចេះ​ចាប់​ឱកាស​យើង​នឹង​អាច​ចំណេញ ហើយ​ការចាប់​ឱកាស​នេះ​ទៀតសោត​ក៏​គួរតែ​មើល​ឱ្យ​ច្បាស់លាស់​ផងដែរ​ពីអ្វី​ដែល​ចិន​មាន និង​អ្វីដែល​យើង​មាន។

    បណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា ឃើញ​ឱកាស​ទីផ្សារ​ច្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី​កុំ​ខំ​ដាំ​ស្ពៃ ដាំ​ខ្ទឹម ឬ​ខាង​បន្លែ​ខ្លាំងពេក។ រឿង​បន្លែ​នេះ កម្ពុជា​យើង​ធ្វើ​មិន​ឈ្នះ​ចិន​ទេ ព្រោះ​នៅ​ប្រទេស​ចិន​គេ​ដាំ​គ្រប់កន្លែង។ រាជបណ្ឌិតសភា​ក៏​ធ្លាប់បាន​ស្រាវជ្រាវ​ផងដែរ​ថា ស្ពៃ​មួយចំនួន​ដូចជា​ស្ពៃបូកគោ​ជាដើម ដែល​យើង​នាំចូល​ពី​វៀតណាម តាមពិត​មិនមែនជា​របស់​វៀតណាម​ទេ តែ​វារ​បស់​ចិន ដែល​ឆ្លងកាត់​វៀតណាម​ទើប​មកដល់​កម្ពុជា។ ក្រោយ​មាន​ពាណិជ្ជកម្ម​សេរី វា​នឹង​ចាប់ផ្តើម​មានតម្លៃ​ថោក ហើយ​នាំចូល​ដោយផ្ទាល់​មក​កម្ពុជា។ ហេតុនេះ​បើ​និយាយ​រឿង​បន្លែ ចិន​ពូកែ​ណាស់ យើង​គួរ​ចាប់​ផ្នែក​ផ្សេង​ទើបបាន។

    លោក​បណ្ឌិត សុខ ទូច បាន​និយាយថា៖ «បើ​យើង​សំឡឹង​ទៅ​ចិន យើង​អាច​ចាប់យក​ផ្នែក​អង្ករ កៅស៊ូ ម្រេច និង​សាច់​ជាដើម»។

    អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា អ្វីដែល​អាចធ្វើ​បាន​គឺ​ចិញ្ចឹមសត្វ។ ហើយ​ការ​ចិញ្ចឹមសត្វ​នោះ​ទៀតសោត ក៏​ចាំបាច់​ត្រូវមាន​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ត្រី​ដែល​នាំ​ចេញពី​កម្ពុជា​សុទ្ធតែ​ចិន​ជា​អ្នក​មក​ជួល​ដី​ខ្មែរ​ចិញ្ចឹម​ហើយ​នាំចេញ​ទៅវិញ​ដដែល។ ចំណែកឯ​អ្នកជំនាញ​កសិកម្ម ក៏​ដូចគ្នា ត្រូវតែ​ពង្រឹងសមត្ថភាព និង​វិជ្ជាជីវៈ​ឱ្យបាន​ល្អ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    31 – វិធីកំចាត់ស្នាមកខ្វក់ស្អឹតៗនៅលើជញ្ជាំងទូទឹកកកនោះគឺ យកប្រេងឆាមកចាក់លើក្រដាសជូតដៃ ហើយយកទៅដុសខាត់លើស្នាមកខ្វក់នោះរហូតទាល់តែស្អាត ធ្វើឱ្យបាន 2 – 3 ដង និងកុំបារម្ភអី ប្រេងឆាមិនបំផ្លាញភាពភ្លឺរលោងរបស់ជញ្ជាំងទូទឹកកទេ

    32 . វិធីកំចាត់ក្លិនស្អុយរបស់បំពង់បង្ហូរទឹកអាងលាងចានឱ្យក្រអូបស្រស់ស្រាយឡើងវិញនោះ អាចធ្វើបានដោយការចាក់ម្សៅបេកឃីងសូដា 1 ពែងចូលទៅក្នុងបំពង់បង្ហូរទឹកនោះ ទុកចោល 5 នាទី រួចចាក់ទឹកខ្មេះចូលទៅតាម 1 ពែងទៀត ក្លិនស្អុយដែលភាយចេញមកពីក្នុងបំពង់បង្ហូរទឹកអាងលាងចាននោះនឹងបាត់ឈឹងអស់តែម្តង។

    33 . ក្នុងការប្រើថ្នាំដុសខាត់គ្រឿងសង្ហារិម មិនគួរប្រើប្រភេទ ប្រេង ឬក្រមួនញឹកញាប់នោះទេ ព្រោះអាចនឹងធ្វើឱ្យគ្រឿងសង្ហារិមនោះងាយនឹងខូចខាត។

    34 . ក្នុងការសម្អាតគ្រឿងសង្ហារិមដែលជាក្រណាត់កូតុងឱ្យបានល្អស្អាត 100%នោះ ចូរប្រើជក់សម្រាប់លាបពណ៌ដែលនៅថ្មីមកបោសសម្អាតតាមកន្លុកកន្លៀតរបស់គ្រឿងសង្ហារិមនោះ ដំណាលគ្នានឹងការជូតសម្អាតវាគ្រប់ពេល។

    35 . ការសម្អាតតាមកន្លុកកន្លៀតតូចៗរបស់ចង្កៀងភ្លើងគោម បងៗស្រ្តីមេផ្ទះអាចធ្វើបានដោយការប្រើប្រដាប់ផ្លុំសក់ ផ្លុំបាញ់ខ្យល់ទៅតាមកន្លែងដែលមានប្រឡាក់ធូលីដី ហើយជូតសម្អាតដោយក្រណាត់សើមម្តងទៀត ចង្កៀងភ្លើងគោមនោះនឹងនៅតែមើលទៅឃើញនៅថ្មីរហូត។

    (នៅមានត)

  • ចិន ជាទីផ្សារថ្មី និងល្អមួយសម្រាប់អង្ករកម្ពុជា

    ចិន ជាទីផ្សារថ្មី និងល្អមួយសម្រាប់អង្ករកម្ពុជា

    កម្ពុជា ជា​ប្រទេស​ដែល​ផលិត និង​នាំចេញ​អង្ករ​យ៉ាងសំខាន់​មួយ​សម្រាប់​ទីផ្សារ​នានា​ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ ហេតុនេះហើយ ទើប​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​តែងតែ​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​បន្ថែម​សម្រាប់​វិស័យនេះ ឱ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ចំនួន​នាំចេញ។

    លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ចិន​ជា​ប្រទេស​ដែល​ទទួល​ទិញ​អង្ករ​ច្រើន​ពី​កម្ពុជា ដែល​វិស័យ​ស្រូវ​អង្ករ​នៅតែមាន​សក្តានុពល​ខ្លាំង​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​នេះ។ ទោះជា​យ៉ាងនេះ​ក្តី ទីផ្សារ​អង្ករ​នៅ​ប្រទេស​ចិន​បច្ចុប្បន្ន គឺ​កំពុង​វាយលុក និង​កាន់កាប់​ដោយ​ទីផ្សារ​អង្ករ​មកពី​វៀតណាម និង​ថៃ។ ហេតុនេះ​ដើម្បី​ពង្រឹង​សក្តានុពល​បន្ថែម​សម្រាប់​អង្ករ​កម្ពុជា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ជំរុញ​ការផ្សព្វផ្សាយ​ពី​ផលិតផល​អង្ករ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​ចិន។

    សហគ្រិន​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា អ្នករកស៊ី​ផ្នែក​អង្ករ​នៅ​កម្ពុជា ក៏​គួរតែ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ចិន​ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​បន្ត​ផ្សព្វផ្សាយ​បន្ថែម​ពី​សក្តានុពល​របស់​អង្ករ​កម្ពុជា​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​របស់គាត់។

    បច្ចុប្បន្ននេះ បើ​មើ​លពី​កម្រិត​នៃ​ការនាំ​ចូលទៅក្នុង​ប្រទេស​ចិន អង្ករ​កម្ពុជា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​អង្ករ​ថៃ និង​វៀតណាម ព្រោះ​ប្រទេស​គេ​បាន​នាំចូល​មុន​កម្ពុជា តែ​អ្វី​ដែលជា​លក្ខណៈសម្បត្តិ​ល្អ​របស់​អង្ករ​កម្ពុជា គឺ​យើង​មានតម្លៃ និង​គុណភាព​អាច​ប្រកួតប្រជែង​បាន។ ហ​តុ​នេះ​ដើម្បី​ជំរុញ​ផ្នែក​នេះ​ឱ្យ​កាន់តែ​ប្រសើរ អ្នក​ផលិត​នៅ​កម្ពុជា​ចាំបាច់​ខិតខំ​បន្ថែម​ក្នុងការ​ពង្រឹង​ទាំង​បរិមាណ និង​គុណភាព​បន្ថែមទៀត៕

  • សញ្ជាតិញាណរបស់ទារកទើបតែកើតដំបូង

    សញ្ជាតិញាណរបស់ទារកទើបតែកើតដំបូង

    អ្នកម្តាយត្រូវតែហ្វឹកហាត់រៀនយល់ដឹង និងស្គាល់អំពីតម្រូវការរបស់កូនតូច តែរឿងដែលអ្នកម្តាយមិនអាចដឹងនោះគឺ ទារកនោះមានសមត្ថភាពក្នុងការទទួលដឹង ទង្វើ និងការឆ្លើយតបមកវិញចំពោះរឿងមួយចំនួនបាន ដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធន៍ពីមុនមកឡើយ ដែលយើងហៅរឿងទាំងអស់នោះថា “សញ្ជាតិញាណ (ការដឹងដោយខ្លួនឯង)” ជាប្រតិកម្មឆ្លើយតបតាមសញ្ជាតិញាណ នឹងជួយឱ្យកូនតូចមានសុវត្ថិភាពបានដោយខ្លួនឯងនៅពេលកើតមានសភាវអាសន្នណាមួយកើតឡើង។

    សញ្ជាតិញាណរបស់ទារកទើបកើតដំបូង

    1 . ការមើលឃើញ

    បន្ទាប់ពីប្រសូត ទារកនៅមិនទាន់បើកភ្នែកភ្លាមៗឡើយ ព្រោះកែវភ្នែកនៅសម្រួលសភាពជាមួយពន្លឺខាងក្រៅមិនទាន់បាន ដោយសារការស្ថិតនៅគភ៌ម្តាយមិនកើតមានប្រតិកម្មចំពោះការមើលឃើញ តែក្នុងអំឡុងពេលមិនលើស 3 ថ្ងៃ កូនតូចនឹងចាប់ផ្តើមបើកភ្នែក អាចនឹងព្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកនៅសម្រួលជាមួយសភាពពន្លឺមិនទាន់ល្អប៉ុន្មាន។ ការធ្វើចលនាកែវភ្នែកគឺជាប្រតិកម្មឆ្លើយតបដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយរបស់ខ្លួនពីពិភពខាងក្រៅហ្នឹងឯង។

    2 . ប្រព័ន្ធដកដង្ហើម

    នៅពេលទារកប្រសូតហើយ គ្មានថង់ទឹកភ្លោះនៅជុំវិញខ្លួន រាងកាយរបស់ទារកនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្តង ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពេលប្រសូតភ្លាមតែប៉ុណ្ណោះ។

    3 . ការបឺតជញ្ជក់លេបវត្ថុផ្សេងៗ

    នៅពេលដែលអ្នកបំបៅទឹកដោះពីដោះម្តាយ រឿងដែលទារកធ្វើ គឺបឺត និងលេបទឹកដោះដោយស្វ័យប្រវត្តិ អំឡុងពេលនេះសូមអ្នកម្តាយប្រុងប្រយ័ត្នវត្ថុ ឬរបស់របរដែលបង្កគ្រោះថ្នាក់ បើសិនជាកូនតូចភ្លាត់ភ្លាំងលេបចូលទៅក្នុងរាងកាយ អាចនឹងមានគ្រោះថ្នាក់ភ្លាមៗតែម្តង។

    4 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្តាយយកម្រាមដៃទៅដាក់ប៉ះលើបាតដៃរបស់ទារក គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើសិនមានអ្វីដែលធ្វើឱ្យភ្ញាក់ ទារកនឹងបង្ហាញសញ្ជាតិញាណដោយការភ្ញាក់ព្រើត ដោយបាតដៃនឹងលាចេញ លែងម្រាមដៃអ្នកម្តាយចេញភ្លាមដែរ

    5 . ការបែរមុខរកក្បាលដោះ

    ការបង្ហាត់ទារកឱ្យងាកបែររកក្បាលដោះ អ្នកម្តាយសាកល្បងយកម្រាមដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងងាកបែរមករកភ្លាមតែម្តង អ្នកម្តាយមិនចាំបាច់ចាប់បង្វិលក្បាលកូនតូចឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ ទារកនឹងកើតមានក្តីចង់ដឹងចង់ឃើញ ហើយនិងបែរក្បាលចូលមករកបានយ៉ាងងាយ។

    រឿងទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើតដំបូង ដែលអ្នកម្តាយអាចមិនដឹងថាវាគឺជា សញ្ជាតិញាណដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ និងអ្នកម្តាយក៏គួរយកចិត្តទុកដាក់មើលថែទាំកូនតូចយ៉ាងល្អ ព្រោះត្រូវមិនភ្លេចថា ការដែលកូនតូចចេញឆ្ពោះមកពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកច្រើនណាស់៕

  • សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មាន

    សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មាន

    វិធីដែល​បាន​នាំ​ឱ្យ​ប្ដី​ប្រពន្ធ​មួយ​គូ​ក្លាយ​ជា​សេដ្ឋី​នៅ​ប្រទេស​កាណាដា​​ នោះ​គឺ​ការ​អនុវត្ត​រូប​មន្ត​​​វិនិយោគ​​ចំនួន​3​ដ៏លេច​ធ្លោ​ទៅ​ក្នុង​​ផ្សារ​មូលបត្រ​ ដែល​នេះ​ក៏​ជា​ឥទ្ធិពលដែល​បាន​មក​ពី​​ Warren Buffett។

    ដើម​ឆ្នាំ​2008​ កាល​ពី​ពេល​នៅ​ជា​គូស្វាមី​ភរិយា​ដែល​ទើប​តែ​ចេញ​ពី​សាលា​បាន​តែប៉ុន្មាន​ឆ្នាំ​ និង​មាន​ការ​ងារ​ផ្លូវ​ការ​​រៀង​ៗខ្លួន​ Kristy Shen និង​ Bryce Leung ក៏ចាប់​ផ្ដើម​ស្វែង​រក​វិធី​ដើម្បី​វិនិយោគ​។ ដំបូង​ ពួកគេ​បាន​ពិចារណា​ទៅ​លើ​អចលន​ទ្រព្យ​។ គិត​មួយ​ភ្លែត​ គេ​ឃើញ​ថា​ផ្ទះ​ស្នាក់​នៅ​ហាក់​បី​ដូច​ជា​មាន​សុវត្ថិ​ភាព​ជាង​ទ្រព្យ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​ ការរស់​នៅក្នុង​​ទីក្រុង​​តូរ៉ុនតូ ដែលជា​ទីកន្លែង​ថ្លៃ​បំផុត​នៅ​កាណាដា​ ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ផ្ទះ​មួយ​ខ្នង​​គឺលើស​ពី​1​លាន​ដុល្លារ​ឯណោះ​ ហើយ​វា​ក៏​ហាក់​ជា​វិធី​ដែល​នាំ​ទៅ​រក​បំណុល​វ័ណ្ដ​ក និង​សម្ពាធ​នៃ​ភាព​តាន​តឹង​ដែលមិន​គួរ​កើត​មាន​។ ដូច្នេះ ជំនួស​ឱ្យ​ការ​ទិញ​ផ្ទះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​វិនិយោគ​ទៅ​ក្នុង​ផ្សារ​មូល​បត្រ​។

    Kristy Shen ធំឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​ចិន​ មុន​ពេល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​ពេល​ដែល​មាន​អាយុ8​ឆ្នាំ​។ មាន​ពេល​ខ្លះ គ្រួ​សារ​របស់​នាង​ចំណាយ​ប្រាក់​ត្រឹម​តែ​44​សេន​ប៉ុណ្ណោះ​ក្នុង​1​ថ្ងៃ​។ នាង​ថ្លែង​ថា “មូលហេតុ​នេះ​ហើយ​ (នាង​គិត​ថា) ការ​ក្លាយ​ជា​សេដ្ឋី​គឺ​ហាក់​ជា​ក្ដី​ស្រមៃ​ដែល​មិន​អាច​ឈោង​ដល់​”។

    អ្វី​ដែល​នាង​បាន​និយាយ​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ខុស​ទេ ពិសេស​គឺ​នៅ​ពេល​នាង​ជួប​ការ​បរាជ័យ​នៅ​ក្នុង​ការ​វិនិយោគ​ដំបូង​របស់​នាង​នៅ​ក្នុង​វិបត្តិ​សេដ្ឋ​កិច្ច​លើក​មុន​។ Kristy Shen រៀប​រាប់ប្រាប់​ថា “មាន​អំឡុង​មួយ​ដ៏គួរ​ឱ្យ​ខ្លាច​ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ភ័យ​ខ្លាច ពួកយើង​បាន​សម្រេច​ចិត្ត​រៀន​សូត្រ​គ្រប់​អ្វី​ៗ​ទាំង​អស់​ដែលអាច​នាំ​ឱ្យ​ដឹង​អំពី​ការ​វិនិយោគ​យូរ​អង្វែង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​”។ មក​ដល់​ពេល​នេះ នៅពេ​ល​បានក្លាយ​ជា​សេដ្ឋី​ ពួក​គេ​បាន​ចូល​និវត្តន៍​ក្នុង​វ័យ​30​ឆ្នាំ​ ដើម្បី​ដើរ​លេង​ជុំវិញ​ពិភពលោក​។

    សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានក្នុង​កិច្ច​សម្ភាស​ជាមួយ​​ CNBC Make It នាង​ Kristy Shen និង​ស្វាមី Bryce Leung បាន​ចែក​រំលែក​បទ​ពិសោធន៍​ទាក់​ទិន​នឹង​ការ​យល់​ឃើញ​ចំនួន​3​ចំណុច​ដែល​ពួកគេ​និយាយ​ថា​ បាន​រកឃើញ​នៅក្នុង​វិបត្តិ​សេដ្ឋ​កិច្ច​កាល​ពី​ឆ្នាំ​2008​ ហើយ​បច្ចុប្បន្ន​នៅ​តែ​មាន​ប្រយោជន៍​ក្នុង​ការ​គ្រប់​គ្រង​បញ្ជី​វិនិយោគ​។

    1.ចាត់​ទុក​ទីផ្សារ​ដាំ​ក្បាល​ចុះ​ជា​ឱកាស​​ដើម្បី​ប្រមូល​ទិញ​

    ការ​ព្រួយ​បារម្ភ​អំពី​ការនិយោគ​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​ COVID-19 អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រារែ ចំណែក​ ​Kristy Shen និង​ស្វាមី​បែរ​ជា​យល់​ថា ភាព​ច្របូក​ច្របល់​អាច​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ សេដ្ឋី​ជា​ច្រើន​សព្វ​ថ្ងៃ​ គឺ​កើត​ចេញ​ពី​វិបត្តិ​សេដ្ឋ​កិច្ច​​កាល​ពី​ពេល​កន្លង​ទៅ​។ Kristy Shen ថ្លែង​ថា “ជា​មូលដ្ឋាន​ បើសិន​អ្នកជា​វិនិយោគិន​យូរ​អង្វែង​ ការ​ដែល​ទីផ្សារ​កំពុង​ដាំ​ក្បាល​ចុះ​គឺជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​ទៅ​លើ​ “ទំនិញ​តម្លៃ​ទាប” ជា​កត្តា​ដែល​នាំ​ឱ្យ​អ្នក​ក្លាយ​ជា​អ្នកមាន​នៅ​ពេល​ទីផ្សារ​ងើប​ឡើង​វិញ​”។

    នោះ​គឺជា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាល​ពី​វិបត្តិ​សេដ្ឋ​កិច្ច​លើក​មុន​។ ក្នុង​ដំណាក់​កាល​នោះ​ ទ្រព្យ​សុទ្ធ​ (Net Worth) របស់​ពួក​គេ​គឺស្មើ​នឹង​​ 135,000​ដុល្លារ​អាមេរិក​ ហើយ​វា​ក៏​​ជា​ទ្រព្យ​សកម្ម​។ ជំនួស​ឱ្យ​ការ​ទិញ​ផ្ទះ​ ឬ​ការ​ជួញ​ដូរ​ធំ​ផ្សេង​ទៀត​ ពួកគេ​បាន​សម្រេច​ចិត្ត​វិនិយោគ​ទៅ​លើផ្សារ​មូលបត្រ​នៅ​ពេល​ផ្សារ​ហ៊ុន​កំពុង​ដាំ​ក្បាល​ចុះ​។ ពួកគេ​ទិញ​មូលបត្រ​​ប្រភេទ​ដែល​មាន​តម្លៃ​ទាប​។ ដោយ​ប្រើ​វិធីនេះ​ ផលបត្រ​វិនិយោគ​​ (Portfolio Investment​)​ របស់​ពួកគេ​បាន​ថយ​ចុះ​ក្នុង​ដំណាល​ដំបូង​ ប៉ុន្តែ​វា​បាន​ងើប​ឡើង​វិញ​ក្រោយ​ការ​វិនិយោគ​បាន​2ឆ្នាំ ហើយ​ក៏​បាន​ចាប់​ផ្ដើម​កើន​ឡើង​ក្នុង​​អំឡុង​1​ទសវត្សរ៍​បន្ទាប់​នោះ​។

    សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានកុំព្យាយាម​ព្យាករ​អនាគត

    Kristy Shen ឱ្យ​ដឹង​ថា “ពួកយើង​បានក្លាយ​ជា​សេដ្ឋី​ មិន​មែន​ដោយ​សារ​ការ​ជួញ​ដូរ (មូលបត្រ) ​ប្រចាំ​ថ្ងៃ​ (ទិញ​ និង​លក់​មូល​បត្រ​ក្នុង​ថ្ងៃ​តែ​មួយ​ ដោយ​មិន​ឱ្យ​វា​នៅ​ដល់​ថ្ងៃ​ស្អែក) ឬ​ប្រើប្រាស់​ជម្រើស​​ផ្សេង​ៗ (ដូចជា​ការ​រំពឹង​ទៅ​លើ​តែ​កំណើន​និងការ​ថយ​ចុះ​របស់​មូល​បត្រណា​មួយ​) នោះ​ទេ។

    ប្ដី​ប្រពន្ធ​នេះ​យល់​ថា​ កាល​ពី​ឆ្នាំ​2008​ បើសិន​ជា​ពួកគេ​គ្រាន់​តែ​លោត​ចូល​វិនិយោគ​ទៅក្នុង​ផ្សារ​ហ៊ុន​ដោយ​មិន​មាន​ចំណេះ​ដឹង​អ្វី​សោះ​ ពួក​គេ​ប្រាកដ​ជា​គ្មាន​វិធី​ណា​ដែល​អាច​ទទួលបាន​ទ្រព្យ​សម្បត្តិ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​។

    Kristy Shen និយាយ​ថា “យោបល់​ល្អ​បំផុត​របស់​ខ្ញុំ​៖ ចូរ​កុំ​ព្យាយាម​ព្យាករ​អនាគត​ដោយ​ការ​វិនិយោគ​ទៅ​លើ​មូល​បត្រ​​រាយ​ ដាច់​​ដោយ​ឡែក​ ឬ​វិនិយោគ​បែប​ស្មុគស្មាញ។ អ្នក​អាច​ជួប​សំណាង​ល្អបាន​​មួយ​ ឬ​ពីរ​ដង​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ អ្នក​អាច​នឹង​បាត់​បង់​ប្រាក់​”។

    នោះ​ក៏​ជា​មូលហេតុ​ដែលកំពូល​​អ្នក​វិនិយោគ​ Warren Buffett ណែនាំ​ឱ្យ​វិនិយោគ​ទៅ​លើមូលនិធិ​សន្ទស្សន៍ ឬ​ហៅ​ថា ​index fund (index fund គឺជា​មូលនិធិវិនិយោគ​ទៅ​លើក្រុម​នៃ​​បណ្ដា​ក្រុម​ហ៊ុន​ដែល​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ជាក់​លាក់​ណា​មួយ​ ឧទាហរណ៍​ដូច​ជា បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​កំពូល​ៗ​ចំួន​30​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សន្ទស្សន៍​ Dow Jones ​ជា​ដើម)​។ វា​មិន​ទាម​ទារ​ឱ្យ​យើង​មាន​ចំណេះ​ដឹង​ស៊ីជម្រៅ​ ឬ​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ​នោះ​ឡើយ​៖ “អ្នក​គ្រាន់​តែ​ដាក់​ការ​ភ្នាល់​ទៅ​លើ​ទីផ្សារ​រួម​ ជា​កន្លែង​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​កំណើន​ទុន​រយៈ​ពេល​យូរ​”។

    សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានអនុវត្តផែន​ការ​ជា​ជំហាន​ៗ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​

    Kristy Shen និយាយ​ថា “​នៅ​ពេល​ឮអំពី​ការ​វិនិយោគ​ ខ្ញុំ​គិត​ថា​វា​ជា​ការ​លេង​ល្បែងស៊ី​សង​។ បើ​សិន​ជា​អ្នក​ជ្រើស​រើ​ស​មូលបត្រ​រាយ​ ដាច់​ដោយ​ឡែក​ (មិន​មែនជា​បណ្ដុំ​នៃ​ក្រុមហ៊ុន​ក្នុង​វិស័យ​ណា​មួយ​) អ្នក​នឹង​បានចំណេញ​លុះ​ត្រា​តែ​អ្នក​ជ្រើស​រើស​ត្រូវ​”។

    ប៉ុន្តែ ការ​សិក្សា​អំពី​វិធី​វិនិយោគ​ឆ្លាត​វៃ​យូរ​អង្វែង​​ដោយ​ការ​បង្កើត​ផលបត្រ​ (បញ្ជី​ប្រភេទ​នៃ​ការ​វិនិយោគ​) លក្ខណៈ​ចម្រុះ​ និង​តុល្យ​ភាព​ បើ​តាម​នាង​ វា​នឹង​មិន​ដូច​ការ​លេង​ល្បែង​ទេ​។ ការ​វិនិយោគ​តែង​តែ​ទាម​ទារ​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ​។ ប៉ុន្តែ មាន​ប្រការ​ដែល​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន​ ដោយ​ការ​ចាប់​ផ្ដើម​ដក​ដង្ហើម​វែង​ៗ និង​គិត​អំពី “AIR” ដែលជា​ពាក្យ​កាត់​របស់​ពាក្យ​ allocation (ការ​បែង​ចែក​), indexing (បង្កើត​បញ្ជី​ប្រភេទ​មូលបត្រ/ផលបត្រ) និង​ balancing (ធ្វើ​ឱ្យ​មានតុល្យ​ភាពឡើង​វិញ​)។

    -Allocation (ការ​បែង​ចែក​)៖ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ស្វែង​យល់​អំពី​ការ​វិនិយោគ​ទៅ​លើ​ទីផ្សារ​មូលបត្រ នោះ​ការ​រួម​ផ្សំ​រវាងទ្រព្យ​សម្បត្តិ​ដែល​សម​ស្រប ជាមួយ​នឹង​លទ្ធ​ភាព​នៃ​ហានិភ័យ​របស់​អ្នក គឺជា​ចំណុច​​ផ្ដើម​ដ៏ល្អ​ដើម្បី​ចាប់​ផ្ដើម​ការ​វិនិយោគ​។ សម្រាប់​គូស្វាមី​ភរិយា​នេះ​ ពួក​គេ​វិនិយោគ​ទៅ​តាម​អត្រា​ “ភាគ​ហ៊ុន​70% និង​មូលបត្រ​បំណុល​30​%​”។

    Indexing (បង្កើត​បញ្ជី​ប្រភេទ​មូលបត្រ/ផលបត្រ)៖ Kristy Shen និយាយ​ថា នឹង​មាន​អារម្មណ៍​ស្រួល​គេង​ជាង​មុន​ នៅ​ពេល​វិនិយោគ​ទៅ​លើ​ប្រភេទ​ដូច​ជា​មូលនិធិ​សន្ទស្សន៍​ (index fund)។ ពួកគេ​មិន​ជ្រើ​សរើស​មូល​បត្រ​រាយ​ ដាច់​ដោយ​ឡែក​ទេ ដោយ​សារ​តែ​មិន​អាច​ព្យាករ​អនាគតបាន​​ តែ​ជំនួស​មក​វិញ ពួកគេ​បាន​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដែល​ស្ថិត​នៅក្នុង​សន្ទស្សន៍​តែ​មួយ​។ ជាមួយ​នឹង​វិធីនេះ តារាង​ប្រភេទ​នៃ​ខ្ទង់​វិនិយោគ​ (indexing) របស់​ពួកគេ​ មិន​អាច​ធ្លាក់​ដល់​សូន្យ​​ដោយ​សារ​ការ​ជ្រើស​រើស​ខុស​ទៅ​លើ​មូល​បត្រ​ណា​មួយ​ឡើយ​។

    Balancing (ធ្វើ​ឱ្យ​មាន​តុល្យភាពឡើង​វិញ​)៖ ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាពឡើង​វិញ​​ទៅ​តាម​ពេល​កំណត់​ណា​មួយ​ គឺ​លក់​​ប្រភេទ​មូលបត្រ​ដែល​កំពុង​ឡើង​ថ្លៃ និង​ទិញ​ប្រភេទ​មូល​បត្រ​ដែល​កំពុង​ធ្លាក់​ថ្លៃ​។ Kristy Shen ប្រាប់​ថា “ធ្វើ​បែប​នេះ​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់​​ នឹង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​ការ​បែង​ចែក​ (Allocation) បាន​យ៉ាង​ល្អ​ ហើយ​អនុញ្ញាត​ឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​សម្រេច​ចិត្ត​ទិញ​ក្នុង​តម្លៃ​ទាប​ និង​លក់​ក្នុង​តម្លៃ​ខ្ពស់​​ ដោយ​មិន​បាច់​ធ្វើ​តាម​ក្រុម​ភាគ​ច្រើន​ (នៅក្នុង​ផ្សារ​ហ៊ុន​)”៕

    ប្រភព៖ CNBC

  • 10 ឧបត្តិហេតុដែលស្រ្តីមានគភ៌គួរតែប្រយ័ត្ន!!

    10 ឧបត្តិហេតុដែលស្រ្តីមានគភ៌គួរតែប្រយ័ត្ន!!

    សម្រាប់ស្រ្តីដែលកំពុងតាំងគភ៌ អាចនឹងត្រូវបន្ថែមការប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងជាងមុនបន្តិចហើយ ព្រោះអាចនឹងកើតមានឧបត្តិហេតុឡើងបានក្នុងអំឡុងពេលមានគភ៌នេះ ដូច្នេះយើងនាំគ្នាមកមើលពី 10 ឧបត្តិហេតុដែលស្រ្តីមានគភ៌ច្រើនតែមិនបានប្រុងប្រយ័ត្ន និងដែលគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងឡើង។

    1 . ត្រូវគេដើរបុកខ្លាំងៗនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ

    នឹងហាមមិនឱ្យស្រ្តីមានគភ៌ដើរទៅណាមកណាសោះ ក៏ប្រហែលជាមិនអាចទៅរួចឡើយ និងជួនកាលក៏អាចនឹងរឹតតែពិបាកទៅទៀតក្នុងការចៀសពីទីប្រជុំជន កន្លែងដែលមានមនុស្សច្រើនកុះករ ដែលអាចនឹងធ្វើឱ្យមានឱកាសដែលស្រ្តីមានគភ៌ត្រូវប៉ះ ឬបុកចំក្បាលពោះខណៈ​ពេលដើរបញ្រ្ចាស់នឹងអ្នកដទៃកាន់តែច្រើនឡើងដែរ។

    2 . ធ្លាក់ពីកាំជណ្តើរ ឬក្រឡាច់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ដែលស្រឡាញ់ភាពស្រស់ស្អាតតែងតែមានកង្វល់ថា ខ្លាចនឹងមិនស្អាត រួមទាំងស៊ាំធ្លាប់ និងប្រាកដក្នុងចិត្តថាអាចនៅពាក់បានគ្មានបញ្ហាទៀតផង ទើបនៅតែពាក់ស្បែកជើងកែងចោតដូចធម្មតា ដូច្នេះសូមប្រាប់ថា មួយអំឡុងពេលនេះប្រហែលជាត្រូវផ្អាកមួយរយៈសិនហើយ ព្រោះការពាក់ស្បែកជើងកែងចោត ស្រ្តីមានគភ៌ត្រូវតែខំពង្រឹងជើងទាំងមូល និងក្បាលពោះដើម្បីព្យាយាមទប់លំនឹងខ្លួនឱ្យដើរបានស្រួល ដែលអាការទាំងនេះនឹងក្លាយជាលទ្ធផលធ្វើឱ្យស្រ្តីមានគភ៌ឈឺជើង ឈឺខ្នង ដែលនឹងហុចផលអាក្រក់ដល់សុខភាពកាយ និងដែលសំខាន់កែងស្បែកជើងដែលរាវតូច និងខ្ពស់នោះ ប្រហែលជាមិនអាចទ្រទម្ងន់ខ្លួនដែលកើនឡើងជាបន្តបន្ទាប់របស់ស្រ្តីមានគភ៌បានឡើយ ទើបអាចធ្វើឱ្យស្រ្តីមានគភ៌ក្រឡាច់ជើង និងធ្លាក់លើពីស្បែកជើងកែងចោតរហូតធ្វើឱ្យ​រងរបួសបាន។

    3 . ពោះបោកប៉ះនឹងដៃចង្កូតឡាន

    ស្រ្តីមានផ្ទៃពោះដែលបើកឡានដោយខ្លួនឯង ទោះជាមិនកើតមានឧបត្តិហេតុមែន តែក៏អាចពេលខ្លះដែលឡានត្រូវជាន់ហ្វ្រាំងបន្ទាន់ និងខ្លាំង រហូតពោះដែលមានទំហំធំនោះអាចនឹងបោកប៉ះនឹងដៃចង្កូតឡានបាន ដែលទោះជាមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរមែន តែបើសិនជាបោកប៉ះញឹកញាប់ ឬខ្លាំងៗ ក៏ច្បាស់ជាកើតមានគ្រោះថ្នាក់ដល់ទាំងខ្លួនអ្នកម្តាយ និងកូនក្នុងផ្ទៃមិនខាន។

    4 . ជិះម៉ូតូ ឬបើកម៉ូតូ ឡានធ្លាក់ជង្ហុករណ្តៅញឹកញាប់

    បើស្រ្តីមានគភ៌ត្រូវជិះម៉ូតូ ឬបើកឡានដោយខ្លួនឯងនោះ ការបើកធ្លាក់ជង្ហុក ឬការបោកប៉ះរញ្ជួយគឺជារឿងដែលពិបាកនឹងចៀសវាងបានណាស់ តែបើបានទទួលរងការបោកប៉ះរញ្ជួយយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្លាក់ជង្ហុកជ្រៅៗ និងខ្លាំងៗនោះ ក៏ជាគ្រោះថ្នាក់មិនតិចតួចឡើយ។

    5 . ខ្សែក្រវាត់សុវត្ថិភាពរថយន្តរឹតពោះ

    បើស្រ្តីមានគភ៌ពាក់ខ្សែក្រវាត់សុវត្ថិភាពមិនបានត្រឹមត្រូវ ក្រៅពីនឹងមិនអាចជួយការពារពីគ្រោះថ្នាក់ដែលកើតឡើងហើយនោះ នៅទទួលរងអាការឈឺចាប់ដែលកើតឡើងបាន និងអាចបណ្តាលឱ្យមានបញ្ហាដល់គភ៌ទៀតផង។

    6 . អង្គុយហើយក្រោកឈរឡើងលឿនពេក

    អាការធ្វើអ្វីលឿនៗ រហ័សៗនេះ គឺជាឥរិយាបថដែលសន្សំធ្លាប់មកយូរហើយ បើចង់ឱ្យផ្លាស់ប្តូរក្នុងអំឡុង 2 – 3 ខែដំបូងនោះ ប្រហែលជាត្រូវប្រើពេលវេលាបន្តិចហើយ ហើយភាគច្រើនការងើបក្រោកឈររហ័សៗនេះ ច្រើនតែកើតឡើងចំពោះស្រ្តីមានគភ៌ដំបូងៗនេះឯង។

    7 . ជំពប់ជើង នឹងកៅអី វត្ថុរបស់របរផ្សេងៗ ជាយសំពត់ ជើងខោ .ល .

    ឧបត្តិហេតុដែលច្រើនតែជួបញឹកញាប់នៅក្នុងក្រុមនេះគឺ ដើរបុកតុ បុកកៅអី ទាត់ឡាំងដែលដាក់នៅលើឥដ្ឋ ឬបើស្លៀកខោ ឬសំពត់វែងៗ ស្រ្តីមានគភ៌អាចនឹងទាក់ជើង ឬជំពប់ជើងនឹងជើងខោ ឬជាយសំពត់ខ្លួនឯងហ្នឹងឯង។

    8 . រអឹលដួល (ក្នុងបន្ទប់ទឹក ជណ្តើរ)

    ដោយទម្ងន់ខ្លួនដែលកើនឡើង បូកជាមួយការធ្វើចលនាដែលមិនសូវជារហ័សរហួនដូចកាលពីមិនទាន់មានគភ៌ ស្រ្តីមានគភ៌អាចនឹងភ្លេចខ្លួនដើរលឿនៗ ឈានជើងទៅយ៉ាងមិនបានប្រយ័ត្ន និងមិនបានមើលផ្លូវ អាចធ្វើឱ្យការប៉ាន់ស្មានរយៈចម្ងាយខុសឆ្គងបាន បើក្នុងអំឡុងពេលដែលមិនបានតាំងគភ៌នោះ ក៏ប្រហែលជាអាចនឹងចាប់កាន់ តោង ឬទប់ខ្លួននឹងអ្វីៗជុំវិញខ្លួនមិនឱ្យដួលបាន តែបើក្នុងពេលមានគភ៌វិញ រឹតតែពោះធំឡើងនៅពេលណា ភាពរហ័សរហួនក៏នឹងថយចុះពេលនោះដែរ ដូច្នេះស្រ្តីមានគភ៌ទាំងឡាយគួរប្រយ័ត្នលើចំណុចនេះឱ្យបានខ្ពស់។

    9 . ក្បាលពោះបុកនឹងតុ បុកនឹងទ្វា .ល.

    ពីដើមដែលក្បាលពោះធ្លាប់តែរាបសំប៉ែត តែពេលមានគភ៌ដែលពោះកាន់តែធំឡើងក្នុងមួយខែៗ និងដោយភាពដែលមិនទាន់ស៊ាំធ្លាប់ ជាពិសេសស្រ្តីមានគភ៌ថ្មោងថ្មីផងនោះ អាចនឹងធ្វើឱ្យការប៉ានស្មានចម្ងាយពីក្បាលពោះរបស់ខ្លួននឹងវត្ថុផ្សេងៗមានការខុសឆ្គង ទើបធ្វើឱ្យយើងធ្លាប់ឃើញស្រ្តីមានគភ៌ជាច្រើនដើរបុកនេះបុកនោះជាប្រចាំ ដោយសារតែមិនទាន់ស៊ាំធ្លាប់ហ្នឹងឯង។

    10 . ភ្លេចខ្លួនលើករបស់ធ្ងន់ៗ លើសកម្លាំង ឬភ្លេចខ្លួនឱនចុះទាំងក្បាលពោះធំ

    ច្រើនតែកើតឡើងចំពោះស្រ្តីមានគភ៌ដែលសម្បូរកម្លាំងដែលស៊ាំធ្លាប់ជាមួយទង្វើការលើកនេះលើកនោះដោយខ្លួនឯង តែនៅពេលមានគភ៌ហើយ ស្រ្តីមានគភ៌មិនគួរលើករបស់របរធ្ងន់ៗដោយខ្លួនឯងឡើយ គួរហៅលោកប្តី ឬមិត្តរួមការងារដែលជាមនុស្សប្រុសឱ្យមកជួយវិញទើបប្រសើរជាង ចំណែកការភ្លេចខ្លួនឱនពាក់ស្បែកជើង ឬធ្វើអ្វីមួយភ្លែតៗលឿនៗជ្រុលហួសហេតុពេកនោះ ភាគច្រើនៗកើតចេញពីភាពស៊ាំធ្លាប់កាលពីពេលមិនទាន់មានផ្ទៃពោះ និងច្រឡំធ្វើឡើងដោយស្វ័យប្រវត្តិ៕

  • គន្លឹះល្អៗ 5 យ៉ាង ពិនិត្យសុខភាពដោយខ្លួនឯងខណៈដឹងថា ខ្លួនមានគភ៌

    គន្លឹះល្អៗ 5 យ៉ាង ពិនិត្យសុខភាពដោយខ្លួនឯងខណៈដឹងថា ខ្លួនមានគភ៌

    អាការឈឺថ្កាត់ ខណៈពេលតាំងគភ៌ដោយសាររោគាផ្សេងៗក៏អាចកើតឡើងបានដែរ ដូច្នេះទើបស្រ្តីមានគភ៌គួរតែពិនិត្យមើលសុខភាពក្នុងអំឡុងពេលដែលដឹងថាខ្លួនតាំងគភ៌ហើយដោយខ្លួនឯងជាប់ជានិច្ចដើម្បីនឹងបានងាយស្រួលក្នុងការថែទាំព្យាបាលតាំងពីដំបូងៗ។ ខាងក្រោមនេះគឺជា 5 វិធីក្នុងការពិនិត្យមើលសុខភាពខណៈពេលមានគភ៌យ៉ាងងាយៗដោយខ្លួនឯង ៖

    1 . ពិនិត្យមើលកែវភ្នែក : ជាប្រក្រតី កែវភ្នែកពណ៌សរបស់មនុស្សយើងនឹងមានពណ៌សស្អាត តែបើពណ៌ភ្នែកមិនស្រស់ថ្លា ឬល្អក់ៗចេញពណ៌រាងលឿង​ៗ នោះបង្ហាញថាខុសប្រក្រតីហើយ អាចបណ្តាលមកពីសុខភាពរឿងថ្លើម ឬអាចកើតមានក្រួសក្នុងថង់ទឹកប្រមាត់ ឯការមើលថែទាំខ្លួនវិញនោះគឺ ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ញ៉ាំបន្លែដែលមានពណ៌លឿង ពណ៌បៃតង ចៀសវាងពីអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលមានរសជាតិខ្លាំងៗ(ប្រៃខ្លាំង ហឹរខ្លាំង.ល.) និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។

    2 . បបូរមាត់ : បបូរមាត់ស្ងួត មានឡើងកន្ទួលក្រហមៗ អាការទាំងនេះអាចកើតឡើងដោយសារការខ្វះជាតិទឹក ឬប្រតិកម្មចាញ់សារធាតុគីមីប្រភេទខ្លះ អាការនេះស្រ្តីមានគភ៌អាចមើលថែទាំខ្លួនឯងបានដោយការ ញ៉ាំទឹកស្អាតឱ្យបានច្រើនៗ ក្នុងមួយថ្ងៃយ៉ាងតិចណាស់ក៍ 8 កែវ និងគួរចៀសវាងអាហារ ឬសារធាតុគីមីដែលធ្វើឱ្យមានប្រតិកម្មចាញ់។

    3 . ក្រចកដៃ ក្រចកជើង : សាកសង្កេតមើលតាមរយៈក្រចកដៃ ក្រចកជើងរបស់ខ្លួនឯង តើមានពណ៌ស ឬខៀវជាំ ស្នាមឆ្នូតផតចុះ ឬទេ? ព្រោះអាការបែបនេះអាចកើតចេញពីការខ្វះសារធាតុអាហារ ភាពខុសប្រក្រតីរបស់ក្រលៀន ឬអាចកើតពីសភាវលោហិតស្លេក ជាដើម ដូច្នេះនៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីមានគភ៌មិនគួរលាបថ្នាំក្រចកដែលមានពណ៌ដិតៗខ្លាំងជ្រុលពេក ឬមិនគួរលាបតែម្តងក៏ល្អ ព្រោះងាយស្រួលលោកគ្រូពេទ្យបានសង្កេតមើលដឹងពីជំងឺតាមរយៈពណ៌ក្រចករបស់ស្រ្តីមានគភ៌ហ្នឹងឯង។

    4 . សរសៃសក់ : សក់ស្ងួត សក់ជ្រុះ ផុយឆាប់ដាច់ រឹងច្រងាង អាចកើតពីសភាវថៃរ៉យដ៍ធ្វើការខុសប្រក្រតី ខ្វះវីតាមីន និងសារធាតុរ៉ែ បើមានអាការទាំងនេះ ស្រ្តីមានគភ៌គួរមើលថែទាំសុខភាពដោយការទទួលទានអាហារដែលមានសារធាតុដែកខ្ពស់ ដូចជា ស៊ុតក្រហម បន្លែពណ៌បៃតង និងអាហារគ្រឿងសមុទ្រ និងគួរបញ្ឈប់ការប្រើកម្តៅ និងសារធាតុគីមីប្រភេទខ្លះជាមួយសរសៃសក់ និងកាត់បន្ថយភាពធុញថប់តានតឹង និងក្តីកង្វល់ទាំងឡាយខណៈមានគភ៌។

    5 . ហើមជើង : ជើងខាងណាមួយឡើងហើម ឬអាចហើមទាំងសងខាង គឺជារឿងប្រក្រតីដែលស្រ្តីមានគភ៌ត្រូវតែជួប ភាគច្រើននៅលើស្រ្តីដែលមានអាយុគភ៌ប្រមាណជា 6 ខែឡើងទៅ ដោយសារតែទំហំផ្ទៃរបស់ស្រ្តីមានគភ៌ដែលកាន់តែធំឡើង ទើបធ្វើឱ្យប្រព័ន្ធឈាមរត់ហូរវិលមិនបានល្អ ហុចផលឱ្យកើតអការហើមដៃជើង តែក៏គួរប្រយ័ត្នដែរ ព្រោះអាចបណ្តាលមកពីបញ្ហាជំងឺបេះដូង ជំងឺក្រលៀន ឬរលាកសន្លាក់ ជាដើម ដូច្នេះបើមានអាការហើម ស្រ្តីមានគភ៌គួរបានហាត់ប្រាណតិចៗស្រាលៗ ដើម្បីជំរុញការហូរវិលរបស់លោហិតឱ្យធ្វើការបានល្អឡើង ចៀសវាងអាហារដែលមានរសជាតិប្រៃ និងក្នុងខណៈតាំងគភ៌ស្រ្តីមានគភ៌គួរគ្រប់គ្រងទម្ងន់ខ្លួនកុំឱ្យឡើងខ្លាំងជ្រុលពេក៕