Category: សង្គម និងសេដ្ឋកិច្ច

  • ប្រាក់​ចំណូល​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​លំដាប់​កំពូល​ចំនួន​3 កើន​ឡើង​ខ្ពស់​ជាង​គេ​ក្នុង​ត្រី​មាស​ទី​2​នេះ

    ប្រាក់​ចំណូល​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​លំដាប់​កំពូល​ចំនួន​3 កើន​ឡើង​ខ្ពស់​ជាង​គេ​ក្នុង​ត្រី​មាស​ទី​2​នេះ

    ក្រុម​បច្ចេក​វិទ្យា​ Amazon, Apple និង Facebook បាន​ចេញ​របាយការណ៍​​សម្រាប់​ត្រីមាស​ទី​2​ ជាមួយ​នឹង​លទ្ធ​ផល​គួរ​ជា​ទី​គាប់​ចិត្ត​ ដោយ​សារ​តែ​តម្រូវ​ការ​ប្រើ​ប្រាស់​សេវាកម្ម​បាន​កើន​ឡើង​ខ្ពស់​នៅក្នុង​សម័យ​COVID-19។

    ក្រុម​ហ៊ុន​ Amazon កាលពី​ម្សិល​មិញ​ (30​កក្កដា) បាន​ប្រកាស​ថា​ រក​បាន​ចំណូល​88.9​ពាន់​លាន​ដុល្លារ​អាមេរិក​ កើត​40​% បើធៀប​ជាមួយ​នឹង​ដំណាក់កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ និង​ខ្ពស់​ជាង​ឆ្ងាយ​ ​បើ​ធៀប​ជាមួយ​នឹង​ការ​ព្យាករ​ (81.6​ពាន់​លាន​ដុល្លារ​) របស់​ក្រុម​អ្នកវិភាគ​។​ ប្រាក់​ចំណេញ​ក៏​បាន​កើន​ឡើង​ទ្វេដង​ (5.2​ពាន់​លាន​ដុល្លារ​) បើ​ទោះជា​ក្រុម​ហ៊ុន​នេះ​បាន​ចំណាយ​ជាង​4​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​COVID-19 កាល​ពី​ត្រី​មាស​កន្លង​ទៅ​។ មូលបត្រ​ Amazon បាន​កើន​4% ក្នុង​ការ​ជួញ​ដូរ​ក្រៅ​ម៉ោង​ បន្ទាប់​ពី​របាយ​ការណ៍​ខាងលើ​ត្រូវ​បាន​ប្រកាស​។

    ក្រុម​ហ៊ុន​ Apple ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ស្ដី​អំពី​ក្រុម​ហ៊ុន​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​វិបត្តិ​សុខ​ភាព​នេះ​ដែរ​។ អតិថិ​ជន​ចាស់​ និង​ថ្មី​ជា​ច្រើន​ បាន​ងាក​មក​ប្រើ​ប្រាស់​សេវាកម្ម​អនឡាញ​របស់​ក្រុម​ហ៊ុន​នេះ​ក្នុង​គ្រា​ដែល​ពួកគេ​ត្រូវ​បាន​បង្ខាំង​ខ្លួន​ ឬ​រឹត​ត្បិត​លើ​ការ​ដើរ​ហារ​ ដែល​ប្រការ​នេះ​បាន​ជួយ​ឱ្យ Apple រក​បាន​ចំណូល​ឡើងដល់​59.7​ពាន់​លាន​ដុល្លារ​អាមេរិក​​នៅក្នុង​ត្រីមាស​ទី​2​នេះ​។ តួលេខ​នេះ​បាន​កើន​11​%​បើ​ធៀប​នឹង​ដំណាក់កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ ប្រាក់​ចំណេញ​សុទ្ធ​របស់​ Apple ក៏បាន​កើន​ដល់​11.2​ពាន់​លាន​ដុល្លារ​។

    ទីផ្សារ​ពិភពលោក​បាន​រួម​ចំណែក​ដល់​ទៅ​60​%​ នៅក្នុង​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន​នេះ​កាលពី​ត្រី​មាស​មុន​។ សេវាកម្ម​ App Store, Apple Music, Video និង ​iCloud សុទ្ធ​តែ​រក​បាន​ចំណូល​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​។

    ចំណែក​ក្រុម​ហ៊ុន​ Facebook វិញ ក៏ទទួលបាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ផងដែរ​។ រហូត​ដល់​ដំណាច់​​ត្រី​មាស​ទី​2​នេះ តួលេខ​អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​របស់​ Facebook បាន​ឡើង​ដល់​2.7​ពាន់​លាន​នាក់​ កើន​12​% បើ​ធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​កាល​ពី​ឆ្នាំ​2019។ បើ​សិនជា​បូក​រួម​ទាំង​ Instagram និង​ WhatsApp ក្រុម​ហ៊ុន​នេះ​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំ​ខែ​ឡើង​ដល់​3​ពាន់​លាន​នាក់ឯណោះ​​។

    ប្រាក់​ចំណូល​របស់​ Facebook ក៏បាន​កើន​11​% ហើយ​បើ​​គិត​ជា​ប្រាក់​គឺ​ស្មើ​នឹង​18.7​ពាន់​លាន​ដុល្លារ​ កាល​ពី​ត្រីមាស​មុន​។

    របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ទាំង​3​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រកាស​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​នឹង​ GDP សហរដ្ឋ​អាមេរិក​។ GDP សហរដ្ឋ​អាមេរិក​ បាន​ថយចុះ​32.9​% ដោយ​សារ​តែ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តារាចម្រៀង​វ៉ាន់ នី​ឡា ៖ «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​

    តារាចម្រៀង​វ៉ាន់ នី​ឡា ៖ «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​

    ដូចមហាជនបានដឹងហើយថា អតីតសង្សារ របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលីសពាក់សក្តិ4កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។


    រឿងក្តី​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ជាមួយ​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា អតីតតារាចម្រៀងហង្សមាស ពាក់ព័ន្ធ​ការប្រើ​ហិង្សា និង​បង្ហោះ​រូបភាព​អាក្រាត​នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រមម្ដង​ហើយ នៅ​រសៀល​ថ្ងៃ15 ខែសីហា ឆ្នាំ​2017 ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ ដាក់ពន្ធនាគារ​រយៈពេល​1ឆ្នាំ និង​បង្គាប់​ឱ្យសង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​ចំនួន200​លាន​រៀល​។​

    ​នៅក្នុង​ការប្រកាស​សាលក្រម​នេះ គេ​ពុំ​បានឮ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ទេ (​ពុំមាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទេ​) តែ​បើកផ្លូវ​ឱ្យជនជាប់ចោទប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​ ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ2016 តាម​មាត្រា217 នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​38 និង​មាត្រា​39 ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

    ពាក់ព័ន្ធរឿងរ៉ាវ និងការអូសបន្លាយក្ដីរហូត 4 ឆ្នាំនេះ តារាចម្រៀង​វ៉ាន់ នី​ឡា បានលើកឡើងថា នៅថ្ងៃទី 31 ខែកក្កដានេះ នាងត្រូវ​ឡើងទៅ​សាលាឧទ្ធរណ៍ ព្រោះ​បណ្ដឹង​នេះ ត្រូវបាន​អតីត​​​សង្សារ ប្តឹង​ជំទាស់​ទៅ​កំពូល តែ​កំពូល​ជំរុញ​មក​ឧទ្ធរណ៍​វិញ​។ នី​ឡា បញ្ជាក់ថា អ្វីដែល​ខ្លួន​ចង់បាន​ពេលនេះ គឺ​យុត្តិធម៌ ព្រោះ​ជន​នោះ​នៅ​ក្រៅ​ឃុំ ធ្វើការ​ដើរហើរធ្វើ​ការងារ​ធម្មតា ក្រោយពី​សាលាដំបូងនិង​សាលាឧទ្ធរណ៍ ប្រកាស​សាលក្រម​និង​សាលដីការួចទៅហើយ​នោះ​។​ ​នី​ឡា បញ្ជាក់ថា «​ម្នាក់​នឹង​គេ​មានអំណាច​ខ្លាំង​សំបើម​ណាស់​មែន​ទេ បានជា​ជននេះ​នៅ​រួចខ្លួនធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។ ព័ត៌មាន​លំអិត ឱ្យកាន់តែច្បាស ឱ្យ​កាន់​​តែ​ភ្លឺ ខ្ញុំ​បកស្រាយ​នៅ​ពេល​ឆាប់ៗ នេះ។ ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មា ដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់ អាចធ្វើ​អ្វី​បាន​ស្រេច​ចិត្ត​ដោយ​គ្មាន​អ្នក​ចាប់ទោស​»​។​ តារាចម្រៀង​វ៉ាន់ នី​ឡា បាន​សម្ដែង​អារម្មណ៍​ថា «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​៕

  • ត្បូងឃ្មុំ ចាញ់ ព្រៃវែង ទាំងសោកស្តាយ ក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត

    ត្បូងឃ្មុំ ចាញ់ ព្រៃវែង ទាំងសោកស្តាយ ក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត

    ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ឆ្នាំ2020 (ថ្នាក់​ខេត្ត) បានបញ្ចប់​ទៅហើយ​កាលពី​ល្ងាចម្សិលមិញ​នេះ ដោយមាន​ការប្រកួត​ចំនួន 2គូ គឺ​ខេត្ត​កែប ប្រកួត​ជាមួយនឹង​ខេត្តសៀមរាប ដណ្តើម​ចំណាត់ថ្នាក់​លេខ3 ខណៈដែល​ព្រៃវែង ប៉ះ​ត្បូងឃ្មុំ​ដើម្បី​ដណ្តើម​តំណែង​ជើងឯក។

    ជា​លទ្ធផល ក្រុម​ខេត្ត​កែប បាន​យកឈ្នះ ខេត្តសៀមរាប​ដោយ​លទ្ធផល 3ទល់នឹង0 ខណៈដែល​ជើងឯក​ឆ្នាំ2019 ខេត្ត​ត្បូងឃ្មុំ​បាន​ត្រឹម​ចាញ់​ក្រុម​ខេត្តព្រៃវែង ទាំង​មិន​អស់ចិត្ត ដោយ​លទ្ធផល 1ទល់នឹង0។

    ចំពោះ​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​នេះ​បាន​ទៅលើ កីឡាករ គី រី​ណា របស់​ខេត្តព្រៃវែង ចំណែកឯ​គ្រូបង្វឹក និង​អ្នកចាំទី​ល្អ ក៏បាន​ទៅលើ​ខេត្តព្រៃវែង ហើយ​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​បាន​ទៅលើ​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ខេត្ត​កែប៕

  • បានពានភ្លាម Juventus ភ្លាត់ 2គ្រាប់ភ្លែត យប់មិញ

    បានពានភ្លាម Juventus ភ្លាត់ 2គ្រាប់ភ្លែត យប់មិញ

    ការប្រកួត​លី​ក​កំពូល​អ៊ីតាលី កាលពី​យប់​ថ្ងៃទី29 កក្កដា ឆ្នាំ2020 នេះ​ក្នុង​សប្តាហ៍​ទី37 ខណៈដែល​ការប្រកួត​នៅសល់តែ 1ប្រកួត​ទៀត​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ក្រុម​ដែល​ដឹងខ្លួន​ថា ជា​ជើងឯក​ហើយ​គឺ Juventus បែរជា​ភ្លាត់ស្នៀត​ចាញ់​ក្រុម Cagliari ដល់​ទៅ 2ទល់នឹង0។

    ក្រុម Juventus ដែល​លេង​កាល​យប់មិញ គឺ​ដើម្បី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ខណៈដែល​ពួកគេ​បាន​ក្លាយជា​ជើងឯក​រួចទៅហើយ​តាំងពី​សប្ដាហ៍​មុន​មកម្ល៉េះ។ យ៉ាងណាមិញ នៅមាន​ភារកិច្ច​មួយទៀត​សម្រាប់ Cristiano Ronaldo នៅក្នុង​ក្របខ័ណ្ឌ​លី​កមួយ​នេះ ពោលគឺ កា​ប្រជែង​យក​ស្បែកជើង​មាស។ តែ​ការបរាជ័យ កាល​យប់មិញ និង​ការដែល​មិនអាច​រក​គ្រាប់​បាល់​បាន​នោះ វា​ធ្វើឱ្យ​ឱកាស​នៃ​ការ​ប្រជែង នៅសល់​តិចតួច​បំផុត។

    គួរ​បញ្ជាក់ដែរថា ក្រុម Cagliari អាច​ចាត់ទុកថា ជា​ក្រុម​អន់​មួយ​នៅ​លី​ក​អ៊ីតាលី ដោយ 8ប្រកួត​ចុងក្រោយ មិនដែល​ស្គាល់​រសជាតិ​ឈ្នះ​ម្តងណា​ឡើយ ហើយ​ឈរ​នៅ​លេខ​រៀង​ទី 14ឯណោះ តែ​សប្តាហ៍​នេះ បែ​ជា​អាច​ឈ្នះ​ក្រុម​ជើងឯក Juventus ទៅវិញ៕

  • ចំណេះដឹងទូទៅ៖ តើពេលជិះយន្តហោះ យើងត្រូវបិទទូរស័ព្ទ ឬដាក់ Airplane Mode?

    ចំណេះដឹងទូទៅ៖ តើពេលជិះយន្តហោះ យើងត្រូវបិទទូរស័ព្ទ ឬដាក់ Airplane Mode?

    ពេល​ចូលដល់​ក្នុង​យន្តហោះ ប្រាកដជា​មានការ​ណែនាំ​ឱ្យ​ម្ចាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​បិទ​ទូរស័ព្ទ ឬ​ដាក់ Airplane mode មិន​ខាន ជាពិសេស​ពេលមុន​ហោះ​ឡើង(Take off) និង​ពេល​ចុះចត(Landing)។ តើ​ហេតុអ្វី ចាំបាច់​ធ្វើបែបនេះ?

    លោក Nikita Schmidt ជា​អ្នកបើក​យន្តហោះ បាន​ពន្យល់ថា បើ​អ្នក​មិន​បិទ ឬ​មិន​ប្រើ​មុខងារ Airplane mode ក្នុង​ទូរស័ព្ទ​អំឡុងពេល​ហោះហើរ ប្រព័ន្ធ​ទូរស័ព្ទ​អាច​ទៅ​រំខាន​ដល់​អ្នកបើកបរ និង​ប្រព័ន្ធគ្រប់គ្រង​ការ​ចរាចរ​លើ​អាកាស ប៉ុន្តែ​ការរំខាន​មិន​ខ្លាំង​ដល់​ថ្នាក់ មាន​ចំណាត់ការ​លើ​ទូរស័ព្ទ​របស់​អ្នកដំណើរ​ឡើយ។ ការបញ្ចេញ​កម្រិត​វិទ្យុសកម្ម​របស់​ទូរស័ព្ទ អាច​ខ្លាំង​ដល់​ទៅ 8W ធ្វើឱ្យ​រំខាន​តិច ឬ​ច្រើន​ដល់​រលកសញ្ញា។

    ឯកា​របើក​ប្រើ​មុខងារ Airplane mode អំឡុងពេល​ជិះ​យន្តហោះ​វិញ មិន​ត្រឹមតែ​ជួយ​ធានា​សុវត្ថិភាព​ដល់​ខ្លួន​អ្នក និង​អ្នករួមដំណើរ​ប៉ុណ្ណោះ​ទេ តែ វា​ក៏​ជាការ​បង្ហាញ​ការគោរព​ដល់​អ្នកបើក​បរ​យន្តហោះ​ផងដែរ៕

  • ក្រុមហ៊ុន Airbus ជោគជ័យលើការតេស្តយន្តហោះ បើកស្វ័យប្រវត្តិខ្លួនឯង

    ក្រុមហ៊ុន Airbus ជោគជ័យលើការតេស្តយន្តហោះ បើកស្វ័យប្រវត្តិខ្លួនឯង

    ក្រុមហ៊ុន Airbus បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​គម្រោងការ Autonomous Taxi, Take-Off and Landing (ATTOL) ដែល​ទាក់ទង​នឹង​យន្តហោះ​បើកបរ​ស្វ័យប្រវត្តិ តាមរយៈ​ការហោះហើរ​សាកល្បង​កាលពី 2ឆ្នាំ​កន្លងទៅ។

    ក្នុង​គម្រោង​ការដែល​ជោគជ័យ​នេះ Airbus អាច​សម្រេច​លើ​ការបើកបរ, ការហោះ​ឡើង និង​ការ​ចុះចត​យន្តហោះ​ខ្នាត​ធំ​ដោយ​ស្វ័យប្រវត្តិ​ពិតប្រាកដ បាន​ដោយ​ជោគជ័យ ដោយបាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចំណាំ​រូបភាព​បំពាក់​លើ​យន្តហោះ​ផ្ទាល់​តែម្ដង។

    Airbus បានធ្វើ​តេស្ត​ហោះហើរ​ជាង 500លើក ដែល​ការហោះហើរ 450លើក គឺ​ដើម្បី​ប្រមូលយក​ទិន្នន័យ​ជា​វីដេអូ ដើម្បីឱ្យ​ប្រព័ន្ធ​ការងារ ដំណើរការ​ដោយ​រលូន។ ក្នុងនោះដែរ​ការហោះហើរ​ចំនួន 6លើក ដែល​ក្នុង 1លើកៗ មានការ​ហោះ​ឡើង និង​ចុះចត 5ដង គឺធ្វើឡើង​ដើម្បី​សាកល្បង​សមត្ថភាព​ការបើកបរ​ស្វ័យប្រវត្តិ​របស់​យន្តហោះ។

    គម្រោងការ ATTOL ដែល​បង្កើតឡើង​ដោយ Airbus នេះ គឺ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ផលប្រយោជន៍​នៃ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​យន្តហោះ និង​ដើម្បី​ជួយ​ឱ្យ​ពី​ឡុ​ត ផ្ដោតលើ​ការធ្វើការ​សម្រេចចិត្ត​ក្នុងស្ថានភាព​បន្ទាន់​ណាមួយ និង​បេសកកម្ម​ដទៃទៀត ជាជាង​ផ្ដោត​តែ​លើ​ការបញ្ជា​យន្តហោះ៕

  • មហា​សេដ្ឋី​មាន​ប្រភព​ជា​អ្នក​បោស​សម្អាត​​ក្នុង​រោង​ចក្រ​៖ ពេល​នេះ​នៅ​តែ​ប្រើ​ Nokia បែបបុរាណ​ បើ​ទោះ​មាន​ទ្រព្យ​2.2​ពាន់​លាន​ដុល្លារ

    មហា​សេដ្ឋី​មាន​ប្រភព​ជា​អ្នក​បោស​សម្អាត​​ក្នុង​រោង​ចក្រ​៖ ពេល​នេះ​នៅ​តែ​ប្រើ​ Nokia បែបបុរាណ​ បើ​ទោះ​មាន​ទ្រព្យ​2.2​ពាន់​លាន​ដុល្លារ

    បច្ចុប្បន្ន​ មហា​សេដ្ឋី Lucio Tan គឺជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម​ហ៊ុន ​LT Group ដែល​មាន​រោង​ចក្រ​បារី​ ស្រា ធនាគារ​ និង​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ពាន់​លានដុល្លារ​អាមេរិក​។

    Lucio Tan ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ Philippines Airline និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ LT គឺជា​មហា​សេដ្ឋី​ដែល​មាន​​ប្រភពពី​គ្រួសារ​​ក្រីក្រ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​។

    ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​ មហាសេដ្ឋី​ហ្វីលីពីន​ដើម​កំណើត​ចិន​រូប​នេះ បាន​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ ដែល​ក្នុង​នោះ​ គេ​មិន​អាច​មិន​រៀប​រាប់​អំពី​ដំណាក់​កាល​ដែល​លោក​ធ្វើ​ជា​អ្នក​បោស​សម្អាត​​ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន​នោះ​ឡើយ។

    មិន​ដូច​ទៅ​នឹង​កំពូល​មហា​សេដ្ឋី​ទាំង​10​រូប​នៅ​ហ្វីលីពីន​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​មហា​សេដ្ឋី​ពិភពលោក​ឆ្នាំ​2020​របស់​ Forbes នោះ​ទេ លោក​ Lucio Tan បាន​ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវ​ភាព​ខ្វះខាត​មួយ​នៅ​តំបន់​ Fujian​ ប្រទេស​ចិន​។ អំឡុង​ពេល​ដែល​លោក​មាន​អាយុ4​ឆ្នាំ​ គ្រួសារ​របស់​លោក​បាន​ទៅរស់​នៅក្នុង​ទីក្រុង​ Cebu ប្រទេស​ហ្វីលីពីន​។

    បច្ចុប្បន្ន​ លោក​ Lucio Tan គឺជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ LT ដែល​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​រកស៊ី​ខាង​ផលិត​បារី ស្រា ធនាគារ និង​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​មួយចំនួនដែល​លោក​អ្នក​ប្រហែលជា​មិន​ទាន់​បាន​ដឹង​អំពី​មហាសេដ្ឋី​ Lucio Tan អាយុ​86​ឆ្នាំ និង​មាន​ទ្រព្យ​​2.2​ពាន់​លាន​ដុល្លារ​៖

    ធ្លាប់​ធ្វើ​ជា​អ្នក​បោស​សម្អាត​ដើម្បី​យក​ប្រាក់​ទៅ​រៀន​

    ដោយ​សារ​តែជា​កូន​ច្បង​​​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​8​នាក់ លោក Lucio Tan ត្រូវ​ទទួល​បន្ទុកច្រើន​នៅក្នុង​គ្រួសារ​។ ដើម្បី​បាន​ប្រាក់ទៅ​រៀន​ផ្នែក​បច្ចេក​ទេស​គីមីសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Far Eastern University នៅ​ទីក្រុង​ម៉ានីល និស្សិត​វ័យ​ក្មេង​ Lucio Tan បានសុំ​ការ​ងារ​​ជាអ្នក​បោស​សម្អាត​ នៅក្នុង​រោង​ចក្រ​ផលិត​បារី​។

    ក្រោយ​មួយ​រយៈ​ពេល​យូរ​ នៅ​ពេល​ដែល​មាន​បទ​ពិសោធន៍​ច្រើន​គួរ​សម​នៅក្នុង​រោង​ចក្រ ដោយ​សារ​​ទទួល​បាន​ឱកាស​ចូល​ធ្វើ​ការ​ជា​កម្មករ​ផលិត​បារី​ ដែល​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​អ្នក​សម្រប​សម្រួលផ្នែក​​ផលិត​​ និង​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន​គួរ​សម លោក​ Tan ក៏​បាន​សម្រេច​ចិត្ត​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដែល​​មាន​ឈ្មោះ​ថា Fortune Tobacco ក្នុង​ឆ្នាំ​1966​។ ក្រោយ​មក​ Fortune Tobacco ក៏​បាន​ក្លាយជា​ក្រុម​ហ៊ុន​ផលិត​បារី​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ហ្វីលីពីន​។

    នៅ​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ Nokia បុរាណ

    បើ​ទោះ​ជា​មាន​ទ្រព្យ​ច្រើន​ដែល​អាច​ទិញ​ទូរស័ព្ទ​តម្លៃ​ថ្លៃ​មួយ​ណា​ក៏​បាន​ ប៉ុន្តែ សារ​ព័ត៌​មាន​ហ្វីលីពីន​បាន​សង្កេត​ឃើញ​ថា ក្នុងរយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ លោក Tan ដែល​មាន​វ័យ​86​ឆ្នាំ តែង​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ Nokia បែប​បុរាណ។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ នោះ​គឺថា លោក​មិន​មែន​ប្រើ​ទូរស័ព្ទ​ Nokia បែបបុរាណ​នេះ​តែ​1គ្រឿង​ទេ តែ​លោក​ប្រើ​ដល់​ទៅ​4​គ្រឿង​ឯណោះ ហើយ​ពិសេស​ជាង​នេះ​ទៀត​ គឺ​ទូរស័ព្ទ​ទាំង​នេះ មាន​ម៉ូដែល​ដូច​គ្នា​ទាំង​អស់​។

    ក្រោក​ពី​ដំណេក​ម៉ោង​4​ទៀប​ភ្លឺ​រាល់​ថ្ងៃ​ដើម្បី​លេង​ហ្គោល

    ចំណង់​ចំណូល​ចិត្ត​របស់​លោក​ Lucio Tan គឺ​មាន​ច្រើន​ រួម​មានទាំង​វប្បធម៌និង​ប្រវត្តិសាស្ត្រ​ចិន​ តន្ត្រី​បុរាណ និង​កីឡា​មួយ​ចំនួន​។ កីឡា​មួយ​ក្នុងចំណោម​កីឡា​ដែល​ធ្វើ​ឱ្យ​លោក Lucio Tan​ ត្រូវ​ក្រោក​ពី​ម៉ោង​4​ទៀប​ភ្លឺ​ នោះ​គឺ​កីឡា​វាយ​កូន​ហ្គោល​។ លោក​តែង​តែ​លេង​ហ្គោល​នៅ​ក្នុង​ក្លឹប​ Wack Wack Golf & Country Club ជាមួយ​នឹង​មិត្ត​ភក្ដិ​ចាស់​ៗ​របស់​លោក​។ បន្ទាប់​ពី​ការ​លេង​កីឡានេះ ទើប​លោក​ចាប់​ផ្ដើម​បំពេញ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ ហើយ​បញ្ចប់​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​លោក​នៅមុន​ម៉ោង​9​យប់​។

    លោក Lucio Tan ធ្លាប់​ត្រូវ​បាន​ប្រធានាធិបតី​ Rodrigo Duterte ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ

    ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte (ស្ដាំ​) និង​មហា​សេដ្ឋី​ Tan

    សូម្បី​តែ​ក្នុង​គ្រា​ទទួលបាន​ជោគ​ជ័យ​ក្នុងការ​រកស៊ី​ លោក Tan នៅ​តែ​ជាប់​ទាក់​ទិន​នឹង​រឿង​អាស្រូវ​មួយចំនួន​។ ឆ្នាំ​2017​ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte ធ្លាប់​បាន​ចោទ​ប្រកាន់​លោក​ Tan ថា​ នៅ​ជំពាក់​រដ្ឋាភិបាល​ចំនួន​600​លាន​ដុល្លារ​ដែល​ជា​ប្រាក់​ត្រូវ​បង់​ពន្ធ​។ បន្ទាប់ពី​លោក Tan ត្រូវ​បាន​លុប​ចោល​ការ​ចោទ​ប្រកាន់ ប្រធានាធិបតី​ Rodrigo Duterte ប្រកាស​ថា នឹង​លែង​និយាយ​ដល់​បញ្ហា​នេះ​។

    បញ្ជូន​និស្សិត​​1,000​នាក់​ទៅសិក្សា​នៅ​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ​

    ជា​មនុស្ស​ចូល​ចិត្ត​ការ​សិក្សា លោក​ Tan ពេញ​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ផ្នែក​អប់រំ។ ជារៀង​រាល់​ឆ្នាំ​ លោក​បញ្ជូន​និស្សិត​ចំនួន​1,000​នាក់​ទៅកាន់​ប្រទេស​ចិន​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ ភាសា​ និង​វប្បធម៌​របស់​ប្រទេស​នេះ​។ មហាសេដ្ឋី​ Lucio Tan ថែម​ទាំង​ផ្ដល់​ជំនួយ​ជា​ប្រាក់​កាស​ជា​ច្រើន​ដើម្បី​សាង​សង់​សាលា​រៀន និង​បង្កើត​មូលនិធិ​មនុស្ស​ធម៌​មួយ​ដើម្បី​កែ​លម្អ​បទ​ដ្ឋាន​មួយ​ចំនួន​នៅក្នុងវិស័យ​អប់រំ​ទៀត​ផង៕

    ប្រភព៖ SCMP

  • រដ្ឋាភិបាលចេញយុទ្ធសាស្ត្រ5ចំណុចដើម្បីអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជារហូតដល់ឆ្នាំ2025

    រដ្ឋាភិបាលចេញយុទ្ធសាស្ត្រ5ចំណុចដើម្បីអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជារហូតដល់ឆ្នាំ2025

    វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​អាច​ផ្តល់​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​ជាច្រើន​នាក់​នៅ​ទូទាំងប្រទេស និង​ផ្តល់​ផលចំណេញ​ជាច្រើន​សម្រាប់​វិស័យសេដ្ឋកិច្ច​កម្ពុជា។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប បាន​ដើរតួ​យ៉ាងសំខាន់ រួមចំណែក​យ៉ាង​ធំ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើត​ការងារ ប​ង្តើ​ន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ ។ ថ្វី​ត្បិត​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ផ្អែកលើ​ភាពខ្លាំង​ដែលជា​ឧត្តមភាព​ប្រកួតប្រជែង​កន្លងមក វិស័យ នេះ នៅ​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​អភិវឌ្ឍ​វិស័យ​ដ៏​សំខាន់​នេះ រដ្ឋាភិបាល​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា 2020-2025 ដោយ​ក្នុងនោះ​មាន​យុទ្ធសាស្ត្រសំខាន់ៗចំនួន5ចំណុច​គឺ៖

    1. បន្ត​ពង្រឹង​ធនធានមនុស្ស​ដើម្បី​បង្កើន​ផលិតភាព និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ-និយោជិត
      2. បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​របស់​កម្ម​ករ-និយោជិត
      3. លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​ផ្តោតលើ​ផលិតផល​មាន​បន្ថែម​តម្លៃ​ខ្ពស់
      4. ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​គាំទ្រ​វិស័យនេះ
      5. ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប៕
  • វិធីបញ្ឈប់និស្ស័យស្រែកគំហកដាក់កូន ដឹងឱ្យហើយមុនកូនតតាំង

    វិធីបញ្ឈប់និស្ស័យស្រែកគំហកដាក់កូន ដឹងឱ្យហើយមុនកូនតតាំង

    ជារឿងធម្មតាទៅហើយ ដែលពេលកូនៗធ្វើអ្វីខុស ឬមិនត្រូវចិត្ត លោកឪពុកអ្នកម្តាយជាច្រើននាក់តែងតែកើតអារម្មណ័មួម៉ៅ ក្តៅក្រហាយ រហូតពេលខ្លះក្លាយជាទម្លាប់និស្ស័យស្រែកគំហកខ្លាំងៗដាក់កូន តែ ឡា រ៉ែនសូមប្រាប់ទៅចុះថា ទង្វើមួយនេះមិនគួរធ្វើឱ្យក្លាយជាទម្លាប់នោះទេ ព្រោះខ្នាតមានអ្នកមកស្រែកឡូឡា ឬនិយាយស្តីច្រងេងច្រងាងខ្លាំងៗដាក់យើងដែលជាមនុស្សធំម៉េចយើងនៅមិនពេញចិត្តផង ចុះទម្រាំកូនៗដែលគ្នានៅមិនទាន់ដឹងអីនោះ។ ប្រាកដណាស់ថា កូនៗយើងក៏មិនចូលចិត្តដែរ ថែមទាំងជាការធ្វើបាបដួងចិត្តដ៏តូចមួយរបស់គេទៀតផង ដូច្នេះបើចង់បញ្ឈប់និស្ស័យនេះ សូមសាកល្បងធ្វើតាម 5 វិធីដែលឡា រ៉ែននាំយកមកជម្រាបជូននេះលមើល…។

    1 . រកការងារអ្វីមួយធ្វើដើម្បីឱ្យអារម្មណ័ និងចិត្តត្រជាក់ចុះវិញ

    នៅពេលណាដែលកូនសម្លាញ់ធ្វើឱ្យអ្នកមានអារម្មណ៍ខឹងមួម៉ៅ ចូរសាកល្បងតាំងស្មារតី ហើយនឹកដល់ក្តីតាំងចិត្តដែលអ្នកចង់បញ្ឈប់និស្ស័យនេះ បន្ទាប់ពីនោះក៏សាកល្បងរកការងារអ្វីផ្សេងៗធ្វើដើម្បីឱ្យចិត្តត្រជាក់ចុះវិញ រួចសឹមបែរទៅនិយាយជាមួយកូនដោយហេតុផលល្អៗត្រឹមត្រូវ។ សូមសាកល្បងធ្វើបែបហ្នឹងគ្រប់ពេលដែលមានអារម្មណ៍ថាខឹងមួម៉ៅកូន អាចនឹងជួយកាត់បន្ថយ និងបញ្ឈប់និស្ស័យនេះបាន។

    2 . ដូរទឹកដមសំឡេងឱ្យស្រាលចុះ

    សាកល្បងប្តូរពីការដែលចូលចិត្តតែប្រើសំឡេងមាំៗរឹងៗ ឬខ្លាំងៗស្រែកឡូឡាដាក់កូនតូច មកជាការនិយាយពិភាក្សាគ្នាដោយសំឡេងធម្មតា ស្រទន់គួរឱ្យចង់ស្តាប់វិញប្រសើរជាង។ ឡា រ៉ែនសូមប្រាប់ទៅចុះថា កូនៗនឹងជឿជាក់ និងស្តាប់អ្នកខ្លាំងជាងការដំឡើងសំឡេងដាក់គេទៅទៀត ព្រោះបើនិយាយដោយសំឡេងក្ឌុងក្ឌាំងវ៉ោកវ៉ាក សូមប្រាប់ទៅចុះថា យូរៗទៅកូនអាចនឹងមានអាការតតាំង និងរឹងទទឹង លែងជឿស្តាប់អ្នកតទៅទៀតក៏អាចថាបានដែរ ដល់ថ្ងៃនោះអ្វីៗនឹងអាចលែងកែកុនបានហើយ។

    3 . កាត់បន្ថយការនឹកសង្ឃឹមលើកូន

    បើអ្នកសង្កេតឃើញថា ខ្លួនឯងចូលចិត្តស្រែកឡូឡាដំឡើងសំឡេងដាក់កូនជាប្រចាំនោះ អាចនឹងមានន័យពីការដែលអ្នកនឹកសង្ឃឹមលើរូបកូនខ្លាំងជ្រុលពេក ដូច្នេះសូមសាកល្បងកាត់បន្ថយក្តីនឹកសង្ឃឹមនោះឱ្យតិចចុះ យល់ដឹងអំពីកូនឱ្យខ្លាំងឡើង ធានាថា និស្ស័យចូលចិត្តដំឡើងសំឡេងដាក់កូននឹងហាត់អស់យ៉ាងបណ្តើរៗដោយឯកឯងមិនខាន។

    4 . តាំងស្មារតីមុននឹងនិយាយ

    មុននឹងប្រើពាក្យសំដីស្រែកបន្ទោសស្តីថាឱ្យកូនគ្រប់ពេល សូមឱ្យឪពុកម្តាយតាំងសតិឱ្យល្អជាមុនសិន ឬអាចនឹងទន្ទេញឱ្យជាប់ក្នុងចិត្តថា គេគឺកូនរបស់យើង គេគ្រាន់តែជាកូនក្មេង គ្រាន់តែដាស់តឿនសតិខ្លួនឯងកុំឱ្យខឹងមួម៉ៅរហូតលែងដឹងខុសត្រូវតែប៉ុណ្ណោះ។ បើដាស់តឿនខ្លួនឯងបានគ្រប់ពេលបែបនេះ ធានាថានឹងបញ្ឈប់និស្ស័យយ៉ាប់នេះបានជាមិនខាន។

    5 . រកមើលកិច្ចការងារធ្វើបន្ធូរអារម្មណ៍

    បើលោកឪពុកអ្នកម្តាយលីសែងភាពតានតឹងធុញថប់ច្រើនរឿង រហូតធ្វើឱ្យបាត់បង់សតិស្មារតីមានរឿងអីបន្តិចគិតែស្រែកឡូឡេដាក់កូនញឹកញាប់នោះ សូមប្រាប់ទៅចុះ គួរតែរិះរកវិធីបន្ធូរអារម្មណ៍ធុញថប់តានតឹងទាំងនោះចោលខ្លះទៅ ដូចជា ស្តាប់បទភ្លេង ឬចម្រៀងបែបសប្បាយៗ ឬហាត់ប្រាណខ្លះក៏ល្អដែរ ធានាថា ដល់លែងមានភាពធុញថប់តានតឹងហើយនោះ និស្ស័យភ្លេចខ្លួនស្រែកគំហកដាក់កូន នឹងបាត់អស់ដោយឯកឯង។

    បើសិនបញ្ឈប់និស្ស័យមិនល្អនេះតាំងពីដំបូងៗបាន ក្រៅពីនឹងហុចផលល្អដល់ខ្លួនលោកឪពុកអ្នកម្តាយហើយនោះ នៅជួយឱ្យកូនមិនជាប់និស្ស័យច្រងេងច្រងាងនៅពេលធំឡើងទៀតផង។ ល្អបែបនេះ ឪពុកម្តាយដែលមាននិស្ស័យឆាប់ខឹងមួម៉ៅត្រូវតែនាំគ្នាចាប់ផ្តើមហាត់រៀនហើយមើលទៅ៕

  • តើប្រទេសណាខ្លះនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជា?

    តើប្រទេសណាខ្លះនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជា?

    កាលពីដើម​ខែកក្កដា ឆ្នាំ2020 សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF) បាន​បើក​ការប្រជុំ​មួយ​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែលជា​ទីក្រុង​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនេះ(2021) ដើម្បី​ពិភាក្សា​អំពី​បេក្ខភាព​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់​ចំនួន 5លើក​ខាងមុខ។

    ក្នុងនោះដែរ បន្ទាប់ពី​ឆ្នាំ2021 ដែល​វៀតណាម​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ហើយ​នោះ កម្ពុជា​បានបង្ហាញ​ពី​ភាព​រួចរាល់​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ2023 ហើយ​ប្រទេស​ចំនួន 3ទៀត បានប្រកាស​យល់ព្រម​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្តបន្ទាប់​គ្នា បន្ទាប់ពី​ឆ្នាំ2023 ទៅ ដែល​រួមមាន​ខេត្ត​ឈុន​ប៊ុ​រី (ថៃ) នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ2025 ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​នៅ​ឆ្នាំ2027 និង​ទីក្រុង​បង់​ដា​ស៊ិ​រិ​បេ​កា​វ៉ាន់ ប្រទេស​ប្រ៊ុយណេ នៅ​ឆ្នាំ2029។

    គួរ​រំឭក​ដែរ​ថា កីឡា​ស៊ី​ហ្គេម ឬ​កីឡា​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ចំនួន 30លើក​រួចមកហើយ ដោយ​គ្រប់​ប្រទេស​នៃ​តំបន់​អាស៊ាន​ទាំងអស់ សុ​ទ្ទ​តែ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ លើកលែងតែ​ប្រទេស​ទី​ម័​រ​ខាងកើត និង​កម្ពុជា​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ2023 ខាងមុខ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី1 បន្ទាប់ពី​អាក់ខាន​ធ្វើជា​ម្ចាស់ផ្ទះ​តាំងពី​ឆ្នាំ1963 មក៕