Category: សង្គម និងសេដ្ឋកិច្ច

  • ល្បីពេញពិភពលោក!! និស្សិតស្រីជនជាតិមីយ៉ាន់ម៉ា ចង្កេះរៀវតូច អង្ក្រងសុំចាញ់…

    ល្បីពេញពិភពលោក!! និស្សិតស្រីជនជាតិមីយ៉ាន់ម៉ា ចង្កេះរៀវតូច អង្ក្រងសុំចាញ់…

    កញ្ញា “ស៊ូនេង” និស្សិតស្រីជនជាតិមីយ៉ាន់ម៉ា មានចង្កេះរៀវតូច ទំហំត្រឹមតែ 13.7អ៊ិញប៉ុណ្ណោះ ល្បីថា ជាទំហំដែលរៀវតូចជាងគេបំផុតក្នុងពិភពលោក…។

    និស្សិតស្រីជនជាតិមីយ៉ាន់ម៉ា អាយុ 23ឆ្នាំម្នាក់នេះ តែងតែផូស្តរូបភាពរបស់នាងនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម ជាញឹកញាប់ ហើយនាងតែងតែត្រូវបានអ្នកតាមដាន Comment ថា នាងកែកុនរូបភាពរបស់នាង រហូតវៀចខូចខុសប្រក្រតី មើលទៅមិនសមសួន។

    តែកញ្ញា សូនេង បានឆ្លើយតបទៅវិញ ដោយការពារខ្លួនឯងថា នាងមិនបានកែកុន ឬតុបតែងរូបភាពរបស់នាងអ្វីទាំងអស់ ហើយរូបរាងរបស់នាងដែលមើលទៅឃើញស្គម មានចង្កេះរៀវតូចបែបនេះ គឺដោយសារតែនាងជាមនុស្សដែលញ៉ាំតែអាហារដើម្បីសុខភាព និងមកពីពូជអម្បូររបស់នាងបែបនេះផង។

    នាងនិយាយថា “ខ្ញុំជាមនុស្សស្រឡាញ់សុខភាព និងតែងតែប្រើវិធីគ្រប់គ្រងទម្ងន់ខ្លួន ដែលមិនបំផ្លាញសុខភាពខ្លួនឯងជាប់ជានិច្ច ដូច្នេះ គ្មានអ្វីដែលគួរឱ្យបារម្ភនោះទេ…ខ្ញុំគិតថា ដែលខ្ញុំជាមនុស្សបែបនេះ មិនឃើញខុសអ្វីត្រង់ណាសោះ…ខ្ញុំរីករាយដែលបានផូស្តរូបភាព និងបានបង្ហាញរូបរាងរបស់ខ្ញុំ…ពាក្យសរសើរផ្សេងៗ ធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយមានមនុស្សច្រើនណាស់ដែលថា មើលទៅក៏ស្អាតម្យ៉ាងដែរ”

    តែយ៉ាងណាក៏ដោយ ទោះជាមានអ្នកជឿថា ចង្កេះរបស់កញ្ញា ស៊ូនេង ប្រហែលជាទំហំចង្កេះដែលរៀវតូចជាងគេបំផុតលើពិភពលោកក៏ដោយ តែនៅក្នុងសៀវភៅ ហ្គីណេស វើល រេកខត បានបញ្ជាក់ថា អ្នកដែលមានចង្កេះរៀវតូចបំផុតក្នុងពិភពលោកគឺ កញ្ញា អ៊ីថេល ហ្គ្រែនជើរ ជនជាតិអង់គ្លេស ដែលមានទំហំចង្កេះត្រឹមតែ 13អ៊ិញប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • CEO របស់​ ByteDance “ធ្វើ​ការ​ទាំង​ថ្ងៃ​​ ទាំង​យប់​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ TikTok នៅ​អាមេរិក

    CEO របស់​ ByteDance “ធ្វើ​ការ​ទាំង​ថ្ងៃ​​ ទាំង​យប់​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ TikTok នៅ​អាមេរិក

    លោក​ Zhang Yiming កំពុង​ទទួល​រង​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ក្រុម​មន្ត្រី​អាមេរិកាំង​​ ទាក់ទិន​នឹង​ការ​ដែលក្រុម​ហ៊ុន​ ByteDance ​ត្រូវ​​​លក់​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​។

    នៅក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ CEO របស់​ ByteDance (ក្រុម​ហ៊ុន​មេ​របស់​ TikTok) លោក Zhang Yiming បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​សិក្សា​ស្រាវ​ជ្រាវ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​ “ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទំនាស់​​របស់​ក្រុម​ហ៊ុន​នេះ​ ជាមួយ​នឹង​ក្រុម​មន្ត្រី​អាមេរិកាំង​។ ក្រុម​ហ៊ុន​ ByteDance កំពុង​រងសម្ពាធ​ធ្ងន់​ពី​សេត​វិមាន​ និង​អ្នក​តាក់តែង​ច្បាប់​របស់​ហសរដ្ឋ​អាមេរិក​ ដោយ​បង្ខំ​ដោយ​ប្រយោល​​ឱ្យ​ ByteDance ​ដក​ទុន​ចេញ​ពី​សាខា​ TikTok នៅ​សហរដ្ឋ​អាមេរិក​។

    ក្រុម​ហ៊ុន​ចិន​មួយ​នេះ​កំពុង​តែ​ចរចា​លក់​ផ្នែក​ពាណិជ្ជកម្ម​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​ ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Microsoft។ ការ​សម្រេច​ចុង​ក្រោយ​លើ​​​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទិញ​ដូរក្រុម​ហ៊ុន​ TikTok នេះ តាម​គម្រោង​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ក្នុង​រយៈ​ពេល​45​ថ្ងៃ​។

    ByteDance​ កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​​របស់​អង្គ​ភាព​នានា​នៅ​សហរដ្ឋ​អាមេរិក​ ដែល​យល់​ថា TikTok អាច​ប្រមូល​ទិន្ន​ន័យ​ឯកជន​របស់​អ្ន​ក​ប្រើ​ប្រាស់​ និង​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​ចិន​។ ក្រុម​ហ៊ុន​នេះ​ បាន​ជ្រើសរើស​បុគ្គលិក​ជិត​1​ពាន់​នាក់​នៅ​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​បាន​តែង​តាំងថ្នាក់​ដឹក​នាំ​ជើង​ចាស់​របស់​ Walt Disney គឺ​លោក​ Keven Mayer ឱ្យ​ធ្វើ​ជា​ CEO របស់​ TikTok ទៀត​ផង​។

    នៅ​ពេល​ TikTok មាន​ឈ្មោះ​​ល្បី​ល្បាញ​លើ​ពិភពលោក​ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ក៏​ចាប់​ផ្ដើម​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ផ្នែក​សន្តិសុខ​ជាតិ​​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​។ កាលពី​ឆ្នាំ​ទៅ​ (2019) គណៈ​កម្ម​ការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​ (CFIUS) ដែលជា​អង្គ​ភាពមួយ​​មាន​សិទ្ធិ​ក្នុងការ​ស៊ើប​អង្កេត​លើ​ករណី​ទិញ​ដូរ​ក្រុម​ហ៊ុន​​នៅ​​សហរដ្ឋ​អាមេរិក​ បាន​បើក​ការ​វាយ​តម្លៃ​អំពី​ករណី​ ByteDance ទិញ​ Musical.ly។ នេះ​គឺជា​ជំនួញ​មួយ​ដែល​ជួយ​ឱ្យ​ TikTok បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​។

    “យើង​ធ្លាប់​បាន​អះអាង​ជា​ច្រើន​ដង​ហើយ​ថា យើង​គឺជា​ក្រុម​ហ៊ុន​ឯកជន​ និង​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​អនុវត្ត​ដំណោះ​ស្រាយ​ផ្នែក​បច្ចេក​ទេស​ និង​លើស​ពី​នេះ​ទៀត​ក៏បាន​ ដើម្បី​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​ CFIUS។​ ក៏ប៉ុន្តែ ពួកគេ (មន្ត្រី​អាមេរិកាំង) ​នៅ​តែ​យល់​ថា ByteDance ត្រូវ​តែ​លក់​ TikTok នៅ​សហរដ្ឋ​អាមេរិក​” លោក​ Zhang Yiming បាន​សរសេរ​ដូច្នេះ​នៅ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​។ លោក​បន្ត​ថា លោក​មិន​យល់​ស្រប​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​នេះ​ ហើយ​បាន​អះអាង​ថា​ “តែង​តែ​ការ​ពារ​សុវត្ថិ​ភាព​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ ភាព​ឯករាជ្យ និង​តម្លា​ភាព​របស់​បណ្ដាញ​សង្គម​នេះ​”។

    លោក Zhang Yiming ក៏​បាន​ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​ ByteDance កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​ជាមួយ​ក្រុម​ហ៊ុនបច្ចេក​វិទ្យា​មួយ​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ Microsoft នោះ​ទេ​។ លោក​ Zhang Yiming ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​កំពុង​តែ​ចូល​រួម​ពិភាក្សា​កិច្ចការ​ផ្ទៃ​ក្នុងនានា​ ហើយ​សេចក្ដី​សម្រេច​ចុង​ក្រោយរបស់​ ByteDance ​មិន​ទាន់​ត្រូវ​បាន​ដាក់​ចេញ​នៅឡើយ​។ ​លោក​ Zhang Yiming ថ្លែង​ថា “ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ និង​ដំណឹង​ចចាម​អារ៉ាម​ជុំវិញ​រឿង​រ៉ាវ​ TikTok នឹង​អាច​អូសបន្លាយ​ពេល​យូរ​តទៅមុខ​ទៀត​”៕

    ប្រភព៖ Bloomberg

  • Maurizio Sarri ចង់ប្រើឈុតយុវជនលេងជាមួយ Róma ចុងសប្តាហ៍នេះ

    Maurizio Sarri ចង់ប្រើឈុតយុវជនលេងជាមួយ Róma ចុងសប្តាហ៍នេះ

    អ្នកចាត់ការ​ក្រុមបាល់ទាត់ Juventus លោក Maurizio Sarri បាន​បង្ហើប​ពី​គម្រោង​ថា​លោក​កំពុងតែ​សិក្សា ហើយ​ត្រៀម​អនុវត្ត​ផែនការ ដាក់​ឈុត​យុវជន​ឱ្យ​លេង នៅក្នុង​ការប្រកួត​ចុងក្រោយ​ដែល​នៅ​សេសសល់។

    ឈុត​យុវជន​ដែល​លោក​និយាយ​នេះ គឺ​សំដៅ​ទៅលើ​ឈុត U23 របស់​ក្លិប Juventus ជា​ឈុត​ដែល​លោក​បាន​ត្រៀម និង​សម្រាំង​មើល​កីឡាករឆ្នើមៗ ដើម្បី​ដំឡើង​ទៅលេង​នៅក្នុង​ឈុត​ធំ នា​រដូវ​កាល​ក្រោយនេះ។ សម្រាប់​ប្រកួត​ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ Juventus នឹងត្រូវ​ប៉ះ​ជាមួយ​ក្លិប​ខ្លាំង AS Roma នៅ​យប់​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

    គួរ​បញ្ជាក់ដែរថា នៅ​ដើមខែ​ក្រោយនេះ Juventus ត្រូវ​ប្រកួត​ជាមួយ​ក្រុម Lyon វគ្គ 16ក្រុម​ចុងក្រោយ UCL ជើង​ទី2។ ដោយ​កាលពី​ជើង​ទី1 កន្លងទៅ Juventus ចាញ់ Lyon ក្នុង​លទ្ធផល 1-0៕

  • Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

    Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

    បណ្ដាញ​សង្គម​សម្រាប់​ចែក​រំលែក​​វីដេអូខ្លី​ TikTok ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ ByteDance កំណត់​តម្លៃ​ដល់​ទៅ​ជាង​50​ពាន់​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ប្រាក់ចំណូល​រំពឹង​ទុក​ថា​នឹង​ឡើង​ដល់​1​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។

    ក្រុម​ហ៊ុន​ Microsoft កាលពី​ម្សិល​មិញ​ (2​សីហា) បាន​ទទួល​ស្គាល់​ថា កំពុង​តែ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ ByteDance នៅ​ប្រទេស​ចិន​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់បណ្ដាញ​សង្គម​​ TikTok ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ​នៅ​សហរដ្ឋ​អាមេរិក​។​ តាមគម្រោង​ ពួកគេ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ក្នុង​ថ្ងៃទី​15​កញ្ញា​ខាង​មុខ។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​រវាង​លោក Satya Nadella ដែលជា CEO របស់​ Microsoft និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​Donald Trump។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ លោក​ Trump ថែម​ទាំង​បាន​និយាយ​ថា​នឹង​ហាម​ TikTok ​នៅ​សហរដ្ឋ​អាមេរិក​ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​ជំទាស់​នឹង​ការ​ដែល​ក្រុម​ហ៊ុន​ Microsoft ចង់ទិញ TikTok ផងដែរ​។

    បច្ចុប្បន្ន​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា Microsoft នឹង​ហ៊ាន​ទិញ​ TikTok ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​។​ កាល​ពី​សប្ដាហ៍​មុន​ Reuters បាន​ចេញ​ផ្សាយ​ថា ByteDance បាន​កំណត់​តម្លៃ​ TikTok លើស​ពី​50​ពាន់​លានដុល្លារ​អាមេរិក​។ ប៉ុន្តែ ដោយ​សារ​សម្ពាធ​ពី​រដ្ឋាភិបាល​អាមេរិកាំង​ តម្លៃ​នេះ​អាច​នឹង​ថយ​ចុះ​ច្រើន​។

    បច្ចុប្បន្ន ByteDance មានភាគ​ហ៊ុន​របស់​អ្នក​វិនិយោគ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​មូលនិធិ Vision Fund របស់​ SoftBank ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប្រទេស​អង់គ្លេស​ មូលនិធិ General Atlantic នៅ​សហរដ្ឋអាមេរិក​ និង​ Sequoia Capital នៅ​សហរដ្ឋ​អាមេរិក​ផងដែរ​។ នៅក្នុង​ការ​ប្រមូល​ទុន​កាល​ពី​ខែ​មីនា ក្រុម​ហ៊ុន​ ByteDance ត្រូវ​បាន​កំណត់​តម្លៃ​ត្រឹម​​100​ពាន់​លាន​ដុល្លារ​អាមេរិក​។ សារ​ព័ត៌មាន​ WSJ ដក​ស្រង់​ប្រភ​ព​ព័ត៌មាន​ដែល​ជិត​ស្និទ្ធ​ បាន​ឱ្យ​ដឹង​ថា កាល​ណោះ មាន​ការ​កំណត់​តម្លៃ​ TikTok ប្រមាណជាជាង​30​ពាន់​លានដុល្លារ​។

    Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?
    លោក Bill Gates អតីត​ CEO របស់​ Microsoft និង​លោក Satya Nadella ដែលជា CEO របស់​ Microsoft នា​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ Microsoft បាន​ឱ្យ​ដឹង​ថា ពួក​គេ​អាច​អញ្ជើញ​ក្រុម​អ្នកវិនិយោគ​អាមេរិកាំង​ផ្សេង​ទៀត​ឱ្យ​ចូល​មក​ទិញ​ភាគ​ហ៊ុ​ន​តូច​ៗ​របស់​​ TikTok។ បច្ចុប្បន្ន អ្នក​វិនិយោគ​ប្រមាណជា​70​%របស់​ ByteDance គឺ​មក​ពី​សហរដ្ឋ​អាមេរិក​។

    យោង​តាម​ WSJ ក្រុម​ហ៊ុន ByteDance​ កន្លង​មក​នេះ តែង​តែ​គេច​មិន​ចង់​លក់​ TikTok នៅ​សហរដ្ឋ​អាមេរិក​ ដោយ​សារ​ពួកគេ​គិត​ថា បណ្ដាញសង្គម​នេះ​អាច​គំរាម​កំហែង​ដល់​អ្នក​ប្រើ​ប្រាស់​ និង​ប្រាក់​ចំណូល​របស់​ Facebook។ ក្រុម​ហ៊ុន​ ByteDance បានឱ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​ប្រាក់​ចំណូល​របស់​ TikTok ថា ឆ្នាំ​នេះ​រកបាន​​ចំណូល​​1​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ឆ្នាំ​ក្រោយ​នឹង​ឡើង​ដល់​6​ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ នៅទូទាំង​ពិភពលោក​ TikTok នៅ​​មិន​ទាន់​រក​បាន​ចំណេញ​នៅ​ឡើយ​។

    យោង​តាម​កិច្ច​ព្រម​ព្រៀងដំបូង​ Microsoft នឹង​ទទួល​កាន់កាប់​ផ្នែក​អាជីវកម្ម​របស់ TikTok​ នៅ​សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី និងនូវែល​ហ្សេឡង់។ ក្រុម​ហ៊ុន​បាន​ឱ្យ​ដឹង​ថា នឹង​ធានា​សុវត្ថិ​ភាព​ចំពោះ​ទិន្នន័យ​ទាំង​អស់​របស់​អ្នក​ប្រើប្រាស់នៅ​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ត្រូវ​បាន​ផ្ទេរ និង​រក្សា​ទុក​នៅ​ប្រទេស​នេះ​។

    អំពី​បញ្ហា​សំខាន់​នៅក្នុង​ការ​ចរចា​រវាង​​ Microsoft និង​ ByteDance នោះគឺ​ការ​ផ្ដាច់​ដោយ​ឡែក​នូវ​បច្ចេក​វិទ្យារបស់​ TikTok ចេញ​ពី​បណ្ដាញ​របស់​ ByteDance។ ByteDance បច្ចុប្បន្ន​មាន​កម្មវិធី​មួយ​ផ្សេង​ទៀត​ដែល​មាន​លំនាំដូច​ TikTok នៅក្នុង​ទឹក​ដី​ប្រទេស​ចិន​ និង​មានឈ្មោះ​ថា Douyin ហើយ​ TikTok នឹង​ Douyin កំពុង​​ប្រើប្រាស់​កូដ​តែ​មួយ​។Zhang Yiming,ByteDance,TikTok,Microsoft

    លោក Zhang Yiming ស្ថាបនិក​របស់​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok
    លោក Zhang Yiming ស្ថាបនិក​របស់​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok

    ក្រុម​មន្ត្រី​អាមេរិកាំង​ មក​ដល់​ពេល​នេះ​ នៅ​តែ​ចោទ​ប្រកាន់​ថា TikTok គឺជា​ការ​គំរាម​កំហែង​មួយ​សម្រាប់​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​ TikTok ក៏តែងតែ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    Reuters ដកស្រង់​ប្រភពព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា កិច្ច​ចរចា​រវាង​ ByteDance និង​ Microsoft នឹង​ត្រូវ​បាន​តាម​ដាន​ដោយ​គណៈ​កម្ម​ការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​។ នេះ​គឺជា​នាយក​ដ្ឋាន​មួយ​ដែល​មាន​សិទ្ធិពេញ​លេញ​ អាច​​រារាំង​ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​ណាមួយ​បាន​​ទាំង​អស់​។

    ភាគី​ Microsoft ឱ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​កាល​ពីម្សិល​មិញ​ថា “Microsoft បាន​ដឹង​ច្បាស់​អំពី​សារ​សំខាន់​​ក្នុង​ការ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ប្រធានាធិបតី​។ យើង​សន្យា​ថា​ទិញ​ TikTok ក្រោយពី​បាន​វាយ​តម្លៃ​ទូទៅ​អំពី​សន្តិសុខ​ ហើយ​នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋ​កិច្ច​សម​ស្រប​ដល់​សហរដ្ឋ​អាមេរិក​ រួម​ទាំង​ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ផងដែរ​”៕

    ប្រភព៖ Reuters​ និង WSJ

  • ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឆ្នាំនេះកើនឡើងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុន

    ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឆ្នាំនេះកើនឡើងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុន

    កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ក្នុងចំណោម​ដំណាំ​យុទ្ធសាស្ត្រសំខាន់ៗ ស្រូវ​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​ប្រទេស​យើង​បាន​នាំចេញ ដោយ​ក្នុងមួយឆ្នាំៗយើង​បាន​នាំចេញ​ស្រូវ​ជាច្រើន​លាន​តោន​ទៅកាន់​ទីផ្សារ​នានា។

    ជា​លទ្ធផល​ក្នុង​ឆ្នាំ 2020នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ2020 សម្រេចបាន 426,073 តោន កើនឡើង​ប្រមាណ 118,060 តោន ស្មើនឹង 38.30% ដែល​ធៀប​ទៅនឹង​រយៈ7ខែ​ដើមឆ្នាំ2019 មាន​ចំនួន 308,013 តោន ។ ដោយឡែក​សម្រាប់​ខែកក្កដា ឆ្នាំ2020 នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន 28,413តោន កើនឡើង​ចំនួន 1,938តោន ស្មើនឹង 7.32% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ2019 ដែល​ក្នុងនេះ​មាន៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន 18,523 តោន អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន 9,208 តោន អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន 682តោន និង​អង្ករ​ក្រហម​មាន​ចំនួន 28.41 តោន ។

    ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល 7ខែ​នេះ មាន​ចំនួន 57ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន24 ក្នុងចំណោម28ប្រទេស ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន​ចំនួន6 ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន 26ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន5 ក្នុងចំណោម 70ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

    សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2019 មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន 37.70%, ប្រទេស​ចិន​កើន​ចំនួន 25.91%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន 44.03%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន 72.4% ។ចំណែកឯ​ការនាំចេញ​ស្រូវ​នៅតាម​ច្រក​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ក្នុង​រយៈពេល 7ខែ​ដើមឆ្នាំ2020 មាន​ចំនួន​ជាង 1,115លាន​តោន៕

  • ក្រសួងអប់រំ គ្រោងបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍

    ក្រសួងអប់រំ គ្រោងបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍

    ក្រសួង​អប់រំ យុវជន និង​កីឡា ថ្មីៗនេះ​បានប្រកាសថា ក្រសួង​គ្រោង​នឹង​បង្កើត​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​លើ​សមត្ថភាព​របស់​ប្រជាជន និង​ជាពិសេស​គឺ​យុវជន​ខ្មែរ។

    ក្រសួង​អប់រំ បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​តែង​សង្ឃឹមថា គង់​មាន​ថ្ងៃ​ណាមួយ​នឹង​មានកូន​ខ្មែរ​ណា​ម្នាក់​អាច​នាំ​ទង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បង្ហោះ​លើ​ទី​អវកាស ឬ​បង្កើត​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត ឬ​អាចបង្កើត​ពូជស្រូវ​ដែលមាន​ទិន្នផល​ខ្ពស់​ជាងគេ​បំផុត​ឡើង។ ប្រសិនបើ​យើង​មិន​អាចជា​កូន​ខ្មែរ​ម្នាក់​នោះទេ យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​សម្រាប់​កូន​ខ្មែរ​ម្នាក់​នោះ។

    ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​ជា​ផ្លូវការ​នូវ មូលនិធិ​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (Research Creativity and Innovation Fung-RCI Fund) នាពេលឆាប់ៗខាងមុខនេះ ដើម្បី​បង្កើត​បរិស្ថាន​នៃ​ការ​ដុះដាល​នេះ។ មូលនិធិ​នេះ នឹង​ក្លាយជា​ជំហាន​ថ្មី​មួយទៀត​នៃ​បំណងប្រាថ្នា​កម្ពុជា ក្នុងការ​អប់រំ​ឌីជីថល និង​ការអប់រំ​បែប​សតវត្ស​ទី21 ក្នុង​ដំណើរ​ឆ្ពោះទៅរក​សង្គម​មួយ​ដែល​ប្រកបដោយ​ពុទ្ធិ និង​ប្រជាជាតិ​មួយ​ដែល​រស់​រវើក៕

  • 5 យ៉ាងដែលត្រូវចៀសវាងជាដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

    5 យ៉ាងដែលត្រូវចៀសវាងជាដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

    បើការសាងគ្រួសារឱ្យមានសេចក្តីសុខជាចំណោទដែលងាយស្រួលដែលអ្នកណាៗក៏អាចធ្វើបានដែរនោះ ប្រហែលជាគ្មានបញ្ហា ឬហេតុនៃការលែងលះគ្នានោះឡើយ ដូច្នេះភាពជោគជ័យនៅក្នុងគ្រួសារគឺ ភាពអត់ធ្មត់ និងការអភ័យទោសឱ្យគ្នា បើប្រាសចាករឿងទាំងពីរនេះពេលណា ខ្សែចំណងនៃគ្រួសារក៏នឹងដាច់ដោចអស់ជាមិនខាន។

    ប្រាកដណាស់ថា ការដែលនឹងសាងក្រុមគ្រួសារឱ្យមានសេចក្តីសុខឥតខ្ចោះបាននោះ បុគ្គលដែលសំខាន់បំផុតក៏គឺ ស្វាមី-ភរិយា ឬឪពុក-ម្តាយរបស់កូនៗ ព្រោះទាំងពីរនាក់គឺជាអ្នកដែលមានតួនាទីក្នុងការសាងមនុស្ស សាងក្រុមគ្រួសារ ឱ្យដើរទៅក្នុងទិសដៅតែមួយ។

    បញ្ហាមួយដែលមានភាពសំខាន់ដល់ការសាងសេចក្តីសុខក្នុងគ្រួសារ គឺការទាស់ទែងរវាងស្វាមីភរិយាដែលនឹងហុចផលប៉ះពាល់មកដល់ខ្លួនកូន និងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ ដូច្នេះទើបយើងគួរតែសិក្សា និងរិះរកវិធីកែបញ្ហារួមគ្នាដើម្បីកុំឱ្យភាពទាស់ទែងនេះកើតឡើងក្នុងគ្រួសារបាន។

    ភាពទាស់ទែងផ្សេងៗដែលកើតឡើងក្នុងគ្រួសារ អាចញែកបានថា មកពីមូលហេតុផ្សេងៗដូចខាងក្រោមនេះ។

    1 . និស្ស័យ និងទម្លាប់ផ្ទាល់ខ្លួន ៈ ជារឿងដែលពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់ ព្រោះវាជានិស្ស័យដែលជាប់នឹងខ្លួនមកយូរហើយ ធ្លាប់ប្រតិបត្តិដដែលៗមកហើយកាលពីអតីត ទោះបីជាផ្លាស់ប្តូរបានមែន តែក៏បានត្រឹមតែមួយខណៈពេលប៉ុណ្ណោះ ដូច្នេះស្វាមីភរិយាត្រូវតែទទួលស្គាល់ និងធ្វើចិត្តឱ្យបាន ហើយកែសម្រួលខ្លួនចូលរកគ្នា ចេះបន្ធូរបន្ថយ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

    2 . ខ្វះភាពដឹងខ្លួនក្នុងតួនាទី និងកាតព្វកិច្ច ៈ សម័យមុនស្វាមីមានតួនាទីជាអ្នកដឹកនាំ ជាមេគ្រួសារ រកប្រាក់ចិញ្ចឹមគ្រួសារបច្ចុប្បន្នស្រ្តីមានតួនាទីក្នុងការធ្វើការងារ រកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដូចគ្្នា តែស្រ្តីក៏នៅតែត្រូវមកទទួលខុសត្រូវការងារក្នុងផ្ទះ និងអប់រំប្រដៅបុត្រធីតាទៀតដែរ ទើបធ្វើឱ្យពេលខ្លះភរិយាមានអារម្មណ៍មួម៉ៅ និងនិយាយច្រើន ធ្វើឱ្យកើតការទាស់ទែងឡើងបាន និងស្វាមីខ្លះក៏មិនទទួលខុសត្រូវតួនាទីរបស់ខ្លួនឯង នៅចាំតែបន្ទោស ស្តីឱ្យភរិយាថា មិនអប់រំប្រដៅកូន ទាំងដែលការងារចិញ្ចឹមថែទាំអប់រំប្រដៅកូនក៏ជាតួនាទីដោយត្រង់របស់ទាំងឪពុក និងម្តាយ ដូច្នេះទាំងពីរនាក់ត្រូវជួយគ្នាក្នុងការអប់រំមើលថែបុត្រធីតា រហូតដល់កិច្ចការងារក្នុងផ្ទះដែលត្រូវតែជួយគ្នាទៅវិញទៅមកទៀតផង។

    3 . គ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ៈ ដោយសារតែម្នាក់ៗសុទ្ធតែមានភារកិច្ចត្រូវធ្វើការងារ ពេលខ្លះក៏បែកគ្នារស់នៅ ធ្វើឱ្យគ្មានពេលវេលាជជែកនិយាយគ្នា មិនបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក ទើបក្រុមគ្រួសារគួរតែមាន “ទិវានៃគ្រួសារ” មួយសប្តាហ៍មួយថ្ងៃ ឬពេលណាមួយស្រេចតែឯកភាពគ្នា មានពេលវេលានៅជួបជុំគ្នា ប៉ា ម៉ាក់ កូន និងមានកិច្ចការងារធ្វើរួមគ្នា។

    4 . ប្រើអំពើហិង្សាសម្រេចក្តីក្នុងគ្រួសារ ៈ ការឈ្លោះប្រកែក ជេរបញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់ថ្នាក់វាយតប់គ្នារាប់បានថាជាដំណោះស្រាយដែលហៅបានថាជាការប្រើអំពើហិង្សា កម្លាំងបាយ ដោយប្រាសចាកសតិបញ្ញា ដែលភាគច្រើនកើតចេញពីការនិយាយពន្យុះរបស់ខាងណាម្នាក់ ធ្វើឱ្យម្នាក់ទៀតខឹងខ្លាំងរហូតទ្រាំលែងបាន ចាប់ផ្តើមប្រើអំពើហិង្សាដើម្បីរម្ងាប់ហេតុការណ៍។

    5 . មិនស្មោះត្រង់ ៈ ការក្បត់ចិត្តគ្នារបស់ស្វាមី ឬភរិយា រាប់បានថាជាមូលហេតុមួយដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនដួលរលំបាក់បែករួចមកហើយរាប់មិនអស់។

    យ៉ាងណាក៏ដោយ បើមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នា មិនថាតែស្វាមីភរិយា ឬសមាជិកដទៃទៀតនោះទេ មិនគួរបណ្តោយទុកចោលឱ្យវានៅរ៉ាំរ៉ៃរហូតក្លាយជាបញ្ហារីករាលដាលព្រោះតែការមិនយល់គ្នានោះឡើយ គ្រប់គ្នាគួរបែរមុខមកនិយាយគ្នា រិះរកវិធីកែខៃបញ្ហារួមគ្នា និងរឿងដែលចាំបាច់មួយទៀតក្នុងការរស់នៅរួមគ្នា គឺការគោរពសិទ្ធិរបស់គ្នាទៅវិញទៅមកទើបគ្រួសារមានសេចក្តីសុខទាំងផ្លូវកាយ និងចិត្តយូរអង្វែង៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    36 . វិធីលប់ស្នាមអុចៗដែលជាប់នៅលើគ្រឿងសង្ហារិមនោះគឺ ចូយកស្នោឈើឆ្នុកដបមកដុសខាត់ តែបើដុសខាត់ហើយមិនបាត់នោះ ចូរប្រើម្រាមដៃបៀកថ្នាំដុសធ្មេញលាយជាមួយកំទេចបារីដុសខាត់ម្តងទៀត បន្ទប់មកយកក្រណាត់សើមជូតស្នាមប្រឡាក់នោះចេញម្តងទៀត ស្នាមអុចៗទាំងនោះនឹងរលប់បាត់អស់មិនខាន។

    37 . វិធីសម្អាតកម្រាលឥដ្ឋធ្វើអំពីជ័រដែលមានស្នាមប្រឡាក់សម្អាតមិនស្អាតនោះគឺ យកច្រាសដុសធ្មេញប្តិតថ្នាំដុសធ្មេញ ហើយយកទៅដុសខាត់លើបរិវេណស្នាមប្រឡាក់នោះឱ្យខ្លាំងៗ នឹងធ្វើឱ្យស្នាមប្រឡាក់ទាំងនោះរបូតចេញអស់យ៉ាងងាយ។

    38 . វិធីវាយដែកគោលលើជញ្ជាំងដោយមិនឱ្យកោង-ងនោះគឺ ចូរលាបចុងដែកគោលដោយទឹកខ្មេះ ឬប្រេងឆា មុននឹងយកទៅដំលើជញ្ជាំង នឹងធ្វើឱ្យដែលគោលមុតចូលទៅស្រួល និងមិនកោង-ងឡើយ (ធានា!)។

    39 . វិធីលាបថ្នាំជញ្ជាំងផ្ទះឱ្យជាប់ធន់បានយូរមិនងាយសឹករបកនោះគឺ មុននឹងលាបពណ៌លើជញ្ជាំង ចូរលាងសម្អាតជញ្ជាំងឱ្យស្អាតដោយប្រេងស្រល់ដើម្បីកំចាត់ស្នាមកខ្វក់ចេញ បន្ទាប់មកសឹមលាប តែប៉ុណ្ណឹងពណ៌ដែលលាបនោះនឹងជាប់ធន់បានយូរមិនងាយសឹករបកទៅណាឡើយ។

    40 . វិធីកែបញ្ហាគ្រឿងសង្ហារិមធ្វើអំពីឈើប៉ោងចេញមកនោះគឺ ដាក់ក្រណាត់សើមៗពីលើស្នាមប៉ោងនោះ រួចយកឆ្នាំងអ៊ុតក្តៅៗមកដាក់សង្កត់ពីលើក្រណាត់សើមនោះ វិធីនេះនឹងធ្វើឱ្យកន្លែងដែលប៉ោងឡើងនៅលើគ្រឿងសង្ហារិមឈើនោះរាបស្មើស្អាតដូចដើមវិញ។

    (នៅមានត)

  • វិន័យរបស់កូនដែលឪពុកម្តាយអាចចាត់ការបានតាំងពីនៅតូច

    វិន័យរបស់កូនដែលឪពុកម្តាយអាចចាត់ការបានតាំងពីនៅតូច

    ក្មេងនាយុគសម័យថ្មីនេះច្រើនតែមិនសូវស្តាប់បង្គាប់ឪពុកម្តាយប៉ុន្មានឡើយ ដោយសារតែភាពឌឺរឹង និងភាពរពឹសរបស់គេខ្លួនឯងមួយផ្នែកដែរ តាមរយៈទង្វើការធ្វើត្រាប់តាមបែបផ្សេងៗទាំងពីសង្គមជុំវិញខ្លួន ទូរទស្សន៍ ឬពីមិត្តភ័ក្តិ ដែលបើសិនជាឪពុកម្តាយចេះតែបណ្តោយឱ្យកូនតូចខ្វះខាតរបៀបវិន័យរហូតទៅនោះ ក៏ច្បាស់ជានឹងរឹតតែក្លាយទៅជាការបណ្តុះបណ្តាលឱ្យគេប្រមូលសន្សំទម្លាប់និស្ស័យដែលមិនល្អនេះរហូតក្លាយជាក្មេងច្រងេងច្រងាង ក្លាយជាបញ្ហារបស់សង្គមតទៅថ្ងៃមុខដែលសុទ្ធតែជាផលអាក្រក់ដល់ឪពុកម្តាយ និងរូបគេខ្លួនឯងដោយត្រង់នាពេលអានាគតទាំងអស់។

    និងបើសិនជារឹតតែបានទទួលការចិញ្ចឹមមើលថែបែបបណ្តោយតាមចិត្តពីឪពុកម្តាយផងនោះ ក៏នឹងរឹតតែធ្វើឱ្យកើតបញ្ហាក្នុងការរស់នៅរួមក្នុងសង្គម ដោយសារតែខ្លួនឯងមិនអាចប្រតិបត្តិតាមរបៀបវិន័យរបស់សង្គមបាន។ ក្មេងទាំងនេះច្រើនតែមិនសូវមានមិត្តភ័ក្តិ ចូលចិត្តនៅតែម្នាក់ឯង ឬច្រើនតែជាមនុស្សដែលត្រូវមិត្តភ័ក្តិធ្វើបាប ដូច្នេះហើយ ពាក្យណែនាំ និងដំបូន្មានខាងក្រោមនេះ នឹងជួយលោកអ្នកឱ្យសាងរបៀបវិន័យមូលដ្ឋានដល់កូនបាន ដែលវានឹងធ្វើឱ្យគេរស់នៅរួមជាមួយមនុស្សក្នុងសង្គមនៅពេលធំធាត់ឡើងបានល្អប្រសើរឡើងមិនខាន។

    វិធីសាងរបៀបវិន័យដល់កូន

    1 . ដាស់តឿនប្រាប់ដោយពាក្យសម្តី

    ពាក្យសម្តីអាចរាប់បានថាជាគ្រឿងដាស់តឿនចិត្តដំបូងគេដែលយើងអាចប្រាប់កូនបានយ៉ាងងាយៗខ្លាំងបំផុត តែត្រូវប្រើពាក្យសម្តីដែលទន់ភ្លន់ ចិត្តត្រជាក់ មិនស្តីបន្ទោសថាឱ្យគេខ្លាំងៗ គេក៏នឹងកើតក្តីទន់ភ្លន់ និងស្តាប់បង្គាប់យើងមិនខាន។

    2 . ធ្វើជាគំរូដ៏ល្អដល់កូន

    ព្រោះឪពុកម្តាយគឺគ្រូដំបូងគេ មានន័យថា ទង្វើរបស់ឪពុកម្តាយជាឧទាហរណ៍ដែលល្អបំផុតរបស់កូន ដូច្នេះទើបយើងត្រូវធ្វើគំរូដែលល្អជាមួយកូន ត្រូវយកចិត្តទុកដាក់នឹងរបៀបវិន័យរបស់ខ្លួនឯងដូចជា ទុកដាក់របស់របរឱ្យត្រូវកន្លែង បើក-បិទភ្លើង ឬទូរទស្សន៍ឱ្យមានពេលមានវេលា ដើម្បីឱ្យកូនតូចមើលឃើញគំរូល្អៗ និងប្រតិបត្តិតាមបានយ៉ាងងាយស្រួល។

    3 . ការទិតៀន

    យើងគួរតែទិតៀនចំពោះតែទង្វើណាដែលមិនត្រឹមត្រូវ ទិតៀនយ៉ាងមានហេតុ មានផល មិនពាក់ព័ន្ធវែងឆ្ងាយដោយយករឿងដទៃមកពាក់ព័ន្ធ ឬម៉ៅរួមថា គេជាក្មេងដែលមិនល្អនោះឡើយ។

    4 . មិនគួរសម្លុតកូនឱ្យខ្លាច

    បើយើងប្រើការសម្លុតជាប្រចាំនោះ ក៏នឹងធ្វើឱ្យក្មេងមានទស្សនគតិក្នុងន័យអវិជ្ជមានចំពោះយើងកាន់តែខ្លាំងឡើង ដូច្នេះគួរផ្តល់ភាពសំខាន់ទៅលើការបង្ហាត់បង្រៀនពីរបៀបវិន័យដល់កូនយ៉ាងសន្សឹមៗ និងជាប់លាប់វិញប្រសើរជាង។ មិនគួរសម្លុតដោយពាក្យសម្តីដែលធ្ងន់ធ្ងរ អាក្រក់ស្តាប់ ដើម្បីឱ្យកូនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវានឹងក្លាយជាចំណុចខ្សោយដែលបង្កប់នៅក្នុងជម្រៅចិត្ហគេហ្នឹងឯង។

    5 . បង្កើនសុខភាពផ្លូវចិត្តបែបវិជ្ជមានដល់កូន

    អាចនឹងរកអ្វីដែលជាកម្លាំងជំរុញចិត្តដល់កូន ដូចជា ឱ្យអ្វីតបស្នងទៅវិញបើកូនប្រតិបត្តិតាមរបៀបវិន័យបានល្អគ្រប់មួយអាទិត្យ ឬគ្រប់មួយខែ អាចនឹងនាំទៅដើរលេង ឬទិញរបស់លេងឱ្យជារង្វាន់ក៏បាន។

    6 . បង្រៀនអំពីតិចនិកក្នុងការចាត់ការខ្លួនឯងដល់កូន

    ពោលគឺ នៅពេលមានអារម្មណ៍ធុញថប់តានតឹង ឬក្រោធខឹង ក៏ណែនាំឱ្យកូននៅម្នាក់ឯងស្ងាត់ៗ ស្ងប់សតិអារម្មណ៍ដើម្បីឱ្យចិត្តត្រជាក់ទៅវិញដោយខ្លួនឯង ឬក៏រកបទចម្រៀងស្តាប់ មើលទូរទស្សន៍ដើម្បីបន្ធូរអារម្មណ៍មួហ្មងទាំងនោះឱ្យល្អឡើង។ នៅពេលអ្នកបង្ហាត់កូនបានបែបនេះ ក៏នឹងធ្វើឱ្យកូនធំធាត់ឡើងមកព្រមជាមួយវិធីគ្រប់គ្រងចាត់ការអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ និងធ្វើឱ្យគេរស់នៅរួមជាមួយសង្គមជាមួយអ្នកដទៃបានយ៉ាងគ្មានបញ្ហាទៀតផង។

    ការបង្ហាត់បង្រៀនវិន័យទាំងនេះដល់កូន នឹងមានផលជោគជ័យច្រើនក៏នៅពេលណាដែលវាកើតឡើងយ៉ាងជាប់លាប់ មិនខ្វះចន្លោះ ប្រៀបដូចជាការធ្វើការងារអ៊ីចឹងដែរ បើមិនឈប់ធ្វើការងារទេ ក៏នឹងកើតមានប្រសិទ្ធភាពយ៉ាងច្រើនមិនខាន បើសិនមានលើកលែង ឬការអនុលោម ឬឪពុកម្តាយនឿយហត់ ព្រងើយកន្តើយចំពោះទង្វើកូនវិញនោះ វានឹងលែងធ្វើឱ្យវិន័យក្លាយជាវិន័យទៀត​​​ហើយ ហើយកូនរបស់យើងក៏នឹងគ្មានផ្លូវមានរបៀបវិន័យយ៉ាងពិតប្រាកដ ដូច្នេះចូរឧស្សាហ៍បង្កើនឧបនិស្ស័យនេះដល់កូនតាំងពីគេនៅតូចៗប្រសើរជាង ព្រោះបើមានឈ្មោះថា ឈើខ្ចីហើយនោះ ពិតជាងាយស្រួលពត់ជាងឈើចាស់ប្រាកដណាស់៕

  • នៅសុខៗ រ៉ូលីន ត្រូវអ្នកគាំទ្រសួរបារម្ភបញ្ហាជីវភាព

    នៅសុខៗ រ៉ូលីន ត្រូវអ្នកគាំទ្រសួរបារម្ភបញ្ហាជីវភាព

    ប្រិយមិត្ត​និងមហាជន​មួយចំនួន​​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​ច្បាស់រួចមក​ហើយ​ កញ្ញា​ រ៉ូលីន​ ដែលជាតារា​ពហុជំនាញ​ មាន​ទេពកោសល្យ​ និង​សមត្ថភាព​អស្ចារ្យ​ជាច្រើន​ មិនថាតែការច្រៀង​ ការសម្តែង​ និងធ្វើជា​ពិធីការិនី​នោះទេ​ សុទ្ធតែ​អាច​ធ្វើ​បាន​យ៉ាងល្អ​ និង​ទទួល​បានការគាំទ្រជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជនទៀតផង។

    ក្រោយពីប្រទេសកម្ពុជាកំពុងតែជួបភាពវឹកវរវីរុសកូវីដ១៩ ​តារាសម្ដែងច្រៀង រ៉ូលីន គេត្រូវបានមើលឃើញថា បាត់​មុខ​ឈឹង​តែ​ម្ដងពីការសម្ដែងតាមឆាក និងកម្មវិធីកញ្ចក់ទូរទស្ស។ រូលីនត្រូវបានហ្វេនផ្ញើសារមកសួរនាងថា «Hello… អត់ទោសបង ប្អូនសុំសួរមួយ? ដូចអត់ដែលឃើញបងតាមកម្មវិធីឡូវ បើបងអត់ច្រៀង តើជីវភាពបងលំបាកទេ? សុំទោសបង» ។ យ៉ាងណាមិញ រូលីន បានបង្ហោះសារតបវិញថា « Fanនេះបារម្ភឯងសាហាវណាស់😅 មួយណាឱ្យប្រាកដ​? កម្មវិធីក៏ជីវភាព​ 💁 កម្មវិធីមានក៏ធ្វើ​ អត់ក៏អត់ទៅព្រោះមិនសូវខ្វល់😌 បើជីវភាពវិញថ្វីបើមិនសូវមានEventដោយសារមីCovid ហ្នឹងក៏រស់យ៉ាងស្រួលមានតិចចាយតិចមានច្រើនចាយច្រើន​ អត់សូវមានលុយមែនតែរបស់ឆ្ងាញ់ថ្លៃៗហូរចូលមាត់រហូត😂😂😂 FanអើយFan🙏🙏🙏 »៕