Category: សង្គម និងសេដ្ឋកិច្ច

  • រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត

    រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត

    ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្រ្តីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9 ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។

    1 . ចំណីអាហារ ៈ ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់ 5 ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិសម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្រ្តីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។

    2 . ការហាត់ប្រាណ ៈ មុនពេលប្រសូតស្រ្តីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗដើម្បីសម្រាលអាការចុករួយបានដែរ ដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកក្រោមធ្វើម៉ាស្សា-ក ស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។

    3 . នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ៈ ស្រ្តីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត បែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើក ជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។

    4 . យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ ៈ ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នាដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ (ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅ) ជាដើម។

    5 . និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា ៈ ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។

    6 . ត្រៀមខ្លួនមុនប្រសូត ៈ ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង 2 បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។

    7 . ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ ៈ មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬ រឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។

    8 . ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត ៈ ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។

    9 . រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច ៈ មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូច បន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច 2 ខែមុននឹងដល់កំណត់ប្រសូត៕

  • ប៉ាឡៅ សមុទ្រស្រស់ ផ្ទៃមេឃថ្លា ទស្សនាកោះថ្មចម្លែក ហ្វ៊ីលីពីន

    ប៉ាឡៅ សមុទ្រស្រស់ ផ្ទៃមេឃថ្លា ទស្សនាកោះថ្មចម្លែក ហ្វ៊ីលីពីន

    សាធារណរដ្ឋ ប៉ាឡៅ​ ( Republic of Palau ) ជាប្រទេសប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅប៉ែកខាងកើតនៃប្រទេសហ្វីលីពីនចម្ងាយប្រមាណជា 500 ម៉ាយល៍ ដោយមាន មេឡេខេអុក ( Melekeok ) ជាទីក្រុងចម្បងរបស់ប្រទេស និង ខូរ័រ ( Koror ) ជាទីក្រុងធំមួយទៀត និងធ្លាប់ជាទីក្រុងចាស់របស់ប្រទេសនេះកាលពីមុន។

    ទីក្រុង មេឡេខេអុក ជាចំណុចចាប់ផ្តើមនៃដំណើរទេសចរណ៍ក្នុងប្រទេស ប៉ាឡៅ ដោយទីក្រុងចម្បងនេះស្ថិតនៅទិសខាងកើតនៃកោះ បាបេលដាអុប ( Babeldaob ) ជាកោះដែលធំបំផុតរបស់ប្រទេសប៉ាឡៅ។

    សម្រាប់ដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅវិញ ភាគច្រើននឹងសង្កត់ធ្ងន់លើរឿងរបស់ការទេសចរខាងសមុទ្រ។ កិច្ចការកម្សាន្តចម្បងៗច្រើនតែជាការមុជទឹកទស្សនាផ្កាថ្ម ដោយសារតែទីនេះមានបណ្តុំផ្កាថ្មដ៏ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញមួយដែររបស់ពិភពលោក។ បច្ចុប្បន្ន ប៉ាឡៅ បានក្លាយជាគោលដៅចុងក្រោយរបស់គុស្នេហ៍ដែលនឹងរៀបចំពិធីមង្គលការ ឬកំពុងស្វែងរកទីកន្លែងក្រេបរាត្រីច័ន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកទៀតផង។

    រឿងដំបូងដែលលោកអ្នកត្រូវដឹង គឺ ការធ្វើដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅនេះ គឺអាចធ្វើដំណើរទេសចរណ៍បានទាំងខាងអាកាស ឬតាមការដឹកជញ្ជូនជើងគោក និងតាមសមុទ្រ ដោយរដូវកាលទេសចរណ៍របស់ប៉ាឡៅ នឹងចាប់ផ្តើមនៅអំឡុងដើមខែតុលា រហូតដល់ចុងខែកុម្ភៈតែប៉ុណ្ណោះ។

    ក្រៅពីមុជទឹកសមុទ្រទស្សនាបណ្តុំផ្កាថ្មហើយនោះ ប៉ាឡៅនៅមានបណ្តុំកោះ រ៉ក់ ដែលមានកិច្ចការងារទេសចរណ៍កម្សាន្តជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរ មិនថាតែការហែលទឹក ស្ទូចត្រី អុំទូកខាយ៉ាក់ ឬបោះជំរំសម្រាកនៅលើឆ្នេរខ្សាច់ពណ៌សស្គុះ ដែលស៊ីគ្នាជាមួយពណ៌ពងក្រសាចាស់របស់ទឹកសមុទ្រដ៏ស្រស់ស្អាត។

    សាធារណរដ្ឋ ប៉ាឡៅ គឺជាជម្រើសមួយសម្រាប់អ្នកដែលនិយមចូលចិត្តដើរលេងតាមសមុទ្រ ដោយសារតែជាប្រទេសបណ្តុំកោះដែលមានសក្តានុពលខាងសេដ្ឋកិច្ច និងកម្រឹតជីវភាពដែលល្អប្រសើរ។ ដោយការធ្វើដំណើរដែលងាយស្រួលសប្បាយ ទើបការទៅទេសចរកម្សាន្តប៉ាឡៅមិនមែនជារឿងដែលគួរឱ្យកង្វល់សម្រាប់អ្នកទេសចរណ៍ឡើយ៕

  • ស្រ្តីមានគភ៌អានជាបន្ទាន់!! ហេតុអីកូនក្នុងគភ៌មិនរើ?

    ស្រ្តីមានគភ៌អានជាបន្ទាន់!! ហេតុអីកូនក្នុងគភ៌មិនរើ?

    ការរើបម្រះរបស់កូននៅក្នុងពោះបាននាំមកនូវភាពរំភើបរីករាយញាប់ញ័រត្រេកអរចំពោះស្រ្តីមានគភ៌ខ្លាំងណាស់ តែបើសិនជាសុខៗស្រាប់តែបាត់ឈឹងលែងរើបម្រះដោយសារអ្វីម្យ៉ាងក៏មិនដឹងនោះ អាចធ្វើឱ្យស្រ្តីមានគភ៌ដែលជាម្តាយមានកង្វល់មិនតិចឡើយ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានព័ត៌មានអំពីរឿងនេះពីលោកគ្រូពេទ្យដើម្បីបំបាត់ក្តីកង្វល់របស់ស្រ្តីមានគភ៌ទាំងឡាយ។

    ស្រ្តីដែលតាំងគភ៌ជាលើកដំបូងក្នុងជីវិតនឹងចាប់ផ្តើមមានអារម្មណ៍ថា កូននឹងរើបម្រះនៅពេលអាយុគភ៌បានប្រមាណជា 18 – 20 សប្តាហ៍ ចំណែកក្នុងការមានផ្ទៃពោះលើកក្រោយទៀត នឹងមានអារម្មណ៍ដឹងនៅពេលមានអាយុគភ៌បានប្រមាណជា 16 – 18 សប្តាហ៍ ដោយអារម្មណ៍នោះនឹងដឹងបែបទឹបៗ ដូចមានត្រីមកចឹក ដោយនឹងមានអារម្មណ៍បែបនេះនៅលើស្បែកម្តុំៗជិតរន្ធផ្ជិត។ ក្នុងអំឡុងខែដំបូងដែលកូនចាប់ផ្តើមរើនោះ អ្នកម្តាយនឹងមានអារម្មណ៍ថា កូននៅមិនទាន់រើបម្រះខ្លាំងឡើយ ជួនកាលរើត្រឹមតែមួយថ្ងៃ 1 – 2 ដង និងត្រឹមតែស្រាលៗតិចៗប៉ុណ្ណោះ ទាំងអស់នេះដោយសារតែ ទារកខ្លួននៅតូចស្ថិតនៅក្នុងថង់ទឹកភ្លោះដែលធំជាងច្រើន និងថង់ទឹកភ្លោះនេះក៏ស្ថិតនៅក្នុងប្រអប់ស្បូនរបស់អ្នកម្តាយមួយជាន់ទៀតហ្នឹងឯង ទើបធ្វើឱ្យទារកអាចបម្រះរើខ្លួនចុះឡើងបានដោយមិនប៉ះនឹងជញ្ជាំងស្បូនឡើយ ធ្វើឱ្យអ្នកម្តាយអាចនឹងមិនមានអារម្មណ៍ដឹងថាកូនរើបានគ្រប់ពេលឡើយ ដូច្នេះបើស្រ្តីមានគភ៌ណាម្នាក់មានកង្វល់ក្នុងចិត្តថា កូនមិនរើ ឬនៅសុខៗក៏ស្ងាត់បាត់នោះ ចូរសាកល្បងសង្កេតមើលជាមុនសិន ព្រោះជាប្រក្រតីទៅក្នុងអំឡុងពេលគភ៌នៅខ្ចី អ្នកម្តាយគួរតែមានអារម្មណ៍ដឹងថាកូនរើរាល់ថ្ងៃ គ្រាន់តែមានចំនួនដងមិនច្រើនប៉ុណ្ណោះឯង តែដោយសារមូលហេតុដូចដែលបានជម្រាបមកខាងលើនោះឯង ទើបធ្វើឱ្យស្រ្តីមានគភ៌ដំបូងខ្លះអាចមិនមានអារម្មណ៍ដឹងថាកូនរើ ហេតុនេះសូមរង់ចាំ និងសង្កេតមើលឱ្យច្បាស់លាស់សិន មុននឹងទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជំនាញ។

    តែក្រៅពីនេះបើការមិនរើរបស់កូននៅក្នុងគភ៌ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាកង្វល់បារម្ភ និងខ្លាចថាកូននឹងប្រសូតមុនពេលកំណត់ឬក៏អត់ហើយនោះ ឡារ៉ែនមានមូលហេតុ និងអាការ ដែលនឹងធ្វើឱ្យអ្នកម្តាយអាចប្រសូតមុនកំណត់បានមកជម្រាបជូន ដូចតទៅនេះ ៈ

    – ភាពខុសប្រក្រតីរបស់ស្បូន ដូចជា មានស្បូនពីរ

    – មាត់ស្បូនធូររលុងខុសប្រក្រតីមកតាំងពីកំណើត ឬដោយសារការវះកាត់

    – ការធ្វើការងារធ្ងន់ហួសហេតុពេក

    – ថង់ទឹកភ្លោះបែកមុនពេលកំណត់

    – ស្រ្តីមានគភ៌មានរោគជ្រៀតជ្រែកអ្វីម្យ៉ាង ដូចជា លើសឈាម ជាដើម

    – រលាករន្ធស្បូន ឬរលាកនៅក្នុងស្បូន។ ល ៕

  • ទម្លាយមុខចាងហ្វាងផលិតកម្មវ័យក្មេងក្នុងភាពយន្ដ«កម្ម» ដែលដើរតួដោយស្រីអូនសម្រស់ធម្មជាតិ

    ទម្លាយមុខចាងហ្វាងផលិតកម្មវ័យក្មេងក្នុងភាពយន្ដ«កម្ម» ដែលដើរតួដោយស្រីអូនសម្រស់ធម្មជាតិ

    បន្ទាប់ពីពិធីក្រុងពាលីថតខ្សែភាពយន្តខ្នាតធំរឿង «កម្ម» កាលពីដើមខែកក្កដា លោកស្រី នួន ស៊ុន្ទរី ហៅ «ស្រីអូន» ថៅកែ យីហោផលិតផលថែរក្សាសម្ភស្ស «សម្រស់ធម្មជាតិ» បានចូលរួមសម្តែងយ៉ាងស្វាហាប់ និងដុតដៃដុតជើង ជាមួយក្រុមការងារ។ ដំណើរការថតនៅក្រុងបាត់ដំបងនោះអាចដំណើរការយ៉ាងរលូនទៅបានដោយមានការសហការយ៉ាងសកម្មពីក្រុមការងារគ្រប់ផ្នែក នឹងការសម្រប់សម្រួលជាពិសេសពី ចាងហ្វាងផលិតកម្ម វ័យក្មេង ឈ្មោះ «សេង ចំណាន» ហៅ Henry។ ខាងក្រោមនេះជាជីវប្រវត្តិត្រួសៗរបស់គាត់ មុនប្រឡូកចូលវិស័យ ភាពយន្ត។

    លោកសេង ចំណាន មានដើមកំណើតនៅភ្នំពេញ ក្នុងគ្រួសារមធ្យមមួយដែលមានឳពុកជាអតីតចាហ្វាងផលិតកម្មមួយក្នុងសម័យ១៩៨០ផ្លាយ។ លោកបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ផ្នែកវិទ្យាសាស្រ្តធុរកិច្ច (Business Science) ដោយចំណាយពេល៦ឆ្នាំ។ អំឡុងពេលដែលលោកសិក្សានៅសហរដ្ឋអាមេរិកនោះផងដែរ លោកបានរកឃើញផលិតផលពិសេសមួយឈ្មោះ ឃូស៊ី ហើយបានសហការជាមួយស្រីអូននិងស្វាមីរបស់នាងបង្កើតក្រុមហ៊ុនមួយឈ្មោះ “សម្រស់ធម្មជាតិ”ដោយទទួលបានជោគជ័យយ៉ាងខ្លាំងមកដល់សព្វថ្ងៃនេះ។ នៅចុងឆ្នាំ២០១៩ លោកបានត្រលប់មកប្រទេសកម្ពុជាជាមួយបេសកម្មមួយ គឺលោកនឹងយកអ្វីមួយដែលជារបស់ខ្មែរទៅកាន់ពិភពលោកអោយបាន។ ក្នុងឆ្នាំ២០២០ លោកបានបន្តសហការជាមួយស្រីអូននិងប្តីរបស់នាងបង្កើតផលិតកម្ម «រាម» ក្នុងគោលបំណងធំមួយគឹចង់យករឿងខ្មែរដែលមានគុណភាពខ្ពស់ទៅកាន់ពិភពលោកដើម្បីបញ្ជាក់អោយពិភពលោកដឹងថា ខ្មែរក៏អាចផលិតរឿងគុណភាពអន្តរជាតិបានដែរ ដែលរឿងទី១របស់ផលិតកម្ម រាម គឺឈ្មោះរឿង”កម្ម”។ គួបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ សហគ្រិនវ័យក្មេងដែរមានអាយុមិនដល់៣០ឆ្នាំផងនោះ គឹជាសហស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ ជាសហស្ថាបនិក ផលិតកម្ម រាម និង ជាផលិតករ រឿងកម្មផងដែរ។

    សម្រាប់ចំណាប់អារម្មណ៍លោកផ្ទាល់លើវិស័យភាពយន្ត និងរឿង«កម្ម» Henryបានលើកឡើងថា៖ «ខ្ញុំបានយល់ដឹង ច្រើនពីការផលិតភាពយន្ត១នេះ និងទទួលស្គាល់តម្លៃការងារនេះគឺទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងពីគ្រប់ក្រុមការងារទាំងអស់និងការចុះសម្រុងគ្នាជាចាំបាច់»។ លោកក៏បន្ថែមទៀតថា៖ «ភាពយន្ត១ ល្អ មិនសុទ្ធតែពឹងទៅលើថវិកា១មុខទេ តែវាអាស្រ័យលើក្រុមការងាររួមដៃគ្នាបង្កើតលទ្ធផលគាប់ប្រសើរផងដែរ។ នៅ ផលិតកម្ម «រាម» ខ្ញុំគិតថា យើងពិតជាមានសំណាងណាស់ដែលបានធ្វើការជាមួយអ្នកអាជីព និងជំនាញការភាពយន្តឆ្នើមៗនៅក្នុងប្រទេសកម្ពុជា ខ្ញុំជឿជាក់ថាស្នាដៃពួកគាត់ នឹងនាំរឿង «កម្ម» និងកេរ្តិ៍ឈ្មោះកម្ពុជាយើង ទៅកាន់ពិភពលោកបាន។»

    បើសាកសួរទៅកញ្ញា អ៊ុង នីតា ដែលជាអ្នកសម្របសម្រួលផ្នែកផលិត ក្នុងរឿង«កម្ម»នេះវិញ កញ្ញាបានសម្តែងអារម្មណ៍ ថា៖ «បង Henryថ្វីបើថ្មោងថ្មី ក្នុងវិស័យភាពយន្ត តែគាត់ចូលចិត្តជួយយកអសារក្រុមការងារ និងតែងតែរកដំណោះស្រាយ ចំពោះបញ្ហាដែលយើងមាន ពេលថត។ ពេលនរណាម្នាក់បាក់ទឹកចិត្ត គាត់ច្រើនលើកទឹកចិត្ត និងបង្កបរិយាកាសសប្បាយ រីករាយ បំភ្លេចទុក្ខ។ សំខាន់ រឿងហូបចុក គឺគាត់មិនឱ្យយើងខ្វះខាតទេ!»

    សូមបញ្ជាក់ថាបន្ទាប់ពីថតនៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជធានីភ្នំពេញ នៅដើមខែសីហាយើងនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន«ដេនស៊ីងរ៉េន» ដែល ចែកចាយរឿង «កម្ម» បញ្ជាក់ថានៅអាចចាក់បញ្ចាក់នៅដើមឆ្នាំ២០២១ ដូចគ្រោងទុក បន្ទាប់ពីដំណើរការកាត់ត និង បច្ចេកទេសCGIចប់សព្វគ្រប់។

  • Samsung កំពុង​ពិចារណា​ “រើ​រោង​ចក្រ PC ពីប្រទេស​ចិន​ មក​កាន់​ប្រទេស​វៀតណាម”

    Samsung កំពុង​ពិចារណា​ “រើ​រោង​ចក្រ PC ពីប្រទេស​ចិន​ មក​កាន់​ប្រទេស​វៀតណាម”

    ឈប់​ផលិត​កុំព្យូទ័រ​នៅ​ប្រទេស​ចិន ក្រុម​ហ៊ុន​ Samsung កំពុង​ពិចារណា​លើ​ការ​រើ​រោង​ចក្រ​មក​កាន់​ប្រទេស​វៀតណាម​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​រក្សាកម្លាំង​ប្រកួតប្រជែង​ក្នុង​ផ្នែក​នេះ​។

    សារ​ព័ត៌មាន Nikkei បាន​ចេញ​ផ្សាយ​ថា ក្រុម​ហ៊ុន​ Samsung នឹង​បិទ​រោង​ចក្រ​ផលិត​ PC ចុង​ក្រោយ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ក្នុង​ខែ​សីហា​នេះ​។ ផ្នែក​មួយ​នៃ​មូលដ្ឋាន​របស់​ Samsung នៅ​ប្រទេស​ចិន​នឹង​ត្រូវ​ប្ដូរទៅជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ។

    Nikkei ក៏បាន​ឱ្យ​ដឹង​ដែរ​ថា Samsung កំពុង​តែ​ពិចារណា​ទៅលើ​ការ​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ ចូល​មក​ពង្រីក​បន្ថែម​នៅ​លើ​រោង​ចក្រ​មួយ​កន្លែង​ដែល​កំពុង​ដំណើរ​ការ​នៅ​ប្រទេស​វៀតណា។ អ្នកនាំពាក្យ​របស់​ Samsung បាន​ឱ្យ​ដឹង​ថា ការ​ផ្អាក​ដំណើរ​ការ​នៃ​រោង​ចក្រ​នៅ​ប្រទេស​ចិន​ គឺ​ដើម្បី​ស្វែង​រកទីតាំង​ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​។

    រោង​ចក្រ​ Samsung នៅ​ទីក្រុង ​Suzhou នៃ​ប្រទេស​ចិន​

    រោង​ចក្រ​ Samsung នៅ​ទីក្រុង ​Suzhou នៃ​ប្រទេស​ចិន​ គឺជា​មជ្ឈមណ្ឌល​ដំឡើង​កុំព្យូទ័រ​ PC។ បន្ទាប់​ពី​បាន​ដំឡើង​ ផលិត​ផល​របស់​រោង​ចក្រ​នេះ ភាគច្រើន​ត្រូវ​បាន​នាំទៅ​លក់​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង តំបន់​អាមេរិក​ខាង​ជើង និង​ប្រទេស​ចិន​។ រោង​ចក្រ​នេះ ពេល​ខ្លះ​មាន​បុគ្គលិក​ដល់​ទៅ​6,500​នាក់​ ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​បានកាត់​បន្ថយ​មក​នៅ​ត្រឹម​1,700​នាក់​ប៉ុណ្ណោះ។

    រោង​ចក្រ Samsung នៅប្រទេស​វៀតណាម
    រោង​ចក្រ Samsung នៅប្រទេស​វៀតណាម

    ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​ Gartner បាន​ឱ្យ​ដឹង​ថា បរិមាណ​ PC ដែល​បាន​បញ្ចេញលក់​នៅក្នុង​ពិភពលោក​ បាន​កើន​0.6​% ពោល​គឺ​ឡើង​ដល់​261.2លាន​គ្រឿង​ក្នុង​ឆ្នាំ​2019។ Lenovo Group របស់​ចិន​កំពុងកាន់​កាប់​24.1​% ក្នុង​ទីផ្សារ​ពិភពលោក​។ ឈរ​លំដាប់​ទី​2​គឺ​ HP ដោយ​កាន់​កាប់​22.2%​។ រីឯ​ Samsung វិញ កាន់​កាប់​ចំណែក​ទីផ្សារ​ទាប​ជាង​ Dell, Apple, Acer និង Asus ទៅ​ទៀត។

    ប្រភព៖ Nikkei

  • AFF ប្រកាស មិនរៀបចំធ្វើការប្រកួតពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ានទេ

    AFF ប្រកាស មិនរៀបចំធ្វើការប្រកួតពានរង្វាន់ដ៏ធំបំផុតប្រចាំតំបន់អាស៊ានទេ

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) កាលពី​ថ្ងៃទី30 ខែកក្កដា កន្លងទៅនេះ បានប្រកាស​យ៉ាង​តក់ក្រហល់​ថា ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 (ឆ្នាំនេះ) នឹងមិន​ត្រូវបាន​រៀបចំ​ធ្វើ​ឡើយ ដោយសារតែ​មេរោគ​កូ​វីដ-19 កំពុងតែ​បង្កើនល្បឿន​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ហើយ​សង្ឃឹមថា នឹង​អាច​រៀបចំ​ធ្វើ​ឡើងវិញ នៅ​ឆ្នាំ2021 ប្រសិនបើ​មានលទ្ធភាព។

    តាម​ការបញ្ជាក់​ដោ​យស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បា​នស​ង្គ​ត់​ធ្ងន់​ថា សម្រាប់ AFF សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ គ្រូបង្វឹក ដៃគូ​សហការ អ្នកគាំទ្រ និង​សាធារណជន​មាន​អាទិភាព​ខ្ពស់​ជាងគេ ហើយ​ការសម្រេច​ពន្យារពេល​ការប្រកួត​ដល់​ឆ្នាំ2021 គឺ​ដើម្បី​ការពារ​សុខុមាលភាព​របស់​មនុស្ស​គ្រប់គ្នា​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup។ គណៈកម្មាធិការ​ក្រុមការងារ​ពិសេស​នៃ​ពាន AFF Suzuki Cup បានធ្វើការ​ពិភាក្សា​យ៉ាង​ល្អិតល្អន់ មុននឹង​ឈានដល់​ការសម្រេចចិត្ត​នេះ។

    គួរ​រំឭក​ដែរ​ថា តាម​កម្មវិធី​ចាស់ ការប្រកួត​ពានរង្វាន់​នេះ នឹងត្រូវ​ធ្វើឡើង​នា​អំឡុង​ខែវិច្ឆិកា ហើយ​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​ធ្នូ ដោយ​ប្រទេស​នានា​នឹងត្រូវ​ប្រកួត​គ្នា​ម្នាក់ 2ប្រកួត ដោយ​ប្រទេសនីមួយៗនឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​គ្នា​ម្នាក់ 1ប្រកួត៕

  • ខែនេះ សុខ ធី នឹងប៉ះកីឡាករថ្វីដៃនៅខ្ចី ជនជាតិថៃ លើសង្វៀន ONE Championship

    ខែនេះ សុខ ធី នឹងប៉ះកីឡាករថ្វីដៃនៅខ្ចី ជនជាតិថៃ លើសង្វៀន ONE Championship

    One Championship ស្ថាប័ន​កីឡាប្រដាល់​ដ៏​ល្បី​ប្រចាំ​ទ្វីបអាស៊ី បានប្រកាស​អំពី​ការប្រកួត​នៅលើ​សង្វៀន​ទាំង2 របស់ខ្លួន​ទៀតហើយ គឺ ONE: NO SURRENDER II និង ONE: NO SURRENDER III ដែល​នឹង​ធ្វើឡើង​នៅ​ខែសីហា ឆ្នាំ2020នេះ។

    ដោយ​ក្នុងនោះ​កីឡាករ សុខ ធី ត្រូវបាន​ចាប់​គូ​ឱ្យ​ប្រកួត​សាជាថ្មី​ម្តង​ទៀតហើយ ក្រោយពេល​ខកខាន​ចាប់តាំងពី​ការ​ចាញ់​លើកចុងក្រោយ​កាលពី​ថ្ងៃទី10 ខែឧសភា ឆ្នាំ2019កន្លងមក ដោយ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Mongkolpetch Petchyindee Academy  ដែល​ធ្លាប់​ប្រកួត​ទើបតែ​បាន​ម្តងគត់ តែ​ទទួលបាន​ជ័យជម្នះ​លើស​ង្វៀន ONE Championship។ ការប្រកួត​នេះ ត្រូវបាន ONE Championship ចាត់ទុកជា​គូ​ឯក។

    សុខ ធី ធ្លាប់​ប្រកួត​ប្រដាល់​បុរាណ លើស​ង្វៀន ONE Championship ចំនួន 2លើក ចាញ់​ទាំង 2លើក ក្រោម​ថ្វីដៃ​កីឡាករ​ថៃ​ទាំងអស់ ខណៈដែល​គូប្រកួត​របស់គេ ដែលជា​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Mongkolpetch វិញ ធ្លាប់​ប្រកួត​បានតែ​ម្តង​ប៉ុណ្ណោះ តែ​ឈ្នះ​កីឡាករ​អ៊ីតាលី ដោយ​ពិន្ទុ៕

  • លេចចេញរូបរាង Huawei ម៉ូដែល Mate 40 និង 40 Pro ឆ្នាំ2020

    លេចចេញរូបរាង Huawei ម៉ូដែល Mate 40 និង 40 Pro ឆ្នាំ2020

    Steve Hemmerstoffer បាន​សហការ​ជាមួយ Pricebaba និង HandsetExpert បញ្ចេញ​នូវ​រូបភាព Render ច្បាស់ៗជាច្រើន​សន្លឹក បង្ហាញ​អំពី​រូបរាង Huawei Mate ជំនាន់​ថ្មី ដែលមាន Mate 40 និង Mate 40 Pro។

    រូបភាព​បាន​បង្ហាញថា Mate 40/40 Pro ទំនងជា​បាន​ប្រើប្រាស់​រចនាប័ទ្ម​លាយ​បញ្ចូល​គ្នា រវាង​ត្រកូល Mate 30 និង​ត្រកូល P40 ដោយ​ផ្នែក​ខាងក្រោយ​មាន​បំពាក់​ដោយ​កាមេរ៉ា​រាង​ជា​រង្វង់​មូល ស្រដៀង​នឹង​ត្រកូល Mate 30 ចំណែក​ផ្នែក​ខាងមុខ​មាន​ចោះ​រន្ធ​អេក្រង់ បំពាក់​កាមេរ៉ា Selfie ភ្លោះ​ដូច​ត្រកូល P40 ដែរ។

    លក្ខណសម្បត្តិ របស់​ស្មា​ត​ហ្វូ​ន​ទាំង 2នេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​រំពឹងថា វា​នឹង​ប្រើប្រាស់​បន្ទះ​ឈី​ប Kirin 1020 ដែលជា​ឈី​ប​ជំនាន់​ចុងក្រោយ ហើយ​អាច​ប្រកាស​ចេញ​ក្នុង​ខែតុលា ឬ​ខែវិច្ឆិកា​ខាងមុខនេះ៕

  • Samsung នឹងពិចារណាបើកមន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 បន្ថែមទៀត នៅតាមទីតាំងផលិតកម្មរបស់ខ្លួន

    Samsung នឹងពិចារណាបើកមន្ទីរធ្វើតេស្តរកមេរោគកូវីដ-19 បន្ថែមទៀត នៅតាមទីតាំងផលិតកម្មរបស់ខ្លួន

    មន្ទីរ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 របស់​ក្រុមហ៊ុន Samsung ដែលមាន​ទីតាំងនៅ​រោងចក្រ Hwaseong ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ជំរុញ​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-19 ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ដើម្បី​រក្សា​សុវត្ថិភាព​បុគ្គលិក​រប​ស់​ខ្លួន​ផងដែរ។ Samsung បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​មន្ទីរ​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 ផ្ទាល់ខ្លួន។

    បន្ថែម​ពីនេះ​ដែរ ក្រុមហ៊ុន Samsung ក៏​នឹង​ប្រើប្រាស់​មន្ទីរ​ធ្វើតេស្ត​របស់ខ្លួន​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង Hwaseong ផងដែរ ហើយ​បច្ចុប្បន្ន Samsung ថែមទាំង​កំពុង​ពិចារណា​ថា នឹង​បើក​មន្ទីរ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-19 បន្ថែមទៀត នៅតាម​ទីតាំង​ផលិតកម្ម​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង។ អាជីវកម្ម​ស្មា​ត​ហ្វូ​ន និង​ទូរទស្សន៍​របស់ Samsung បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ-19 តែ​យ៉ាងណាក្ដី អាជីវកម្ម​ផលិត​បន្ទះ​ឈី​ប នៅតែមាន​លទ្ធផល​ល្អ​ដូច​មុន​ដដែល។

    Samsung រំពឹងថា គ្រប់យ៉ាង​នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ នៅត្រឹម​ដំណាច់ឆ្នាំ2020 ឬ​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ2021៕

  • ត្រាំ ប្រកាសថា កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិក នៅថ្ងៃទី15 កញ្ញា

    ត្រាំ ប្រកាសថា កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិក នៅថ្ងៃទី15 កញ្ញា

    រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​បិទ TikTok លែងឱ្យ​ប្រើ​នៅ​អាមេរិក​តទៅទៀត ប្រសិនបើ​ផែនការ​ទិញយក​ប្រតិបត្តិការ​របស់ TikTok នៅ​អាមេរិក ពី​សំណាក់​ក្រុមហ៊ុនធំៗនៅ​អាមេរិក មិនអាច​សម្រេច​ជា​ស្ថាពរ ត្រឹម​ថ្ងៃទី15 ខែកញ្ញា​ទេនោះ។

    លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា លោក​យល់​ព្រមឱ្យ​ក្រុមហ៊ុន Microsoft ឬ​ក្រុមហ៊ុន​អាមេរិក​ដទៃទៀត ទិញយក​ប្រតិបត្តិការ​កម្មវិធី TikTok នៅ​អាមេរិក ដើម្បីឱ្យ​កម្មវិធី​នេះ​អាច​ដំណើរការបាន​តទៅទៀត។ បន្ថែម​ពីនេះ​ដែរ ក្រសួង​រតនាគារ​អាមេរិក​នឹងត្រូវ​ទទួលបាន​ភាគលាភ​មួយចំណែក​ធំ ពី​ការលក់​ប្រតិបត្តិការ TikTok នេះ​ផងដែរ។

    ដូ​ណា​ល់ ត្រាំ​ដដែល​បានលើកឡើង​ដូច្នេះ​ថា៖ “ខ្ញុំ​មិន​ប្រកាន់​ថា Microsoft ឬ​អ្នកផ្សេង​ណា ឬក៏​ក្រុមហ៊ុន​ធំ​របស់​អាមេរិក​ណាមួយ​ទិញយក​វា​នោះទេ  តែ​វា​នឹងត្រូវ​បិទ​នៅ​ថ្ងៃទី15 ខែកញ្ញា លុះត្រាតែ Microsoft ឬ​ក្រុមហ៊ុន​ណាមួយ​អាច​ទិញយក និង​ឯកភាព​លើ​តម្លៃ​សមរម្យ​មួយ ដូច្នេះ​រតនាគារជាតិ​អាមេរិក​នឹង​ទទួលបាន​ចំណែក​ភាគលាភ​ច្រើន។

    គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​រតនាគារជាតិ​អាមេរិក នឹង​ទទួលបាន​ចំណែក​ភាគលាភ​ពី​ការ​ទិញយក​ប្រតិបត្តិការ TikTok ដោយ​វិធី​ណា​នោះទេ និង​តើ Microsoft ជា​អ្នកចំណាយ ឬ ByteDance ជា​អ្នកចំណាយ ឬ​ភាគី​ទាំង2 ជា​អ្នកចំណាយ? វា​ច្បាស់​ជា​ធ្វើឱ្យ​ការចរចា​ទិញ​កាន់តែ​ពិបាក ប្រសិនបើ​ចំណែក​ភាគលាភ​ដែល​រតនាគារជាតិ​អាមេរិក​ចង់បាន មាន​ចំនួន​ច្រើន៕