Category: សង្គម និងសេដ្ឋកិច្ច

  • បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

    បុគ្គលិក​ម្នាក់​ៗ​របស់​​ Facebook ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​​1,000​ដុល្លារ​ ដើម្បី​ទិញ​ឧបករណ៍​​សម្រាប់​បន្ត​ធ្វើការ​ពីចម្ងាយ​

    Facebook អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ចម្ងាយ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​2021​ ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ម្នាក់​ៗ​ចំនួន​1,000​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ធ្វើ​ការ​នៅ​ឯផ្ទះ​ ក្នុង​គ្រា​ដែល​រលក​ទី2​របស់​COVID-19បាន​​បង្ហាញ​ខ្លួន​។

    យោង​តាម​ Reuters ព័ត៌មាន​ខាង​លើ​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​របស់​ Facebook ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​6​សីហា​​ថា៖ “បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ​ការ​ផ្នែក​សុខាភិបាល​​ និង​រដ្ឋាភិបាល​ ក៏ដូច​ជា​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​អំពី​បញ្ហា​នេះ យើង​​ក៏​សម្រេច​អនុញ្ញាត​ឱ្យ​បុគ្គលិក​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដោយ​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​”។

    មុន​នោះ បុគ្គលិក​របស់​ Facebook ចំនួន​45,000​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ពីចម្ងាយ​តាំង​ពី​ខែ​មីនា ប៉ុន្តែ​មិន​ទាន់​បានកំណត់​ច្បាស់​លាស់​ថា ពេល​ណា​ទើប​អាច​ត្រលប់​មក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នោះ​ទេ​។ ពួក​គេ​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ពេញ​លេញ​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​1,000​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សម័យ​COVID-19នេះ​។

    កាល​ពី​ចុង​ខែកក្កដា Google ក៏ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំដំបូង​គេ​​នៅ​ជ្រលង​ភ្នំ​Silicon បាន​ប្រកាស​បន្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ចំនួន​ជិត​200,000​នាក់​នៅ​ទូទាំង​ពិភពលោក​ បំពេញ​ការ​ងារ​ពី​ចម្ងាយ​​រហូត​ដល់​ខែ​មីថុនា​ឆ្នាំ​2021​។

    លោក​ Sundar Pichai ដែលជា​ CEO របស់​ Alphabet (Google) បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ថា “ខ្ញុំ​ដឹង​ថាប្រការ​នេះ​មិន​ងាយ​ស្រួល​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា ការ​សម្រេច​ចិត្ត​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​​ មាន​​ភាព​ម្ចាស់​ការ​ជាង​មុន​ក្នុងការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រវាង​ការ​ងារ​ក្រុម​ហ៊ុន​និង​ការ​ថែរក្សា​សុខ​ភាព​ផ្ទាល់ខ្លួន​​ រួម​នឹង​គ្រួ​សារ​ក្នុង​រយៈ​ពេល​12​ខែ​ទៅមុខ​ទៀត​”។

    ចំណែក​ក្រុម​ហ៊ុន​ Microsoft មក​​ដល់​បច្ចុប្បន្ន​មិន​ទាន់​បាន​ចេញ​សេចក្ដី​​កែ​ប្រែ​លើ​ការ​ប្រកាស​​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ថា​នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ឡើយ​។ រីឯ​ក្រុម​ហ៊ុន​ Apple ឯណោះ ក៏​បាន​ធ្វើ​សកម្ម​ភាព​ទៅ​តាម​កាលៈ​ទេសៈ​ ដោយ​បើក-បិទ​ហាង​របស់​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នៃ​ស្ថាន​ភាព​របស់​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    51 . ការខាត់ក្តារកម្រាលផ្ទះឱ្យភ្លឺរលោងបែបបុរាណគឺ រកផ្លែដូងទុំមកពុះបំបែកជាបំណែក ហើយយកមកដាក់ផ្កាប់យកខាងសាច់ដូងមកដុសខាត់ក្តារកម្រាលផ្ទះឱ្យបានញឹកញាប់ ក្តារកម្រាលផ្ទះនោះនឹងភ្លឺរលោងចាំងមិនខាន។

    52 . ស្នោ (ហ្វូម) អាចប្រើជាប្រយោជន៍បានច្រើនយ៉ាងណាស់ ដូចជា យកមកធ្វើជាជ័រកាវស្អិតសម្រាប់បិទស្នាមប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗបានយ៉ាងល្អគឺ មុននឹងយកមកប្រើ ត្រូវយកបំណែកដុំស្នោមកកាច់បំបែកជាកំទេចតូចៗទៅដាក់ត្រាំក្នុងប្រេងសាំងធិននើរ៍ ឱ្យវារលាយទៅជាល្បាយខាប់ៗស្អិតៗ ហើយយកទៅបិទភ្ជិតស្នាមបែកប្រេះលេចរបស់វត្ថុប្រើប្រាស់ផ្សេងៗ ដូចជា ចានដែកជ័រសម្រាប់បោកខោអាវ ជាដើម ទុកឱ្យស្ងួតល្អ របស់របរទាំងនោះនឹងអាចប្រើប្រាស់បានយូរតទៅទៀតមិនខាន។

    53 . វិធីកំចាត់ស្នាមច្រែសនៅលើស្នួដែកហាលខោអាវគឺ រកកំទេចក្រណាត់មកជ្រលក់ទឹកខ្មេះ រួចយកទៅដុសលើស្នួច្រែសនោះឱ្យសព្វ ហើយយកទឹកសាប៊ូមកដុសសម្អាតពីលើថែមទៀត បន្ទាប់ពីនោះជូតសម្អាតដោយក្រណាត់ជ្រលក់ទឹកស្រពាប់ៗ តាមដោយក្រណាត់ស្ងួតមួយសាទៀត ស្នាមច្រែសនៅលើស្នួហាលខោអាវនោះនឹងបាត់អស់រលីង។

    54 . ការសម្អាតផ្លែកាំបិតប្រើប្រាស់ក្នុងចង្រ្កានបាយដែលមានឡើងស្នាមច្រែសនោះគឺ យកកាំបិតនោះទៅដុសជាមួយក្រូចឆ្មារ ឬមើមខ្ទឹមក្រហមក៏បាន ហើយលាងចេញដោយទឹកស្អាត រួចជូតឱ្យស្ងួត ធានាថា កាំបិតធ្វើម្ហូបរបស់បងៗស្រ្តីមេផ្ទះយើងនឹងលែងមានស្នាមច្រែសឡើងទៀតមិនខាន។

    55 . ការសំលៀងកាំបិតដែលប្រើក្នុងចង្រ្កានបាយឱ្យមុតបានយូរ អាចធ្វើបានដោយការបន្តក់ប្រេងកាតប្រមាណជា 2 – 3ដំណក់នៅលើថ្មសំលៀងកាំបិត ហើយសំលៀងតាមធម្មតា ធានាថាកាំបិតរបស់បងៗនឹងមុតយ៉ាងល្អ និងប្រើបានយូរទៀតផង។

    (នៅមានត)

  • និយាយជាមួយកូនយ៉ាងណា នៅពេលកូនភ័យខ្លាច ឬមានកង្វល់?

    និយាយជាមួយកូនយ៉ាងណា នៅពេលកូនភ័យខ្លាច ឬមានកង្វល់?

    អាការវិតក្កកង្វល់ ឬភ័យខ្លាចនេះ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែធ្លាប់ជួបទាំងអស់ តែនឹងតិច ឬច្រើនប៉ុនណា ត្រង់នេះអាស្រ័យលើករណីរបស់មនុស្សម្នាក់ៗ រឹតតែជាក្មេងផងនោះ ពេលដែលភ័យខ្លាច ឬមានកង្វល់ តើមនុស្សចាស់ ឬឪពុកម្តាយនឹងជួយកុមារឱ្យឆ្លងកាត់អារម្មណ៍មិនសប្បាយចិត្តនេះបានយ៉ាងដូចម្តេច?

    មានពាក្យសំដីជាច្រើនដែលឪពុកម្តាយនិយាយជាមួយកូនដោយបំណងប្រាថ្នាល្អ ចង់ឱ្យកូនសម្លាញ់បាត់ភ័យខ្លាច តែពាក្យខ្លះ ក័មិនអាចជួយអ្វីបានដែរ និងអាចនឹងធ្វើឱ្យកូនរឹតតែភ័យខ្លាចឡើងក៏មានដែរ ដូច្នេះតើមានពាក្យសំដីអ្វីខ្លះដែលមិនគួរ និងគួរនិយាយ?

    “មិនបាច់ខ្លាចទេណា៎ មិនអីទេកូន…”

    ក្មេងៗពេលដែលភ័យខ្លាច ឬមានកង្វល់ វាមិនមែនត្រឹមតែជាអារម្មណ៍ដែលភ័យខ្លាចនោះទេ តែជារាងាកាយដែលសម្តែងចេញមក បេះដូងលោតញាប់ ដៃត្រជាក់ស្រេប ញ័រ ចង់មិនភ័យខ្លាចដែរ តែធ្វើមិនបាន ព្រោះរាងកាយមិនធ្វើតាម។

    – រឿងដែលឪពុកម្តាយគួរធ្វើ

    បើកូនភ័យខ្លាច មានកង្វល់ខ្លាំង នឹងមានអាការបេះដូងលោតញាប់ ញ័រខ្លួន ដៃជើងត្រជាក់ ចូរឱ្យកូនដកដង្ហើមចេញចូលវែងៗ (ធ្វើឱ្យកូនមើលជាគំរូ) ព្រោះនៅពេលដែលរាងកាយល្អប្រសើរឡើង កូននឹងដឹងថា ចាប់ផ្តើមលែងអីហើយ។

    ” ប៉ា និងម៉ាក់មិនយល់សោះថា ហេតុអីបានកូនត្រូវភ័យខ្លាចដល់ថ្នាក់ហ្នឹង?”

    ក្មេងដែលភ័យខ្លាច ឬមានកង្វល់ នឹងមានអារម្មណ៍មិនល្អ មានអារម្មណ៍ដូចមិនអាចជួយខ្លួនឯងបានស្រាប់ទៅហើយ ដូច្នេះការយល់ចិត្ត ការអាណិតអាសូរគឺជារឿងដែលកូនត្រូវការពីមនុស្សដែលគេស្រឡាញ់ និងទុកចិត្តដូចជាឪពុកម្តាយនេះ។

    – រឿងដែលឪពុកម្តាយគួរធ្វើ

    សាកល្បងនឹកគិតទៅដល់ពេលដែលឪពុកម្តាយខ្លួនឯងភ័យខ្លាច ឬមានកង្វល់វិញ តើមានអារម្មណ៍យ៉ាងណាខ្លះ? ដូច្នេះពាក្យសំដីដែលនឹងជួយកូនបានខ្លាំងបំផុតនោះគឺ “ប៉ាយល់” “ម៉ាក់ដឹងថាវាយ៉ាងម៉េច” ដើម្បីឱ្យកូនដឹងថា ឪពុកម្តាយយល់ចិត្តគេ ដឹងពីអារម្មណ៍របស់គេ។

    ការស្គាល់កូនច្បាស់ ការយល់ចិត្ត ការអាណិតអាសូរ និងក្តីស្រឡាញ់ គឺជាចំណុចសំខាន់បំផុតក្នុងការជួយកូនឱ្យឆ្លងផុតពីក្តីភ័យខ្លាច និងក្តីកង្វល់បារម្ភទាំងឡាយ ព្រោះនៅពេលកូនមានអារម្មណ៍ភ័យខ្លាច ឬមានកង្វល់គេតែងនឹងឃើញឪពុកម្តាយមុនអ្វីៗទាំងអស់៕

  • ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

    ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

    Mark Zuckerberg បច្ចុប្បន្ន​គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ម្ចាស់​ Amazon គឺ​លោក Jeff Bezos និង​សហស្ថាបនិក​របស់​ Microsoft លោក​ Bill Gates។

    យោង​តាម​ Bloomberg Billionaires Index មហាសេដ្ឋី​វ័យ​36​ឆ្នាំ​ Mark Zuckerberg មាន​ទ្រព្យ​ចំនួន​100​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​គឺជា​មនុស្ស​ទី3​ បន្ទាប់​ពី​លោក​ Jeff Bezos (ម្ចាស់​ Amazon) និង​លោក​ Bill Gates (សហស្ថាបនិក​របស់​ Microsoft) ដែល​មាន​ទ្រព្យ​រយពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​សម្បត្តិ​​របស់​លោក​ Zuckerberg ភាគ​ច្រើន​បាន​មក​ពី​ភាគ​ហ៊ុន​ចំនួន​13​%​ របស់​លោក​ នៅក្នុង​ក្រុម​ហ៊ុន​ Facebook។

    មូលបត្រ​ Facebook កាលពី​ម្សិល​មិញ​បាន​កើន​6.5​%​ ដែល​នេះ​គឹជា​កំណត់​ត្រា​ថ្មី​ និង​កើត​ឡើង​ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​ជឿ​ជាក់​ទៅ​លើ​ការ​ដែល​ក្រុម​ហ៊ុន​នេះ​ឧទ្ទេសនាម​ Reals ដែល​ជា​គូប្រជែង​របស់​បណ្ដាញ​សង្គម​វីដេអូខ្លី​ TikTok របស់​ចិន​។ កត្តា​នេះបាន​ជួយ​ឱ្យ​លោក​ Zuckerberg រក​បាន​ទ្រព្យបន្ថែម​ចំនួន​5.9​ពាន់​លាន​ដុល្លារ​​ដោយ​ប្រើ​ពេល​ត្រឹម​តែ​​​​មួយ​រាត្រីប៉ុណ្ណោះ​​។

    ចំណែក​អ្នក​ដែល​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ នៅ​តែជា​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​190​​ពាន់​លាន​ដុល្លារ។ ចំណែក​អ្នក​មាន​ជាង​គេ​លំដាប់​ទី2​ក្នុង​ពិភពលោក​​ គឺ​លោក​ Bill Gates ដោយ​មាន​ទ្រព្យ​សរុប​120​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ទីស្នាក់ការកណ្តាលរបស់​ Facebook នៅ​ទីក្រុង​ Menlo Park ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក

    មហាសេដ្ឋី​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ រក​បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​ ​និង​យ៉ាង​ឆាប់​រហ័ស​បំផុត​ បើ​ទោះ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់​ទៅក្នុង​វិបត្តិ​ដោយ​សារ​COVID-19យ៉ាង​ណា​ក៏​ដោយ​។ ទ្រព្យ​របស់​ Zuckerberg បាន​កើត​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​នេះ​ ខណៈ​ដែល​ Bezos រក​បាន​75​ពាន់​លានដុល្លារ​​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗបំផុត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​5 ដែល​រួម​មាន Apple, Amazon, Alphabet, Facebook និង Microsoft ​បច្ចុប្បន្ន​មាន​ទុន​​ប្រហាក់​ប្រហែល​នឹង​30​% នៃ​ GDP សរុប​របស់​ប្រទេស​នេះ​៕

    ប្រភព៖ Bloomberg

  • ប្រទះឃើញ ទៀត គីមហេង ចូលរួម​ថ្ងៃកំណើត កែវ សុខ​សិលា តែ​មិនទាន់​បង្ហាញខ្លួន​លើ​ទីលាន

    ប្រទះឃើញ ទៀត គីមហេង ចូលរួម​ថ្ងៃកំណើត កែវ សុខ​សិលា តែ​មិនទាន់​បង្ហាញខ្លួន​លើ​ទីលាន

    ក្រោយពី​រងរបួស​ក្បាល​ធ្ងន់ធ្ងរ  ហើយ​ថែមទាំង​បាត់បង់​មិត្តស្រី ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ កាលពី​ខែមិថុនា ឆ្នាំ2020 ផង​នោះ កីឡាករ ទៀត គឺ​ម​ហេង បានបង្ហាញ​វត្តមាន​ជា​លើកដំបូង ក្នុង​កម្មវិធី​មួយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

    ទោះជា​បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ​ក្នុង​ថ្ងៃនោះ​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ ប្រហែលជា​មិនទាន់មាន​សភា​ពរាងកា​យ​ល្អ​ដូចដើម​វិញ​នៅឡើយ ដោយសារតែ​មិនទាន់បាន​បង្ហាញខ្លួន​នៅក្នុង​ការហ្វឹកហាត់ ឬ​ការប្រកួត​របស់​ក្លិប​វិសាខា​វិញ នៅឡើយ​ទេ។

    គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​សៅ​រ៏​ទី1 ខែសីហា ឆ្នាំ2020 ក្នុង​កម្មវិធី​ខួបកំណើត​គម្រប់​វ័យ 23ឆ្នាំ របស់​កីឡាករ​អ្នកចាំទី​ជម្រើសជាតិ កែវ សុខ​សិលា ដែល​ធ្វើឡើង​នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជិតស្និទ្ធ និង​កីឡាករ​រួម​អាជីព​ជាច្រើនរូប​ផងដែរ​នោះ ក្នុង​នោះគេ​ក៏​ប្រទះឃើញ​វត្តមាន​របស់​កីឡាករ ទៀត គឹម​ហេង ក្នុងស្ថានភាព​សុខភាព​ធម្មតា​វិញ​ដែរ៕

  • ត្រៀមខ្លួនឱ្យរួចជាស្រេច…បើសិនជាត្រូវរៀបការម្តងទៀត

    ត្រៀមខ្លួនឱ្យរួចជាស្រេច…បើសិនជាត្រូវរៀបការម្តងទៀត

    ការយល់ព្រមបើកបេះដូងឱ្យឱកាសថ្មីៗបានចូលមកក្នុងជីវិតម្តងទៀតមិនមែនជារឿងខាតបង់នោះទេ តែត្រូវគិតពិចារណាត្រិះរិះឱ្យបានហ្មត់ចត់ ដើម្បីកុំអោយការសម្រេចចិត្តលើកនេះទៅប៉ះពាល់ផ្លូវចិត្ត “កូន” (បើសិនមាន)។

    – រៀបការម្តងទៀត…ល្អទេ?

    ទោះជាការរៀបការម្តងទៀតជាសិទ្ធិដ៏ត្រឹមត្រូវរបស់អ្នកម្តាយក៏ដោយ តែប្រាកដណាស់ រឿងដំបូងគេដែលត្រូវគិតដល់នោះគឺកូន។ ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជារឿងខាតបង់នោះទេ តែសំខាន់បំផុតអ្នកត្រូវអធិប្បាយឱ្យអនាគតស្វាមីថ្មីយល់ដឹងអំពីបន្ទុកភារៈតួនាទីនៃភាពជាម្តាយដែលមានជាប់នឹងខ្លួនឱ្យបានច្បាស់លាស់ថា តើគេអាចទទួលយក និងត្រៀមជាស្រេចក្នុងការស្រឡាញ់ និងអាណិតមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់រូបអ្នកបានដែរឬទេ? បើអ្វីៗគ្រប់យ៉ាង អូខេ អ្នកក៏អាចសម្រេចចិត្តបាន។

    – ត្រៀមជាស្រេចចាំទប់ទល់នឹងរឿងរញេរញ៉ៃ

    ប្រាកដណាស់ថា បន្ទាប់ពីអ្នកម្តាយសម្រេចចិត្តរៀបការជាលើកទីពីរហើយនោះ មានន័យថា មានមនុស្សម្នាក់ទៀតដែលប្រៀបដូចជាមនុស្សប្លែកមុខម្នាក់ (សម្រាប់កូន) ថែមចូលមកជាផ្នែកមួយក្នុងគ្រួសារ ហើយមនុស្សម្នាក់នេះមើលទៅដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែនទៀតផង។ ក្នុងទស្សនៈរបស់កូនអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាឈប់ស្រឡាញ់យើងមិនខាន ឬម៉ាក់លែងជាគ្នាជាមួយប៉ាហើយឬ? ជាដើម។ កុំបណ្តោយឱ្យសំណួរទាំងនេះនៅវិលវល់ដក់ក្នុងចិត្តកូនធ្វើអី អ្នកគួរតែ…ៈ

    ប្រាប់ឱ្យកូនយល់ កុំគិតថា កូននៅតូចមិនដឹងរឿងរ៉ាវអ្វីឱ្យសោះ

    រកពេលវេលានិយាយជាមួយកូនដោយពាក្យសំដីងាយៗ ខ្លីៗ តែការនឹងអធិប្បាយបែបនេះ អ្នកត្រូវយល់ដឹងពីធម្មជាតិរបស់កូនផងថាយ៉ាងណា ព្រោះក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត ដែលសំខាន់នោះគឺ ការរៀបរាប់ប្រាប់ ឬអធិប្បាយអំពីអ្វីដែលកើតឡើងនៅក្នុងផ្ទះ នឹងជួយឱ្យកូនមិនមានអារម្មណ៍ដាច់ចេញពីរូបអ្នក។

    សាងភាពជឿជាក់ក្នុងចិត្តដល់កូន

    រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូវផ្តល់នូវភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់រូបគេដូចមុនដដែល ការមានប៉ាថ្មីមិនអាចផ្លាស់ប្តូរអារម្មណ៍ដែលម៉ាក់មានចំពោះកូនបានទេ សេចក្តីស្រឡាញ់ដែលម៉ាក់ឱ្យដល់កូននៅតែមានរហូតតទៅ។ អ្នកម្តាយអាចនឹងប្រាប់កូនថា កូននៅតែមានរបស់លេងដូចមុនដដែល មានម៉ាក់ជូនទៅ និងទៅទទួលមកវិញនៅឯសាលារៀនដូចមុន តែថ្ងៃខ្លះម៉ាក់អាចនឹងទៅជាមួយបុរសម្នាក់នេះ មានគាត់ចូលមកនៅក្នុងផ្ទះជាមួយយើង និងមានអ្នកញ៉ាំបាយជាមួយយើងថែមម្នាក់ទៀត តែកូននៅតែញ៉ាំបាយជាមួយម៉ាក់ដូចមុនដដែល ជាដើម។

    ផ្តល់ពេលវេលាក្នុងការសម្របសម្រួលខ្លួន

    នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់អ្នកថ្មី និងរៀបផែនការគិតថា អនាគតអាចនឹងរៀបការ ឬនៅជាមួយគ្នានោះ ក៏អាចនឹងមានការនាំកិច្ចការងារប្រចាំថ្ងៃដែលយើងធ្វើជាមួយកូន និងអ្នកថ្មីមកធ្វើរួមគ្នា តែត្រូវមានតុល្យភាពគ្នាគឺ ត្រូវមានពេលបំបែកគ្នារវាងម្តាយ-កូន ខ្លួនឯង និងអនាគតស្វាមីដោយគ្មានកូន និងកិច្ចការងារដែលនឹងធ្វើរួមគ្នាទាំង 3 នាក់ ជាដើម គឺមិនមែនត្រូវតែធ្វើជាមួយគ្នារហូតគ្រប់ពេលនោះទេ៕

  • ស្រ្តីមានគភ៌ក៏អាចហាត់ប្រាណបាន និងកីឡាដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌

    ស្រ្តីមានគភ៌ក៏អាចហាត់ប្រាណបាន និងកីឡាដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌

    ក្រៅពីការជួយជំរុញឱ្យម្តាយចិញ្ចឹមកូនដៅយទឹកដោះខ្លួនឯងយ៉ាងតិចបំផុត 6 ខែ និងឱ្យកូនបានញ៉ាំទឹកដោះគួបផ្សំជាមួយអាហារតាមវ័យជាបន្តបន្ទាប់ដល់ 2 ឆ្នាំហើយនោះ ក្រុមវេជ្ជបណ្ឌិតជំនាញនៅបានគាំទ្រឱ្យស្រ្តីមានគភ៌មានសុខភាពរឹងប៉ឹងដោយការហាត់ប្រាណក្នុងកម្រិតសមរម្យទៀតផង ដោយបានណែនាំដូចខាងក្រោម។

    ស្រ្តីមានគភ៌មិនមែនជាអ្នកជំងឺទេ តែវាជាអំឡុងពេលដែលស្រ្តីគួរមានរាងកាយរឹងប៉ឹងបំផុតក្នុងជីវិត ព្រោះរាងកាយស្រ្តីមានគភ៌ត្រូវមើលថែទាំជីវិតដល់ទៅ 2 ក្នុងពេលតែមួយ និងកំពុងត្រៀមខ្លួនចូលឆ្ពោះទៅរកកម្មវិធីការប្រសូត ដូច្នេះការហាត់ប្រាណនឹងជួយឱ្យសុខភាពរាងកាយរឹងមាំ និងការធ្វើការងាររបស់ប្រព័ន្ធលំហូរវិលរបស់ឈាមឆ្ពោះទៅកាន់ទារកក្នុងគភ៌កាន់តែល្អឡើង បានទទួលសារធាតុអាហារគ្រប់គ្រាន់ និងចម្រើនធំធាត់បានល្អ។ ក្រៅពីនេះ នៅពេលអ្នកម្តាយធ្វើលំហាត់ប្រាណ រាងកាយនឹងបញ្ចេញអ័រម៉ូនអេនដូហ្វ៊ីន ឬអ័រម៉ូននៃសេចក្តីសុខ ធ្វើឱ្យអ្នកម្តាយមានសភាវខាងអារម្មណ៍ល្អ ដែលមានចំណែកធ្វើឱ្យទារករឹងប៉ឹង និងមានអារម្មណ៍ភ្លឺថ្លា។

    វេជ្ជបណ្ឌិតជំនាញបានណែនាំបន្ថែមថា ស្រ្តីមានគភ៌ដែលហាត់ប្រាណត្រូវពិចារណាពីសភាវ និងគ្រឹះភាពរឹងមាំរបស់រាងកាយជាមុនសិនថា តើមុនពេលតាំងគភ៌ធ្លាប់ហាត់ប្រាណយ៉ាងជាប់លាប់ដែរឬទេ? ហាត់ប្រាណខ្លាំងក្លាប៉ុនណា? នៅពេលតាំងគភ៌ហើយនៅអាចហាត់ប្រាណជាបន្តបន្ទាប់បានក្នុងរយៈវេលា និងភាពខ្លាំងក្លារបស់ការហាត់ប្រាណដែលស័ក្តិសមចំពោះសភាពរាងកាយ និងសភាវការតាំងគភ៌ក្នុងអំឡុងអាយុគភ៌ផ្សេងៗ រួមទាំងត្រូវឧស្សាហ៍សង្កេតមើលអាការដែលកើតឡើងក្នុងខណៈពេលហាត់ប្រាណ ឬក្រោយពេលហាត់ប្រាណហើយផង ដូចជា បើមានអាការនឿយ ល្វើយ បញ្ជាក់ថា អ្នកហាត់ប្រាណខ្លាំងជ្រុលពេកហើយ និងចំពោះស្រ្តីមានគភ៌ដែលចាប់អារម្មណ៍ការហាត់ប្រាណ តែរាងកាយមានសភាវជ្រៀតជ្រែកពីអាការផ្សេងៗនោះ អាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញបាន។

    កម្រិតកំណត់ និង ចំណុចគួរប្រយ័ត្នក្នុងការហាត់ប្រាណរបស់ស្រ្តីមានគភ៌

    1 . ចាប់ផ្តើមដោយការហាត់ប្រាណបែបស្រាលៗ នៅពេលរាងកាយស៊ាំធ្លាប់ហើយ ទើបអាចបង្កើនកម្រិតភាពលំបាកបាន។

    2 . ស្រ្តីមានគភ៌ដែលអាយុគភ៌នៅមិនទាន់ដល់ 3 ខែ មិនគួរហាត់ប្រាណក្នុងកន្លែងដែលធាតុអាកាសក្តៅ និងសើមឡើយ។

    3 . ចៀសវាងការត្រាំក្នុងទឹកដេលមានសីតុណ្ហភាពក្តៅឧណ្ហៗខ្លាំងលើសកម្រិត។

    4 . ចៀសវាងក្បាច់ដែលពន្យឺតពង្រឹងខ្លួន ក្បាច់ដែលប្រថុយប្រថាននឹងការប៉ះពាល់ជាមួយផ្ទៃ ឬក្បាច់ដែលស្រ្តីមានគភ៌ត្រូវបញ្ចេញកម្លាំងខ្លាំងៗ។

    5 . មិនគួរសម្រុកហាត់ប្រាណរហូតរាងកាយមានអារម្មណ័ថា នឿយ ល្វើយឡើយ។

    6 . គ្រប់ពេលដែលហាត់ប្រាណគួរញ៉ាំទឹកស្អាត ដើម្បីបំពេញជំនួសញើសដែលបាត់បង់ទៅ។

    7 . បើមានអារម្មណ៍ថា ដកដង្ហើមមិនទាន់ ឈឺដើមទ្រូង វិលមុខ រកកលខ្យល់ មានឈាម ឬវត្ថុរាវចេញមកតាមរន្ធស្បូន ឬមានអាការឈឺដោយសារស្បូនបង្រួញខ្លួន (ច្រើនជាង 6 – 8 ដងក្នុង 1 ម៉ោង) គួរឈប់ហាត់ប្រាណភ្លាម និងប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីសុវត្ថិភាព។

    កីឡាដែល ឡារ៉ែនចង់ណែនាំសម្រាប់ស្រ្តីមានគភ៌

    1 . ហែលទឹក – ជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងសប្បាយខ្លួន សាច់ដុំគ្រប់ផ្នែករបស់រាងកាយរឹងមាំ។

    2 . ការហ្វឹកយ៉ូហ្កា – ជួយឱ្យអាចគ្រប់គ្រងខ្យល់ដង្ហើម សាច់ដុំរឹងមាំធូរស្រាល មានសតិស្មារតី និងសមាធិក្នុងអំឡុងពេលប្រសូត។

    3 . អ៊ែរ៉ូប៊ិក ឌែនស៍ ធ្វើចលនារាងកាយ – ជួយធ្វើចលនាសាច់ដុំស្ទើរតែគ្រប់ផ្នែកក្នុងរាងកាយ ធ្វើឱ្យមានអារម្មណ៍ធូរស្រាល។

    ទាំងអស់នេះ ស្រ្តីមានគភ៌អាចហាត់ប្រាណបានយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ យ៉ាងតិចក្នុងម្តងៗ 30 នាទី តាមក្បួនខ្នាតការហាត់ប្រាណរបស់ស្រ្តីមានគភ៌៕

  • រោងភាយន្ដត្រូវបានប្រកាសឱ្យបើកដំណើរការឡើងវិញ ប៉ុន្ដែត្រូវអនុត្តលក្ខខណ្ឌ 3ចំណុច

    រោងភាយន្ដត្រូវបានប្រកាសឱ្យបើកដំណើរការឡើងវិញ ប៉ុន្ដែត្រូវអនុត្តលក្ខខណ្ឌ 3ចំណុច

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការអនុញ្ញាតបើកដំណើរការឡើងវិញនូវរោងភាពយន្តក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវី៨-១៩ និងយោងតាមលិខិតលេខ ០៤៣សខល ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល, បណ្តារោងភាពយន្ត និងរោងសម្តែងសិល្បៈនៅទូទាំង ប្រទេស បានចូលរួមអនុវត្តយ៉ាងពេញលេញតាមការណែនាំ ដោយបានបញ្ឈប់សកម្មភាពចាក់បញ្ចាំងភាពយន្ត និងសកម្មភាពសម្តែងសិល្បៈនានា ចាប់ពីពេលនោះមក។

    ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងបុព្វហេតុអភិរក្សនិងលើក ស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំ ឡើងដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា រួមមាន៖

    ១. រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បី ធានាការអនុវត្តនូវគោលការណ៍ស្តង់ដាប្រតិបត្តិឱ្យបានត្រឹមត្រូវ។
    ២. ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬ រោងសម្តែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដាប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។
    ៣. ការបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមសិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការរោង ភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សា វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

  • (វីដេអូ) SpaceX បាញ់បង្ហោះ​សាក​ល្បង​រ៉ុកកែត​ទៅកាន់​ផ្កាយ​ព្រះអង្គារ​

    (វីដេអូ) SpaceX បាញ់បង្ហោះ​សាក​ល្បង​រ៉ុកកែត​ទៅកាន់​ផ្កាយ​ព្រះអង្គារ​

    ការ​សាកល្បង​ហោះ​ហើរ​រយៈ​ចម្ងាយ​ខ្លី​នៃ​រ៉ុកកែត​ Starship នេះ អាច​បង្កើត​បាន​ជា​ជំហាន​ធំមួយ​សម្រាប់​មនុស្ស​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រុករក​ពិភព​ព្រះអង្គារនា​ពេល​ដ៏ខ្លី​ខាងមុខ​។

    នៅក្នុង​ការ​សាកល្បង​នេះ​ ឧបករណ៍​ហោះ​ហើរ​ Starship SN5 បាន​ហោះ​ឡើង​ទៅលើ​ក្នុង​រយៈ​ពេល​ត្រឹម​តែ40​វិនាទី​ប៉ុណ្ណោះ​ នៅ​ឯ​មូលដ្ឋាន​របស់​ SpaceX ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ Boca Chica ភាគ​ខាង​ត្បូង​រដ្ឋ​ Texas សហរដ្ឋ​អាមេរិក​។ ​គំរូ Starship SN5 ធ្វើ​អំពី​ដែក​ថែប​មិន​ច្រែះ​​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​សាក​ល្បង​នៅ​វេលា​ម៉ោង​6​និង​57​នាទី​ព្រឹក​ ថ្ងៃទី​5​សីហា​ (ម៉ោង​នៅ​កម្ពុជា) ហើយ​បាន​ហោះ​ឡើង​ដល់​កម្ពស់​150​ម៉ែត្រ​។ ក្រោយមក វា​ក៏​បាន​ចុះ​ចត​ទៅ​តាម​គម្រោង​ដោយ​ជោគ​ជ័យ​។

    SN5 គឺជា​គំរូ​ Starship ទី​ពីរ​របស់​ក្រុម​ហ៊ុន​ SpaceX ដែល​បាន​ហោះ​ផុត​ពី​ដី​។ មុន​នោះ យាន​ដែល​មាន​រូប​រាង​តឿ​ Starhopper ក៏ធ្លាប់​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ជា​ច្រើន​ដង​កាល​ពី​រដូវ​ក្ដៅ​2019 នៅ​មុនពេលផ្អាក​​ដំណើរ​ការ​។ មុន​យាន SN5 យាន​មួយ​ចំនួន​ដែល​ជា​កំណែ​សាក​ល្បង​ ត្រូវ​បាន​បំផ្លាញ​ក្នុង​ពេល​ធ្វើ​ការ​សាក​ល្បង​សម្ពាធ​ និង​បញ្ឆេះ​ម៉ាស៊ីន​។

    Starhopper និង SN5 សុទ្ធ​តែ​បំពាក់​ម៉ាស៊ីន​​ Raptor ដែលជា​ម៉ាស៊ី​ជំនាន់​ថ្មី​ដ៏​ខ្លាំង​ក្លា​របស់​ SpaceX។ កំណែ Starship ចុង​ក្រោយ​នឹង​ត្រូវបាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​6 និង​មាន​កម្ពស់​50​ម៉ែត្រ​ ហើយ​អាចដឹក​មនុស្ស​បាន​100​នាក់​។​​ យាន​នេះ​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ពិភព​ផែន​ដី​ជាមួយ​នឹង​រ៉ុកកែត​ Super Heavy ដែល​មាន​បំពាក់​ម៉ាស៊ីន​ Raptor ចំនួន​31គ្រឿង​​។ ឧបករណ៍​ទាំង​2នេះ​ក៏សុទ្ធ​តែ​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ដូច​គ្នា​។ Super Heavy នឹង​ចុះ​ចត​លើ​ផែន​ដី​វិញបន្ទាប់​ពី​ការ​ហោះ​ហើរ​ម្ដងៗ។ ចំណែក​យាន​ Starship ក៏មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​ និង​ផ្កាយ​ព្រះអង្គារ​។

    បើ​សិន​ជា​ដំណាក់កាល​អភិវឌ្ឍ​ Starship និង Super Heavy ដំណើរការ​ដោយ​រលូត​ យាន​ទាំង​នេះ​នឹង​អនុញ្ញាត​ឱ្យ​មនុស្ស​កសាង​មូលដ្ឋាន​របស់​ខ្លួន​នៅ​លើ​ពិភពព្រះអង្គារ​ក្នុង​រយៈ​ពេល​ពី​50​ទៅ​100​ឆ្នាំ​ខាង​មុខ​។

    ប្រភព៖ Space

  • វគ្គជម្រុះ World Cup កំពុងតែប្រឈមនឹងការលើកពេលទៀតហើយ

    វគ្គជម្រុះ World Cup កំពុងតែប្រឈមនឹងការលើកពេលទៀតហើយ

    ក្នុង​កិច្ចប្រជុំ​តាម​អ៊ិន​ធើ​ណិ​ត របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ឬ FIFA ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធាន FIFA លោក Gani Infino ជាមួយនឹង​សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) កាលពីពេល​កន្លងទៅនេះ បាន​បញ្ជាក់ថា តំបន់​អាស៊ាន មិនទាន់បាន​ធូរស្បើយ​នៅឡើយ​ទេពី​ជំងឺ​កូ​វីដ-19។

    នៅក្នុង​កិច្ចប្រជុំ​នេះ FIFA បាន​សួរ​ពី​ស្ថានភាព​របស់​វិស័យ​បាល់ទាត់​នៅក្នុង​តំបន់​អាស៊ាន និង​ស្ថានភាព​របស់​សមាគម​បាល់ទាត់នីមួយៗនៅ​អាស៊ាន បន្ទាប់ពី​ជួបប្រទះ​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 កន្លងមក ដោយ​ក្នុងនោះ លោក​បានដឹងថា តំបន់​អាស៊ាន បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រប់​ទិដ្ឋភាព​ទាំងអស់ ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​អ្នកគាំទ្រ​មិនអាច​ចូលរួម​ក្នុងការ​គាំទ្រ ទើប​ជា​មូលហេតុ​ធ្វើឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់ បានស្នើ​សុំឱ្យ FIFA ពិចារណា​ជាបន្ទាន់​ក្នុងការ​ពន្យារពេល​ការប្រកួត​នានា។

    គួរ​បញ្ជាក់ដែរថា ការប្រកួត​វគ្គ​ជម្រុះ World Cup 2022 ទើបតែ​ដល់​ពាក់​កណ្តាលផ្លូវ​ទេ ដោយ​នៅសល់​ការប្រកួត ស្ទើរតែ​ពាក់កណ្តាល​ទៀត​ឯណោះ ហើយ​ប្រទេស​នានា​ក្នុង​តំបន់​កំពុងតែ​បិទ​ព្រំដែន ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​ការរៀបចំ​ការប្រកួត​ដែល​នៅ​សេសសល់​ទាំងនោះ៕