Category: សង្គម និងសេដ្ឋកិច្ច

  • ពិធីការិនី អែនជី សម្រក់ទឹកភ្នែកក្នុងថ្ងៃកាត់ខ្សែបូក្រហម

    ពិធីការិនី អែនជី សម្រក់ទឹកភ្នែកក្នុងថ្ងៃកាត់ខ្សែបូក្រហម

    ពិធីការិនីឈ្មោះ អែនជី បានសម្រក់ទឹកភ្នែករៀបរាប់អំពីការនឹករលឹកមាតុប្រទេស ជាទីកំណើតរបស់ខ្លួន បន្ទាប់ពីអ្នកនាង និងស្វាមីបានស្ទុះស្ទាកក់សំបត់យន្ដហោះក្នុងតម្លៃពិសេស ដើម្បីហោះមកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងអំឡុងរដូវកាលកូវីដនេះ។ អ្នកនាងបានប្រាប់ពីក្ដីលំបាកក្នុងការរស់នៅទឹកដីមហាអំណាច និងការជួយជ្រោមជ្រែងពីសំណាក់អ្នកមានគុណរបស់អ្នកនាង។ ថ្មីៗនេះ អ្នកនាងនិង ស្វាមី បើកសម្ពោធក្រុមហ៊ុនថ្មីមានឈ្មោះថាក្រុមហ៊ុន AZA International Co.Ltd នៅទល់មុខសណ្ឋាគារបាលីរីសត ស្ថិតនៅក្បែរវត្តអង្គតាមិញ ផ្លូ2004។

    ជាក់ស្ដែងមុនពេលប្រកាសសម្ពោធ និង បើកហាងនោះ គឺផលិតផលរបស់អ្នកនាង មានទីផ្សារនៅប្រទេសអូស្ត្រាលី អាមេរិក និងទីផ្សារនៅកម្ពុជា ស្ទើរតែរកផលិតផលលក់មិនទាន់ទៅហើយ។ យ៉ាងណាមិញអ្នកនាង នៅតែប្រកាសបើកឱកាសឱ្យស្ត្រីបន្តធ្វើតំណាងចែកចាយ ដោយអ្នកនាងនឹងធ្វើឱ្យតំណាងចែកចាយរបស់ខ្លួន ក្លាយជាអ្នកលក់ចេះសីល តាមរយៈការបណ្ដុះបណ្ដាលពីនាង និង អ្នកជំនាញផ្ទាល់។ អ្នកនាងថា ក្នុងពេលខាងមុខ អ្នកនាងក៏ឈោងចាប់អាជីពជាពិធីការិនីឡើងវិញផងដែរ ដោយមិនបោះបង់នោះទេ បើទោះជាអ្នកនាងបានក្លាយជាម្ចាស់ក្រុមហ៊ុនអនឡាញធំមួយនាពេលនេះ។ នៅក្នុងពិធីនោះ ក្រៅពីមានការចូលរួមពីតំណាងចែកចាយ ដែលសុទ្ធតែគ្រងឈុតនៅក្នុងសម័យបារាំង ក៏មានសិល្បករសិល្បាករិនីមួយចំនួនចូលរួមផងដែរ ខណៈដែលភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងថ្ងៃនោះភាគច្រើនគឺបានតែងខ្លួននៅក្នុងសម័យបារាំង ដើម្បីរំលេចពីសំពត់ចងក្បិនរបស់ខ្មែរ។

    តារាសម្ដែង កញ្ញា នី មុន្នីនាថ បានថ្លែងការចាប់អារម្មណ៍ថា នេះគឺជាជោគជ័យមួយរបស់អ្នកសិល្បៈ ខណៈដែលអ្នកនាង អែនជី ត្រូវបានតស៊ូតាំងពីជាអ្នកលក់អនឡាញសាមញ្ញរហូតបានក្លាយជាអគ្គនាយិកានៅក្នុងពេលនេះ។ កញ្ញា ថា បើទោះជាកញ្ញា ក៏មានផលិតផលផ្ទាល់ខ្លួនផងដែរ តែកញ្ញា ក៏នៅតែគាំទ្រចំពោះផលិតផលរបស់អ្នកនាអែនជី ដោយជូនពរអោយអ្នកនាងកាន់តែជោគជ័យបន្ថែមទៀត។

    អ្នកនាង គឹម លីហ្សា បានអះអាងថា នៅក្នុងវិស័យអនឡាញ ថ្វីដ្បិតតែអ្នកនាង និង អ្នកនាង អែនជី មានមុខរបស់ Cosmictic ស្រដៀងគ្នា ប៉ុន្តែអ្នកនាងសប្បាយចិត្ត ដែលអ្នកនាងអែនជី សម្រេចចិត្តវិលមកកម្ពុជាវិញហើយ បើកក្រុមហ៊ុនគ្រឿងសម្អាងជាទ្រង់ទ្រាយធំបែបនេះ៕

    សូមជម្រាបថា ក្រុមហ៊ុន Cosmictic របស់អ្នកនាង អែនជី កន្លងមកអ្នកនាងបាននាំចូល និង ចែកចាយផលិតផល AZA ជាច្រើនមុខ នៅលើអនឡាញ ដែលមុខរបរនេះ គឺអ្នកនាងLive លក់តាំងពីអ្នកនាង នៅសហរដ្ឋអាមេរិក។ អ្នកនាងថាដើមទុនក្នុងការចំណាយគឺច្រើនម៉ឺន ដោយវត្តមានរបស់ក្រុមហ៊ុននេះ គឺចង់បង្ហាញឱ្យតំណាងចែកចាយ និងអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និងដឹងថាផលិតផលរបស់អ្នកនាង គឺមានច្បាប់ និងមានការទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធត្រឹមត្រូវ ដោយមិនមែនគ្រាន់តែជាផលិតផលនៅលើអនឡាញនោះឡើយ។ អ្នកនាងថា ក្រោយបើកដំណើរការនេះ គឺអ្នកនាង និង ស្វាមី នឹងចុះមករស់នៅកម្ពុជា ដោយអ្នកនាង ក៏នឹងពង្រឹងអាជីវកម្មមួយនេះ ឱ្យជោគជ័យនៅក្នុងវិស័យគ្រឿងសម្អាងតែម្ដង៕

  • ស្រ្តីមានគភ៌គួរញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ ណាមួយល្អជាង?

    ស្រ្តីមានគភ៌គួរញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ ណាមួយល្អជាង?

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមួយចំនួនអាចធ្លាប់បានឮគេនិយាយគ្នាថា ហាមញ៉ាំទឹកត្រជាក់ ព្រោះនឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃ តែការពិតទៅស្រ្តីមានគភ៌នៅតែអាចញ៉ាំទឹកត្រជាក់បានតាមប្រក្រតី មិនមានចំណុចហាមឃាត់ឡើយ អៃស្រ្គីមត្រជាក់ៗក៏អាចញ៉ាំបានធម្មតាដែរ គ្រាន់តែមិនគួរញ៉ាំញឹកញាប់ប៉ុណ្ណោះ ព្រោះការ៉េម ឬអៃស្រ្គីមនេះមានទាំងផ្អែមខ្លាំង ទាំងម្សៅច្រើន ដែលអាចធ្វើឱ្យឡើងជាតិស្ករនៅក្នុងឈាម និងហុចផលឱ្យទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌ខ្លួនឯងកើនឡើងទៀតផង។ អ្វីដែលល្អបំផុតនោះគឺ គួរជ្រើសរើសញ៉ាំទឹកផ្លែឈើស្រស់ៗវិញប្រសើរជាង ព្រោះក្រៅពីផ្អែមត្រជាក់ស្រស់ស្រាយចិត្តហើយ នៅមានសារធាតុរ៉ែ និងវីតាមីនដែលមានប្រយោជន៍ដល់ខ្លួនអ្នកម្តាយ និងកូនក្នុងផ្ទៃទៀតផង។

    ចំណែកទឹកក្តៅឧណ្ហៗវិញ ស្រ្តីមានគភ៌គួរញ៉ាំឱ្យបានច្រើនៗ ព្រោះវាជួយឱ្យសរសៃឈាមពង្រីកខ្លួន ត្រៀមជាស្រេចសម្រាប់ការបំបៅទឹកដោះកូនក្រោយពេលប្រសូត។ មុនពេលគេង ឬនៅពេលព្រឹក ការញ៉ាំទឹកក្តៅឧណ្ហៗ ឬការញ៉ាំទឹកដោះគោក្តៅឧណ្ហៗ ឬ ភេសជ្ជៈក្តៅឧណ្ហៗ ដូចជា សូកូឡាក្តៅៗ ទឹកកូកូក្តៅៗ ឬក៏ម៉ៃឡូអូវ៉ាន់ទីននឹងជួយឱ្យសប្បាយស្រួលពោះ ឈាមហូរវិលបានល្អ រឹតតែពេលក្រោយប្រសូត ពេលបំបៅទឹកដោះកូនផង នឹងជួយឱ្យទឹកដោះហូរបានល្អឡើង និងរាងកាយរបស់អ្នកម្តាយដែលកំពុងបំបៅដោះកូនអាចនឹងងាយខ្វះជាតិទឹក ព្រោះតែបាត់បង់ជាតិទឹកទៅលើការបំបៅទឹកដោះកូន ដូច្នេះហើយទើបការបន្ថែមបរិមាណជាតិទឹកទៅក្នុងរាងកាយ អ្នកម្តាយគួរតែញ៉ាំទឹកក្តៅឧណ្ហៗឱ្យបាន 1 កែវ។

    សម្រាប់ស្រ្តីមានគភ៌ដែលប្រសូតតាមធម្មជាតិ អាចញ៉ាំទឹកក្តៅឧណ្ហៗបានភ្លាមក្រោយពេលប្រសូត ព្រោះអាចញ៉ាំអាហារបានតែម្តង តែសម្រាប់ស្រ្តីមានគភ៌ដែលប្រសូតដោយការវះកាត់វិញ នៅពេលដែលគ្រូពេទ្យឱ្យញ៉ាំអាហាររាវបាន ក៏គួរតែញ៉ាំទឹកក្តៅឧណ្ហៗ និងញ៉ាំទៅជារឿយៗរហូតទាល់តែមានទឹកដោះគ្រប់គ្រាន់ឱ្យកូនបៅ និងនៅពេលមានទឹកដោះគ្រប់គ្រាន់ និងហូរចេញមកបានល្អហើយ អ្នកម្តាយអាចញ៉ាំទឹកក្តៅឧណ្ហៗឆ្លាស់គ្នានឹងទឹកត្រជាក់ខ្លះក៏បាន៕

  • មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​

    មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​

    អ្នក​មាន​ជាង​គេ​បង្អស់​នៅទ្វីប​​អាស៊ី លោក Mukesh Ambani បាន​យក​ឈ្នះ​លើ​ម្ចាស់​ក្រុមហ៊ុន​ LVMH នៅក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់​ Bloomberg ដោយ​មាន​ទ្រព្យ​សរុប​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​អាមេរិក​។

    Bloomberg Billionaires Index ដែលជា​ផ្នែក​មួយ​នៃ​សារ​ព័ត៌មាន​ Bloomberg បាន​ចេញ​ផ្សាយ​ថា ​ប្រធាន​ក្រុម​ហ៊ុន​ឥណ្ឌា Reliance Industries លោក Mukesh Ambani រក​បាន​ទ្រព្យ​​​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​2020​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​កើន​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​។ បច្ចុប្បន្ន លោក​ Mukesh Ambani មាន​ទ្រព្យ​ច្រើន​ជាង​មហាសេដ្ឋី Bernard Arnault ដែល​ជា​ម្ចាស់​នៃ​ក្រុម​ហ៊ុន​ LVMH ទៅ​ទៀត​។ លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក​។

    ក្រោយ​ពី​បាន​បញ្ចប់​ការ​ជួញ​ដូរ​កាល​ពី​ចុង​សប្ដាហ៍ ទ្រព្យ​របស់​លោក ​Mukesh Ambani​ បាន​កើន​ថែម​300​លាន​ដុល្លារ​ ខណៈ​ដែល​លោក​ Arnault បាន​បាត់​បង់​ជាង​1.2​ពាន់​លាន​ដុល្លារ​។ មូលបត្រ​នៃ​​ក្រុម​ហ៊ុន​ LVMH របស់​លោក​ Arnault នៅ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ចុះ​ច្រើន​ ដោយ​សារ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​ការ​ទិញ​ដូរ​ផលិត​ផល​ដែល​មាន​តម្លៃ​ថ្លៃ​នៅក្នុង​រដូវ​COVID-19​។

    តំណែង​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​នា​បច្ចុប្បន្ន នៅ​តែត្រូវ​បាន​កាន់​កាប់​ដោយ​​​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​187​ពាន់​លាន​ដុល្លារ​អាមេរិក​។ ឈរ​លំដាប់​ទី​2 គឺ​លោក Bill Gates (121​ពាន់​លាន​ដុល្លារ​ និង​ទី​3​គឺ​លោក​ Mark Zuckerberg (102​ពាន់​លាន​ដុល្លារ​)។

    លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក

    នៅ​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ទ្រព្យ​សម្បត្តិ​របស់​លោក ​Mukesh Ambani​ បាន​លោត​រំលង​មហា​សេដ្ឋី​កំពូល​ៗ​ជា​ច្រើន​រូប​​នៅ​ទូទាំង​​ពិភពលោក​ តាំង​ពី​លោក​ Elon Musk ដែលជា​ CEO របស់​ Tesla និង​សហស្ថាបនិក2​រូប​​របស់​ Google គឺ​លោក​ Larry Page និង​លោក Sergey Brin រហូត​ដល់​មហា​សេដ្ឋី​ Warren Buffett។

    បើ​ទោះ​ជា​ត្រូវ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ពីការ​ធ្លាក់​ចុះ​នៃ​​តម្រូវ​ការ​ប្រេង​កាត់​​នៅក្នុង​រដូវ​COVID-19នេះ​ក្ដី ប៉ុន្តែ​មូលបត្រ​នៃក្រុម​ហ៊ុន​របស់​លោក ​Mukesh Ambani​ នៅ​តែ​កើន​ឡើង​ខ្ពស់​ជាង​មុន​ទ្វេដង​រាប់ចាប់​ពី​ខែ​មីនា​។ មូលហេតុ​គឺ​ដោយ​សារ​ផ្នែក​សេវាកម្ម​ឌីជីថល​របស់​ក្រុម​ហ៊ុន​នេះ​ ទទួល​បាន​ខ្ទង់​វិនិយោគ​ធំ​ៗ​ជា​បន្ត​បន្ទាប់​ពី​ក្រុម​ហ៊ុន​វិនិយោគ​ផ្សេង​ៗ ក្នុង​នោះ​មាន​ Facebook និង Google ផងដែរ​៕

    ប្រភព​៖ Bloomberg

  • Barcelona ទិញបានសិស្សប្អូន Neymar ម្នាក់ ជាមួយនឹងកុងត្រារយៈពេល 5ឆ្នាំ

    Barcelona ទិញបានសិស្សប្អូន Neymar ម្នាក់ ជាមួយនឹងកុងត្រារយៈពេល 5ឆ្នាំ

    Gustavo Maia កីឡាករ​វ័យ 19ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ី​ល ដែល​លេង​ក្នុងតួនាទី​ជា​ខ្សែប្រយុទ្ធ​ស្លាប​ឆ្វេង​នៅក្នុង​ក្លិប Sáo Paulo FC នោះ បាន​ចុះ​កុងត្រា​ដើម្បី​លេង​ជាមួយ​ក្រុម​ថ្នាល​យុវជន​របស់ Barca រយៈពេល 5ឆ្នាំ គឺ​ចាប់​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025។

    ជាមួយគ្នានេះដែរ កីឡាករ​វ័យក្មេង​រូបនេះ ត្រូវបាន Barcelona ដាក់​តម្លៃ​ខ្លួន​យ៉ាងខ្ពស់​ខ្លាំង​ក្នុង​ការទិញ​ផ្តាច់​កុងត្រា ដែលមាន​តម្លៃ​ដល់​ទៅ 355លាន​ដុល្លារ​ឡើងទៅ ទើប​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ព្រម​ចរចា​ជាមួយ​ក្លិប​ណា​ដែល​ចង់បាន​កីឡាករ​វ័យក្មេង​ម្នាក់នេះ។

    គួរ​បញ្ជាក់ដែរថា កីឡាករ​ជំនាញ​ជើង​ស្តាំ Gustavo Maia រូបនេះ បាន​ចុះ​កុងត្រា​រយៈពេល 5ឆ្នាំ​ជាមួយនឹង​ក្លិប​មួយ​នេះ ដោយ​ក្លិប​បាន​រំពឹងថា គេ​នឹង​ក្លាយជា Neymar ទី2 ខណៈដែល​គេ​កំពុងតែ​ដើរ​តាម​គន្លង Neymar ដែល​ធ្លាប់បាន​ផ្ទេរ​ពី​ក្លិប Sao Paulo មក Barcelona ដូចគ្នា៕

  • វិធីរក្ស ាថែទាំទូទឹកកក ដើម្បីពន្យារអាយុប្រើការឱ្យបានយូរ

    វិធីរក្ស ាថែទាំទូទឹកកក ដើម្បីពន្យារអាយុប្រើការឱ្យបានយូរ

    នេះជារឿងដែលបងៗស្រ្តីមេផ្ទះត្រូវដឹង ព្រោះថា ទូទឹកកកស្អាត អាហារក៏មានសុវត្ថិភាព។

    ទូទឹកកកប្រៀបដូចជាផ្ទះសំណាក់របស់អាហារដូច្នោះដែរ បើទូទឹកកករបស់បងៗមិនស្អាត ពេញទៅដោយមេរោគអតិសុខុម​ប្រាណប្រភេទផ្សេងៗនោះ ក្រៅពីនឹងធ្វើឱ្យមិនសប្បាយច្រមុះហើយ មេរោគផ្សេងៗទាំងនោះនៅតាមទៅវាយប្រហារពោះវៀនរបស់យើងធ្វើឱ្យកើតអាការរាករូសបានយ៉ាងងាយទៀតផង។

    ការសម្អាតទូទឹកកកមិនមែនជារឿងពិបាកធ្វើនោះទេ គ្រាន់តែយកក្រណាត់ជូតទឹកក្តៅឧណ្ហៗដែលលាយម្សៅ បេឃិង ផៅឌើរ ( Baking Powder អាចរកទិញបាននៅតាមផ្សារទំនើប)បន្តិច ជូតផ្នែកខាងក្នុងរបស់ទូទឹកកកជាប់ជានិច្ច ឬអាចនឹងប្រើទឹកថ្នាំសម្រាប់ជូតសម្អាតទូទឹកកកក៏បាន ព្រោះវាមានឬទ្ធិក្នុងការកម្ចាត់ក្លិនបានយ៉ាងល្អ។

    ហាម…ប្រើសាប៊ូជូតផ្នែកខាងក្នុងរបស់ទូទឹកកកជាដាច់ខាត ព្រោះក្លិនរបស់ម្សៅសាប៊ូនឹងសាយភាយពេញក្នុងនោះធ្វើឱ្យបណ្តាម្ហូបអាហាររបស់បងៗមានក្លិនសាប៊ូដែរ (បងៗសាកល្បងនឹកទៅមើលថា នំខេកក្លិនម្សៅសាប៊ូ មានអ្នកណាចង់ញ៉ាំទេ?)។

    ហាម…ទឹកសាប៊ូផ្សេងៗដែលអាចនឹងមានឬទ្ធិខាំកម្ទេច ព្រោះនឹងធ្វើឱ្យទូទឹកកកខូចខាត។

    ផ្នែកដែលត្រូវយកចិត្តទុកដាក់ជាពិសេសគឺ ប្រឡោះទុកផ្លែឈើ ព្រោះជាប្រឡោះដែលស្ថិតនៅខាងក្រោមបំផុត ទើបមានទឹកដក់ជាប់ជានិច្ច និងកន្លែងមួយទៀតគឺ ថ្នាក់ដាក់របស់ខាងៗទូ ច្រើនតែប្រឡាក់ស្នាមកខ្វក់ដែលដៃទាំងសងខាងរបស់យើងនាំយកទៅ ព្រោះជាចំណុចដែលយើងចាប់យកនេះយកនោះញឹកញាប់បំផុត។

    រំលាយទឹកកកចោលម្តងម្កាលផង

    ការរំលាយទឹកកកចោល ក្រៅពីនឹងជួយបង្កើនទីកន្លែងក្នងប្រឡោះក្លាស្សេឱ្យធំឡើងហើយ នៅជាការជួយឱ្យប្រព័ន្ធបញ្ចេញភាពត្រជាក់របស់ទូទឹកកកវិលវល់សាយភាយបានល្អឡើង ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ បើសិនមានទឹកកកតោងជាប់ក្រាស់ច្រើនរហូតហៀរចេញមក នឹងធ្វើឱ្យកើតការរុញឱ្យទ្វារទូបិទមិនជិត។

    ទូទឹកកកទូទៅតែងមានប្រព័ន្ធរំលាយទឹកកកស្វ័យប្រវត្តិ ឬពាក់កណ្តាលស្វ័យប្រវត្តិ ដោយយើងត្រូវចុចកុងតាក់រំលាយទឹកកកដោយខ្លួនឯង។

    ហាម…យកវត្ថុអ្វីក៏ដោយមកគាស់ ឬបុកបំបែកដុំទឹកកកនោះជាដាច់ខាត ព្រោះអាចធ្វើឱ្យទូទឹកកកខូចអស់បាន។

    មុននឹងដំណើរការរំលាយដុំទឹកកក កុំភ្លេចយកអាហារដែលក្លាស្សេនៅក្នុងនោះចេញសិន ហើយយកមករុំខ្ចប់ដោយក្រដាស់កាសែតឱ្យបានច្រើនជាន់ ដើម្បីជួយរក្សាភាពត្រជាក់ជំនួសទូទឹកកកដែលបិទដំណើរការបណ្តោះអាសន្នប្រមាណជា 1 – 2 ម៉ោង។

    ក្នុងអំឡុងពេលរង់ចាំឱ្យទឹកកករលាយអស់ពីប្រឡោះកន្លែងកកនោះ ចូរបើកទ្វារទូទឹកកកចំហរចោល ដើម្បីឱ្យទឹកដែលរលាយហូរចូលទៅក្នុងថាសត្រងទឹកដែលនៅពីក្រោម និងឧស្សាហ៍ដោះយកទៅចាក់ចោលផង។ គន្លឹះសំខាន់ ៈ បើសិនទឹកកករលាយយឺត យើងអាចដាក់ឆ្នាំង ឬចានដែកដែលមានទឹកក្តៅឧណ្ហៗនៅខាងក្នុងទៅក្នុងប្រឡោះកន្លែងក្លាស្សេនោះដើម្បីឱ្យទឹកកកឆាប់រលាយអស់។

    ទុកឱ្យម៉ាស៊ីនទូទឹកកកបានបំភាយកំដៅចេញផង

    ជាចំណុចសំខាន់ និងសំខាន់បំផុត ព្រោះទូទឹកកត្រូវបំភាយកម្តៅចេញពីគ្រឿងផលិតភាពត្រជាក់ បើទូទឹកកមិនអាចបំភាយកម្តៅចេញបាន គ្រឿងនឹងធ្វើការរឹតតែខ្លាំងឡើង ធ្វើឱ្យអាយុការប្រើការមានរយៈពេលខ្លី ដូច្នេះចូរកុំតាំងទូទឹកកកនៅជាប់នឹងជញ្ជាំងជ្រុលពេក រួមទាំងកុំឱ្យមានអ្វីមកដាក់ពាំងពីមុខកន្លែងបំភាយកម្តៅផង។ ក្រៅពីនេះបងៗស្រ្តីមេផ្ទះគួរបោសសម្អាតធូលីដីដែលតោងជាប់នៅផ្នែកខាងក្រោយនៃទូយ៉ាងហោចណាស់មួយឆ្នាំឱ្យបាន 2 ដងផង៕

  • 4 មណ្ឌលទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងប្រទេស បែលយៀម

    4 មណ្ឌលទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងប្រទេស បែលយៀម

    បែលយៀម ប្រទេសតូចមួយនេះពោរពេញទៅដោយសិល្បៈ ស្ថាបត្យកម្មបុរាណដ៏ស្រស់ស្អាត និងថែមទាំងមានទីកន្លែងដែលត្រូវចិត្តអ្នកទេសចរមិនតិចឡើយ មានគូស្នេហ៍ជាច្រើនបានជ្រើសរើសយកទីក្រុងដ៏ស្ងប់ស្ងាត់មួយនេះធ្វើជាកន្លែងក្រេបច័ន្ទទឹកឃ្មុំ ដោយសារតែមានភាពស្ងប់ស្ងាត់ ស្អាត និងសុវត្ថិភាព។ ឥលូវ យើងនាំគ្នាមកមើលថា នៅពេលទៅដល់ហើយ តើមានទីកន្លែងណាខ្លះដែលយើងមិនគួរខកខាន។

    1 . ទីលានអនុស្សាវរីយ៍ Grand Place

    ជា Market Square ដែលស្ថិតនៅក្នុងចំណុចកណ្តាលរបស់ទីក្រុង ប្រ៊ុចសែល អនុស្សាវរីយ៍មួយនេះត្រូវបានសាងឡើងក្នុងសម័យគ្រិស្តសតវត្សទី 15 មានបណ្តោយ 110 ម៉ែត្រ ទទឹង 68 ម៉ែត្រ មានការតុបតែងលម្អផ្នែកខាងក្នុងយ៉ាងល្អប្រណីតបំផុតលើពិភពលោកដោយសិល្បៈស្ទីល បារូក កូធិក ដែលមានភាពចំណាស់ជាង 300 ឆ្នាំមកហើយ អាចរាប់បានថា ជាទីលានអនុស្សាវរីយ៍មួយដែលស្រស់ស្អាតបំផុតនៅក្នុងទ្វីបអឺរ៉ុប។

    2 . សារមន្ទី Choco-Story

    ស្ថិតនៅក្នុងអគារកំពស់ 4 ជាន់មួយ ក្នុងតំបន់ Saint-Jansplein 2 ដែលជាចំណុចកណ្តាលរបស់ទីក្រុង ប្រ៊ុចស៍ សាងឡើងនៅសតវត្រទី 15។ នៅក្នុងទីនោះលោកអ្នកនឹងបានរៀនយល់ដឹងថា ហេតុអីទើបស្ករសូកូឡាមានភាពសំខាន់ចំពោះ Aztecs និងMayans? និងតើមនុស្សទាំងនោះថ្វាយស្ករសូកូឡាទៅព្រះជាម្ចាស់យ៉ាងណា? និងមុនពេលត្រឡប់ លោកអ្នកនឹងបានភ្លក្សស្ករសូកូឡាដែលទើបនឹងធ្វើហើយថ្មីៗដ៏សែនឈ្ងុយឆ្ងាញ់ទៀតផង។

    3 . ប៉មរគាំង Belfort

    ប៉មរគាំងដ៏ចំណាស់បំផុតរបស់ទីក្រុងប្រ៊ុចស៍មួយនេះសាងឡើងក្នុងឆ្នាំ 1822 ជាទីកន្លែងដែលលោកអ្នកមិនគួរខកខានឡើយ។ ប៉មរគាំងដ៏ធំមួយនេះមានកំពស់ 83 ម៉ែត្រ មានភាពលេចធ្លោរនៅលើអាកាស និងអាចហៅបានថាជាទីកន្លែងដ៏គួរឱ្យចងចាំខ្លាំងបំផុតរបស់ទីក្រុងនេះ ចំណែកទេសភាពដែលមើលឃើញពីខាងលើប៉មមកនោះ គឺអាចមើលឃើញទីក្រុងប្រ៊ុចស៍ទាំងមូលដែលមានភាពស្រស់ស្អាតជាទីបំផុត។

    4 . ដងទន្លេ Minnewater

    អ្នកខ្លះហៅថា “ទន្លេនៃស្នេហ៍” ដងទន្លេមួយខ្សែនេះមានចំណុចឈរទស្សនាទេសភាពដ៏ធំ កន្លែងពិកនិកតាមមាត់ទឹក និងជាទីកន្លែងសម្រាកលំហែកាយ មនុស្សជាច្រើនអាចនឹងឈ្លក់វង្វេងបរិយាកាសរបស់ដងទន្លេមួយនេះយ៉ាងមិនអាចដកចិត្តបាន និងដែលសំខាន់នោះគឺ ក្នុងរដូវរងា ទឹកទន្លេមួយខ្សែនេះនឹងក្លាយទៅជាទឹកកក៕

  • រឿងដែលអ្នកម្តាយថ្មោងថ្មីត្រូវដឹង ៈ ការសង្កេត និងការមើលថែទាំកូនតូចទើបនឹងកើត…

    រឿងដែលអ្នកម្តាយថ្មោងថ្មីត្រូវដឹង ៈ ការសង្កេត និងការមើលថែទាំកូនតូចទើបនឹងកើត…

    អ្នកម្តាយថ្មោងថ្មីត្រូវតែចេះសម្របសម្រួលខ្លួន និងព្យាយាមសង្កេតមើលកូនតូចថា តើកូនយ៉ាងណា ត្រូវការអ្វី ឯកូនតូចខ្លួនឯងក៏កំពុងរៀនយល់ដឹងក្នុងការតបស្នងទៅអ្នកម្តាយវិញដូចគ្នា ព្រោះក្មេងម្នាក់ៗនឹងមានភាពខុសប្លែកពីគ្នា ទាំងរឿងការបៅ ការគេង និងសូម្បីតែការយំរំខានផងដែរ ដូច្នេះទើបអ្នកម្តាយគួរត្រូវប្រើភាពប៉ឹនសង្កេត និងសញ្ជាតិញាណនៃភាពជាម្តាយ កែសម្រួលការមើលថែទាំកូនតូចទៅតាមភាពចាំបាច់ និងសមគួរ។

    រឿងដែលលោកឪពុក អ្នកម្តាយម្តាយត្រូវមើលថែទាំកូនតូចវ័យ 30 ថ្ងៃដំបូង

    1 – ការព បី និងឥរិយាបថព ៈ ចូរសង្កត់ធ្ងន់លើការយកដៃដាក់ប្រគងទ្រករបស់កូន ព្រោះឆ្អឹងករបស់កូននៅមិនទាន់រឹងប៉ឹងនៅឡើយ និងក្បាលរបស់ទារកគឺជាអវយវៈដែលធ្ងន់ជាងគេបំផុតនៃរាងកាយ ដូច្នេះហើយទើបជារឿងមួយសំខាន់ខ្លាំងណាស់ដែលអ្នកបីត្រូវបី ឬពដោយដាក់ដៃប្រគង ទ្រក្បាល ឬករបស់កូន។

    2 – ការបំបៅដោះកូន និងឥរិយាបថបំបៅទឹកដោះកូន ៈ សម្រាប់ទឹកដោះម្តាយគួរឱ្យកូនបៅរៀងរាល់ 2 – 3 ម៉ោងម្តង ទាំងពេលថ្ងៃ និងពេលយប់។ បើទឹកដោះម្តាយមានបរិមាណច្រើន កូនបៅហើយនៅមិនអស់ពីដោះ ឡារ៉ែនសូមណែនាំឱ្យអ្នកម្តាយធ្វើការបូម និងរក្សាទុកក្នុងទូទឹកកក។ ចំណែកការបំបៅទឹកដោះគោវិញ គួរឱ្យកូនបានបៅរៀងរាល់ 3 ម៉ោង។

    3 – ការគេង ពេលគេងលក់ និងពេលភ្ញាក់ ៈ ទារកវ័យ 30 ថ្ងៃដំបូង ការគេងលក់នៅមិនទាន់ពេញលេញល្អនោះទេ អាចបន្តិចលក់ បន្តិចភ្ញាក់ ជាសភាវប្រក្រតី ដូច្នេះក្នុងអំឡុងពេលថ្ងៃ បើកូនតូចគេងលក់យូរលើសពី 3 ម៉ោង ឡារ៉ែនណែនាំឱ្យឱ្យអ្នកម្តាយដាស់កូនឡើងដើម្បីបៅទឹកដោះ។

    4 – ការបន្ទោបង់ ៈ ក្នុងអំឡុងពេលដំបូងៗនេះ ភាគច្រើនទារកតែងភ្ញាក់មកបៅដោះ និងបន្ទោបង់ហាក់ដូចជាញឹកញាប់ ដែលវាដំណើរការទៅតាមតម្រូវការរបស់ទារកនៅពេលឃ្លាន ព្រោះទារកនៅមិនទាន់ស្គាល់ពេលវេលាថា ជាពេលថ្ងៃ ឬពេលយប់នោះទេ និងច្រើនតែបន្ទោបង់ក្រោយការបៅទឹកដោះសឹងតែគ្រប់ពេល និងដោយសារតែជាការធ្វើការងារបែប រីហ្វ្លេកស៍(ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ដែលខួរក្បាលមិនចាំបាច់បញ្ជា)ធ្វើឱ្យពោះវៀននឹងត្រៀមកន្លែងទុកសម្រាប់ទទួលទឹកដោះដែលទើបតែបៅចូលទៅក្នុងក្រពះ និងការបៅទឹកដោះម្តាយអាចប្រទះឃើញថា ទារកនឹងមិនបានបន្ទោបង់យូរដល់រាប់សប្តាហ៍ ដែលបញ្ហានេះសូមអ្នកម្តាយថ្មោងថ្មីកុំព្រួយបារម្ភអី ព្រោះទឹកដោះម្តាយងាយស្រួលរំលាយ ពោះវៀនអាចបឺតជ្រាបបានស្ទើរតែទាំងអស់ ទើបមិនមានសល់កាកសំណល់ឱ្យបន្ទោបង់រាល់ថ្ងៃ។

    5 – សីតុណ្ហភាព ៈ សីតុណ្ហភាពដែលស័ក្តិសមគឺ មិនគួរស្លៀកពាក់ឱ្យកូនតូចដោយសម្លៀកបំពាក់ដែលក្រាស់ជ្រុលពេកឡើយ ព្រោះសីតុណ្ហភាពរបស់ខ្លួនទារកអាចខ្ពស់ឡើង ក្លាយជាគ្រុនក្តៅបាន ចូរស្លៀកពាក់ខោអាវដែលស្តើងស្រួល មិនរឹបណែនជ្រុល​ និងមិនរុំជិតខ្លួនខ្លាំងពេក។

    6 – ការផ្ងូតទឹក ៈ ផ្ងូតទឹកក្នុងមួយថ្ងៃ 1 ដង កក់សក់ឱ្យមួយថ្ងៃ 1 ដង ក្នុងសប្តាហ៍ដំបូងគួរផ្ងូតឱ្យទឹកមិនលើស 10 នាទីឡើយ ព្រោះកូនតូចអាចរងាបាន។ ក្រោយ 7 ថ្ងៃចាប់ផ្តើម ផ្ងូតព្រឹក-ល្ងាចដោយទឹកក្តៅឧណ្ហៗ កក់សក់ឱ្យមួយថ្ងៃ 1 ដង។ ក្រោយ 1 ខែសឹមប្តូរមកផ្ងូតទឹកក្នុងសីតុណ្ហភាពដូចគ្នានឹងក្នុងបន្ទប់។

    7 – កូនភ្ញាក់ៗរាងភ័យៗ ដៃជើងញ័រញាក់ញឹកញាប់ ៈ អាការទាំងនេះជាអាការប្រក្រតី ហៅថា ម៉ូរ៉ូរីហ្វ្លេកស៍( MORO Reflex )នៅពេលដែលទារកស្រែកយំ ឬភ្ញាក់ផ្អើល នឹងមើលទៅឃើញដូចជាភ័យរន្ធត់ ញ័រដៃជើង។ រីហ្វ្លេកស៍ការចូលទៅរកក្បាលដោះ និងបៅដោះ( Rooting and sucking reflexes ) ទារកខ្លះនៅមានរីហ្វ្លេកស៍ការកណ្តាស់( Sneezing reflex )ទៀតផង និងក៏ដូចគ្នានោះផងដែរ ដូចជា ពេលខ្លះយើងនឹងឃើញកូនតូចកំពុងគេងលក់សុខៗ ស្រាប់តែញញឹមយ៉ាងស្រស់ ដែលចាស់បុរាណហៅថា “ញញឹមដាក់អ្នកថែទាំ” ដែលការពិតទៅវាគ្រាន់តែជារីហ្វ្លេកស៍ធម្មតាៗម្យ៉ាងប៉ុណ្ណោះឯង។

    8 – អនាម័យ ការមើលថែទាំតាំងពីក្បាលរហូតចុងជើង ៈ

    • ភ្នែក ៈ ជូតសម្អាតថ្នមៗមួយថ្ងៃ 2 ដង ព្រឹកល្ងាច។
    • ទងផ្ជឹត ៈ ជូតសម្អាតថ្នមៗដោយទឹកថ្នាំដែលខាងមន្ទីពេទ្យឱ្យមក ព្រឹក-ល្ងាចរហូតទាល់តែរបូតជ្រុះ។ បើរបូតជ្រុះហើយ តែឃើញនៅសើម ឬមានឈាមចេញមក ចូរបន្តជូតរហូតទាល់តែស្ងួតល្អ។
    • ប្រអប់មាត់ ៈ ក្រោយបៅទឹកដោះ ចូរយកក្រណាត់ស្អាតជ្រលក់ទឹកដាំឆ្អិនដែលទុកឱ្យត្រជាក់ហើយមកជូតសម្អាត ព្រឹក-ល្ងាច ឬញឹកញាប់នៅពេលឃើញមានស្នាមកំណកសៗជាប់នៅលើអណ្តាត ព្រោះបើមិនជូតសម្អាតទេ អាចនឹងធ្វើឱ្យកើតជ្រាំង និងកើតមេរោគផ្សិតនៅលើអណ្តាតបាន។
    • អវយវៈបន្តពូជ ៈ ស្រី និងប្រុសខុសប្លែកពីគ្នា។ ទារកប្រុសក្រោយពេលផ្ងូតទឹករួច ក្នុងសប្តាហ៍ដំបូងនឹងឃើញមានរំអិលខាប់នៅលើចុងប្រដាប់បន្តពូជ ចូរអ្នកម្តាយទាញចុងស្បែកប្រដាប់បន្តពូជចុះ និងប្រើសំលីជ្រលក់ទឹកស្អាតជូតសម្អាតថ្នមៗ ហើយទាញស្បែកឡើងវិញ។ ចំណែកទារកភេទស្រី អាចឃើញមានរំអិលខាប់ជាប់នៅតាមគែមប្រដាប់បន្តពូជ ឬភាគច្រើននឹងមិនឃើញមានឡើយ ព្រោះអ្នកជំនួយការឆ្មបតែងជូតសម្អាតឱ្យស្អាតរួចរាល់ហើយតាំងពីមន្ទីរពេទ្្យ។ តែបើឃើញមាន ចូរអ្នកម្តាយប្រើសំលីជ្រលក់ទឹកស្អាតជូតសម្អាតពីលើមកក្រោម 1 ដង កុំជូតចុះឡើង តែបើនៅមិនទាន់ស្អាត ចូរប្រើសំលីធំជាងមុន និងជូតសម្អាតដូចមុនទៀត។

    9 . ការស្រែកយំ ៈ ដោយសារអី? កូនឃ្លាន កូនសើមខ្លួន កូនឆ្អល់ពោះ កូនមិនសប្បាយខ្លួន កូនរងា កូនក្តៅ-ល- អ្នកម្តាយត្រូវព្យាយាមសង្កេតមើលថា តើសំឡេងស្រែកយំមួយបែបៗដែលខុសគ្នានោះមានន័យពីអ្វី? ក្នុងពេលវេលាមិនយូរប៉ុន្មាន អ្នកម្តាយក៏នឹងស្មានចិត្តកូនត្រូវថា សម្រែកបែបហ្នឹង និងអកប្បកិរិយារបស់កូនបែបហ្នឹង បានន័យថាម៉េច? និងបើតបស្នងតម្រូវការបានត្រូវ កូននឹងឈប់ស្រែកយំ។ តែក៏មានពេលខ្លះដែលកូនអាចស្រែកយំរំខានដោយមិនដឹងពីមូលហេតុដែរ ធ្វើឱ្យអ្នកម្តាយចាប់ផ្តើមមានក្តីវិតក្កកង្វល់ថា នឹងមានអ្វីខុសប្រក្រតីចំពោះកូន ដូច្នេះការតបស្នងទៅកូនវិញដោយការបីពបំពេ ដើម្បីឱ្យកូនតូចកើតមានក្តីកក់ក្តៅសប្បាយចិត្ត និងឈប់ស្រែកយំយ៉ាងស័ក្តិសមនោះ គឺជារឿងមួយដែលត្រឹមត្រូវ និងប្រសើរជាងការទុកចោល បណ្តោយឱ្យកូនស្រែកយំរហូតដល់ហត់ រហូតដល់ឈប់ស្រែកយំដោយខ្លួនឯង។

    10 – ពិនិត្យសុខភាពកូន ៈ អាយុគ្រប់ 1 ខែពេញ គ្រូពេទ្យនឹងណាត់ពិនិត្យសុខភាពកូន ចូរកុំភ្លេចនាំកូនតូចទៅតាមការណាត់ និងអ្វីដែលសំខាន់គឺ សៀវភៅកំណត់ហេតុសុខភាពរបស់កូន អ្នកម្តាយត្រូវកាន់ទៅជាមួយគ្រប់ពេល៕

  • ទូរសព្ទ Android រាប់លានគ្រឿង ត្រូវប្រឈមនឹងហានិភ័យដោយសារបន្ទះឈីប Snapdragon

    ទូរសព្ទ Android រាប់លានគ្រឿង ត្រូវប្រឈមនឹងហានិភ័យដោយសារបន្ទះឈីប Snapdragon

    អ្នកប្រើប្រាស់​ទូរ​សព្ទទំនើបៗតែងតែ​មានការ​ដេញតាម​ស៊េរី រាល់​ពេលដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល​ទូរ​សព្ទថ្មីៗរបស់គេ ហើយ​ពួកគេ​ផ្ដោត​តែ​ទៅលើ​ការ​រចនា​រូបរាង និង​តម្លៃ​តែប៉ុណ្ណោះ ដោយ​ភាគច្រើន​មិនសូវ​ជា​ចាប់អារម្មណ៍​ទៅលើ​អ្វីដែល​មាននៅ​ខាងក្នុង​របស់​វា​ឡើយ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​ពួកគេ​ងាយ​រងគ្រោះ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវ​បាន​រកឃើញថា​បន្ទះ​ឈី​ប Snapdragon របស់​ក្រុមហ៊ុន Qualcomm ដែល​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ទូរ​សព្ទ Android នោះ​មាន​ភាព​ចន្លោះប្រហោង​នៅក្នុង​ការសរសេរ​កូដ​ជាច្រើន ធ្វើឱ្យ​អ្នកប្រើប្រាស់​ទូរ​សព្ទ Android រាប់លាន​នាក់​អាច​ប្រឈម​នឹង​ហានិភ័យ។

    បើតាម​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន Check Point ដែលជា​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត បានឱ្យដឹងថា ការវាយប្រហារ​នេះ​គឺ​ជនខិលខូច​អាច​បញ្ចុះបញ្ចូល អ្នកប្រើប្រាស់​ឱ្យ​ដំឡើង​កម្មវិធី​ដូច​ធម្មតា​ដោយ​មិនមាន​បញ្ហា​អ្វី​នោះទេ។ បន្ទាប់មក​ក្រោយពី​ដំឡើង​ចប់សព្វគ្រប់​ហើយ ពួកគេ​ក៏​កែប្រែ​ប្រព័ន្ធ​ដំណើរការ​នៅក្នុង​ទូរ​សព្ទ​អ្នកប្រើប្រាស់ ដែល​ធ្វើឱ្យ​ទូរ​សព្ទ​នោះ​ក្លាយជា ឧបករណ៍​សម្រាប់​លប​យកការណ៍​ទៅវិញ។ ពួកគេ​អាច​ចូលទៅ​មើល រូបថត វីដេអូ ប្រព័ន្ធ GPS និង​ទិន្នន័យ​ទីតាំង​ជាដើម ហើយ​ថែមទាំង​អាចធ្វើ​ការថត​សំឡេង​នៅពេលដែល លោកអ្នក​និយាយ​ទូរ​សព្ទ និង​បើក​ម៉ៃ​ក្រូ​ហ្វូ​ន​ទូរ​សព្ទ​ដោយ​មិនឱ្យ​ម្ចាស់​ដឹង​ទៀតផង។ ជា​ចុងក្រោយ​ពួក​អ្នក​វា​ប្រហារ ក៏​អាច​លួច​បង្កប់​មេរោគ​នៅក្នុង​ទូរ​សព្ទ​ដោយ​មិនឱ្យ​អ្នកប្រើប្រាស់​ដឹង ឬ​បិទ​ទិន្នន័យ​ទាំងអស់​នៅក្នុង​ទូរ​សព្ទ​មិនឱ្យ​អ្នកប្រើប្រាស់​ចូល​ប្រើ​បាន។

    ទោះបី​ក្រុមហ៊ុន Qualcomm បានធ្វើការ​កែសម្រួល ភាព​ចន្លោះប្រហោង​ភាគច្រើន​ហើយ​នោះ​ក្ដី ក៏​មិន​មានន័យថា​ទូរ​សព្ទ​របស់​លោកអ្នក ទទួលបាន​ការធ្វើ​បច្ចុប្បន្នភាព​នោះទេ ព្រោះ​វា​អាស្រ័យទៅលើ​ក្រុមហ៊ុន​ទូរ​សព្ទ​របស់​លោកអ្នក​ក្នុងការ​បញ្ជូន បច្ចុប្បន្នភាព​ទាំងនោះ​ទៅឱ្យ​លោកអ្នក ហេតុដូច្នេះ​លោកអ្នក​គួរតែ​ចៀសវាង​ទាញយក​កម្មវិធី​ណា​ដែល​លោកអ្នក​មិនត្រូវ​ការ ជាពិសេស​ចំពោះ​កម្មវិធី​ដែល​មិនមាន​នៅក្នុង Play Store៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗ

    SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗ

    ក្រោយ​ការ​ពន្យារ​ពេល​ជា​ច្រើន​លើក កាលពី​ម្សិលមិញ ក្រុម​ហ៊ុន SpaceX បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធឺណិត​ Starlink ចំនួន​57គ្រឿង​​ និង​ផ្កាយ​រណប​សង្កេត​ផែន​ដី​ Global ចំនួន​2​គ្រឿង​ទៀតដោយ​ជោគ​ជ័យ​ នៅ​ក្នុង​ពេល​តែ​មួយ។

    នេះ​គឺជា​ក្រុម​ផ្កាយ​រណប​ Starlink ទី10​ ដែល​ត្រូវ​បាន​ SpaceX បាញ់​បង្ហោះ​ទៅក្នុង​ទីអវកាស ​រាប់​ចាប់​ពី​ខែ​ឧសភា​2019 ក្នុង​បំណង​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត ​broadband (អ៊ីនធឺណិត​ល្បឿន​លឿន​) ដែល​គ្របដណ្ដប់​ទូទាំង​សកល​លោក​។ ការ​បាញ់​បង្ហោះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ការ​គ្រោង​ទុក​នៅវេលា​ម៉ោង​1និង​12​នាទី​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​7​សីហា​ (ម៉ោង​ក្នុង​ស្រុក) នៅ​ឯមជ្ឈមណ្ឌល​អវកាស​ Kennedy ក្នុង​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​។

    រយៈ​ពេល​2នាទី​កន្លះក្រោយ​ពី​ការហោះ​ឡើង​ ជាន់​ទី​1​របស់​រ៉ុកកែត​ Falcon 9 បាន​ផ្ដាច់​ចេញ​ពី​តួខ្លួន​ ហើយ​បាន​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​នៅលើ​ស្រឡាង​​គ្មាន​មនុស្ស​បើក​ ឈ្មោះ “Of Course I Still Love You” ដែល​កំពុង​ចត​នៅលើ​សមុទ្រ​ភាគ​ឦសាន​នៃ​តំបន់ច្រមុះ​ជ្រូក​Canaveral ក្នុង​មហាសមុទ្រ​អាត្លង់ទិក។

    ផ្កាយ​រណប​សង្កេត​ផែន​ដី​មួយគូ គឺ Global-7 និង Global-8 របស់​ក្រុម​ហ៊ុន​ BlackSky ត្រូវ​បាន​ដាក់​ពង្រាយ​ទៅក្នុង​គន្លង​គោចរ​មុន​គេ​ បន្ទាប់​មក​ទើប​ដាក់​ពង្រាយ​​ផ្កាយរណប​ Starlink ចំនួន​57​គ្រឿង​របស់​ SpaceX។

    SpaceX បាញ់បង្ហោះ​ផ្កាយ​រណប​ចំនួន​59​គ្រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​បំណង​រក​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​1ឆ្នាំ​ៗដោយ​មាន​ការ​ដាក់​ពង្រាយ​ផ្កាយ​រណប់​ថ្មី​ចំនួន​57​គ្រឿង​បន្ថែម​ទៀត​នេះ ក្រុម​ផ្កាយ​រណប​អ៊ីនធឺណិត​ Starlink របស់​ SpaceX បាន​កើន​ឡើង​ដល់​595​គ្រឿង​​។ គោល​ដៅ​ចុង​ក្រោយ​របស់​ SpaceX គឺការ​បង្កើត​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink ឱ្យ​បាន​ជាង​40,000​​គ្រឿង​ដែល​គោចរ​ជុំ​វិញ​ផែន​ដី​នៅក្នុង​​រយៈ​កម្ពស់​ប្រមាណជា​550​ម៉ែត្រ​ពី​ផែន​ដី​។ ក្រុម​ហ៊ុន​ SpaceX របស់​មហា​សេដ្ឋី Elon Musk មាន​គម្រោងចាប់​ផ្ដើមផ្គត់​ផ្គង់​​សេវា​កម្ម​អ៊ីន​ធឺណិត​ទៅ​ឱ្យ​អតិ​ថិ​ដំបូង​ៗ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​នៅក្នុង​ឆ្នាំនេះ​។

    យោង​តាម​លោក Elon Musk ប្រព័ន្ធ​ផ្កាយ​រណប​នេះ​អាច​នាំ​ចំណូល​30​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​ SpaceX។ ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​គម្រោង​ Starship ដែល​ជា​ប្រព័ន្ធ​រ៉ុកកែត​និង​យាន​អវកាស​សម្រាប់​បំពេញ​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ជាន់​ដី​នៃ​ពិភពព្រះអង្គារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នាពេល​ខាង​មុខ៕

    ប្រភព៖ UPI/Space News

  • កម្ពុជាត្រៀមនាំត្រីដំរី បង្កង ខ្យង និងអន្ទង់ចូលទីផ្សារចិន

    កម្ពុជាត្រៀមនាំត្រីដំរី បង្កង ខ្យង និងអន្ទង់ចូលទីផ្សារចិន

    កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយផ្នែក​កសិកម្ម ដែល​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ថ្មីៗនេះ ការរៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងធ្វើ​ឱ្យ​លំហូរ​នៃ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា កាន់​តែមាន​ទីផ្សារ​សំបូរបែប​សម្រាប់​នាំចេញ។

    ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា​កម្ពុជា​យើង​កន្លងមក​បាន​នាំចេញ​ត្រី​យ៉ាងច្រើន​ទៅកាន់​ទីផ្សារ​ចិន ហើយថ្មីៗនេះ​ចិន​បាន​ឯកភាព​ឱ្យ​នាំចូល​នូវ​ផលិតផល​កសិកម្ម 4មុខ​បន្ថែមទៀត។ ផលិតផល​ទាំងអស់នោះ​គឺ ត្រី​ដំរី បង្កង ខ្យង និង​អន្ទង់ ដែល​ផលិតផល​ទាំងអស់នេះ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់ និង​តម្លៃ​ថ្លៃ​ផងដែរ។ ការនាំចេញ​ផលិតផល 4មុខ​បន្ថែម​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​ចិន ព្រោះ​នៅពេល​ខាងមុខ​ចិន អាចនឹងទទួល​ទិញ​ផលិតផល​កម្ពុជា​ច្រើន​មុខ​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​របស់គេ។

    ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល 2ឆ្នាំ​មកនេះ កម្ពុជា​បាន​ចរចារ​នាំ​ត្រី​ប្រា​ទៅកាន់​ទីផ្សារ​ចិន ដោយ​រហូតមក​ដល់ពេលនេះ ក្រសួង​ក៏​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងកា​ជំរុញ​ការងារ​នេះ​ឱ្យ​កាន់តែ​ឆាប់រហ័ស​ដើម្បី​នាំ​ផលប្រយោជន៍​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​កម្ពុជា។ កន្លងមក ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​ត្រី​នេះ ប្រជាជន​យើង​មានបទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹម​ត្រី​ប្រា ហេតុនេះ​កាលណា​ចិន​ទទួល​ទិញ នោះ​យើង​នឹង​អាច​ជំរុញ​ការផលិត​ឱ្យបាន​កាន់តែច្រើន៕